ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​ថា​ខ្លួន​បាញ់​ទម្លាក់​ដ្រូន​អ៊ុយក្រែន ១១ គ្រឿង​នៅ​តំបន់ Rostov


រថយន្ត​​ត្រូវ​បាន​បំផ្លាញ​នៅ​ក្បែរ​អគារ​ផ្ទះល្វែង​មួយ ​បន្ទាប់​ពី​ការ​បាញ់​ផ្លោង​ដែល​អាជ្ញាធរ​មូលដ្ឋាន​ហៅ​ថាជា​ការ​វាយ​ប្រហារ​យោធា​អ៊ុយក្រែន​ក្នុង​ដំណើរ​នៃ​ជម្លោះ​រុស្ស៊ី​និង​អ៊ុយក្រែន​នៅ​ក្នុង​ទីក្រុង Belgorod ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៤។
រថយន្ត​​ត្រូវ​បាន​បំផ្លាញ​នៅ​ក្បែរ​អគារ​ផ្ទះល្វែង​មួយ ​បន្ទាប់​ពី​ការ​បាញ់​ផ្លោង​ដែល​អាជ្ញាធរ​មូលដ្ឋាន​ហៅ​ថាជា​ការ​វាយ​ប្រហារ​យោធា​អ៊ុយក្រែន​ក្នុង​ដំណើរ​នៃ​ជម្លោះ​រុស្ស៊ី​និង​អ៊ុយក្រែន​នៅ​ក្នុង​ទីក្រុង Belgorod ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៤។

ប្រទេស​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ខ្លួន​បាន​រារាំង​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​របស់​អ៊ុយក្រែន​នៅ​ក្នុង​តំបន់ Rostov នៅ​ភាគ​និរតី​ប្រទេស ខណៈពេល​ដែល​អគ្គិភ័យ​នៅ​រោងចក្រ​ថាមពល​មួយ​កន្លែង​នៅ​ក្នុង​តំបន់​នោះ​បាន​បង្អាក់សេវា​ផ្គត់ផ្គង់​ថាមពល។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​បញ្ជាក់​ថា ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​រុស្ស៊ី​បាន​បាញ់​ទម្លាក់​ដ្រូន​ទាំង ១១ គ្រឿង​របស់​អ៊ុយក្រែន​ដែល​ពាក់ព័ន្ធ​នៅក្នុង​ការ​វាយ​ប្រហារ​នេះ។

អភិបាល​តំបន់ Rostov លោក Vasily Golubev បាន​បញ្ជាក់​តាម Telegram ថា​មាន​ភ្លើង​ឆេះ​នៅ​រោងចក្រ​ថាមពល Novocherkassk ដោយ​បណ្ដាល​ឱ្យ​ម៉ាស៊ីន​ថាមពល​ពីរ​គ្រឿង​របស់​ខ្លួន​លែងដំណើរការ​បណ្ដោះអាសន្ន។

ក្រុមហ៊ុន​អគ្គិសនី OGK-2 ដែល​ជា​ប្រតិបត្តិករ​រោងចក្រ​នេះ បាន​រាយការណ៍​ថា​មិនមាន​អ្នក​រងគ្រោះ​នៅ​ក្នុង​ឧប្បត្តិហេតុ​នេះ​ទេ និង​បាន​បញ្ជាក់​ថា​គេ​កំពុង​វាយតម្លៃ​ឧបករណ៍​នៅ​ឯ​រោងចក្រ​នោះ​ថា​តើ​មាន​ការ​ខូចខាត​ឬ​ក៏​អត់។

យោធា​អ៊ុយក្រែន​បាន​លើកឡើង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន ៨ គ្រឿង​ក្នុង​ចំណោម ៩ គ្រឿង​ដែល​រុស្ស៊ី​បាន​ប្រើ​នៅក្នុង​ការ​វាយ​ប្រហារ​លើ​អ៊ុយក្រែន​កាលពី​យប់មិញ។

កងទ័ព​ជើង​អាកាស​អ៊ុយក្រែន​បាន​និយាយ​ថា ការ​បាញ់​ទម្លាក់​ដ្រូន​ទាំងនេះ​បាន​ធ្វើ​ឡើង​នៅ​លើ​តំបន់ Mykolaiv និង​តំបន់ Odesa។

អភិបាល​តំបន់ Odesa លោក Oleh Kiper បាន​រាយការណ៍​អំពី​ការ​ខូចខាត​ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល ហើយ​លោក​បាន​និយាយ​ថា ផ្នែក​ខ្លះ​នៃ​តំបន់​នោះ​មិន​មាន​សេវា​អគ្គិសនី។

ក្រុមហ៊ុន DTEK ដែល​ជា​ក្រុមហ៊ុន​ថាមពល​កំពូល​របស់​អ៊ុយក្រែន បាន​បញ្ជាក់​តាម Telegram ថា ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​បាន​ធ្វើ​ឱ្យ​ខូចខាតរោងចក្រ​ថាមពល​ដែល​មាន​វ៉ុល​ខ្ពស់​មួយ​កន្លែង។ ក្រុមហ៊ុន​នេះ​បាន​បន្ថែម​ថា ទោះបីជា​សេវា​ទៅកាន់​រោងចក្រ​សំខាន់ៗ​ត្រូវបាន​ស្ដារ​នៅ​ថ្ងៃ​ចន្ទ​នេះ​ក៏ដោយ ក៏​ការ​បិទ​គ្រា​អាសន្ន​ដែល​ធ្វើ​ឱ្យ​សេវា​មាន​កម្រិត​នៅ​ក្នុង​តំបន់​នោះ​នៅតែ​មាន​នៅឡើយ។

ការ​វាយ​ប្រហារ​នេះ​នេះ​គឺ​ជា​ការ​វាយ​ប្រហារ​ថ្មីរបស់​រុស្ស៊ី​ដែល​ធ្វើ​ឱ្យ​ខូចខាត​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​អ៊ុយក្រែន ដែល​ក្នុង​នោះ​រួម​មាន​ទាំង​រលក​នៃ​ការ​វាយ​ប្រហារ​តាំងពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​មក​ផងដែរ ដែល​បាន​ជំរុញ​ឱ្យ​ក្រសួង​ថាមពល​អ៊ុយក្រែន​និង​ក្រុមហ៊ុន​ចែកចាយ​ថាមពល​នានា​ផ្អាក​ការ​នាំចេញ​ថាមពល​និង​បង្កើន​ការ​នាំចូល​អគ្គិសនី។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​បញ្ជាក់​នៅ​ក្នុង​សុន្ទរកថា​កាលពី​យប់​ថ្ងៃ​អាទិត្យ​ថា ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​ប្រទេស​លោក​ត្រូវការ «ការ​ពង្រឹង​ឱ្យ​បាន​ខ្លាំងក្លា» នៅ​ពេល​ដែល​អ៊ុយក្រែន​ប្រឈម​នឹង​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​ជា​បន្តបន្ទាប់​របស់​រុស្ស៊ី៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ទីភ្នាក់ងារ​សារព័ត៌មាន AP និង​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

XS
SM
MD
LG