ក្រុមមន្ត្រីអង្គការសហប្រជាជាតិមិនបានផ្តល់តួលេខជាក់លាក់នោះទេ ប៉ុន្តែពួកគេបានថ្លែងថា អ្នកជាប់ពន្ធនាគាររាប់ពាន់នាក់នៅទូទាំងតំបន់អាមេរិកខាងជើងនិងអាមេរិកខាងត្បូងបានឆ្លងជំងឺកូវីដ១៩។ ពួកគេថ្លែងថា ការភ័យខ្លាចឆ្លងនៅក្នុងពន្ធនាគារនិងកង្វះខាតការថែទាំផ្នែកសុខាភិបាលសម្រាប់អ្នកដែលធ្លាក់ខ្លួនឈឺ បានបង្កឲ្យមានកុប្បកម្មដ៏ប្រល័យនៅក្នុងមន្ទីរឃុំឃាំងមួយចំនួន។
នៅក្នុងឧបទ្ទវហេតុចុងក្រោយកាលពីថ្ងៃទី១ ខែឧសភា សេចក្តីរាយការណ៍ព័ត៌មានបានលើកឡើងថា អ្នកទោស ៤៧ នាក់បានបាត់បង់ជីវិតក្នុងអំឡុងពេលមានការបះបោរហិង្សានៅក្នុងពន្ធនាគារ Los Llanos ក្នុងប្រទេសវេណេស៊ុយអេឡា។ អ្នកទោសក៏ត្រូវបានសម្លាប់និងរងរបួសនៅក្នុងការធ្វើបាតុកម្មនាពេលថ្មីៗនេះផងដែរនៅក្នុងប្រទេសប៉េរូនិងប្រទេសកូឡុំប៊ី។
អ្នកនាំពាក្យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោកRupert Colville ថ្លែងថា អ្នកទោសជាច្រើនបានព្យាយាមគេចខ្លួនពីស្ថានភាពគ្មានស្ដង់ដារត្រឹមត្រូវនៅក្នុងមន្ទីរឃុំឃាំងក្នុងប្រទេសអាហ្សង់ទីន ប្រេស៊ីល កូឡុំប៊ី ម៉ិចសិក និងសហរដ្ឋអាមេរិក។
លោកColville ថ្លែងថា៖ «ទំហំនៃឧបទ្ទវហេតុដែលត្រូវបានលើកឡើងទាំងនេះហាក់ដូចជាបានបង្ហាញថា ក្នុងករណីខ្លះ ប្រទេសមួយចំនួនមិនបានចាត់វិធានការឲ្យបានសមស្របដើម្បីរារាំងអំពើហិង្សានៅក្នុងមន្ទីរឃុំឃាំង ហើយក៏បានបង្ហាញផងដែរថា ភ្នាក់ងាររដ្ឋមួយចំនួនបានប្រើប្រាស់កម្លាំងបំពាន ដើម្បីគ្រប់គ្រងពន្ធនាគារទាំងនោះ»។
ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សអំពាវនាវឲ្យមានការស៊ើបអង្កេតទៅលើស្ថានភាពនៃការស្លាប់និងរងរបួសរបស់អ្នកទោសក្នុងអំឡុងពេលកុប្បកម្ម។ ទីភ្នាក់ងារនេះបានជំរុញប្រទេសទាំងនោះឲ្យចាត់វិធានការឲ្យបានសមស្របដើម្បីទប់ស្កាត់ការរីករាលដាលកាន់តែខ្លាំង នៃជំងឺកូវីដ១៩ ដោយការធានានូវអនាម័យ ផ្តល់ការធ្វើតេស្តរកជំងឺកូវីដ១៩ ឲ្យបានទូលំទូលាយ និងផ្តល់ផ្នែកថែទាំសុខភាពដល់អ្នកទោស។
លោក Colville ថ្លែងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩កើនខ្ពស់នៅក្នុងពន្ធនាគារនៅសហរដ្ឋអាមេរិកបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែមនុស្សជាច្រើនជាប់នៅក្នុងពន្ធនាគារគឺប្រមាណ២ លាន ៣ សែននាក់។ លោកថ្លែងថា បញ្ហាដែលគួរឲ្យព្រួយបារម្ភខ្លាំងមួយទៀតគឺចំនួនអ្នកដែលជាប់ក្នុងមន្ទីរឃុំឃាំងសម្រាប់ជនអន្តោប្រវេសន៍ក៏មានច្រើនផងដែរ។
លោកColville ថ្លែងថា៖ «យើងព្រួយបារម្ភថា ប្រហែលនឹងមិនមានការធ្វើតេស្តគ្រប់គ្រាន់នៅក្នុងមន្ទីរឃុំឃាំងសម្រាប់ជនអន្តោប្រវេសន៍នោះទេ។ នេះមានន័យថា មនុស្សជាច្រើនត្រូវបានដោះលែង។ ខ្ញុំមិនមានតួលេខជាក់លាក់នោះទេ ប៉ុន្តែមើលទៅប្រហែលជារាប់ម៉ឺននាក់ត្រូវបានដោះលែងនៅទូទាំងប្រទេស»។
លោក Colville ថ្លែងថា ស្ថានភាពនៅក្នុងមណ្ឌលឃុំឃាំង និងក្នុងពន្ធនាគារគួរតែត្រូវបានត្រួតពិនិត្យឲ្យបានទៀងទាត់ដោយអង្គភាពឯករាជ្យនានា។ លោកបានបន្ថែមថា អ្នកទោសដែលបានឆ្លងជំងឺកូវីដ១៩ គួរតែដាក់ឲ្យនៅដាច់ដោយឡែកនៅអគារដែលមានថែទាំផ្នែកសុខាភិបាលឲ្យបានសមស្រប៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា