ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

០០:០៧ ២៤.៩.២០២២

ថ្ងៃសុក្រ ទី ២៣ ខែកញ្ញា៖

  • សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ថ្កោល​ទោស​ប្រទេស​រុស្ស៊ី​ក្នុង​ការបង្កើនសង្គ្រាម​ក្នុងប្រទេស​អ៊ុយក្រែន​ ដោយ​បាន​រិះគន់​ទៅ​លើការ​ប្រកាសកេណ្ឌ​ទ័ព​បន្ថែម​ទៀតនិង​ការ​គំរាមកំហែង​របស់ប្រធានាធិបតី​រុស្ស៊ីលោក​ Vladimir Putin ក្នុង​ការ​ប្រើ​អាវុធ​នុយក្លេអ៊ែរ។​ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​ លោក Antony Blinken ដែល​បាន​ប្រាប់​សម័យ​ប្រជុំ​ពិសេសរដ្ឋមន្ត្រីការបរទេសរបស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ​ដែល​ត្រូវ​បានធ្វើ​ឡើង​នៅ​ក្រៅសន្និបាត​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សហប្រជាជាតិ​ ក្នុង​បុរី​ New York ថា៖ «គ្រប់​សមាជិក​ទាំង​អស់​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ត្រូវ​ផ្ញើ​សារ​ដ៏​ច្បាស់​លាស់​មួយ​ថា ការ​គំរាម​កំហែង​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ដោយ​គ្មាន​ការ​ទទួល​ខុសត្រូវ​នេះ​ ត្រូវបញ្ឈប់​ជា​បន្ទាន់»។​
  • អ្នកនាំពាក្យ​យោធា​រុស្ស៊ីនិយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​មាន​មនុស្ស​យ៉ាងហោចណាស់​១ម៉ឺននាក់​ បាន​ស្ម័គ្រចិត្ត​ចូល​រួម​ប្រយុទ្ធ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ គឺ​រយៈពេល​ប្រមាណ​តែ​២៤​ម៉ោង​ប៉ុណ្ណោះ​ ក្រោយ​ពី​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​បញ្ជាឱ្យ​មាន​ការ​កេណ្ឌ​ទាហាន​បំរុង​នោះ។​ «នៅ​ក្នុង​ថ្ងៃ​ទី១​នៃ​ការ​ប្រកាសប្រមូល​កម្លាំង​នោះ​ ពលរដ្ឋ​រុស្ស៊ី​ប្រមាណ​១ម៉ឺននាក់​ បាន​មក​ចុះ​ឈ្មោះ​នៅ​ការិយាល័យ​ជ្រើសរើស​យោធា​ ដោយ​ទឹកចិត្ត​របស់​គេ​ ដោយ​មិន​ចាំបាច់រង់ចាំ​មាន​ការ​កោះហៅ​នោះ​ឡើយ។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកនាំ​ពាក្យយោធារុស្ស៊ី​លោក​ Vladimir Tsimlyansky ដែល​បាន​ថ្លែង​ប្រាប់​ទី​ភ្នាក់ងារព័ត៌មាន Interfax ​របស់​រុស្ស៊ី។
  • រដ្ឋមន្ត្រីការបរទេស​ចិន​លោក Wang Yi បានជួប​ប្រជុំជាមួយ​សមភាគី​របស់​លោកគឺ​រដ្ឋមន្ត្រី​ការ បរទេសអ៊ុយក្រែន​លោក Dmytro Kuleba នៅ​ក្រៅសន្និបាត​អង្គការ​សហប្រជាជាតិក្នុង​ទីក្រុង​ New York។ នេះបើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការបរទេស​ចិន​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​សុក្រ​នេះ។ ជំនួប​ប្រជុំកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​រវាង​រដ្ឋមន្ត្រី​ការបរទេសទាំង​ពីរ​ប្រទេស​ ​គឺ​ជា​កិច្ច​ប្រជុំ​លើក​ទី​១ ដោយ​ផ្ទាល់​ ​ចាប់​តាំង​ពី​រុស្ស៊ី​ចូល​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​កាល​ពី​ចុង​ខែ​កុម្ភៈមក​។​ ​លោក Wang បាន​ប្រាប់​លោក Kuleba ថា៖ «អធិបតេយ្យភាព​និង​បូរណភាព​ទឹកដីរបស់​ប្រទេស​ទាំង​អស់​ ត្រូវ​តែ​គោរព។ ​ ​ការ​ព្រួយបារម្ភ​សន្តិសុខដ៏​សមហេតុ​ផល​ សម្រាប់​ប្រទេស​ទាំង​អស់​ ត្រូវពិនិត្យមើល​ឱ្យ​បានដិតដល់​ ​ហើយរាល់​កិច្ចប្រឹងប្រែង​ទាំង​អស់​ ដែល​ត្រូវ​ធ្វើ​ឡើង​ដើម្បីដំណោះស្រាយ​សន្តិភាព​នៃ​វិបត្តិ​ដែល​កើត​មាន​ ត្រូវ​តែ​មានការ​គាំទ្រ»។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍របស់​ក្រសួង​ការបរទេស​ចិន​ ហើយ​ដែល​ត្រូវ​ចេញ​ផ្សាយ​ដោយ​ទី​ភ្នាក់ងារ​ព័ត៌មាន AFP។ ​
  • ទី​ភ្នាក់ងារ​ព័ត៌មានAP​ រាយការណ៍​ថា​ ការ​បោះឆ្នោត​ប្រជាមតិ​បាន​ចាប់​ផ្តើម​ធ្វើ​ឡើង​ហើយ​នៅ​ថ្ងៃ​សុក្រ​នេះ​ ក្នុង​តំបន់​មួយ​ចំនួនរបស់​ប្រទេស​អ៊ុយក្រែន​ ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី​ ដើម្បីដាក់​បញ្ចូលតំបន់​ទាំង​នោះទៅ​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​រុស្ស៊ី។ ​ការ​ធ្វើ​ប្រជាមតិ​ដែល​រៀបចំ​ឡើង​ដោយ​រដ្ឋាភិបាល​រុស្ស៊ី​នេះ​ ​ត្រូវ​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ដោយ​ប្រទេស​អ៊ុយក្រែន​និង​ប្រទេស​លោក​ខាងលិច​ ថា​ជា​រឿងដ៏គួ​ឱ្យ​ខ្មាស​អៀនមួយ​និង​គ្មាន​អំណាច​ខាង​ផ្លូវ​ច្បាប់។ ការបោះឆ្នោត​ធ្វើ​ប្រជាមតិ​នេះ​ ត្រូវ​បាន​គេមើល​ឃើញ​ថា​ ជា​ជំហាន​មួយរបស់​រុស្ស៊ី​ក្នុង​ការឆ្ពោះទៅដាក់​បញ្ជូល​តំបន់​ទឹកដី​ទាំង​នោះ​ទៅ​ជា​របស់​ខ្លួន។​
  • រដ្ឋមន្ត្រី​អាល្លឺម៉ង់​និយាយ​នៅថ្ងៃ​ព្រហស្បតិ៍​ថា​ ប្រទេស​អាល្លឺម៉ង់​បាន​ត្រៀម​ខ្លួន​ទទួល​យក​អ្នក​រត់​ចោលជួរក្នុង​ប្រទេស​រុស្ស៊ី​ ខណៈ​ពេល​មាន​សេចក្តី​រាយការណ៍​អំពី​ពលរដ្ឋ​រុស្ស៊ី​ជា​ច្រើន​នាក់បាន​រត់​គេច​ពី​ការ​ប្រកាស​កេណ្ឌ​កងកម្លាំង ដែល​បញ្ជា​ដោយប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin នោះ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់ទី​ភ្នាក់ងារ​ព័ត៌មាន​AFP។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​អាល្លឺម៉ង់​លោក​ស្រី Nancy Faeser និយាយ​ថា៖​ «អ្នក​រត់​ចោល​ជួរ​រុស្ស៊ី​ ដែល​ទទួល​រង​ការ​គំរាមកំហែងនិង​ការ​គាបសង្កត់​ធ្ងន់ធ្ងរ អាច​ទទួល​បាន​ការ​ការពារ​ជា​អន្តរជាតិ​នៅក្នុង​ប្រទេស​អាល្លឺម៉ង់។​ ដោយឡែក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​អាល្លឺម៉ង់​វិញ​ លោក Marco Buschmann បាន​បង្ហោះ​សារ​លើ​បណ្តាញ ​Twitter ​ថា៖ «ហាក់​ដូច​ជាមានពលរដ្ឋ​រុស្ស៊ី​ជា​ច្រើន​កំពុង​ចាកចេញ​ពី​ប្រទេស​របស់​ខ្លួន។​ ពលរដ្ឋ​រុស្ស៊ី​ណា​ដែល​ស្អប់​ការ​ដឹកនាំ​របស់​លោក Putin ហើយ​ស្រឡាញ់ប្រជាធិបតេយ្យ​សេរី​ ត្រូវ​បាន​ស្វាគមន៍នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់»។
  • សាធារណរដ្ឋ​ឆេក​ ​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ ខ្លួន​នឹងមិន​ផ្តល់​ទិដ្ឋាការ​មនុស្សធម៌​ដល់​ពលរដ្ឋ​រុស្ស៊ី​ដែល​បាន​រត់​គេច​ខ្លួនពី​ប្រទេស​កំណើតរបស់​គេ​ ដើម្បីគេចវេស​ពី​កំណែន​កងទ័ព​នោះ​ឡើយ។​ ប្រទេស​ឆេក​បាន​ប្រកាន់​យក​គោលជំហរ​ខុស​ពី​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​មួយ​ចំនួន​ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន​នោះ។​ ​ «ខ្ញុំដឹង​ថា​ មាន​ពលរដ្ឋរុស្ស៊ីជា​ច្រើន​ បាន​រត់គេច​ពី​ប្រទេស​របស់​ខ្លួន​ ដោយ​សារ​ តែ​មិន​ពេញចិត្ត​និង​សេចក្តីសម្រេច​របស់​លោក​ Putin ប៉ុន្តែ​អ្នក​រត់ចោល​ប្រទេស​ទាំង​នោះដោយ​សារ​តែ​ពួក​គេ​មិន​ចង់​អនុវត្ត​នូវ​កាតព្វកិច្ច​ ដែល​ដាក់​ចេញ​ដោយ​រដ្ឋ​របស់​គេ​នោះ មិន​អាចឆ្លើយ​តប​ទៅ​នឹង​គោលការណ៍​សម្រាប់​ទទួល​បាន​ទិដ្ឋាការមនុស្ស​ធម៌​នោះ​ឡើយ»។ ​នេះ​បើ​តាម រដ្ឋមន្ត្រី​ការបរទេស​សាធារណរដ្ឋ​ឆេក​ លោក Jan Lipavsky ​ដែល​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ ហើយ​ដែលត្រូវ​ទទួល​បាន​ដោយ​ទី​ភ្នាក់ងារ​ព័ត៌មាន​AFP​នោះ។​
២២:៤៩ ២៦.៩.២០២២

ថ្ងៃចន្ទ ទី ២៦ ខែកញ្ញា៖

  • ប្រធានាធិបតី​អ៊ុយក្រែនបាន​និយាយថា​ មាន​ការ​ប្រយុទ្ធគ្នា​យ៉ាងតឹងតែង​នៅបណ្តាខ្សែបន្ទាត់ជួរមុខ ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ ហើយ​រដ្ឋាភិបាល​អ៊ុយក្រែន​កំពុង​ទទួល​បាន​លទ្ធផលជា​វិជ្ជាមាន​ជុំវិញ​រឿង​នេះ។​ នេះ​បើតាម​ការ​ចេញផ្សាយ​របស់​វិទ្យុ​អឺរ៉ុបសេរី។​ នៅ​ក្នុង​សុន្ទរកថា​ប្រចាំ​រាត្រី​របស់​លោកកាល​ពី​យប់​ថ្ងៃ​អាទិត្យនេះ​ ប្រធានាធិបតី​អ៊ុយក្រែន ​លោក ​Zelenskyy​ បាន​អះអាង​ពី​ការរុល​ទៅ​មុខក្នុង​ការ​ប្រឆាំង​នឹងកងកម្លាំង​រុស្ស៊ី​ក្នុង​តំបន់​ Donetsk ​ខាងកើត​ តំបន់​ Kharkiv ភាគ​ឥសាន​ ​តំបន់ Zaporizhzhya និង​តំបន់​ Mykolayiv ភាគ​ខាង​ត្បូង។ លោកនិយាយ​ថា​ «យើងទទួល​បាន​លទ្ធផល​វិជ្ជមាននៅ​គ្រប់​មុខ​ព្រួញ​ជា​ច្រើន​កន្លែង»។
  • ប្រធាន​ទីភ្នាក់ងារបរមាណូ​អង្គការ​សហប្រជាជាតិ លោក ​Rafael Grossi​ បាន​និយាយនៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ លោកត្រៀម​ខ្លួន​រួច​រាល់​ហើយ​ ដើម្បី​ជួបពិភាក្សាជា​មួយ​ភាគី​ប្រទេស​អ៊ុយក្រែន​និង​រុស្ស៊ី​ក្នុង​សប្តាហ៍​នេះ​ ដើម្បី​បង្កើត​តំបន់​ការពារ​រោងចក្រថាមពល​នុយក្លេអែរ​ Zaporizhzhia ដែល​កំពុង​គ្រប់គ្រង​ដោយ​កងកម្លាំង​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ ដែល​លោក​បាននិយាយ​ជា​ញឹកញាប់ថា​ កំពុង​ត្រូវ​ការ​ការការពារ​ជា​បន្ទាន់​នោះ។​ «យើងមាន​ផែន​ការ​ដើម្បីពិភាក្សា​បញ្ហា​នេះ​នៅ​លើ​តុ។​ កាល​ពី​សប្តាហ៍​មុន​ ខ្ញុំមាន​ឱកាសចាប់​ផ្តើម​ការ​ពិគ្រោះយោបល់ជា​មួយ​ប្រទេស​អ៊ុយក្រែន​ និង​សហព័ន្ធរុស្ស៊ី​ ហើយ​ខ្ញុំបាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​បន្ត​ការ​ពិគ្រោះយោបល់ជា​មួយ​ប្រទេស​ទាំង​ពីរនេះ​ទៀត​ នៅ​ក្នុង​សប្តាហ៍​នេះ»។​ នេះបើតាម​លោក Grossi ​ដែល​បាន​ប្រាប់បណ្តារដ្ឋជា​សមាជិក​នៃទី​ភ្នាក់ងារ​បរមាណូ​អន្តរជាតិ​ ​នៅ​ក្នុង​កិច្ចប្រជុំ​មួយ។​
  • អ្នកជំនួញ​រុស្ស៊ី លោក​ Yevgeny Prigozhin បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះថា​ លោកបាន​បង្កើតក្រុមហ៊ុន​ទាហានស៊ីឈ្នួល​ឯកជន Wagner Group ក្នុងឆ្នាំ​២០១៤​ ដែល​នេះ​ជា​ការ​បញ្ជាក់ជា​សាធារណៈ​លើក​ទី១ របស់​លោកទៅលើ​អ្វី​ ដែល​លោក​ធ្លាប់បាន​បដិសេធ​និងប្តឹង​អ្នកសារព័ត៌មាន​ដែលបានរាយការណ៍​ក្នុង​ពេល​កន្លងទៅ​។ នេះបើតាម​សេចក្តីរាយការណ៍​របស់​ទី​ភ្នាក់ងារព័ត៌មាន Reuters។ ក្រុមទាហាន​ស៊ីឈ្នួល Wagner Group មាន​បុគ្គលិកជា​អតីត​ទាហាន​ជើងចាស់​រុស្ស៊ី ដែល​ធ្លាប់មាន​បទពិសោធន៍​ប្រយុទ្ធ​ក្នុង​ប្រទេស​លីប៊ី ស៊ីរី​ សាធារណរដ្ឋអហ្រ្វិកកណ្តាល​ ប្រទេសម៉ាលី​ និងក្នុង​ប្រទេស​ដទៃ​ផ្សេងៗ​ទៀត។​
  • ​យុវជន​រុស្ស៊ី​ដែល​មាន​អាយុ​អាច​ចួលរួមប្រយុទ្ធបាន​ មិនគួរ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាកចេញ​ពី​ប្រទេស​រុស្ស៊ីទៅ​ក្រៅប្រទេស​នោះឡើយ​ ។​ នេះបើតាម​ការលើក​ឡើង​របស់​សមាជិកសភា​ជាន់​ខ្ពស់​មួយ​រូប ដែល​ត្រូវ​បានស្រង់​សម្តី​នៅ​ថ្ងៃចន្ទ​នេះ ខណៈ​ពេល​ដែល​មានការ​ព្រួយបារម្ភ​ជា​សាធារណៈអំពី​ការ​បិទព្រំដែនដ៏​ធំ​របស់​រុស្ស៊ី ដែលនឹង​ត្រូវ​ប្រកាស​ឡើង​ដើម្បី​បញ្ឈប់​ពលរដ្ឋ​រុស្ស៊ី​មិន​ឱ្យ​គេចវេះ​ពី​កំណែនយោធា​នោះ។​ «យុវជន​រុស្ស៊ីគ្រប់រូប​ដែល​មាន​អាយុ​ជាប់​កំណែនយោធា គួរ​ត្រូវ​ហាមប្រាម​មិន​ឱ្យធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេសនៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះឡើយ។​ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក Sergei Tsekov ដែល​ជា​សមាជិកនៃ​សភាជាន់​ខ្ពស់​របស់​រុស្ស៊ី​ដែល​ជាក្រុមប្រឹក្សា​សហព័ន្ធ​នោះ។​ នេះ​បើតាមទី​ភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​ស្រង់​សម្តី​ទី​ភ្នាក់ងារព័ត៌មានរុស្ស៊ី RIA។
២២:១៥ ២៧.៩.២០២២

ថ្ងៃ​អង្គារ ទី ២៧ ខែកញ្ញា៖

  • ការ​ប្រយុទ្ធគ្នា​ដ៏​ខ្លាំង​ក្លា​កំពុងកើត​មាន​រវាង​កង​កម្លាំង​រុស្ស៊ី​ និង​អ៊ុយក្រែន​ នៅ​ផ្នែក​ជា​ច្រើននៃ​តំបន់​ភាគ​ខាង​កើត​អ៊ុយក្រែន​ និងតំបន់​ភាគ​ឦសាន​ទីក្រុង ​Kharkiv ខណៈ​រដ្ឋាភិបាល​ក្រុង​មូស្គូ​កំពុង​បន្ត​បង្រ្កាប​ការ​តវ៉ា​ប្រឆាំងក្នុង​ការធ្វើ​កំណែន​កងទ័ព​ដែល​ដាក់​ចេញ​ដោយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ​កាល​ពី​សប្តាហ៍​មុន។​ ​នេះ​បើ​តាម​ការ​ចេញផ្សាយរបស់​វិទ្យុ​អឺរ៉ុប​សេរី​នៅ​ថ្ងៃ​អង្គារ​នេះ។​ ​ប្រធានាធិបតី​អ៊ុយក្រែន​ លោក​ Volodymyr Zelenskyy ​បាន​និយាយ​ថា​ តំបន់ ​Donetsk ភាគ​ខាងកើតនៅ​តែ​ជា​តំបន់​អាទិភាព​យុទ្ធ​សាស្ត្រ​របស់អ៊ុយក្រែន​និង​រុស្ស៊ីនៅឡើយ​ ហើយ​ស្រប​ពេល​ដែល​ការ​វាយ​ប្រយុទ្ធ​គ្នា​កំពុង​កើត​ឡើង​នៅ​ក្នុង​ទី​ប្រជុំជន​ជា​ច្រើន ខណៈ​កងទ័ព​រុស្ស៊ី​កំពុង​ព្យាយាមរុល​ទៅ​មុខ​នៅ​ទិស​ខាង​ត្បូង​ និង​ខាង​លិច។​
  • អតីត​ប្រធានាធីបតី​រុស្ស៊ី​លោក​ Dmitry Medvedev ​បាន​និយាយនៅថ្ងៃ​អង្គារ​នេះ​ថា​ រដ្ឋាភិបាល​ក្រុង​មូស្គូ​មាន​សិទ្ធិ​ការពារ​ខ្លួនដោយ​ប្រើ​អាវុធ​នុយក្លេអ៊ែរ ​ប្រសិន​បើ​រុស្ស៊ីត្រួវ​បាន​រុញ​ហួស​កម្រិត​កំណត់​មួយ​ ហើយ​ថា ​រឿង​នោះមិន​មែន​ជា​រឿងកម្លា​នោះ​ឡើយ។​ នេះ​បើតាម​សេចក្តី​រាយ​ការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters។ ​លោក ​Medvedev ​អនុប្រធាន​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​របស់រុស្ស៊ីក៏​បាន​ព្រមាន​ផង​ដែរ​ថា​ រដ្ឋាភិបាល​ក្រុង​មូស្គូ​មាន​សិទ្ធិក្នុង​ការ​ឆ្លើយ​តប​ដោយ​«មិន​ចាំបាច់​ធ្វើ​ការ​ពិគ្រោះ​យោបល់​ច្រើន​នោះ​ឡើយ»​ ខណៈ​ពេល​ដែល​ភាព​តាន​តឹង​កំពុងកើន​ឡើងជា​មួយ​ប្រទេស​លោក​ខាងលិច​ទាក់ទង​ការ​ធ្វើ​ប្រជាមតិ​នៅ​ក្នុង​តំបន់​ជា​ច្រើន​នៃ​ទឹកដី​អ៊ុយក្រែន​ ដែល​កាន់កាប់​ដោយ​កង​កម្លាំង​រុស្ស៊ី​នោះ។
  • ប្រធានាធិបតី​រុស្ស៊ី​លោក ​Vladimir Putin ​ទំនង​ជា​នឹង​ធ្វើ​សេចក្តី​ប្រកាស​មួយ​ក្នុង​ការ​ដាក់​បញ្ចូលតំបន់​ដែល​ត្រួត​ត្រា​ដោយ​រុស្ស៊ីក្នុង​ប្រទេស​អ៊ុយក្រែន​ ​ទៅ​ជា​ផ្នែក​មួយនៃ​សហ​ព័ន្ធ​រុស្ស៊ី​ នៅ​ក្នុង​អំឡុង​ពេល​នៃការ​ថ្លែង​សុន្ទករថា​របស់​លោកទៅ​កាន់​សភា​រុស្ស៊ី​នៅថ្ងៃ​ទី​៣០​ ខែ​កញ្ញា​ ខាង​មុខ​នេះ។​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់ក្រសួង​ការពារ​ជាតិ​ប្រទេស​អង់គ្លេស​នៅ​ថ្ងៃ​អង្គារ​នេះ។​ ​ការ​ធ្វើ​ប្រជា​មតិ​ដែល​នៅ​ពេល​នេះ​កំពុង​ប្រព្រឹត្ត​ទៅនៅ​ក្នុង​ទឹកដី​ទាំង​នេះនោះ គ្រោង​បញ្ចប់នៅ​ថ្ងៃ​ទី​២៧​ ខែ​កញ្ញា​នេះ។ នេះ​បើ​យោង​ទៅក្រសួង​ការពារ​ជាតិ​អង់គ្លេស​ ដែល​បាន​និយាយ​នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ថ្ងៃ​បង្ហោះ​តាម​បណ្តាញ​ Twitter។ ​
  • ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​និយាយ​នៅ​ថ្ងៃ​អង្គារថា​ ការ​ចូល​ឈ្លាន​ពាន​របស់​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែន​បាន​បង្កើត​ឱ្យមាន​ស្ថានភាព​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ និង​នាំ​ទៅ​ដល់​ការ​រំលោភ​សិទ្ធិ​មនុស្សជា​ច្រើន​ ដែល​ក្នុង​នោះ​រួម​មាន​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​និង​ការ​ធ្វើ​ទារុណ​កម្ម​ ដែល​អាច​ជាក្លាយ​ជាឧក្រិដ្ឋកម្ម​សង្គ្រាម។​ ​ការិយាល័យ​នៃ​ឧត្តម​ស្នងការសិទ្ធិ​មនុស្សអង្គការ​សហ​ប្រជាជាតិ​ OHCHR ​បាន​លើក​ឡើង​នៅ​ក្នុង​របាយ​ការណ៍​ថា ​ខ្លួន​មាន​ការ​បារម្ភ​ជា​ពិសេសអំពី​ការ​ធ្វើ​ទារុណ​កម្មនិង​ការ​ធ្វើ​បាប​ទៅ​លើ​អ្នក​ជាប់​ឃុំឃំាង​ ដោយ​កង​កម្លាំង​រុស្ស៊ី​ និង​ក្រុម​ប្រដាប់​អាវុធ​ពាក់ព័ន្ធ​ផ្សេងៗ​ ប៉ុន្តែ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ ​មាន​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ដោយ​ភាគី​ទាំង​ពីរ​គឺ​រុស្ស៊ី​ និង​អ៊ុយក្រែន។​ ​នេះ​បើតាម​សេចក្តី​រាយ​ការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន ​Reuters។
  • រដ្ឋមន្ត្រី​ការ​បរទស​បារាំងលោក​ស្រី ​Catherine Colonna​ បានធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋធានី​កៀវ​ ប្រទេស​អ៊ុយក្រែននៅ​ថ្ងៃ​អង្គារ​នេះ​ ក្នុង​ដំណើរ​ទស្សន​កិច្ច​មួយ​ដែល​មិន​បាន​ប្រកាស​ឱ្យ​ដឹង​ជា​មុន​ ដើម្បី​បង្ហាញ​នូវ​ការ​គាំទ្រ​របស់​ប្រទេស​បារាំង​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​ ដែលកំពុង​ត្រូវ​បាន​ឈ្លាន​ពាន​ដោយ​ប្រទេស​រុស្ស៊ី​នោះ។​ «អរុណ​សួស្តី​ប្រទេស​អ៊ុយក្រែន!​ ខ្ញុំ​រីករាយ​ក្នុង​ការ​ត្រឡប់​មក​កាន់​ប្រទេស​អ៊ុយក្រែន​ជាថ្មី»។​ នេះ​បើតាម​សាររបស់​លោក​ស្រី​បង្ហោះនៅ​លើ​បណ្តាញ​ Twitter​ ដោយ​អម​ជា​មួយ​រូប​ថត​មួយ​សន្លឹករបស់​លោកស្រីកំពុង​ដើរ​ក្នុង​រដ្ឋធានី​កៀវ​ ជា​មួយ​លោក​ Etienne de Poncins​ ឯក​អគ្គរដ្ឋទូតបារាំង​ប្រចាំ​ប្រទេស​អ៊ុយក្រែន​ផង​ដែរ។​
  • ប្រធានាធិបតី​ប្រទេស​កាហ្សាក់ស្ថាន​និយាយនៅ​ថ្ងៃ​អង្គារ​ថា​ ប្រទេស​របស់​លោក​នឹង​ធានា​នូវ​សុវត្ថិ​ភាពពលរដ្ឋ​រុស្ស៊ី​ ដែល​បាន​រត់​គេច​ពី​កំណែន​យោធា។​ នេះ​បើតាម​សេចក្តី​រាយ​ការណ៍​របស់​ទី​ភ្នាក់ងារព័ត៌មាន ​AFP ​ដែល​បាន​ស្រង់​សម្តីទី​ភ្នាក់ងារ​ព័ត៌​មាន​រុស្ស៊ី​មួយ​ចំនួន។ ប្រធានាធិបតី ​កាហ្សាក់ស្ថាន​លោក ​Kassym-Jomart Tokayev ​និយាយ​ថា «ពួក​គេ​ជា​ច្រើន​ត្រូវ​បង្ខំចិត្ត​ចាក​ចេញពី​ប្រទេស​របស់​ខ្លួន​ ដោយស្ថាន​ភាព​អស់​សង្ឃឹម។​ យើង​ត្រូវ​តែ​យក​ចិត្ត​ទុកដាក់​ទៅ​លើ​ពួក​គេ»។​ ​ជា​សម្ព័ន្ធ​មិត្តដ៏​ជិត​ស្និទ្ធ​មួយ​របស់​រុស្ស៊ី ​ ប្រទេស​កាហ្សាក់ស្ថានធ្លាប់​បាន​និយាយ​ថា​ ខ្លួន​នឹង​មិន​ទទួល​ស្គាល់​នូវអ្វី​ដែល​ជា​លទ្ធផល​ធ្វើ​ប្រជាមតិ ដែល​រៀបចំ​ឡើង​ដោយ​រដ្ឋាភិបាល​មូស្គូ ​នៅ​លើ​ទឹកដី​អ៊ុយក្រែន​ដែល​កំពុង​កាន់កាប់​ដោយ​កងទ័ព​រុស្ស៊ី​នោះ​ឡើយ។
០០:១០ ២៩.៩.២០២២

ថ្ងៃពុធ ទី ២៨ ខែកញ្ញា៖

  • ក្រោយ​ការ​ធ្វើ​ប្រជា​មតិ​ដ៏​ប្រញាប់​ប្រញាល់​ ដែល​ក្រុម​ប្រទេស​លោក​ខាង​លិច​បាន​ថ្កោល​ទោស​ថា​ ជា​រឿង​គួរ​ឱ្យ​ខ្មាសអៀន ​មិនត្រឹមត្រូវតាមច្បាប់​នោះ​ ​មន្ត្រីរដ្ឋបាលដែល​លើក​បន្ទុប​ដោយ​រុស្ស៊ី​ក្នុង​តំបន់​ Luhansk​ របស់​អ៊ុយក្រែន បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ លោក​បានស្នើ​ជា​ផ្លូវ​ការ​ឱ្យ​ប្រធានាធិបតី​រុស្ស៊ី​លោក ​Vladimir Putin ​ប្រកាស​ដាក់​បញ្ចូល​តំបន់​នេះ​ទៅក្នុង​ទឹកដី​របស់​រុស្ស៊ី។​ មេដឹកនាំ​ផ្តាច់​ខ្លួន​ លោក ​Leonid Pasechnik​ បាន​លើក​ឡើង​ថា​ «ដោយទទួល​យកការណ៍​ពិត​ដែលពលរដ្ឋ​នៃ​សាធារណរដ្ឋ ​Luhansk ​បាន​បោះ​ឆ្នោត​យល់ព្រម​តាម​រយៈ​សេចក្តី​សម្រេច​នៃ​ការធ្វើ​ប្រជាមតិនោះ​ ​ខ្ញុំ​សូម​ស្នើលោក​ប្រធានាធិបតី​ពិចារណា​ប្រកាស​ដាក់​បញ្ចូល​សាធារណ​រដ្ឋ ​Luhansk ​ឱ្យ​ក្លាយ​ជាផ្នែក​មួយរបស់​សហ​ព័ន្ធរុស្ស៊ី»។​ នេះបើតាម​សេចក្តី​រាយ​ការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters។
  • ធនាគារ៣​ចុង​ក្រោយ​របស់​ប្រទេស​តួកគី​ ដែល​នៅ​តែដំណើរ​ការ​ប្រើប្រាស់​ការទូទាត់​តាម​រយៈ​កាតធនាគារ​ Mir ​របស់​រុស្ស៊ី​នោះ​ បាន​ដកចេញ​នូវ​កម្មវិធី​នេះក្រោម​ការ​ដាក់​សម្ពាធពី​សហ​រដ្ឋ​អាមេរិក។​ នេះបើ​តាម​មន្ត្រី​ជាន់ខ្ពស់​តួកគី​មួយ​រូប​ដែល​បាន​ថ្លែង​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន ​AFP​ នៅ​ថ្ងៃ​ពុធ​នេះ។ ​ការ​សម្រេច​ដក​ចេញនូវប្រព័ន្ធទូទាត់រ​បស់​រុស្ស៊ី​នេះ​ត្រូវបាន​ធ្វើ​ឡើង​បន្ទាប់ពី​មាន​ការ​ដាក់​សម្ពាធ​ជា​ខ្លាំង​ពីរដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ឱ្យប្រទេស​តួកគី​ ដែល​ជា​សមាជិក​របស់​អង្គការ​អូតង់​ផង​ដែរ ដាក់​កំហិត​នូវ​ទំនាក់​ទំនង​ខាង​ផ្នែក​សេដ្ឋកិច្ចដែលកំពុង​តែ​កើន​ឡើង​ជា​មួយ​ប្រទេស​រុស្ស៊ី។​ ក្រសួង​ហិរញ្ញ​វត្ថុ​សហ​រដ្ឋ​អាមេរិក​បាន​ព្រមាន​កាល​ពី​សប្តាហ៍​មុន​ថា​ ​ធនាគារ​តួកគី​ដែល​ដំណើរ​ការ​ទូទាត់ហិរញ្ញវត្ថុ​តាម​ប្រព័ន្ធ​កាត​របស់​ធនាគារ​រុស្ស៊ី​នោះ​កំពុង​ប្រឈម​នឹង​ហានិភ័យ​ក្នុង​ការគាំទ្រ​ដល់កិច្ច​ប្រឹង​ប្រែង​របស់​រុស្ស៊ី​គេច​វេស​ពីទណ្ឌកម្ម​របស់​អាមេរិក ហើយ​អាច​ទទួល​រង​នូវទណ្ឌកម្ម​ខ្លួន​ឯង។​
  • វិមាន​ក្រឹមឡាំង​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ការ​អះអាង​ដែល​ថា ​រុស្ស៊ី​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​ទៅ​លើ​បំពង់​បង្ហូរ​ឧស្ម័ន ​Nord Stream ​នោះ​គឺ​ជា​ការ​អះអាង​ល្ងង់ខ្លៅ​ និង​បាន​បន្ថែម​ថា ​ រដ្ឋាភិបាល​ក្រុង​មូស្គូ​មើល​ឃើញ​ថា​ ក្រុមហ៊ុន​អាមេរិកដែល​ផ្គត់ផ្គង់​ឧស្ម័ន​ទៅ​ឱ្យ​អឺរ៉ុបនោះ​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់។​ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters។ ​អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង​លោក​ Dmitry Peskov ​បាន​ប្រាប់​សន្និសីទ​សារ​ព័ត៌មាន​ប្រចាំ​ថ្ងៃតាម​ទូរស័ព្ទ​ជា​មួយ​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា​ ឧប្បតិ្ត​ហេតុ​នោះ​ចាំបាច់​ត្រូវ​តែ​មាន​ការ​ស៊ើប​អង្កេត​ ហើយពេល​វេលា​នៃ​ការ​ជួស​ជុល​បំពង់​បង្ហូរ​ប្រេង​នោះ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ។ អឺរ៉ុប​កំពុង​ស៊ើប​អង្កេត​អ្វី​ដែល​អាល្លឺម៉ង់ ​ដាណឺម៉ាក ​និង​ស៊ុយអែត​បាន​និយាយ​ថា​ ការ​វាយ​ប្រហារ​ដែល​បាន​បណ្តាល​ឱ្យ​មាន​ការ​លេច​ធ្លាយ​បំពង់​បង្ហូរ​ឧស្ម័ន​រុស្ស៊ី​ចំនួន​ពីរ​ដ៏ធំ​ចូល​ទៅ​ក្នុង​សមុទ្រ​បាល់ទិក​ ចំ​ពេល​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​លើ​បញ្ហា​ថាមពល​នេះ។​
  • វិមាន​ក្រឹមឡាំង​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ «ប្រតិបត្តិការ​យោធា​ពិសេស» ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ត្រូវ​បន្តទៅ​មុខ​ទៀត​រហូត​ដល់ប្រទេស​រុស្ស៊ី​អាច​គ្រប់គ្រង​បាន​ទាំង​ស្រុង​នូវ​តំបន់​ Donetsk ​នៅ​ភាគ​ខាង​កើតប្រទេស​អ៊ុយក្រែន។ នៅក្នុង​សន្និសីទ​តាម​ទូរស័ព្ទ​ជា​មួយ​ក្រុម​អ្នក​សារ​ព័ត៌មាន​ អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង​លោក​ Dmitry Peskov ​និយាយ​ថា យុទ្ធនាការ​យោធានៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​នឹង​បន្ត​កម្រិត​អប្បរមា​រហូត​ទាល់​តែ​រុស្ស៊ី​រំដោះ​បានទាំង​ស្រុងនូវ​សាធារណរដ្ឋ​ប្រជាមានិត ​Donetsk ​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​នោះ។​
  • ទីភ្នាក់ងារ​ព័ត៌មាន​ Reuters ​រាយ​ការណ៍​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ​ភូមិដ្ឋាន​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​មាន​ភាព​ស្ងាត់​ជ្រងុំ​ដោយ​សារ​ពលរដ្ឋ​អ៊ុយក្រែន​បាន​នាំ​គ្នា​រត់​គេច​ពីការ​ដាក់​តំបន់​ទាំងនោះ​ទៅជា​ផ្នែក​មួយ​របស់​ប្រទេស​រុស្ស៊ី។​ លោក ​Lyubomir Boyko ​អាយុ៤៣​ឆ្នាំ​ និយាយ​ទាំងអស់​សំណើេច​ថា​ «គួរ​ឱ្យ​ចង់​សើច។​ ទោះបី​គ្មាន​នរណា​ម្នាក់បោះ​ឆ្នោត​ ក៏​គេ​នៅ​តែ​ចេញ​លទ្ធផល»។ ​លោក​ Boyko ​ជាអ្នក​ភូមិ ​Golo Pristan ​ក្នុង​ខេត្ត ​Kherson​ ដែល​កាន់កាប់​ដោយ​រុស្ស៊ី។ លោក​កំពុង​រង់ចាំនៅខាង​មុខការិយាល័យផ្តល់​ជំនួយ​របស់​អង្គការ​សហ​ប្រជាជាតិជា​មួយ​គ្រួសារ​របស់​លោក​នៅ​ថ្ងៃ​ពុធ​នេះ​ក្នុង​មជ្ឈមណ្ឌល​ទទួល​ជនភៀស​ខ្លួន។ ​ស្រប​ពេល​ដែល​រុស្ស៊ីកំពុង​រៀប​ចំ​ដាក់​បញ្ចូល​ទឹក​ដី​មួយ​ផ្នែក​ធំ​របស់​អ៊ុយក្រែន​ដែល​មាន​ទំហំ​ប្រហាក់​ប្រហែល​នឹង​ប្រទេស​ព័រទុយហ្គាល់​ទៅ​ជា​ផ្នែក​មួយ​របស់​រុស្ស៊ី​បន្ទាប់​ពី​បាន​រៀប​ចំ​នូវ​អ្វី​ដែល​ជា​ការ​បោះ​ឆ្នោត​ធ្វើ​ប្រជា​មតិ​នៅក្នុង​ខេត្ត​ចំនួន​៤​ដែល​រុស្ស៊ី​កាន់កាប់​នោះ​ ​ពលរដ្ឋ​អ៊ុយក្រែន​ដែលបានរត់គេច​ខ្លួន បាន​ព៌ណនា​ថា ​ប្រជាជន​សើច​ ​ បើ​មិន​មានការ​គំរាម​កំហែង​ដ៏​ខ្លាំងនោះ។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG