ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ដោះដួូរ​អ្នក​ទោស​រវាង​អ៊ុយក្រែន​និង​ក្រុម​ឧទ្ទាម​គាំទ្រ​រុស្ស៊ី​បាន​បន្ត​


ភាគី​រុស្ស៊ី​​ (បែរខ្នងមក​កាម៉េរ៉ា​ខាង​ស្តាំ)​ និង​ភាគី​អ៊ុយក្រែន​ កំពុង​ត្រៀម​លក្ខណៈ​ដោះដូរ​​ក្រុម​អ្នក​ទោស​​នៅ​ខាង​ក្រៅ​ក្រុង​ Donetsk ភាគខាង​កើត​អ៊ុយក្រែន​នា​ថ្ងៃ​ទី​២៦ ខែធ្នូ​ ឆ្នាំ​២០១៤​។
ភាគី​រុស្ស៊ី​​ (បែរខ្នងមក​កាម៉េរ៉ា​ខាង​ស្តាំ)​ និង​ភាគី​អ៊ុយក្រែន​ កំពុង​ត្រៀម​លក្ខណៈ​ដោះដូរ​​ក្រុម​អ្នក​ទោស​​នៅ​ខាង​ក្រៅ​ក្រុង​ Donetsk ភាគខាង​កើត​អ៊ុយក្រែន​នា​ថ្ងៃ​ទី​២៦ ខែធ្នូ​ ឆ្នាំ​២០១៤​។

នៅ​ថ្ងៃ​សៅរ៍​នេះ​ ក្រុម​ទាមទារ​បំបែករដ្ឋ​លម្អៀង​ទៅ​ខាង​រុស្សី​ត្រៀម​នឹង​ប្រគល់​អ្នកទោសអ៊ុយក្រែន​មួយ​ចំនួន​ទៅ​ឲ្យ​រដ្ឋាភិបាល​ក្រុងកៀវ (Kyiv) មួយ​ថ្ងៃ​ក្រោយពី​ភាគី​ទាំង​ពីរ​បាន​ដោះដូរ​អ្នកទោស​រាប់រយ​នាក់។​

ការ​ដោះដូរ​ក្រុម​អ្នកទោស​នៅ​ថ្ងៃសៅរ៍​នេះ​នឹង​បញ្ចប់​ការ​ដោះដូរ​អ្នកទោស​ទៅ​វិញ​ទៅ​មក​រវាង​ភាគី​ច្បាំង​គ្នា​ទាំង​ពីរ​នេះ។​

ការិយាល័យ​របស់​ប្រធានាធិបតី​អ៊ុយក្រែន លោក​ ប៉េត្រូ​ ប៉ូរ៉ូសេនកូ​ (Petro Poroshenko) បាន​និយាយថាអ៊ុយក្រែន​បាន​ប្រគល់​ជន​ឧទ្ទាម​ដែល​ត្រូវ​បានចាប់​ខ្លួន​ចំនួន​២២២នាក់​កាល​ពី​ថ្ងៃ​សុក្រ​ ចំណែក​ឯក្រុម​ទាមទារ​បំបែក​រដ្ឋ​បានដោះលែងទាហាន​រដ្ឋាភិបាល​អ៊ុយក្រែន​១៤៦​នាក់់​នៅ​ក្នុង​ការ​ដោះដូរអ្នកទោស​ច្រើន​បំផុត​មួយ​ចាប់តាំង​ពី​ក្រុម​ទាមទារ​បំបែក​រដ្ឋ​បានធ្វើការ​បះបោរកាល​ពីខែ​មេសា​មក។​

ការ​ដោះដូរ​អ្នកទោស​នេះ​ ដែល​ត្រូវ​បាន​បញ្ចាំង​តាម​ទូរទស្សន៍​រុស្សី មាន​កំណត់​ត្រូវ​ធ្វើ​ឡើង​តាំង​ពី​ដើម​សប្តាហ៍​នេះ​មក​ម្លេះ​។​ក៏​ប៉ុន្តែ​ការ​មិន​ចុះ​សម្រុង​គ្នា​នៅ​នាទី​ចុង​ក្រោយ​នៅ​ក្នុង​កិច្ចចរចា​អំពី​កិច្ចឈប់បាញ់​គ្នា​ដែល​បានប្រព្រឹត្ត​ទៅ​នៅបេឡារុស បាន​បង្ខំ​ឱ្យមាន​ការ​ពន្យា​ពេល​ក្នុង​រយៈពេល​ខ្លី​និង​នាំ​ឱ្យ​មាន​ការ​ផ្អាក​ជារៀង​រហូត​នូវកិច្ច​ចរចា​ក្នុង​ថ្ងៃទីពីរ​ដែល​មាន​កំណត់​ត្រូវធ្វើ​នៅ​ថ្ងៃ​សុក្រ។​

នៅ​ក្នុង​ព្រឹត្តិការណ៍​ដាច់​ដោយ​ទ្បែក​មួយ​ រដ្ឋាភិបាល​ក្រុង​ Kyiv បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​ថា​ខ្លួន​បាន​ផ្អាក​សេវាកម្ម​រទេះភ្លើង​និង​រថយន្ត​ក្រុង​ ទាំងអស់​ទៅ​កាន់​និង​មក​ពី​តំបន់​គ្រីម៉េ (Crimea)។​រុស្សី​បាន​ចូល​ទៅ​កាន់កាប់​តំបន់​គ្រីម៉េ​កាលពី​ពេល​មុន​នេះ​ក្នុងឆ្នាំ​នេះ​ ទោះ​ជាមាន​ការតវ៉ា​ខ្លាំង​ពី​រដ្ឋាភិបាល​បស្ចឹម​ប្រទេស​និង​អ.ស.ប.ក៏​ដោយ៕

XS
SM
MD
LG