២១:៥៤
២០.៧.២០២២
ថ្ងៃពុធ ទី ២០ ខែកក្កដា៖
- សហភាពអឺរ៉ុបនៅថ្ងៃពុធនេះបានបង្កើតផែនការសម្រាប់គ្រាអាសន្នដល់ប្រទេសនានាដើម្បីកាត់បន្ថយការប្រើប្រាស់ឧស្ម័នរបស់ពួកគេឱ្យបាន ១៥% រហូតដល់ខែមីនាឆ្នាំក្រោយ ដោយបានព្រមានប្រទេសទាំងនោះថា ប្រសិនបើពួកគេមិនកាត់បន្ថយឱ្យបានខ្លាំងក្លានៅពេលឥឡូវនេះទេ នោះពួកគេនឹងប្រឈមនឹងបញ្ហាលំបាកផ្នែកប្រេងឥន្ធនៈក្នុងអំឡុងពេលរដូវរងាខាងមុខ ប្រសិនបើរុស្ស៊ីកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័ន។ អឺរ៉ុបកំពុងប្រឹងប្រែងឱ្យបានលឿន ដើម្បីស្តុកទុកឧស្ម័នរបស់ខ្លួនមុនរដូវរងាខាងមុខចូលមកដល់ ហើយបានបង្កើតវិធានការការពារខ្លួន ក្នុងករណីដែលរុស្ស៊ីដាក់កំហិតបន្ថែមទៀតលើការផ្គត់ផ្គង់ឧស្ម័នដល់អឺរ៉ុប។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយនៅថ្ងៃពុធនេះថា រដ្ឋាភិបាលរុស្ស៊ីមិនបានឃើញឆន្ទៈណាមួយពីភាគីអ៊ុយក្រែននៅក្នុងការបំពេញតាមលក្ខខណ្ឌនៃអ្វីដែលលោកហៅថាជាកិច្ចព្រមព្រៀងសន្តិភាពដំបូង ដែលបានឯកភាពគ្នា កាលពីខែមីនានោះទេ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ លោក Putin ថ្លែងដូច្នេះថា៖ «ជាការពិត លទ្ធផលចុងក្រោយ...អាស្រ័យលើឆន្ទៈនៃភាគីកិច្ចព្រមព្រៀងនៅក្នុងការអនុវត្តតាមកិច្ចព្រមព្រៀងដែលបានសម្រេចបាន។ ឥឡូវនេះ យើងឃើញថា អ្នកមានអំណាចនៅក្នុងរដ្ឋាភិបាលអ៊ុយក្រែនមិនមានឆន្ទៈដូចនេះទេ»។ ការចរចារវាងរុស្ស៊ីនិងអ៊ុយក្រែនបានធ្វើឡើងកាលពីខែមីនា ដោយភាគីទាំងពីរបានដាក់នូវសំណើ ប៉ុន្តែមិនមានដំណោះស្រាយណាមួយនៅឡើយទេ។ នៅពេលនោះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា មានតែលទ្ធផលជាក់ច្បាស់ដែលកើតចេញពីការចរចាតែប៉ុណ្ណោះ ដែលអាចទុកចិត្តបាន។
- រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយនៅថ្ងៃពុធនេះថា គោលបំណងភូមិសាស្ត្រនៃ «ប្រតិបត្តិការយោធាពិសេស» របស់រដ្ឋាភិបាលរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន គឺលែងកំណត់ត្រឹមតែភាគខាងកើតនៃតំបន់ Donbas ទៀតហើយ ប៉ុន្តែនឹងរួមបញ្ចូលដែនដីមួយចំនួនផ្សេងទៀតផងដែរ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន RIA Novosti របស់រុស្ស៊ី។ លោក Lavrov បានថ្លែងបន្ថែមថា គោលបំណងរបស់រដ្ឋាភិបាលរុស្ស៊ីនឹងនៅតែពង្រីកកាន់តែធំបន្ថែមទៀត ប្រសិនបើក្រុមបស្ចិមប្រទេសផ្ដល់អាវុធដែលបាញ់បានចម្ងាយឆ្ងាយដល់រដ្ឋាភិបាលអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយរបស់សេតវិមានថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ សហរដ្ឋអាមេរិកនឹងប្រកាសអំពីកញ្ចប់ជំនួយសព្វាវុធថ្មីមួយទៀតសម្រាប់ប្រទេសអ៊ុយក្រែន។ លោកបាននិយាយថា កញ្ចប់ជំនួយបែបនេះគឺជាកញ្ចប់ជំនួយលើកទី ១៦ ដែលអនុម័តដោយសភា និងផ្ដល់ជូនក្រោមសិទ្ធិអំណាចរបស់ប្រធានាធិបតី។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ សហរដ្ឋអាមេរិកបានផ្ដល់ជំនួយផ្នែកសន្តិសុខដែលគិតជាទឹកប្រាក់ចំនួន ៨ ពាន់លានដុល្លាររួចមកហើយដល់អ៊ុយក្រែន ចាប់តាំងពីពេលដែលសង្គ្រាមនៅអ៊ុយក្រែនបានផ្ទុះឡើងមក ដែលក្នុងនោះជំនួយដែលគិតជាទឹកប្រាក់ចំនួន ២.២០០ លានដុល្លារ ត្រូវបានផ្ដល់ជូនកាលពីខែមុន។
- សេតវិមានបានបញ្ជាក់កាលពីថ្ងៃអង្គារថា រដ្ឋាភិបាលរុស្ស៊ីកំពុងត្រៀមភ្ជាប់យកដែនដីអ៊ុយក្រែនបន្ថែមទៀត និងកំពុងតែងតាំងមន្ត្រីតំណាងដោយខុសច្បាប់នៅតាមតំបន់ដែលខ្លួនកំពុងត្រួតត្រាក្នុងភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានលោក John Kirby បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានសេតវិមានថា រដ្ឋាភិបាលរុស្ស៊ីកំពុងត្រៀមតែងតាំងមន្ត្រីតំណាង កំណត់យកប្រាក់រូប្លរបស់រុស្ស៊ី ជារូបិយបណ្ណផ្លូវការ និងបង្ខំឱ្យពលរដ្ឋដាក់ពាក្យចូលសញ្ជាតិរុស្ស៊ី។ លោក Kirby បាននិយាយថា៖ «យើងមានព័ត៌មាននៅថ្ងៃនេះ ដែលក្នុងនោះរួមមានទាំងព័ត៌មានមិនសូវសម្ងាត់ដែលយើងអាចចែកចាយជាមួយអ្នកផងដែរ អំពីរបៀបដែលរុស្ស៊ីត្រៀមលក្ខណៈរួចរាល់ដើម្បីភ្ជាប់យកដែនដីអ៊ុយក្រែនដែលខ្លួនកំពុងត្រួតត្រាដោយរំលោភដោយផ្ទាល់លើអធិបតេយ្យភាពរបស់អ៊ុយក្រែន»។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ លោក Kirby បានថ្លែងបន្ថែមថា នេះគឺជាល្បិចដែលដូចទៅនឹងល្បិចកាលពីឆ្នាំ ២០១៤ ដែលនៅពេលនោះរុស្ស៊ីបានប្រកាសថាខ្លួនបានភ្ជាប់យកតំបន់ Crimea បន្ទាប់ពីដណ្ដើមត្រួតត្រាបានតំបន់នេះពីអ៊ុយក្រែនមក៕
២០:៥៣
២១.៧.២០២២
ថ្ងៃព្រហស្បតិ៍ ទី ២១ ខែកក្កដា៖
- រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការចរចារវាងប្រទេសតួកគី រុស្ស៊ី អ៊ុយក្រែន និងអង្គការសហប្រជាជាតិ អំពីការបន្តឡើងវិញនូវការនាំចេញធញ្ញជាតិរបស់អ៊ុយក្រែនតាមសមុទ្រខ្មៅ បានដំណើរការទៅមុខយ៉ាងល្អក្នុងពេលកន្លងមក។ លោក Cavusoglu បានបន្ថែមថា លោកសង្ឃឹមថា នឹងមានកិច្ចព្រមព្រៀង។ កាលពីសប្ដាហ៍មុន តួកគីបានរៀបចំទទួលមន្ត្រីមកពីប្រទេសរុស្ស៊ី អ៊ុយក្រែន និងអង្គការសហប្រជាជាតិ ដើម្បីពិភាក្សាអំពីសេចក្ដីលម្អិតនៃផែនការដែលដឹកនាំដោយអង្គការសហប្រជាជាតិនេះ។ តាំងពីពេលនោះមក រដ្ឋាភិបាលតួកគីថា ការព្រមព្រៀងជាទូទៅត្រូវបានសម្រេចឡើង និងថា ខ្លួនចង់ឱ្យការព្រមព្រៀងនេះក្លាយជាលាយលក្ខណ៍អក្សរនៅសប្ដាហ៍នេះ។ លោក Cavusoglu បានបញ្ជាក់ប្រាប់ទូរទស្សន៍ TRT Haber របស់តួកគីថា លោកសង្ឃឹមថា នឹងអាចប្រកាស «ដំណឹងល្អ» អំពីការចរចានេះនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ប៉ុន្តែលោកបានបន្ថែមថា នៅមានបញ្ហាតូចតាចមួយចំនួនដែលភាគីទាំងអស់កំពុងពិភាក្សា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោក Dmitry Peskov បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា បញ្ហាលំបាកទាំងអស់ទាក់ទិននឹងការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរបស់រុស្ស៊ីដល់អឺរ៉ុបគឺបណ្ដាលមកពីការដាក់កំហិតរបស់ក្រុមបស្ចិមប្រទេស។ លោក Peskov ថា រុស្ស៊ីនៅតែជា «ផ្នែកមួយដ៏មានសារៈសំខាន់បំផុត និងមិនអាចអត់បាននៃសន្តិសុខថាមពលរបស់អឺរ៉ុប»។ នៅចំពេលមានក្ដីបារម្ភនៅអឺរ៉ុបដែលថា រុស្ស៊ីប្រហែលជាដាក់កំហិតបន្ថែមទៀតលើការផ្គត់ផ្គង់ឧស្ម័នទៅកាន់ទ្វីបអឺរ៉ុបនោះ លោក Peskov បានយោងទៅលើការលើកឡើងរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីលើកមុនដែលថា ក្រុមហ៊ុន Gazprom បានបំពេញ និងនៅតែបន្តបំពេញកាតព្វកិច្ចរបស់ខ្លួនចំពោះអតិថិជន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មានសុខភាពល្អធម្មតាទេ ដោយបានច្រានចោលពាក្យចចាមអារ៉ាមដែលថា លោកមានសុខភាពមិនល្អ។ អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មាននានាថា មានការប៉ាន់ស្មាននៅបស្ចិមប្រទេសអំពីសុខភាពរបស់លោក Putin នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប៉ុន្តែសេចក្ដីរាយការណ៍ដែលថា លោក Putin ឈឺ គឺជាសេចក្ដីរាយការណ៍ «ក្លែងក្លាយទាំងស្រុង»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេសលោក Ben Wallace បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ចក្រភពអង់គ្លេសនឹងបញ្ជូនកាំភ្លើងធំជាច្រើន និងអាវុធបាញ់រថក្រោះជាង ១.៦០០ គ្រឿង ទៅកាន់ប្រទេសអ៊ុយក្រែន។ នេះគឺជាការផ្គត់ផ្គង់សព្វាវុធថ្មីចុងក្រោយបង្អស់របស់បស្ចិមប្រទេសដើម្បីជួយពង្រឹងការការពាររបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី។ ការលើកឡើងនេះបានធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson បានសន្យាកាលពីខែមុនថា នឹងផ្ដល់ការផ្គត់ផ្គង់ផ្នែកយោធាដល់អ៊ុយក្រែនគិតជាទឹកប្រាក់ ១.២០០ លានដុល្លារទៀត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- មន្ត្រីការទូតសហភាពអឺរ៉ុបដែលបានជួបប្រជុំគ្នានៅក្នុងទីក្រុងប្រ៊ុចសែល ប្រទេស ប៊ែលហ្ស៊ិក កាលពីថ្ងៃពុធម្សិលមិញ បានឯកភាពគ្នាលើទណ្ឌកម្មជុំថ្មីប្រឆាំងនឹងរដ្ឋាភិបាលរុស្ស៊ី ដោយសារតែរុស្ស៊ីបានឈ្លានពានប្រទេសអ៊ុយក្រែន។ ទណ្ឌកម្មជុំថ្មីនេះក៏រួមមានផងដែរនូវការហាមឃាត់លើការនាំចូលមាសពីរុស្ស៊ី និងការបង្កកទ្រព្យសម្បត្តិរបស់ធនាគារ Sberbank ដែលជាធនាគារផ្ដល់ប្រាក់កម្ចីធំជាងគេបំផុតនៅរុស្ស៊ី។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រទេសឆែក ដែលបច្ចុប្បន្នជាប្រធានដឹកនាំការពិភាក្សាក្នុងចំណោមប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំង ២៧ បានបញ្ជាក់ថា ទណ្ឌកម្មជុំថ្មីនេះដែលនឹងចូលជាធរមាននៅថ្ងៃព្រហស្បតិ៍នេះ មានដូចជាការដាក់ចូលបញ្ជីខ្មៅនូវបុគ្គល និងអង្គភាពបន្ថែមទៀតដែលមានការទទួលខុសត្រូវចំពោះសង្គ្រាមនៅអ៊ុយក្រែន។ ប្រធានាធីបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានច្រានចោលទណ្ឌកម្មជុំថ្មីនេះថា មានលក្ខណៈមិនគ្រប់គ្រាន់៕
១៩:០៦
២២.៧.២០២២
ថ្ងៃសុក្រ ទី ២២ ខែកក្កដា៖
- រុស្ស៊ីនិងអ៊ុយក្រែននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅថ្ងៃសុក្រនេះ ដើម្បីបើកកំពង់ផែនានារបស់អ៊ុយក្រែននៅសមុទ្រខ្មៅឲ្យដំណើរការឡើងវិញសម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិ។ នេះបើតាមការឲ្យដឹងរបស់ប្រទេសតួកគី។ កិច្ចព្រមព្រៀងនេះអាចផ្តល់ក្តីសង្ឃឹមដល់ការស្រោចស្រង់វិបត្តិស្បៀងអាហារសកលលោក បង្កឡើងដោយសារការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាកងារព័ត៌មាន Reuters។
- រុស្ស៊ីបានបង្កើនការប្រើប្រាស់កាំជ្រួចមីស៊ីលការពារដែនអាកាស នៅក្នុងការវាយប្រហារលើដីគោកបន្ទាប់បន្សំ ដោយសារតែរុស្ស៊ីខ្វះយ៉ាងខ្លាំងនូវកាំជ្រួចមីស៊ីលសម្រាប់ប្រយុទ្ធលើដីគោក។ ទីភ្នាក់ងារចក្រភពអង់គ្លេសស៊ើបការណ៍សម្ងាត់យោធាបានថ្លែងដូច្នេះនៅថ្ងៃសុក្រនេះ។ កងយោធារុស្ស៊ីទំនងចូលកាន់តែជិតរោងចក្រផលិតថាមពលដ៏ធំបង្អស់ទី ២ របស់ប្រទេសអ៊ុយក្រែន នៅទីក្រុង Vuhlehirska នៅភាគឦសានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រពីតំបន់ Donetsk ដើម្បីកាន់កាប់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងទីក្រុងនានានៃតំបន់ Kramatorsk និងតំបន់ Sloviansk។ នេះបើយោងតាមចក្រភពអង់គ្លេស ដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters។
- អ្នកនាំពាក្យប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងនៅថ្ងៃសុក្រនេះថា កិច្ចព្រមព្រៀងស្តីពីការនាំចេញគ្រាប់ធញ្ញជាតិនឹងត្រូវបានចុះហត្ថលេខានៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី នៅរសៀលថ្ងៃសុក្រនេះ ដោយមានវត្តមានរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres និងភាគីរបស់ប្រទេសរុស្ស៊ី អ៊ុយក្រែន និងតួកគី។ លោក Michele Zaccheo អ្នកនាំពាក្យអង្គការសហប្រជាតិ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សឺណែវថា «ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នឹងធ្វើឡើងនៅរសៀលម៉ោង ៤:៣០នាទីល្ងាច ម៉ោងនៅទីក្រុងអ៊ីស្តង់ប៊ុល»។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- ទោះបីមានសង្ឃឹមថានឹងមានកិច្ចចរចាគ្នាក្តី កងទ័ពរស្ស៊ីនៅតែបន្តការបាញ់ផ្លោងឥតឈប់ឈរលើតំបន់ Donetsk នៅភាគខាងកើត ដែលបានក្លាយជាគោលដៅដ៏សំខាន់នៃយុទ្ធនាការយោធារបស់រុស្ស៊ីក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ។ វិមានប្រធានាធិបតីអ៊ុយក្រែនបានប្រកាសនៅថ្ងៃសុក្រថា «មនុស្ស ៥ នាក់ បានស្លាប់ ហើយ ១០ នាក់ទៀត បានរងរបួសនៅក្នុងតំបន់ ក្នុងរយៈពេល ២៤ ម៉ោងនេះ»។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- រដ្ឋអាជ្ញាអ៊ុយក្រែនបានឲ្យដឹងថា នៅទីក្រុង Kharkiv មនុស្ស ៣ នាក់ត្រូវបានសម្លាប់ ហើយ ២៣ នាក់ទៀត បានរងរបួស នៅក្នុងការបាញ់មីស៊ីលរបស់រុស្ស៊ី។ នៅឯទីក្រុង Kramatorsk ក្នុងតំបន់ Donbas ភាគខាងកើតប្រទេសអ៊ុយក្រែនដែលមានការប្រយុទ្ធដ៏ខ្លាំងក្លានោះ មន្ត្រីអ៊ុយក្រែននិយាយថា សាលារៀនមួយដែលត្រូវបានយកធ្វើជាឃ្លាំងស្តុកស្បៀងត្រូវបានវាយប្រហារ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP៕
២២:៣៣
២៥.៧.២០២២
ថ្ងៃចន្ទ ទី ២៥ ខែកក្កដា៖
- ប្រទេសអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃចន្ទនេះថា កងទ័ពអ៊ុយក្រែនបានប្រើប្រព័ន្ធរ៉ុក្កែត HIMARS ដែលផ្ដល់ឱ្យដោយសហរដ្ឋអាមេរិកដើម្បីបំផ្លាញឃ្លាំងគ្រាប់រំសេវចំនួន ៥០ កន្លែងរបស់រុស្ស៊ី តាំងពីពេលទទួលបានប្រព័ន្ធអាវុធនេះកាលពីខែមុនមក។ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksiy Reznikov បាននិយាយថា៖ «ករណីនេះបានកាត់ផ្ដាច់ខ្សែសង្វាក់ភស្តុភាររបស់រុស្ស៊ី និងកាត់ផ្ដាច់មិនឱ្យរុស្ស៊ីមានលទ្ធភាពប្រយុទ្ធយ៉ាងសកម្ម និងបាញ់ផ្លោងយ៉ាងខ្លាំងក្លាលើកងទ័ពអ៊ុយក្រែន»។ ទីភ្នាក់ងារព័ត៌មាន Reuters ថា ខ្លួនមិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យចំពោះការលើកឡើងរបស់លោក Reznikov នេះបានទេ។
- ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់នៅថ្ងៃចន្ទនេះថា កងទ័ពរុស្ស៊ីបានបំផ្លាញឃ្លាំងផ្ទុកប្រព័ន្ធរ៉ុក្កែត HIMARS ដែលធ្វើនៅសហរដ្ឋអាមេរិកមួយកន្លែង នៅក្នុងអនុតំបន់ Bogdanovtsy នៃតំបន់ Khmelnvtskyi ក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្តែទីភ្នាក់ងារព័ត៌មាន Reuters ថា ខ្លួនមិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យអំពីសេចក្តីរាយការណ៍នេះទេ។ កាលពីលើកមុន រុស្ស៊ីក៏ធ្លាប់បានអះអាងផងដែរថា ខ្លួនបានបំផ្លាញប្រព័ន្ធរ៉ុក្កែត HIMARS មួយចំនួនដែលក្រុមបស្ចិមប្រទេសផ្គត់ផ្គង់ឱ្យអ៊ុយក្រែន ដែលការអះអាងទាំងនេះត្រូវបានរដ្ឋាភិបាលអ៊ុយក្រែនបដិសេធ។
- ការប្រយុទ្ធគ្នាដែលគ្មានលទ្ធផលបានបន្តធ្វើនៅក្នុងតំបន់ Donbas និងតំបន់ Kherson នៅភាគខាងកើតប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការបញ្ជាក់របស់ផ្នែកស៊ើបការណ៍សម្ងាត់យោធាចក្រភពអង់គ្លេសនៅថ្ងៃចន្ទនេះ។ ក្រសួងការពារជាតិចក្រភពអង់គ្លេសបានលើកឡើងតាម Twitter ថា មេបញ្ជាការរុស្ស៊ីនៅបន្តប្រឈមនឹងស្ថានការណ៍ពិបាកសម្រេចចិត្តថា តើគួរតែផ្ដល់ធនធានដល់ការវាយប្រយុទ្ធរបស់រុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន ឬក៏ពង្រឹងការការពារនៅភាគខាងលិចអ៊ុយក្រែន។
- មន្ត្រីរដ្ឋាភិបាលអ៊ុយក្រែនម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យថា តំបន់ Kherson នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន ដែលបានធ្លាក់ទៅក្នុងដៃរបស់ទាហានរុស្ស៊ីនៅក្នុងរយៈពេលដំបូងៗនៃការឈ្លានពានរបស់រុស្ស៊ីកាលពីខែកុម្ភៈនោះ នឹងត្រូវទាហានអ៊ុយក្រែនដណ្ដើមកាន់កាប់បានមកវិញនៅត្រឹមខែកញ្ញាខាងមុខ។ លោក Sergiy Khlan ដែលជាជំនួយការប្រធានតំបន់ Kherson បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងទូរទស្សន៍អ៊ុយក្រែនថា៖ «យើងអាចនិយាយបានថា តំបន់ Kherson នឹងត្រូវបានរំដោះទាំងស្រុងនៅត្រឹមខែកញ្ញាខាងមុខ ហើយផែនការទាំងអស់របស់ពួកឈ្លានពានត្រួតត្រានឹងត្រូវបរាជ័យ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រធានាធិបតីអាល្លឺម៉ង់លោក Frank Walter Steinmeier បាននិយាយកាលពីថ្ងៃអាទិត្យថា សង្គ្រាមដែលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កំពុងធ្វើប្រឆាំងនឹងអ៊ុយក្រែននោះក៏ជា «សង្គ្រាមប្រឆាំងនឹងសាមគ្គីភាពរបស់អឺរ៉ុប» ផងដែរ។ លោកបានថ្លែងនៅក្នុងសុន្ទរកថាមួយនៅក្នុងទីក្រុង Paderborn នៅភាគខាងលិចប្រទេសអាល្លឺម៉ង់ថា៖ «យើងមិនត្រូវបណ្តោយឱ្យខ្លួនយើងបែកបាក់គ្នាទេ។ យើងមិនត្រូវបណ្តោយឱ្យកិច្ចការសាមគ្គីគ្នាដ៏ប្រសើរបំផុតរបស់អឺរ៉ុប ដែលយើងបានចាប់ផ្ដើមប្រកបដោយក្ដីសង្ឃឹមនោះ ត្រូវបានបំផ្លាញនោះឡើយ»។ លោកបានបន្ថែមថា៖ «នេះមិនមែនគ្រាន់តែសង្គ្រាមអំពីទឹកដីរបស់អ៊ុយក្រែនប៉ុណ្ណោះទេ វាជាសង្គ្រាមអំពីមូលដ្ឋានរួមទ្វេនៃគុណតម្លៃនិងរបៀបរៀបរយសន្តិភាពរបស់យើងផងដែរ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រទេសកូរ៉េខាងជើងបានចោទប្រកាន់កាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកបានផលិតអាវុធជីវសាស្ត្រនៅក្នុងប្រទេសអ៊ុយក្រែន ដែលនេះគឺជាការបន្ទរតាមការអះអាងរបស់រុស្ស៊ីដែលអង្គការសហប្រជាជាតិបានច្រានចោលកាលពីខែមីនា។ ទីភ្នាក់ងារព័ត៌មាន KCNA របស់កូរ៉េខាងជើងបានរាយការណ៍កាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក«បានបង្កើតមន្ទីរពិសោធន៍ជីវសាស្ត្រជាច្រើនកន្លែងនៅតាមប្រទេស និងតំបន់ចំនួន ១០ ដែលក្នុងនោះរួមមានទាំងប្រទេសអ៊ុយក្រែនផងដែរ ដោយរំលោភលើសន្ធិសញ្ញាអន្តរជាតិនានា»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។