ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

២៣:២២ ២២.៨.២០២២

ថ្ងៃចន្ទ ទី ២២ ខែសីហា៖

  • សភា​រុស្ស៊ី​និយាយ​ថា​ ខ្លួន​នឹងកោះ​ប្រជុំ​ពិសេស​មួយនៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍នេះ​ ដើម្បី​ពិភាក្សា​ពី​ស្ថានភាព​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ Zaporizhzhia នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន។​ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ផ្លូវការ​មួយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅចន្ទ​នេះ សភា​រុស្ស៊ី​និយាយ​ថា​ កិច្ចប្រជុំរបស់​ក្រុមប្រឹក្សារដ្ឋសភា Duma នឹង​ត្រូវ​រៀប​ចំ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៥ ខែ​សីហានេះ ដើម្បីពិភាក្សា​ពី​ការ​គំរាមកំហែងទៅ​លើ​សុវត្ថិភាព​នៃ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia។ នេះ​បើ​តាមសេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។ ​
  • រដ្ឋាភិបាល​អ៊ុយក្រែន​បាន​ដាក់​បម្រាមមិន​ឱ្យ​មាន​ការ​ជួបជុំគ្នា​ក្នុង​ទ្រង់ទ្រាយ​ធំ​ ចាប់​ពី​ថ្ងៃ​ទី​២២ដល់​ថ្ងៃ​ទី​២៥​ ខែ​សី​ហា​នេះ​ ដោយ​បារម្ភ​ខ្លាច​មាន​ការ​វាយប្រហាររបស់​កងកម្លាំង​រុស្ស៊ី​ នៅ​ជិត​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិអ៊ុយក្រែន​នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា។ នេះ​បើ​តាមសារព័ត៌មានThe Kyiv Independent ។ អាជ្ញាធរ​យោធា​ក៏​បាន​រំឭក​ដល់​ពលរដ្ឋ​អ៊ុយក្រែនឱ្យ​រង់ចាំ​ស្តាប់​ស៊ីរ៉ែន​ប្រកាស​អាសន្នស្តី​ពី​ការ​វាយ​ប្រហារ​តាមផ្លូវ​អាកាសរបស់​រុស្ស៊ី​ផងដែរ។ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​អ៊ុយក្រែន​នៅ​ឆ្នាំ​នេះ​ កើត​ឡើង​ជួន​គ្នា​នឹង​ខួប​៦​ខែ​ នៃ​ការចូល​ឈ្លាន​ពាន​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​កន្លង​ទៅ។​
  • សហភាព​អឺរ៉ុប​នឹង​ពិភាក្សាពី​ការ​បើក​ឱ្យ​មាន​នូវ​បេសកកម្ម​បណ្តុះបណ្តាលដ៏​សំខាន់​មួយ​ដល់​កងកម្លាំង​អ៊ុយក្រែន​នៅ​ក្បែរ​ប្រទេស​ជិតខាងរបស់​ខ្លួន។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​ប្រធាន​គោល​នយោបាយ​ការ​បរទេស​សហភាព​អឺរ៉ុប​ លោក Josep Borrell​ ​នៅ​ថ្ងៃ​ចន្ទ​នេះ។​ សំណើ​នេះ​នឹង​ត្រូវ​លើក​យក​ទៅពិភាក្សា​នៅ​សប្តាហ៍​ក្រោយ ​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​នៃ​រដ្ឋមន្ត្រី​ការពារ​ជាតិសហភាព​អឺរ៉ុប​ ក្នុង​ទីក្រុង​ប្រាក​ សាធារណរដ្ឋ​ឆែក។ នេះ​បើ​តាម​លោក Borrell ដែល​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ នៅក្នុង​ទី​ក្រុង​ Santander​ ដែល​ស្ថិត​នៅ​ភាគ​ខាងជើង​ប្រទេស​អេស្ប៉ាញ​។​ លោក​បន្ថែម​ទៀត​ថា​ «ខ្ញុំ​សង្ឃឹមថា​ សំណើ​នេះ​នឹង​ត្រូវ​បានយល់​ព្រម។ ជា​ការពិត​ណាស់​ វា​ជា​បេសកកម្ម​ដ៏​ធំ​មួយ។ បេសកកម្ម​ណា​មួយ ​ត្រូវ​មាន​កម្រិត​ស្រប​ទៅ​តាម​ជម្លោះ»។​ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP។
  • កងកម្លាំង​យោធា​អ៊ុយក្រែនប្រមាណ​ជិត​៩ពាន់នាក់​ ​បាន​ស្លាប់នៅ​ក្នុង​សង្គ្រាមជា​មួយ​រុស្ស៊ី​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ប្រធាន​កងកម្លាំង​យោធា​អ៊ុយក្រែននៅ​ថ្ងៃ​ចន្ទ​នេះ។​ នេះ​ជា​លើក​ទី១​ហើយ​ ដែលឧត្ដមសេនីយ៍ Valeriy Zaluzhnyi អគ្គ​មេ​បញ្ជាការ​កងទ័ព​អ៊ុយក្រែន​ ​បាន​ផ្តល់​តួលេខ​សរុប​នៃ​កងយោធា​អ៊ុយក្រែន​ ដែល​បាន​ស្លាប់ចាប់​តាំង​ពី​រុស្ស៊ី​ចូល​ឈ្លាន​ពាន​ប្រទេស​នេះ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​មក។ បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​ ក៏​អគ្គ​មេ​បញ្ជាការ​យោធា​អ៊ុយក្រែន​រូប​នេះ​ មិន​បាន​ប្រាប់ពី​ចំនួន​ជនស៊ីវិល​អ៊ុយក្រែនដែលបាន​ស្លាប់​ ឬ​កងកម្លាំង​រុស្ស៊ី​ប៉ុន្មាន​នាក់​ដែលរដ្ឋាភិបាល​ក្រុង​កៀវ​ប៉ាន់ស្មាន​ថា​ បាន​ស្លាប់នៅ​ក្នុង​សង្គ្រាម​នោះ​ឡើយ​ ប៉ុន្តែអគ្គសេនាធិការ​កងកម្លាំង​អ៊ុយក្រែន​ ​ធ្លាប់​បាន​ប៉ាន់​ស្មានថា ​កងទ័ព​រុស្ស៊ីសរុប​ប្រមាណ​៤៥.៤០០​នាក់​ បាន​ស្លាប់​នៅ​ក្នុង​សង្គ្រាម​ឈ្លាន​ពាន​ក្នុង​ប្រទេស​របស់​ខ្លួន។​ ​
  • ទីភ្នាក់ងារ​សន្តិសុខ​រុស្ស៊ី FSB បាននិយាយ​នៅ​ថ្ងៃ​ចន្ទ​ថា​ អ៊ុយក្រែន​ជា​អ្នក​នៅ​ពី​ក្រោយ​ នៃ​ការ​ដាក់​គ្រាប់​បំផ្ទុះរថយន្ត​នៅ​ជាយក្រុង​មូស្គូ ដែល​បាន​សម្លាប់លោកស្រី Daria Dugina ដែល​ជា​កូនស្រី​របស់​ជន​មនោគមវិជ្ជារុស្ស៊ី​ដ៏​តឹងរ៉ឹង​លោក Alexander Dugin។ ទីភ្នាក់ងារ​សន្តិសុខ​រុស្ស៊ី​នេះ​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖​ «ឧក្រិដ្ឋកម្ម​នេះ​ត្រូវ​បានរៀបចំនិង​ប្រព្រឹត្ត​ទៅដោយភ្នាក់ងារសន្តិសុខ​ពិសេស​របស់​អ៊ុយក្រែន​ ហើយ​អ្នក​ប្រព្រឹត្តនូវសកម្មភាព​នេះ​ បាន​រត់​គេចខ្លួន​ទៅ​កាន់​ប្រទេស​អេស្តូនី​ ដែល​ជាសមាជិក​របស់​សហភាព​អឺរ៉ុប» ។​ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP។ ​
  • ប្រទេស​រុស្ស៊ី​អាច​នឹង​បង្ក​ហេតុក្នុង​រឿង​មួយ​ទៀត​ដោយកាត់​ទោស​កងកម្លាំង​អ៊ុយក្រែន​ដែល​រុស្ស៊ី​ចាប់ខ្លួន​បាន​ក្នុង​អំឡុង​ពេល​សង្រ្គាម​ ខណៈ​ដែល​រដ្ឋាភិបាល​ក្រុង​កៀវ​កំពុង​ប្រុងប្រៀប​រៀប​ចំ​ទិវា​បុណ្យ​ខួប​ឯករាជ្យជាតិ​លើក​ទី៣១​របស់​ខ្លួន​នោះ។​ នេះ​បើ​តាម​ការព្រមាន​ឱ្យ​ដឹងរបស់ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelensky កាល​ពី​ថ្ងៃ​អាទិត្យ។​ «ប្រសិន​បើ​រឿង​នេះ​កើត​ឡើង​មែន​នោះ​ ហើយយោធា​របស់​អ៊ុយក្រែន​ត្រូវ​បាន​គេ​នាំ​ទៅកាត់​ទោស ដែល​រំលោភ​ទៅ​លើ​កិច្ចព្រមព្រៀង​ទាំង​អស់​ និង​បទ​បញ្ញត្តិ​អន្តរជាតិ​ទាំង​អស់ នោះ​ជាការ​រំលោភ​មួយ។​ នេះ​បើ​តាម​ការ​ព្រមាន​របស់​លោក Zelensky នៅក្នុងសុន្ទរកថា​របស់​លោកកាល​ពី​យប់​ថ្ងៃ​អាទិត្យ។ លោក​បន្ថែម​ថា​ «នេះ​ជា​រឿងមួយដែល​នឹង​មិន​ធ្វើឱ្យ​កិច្ច​ចរចា​ណា​មួយ​ អាច​កើត​មាន​ឡើង​នោះ​ឡើយ»។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP។ ​
  • ការនាំចេញ​ផលិតផល​កសិកម្ម​របស់ប្រទេស​អ៊ុយក្រែន​ទំនង​ជា​នឹង​មាន​ការ​កើន​ឡើងរហូត​ដល់ប្រមាណ​៤​លាន​តោននៅ​ក្នុង​ខែ​សីហា​នេះ​ ដែល​កើន​ឡើង​ពី​៣​លានតោន​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ ដោយ​សារ​តែមាន​កិច្ចព្រមព្រៀងរបស់​អង្គការ​សហប្រជាជាតិ​ ដែល​បាន​បើកកំពង់ផែ​សមុទ្រ​របស់​អ៊ុយក្រែន។​ នេះ​បើ​តាម​ការលើក​ឡើងរបស់​អនុប្រធាន​ក្រុមប្រឹក្សា​កសិកម្ម​អ៊ុយក្រែននៅ​ថ្ងៃ​ចន្ទ​នេះ​។​ ប៉ុន្តែ​បើ​ទោះ​បី​ជា​មាន​ការ​បើក​កំពង់​ផែ​របស់​អ៊ុយក្រែន​ឡើង​វិញ​ក្តី ក៏​ការ​នាំចេញ​ផលិតផល​កសិកម្ម​របស់​អ៊ុយក្រែន​ នៅ​តែ​មាន​កម្រិត​ទាប​គួ​ឱ្យ​កត់សម្គាល់ជាង​កាល​ពី​មុន​សង្គ្រាម​កើត​ឡើង ពោល​គឺ​អ៊ុយក្រែនអាច​នាំចេញគ្រាប់ធញ្ញជាតិ​ ​រហូត​ដល់​ទៅ​ប្រមាណ​៦លាន​តោន​ ក្នុង​មួយ​ខែៗ​ កាល​ពី​មុន​សង្គ្រាម​។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។
២៣:០៣ ២៣.៨.២០២២

ថ្ងៃអង្គារ ទី ២៣ ខែសីហា៖

  • ការិយាល័យ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​សម្តែង​នូវ​ក្តី​បារម្ភអំពី​ផែនការ​របស់​អាជ្ញាធរដែល​គាំទ្រ​ដោយ​រុស្ស៊ី​ក្នុង​ការ​កាត់​ទោសឈ្លើយ​សង្គ្រាមនៅ​ក្នុង​ទីក្រុង Mariupol ​ដែល​នឹង​អាច​កើត​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខនេះ ដោយ​និយាយថា​ ដំណើរការ​នេះ​ អាច​នាំ​ឱ្យ​ខ្លួន​ជាប់​ក្នុងបទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​មួយ។​ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។ «យើង​មាន​ក្តី​កង្វល់​ជា​ខ្លាំងអំពីរឿង​នេះដែល​កំពុងត្រូវ​បាន​រៀប​ចំ​ឡើង។ មាន​រូប​ភាព​ជា​ច្រើន​នៅ​ក្នុងសារព័ត៌មានស្តី​ពី​ទ្រុង​ធំៗ ដែល​ត្រូវ​គេ​ដំឡើង​នៅ​ក្នុង​សាល​តន្ត្រី​របស់​ទីក្រុង Mariupol​ ដែល​ទំនងដូច​ជាសម្រាប់​ដាក់​អ្នក​ទោស​សង្គ្រាម។​ ​ការណ៍​នេះ​មិន​អាច​ទទួល​យក​បាន​ឡើយ។ វា​ជា​ការប្រមាថ​ដល់​មនុស្ស» នេះ​បើ​តាម​លោក​ស្រី Ravina Shamdasani អ្នក​នាំ​ពាក្យ​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ ដែល​បាន​ថ្លែង​ប្រាប់​កិច្ច​ប្រជុំ​មួយ​របស់​អង្គការ​សហប្រជាជាតិ។
  • ប្រធានាធិបតី​ប្រទេស​ប៉ូឡូញ​ លោក Andrzej Duda បានទៅ​ដល់​ប្រទេស​អ៊ុយក្រែននៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​ពិភាក្សាទៅ​លើ​ការ​ជួយគាំទ្រ​បន្ថែម​ទៀត​ដល់​ប្រទេស​អ៊ុយក្រែន ដែល​ក្នុង​នោះ​មាន​ជំនួយ​យោធាជា​ដើម ខណៈ​ដែល​ការ​ឈ្លានពាន​របស់​រុស្ស៊ី​បាន​ឈ្លាន​ដល់រយៈពេល​៦​ខែនៅថ្ងៃ​ទី​២៤ ខែ​សីហា​នេះ។ នេះ​បើ​តាមការ​ឱ្យ​ដឹង​របស់​ការិយាល័យ​ប្រធានាធិបតី​ប៉ូឡូញ​រូប​នេះ ហើយ​ដែល​ត្រូវ​បានចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ រដ្ឋាភិបាល​ក្រុង​វ៉ាសូវី​ជា​អ្នក​គាំទ្រ​ដ៏​ខ្លាំង​មួយ​របស់រដ្ឋាភិបាល​ក្រុង​កៀវ​ ហើយជនភៀសខ្លួន​អ៊ុយក្រែន​ប្រមាណ​ជិត​៦​លាន​នាក់​ បាន​ឆ្លងកាត់ព្រំដែន​ទៅ​កាន់​ប្រទេស​ប៉ូឡូញ​ ចាប់​តាំង​ពី​កងកម្លាំង​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈមក​។ ប៉ូឡូញដែល​ជា​សមាជិករបស់អង្គការ​អូតង់​និងសហភាព​អឺរ៉ុប​នោះ​បាន​រិះគន់​ជា​ញឹកញាប់ទៅលើ​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​មួយ​ចំនួន​ ដែលមិន​បានធ្វើ​ការ​ឱ្យ​បាន​ច្រើន ក្នុង​ការ​ជួយ​ដល់​ប្រទេស​អ៊ុយក្រែន។​
  • ប្រទេស​លីទុយអានី​នឹង​ស្វះស្វែង​រក«ដំណោះស្រាយ​ថ្នាក់​តំបន់»​មួយ ដើម្បី​ដាក់​បម្រាមដល់​អ្នក​ទេសចរ​រុស្ស៊ី​ ប្រសិន​បើ​រដ្ឋ​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​ទាំង​មូល​ បរាជ័យមិន​អាច​ធ្វើ​ដូច​នេះ​បាន។ នេះបើ​តាមរដ្ឋមន្ត្រី​ការបរទេស​លីទុយអានី​លោក Gabrielius Landsbergis និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ។ រដ្ឋមន្ត្រី​ការ​បរទេសលីទុយអានី​រូប​នេះ​និយាយ​ថា​ លោក​សង្ឃឹម​ថា​នឹងជួប​ពិភាក្សា​ជុំវិញ​រឿង​នេះ​ជាមួយប្រទេស​ឡេតូនី​ អេស្តូនី​ ​ហ្វាំងឡង់​ និង​ប្រទេស​ប៉ូឡូញ​ នៅ​សប្តាហ៍​ក្រោយ​ នៅក្រៅ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស ​ក្នុងទីក្រុង​ប្រាក​នៃ​សាធារណរដ្ឋឆេក។ នេះ​បើ​តាម​ទី​ភ្នាក់ងារ​ព័ត៌មាន​ AFP។ ​
  • កង​កម្លាំងអ៊ុយក្រែន​បានបាញ់​ផ្លោងចំ​ស្នាក់​ការ​នៃ​អគារ​រដ្ឋបាល​ក្នុង​ស្រុក​មួយ ​ដែល​ស្ថិត​នៅកណ្តាល​តំបន់​ Donetsk​ ដែល​គ្រប់គ្រង​ដោយ​ក្រុម​បំបែក​ខ្លួនអ៊ុយក្រែននៅថ្ងៃអង្គារ​នេះ​ ជា​មួយ​នឹង​អាវុធ​ដែលបាន​ផ្តល់​ឱ្យ​ដោយ​ប្រទេស​លោក​ខាង​លិច។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់ទី​ភ្នាក់ងារ​ព័ត៌មាន TASS ដែល​បាន​ស្រង់​សម្តី​ក្រុម​មន្ត្រី ដែល​លើក​បន្តុប​ដោយ​រុស្ស៊ីនោះ។​ ​មាន​មនុស្ស​៣​នាក់​បាន​ស្លាប់នៅ​ក្នុង​ការ​វាយ​ប្រហារ​ ក្នុង​តំបន់ Donetsk​ នេះ​ ដែល​ត្រូវ​បាន​គ្រប់គ្រង​ដោយក្រុម​បំបែក​ខ្លួនដែល​គាំទ្រ​ដោយ​រុស្ស៊ី​ ចាប់តាំង​ពី​ឆ្នាំ​២០១៤​មក។ នេះ​បើ​តាមអភិបាល​ក្រុង Donetsk ដែលត្រូវ​បាន​លើក​បន្តុប​ដោយ​រុស្ស៊ី​ ​ហើយ​ដែល​បាន​បង្ហោះ​សារមួយ​នៅបណ្តាញ​តេឡេក្រាម​របស់​លោក។ នេះ​បើ​តាម​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​សន្យា​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ការ​គាំទ្រ​របស់សហភាព​អឺរ៉ុប​ចំពោះ​ប្រទេស​អ៊ុយក្រែន​ ក្នុង​ការ​ទប់​ទប់​ប្រឆាំង​នឹង​ការ​ចូល​ឈ្លានពាន​របស់​រុស្ស៊ី​ នឹង​នៅ​តែ​បន្ត​ទៅ​មុខ​ ក្នុង​រយៈពេល​យូរ​អង្វែង។​ ​ក្នុង​រយៈពេល​៦​ខែ​នៃ​ការ​ចូល​ឈ្លានពានរបស់​រុស្ស៊ី​ទៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​នេះ «ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​មិន​បាន​ប្រែប្រួល​នោះ​ឡើយ​ ហើយ​យើងបាន​ត្រៀម​ខ្លួនដើម្បី​រក្សា​នូវ​កិច្ចប្រឹងប្រែង​របស់​យើងក្នុង​រយៈពេល​យូរ»។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក Macron នៅ​ក្នុង​សុន្ទរកថាជា​វីដេអូ​ទៅ​កាន់​អ្នក​ចូលរួម​នៅ​ក្នុង​វេទិកា​សន្និសីទ​ស្តី​ពី Crimea នៅក្នុង​រដ្ឋធានី​កៀវ​ ប្រទេស​អ៊ុយក្រែន។ ​នេះ​បើ​តាម​សេចក្តី​រាយការណ៍របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP។
២១:៣៤ ២៤.៨.២០២២

ថ្ងៃពុធ ទី ២៤ ខែសីហា៖

  • ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ប្រកាស​ផ្តល់​នូវ​កញ្ចប់​ជំនួយ​សន្តិសុខ​ថ្មី​មួយ​ ដែល​មានទឹក​ប្រាក់​ប្រមាណ​៣ពាន់លាន​ដុល្លារ​ នៅ​ទិវា​បុណ្យ​ឯករាជ្យជាតិរបស់​អ៊ុយក្រែន​នៅ​ថ្ងៃពុធ​នេះ។ នេះ​ជា​ជំនួយ​យោធា​ដល់​រដ្ឋាភិបាល​អ៊ុយក្រែន​ក្នុង​ការប្រឆាំង​ទប់​ទល់​នឹង​សង្គ្រាម​ជា​មួយ​រុស្ស៊ី។​ នេះ​ជា​ការ​ប្រកាសផ្តល់​ជំនួយ​គាំទ្រ​ដ៏​ច្រើន​បំផុតក្នុង​ពេល​តែ​មួយរបស់រដ្ឋាភិបាល​សហរដ្ឋអាមេរិក​សម្រាប់​រដ្ឋាភិបាល​ក្រុង​កៀវ​ ចាប់​តាំង​ពី​រុស្ស៊ី​ចូល​ឈ្លានពាន​ប្រទេស​នេះ​កាល​ពី៦​ខែ​មុន​មក។ ការ​ប្រកាស​ផ្តល់​ជំនួយនេះ​កើត​មាន​ឡើង​ស្រប​ពេល​ដែល​មន្ត្រី​អាមេរិក​មួយចំនួន​បាន​ព្រមាន​ថា​ រុស្ស៊ីហាក់​ដូច​ជា​កំពុង​ត្រៀមផែនការ​ក្នុង​ការវាយ​ប្រហារ​ថ្មីៗ​ទៀតទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិលនិង​ទីតាំង​អគារ​រដ្ឋាភិបាល​អ៊ុយក្រែន​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃខាង​មុខ​នេះ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។
  • អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz ​នៅ​ថ្ងៃ​ពុធ​នេះ​ បាន​ធានា​ដល់​រដ្ឋាភិបាល​អ៊ុយក្រែន​ពីការ​គាំទ្ររបស់​អាល្លឺម៉ង់​ចំពោះ​ប្រទេស​មួយ​នេះ​ក្នុង​រយៈពេល​យូរ​ប៉ុណ្ណា​ក៏​ដោយ​ឱ្យ​តែ​ចាំបាច់​ ស្រប​ពេល​ដែល​អ៊ុយក្រែនកំពុង​ប្រារព្ធ​ខួបឯករាជ្យជាតិ​របស់​ខ្លួន​ និង​កត់​សម្គាល់ពី​ការ​ចូល​ឈ្លានពានរបស់រុស្ស៊ី​ទៅ​ក្នុង​ប្រទេស​នេះ​អស់​រយៈ​ពេល​៦​ខែ​កន្លង​ទៅ។ នៅ​ក្នុង​សារ​វីដេអូមួយ​របស់​អធិការបតី​អាល្លឺម៉ង់​រូប​នេះ​នៅ​លើ​បណ្តាញ Twitter បាន​ឱ្យ​ដឹង​ថា៖ «ប្រទេស​អាល្លឺម៉ង់​ឈរ​យ៉ាង​រឹងមាំ​ជាមួយនឹង​ប្រទេស​អ៊ុយក្រែន​ ដែល​កំពុង​ត្រូវ​បាន​គំរាមកំហែងនៅ​ពេល​នេះ ហើយយើង​នឹង​ឈរ​ជា​មួយ​ប្រទេស​នេះ​ទោះ​យូរប៉ុណ្ណា​ក៏ដោយ​ដរាបណាអ៊ុយក្រែន​នៅ​តែ​ត្រូវ​ការ​ការ​គាំ​ទ្ររបស់​យើង។ យើង​នឹងបន្ត​ការ​ដាក់​ទណ្ឌកម្ម​របស់​យើង​ទៅ​លើ​រុស្ស៊ី ហើយ​យើង​នឹងផ្តល់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្រទេស​អ៊ុយក្រែន​ និង​ជួយ​ប្រទេស​នេះកសាង​ឡើង​វិញ​នូវ​ទីក្រុង​និងភូមិ​នានាដែល​ត្រូវ​បាន​បំផ្លាញដោយ​ការ​ឈ្លានពាន​របស់​រុស្ស៊ី»។​ នេះ​បើ​យោង​តាម​សេចក្ដីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP។ ​
  • រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បានបង្កើន​ការ​ព្រមានរបស់ខ្លួន​ថា​ ​រដ្ឋាភិបាល​រុស្ស៊ី​និង​ក្រុមហ៊ុន​ជំនួញ​របស់​ប្រទេស​នេះ​កំពុងប្រើប្រាស់ប្រទេស​តួកគី​ ដើម្បី​គេច​ចេញ​ពី​ការ​រឹតបន្តឹង​ផ្នែក​ហិរញ្ញវត្ថុ​និង​ពាណិជ្ជកម្មរបស់​ប្រទេស​លោក​ខាងលិច​ ដែល​ត្រូវ​បាន​ដាក់ទៅ​លើ​រដ្ឋាភិបាល​ក្រុង​មូស្គូ​បន្ទាប់​ពី​រុស្ស៊ី​ចូល​ឈ្លាន​ពានទៅ​លើ​ប្រទេស​អ៊ុយក្រែន​កាល​ពី​៦​ខែមុន។ ទិន្នន័យ​ផ្លូវការបាន​បង្ហាញ​ថា​ តម្លៃ​នៃ​ការ​នាំចេញ​របស់ប្រទេស​តួកគីទៅ​កាន់រុស្ស៊ីក្នុង​ចន្លោះ​ពី​ខែ​ឧសភា​ដល់​ខែ​កក្កដា​នេះ​មាន​ការ​កើន​ឡើងជិត​៥០​ភាគរយ បើ​ប្រៀបធៀប​នឹង​តួលេខ​កាល​ពីឆ្នាំ​ទៅ។​ អនុរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​លោក Wally Adeyemo បាន​ទៅ​ធ្វើ​ទស្សនកិច្ច​ដ៏​កម្រ​មួយ​ទៅ​កាន់រដ្ឋធានី​អង់ការ៉ា​និងទីក្រុង​អ៊ីស្ដង់ប៊ុល​របស់​ប្រទេស​តួកគី​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​ ដើម្បី​បង្ហាញ​ពី​ការព្រួយ​បារម្ភ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដែល​ថាក្រុម​អភិជន​រុស្ស៊ី​និង​ក្រុមហ៊ុន​ជំនួញ​ធំៗរបស់​ប្រទេស​នេះ​កំពុង​ប្រើប្រាស់ស្ថាប័ន​តួកគី ដើម្បី​គេច​ចេញ​ពី​ការ​ដាក់​ទណ្ឌកម្ម​របស់​លោក​ខាងលិច។​ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP ។
  • សម្តេច​ប៉ាប Francis បាន​ប្រើប្រាស់​នូវជំនួប​សវនាការ​ទូទៅ​មួយ​របស់​ព្រះអង្គ​នៅ​ថ្ងៃ​ពុធ​នេះ​ ដើម្បី​បន្ត​អំពាវនាវ​សុំ​សេចក្តីសុខដល់​ប្រជាជន​អ៊ុយក្រែន ដោយ​ព្រះអង្គ​លើកឡើង​ថា​ ប្រជាជន​អ៊ុយក្រែន​បាន​ទទួល​រង​នូវ​ការ​ឈឺចាប់​នៃ​សង្រ្គាម​ដ៏តក់ស្លុតអស់​រយៈពេល​៦​ខែ​កន្លង​ទៅ​ហើយ។​ នេះ​បើ​តាម​គេហទំព័រ​ព័ត៌មាន​របស់​វិមាន​វ៉ាទីកង់។​ សម្តេច​ប៉ាប​បាន​បន្ថែម​ទៀត​ថា៖​ «ខ្ញុំ​សង្ឃឹមថា​ជំហាន​សំខាន់ៗនឹង​ត្រូវ​បាន​ប្រកាន់យក​ ដើម្បី​ឈាន​ទៅ​បញ្ចប់នូវ​ភ្លើងសង្គ្រាម ក៏​ដូច​ជា​ការ​បញ្ចៀសនូវ​គ្រោះ​មហន្តរាយ​ដែល​អាច​កើត​មាន​ឡើង​ នៅ​ទីតាំង​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia ផង​ដែរ។
  • មេដឹកនាំ​ផ្តាច់ការនៃ​ប្រទេស​បេឡារុស​លោក Alexander Lukashenko នៅ​ថ្ងៃ​ពុធ​នេះ​ បានអបអរ​សាទរ​ដល់​ប្រទេស​អ៊ុយក្រែន​ ​ក្នុង​ឱកាស​នៃទិវា​បុណ្យ​ឯករាជ្យជាតិ​របស់​ខ្លួន​ ដោយ​និយាយ​ថា​ ការ​ខ្វែងគំនិត​គ្នា​នា​ពេល​បច្ចុប្បន្ន​នេះ មិន​គួរ​បំផ្លាញ​នូវ​ទំនាក់​ទំនង​ក្នុង​នាម​ប្រទេស​ជិត​ខាង​ដ៏​យូរ​អង្វែងរវាង​ប្រទេស​ទាំង​ពីរ​នោះ​ឡើយ។ ប្រធានាធិបតីបេឡារុសរូប​នេះបាន​អនុញ្ញាតឱ្យ​កងទ័ព​រុស្ស៊ីចូល​ទៅក្នុង​ទឹកដី​របស់​ខ្លួន​ ក្រោម​លេសនៃការ​ធ្វើ​សមយុទ្ធ​យោធា​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ មុន​កង​កម្លាំង​រុស្ស៊ី​ចូល​ឈ្លាន​ពាន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​។ នេះ​បើ​យោង​តាម​សេចក្ដីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។
២១:១៧ ២៥.៨.២០២២

ថ្ងៃព្រហស្បតិ៍ ទី ២៥ ខែសីហា៖

  • ចំនួន​អ្នក​ស្លាប់សរុបដោយ​សារ​ការវាយប្រហារ​ដោយ​គ្រាប់រ៉ុកក្កែត​របស់​រុស្ស៊ី នៅ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​អ៊ុយក្រែន​ បាន​កើន​ឡើង​ដល់​ចំនួន​ ២៥ ​នាក់​ហើយ។​ អនុប្រធាន​ការិយាល័យ​ប្រធានាធិបតី​អ៊ុយក្រែន​ បាន​ឱ្យ​ដឹងនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ក្នុង​ចំណោម​ជន​រងគ្រោះដែល​ស្លាប់​ទាំង​នោះ​ ក៏​មាន​កុមារ​អាយុ ១១ ​ឆ្នាំ​ម្នាក់​ ដែល​បាន​ស្លាប់​ក្នុង​កម្ទេចបាក់​បែក​នៃ​ផ្ទះ​មួយ​ខ្នង និង​កុមារ​ម្នាក់​ទៀត​អាយុ ៦​ ឆ្នាំ​ ដែល​បាន​ស្លាប់​ក្នុងរថយន្ត​ដែល​ត្រូវបាន​ឆាបឆេះ​ នៅ​ជិត​ស្ថានីយរថភ្លើង​មួយ​កន្លែង​ ដែល​ទទួល​រង​ការ​វាយ​ប្រហារផ្ទាល់​ដោយគ្រាប់​រ៉ុកក្កែត​រុស្ស៊ី​នោះ។​ ការ​វាយ​ប្រហារ​ដែល​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​នេះ​ បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ពុធ​ ក្នុង​តំបន់​ប្រជុំជន Chaplyne ដែល​មាន​ប្រជាជន​រស់​នៅ​សរុប​ប្រមាណ​ ៣ ពាន់ ៥ រយនាក់​ នៅ​កណ្តាល​តំបន់ Dnipropetrovsk។
  • ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​អះអាង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ខ្លួន​បាន​សម្លាប់​កងទ័ព​អ៊ុយក្រែនជាង​២០០ នាក់​ នៅ​ក្នុង​ការ​វាយ​ប្រហារ​ទៅ​លើ​ស្ថានីយ​រថភ្លើង​មួយកន្លែង នៅតំបន់​ស្ថិត​ចំ​កណ្តាលប្រទេស​អ៊ុយក្រែន​ ដែល​រដ្ឋាភិបាល​ក្រុង​កៀវ​ថា ​មាន​អ្នក​ស្លាប់​ ២៥ ​នាក់​ ក្នុង​នោះ​មាន​កុមារ​ផង​ដែរ​នោះ។​ សហភាព​អឺរ៉ុប​បាន​ថ្កោលទោស​ការ​វាយ​ប្រហារ​ដ៏​ឃោរឃៅ​នេះ​ទៅ​លើ​ជនស៊ីវិល​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ចំ​ទិវា​ខួប​ឯករាជ្យជាតិ​របស់​អ៊ុយក្រែន​ និង​ ៦ ​ខែ​នៃ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​មក​លើ​ប្រទេស​អ៊ុយក្រែន។ នេះ​បើតាម​ទី​ភ្នាក់ងារ​ព័ត៌មាន AFP ។
  • សេដ្ឋកិច្ច​អ៊ុយក្រែន​អាចមាន​ស្ថិរភាព​និង​អាច​ពង្រីក​រហូត​ដល់​ចំនួន​ ១៥,៥​ ភាគរយ នៅ​ក្នុង​ឆ្នាំ​ ២០២៣​ ខាង​មុខ​នេះ​ អាស្រ័យ​ទៅ​លើការ​វិវត្តន៍​នៃ​ស្ថានភាព​យោធានៅក្នុង​សង្គ្រាម​ប្រឆាំង​នឹង​រុស្ស៊ី​ ដែល​បាន​ចាប់​ផ្តើម​ឡើង​តាំង​ពី​ថ្ងៃ​ទី​ ២៤​ ខែ​កុម្ភៈមក។ នេះ​បើតាម​ការ​ឱ្យ​ដឹង​របស់រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​អ៊ុយក្រែន​ ដែល​បាន​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters​ នៅ​ក្នុង​កិច្ចសម្ភាសន៍​មួយ។​ លោក​ស្រី Yulia Svyrydenko ដែល​មាន​តួនាទី​ជាឧបនាយករដ្ឋមន្ត្រី​ទី​ ១ ​របស់​អ៊ុយ​ក្រែន​ផង​នោះ បាន​ថ្លែង​ថា​ មន្ត្រី​រដ្ឋាភិបាល​កំពុង​ប្រមូល​ចងក្រង​ព្យាករណ៍​សេដ្ឋកិច្ចម៉ាក្រូ​ នៅ​មុនការ​ចាប់​ផ្តើមកិច្ច​ចរចារជាមួយ​មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ​ IMF ​នៅ​ខែ​ក្រោយ​ ស្តីពី​គម្រោង​កម្ចី​ប្រាក់​ថ្មី​មួយ។
  • ទី​ភ្នាក់ងារ​ត្រួត​ពិនិត្យនុយក្លេអ៊ែរ​របស់​អង្គការ​សហប្រជាជាតិ​ កំពុង​ខិត​ទៅ​ជិត​ដល់​ការអនុញ្ញាត​ឱ្យ​ចូល​ទៅ​ត្រួត​ពិនិត្យ​មើល​ទីតាំង​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia របស់​អ៊ុយក្រែន​ហើយ។​ នេះ​បើតាមប្រធាន​ទី​ភ្នាក់ងារ​នុយក្លេអ៊ែរ​របស់​អង្គការ​សហប្រជាជាតិ​លោក​ Rafael Grossi ដែល​បាន​ប្រាប់​ទូរទស្សន៍​បារាំង​ប៉ុស្តិ​ ២៤ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ នៅ​ពេល​សួរ​ថាតើ​ការ​ពិភាក្សា​ជុំវិញ​ការ​អនុញ្ញាត​ឱ្យ​ទៅ​មើល​រោងចក្រនុយក្លេអ៊ែរ​នោះ​ ទទួល​បាន​ជោគជ័យ​ឬយ៉ាង​ណា​នោះ​ លោក Rafael បញ្ជាក់​ថា ទី​ភ្នាក់ងារ​របស់​លោកនឹង​ទៅ​កាន់​រោងចក្រ​នោះ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខនេះ។​ លោក​បន្ថែម​ដូច​នេះថា៖ «យើង​ជិត​ឈាន​ដល់​ដំណាក់​កាល​នោះ​មែន​ទែន​ហើយ»។
  • ចក្រភព​អង់គ្លេសនឹង​ចែក​រំលែក​ជំនាញ​បច្ចេកទេសជាមួយ​ប្រទេសអ៊ុយក្រែន​ ​ដែល​ជា​ផ្នែក​មួយ​នៃ​កញ្ចប់​ជំនួយ​គាំទ្រ​ថ្មីដើម្បី​ជួយ​ប្រទេស​នេះ​ ក្នុង​ការ​ស្ថាបនាបណ្តាញហេដ្ឋារចនាសម្ព័ន្ធ​និងប្រព័ន្ធ​ដឹកជញ្ជូន​ឡើងវិញ​ ​បន្ទាប់​ពីការ​ចូល​ឈ្លានពានរបស់​រុស្ស៊ីទៅ​លើអ៊ុយក្រែន​ចាប់​តាំង​ពី​ដើម​ឆ្នាំ​នេះ។ នេះ​បើតាម​ការ​បញ្ជាក់​របស់រដ្ឋាភិបាល​អង់គ្លេស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​ រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​ចក្រភព​អង់គ្លេស​លោក​ Grant Shapps បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងកាណ៍​ថា​ អ្នកជំនាញ​អង់គ្លេស​នឹង​ផ្តល់​ចំណេះដឹង​ខាង​បច្ចេកទេស​ ក្នុង​ការសាងសង់ព្រលានយន្តហោះ​ ផ្លូវចុះចត​របស់​យន្តហោះ​និងកំពង់ផែ ក៏​ដូចជា​ការ​ជួយ​រក​វគ្គ​បណ្តុះបណ្តាល​ដល់​បុគ្គលិក​អាកាសចរណ៍​អ៊ុយក្រែន​ផង​ដែរ។ េនះ​បើយោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters៕

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG