ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប ​អនុម័ត​កតិកាសញ្ញា​ថ្មី​ដើម្បី​កសាង «អនាគត​កាន់តែ​ត្រចះត្រចង់» សម្រាប់​មនុស្សជាតិ


ផ្ទាំងគំនូរសម្រាប់ព្រឹត្តិការណ៍ Street Art for Mankind នៅខាងក្រៅទីស្នាក់ការអង្គការសហប្រជាជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤។
ផ្ទាំងគំនូរសម្រាប់ព្រឹត្តិការណ៍ Street Art for Mankind នៅខាងក្រៅទីស្នាក់ការអង្គការសហប្រជាជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤។

កាលពី​ថ្ងៃ​អាទិត្យ អង្គការ​សហប្រជាជាតិ​បាន​អនុម័ត «កតិកា​សញ្ញា​ដើម្បី​អនាគត» ដែល​មាន​គោល​បំណង​ដោះស្រាយ​បញ្ហា​ប្រឈម​រីក​សាយភាយ​នានា​ក្នុង​សតវត្សរ៍​ទី ២១ រាប់​ចាប់ពី​ជម្លោះ​រហូត​ដល់​ការ​ប្រែប្រួល​អាកាសធាតុ​និង​សិទ្ធិមនុស្ស ទោះបីជា​មាន​ការ​ជំទាស់​នៅ​នាទី​ចុងក្រោយ​ពី​ប្រទេស​មួយ​ក្រុម​ដែល​ដឹកនាំ​ដោយ​រុស្ស៊ី​ក៏ដោយ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres ដែល​បាន​រៀបចំ «កិច្ចប្រជុំ​កំពូល​នៃ​អនាគត» បាន​ហៅ​កតិកាសញ្ញា​នេះ​ថា​ជា «ឱកាស​តែម្តង​គត់​ក្នុង​មួយ​ជំនាន់» ដើម្បី​កែប្រែ​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ​តាមរយៈ​ការ​ធ្វើឱ្យ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ដំណើរការ​ឡើងវិញ។

ប្រមុខ​រដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល​រាប់​សិប​នាក់​បាន​មក​ជួបជុំ​គ្នា​ដើម្បី​ចុះ​ហត្ថលេខា​លើ​កតិកាសញ្ញា​នេះ ដែល​ជា​ការ​បើក​កិច្ចប្រជុំ​កម្រិត​ខ្ពស់​ប្រចាំ​ឆ្នាំ​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​អង្គារ​នេះ។

ក្នុង​កំណែ​ដែល​ត្រូវ​បាន​អនុម័ត​រួច មេដឹកនាំ​នានា​បាន​សន្យា​ពង្រឹង​ប្រព័ន្ធ​ពហុភាគី​ដើម្បី «តាម​ឱ្យ​ទាន់​ពិភពលោក​ដែល​កំពុង​ប្រែប្រួល» និង​ដើម្បី «ការពារ​តម្រូវការ​និង​ផលប្រយោជន៍​របស់​មនុស្ស​ជំនាន់​បច្ចុប្បន្ន​និង​អនាគត» ដែល​កំពុង​ប្រឈម​នឹង «វិបត្តិ​មិន​ចេះចប់»។

ឯកសារ​កតិកាសញ្ញា​នេះ​សរសេរ​ថា៖ «យើង​ជឿ​ថា​មាន​មាគ៌ា​មួយ​ឆ្ពោះ​ទៅ​រក​អនាគត​កាន់តែ​ត្រចះត្រចង់​សម្រាប់​មនុស្សជាតិ​ទាំងអស់»៕

XS
SM
MD
LG