រដ្ឋាភិបាលសហរដ្ឋអាមេរិកសន្យាថា នឹងបន្តកិច្ចប្រឹងប្រែងដើម្បីជម្លៀសជនជាតិអាមេរិក អ្នកមានសិទ្ធិរស់នៅអចិន្ត្រៃយ៍នៅអាមេរិក សម្ព័ន្ធមិត្ត និងជនជាតិអាហ្វហ្គានីស្ថានដែលងាយរងគ្រោះផ្សេងទៀត ទោះបីជាហួសកាលកំណត់សម្រាប់កងកម្លាំងអាមេរិកចាកចេញពីអាហ្វហ្គានីស្ថាននៅចុងខែនេះក៏ដោយ។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយកាលពីថ្ងៃពុធថា «គ្មានថ្ងៃកំណត់ក្នុងការដឹកជនជាតិអាមេរិក និងអាហ្វហ្គានីស្ថានដែលចង់ចាកចេញក្រោយថ្ងៃទី៣១ ខែសីហា នេះទេ»។
លោក Blinken បាននិយាយសង្កត់ធ្ងន់នៅពេលលោកឆ្លើយសំណួរអ្នកយកព័ត៌មានថា «ពួកគេ នឹងមិនត្រូវបានបំភ្លេចឡើយ។ ហើយដូចខ្ញុំបាននិយាយហើយ យើងនឹងប្រើវិធីជំនួយ ការទូត និងសេដ្ឋកិច្ចគ្រប់បែបយ៉ាងតាមលទ្ធភាពរបស់យើងដើម្បីដាក់សម្ពាធឱ្យពួកតាលីបង់អនុញ្ញាតឱ្យប្រជាជនចាកចេញពីប្រទេសនេះ»។
ពេញមួយថ្ងៃពុធនៅឯក្រសួងការបរទេសនៅមន្ទីរបញ្ចកោណ និងនៅសេតវិមាន មន្រ្តីនានា បានបន្តច្រានចោលការរិះគន់អំពីភាពវឹកវរនៅច្រកទ្វារចូលអាកាសយានដ្ឋានក្រុងកាប៊ុល។
សេតវិមានបាននិយាយកាលពីថ្ងៃពុធថា ចាប់តាំងពីថ្ងៃទី១៤ ខែសីហាមក សហរដ្ឋអាមេរិក បានជម្លៀស ឬជួយជម្លៀសមនុស្សប្រហែល ៨២៣០០នាក់ តាមជើងយន្តហោះយោធាសហរដ្ឋអាមេរិក និងយន្តហោះសម្ព័ន្ធភាពនៅក្នុងការដឹកជញ្ជូនធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ។ ចាប់តាំងពីចុងខែកក្កដាមក សហរដ្ឋអាមេរិក បានផ្លាស់ប្តូរទីលំនៅប្រជាជនប្រហែល ៨៨០០០នាក់ ដែលស្ទើរតែពាក់កណ្តាលនៃពួកគេ គឺជាស្ត្ រីនិងកុមារ។ លោកស្រី Jen Psaki អ្នកនាំពាក្យសេតវិមាន បានប្រាប់អ្នកយកព័ត៌មានថា «យើងកំពុងធ្វើការជម្លៀសមនុស្សតាមយន្តហោះចំនួនច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ។ យើងឃើញលទ្ធផលជាក់ស្តែងហើយ»។
លោក Blinken បាននិយាយនៅក្រសួងការបរទេសថា «កិច្ចប្រឹងប្រែងនេះ មានភាពស្មុគស្មាញ និងគ្រោះថ្នាក់យ៉ាងក្រៃលែង។ យើងកំពុងប្រតិបត្តិការនៅក្នុងបរិយាកាសអរិភាពនៅក្នុងទីក្រុង និងក្នុងប្រទេសដែលឥឡូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកតាលីបង់ ដោយមានលទ្ធភាពពិតប្រាកដនៃការវាយប្រហាររបស់ពួករដ្ឋអ៊ីស្លាមISIS-K។ យើងកំពុងប្រុងប្រយ័ត្នគ្រប់បែបយ៉ាង ប៉ុន្តែមានហានិភ័យខ្លាំង»។
កាលពីថ្ងៃពុធ ស្ថានទូតអាមេរិកនៅទីក្រុងកាប៊ុល បានប្រកាសការព្រមានមួយនៅលើគេហទំព័ររបស់ខ្លួនថា «ដោយសារតែមានការគំរាមកំហែងផ្នែកសន្តិសុខនៅខាងក្រៅខ្លោងទ្វារអាកាសយានដ្ឋានទីក្រុងកាប៊ុល យើងកំពុងផ្តល់ដំបូន្មានដល់ពលរដ្ឋអាមេរិកឱ្យចៀសវាងធ្វើដំណើរទៅអាកាសយានដ្ឋាន និងចៀសវាងច្រកអាកាសយានដ្ឋាននៅពេលនេះ លុះត្រាតែអ្នកទទួលបានការណែនាំពីតំណាងរដ្ឋាភិបាលអាមេរិកឱ្យធ្វើដូច្នេះ។ ពលរដ្ឋអាមេរិកដែលកំពុងស្ថិតនៅខ្លោងទ្វារ Abbey ខ្លោងទ្វារខាងកើត ឬខ្លោងទ្វារខាងជើង គួរតែចាកចេញជាបន្ទាន់»៕