យោធាអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃពុធនេះថា រុស្ស៊ីបានប្រើដ្រូន ២០ គ្រឿងនិងមីស៊ីល ៣ គ្រាប់ កាលពីយប់ថ្ងៃអង្គារ វាយប្រហារលើផ្នែកជាច្រើននៅក្នុងប្រទេសអ៊ុយក្រែន។
កងទ័ពជើងអាកាសអ៊ុយក្រែនបានបញ្ជាក់ថា ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនបានបំផ្លាញដ្រូន ១៤ គ្រឿងក្នុងចំណោមនោះ ដោយការស្ទាក់បាញ់បំផ្លាញនោះបានធ្វើឡើងនៅលើតំបន់ Mykolaiv តំបន់ Zaporizhzhia តំបន់ Dnipropetrovsk និងតំបន់ Kharkiv។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអង្គារថា កងទ័ពរុស្ស៊ីបានវាយប្រហារដោយប្រើដ្រូនប្រយុទ្ធ ៦០០ គ្រឿង និងមីស៊ីលជាង ៣៣០ គ្រាប់ លើអ៊ុយក្រែនតាំងពីដើមឆ្នាំនេះមក។
លោក Zelenskyy បានបញ្ជាក់ជាថ្មីអំពីការអំពាវនាវរបស់លោកឱ្យអ៊ុយក្រែនមាន «ប្រព័ន្ធការពារដែនអាកាស» គ្រប់គ្រាន់ដើម្បីការពារប្រទេសរបស់លោក។
បណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបបានសម្រេចអនុម័តលើកិច្ចព្រមព្រៀងបឋមមួយ ដែលនឹងរក្សាការបម្រុងទុកនូវប្រាក់ចំណូលដែលបានមកពីទឹកប្រាក់រាប់រយពាន់លានដុល្លារនៅក្នុងទ្រព្យសកម្មរបស់ធនាគារកណ្ដាលរុស្ស៊ី ដែលត្រូវបានបង្កកដើម្បីជាការសងសឹកចំពោះការធ្វើសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
កិច្ចព្រមព្រៀងបណ្ដោះអាសន្ននេះនៅត្រូវការការអនុម័តជាផ្លូវការ ប៉ុន្តែត្រូវបានគេមើលឃើញថាជាជំហានដំបូងឆ្ពោះទៅរកការប្រើប្រាស់ប្រាក់មួយចំនួននៃទ្រព្យសកម្មរបស់ធនាគារកណ្ដាលរុស្ស៊ីចំនួន ២០០ ពាន់លានអឺរ៉ូដែលស្មើនឹង ២១៦ ពាន់លានដុល្លារអាមេរិក នៅក្នុងសហភាពអឺរ៉ុបដែលត្រូវបានដកការបង្កកចេញ។
ពួកគេចង់ធ្វើឱ្យច្បាស់ថា ប្រាក់មួយចំនួនក្នុងចំណោមនេះនឹងត្រូវប្រើដើម្បីជួយអ៊ុយក្រែនកសាងប្រទេសឡើងវិញពីការបំផ្លិចបំផ្លាញរបស់រុស្ស៊ី។
មន្ត្រីមួយរូបដែលស្នើមិនបញ្ចេញឈ្មោះដោយសារតែកិច្ចព្រមព្រៀងនេះនៅមិនទាន់អនុម័តតាមផ្លូវច្បាប់នៅឡើយ បាននិយាយថា សហភាពអឺរ៉ុប «នឹងអនុញ្ញាតឱ្យមានការចាប់ផ្ដើមប្រមូលចំណូលមិនធម្មតានេះដែលបានមកពីទ្រព្យសម្បត្តិដែលបង្កក [របស់រុស្ស៊ី] ... ដើម្បីជួយដល់ការកសាងប្រទេសអ៊ុយក្រែនឡើងវិញ»។
ប៉ុន្តែ នីតិវិធីដែលនឹងប្រើនៅក្នុងដំណើរការនេះនឹងត្រូវសម្រេចនៅពេលក្រោយ ដោយសារតែបញ្ហានេះនៅជាប់ផុងក្នុងការពិចារណាផ្លូវច្បាប់និងតាមការប្រតិបត្តិជាក់ស្ដែង។
នេះគឺជាភាពបន្ទាន់ ដោយសារតែប្រទេសអ៊ុយក្រែនកំពុងប្រឹងប្រែងយ៉ាងត្រដាបត្រដួសដើម្បីបំពេញតាមតម្រូវការចាំបាច់របស់ខ្លួន ហើយដោយសារតែផែនការផ្ដល់ជំនួយដល់អ៊ុយក្រែនរបស់សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកត្រូវបានរាំងស្ទះដោយសារការពិចារណាផ្នែកនយោបាយ។
បណ្ដាមេដឹកនាំសហភាពអឺរ៉ុបនឹងជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍ខាងមុខអំពីការប្រឆាំងរបស់នាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban ចំពោះកញ្ចប់ជំនួយចំនួន ៥០ ពាន់លានអឺរ៉ូដែលស្មើនឹង ៥៤ ពាន់លានដុល្លារអាមេរិករបស់សហភាពអឺរ៉ុបសម្រាប់ប្រទេសអ៊ុយក្រែន ដោយក្តីសង្ឃឹមថានឹងអាចអនុម័តលើកញ្ចប់ជំនួយនេះ៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។
វេទិកាបញ្ចេញមតិ