យន្តហោះកាហ្សាក់ស្ថានមួយគ្រឿងដែលមានមនុស្សជិះជាង៩០នាក់ បានធ្លាក់ក្រោយពីទើបបានហោះហើរ កាលពីព្រឹកថ្ងៃសុក្រនេះ នាំឲ្យមនុស្សយ៉ាងតិច១២នាក់ស្លាប់ និង ធ្វើឲ្យមនុស្សជាងម្ភៃនាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ នេះបើតាមការឲ្យដឹងពីសំណាក់អាជ្ញាធរ។
គណៈកម្មាធិការត្រួតពិនិត្យយន្តហោះស៊ីវិលនៃប្រទេសកាហ្សាក់ស្ថាន បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ Bek Air បានបុកជញ្ជាំងស៊ីម៉ង់ត៍មួយ និង អាគារកម្ពស់២ជាន់មួយខ្នង ក្រោយពីបានហោះចេញពីអាកាសយានដ្ឋាន Almaty។
ដើមដំបូង អាជ្ញាធរស្រុកបាននិយាយថា មានអ្នកស្លាប់១៥នាក់ ប៉ុន្តែក្រោយមកក្រសួងមហាផ្ទៃនៃប្រទេសអាស៊ីកណ្តាលនេះ បានបន្ថយចំនួនអ្នកស្លាប់វិញ ដោយមិនបានផ្តល់មូលហេតុអ្វីឡើយ៕