ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

២២:៤៣ ១.៩.២០២២

ថ្ងៃព្រហស្បតិ៍ ទី ១ ខែកញ្ញា៖

  • ការ​នាំចេញ​គ្រាប់ធញ្ញជាតិ​អ៊ុយក្រែន​នៅច្រក​សមុទ្រ​ខ្មៅ​ កំពុង​មាន​ដំណើរការ​ជា​ធម្មតា បើ​ទោះ​បី​ជា​រដ្ឋាភិបាល​ក្រុងកៀវ​ បាន​ធ្វើ​ការ​វាយបកប្រឆាំង​នឹង​កងកម្លាំង​រុស្ស៊ី​នៅ​ភាគ​ត្បូង​ប្រទេស​អ៊ុយក្រែន​ក្តី។​ នេះ​បើតាម​ការ​ឱ្យ​ដឹង​របស់​អ្នក​នាំពាក្យ​ទី​បញ្ជាការ​យោធា​អ៊ុយក្រែន​នៅ​ភាគ​ខាង​ត្បូង​លោក ស្រី​ Natalia Humeniuk តាម​ប្រព័ន្ធវីដេអូ។​ នៅ​ពេល​សួរ​ថា​ តើ​ផ្លូវ​ដឹកជញ្ជូន​នោះ​អាច​ទទួល​រង​នូវ​ការ​ប៉ះពាល់​ដោយ​សារ​តែ​ការ​វាយ​បក​ដ៏​ខ្លំាង​ក្លា​មួយ​របស់កងទ័ព​អ៊ុយក្រែន​នៅ​ភាគខាង​ត្បូង​នោះ​ ​អ្នកនាំពាក្យ​រូប​នេះ​បានលើក​ឡើង​ថា​ «ដំណើរ​ការ​នៃការ​ដឹក​ជញ្ជូន​តាម​ច្រក​ផ្លូវនោះ​ កំពុងប្រព្រឹត្តិទៅ​ជា​ធម្មតា​ ទៅ​តាម​ផែន​ការ​ដែល​បានព្រមព្រៀង​គ្នា​ក្នុង​ពេល​កន្លង​ទៅ»។​ នេះបើតាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។
  • ក្រុម​អ្នក​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ​មួយក្រុម ​បាន​ទៅ​ដល់​ទីតាំង​រោងចក្រថាមពល​នុយក្លេអ៊ែរ​ Zaporizhzhia រួចហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ធ្វើ​ការ​ត្រួតពិនិត្យ​វាយតម្លៃ​ ពី​ហានិភ័យ​នៃ​មហន្តរាយ​វិទ្យុសកម្ម​របស់​វា បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​ពន្យាពេល​អស់​ជា​ច្រើនម៉ោង ដោយ​សារ​តែ​មាន​ការ​បាញ់​ផ្លោងនៅ​ជិត​ទីតាំង​រោងចក្រ​នោះ​។​ អ៊ុយក្រែន​និង​រុស្ស៊ី​ បាន​ចោទប្រកាន់​គ្នា​ទៅវិញ​ទៅ​មកថា ​បាន​ព្យាយាមធ្វើ​វិទ្ធង្សនា មិន​ឱ្យ​ក្រុមបេសកកម្ម​របស់​ទី​ភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ​ IAEA បានទៅ​ដល់​ទីតាំង​រោងចក្រ​ ដែល​ស្ថិត​នៅ​កណ្តាល​ភាគខាង​ត្បូង​អ៊ុយក្រែន​នោះ។ រោងចក្រ​ថាមពលនុក្លេអ៊ែរ​នេះ​ ត្រូវ​បាន​គ្រប់គ្រង​ដោយ​កងកម្លាំង​រុស្ស៊ី​ ប៉ុន្តែដំណើរការ​ដោយ​បុគ្គលិក​ជនជាតិ​អ៊ុយក្រែន។​ នេះ​បើ​តាម​សេចក្តី​រាយការណ៍របស់លើ​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។
  • មន្ត្រីមួយ​រូប​ដែល​ត្រូវ​បាន​លើក​បន្តុប​ដោយ​រុស្ស៊ីនៅ​ក្នុង​តំបន់ Zaporizhzhia របស់​អ៊ុយក្រែន​ ដែលត្រូវ​បាន​គ្រប់គ្រង​ដោយ​រុស្ស៊ី​នោះ​និយាយ​ថា​ កងទ័ព​រុស្ស៊ី​បាន​ចាប់​ខ្លួន​ទាហាន​អ៊ុយក្រែន​ ៣​ នាក់នៅ​ថ្ងៃ​ព្រហ្បតិ៍​នេះ​ ដែល​បាន​ធ្វើ​ការ​វាយ​ប្រហារទៅ​លើ​ទីតាំង​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia។​ ទី​ភ្នាក់ងារព័ត៌មាន​រុស្ស៊ីTASS ​បាន​ស្រង់សម្តីមន្ត្រី​នោះ​ដែល​មាន​ឈ្មោះ​ Vladimir Rogov ​និយាយថា ​កម្រិត​វិទ្យុសកម្ម​នៅ​ក្នុង​រោងចក្រនុយក្លែអ៊ែរ​នេះ​ មាន​លក្ខណ​ធម្មតា​។​ ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​និយាយ​ថា​ ខ្លួន​បាន​វាយច្រាន​កងកម្លាំងអ៊ុយក្រែន​ ដែល​បាន​ប៉ុនប៉ង​ដណ្តើម​កាន់កាប់រោងចក្រ​នេះ​ តែ​ប៉ុន្មានម៉ោងប៉ុណ្ណោះមុន​ការ​មក​ដល់នៃ​គណៈប្រតិភូរបស់​ទី​ភ្នាក់ងារថាមពល​បរមាណូ​អន្តរជាតិ។​ នេះ​បើ​តាមសេចក្តីរាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។
  • សេដ្ឋកិច្ច​ប្រទេស​រុស្ស៊ី​ធ្លាក់ចុះចំនួន​ ០,៤ ភាគរយ​ក្នុង​ឆមាស​ទី១ ឆ្នាំ​ ២០២២​ នេះ​ បើប្រៀប​ធៀប​នឹងរយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ​ ប៉ុន្តែ​ទុនវិនិយោគ​ ដែល​ជា​កម្លាំង​ចលក​ដ៏​សំខាន់ក្នុង​ការ​ជម្រុញ​សេដ្ឋកិច្ច​ឱ្យ​មាន​ការ​រីកចម្រើន​នោះ បាន​កើន​ចំនួន ៧,៨ ភាគរយ។ នេះបើតាម​ទិន្នន័យ​នៃ​សេវាស្ថិតិសហព័ន្ធ​រុស្ស៊ី Rosstat ដែល​បាន​បង្ហាញកាល​ពី​ថ្ងៃពុធ​ម្សិលមិញ​ ហើយ​ដែល​ត្រូវ​បានចេញ​ផ្សាយ​ដោយ​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។ ការ​នាំចេញ​របស់​រុស្ស៊ី​ ដែលជា​បង្អែក​សេដ្ឋកិច្ចមួយនោះ​ មាន​ការ​ធ្លាក់ចុះ​ ដោយ​សារ​តែ​ការ​ដាក់​ទណ្ឌកម្ម​ជា​ទូទៅ ​ដោយ​ប្រទេស​លោក​ខាងលិច​ ទៅលើ​អ្វី​ដែល​រដ្ឋាភិបាលក្រុង​មូស្គូហៅ​ថា​ ជា​បេសកកម្ម​យោធា​ពិសេស​មួយ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ប៉ុន្តែ​ការ​ធ្លាក់ចុះ​ខ្លាំង​នៃ​សេដ្ឋកិច្ចរបស់​រស្ស៊ី​ មិន​មាន​ទំហំ​ធំដូច​អ្វី​ ដែល​គេ​បាន​គិត​ទុក​ពី​ដំបូង​នោះ​ឡើយ។​
  • ប្រធានាធិបតីបារាំង​លោក Emmanuel Macron​ និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ លោក​នឹង​បន្តសន្ទនា​ជា​មួយ​ប្រទេស​រុស្ស៊ី​ ដើម្បីជួយកុំ​ឱ្យ​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយក្រែន​កាន់តែ​រីកធំឡើង​ ប៉ុន្តែលោក​បាន​សន្យា​ពី​ការ​គាំទ្រ​មិន​ងាករេ​របស់​ប្រទេស​បារាំងទៅ​លើ​រដ្ឋាភិបាល​អ៊ុយក្រែន​ ចំពោះ​អ្វី​ដែល​លោក​ហៅ​ថា​ ជា​សង្រ្គាមមួយ​ដ៏​យូរអង្វែង​នោះ។ ប្រទេស​អ៊ុយក្រែន​និង​សម្ព័ន្ធមិត្ត​អឺរ៉ុបខាង​កើតក្នុង​ពេល​កន្លងទៅ​ បានធ្វើ​ការ​រិះគន់ទៅ​លើ​លោក Macron ​ចំពោះ​អ្វីដែលគេ​យល់​ឃើញ​ថាជា​ការ​គាំទ្រមិនច្បាស់​លាស់​របស់​បារាំងចំពោះ​ប្រទេស​អ៊ុយក្រែន ​ចាប់​តាំង​ពី​រុស្ស៊ី​ចូល​ឈ្លានពាន​ប្រទេស​នេះ​ ក៏​ដូច​ជា​ការ​សន្ទនា​ជា​ច្រើន​លើក​ច្រើន​សារ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ផង​ដែរ​។​ នេះ​បើ​តាម​ទី​ភ្នាក់ងារព័ត៌មាន​ Reuters៕
២៣:៣៤ ២.៩.២០២២

ថ្ងៃសុក្រ ទី ២ ខែកញ្ញា៖

  • បណ្តាប្រទេសសេដ្ចកិដ្ឋ​ជឿនលឿនទាំង ៧ ហៅថា G7 ត្រៀម​ខ្លួន​ដើម្បី​យល់ព្រម​លើ​តម្លៃ​កំណត់​លើ​ការ​ទិញ​ប្រេង​ពី​រុស្ស៊ី ដើម្បី​កាត់​បន្ថយ​ប្រាក់ចំណូល​របស់​រដ្ឋាភិបាល​រុស្ស៊ី​ពី​ការ​នាំ​ចេញ​ប្រេង និង​កាត់​បន្ថយ​សមត្ថភាពរុស្ស៊ី​ក្នុង​ការ​ផ្តល់​មូលនិធិ​ទ្រទ្រង់​សង្គ្រាម​របស់​ខ្លួន​ប្រឆាំង​នឹង​អ៊ុយក្រែន។ ការ​កំណត់​នេះ​នឹង​ត្រូវ​បាន​អនុវត្ត​ក្នុង​ពេល​ដំណាល​គ្នា​ជាមួយ​នឹង​ការដាក់​ទណ្ឌកម្ម​ផ្ទាល់​របស់​សហភាព​អឺរ៉ុប លើ​ការ​នាំ​ចូល​ប្រេង​ពី​រុស្ស៊ី។ មន្ត្រី​ពីរ​នាក់​បាន​និយាយ​ថា វិធានការ​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃទី ៥ ខែធ្នូ សម្រាប់​ប្រេង​ឆៅ និង​ថ្ងៃទី ៥ ខែកុម្ភៈ សម្រាប់​ផលិតផល​ចម្រាញ់។ នេះ​បើយោង​តាម​សារ​ព័ត៌មាន The Financial Times។
  • ការវាយតម្លៃចុងក្រោយអំពីអ៊ុយក្រែន របស់​វិទ្យាស្ថាន​សម្រាប់​ការសិក្សា​សង្គ្រាម ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​របស់​សហរដ្ឋអាមេរិក បង្ហាញ​ថា កង​កម្លាំង​រុស្ស៊ី​បាន​ធ្វើ​ការ​វាយ​ប្រហារ​លើ​ដី​នៅ​ភាគពាយព្យ​នៃ​ទីក្រុង Slovyansk ភាគខាងត្បូង និង​ភាគឦសាន​នៃ​ទីក្រុង Bakhmut និង​ភាគពាយព្យ និង​ភាគ​និរតី​នៃទីក្រុង Donetsk។ អង្គភាព​កងទ័ព​ទី៣ របស់​រុស្ស៊ី​កំពុង​បន្ត​ត្រៀម​ដាក់​ពង្រាយ​ទៅ​កាន់​តំបន់ Donbas។
  • មជ្ឈមណ្ឌល​សម្របសម្រួល​ប្រតិបត្តិការ​រួម​បាន​អនុម័តឲ្យនាវា​ចំនួន ៨ គ្រឿង ដែល​ផ្ទុក​គ្រាប់​ធញ្ញជាតិ​សរុប​ចំនួន ១៥៨.០៧៥ តោន និង​ផលិតផល​អាហារ​ផ្សេងទៀត​ចាកចេញ​ពី​អ៊ុយក្រែន នៅ​ថ្ងៃសុក្រ​នេះ។
  • ប្រទេស​ហ្វាំងឡង់​កាល​ពី​ថ្ងៃព្រហស្បតិ៍ បាន​កាត់​បន្ថយ​ចំនួន​ទិដ្ឋាការ​ដែល​ចេញ​ឱ្យ​ពលរដ្ឋ​រុស្ស៊ី​មក​ត្រឹម​មួយ​ភាគ​ដប់​នៃ​ចំនួន​ធម្មតា ដែល​ការណ៍​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ការ​បង្ហាញសាមគ្គីភាព​ជាមួយ​អ៊ុយក្រែន។ ប្រទេសហ្វាំងឡង់ ដែល​មាន​ព្រំដែន​វែង​ជាង​គេ​ជាមួយ​រុស្ស៊ី​ក្នុង​ចំណោម​បណ្តា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ទាំងអស់ បាន​ប្រកាស​សេចក្តី​សម្រេច​កាល​ពី​ខែ​សីហា ចំ​ពេល​មាន​សម្ពាធ​កាន់តែ​ខ្លាំង​ឡើង​ពី​អ្នកនយោបាយ និង​ប្រជាពល​រដ្ឋសាមញ្ញ ក្នុង​ការ​រឹត​បន្តឹង​ចលនា​អ្នក​ទេសចរ​រុស្ស៊ី​ឆ្លងកាត់​ប្រទេស​ហ្វាំងឡង់ ខណៈ​ដែល​រដ្ឋាភិបាល​រុស្ស៊ី បន្ត​សង្រ្គាម​នៅ​អ៊ុយក្រែន។ នេះ​បើយោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AP។
  • ទូរទស្សន៍ NBC នៅ​ទីក្រុង New York បាន​រាយការណ៍​ថា ភ្នាក់ងារ​អនុវត្តច្បាប់​របស់​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃព្រហស្បតិ៍ បាន​ឆែកឆេរ​អចលនទ្រព្យ​នៅ​ទីក្រុង​ញូវយ៉ក​ដែល​មាន​ទំនាក់ទំនង​ជាមួយ​លោក Viktor Vekselberg ដែល​ជា​មហាសេដ្ឋី​ជនជាតិ​រុស្សី​ដែល​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម ខណៈដែលរដ្ឋាភិបាល​អាមេរិក​ព្យាយាម​ប្រើ​ទណ្ឌកម្ម​និង​ការរឹបអូស​ទ្រព្យសម្បត្តិ​ដើម្បី​ដាក់​សម្ពាធ​លើ​ទីក្រុង​ម៉ូស្គូ​ឱ្យ​បញ្ឈប់​ការឈ្លានពាន​អ៊ុយក្រែន។
  • ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​បាន​ផ្ទុះ​ឡើង​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​វាយ​កូនបាល់ US Open កាល​ពី​ថ្ងៃព្រហស្បតិ៍ ខណៈ​ដែល​កីឡាការិនី Marta Kostyuk ជនជាតិ​អ៊ុយក្រែន​បាន​បដិសេធ​ការ​ចាប់ដៃ​តាម​ទម្លាប់​នៅ​ពេល​ដែល​កីឡាការិនី Victoria Azarenka ជនជាតិ​បេឡារុស្ស​បាន​យក​ឈ្នះ​នាង​ក្នុង​លទ្ធផល ៦-២ ៦-៣ ក្នុង​ជុំ​ទី​ពីរ។ អ្នកទាំងពីរ​គ្រាន់​តែ​ដាក់​រ៉ាកែត​វាយ​កូន​បាល់​ប៉ះ​គ្នា​មួយ​ភ្លែតលើទីលាន​ប្រកួត​លេខ ១៧ ​តែប៉ុណ្ណោះ។ ព្រឹត្តិការណ៍​នេះ បាន​កត់​សម្គាល់​ពី​ភាព​មិន​សប្បាយ​ចិត្ត​ចុងក្រោយ​បំផុត នៅ​ក្នុង​ការ​ប្រកួត​កីឡា​វាយកូនបាល់​ដ៏​សំខាន់​ចុងក្រោយ​ប្រចាំ​ឆ្នាំ ដែល​ជនជាតិ​រុស្ស៊ី បេឡារុស្ស និង​អ៊ុយក្រែន​ប្រកួត​ប្រជែង​ជាមួយគ្នា​ ខណៈ​ពេល​សង្គ្រាម​កំពុង​បន្ត៕
២១:៤៦ ៥.៩.២០២២

ថ្ងៃចន្ទ ទី ៥ ខែកញ្ញា៖

  • សមាជិក​២​រូប​នៃក្រុម​បេសកកម្មរបស់​ទី​ភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ IAEA ត្រូវ​គេ​រំពឹង​ថា​ នឹង​បន្ត​ស្នាក់​នៅ​ជា​អចិន្ត្រៃយ៍នៅ​ទី​តាំង​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia​ ដែលកំពុង​គ្រប់គ្រង​ដោយ​កងទ័ព​រុស្ស៊ី។ នេះ​បើ​តាម​ការឱ្យ​ដឹង​របស់​ក្រុមហ៊ុន​នុយក្លេអ៊ែរ Energoatom ​របស់​រដ្ឋ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន នៅ​ថ្ងៃ​ចន្ទ​នេះ។ ក្រុមហ៊ុន​នេះបន្ថែម​ថា​ តំណាង​៤​នាក់​នៃ​ទី​ភ្នាក់ងារ IAEA បាន​ចាកចេញ​ពីទី​តាំង​រោងចក្រ​នេះ​ហើយ​។​ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។​ មន្ត្រី​មូលដ្ឋាន​មួយ​រូប​ដែលត្រូវ​បាន​លើក​បន្តុប​ដោយ​រុស្ស៊ី​គឺ​លោក​ Vladimir Rogov បាន​បញ្ជាក់ក្នុង​កិច្ចសម្ភាសន៍​មួយ​តាម​វិទ្យុ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ អ្នក​សង្កេតការណ៍​២​រូប​នៃ​ទី​ភ្នាក់ងារ IAEA កំពុង​បន្ត​ស្ថិត​នៅ​ទី​តាំង​រោងចក្រនុយក្លេអ៊ែរ​នោះនៅ​ឡើយ​ ប៉ុន្តែ​លោក​មិន​បានប្រាប់​ពី​រយៈពេល​ប៉ុន្មាន​ ដែល​អ្នកសង្កេតការណ៍​ទាំង​ពីរ​នោះត្រូវ​ស្ថិត​នៅ​នោះ​ឡើយ។
  • តម្លៃ​ប្រេង​អឺរ៉ុប​បាន​ហក់​ឡើងខ្ពស់​ខ្លាំងជាង​៣០​ភាគរយ​នៅ​ថ្ងៃ​ចន្ទនេះ​ បន្ទាប់​ពី​រុស្ស៊ីបាន​និយាយ​ថា​ បំពង់​បង្ហូរ​ប្រេង​ផ្គត់ផ្គង់​មួយ​របស់​ខ្លួនទៅ​កាន់​អឺរ៉ុប​នឹង​ត្រូវ​បន្តបិទ​ផ្អាក​ដោយ​គ្មាន​ពេល​កំណត់​ ដែល​ធ្វើ​ឱ្យ​មានការ​បារម្ភកើន​ឡើង​ខ្លាំង​ទៅ​លើ​កង្វះខាតឧស្ម័ន ​និង​ការ​បែងចែក​ឧស្ម័ន​ក្នុង​ចំនួន​កំណត់​ណា​មួយក្នុង​សហភាព​អឺរ៉ុប ​នៅ​ក្នុង​រដូវ​រងា​ខាងមុខ​នេះ។​ នេះបើតាម​សេចក្តីរាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។ សហភាព​អឺរ៉ុបបាន​ចោទប្រកាន់​រុស្ស៊ី​ថា​បាន​ប្រើប្រាស់​ការ​ផ្គត់ផ្គង់​ថាមពល​ធ្វើ​ជា​អាវុធ​ ដើម្បី​សងសឹក​ទៅ​លើ​ការ​ដាក់​ទណ្ឌកម្ម​ពី​ប្រទេស​លោក​ខាងលិច​ទៅ​លើ​ខ្លួនដែល​បាន​ចូល​ឈ្លានពាន​អ៊ុយក្រែន​។ ​រុស្ស៊ី​និយាយ​ថា​ ការ​រាំង​ស្ទះ​ប្រតិបត្តិការ​បំពង់​បង្ហូរប្រេង​នេះ គឺ​ដោយ​សារ​តែទណ្ឌកម្ម​និង​សង្គ្រាមសេដ្ឋកិច្ច​ ដែល​ក្រុម​បស្ចិម​ប្រទេស​ដាក់​មកលើ​ខ្លួន។​
  • មន្ត្រីកំពូល​នៃ​អង្គនិតិបញ្ញតិ្ត​ចិនលោក Li Zhanshu នឹងធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​រុស្ស៊ីក្នុង​សប្តាហ៍​នេះ​ ​ដែល​នឹង​ធ្វើ​ឱ្យ​លោក​ក្លាយជា​អ្នក​នយោបាយចិន​ដែលមាន​ឋានៈខ្ពស់​បំផុត​នៃ​គណបក្ស​កុម្មុយនីស្តចិន​ ដែលធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​រុស្ស៊ី​ ចាប់​តាំង​ពី​ប្រទេស​នេះ​ចូល​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​មក។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មានAFP។ លោក Li ដែល​មាន​ឋានៈ​លំដាប់​ទី​៣​នៅ​ក្នុង​រដ្ឋាភិបាល​ចិន​នោះ​ នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់ប្រទេស​រុស្ស៊ី ​ម៉ុងហ្គោលី​ ​នេប៉ាល់​ ​និង​ប្រទេស​កូរ៉េខាង​ត្បូង​ ចាប់​ពី​ថ្ងៃ​ពុធ​ទី៧ ខែ​កញ្ញា​ រហូត​ដល់​ថ្ងៃ​ទី​ ១៧ ខែ​កញ្ញា។ នេះបើតាម​ទី​ភ្នាក់ងារ​ព័ត៌មានផ្លូវការ​ចិន ​Xinhua។​ ​
  • កងទ័ពអ៊ុយក្រែន​បាន​អះអាង​ថា​ខ្លួន​កំពុង​ទទួល​បាន​លទ្ធផលក្នុង​ការវាយបកប្រឆាំង​នឹង​ទាហាន​រុស្ស៊ី​ ​នៅ​ក្នុង​តំបន់​ភាគខាង​ត្បូង​អ៊ុយក្រែន​ ដោយ​និយាយ​ថា​ ពួក​គេ​បាន​ដណ្តើមកាន់កាប់តំបន់មួយ​ចំនួន​ឡើងវិញ​ និង​បាន​បំផ្លាញ​ទី​តាំង​នានារបស់​សត្រូវ​ ដែល​ក្នុង​នោះ​ក៏​មាន​ស្ពាន​បណ្តែត​ទឹក​មួយ​កន្លែង​ផងដែរ។​ ទីបញ្ជាការដ្ឋាន​កងកម្លាំង​អ៊ុយក្រែន​នៅ​ភាគខាង​ត្បូង​ បាន​បង្ហោះសារ​លើ​ហ្វេសប៊ុក​កាល​ពីយប់​ថ្ងៃ​អាទិត្យ​ថា កងកម្លាំង​របស់​ខ្លួនក៏​បានវាយប្រហារ​ចំ​ទីតាំង​ឃ្លាំង​គ្រាប់​ និង​មជ្ឈមណ្ឌល​គ្រប់គ្រង​កងកម្លាំង​រុស្ស៊ី​មួយ​កន្លែងផងដែរ​ នៅ​ភាគអាគ្នេយ៍នៃទីក្រុង Kherson ដែល​ជា​ទីក្រុង​មួយ​ ដែល​រុស្ស៊ី​បានដណ្តើមគ្រប់គ្រង​ នៅ​ពេល​ដែល​ខ្លួនចូល​ឈ្លានពាន​អ៊ុយក្រែនកាល​ពី​ដំបូង​មក​។​ ដោយ​ឡែកនៅ​ក្នុង​សុន្ទរកថា​ប្រចាំថ្ងៃ​របស់​លោកកាល​ពី​ថ្ងៃ​អាទិត្យ​ ​ប្រធានាធិបតីអ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ប្រកាស​ពី​ការ​ដណ្តើម​បាន​មក​វិញ​នូវ​ភូមិចំនួន​២​ ​នៅ​ភាគ​ខាង​ត្បូង​និងភាគខាង​កើត​អ៊ុយក្រែន ដោយ​មិន​បាន​ប្រាប់​ឈ្មោះ​នៃ​ភូមិ​ទាំង​ពីរ​នោះ​ឡើយ។​ នេះ​បើតាម​ទី​ភ្នាក់ងារព័ត៌មាន AFP។ ​
  • នាយក​រដ្ឋមន្រ្តី​អ៊ុយក្រែន​ លោក Denys Shmyhal នៅ​ថ្ងៃ​ចន្ទ​នេះ​ បាន​ជំរុញ​ឱ្យ​សហភាព​អឺរ៉ុប​អនុវត្ត​ទៅ​តាម​ការ​សន្យា​របស់​ខ្លួនក្នុង​ការ​ផ្តល់ជំនួយ​យោធា​និង​ហិរញ្ញវត្ថុ​ដល់​ប្រទេស​របស់​លោក​ ក៏​ដូចជា​ការ​រក្សា​នូវ​ការ​គាំទ្រដល់​រដ្ឋាភិបាល​ក្រុង​កៀវក្នុង​ការ​ប្រឆាំងទប់ទល់​នឹង​ប្រទេស​រុស្ស៊ី។​ នេះ​បើតាម​ការ​លើក​ឡើង​របស់​ប្រធាន​សភាអឺរ៉ុប​។​ ​លោក Shmyhal បាន​ជួប​ជា​មួយសមាជិក​សភា​សហភាព​អឺរ៉ុប​មួយ​ចំនួន​នៅ​ថ្ងៃ​ចន្ទ​នេះ​ ដែលក្នុង​នោះ​ក៏​រួម​មាន​ប្រធាន​សភា​សហភាព​អឺរ៉ុប​ លោកស្រី Roberta Metsola ផង​ដែរ។ លោកស្រី Metsola ​បាន​និយាយ​ថា​ ការ​ពិភាក្សាជា​មួយ​នាយករដ្ឋមន្ត្រី​អ៊ុយក្រែន​រូប​នេះ គឺ​ផ្តោត​ទៅ​លើថា​តើ​ការ​ដាក់ទណ្ឌកម្ម​ទៅ​លើ​រុស្ស៊ី​នោះ​មាន​ប្រសិទ្ធភាព​ឬ​ទេ​ ហើយ​ថា​តើ​គេ​គួរ​ពង្រីកទណ្ឌកម្ម​នោះ​ទៅដល់សេដ្ឋកិច្ច​ឌីជីថល​ សកម្មភាព​ក្រុមហ៊ុនរបស់​សហភាព​អឺរ៉ុប​មួយ​ចំនួន​ដែល​កំពុង​បន្តនៅ​ក្នុង​ប្រទេស​រុស្ស៊ី​ ក៏​ដូច​ថា​តើ​គេ​គួរ​អនុញ្ញាត​ឱ្យ​អ្នក​ទេសចរ​រុស្ស៊ី​ចូល​ក្នុង​ប្លុក​សហភាព​អឺរ៉ុបឬមួយ​ក៏​យ៉ាង​ណាជាដើម​។ នេះ​បើយោង​តាម​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ពិភាក្សាពី​លទ្ធផល​នៃបេសកកម្ម​ត្រួតពិនិត្យរោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ Zaporizhzhia ជា​មួយ​ប្រធានាធិបតីបារាំង​លោក Emmanuel Macron នៅ​ថ្ងៃ​ចន្ទ​នេះ។​ ​នេះបើ​តាម​សារ​បង្ហោះ​លើ Twitter របស់​លោក Zelenskyy។ លោក​ Zelenskyy បន្ថែម​ទៀត​ថា៖​ «លោក​បាន​និយាយ​ជា​មួយ​ប្រធានាធិបតី​បារាំង​ពីស្ថានភាព​នៅ​សមរភូមិមុខ​ ​ការ​វាយបក​ប្រឆាំង​ទៅ​លើ​ការ​ឈ្លានពាន​របស់រុស្ស៊ី ​ការ​សម្របសម្រួល​ការគាំទ្រ​ផ្នែក​ការពារ​ជាតិ​បន្ថែម​ពី​ប្រទេស​បារាំង​ និង​ការ​ផ្លាស់ប្តូរ​ការ​វាយតម្លៃនៃ​លទ្ធផលបេសកកម្មរបស់​ទី​ភ្នាក់ងារ​បរមាណូ IAEA ​លើ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia ​ផង​ដែរ។​ នេះបើតាមទី​ភ្នាក់ងារ​ព័ត៌មាន Reuters។

២២:៤៤ ៦.៩.២០២២

ថ្ងៃអង្គារ ទី ៦ ខែកញ្ញា៖

  • រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ីលោក​ Sergei Lavrov​ នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​រិះគន់​ទៅលើ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ចក្រភព​អង់គ្លេស​ លោក​ស្រី Liz Truss ថា​មិន​មាន​ឆន្ទៈ​ក្នុង​ការ​សម្របសម្រួល។​ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយក្នុង​រដ្ឋធានី​មូស្គូ​លោក Lavrov និយាយ​ថា​ យុទ្ធសាស្ត្រ​របស់​លោកស្រី Truss នឹង​មិន​ជួយ​ចក្រភព​អង់គ្លេស​នៅ​លើ​ឆាក​អន្តរជាតិ​នោះ​ឡើយ។ រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​ឆ្លើយ​តប​ទៅ​នឹង​ជ័យជម្នះ​របស់លោក​ស្រី Truss នៅ​ក្នុង​ការ​ប្រកួតប្រជែង​ ដើម្បី​ជំនួសនាយករដ្ឋមន្ត្រី​អង់គ្លេស​ លោក Boris Johnson​ ជាមួយ​នឹង​ការ​រិះគន់​ និង​បាន​វាយប្រហារ​ទៅ​លើលោកស្រី​ទៅ​លើ​អ្វី​ដែល​រុស្ស៊ី​មើល​ឃើញ​ថា​ ជា​ជំហរ​ប្រឆាំងនឹង​រុស្ស៊ី​របស់​លោក​ស្រី។​
  • អភិបាល​តំបន់ Kharkiv និយាយ​ថា​ មនុស្ស​៣​នាក់​បាន​ស្លាប់​នៅ​ថ្ងៃ​អង្គារនេះ ដោយ​សារ​តែ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​ ​កាល​ពីមួយ​ថ្ងៃ​មុន​នៅ​ក្នុង​តំបន់​នេះ ដែល​ក្នុង​នោះ​ក៏​មាន​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ផង​ដែរ​បាន​ស្លាប់​នៅ​ក្នុង​ទីក្រុង Kharkiv។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ ទីក្រុង Kharkiv ​ជា​ទីក្រុង​ធំ​ផុត​ទី២របស់​អ៊ុយក្រែន​មាន​ទីតាំង​ស្ថិត​នៅ​ជិត​ព្រំដែន​ជាមួយ​រុស្ស៊ី​ ហើយ​បាន​ទទួល​រង​ការ​វាយប្រហារដោយ​គ្រាប់​ផ្លោង​ឥត​ឈប់ឈរ ចាប់តាំង​ពីការ​ចូល​ឈ្លានពាន​របស់​រុស្ស៊ីទៅ​លើ​ប្រទេស​អ៊ុយក្រែន​មក។ ​រុស្ស៊ី​ហៅ​ការ​ឈ្លានពាន​របស់​ខ្លួន​ក្នុង​ប្រទេស​អ៊ុយក្រែន​ថា​ជា​បេសកកម្ម​យោធា​ពិសេសមួយ។
  • ក្រសួង​ការពារ​ជាតិរុស្ស៊ីបាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ អ៊ុយក្រែន​បាន​បាញ់គ្រាប់​ផ្លោង​ប្រមាណ​២០​គ្រាប់​ដាក់​តំបន់​ប្រជុំជន Enerhodar និង​តំបន់​នៅ​ជិត​ក្បែរ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia ក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ​នេះ។ មាន​គ្រាប់​ផ្លោង​៣​គ្រាប់​ បាន​ធ្លាក់​នៅ​ជិត​ទីតាំង​ស្ថានីយ​រោងចក្រ​នុយក្លេអ៊ែរនោះ​ ដោយ​មួយ​គ្រាប់​បាន​ផ្ទុះ​ជិត​បង្គោល​ភ្លើង​លេខ​២​ផង​ដែរ។ នេះ​បើ​តាម​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​និយាយ​នៅ​ក្នុង​កិច្ច​ប្រជុំ​យោធា​ប្រជុំ​ថ្ងៃ​របស់​ខ្លួន។ កម្រិត​វិទ្យុសកម្មនៅ​ទីតាំង​រោងចក្រ​នោះ​នៅ​មាន​សភាព​ធម្មតា​នៅ​ឡើយ​ទេ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី។ ទី​ភ្នាក់ងារ​ព័ត៌មាន Reuters នៅ​មិន​ទាន់​អាច​ធ្វើ​ការ​ផ្ទៀងផ្ទាត់​ពី​របាយការណ៍​នេះ​នៅ​ឡើយ​ទេ។​ នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​មួយ​នេះ។
  • ប្រធានាធិបតី​តួកគី លោក Recep Tayyip Erdogan នៅ​ថ្ងៃ​អង្គារ​នេះ បាន​ស្តី​បន្ទោសអឺរ៉ុប​ ចំពោះ​វិបត្តិ​ថាមពល​ ដោយ​សារ​តែ​ខ្លួន​បានដាក់​ទណ្ឌកម្ម​ទៅ​លើ​រុស្ស៊ីទាក់ទិន​នឹង​ការ​ឈ្លានពានរបស់​ប្រទេស​នេះទៅ​លើ​អ៊ុយក្រែន។ លោក Erdogan បាន​រក្សា​ទំនាក់ទំនង​ការងារ​ល្អ​ជា​មួយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ខណៈ​ពេល​ដែល​លោក​ព្យាយាមរក្សាជំហរ​អព្យាក្រឹត្យនៅ​ក្នុង​ជម្លោះ​នេះ​ និង​បានផ្តល់ឱ្យ​អ៊ុយក្រែន​នូវ​អាវុធ​និង​យន្តហោះ​ដ្រូន​ប្រយុទ្ធ​មួយ​ចំនួន​ផង​ដែរ។​ ​លោក​បន្ថែម​ទៀត​ថា៖​ «ជំហរ​របស់​អឺរ៉ុបចំពោះ​លោក Putin ជា​មួយ​នឹង​ការ​ដាក់​ទណ្ឌកម្មនោះ​ បាន​នាំ​ឱ្យ​លោក​ Putin ឈាន​ដល់​ចំណុច​មួយដែល​ហាន​និយាយ​ថា​ ប្រសិន​បើ​អ្នក​ធ្វើ​រឿង​នេះ​ដាក់​ខ្ញុំ ខ្ញុំ​នឹងធ្វើ​រឿង​មួយ​ទៀត​ដាក់​អ្នក​វិញ»។ នេះ​បើ​តាម​ទី​ភ្នាក់ងារ​ព័ត៌មាន AFP។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Volodymyr Zelenskyy និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា​ លោក​សង្ឃឹម​ថា ប្រធាន គណបក្សអភិរក្ស ថ្មី​របស់​ចក្រភព​អង់គ្លេស​ គឺ​លោក​ស្រី​ Liz Truss នឹង​បន្ត​ជួយដល់​រដ្ឋាភិបាល​ក្រុង​កៀវ​ ដើម្បី​ទប់ទល់ប្រឆាំង​នឹង​រុស្ស៊ី។ ​លោក​ស្រីត្រូវ​បាន​បញ្ជាក់​អះអាង​ថា​ នឹង​ក្លាយ​ជា​មេដឹកនាំ​គណបក្សអភិរក្ស​របស់​ចក្រភព​អង់គ្លេស​ ជំនួស​នាយករដ្ឋមន្ត្រី​លោក Boris Johnson ដែលជា​អ្នកគាំទ្រ​ដ៏​ខ្លាំងក្លា​មួយ​រូប​របស់​លោក Zelenskyy។ លោក​ Zelenskyy ​បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​ប្រចាំថ្ងៃ​របស់​លោក​ថា លោក​ទន្ទឹង​រង់ចាំចាប់​ផ្តើមកិច្ច​សហ​ប្រតិបត្តិការ​ជា​មួយ​លោក​ស្រី Truss។ ចក្រភព​អង់គ្លេសជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​មួយរបស់​អ៊ុយក្រែន​ ចាប់តំាង​ពី​រុស្ស៊ី​ចូល​ឈ្លាន​ពាន​ប្រទេស​នេះ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​មក។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG