កាលពីថ្ងៃអង្គារម្សិលមិញ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឲ្យមេដឹកនាំសាសនានានាដើរតួនាទីសំខាន់ នៅក្នុងការដោះស្រាយការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជួយដោះស្រាយការងើបឡើងវិញពីវិបត្តិនេះ។
លោក Guterres បានបញ្ជាក់នៅឯការប្រជុំតាមអនឡាញមួយនូវមេដឹកនាំសាសនា និងអ្នកការទូតនានា ដូច្នេះថា៖ «យើងដឹងពីវិបត្តិផ្នែកសុខភាពសាធារណៈកាលពីលើកមុនៗ តាំងពីជំងឺអេដស៍ រហូតដល់ជំងឺអ៊ីបូឡា ថា សកម្មភាពរបស់មេដឹកនាំសាសនាជះឥទ្ធិពលលើគុណតម្លៃ អាកប្បកិរិយា ឥរិយាបថ និងទង្វើរបស់មនុស្ស។ ដោយសារតែឥទ្ធិពលនេះហើយ បានជាមេដឹកនាំសាសនានានាត្រូវមានការទទួលខុសត្រូវក្នុងការធ្វើការរួមគ្នា ទុកការខ្វែងគំនិតគ្នាមួយឡែក និងប្រែក្លាយគុណតម្លៃរួមរបស់យើងឲ្យទៅជាសកម្មភាពជាក់ស្ដែង»។
លោក Guterres បានថ្លែងថា មេដឹកនាំសាសនានានាមានតួនាទីនៅក្នុងការជួយប្រយុទ្ធប្រឆាំងនឹងការចែកចាញព័ត៌មានមិនពិត និងការចែកចាញព័ត៌មានមិនបានត្រឹមត្រូវអំពីជំងឺកូវីដ១៩ ហើយពួកគេគួរតែប្រើធម្មទេសនារបស់ពួកគេនៅក្នុងការជួយផ្សព្វផ្សាយគោលការណ៍សុខភាពសាធារណៈដែលចេញផ្សាយដោយអង្គការសុខភាពពិភពលោក៕