ចាប់តាំងពីការចាប់ផ្តើមការឈ្លានពានរបស់រុស្ស៊ីមក ប្រព័ន្ធសុខាភិបាលអ៊ុយក្រែនបានស្ថិតនៅក្រោមសម្ពាធដ៏ខ្លាំងក្លា ដោយក្នុងមន្ទីរពេទ្យមានអ្នកជំងឺរងរបួសក្នុងសមរភូមិរាប់ពាន់ នាក់។ វេជ្ជបណ្ឌិតម្នាក់ក្នុងទីក្រុង New York សហរដ្ឋអាមេរិក ដែលមានដើមកំណើតអ៊ុយក្រែនបានបង្កើនការជួយដល់មិត្តរួមអាជីពរបស់លោកនៅក្នុងប្រទេសអ៊ុយក្រែន ដែលលោកចាត់ទុកថាក៏ជាផ្ទះរបស់លោកដែរ។
រូបភាពនៃសង្គ្រាមហែកហួរក្នុងប្រទេសអ៊ុយក្រែនជារឿងដ៏គួរន្ធត់សម្រាប់វេជ្ជបណ្ឌិត Alex Moroz ដែលកើតក្នុងទីក្រុង Odesa ហើយពេលនេះលោកជានាយកនៃកម្មវិធី Physical Residency នៃមន្ទីរ ពេទ្យLangoneនៃសាកលវិទ្យាល័យNew York សហរដ្ឋអាមេរិក។ លោកនិយាយដូចនេះថា៖«ខ្ញុំ ធំដឹងក្តីនៅទីនោះ ហើយក៏បានមករស់នៅក្នុងសហរដ្ឋអាមេរិក និងទទួលបានការបណ្តុះបណ្តាល និងរស់នៅទីនេះហើយក្លាយជាពលរដ្ឋអាមេរិកាំង។ ខ្ញុំមិនដែលសូវមានពេលចាកចេញពីទីនេះទេ»។
ក្នុងឆ្នាំ២០២៣ លោកចាប់ផ្តើមកម្មវិធីពិនិត្យព្យាបាលសរីរាង្គនៅមន្ទីរពេទ្យNYU Langoneក្រោយពីដឹងថាប្រព័ន្ធថែទាំសុខភាពអ៊ុយក្រែន កំពុងមានភាពមមាញឹកយ៉ាងខ្លាំង។ វេជ្ជបណ្ឌិតអ៊ុយក្រែនត្រូវការបណ្តុះបណ្តាលបន្ថែមទៀត ដើម្បីព្យាបាលដល់អ្នកជំងឺដែលមានរបួសក្នុងសមរភូមិ។ កម្មវិធីបណ្តុះបណ្តាលរបស់លោកនៅពេលនេះបានជាការផ្តល់ការចូលរួមចំណែកមួយ។ លោកAlex Moroz ថ្លែងដូចនេះទៀតថា៖«ការបណ្តុះបណ្តាលពីរសប្តាហ៍នេះផ្តោតលើការបាត់បង់អវយវៈ សិរី រាង្គ និងការស្តារកាយសម្បទាឡើងវិញ និងការថែទាំងលើការប្រេះស្រាំឆ្អឹងដែលពិបាកៗ ព្រោះការ រងបួសពីការផ្ទុះក្នុងសម័យអាវុធទំនើបដែលគេបានព្យាបាល ភាគច្រើនបាត់បង់អវយវៈ។
កម្មវិធីនេះទទួលបានការជួយឧត្ថម្ភពីអង្គការមិនរកកម្រៃអាមេរិកាំង។ គោលបំណងគឺដើម្បីបញ្ជូនក្រុមគ្រូពេទ្យអ៊ុយក្រែនមកកាន់ទីក្រុង New York សហរដ្ឋអាមេរិកដើម្បីបង្រៀនពួកគេពីជំនាញ ដែលគេអាចយកទៅអនុវត្តនៅក្នុងប្រទេសអ៊ុយក្រែនបាន។
វេជ្ជបណ្ឌិតអ៊ុយក្រែនអ្នកស្រី Valentina Savich ជាអ្នកចូលរួមម្នាក់ក្នុងចំណោម៣នាក់ក្នុងវគ្គបណ្តុះ បណ្តាលនេះ។ ក្រុមគ្រូពេទ្យទាំងអស់រៀនសូត្រពីការងារពាក់ព័ន្ធនឹងសិរីរាង្គ ដែលជាការចាំបាច់មួយកំពុងត្រូវការក្នុងប្រទេសអ៊ុយក្រែន។ អ្នកស្រីវេជ្ជបណ្ឌិត Valentina Savich និយាយដូចនេះថា៖«ខ្ញុំមិនធ្លាប់បានឃើញពីរបួសបាក់ប្រេះស្រាំឆ្អឹងជាច្រើន និងការរងបួសផ្សេងក្នុងពេលកន្លងទៅ។ ខ្ញុំចង់ទទួលបានបទពិសោធន៍ជុំវិញរឿងនេះ និងយល់ពីរបៀបព្យាបាលវា»។
អ្នកស្រីSavich និយាយថា កម្មវិធីនេះបានធ្វើឱ្យអ្នកស្រីយល់កាន់ច្រើនពីវិធីថ្មីៗក្នុងការព្យាបាលទាហាននិងអ្នកជំងឺផ្សេងៗ ដែលទទួលរងគ្រោះដោយការឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។
ក្នុងអំឡុងពេលនៃវគ្គបណ្តុះបណ្តាលរយៈពេល២សប្តាហ៍នេះ ក្រុមគ្រូពេទ្យជំនាញមិនត្រឹមតែរៀន សូត្រពីបច្ចេកវិទ្យាថ្មីៗចុងក្រោយបំផុត ដែលពាក់ព័ន្ធនឹងសិរីរាង្គមនុស្សប៉ុណ្ណោះទេ ប៉ុន្តែក៏ទទួលបានការបណ្តុះបណ្តាលក្នុងការជួយដល់អ្នករងរបួសដែលប្រឈមនឹងការបាក់ស្បាតខាងផ្លូវចិត្តដោយសារសង្គ្រាមដែលកំពុងកើតឡើងនេះផងដែរ។ លោកស្រីថ្លែងដូចនេះទៀតថា៖«នេះជាបទពិសោធន៍ល្អមួយសម្រាប់ខ្ញុំ ពីព្រោះខ្ញុំធ្វើការជាមួយអ្នកជំងឺជាជនពិការក្នុងអំឡុងពេលសង្គ្រាម។ ខ្ញុំមិនបានសិក្សាជំនាញនេះនៅសាកលវិទ្យាល័យទេ។ ដូចនេះហើយបានជាខ្ញុំព្យាយាមស្វែងរកប្រភពព័ត៌មាននានា ដើម្បីលើកកម្ពស់ជំនាញការងារខ្ញុំ និងបង្កើនចំណេះដឹងបន្ថែមទៀត»។
អ្នកស្រី Savich និងលោក Moroz ជឿថាកម្មវិធីនេះជាវិធីមួយក្នុងការជួយកសាងមាតុភូមិជាទីស្រ ឡាញ់របស់គេឡើងវិញ។ អ្នកស្រី Savich បន្ថែមដូចនេះទៀតថា៖ «ខ្ញុំមិនអាចប្រាប់អស់ពីអារម្មណ៍របស់ខ្ញុំទេ។ ខ្ញុំមានភាពកក់ក្តៅនៅទីនេះ ព្រោះដូចអ្នកឃើញហើយ មនុស្សមួយចំនួនកំពុងព្យាយាមអភិវឌ្ឍន៍ខ្លួនគេ ឱ្យកា្លយទៅជាអ្នកជំនាញ ហើយសហគមន៍នៅទីនេះល្អមិនគួឱ្យជឿ»។
បើទោះបីជារស់នៅផ្នែកម្ខាងទៀតនៃមហាសមុទ្រអាត្លង់ទិកក្តី ក៏វេជ្ជបណ្ឌិតទាំងពីររូបនេះជឿថា អ៊ុយក្រែននឹងឆ្ពោះទៅអនាគតដ៏ល្អមួយ៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ