ប៉ូលិសនៅក្នុងប្រទេសបង់ក្លាដែសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងគ្រាប់កាំភ្លើងជ័រទៅលើហ្វូងនិស្សិតដែលបានប្រមូលផ្តុំគ្នាធ្វើការតវ៉ាក្នុងថ្ងៃទី៩ ដើម្បីទាមទារឲ្យអនុវត្តច្បាប់សុវត្ថិភាពចរាចរណ៍ប្រសើរជាងមុន។
ការប៉ះទង្គិចគ្នាចុងក្រោយបង្អស់ពាក់ព័ន្ធនឹងសិស្សនិស្សិតរាប់រយនាក់នៅក្នុងតំបន់ Bashundhara នៃរដ្ឋធានី ដាកា ដែលមានសាកលវិទ្យាល័យឯកជនមួយចំនួនតាំងនៅទីនោះ។ អ្នកតវ៉ាបាននិយាយថា មនុស្សយ៉ាងហោចណាស់៤០នាក់ដែលភាគច្រើនជានិស្សិតបានរងរបួស។
កាលពីថ្ងៃចន្ទ អង្គការការពារសិទ្ធិមនុស្ស Amnesty International បានអំពាវនាវឲ្យដោះលែងលោក Shahidul Alam ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ។ លោក Alam គឺជាអ្នកថតរូបដែលនិយាយអំពីការតវ៉ារបស់និស្សិតទាំងនេះលើបណ្តាញសង្គម។
អង្គការ Amnesty International បានឲ្យដឹងថា លោក Alam ត្រូវបានឃុំខ្លួន បន្ទាប់ពីផ្តល់បទសម្ភាសន៍ដល់បណ្តាញសារព័ត៌មាន Al-Jazeera ភាសាអង់គ្លេស អំពីការតវ៉ានៅរដ្ឋធានី ដាកា។
លោក Omar Waraich អនុប្រធានអង្គការ Amnesty International ប្រចាំតំបន់អាស៊ីខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «មិនមានការបកស្រាយណាមួយចំពោះការឃុំខ្លួននរណាម្នាក់ដែលបញ្ចេញទស្សនៈដោយសន្តិវិធីនិងបើកចំហនោះទេ»។
ប៉ូលិសនិយាយថា លោក Alam ត្រូវបានចាប់ខ្លួនពីបទផ្សព្វផ្សាយរឿងចចាមអារ៉ាមលើបណ្តាញសង្គម ក្នុងគោលបំណងបង្កឲ្យមានអំពើហិង្សា៕