ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

២៣:៣៦ ១៦.៨.២០២២

ថ្ងៃអង្គារ​ ទី ១៦ ខែសីហា៖

  • តុលាការ​មួយ​នៅក្នុង​ប្រទេស​រុស្ស៊ី​បាន​ផាក​ពិន័យក្រុមហ៊ុន​ផ្សាយ​ព័ត៌មាន Twitch ចំនួន​៣៣.០០០​ដុល្លារ​អាមេរិក​នៅ​ថ្ងៃ​អង្គារ​នេះ ដែល​បាន​ផ្សព្វផ្សាយនូវ​ព័ត៌មាន ដែលមិន​គួរ​ឱ្យ​ទុកចិត្តបាន​ ស្តី​ពីការ​ចោទ​ប្រកាន់​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ក្នុងទីប្រជុំជន Bucha ក្នុង​ប្រទេស​អ៊ុយក្រែន។​ នេះ​បើតាម​ការ​ចេញ​ផ្សាយរបស់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បានស្រង់ផ្សាយ​បន្តពី​ទី​ភ្នាក់ងារ​ព័ត៌មាន​ Interfax របស់​រុស្ស៊ី​។​ ​កាល​ពី​ពេល​កន្លង​ទៅ​ ប្រព័ន្ធសេវាកម្ម​សារ​តាម​បណ្តាញ​ Telegram ត្រូវ​ទទួលរង​ការ​ផាក​ពិន័យ​នូវ​ទឹកប្រាក់​ប្រមាណ​៦៦.០០០ដុល្លារ​អាមេរិក​ ​ដោយ​សារ​ការ​បដិសេធមិន​ព្រម​លុប​ខ្លឹមសារ​បង្ហោះទាក់​ទង​នឹង​ជម្លោះនៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។​
  • រដ្ឋ​មន្ត្រី​ក្រសួង​ការពារជាតិ​រុស្ស៊ី​លោក​ Sergei Shoigu បាន​និយាយនៅ​ថ្ងៃ​អង្គារ​នេះ​ នៅ​ក្នុង​សុន្ទរកថា​មួយ​នៅ​ឯ​សន្និសីទស្តី​ពី​សន្តិសុខ​អន្តរជាតិក្នុង​ទីក្រុង​មូស្គូ​ថា​ ប្រទេស​រុស្ស៊ីមិន​ចាំបាច់​ប្រើប្រាស់អាវុធ​នុយក្លេអ៊ែរ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​នោះ​ឡើយ​។​ នេះ​បើយោង​ទៅ​លើ​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។ លោក Shoigu ក៏​បាន​ចោទ​ប្រកាន់ផង​ដែរ​ថា​ សកម្មភាព​ប្រតិបត្តិការយោធា​អ៊ុយក្រែន ត្រូវ​បាន​រៀប​ចំធ្វើ​ឡើងដោយ​សហរដ្ឋអាមេរិក​ និង​ចក្រភព​អង់គ្លេស ហើយ​អង្គការ​អូតង់​បាន​បង្កើន​ការ​ពង្រាយ​កងទ័ព​របស់​ខ្លួន​ នៅ​ក្នុង​តំបន់​អឺរ៉ុប​ភាគ​កណ្តាល​និង​ខាង​កើត​អស់​រយៈពេល​ជា​ច្រើន​លើក​ច្រើន​សារ។​
  • រុស្ស៊ី​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ​ការ​ផ្ទុះ​ដ៏​ខ្លាំងនៅ​ទី​តាំង​យោធា​មួយ​កន្លែង​ក្នុងឧបទ្វីបCrimea ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី​ក្នុងប្រទេស​អ៊ុយក្រែន​ ហើយ​ដែល​បាន​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​អគ្គិសនី​នោះ​ ​គឺជា​សកម្មភាព​នៃ​ការ​ធ្វើ​វិទ្ធង្សនា​មួយ​។ ទន្ទឹម​នឹង​នេះ​ដែរ​ ប្រធានាធិបតី​រុស្ស៊ី​ លោក Vladimir Putin​ ក៏បាន​និយាយ​ថា​ ​សហរដ្ឋអាមេរិក​កំពុងព្យាយាម​អូសបន្លាយ​ជម្លោះ និង​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ថា​ ​បានដាក់​ពលរដ្ឋ​អ៊ុយក្រែន​នៅខែ្ស​បន្ទាត់​ជួរមុខនៃ​ការ​វាយ​ប្រហារ ​ហើយ​បាន​ផ្តល់​ឱ្យ​រដ្ឋាភិបាល​អ៊ុយក្រែន​ នូវ​អាវុធ​ធន់ធ្ងន់​ជា​ច្រើន។​ នេះ​បើតាមការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP ។​ ​
  • ប្រទេស​ហ្វាំឡង់​នឹង​កម្រិតចំនួន​ទិដ្ឋាការ​ទេសចរណ៍​សម្រាប់​ជនជាតិ​រុស្ស៊ី​ នៅ​ត្រឹម​១០​ភាគរយ​ ចាប់​ពី​ថ្ងៃ​ទី​១​ ខែ​កញ្ញា​ខាង​មុខ​នេះ​តទៅ​ ដោយ​សារ​ការ​មិន​សប្បាយចិត្តទៅ​លើការ​ធ្វើ​ទេសចរណ៍​របស់​ពលរដ្ឋ​រុស្ស៊ី ក្នុង​អំឡុង​ពេល​ដែល​សង្គ្រាម​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋាភិបាលហ្វាំងឡង់នៅ​ថ្ងៃ​អង្គារ​នេះ។​ «ទិដ្ឋាការ​ប្រភេទ​ទេសចរណ៍​នឹង​មិន​ត្រូវ​បញ្ឈប់​ទាំង​ស្រុង​នោះឡើយ ប៉ុន្តែ​ចំនួន​ទិដ្ឋាការ​ដែល​នឹង​ត្រូវ​ផ្តល់​ដល់​ពលរដ្ឋ​រុស្ស៊ី​ នឹងត្រូវ​កាត់​បន្ថយ​ក្នុង​ចំនួន​ដ៏​ច្រើន»។ នេះ​បើ​តាមរដ្ឋមន្ត្រី​ការបរទេស​ហ្វាំងឡង់​លោក Pekka Haavisto ដែល​បាន​ប្រាប់ក្រុម​អ្នក​សារព័ត៌មាន​នៅ​ក្នុង​រដ្ឋធានី​ហែលស៊ីនគី (Helsinki) នៃ​ប្រទេស​ហ្វាំងឡង់។ បច្ចុប្បន្ន​នេះ​ ហ្វាំងឡង់​ផ្តល់​ទិដ្ឋាការ​ទេសចរណ៍ដល់​ពលរដ្ឋ​រុស្ស៊ី​ប្រមាណ​១ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ។​ នេះ​បើ​តាមរដ្ឋមន្ត្រី​ការបរទេស​ហ្វាំងឡង់​រូប​នេះ​ ដែល​បាន​ប្រាប់​វិទ្យុ​រដ្ឋ Yle ក្នុង​ពេល​ដាច់​ដោយឡែក​មួយ។​ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP។
  • កងយោធា​អ៊ុយក្រែន​និយាយ​ថា​ ខ្លួន​កំពុង​ត្រៀម​ខ្លួនដើម្បី​ទប់ទល់​នឹង​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី ក្នុង​ឱកាស​នៃ​បុណ្យ​ខួប​ឯករាជ្យជាតិ​របស់​ខ្លួន​។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ទី​សារព័ត៌មាន Kyiv Independent នៅ​ថ្ងៃ​អង្គារ​នេះ។​ អ្នកនាំពាក្យទីបញ្ជាការដ្ឋាន​កងទ័ព​ជើង​អាកាស​លោក​ Yuriy Ihnat បាន​និយាយថា​ របាយការណ៍​ចារកម្ម​បាន​បង្ហាញ​ថា​ រុស្ស៊ី​កំពុង​បង្កើនសកម្មភាព​យោធានៅ​លើ​ទឹកដី​ប្រទេស​បេឡារុស​ ហើយ​ប្រហែល​ជាកំពុង​ប្រុង​ប្រៀបបើក​ការ​វាយ​ប្រហារមក​លើ​អ៊ុយក្រែន​ ​ក្នុង​ឱកាស​នៃ​បុណ្យ​ឯករាជ្យជាតិ​របស់​ប្រទេស​នេះ នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ខាង​មុខ​នេះ។​ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន​មួយ​នេះ។
២២:៤៤ ១៧.៨.២០២២

ថ្ងៃពុធ ទី ១៧ ខែសីហា៖

  • ចិន​នឹង​បញ្ជូន​កងទ័ព​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​រុស្ស៊ី​ ដើម្បី​ចូល​រួម​នៅ​ក្នុង​សមយុទ្ធ​យោធា​រួម​គ្នា​មួយជាមួយរុស្ស៊ី​និង​ប្រទេស​ផ្សេងៗ​ទៀត​ ដែល​រួម​មានឥណ្ឌា​ បេឡារុស​ និង​ប្រទេស​តាហ្ស៊ីគីស្ថាន។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់ទី​ភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃ​ពុធ​នេះ​ ដែល​បាន​ស្រង់​សម្តីក្រសួង​ការពារ​ជាតិ​ចិន។​ ការ​ចូល​រួម​របស់កងទ័ព​ចិន​នៅ​ក្នុង​សមយុទ្ធ​យោធា​រួម​គ្នា​នេះ​មិនពាក់ព័ន្ធ​ទៅ​នឹង​ស្ថានភាព​តំបន់​និង​អន្តរជាតិ​នា​ពេល​បច្ចុប្បន្ន​នេះ​ឡើយ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់ក្រសួង​ការពារ​ជាតិ​ចិន​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ។ សេចក្តី​ថ្លែងការណ៍​នេះ​បន្ត​ទៀត​ថា​ សមយុទ្ធ​យោធា​នេះ​ជាផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀងស្តីពី​កិច្ច​សហប្រតិបត្តិការទ្វេភាគី​ប្រចាំ​ឆ្នាំ​ ដែល​កំពុង​ធ្វើ​ឡើង។​
  • រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក​ Antony Blinken បាន​ប្រកាសកាល​ពី​យប់​ថ្ងៃ​ចន្ទ​នូវ​ទឹក​ប្រាក់​ចំនួន ​៦៨ លាន​ដុល្លារ​ ដើម្បី​ជួយដល់​ការ​ទិញ ដឹក​ជញ្ជូន​ និង​ស្តុកទុក​នូវ​ស្រូវ​សាឡី​អ៊ុយក្រែនរហូត​ដល់​ ១ សែន ​៥ ម៉ឺនតោន​ ដើម្បី​ដោះ​ស្រាយ​នូវ​បញ្ហា​អសន្តិសុខ​ស្បៀង​ធ្ងន់ធ្ងរ។ ស្រប​ពេល​ដែលមានការ​បន្ត​ឡើង​វិញ​នូវ​ការ​នាំចេញគ្រាប់ធញ្ញជាតិ​ពី​កំពង់ផែ​សមុទ្រ​ខ្មៅ​របស់​អ៊ុយក្រែន​ ដែល​ជា​ជំហាន​វិជ្ជមាន​មួយ​ក្នុង​ការ​ដោះស្រាយ​នូវតម្រូវការ​ក្នុង​ប្រទេស​ដែល​ខ្វះខាត​ស្បៀង​អាហារ​នោះ​ ការ​ដឹកជញ្ជូន​នេះ​ត្រូវ​តែ​បន្ត​ធ្វើ​ទៅ​ទៀត​ ដើម្បីធ្វើ​ឱ្យ​ស្បៀង​អាហារ​ជា​ច្រើន​លាន​តោន​ដែល​នៅ​ជាប់​គាំង​អាច​ទៅ​ដល់​ទី​ផ្សារ​ និង​ជួយ​ដល់ប្រទេសដែលងាយ​រង​គ្រោះបំផុត​នៅ​ក្នុង​ពិភពលោក។​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក Blinken នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ។
  • អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិលោក​ Antonio Guterres មាន​គម្រោង​នឹងទៅធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដើម្បី​ជួប​ប្រជុំ​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​ លោក Zelenskyy និង​ប្រធានាធិបតី​ប្រទេស​តួកគី​លោក​ Recep Tayyip Erdogan។ ​អ្នកនាំពាក្យ​របស់អគ្គលេខាធិការអង្គការ​សហប្រជាជាតិលោក Stephane Dujarric បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មានថា​ ប្រធាន​អង្គការ​សហប្រជាជាតិ​រូប​នេះ​ក៏​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Odesa ​ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​អ៊ុយក្រែន​ផង​ដែរ​នៅ​ថ្ងៃ​សុក្រនេះ​ ដើម្បី​ពិនិត្យ​មើល​កំពុង​ផែមួយ​ ដែល​កំពុង​ត្រូវ​បាន​ប្រើប្រាស់ជា​ផ្នែក​មួយនៃ​គំនិត​ផ្តួចផ្តើម​ ក្នុង​ការ​ចាប់​ផ្តើម​ឡើងវិញ​នូវ​ការ​នាំចេញគ្រាប់ធញ្ញជាតិ​របស់​អ៊ុយក្រែន​នោះ។​ អង្គការ​សហប្រជាជាតិ​និងប្រទេស​តួកគី​ បាន​ផ្តួចផ្តើមឱ្យ​មាន​កិច្ចព្រមព្រៀង​មួយ​ជា​មួយ​រុស្ស៊ីនិង​អ៊ុយក្រែន​ ខណៈ​ពេល​ដែល​កំពុង​មាន​វិបត្តិ​ស្បៀងអាហារ​ជា​សាកល​ ហើយមាន​នាវា​ដឹកជញ្ជូនជា​ច្រើន​គ្រឿង​ បាន​ដឹក​គ្រាប់​ធញ្ញជាតិចេញ​ពី​ប្រទេស​អ៊ុយក្រែន​រួច​ហើយ។
  • ក្រុម​អ្នក​បច្ចេកទេស​អ៊ុយក្រែន​នៅ​ទីតាំងរោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ដែល​ទទួល​រង​ការ​បាញ់​ផ្លោង​និង​កំពុង​កាន់​កាប់ដោយ​កងកម្លាំង​រុស្ស៊ី​នោះ​ បាន​ធ្វើ​ការ​ក្រោម​ចុង​កាំភ្លើងរបស់​កងទ័ព​រុស្ស៊ី​ និង​ប្រឈមនឹង​ការ​ដាក់​សម្ពាធជា​ខ្លាំង​ ប៉ុន្តែ​ពួក​គេ​នៅ​តែស្ថិត​នៅ​ទី​នោះ​ ដើម្បីធានា​ថា​នឹង​មិន​មាន​មហន្តរាយ​ណាមួយ​ ដូច​អ្វី​ដែល​កើត​មាន​ឡើង​នៅ​រោងចក្រ​នុយក្លេអ៊ែរ Chornobyl នោះ​ឡើយ។​ នេះ​បើ​តាមការ​បញ្ជាក់​របស់​អ្នក​បច្ចេកទេស​អ៊ុយក្រែនមួយ​រូប ហើយ​ដែល​ត្រូវ​បាន​រាយការណ៍​ដោយ​ទី​ភ្នាក់ងារ​ព័ត៌មាន ​Reuters។ ​អ្នក​បច្ចេកទេស​អ៊ុយក្រែនរូប​នេះ​ ដែល​សុំមិន​បញ្ចេញ​ឈ្មោះ​ ដោយ​ខ្លាច​មាន​ការ​សងសឹកពី​សំណាក់​រុស្ស៊ី​នោះ​ បាន​លើក​ឡើង​ពី​ស្ថានភាព​ការងារ​ដ៏​លំបាក​នៅរោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia ដែល​ភាគី​អ៊ុយក្រែន​និង​រុស្ស៊ី​បាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មកជុំវិញ​រឿងបាញ់​ផ្លោង​ដាក់​រោងចក្រ​នេះ។​ ​
  • កង​នាវា​ជើងទឹក​រុស្ស៊ី​នៅ​សមុទ្រ​ខ្មៅ​ដែល​មាន​មូលដ្ឋានក្នុង​តំបន់ Crimea របស់​រុស្ស៊ី​ បាន​តែង​តាំង​មេបញ្ជាការ​ថ្មីម្នាក់។ នេះ​បើ​តាមទី​ភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​រុស្ស៊ី​ RIA ដែល​បាន​ស្រង់​ប្រភពមួយ​ចំនួន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ​ បន្ទាប់​ពី​មាន​ការ​ផ្ទុះ​ដ៏​កក្រើកនៅ​មូលដ្ឋាន​យោធា​រុស្ស៊ី​នៅ​ក្នុង​ឧបទ្វីបនេះ​ កាល​ពី​៩​ថ្ងៃ​មុន។ ទី​ភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​រុស្ស៊ី​មួយ​នេះ​ក៏​បាន​ស្រង់​ប្រភព​នានាដោយ​និយាយ​ថា​ មេបញ្ជាការ​យោធា​ថ្មី​ប្រចាំ​តំបន់​នេះ​ គឺ​លោក Viktor Sokolov ត្រូវ​បាន​គេ​ណែនាំឱ្យ​ជួបជា​មួយ​សមាជិក​ក្រុមប្រឹក្សា​យោធា​កងទ័ព​ជើង​ទឹក​រុស្ស៊ី​ នៅ​កំពង់​ផែ Sevastopol ។
២១:០១ ១៨.៨.២០២២

ថ្ងៃព្រហស្បតិ៍ ទី ១៨ ខែសីហា៖

  • ទីភ្នាក់ងារ​ព័ត៌មាន Reuters​ រាយការណ៍​ថា​ ក្រសួងការពារ​ជាតិ​រុស្ស៊ីបាននិយាយ​ថា​ ខ្លួនអាច​នឹង​បិទ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia ប្រសិន​បើការ​បាញ់​ផ្លោង​ដាក់​រោងចក្រ​នេះ​ នៅ​តែ​បន្ត​នោះ។​ នៅ​ក្នុង​កិច្ចប្រជុំ​ខ្លី​មួយ​ លោក Igor Kirillov ប្រធាន​កងកម្លាំង​ការពារផ្នែក​អាវុធ​ជីវសាស្រ្ត​ គី​មី​ និង​វិទ្យុសកម្ម​របស់​រុស្ស៊ី​ បាន​និយាយថា​ ប្រព័ន្ធ​បម្រុង​របស់​រោងចក្រ​នេះ​បាន​ទទួល​រងការ​ខូចខាត​ ដោយ​សារ​តែ​ការ​បាញ់ផ្លោង។​ មន្ត្រី​រុស្ស៊ី​រូប​នេះ​ក៏​បាន​និយាយផង​ដែរ​ថា​ ក្នុង​ករណី​ដែល​មាន​ការផ្ទុះ​ធ្លាយនោះ​ សារធាតុ​វិទ្យុសកម្ម​របស់​រោងចក្រ​នេះ​ អាច​ទៅ​ដល់​ប្រទេស​អាល្លឺម៉ង់​ ប៉ូឡូញ​ និង​ប្រទេស​ស្លូវ៉ាគី។​ រោងចក្រ​ថាមពល​នុយក្លែអ៊ែរ​នេះ​ ត្រូវ​បាន​កងទ័ព​រុស្ស៊ី​ដណ្តើម​កាន់កាប់កាល​ពី​ខែ​មីនា​កន្លង​ទៅ។
  • ប្រទេស​កាណាដា បាន​ផ្តល់​ប្រាក់កម្ចី​ប្រមាណ​ជាង ៣៤៨​ លានដុល្លារអាមេរិក​ ដល់​ប្រទេស​អ៊ុយក្រែន​ ដើម្បី​គាំទ្រ​ដល់ការ​ទិញ​ប្រេងសម្រាប់​ម៉ាស៊ីន​កម្តៅចាំបាច់​ សម្រាប់​ប្រើ​ប្រាស់​ក្នុងរដូវរងារ​ខាង​មុខ។ នេះ​បើតាម​ការ​លើក​ឡើង​របស់រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​កាណាដា​លោក​ស្រី Chrystia Freeland នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ។ ប្រាក់កម្ចី​នេះជា​ផ្នែក​មួយ​នៃទឹក​ប្រាក់​កម្ចី​សរុប​ចំនួន​ ១,៥១​ ពាន់លាន​ដុល្លារ​អាមេរិក​ ដែល​ប្រទេស​កាណាដា​ បាន​សន្យា​ឱ្យ​អ៊ុយក្រែន​ខ្ចី​ ដើម្បី​គាំទ្រ​ដល់​ប្រទេស​នេះ​ ក្នុង​អំឡុង​ពេល​នៃ​ការ​ចូល​ឈ្លានពាន​របស់​រុស្ស៊ី។
  • រដ្ឋមន្ត្រី​ការបរទេសសហរដ្ឋអាមេរិក​ លោក Antony Blinken បាន​និយាយ​នៅ​ថ្ងៃពុធ​ជាមួយ​រដ្ឋមន្ត្រី​កាបរទេស​អ៊ុយក្រែន​ លោក​ Dmytro Kuleba ស្តី​ពីការ​គាំទ្រ​បន្ត​របស់​សហរដ្ឋអាមេរិកទៅ​លើ​វិស័យ​ការពារ​ដែល​អ៊ុយក្រែន​ត្រូវ​ការ។ នេះបើតាម​ការ​លើក​ឡើង​របស់​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​ លោក​ Ned Price។ រដ្ឋមន្ត្រីការបរទេស​អាមេរិក ក៏​បាន​ជម្រាប​ជូន​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែនផង​ដែរ​ ពី​ការ​បញ្ជូន​ជំនួយ​សន្តិសុខរបស់​អាមេរិក​ទៅ​ឱ្យ​អ៊ុយក្រែន​ និង​បាន​ថ្កោលទោសសកម្មភាព​នា​ពេល​ថ្មីៗ​នេះ​របស់​កងកម្លាំង​រុស្ស៊ី ​នៅ​ទីតាំង​និងជុំវិញ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia របស់​អ៊ុយក្រែន​នោះ។
  • ជនស៊ីវិល​ពីរ​នាក់​ស្លាប់​ និង ​១៨ ​នាក់​ផ្សេងទៀត​រងរបួស​ នៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុកក្កែត​កាល​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ​ នៅ​ក្នុងទីក្រុង Kharkiv ភាគខាងកើត​អ៊ុយក្រែន។​ នេះបើតាម​ការបញ្ជាក់​របស់អភិបាល​តំបន់​ លោក Oleh Synehubov។​ បើតាម​អភិបាល​តំបន់​រូប​នេះ​ ការ​វាយ​ប្រហារ​នោះកើត​មាន​ឡើង​ បន្ទាប់​ពី​ការ​វាយ​ប្រហារ​ផ្សេង​មួយ​ទៀត​របស់​រុស្ស៊ីទៅ​លើ​ទីក្រុង Kharkiv កាល​ពី​ថ្ងៃ​ពុធ​ ដែល​បាន​សម្លាប់​ជន​ស៊ីវិល ៧ ​នាក់​ និងធ្វើឲ្យ​រងរបួស​ ១៧ ​នាក់នោះ។​ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ ​
  • យន្តហោះចម្បាំង​រុស្ស៊ី​ប្រភេទ MiG-31 ពីរគ្រឿង​ ត្រូវ​បាន​សង្ស័យ​ថា បាន​ហោះ​រំលោភចូល​ទៅ​ក្នុង​ដែន​អាកាស​របស់ប្រទេស​ហ្វាំងឡង់​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ នៅ​ជិត​ទីក្រុង​មាត់​សមុទ្រ Porvoo នៃ​ឈូងសមុទ្រ​ហ្វាំងឡង់។​ នេះបើតាម​ការ​ឱ្យ​ដឹង​របស់​ក្រសួង​ការពារ​ជាតិ​ហ្វាំងឡង់។​ ប្រធាន​ផ្នែក​ទំនាក់ទំនង​ក្រសួង​ការពារ​ជាតិ​ហ្វាំងឡង់​ ​លោក​ Kristian Vakkuri​ ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​ ថា​ «ការ​រំលោភ​របស់​យន្តហោះ​ចម្បាំង​រុស្ស៊ី​ ដែល​ត្រូវ​បាន​សង្ស័យ​នោះ​ គឺ​មាន​ចម្ងាយប្រមាណ​ ១ ​គីឡូម៉ែត្រ​ចូលទៅ​ក្នុង​ដែន​អាកាស​របស់​ប្រទេស​ហ្វាំងឡង់»៕
២១:៥៣ ១៩.៨.២០២២

ថ្ងៃសុក្រ ទី ១៩ ខែសីហា៖

  • អនុ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​រុស្ស៊ី​លោក Sergei Ryabkov បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ថា​ វត្តមាន​កងទ័ព​រុស្ស៊ី​នៅ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia នៅ​ភាគខាង​ត្បូង​អ៊ុយក្រែន​នោះ ​ជា​ការធានា​មួយ​មិន​ឱ្យ​មាន​នូវអ្វីដែល​លោក​ហៅ​ថា ជា«ស្ថានភាព​ដូច​រោងចក្រ​នុយក្លេអ៊ែរ Chernobyl » ដែល​បានបង្ក​មហន្តរាយ​នៃ​ការលេច​ធ្លាយ​វិទ្យុ​សកម្ម​នុយក្លេអ៊ែរ​កាល​ពី​ឆ្នាំ ១៩៨៦។ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី លោក Ivan Nechaev បាន​និយាយ​កាល​ពី​ម្សិលមិញ​ថា ការស្នើ​របស់​អង្គការ​សហប្រជាជាតិ​ដើម្បីដក​កងទ័ព​ចេញ​ពី​តំបន់ជុំវិញ​រោងចក្រនុយក្លេអ៊ែរ​នោះ «មិន​អាច​ទទួល​យក​បាន​ឡើយ»។ នេះ​បើតាម​សេចក្តី​រាយការណ៍របស់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រធានាធិបតី​តូកគី​លោក Tayyip Erdogan បាន​និយាយ​ថា លោកនឹង​ពិភាក្សា​រឿង​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia ជាមួយប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បន្ទាប់ពី​លោក​បាន​ជួប​ជាមួយប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy រួច​មក។ នេះ​បើ​តាម​អត្ថបទ​នៃកិច្ចសម្ភាសន៍របស់​លោក។ លោក Zelenskyy បាន​និយាយ​ថា រុស្ស៊ី​ត្រូវ​តែ​ដោះ​គ្រាប់មីន​ទាំង​អស់ចេញ​ពី​តំបន់​រោងចក្រនោះ។ នេះ​បើ​តាម​លោក Erdogan ​ដែល​បាន​និយាយ​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ នៅ​ពេល​លោកធ្វើ​ដំណើរ​ត្រឡប់​ទៅប្រទេស​តួកគី​វិញពី​ទីក្រុង Lviv ប្រទេស​អ៊ុយក្រែន​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ លោក Erdogan និយាយ​ទៀត​ថា «យើង​នឹងពិភាក្សា​បញ្ហា​នេះជា​មួយ​ប្រធានាធិបតី​រុស្ស៊ី​លោក Putin ហើយ​សួរ​លោក​ចំៗ​ថា​ តើ​រុស្ស៊ី​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដែល​ជា​ជំហាន​ដ៏​សំខាន់សម្រាប់​សន្តិភាពពិភព​លោកនោះ»។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។
  • កងទ័ព​រុស្ស៊ី​កំពុង​បន្ត​បាញ់ផ្លោង​ឥត​ឈប់ឈរ​លើ​ទីតាំង​ជួរ​មុខរបស់ទីក្រុង Kharkiv ភាគ​ឦសាន​ ដើម្បីបិទ​ខ្ទប់កង​កម្លាំង​អ៊ុយក្រែន​មិន​ឱ្យ​ធ្វើ​ការ​វាយ​បក​ប្រឆាំង​នឹងខ្លួន​នៅ​តំបន់​ផ្សេងៗទៀត។ នេះ​បើតាម​ការ​បញ្ជាក់​របស់ក្រសួង​ការពារ​ជាតិ​អង់គ្លេស​នៅថ្ងៃសុក្រ។ មនុស្ស​ ១៧​ នាក់​បាន​ស្លាប់​និង ៤២ នាក់​ផ្សេង​ទៀត​បាន​រងរបួស​នៅ​ក្នុង​ការវាយ​ប្រហារ ២ ថ្ងៃ​ជាប់ៗ​គ្នារបស់​កង​ទ័ព​រុស្ស៊ី​កាល​ពី​ពុធ​ និង​ថ្ងៃ​ព្រហស្បតិ៍​ នៅ​ក្នុង​ទី​ក្រុង Kharkiv ដែល​ជា​ទី​ក្រុង​ធំបំផុត​ទី ២ របស់​អ៊ុយក្រែន។ នេះ​បើតាម​ការ​បញ្ជាក់​របស់​អភិបាល​តំបន់​អ៊ុយក្រែន​ហើយ​ដែល​ត្រូវ​បាន​រាយការណ៍​ដោយ​ទី​ភ្នាក់ងារព័ត៌មាន Reuters។
  • អ្នក​ភូមិ​រុស្ស៊ី​ចំនួន ២ ត្រូវ​បាន​ជម្លៀសកាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពីមាន​អគ្គិភ័យ​ដ៏​ខ្លាំង​មួយ​នៅ​ឃ្លាំង​ផ្ទុក​គ្រាប់​រំសេវ​ ដែល​ស្ថិត​នៅ​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​អ៊ុយក្រែន។ នេះ​បើតាម​ការឱ្យ​ដឹង​របស់​អាជ្ញាធរ​មូលដ្ឋាន។ អគ្គិភ័យ​នោះ​កើតមាន​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពីមាន​ការផ្ទុះ​ជា​បន្ត​បន្ទាប់​នៅ​បន្ទាយ​យោធា​រុស្ស៊ី​មួយ​កន្លែង និង​ឃ្លាំង​ផ្ទុក​គ្រាប់​រំសេវ​នៅ​ក្នុង​តំបន់ Crimea ដែល​ត្រូវ​បាន​ដាក់​បញ្ជូល​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់រុស្ស៊ី​ ហើយ​ដែលរស្ស៊ី​ហៅការ​ផ្ទុះ​នោះ ថា​ជា​សកម្មភាព​វិទ្ធង្សនា​មួយ​ ដែលធ្វើ​ឡើង​ដោយរដ្ឋាភិបាល​ក្រុង​កៀវ។ គេនៅ​មិន​ទាន់​ឃើញ​សេចក្តីរាយការណ៍​ណា​មួយ​ជុំវិញ​ការ​ឆេះ​នេះ​ឡើយ ក៏​ប៉ុន្តែអ្នក​ភូមិ Timonovo និង​ភូមិ Soloti ដែលស្ថិត​នៅ​ក្បែរ​នោះ ​ត្រូវ​បាន​គេ​ជម្លៀសទៅ​កាន់​ទី​កន្លែង​ដែល​មានសុវត្ថិ ភាព។ នេះបើតាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP៕

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG