ការប្តូរពួកអ្នកទោសដែលគេរង់ចាំយូរមកហើយរវាងប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែនបានកើតមានឡើងហើយ ហើយការណ៍នេះបានបង្កើនសេចក្តីសង្ឃឹមអំពីកិច្ចខិតខំប្រឹងប្រែងជាថ្មីដើម្បីបញ្ឈប់សង្គ្រាមនៅក្នុងផ្នែកខាងកើតនៃប្រទេសអ៊ុយក្រែន រវាងកងកម្លាំងរដ្ឋាភិបាលអ៊ុយក្រែននិងពួកទាមទារបំបែករដ្ឋគាំទ្រដោយរុស្ស៊ី។
កាលពីព្រឹកថ្ងៃសៅរ៍គេបានឃើញឡានក្រុងពីរគ្រឿងចាកចេញពីគុក Lefortovon នៃក្រុងមូស្គូ ហើយយន្តហោះមួយគ្រឿងរបស់ប្រទេសអ៊ុយក្រែនបានចុះចតនៅឯអាកាសយានដ្ឋាន Vnukovo នៅក្នុងរដ្ឋធានីនៃប្រទេសរុស្ស៊ីនៅព្រឹកនោះដែរ។
គេបានរាយការណ៍អំពីចលនាស្រដៀងគ្នានៅក្នុងក្រុងកៀវ ដែរនៅពេលដែលភាគីទាំងពីរនេះបានសម្របសម្រួលការផ្ទេរពួកអ្នកទោស និងការធ្វើដំណើរតាមយន្តហោះមកកាន់ប្រទេសវិញនៃជនរួមជាតិរបស់ពួកគេ៣៥នាក់។
លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានចូលរួមជាមួយគ្រួសារនៃជនជាតិអ៊ុយក្រែនបានត្រូវដោះលែងនៅកន្លែងយន្តហោះចតក្នុងក្រុង កៀវ នៅក្នុងពិធីមួយប្រកបដោយការបង្ហូរទឹកភ្នែក។
លោក Zelensky បាននិយាយទទូចថា ការប្តូរអ្នកទោសនេះជាវិធានការមួយឆ្ពោះទៅកាន់ការបញ្ឈប់សង្គ្រាមដ៏អាក្រក់ក្រៃលែងនេះ ដែលជាការនិយាយយោងដល់សង្គ្រាម៥ឆ្នាំមកហើយរបស់ប្រទេសអ៊ុយក្រែនជាមួយពួកទាមទារបំបែករដ្ឋលម្អៀងទៅខាងរុស្ស៊ីនៅប៉ែកខាងកើតនៃប្រទេសអ៊ុយក្រែនដែលបានបណ្តាលឱ្យមនុស្សប្រមាណ១ម៉ឺន៣ពាន់នាក់ស្លាប់។
ប្រធានាធិបតីរុស្ស៊ី Vladimir Putin ក៏បាននិយាយអំពីគំនិតទាំងនោះដែរនៅពេលលោកថ្លែងអំពីកិច្ចព្រមព្រៀងប្តូរអ្នកទោសកាលពីដើមសប្តាហ៍នេះ៕