ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

២៣:៣២ ១៥.៩.២០២២

ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា៖

  • កងទ័ព​អ៊ុយក្រែន​បាន​អបអរ​សាទរ​ការ​ដណ្តើម​កាន់កាប់​ទីក្រុង​ Izium មក​វិញ​កាលពី​ថ្ងៃ​ពុធ​ នៅពេល​ដែល​លោក​ប្រធានាធិបតី ​Volodymyr Zelenskyy ​ជា​ថ្មី​ម្តង​ទៀត​ បាន​សន្យា​ដណ្តើម​ទឹកដី​របស់​អ៊ុយក្រែន​ទាំង​អស់​មកវិញ។ កងទ័ព​រុស្ស៊ី​បាន​ចាកចេញ​ពី​ទីក្រុង ​Izium ​កាលពី​សប្តាហ៍​មុន​ នៅ​ពេល​ដែល​ទាហានរដ្ឋាភិបាល​ក្រុង​កៀវ​បាន​បន្ត​រុល​ទៅមុខ​ដែល​បាន​កាន់កាប់​ឡើង​វិញ​ទឹក​ដី​មួយ​ផ្នែក​ធំ​នៅ​តំបន់​ភាគ​ឦសាន្ត​រដ្ឋធានី​កៀវ។ មាន​សញ្ញា​នៅ​រាយ​ប៉ាយ​នៅ​ទូទាំង​ទីក្រុង​ថា ទាហាន​រុស្ស៊ី​បាន​ចាកចេញ​យ៉ាង​ឆាប់​រហ័ស។ ទាហាន​អ៊ុយក្រែន​ម្នាក់​ ដែល​ស្ថិត​នៅ​ជា​ផ្នែក​មួយ​នៃ​ប្រតិបត្តិ​ការ​វាយ​ប្រហារ​នោះ ​បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍ ​Sky News ​របស់​អង់គ្លេស​អំពី​អ្វី​ដែល​ខ្លួន​បាន​ឃើញ។ នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន ​AP។​
  • អ្នក​នាំពាក្យ​កងទ័ព​អ៊ុយក្រែន​លោក ​Oleksandr Shtupun ​អះអាង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ទាហាន​រុស្ស៊ី​បាន​បន្ត​វាយ​ប្រហារ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ស៊ីវិល​អ៊ុយក្រែន​ រួមទាំង​ទីក្រុង​ Kharkiv ​និង​ Kryvyi Rih ផង។ លោក​ Shtupun ​បាន​និយាយ​ទៀត​ថា​ «ពួក​សត្រូវ​បាន​បន្ត​វាយ​ប្រហារ​អគារ​និង​ហេដ្ឋារចនា​សម្ព័ន្ធ​ស៊ីវិល ដែល​ជា​ការ​រំលោភ​ច្បាប់​សិទ្ធិ​មនុស្សធម៌​អន្តរជាតិ​និង​ច្បាប់​សង្គ្រាម»។​ លោក​បាន​និយាយ​បន្ត​ទៀត​ថា ​ហេដ្ឋារចនា​សម្ព័ន្ធនៅតាម​ទីកន្លែង​ជាង​ ៣០ បាន​រង​ការ​ខូចខាត​ ដោយ​ការ​វាយ​ប្រហារ​តាម​អាកាស​ និង​ប្រព័ន្ធ​រ៉ុក្កែត​ច្រើន​គ្រាប់។ ​នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ AP។ ​
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក ​Volodymyr Zelenskyy​ បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ថា ​តំបន់ ​Kharkiv ​ភាគ​ឦសាន្ត​ប្រទេស​អ៊ុយក្រែន​ ត្រូវបានកងទ័ព​ដណ្តើម​កាន់កាប់​ស្ទើរ​តែ​ទាំង​ស្រុង​ពី​កង​ទ័ព​រុស្ស៊ី។ ​ក្នុង​សុន្ទរកថា​តាម​វីដេអូ​មួយ​ លោក​បាន​អះអាង​ថា ​ទីតាំង​ជិត​ ៤០០​ កន្លែងត្រូវ​បាន​ដណ្តើម​កាន់កាប់​មក​វិញ​ចាប់តាំង​ពី​រដ្ឋាភិបាល​ក្រុង​កៀវ​បាន​ចាប់ផ្តើម​វាយ​តប​ត​វិញ​នៅ​ក្នុង​តំបន់​ទាំង​នោះ​ កាលពី​សប្តាហ៍​មុន។​ លោក ​Zelenskyy ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​សុំ​ជំនួយ​សម្ភាៈយោធា​ពី​ប្រទេស​លោក​ខាង​លិច​កាន់តែ​ច្រើន​ថែម​ទៀត ​ដែល​មាន​សារៈ​សំខាន់​នៅ​ក្នុង​យុទ្ធនាការ​វាយ​តប​ត​និង​ស្នើដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​មូស្គូ​កាន់តែ​ខ្លាំង​ឡើង នៅ​ពេល​ដែល​សង្គ្រាម​បាន​អូស​បន្លាយ​ចូល​ដល់ខែ​ទី ៧។ ​នេះ​បើតាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ AP។ ​
  • ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក​ស្រី ​Ursula von der Leyen ​បាន​អញ្ជើញ​ទៅដល់​រដ្ឋធានី​កៀវ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ហើយ​ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​លោក​ស្រី​ Olha Stefanishyna​ រដ្ឋមន្ត្រី​អ៊ុយក្រែន​ទទួល​បន្ទុក​កិច្ចការ​អឺរ៉ុប។ ​លោក​ស្រី von der Leyen​ គ្រោង​ជួប​ជាមួយប្រធានាធិបតី​អ៊ុយក្រែន​លោក ​Volodymyr Zelenskyy ​នៅ​ពេល​បន្តិច​ទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍។​ ​ជំនួប​នោះ​ត្រូវ​គេ​រំពឹង​នឹង​ផ្តោត​លើ​ថា ​តើ​អ៊ុយក្រែន​និង​អឺរ៉ុប​ត្រូវ​រួបរួម​គ្នា​យ៉ាង​ដូច​ម្តេច​ក្នុង​គោល​បំណង​ពន្លឿន​សមាជិកភាព​របស់​អ៊ុយក្រែន​ក្នុង​សហភាព​អឺរ៉ុប។ ​នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ AP។ ​
  • ពលរដ្ឋ​នៅតាម​ទីក្រុង​ និង​ភូមិ​នានា​នៅ​ក្នុង​តំបន់ ​Kharkiv ​នៃ​ប្រទេស​អ៊ុយក្រែន​ ដែល​កងទ័ព​អ៊ុយក្រែន​បាន​ដណ្តើមពី​កងទ័ព​រុស្ស៊ី​យក​មក​កាន់កាប់​វិញ​នោះ កំពុង​ព្យាយាម​ធ្វើ​ឱ្យ​មាន​ជីវភាព​របស់​ពួកគេ​វិល​ដូច​ដើម​វិញ​ បន្ទាប់ពី​ការ​ដក​កងទ័ព​រុស្ស៊ី។ ​នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ AP៕​
២១:៥៦ ១៦.៩.២០២២

ថ្ងៃសុក្រ ទី ១៦ ខែកញ្ញា៖

  • រណ្តៅ​សាកសព​មួយ​កន្លែង​ដែល​មាន​សាកសព​ជាង ៤៤០ នាក់​ត្រូវ​បាន​គេ​រកឃើញ​នៅ​ក្នុង​ទីក្រុងIzium ភាគ​ឦសាន្ត​ប្រទេស​អ៊ុយក្រែន​ ជា​ទីកន្លែង​ដែល​កងទ័ព​រុស្ស៊ីត្រូវ​បាន​បណ្តេញ​ចេញ​ទើបតែ​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ។ នេះ​បើ​តាម​មន្ត្រី​អ៊ុយក្រែន​កាលពី​ថ្ងៃ​ព្រហស្បតិ៍។ លោក Serhiy Bolvinov ប្រធាន​ប៉ូលិស​ផ្នែក​ស៊ើបអង្កេត​នៅ​ក្នុង​តំបន់ Kharkiv បាន​ប្រាប់​ទូរទស្សន៍ Sky News របស់​ចក្រភព​អង់គ្លេស​ ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reutersថា៖ «ខ្ញុំ​អាច​និយាយ​ថា វា​ជា​ទីកន្លែង​បញ្ចុះ​សព​ដ៏​ធំ​បង្អស់​មួយ​នៃ​ទីក្រុង​នៅ​ក្នុង​តំបន់​ ដែល​ត្រូវ​បាន​រំដោះ សាកសព​ចំនួន ៤៤០ នាក់​ ត្រូវ​បាន​បញ្ចុះ​នៅ​មួយ​កន្លែង»។ ក្រុម​មន្ត្រី​អ៊ុយក្រែន​បាន​និយាយ​ថា កងទ័ព​រុស្ស៊ី​បាន​បន្សល់​ទុក​គ្រាប់​រំសេវ​និង​សម្ភារៈ​យោធា​យ៉ាង​ច្រើន។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​កំពុង​ដាក់​សម្ពាធ​លើ​លោក​អធិការបតី Olaf Scholz ឱ្យ​ធ្វើការ​សម្រេច​ឆាប់ៗថា ​តើ​ផ្គត់ផ្គង់​រថក្រោះ​ទំនើប​ទៅ​ឱ្យ​អ៊ុយក្រែន​ឬទេ ​នៅពេល​ដែល​អ៊ុយក្រែន​ស្វះស្វែង​ដណ្តើម​កាន់កាប់​ទឹកដី​របស់​ខ្លួន​ពី​រុស្ស៊ី​មកវិញ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Associated Press។ រដ្ឋាភិបាល​ក្រុង​កៀវ​និយាយ​ថា ខ្លួន​ចង់​បាន​រថក្រោះ​ប្រភេទ Leopard-2 របស់​អាល្លឺម៉ង់ ក៏ប៉ុន្តែ រដ្ឋាភិបាល​ក្រុង​ប៊ែឡាំង​រហូត​មកទល់​ពេល​នេះ​បាន​ច្រានចោល​សំណើ​នេះ ខណៈផ្គត់ផ្គង់​អាវុធ​ផ្សេង​ទៀត។ នៅ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​កាសែត Frankfurter Allgemeine Zeitung ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​ស្រី Annalena Baerbock បាន​និយាយ​ថា ការសម្រេច​លើ​ការផ្តល់​រថក្រោះ​ប្រយុទ្ធ​ទំនើប​ដល់​ប្រទេស​អ៊ុយក្រែន​អាច​ត្រូវ​ធ្វើ​ឡើង​រួមគ្នា​ដោយ​រដ្ឋាភិបាល​ចម្រុះ​ ដែល​មាន​គណបក្ស​បី​របស់​អាល្លឺម៉ង់​ ហើយ​នឹង​ដៃគូ​អន្តរជាតិ​របស់​ខ្លួន។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រព័ន្ធ​ការពារ​ដែន​អាកាស​ជា​អាទិភាព​សម្រាប់​ប្រទេស​របស់​លោក​នៅពេល​ដែល​ខ្លួន​ប៉ុនប៉ងការពារ​ទីក្រុង​និង​ទីប្រជុំជន​នានា​របស់​ខ្លួន​ពី​ការវាយ​ប្រហារ​របស់​រុស្ស៊ី។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ ថ្លែង​នៅឯ​សន្និសីទ​កាសែត​រួម​គ្នា​មួយ​នៅ​ក្នុង​រដ្ឋធានី​កៀវ​ជាមួយ​លោក​ស្រី Ursula von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​នោះ លោក​ប្រធានាធិបតី Zelenskyy ក៏មាន​ប្រសាសន៍​ដែរ​ថា ប្រព័ន្ធ​ការពារ​ដែន​អាកាស​ដែល​បាន​សន្យា​កាល​ពី​ពេល​មុន​ដោយ​ប្រទេស​អាល្លឺម៉ង់​និង​សហរដ្ឋ​អាមេរិក​មិន​ទាន់​បាន​មក​ដល់​អ៊ុយក្រែន​នៅ​ឡើយ​ទេ។
  • បន្ទាប់ពី​លោក​ស្រី Ursula von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប​ បាន​ជួប​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ពិភាក្សា​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់​តែ​ជិតស្និទ្ធ​ឡើង​ លោក​ស្រី​បាន​ធ្វើ​ដំណើរ​ជាមួយ​លោក​ស្រី Olena Zelenska ភរិយា​របស់​លោក​ប្រធានាធិបតី Zelenskyy ទៅកាន់​ទី ក្រុង Irpin នៅ​ក្បែរ​នោះ ដែល​កាលពី​ពេល​មុន​ត្រូវ​បាន​ត្រួតត្រា​ដោយ​កងទ័ព​រុស្ស៊ី ហើយ​លោក​ស្រី​បាន​និយាយ​ឡើង​វិញ​ពី​ការសន្យា​របស់​សហភាព​អឺរ៉ុប​ ដើម្បី​គាំទ្រ​ការ​ស្ថាបនា​សាលារៀន​ឡើង​វិញ។
  • ក្រុម​ប្រទេស​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប​បាន​ព្រមព្រៀង​គ្នា​សុំ​ឱ្យ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​តែងតាំង​និង​បង្កើត​អ្នក​ជំនាញ​ឯករាជ្យ​ថ្មីមួយ ​ស្តីពី​ការចោទ​ប្រកាន់​ការរំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​រុស្ស៊ី នេះ​បើ​តាម​ប្រភព​បី ប្រហាក់​ប្រហែល​គ្នា​ដែល​បាន​ពិភាក្សា​បញ្ហា​នេះ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters កាលពី​ថ្ងៃ​ព្រហស្បតិ៍។ ការបង្កើត​អាណត្តិ​អ្នក​រាយការណ៍​ពិសេស​ថ្មី​មួយ​ត្រូវ​បាន​សម្រេច​នៅ​ក្នុង​ជំនួប​សម្ងាត់​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​មានការ​បង្កើត​ច្បាប់​រុស្ស៊ី​កាន់តែ​ច្រើន​ឡើង​នៅ​ឆ្នាំ​នេះ​ ដើម្បី​ដាក់​ទោស​ពៃរ៍​លើ​ពលរដ្ឋ​ដែល​រដ្ឋាភិបាល​ក្រុង​មូស្គូ​និយាយ​ថា បាន​និយាយ​បង្ខូច​កង​កម្លាំង​ប្រដាប់​អាវុធ​ ឬ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត៕
២២:៤៦ ២១.៩.២០២២

ថ្ងៃពុធ ទី ២១ ខែកញ្ញា៖

  • ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​ភាគ​ច្រើន​បានយល់​ព្រម​លើ​ពង្រាង​សេចក្តីសម្រេច​មួយដោយ​បាន​ស្នើ​ដល់​អង្គការ​សហប្រជាជាតិ​ឱ្យ​តែង​តាំងអ្នកជំនាញ​មួយ​រូបដើម្បី​ត្រួតពិនិត្យ​លើ​ស្ថាន ភាព​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ ខណៈពេល​ដែល​រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​រិះគន់​លើ​គំនិត​ផ្តួចផ្តើម​នេះ​ថា មាន​ភាព​លម្អៀង​ខាង​ផ្នែក​នយោបាយ។ ក្រោយ​មាន​ការពិភាក្សា​គ្នា​ដ៏​តឹងតែង​មក​ ប្រទេស​ទាំង​អស់​ក្នុង​សហភាព​អឺរ៉ុប​លើក​លែង​តែ​ប្រទេសហុងគ្រីមួយ​ចេញ បាន​យល់​ព្រម​កាល​ពី​សប្តាហ៍​មុន​ ​ក្នុង​ការ​ស្នើ​ដល់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្សអង្គការ​សហប្រជាជាតិ ដើម្បី​តែងតាំងអ្នក​រាយការណ៍​ពិសេស​មួយ​រូប​ស្តីពីសិទ្ធិមនុស្ស​ក្នុង​ប្រទេស​រុស្ស៊ី។ ការស្នើ​ឡើង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពីមានការព្រួយបារម្ភ​លើ​ការបង្រ្កាប​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ ស្រប​ពេល​ដែល​សង្គ្រាមរបស់ខ្លួន​កំពុង​រីក​កាន់តែ​ធំ​ឡើង​នៅក្នុង​ប្រទេស​អ៊ុយក្រែន។
  • ការធ្វើ​ប្រជាមតិ​ដែល​រៀប​ចំ​ឡើង​ដោយ​រុស្ស៊ី​នៅ​ក្នុង​ទឹកដីដែល​ខ្លួន​គ្រប់គ្រងក្នុង​ប្រទេស​អ៊ុយក្រែន​នោះ មិន​មានតម្លៃ​អ្វី​នោះ​ឡើយ ហើយ​ប្រទេស​ប៉ូឡូញ​នឹង​មិនទទួល​ស្គាល់នូវ​លទ្ធផល​នោះ​ទេ។ នេះ​បើ​តាម​ការលើក​ឡើង​របស់ប្រធានាធិបតី​ប៉ូឡូញលោក Andrzej Dudaកាលពី​ថ្ងៃ​អង្គារ​ហើយ​ដែល​ត្រូវ​បាន​រាយការណ៍​ដោយ​ទី​ភ្នាក់ងារ​ព័ត៌មានReuters។ លោក Duda បាន​ក្រុម​អ្នក​សារព័ត៌មានក្នុង​ឱកាស​ដែលលោក​អញ្ជើញ​ទៅ​ទីក្រុង​ញូវយ៉ក​ដើម្បី​ចូលរួម​មហាសន្និបាតប្រចាំ​ឆ្នាំ​របស់​អង្គការ​សហ ប្រជាជាតិ​ដូច​នេះ​ថា «ការធ្វើ​ប្រជាមតិ​នឹង​មិន​មាន​តម្លៃ​អ្វី​នោះ​ឡើយ ពី​ព្រោះ​ការពិត​គឺ​ថា​លទ្ធផលនោះ​ត្រូវ​បាន​សម្រេច​ឡើង​ដោយរដ្ឋាភិបាល​វិមាន​ក្រឹមឡាំង មិនមែន​ដោយ​ការបោះ​ឆ្នោត​នោះ​ឡើយ»។
  • ប្រទេស​រុស្ស៊ី​នឹង​មិនចូលរួមក្នុង​ការប្រកួត​ជម្រុះ​សម្រាប់​ព្រឹត្តិការណ៍កីឡា​បាត់ទាត់​ទ្វីបអឺរ៉ុបឆ្នាំ២០២៤​ខាង​មុខ​នេះ​ឡើយ។ នេះ​បើ​យោង​តាមសមាគម​សហភាព​កីឡាបាល់ទាត់​អឺរ៉ុប UEFAនិង​សហព័ន្ធ​កីឡា​បាល់ទាត់​របស់​រុស្ស៊ី​ដែល​បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​ ហើយ​ដែល​ត្រូវ​បាន​រាយការណ៍​ដោយ​ទី​ភ្នាក់ងារ​ព័ត៌មាន The Associated Press។ សមាគម​កីឡា UEFA បាន​ដាក់​បម្រាម​ដល់ក្រុម​កីឡាករ​ជាតិ​និង​ក្រុម​ក្លឹប​កីឡា​នានារបស់​រុស្ស៊ី​ មិន​ឱ្យចូលរួមក្នុង​ការ​ប្រកួត​ជា​លក្ខណៈអន្តរជាតិ​កាល​ពី​ដើម​ឆ្នាំ​នេះ​ បន្ទាប់ពី​រុស្ស៊ី​បាន​ចូល​ឈ្លានពានទៅ​លើ​ប្រទេស​អ៊ុយក្រែន​មក។
  • ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan បាន​អំពាវនាវ​នៅ​ថ្ងៃ​អង្គារ​ឱ្យ​មាន​ដំណោះស្រាយ​ដោយ​សេចក្តី​ថ្លៃថ្នូរ​មួយ​ទៅ​លើវិបត្តិ​នៃ​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែន​ ដែល​មាន​រយៈពេល​ប្រមាណ៧ខែ​មក​ហើយ​នោះ។ នេះបើតាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន Agence France-Presse។ លោក Erdogan​ បាន​ធ្វើ​ការងារ​នេះ​ជា​មួយ​រដ្ឋាភិបាល​អ៊ុយក្រែន​និង​រដ្ឋាភិបាល​រុស្ស៊ី ដើម្បី​ព្យាយាម​ស្វែង​រក​ដំណោះស្រាយ​ការទូត​មួយទៅ​លើ​សង្គ្រាម​នេះ។ លោក​បាន​និយាយ​តាម​ទូរស័ព្ទជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​មុនពេល​លោក​ថ្លែង​សុន្ទរកថា​ទៅ​កាន់​មហាសន្និបាតរបស់​អង្គការ​សហប្រជាជាតិក្នុង​បុរី​ញូវយ៉ក​ដើម្បី​អំពាវនាវ​ឱ្យ​មាន​សន្តិ ភាព​ជា​បន្ទាន់​មួយ។ លោក​ថ្លែង​ដូច​នេះ​ថា «​ទាំង​អស់​គ្នាយើង​ត្រូវ​ស្វែង​រក​ដំណោះស្រាយ​ការទូតជាក់ស្តែង​និង​សមហេតុផល​មួយ​ ដែល​នឹង​ផ្តល់​ឱ្យ​ភាគី​ទាំង​សងខាង​នូវ​ច្រកចេញ​ពី​វិបត្តិ​មួយប្រកប​ដោយ​ភាព​ថ្លៃថ្នូរ»។
  • ប្រទេស​ចិន​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​អំពាវនាវឱ្យ​មាន«បទឈប់បាញ់មួយ​តាម​រយៈ​ការ​ពិគ្រោះ​យោបល់និង​ការសន្ទនាគ្នា» បន្ទាប់​ពី​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putinបាន​ថ្លែង​សុន្ទរកថា​ស្តីពី​ប្រទេស​អ៊ុយក្រែន​និង​បាន​ប្រកាស​ពី​ការប្រមូល​ផ្តុំ​កងទ័ពមួយ​ផ្នែក​បន្ថែម​ទៀត។ អ្នកនាំ​ពាក្យ​ក្រ សួង​ការបរទេស​ចិន​លោក Wang Wenbin បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ក្នុង​សន្និសីទ​កាសែត​ប្រចាំថ្ងៃ​ថា«យើង​សូម​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​បង្កើត​នូវ​បទ​ឈប់បាញ់មួយតាមរយៈ​ការ សន្ទនា​និង​ការពិគ្រោះយោបល់​និង​ស្វែង​រក​ដំណោះស្រាយ​មួយ​ដែល​អាច​ទទួល​យក​បាន ​លើ​ក្តីបារម្ភ​សន្តិសុខ​ដ៏​សមហេតុផលសម្រាប់​គ្រប់ភាគី​ទាំង​អស់ឱ្យ​បាន​កាន់តែ​ឆាប់​ តាម​ដែល​អាច​ធ្វើ​បាន»។ លោក Putin បាន​ប្រកាស​នូវការ​ប្រមូល​កម្លាំង​ទ័ពនៅ​ថ្ងៃពុធ​ហើយ​បាន​សន្យា​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំង​អស់​ដើម្បី​ការពារ​បូរណភាព​ទឹកដី​រុស្ស៊ី​ បន្ទាប់ពី​តំបន់​ក្នុងប្រទេស​អ៊ុយក្រែន​ដែល​កាន់កាប់​ដោយ​រុស្ស៊ីនោះ​ បាន​ប្រកាសធ្វើ​ប្រជាមតិ​ដាក់​ប​ញ្ចូលទៅ​ក្នុង​ផ្នែក​មួយ​របស់​រុស្ស៊ី។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP។
០១:២៧ ២៣.៩.២០២២

ថ្ងៃព្រហស្បតិ៍ ទី ២២ ខែកញ្ញា៖

  • នៅ​ក្នុងរបាយការណ៍​កែប្រែ​លើក​ទី១​របស់​ខ្លួនក្នុង​រយៈពេលជិត​៦​ខែ​ ស្តី​ពី​ការបាត់បង់​ទាហាន​រុស្ស៊ីនៅ​ក្នុង​សង្គ្រាមជា​មួយ​ប្រទេស​អ៊ុយក្រែន​នោះ​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិរុស្ស៊ី​លោក​ Sergei Shoigu និយាយ​ថា​ មាន​ទាហាន​រុស្ស៊ីចំនួន​ ៥.៩៣៧​នាក់បាន​ស្លាប់​ ចាប់តាំង​ពីការ​ចាប់​ផ្តើម​សង្រ្គាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​មក។​ លោក​ Shoigu ក៏​បាន​បដិសេធនូវ​ការ​អះអាង​របស់​រដ្ឋាភិបាល​អ៊ុយក្រែន​ ​និង​ប្រទេស​លោក​ខាងលិច​ដែល​ថា​ ​រុស្ស៊ី​បានបាត់​បង់​កងទ័ព​យ៉ាង​ធ្ងន់​ធ្ងរនៅក្នុង​សង្គ្រាម​រយៈពេល​ ៧​ខែជា​មួយ​អ៊ុយក្រែននោះ។​ រដ្ឋមន្ត្រី​ការពារ​ជាតិរុស្ស៊ី​រូបនេះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ កង​ទាហាន​រុស្ស៊ី​ចំនួន៩០ភាគរយ​ ដែល​ទទួល​រងរបួស​នៅ​ក្នុង​សង្គ្រាម​នោះ​ បាន​វិល​ត្រឡប់​ទៅ​កាន់​សមរភូមិ​ប្រយុទ្ធ​វិញអស់​ហើយ​។ នេះ​ជា​លើក​ទី​១​ហើយ​ ដែល​រុស្ស៊ី​បាន​ផ្តល់​នូវ​តួលេខ​ផ្លូវ​ការនៃចំនួន​កងទ័ព​រុស្ស៊ី​ដែល​បាន​ស្លាប់​ក្នុង​សង្គ្រាម​ជា​មួយ​អ៊ុយក្រែន​ ចាប់​តាំង​ពី​ថ្ងៃ​ទី​២៥ ខែ​មីនា​កន្លង​ទៅ​ ដែល​នៅ​ពេល​នោះ​ ​រុស្ស៊ីបាន​និយាយ​ថា​ទាហាន​របស់​ខ្លួន​ចំនួន​ ១.៣៥១​នាក់​បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។​ ​
  • ជនស៊ីវិល​អ៊ុយក្រែន​រាប់ពាន់នាក់​ ត្រូវ​បាន​សម្លាប់នៅក្នុងការ​ប្រយុទ្ធ​គ្នា​ដ៏ខ្លាំង​បំផុត​នៅ​ក្នុង​ទ្វីបអឺរ៉ុបក្នុងរយៈពេល​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​ហើយ។​ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មានAFP។​ ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិបាន​និយាយ​ថា​ ខ្លួនបាន​កត់ត្រា​ជន​ស៊ីវិល​ដែល​ត្រូវ​បាន​សម្លាប់ចំនួន ៥.៩១៦​នាក់ ​ដែល​ក្នុង​នោះ​មាន​កុមារ​ចំនួន​៣៧ ៩​នាក់​។ ដោយ​ឡែក​អ្នក​រងរបូស​មាន​ចំនួន​ ៨.៦១៦​នាក់ គិត​ត្រឹមថ្ងៃ​ទី​១៨ ខែ​កញ្ញាកន្លង​ទៅ​នេះ។ ប៉ុន្តែ​តួលេខ​ពិតប្រាកដនៃ​អ្នក​ស្លាប់​និង​អ្នក​រងរបួស​ទាំង​នោះ​ អាច​មាន​ចំនូន​ខ្ពស់​ជាង​នេះ​ជា​ច្រើន​ដង​។​ ប្រធានាធិបតី​អ៊ុយក្រែន​ លោក Volodymyr Zelenskyy ​បាន​និយាយ​កាល​ពី​ខែ​មេសា កន្លង​ទៅ​ថា​ លោក​ជឿជាក់​ថា​ ប្រជាជន​អ៊ុយក្រែនរាប់ម៉ឺន​នាក់​ ត្រូវ​បាន​សម្លាប់គ្រាន់​តែ​នៅ​ក្នុង​ទីក្រុង​កំពុង​ផែ Mariupol តែ​មួយ​ប៉ុណ្ណោះ​ ដែល​ត្រូវ​បានបំផ្លិច​បំផ្លាញ​នោះ។​ ​ ​
  • សង្គ្រាម​នៅក្នុង​ប្រទេស​អ៊ុយក្រែន​ បាន​បង្ក​ឱ្យ​មាន​វិបត្តិ​ជនភៀសខ្លួន​ដ៏​ធំ​បំផុត​មួយចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី២​មក។​នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​AFP។​ ឧត្តមស្នងការ​ជនភៀសខ្លួនអង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា​ ពលរដ្ឋ​អ៊ុយក្រែន​ប្រមាណ ​៧លាន​៤សែន​នាក់​ បាន​រត់គេច​ខ្លួន​ទៅ​កាន់​ក្រៅ​ប្រទេសគិត​ត្រឹម​ថ្ងៃ​ទី​២០ ខែ​កញ្ញា​នេះ ដោយ​ក្នុង​នោះ​ប្រទេស​រុស្ស៊ី​បាន​ទទួល​យក​ជនភៀស​ខ្លួន​អ៊ុយក្រែន​ចំនួន​ ២លាន​៦សែន​នាក់​ ប្រទេស​ប៉ូឡូញ​ទទួល​យក​ជន​ភៀស ១លាន​៤សែន​នាក់​ ហើយ​ប្រទេស​អាល្លឺម៉ង់​បាន​ទទួល​យក​ជនភៀសខ្លួន​អ៊ុយក្រែនចំនួន​ ១លាននាក់។​ ​ ចំនួន​នេះមិន​រាប់​បញ្ចូលពលរដ្ឋ​អ៊ុយក្រែន​ ដែល​បាន​វិល​ត្រឡប់​មក​កាន់​តំបន់​ ដែល​ត្រូវ​បាន​ដណ្តើម​គ្រប់គ្រង​ឡើវិញ​ដោយ​កងទ័ព​អ៊ុយក្រែនពី​កងទ័ព​រុស្ស៊ី​នោះ​ឡើយ។​
  • ប្រធាន​ទីភ្នាក់ងារនុយក្លេអ៊ែរ​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា​ លោក​នឹង​មិន​បោះបង់ផែនការដើម្បី​បង្កើត​តំបន់​ការពារ​មួយ​នៅជុំវិញរោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia​ ក្នុង​ប្រទេស​អ៊ុយក្រែន​នោះ​ឡើយ​ ហើយលោក​សង្ឃឹមថា​ នឹងធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន​និង​រុស្ស៊ីក្នុង​ពេល​ឆាប់ៗ​ខាង​មុខនេះ​ ដើម្បី​ជំរុញ​ឱ្យ​មាន​កិច្ចព្រមព្រៀង​មួយ។​ នេះ​បើ​តាម​ការ​ផ្សាយ​របស់​វិទ្យុ​អឺរ៉ុបសេរី​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​ ​លោក​ Rafael Grossiប្រធាន​ទី​ភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ (IAEA) បាន​ប្រាប់ក្រុម​អ្នកសារព័ត៌មាន​នៅ​អង្គការ​សហប្រជាជាតិ​ ក្នុង​បុរីញូវយ៉ក​នៅ​ថ្ងៃ​ទី​២១​កញ្ញា​ថា​ ស្ថានភាព​នៅ​នៅ​រោងចក្រ​ថាមពល​នុយក្លែអ៊ែរនោះ​ កំពុង​ស្ថិត​ក្នុងសភាព​អាក្រក់ ហើយ​យើងមិន​អាច​រង់ចាំ​រហូត​ដល់​មានហេតុការណ៍​ដ៏​គួ​ឱ្យ​សោកស្តាយ​ណា​មួយ​កើត​ឡើង​នោះ​ឡើយ។​ លោក Grossi និយាយ​ថា​ លោក​កំពុងធ្វើ​ការ​ចរចា​ដោយ​ជាក់លាក់​មួយ​ ជា​មួយ​ប្រទេស​ទាំង​ពីរ​ ហើយ​ចង់​បាន​នូវ​កិច្ចព្រមព្រៀង​មួយ​ ដើម្បីបង្កើត​តំបន់​ការពារ​រោងចក្រ​នោះ​ ឱ្យ​បាន​កាន់​តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​
  • ​ប្រទេស​រុស្ស៊ី​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ បាន​ដោះលែង​ឈ្លើយ​សឹក​សង្គ្រាម​ជា​ជន​បរទេស​ចំនួន​ ១០​នាក់​ ដែល​ត្រូវ​បានចាប់​ខ្លួន​នៅក្នុង​ប្រទេស​អ៊ុយក្រែន​ ក្រោយ​ពីមាន​ការ​សម្របសម្រួលដោយ​រជ្ជទាយាទ​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត​គី​ព្រះអង្គម្ចាស់ Mohammed bin Salman។​ នេះ​បើតាម​ការ​លើកឡើងរបស់​ក្រសួង​ការបរទេស​អារ៉ាប៊ីសាអូឌីត។​ ក្រសួងការ​បរទេសអារ៉ាប៊ីសាអូឌីត​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ ស្លើយ​សង្រ្គាម​ដែល​ត្រូវ​បាន​ដោះលែង​ទាំង​នោះ​រួម​មានជនជាតិ​អាមេរិក​ អង់គ្លេស​ ក្រូអាស៊ី ម៉ារ៉ុក និង​ជនជាតិ​ស៊ុយអ៊ែត។​ សេចក្តី​ថ្លែងការណ៍​នេះ​បន្ថែម​ទៀត​ថា​ យន្តហោះ​មួយ​គ្រឿង​ដែល​បាន​ដឹក​ឈ្លើយសង្គ្រាម​ទាំង​នេះ​ បាន​ចុះចត​នៅ​ក្នុងប្រទេស​អារ៉ាប៊ីសាអូឌីត។ សេចក្តី​ថ្លែង​ការណ៍​នោះ​បន្តទៀត​ថា​ «អាជ្ញាធរពាក់ព័ន្ធ​របស់​ប្រទេសអារ៉ាប៊ីសាអូឌីត​ បាន​ទទួល​និង​ផ្ទេរពួក​គេពី​ប្រទេស​រុស្ស៊ីមក​កាន់​ប្រទេស​អារ៉ាប៊ីសាអូឌីត​ និង​កំពុង​សម្របសម្រួលបែបបទទៅ​កាន់​ប្រទេស​ដើម​របស់​ជន​ឈ្លើយ​សង្គ្រាម​ទាំង​នោះ​»។
  • មនុស្ស​ប្រមាណ​ជាង ​១.៣០០​នាក់​ ត្រូវ​បាន​ចាប់​ខ្លួននៅ​ទូទាំង​ប្រទេស​រុស្ស៊ី​ ក្នុង​អំឡុង​ពេល​នៃ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំងទៅ​នឹងសេចក្តី​ប្រកាស​របស់ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin​ ដែល​បាន​ប្រកាស​កេណ្ឌ​ពលរដ្ឋស៊ីវិលទៅ​ប្រយុទ្ធ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​នោះ​។​ នេះ​បើតាមក្រុម​ត្រួតពិនិត្យប៉ូលិស​មួយ​ក្រុម ដែល​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ម្សិល​មិញ។​ នេះ​ជាការ​តវ៉ា​ប្រឆាំង​ដ៏​ធំ​បំផុត​មួយនៅក្នុង​ប្រទេស​រុស្ស៊ី​ បន្ទាប់​ពីមាន​ការធ្វើ​បាតុកម្មជា​លើក​ដំបូង​បន្ទាប់​ពី​រុស្ស៊ី​បាន​ប្រកាសធ្វើ​អន្តរាគមន៍យោធា​ចូលលុកលុយ​ប្រទេស​អ៊ុយក្រែន​កាល​ពី​ខែ​កុម្ភៈ​ កន្លង​ទៅ។
  • ​មានជនស៊ីវិល​យ៉ាងហោចណាស់​៦នាក់ ដែល​ក្នុង​នោះ​មាន​ក្មេង​ជំទង់​ម្នាក់ផង​ដែរ​ បាន​ស្លាប់នៅក្នុង​ការបាញ់ដោយ​គ្រាប់​រ៉ុក្កែត​មួយ​ នៅ​កណ្តាលទីក្រុង Donetsk ​ដែល​ជា​ទីក្រុង​គ្រប់គ្រង​ដោយ​អ្នកបំបែក​ខ្លួនក្នុង​ប្រទេស​អ៊ុយក្រែន។ នេះ​បើតាម​ការ​ឱ្យ​ដឹង​ពី​ក្រុម​អាជ្ញាធរ​គាំទ្រ​ដោយ​រុស្ស៊ី​ ហើយ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។ ក្រុម​អ្នក​បំបែក​ខ្លួន​ ដែល​គាំទ្រ​ដោយរុស្ស៊ី​ បាន​ស្តីបន្ទោស​ទៅ​លើ​កងកម្លាំង​អ៊ុយក្រែន​ ​ថា​ជា​អ្នក​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើទី​ផ្សារមួយកន្លែង​នៅ​កណ្តាល​ទីក្រុង ដែល​អ្នក​បំបែក​ខ្លួនបាន​ប្រកាស​ថា​ជា​សាធារណរដ្ឋ​ប្រជាមានិត Donetsk ដែល​នឹងជិត​ត្រូវ​ធ្វើ​ប្រជាមតិ​ ដើម្បី​ចូលរួម​ជា​ផ្នែក​មួយ​នៃ​ប្រទេសរុស្ស៊ី​នោះ៕

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG