ការរាយកាណ៍អំពីការវាយតប់ ការបំភិតបំភ័យ ការជំរិតទារប្រាក់ នៅក្នុងប្រទេសប៊ូរុនឌីដ៏តូចមួយនៅក្នុងភូមិភាគអាគ្នេយ៍នៃទ្វីបអាហ្រ្វិក បានបង្កើនការភ័យខ្លាចនៃកើនឡើងការគាបសង្កត់នយោបាយមុនដល់ការបោះឆ្នោតក្នុងខែឩសភានាពេលខាងមុខ។ ថ្មីៗនេះ អំពើហិង្សាបានស្ងប់ស្ងាត់ ប៉ុន្តែក្រុមសកម្មជនសិទ្ធិមនុស្ស អ្នកកាសែត និងគណបក្សប្រឆាំំង បានអះអាងថា អំពើហិង្សាត្រូវបានជំនួសវិញដោយការបន្លំនៅក្នុងការបោះឆ្នោត។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃប្រទេសប៊ូរុនឌី លោក Edouard Nduwimana បានច្រានចោលរបាយការណ៍ដែលធ្វើឡើងដោយអង្គការសិទ្ធិមនុស្សអន្តរជាតិកាលពីដើមឆ្នាំ ដែលបានចោទរដ្ឋាភិបាលអំពីការឃុំឃាំងនិងបៀតបៀនក្រុមអ្នករិះគន់។ ពួកគេក៏បានចោទប្រកាន់គណបក្សកាន់អំណាចអំពីការគាំទ្ររបស់ខ្លួននៅក្នុងគណបក្សយុវជន ដែលគេហៅថា Imbonerakure ដែលត្រូវបានគេចោទប្រកាន់ពីការជំរិតទារប្រាក់និងការរីករាលដាលនៃអំពើហិង្សាទៅលើជនស៊ីវិលជាលក្ខណៈទ្រង់ទ្រាយធំ។
លោក Nduwimana ក៏បានច្រានចោលការរកឃើញរបស់អង្គការសហប្រជាជាតិនូវឯកសារដែលបានធ្លាយចេញ ដែលក្នុងនោះមានការចោទប្រកាន់ឩត្តមសេនីយ៍ និងអ្នកនយោបាយមួយចំនួនពាក់ព័ន្ធក្នុងជួររដ្ឋាភិបាល ពីការចែកចាយអាវុធទៅក្រុមសមាជិកយុវជន ។ ក្នុងចំនោមនោះ សមាជិកយុវជនមួយចំនួនត្រូវបានគេចោទថាត្រូវបានយកទៅតំបន់ក្បែរសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោសម្រាប់ការបណ្តុះបណ្តាលយោធា។
លោកនិយាយថា គេគួរតែមានការសង្ស័យអំពីអ្នកដែលបានធ្វើរបាយការណ៍នោះ។ តើពួកគេពិតជាបានមកខាងក្នុងប្រទេសហើយពិនិត្យមើលអំពីស្ថានភាពសន្តិសុខដែរឬទេ?
អំពើហិង្សាត្រូវបានរាយការណ៍ថា បានឈប់អស់រយៈពេលប៉ុន្មានសប្តាហ៍មកហើយ ប៉ុន្តែអ្នកជំនាញការពារសិទ្ធិមនុស្សម្នាក់ លោក Pierre-Claver Mbonimpa និយាយថា អំពើហិង្សានេះឈប់គឺដោយសារតែការប្រឆាំងយ៉ាងខ្លាំងក្លាពីសំណាក់អន្ដរជាតិប៉ុណ្ណោះ។ លោកបាននិយាយថា គណបក្សកាន់អំណាចបានផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ខ្លួន ហើយអំពើហិង្សាត្រូវផ្លាស់ប្តូរដោយសន្លឹកឆ្នោតវិញ។
លោកបានថ្លែងថា៖ «នេះជាហេតុផលដែលអ្វីៗមានភាពស្ងប់ស្ងាត់បន្តិចទៅវិញ ដោយសារតែសកម្មភាពផ្សេងទៀតកំពុងដំណើរការ ដូចជាការត្រួតពិនិត្យអ្នកបោះឆ្នោតនៅកន្លែងចុះឈ្មោះបោះឆ្នោត។»
ក្រុមសកម្មជននិយាយថាពួកគេបានឃើញឡានក្រុងជាច្រើនបានដឹកក្រុមយុវជនពីតំបន់មួយ ទៅតំបន់មួយទៀត ហើយប័ណ្ណបោះឆ្នោតជាច្រើនត្រូវបានផ្តល់ឲ្យក្រុមយុវជននោះ។
សង្រ្គាមស៊ីវិលរយៈពេល១២ឆ្នាំនៅក្នុងប្រទេសប៊ូរុនឌីត្រូវបានបញ្ចប់នៅក្នុងឆ្នាំ២០០៥ ប៉ុន្តែប្រទេសនេះគឺស្ថិតនៅក្នុងចំណោមប្រទេសដែលក្រនិងអត់ឃ្លានបំផុតនៅលើពិភពលោក។
មានក្រុមយុវជនជាច្រើនដែលមិនចេះអក្សរហើយបានចុះចូលជាមួយអ្នកនយោបាយព្រោះនេះជាវិធីប្រាកដប្រជាបំផុតដើម្បីឲ្យពួកគេអាចទទួលបានប្រាក់កាសមួយផ្នែកតូចនៅក្នុងប្រទេសពោរពេញទៅដោយអំពើពុករលួយយ៉ាងខ្លាំងមួយនេះ ដែលការកើនឡើងនៃចំនួនប្រជាជននិងការរួមតូចនៃផ្ទៃដីគឺជាប្រភពជម្លោះយ៉ាងធំមួយ។
និយាយអោយខ្លីទៅគឺ អ្នកបោះឆ្នោតងាយស្រួយក្នុងការទិញទឹកចិត្ត។
ប៉ុន្តែលោក Ndayicariye ប្រមុខគណៈកម្មការមួយ ដែលក្រុមអ្នកកាសែត សមាជិកសង្គមស៊ីវិល និងគូបដិបក្សនយោបាយ ហៅថាគណៈកម្មការបោះឆ្នោតមិនឯករាជ្យ បានលើកឡើងថាភាគច្រើននៃការនិយាយទាំងនោះគឺគ្រាន់តែជា «ការព្យាករណ៍នយោបាយ» ធ្វើឡើងដោយមនុស្សមិនគួរអោយទុកចិត្តដែលមានផែនការទុកមុនប៉ុណ្ណោះ។
លោកបានបន្តថា ត្រូវតែមានការប្រុងប្រយ័ត្នពីការប្រើប្រាស់ពាក្យពេចន៍របស់អ្នកនយោបាយនិងតំណាងសង្គមស៊ីវិលមួយចំនួន។ លោកទទួលស្គាល់ថាមានប្រជាជនមួយចំនួន សមាជិកយោធានៃគណបក្សនយោបាយមួយចំនួន មានប័ណ្ណបោះឆ្នោតលើសពីមួយ ដែលនេះមិនមានភាពប្រក្រតី។
សម្ព័ន្ធគណបក្សនយោបាយចំនួន១៨ បានគំរាមធ្វើពហិការមិនចូលរួមក្នុងការបោះឆ្នោត លុះត្រាតែគណៈកម្មការបោះឆ្នោតត្រូវបានរំលាយ ហើយដំណើរការចុះបញ្ជីមួយប្រកបដោយជំនឿទុកចិត្តត្រូវបានអនុវត្ត។
លោក Mbonimpa និយាយថាប្រសិនបើតម្រូវការរបស់គណបក្សនយោបាយទាំងអស់នោះមិនត្រូវបានបំពេញ គូប្រជែងសមាជិកក្រុមយុវជននឹងចេញទៅតាមដងផ្លូវហើយប្រឆាំងទៅនឹងក្រុម Imbonerakure។
លោកបន្តថា ប្រសិនបើបញ្ហានៅតែបន្តដូច្នេះ ហើយរដ្ឋាភិបាលនៅតែបន្តការបោះឆ្នោតដោយភាពមិនប្រក្រតីនិងកំហុសទាំងនេះ គណបក្សប្រឆាំងនឹងអត់ទ្រាំលែងបាន ក្រុមយុវជននឹងអត់ទ្រាំលែងបាន ហើយប្រាកដជាមានអំពើហឹង្សាជាមិនខាន។
រីឯលោក Nduwimana បាននិយាយផ្សេងវិញថា នឹងមាន«លទ្ធភាពសូន្យភាគរយ» នៃការបង្ហូរឈាមនៅក្នុងការបោះឆ្នោតឆ្នាំក្រោយ។ ប៉ុន្តែអង្គការសប្បុរសធម៌មួយចំនួនបានរៀបចំខ្លួនសម្រាប់រឿងអាក្រក់បំផុតដែលនឹងអាចកើតឡើង៕
ប្រែសម្រួលដោយ នូវ ពៅលក្ខិណា