ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

២១:០០ ៨.៧.២០២២

ថ្ងៃសុក្រ ទី ៨ ខែកក្កដា៖

  • រដ្ឋាភិបាល​ក្រុង​កៀវ​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ថា ថាមពល​ឧស្ម័ន​រុស្ស៊ី​ដែល​ហូរ​កាត់​តាម​ប្រទេស​អ៊ុយក្រែន​មាន​ «កម្រិត​ទាប​បំផុត​ដែល​មិន​ធ្លាប់​មាន»​ កាលពី​ខែ​មុខ​ហើយ​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ក្រុង​មូស្គូ​ថា​បង្ក​ឱ្យ​មាន​អស្ថិរភាព​នយោបាយ​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ ដោយ​ការ​បន្ថយ​ការ​ផ្គត់ផ្គង់។ ​រុស្ស៊ី​បាន​កាត់​បន្ថយ​លំហូរ​ថាមពល​ឧស្ម័ន​ទៅ​អឺរ៉ុប​ កាត់​តាម​បំពង់​បង្ហូរ​ឧស្ម័ន​របស់​ក្រុមហ៊ុន Nord Stream​ នៅ​សមុទ្រ​បាល់ទិក​ចំនួន​ ៦០ ​ភាគ​រយ​ ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ ដោយ​លើក​ឡើង​ពី​បញ្ហា​បច្ចេកទេស។ ​នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន ​AFP។
  • តម្លៃ​ម្ហូប​អាហារ​សកល​រួមទាំង​ស្រូវ​សាឡី​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ខែ​មិថុនា​ ដែល​ជា​ខែ​ទី​ ៣ ថ្វីបើ​វា​នៅ​តែ​មាន​តម្លៃ​ខ្ពស់​បំផុត​ក្តី។ ​នេះ​បើ​តាម​អង្គការ​ម្ហូប​អាហារ​និង​កសិកម្ម​របស់​អង្គការ​សហ​ប្រជាជាតិ​ (FAO)​ នៅ​ថ្ងៃ​សុក្រ។​ ការ​បង្អាក់​នៃ​លំហូរ​នាំចេញ​បណ្តាល​មកពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​កាលពី​ថ្ងៃ​ទី​ ២៤​ ខែ​កុម្ភៈ ​និង​កា​រដាក់​ទណ្ឌកម្ម​របស់​អន្តរជាតិ​លើ​រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​បណ្តាល​ឱ្យ​មាន​ការភ័យ​ខ្លាច​ពី​វិបត្តិ​ស្រេកឃ្លាន​សកល។ ​នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន ​AFP។​
  • អ្នក​ការទូត​កំពូល​របស់​រុស្ស៊ី​បាន​ដើរ​ចេញ​ពី​ការ​ចរចា​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​ ២០​ ឬ G -20​ នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃ​សុក្រ​ នៅ​ពេល​ដែល​មហា​អំណាច​ប្រទេស​លោក​ខាង​លិច​បាន​រិះគន់​រដ្ឋាភិបាល​ក្រុង​មូស្គូ​ អំពី​ការ​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។ ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​សម្ព័ន្ធមិត្ត​បាន​ថ្កោលទោស​រុស្ស៊ី​មុន​ជំនួប មុន​ពេល​រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី​លោក ​Sergei Lavrov ​បាន​ប្រឈម​នឹង​អ្វី​ដែល​រដ្ឋមន្ត្រី​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​លោក ​Antony Blinken ​បាន​ហៅ​ថា ​ការ​រិះគន់​គ្រប់​ទិសទី​របស់​ប្រទេស​លោក​ខាង​លិច​ នៅ​ឯ​ការ​ចរចា​សម្ងាត់។​ នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP។
  • រដ្ឋមន្ត្រី​ការ​បរទេស​អាល្លឺម៉ង់​លោក​ស្រី​ Annalena Baerbock ​បាន​រិះគន់​រដ្ឋាភិបាល​ក្រុង​មូស្គូ​ចំពោះ​ការ​រារាំង​ការ​សន្ទនា​ជាមួយ​ដៃគូ​អន្តរជាតិ​ បន្ទាប់ពី​ក្រុម​អ្នក​ការទូត​បាន​និយាយ​ថា រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី​បាន​ដើរចេញ​ពី​ការ​ថ្លែង​សុន្ទរកថា​របស់​លោក​ស្រី​នៅ​ជំនួប​របស់​ក្រុម​ប្រទេស ​G-20 ​នៅ​ថ្ងៃ​សុក្រ។ ​ថ្លែង​ប្រាប់​ទូរទស្សន៍​របស់​អាល្លឺម៉ង់​អំពី​ជំនួប​ក្រុម ​G-20​ នៅ​កោះ​បាលីនោះ លោក​ស្រី ​Baerbock ​បាន​និយាយ​ថា ​លោក ​Lavrov៖ «បាន​ចាកចេញ​ពី​សម័យ​ប្រជុំ​លើក​ទី ១ ដែល​ទើប​ដំណើការ​បាន​ពាក់​កណ្តាល»​ ហើយ​មិន​ចូលរួម​កិច្ចប្រជុំ​លើក​ទី ២ ​ដែល​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ លោក​មិន​បាន​យកចិត្ត​ទុក​ដាក់​ក្នុង​កិច្ច​សហប្រតិបត្តិការ​ ឬ​ការ​សន្ទនា​អន្តរជាតិ​ជាមួយ​ប្រទេស​ G-19​ ផ្សេង​ទៀត​ទេ។ ក្រុម​អ្នក​ការទូត​បាន​និយាយ​ថា ​លោក ​Lavrov ​បាន​ចាក​ចេញ​ពី​បន្ទប់​ប្រជុំ​ នៅពេល​ដែល​លោក​ស្រី ​Baerbock ​បាន​រិះគន់​រដ្ឋាភិបាល​ក្រុង​មូស្គូ​អំពី​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ ក្នុង​អំឡុង​នៃ​សម័យ​ប្រជុំ​របស់​ក្រុម​ប្រទេស G -20។

រូបឯកសារ៖ ស្រូវសាឡីត្រូវបានស្តុកទុកក្នុងឃ្លាំងធញ្ញជាតិមួយកន្លែងនៅកសិដ្ឋានមួយដែលស្ថិតនៅក្បែរក្រុង Izmail តំបន់ Odessa ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២២។
រូបឯកសារ៖ ស្រូវសាឡីត្រូវបានស្តុកទុកក្នុងឃ្លាំងធញ្ញជាតិមួយកន្លែងនៅកសិដ្ឋានមួយដែលស្ថិតនៅក្បែរក្រុង Izmail តំបន់ Odessa ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២២។

  • ក្នុង​សន្ទរកថា​តាម​វីដេអូ​នៅ​ពេល​យប់ ​ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Volodymyr Zelensky ​បាន​និយាយ​ថា៖ «បន្ទាប់ពី​សន្និសីទ​នៅ​ក្នុង​ទីក្រុង Lugano ​ដែល​បាន​ផ្តោត​លើ​ការស្តារ​ប្រទេស​អ៊ុយក្រែន​ឡើង​វិញ​នោះ​ មន្ត្រី​រដ្ឋាភិបាល​បាន​ព្រមព្រៀង​ផ្តល់​ជំនួយ​គ្រាហអាសន្ន​ដល់​ប្រទេស​របស់​យើង​ចំនួន​ជាង ​២​ ពាន់​លាន​ដុល្លារ។ ​ថវិកា​ទាំង​នោះ​នឹង​ជួយ​ពង្រឹង​ថវិកា​និង​ប្រុង​ប្រៀប​សម្រាប់​រដូវ​រងារ»។
  • អគ្គលេខាធិការ​រង​អង្គការ​អូតង់​លោក​ Mircea Geoana ​បាន​និយាយ​ថា បណ្តា​ប្រទេស​លោកខាង​លិច​នៅ​តំបន់​បាល់កង់​ មិន​ប្រឈម​ការ​គំរាម​គំរាម​ដ៏​ខ្លាំង​មក​ពី​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ អ៊ុយក្រែន​ទេ ​ហើយ​ជា​ផល​ប្រយោជន៍​យុទ្ធសាស្ត្រ​ដល់​សម្ព័ន្ធមិត្ត​លោក​ខាង​លិច។ នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ AP។​ លោក​ Geoana​ បាន​ស្ថិត​នៅ​ក្នុង​រដ្ឋធានី Pristinaប្រទេស​កូសូវ៉ូ​ ដើម្បី​ជួប​ជាមួយ​ក្រុម​មន្ត្រី​មូលដ្ឋាន​និង​ទៅ​បំពេញ​ទស្សនកិច្ច​បេសក​កម្ម​កងកម្លាំង​កូសូវ៉ូ​ដឹកនាំ​ដោយ​អង្គការ​អូតង់។ លោក​បាន​រិះគន់​សង្គ្រាម​មិនសម​តាម​តកវិជ្ជា​និង​ព្រៃផ្សៃ​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ និង​ការឈ្លានពាន​និង​ឥទ្ធិពល​របស់​រុស្ស៊ី​នៅ​តំបន់​បាល់កង់​ភាគ​ខាង​លិច។​ ប្រទេស​ខ្លះ​នៅ​តំបន់​បាល់កង់​ភាគ​ខាង​លិច​ជា​សមាជិក​អង្គការ​អូតង់។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។
  • ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន​លោក ​Filippo Grandi ​បាន​ព្រមាន​ថា ​ប្រទេស​អ៊ុយក្រែន​ប្រឈម​នឹង​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ បន្ទាប់ពី​កង​កម្លាំង​រុស្ស៊ី​ឈ្លានពាន​បាន​បំផ្លាញ​ផ្ទះ​សម្បែង​រាប់​ពាន់​ខ្នង ​ហើយ​ពួក​គេ​ក៏​ធ្វើ​ឱ្យ​ប៉ះទង្គិច​ផ្លូវចិត្ត​របស់​ប្រជាពលរដ្ឋ​ ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​ព្រាត់ប្រាស់​និង​ខ្វល់ខ្វាយ​ក្នុង​អំឡុង​ពេល​សង្គ្រាម។ ​នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន ​AP។​ លោក ​Grandi ​ក៏​បាន​និយាយ​ដែរ​ថា ​លោក​បាន​ឃើញ​ជនជាតិ​អ៊ុយក្រែន​ដែល​រងគ្រោះ​ដោយសារ​សង្គ្រាមបាន​បង្ហាញ​ពី​កម្លាំង​ការតស៊ូ​និង​ការ​តាំងចិត្ត​ ដើម្បី​កសាង​ជីវភាព​របស់​ពួកគេ​ឡើង​វិញ​ នៅ​ក្នុង​ការ​ប្រឈម​ការ​បន្ត​វាយ​ប្រហារ​ដោយ​យោធា​របស់​រុស្ស៊ី។​
  • ទី​ប្រឹក្សា​ប្រធានាធិបតី​អ៊ុយក្រែន​លោក ​Volodymyr Zelenskyy ​បាន​ថ្លែង​អំណរ​គុណ​ នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក ​Boris Johnson​ ចំពោះ​ការគាំទ្រ​យ៉ាង​ខ្លាំង​ដល់​ប្រទេស​អ៊ុយក្រែន​នៅ​ពេល​ដែល​ប្រទេស​នេះ​ប្រយុទ្ធ​ការ​ឈ្លានពាន​របស់​រុស្ស៊ី។​ ក្នុង​សារ​តាម​វីដេអូ​ដែល​បាន​ចុះផ្សាយ​តាម ​Twitter​ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​លោក ​Mykhail Podolyak ​បាន​និយាយ​ថា ​អ៊ុយក្រែន​ដឹង​គុណ​យ៉ាង​ធំធេង​ដល់​លោក​ Johnson ​ចំពោះ​ការ​កសាង​ការ​គាំទ្រ​ពី​អន្តរជាតិ​ប្រឆាំង​នឹង​អ្វី​ដែល​លោក​ហៅ​ថា​ បីសាច​សហព័ន្ធ​រុស្ស៊ី ហើយ​នឹង​ការជួយ​អ៊ុយក្រែន​ឱ្យ​បាន​ទទួល​អ្វី​ដែល​អ៊ុយក្រែន​ត្រូវការ​ដើម្បី​ការពារ​ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព។​
  • ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​និយាយ​ថា ​យន្តហោះ​ចម្បាំង​មួយ​គ្រឿង​របស់​រុស្ស៊ី​បាន​សម្លាប់​កងទ័ព​អ៊ុយក្រែន​ដែល​មិន​ដឹង​ពី​ចំនួន​នៅ​លើ​កោះ​ពស់​ នៅ​ក្នុង​សមុទ្រ​ខ្មៅ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ បន្ទាប់ពី​កងទ័ព​អ៊ុយក្រែន​ទាំង​នោះ​បាន​ឡើង​ទៅ​លើ​កោះ​ដើម្បី​លើក​ទង់ជាតិ​អ៊ុយក្រែន។​ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​និយាយ​ថា ​យន្តហោះ​នោះ​បាន​វាយ​ប្រហារ​កោះ​នោះ​ ភ្លាមៗ​ បន្ទាប់ពី​ទាហាន​អ៊ុយក្រែន​ជា​ច្រើន​នាក់​បាន​ទៅ​ដល់​កោះ​នោះ​តាម​កាណូត​មួយ​គ្រឿង​ ហើយ​បាន​ថតរូប​ទង់ជាតិ​នោះ។ ​នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន ​Reuters៕
០០:៣៩ ១២.៧.២០២២

ថ្ងៃ​ចន្ទ ទី ១១ ខែកក្កដា៖

  • ប្រទេស​ប៉ូឡូញ​រំពឹង​ថា​ កុមារ​អ៊ុយក្រែន​២០ម៉ឺន​នាក់​បន្ថែម​ទៀត​នឹង​ចូល​រៀន​នៅ​សាលា​របស់​ប្រទេស​ខ្លួន​នៅ​ឆ្នាំ​សិក្សា​ក្រោយ​នេះ។ នេះបើតាម​កាសែត ​Kyiv Independent។ ​យោង​តាម​លោក ​Przemyslaw Czarnek​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ និង​វិទ្យាសាស្ត្រ​របស់​ប្រទេស​ប៉ូឡូញ ​ប្រទេស​នេះ​បាន​ទទួល​យក​កុមារ​ចំនួន២០ម៉ឺន​នាក់​ពី​អ៊ុយក្រែន​រួច​ហើយ​ រួមទាំង​កុមារ​មត្តេយ្យ​ចំនួន​៤ម៉ឺន​នាក់។​ ចំនួន​កុមារ​អ៊ុយក្រែន​នៅ​ក្នុង​សាលា​ប៉ូឡូញ​អាច​កើន​ឡើង​ទ្វេដង​ក្នុង​ឆ្នាំ​សិក្សា​បន្ទាប់។​លោក​ Czarnek ​បាន​បន្ថែម​ថា​ សាលារៀន​មួយ​ចំនួន​បាន​បង្រៀន​ភាសា​អ៊ុយក្រែន​ដើម្បី​ជួយ​កុមារ​ធ្វើ​សមាហរណកម្ម។​
  • អតីត​អធិការបតី​អាល្លឺម៉ង់ ​Gerhard Schroeder ​បាន​និយាយ​ថា​លោក​ចង់​រក្សា​ទំនាក់​ទំនង​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក​ Vladimir Putin​ ទោះបី​ជា​មាន​សម្ពាធ​ឱ្យ​គាត់​ផ្តាច់​ទំនាក់​ទំនង​មិត្តភាពដោយ​សារ​តែ​សង្គ្រាម​របស់​រដ្ឋាភិបាល​ទីក្រុង​មូស្គូ​នៅ​អ៊ុយក្រែន​ក៏​ដោយ។ នេះបើ​តាម​វិទ្យុ​អឺរ៉ុប​សេរី / វិទ្យុ​សេរីភាព។ ​លោក​Schroeder ​បាន​ប្រាប់​កាសែត ​Frankfurter Allgemeine​ Zeitung ​ក្នុង​មតិ​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១០​ ខែ​កក្កដា​ថា ​«ខ្ញុំ​នឹង​មិន​បោះបង់​ចោល​ឱកាស​របស់​ខ្ញុំ​សម្រាប់​ការ​ពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី​ពូទីន​ទេ»។
  • ឧប​នាយក​រដ្ឋមន្ត្រី​អ៊ុយក្រែន​កាលពី​ថ្ងៃ​អាទិត្យ​បាន​ជំរុញ​ឱ្យជន​ស៊ីវិល​នៅ​ក្នុង​តំបន់​ Kherson​ ភាគខាង​ត្បូង​កាន់​កាប់​ដោយ​រុស្ស៊ីជម្លៀស​ចេញ​ជា​បន្ទាន់ ​ខណៈ​កងកម្លាំង​ប្រដាប់​អាវុធ​របស់​អ៊ុយក្រែន​កំពុង​រៀបចំ​ការ​វាយ​មក​នៅ​ទីនោះ។ ​ឧប​នាយក​រដ្ឋមន្ត្រី ​អ៊ុយក្រែន​អ្នកស្រី​Iryna Vereshchuk ​បាន​និយាយ​តាម​ទូរទស្សន៍​ជាតិ​ថា៖ ​«វាច្បាស់​ណាស់​ថា​ នឹង​មាន​ការ​ប្រយុទ្ធ​គ្នា ​មាន​ការ​បាញ់​ផ្លោង​កាំភ្លើង​ធំ​...​ ដូច្នេះ​យើង​ជំរុញ​ឱ្យ ​(ប្រជាជន)​ ជម្លៀស​ចេញ​ជា​បន្ទាន់»។ ​អ្នកស្រី​បាន​និយាយ​ថា ​អ្នកស្រី​មិន​អាច​និយាយ​បាន​ច្បាស់​ថា​តើ​ការ​វាយ​លុក​នឹង​កើត​ឡើង​នៅ​ពេល​ណា​នោះ​ទេ។​
  • ក្រសួង​ការពារជាតិ​ចក្រភព​អង់គ្លេស ​និយាយ​ថា ​ក្រុម​ទាហាន​អ៊ុយក្រែន​ដំបូង​ ដែល​ភាគច្រើន​មិន​មាន​បទ​ពិសោធន៍​យោធា​ពី​មុន​ បាន​មក​ដល់​ចក្រភព​អង់គ្លេស​ដើម្បី​ហ្វឹកហាត់​ប្រយុទ្ធ ​ខណៈ​ប្រទេស​នេះ​ព្យាយាម​ជំនួស​ទាហាន​ដែល​បាន​ស្លាប់​ និង​របួស​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​រុស្ស៊ី។ ​នេះបើតាម​ទីភ្នាក់ងារ​សារ​ព័ត៌មាន The Associated Press។ អ្នក​ត្រូវ​ជ្រើសរើស​ពីរ​បី​រយ​នាក់​ដំបូង​កំពុង​ទទួល​ហ្វឹកហាត់​នៅតាម​កន្លែង​នានា​ទូទាំង​ប្រទេស​អង់គ្លេស។​ វាជា​ដំណាក់​កាល​ដំបូង​នៃ​កម្ម​វិធី​ដែល​មាន​គោល​បំណង​បណ្តុះបណ្តាល​ទាហាន​អ៊ុយក្រែន​ដល់​ទៅ១ម៉ឺន​នាក់​អំពី​របៀប​ប្រើ​អាវុធ​ ការជួយ​សង្គ្រោះ​នៅ​សមរភូមិ​ និង​យុទ្ធសាស្ត្រ​ល្បាត។​ វា​គឺជា​ផ្នែក​មួយ​នៃ​កញ្ចប់​ជំនួយ​ដ៏​ទូលំទូលាយ​សម្រាប់​អ៊ុយក្រែន ​ដែល​រួម​មាន​ថវិកា២,៨​ពាន់​លាន​ដុល្លារ​សម្រាប់​អាវុធ​ប្រឆាំង​រថក្រោះ ​ប្រព័ន្ធ​រ៉ុក្កែត ​និង​សម្ភារៈ​ផ្សេង​ទៀត។​

  • គ្រាប់​ធញ្ញជាតិ​ប្រមាណ​២២​លាន​តោន​ត្រូវ​បាន​រារាំង​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ ហើយ​សម្ពាធ​កំពុង​កើន​ឡើង​នៅពេល​ដែល​ការ​ប្រមូល​ផល​ថ្មី​ចាប់​ផ្តើម។ ​ប្រទេស​នេះ​ជា​ធម្មតា​ផ្តល់​ប្រហែល​៣០% ​នៃ​គ្រាប់​ធញ្ញជាតិ​ទៅ​អឺរ៉ុប​ ៣០​% ​ទៅ​អាហ្វ្រិក​ខាងជើង​ និង​ ៤០% ​ទៅ​អាស៊ី។ ​ប៉ុន្តែ​ដោយសារ​ការ​បិទ​ផ្លូវ​ដោយ​កងទ័ព​ជើង​ទឹក​រុស្ស៊ី​ដែល​កំពុង​បន្ត​បិទ​កំពង់ផែ​សមុទ្រ​ខ្មៅ​អ៊ុយក្រែន​នោះ​ ការ​ប្រមូល​ផល​រាប់​លាន​តោន​កាលពី​ឆ្នាំមុន​នៅ​តែ​មិន​អាច​ដឹក​ទៅ​ដល់​គោល​ដៅ។​ យោង​តាម​សារ​ព័ត៌មាន The Associated Press ​ អ្នក​ជំនាញ​ក្នុង​ស្រុក​ម្នាក់​និយាយ​ថា ​បើគ្មាន​ការ​បើក​កំពង់ផែ​សមុទ្រ​ខ្មៅ​ទេ​ គាត់​មិន​ឃើញ​ដំណោះ​ស្រាយ​ឱ្យ​កសិករ​អ៊ុយក្រែនរស់​បាន​ទេ។ ​វា​នឹង​នាំឱ្យ​មាន​ការ​រំខាន​ការ​ផ្គត់ផ្គង់​ស្បៀង​អាហារ​សម្រាប់​ពិភពលោក​ ជា​ពិសេស​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​អាហ្វ្រិក។​
  • ព័ត៌មាន​សម្ងាត់​ចុង​ក្រោយ​ពី​ក្រសួង​ការពារ​ជាតិ​ចក្រភព​អង់គ្លេស​បាន​និយាយ​ថា ​កាំភ្លើង​ធំ​របស់​រុស្ស៊ី​នៅ​តែ​បន្ត​វាយ​ប្រហារ​តំបន់​ Sloviansk ​ក្នុង​ខេត្ត Donbas ។ ​ព័ត៌មាន​នេះ​ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ ថា​ ប្រទេស​រុស្ស៊ី​ប្រហែល​ជា​បាន​វាតទី​តិចតួច​នៅ​តំបន់ ​Popasna។​ ទីភ្នាក់ងារ​សារ​ព័ត៌មាន​ The Associated Press ​បាន​រាយ​ការណ៍​ថា​ រដ្ឋាភិបាល​អ៊ុយក្រែន​បាន​ជំរុញ​ឱ្យ​ប្រជាជន​នៅ​តំបន់​ភាគខាង​ត្បូង​ជម្លៀស​ចេញ​កន្លែង​កាន់​កាប់​ដោយ​កង​កម្លាំង​រុស្ស៊ី​ដើម្បី​កុំ​ឱ្យ​រុស្ស៊ី​យក​ពួក​គេ​ជា​ខែល។​
  • ប្រធានាធិបតីសហ​រដ្ឋ​អាមេរិក​លោក​ Joe Biden​ នឹង​ជួប​ជាមួយ​មេ​ដឹកនាំ​នៃ​រដ្ឋ​អារ៉ាប់​មួយ​ចំនួន​ក្នុង​អំឡុងដំណើរ​ទស្សន​កិច្ច​របស់​លោក​ទៅ​កាន់​តំបន់​នេះ​ពីថ្ងៃទី១៣​ដល់​ថ្ងៃ​ទី​១៦​ខែ​កក្កដា។ ​យោង​តាម​កាសែត ​The New York Times ​លោក​ Biden​ នឹង​ស្នើឱ្យ​ប្រទេស​មួយ​ចំនួន​ផ្តល់​ឱ្យ​អ៊ុយក្រែន​នូវ​ស្តុក​អាវុធ​ដែល​នៅ​សេសសល់​ដែល​ផលិត​ដោយ​សូវៀត ​ដែល​«ប្រជាជន​អ៊ុយក្រែន​ដឹង​របៀប​ប្រើប្រាស់»។
  • អ៊ុយក្រែន​នឹង​ទទួល​បាន​ជំនួយ​ឥត​សំណង​ចំនួន១,៧​ពាន់​លាន​ដុល្លារ​ពី​ទីភ្នាក់ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ​USAID​ ធនាគារ​អន្តរជាតិ​សម្រាប់​ការ​កសាង​ឡើង​វិញ​ និង​អភិវឌ្ឍន៍ ​និង​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ​ដើម្បី​ចំណាយ​លើសេវា​វេជ្ជសាស្រ្ត។​
  • បំពង់​បង្ហូរ​ឧស្ម័ន​ដ៏​ធំ​បំផុត​តែមួយ​ដែល​បង្ហូរ​ឧស្ម័ន​ពី​រុស្ស៊ី​ទៅ​ប្រទេស​អាល្លឺម៉ង់​ចាប់​ផ្តើម​ជួសជុល​ប្រចាំ​ឆ្នាំ​នៅ​ថ្ងៃ​ចន្ទ​ ហើយ​លំហូរ​ប្រេង​រំពឹង​ថា​ នឹង​ឈប់​រយៈ​ពេល​១០​ថ្ងៃ ​ប៉ុន្តែ​រដ្ឋាភិបាល​ ទីផ្សារ ​និង​ក្រុមហ៊ុន​ព្រួយ​បារម្ភ​ថា​ ការ​បិទ​អាច​នឹង​បន្ត​អូស​បន្លាយ​ដោយសារ​សង្គ្រាម​នៅ​អ៊ុយក្រែន។ ​នេះបើតាម​ទីភ្នាក់ងារ​សារព័ត៌មាន​Reuters។ ​បំពង់​ Nord Stream 1 ​បង្ហូរ​ឧស្ម័ន​៥៥​ ពាន់​លាន​ម៉ែត្រ​គូប​ក្នុង​មួយ​ឆ្នាំ​ពី​ប្រទេស​រុស្ស៊ី​ទៅ​ប្រទេស​អាល្លឺម៉ង់​ក្នុង​សមុទ្រ​បាល់ទិក។ ដំណើរការ​ជួសជុល​នេះ​ចាប់​ពី​ថ្ងៃទី ​១១ ​ដល់​ថ្ងៃទី​ ២១​ ខែ​កក្កដា។​
  • កាលពី​ខែ​មុន ​ប្រទេស​រុស្ស៊ី​បាន​កាត់​បន្ថយ​លំហូរ​ឧស្ម័ន​មក​ត្រឹម​៤០% ​ ដោយ​លើក​ឡើង​ថា​ មកពី​ការ​ពន្យារ​ពេល​ដឹក​ឧបករណ៍​ដែល​ជួសជុល​ដោយ​ក្រុមហ៊ុន​Siemens Energy​របស់​ប្រទេស​អាល្លឺម៉ង់​ពី​ប្រទេស​កាណាដា​មក​វិញ។ ​អឺរ៉ុប​បារម្ភ​ថា​ រុស្ស៊ី​អាច​ពន្យារពេល​ការជួសជុល​ដើម្បី​រឹត​បន្តឹង​ការ​ផ្គត់ផ្គង់​ឧស្ម័ន​នៅ​អឺរ៉ុប​បន្ថែម​ទៀត​ ដែល​ធ្វើ​ឱ្យ​ច្របូក​ច្របល់ ​ផែនការ​ស្តុក​ឧស្ម័ន​សម្រាប់​រដូវ​រងា​និង​បង្កើន​វិបត្តិ​ឧស្ម័ន ​ដែល​បាន​ជំរុញ​ឱ្យ​មាន​វិធាន​ការ​បន្ទាន់​ពី​រដ្ឋាភិបាល ​និង​អ្នក​ប្រើប្រាស់​ចំណាយ​ច្រើន។​ អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង​ លោក​ Dmitry Peskov ​បាន​ច្រានចោល​ការ​អះអាង​ដែល​ថា ​រុស្ស៊ី​កំពុ​ងប្រើ​ប្រាស់​ប្រេង ​និង​ឧស្ម័ន​ ដើម្បី​ដាក់​សម្ពាធ​នយោបាយ ​ដោយ​និយាយ​ថា ​ការ​បិទ​ដើម្បី​ជួសជុល​គឺ​ជា​ដំណើរការ​តាម​កាល​វិភាគ​ ហើយ​គ្មាន​នរណា​ «បង្កើត»​ លេស​ជួសជុល​ទេ។​នេះបើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​Reuters ។​
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Volodymyr Zelenskyy ​បាន​និយាយ​ថា​ អ៊ុយក្រែន​នឹង​មិន​ទទួល​ស្គាល់​ការ​កាន់កាប់​របស់​រុស្ស៊ី​លើ​ទឹកដី​របស់​ខ្លួន​ឡើយ ​ហើយនឹង​ប្រយុទ្ធ​រហូត​ដល់​ទាហាន​រុស្ស៊ី​ចុងក្រោយ​ចេញ​ពី​ប្រទេស​លោក។​ ក្រសួង​ការពារជាតិ​អង់គ្លេស​និយាយ​ថា ​រុស្ស៊ី​អាចនឹង​អស់​បរិក្ខារ​ដែល​ចាំបាច់​សម្រាប់​ការ​វាយ​ប្រហារ​លើ​អ៊ុយក្រែន។ ​កាល​ពី​ថ្ងៃ​សៅរ៍ ​ក្រសួង​នេះ​បាន​ប្រៀបធៀប​រថយន្ត​ចុង​ក្រោយ​បំផុត​ដែល​រុស្ស៊ី​បាន​ដាក់​ពង្រាយ​ក្នុង​ប្រទេស​អ៊ុយក្រែន​ទៅ​នឹង​ត្រាក់ទ័រ។​

ក្រុម​ការងារ​ជួយ​សង្គ្រោះ​កំពុង​ជួយ​បុរស​ម្នាក់​ដែល​កប់​នៅ​ក្នុង​កម្ទេច​បាក់បែក​នៃ​អគារ​ស្នាក់នៅ​មួយ​ដែល​អគារ​នោះ​ត្រូវ​បាន​បំផ្លាញ​ដោយសារ​ការវាយប្រហារ​របស់​រុស្ស៊ី នៅ​ក្រុង Chasiv Year តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២២។
ក្រុម​ការងារ​ជួយ​សង្គ្រោះ​កំពុង​ជួយ​បុរស​ម្នាក់​ដែល​កប់​នៅ​ក្នុង​កម្ទេច​បាក់បែក​នៃ​អគារ​ស្នាក់នៅ​មួយ​ដែល​អគារ​នោះ​ត្រូវ​បាន​បំផ្លាញ​ដោយសារ​ការវាយប្រហារ​របស់​រុស្ស៊ី នៅ​ក្រុង Chasiv Year តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២២។
  • រុស្ស៊ី​ទំនង​ជា​មិន​ដក​ខ្លួន​ចេញ​ពី​ទឹកដី​នៅ​ទូទាំង​ឆ្នេរ​សមុទ្រ​ភាគខាង​ត្បូង​នៃ​ប្រទេស​អ៊ុយក្រែន​ទេ​ ហើយ​នឹង​កម្ចាត់​កងកម្លាំង​អ៊ុយក្រែន​នៅ​ក្នុង​តំបន់​ Donbas ​ភាគខាង​កើត​ទាំងមូល។ ​ នេះ​បើតាម​ឯក​អគ្គរដ្ឋ​ទូត​រុស្ស៊ី​ប្រចាំ​នៅ​ចក្រភព​អង់គ្លេស​បាន​ប្រាប់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ Reuters ​កាល​ពី​ថ្ងៃសៅរ៍។ ​នៅ​ពេល​គេ​សួរ​ថា​តើ​ជម្លោះ​អាច​បញ្ចប់​ដោយ​របៀប​ណា ​ ឯក​អគ្គ​រដ្ឋទូត​រុស្ស៊ី ​លោក​Andrei Kelin​ បាន​និយាយ​ថា កង​កម្លាំង​ដែល​គាំទ្រ​ដោយ​រុស្ស៊ី ​និង​រុស្ស៊ី​មិនងាយ​ដក​ខ្លួន​ចេញ​ពី​ភាគខាង​ត្បូង​អ៊ុយក្រែន​ ហើយ​ទាហាន​អ៊ុយក្រែន​ក៏​នឹង​ត្រូវ​រុញ​ច្រាន​ចេញ​ពី ​Donbas ​ទាំងមូល។ ​Kelin​ បាន​ប្រាប់​ Reuters ​ក្នុង​បទ​សម្ភាសន៍​នៅ​ឯ​គេហដ្ឋាន​របស់​លោក​នៅ​ទីក្រុង​ឡុងដ៍​ថា​ «យើង​នឹង​រំដោះ​ Donbas ​ទាំងអស់។ ពិត​ជា​ពិបាក​ទស្សន៍​ទាយ​ណាស់​អំពី​ការ​ដក​កងកម្លាំង​របស់​យើង​ចេញ​ពី​ភាគ​ខាង​ត្បូង​អ៊ុយក្រែន ​ពីព្រោះ​យើង​ធ្លាប់​មាន​បទ​ពិសោធន៍​រួច​ហើយ​ថា​ បន្ទាប់ពី​ការ​ដក​ទ័ព​ ការ​បង្ក​ហេតុ​ចាប់​ផ្តើម​ ហើយ​មនុស្ស​ទាំង​អស់​ត្រូវ​បាន​បាញ់​សម្លាប់ ​ជាដើម»។​
  • ប្រធានាធិបតី​អ៊ុយក្រែន​បាន​និយាយ​ថា ​«ចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​លុកលុយរបស់​រុស្ស៊ី មន្ត្រី​អនុវត្ត​ច្បាប់​អ៊ុយក្រែន​បាន​ធ្វើអ្វី​គ្រប់​យ៉ាង​ដែល​ចាំបាច់​ដើម្បី​កត់ត្រា​ឧក្រិដ្ឋ​កម្ម​របស់​រុស្ស៊ី​ និង​ប្រមូល​ភស្តុតាង។​ ដៃគូ​របស់​យើង​មក​ពី​ប្រទេស​ជាច្រើន​បាន​ចូល​រួម​ក្នុង​ការងារ​នេះ។ ​ភេរវករ​រុស្ស៊ី​បាន​ឆ្លងកាត់​ខ្សែ​បន្ទាត់​ហាមឃាត់​យូរ​មក​ហើយ​ វា​ជាក់​ស្តែង​សម្រាប់​មនុស្ស​ជាច្រើន​នៅ​ក្នុង​ពិភព​ស៊ីវិល័យ​ឬ​មាន​អរិយធម៌​ខ្ពស់ថា ​ដើម្បី​សន្តិសុខ​ពិភពលោក​គឺ​ត្រូវ​ដាក់​ទណ្ឌកម្ម​រុស្ស៊ី ​ដែល​ជា​រដ្ឋ​ភេរវករ​សម្រាប់​អ្វី​គ្រប់យ៉ាង​ដែល​រុស្ស៊ី​បាន​ធ្វើ​ប្រឆាំង​នឹង​អ៊ុយក្រែន​ និង​សណ្តាប់​ធ្នាប់​ច្បាប់​អន្តរជាតិ។​
  • រដ្ឋាភិបាល​បារាំង​កំពុង​ត្រៀម​សម្រាប់​ការកាត់​ផ្តាច់​ការ​ផ្គត់ផ្គង់​ឧស្ម័ន​របស់​រុស្ស៊ី​ទាំងស្រុង​ ដែល​បារាំង​មើល​ឃើញ​ថា​ ជា​សេណារីយ៉ូ​ដែល​ទំនង​បំផុត​ក្នុង​ការ​ធ្វើផែន​ការ​ទៅ​មុខ​របស់​ខ្លួន។​ នេះ​បើ​តាម​ទីភ្នាក់ងារ​Reuters​ដែល​ដកស្រង់​សម្តីរដ្ឋមន្ត្រី​ហិរញ្ញ​វត្ថុ​បារាំង​លោក ​Bruno Le Maire។ ​ប្រទេស​បារាំង​ទទួល​ការផ្គត់ផ្គង់​ប្រហែល​១៧%​នៃ​ថាមពល​របស់​ខ្លួន​ពី​ប្រទេស​រុស្ស៊ី ​ដូច្នេះ​ប្រទេស​បារាំង​មិន​ពឹង​ផ្អែក​លើ​ឧស្ម័ន​របស់​រុស្ស៊ី​ជាង​ប្រទេស​ជិត​ខាង​មួយ​ចំនួន​ទេ ប៉ុន្តែ​រដ្ឋាភិបាល​បាន​និង​កំពុង​រៀបចំ​ផែនការ​បន្ទាន់។
  • ប្រទេស​ប៉ូឡូញ​រំពឹង​ថា​ កុមារ​អ៊ុយក្រែន​២០ម៉ឺន​នាក់​បន្ថែម​ទៀត​នឹង​ចូល​រៀន​នៅ​សាលា​របស់​ប្រទេស​ខ្លួន​នៅ​ឆ្នាំ​សិក្សា​ក្រោយ​នេះ។ នេះតាម​ កាសែត ​Kyiv Independent។ ​យោង​តាម​លោក ​Przemyslaw Czarnek​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ និង​វិទ្យាសាស្ត្រ​របស់​ប្រទេស​ប៉ូឡូញ ​ប្រទេស​នេះ​បាន​ទទួល​យក​កុមារ​ចំនួន​២០ម៉ឺន​នាក់​ពី​អ៊ុយក្រែន​រួច​ហើយ​ រួមទាំង​កុមារ​មត្តេយ្យ​ចំនួន​ ៤ម៉ឺន​នាក់។​ ចំនួន​កុមារ​អ៊ុយក្រែន​នៅ​ក្នុង​សាលា​ប៉ូឡូញ​អាច​កើន​ឡើង​ទ្វេដង​ក្នុង​ឆ្នាំ​សិក្សា​បន្ទាប់។​លោក​ Czarnek ​បាន​បន្ថែម​ថា​ សាលារៀន​មួយ​ចំនួន​បាន​បង្រៀន​ភាសា​អ៊ុយក្រែន​ដើម្បី​ជួយ​កុមារ​ធ្វើសមាហរណកម្ម។​
  • អតីត​អធិការបតី​អាល្លឺម៉ង់ ​លោក​Gerhard Schroeder ​បាន​និយាយ​ថា​លោក​ចង់​រក្សា​ទំនាក់​ទំនង​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin​ ទោះបីជាមាន​សម្ពាធ​ឱ្យ​គាត់​ផ្តាច់​ទំនាក់ទំនង​មិត្តភាព​របស់​ពួកគេ​ដោយសារតែ​សង្គ្រាម​របស់​ទីក្រុងមូស្គូ​នៅ​អ៊ុយក្រែន​ក៏ដោយ។​ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​វិទ្យុ​អឺរ៉ុប​សេរី / វិទ្យុ​សេរីភាព​បានរាយការណ៍។ Schroeder បាន​ប្រាប់​កាសែត ​Frankfurter Allgemeine Zeitung ​ថា​ «ខ្ញុំ​នឹង​មិនបោះបង់ចោល​ឱកាស​របស់​ខ្ញុំ​សម្រាប់​ការពិភាក្សា​ជាមួយ​ប្រធានាធិបតី​ពូទីន​ Schroeder ​បាន​ប្រាប់​កាសែត ​Frankfurter Allgemeine Zeitung ​នៅក្នុង​មតិ​យោបល់​ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃទី ​10 ​ខែកក្កដា។ ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ប្រេង​រដ្ឋ​រុស្ស៊ី ​Rosneft ។
  • ឧបនាយក​រដ្ឋមន្ត្រី​អ៊ុយក្រែន​កាលពី​ថ្ងៃអាទិត្យ​បាន​ជំរុញ​ឱ្យ​ជនស៊ីវិល​នៅក្នុង​តំបន់​ Kherson​ ភាគខាងត្បូង​កាន់កាប់​ដោយ​រុស្ស៊ី​ឱ្យ​ជម្លៀស​ចេញ​ជា​បន្ទាន់​ ខណៈ​ដែល​កងកម្លាំង​ប្រដាប់​អាវុធ​របស់​អ៊ុយក្រែន​កំពុង​រៀបចំ​ការវាយប្រហារ​តបត​នៅទីនោះ។ ឧបនាយក​រដ្ឋមន្ត្រី ​Iryna Vereshchuk ​បាន​និយាយ​នៅលើ​កញ្ចក់​ទូរទស្សន៍​ជាតិ​ថា​ «វា​ច្បាស់ណាស់​ថា​នឹង​មាន​ការប្រយុទ្ធគ្នា ​មាន​ការបាញ់ផ្លោង​ដោយ​កាំភ្លើងធំ​... ដូច្នេះ​ហើយ​យើង​ជំរុញ​ឱ្យ​ (ប្រជាជន)​ ជម្លៀស​ជាបន្ទាន់»។ អ្នកស្រីបាន​និយាយ​ថា អ្នកស្រី​មិន​អាច​និយាយ​បាន​ច្បាស់​ថា​តើ​ការ​វាយលុក​នឹង​កើត​ឡើង​នៅ​ពេល​ណា​នោះ​ទេ។
០១:១៨ ១៣.៧.២០២២

ថ្ងៃអង្គារ ទី ១២ ខែកក្កដា៖

  • ប្រទេស​អ៊ុយក្រែន​អាច​នឹង​រង​ការ​វាយប្រហារ​ថ្មី​ទៀត​ពី​កងទ័ព​រុស្ស៊ី បន្ទាប់​ពី​មាន​ការ​បាញ់ផ្លោង​គ្រាប់កាំភ្លើងធំ​ទ្រង់ទ្រាយ​ធំ​ដែល​បាន​សម្លាប់​មនុស្ស​ជាង ៣០ នាក់ ខណៈសម្ព័ន្ធមិត្ត​ជា​ប្រទេសលោក​ខាង​លិច​របស់​រដ្ឋាភិបាល​អ៊ុយក្រែន ត្រៀម​ទប់ទល់​នឹង​វិបត្តិ​ថាមពល​សកល​លោក​ដ៏​កាន់​តែ​ធ្ងន់ធ្ងរ​ ​បើ​រុស្ស៊ី​សម្រេច​កាត់​ផ្តាច់​ការ​ផ្គត់ផ្គង់​ប្រេង​និង​ឧស្ម័ន​របស់​ខ្លួន។ នេះ​បើ​យោង​តាម​សេចក្តី​រាយកាណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters។
  • បុគ្គលិក​រដ្ឋាភិបាល​អ៊ុយក្រែន​បាន​ឲ្យ​ដឹង​ថា ការ​បាញ់ផ្លោង​គ្រាប់​កាំភ្លើង​ធំនៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន​គឺ​ជា​ការ​ត្រៀម​ប្រយុទ្ធ​កាន់តែ​ខ្លាំង​ជាង​មុន ខណៈ​រុស្ស៊ី​ព្យាយាម​កាន់កាប់​តំបន់ Donetsk និង​គ្រប់គ្រង​ទាំងស្រុង​លើ​តំបន់​ Donbas របស់​អ៊ុយក្រែន​ដែល​ជា​ទីតាំង​ឧស្សាហកម្ម​ដ៏​សំខាន់។ ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ថ្លែង​ថា រុស្ស៊ី​បាន​វាយប្រហារ​តាម​អាកាស​ចំនួន ៣៤ លើក ចាប់​តាំង​ពី​ថ្ងៃ​សៅរ៍​មក ហើយ​ការ​វាយប្រហារ​មួយ​បាន​បាញ់ចំ​អគារ​លំនៅដ្ឋានពលរដ្ឋ​ កម្ពស់​៥ជាន់ ដោយ​បាន​សម្លាប់​មនុស្ស​ ៣១ នាក់​ និង​ជា​ច្រើន​នាក់​ទៀត​ជាប់គាំង​ក្រោម​គំនរ​អគារ។ រដ្ឋាភិបាល​រុស្ស៊ី​បដិសេធ​ថា​មិន​បាន​យក​ជន​ស៊ីវិល​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​របស់​ខ្លួន​ទេ ក៏ប៉ុន្តែ​នៅ​តាម​ទីក្រុង​ ទីប្រជុំជន និង​ភូមិ​ជា​ច្រើន​របស់​អ៊ុយក្រែន បាន​រង​ការ​បំផ្លិចបំផ្លាញ។ ហើយ​ការ​ស្លាប់​បាត់បង់​ជីវិត​របស់​ជន​ស៊ីវិល​នៅ​ក្នុង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​នេះ ​កាន់តែ​កើន​ឡើង​ជា​បន្តបន្ទាប់។ ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​បាន​ក្លាយ​ជា​ជម្លោះដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ចាប់តាំង​ពី​សង្គ្រាម​លោក​លើក​ទី ២ ហើយ​ជម្លោះនេះ​កំពុង​ឈាន​ចូល​ដល់​ខែ​ទី ៥ ហើយ។ ដោយ​ឡែក​ រុស្ស៊ី បាន​ឲ្យ​ដឹង​ថា ការ​វាយ​ប្រហារ​របស់​អ៊ុយក្រែន​លើ​ទីប្រជុំជន Nova Kakhovka នៅ​តំបន់ Kherson ដែល​រុស្ស៊ី​កាន់កាប់ បាន​បង្ក​ឲ្យ​ជន​ស៊ីវិល​មួយ​ចំនួន​ស្លាប់ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​តួលេខ​ច្បាស់លាស់​នៅ​ឡើយ​ទេ។
  • ខណៈ​កង​ទ័ព​រុស្ស៊ី​បង្កើន​ការ​វាយប្រហារ​របស់​ខ្លួន​នៅ​ភាគខាង​កើត​ប្រទេស​អ៊ុយក្រែន អាជ្ញាធរ​អ៊ុយក្រែន​កំពុង​ជំរុញ​ឲ្យ​ពលរដ្ឋ​នៅតាម​តំបន់​ទាំងនោះ​ ជម្លៀស​ខ្លួន​ទៅកាន់​ទីក្រុង និង​ទីប្រជុំជន​ផ្សេងទៀត​នៅ​ភាគខាង​លិច​ ដែល​មាន​សុវត្ថិភាព​ជាង។ ក៏​ប៉ុន្តែ មានប្រជា​ពលរដ្ឋ​ខ្លះ​នៅតែ​បដិសេធ​មិន​ជម្លៀស​ខ្លួន។ ពួកគេ​ភាគច្រើន​ជា​មនុស្ស​ចាស់​ជរា​ចូលនិវត្តន៍​ដែល​រស់នៅ​តែ​ម្នាក់ឯង។ អ្នក​ខ្លះ​ថា ពួកគេ​មិន​រក​ប្រាក់​បាន​គ្រប់គ្រាន់​ដើម្បី​ផ្គត់ផ្គង់​ខ្លួនឯង​ នៅ​ទីតាំង​ផ្សេង​ក្រៅ​ពី​លំនៅដ្ឋាន​របស់​ពួកគេ​ឡើយ។ អ្នក​ខ្លះ​ទៀត​ថា ពួកគេ​មាន​មូលហេតុ​ស្មុគស្មាញ​ រួមមាន​ការ​មិន​ពេញចិត្ត​នឹង​រដ្ឋាភិបាល​អ៊ុយក្រែន​បច្ចុប្បន្ន ឬ​ក៏​ជឿ​ថា​ ជីវិត​ក្រោម​ការ​គ្រប់គ្រង​របស់​រុស្ស៊ី នឹង​មិន​មាន​អ្វី​ខុស​ប្លែក​ខ្លាំង​ពី​ជីវិត​សព្វថ្ងៃ​របស់​ពួកគេ​ឡើយ។ អភិបាល​តំបន់ Donetsk លោក Pavlo Kyrylenko បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ជម្លៀស​ខ្លួន​ចេញ ដោយ​អះអាង​ថា ការ​ធ្វើ​ដូច្នេះ​អាច​នឹង​អនុញ្ញាត​ឲ្យ​កងទ័ព​អ៊ុយក្រែន ការពារ​ខ្លួន​ប្រសើរ​ជាង​នេះ។ លោក​បាន​ថ្លែង​បន្ថែម​ថា ពលរដ្ឋ​ជាង ៨០% បាន​ចាកចេញ​ពី​តំបន់នេះ​ គិត​ត្រឹមថ្ងៃ​ចន្ទ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន The Associated Press។
ក្រុម​អ្នក​ជួយ​សង្គ្រោះសែង​សាកសព​បុរស​ម្នាក់​ពី​គំនរ​អគារ​បាក់បែក​ដែល​ត្រូវ​បាន​បំផ្លាញ​ដោយសារ​ការ​វាយប្រហារ​ផ្លូវអាកាស​របស់​រុស្ស៊ី នៅ​ក្រុង Chasiv Yar ប៉ែក​ខាង​កើត​អ៊ុយក្រែន ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២២។
ក្រុម​អ្នក​ជួយ​សង្គ្រោះសែង​សាកសព​បុរស​ម្នាក់​ពី​គំនរ​អគារ​បាក់បែក​ដែល​ត្រូវ​បាន​បំផ្លាញ​ដោយសារ​ការ​វាយប្រហារ​ផ្លូវអាកាស​របស់​រុស្ស៊ី នៅ​ក្រុង Chasiv Yar ប៉ែក​ខាង​កើត​អ៊ុយក្រែន ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២២។
  • ប្រទេស​អ៊ុយក្រែន​បាន​ឲ្យដឹង​នៅ​ថ្ងៃ​អង្គារ​ថា ខ្លួន​បាន​វាយប្រហារ​ដោយ​ជោគជ័យ​ដោយ​ប្រើ​គ្រាប់​រ៉ុក្កែត​ក្នុង​រង្វង់​ចម្ងាយ​ឆ្ងាយ​លើ​កងទ័ព​រុស្ស៊ី​ នៅ​ភាគ​និរតី​នៃ​ប្រទេស​ ជា​ដែនដី​ដែល​ខ្លួន​គ្រោង​វាយ​ដណ្តើម​យក​មក​វិញ តាម​ការ​ប្រយុទ្ធ​ដោយ​ប្រើ​កងទ័ព​រាប់​ពាន់នាក់។ យោងតាម​អ៊ុយក្រែន ការ​វាយ​ប្រហារ​មួយ​បាន​បាញ់​ចំ​ទីកន្លែង​បោះបង់ចោល​អាវុធ​គ្រឿង​ផ្ទុះ នៅ​ក្នុង​ទីប្រជុំ​ជន Nova Kakhovk នៃ​តំបន់ Kherson ហើយ​បាន​សម្លាប់​ជនជាតិ​រុស្ស៊ី​ចំនួន ៥២ នាក់។ ការ​វាយ​ប្រហារ​នេះ​បាន​ធ្វើឡើង បន្ទាប់​ពី​រដ្ឋាភិបាល​អាមេរិក​បាន​ផ្គត់ផ្គង់​ដល់​អ៊ុយក្រែន​នូវ​ប្រព័ន្ធ​កាំភ្លើង​ធំ​ចល័ត HIMARS ដែល​រដ្ឋាភិបាល​អ៊ុយក្រែន​ថា កងទ័ព​អ៊ុយក្រែន​កំពុង​ចាប់ផ្តើម​ប្រើប្រាស់​កាំភ្លើង​នេះ​ដោយទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់។ ក៏ប៉ុន្តែ មន្ត្រី​តែងតាំង​ដោយ​រុស្ស៊ី​ម្នាក់​នៅ​តំបន់ Kherson បាន​រៀបរាប់​ស្ថានការណ៍​ផ្ទុយ​ពី​នេះ។ លោក​ថា យ៉ាង​ហោច​ណាស់​ មនុស្ស​ ៧ នាក់ ត្រូវបាន​សម្លាប់​ដោយសារ​ការ​វាយប្រហារ​របស់​អ៊ុយក្រេន ហើយ​ថា​ជនស៊ីវិល​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​ បាន​រង​ការ​បំផ្លិចបំផ្លាញ។ ទីភ្នាក់ងារ​ព័ត៌មាន Reuters មិន​អាច​គូសបញ្ជាក់​ពី​ភាព​ត្រឹមត្រូវ​នៃ​ការ​អះអាង​ទាំង​នេះ​នៅ​ឡើយ​ទេ។
  • រដ្ឋាភិបាល​រុស្ស៊ី​បាន​ថ្លែង​នៅ​ថ្ងៃ​អង្គារ​ថា ពលរដ្ឋ​អ៊ុយក្រែន​ជា​ច្រើន​នាក់​ចង់ក្លាយ​ជា​ប្រជាជន​របស់​ប្រទេស​រុស្ស៊ី។ ការ​អះអាង​នេះ​ធ្វើ​ឡើង​ មួយ​ថ្ងៃ​បន្ទាប់​ពី​រដ្ឋាភិបាល​រុស្ស៊ី​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ដោយ​សម្រួល​វិធានការ​ច្បាប់​មួយ​ចំនួន​ដល់​ប្រជាជន​អ៊ុយក្រែន​ ដើម្បី​ទទួល​បាន​លិខិត​ឆ្លងដែន​រុស្ស៊ី។ ក្នុង​អំឡុងពេល​ឆ្លើយឆ្លង​ទូរស័ព្ទ​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​លោក Dmitry Pesko បាន​ថ្លែង​ថា មិន​មាន​«ការ​ពិភាក្សា»​អំពី​កិច្ចចរចា​ដើម្បី​សន្តិភាព​សាជាថ្មី​ជាមួយ​រដ្ឋាភិបាល​អ៊ុយក្រែន​នោះ​ទេ បួន​ខែ​ក្រោយ​ពី​រស្ស៊ី​បាន​បញ្ជូន​ទ័ព​ចូល​ប្រទេស​អ៊ុយក្រែន។ រុស្ស៊ី​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នានា​នៃ​ភាគ​ខាង​ត្បូង និង​ខាង​កើត​ប្រទេសអ៊ុយក្រែន​ដែល​ខ្លួន​បាន​កាន់កាប់​តាំង​ពី​ខែ​កុម្ភៈ​មក ត្រូវបាន​ផ្តល់​លទ្ធភាព​ឲ្យ​ទទួល​បាន​សិទ្ធិ​កា្លយ​ជា​ពលរដ្ឋ​រុស្ស៊ី។ នេះ​ជា​ជំហាន​មួយ​ដែល​អ៊ុយក្រែន និង​ប្រទេស​លោក​ខាង​លិច​ ថា​ជា​អំណះអំណាង​ដែល​ថា រដ្ឋាភិបាល​រុស្ស៊ី​គ្រោង​បន្ត​គ្រប់គ្រង​តំបន់​ទាំង​អស់នេះ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • កិច្ចចរចារ​ថ្មី​មួយ​រវាង​រុស្ស៊ី​ ​អ៊ុយក្រែន តួកគី និង​អង្គការ​សហប្រជាជាតិ​ ស្តី​អំពី​ការ​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​ពី​អ៊ុយក្រែន នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ នៅ​ទីក្រុង Istanbul ប្រទេស​តួកគី។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី Interfax ដែល​បាន​ដក​ស្រង់​សម្តី​របស់​ក្រសួង​ការបរទេស​រុស្ស៊ី។ អ៊ុយក្រែន​គឺជា​ប្រទេស​ដែល​នាំ​ចេញ​ផលិតផល​កសិកម្ម​ដ៏​សំខាន់​មួយ ហើយ​ការ​ដែល​អ៊ុយក្រែន​មិន​អាច​នាំចេញ​ការ​ផ្គត់ផ្គង់​គ្រាប់​ធញ្ញជាតិ​របស់​ខ្លួន បាន​បង្ក​ឲ្យ​តម្លៃ​ចំណី​អាហារ​ឡើង​ថ្លៃ​ខ្លាំង ហើយ​បាន​បង្ក​ជា​ក្តី​ព្រួយបារម្ភ​ដ៏​ធ្ងន់ធ្ងរ​ពី​វិបត្តិ​ស្បៀង​អាហារ​សកល​លោក។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
០២:៥៥ ១៤.៧.២០២២

ថ្ងៃពុធ ទី ១៣ ខែកក្កដា៖

  • ​ជន​ភៀសខ្លួន​ប្រមាណ​ពីរ​ភាគ​បី​មក​ពី​អ៊ុយក្រែន រំពឹង​ថា​នឹង​បន្ត​ស្នាក់នៅ​ក្នុង​ប្រទេស​ដែល​ពួកគេ​បាន​ភៀសខ្លួន​ទៅ រហូត​ដល់ការ​ប្រយុទ្ធ​គ្នា​ថមថយ​ ហើយ​ស្ថានភាព​សន្តិសុខ​ប្រសើរ​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន បន្ទាប់ពី​រុស្ស៊ី​បាន​ឈ្លាន​ពាន​លើ​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ការ​រកឃើញ​ពី​ការ​ស្ទង់​មតិ​មួយ​របស់​ទីភ្នាក់ងារ​ទទួល​បន្ទុក​កិច្ចការ​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ​ UNHCR។ ទីភ្នាក់ងារ​ព័ត៌មាន​ Reuters បាន​រាយការណ៍​ថា ជនភៀសខ្លួន​ភាគច្រើន​មក​ពី​ប្រទេស​អ៊ុយក្រែន ជាពិសេស​ស្ត្រី​និង​កុមារ សង្ឃឹម​ថា​នឹង​វិល​ត្រឡប់​ទៅ​ផ្ទះសម្បែង​របស់​ពួកគេ​វិញ នៅ​ពេល​ណាមួយ​នាថ្ងៃ​អនាគត។ នេះ​បើ​យោង​តាម​ការ​ស្ទង់​មតិ​ពី​ជនភៀសខ្លួន​ប្រមាណ ៤.៩០០ នាក់​មក​ពី​អ៊ុយក្រែន ដែល​កំពុង​រស់នៅ​ក្នុង​សាធារណរដ្ឋ​ឆេក ​ប្រទេស​ហុងគ្រី ម៉ុលដាវី ប៉ូឡូញ រូម៉ានី និង​ប្រទេស​ស្លូវ៉ាគី។ ការ​ស្ទង់​មតិ​នេះ​ត្រូវបាន​ធ្វើ​ឡើង​ក្នុង​ចន្លោះពាក់​កណ្តាល​ខែ​ឧសភា​និង​ពាក់កណ្តាល​ខែ​មិថុនា។ ​ទីភ្នាក់ងារ UNHCR ក៏​បាន​ឲ្យ​ដឹងផង​ដែរ​ថា ជន​ភៀស​ខ្លួន​ប្រមាណ ៥លាន ៦សែន​នាក់ ត្រូវបាន​កត់ត្រា​ថា​កំពុង​មាន​វត្តមាន​នៅ​ទូទាំង​ទ្វីប​អ៊ឺរ៉ុប ដោយ​មនុស្ស​ជិត ៨ លាន ៨ សែន​នាក់​ បាន​ភៀស​ខ្លួន​ចេញ​ពី​អ៊ុយក្រែន ហើយ​ជិត ៣ លាន ៣ សែន​នាក់ បាន​ឆ្លង​ព្រំដែន​ត្រឡប់​ទៅ​អ៊ុយក្រែន​វិញ​ ចាប់តាំង​ពី​រុស្ស៊ី​បាន​ឈ្លាន​ពាន​លើ​ប្រទេស​អ៊ុយក្រែន​ កាលពី​ថ្ងៃទី ២៤ ខែ​កុម្ភៈ​មក។
  • ប្រទេស​អ៊ុយក្រែន​ កំពុង​ស្ថិត​ក្នុង​ «ពីរ​ជំហាន» ពី​ការ​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​ជាមួយ​រុស្ស៊ី​ដើម្បី​នាំចេញ​គ្រាប់​ធុញ្ញជាតិ​របស់​អ៊ុយក្រែន​ទៅកាន់​ទីផ្សារ​អន្តរជាតិ។ នេះ​បើ​តាម​រដ្ឋមន្ត្រី​ការ​បរទេស Dmytro Kuleba ដែល​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​អេស្ប៉ាញ El Pais មុន​កិច្ចពិភាក្សា​ចម្រុះ​ភាគី​លើ​បញ្ហា​នេះ នៅ​ទីក្រុង​ Istanbul ប្រទេស​តួកគី។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ តួកគីកំពុង​ធ្វើការ​ជាមួយ​អង្គការ​សហប្រជាជាតិ​ ដើម្បី​សម្រួល​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​មួយ​នេះ​ឡើង ក្រោយ​ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​ចាប់តាំង​ពី​ថ្ងៃទី ២៤ ខែ​កុម្ភៈ​មក ដែល​ការណ៍នេះ​បាន​បណ្តាល​ឲ្យ​តម្លៃ​គ្រាប់​ធុញ្ញជាតិ​ ប្រេង​ចម្អិន​អាហារ ប្រេង​ឥន្ធនៈ និង​តម្លៃ​ជី ឡើង​ថ្លៃ ហើយ​បង្ក​ឲ្យ​មាន​វិបត្តិ​ស្បៀងអាហារ​សកល​លោក​។
  • ក្រសួង​ការបរទេស​រុស្ស៊ី​បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​ពិចារណា​បន្ត​ដឹក​ជញ្ជូន​ឧស្ម័ន​ទៅកាន់​ទ្វីប​អ៊ឺរ៉ុប ឆ្លងកាត់​ប្រទេស​អ៊ុយក្រែន ក្រៅពី​កិច្ច​សន្យា​បច្ចុប្បន្ន​របស់​ខ្លួន​ដែល​នឹង​អស់​សុពលភាព​នៅ​ឆ្នាំ ២០២៤ ឲ្យ​តែ​បណ្តា​ប្រទេស​នៅ​ទ្វីប​អ៊ឺរ៉ុប​នៅតែ​ចង់​បាន​ឧស្ម័ន​រុស្ស៊ី ហើយ​ឲ្យ​តែ​ប្រព័ន្ធ​បញ្ជូន​ឧស្ម័ន​របស់​អ៊ុយក្រែន​ដំណើរការ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​ដកស្រង់​ខ្លឹមសារ​ព័ត៌មាន​ពី​ទីភ្នាក់ងារ​ព័ត៌មាន RIA Novosti។ ទោះ​ជា​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយក្រែន​នៅតែ​បន្ត​ក្តី ក៏​រុស្ស៊ីកំពុង​បន្ត​ដឹក​ជញ្ជូន​ឧស្ម័ន​ក្នុង​បរិមាណ​ធំ​តាម​ច្រកនានា​ក្នុង​ប្រទេស​អ៊ុយក្រែន​ ទៅកាន់​ប្រទេស​នានា​ក្នុង​ទ្វីប​អ៊ឺរ៉ុប ដែល​ជា​អតិថិជន​សកល​ដ៏​សំខាន់​មួយ​របស់​រដ្ឋាភិបាល​រុស្ស៊ី​ក្នុង​ការ​នាំចេញ​ឧស្ម័ន​ ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​រាប់​ពាន់លាន​ដុល្លារ​អាមេរិក។ ​
  • ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​ថា កង​ទ័ព​រុស្ស៊ី​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​យោធា​ចំនួន៤​គ្រឿង​ របស់​អ៊ុយក្រែន​ នៅក្នុង​ទឹកដី​អ៊ុយក្រែន។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ប្រចាំ​ថ្ងៃ​មួយ​ ក្រសួង​នេះ​បាន​អះអាង​ថា កងទ័ព​រុស្ស៊ី​បាន​បាញ់​កម្ទេច​យន្តហោះ​ចម្បាំង Su-25 និង​ Su-24 ដែល​ជា​យន្តហោះ​ពី​សម័យ​សូវៀត​ប្រើ​ដោយ​កងទ័ព​អ៊ុយក្រែន​ នៅ​តំបន់​ Donetsk ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន និង​យន្តហោះ​ចម្បាំង Su-25 មួយ​គ្រឿង​ទៀត​ រួម​ទាំង​យន្តហោះ​ Mig-29 ដែល​ជា​យន្ត​ហោះ​ចម្បាំង​ផលិត​ក្នុង​សម័យ​សូវៀត នៅ​តំបន់ Mykolaiv ភាគខាង​ត្បូង​ប្រទេស​អ៊ុយក្រែន។ ទីភ្នាក់ងារ​ព័ត៌មាន Reuters មិន​អាច​សុំការ​បញ្ជាក់​នូវ​ព័ត៌មាន​នេះ​បាន​នៅ​ឡើយ​ទេ៕

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG