លោកស្រី លុយ អ៊ីម អាយុ៧២ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ហើយបានឆ្លងកាត់របបសង្គមរាស្រ្តនិយម ដែលដឹកនាំដោយអតីតព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ។ លោកស្រីបានរំឭកពេលមួយ ដែលលោកស្រីបានមកស្គាល់ស្តាតអូឡាំពិក ជាលើកដំបូង កាលពីលោកស្រីមានអាយុប្រហែល២០ឆ្នាំ។
លោកស្រី លុយ អ៊ីម បានទិញសំបុត្រចូលទស្សនាការសម្តែងបែបចិនមួយ ដែលប្រព្រឹត្តទៅនៅស្តាតអូឡាំពិក។
ក្នុងពេលនោះ លោកស្រី អ៊ីម ដែលរស់នៅក្នុងខេត្តកំពង់ស្ពឺ បានមកលេងម្តាយមីងនៅរាជធានីភ្នំពេញ។ លោកស្រីមានប្រសាសន៍ថា ពេលនោះមានមនុស្សច្រើនចូលទស្សនាការសម្តែងចិននៅស្តាតអូឡាំពិក មានដូចជា ការសម្តែងហ៊ី និងការលេងសៀកជាដើម។
លោកស្រីមានប្រសាសន៍ថា៖
« ...មនុស្សច្រើនណាស់។ សំបុត្រថ្លៃទៀត។ សប្បាយចិត្តពេលបានមក»។
លោកស្រី លុយ អ៊ីម បានរៀបការជាមួយបុរសនៅទីក្រុងភ្នំពេញ ហើយបានចាប់ផ្តើមជីវិតរស់នៅទីក្រុង រហូតមកដល់ពេលនេះ លើកលែងសម័យខ្មែរក្រហម។
មកដល់បច្ចុប្បន្ននេះ លោកស្រី លុយ អ៊ីម ដែលហាក់នៅមាំទាំ ទោះមានអាយុច្រើនបន្តិចក្តី បានលើកឡើងថា ជាង៣០ឆ្នាំមកហើយ លោកស្រីបានមកស្តាតអូឡាំពិកនេះជារៀងរាល់ព្រឹក ដើម្បីហាត់ប្រាណ។
ក្រោយបញ្ចប់ការហាត់ប្រាណនៅស្តាតអូឡាំពិក នាព្រឹកមួយ លោកស្រី លុយ អ៊ីម មានប្រសាសន៍ថា លោកស្រីបានចំណាយពេលពីរបីម៉ោង គឺចាប់ពីម៉ោង៦ព្រឹក ហាត់ប្រាណតាមបទចម្រៀងចិន ដែលលោកស្រីថា វាជួយដល់ជីពចរ និងឲ្យគាត់សម្រាន្តលក់ស្រួល។
លោកស្រី អ៊ីម ដែលមានផ្ទះនៅក្បែរស្តាតអូឡាំពិក បានរៀបរាប់ថា ខ្យល់អាកាសនៅទីនេះល្អ ហើយកន្លែងហាត់ប្រាណមានទេសភាពស្អាត។
លោកស្រីបានរំឭកថា លោកស្រីធ្លាប់បានឃើញ លោក វណ្ណ មូលីវណ្ណ ស្ថាបត្យករស្តាតអូឡាំពិក ដើរហាត់ប្រាណនៅស្តាតនេះ កាលពីប៉ុន្មានឆ្នាំមុន។
លោកស្រីមានប្រសាសន៍ថា៖
«មុនគាត់កាន់ឈើច្រត់មកតើ! ប៉ុន្មានឆ្នាំមុន ឃើញគាត់។ ស្គាល់គាត់ទេតើ! គេប្រាប់ថា ហ្នឹងអ្នកសាងសង់។ អូ! ខ្ញុំថា តាហ្នឹងពូកែណាស់ តាហ្នឹង»។
លោកស្រីបន្តថា៖
«អេ! មោទនភាពតើ! មោទនភាព! ហើយបានយើងហាត់ប្រាណបានស្រួល។ ទៅរកណា! បានប៉ុណ្ណឹងហើយ ម៉េចទៀតទៅលោកអើយ!»
ដោយសារតែមានការអភិវឌ្ឍអគារធំៗនៅជុំវិញស្តាត លោកស្រីមានប្រសាសន៍ថា សំណង់ទាំងនេះធ្វើឲ្យបាត់បង់ខ្យល់អាកាស។ លោកស្រីមានប្រសាសន៍ថា៖ «ចាញ់ពីមុន! ពីមុនវាអត់សូវបាំងផ្ទះអីចឹង ខ្យល់ច្រើន។ ឥឡូវបាំង មិនសូវខ្យល់ដូចមុនទេ»។
លោកស្រីបារម្ភថា ស្តាតមួយនេះអាចនឹងត្រូវបានបំបាត់ចោលនៅពេលខាងមុខ ដោយសារការអភិវឌ្ឍ។
លោកស្រីមានប្រសាសន៍ថា៖
«ខ្លាចតែវាយចោល! ខ្ញុំអត់ចង់ឲ្យគេវាយចោល! ចង់ទុកអនុស្សាវរីយ៍! អូ! បើចង់បាន បានហើយ (តែ) គេមានស្តាប់យើងឯណា? គេធ្វើស្រេចតែគេ! យើងនិយាយ គេស្តាប់យើង?»
ក្នុងនាមជាអ្នកសហការដ៏ស្និទ្ធជាមួយអតីតព្រះមហាក្សត្រ លោក វណ្ណ មូលីវណ្ណ កាលនោះត្រូវបានព្រះបាទ នរោត្តមសីហនុ ស្នើឲ្យសាងសង់ស្តាតអូឡាំពិក ដើម្បីទទួលស្វាគមន៍កីឡាស៊ីហ្គេម ឆ្នាំ១៩៦៣។ ទោះជាយ៉ាងណា កម្ពុជាមិនបានធ្វើជាម្ចាស់ផ្ទះកីឡានេះទេ ដោយសារបញ្ហាស្ថានភាពនយោបាយនៅកម្ពុជាពេលនោះ។
ស្តាតអូឡាំពិកត្រូវបានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ១៩៦២ ហើយពីរឆ្នាំក្រោយមកត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់។
ក្នុងចំណោមស្នាដៃជាច្រើនទៀតរបស់លោក វណ្ណ មូលីវណ្ណ ស្តាតអូឡាំពិកត្រូវបានប្រជាជនកម្ពុជា និងជនបរទេសកោតសរសើរថា ស្ថាបត្យកម្ម ដែលមានការគិតគូរយ៉ាងដិតដល់ចំពោះបរិស្ថាន និងជាស្ថាបត្យកម្មខ្មែរសម័យទំនើប។
សម្រាប់អតីតព្រះមហាក្សត្រ សម្តេចឪ ដែលបានសោយទិវង្គតកាលពីឆ្នាំ២០១២ ស្តាតអូឡាំពិកបានដើរតួនាទីសំខាន់មួយសម្រាប់«ទំនាក់ទំនងក្រៅប្រទេស»។
លោក Julio Jeldres អតីតលេខាផ្ទាល់របស់ព្រះមហាវីរក្សត្រព្រះបាទ នរោត្តម សីហនុ បានប្រាប់ VOA តាមសារអេឡិចត្រូនិកថា នៅក្នុងរបបសង្គមរាស្រ្តនិយម ព្រះមហាក្សត្របានយកស្តាតអូឡាំពិកដើម្បីស្វាគមន៍អតីតប្រធានាធិបតីបារាំង លោក Charles de Gaulle និងមេដឹកនាំប្រទេសផ្សេងៗទៀត ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា។
លោកមានប្រសាសន៍ថា៖
«នៅស្តាតអូឡាំពិក លោក Charles de Gaulle បានថ្លែងកាលពីខែកញ្ញា ឆ្នាំ១៩៦៦ ថ្កោលទោសការអន្តរាគមន៍របស់អាមេរិកាំងនៅក្នុងប្រទេសវៀតណាម ហើយបានប្រកាសការគាំទ្រពេញទំហឹងរបស់បារាំងសម្រាប់គោលនយោបាយអព្យាក្រឹត្យ ដែលអតីតព្រះមហាក្សត្របានជ្រើសរើសសម្រាប់ទំនាក់ទំនងក្រៅប្រទេសរបស់កម្ពុជា»។
ស្តាតអូឡាំពិកប្រែក្លាយជាកន្លែងហាត់ប្រាណ
រហូតមកដល់ពេលនេះ ស្តាតអូឡាំពិក ដែលមានទីតាំងនៅចំទីប្រជុំជន បានក្លាយជាកន្លែងលំហែកាយ និងហាត់ប្រាណ សម្រាប់ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចាប់ពីពេលព្រឹកព្រលឹមរហូតដល់ពេលល្ងាច។
លោក គិន ប៊ុនថន អាយុ៦៣ឆ្នាំ បានចំណាយពេលជិត១២ឆ្នាំមកហើយ មកហាត់ប្រាណនៅស្តាតអូឡាំពិក ប្រមាណជាង២ម៉ោងក្នុងមួយថ្ងៃ គឺចាប់ពីម៉ោងជាង៤កន្លះព្រឹកដល់ម៉ោង ៧កន្លះ។ បច្ចុប្បន្ននេះ លោកបានចំណាយពេលដើរហាត់ប្រាណនៅជុំវិញស្តាត។
លោកមានប្រសាសន៍ថា ស្តាតជាកន្លែងដែលអាចផ្តល់ខ្យល់អាកាសល្អ ហើយលោកបានស្គាល់មិត្តភ័ក្ដិជាច្រើន និងបានពិភាក្សាពីការរកស៊ី និងបញ្ហាសុខភាពជាមួយគ្នា ពេលមកហាត់ប្រាណនៅទីនេះ។
ទោះជាយ៉ាងណា លោកនិយាយថា ការសាងសង់អគារខ្ពស់ៗនៅជុំវិញស្តាត ធ្វើឲ្យមានការប្រែប្រួលខ្យល់អាកាសនៅទីនោះ។
លោកមានប្រសាសន៍ថា៖
«បើសិនជាវាលដូចមុន វាល្អ ១០០ភាគរយហើយ។ ប៉ុន្តែឥឡូវ ជុំវិញវាជិតអស់ហើយ! មិនដឹងទៅត្រង់ណា យើងមកត្រង់ហ្នឹងអាដែលមក!»
លោកក៏បានកោតសរសើរស្នាដៃរបស់លោក វណ្ណ មូលីវណ្ណ ជាពិសេសការរចនាអគារស្តាត ដោយមានខ្យល់ចេញចូលគ្រប់គ្រាន់។
លោកមានប្រសាសន៍ថា៖
«មើលក្នុងស្តាតទាំងមូល កន្លែងវ៉ៃបុកហ្នឹង មានដាក់កង្ហារមួយទេ? អត់មានទេ! កន្លែងអង្គុយ អត់មានកង្ហារមួយទេ។ ហេតុអីក៏ត្រជាក់? វាមានរឿងរបស់គេ ដែលត្រូវធ្វើហ្នឹង»។
លោក គិន ប៊ុនថន បានរំឭកថា ថ្ងៃមួយ លោកបានមកលេងស្តាតអូឡាំពិកជាលើកដំបូង ក្នុងឆ្នាំ១៩៦៥ ឬ១៩៦៦ ដែលពេលនោះ លោកបានមកលេងកម្សាន្ត ហែលទឹក និងមើលការហាត់កីឡានៅទីនោះ។ លោកបានកោតសរសើរស្តាតអូឡាំពិកចាប់តាំងពីពេលនោះមក។
ចំណែកនៅខាងក្នុងអគារមេនៃស្តាតអូឡាំពិក មានការលេងកីឡាប្រភេទបាល់បោះ។
នាព្រឹកមួយ លោក ហេង សេរីម៉េង អាយុ៣៧ឆ្នាំ បានមកលេងបាល់បោះនៅទីនោះ។ លោកបានមកលេងកីឡានៅស្តាតអូឡាំពិកនេះ ចាប់តាំងពីឆ្នាំ១៩៩៦។ បច្ចុប្បន្ននេះ លោកបានចំណាយពេលពីរម៉ោងលេងកីឡានៅស្តាត ដោយចាប់ផ្តើមពីម៉ោង៥កន្លះព្រឹក។
លោកបានសរសើរថា នៅខាងក្នុងអគារនេះមានខ្យល់ចេញចូលគ្រប់គ្រាន់ ដែលលោកថា នេះជាការគិតគូមួយរបស់ស្ថាបត្យករ។
លោកមានប្រសាសន៍ថា៖
«ខ្យល់អាកាសហ្នឹងគឺគេធ្វើមកល្អរបស់គេ! គឺមានន័យថា មានខ្យល់ចេញចូលគ្រប់គ្រាន់។ បើបរិយាកាសអី វាប៉ុណ្ណឹង វាល្អហើយ។ បើខាងក្រៅ មើលទៅ យើងឃើញគេ ឃើញឯងច្រើនជាងហ្នឹងទៀត»។
លោកមានប្រសាសន៍បន្ថែមថា៖
«គឺមានន័យថា ការដែលគេសាងសង់ហ្នឹងគឺមានន័យថា វិស្វករ(ស្ថាបត្យករ)ពីមុន គឺគាត់បានគិតគូរល្អិតល្អន់របស់គាត់។ ពួកខ្ញុំ ក្មេងជំនាន់ក្រោយនេះ ខ្ញុំសូមកោតសរសើរស្នាដៃរបស់គាត់។ ឃើញគាត់ធ្វើបាន ហើយល្អ អត់ទាន់មានវិស្វករណា ដែលអាចធ្វើបានដូចគាត់ទេ»។
ម្តងម្កាល ស្តាតអូឡាំពិក ត្រូវបានប្រើប្រាស់ជាកន្លែងប្រកួតកីឡាធំៗ ជាមួយប្រទេសជាសមាជិកអាស៊ាន និងប្រទេសដទៃទៀត ដោយមានមនុស្សរាប់ម៉ឺននាក់ចូលទស្សនា ជាពិសេសការចាប់អារម្មណ៍ពីសំណាក់យុវជនកម្ពុជា។
យុវជន ប៉ាក តុលា អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី២ផ្នែកព័ត៌មានវិទ្យា បានមកលេងកម្សាន្តនៅស្តាជាមួយមិត្តភ័ក្ដិ ក្នុងពេលទំនេរពីការសិក្សា នាព្រឹកមួយ ប៉ុន្មានថ្ងៃបន្ទាប់ពីលោក វណ្ណ មូលីវណ្ណ បានទទួលមរណភាព។
លោកនិយាយថា លោកមានចំណូលចិត្តមកទីនេះ ដើម្បីលំហែកាយ និងជជែកលេងជាមួយមិត្តភ័ក្ដិ។
លោកបន្តថា៖
«នៅទីនេះ វាមានទីធ្លាធំទូលាយ ហើយវាមានខ្យល់អាកាសបរិសុទ្ធល្អ»។
យុវជនរូបនោះបានឲ្យដឹងទៀតថា លោកតែងតែទិញសំបុត្រមកទស្សនាបាល់ទាត់ នៅពេលមានការប្រកួតណាមួយ ដោយសារលោកក៏ជាអ្នកចូលចិត្តលេងបាល់ទាត់មួយរូបដែរ។
លោកមានប្រសាសន៍ថា៖
«ឲ្យតែមានការប្រកួតគឺ មកមើល»។
លោកបានរំឭកថា នៅពេលលោកបានមករៀននៅភ្នំពេញ លោកចង់ស្គាល់ស្តាតមួយនេះ ហើយក៏បានព្យាយាមស្វែងរកទីតាំង។ លោកចង់ឲ្យទីកន្លែងមួយនេះត្រូវបានអភិរក្សសម្រាប់ក្មេងជំនាន់ក្រោយបានស្គាល់។
នៅពេលមានការប្រកួតបាល់ទាត់ធំៗ អ្នកចូលទស្សនាមានទៅដល់ ៥ម៉ឺននាក់។ បើយោងតាមមន្រ្តីដែលគ្រប់គ្រងស្តាត ក្នុងមួយថ្ងៃ មនុស្សប្រហែល ១.៥០០នាក់ បានចូលមកស្តាតអូឡាំពិក ដែលភាគច្រើនមកហាត់ប្រាណ និងលេងកីឡាផ្សេងៗ។
មិនត្រឹមតែជាកន្លែងហាត់ប្រាណ ប្រជាជនមួយចំនួនបានពឹងផ្អែកការលក់ដូរតិចតួចនៅក្នុងស្តាតនេះ ជាង១០ឆ្នាំមកហើយ។
លោកស្រី ប៉ែន សុភឿន អាយុ៥៥ឆ្នាំ មានប្រសាសន៍ថា លោកស្រីបានចាប់ផ្តើមលក់ដូរនៅទីនេះ ចាប់តាំងពីឆ្នាំ២០០៤ ដើម្បីរកកម្រៃផ្គត់ផ្គង់ក្រុមគ្រួសារ ដែលមានកូនបីនាក់ក្នុងបន្ទុក។
ទោះជាយ៉ាងណា លោកស្រីមានការរអ៊ូរទាំថា ការលក់ដូរបច្ចុប្បន្ននេះមិនដូចមុននោះទេ ដោយសារខាងស្តាតបិទមិនឲ្យមានការលេងបាល់ទាត់ និងបាល់ទះ នៅជិតកន្លែងលក់ដូរ។
ពីមុនមក លោកស្រីអាចរកបាន២០ម៉ឺនរៀលក្នុងមួយថ្ងៃ តែឥឡូវបានតែ៤ទៅ៦ម៉ឺនរៀលតែប៉ុណ្ណោះ ក្នុងមួយថ្ងៃ។
លោកស្រីមានប្រសាសន៍ថា៖
«លើកមុន វាគ្រាន់បើមែន! ប៉ុន្តែឥឡូវហ្នឹង ដូចជាយ៉ាប់មែនទែនហើយ! ពិបាកមែនទែន!»
លោកស្រីបានបន្ថែមថា៖
«ខ្ញុំគិតថា កំពុងតែដាក់ផ្ទះលក់អីចឹងណា! ចង់លក់ផ្ទះអីចឹង រកផ្ទះក្រោមនៅ រកទីតាំងកន្លែងណាបែបត្រូវការលក់ដូរចិញ្ចឹមកូន ព្រោះនៅទីនេះ អនាគតទៅមិនល្អទេ»។
ម្តងម្តាល ស្តាតនេះត្រូវបានប្រើប្រាស់សម្រាប់ព្រឹត្តិការណ៍មួយចំនួន ដូចជាការប្រគំតន្រ្តី និងការតាំងពិព័រណ៍ផលិតផល និងអាហារមួយចំនួន។ រដ្ឋាភិបាលកម្ពុជាក៏បានប្រើប្រាស់កន្លែងនេះដើម្បីរៀបចំព្រឹត្តិការណ៍វប្បធម៌មួយចំនួន។
កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ រដ្ឋាភិបាលបានយកទីកន្លែងមួយនេះ ប្រារព្ធពិធីអបអរសាទរការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុកក្នុងខេត្តកំពង់ធំជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
សុបិនអាក្រក់សម្រាប់ស្តាតអូឡាំពិក
បច្ចុប្បន្ននេះ ស្តាតអូឡាំពិកត្រូវបានហ៊ុមព័ទ្ធដោយសំណង់អគារខ្ពស់ៗ ហើយសំណង់ផ្សេងៗទៀតកំពុងដំណើរការ។ ប្រជាជនមានការព្រួយបារម្ភថា តំបន់នោះនឹងត្រូវអភិវឌ្ឍ ដែលនាំឲ្យបាត់បង់កន្លែងហាត់ប្រាណ និងស្នាដៃរបស់លោក វណ្ណ មូលីវណ្ណ។
ស្តាតអូឡាំពិកថ្មីមួយក្នុងខណ្ឌព្រែកព្នៅ ដែលមានតម្លៃប្រមាណ ១០០លានដុល្លារកំពុងត្រូវបានស្ថាបនាដើម្បីទទួលស្វាគមន៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
ទោះជាយ៉ាងណា លោក ម៉េត មាសភក្តី អ្នកនាំពាក្យរបស់សាលាក្រុង បានថ្លែងប្រាប់ VOA ថា រហូតមកដល់ពេលនេះ សាលាក្រុងមិនទាន់មានគម្រោងអ្វីទាក់ទងនឹងស្តាតអូឡាំពិកនៅឡើយទេ។ លោកបញ្ជាក់ថា ប្រសិនបើមានការប្រែក្លាយស្តាតអូឡាំពិកជាតំបន់អភិវឌ្ឍន៍ នោះជាការសម្រេចរបស់រដ្ឋាភិបាល។
កាលពីឆ្នាំ ២០១៦ អង្គការមូលនិធិប្រាសាទពិភពលោក (World Monuments Fund) ដែលបានទទួលជំនួយខ្លះពីរដ្ឋាភិបាលអាមេរិកក្នុងការអភិរក្សប្រាសាទមួយចំនួននៅកម្ពុជា បានដាក់បញ្ចូលស្តាតអូឡាំពិកទៅក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌវប្បធម៌ ដែលរងការគំរាមកំហែង។
លោកស្រី Ginevra Boatto តំណាងអង្គការមូលនិធិប្រាសាទពិភពលោកប្រចាំតំបន់អាស៊ី បានថ្លែងប្រាប់ VOA តាមរយៈអ៊ីម៉ែលថា ការដាក់បញ្ចូលស្តាតអូឡាំពិកទៅក្នុងបញ្ជីមូលនិធិប្រាសាទពិភពលោកនេះគឺ ដើម្បីទាក់ទាញការចាប់អារម្មណ៍របស់អន្តរជាតិទៅលើតម្លៃស្ថាបត្យកម្មនៃសំណង់អគារ។ លោកស្រីបន្តថា ស្តាតមួយនេះគួរត្រូវបានរក្សាទុកសម្រាប់ជាស្នាដៃស្ថាបត្យកម្មខ្មែរសម័យទំនើប។
លោកស្រីមានប្រសាសន៍ថា៖
«ស្តាតអូឡាំពិកកីឡាជាតិគួរតែត្រូវបានអភិរក្សដោយគ្រប់មធ្យោបាយ។ វាគួរតែត្រូវបានអភិរក្ស និងត្រូវបានប្រើប្រាស់ជាបន្តបន្ទាប់ ជាកន្លែងសាធារណៈសម្រាប់អ្នករស់នៅភ្នំពេញ និងអត្តពលករ។ កីឡាទាំងកម្រិតថ្នាក់ជាតិ និងអន្តរជាតិគួរតែត្រូវបានប្រារព្ធនៅទីនោះ ប៉ុន្តែវាក៏អាចត្រូវបានប្រើប្រាស់ជាកន្លែងសម្រាប់ព្រឹត្តិការណ៍វប្បធម៌ផ្សេងៗ»។
លោកស្រីបានបន្ថែមថា៖
«តាមមធ្យោបាយនេះ អគារនឹងត្រូវបានរក្សាទុក ខណៈវានឹងនៅតែជាផ្នែកមួយនៃជីវិតរបស់មនុស្ស និងមិនត្រូវបានបំភ្លេច ឬបោះបង់ចោល»។
លោក ប៉ែន សិរីបញ្ញា អាយុ៣០ឆ្នាំ ជាប្រធានផ្នែកគម្រោងវណ្ណ មូលីវណ្ណ (The Vann Molyvann Project) ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៩ មានប្រសាសន៍ថា គម្រោងនេះត្រូវបានបង្កើតឡើងដើម្បីចងក្រងស្នាដៃរបស់លោក វណ្ណ មូលីវណ្ណ និងផ្សព្វផ្សាយស្នាដៃរបស់លោកទៅក្មេងជំនាន់ក្រោយ។
លោក សិរីបញ្ញា ដែលជាអ្នកស្រាវជ្រាវផ្នែកស្ថាបត្យកម្ម និងធ្លាប់ធ្វើការជាមួយលោក វណ្ណ មូលីវណ្ណ បាននិយាយថា រហូតមកដល់ពេលនេះ ក្រុមរបស់លោកបានចងក្រងនូវគម្រោងប្រហែល២០ ហើយក្រុមរបស់លោករំពឹងថា នឹងពង្រីកគម្រោងនេះទៅក្រៅប្រទេស ក្នុងនោះមានប្រទេសជប៉ុន និងបារាំង ដោយសារឯកសារខ្លះដែលទាក់ទងនឹងលោក វណ្ណ មូលីវណ្ណ ត្រូវបានរក្សាទុកនៅទីនោះ។
ទាក់ទងនឹងស្តាតអូឡាំពិកវិញ លោកសិរីបញ្ញាមានប្រសាសន៍ថា៖
«ស្តាតអូឡាំពិកសំខាន់ ទាំងផ្នែកស្ថាបត្យកម្ម និងនយោបាយសង្គម ដោយសារតែគំនិតនៃការរចនានេះ ហើយនិងប្រវត្តិរបស់វានៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់»៕