២០:០៦
១៤.៧.២០២២
ថ្ងៃព្រហស្បតិ៍ ទី ១៤ ខែកក្កដា៖
- ក្រុមមន្ត្រីដែលត្រូវបានតែងតាំងដោយរុស្ស៊ីនៅផ្នែកខ្លះនៃតំបន់ Zaporizhzhia ភាគខាងត្បូងអ៊ុយក្រែន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី មានគោលបំណងធ្វើប្រជាមតិស្តីពីការចុះចូលជាមួយរដ្ឋាភិបាលរុស្ស៊ីនៅខែកញ្ញាខាងមុខនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន RIA Novosti របស់រុស្ស៊ី ដែលដកស្រង់សម្តីមន្ត្រីក្នុងតំបន់ម្នាក់ ហើយដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters។
- ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិឲ្យដឹងថា ជនស៊ីវិលជាង ៥.០០០ នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីប្រទេសរុស្ស៊ីបានឈ្លានពានលើអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈមក ហើយថា ចំនួនមនុស្សស្លាប់ពិតប្រាកដទំនងជាខ្ពស់ជាងនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Al Jazeera។
- មន្ត្រីអ៊ុយក្រែនថា កាំជ្រួចមីស៊ីលរុស្ស៊ីបីគ្រាប់ត្រូវបានបាញ់ទៅលើអគារនានាក្នុងទីក្រុង Vinnytsia ភាគកណ្តាលប្រទេសអ៊ុយក្រែន។ ការិយាល័យអគ្គរដ្ឋអាជ្ញានៃប្រទេសអ៊ុយក្រែន បាននិយាយថា មនុស្សយ៉ាងហោចណាស់ ២០ នាក់ រួមទាំងកុមារពីរនាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសនេះ។ ការិយាល័យនេះបានបន្ថែមថា «មនុស្សជាច្រើននាក់» ផ្សេងទៀត បានរងរបួស ហើយប្រតិបត្តិការស្វែងរកនិងសង្គ្រោះកំពុងបន្តធ្វើឡើង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន CNN។
- រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក អ្នកស្រី Janet Yellen បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែនបានជះឥទ្ធិពលអវិជ្ជមាននៅទូទាំងពិភពលោក ដូចដែលបានឃើញនៅពេលតម្លៃថាមពលឡើងថ្លៃខ្ពស់ និងការកើនឡើងនៃអសន្តិសុខស្បៀងអាហារ។ ការអត្ថាធិប្បាយរបស់អ្នកស្រី Yellen បានធ្វើឡើងក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន ដែលធ្វើឡើងនៅលើកោះបាលី ប្រទេសឥណ្ឌូណេស៊ី ជាទីដែលមេដឹកនាំហិរញ្ញវត្ថុនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង ២០ ឬហៅថា G-20 រួមទាំងរុស្ស៊ី កំពុងជួបប្រជុំគ្នា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ទីភ្នាក់ងារព័ត៌មាន The Guardian រាយការណ៍ថា ជនជាតិអាមេរិកាំងទី ៣ កំពុងត្រូវបានចាប់ខ្លួនដោយក្រុមបំបែកខ្លួនដែលគាំទ្ររុស្ស៊ី។ លោក Suedi Murekezi ត្រូវបានចាប់ខ្លួនកាលពីខែមុន នៅក្នុងទីក្រុងកំពង់ផែ Kherson ដែលកាន់កាប់ដោយរុស្ស៊ី នៅភាគខាងត្បូងអ៊ុយក្រែន។ លោក Sele Murekezi ដែលត្រូវជាបងប្រុស បាននិយាយថា បុរសអាយុ ៣៥ ឆ្នាំរូបនេះ បានរស់នៅទីនោះអស់រយៈពេលជាង ២ ឆ្នាំមកហើយ។ លោក Suedi Murekezi បានធ្វើទស្សនកិច្ចនៅអ៊ុយក្រែន ដើម្បីធ្វើជំនួញ។
- កូរ៉េខាងជើងបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនបានផ្ញើសារទៅកាន់ក្រុមមេដឹកនាំនៃតំបន់ផ្តាច់ខ្លួន Donetsk និង Luhansk នៅភាគខាងកើតអ៊ុយក្រែន ដែលគាំទ្រដោយរុស្ស៊ី អំពីឆន្ទៈរបស់កូរ៉េខាងជើង នៅក្នុងការអភិវឌ្ឍទំនាក់ទំនងការទូត។ ប្រទេសកូរ៉េខាងជើង រួមជាមួយនឹងរុស្ស៊ី និងស៊ីរី គឺជាប្រទេសដែលទទួលស្គាល់ឯករាជ្យនៃបណ្តាខេត្តនៅអ៊ុយក្រែន ដែលក្រុមផ្តាច់ខ្លួនបានកាន់កាប់តាំងពីឆ្នាំ ២០១៤៕
២១:២៦
១៥.៧.២០២២
ថ្ងៃសុក្រ ទី ១៥ ខែកក្កដា៖
- ទូរទស្សន៍ Al Jazeera រាយការណ៍ថា នាយករដ្ឋមន្ត្រីហុងគ្រីលោក Victor Orban បាននិយាយថា សហភាពអឺរ៉ុបបាន «បាញ់ខ្លួនឯងចំសួត» ជាមួយនឹងទណ្ឌកម្មរបស់ខ្លួនប្រឆាំងនឹងប្រទេសរុស្ស៊ី។ នៅក្នុងបទសម្ភាសន៍តាមវិទ្យុសាធារណៈ លោក Orban បាននិយាយថា៖ «ដំបូងឡើយ ខ្ញុំគិតថា យើងគ្រាន់តែបាញ់ខ្លួនឯងចំជើងប៉ុណ្ណោះ ក៏ប៉ុន្តែឥឡូវនេះ វាច្បាស់ណាស់ថា សេដ្ឋកិច្ចអឺរ៉ុបបានបាញ់ខ្លួនឯងចំសួត ហើយអឺរ៉ុបកំពុងព្យាយាមដកដង្ហើមយ៉ាងលំបាក»។
- ព័ត៌មានសម្ងាត់នៅពេលថ្មីៗនេះពីក្រសួងការពារជាតិចក្រភពអង់គ្លេស បានឲ្យដឹងថា កងកម្លាំងបំបែកខ្លួនគាំទ្ររុស្ស៊ីរបស់សាធារណរដ្ឋប្រជាមានិត Luhansk បានអះអាងថា បានចូលដល់ជាយក្រុង Siversk។ ព័ត៌មានសម្ងាត់ថ្មីនេះបានបញ្ជាក់ថា ការអះអាងនេះមិនទាន់បានផ្ទៀតផ្ទាត់ថាពិតប្រាកដមែននោះទេ ហើយថា នៅពេលដែលទីក្រុង Siversk ត្រូវបានចូលកាន់កាប់ហើយនោះ ទីក្រុង Bakhmut ទំនងជាគោលដៅបន្ទាប់។
- ទូរទស្សន៍ Al Jazeera បានរាយការណ៍ថា សហភាពស្គីអន្តរជាតិបានទម្លាក់ប្រទេសរុស្ស៊ីពីការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ Grant Prix of Figure Skating។ ទីក្រុង Espoo ប្រទេសហ្វាំងឡង់ នឹងរៀបចំព្រឹត្តិការណ៍នេះជំនួសវិញ នៅថ្ងៃទី ២៥ ដល់ ២៧ ខែវិច្ឆិកា។
- វិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម ដែលជាស្ថាប័នស្រាវជ្រាវសហរដ្ឋអាមេរិកមួយ បាននិយាយនៅក្នុងការវាយតម្លៃចុងក្រោយរបស់ខ្លួនអំពីជម្លោះអ៊ុយក្រែនថា រុស្ស៊ីនៅតែបន្តវាយលុកទីក្រុង Vinnytsia ទីក្រុង Kharkiv និងទីក្រុង Mykolaiv។ រុស្ស៊ីក៏កំពុងព្យាយាមបន្តវាយលុកក្នុងទីក្រុង Siversk និងវាយប្រហារទីក្រុង Bakhmut និងទីក្រុង Slovyansk ផងដែរ។
- សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងមិនរារាំងការលក់ឧបករណ៍កសិកម្មទៅឱ្យរុស្ស៊ីទេ ហើយបដិសេធជាថ្មីម្តងទៀតនូវការចោទប្រកាន់របស់រុស្ស៊ីដែលថា ទណ្ឌកម្មរបស់លោកខាងលិច គឺជាមូលហេតុនៃវិបត្តិស្បៀងអាហារពិភពលោក មិនមែនការលុកលុយរបស់ខ្លួនលើអ៊ុយក្រែននោះទេ។ ក្រសួងរតនាគារអាមេរិកក្នុងសេចក្តីច្បាប់ស្តីពីករណីលើកលែងក្នុងទណ្ឌកម្មបាននិយាយថា ខ្លួននឹងមិនបញ្ឈប់ប្រតិបត្តិការរបស់សហរដ្ឋអាមេរិកទាក់ទងនឹងការផលិត ការលក់ឬការដឹកជញ្ជូនឧបករណ៍កសិកម្មនោះទេ។ អនុលោមតាមវិធានពីមុន ដែលបានកំណត់បន្ទាប់ពីការលុកលុយថ្ងៃទី ២៤ ខែកុម្ភៈ របស់រុស្ស៊ី ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកក៏បាននិយាយថា ខ្លួនមិនហាមឃាត់ទំនិញកសិកម្មដូចជាជី ក៏ដូចជាឧបករណ៍វេជ្ជសាស្ត្រនិងឧបករណ៍តេស្តរកជំងឺកូវីដ១៩ នោះទេ។
- ពីរខែបន្ទាប់ពីធ្លាក់ចូលក្នុងការកាន់កាប់របស់ទាហានរុស្ស៊ី ទីក្រុង Popasna ភាគខាងកើតអ៊ុយក្រែនដែលមានប្រជាពលរដ្ឋរស់នៅ ២០.០០០ នាក់ បានប្រែទៅជាទីក្រុងខ្មោច ដែលមានសញ្ញានៃជីវិតតិចតួច។ កងទ័ពអ៊ុយក្រែនបានដកថយពីទីក្រុង Popasna ក្នុងខែឧសភា បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានបើកការវាយលុកភាគច្រើន នៅតាមបណ្តោយភាគខាងកើតនៃប្រទេសអ៊ុយក្រែន ដោយមានការវាយប្រហារយ៉ាងខ្លាំងក្លា និងការបាញ់ផ្លោងជុំវិញទីក្រុងក្នុងតំបន់ Luhansk។ អ្នកយកព័ត៌មាន Reuters ម្នាក់ បានទៅមើលទីក្រុង Popasna កាលពីថ្ងៃព្រហស្បតិ៍ ហើយបានរកឃើញថា ទីក្រុងនេះត្រូវបានបោះបង់ចោល ដោយអគារផ្ទះល្វែងស្ទើរតែទាំងអស់ត្រូវបានបំផ្លាញ ឬខូចខាតយ៉ាងខ្លាំង។ ដងផ្លូវគ្មានមនុស្ស ឬសត្វឡើយ៕
២១:៣៩
១៨.៧.២០២២
ថ្ងៃចន្ទ ទី១៨ ខែកក្កដា៖
- ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានព្យួរតំណែងប្រធានទីភ្នាក់ងារចារកម្មអ៊ុយក្រែន លោក Ivan Bakanov និងអគ្គរដ្ឋអាជ្ញា អ្នកស្រី Iryna Venediktova ដោយលើកឡើងពីករណីក្បត់ជាតិជាច្រើននៅក្នុងអង្គភាពដ៏មានឥទ្ធិពលទាំងពីរ។ លោកបាននិយាយថា អតីតបុគ្គលិកជាង ៦០ នាក់ក្នុងអង្គភាពទីពីរ ឥឡូវនេះកំពុងធ្វើការប្រឆាំងនឹងអ៊ុយក្រែន នៅក្នុងតំបន់ដែលកាន់កាប់ដោយរុស្ស៊ី។ លោកបានបន្ថែមថា ករណីសហការនិងអំពើក្បត់ជាតិសរុបចំនួន ៦៥១ ត្រូវបានដាក់ប្រឆាំងនឹងមន្ត្រីអនុវត្តច្បាប់។
- មន្ត្រីសង្គ្រោះបន្ទាន់របស់អ៊ុយក្រែនបាននិយាយនៅថ្ងៃចន្ទថា មនុស្ស ៦ នាក់បានស្លាប់ បន្ទាប់ពីយោធារុស្ស៊ីបានបាញ់ផ្លោងលើអគារមួយនៅក្នុងទីក្រុង Toretsk ភាគខាងកើតប្រទេសអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន RFE/RL។
- នៅថ្ងៃចន្ទនេះ រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបកំពុងពង្រីកការរឹតបន្តឹងទណ្ឌកម្មដ៏ទូលំទូលាយលើរុស្ស៊ី និងសម្លឹងមើលមធ្យោបាយបន្ថែមទៀត ដើម្បីហាមឃាត់លើការនាំចេញមាស ដោយសង្ឃឹមថា វិធានការនេះអាចចាប់ផ្តើមមានឥទ្ធិពលខ្លាំងក្លាលើសង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AP។
- រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានជំរុញឱ្យរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប ផ្តល់ជំនួយយោធាបន្ថែមទៀត បង្កើតការហាមឃាត់លើថាមពលរុស្ស៊ី និងដាក់កម្រិតលើតម្លៃប្រេងរបស់រុស្ស៊ី។ លោកក៏បានលើកទឹកចិត្តដល់ការគាំទ្ររបស់អឺរ៉ុបចំពោះសាលាក្តីដើម្បីកាត់ទោសឧក្រិដ្ឋកម្មឈ្លានពាន ដែលកំពុងកើតមាននៅក្នុងអ៊ុយក្រែនផងដែរ។
- រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken កំពុងទទួលស្វាគមន៍ភរិយាប្រធានាអធិបតីអ៊ុយក្រែន លោកស្រី Olena Zelenska នៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃចន្ទ ដែលធ្វើឡើងនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
- ការិយាល័យរដ្ឋអាជ្ញាអនីតិជនអ៊ុយក្រែនបាននិយាយនៅថ្ងៃចន្ទថា យ៉ាងហោចណាស់កុមារ ៣៥៣ នាក់បានស្លាប់ និងជាង ៦៦៥ នាក់បានរងរបួសដោយសារតែការលុកលុយរបស់រុស្ស៊ី។ ការិយាល័យនេះបាននិយាយថា ការរងរបួសភាគច្រើនត្រូវបានគេរាយការណ៍នៅក្នុងទីក្រុង Donetsk ទីក្រុង Kharkiv និងរដ្ឋធានីកៀវ ហើយយ៉ាងហោចណាស់ស្ថាប័នអប់រំចំនួន ២.១៣៨ ត្រូវបានខូចខាត ដែលក្នុងនោះ ២២១ ត្រូវបានបំផ្លាញទាំងស្រុង។
- រុស្ស៊ីបានបញ្ជាឱ្យកងកម្លាំងរបស់ខ្លួនកំណត់មីស៊ីលរយៈចម្ងាយឆ្ងាយ និងអាវុធកាំភ្លើងធំ ដែលបណ្តាប្រទេសលោកខាងលិចបានផ្គត់ផ្គង់ដល់អ៊ុយក្រែននាពេលថ្មីៗនេះ ជាគោលដៅវាយប្រហារ។ នេះជាសញ្ញាមួយបង្ហាញថា កម្លាំងអាវុធបន្ថែមរបស់អ៊ុយក្រែន បានចាប់ផ្តើមផ្លាស់ប្តូរស្ថានភាពសង្គ្រាម។ នៅថ្ងៃចន្ទ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានប្រាប់ទាហានរុស្ស៊ីមួយក្រុម ឱ្យវាយប្រហារលើអាវុធរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន ជាគោលដៅអាទិភាព ដើម្បីទប់ស្កាត់ការបាញ់ផ្លោងនៅក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន ដែលកាន់កាប់ដោយកងកម្លាំងរុស្ស៊ី។ នេះបើយោងតាមក្រសួងការពារជាតិរុស្ស៊ី៕
២២:២០
១៩.៧.២០២២
ថ្ងៃអង្គារ ទី១៩ ខែកក្កដា៖
- អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានថា ពិភពលោកប្រឈមនឹងគ្រោះទុរ្ភិក្សជាច្រើននៅឆ្នាំនេះ ដោយសារកត្តាជាច្រើន រួមទាំងសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែនដែលសម្បូរដោយគ្រាប់ធញ្ញជាតិ។ លោក Guterres បាននិយាយថា ឆ្នាំក្រោយអាចកាន់តែអាក្រក់។ លោកបាននិយាយនៅក្នុងសុន្ទរកថារបស់លោកទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិថា៖ «ប៉ុន្តែយើងអាចជៀសវាងគ្រោះមហន្តរាយនេះបាន ប្រសិនបើយើងចាត់វិធានការដោះស្រាយឥឡូវនេះ»។
- ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងនៅថ្ងៃអង្គារថា កងកម្លាំងរបស់ខ្លួនបានបំផ្លាញឃ្លាំងគ្រាប់រំសេវនៅក្នុងតំបន់ Odesa របស់អ៊ុយក្រែន ដែលកំពុងរក្សាទុកអាវុធផ្គត់ផ្គង់ដល់អ៊ុយក្រែន ដោយសហរដ្ឋអាមេរិកនិងបណ្តាប្រទេសអឺរ៉ុប។
- សារព័ត៌មាន Kyiv Independent រាយការណ៍តាមបណ្តាញ Telegram ថា កងកម្លាំងរុស្ស៊ីបានបាញ់ផ្លោង ទីក្រុង Nikopol ភាគខាងត្បូងអ៊ុយក្រែន ដល់ទៅ ៤០ ដងពេញមួយយប់។ ពុំមានអ្នករងគ្រោះណាម្នាក់ត្រូវបានរាយការណ៍នៅឡើយទេ ប៉ុន្តែការបាញ់ផ្លោងនេះត្រូវបានរាយការណ៍ថា បានឆាបឆេះទាំងអគារលំនៅដ្ឋាន និងតំបន់ឧស្សាហកម្មនានា។
- ប៉ូឡូញ គ្រោងនឹងផ្តល់ជូនគ្រួសារនីមួយៗនូវទឹកប្រាក់ ៣.០០០ zlotys ប្រមាណ ៦៣៥ ដុល្លាអាមេរិក ដើម្បីជួយទិញធ្យូងដែលកាន់តែឡើងថ្លៃ។ នេះបើយោងតាមសេចក្តីព្រាងច្បាប់ដែលបានចេញផ្សាយកាលពីយប់ថ្ងៃចន្ទ ខណៈប្រទេសនេះប្រឈមនឹងការកើនឡើងនៃតម្លៃថាមពល ដែលជាលទ្ធផលនៃសង្គ្រាមនៅអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ ធ្យូងថ្មរបស់រុស្ស៊ីមានគុណភាពខ្ពស់ ហើយត្រូវបាននាំចូលប៉ូឡូញសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃដោយគ្រួសារជនជាតិប៉ូឡូញ និងរោងចក្រកំដៅនៅក្នុងទីក្រុងតូចៗ មុនពេលត្រូវ បានហាមឃាត់កាលពីខែមេសា។ ការកើនឡើងតម្លៃធ្យូងថ្មជាបន្តបន្ទាប់ ដែលបណ្តាលមកពីកង្វះខាត បានធ្វើឱ្យពលរដ្ឋប៉ូឡូញជាច្រើនភ័យខ្លាចថា ពួកគេនឹងមិនអាចកំដៅផ្ទះរបស់ពួកគេក្នុងរដូវរងារបាន។
- ភរិយាប្រធានាធិបតីអ៊ុយក្រែន លោកស្រី Olena Zelenska គ្រោងនឹងជួបជាមួយភរិយាប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Jill Biden នៅសេតវិមាន នៅថ្ងៃអង្គារ។ អ្នកទាំងពីរបានជួបគ្នាចុងក្រោយក្នុងអំឡុងពេលដំណើរទស្សនកិច្ចដោយមិនប្រកាសរបស់លោកស្រី Jill Biden ទៅកាន់ភាគខាងលិចនៃប្រទេសអ៊ុយក្រែន កាលពីខែឧសភា នៅពេលដែលអ្នកទាំងពីរបានទៅទស្សនកិច្ចនៅសាលារៀនមួយ និងបានចូលរួមជាមួយក្មេងៗ ដែលកំពុងអបអរសាទរទិវាមាតា។ លោកស្រី Zelenska កាលពីថ្ងៃចន្ទ បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Ned Price បាននិយាយថា លោកស្រី Zelenska និងលោក Blinken បានជជែកគ្នាអំពី «ការបាត់បង់ជីវិតមនុស្សដ៏ច្រើន និងការកើនឡើងនៃការលុកលុយពេញទំហឹងរបស់រុស្ស៊ី» ហើយលោក Blinken បានសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការគាំទ្រអ៊ុយក្រែន។
- ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បាននិយាយនៅថ្ងៃអង្គារថា ប្រទេសរបស់លោក នឹងឈ្នះសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ហើយនឹងកំណត់លក្ខខណ្ឌសម្រាប់កិច្ចព្រមព្រៀងសន្តិភាពនាពេលអនាគតជាមួយរដ្ឋាភិបាលអ៊ុយក្រែន។ លោក Medvedev ដែលឥឡូវជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី បាននិយាយនៅក្នុងសារតាមបណ្តាញ Telegram ថា៖ «រុស្ស៊ីនឹងសម្រេចបាននូវគោលដៅទាំងអស់។ សន្តិភាពនឹងកើតមានឡើងតាមលក្ខខណ្ឌរបស់យើង»៕