ប្រទេសរុស្សី ដែលកំពុងមានភាពមិនឈ្នះមិនចាញ់ជាមួយបស្ចឹមប្រទេសអំពីវិបត្តិនៅអ៊ុយក្រែន បានបញ្ជាក់ថាអង្គការអូតង់ជាការគំរាមកំហែងខាងយោធាខ្លាំងជាងគេទៅលើខ្លួន នៅក្នុងទ្រឹស្តីយោធាមួយដែលត្រូវបានសើរើជាថ្មីហើយចុះហត្ថលេខាកាលពីថ្ងៃសុក្រដោយលោកប្រធានាធិបតី វ្លាដឺមៀ ពូទីន (Vladmir Putin)។
ចំណាត់ការនេះ ដែលមានចែងល្អិតល្អន់នៅក្នុងឯកសារមួយមាន២៩ទំព័របានលេចឡើងប៉ុន្មានថ្ងៃក្រោយពីសភាអ៊ុយក្រែនបានបោះឆ្នោតដោយមានសំទ្បេងគាំទ្រយ៉ាងច្រើនដើម្បីលុបចោលច្បាប់មួយដែលរារាំងរដ្ឋាភិបាលក្រុងកៀវ (Kyiv) ក្នុងការសុំធ្វើជាសមាជិកនៅក្នុងសម្ព័ន្ធភាពយោធាបស្ចឹមប្រទេស។
ទ្រឹស្តីកាលពីមុនរបស់រដ្ឋាភិបាលក្រុងមូស្គូ (Moscow) ក៏បានចាត់ទុកអង្គការអូតង់ជាគ្រោះថ្នាក់ធំមួយដល់សន្តិសុខនិងស្ថេរភាពប្រទេសរុស្សីផងដែរ។ក៏ប៉ុន្តែការសើរើដែលត្រូវបានប្រកាសកាលពីថ្ងៃសុក្របានពណ៌នាអ៊ុយក្រែនថាជា"ខ្សែបន្ទាត់ជួរមុខនៃការប្រឈមគ្នា" និងបានចែងយ៉ាងល្អិតល្អន់អំពីលក្ខខ័ណ្ឌដែលវិមានក្រឹមទ្បាំង (Kremlin) អាចអនុញ្ញាតឱ្យមានការប្រើប្រាស់អាវុធវាយប្រហារចំៗជា"ផ្នែកនៃវិធានការយុទ្ធសាស្ត្រដើម្បីឱ្យមានការញញើត។"
នៅស្របពេលជាមួយគ្នានេះ នៅក្រុងព្រុចសែល (Bruxelles) ស្ត្រីអ្នកនាំពាក្យនៃអង្គការអូតង់បានបដិសេធថាអង្គការអូតង់មិនបានគំរាមកំហែងប្រទេសណាមួយទេ៕