ប្រទេសអ៊ុយក្រែនរំពឹងថានឹងមានទំនាក់ទំនងកម្រិតខ្ពស់ជាមួយនឹងរដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាមេរិកភ្លាមៗបន្ទាប់ពីលោក Donald Trump ស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកនៅថ្ងៃទី ២០ ខែមករាខាងមុខ ដែលក្នុងនោះរួមទាំងជំនួបនៅទីបំផុតរវាងលោក Trump និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ផងដែរ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលយោងលើការបញ្ជាក់របស់រដ្ឋាភិបាលអ៊ុយក្រែនកាលពីថ្ងៃសុក្រ។
អ៊ុយក្រែនមើលឃើញទំនាក់ទំនងជិតស្និទ្ធដែលកំពុងបណ្ដុះឡើងជាមួយនឹងលោក Trump ថាជាគោលដៅដ៏ខ្ពស់បំផុត និងបានដាក់សំណើមួយចំនួនទៅកាន់លោក Trump ដោយសារលោក Trump ធ្លាប់បានសន្យាថានឹងបញ្ចប់ឱ្យបានឆាប់នូវសង្គ្រាមជិត ៣ ឆ្នាំកន្លងមករបស់រុស្ស៊ីជាមួយនឹងអ៊ុយក្រែន។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែនលោក Heorhii Tykhyi បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទកាសែតមួយក្នុងទីក្រុងកៀវថា៖ «យើងកំពុងរង់ចាំជំនួបរវាងលោក Zelenskyy ជាមួយនឹងលោក Trump ដោយសារតែសម្រាប់យើង រឿងសំខាន់បំផុតគឺការធ្វើការជាមួយនឹងសហរដ្ឋអាមេរិក។...យើងត្រៀមលក្ខណៈសម្រាប់ទំនាក់ទំនងកម្រិតខ្ពស់បំផុតនិងកម្រិតខ្ពស់ភ្លាមៗបន្ទាប់ពីលោក Trump ស្បថចូលកាន់តំណែង»។
កន្លងមក លោក Trump បានបង្ហាញឆន្ទៈក្នុងការជួបជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថាជាជំហានមួយឆ្ពោះទៅកាន់ការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។
អ៊ុយក្រែនធ្លាប់បានប្រឆាំងនឹងទំនាក់ទំនងរបស់មេដឹកនាំបស្ចិមប្រទេសនានាជាមួយនឹងលោក Putin ដោយថាទំនាក់ទំនងដូចនេះផ្ដល់ភាពស្របច្បាប់ដល់អ្នកដែលគេទាត់ចោលនិងធ្វើឱ្យមេដឹកនាំរុស្ស៊ីលែងសូវឯកោ។ ប៉ុន្តែ អ៊ុយក្រែនមិនបាននិយាយជំទាស់ទៅនឹងក្ដីរំពឹងនៃជំនួបណាមួយរវាងលោក Trump និងលោក Putin នោះទេ៕
អ៊ុយក្រែនរំពឹងថានឹងមានជំនួបជាមួយលោក Trump ក្រោយពេលលោក Trump ស្បថចូលកាន់តំណែងភ្លាមៗ
- Reuters
វេទិកាបញ្ចេញមតិ