ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ និង​អង្គការ​សប្បុរសធម៌​អំពាវនាវ​ឱ្យ​មាន​ការឈប់​បាញ់គ្នា​ដើម្បី​មនុស្ស​ធម៌


ប្រជាជន​ប៉ាឡេស្ទីន​ប្រមូលផ្តុំគ្នា​នៅពេល​ពួកគេ​កាន់ទុក្ខ​អ្នក​ដែល​ត្រូវបាន​សម្លាប់​នៅក្នុង​ការទម្លាក់​គ្រាប់បែក​របស់​អ៊ីស្រាអែល​នៅ​តំបន់ Deir Balah ភាគកណ្តាល​តំបន់​ហ្កាហ្សា ស្រ្ទីព (Gaza Strip) នៅ​ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
ប្រជាជន​ប៉ាឡេស្ទីន​ប្រមូលផ្តុំគ្នា​នៅពេល​ពួកគេ​កាន់ទុក្ខ​អ្នក​ដែល​ត្រូវបាន​សម្លាប់​នៅក្នុង​ការទម្លាក់​គ្រាប់បែក​របស់​អ៊ីស្រាអែល​នៅ​តំបន់ Deir Balah ភាគកណ្តាល​តំបន់​ហ្កាហ្សា ស្រ្ទីព (Gaza Strip) នៅ​ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​និង​អង្គការ​សប្បុរសធម៌​អន្តរជាតិ​បាន​ចេញសេចក្តី​ថ្លែងការណ៍​រួម​គ្នា​ដ៏​កម្រ​មួយ​អំពាវនាវ​ឱ្យ​មាន​ការឈប់​បាញ់​គ្នា​ដើម្បី​ផ្តល់​ជំនួយ​មនុស្ស​ធម៌​ជា​បន្ទាន់​នៅ​ក្នុង​តំបន់​ហ្កាហ្សា។

សេចក្តី​ថ្លែងការណ៍​នោះ​បាន​បញ្ជាក់​ថា ​អស់​រយៈពេល​ជិត២ខែ​ហើយ«ពិភពលោក​កំពុង​ឃ្លាំមើល​ស្ថានភាព​រីកកាន់តែ​ធំឡើង​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​និង​ទឹកដី​ដែល​ត្រួតត្រា​ដោយ​ប៉ាឡេស្ទីន​ក្នុង​ការរន្ធត់​និង​ភ័យខ្លាច​ដោយសារ​ចំនួន​អាយុ​ជីវិត​មនុស្ស​បាត់បង់​និងបែក​ខ្ញែក​គ្នា»។

ទីភ្នាក់ងារនិង​អង្គការ​ទាំង​នោះ​បាន​កត់សម្គាល់​ថា ​មនុស្ស​យ៉ាង​តិច១.៤០០​នាក់​បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​និង​ជាង​២០០​នាក់​ទៀត​បាន​ត្រូវ​ចាប់​ជា​ចំណាប់​ខ្មាំង។

ទីភ្នាក់ងារទាំង​នោះ​បាន​និយាយ​ទៀត​ថា «ការសម្លាប់​ដ៏​រន្ធត់​នៃ​ជន​ស៊ីវិល​កាន់តែ​ច្រើន​ឡើង​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ជា​ការក្រេវក្រោធ​មួយ នៅពេល​ដែល​ជនជាតិ​ប៉ាឡេស្ទីន២,២លាន​នាក់បាន​ត្រូវ​កាត់ផ្តាច់​ស្បៀង​អាហារ ទឹក ថ្នាំ​សង្កូវ ភ្លើង​អគ្គិសនី​និង​ប្រេង​ឥន្ធនៈ»។

ទីភ្នាក់ងារបាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា «ល្មម​គ្រប់​គ្រាន់​ហើយ។ ការណ៍​នេះ​ត្រូវតែ​បញ្ឈប់»។

ទីភ្នាក់ងារខ្លះ​នៅ​ក្នុង​ក្រុមទាំង២​ដែល​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នោះ​រួមមាន​អង្គការ​សុខភាព​ពិភពលោក ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក ​អង្គការ CARE International អង្គការ​ជួយ​សង្គ្រោះ​កុមា Save the Children ​និង​អង្គការ Mercy Corps។

អ៊ីស្រាអែល​បាន​និយាយ​ថា ​ការវាយ​ប្រហារ​របស់​ខ្លួន​លើ​ក្រុម​ហាម៉ាស់​នៅ​ក្នុង​តំបន់ហ្កាហ្សា ស្រ្ទីព (Gaza Strip) បាន​បំបែក​ទឹកដី​ប៉ាឡេស្ទីន​ជា​២​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

លោក Daniel Hagari អ្នក​នាំពាក្យ​យោធា​អ៊ីស្រាអែល​បាន​និយាយ​ថា​ កងទ័ព​អ៊ីស្រាអែល​«បាន​ឡោមព័ទ្ធ​តំបន់​ហ្កាហ្សា​ខាង​ជើង។ ឥឡូវនេះ​មាន​តំបន់​ហ្កាហ្សា​ខាង​ត្បូង​និង​ហ្កាហ្សា​ខាង​ជើង»។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken កំពុង​ខ្នះខ្នែង​រាំង​ខ្ទប់​វិបត្តិ​នោះ​ដែល​គំរាម​កំហែង​ជុំវិញ​តំបន់​នោះ​កាន់តែ​ធំឡើង។ លោក Blinken បាន​ជួប​ជាមួយ​ប្រធានាធិបតីអាជ្ញាធរ​ប៉ាឡេស្ទីន​លោក Mahmoud Abbas នៅ​ក្នុង​តំបន់ West Bank ដែល​អ៊ីស្រាអែល​ត្រួតត្រា​កាលពី​ថ្ងៃ​អាទិត្យ។

លោក​ក៏​បាន​ធ្វើ​ដំណើរ​បំពេញ​ទស្សនកិច្ច​មិន​ប្រាប់​ឱ្យ​ដឹង​ជាមុន​ទៅ​កាន់​រដ្ឋធានី​បាដាដ​នៃ​ប្រទេស​អ៊ីរ៉ាក់​ជា​ទីកន្លែង​ដែល​លោក​បាន​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់​លោក Shia al-Sudani។ ពួក​អស់​លោក​បាន​ពិភាក្សា​ពី​ជម្លោះ​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​និង​ពី​ការចាំបាច់​ដើម្បី​រារាំង​សង្គ្រាម​នោះ​កុំ​ឱ្យ​រាលដាល​ រួម​ទាំង​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ផង។

រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Antony Blinken ត្រូវបាន​ស្វាគមន៍​ដោយរដ្ឋមន្ត្រី​ការបរទេស​តួកគី លោក Hakan Fidan មុន​ពេលកិច្ចប្រជុំ​របស់ពួកគេ​នៅក្រសួង​ការបរទេស​ក្នុង​ទីក្រុង​អង់ការ៉ា នៅ​ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Antony Blinken ត្រូវបាន​ស្វាគមន៍​ដោយរដ្ឋមន្ត្រី​ការបរទេស​តួកគី លោក Hakan Fidan មុន​ពេលកិច្ចប្រជុំ​របស់ពួកគេ​នៅក្រសួង​ការបរទេស​ក្នុង​ទីក្រុង​អង់ការ៉ា នៅ​ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

នៅ​ថ្ងៃ​ចន្ទ​នេះ លោក Blinken ​នឹង​ចរចា​ជាមួយ​ពួក​មន្ត្រី​តួកគី​នៅ​ក្នុង​រដ្ឋធានី​អង់ការ៉ា​ស្តីពី​ស្ថានភាព​នៅ​ក្នុង​តំបន់​ហ្កាហ្សា។

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​និយាយ​ជាមួយ​ពួក​អ្នក​បើកបរ​យន្តហោះ​នៅឯមូលដ្ឋាន Ramon Air Force ក្នុង​ប្រទេស​អ៊ីស្រាអែល​ភាគ​ខាង​ត្បូង​កាលពី​ថ្ងៃ​អាទិត្យ​ដោយ​បាន​បញ្ជាក់​ឡើង​វិញ​ថា «នឹង​មិន​មាន​ការឈប់​បាញ់​គ្នា​ដោយ​គ្មាន​ការដោះលែង​ចំណាប់​ខ្មាំង​នោះ​ទេ»៕

អ្នក​ស្រី Nike Ching ប្រធាន​ការិយាល័យ​វីអូអេ​ប្រចាំ​នៅ​ក្រសួង​ការបរទេស​និង​លោក Jeff Seldin អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​សន្តិសុខ​ជាតិ​បាន​ផ្តល់​សេចក្តី​រាយការណ៍​នេះ។ ព័ត៌មាន​ខ្លះ​នៃ​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, Reuters និង AFP។

XS
SM
MD
LG