ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

២២:២៥ ២៦.៨.២០២២

ថ្ងៃសុក្រ ទី ២៦ ខែសីហា៖

  • វិស្វករ​អ៊ុយក្រែន​មួយ​រូប​ដែល​ធ្វើ​ការ​ក្រោម​ការ​គ្រប់គ្រង​របស់​កង​កម្លាំង​រុស្ស៊ី​នៅ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ Zaporizhzhia ​របស់​អ៊ុយក្រែន​ ចាប់​តាំង​ពី​ថ្ងៃ​ទី​ ៤​ ខែ​មីនា​មក​នោះ បាន​ប្រាប់​វីអូអេ​ថា​ កងកម្លាំង​រុស្ស៊ី​បាន​ដាក់​កាំភ្លើង​ធំ ​និង​គ្រាប់​មីស៊ីល​ជា​ច្រើន​នៅ​ជិត​រោងចក្រ​នុយក្លេអ៊ែរ​នេះ​ ហើយ​បាន​ធ្វើ​ឱ្យ​មាន​ការ​ផ្ទុះ​នៅ​ទី​នោះ​ ទំនងជា​មាន​គោល​បំណង​ទម្លាក់​កំហុស​លើ​កងទ័ព​អ៊ុយក្រែន​ថា​ ជា​អ្នក​ធ្វើ។​ នេះ​បើតាម​ការ​ផ្សាយ​របស់​វីអេអូ​ជា​ភាសា​ហ្សកហ្ស៊ី
  • រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ Zaporizhzhia​ ដែល​រុស្ស៊ី​កំពុង​គ្រប់គ្រង​នោះ​ នៅ​ពេល​នេះ​បាន​ដំណើរ​ការ​ផ្តល់អគ្គិសនី​ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន​ឡើង​វិញ​ហើយ​នៅ​ថ្ងៃ​សុក្រ​នេះ​ បន្ទាប់​ពី​ម៉ាស៊ីន​រ៉េអាក់ទ័រ​មួយ​ក្នុង​ចំណោម​ម៉ាស៊ីន​រ៉េអាក់ទ័រ​ទាំង​ ៦​ ត្រូវ​បាន​ភ្ជាប់​ឡើង​វិញ​ទៅ​នឹង​បណ្តាញ​ចែកចាយ​ភ្លើង​របស់​ប្រទេស​អ៊ុយក្រែន។​ នេះ​បើ​តាម​ Energoatom ​ដែល​ជា​ក្រុម​ហ៊ុន​ថាមពល​នុយក្លេអ៊ែរ​រដ្ឋ​អ៊ុយក្រែន។ ​រដ្ឋាភិបាល​ក្រុងកៀវ​បាន​និយាយ​ថា​ រោងចក្រ​ថាមពល​នុយក្លែអ៊ែរ​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប​ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​អ៊ុយក្រែន​នេះ​ត្រូវ​បាន​កាត់​ផ្តាច់​ពី​បណ្តាញ​ចែក​ចាយ​អគ្គិសនី​របស់​អ៊ុយក្រែនជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់​ពី​អគ្គិភ័យ​បណ្តាល​មកពី​ការ​បាញ់​ផ្លោង​បាន​ធ្វើ​ឱ្យ​ខូច​ខាត​បង្គោល​ភ្លើង​មួយ​កន្លែង។ នេះ​បើតាម​សេចក្តី​រាយ​ការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters។​
  • ប្រធានាធិបតី​ប្រទេស​បេឡារុស​ លោក​ Alexander Lukashenko ​និយាយ​នៅ​ថ្ងៃ​សុក្រ​ថា​ យន្តហោះ​ចម្បាំង​ប្រភេទ​ SU-24​ របស់​ប្រទេស​លោក​ត្រូវ​បាន​កែ​សម្រួល​ដើម្បី​បំពាក់​អាវុធ​នុយក្លេអ៊ែរ ហើយ​រដ្ឋាភិបាល​ទីក្រុង​មីនស្កិ៍​អាច​ធ្វើ​ការ​ឆ្លើយ​តប​ភ្លាមៗ​ ប្រសិន​បើ​ប្រទេស​លោក​ខាង​លិច​ចង់​បង្ក​បញ្ហា​ជា​មួយ​ប្រទេស​លោក។ ទីភ្នាក់ងារ​សារ​ព័ត៌មាន​រដ្ឋ​ Belta ​របស់​បេឡារុស​ឱ្យ​ដឹង​ថា​ លោក ​Lukashenko ​និយាយ​ថា​ លោក​បាន​យល់​ព្រម​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក ​Vladimir Putin​ ធ្វើ​ទំនើប​កម្ម​យន្តហោះ​ចម្បាំង។ ​លោកថា៖ «វា​មិន​ស្រួល​ទេ​បង្ក​រឿង​ជាមួយ​ប្រទេស​បេឡារុស​ ពី​ព្រោះ​វា​នឹង​បង្ក​រឿង​ជាមួយ​រដ្ឋ​សម្ពន្ធ​មិត្ត​ ដែល​មាន​រុស្ស៊ី​ និង​បេឡារុស​ ដែល​មាន​អាវុធ​នុយក្លេអ៊ែរ។ ប្រសិន​បើ​គេ​បង្កើត​បញ្ហា​ ការ​ឆ្លើយ​តប​របស់​យើង​នឹង​ត្រូវ​ធ្វើ​ឡើង​យ៉ាង​ឆាប់​រហ័ស»។ ​នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters។​
  • នាយក​រដ្ឋមន្ត្រី​សាធារណរដ្ឋ​ឆែក​បាន​និយាយ​នៅ​ថ្ងៃ​សុក្រថា​ ប្រទេស​របស់​លោក​ក្នុង​នាម​ជា​ប្រធាន​សហភាព​អឺរ៉ុប​នឹង​កោះ​ប្រជុំ​ជា​បន្ទាន់​មួយ​ដើម្បី​ពិភាក្សា​អំពី​វិបត្តិ​ថាមពល​នា​ពេល​បច្ចុប្បន្ន​ បន្ទាប់​ពី​រុស្ស៊ី​ឈ្លាន​ពាន​ប្រទេស​អ៊ុយក្រែន។ នាយក​រដ្ឋមន្ត្រីឆែក​ លោក​ Petr Fiala ​បាន​បង្ហោះសារ​លើ​ Twitter ​ថា​ ក្នុង​នាម​ជា​ប្រធាន​សហភាព​អឺរ៉ុប​ ​ប្រទេស​ឆែក​នឹង​កោះ​ប្រជុំ​រដ្ឋមន្ត្រី​ថាមពល​ជា​បន្ទាន់​មួយ​ដើម្បី​ពិភាក្សា​លើ​វិធានការ​បន្ទាន់​ជាក់លាក់​ដើម្បី​ដោះ​ស្រាយ​ស្ថានភាព​ថាមពល​នេះ។ នេះ​បើតាម​ទី​ភ្នាក់ងារ​ព័ត៌មាន​ AFP។ ​
  • រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញ​វត្ថុ​តួកគី​បាន​ប្រាប់​ក្រុម​អ្នក​ជំនួញ​នៅ​ក្នុង​ប្រទេស​តួកគី​នៅ​ថ្ងៃ​សុក្រថា ​ពួក​គេ​មិន​គួរ​ព្រួយ​បារម្ភ​អំពី​ការគំរាម​កំហែង​ដាក់​ទណ្ឌកម្ម ​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ព្រមាន​នោះ​ទេ ប្រសិន​បើ​ពួក​គេ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ជនជាតិ​រុស្ស៊ី​ដែល​ទទួល​រង​ទណ្ឌកម្ម​នោះ។​ អនុ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញ​វត្ថុ​អាមេរិក​ លោក Wally Adeyemo ​បាន​ព្រមាន​ថា ធនាគារ​ និង​ក្រុមហ៊ុន​តួកគី​អាច​នឹង​ប្រឈម​ទណ្ឌកម្ម​បន្ទាប់​បន្សំ ប្រសិន​បើ​គេ​សហការ​ជាមួយ​ជនជាតិ​រុស្ស៊ី​ដែល​រង​ទណ្ឌកម្ម​ ក្នុងការឆ្លើយ​តប​ទៅ​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយ​ក្រែន៕
២២:១៤ ២៩.៨.២០២២

ថ្ងៃចន្ទ ទី ២៩ ខែសីហា៖

  • ថ្លែង​ក្នុងសន្និសីទ​ស្តី​ពី​ឧស្ម័ន​និង​ថាមពល​ក្នុង​ប្រទេស​ន័រវែស​តាមរយៈ​វីដេអូមួយ ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាននិយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ប្រទេស​រុស្ស៊ី​កំពុងព្យាយាម​រារាំង​ប្រទេស​អឺរ៉ុប​មួយ​ចំនួនមិន​ឱ្យ​បូមប្រេងស្តុក​ក្នុង​ឃ្លាំង​របស់​គេ​ឱ្យ​បាន​គ្រប់គ្រាន់​សម្រាប់ទប់ទល់​នឹង​រដូវ​រងា​ខាង​មុខ​នេះឡើយ។​ នេះបើ​យោងា​តាម​សេចក្តីរាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។ ​
  • អគ្គនាយក​នៃ​គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ ICRC ​លោក Robert Mardini កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែនក្នុង​សប្តាហ៍​នេះ​ ដើម្បីធ្វើ​សកម្មភាព​មនុស្សធម៌​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ ICRC ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍មួយ​នៅ​ថ្ងៃ​ចន្ទ​នេះ។ ក្នុង​អំឡុង​ពេល​ស្ថិតនៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ លោក Mardini នឹង​ជួប​ជា​មួយ​សហគមន៍​អ៊ុយក្រែន​ ដែល​ទទួល​បាន​ការ​គាំទ្រ​របស់ ICRC ក៏​ដូច​ជា​ក្រុមគ្រួសារ​របស់​ឈ្លើយសឹកអ៊ុយក្រែន​ផង​ដែរ។ គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ​ក៏​បាននិយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា​ លោក Mardini ក៏​នឹង​មាន​គម្រោងធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​រុស្ស៊ី​ផង​ដែរ​ នៅ​ក្នុង​កិច្ចប្រឹងប្រែងដើម្បី​បន្ត​ការងាររបស់​អង្គការមនុស្សធម៌​មួយ​នេះ ស្តី​ពី​«ការ​ពិភាក្សាទ្វេភាគី​ជុំវិញ​បញ្ហាមនុស្សធម៌»។
  • នាយករដ្ឋមន្ត្រីស៊ុយអែត​ លោក​ស្រី Magdalena Andersson ​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ប្រទេស​ស៊ុយអែត​នឹង​ផ្តល់​ជំនួយ​យោធា​ដល់​ប្រទេស​អ៊ុយក្រែន​ ដែល​មាន​ទឹកប្រាក់​ប្រមាណ​ជិត​ ៤៧ ​លាន​ដុល្លារ​អាមេរិក​ ដើម្បី​ជួយ​ប្រទេស​នេះ​ការពារខ្លួនពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters។ លោកស្រី​ Andersson បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន ក្រោយ​ទទួល​ជួប​រដ្ឋមន្ត្រី​ការបរទេស​ការ​បរទេស​អ៊ុយក្រែនលោក Dmytro Kuleba នៅ​ក្នុង​ជំនួប​មួយ ដែល​រដ្ឋាភិបាលរបស់​លោក​ស្រី​នឹង​ផ្តល់កញ្ចប់​ប្រាក់​ជំនួយ​បន្ថែម ​ដែល​មាន​តម្លៃ​សរុប​ប្រមាណ​ជិត​៩៤​លាន​ដុល្លារ​អាមេរិក​ ដែល​ជា​ជំនួយ​យោធា​និង​ជំនួយ​ស៊ីវិល​ដល់​ប្រទេស​អ៊ុយក្រែន​នោះ។​ លោក Kuleba បាន​ស្នើសុំ​ប្រទេស​ស៊ុយអែត​នូវ​អាវុធ​មួយ​ចំនួន​ ដូច​ជា​កាំភ្លើង​ធំ howitzer និង​គ្រាប់​ផ្លោង​ជា​ដើម។ ​
  • កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​និង​ការពារជាតិសហភាព​អឺរ៉ុប​ ដែល​នឹង​ប្រព្រឹត្ត​ទៅក្នុង​រដ្ឋធានី​ប្រាក​ សាធារណរដ្ឋ​ឆែកនៅ​សប្តាហ៍​នេះ​ នឹង​ពិភាក្សា​គ្នាពី​ជម្រើស​នានា​ស្តី​ពីការ​បង្កើត​បេសកកម្មបណ្តុះបណ្តាល​យោធា​របស់​សហភាព​អឺរ៉ុប​សម្រាប់​កងកម្លាំង​អ៊ុយក្រែន​ ក៏​ដូច​ជា​ការពិនិត្យមើល​ទៅ​លើ​ការ​អំពាវនាវរបស់រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប​មួយ​ចំនួន​ ដែល​បាន​ស្នើ​សុំឱ្យ​ដាក់​បម្រាម​ទៅ​លើអ្នក​ទេសចរ​រុស្ស៊ី​ ដែលចង់ទៅ​លេង​ប្លុក​មួយ​នេះ។​ ប្រទេស​សហភាព​អឺរ៉ុប​មួយ​ចំនួន​កំពុង​បង្វឹក​កងកម្លាំងអ៊ុយក្រែន​មួយ​រយៈ​ហើយ​ ដែលភាគ​ច្រើន​គឺ​ជួយ​ពួក​គេ​ឱ្យ​ចេះពី​របៀប​ប្រើប្រាស់​អាវុធ ដែល​បាន​ផ្តល់​ឱ្យ​ដោយ​ប្រទេស​លោក​ខាងលិច​ ដើម្បី​ឱ្យ​អ៊ុយក្រែនអាច​ធ្វើ​ការ​ប្រយុទ្ធ​ទប់​ទល់​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​បាន​។​ គេ​នៅមិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា​ ​តើ​កម្មវិធីបណ្តុះបណ្តាលរបស់​សហភាព​អឺរ៉ុប នឹង​មានមូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ណា​ ហើយ​មាន​អាណត្តិ​រយៈពេល​ប៉ុន្មាន​នោះ​ឡើយ។​ នេះ​បើ​តាមមន្រ្តី​ការទូតសហភាព​អឺរ៉ុបមួយ​ចំនួន​ ​ដែល​បាន​ប្រាប់ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​មុន​កិច្ចប្រជុំថ្នាក់​រដ្ឋមន្ត្រី​ការពារជាតិ​សហភាព​អឺរ៉ុប​នៅថ្ងៃ​ចន្ទ​និង​ថ្ងៃអង្គារ​នេះ។​
  • កងកម្លាំង​អ៊ុយក្រែន​បាន​ចាប់ផ្តើម​ធ្វើ​ការ​វាយបកដើម្បី​ដណ្តើម​យក​ទីក្រុង Kherson​ ដែល​ស្ថិត​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយក្រែន​មក​វិញ ដែល​បច្ចុប្បន្ន​កំពុង​គ្រប់គ្រង​ដោយ​កងកម្លាំង​រុស្ស៊ី។ នេះ​បើ​យោង​តាម​មន្ត្រី​រដ្ឋាភិបាល​មូលដ្ឋាន​ម្នាក់​ ដែល​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ។​ អនុប្រធាន​ក្រុមប្រឹក្សាតំបន់​ Kherson ​លោកSergey Khlan បាន​ប្រាប់ប៉ុស្តិ៍​ទូរទស្សន៍ Pryamyi ថា​ «ថ្ងៃនេះ​ មាន​ការ​វាយប្រហារ​ដោយ​គ្រាប់​ផ្លោង​យ៉ាង​ខ្លាំង​ទៅលើ​ទីតាំង​ខ្មាំងសត្រូវ​ នៅ​ក្នុង​ទឹកដីនៃ​តំបន់​ទីក្រុង Kherson ដែល​កំពុង​គ្រប់គ្រង​ដោយ​រុស្ស៊ី​»។​ នេះ​បើ​យោង​តាម​ទី​ភ្នាក់ងារ​ព័ត៌មាន AFP។
  • ប្រទេស​ហូឡង់​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ខ្លួន​នឹង​បញ្ជូន​ក្រុម​អ្នក​ស៊ើប​អង្កេត​៣ក្រុមបន្ថែម​ទៀត​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន​ ដើម្បី​គាំទ្រ​ដល់​ការ​ស៊ើបអង្កេត​របស់តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ចាប់​តាំង​ពី​រុស្ស៊ី​ចូល​ឈ្លានពានទៅក្នុង​ប្រទេសនេះ​។​ បេសកកម្ម​នេះ​ត្រូវ​បាន​គ្រោង​ធ្វើ​ឡើង​នៅ​ចុង​ឆ្នាំ​២០២២​ និង​ឆ្នាំ​២០២៣ បន្ទាប់​ពីការ​បញ្ជូន​អ្នកស៊ើបអង្កេត​ហូឡង់ជា​ច្រើន​នាក់​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន​ កាលពី​ខែ​ឧសភា​កន្លង​ទៅ​ ​ដែល​ជា​ផ្នែក​មួយនៃ​ការ​បញ្ជូនក្រុម​អ្នក​ស៊ើបអង្កេត​ដ៏​ធំ​បំផុត​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន។​ នេះ​បើ​តាមការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP ។
  • ​អ្នកថ្មើរជើង​ម្នាក់​និង​ពលរដ្ឋមួយ​ចំនួន​ទៀត​ដែល​គេ​មិន​បាន​ដឹង​ចំនួន​ច្បាស់បានស្លាប់​បន្ទាប់​ពី​មាន​ការ​បាញ់​ផ្លោង​ដាក់លំនៅដ្ឋានជាច្រើន​ខ្នងក្នុង​ទីក្រុង ​Mykolaiv​ នៅ​ថ្ងៃ​ចន្ទ​នេះ​ ​ដោយ​កងកម្លាំង​រុស្ស៊ី។​ នេះ​បើ​តាម​សារ​បង្ហោះ​នៅ​លើបណ្តាញ​តេឡេក្រាម​របស់អភិបាល​តំបន់​លោក Vitaliy Kim។​ ​សារបង្ហោះ​របស់​លោកនិយាយ​ថា៖​ «​កណ្ដាល​ទី​ក្រុង​នេះ​កំពុង​ទទួល​រងនូវ​ការ​បាញ់​ផ្លោងយ៉ាង​ខ្លាំង​ក្លា​។​ មាន​គ្រាប់​រ៉ុក្កែត​ជាច្រើន​កំពុង​បាញ់​ចេញ។​ សូម​កុំ​ចេញ​ពី​ទីជម្រក​របស់​អស់​លោក​អ្នក»។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
២១:០៧ ៣០.៨.២០២២

ថ្ងៃអង្គារ ទី ៣០ ខែសីហា៖

  • ក្រុម​អាជ្ញាធរ​ដែលរុស្ស៊ី​លើក​បន្តុបនៅ​ក្នុង​ទីក្រុង ​Enerhodar ​ប្រទេស​អ៊ុយក្រែន​ បាន​ចោទ​ប្រកាន់​កងកម្លាំង​អ៊ុយក្រែននៅថ្ងៃ​អង្គារ​នេះ ​ថា​បាន​បាញ់ផ្លោងជា​ថ្មី​ដាក់តំបន់នៅ​ក្បែរទីតាំង​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia។ នេះបើតាម​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​ដកស្រង់​ការ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន TASS របស់​រុស្ស៊ី។​ អាជ្ញាធរ​ក្នុង​ទីក្រុង​នេះ​និយាយ​ថា​ គ្រាប់ផ្លោង​២​គ្រាប់​ បាន​ផ្ទុះ​នៅ​ជិត​កន្លែង​ស្តុកប្រេងរបស់​រោងចក្រ​នេះ​។ ​
  • បណ្ដាញ​ព័ត៌មាន CNN រាយការណ៍​ថា អ្នក​ជំនាញ​មួយ​ក្រុម​ដែល​មាន​គ្នា​១៤​នាក់ មក​ពី​ទីភ្នាក់ងារថាមពល​បរមាណូ​អន្តរជាតិ​ បាន​មក​ដល់រដ្ឋធានី​កៀវ​នៃ​ប្រទេស​អ៊ុយក្រែនហើយ​ មុននឹង​ធ្វើ​ដំណើរ​បន្ដ​ទៅ​ត្រួត​ពិនិត្យ​មើល​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia ដែល​ស្ថិត​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​អ៊ុយក្រែន​ ក្នុង​សប្តាហ៍​នេះ។​ បេសកកម្មត្រួត​ពិនិត្យ​ដែល​ដឹកនាំ​ដោយប្រធានរបស់​ទីភ្នាក់ងារ​នេះ​គឺ​លោក Rafael Grossi កើត​មាន​ឡើងក្រោយពី​មានការ​បន្ត​បាញ់​ផ្លោងនៅ​ជុំវិញ​រោងចក្រ​នេះ​ ​និង​ការ​បារម្ភ​ពី​គ្រោះថ្នាក់ដោយ​យថាហេតុ​ណា​មួយ​ទៅ​លើ​រោងចក្រ​នុយក្លេអ៊ែរ​នេះ។
  • ប្រទេស​អ៊ុយក្រែន​បាន​នាំចេញស្បៀងអាហារ​ប្រមាណ​១លាន​៥សែន​តោន​ហើយ​រហូត​មក​ដល់​ពេល​នេះ​ នៅ​ក្រោម​កិច្ចព្រមព្រៀង​មួយ​ដែល​សម្របសម្រួល​ឡើង​ដោយអង្គការ​សហប្រជាជាតិនិង​ប្រទេស​តួកគី ដើម្បី​បើក​កំពង់​ផែសមុទ្រ​របស់​ប្រទេស​នេះ​ឡើងវិញ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មានReuters។ ការ​នាំចេញ​ស្បៀង​របស់​អ៊ុយក្រែន​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង បន្ទាប់​ពីរុស្ស៊ី​បាន​ចូល​ឈ្លានពាន​ប្រទេស​នេះកាល​ពីចុងខែ​កុម្ភៈ​កន្លង​ទៅ​ នឹង​បាន​បិទ​កំពង់ផែនានា​របស់​អ៊ុយក្រែន​នៅ​តំបន់​សមុទ្រ​ខ្មៅ​នោះ។​ ការ​បិទ​ខ្ទប់​នេះបាន​ធ្វើឱ្យ​តម្លៃ​ស្បៀង​អាហារ​នៅ​ជុំវិញ​ពិភពលោក​មាន​ការ​កើន​ឡើងខ្ពស់​ និង​ធ្វើ​ឱ្យ​មាន​ការ​ខ្វះខាត​ស្បៀងអាហារ​នៅផ្នែក​ខ្លះក្នុង​តំបន់​មជ្ឈិមបូព៌ា​ និង​ទ្វីប​អាហ្រ្វិក។
  • បើ​ទោះ​បី​ជា​សង្គ្រាម​កំពុង​កើត​មាន​ជា​មួយរុស្ស៊ី​ក្តី​ ក៏​សាលារៀន​ជា​ច្រើន​នៅក្នុង​ប្រទេស​អ៊ុយក្រែន​នឹង​បើកទ្វារ​ទទួល​សិស្ស​ចូលរៀន​ឡើង​វិញ​នៅ​ថ្ងៃ​ទី​១​ ខែ​កញ្ញា​ខាង​មុខ​នេះ​។​ នេះ​បើតាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន​ The Kyiv Independent។ សារព័ត៌មាន​នេះ​បាន​ចុះផ្សាយ​ថា៖ «ខណៈ​ពេល​ដែលការ​បើក​សាលារៀន​ជិត​ចូល​មក​ដល់​ កងកម្លាំង​រុស្ស៊ី​កំពុង​បន្ត​បង្កើនការ​វាយ​ប្រហារ​របស់​ខ្លួននៅ​ភាគ​ខាង​កើត​និង​ខាង​ត្បូង​អ៊ុយក្រែន»។ សារព័ត៌មាន​នេះ​បាន​ចុះ​ផ្សាយ​ទៀត​ថា៖ «បើ​ទោះ​បី​ជាភាពប្រក្រតី​បាន​ត្រឡប់​មក​វិញ​នៅក្នុង​ទីក្រុង​នានា​ដែល​ស្ថិត​នៅ​ឆ្ងាយ​ពីទីតាំង​ជួរ​មុខ​នៃ​សមរភូមិ​ប្រយុទ្ធ​ ដូច​ជា​រដ្ឋធានី​កៀវ​ និង​ទីក្រុង Lviv ជា​ដើម​ក្តី​ ក៏ការ​វាយ​ប្រហារ​មិន​រើស​មុខ​របស់​រុស្ស៊ី​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​ នៅ​តែ​អាច​កើត​មាននៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន​ដដែល»។​
  • រដ្ឋាភិបាល​រុស្ស៊ី នៅ​ថ្ងៃ​អង្គារ​នេះ បាន​រិះគន់​ទៅ​លើការ​អំពាវនាវរបស់​មេដឹកនាំ​អឺរ៉ុប​មួយ​ចំនួន​ ដែល​បាន​ស្នើ​ឱ្យ​មាន​ការដាក់​បម្រាមលើ​ទិដ្ឋាការសម្រាប់​ទេសចរ​ជនជាតិ​រុស្ស៊ី​ ដោយ​ហៅ​ថាជា​រឿង​មិន​សម​ហេតុផល និង​ជា​ការ​បង្ហាញ​នូវ​របៀបវារៈប្រឆាំងរុស្ស៊ីរបស់​បស្ចិម​ប្រទេស។​ រដ្ឋជា​សមាជិកសហភាព​អឺរ៉ុប​មួយ​ចំនួននៅភាគ​ខាង​កើត​និង​ខាង​ជើង​បាន​ស្នើ​ដាក់​បម្រាម​លើការផ្តល់​ទិដ្ឋាការ​ដល់​អ្នក​ទេសចរ​រុស្ស៊ី​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ចូល​ឈ្លានពាន​របស់​ប្រទេស​នេះ​ទៅ​លើ​អ៊ុយក្រែន​ ដោយ​និយាយ​ថា​ ការ​ធ្វើ​ដំណើរ​ទៅ​លេង​អឺរ៉ុប​របស់​ក្រុម​អ្នក​ទេសចរ​រុស្ស៊ី ជា​កិត្តិយស​មួយ​ មិន​មែន​ជា​សិទ្ធិ​ដែល​គេ​មានឡើយ​ ប៉ុន្តែ​ប្រទេស​ជា​សមាជិក​សភាព​អឺរ៉ុប​សំខាន់ៗដូច​ជា​បារាំង​និង​អាល្លឺម៉ង់​ជា​ដើម​ បាន​ប្រឆាំង​ទៅ​លើ​សំណើ​នេះ​ ដោយ​លើក​ឡើង​ថា ​ទង្វើ​នេះអាច​ជះ​ផល​មិន​ល្អ​ទៅ​លើ​ពួក​គេ​វិញ។ នេះ​បើ​តាម​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។
  • យ៉ាង​ហោច​ណាស់​មាន​មនុស្ស​៥​នាក់បាន​ស្លាប់នៅថ្ងៃ​អង្គារ​នេះ​ នៅ​ពេល​ដែល​គ្រាប់​ផ្លោង​រុស្ស៊ី​ បាន​ធ្លាក់​ចំកណ្តាល​ទី​ក្រុង Kharkiv ដែល​ជា​ទីក្រុង​ធំ​បំផុត​ទី​២​របស់​អ៊ុយក្រែន។​ នេះ​បើ​តាមការ​ឱ្យ​ដឹងរបស់​អភិបាល​ក្រុង​នេះ​ គឺ​លោក Igor Terekhov។​ អភិបាលក្រុង​រូប​នេះ​ក៏​បាននិយាយនៅ​ក្នុង​សារ​បង្ហោះ​លើ​តេឡេក្រាម​របស់​លោក​ដែរ​ថា​ មាន​មនុស្ស​៧​នាក់​ ក៏​បាន​រង​របួស​នៅក្នុង​ការ​វាយ​ប្រហារដោយ​គ្រាប់​ផ្លោង​នោះផង​ដែរ។​ នេះ​បើតាម​ការ​ចេញ​ផ្សាយ​របស់ទី​ភ្នាក់ងារព័ត៌មាន AFP។
២២:២០ ៣១.៨.២០២២

ថ្ងៃពុធ ទី ៣១ ខែសីហា៖

  • ប្រទេស​រុស្ស៊ី​បាន​បញ្ឈប់​ការ​ផ្គត់ផ្គង់​ឧស្ម័ន​តាមរយៈ​ផ្លូវ​បញ្ជូនដ៏​សំខាន់របស់​អឺរ៉ុប​នៅ​ថ្ងៃ​ពុធនេះ។ នេះ​បើ​យោង​ទៅ​លើ​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។​ ការ​ផ្អាក​នេះ​បាន​បង្កើន​ឱ្យ​មាន​ការ​តស៊ូ​ផ្នែក​សេដ្ឋកិច្ច ​រវាង​រដ្ឋាភិបាល​ក្រុង​មូស្គូ​និង​សហភាព​អឺរ៉ុប​ ក៏​ដូច​ជា​ការ​បង្កើន​នូវ​ភាព​រំពឹង​ទុក​ជា​មុន​នៃ​សេដ្ឋកិច្ចធ្លាក់​ចុះ​ និង​ការ​ផ្តល់​ថាមពល​ដែល​មាន​ចំនួន​កំណត់ ទៅ​ដល់​ប្រទេសដែល​រីកចម្រើន​ខ្លាំង​បំផុត​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អឺរ៉ុប។​ រដ្ឋាភិបាល​ប្រទេស​អឺរ៉ុបមួយ​ចំនួន​បារម្ភ​ថា​ រដ្ឋាភិបាល​ក្រុង​មូស្គូ​អាច​បន្តផ្អាក​ការ​ផ្តល់​ថាមពល​ ជា​ការ​សងសឹក​ទៅ​លើ​ការ​ដាក់​ទណ្ឌកម្មពី​ប្រទេស​លោក​ខាង​លិច​មក​លើ​ខ្លួន​ ដែល​បាន​ចូល​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​ និង​បាន​ចោទប្រកាន់​រុស្ស៊ី​ថា ​បាន​ប្រើប្រាស់​ការ​ផ្គត់ផ្គង់​ថាមពល​ធ្វើ​ជា«​អាវុធសង្គ្រាម» ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​បដិសេធ​ការ​ចោទប្រកាន់​នេះ ដោយ​និយាយ​ថា​ ការកាត់ផ្តាច់​នេះគឺ​ដោយសារ​តែ​បញ្ហា​បច្ចេកទេស​តែ​ប៉ុណ្ណោះ។​
  • ប្រធានាធិបតី​អ៊ុយក្រែនលោក Volodymyr Zelenskyy បាន​ជួប​ប្រជុំជាមួយ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ពីរ​រូប​គឺ​លោក Rob Portman និង​លោកស្រី Amy Klobuchar​ នៅ​ក្នុង​រដ្ឋធានី​កៀវ​របស់​អ៊ុយក្រែននៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ AP។ លោក Zelenskyy និយាយ​ថា នយោបាយ​ដាក់ទណ្ឌកម្មទៅ​លើ​រុស្ស៊ី​មានប្រសិទ្ធភាព​ តែ​មិន​ទាន់បាន​ទាំង​ស្រុង​នោះ​ឡើយ។ លោក​បន្ថែម​ថា​ ការ​ដាក់​ទណ្ឌកម្ម​នោះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់យ៉ាងឆាប់​រហ័សនឹង​មាន​ឥទ្ធិពលទៅ​លើ​សេដ្ឋកិច្ច​សហព័ន្ធ​រុស្ស៊ី ដែល​ជា​រដ្ឋ​ភេរវករ​មួយ។ នៅ​ចុង​បញ្ចប់​នៃ​ជំនួប​ពិភាក្សា​នោះ មេដឹកនាំ​អ៊ុយក្រែន​រូប​នេះក៏​បានផ្តល់​មេដាយ​ការងារ​កិត្តិយស​ដល់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទាំង​ពីរ​រូប​នេះ​ផង​ដែរ។​
  • មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​លោក Alexey Navalny និយាយ​ថា លោក​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ឃុំ​ខ្លួននៅ​ក្នុងទីកន្លែង​មួយ​ដាច់​ស្រយាល​ជា​លើក​ទី៣​នៅ​ក្នុង​ខែ​នេះ ដើម្បី​ជាការ​ដាក់​ទណ្ឌកម្មដល់​រូប​លោកដែលបាន​ធ្វើ​សកម្មភាពនយោបាយ​នោះ។ នេះ​បើ​តាមការផ្សាយ​របស់​វិទ្យុ​អឺរ៉ុប​សេរី។ ការ​ដាក់​ទណ្ឌកម្មនេះ​ត្រូវ​បាន​ធ្វើ​ឡើងតែ​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ក្រុមការងារ​របស់​មេ​បក្ស​ប្រឆាំង​រុស្ស៊ី​រូប​នេះ​បាន​ចេញផ្សាយ​នូវ​បញ្ជី​ឈ្មោះ​ចុងក្រោយ​មួយ​ដែលរួម​មានមន្ត្រី​រុស្ស៊ី​ អ្នកសារព័ត៌មាន​ និង​តារា​សម្តែងជាដើម ដែល​បាន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ជា​មួយ​នឹងការ​ចូល​ឈ្លាន​ពាន​ដោយ​គ្មាន​មូលហេតុរបស់​រុស្ស៊ី​ទៅលើ​ប្រទេស​អ៊ុយក្រែនកាល​ពី​ចុង​ខែ​កុម្ភៈ​នោះ។ នេះ​បើ​យោង​ទៅលើ​ក្រុម​នៃមេដឹកនាំ​បក្ស​ប្រឆាំង​រុស្ស៊ីរូប​នេះ។
  • សហភាព​អឺរ៉ុប​នឹង​ផ្អាក​កិច្ចព្រមព្រៀង​ជា​មួយ​ប្រទេស​រុស្ស៊ី​ស្តី​ពី​ការ​សម្រួល​ដល់​ការ​ចេញ​ទិដ្ឋាការ​ដល់​អ្នក​ទេសចរ​រុស្ស៊ី​ ប៉ុន្តែនឹង​មិន​មាន​ការដាក់​បម្រាមទូទៅ​ណា​មួយ​ទៅ​លើ​ការផ្តល់​ទិដ្ឋាការនោះ​ឡើយ ​ដោយ​សារ​តែ​ពុំមាន​ការយល់ព្រម​ជា​ឯកច្ឆន្ទ​ទៅ​លើ​បញ្ហា​នេះ។​ នេះ​បើយោង​តាម​សារ​បង្ហោះ​របស់រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី​លោក Peter Szijjarto នៅ​លើហ្វេសប៊ុក​នៅ​ថ្ងៃ​ពុធ​នេះ។​ រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី​រូប​នេះ​ក៏បាន​និយាយ​ផង​ដែរ​ថា​ ប្រទេស​ហុងគ្រី​និង​រដ្ឋ​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​មួយ​ចំនួន​ទៀត​ បាន​ប្រឆាំងទៅ​លើ​ការ​ដាក់​បម្រាមសម្រាប់​អ្នក​ទេសចរ​រុស្ស៊ី។​ នេះ​បើ​តាមការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រទេស​រុស្ស៊ី​ស្វាគមន៍​ចំពោះ​យោបល់​ ដែលចង់ឱ្យ​អ្នក​ជំនាញ​នៃ​ទី​ភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ IAEA ស្នាក់​នៅ​ជា​អចិន្ត្រៃយ៍​នៅ​ទីតាំង​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia របស់​អ៊ុយក្រែន។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ Mikhail Ulyanov ​តំណាង​របស់​រុស្ស៊ី​ប្រចាំ​អង្គការ​អន្តរជាតិក្នុង​ទីក្រុង​វីយែន​ ប្រទេស​អូទ្រីស ដែល​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ។​ ប្រធាន​ទីភ្នាក់ងារ IAEA លោក Rafael Grossi បាន​និយាយ​ថា​ ទី​ភ្នាក់ងារ​របស់​លោក​សង្ឃឹម​ថា​នឹង​អាច​បង្កើតនូវ​បេសកកម្ម​អចិន្ត្រៃយ៍​មួយ​នៅ​ទី​តាំង​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​នេះ។ ក្រុម​អ្នក​ត្រួតពិនិត្យនុយក្លេអ៊ែររបស់​អង្គការ​សហប្រជាជាតិ​បាន​ចេញ​ដំណើរ​ទៅ​កាន់​ទីតាំង​រោងចក្រនុយក្លេអ៊ែរ​នេះ​ហើយ​ នៅព្រឹក​ថ្ងៃពុធ​នេះ។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG