យន្តហោះពាណិជ្ជកម្មអ៊ុយក្រែនមួយគ្រឿងបានធ្លាក់ភ្លាមៗ បន្ទាប់ពីហោះចេញពីអាកាសយានដ្ឋានមួយនៅរដ្ឋធានីតេរ៉ង់ប្រទេសអ៊ីរ៉ង់នៅថ្ងៃពុធនេះ ដោយបានសម្លាប់មនុស្សទាំងអស់នៅលើយន្ដហោះនោះ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា យន្ដហោះនេះបានដឹកអ្នកដំណើរនិងអ្នកបម្រើនិងអាកាសយានិក១៧៦នាក់។ ប្រព័ន្ធផ្សព្វផ្សាយនេះបានដកស្រង់សម្តីមន្ត្រីសង្គ្រោះបន្ទាន់និងប្រធានអង្គការអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ដែលនិយាយថា៖ «គ្មានអ្នកនៅរស់ទេ»។
អាជ្ញាធរកំពុងស៊ើបអង្កេតរកមូលហេតុដែលបណ្តាលឱ្យយន្តហោះនេះធ្លាក់។ របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ងបាននិយាយថា គេសង្ស័យការធ្លាក់នេះអាចបណ្តាលមកពីបញ្ហាមេកានិចប៉ុន្តែមិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយនៅឡើយទេ។ ក្រុមហ៊ុនផលិតយន្ដហោះ Boeing បាននិយាយថា ខ្លួនដឹងអំពីរបាយការណ៍នៃការធ្លាក់យន្តហោះនេះហើយ ហើយកំពុងប្រមូលព័ត៌មានបន្ថែម។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានបញ្ជាក់ថា មិនមានអ្នកនៅរស់ទេ។យន្តហោះនេះធ្វើដំណើរទៅក្រុង Kyiv ។ នាយករដ្ឋមន្ត្រីអ៊ុយក្រែនបាននិយាយថា មានដឹកអ្នកដំណើរ១៦៧នាក់និងអ្នកបម្រើនិងអាកាសយានិកចំនួន៩នាក់។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Vadym Prystaiko បាននិយាយថា អ្នកស្លាប់រួមមានជនជាតិអ៊ីរ៉ង់៨២នាក់ ជនជាតិកាណាដា៦៣នាក់ ជនជាតិអ៊ុយក្រែន១១នាក់ជនជាតិស៊ុយអែត១០ ជនជាតិអាហ្វហ្គានីស្ថាន៤នាក់ អាល្លឺម៉ង់៣នាក់និងអង់គ្លេស៣នាក់៕