យោធាអ៊ុយក្រែនបានប្រើប្រាស់ដ្រូនដើម្បីវាយប្រហាររោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីកាលពីថ្ងៃពុធ ដោយបានធ្វើឱ្យខូចខាតទីតាំងមួយនៅក្នុងតំបន់ Ryazan ។
លោក Pavel Malkov អភិបាលតំបន់ Ryazan បាននិយាយថា ការវាយប្រហារនៅរោងចក្រចម្រាញ់ប្រេងមួយនៅទីនោះបណ្តាលឱ្យមានអគ្គិភ័យនិងមនុស្សមួយចំនួនរងរបួស។ នេះបើយោងតាមរបាយការណ៍បឋម។
មន្ត្រីនៅក្នុងតំបន់ Leningrad បាននិយាយថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះដ្រូនរបស់អ៊ុយក្រែនមួយគ្រឿង នៅពេលដែលវាចូលទៅជិតរោងចក្រចម្រាញ់ប្រេង ហើយថាគ្មានការខូចខាតអ្វីឡើយ។
ការវាយប្រហារនេះជាផ្នែកមួយនៃការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែនចូលក្នុងទឹកដីរុស្ស៊ី ក្នុងរយៈពេល២ថ្ងៃជាប់ៗគ្នា។
លោក Alexander Gusev អភិបាលតំបន់ Voronezh ដែលនៅជាប់ព្រំដែនអ៊ុយក្រែនបាននិយាយនៅថ្ងៃពុធថា ប្រព័ន្ធការពារដែនអាកាសបានបាញ់ទម្លាក់យន្តហោះដ្រូនរបស់អ៊ុយក្រែនជាង៣០ គ្រឿងកាលពីយប់មិញ។
កាលពីថ្ងៃអង្គារ យន្តហោះដ្រូនរបស់អ៊ុយក្រែនបានបំផ្លាញទីតាំងប្រេងរបស់រុស្ស៊ីចំនួនពីរកន្លែង។
មន្ត្រីអ៊ុយក្រែនបាននិយាយថា កាំជ្រួចមីស៊ីលរបស់រុស្ស៊ីបានវាយប្រហារអគារលំនៅឋានមួយនៅទីក្រុង Kryvyi Rih កាលពីថ្ងៃអង្គារ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣ នាក់ និងធ្វើឱ្យមនុស្សរបួសយ៉ាងហោចណាស់ ៣៨ នាក់។
លោក Oleksandr Vilkul ប្រធានរដ្ឋបាលយោធារបស់ទីក្រុង Kryvyi Rih បាននិយាយថា ការវាយប្រហារលើអគារនេះធ្វើឡើងដោយកាំជ្រួចមីស៊ីលមួយក្នុងចំណោមមីស៊ីលចំនួនបី ដែលបានវាយប្រហារលើទីក្រុង ដែលជាស្រុកកំណើតរបស់លោកប្រធានាធិបតី Volodymyr Zelenskyy និងជាគោលដៅនៃការវាយប្រហាររបស់រុស្ស៊ីជាញឹកញាប់។
លោក Zelenskyy បានសម្តែងការរំលែកទុក្ខនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងបានអរគុណអ្នកជួយសង្គ្រោះដែលបានផ្តល់ជំនួយ៕
ព័ត៌មានខ្លះសម្រាប់សេចក្តីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន Agence France-Presse និង Reuters។
វេទិកាបញ្ចេញមតិ