ការរិះគន់កាន់តែខ្លាំងឡើង បានកើតឡើងនៅទីក្រុងកៀវ ប្រទេសអ៊ុយក្រែន ដោយសារការដោះដូរអ្នកទោសដ៏ចម្រូងចម្រាសមួយជាមួយក្រុមផ្ដាច់ខ្លួនដែលមានប្រទេសរុស្ស៊ីនៅពីក្រោយ។
ក្នុងចំណោមចំណាប់ខ្លាំងដែលត្រូវបានដោះដូរគ្នាដោយប្រទេសអ៊ុយក្រែននោះ គឺមានប៉ូលិសប្រឆាំងកុបកម្ម៥នាក់ ដែលត្រូវបានចោទប្រកាន់ពីបទសម្លាប់បាតុករ ដែលបានចូលរួមតវ៉ាក្នុងការបះបោរទៅទីលាន Maidan កាលពីឆ្នាំ២០១៤។
ប៉ូលិសទាំងនោះ គឺជាសមាជិកនៃកងជីវពល Berkut ដែលបច្ចុប្បន្នបានរំសាយបាត់ទៅហើយ។ សាច់ញាតិនៃអ្នកស្លាប់ក្នុងពេលបះបោរនោះ បានជំរុញប្រធានាធិបតីអ៊ុយក្រែនគឺលោក Volodymyr Zelenskiy កុំឱ្យបញ្ចូលប៉ូលិសទាំង៥នាក់ទៅក្នុងការដោះដូរអ្នកទោសនោះ។
ប៉ុន្តែ ក្រោយពីការដោះដូរអ្នកទោសដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យ មេដឹកនាំអ៊ុយក្រែន បានការពារការសម្រេចចិត្តរបស់លោក ដោយនិយាយថាវាមានភាពចាំបាច់សម្រាប់ប្រទេសអ៊ុយក្រែន ក្នុងការធានាថាទាហានឈ្លបយកការណ៍ជាច្រើននាក់ អាចវិលត្រឡប់មកវិញបាន។
ចំណាប់ខ្លាំងសរុប២០០នាក់ ត្រូវបានដោះដូរគ្នារវាងភាគីជម្លោះទាំងពីរ។
លោក Zelenskiy បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅឯប្រលានយន្តហោះអន្តរជាតិBoryspil ក្នុងទីក្រុងកៀវ ពេលដែលលោកបានជួបជាមួយពលរដ្ឋអ៊ុយក្រែនដែលត្រូវបានដោះលែងចំនួន៧៦នាក់ថា៖ «វាជាការសម្រេចចិត្តដ៏ពិបាកមួយ។ វាគឺជាការសម្រេចចិត្តផ្នែកនយោបាយ»៕