មន្ត្រីរុស្ស៊ីរាយការណ៍ពីការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែននៅថ្ងៃអង្គារនេះ ដោយសំដៅទៅលើរដ្ឋធានីមូស្គូនិងតំបន់មួយចំនួននៅភាគខាងលិចរុស្ស៊ី។
លោកAndrey Klychov អភិបាលតំបន់ Oryol របស់រុស្ស៊ីនិយាយថា ដ្រូនមួយគ្រឿងបានចំឃ្លាំងប្រេងឥន្ធនៈមួយកន្លែង ដោយបណ្តាលឱ្យមានភ្លើងឆេះ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ។
អភិបាលតំបន់រូបនេះនិយាយទៀតថា ដ្រូនមួយគ្រឿងទៀតរបស់អ៊ុយក្រែន ក៏បានវាយប្រហារផងដែរ ទៅលើតំបន់ Belgorod របស់រុស្ស៊ី ដែលនៅជាប់នឹងព្រំដែនអ៊ុយក្រែន ដោយផ្តាច់ចរន្តអគ្គិសនីប្រើប្រាស់របស់ប្រជាជនមួយចំនួននៅទីនោះ។
ដោយឡែកអភិបាលក្រុងមូស្គូ លោក Sergei Sobyanin និយាយថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនមួយគ្រឿង ដែលកំពុងហោះសំដៅមករដ្ឋធានីមូស្គូ។ លោករាយការណ៍ថា មិនមានមនុស្សគ្រោះថ្នាក់ឬការខូចខាតអ្វីឡើយពីការកម្ទេចដ្រូនដែលត្រូវបានបាញ់ទម្លាក់នោះ។
ទន្ទឹមនឹងនេះ ក្រុមមន្ត្រីរុស្ស៊ីនៅក្នុងតំបន់ Tula និងតំបន់ Kursk ក៏បានរាយការណ៍ផងដែរ ពីការបាញ់បំផ្លាញដ្រូនអ៊ុយក្រែនជាច្រើនគ្រឿងនៅលើតំបន់ទាំងនោះនៅថ្ងៃអង្គារនេះ។
នៅក្នុងប្រទេសអ៊ុយក្រែនឯណោះវិញ ក្រុមអាជ្ញាធរបានប្រកាសសញ្ញាព្រមានតាមអាកាសជាច្រើនដង នៅក្នុងតំបន់មួយចំនួនកាលពីយប់មិញ៕
ផ្នែកខ្លះនៃរបាយការណ៍នេះត្រូវបានផ្តល់ឱ្យដោយទីភ្នាក់ងារសារព័ត៌មានAgence France-Presse និងទីភ្នាក់ងារសារព័ត៌មាន Reuters។