ប្រទេសប៊ូរុនឌី៖ កម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិ (World Food Program) ឬហៅកាត់ថា WFP បានផ្តល់អាហារដល់ពលរដ្ឋប្រហែល៩០លាននាក់ នៅក្នុងប្រទេស៧៣។ នៅប្រទេសប៊ូរុនឌី (Burundi) កម្មវិធីនេះ កំពុងប្រើបច្ចេកវិទ្យាខុសៗគ្នា ដើម្បីកំណត់ឲ្យបានច្បាស់ថា តើត្រូវផ្តោតជំនួយស្បៀងអាហាររបស់ខ្លួននៅទីកន្លែងណា។
កម្មវិធីស្បៀងអាហារពិភពលោក ផ្តល់ជំនួយអាហារទៅឲ្យពលរដ្ឋប៊ូរុនឌីជាង៦សែននាក់ ដែលមានបញ្ហា«អសន្តិសុខស្បៀង អាហារ»។ ប្រទេសនេះ មានពលរដ្ឋ៨លាននាក់។
លោកម៉ាកស៍ ណៀលសុន (Marc Neilson) មន្ត្រីព័ត៌មានសាធារណៈនៃអង្គការ WFP ប្រចាំនៅប៊ូរុនឌី និយាយថា ដើម្បីវាស់ស្ទង់មើលថាតើនៅទីណាដែលពលរដ្ឋត្រូវការឲ្យបុគ្គលិករបស់អង្គការកម្មវិធីស្បៀងអាហារពិភពលោក ត្រូវចេញទៅបំពេញបេសកកម្មស្វែងរកការពិត។
«ដូច្នេះ ឧទាហរណ៍ថា ប្រសិនបើអ្នកចូលទៅក្នុងភូមិមួយ ដែលរដ្ឋាភិបាលបានផ្តល់អនុស្សាសន៍ថា មានគ្រោះថ្នាក់ ឬប្រសិនបើផ្អែកទៅលើការសិក្សាពីមុនមក អ្នកអាចគិតថា មានគ្រោះថ្នាក់ អ្នកនឹងធ្វើការសិក្សានៅទីនោះតែម្តង ហើយអ្នកនឹងសួរសំណួរជាច្រើនរាប់ចាប់តាំងពី «តើមួយថ្ងៃអ្នកទទួលទានអាហារចំនួនប៉ុន្មានពេលក្នុងមួយថ្ងៃ? តើអ្នកចំអិនអាហារយ៉ាងដូចម្តេច? តើអ្នកប្រើអ្វីដើម្បីចំអិនអាហារ? តើអ្នកមានប្រេងឥន្ធនៈប្រភេទណាដើម្បី ចំអិនអាហារ? តើនៅក្នុងគ្រួសារមានសមាជិកប៉ុន្មាននាក់?»។
លោកជេរ៉ាដ ប៊ីសម៉ាន (Gerard Bisman) ជំនួយការកម្មវិធីរបស់ WFP បានធ្វើបទសម្ភាសន៍ជាមួយលោកស្រី អេលីហ្សាប៊ែត តិមបៃដៃ (Elisabeth Tembaidai) នៅភូមិប៊ីហូហ្គោ Bihogo នៅប្រទេស ប៊ូរុនឌី (Burundi) នៅភាគខាងជើង។ លោកបានសួរលោកស្រីជាភាសាគុរុនឌី (Kurundi) ថា តើលោកស្រីពិសាពោតអស់ចំនួនប៉ុន្មានក្នុងមួយខែៗ ហើយតើលោកស្រីបានអាហារមកពីណា។
លោកវាយចម្លើយដោយផ្ទាល់ចូលទៅក្នុងឧបករណ៍អេឡិចត្រូនិកដែលអាចយួរបាន ដើម្បីធ្វើជាផ្នែកមួយនៃការផ្តួចផ្តើមគំនិតថ្មីរបស់ WFP ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីជួយរក្សាទុកជាឯកសារស្តីពីស្ថានភាពស្បៀងអាហារនៃប្រទេសនេះ។
កុំព្យូទ័រប៉ុនបាតដៃមានទំហំធំជាងទូរស័ព្ទដៃធម្មតាបន្តិច។ តាំងពីលោកចាប់ផ្តើមប្រើឧបករណ៍នេះកាលពីខែមិនាមក លោកប៊ីសម៉ាននិយាយថា លទ្ធផលគឺថា ទិន្នន័យមានភាពកាន់តែត្រឹមត្រូវជាងមុន ដែលអាចប្រមូលបានលឿនជាងមុន ដោយសារតែមិនចាំបាច់ត្រូវការពេលរៀបចំទុកជាមុន និងរុះរើក្រដាសចុះឡើងៗ។
លោកថ្លែងថា ការប្រើឧបករណ៍នេះ គួរឲ្យចាប់អារម្មណ៍ជាខ្លាំង ដោយសារតែវាលឿនជាងធម្មតាច្រើនណាស់។ លោកធ្លាប់ចំណាយពេលប្រហែល១ម៉ោងកន្លះ ក្នុងការបំពេញបទសម្ភាសន៍ទាំងស្រុងនៅលើក្រដាស ហើយឥឡូវនេះ លោកចំណាយពេលតែកន្លះម៉ោងប៉ុណ្ណោះ។
ពីមុនមក WFP មិនធ្លាប់បានធ្វើបទសម្ភាសន៍ ជាមួយលោកស្រីតិមបៃដៃ អាយុ៥៦ឆ្នាំ ដែលជាគ្រូបង្រៀននៅសាលាបឋមសិក្សាទេ។ លោកស្រីថ្លែងថា វាជាលើកដំបូងហើយដែល លោកស្រី បានឃើញឧបករណ៍បែបនេះ។ លោកស្រីមានប្រសាសន៍ថា ឧបករណ៍នេះបង្ហាញឲ្យឃើញថាប្រទេសនេះកំពុងរីកចម្រើន។
កាលពីប៉ុន្មានឆ្នាំមុន លោកស្រីតិមបៃដៃបានទទួលជំនួយអាហារពី WFP ពីព្រោះលោកស្រីនិយាយថា មានការខ្វះខាតអាហារនៅក្នុងភូមិរបស់លោកស្រី ដោយសារតែគ្រោះរាំងស្ងួត។ លោកស្រីសង្ឃឹមថា WFP នឹងផ្តល់អាហារ ឲ្យពួកគេ ក្នុងឆ្នាំនេះទៀត។
លោកណៀលសុន (Neilson) បានមានប្រសាសន៍ថា ការធ្វើសម្ភាសន៍ជាមួយមនុស្សដូចជា លោកស្រីតិមបៃដៃ ដោយប្រើឧបករណ៍អេឡិចត្រូនិក ផ្តល់រូបភាពកាន់តែច្បាស់ជាងមុន អំពីសេចក្តីត្រូវការរបស់ប្រទេស ប៊ូរុនឌី (Burundi) ។
«ដូច្នេះ អ្នកប្រមូលទិន្នន័យបានលឿន ដែលមានន័យថា អ្នកអាចពង្រីកតំបន់ស្ទង់មតិរបស់អ្នក ហើយការណ៍នោះធ្វើឲ្យគេយកទិន្នន័យ ទៅប្រើការបានល្អជាងមុន តាមរយៈការធ្វើបទសម្ភាសន៍ជាមួយមនុស្សកាន់តែច្រើនទៀត»។
ឥឡូវនេះ WFP ប្រចាំនៅប៊ូរុនឌី ស្ថិតក្នុងដំណាក់កាលទី១នៃគម្រោងដោយប្រមូលព័ត៌មាន បានមកពីឧបករណ៍ផ្ទុកព័ត៌មាន ឬ memory card ហើយបញ្ជូនទៅកាន់ការិយាល័យធំនៅទីក្រុងប៊ូជុមប៊ូរ៉ា (Bujumbura)។ ប៉ុន្តែនាពេលឆាប់ៗនេះ សមាជិករបស់ WFP នៅតាមកន្លែងធ្វើបទសម្ភាសន៍ នឹងចាប់ផ្តើមបញ្ជូនការរកឃើញរបស់ពួកគេ ដោយប្រើបណ្តាញគ្មានខ្សែ។
ប៊ូរុនឌីជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេសក្រីក្របំផុតនៅក្នុងពិភពលោក ដោយប្រាក់ចំណូលជាមធ្យមរបស់មនុស្សម្នាក់ៗ មានចំនួន៣០០ដុល្លារក្នុងមួយឆ្នាំ។ កាលពីឆ្នាំ២០០៦ ប្រទេសនេះទើបតែបានងើបចេញពីសង្រ្គាមក្នុងស្រុក អស់រយៈពេល១៣ឆ្នាំ ដោយនៅទីបញ្ចប់ ពួកឧទ្ទាមមួយក្រុមបានដាក់អាវុធចុះ កាលពីឆ្នាំមុន។ ប៉ុន្តែ ប្រទេសនេះ មានបណ្តាញគ្មានខ្សែថ្មី 3G ដែលមានល្បឿនលឿន។
ការបញ្ជូនទិន្នន័យតាមបណ្តាញគ្មានខ្សែទៅកាន់ប្រព័ន្ធទិន្នន័យមជ្ឈិម ដែលគេយកទៅវិភាគមើល នឹងអនុញ្ញាតឲ្យ WFP រៀបចំផែនការកាន់តែមានប្រសិទ្ធិភាព និងរហ័សជាងមុន ឲ្យដឹងថាតើនិងត្រូវបញ្ជូនស្បៀងអាហារទៅកន្លែងណាខ្លះ នៅទូទាំងប្រទេសតែម្តង។
ឧបករណ៍និមួយៗមានតម្លៃប្រហែល ២០០ ដុល្លារ ដូច្នេះដោយមានឧបរកណ៍ពីរគ្រឿងនៅតាមខេត្តនិមួយៗ ក្នុងចំណោមខេត្តចំនួន១៥ សរុបមកមានតម្លៃប្រហែល៦ពាន់ដុល្លារ ដោយមិនរាប់បញ្ចូលការចំណាយទៅលើការបណ្តុះបណ្តាលបុគ្គលិក។ លោកណៀលសុនបានថ្លែងថា វាជា «ការវិនិយោគដ៏ល្អមួយ»។
«នៅពេលណាដែលអ្នកអាចថតចម្លងទុកអ្វីដែលបានធ្វើ នោះមានន័យថា អ្នកដែលអាចជួបប្រទះនឹងគ្រោះថ្នាក់ជាងគេ ដូចជាអ្នកក្រីក្រ នឹងទទួលបានជំនួយយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធិភាពជាងមុន ហើយប្រហែលជាអ្នកមិនចាំបាច់ចូលទៅក្នុងតំបន់មួយ ដែលអ្នក មិនចាំបាច់ទៅទេ។ WFP ត្រូវការចាំបាច់ស្ថិតក្នុងតំបន់ផ្សេងៗដែល អាចជួបប្រទះនឹងគ្រោះថ្នាក់ ជាងគេ ហើយនោះគឺជាចំណុចសំខាន់បំផុត។ ដូច្នេះហើយ ចំពោះខ្ញុំ អ្វីដែលអាចជួយធ្វើឲ្យដំណើរការនោះប្រសើរឡើង អាចបន្ថយពេលវេលាដើម្បីទៅដល់ទីនោះ ធ្វើឲ្យទិន្នន័យប្រសើរឡើង យកទិន្នន័យទៅប្រើឲ្យបានការ ជាងមុន ជាការវិនិយោគសមរម្យនឹងធ្វើពិតប្រាកដមែន»។
លោកណៀលសុនបានឲ្យដឹងទៀតថា បចេ្ចកវិជ្ជាទំនើប បានធ្វើឲ្យសមត្ថភាពរបស់អង្គការជំនួយ ល្អប្រសើរឡើង ដូចជាកម្មវិធីស្បៀងអាហារពិភពលោក ដើម្បីធ្វើការងាររបស់ខ្លួនឲ្យ មានប្រសិទ្ធិភាព។ ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិបានដាក់ប្រើឧបករណ៍គ្មានខ្សែ នៅទីកន្លែងដទៃៗទៀតនៅក្នុងទ្វីបអាហ្រ្វិក ដោយរាប់បញ្ចូលទាំងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (Democratic Republic of the Congo) និងប្រទេសម៉ូហ្សាំប៊ីក (Mozambique)។
នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ ប្រើឧបករណ៍ដែលអាចយួរបាន ដើម្បីធ្វើការវាយតម្លៃភ្លាមៗ ក្នុងអំឡុងពេលមានសភាពការណ៍គ្រាអាសន្ន ហើយនៅប្រទេសអាហ្វ្រិកខាងលិច ដូចជាថូហ្គោ (Togo) និងនីហ្ស៊េរ (Niger) មជ្ឈមណ្ឌលជាតិគ្រប់គ្រងជម្ងឺ របស់សហរដ្ឋអាមេរិក US National Centers for disease Control បានឈានដល់កម្រិតនោះដែរ ដោយប្រើប្រាស់ឧបករណ៍បំពាក់ដោយប្រព័ន្ធកំណត់ទីតាំងភូមិសាស្រ្តសកល ដែលមានសមត្ថភាពជួយទប់ស្កាត់ជម្ងឺគ្រុនចាញ់៕
ប្រែសម្រួលដោយលី សុខឃាង