ទីភ្នាក់ងារអង្គការសហប្រជាជាតិបានបង្ហាញក្តីបារម្ភដ៏ខ្លាំងអំពីការបង្ក្រាបដោយហិង្សាប្រឆាំងនឹងសមាជិកនៃក្រុមប្រឆាំងនយោបាយក្នុងប្រទេសបង់ក្លាដែស ដែលបានកើតឡើងនៅមុន ក្នុងកំឡុងពេល និងបន្ទាប់ពីការបោះឆ្នោតសភាកាលពីថ្ងៃទី៣០ ខែធ្នូ។ ក្រុមប្រឆាំងបានអះអាងថាការឈ្នះដ៏ភ្លូកទឹកភ្លូកដីរបស់គណបក្សកាន់អំណាច Awami Leagueនេះ គឺជាការក្លែងបន្លំ និងបានចេញធ្វើបាតុកម្មនៅតាមផ្លូវនានា។
ការិយាល័យសិទ្ធិមនុស្សរបស់អ.ស.ប.បាននិយាយថា ខ្លួនមានរបាយការណ៍ដែលអាចទុកចិត្តបានអំពីភាពឃោរឃៅ ការរងរបួស ការគំរាមកំហែងក្នុងទ្រង់ទ្រាយធំ រួមមានការចាប់ខ្លួនដោយបង្ខំ ការបៀតបៀន និងការបាត់ខ្លួនសមាជិកក្រុមប្រឆាំងនឹងរដ្ឋាភិបាល និងក្រុមជនជាតិភាគតិច។ ទីភ្នាក់ងារនេះនិយាយថា របាយការណ៍ទាំងនោះបង្ហាញឲ្យឃើញថា វិធានការបង្ក្រាបដ៏ឃោរឃៅទាំងនេះត្រូវបានធ្វើឡើងដោយ ពួកសកម្មជនគណបក្សកាន់អំណាច រួមទាំងមន្ត្រីអនុវត្តច្បាប់ផងដែរ។
លោកស្រី Ravina Shamdasani អ្នកនាំពាក្យរបស់ទីភ្នាក់ងារនេះបាននិយាយថា អ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស គណបក្សប្រឆាំង និងអ្នករិះគន់រដ្ឋាភិបាលកំពុងប្រឈមនឹងការរឹតត្បិតមិនឲ្យធ្វើការបកស្រាយអ្វីនោះទេ។ លោកស្រីបានប្រាប់ VOA ផ្សាយជាភាសាបង់ក្លាដែសថា ស្ថាប័ននានា រួមមានគណកម្មការបោះឆ្នោត និងគណកម្មការសិទ្ធិមនុស្សថ្នាក់ជាតិត្រូវបានគេរាយការណ៍ថា មិនមានភាពឯករាជ្យគ្រប់គ្រាន់នោះទេ។
លោកស្រីបាននិយាយថា «យើងចង់សង្កត់ធ្ងន់ថា វាមានសារសំខាន់ណាស់ដែលត្រូវមានយន្តការសម្រាប់ដោះស្រាយបញ្ហាទាំងនេះ។ ត្រូវបង្កើតស្ថាប័នមួយសម្រាប់ដោះស្រាយជូនដល់ពលរដ្ឋ ដើម្បីឲ្យពួកគេហ៊ានបង្ហាញពីទុក្ខព្រួយរបស់ពួកគេ និងដើម្បីចៀសវាងការប្រើប្រាស់អំពើហិង្សាបន្ថែមទៀត»។
ទីភ្នាក់ងារអ.ស.ប.កំពុងជំរុញឲ្យអាជ្ញាធរបើកការស៊ើបអង្កេតឯករាជ្យភ្លាមៗ ចំពោះការចោទប្រកាន់អំពើហិង្សា និងការរំលោភសិទ្ធិមនុស្សផ្សេងៗទៀត ទាក់ទងនឹងការបោះឆ្នោត។ ទីភ្នាក់ងារនេះបាននិយាយថា អ្នកដែលត្រូវទទួលខុសត្រូវចំពោះការរំលោភបំពាននេះត្រូវតែនាំមកកាត់ទោស ដោយមិនគិតពីនយោបាយនោះទេ។
ទីភ្នាក់ងារនេះបានព្រមានថា សេរីភាពរបស់អ្នកការពារសិទ្ធិមនុស្ស និងសមាជិកសង្គមស៊ីវិលផ្សេងទៀតកំពុងតែរួមតូចទៅៗ និងថាត្រូវមានការយកចិត្តទុកដាក់ដើម្បីការពារសិទ្ធិរបស់ពួកគេ ក្នុងការបញ្ចេញមតិ និងការប្រមូលផ្តុំដោយសន្តិភាព»៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ