ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​​អ៊ុយក្រែន​​៖ អាវុធ​ធុន​ធ្ងន់​នឹង​ត្រឡប់​ទៅ​បន្ទាត់​ជួរ​មុខ​វិញ​បើ​មាន​ការ​រំលោភ​បទ​ឈប់​បាញ់​គ្នា


ក្បូន​កងកម្លាំង​ប្រដាប់​អាវុធ​អ៊ុយក្រែន​ ត្រៀម​នឹង​ផ្លាស់​ទី​ ស្របពេល​ពួកគេ​ដក​ថយ​ពី​តំបន់​ Debaltseve ភាគ​ខាង​កើត​អ៊ុយក្រែន​។ ប្រធានាធិបតី​​អ៊ុយក្រែន​​និយាយ​ថា​ អាវុធ​ធុន​ធ្ងន់​នឹង​ត្រឡប់​ទៅ​បន្ទាត់​ជួរ​មុខ​វិញ​បើ​មាន​ការ​រំលោភ​បទ​ឈប់​បាញ់​គ្នា។
ក្បូន​កងកម្លាំង​ប្រដាប់​អាវុធ​អ៊ុយក្រែន​ ត្រៀម​នឹង​ផ្លាស់​ទី​ ស្របពេល​ពួកគេ​ដក​ថយ​ពី​តំបន់​ Debaltseve ភាគ​ខាង​កើត​អ៊ុយក្រែន​។ ប្រធានាធិបតី​​អ៊ុយក្រែន​​និយាយ​ថា​ អាវុធ​ធុន​ធ្ងន់​នឹង​ត្រឡប់​ទៅ​បន្ទាត់​ជួរ​មុខ​វិញ​បើ​មាន​ការ​រំលោភ​បទ​ឈប់​បាញ់​គ្នា។

ប្រធានាធិបតី​ប្រទេស​ អ៊ុយក្រែន​ លោក​ Petro​ Poroshenko​ ថ្លែង​ថា​ កង​យោធា​របស់​លោក​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ហើយ​ ដើម្បី​នាំ​យក​អាវុធ​ធុន​ធ្ងន់​ត្រឡប់​ទៅ​បន្ទាត់​ជួរ​មុខ​វិញ​ក្នុង​ប្រទេស​ អ៊ុយក្រែន​ភាគ​ខាង​កើត​ ដោយ​បន្ត​ថា​ក្រុម​ឧទ្ទាម​ដែល​រុស្ស៊ី​គាំទ្រ​នៅ​តែ​រំលោភ​បទ​ឈប់​បាញ់​គ្នា​ដែល​បាន​សម្រេច​នៅ​ដើម​ខែ​នេះ។​

លោក​ Poroshenko​ បាន​ថ្លែង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ កង​យោធា​ អ៊ុយក្រែន​ «បាន​ត្រៀម​ខ្លួន​គ្រប់​ពេល​ដើម្បី​តទល់​នឹង​ពួក​សត្រូវ»។​

លោក​ថ្លែង​ទៀត​ថា​ ការ​គម្រាមម​ផ្នែក​យោធា​មួយ​ពី​ទិស​ខាង​កើត​នៅ​មាន​ជា​និច្ច​ ទោះ​ជា​បទ​ឈប់​បាញ់​គ្នា​បាន​ចូល​ជា​ធរមាន​ក៏​ដោយ​ ដែល​ហាក់​ដូច​ជា​ការ​ថ្លែង​សំដៅ​ទៅ​រក​ប្រទេស​ រុស្ស៊ី។​

នៅ​ពេល​ជា​មួយ​គ្នា​នោះ​ អ្នក​នាំពាក្យ​យោធា​ អ៊ុយក្រែន​ ម្នាក់​ថ្លែង​ថា​ ទាហាន​រដ្ឋាភិបាល​ ៣​ នាក់​បាន​ស្លាប់​ និង​ ៧​ នាក់​ទៀត​ត្រូវ​របួស​ក្នុង​រយៈពេល​មួយ​ថ្ងៃ​នេះ​ បន្ទាប់​ពី​មានរយៈ​ពេល​ ២​ ថ្ងៃ​ដែល​គ្មាន​ទាហាន​ណា​ម្នាក់​ ត្រូវ​ស្លាប់។​

លោក​រដ្ឋមន្រ្តី​ការ​បរទេស​រុស្ស៊ី​ Sergei​ Lavrov​ បាន​ថ្លែង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​មាន​ការ​ជឿនលឿន​នៅ​ក្នុង​ការ​ដក​គ្រឿង​អាវុធ​ធុន​ធ្ងន់​ចេញ​ពី​ប្រទេស​ អ៊ុយក្រែន​ភាគ​ខាង​កើត​ ដោយ​លោក​បាន​បញ្ជាក់​អំពី​សារៈសំខាន់​ក្នុង​ការ​គោរព​តាម​មាត្រា​ដទៃ​ទៀត​នៃ​បទ​ឈប់​បាញ់​គ្នា​ រួម​មាន​បញ្ហា​មនុស្សធម៌​សំខាន់ៗ​ និង​ការ​កែ​ទម្រង់​រដ្ឋធម្មនុញ្ញ​ នៅ​ក្នុង​តំបន់​ Donbas​ នៃ​ប្រទេស​ អ៊ុយក្រែន​ ភាគ​ខាង​កើត​នោះ​ផង។​

ក្នុង​ព្រឹត្តិការណ៍​ដទៃ​ទៀត​ នៅ​ថ្ងៃ​សុក្រ​នេះ​ មន្រ្តី​ប្រទេស​ អេស្ប៉ាញ​ បាន​និយាយ​ថា​ កង​នគរបាល​បាន​ចាប់​ខ្លួន​ជនជាតិ​ អេស្ប៉ាញ​ ៨​ នាក់​ដែល​គេ​សង្ស័យ​ថា​បាន​ធ្វើ​ការ​វាយ​ប្រយុទ្ធ​ឲ្យ​ក្រុមឧទ្ទាម​គាំទ្រ​ រុស្ស៊ី​ នៅ​ក្នុង​ប្រទេស​ អ៊ុយក្រែន​ភាគ​ខាង​កើត៕

XS
SM
MD
LG