លោកប្រធានាធិបតី Petro Poroshenko នៃប្រទេសអ៊ុយក្រែនបានថ្កោលទោសការសម្លាប់លោក Boris Nemtsov មេដឹកនាំក្រុមប្រឆាំងរុស្សីដែលបានត្រូវធ្វើឃាតនៅក្រុងមូស្គូកាលពីថ្ងៃសុក្រ បន្ទាប់ពីលោកបានស្នើដល់ប្រជាជនឲ្យធ្វើការតវ៉ាប្រឆាំងនឹងលោកប្រធានាធិបតីរុស្សី Vladimir Putin អំពីសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។
នៅថ្ងៃសៅរ៍នេះលោក Poroshenko បានហៅលោក Nemtsov ថាជា «ស្ពាន» មួយរវាងប្រទេសអ៊ុយក្រែន និងប្រទេសរុស្សី។
តែប៉ុន្មានម៉ោងនៅមុនពេលលោកបានត្រូវបាញ់សម្លាប់ លោក Nemtsov បានមានប្រសាសន៍តាមវិទ្យុ Ekho Moskvy នៃប្រទេសរុស្សី ដោយលោកបានស្នើដល់ប្រជាជនក្រុងមូស្គូឲ្យចូលរួមក្នុងការប្រជុំមហាជនរបស់ក្រុមប្រឆាំងនៅថ្ងៃអាទិត្យប្រឆាំងនឹងលោក Putin។
លោកប្រធានាធិបតីបារាំង Francois Hollande ក៏បានសម្តែងកំហឹងផងដែរដល់ការសម្លាប់លោក Nemtsov។លោកបានហៅការបាញ់សម្លាប់នេះថាជា«ឃាតកម្មមួយគួរឲ្យស្អប់ខ្ពើម» ហើយលោកបានពណ៌នាលោក Nemtsov ថាជា«អ្នកការពារលទ្ធិ ប្រជាធិបតេយ្យម្នាក់»។
លោក Nemtsov ដែលជាអ្នករិះគន់ខ្លាំងម្នាក់ទៅលើលោក Putin និងជាអតីតឧបនាយករដ្ឋមន្ត្រីម្នាក់ផងដែរ បានត្រូវបាញ់ស្លាប់កាលពីយប់ថ្ងៃសុក្រនៅកណ្តាលក្រុងមូស្គូ។ក្រសួងមហាផ្ទៃនៃប្រទេសរុស្សីបាននិយាយថា លោក Nemtsov បានត្រូវបាញ់បួនគ្រាប់ពីទ្បានមួយគ្រឿងកំពុងបើកនៅពេលលោកដើរឆ្លងស្ពានកាត់ទន្លេមួយក្នុងក្រុងមូស្គូនៅជិតវិមានក្រឹមទ្បាំង។
អ្នកនាំពាក្យម្នាក់របស់លោក Putin បាននិយាយថាការធ្វើឃាតនេះមានសញ្ញាសម្គាល់ថាជា ការធ្វើឃាតដោយមានកុងត្រា ហើយបានព៌ណនាការសម្លាប់នេះថាជា «ការបង្ករឿង»មួយ។លោកបានថ្លែងថាអាជ្ញាធរវិមានក្រឹមទ្បាំងនឹងមើលការខុសត្រូវលើការស៊ើបអង្កេតនេះ៕