ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះ​មហាក្សត្រ​តែងតាំង​​ចៅក្រម​ថ្មី​នៅ​​សាលាក្តី​ខ្មែរ​ក្រហម


សវនាការ​មួយ​របស់​តុលាការ​ខ្មែរ​ក្រហម។
សវនាការ​មួយ​របស់​តុលាការ​ខ្មែរ​ក្រហម។

ព្រះ​មហាក្សត្របាន​តែងតាំង​ចៅក្រម​ជាតិ​កូរ៉េ​ម្នាក់​ឱ្យ​ធ្វើ​ជា​ចៅក្រម​អន្តរជាតិ​ថ្មី​នៅ អង្គបុរេ​ជំនុំ​ជម្រះ​នៃ​សាលាក្តី​ខ្មែរ​ក្រហម ​ដើម្បី​ជំនួស​លោក​ចៅក្រម​មុន​ ដែល​បាន​លាលែង​តំណែង​កាល​ពី​ដើម​ឆ្នាំ​នេះ។​

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលាក្តី​ខ្មែរ​ក្រហម​ ដែល​បាន​ចែក​ផ្សាយ​ដល់​បណ្តាញ​សារព័ត៌មាន​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ បាន​ឱ្យ​ដឹង​ថា​ លោក​ចៅក្រម​ថ្មី BAIK Kang Jin ត្រូវ​ជំនួស​កន្លែង​លោក​ចៅក្រម​ រូវ៉ាន់ ដោននីង ​ដែល​បាន​ចាកចេញ​ពី​តុលាការ​កាត់​ក្តី មេដឹកនាំ​ខ្មែរ​ក្រហម ដើម្បី​ទៅ​ទទួល​ការងារ​ថ្មី​នៅ​ទីក្រុង​ហ្សឺណែវ ​ប្រទេស​ស្វីស។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្ថែម​ថា៖​ «កាលពី​ពេល​ថ្មីៗ​នេះ​ ចៅក្រម BAIK បាន​បំពេញ​ការងារ​ជា​ចៅក្រម​ នៅ​តុលាការ​កំពូល​ទីក្រុង​សេអ៊ូល។ តាំង​ពី​ឆ្នាំ​២០១៣​មក​លោក​បាន​បំពេញ​ការងារ​ជា​តំណាង​ពិសេស​នៃ​ក្រុម​ប្រឹក្សា​ទទួល​ខុស​ត្រូវ​ផ្នែក​កម្មសិទ្ធិ​បញ្ញា​ និង​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​គណៈកម្មការ​ការពារ​ព័ត៌មាន​ផ្ទៃ​ក្នុង​រដ្ឋាភិបាល​កូរ៉េ‍‍»។​

សាលាក្តី​ខ្មែរ​ក្រហម​កំពុង​កាត់​ទោស​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ចំនួន​ពីរ​នាក់​គឺ​នួន​ ជា អតីត​បងធំទី២​ និង​ ខៀវ សំផន ​អតីត​ប្រមុខរដ្ឋ​ដែល​មាន​តែ​ឈ្មោះ។ មេ​ដឹក​នាំ​ទាំងពីរ​នាក់​នេះ​ត្រូវ​តុលាការ​ខ្មែរ​ក្រហម​កាត់​ទោស​ឱ្យ​ជាប់គុក​មួយ​ជីវិត​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ដែល​ទាក់ទង​នឹង​ការ​ជម្លាស់​ប្រជាជន​ដោយ​បង្ខំ​ចេញពី​ទីក្រុង​ភ្នំពេញ​ និង​ក្រោយ​មក​ទៀត ​ចេញ​ពី​តំបន់​ផ្សេងៗ ​និង​ការ​សម្លាប់​ទាហាន​ លន់ នល់ ​នៅ​ទីតាំង​សម្លាប់​មនុស្ស​ទួល​ពោធិ៍ជ្រៃ​ បន្ទាប់​ពី​ខ្មែរក្រហម​ឡើង​កាន់​អំណាច​ភ្លាមៗ​ក្នុង​ឆ្នាំ១៩៧៥។ ​ប៉ុន្តែពួកគេ​បាន​ប្តឹង​សារ​ទុក​ទៅ​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល និង​ប្តឹង​ដិត​ចិត្ត​ចៅក្រម​ទាំង​នោះ។

លោក​ចៅក្រម ​រូវ៉ាន់ ដោននីង​ ត្រូវ​បាន​គេ​ដឹង​ថា​ បានជំទាស់​នឹង​ការ​សម្រេច​ចិត្ត​បដិសេធ​ចោល​ញត្តិ​របស់​ក្រុម​មេធាវី​ការពារ​ក្តី​ឱ្យ​មេដឹកនាំ​ខ្មែរ​ក្រហម​ នួន ជា​ និង ​ខៀវ សំផន​ ដែល​ប្តឹង​ដិត​ចិត្ត​ចៅក្រម ​ដែល​កាត់​ក្តី​លើ​សំណុំ​រឿង​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ទាំង​ពីរ។

រីឯ​លោក​សាស្ត្រាចារ្យ​ Michael Bohlander ​ក៏​ត្រូវ​បាន​តែងតាំង​ជា​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​បម្រុង​ថ្មី​ជំនួស​ចៅក្រម Olivier Beauvallet ​ដែល​ត្រូវ​បាន​តែងតាំង​ជា​ចៅក្រម​អន្តរជាតិ​នៃ​អង្គ​បុរេ​ជំនុំ​ជម្រះ​កាលពី​ពេល​ថ្មីៗ​នេះ​ផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សាលាក្តី៕

XS
SM
MD
LG