២២:៣២
៤.៧.២០២២
ថ្ងៃចន្ទ ទី ០៤ ខែកក្កដា៖
- ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបានកើតឡើងនៅក្នុងតំបន់ Donbas ភាគខាងកើតប្រទេសអ៊ុយក្រែនកាលពីថ្ងៃសៅរ៍ ខណៈកងកម្លាំងរុស្ស៊ីបានបង្កើនការទម្លាក់គ្រាប់បែកលើទីក្រុង Lysychansk។ រុស្ស៊ីកំពុងកំណត់គោលដៅវាយតំបន់នេះ ខណៈយោធារុស្ស៊ីចង់រុលចូលកាន់តែជ្រៅទៅក្នុងតំបន់ឧស្សាហកម្មដែលបានក្លាយជាការផ្តោតការវាយលុកចុងក្រោយបង្អស់ចាប់តាំងពីរុស្ស៊ីបរាជ័យក្នុងការដណ្តើមយកក្រុងកៀវ ក្រោយការឈ្លានពាន ថ្ងៃទី ២៤ ខែកុម្ភៈ។
- មន្ត្រីយោធាអ៊ុយក្រែនបាននិយាយថា ជនស៊ីវិលយ៉ាងតិចណាស់ ៥០ នាក់ត្រូវបានសម្លាប់ដោយការវាយប្រហារដោយគ្រាប់រ៉ុក្កែត និងកាំជ្រួចរបស់រុស្ស៊ីកាលពីសប្តាហ៍មុន ក្នុងនោះមាន ១៩ នាក់ស្លាប់កាលពីថ្ងៃចន្ទនៅក្នុងផ្សារទំនើបមួយក្នុងទីក្រុង Kremenchuk។ បន្ទាប់ពីកាំជ្រួចបានវាយប្រហារអគារលំនៅដ្ឋានក្នុងទីក្រុង Odesa កាលពីថ្ងៃសុក្រ លោក Zelenskyy បានចោទប្រកាន់រុស្ស៊ីថាជារដ្ឋភេរវកម្ម។ អត្ថាធិប្បាយរបស់លោក Zelenskyy ត្រូវបានធ្វើឡើងនៅពេលដែលអាជ្ញាធរអ៊ុយក្រែនបានចេញផ្សាយវីដេអូកាលពីថ្ងៃសៅរ៍បង្ហាញពីយន្តហោះចម្បាំងរុស្ស៊ីទម្លាក់គ្រាប់បែកលើកោះពស់ក្នុងរយៈពេលមួយថ្ងៃក្រោយមក បន្ទាប់ពីរុស្ស៊ីបាននិយាយថាខ្លួនបានដកចេញដោយសារហេតុផលមនុស្សធម៌។
- នៅពេលដែលសង្រ្គាមនៅអ៊ុយក្រែននៅតែបន្ត សហរដ្ឋអាមេរិកបានប្រកាសផែនការលម្អិតអំពីជំនួយយោធាបន្ថែមចំនួន ៨២០ លានដុល្លារសម្រាប់អ៊ុយក្រែន រួមទាំងប្រព័ន្ធមីស៊ីលថ្មីបាញ់ពីដីទៅអាកាស និងរ៉ាដាប្រឆាំងកាំភ្លើងធំផងដែរ។ កញ្ចប់ជំនួយយោធាទី ១៤ របស់សហរដ្ឋអាមេរិក រួមមានប្រព័ន្ធការពារដែនអាកាសចំនួនពីរ ដែលអាចជួយកងកម្លាំងអ៊ុយក្រែនប្រឆាំងនឹងកាំជ្រួចរត់តាមគន្លងបញ្ជា និងយន្តហោះចម្បាំងផងដែរ។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានប្តេជ្ញាថានឹងដណ្តើមទឹកដីត្រឡប់មកវិញ ដោយមានការជួយពីអាវុធទំនើប បន្ទាប់ពីកងទ័ពរបស់លោកបានដកចេញពីទីក្រុង Lysychnask ដែលជាទឹកដីនៅសល់ចុងក្រោយបង្អស់ដែលគ្រប់គ្រងដោយអ៊ុយក្រែននៅក្នុងខេត្ត Luhansk ភាគខាងកើត។ ចាប់តាំងពីការឈ្លានពានទឹកដីអ៊ុយក្រែនចូលក្នុងខែទី ៤ ដើម្បីផ្តួលរំលំលោក Zelenskyy ឬកាន់កាប់រដ្ឋធានីកៀវមិនបានសម្រេចមកនោះ រុស្ស៊ីបានផ្តោតលើការដណ្តើមការត្រួតត្រាតំបន់ Donbas ដែលរួមមានខេត្ត Luhansk និង Donetsk។ អ៊ុយក្រែនរក្សាការកាន់កាប់ទីក្រុងខ្លះក្នុងខេត្ត Donetsk។
- រុស្ស៊ីបានអះអាងកាលពីថ្ងៃអាទិត្យថា ខ្លួនបានគ្រប់គ្រងទីក្រុងឧស្សាហកម្ម Lysychansk ដែលជាទឹកដីនៅសល់ចុងក្រោយដែលកាន់កាប់ដោយអ៊ុយក្រែនក្នុងខេត្ត Luhansk ភាគខាងកើត។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានប្រាប់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថា សាធារណរដ្ឋប្រជាមានិត Luhansk ត្រូវបាន«រំដោះ»។ នេះបើតាមក្រសួងការពារជាតិរុស្ស៊ីផ្សាយតាម Telegram។ ក្រសួងការពារជាតិអ៊ុយក្រែន នៅក្នុងបទសម្ភាសន៍មួយជាមួយបណ្ដាញព័ត៌មាន BBC បានជំទាស់ការអះអាងរបស់រុស្ស៊ី ដោយនិយាយថា ទីក្រុង Lysychansk មិនស្ថិតនៅក្រោម«ការគ្រប់គ្រងទាំងស្រុង» របស់កងកម្លាំងរុស្ស៊ី និងសម្ព័ន្ធមិត្តផ្តាច់ខ្លួនរបស់ពួកគេនោះទេ។
- ទីក្រុង Kramatorsk ដែលជាទីក្រុងធំមួយនៅចំកណ្តាលតំបន់ Donbas ដែលជាកន្លែងនៅសេសសល់នៅក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែននោះ កំពុងមានជីវិតរស់ឡើងវិញ ទោះបីជាកាំភ្លើងធំរបស់រុស្ស៊ីបានវាយលើនៅទីក្រុងជិតនោះ គឺក្រុង Sloviansk ក្រុង Siversk និងក្រុង Bakhmut ក៏ដោយ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- ប្រទេសស្វីសកំពុងរៀបចំសន្និសីទនៅថ្ងៃច័ន្ទ និងថ្ងៃអង្គារ ដោយផ្តោតលើតម្រូវការកសាងប្រទេសអ៊ុយក្រែនឡើងវិញ។ ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសស្វីស លោក Artem Rybchenko បាននិយាយថា សន្និសីទនេះនឹងជួយបង្កើតផែនទីបង្ហាញផ្លូវសម្រាប់ស្តារប្រទេសលោកឡើងវិញ។ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន ត្រូវគេរំពឹងថានឹងថ្លែងសុន្ទរកថានៅក្នុងសន្និសីទនេះតាមវីដេអូ រីឯនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បានធ្វើដំណើរដ៏កម្រនៅក្រៅប្រទេសអ៊ុយក្រែនដើម្បីចូលរួមដោយផ្ទាល់។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
- អ្នកការទូតរុស្ស៊ីម្នាក់បាននិយាយថា យន្តហោះរុស្ស៊ីពីរគ្រឿងបានដឹកបុគ្គលិកការទូតរុស្ស៊ីជាច្រើននាក់ និងក្រុមគ្រួសាររបស់ពួកគេចេញពីប្រទេសប៊ុលហ្គារីកាលពីថ្ងៃអាទិត្យ ចំពេលមានការបណ្តេញចេញដ៏ធំ ដែលធ្វើឱ្យមានភាពតានតឹងរវាងប្រទេសទាំងពីរដែលជិតស្និទ្ធនឹងគ្នាជាប្រវត្តិសាស្ត្រ។ ការសម្រេចរបស់ប៊ុលហ្គារីក្នុងការបណ្តេញអ្នកការទូតរុស្ស៊ីនេះត្រូវបានប្រកាសដោយនាយករដ្ឋមន្ត្រីស្តីទីលោក Kiril Petkov ដែលប្រឆាំងនឹងរុស្ស៊ីបន្ទាប់ពីរុស្ស៊ីឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
- នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese កាលពីថ្ងៃអាទិត្យបានសន្យាផ្តល់ការគាំទ្រផ្នែកយោធាបន្ថែមទៀតដល់អ៊ុយក្រែនខណៈលោកជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Zelenskyy ក្នុងទីក្រុង កៀវ ប្រទេសអ៊ុយក្រែន។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា អូស្ត្រាលីនឹងផ្តល់ឧបករណ៍យោធាបន្ថែម ដែលស្នើដោយអ៊ុយក្រែន រួមមាន រថពាសដែក១៤គ្រឿង រថពាសដែក Bushmaster ចំនួន២០គ្រឿង និងយន្តហោះគ្មានមនុស្សបើកមួយចំនួន។ លោក Zelenskyy ថា អូស្ត្រាលីផ្តល់ជំនួយ«ច្រើនគួរសម»ដល់អ៊ុយក្រែន។ លោក Anthony ក៏បាននិយាយដែរថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងទទួលបានការស្វាគមន៍ «ដែលលោកសមនឹងទទួលបាន» បើលោកចូលរួមកិច្ចប្រជុំកំពូល G-20 នៅកោះបាលីក្នុងខែវិច្ឆិកានោះ។ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលីបាននិយាយថា៖ «ប្រសិនបើលោកPutin ចូលរួមកិច្ចប្រជុំនោះ...លោកនឹងទទួលបានការស្វាគមន៍ដែលលោកសមនឹងទទួលបាន ដែលនោះគឺមិនមែនជាមិត្ត និងមិនមែនជាអ្នកដែលគោរពច្បាប់អន្តរជាតិ»។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- មន្ត្រីរុស្ស៊ីបាននិយាយថា ការបំផ្ទុះកាលពីថ្ងៃអាទិត្យនៅក្នុងទីក្រុងមួយក្នុងប្រទេសរុស្ស៊ីដែលនៅជាប់ព្រំដែនអ៊ុយក្រែន បានធ្វើឱ្យមនុស្សស្លាប់យ៉ាងតិចណាស់បីនាក់។ អគារលំនៅដ្ឋានរាប់សិបខ្នងត្រូវខូចខាតនៅក្នុងការផ្ទុះនៅទីក្រុង Belgorod នោះ។ សមាជិកសភារុស្ស៊ី លោក Andrei Klishas បានអំពាវនាវឱ្យមានការឆ្លើយតបផ្នែកយោធា។ មន្ត្រីអ៊ុយក្រែនជាទម្លាប់និយាយតិចតួចអំពីការវាយប្រហារលើរុស្ស៊ី។
- ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសតួកគីបាននិយាយថា មន្ត្រីគយតួកគីបានឃាត់កប៉ាល់រុស្ស៊ីមួយគ្រឿងដែលដឹកគ្រាប់ធញ្ញជាតិពីតំបន់កាន់កាប់ដោយរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន។អ៊ុយក្រែនបានចោទរុស្ស៊ីថាបានលួចគ្រាប់ធញ្ញជាតិពីទឹកដីដែលរុស្ស៊ីកាន់កាប់តាំងពីបានធ្វើសង្រ្គាមនៅអ៊ុយក្រែនកាលពីចុងខែកុម្ភៈ។ រុស្ស៊ីបដិសេធការចោទប្រកាន់នេះ៕
០០:០៧
៦.៧.២០២២
ថ្ងៃអង្គារ ទី ៥ ខែកក្កដា៖
- នៅក្នុងសុន្ទរកថាតាមវីដេអូពេលយប់ ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskyy បាននិយាយថា «ផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចត្រូវបានបំផ្លាញដោយសកម្មភាពអរិភាព និងការវាយប្រហាររបស់រុស្ស៊ី ហើយសហគ្រាសរាប់ពាន់ត្រូវបានបិទអាជីវកម្ម»។
- នៅពេលដែលរុស្ស៊ីឈ្លានពានអ៊ុយក្រែន លោក Ilya Kostyukov បានចាប់ផ្តើមក្រុមសកម្មជនប្រឆាំងសង្រ្គាមនៅទីក្រុង Belgorod របស់រុស្ស៊ី។ ចាប់តាំងពីពេលនោះមក គាត់បានប្រឈមមុខនឹងការគំរាមកំហែងនៃការបណ្តេញចេញពីសាកលវិទ្យាល័យ ត្រូវប៉ូលិសតាមដល់ផ្ទះ ហើយបន្តលោកត្រូវប្រុងប្រយ័ត្នទាក់ទងនឹងច្បាប់ត្រួតពិនិត្យថ្មីរបស់ប្រទេសនេះ។ នេះបើតាមវិទ្យុសេរីអឺរ៉ុប/វិទ្យុសេរីភាព។ អ្នកស្រី Bridget Brink ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអ៊ុយក្រែន បានចំណាយពេលមួយផ្នែកនៃទិវាបុណ្យឯករាជ្យថ្ងៃទី៤ ខែកក្កដា របស់អ្នកស្រីជួបជាមួយទាហានអ៊ុយក្រែន។
- លោក Zelenskyy បានបង្ហោះសារជូនពរ«សន្តិភាព និងវិបុលភាព» ចំពោះលោក Biden និងប្រជាជនអាមេរិកកាលពីថ្ងៃចន្ទ។ លោក Zelenskyy បានសរសេរថា៖ «ខ្ញុំកោតសរសើរជំនួយ ការដឹកនាំរបស់សហរដ្ឋអាមេរិកក្នុងការការពារតម្លៃរួមរបស់អ៊ុយក្រែនគឺសេរីភាព ប្រជាធិបតេយ្យ និងឯករាជ្យភាព»។
- ក្រសួងការពារជាតិចក្រភពអង់គ្លេសបាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនរំពឹងថា រុស្ស៊ីនឹងប្រើយុទ្ធសាស្ត្រដូចគ្នាដែលខ្លួនប្រើដើម្បីដណ្តើមយកស្ទើរតែទាំងអស់នៃខេត្ត Luhansk ភាគខាងកើតអ៊ុយក្រែន ខណៈរុស្ស៊ីជំរុញការកាន់កាប់ខេត្ត Donetsk និងឈានដល់គោលដៅដើម្បីកាន់កាប់តំបន់ Donbas ទាំងមូល។
- រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានរាយការណ៍ប្រាប់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅក្នុងកិច្ចប្រជុំតាមទូរទស្សន៍មួយកាលពីថ្ងៃចន្ទថា កងកម្លាំងរុស្ស៊ីបានកាន់កាប់ទីក្រុង Luhansk ។ ជាការឆ្លើយតបលោក Putin បាននិយាយថា អង្គភាពយោធា «ដែលបានចូលរួមក្នុងសកម្មប្រយុទ្ធនិងទទួលបានជ័យជម្នះ» នៅក្នុងតំបន់Luhansk «គួរតែសម្រាក ដើម្បីបង្កើនសមត្ថភាពប្រយុទ្ធរបស់ពួកគេ»។
- សមាជិកអង្គការអូតង់នៅថ្ងៃអង្គារនេះគ្រោងនឹងចុះហត្ថលេខាលើពិធីសារជាធរមានសម្រាប់ប្រទេសហ្វាំងឡង់ និងស៊ុយអែតឱ្យចូលរួមសម្ពន្ធភាពយោធានេះ។ ប្រទេសទាំងពីរបានដាក់សំណើកាលពីខែឧសភា។ ការចូលរួមនេះ បានកែប្រែជំហរមិនចូលបក្ខសម្ពន្ធជាយូរយារមកហើយរបស់ប្រទេសទាំងពីរជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
- អវកាសយានិករុស្ស៊ីនៅលើយន្តហោះ ISS បានកាន់ទង់ជាតិតំណាងឱ្យក្រុមបំបែកខ្លួនគាំទ្ររុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន និងអបអរសាទរកងកម្លាំងរបស់រដ្ឋាភិបាលក្រុងម៉ូស្គូក្នុងការដណ្តើមយកតំបន់ Lugansk នៃប្រទេសអ៊ុយក្រែន។ នេះបើតាមទីភ្នាក់ងារអវកាសរុស្ស៊ីនិយាយកាលពីថ្ងៃចន្ទ។
- នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បាននិយាយកាលពីថ្ងៃចន្ទថា ចាំបាច់ត្រូវរកផ្លូវរួមទាំងទន្លេ Danube របស់អឺរ៉ុបផង សម្រាប់ដឹកជញ្ជូនគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន បើគេមិនអាចដឹកគ្រាប់ធញ្ញជាតិតាមរយៈច្រកសមុទ្រBosphorus ក្នុងប្រទេសតួកគីបាននោះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
- ជនជាតិអង់គ្លេសពីរនាក់និងបុរសម៉ារ៉ុកម្នាក់ដែលត្រូវបានកាត់ទោសប្រហារជីវិតកាលពីខែមុនដោយពួកបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ី ខណៈកំពុងប្រយុទ្ធដើម្បីអ៊ុយក្រែននោះ បានប្តឹងឧទ្ធរណ៍ចំពោះការផ្តន្ទាទោសពួកគេ។ នេះបើតាមតុលាការមួយនៅក្នុងសាធារណរដ្ឋប្រជាមានិត Donetsk ដែលបំបែកពីអ៊ុយក្រែន។
- លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ(IOC)បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅទីក្រុងកៀវ កាលពីថ្ងៃចន្ទ ហើយបានសន្យាថា នឹងបង្កើនមូលនិធិរបស់ IOC បីដងសម្រាប់អត្តពលិកអ៊ុយក្រែន ហើយទង់ជាតិអ៊ុយក្រែននឹង «បង្ហោះខ្ពស់» នៅក្នុងព្រឹត្តិការណ៍កីឡាឆ្នាំ២០២៤ នៅទីក្រុងប៉ារីស។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Agence France-Presse។ ទីភ្នាក់ងារសារព័ត៌មាន The Associated Press បានរាយការណ៍ថា លោក Zelenskyy បានថ្លែងអំណរគុណគណៈកម្មាធិការអូឡាំពិកអន្តរជាតិសម្រាប់ការគាំទ្រដល់ការហាមឃាត់ក្រុម និងអត្តពលិករុស្ស៊ី ក្នុងកីឡាអូឡាំពិកភាគច្រើន។
- ចក្រភពអង់គ្លេសបាននិយាយថា នៅថ្ងៃអង្គារខ្លួននឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការដឹកជញ្ជូនថ្មីលើប្រទេសបេឡារុស ព្រោះប្រទេសនេះគាំទ្រការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
- នាយករដ្ឋមន្រ្តីអ៊ុយក្រែនបានប្រាប់សន្និសីទស្តីពីការស្តារប្រទេសអ៊ុយក្រែនឡើងវិញដែលរៀបចំដោយប្រទេសស្វីសថាប្រទេសរបស់លោកត្រូវការ៧៥០ពាន់លានដុល្លារសម្រាប់ផែនការស្តារឡើងវិញបីដំណាក់កាល បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ី។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានReuters។ ប្រធានគណៈកម្មការអឺរ៉ុបអ្នកស្រី Ursula von der Leyen និយាយថា សហភាពអឺរ៉ុបនឹងបង្កើតវេទិកាដើម្បីសម្របសម្រួលការកសាងអ៊ុយក្រែនឡើងវិញ បន្ទាប់ពីសង្គ្រាមជាមួយរុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បានទៅទស្សនាទីក្រុងនានារបស់អ៊ុយក្រែន ដែលរុស្ស៊ីត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងនឹងជនស៊ីវិល។ លោកក៏បានសន្យាថា នឹងផ្តល់ជំនួយយោធាបន្ថែមចំនួន ៧០លានដុល្លារអាមេរិកផងដែរ។ នេះបើតាមលោក Phil Mercer រាយការណ៍ពីទីក្រុងស៊ីដនីឱ្យ VOA។
២១:៥៧
៦.៧.២០២២
ថ្ងៃពុធ ទី ៦ ខែកក្កដា៖
- រដ្ឋាភិបាលវិមានក្រឹមឡាំងបានរិះគន់ប្រទេសជប៉ុនកាលពីថ្ងៃពុធអំពីអ្វីដែលខ្លួនបានហៅថា «គោលជំហរប្រកបដោយអមិត្ត»ចំពោះរុស្ស៊ីដោយនិយាយថា ការណ៍នេះបានធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច រួមបញ្ជូលទាំងថាមពលផងដែរ។ ជប៉ុនបានចូលរួមជាមួយសម្ព័ន្ធមិត្តលោកខាងលិចនៅក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងខ្លាំងលើរុស្ស៊ីប្រឆាំងការឈ្លានពានលើអ៊ុយក្រែន។ រដ្ឋាភិបាលក្រុងមូស្គូក៏មានការទើសចិត្តនឹងសេចក្តីរាយការណ៍ថា នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានស្នើឱ្យមានការកំណត់តម្លៃប្រេងរបស់រុស្ស៊ីដែលមានតម្លៃពាក់កណ្តាលនៃតម្លៃក្នុងពេលបច្ចុប្បន្ននេះ។ អ្នកនាំពាក្យរដ្ឋាភិបាលវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា «ជប៉ុនកំពុងប្រកាន់យកគោលជំហរប្រកបដោយអមិត្តចំពោះរុស្ស៊ី។ ក្នុងករណីនេះ ការប្រកាន់យកជំហរអមិត្តបែបនេះមិនបានជួយសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច រួមទាំងការសន្ទនាអំពីថាមពលទេ»។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- កងកម្លាំងរបស់រុស្ស៊ីបានកម្ទេចប្រព័ន្ធរ៉ុក្កែត HIMARS ដែលផលិតដោយសហរដ្ឋអាមេរិកចំនួន២គ្រឿងហើយនិងឃ្លាំងផ្ទុកអាវុធប្រព័ន្ធរ៉ុក្កែតនៅផ្នែកខាងកើតនៃប្រទេសអ៊ុយក្រែន។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃពុធ។ ក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងទៀតថា រុស្ស៊ីបានកម្ទេចប្រដាប់បាញ់ប្រព័ន្ធរ៉ុកក្កែត High Mobility (HIMARS) ដែលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបានផ្តល់ឱ្យរដ្ឋាភិបាលក្រុងកៀវ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- សហភាពអឺរ៉ុបមានផែនការក្លាយជាអ្នកវិនិយោគទុនដ៏ធំបំផុតរបស់ពិភពលោកនៅក្នុងប្រទេសតាហ្ស៊ីគីស្ថាននៅក្នុងចំណាត់ការមួយដែលមានគោលបំណងជួយប្រទេសអាស៊ីកណ្តាលមួយនេះឱ្យកាត់បន្ថយការពឹងផ្អែកលើថាមពលរបស់រុស្ស៊ីហើយនឹងជាផ្នែកមួយនៃការឆ្លើយតបរបស់សហភាពអឺរ៉ុបដល់គម្រោងក្រវាត់ពាណិជ្ជកម្មរបស់ចិន។ នេះបើតាមមន្ត្រីសហភាពអឺរ៉ុបប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters។
- អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev បានលើកឡើងនៅថ្ងៃពុធពីលទ្ធភាពនៃធ្វើសង្គ្រាមនុយក្លេអ៊ែរ ប្រសិនបើតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)ចាត់វិធានការដាក់ទណ្ឌកម្មរដ្ឋាភិបាលក្រុងមូស្គូតាមការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មនៅក្នុងប្រទេសអ៊ុយក្រែន។ លោក Medvedev ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់លោកប្រធានាធិបតី Vladimir Putin បាននិយាយតាមសារនៅលើ Telegram ថា «គំនិតដាក់ទណ្ឌកម្មប្រទេសមួយដែលមានឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ធំបំផុតនោះជាការមិនសមហេតុសមផលទេ»។
- លោកMedvedevដែលបានធ្វើជាប្រធានាធិបតីជំនួសលោក Putin នៅចន្លោះឆ្នាំ២០០៨ និង២០១២នោះឥឡូវនេះជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខ។ លោកបានចោទប្រកាន់សហរដ្ឋអាមេរិកពីការចង់កាត់ទោសរដ្ឋាភិបាលក្រុងមូស្គូនៅតុលាការអន្តរជាតិ ខណៈសហរដ្ឋអាមេរិកមិនដែលប្រឈមទណ្ឌកម្មចំពោះការធ្វើសង្គ្រាមរបស់ខ្លួន ដែលលោកចោទថា បានបណ្តាលឱ្យមានមនុស្សស្លាប់ចំនួន២០លាននាក់នៅទូទាំងពិភពលោក។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- សហភាពអឺរ៉ុបកាលពីថ្ងៃពុធបានចាប់ផ្តើមផ្តោតកាន់តែខ្លាំងលើថាមពល ដោយសារសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ខណៈសាធារណរដ្ឋឆែកបានដាក់ស្នើអាទិភាពរបស់ខ្លួនបន្ទាប់ពីបានកាន់តំណែងជាប្រធានរបស់ប្លុកនោះបន្តពីប្រទេសបារាំង។ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានប្រាប់សភាអឺរ៉ុបថា «យើងចាំបាច់ប្រុងប្រៀបរៀបចំសម្រាប់ការបង្អាក់នៃការផ្គត់ផ្គង់ថែមទៀត សូម្បីត្រូវបានកាត់ផ្តាច់ទាំងស្រុងពីប្រទេសរុស្ស៊ី»។ លោកស្រីបានមានប្រសាសន៍ថា គណៈកម្មការរបស់លោកស្រីនឹងផ្សព្វផ្សាយផែនការសន្តិសុខការផ្គត់ផ្គង់ថាមពលគ្រាអាសន្ននៅចុងសប្តាហ៍ក្រោយ ដែលនឹងជួយតម្រង់ទិសលំហូរឧស្ម័នឡើងវិញនៅក្នុងសហភាពអឺរ៉ុបទៅកាន់ទីកន្លែងដែលត្រូវការឧស្ម័ននេះបំផុត។ នាយករដ្ឋមន្ត្រីឆែកលោក Petr Fiala បានប្រាប់សភាអឺរ៉ុបថា ផែនការថាមពលនេះនឹងឆ្លុះបញ្ចាំងពីសាមគ្គីភាពរបស់សហភាពអឺរ៉ុបដូចដែលមានបង្ហាញក្នុងអំឡុងនៃវិបត្តិកូវីដដ៏ខ្លាំង។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- អភិបាលខេត្ត Donetsk ភាគខាងកើតនៃប្រទេសអ៊ុយក្រែនបាននិយាយនៅថ្ងៃពុធថា ការបាញ់ផ្តក់របស់រុស្ស៊ីបានសម្លាប់ជនស៊ីវិល៥នាក់និងធ្វើឱ្យរបួស២១នាក់កាលពី២៤ម៉ោងមុន។ លោក Pavlo Kyrylenko បានចុះផ្សាយលើតេឡេក្រាមថា មនុស្សស្លាប់មាននៅក្នុងទីក្រុង Avdiivka, Sloviansk, Krasnohorivkaនិង Kurakhove។
- ប្រទេសរុស្ស៊ីបានចាប់ផ្តើមនូវអ្វីដែលអភិបាលក្រុង Sloviansk លោក Vadim Lyakh ហៅថា «ការបាញ់ផ្លោងដ៏ធំ» លើទីក្រុងកាលពីថ្ងៃអង្គារ។ កងទ័ពរុស្ស៊ីបានត្រួតត្រាខេត្ត Luhansk ដែលជាខេត្តជិតខាងនៅសប្តាហ៍នេះហើយបានជំរុញការវាយប្រហារទៅលើទីក្រុង Sloviansk និង Bakhmut នៅពេលដែលពួកគេបានរុលទៅមុខនៅក្នុងខេត្ត Donetsk ដែលពាក់កណ្តាលត្រូវបានរុស្ស៊ីកាន់កាប់រួចហើយ។
- កាលពីសង្គ្រាមមុនដំបូង រុស្ស៊ីបានបរាជ័យមិនអាចផ្តួលរំលំរដ្ឋាភិបាលរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ឬមិនអាចកាន់កាប់រដ្ឋធានីកៀវ ក៏ប៉ុន្តែចាប់តាំងពីពេលនោះមកបានផ្តោតលើការកាន់កាប់តំបន់ឧស្សាហកម្ម Donbas ភាគខាងកើតដែលរួមមាន ខេត្ត Luhansk និង Donetsk។
- សន្តិសុខម្ហូបអាហារនិងថាមពលនឹងកា្លយជាផ្នែកដ៏សំខាន់មួយនៅជំនួបរបស់រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង ២០ ឬ G-20នៅលើកោះបាលី ប្រទេសឥណ្ឌូណេស៊ីនៅសប្តាហ៍នេះហើយប្រទេសជាសមាជិករបស់ក្រុមនោះទទូចឱ្យប្រ ទេសរុស្ស៊ីគាំទ្រការខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិបើកឡើងវិញនូវការដឹកជញ្ជូនតាមសមុទ្រដែលត្រូវបានរាំងខ្ទប់ដោយសារសង្គ្រាមរបស់រដ្ឋាភិបាលក្រុងមូស្គូនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមមន្ត្រីជាន់ខ្ពស់ម្នាក់របស់សហរដ្ឋអាមេរិកហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters។
- លោក Ramin Toloui ឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចនិងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានប្រាប់ពួកអ្នកយកព័ត៌មានថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នឹងលើកអំពីសន្តិសុខថាមពលនៅក្នុងសម័យប្រជុំរបស់រដ្ឋមន្ត្រីការបរទេស G-20 នៅថ្ងៃសុក្រនិងនៅក្នុងជំនួបទ្វេភាគីនៅកោះបាលី។
- ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បាននិយាយកាលពីថ្ងៃអង្គារថា លោកមានបំណងពង្រីកការចរចាជាមួយរុស្ស៊ីនិងអ៊ុយក្រែននៅក្នុងក្តីសង្ឃឹមឈោងទៅដល់ការព្រមព្រៀងលើផែនការរបស់អង្គការសហប្រជាជាតិដើម្បីនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយ ក្រែនទៅកាន់ទីផ្សារពិភពលោក។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
- តួកគីកំពុងធ្វើការជាមួយអង្គការសហប្រជាជាតិ អ៊ុយក្រែននិងប្រទេសរុស្ស៊ីលើផែនការដែលនឹងអនុញ្ញាតឱ្យគ្រាប់ធញ្ញជាតិអ៊ុយក្រែនរាប់លានតោនដែលស្ថិតនៅក្នុងឃ្លាំងត្រូវបានដឹកជញ្ជូនតាមច្រកសុវត្ថិភាពនៅក្នុងសមុទ្រខ្មៅ។
- លោក Erdogan បានធ្វើអត្ថាធិប្បាយក្នុងអំឡុងពេលនៃសន្និសីទកាសែតរួមគ្នាមួយជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលីលោក Mario Draghi។ លោក Draghi និយាយថា អង្គការសហប្រជា ជាតិមានគម្រោងនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនកាត់តាមច្រកសមុទ្រសុវត្ថិភាពដែលអាចជួយសន្សំពេលវេលាដើម្បីយកគ្រាប់ធញ្ញជាតិចេញពីឃ្លាំងមុនពេលរដូវប្រមូលផល។
- កាណាដាបានក្លាយជាប្រទេសមុនដំបូងគេដែលផ្តល់សច្ចានុម័តជាផ្លូវការដល់ការទទួលយកប្រទេសហ្វាំងឡង់និងស៊ុយអែដជាសមាជិកអង្គការអូតង់។ មុនពេលប្រើប្រាស់ដំណើរការរដ្ឋបាលផ្តល់សច្ចានុម័តជាផ្លូវការដល់សមាជិកភាពរបស់ប្រទេសទាំង២កាលពីថ្ងៃអង្គារម្សិលមិញ រដ្ឋមន្ត្រីការបរទេសកាណាដាលោកស្រី Melanie Joly បានថ្លែងទៅកាន់សមាជិកសភារបស់គណបក្សប្រឆាំងដើម្បីធ្វើឱ្យប្រាកដថា ពួកគេបានយល់ព្រម។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋមន្ត្រីការបរទេសកាណាដា។
- ពួកមន្ត្រីមកពីការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ឬ OCHA បានស្ថិតនៅក្នុងទីក្រុង Serhiivka កាលពីថ្ងៃចន្ទជាទីកន្លែងដែលពួកគេបានឃើញស្ថានភាពក្រោយការវាយប្រហារដ៏រន្ធត់ដែលបានកើតឡើងនៅក្នុងតំបន់ដែលមានអ្នកស្រុករស់នៅកាលពីសប្តាហ៍មុន។ នេះបើតាមលោក Stephan Dujarric អ្នកនាំពាក្យអង្គការសហ ប្រជាជាតិដែលបានប្រាប់សន្និសីទកាសែតក្នុងទីក្រុងញូវយ៉ក។
- កាលពីចុងសប្តាហ៍មុននិងកាលពីថ្ងៃចន្ទ អង្គការសហប្រជាជាតិបានទទួលសេចក្តីរាយ ការណ៍អំពីការប្រយុទ្ធគ្នាដ៏ខ្លាំងដែលបានសម្លាប់និងធ្វើឱ្យជនស៊ីវិលជាច្រើននៅផ្នែកទាំងសងខាងនៃសមរភូមិមុខនៅក្នុងតំបន់ Donestka។ ផ្ទះសម្បែងរាប់រយខ្នងនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនទៀតបានរងការវាយប្រហារក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ រួមទាំងប្រព័ន្ធទឹកនៅក្នុងទីក្រុង Sloviansk ផងដែរ។
- សមាជិកសភារុស្ស៊ីកាលពីថ្ងៃអង្គារម្សិលមិញបានអនុម័តសេចក្តីព្រាងច្បាប់មួយដើម្បីដាក់ទណ្ឌកម្មកាន់តែខ្លាំងឡើងចំពោះក្រុមហ៊ុន Internet បរទេសដែលមិនបានបើកការិ យាល័យនៅក្នុងប្រទេសរុស្ស៊ីដែលរួមមានការផាកពិន័យផង។ នេះបើតាមសេចក្តីរាយ ការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
២២:១១
៧.៧.២០២២
ថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា៖
- កងទ័ពអ៊ុយក្រែនបានលើកទង់ជាតិរបស់ពួកគេនៅលើកោះនៅសមុទ្រខ្មៅ ដែលទើបដណ្តើមបាននៅថ្ងៃព្រហស្បតិ៍ ដែលសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលក្រុងមូស្គូ ក៏ប៉ុន្តែ រដ្ឋាភិបាលក្រុងកៀវបានបាត់បង់អ្នកគាំទ្រអន្តរជាតិដ៏សំខាន់ម្នាក់ បន្ទាប់ពីនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson បានប្រកាសថា លោកបានចុះចេញពីតំណែង។ កងទ័ពរុស្ស៊ីក៏បានបាញ់ផ្តក់យ៉ាងខ្លាំងដាក់តំបន់ភាគខាងកើតប្រទេសអ៊ុយក្រែនមុនការវាយប្រហារថ្មីដែលត្រូវបានគេរំពឹងទុក។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- ជនភៀសខ្លួនអ៊ុយក្រែនបាននៅរាយប៉ាយទូទាំងទ្វីបអឺរ៉ុប និងពិភពលោកចាប់តាំងពីរុស្ស៊ីបានឈ្លានពានមាតុភូមិរបស់ពួកគេ កាលពីខែកុម្ភៈមក ក៏ប៉ុន្តែក្រុមមន្ត្រីប៉ូឡូញបានប៉ាន់ស្មានថា ជិតពាក់កណ្តាលនៃជនភៀសខ្លួនទាំងនោះបានស្ថិតនៅក្នុងប្រទេសប៉ូឡូញ។ ក៏ប៉ុន្តែពួកគេជាច្រើនកំពុងសម្រេចនៅជិតប្រទេសកំណើតដើម្បីងាយស្រួលធ្វើការឆ្លងកាត់ ព្រំដែនវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញនៅពេលឱកាសផ្តល់ឱ្យ។
- ការសិក្សាមួយរបស់អង្គការសហប្រជាជាតិដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានបង្ហាញថា សង្គ្រាមរយៈពេល ៣ ខែដំបូងក្នុងប្រទេសអ៊ុយក្រែន បានធ្វើឱ្យតម្លៃប្រេងឥន្ធនៈនិងម្ហូបអាហារឡើងថ្លៃទូទាំងសកលលោក និងធ្វើឱ្យមានកំណត់ត្រាអតិផរណាដែលបានធ្វើឱ្យមនុស្សជាង ៧១ លាននាក់ធ្លាក់ចូលក្នុងភាពក្រីក្រ។ ថ្លែងក្នុងអំឡុងពេលសន្និសីទកាសែតតាមអនឡាញនៅក្នុងទីក្រុងហ្សឺណែវ លោក Achim Steiner មន្ត្រីរដ្ឋបាលនៃកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ បាននិយាយថា ការវិភាគរបស់ប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ១៥៩ បានបង្ហាញថា ការឡើងថ្លៃយ៉ាងខ្លាំងលើទំនិញសំខាន់ៗ បានធ្វើឱ្យប៉ះពាល់ភ្លាមៗដល់ក្រុមគ្រួសារក្រីក្រក្នុងពិភពលោក។
- កងទ័ពរុស្ស៊ីឥឡូវនេះបានកាន់កាប់ដីស្រែចម្ការរបស់អ៊ុយក្រែនប្រហែក ២២ ភាគរយចាប់តាំងពីការឈ្លានពាននៅថ្ងៃទី ២៤ ខែកុម្ភៈមក ដែលកំពុងធ្វើឱ្យប៉ះពាល់ដ៏បំផុតមួយដល់ការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិនិងទីផ្សារប្រេងសម្រាប់បរិភោគក្នុងពិភពលោក។ នេះបើតាមទីភ្នាក់ងារអវកាសសហរដ្ឋអាមេរិក (NASA) កាលពីថ្ងៃព្រហស្បតិ៍។ទិន្នន័យតាមផ្កាយរណបដែលត្រូវបានវិភាគដោយក្រុមអ្នកវិទ្យាសាស្ត្រ នៅឯទីភ្នាក់ងារអវកាសសហរដ្ឋអាមេរិក បានបង្ហាញថា ការកាន់កាប់របស់រុស្ស៊ីនៅក្នុងតំបន់ភាគខាងកើតនិងខាងត្បូងប្រទេសអ៊ុយក្រែន បានធ្វើឱ្យរុស្ស៊ីកាន់កាប់ទឹកដីដែលផលិតគ្រាប់ធញ្ញជាតិរដូវរងាប្រហែល ២៨ ភាគរយនៅក្នុងប្រទេសអ៊ុយក្រែន ជាពិសេសស្រូវសាឡី រុក្ខជាតិ canola សម្រាប់ធ្វើប្រេងឆា គ្រាប់ barley និង rye សម្រាប់ធ្វើចំណីក្រៀមៗ ហើយចំនួន ១៨ ភាគរយ នៃគ្រាប់ធញ្ញជាតិរដូវក្តៅ ដែលភាគច្រើនគឺពោតនិងផ្កាឈូករ័ត្ន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- កងទ័ពអ៊ុយក្រែននិយាយនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនបានដណ្តើមត្រួតត្រាកោះពស់នៅក្នុងសមុទ្រខ្មៅមកវិញហើយ បន្ទាប់ពីបានដាក់ទង់ជាតិនៅទីនោះនៅសប្តាហ៍នេះបន្ទាប់ពីកងទ័ពរុស្ស៊ីបានដកចេញពីទីនោះ។ លោក Oleksiy Gromov មន្ត្រីជាន់ខ្ពស់យោធាអ៊ុយក្រែនបានប្រាប់ទីភ្នាក់ងារព័ត៌មាន Interfax របស់អ៊ុយក្រែនថា «យើងបានធ្វើការត្រួតត្រាកោះពស់ឡើងវិញប្រកបដោយប្រសិទ្ធិភាព»។ លោកបាននិយាយថា កងទ័ពអ៊ុយក្រែនបានត្រួតត្រាកោះនោះ។ កោះពស់បានក្លាយជានិមិត្តរូបនៃការតស៊ូរបស់អ៊ុយក្រែន បន្ទាប់ពីការនិយាយឆ្លងឆ្លើយតាមវិទ្យុត្រូវបានផ្សព្វផ្សាយយ៉ាងខ្លាំងនៅពេលចាប់ផ្តើមសង្គ្រាម។ ក្នុងការឆ្លងឆ្លើយនោះ ទាហានអ៊ុយក្រែនបានទាត់ចោលការទាមទាររបស់នាវាចម្បាំងរបស់រុស្ស៊ីឱ្យពួកវគេចុះចាញ់។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- ការបាញ់ផ្តក់នៅថ្ងៃព្រហស្បតិ៍បានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏ម្នាក់ដែរ ហើយនឹងធ្វើឱ្យរងរបួសរាប់សិបនាក់ទៀតនៅក្នុងទីក្រុង Kramatorsk។ នេះបើតាមរដ្ឋបាលនៃតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន ដែលស្ថិតនៅក្រោមការវាយប្រហាររបស់រុស្ស៊ី ហើយត្រូវបានរាយការណ៍ដោយអ្នកកាសែត AFP។ អ្នកកាសែតដែលបានស្ថិតនៅកន្លែងកើតហេតុនោះបាននិយាយថា ការផ្ទុះនោះបានធ្វើឱ្យមានរណ្តៅយ៉ាងធំនៅទីធ្លាដែលនៅចន្លោះសណ្ឋាគារនិងអគារដែលពលរដ្ឋរស់នៅ។ ក្រុមអ្នកកាសែតទាំងនោះបានបន្ថែមទៀតថា ពួកគេបានឃើញសាកសពមនុស្សម្នាក់ ដែលត្រូវបានសម្លាប់ហើយនឹងមនុសុ្សជាច្រើននាក់ទៀតបានរងរបួស ហើយរថយន្ត ២ គ្រឿងបានឆេះ។
- ក្រៅពីការប្រយុទ្ធជាមួយរុស្ស៊ី អ៊ុយក្រែនក៏ត្រូវតែប្រយុទ្ធយ៉ាងសកម្មនឹងអំពើពុករលួយដើម្បីទទួលបានប្រាក់យ៉ាងច្រើនសម្រាប់កសាងប្រទេសឡើងវិញ។ នេះបើតាមប្រធានទីភ្នាក់ងារអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ ដែលបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP។ មន្ត្រីរដ្ឋបាលកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិលោក Achim Steiner បាននិយាយថា ការប្រយុទ្ធអំពើពុករលួយដែលបានរាលដាលនៅក្នុងប្រទេសអ៊ុយក្រែនមុនការឈ្លានពានរបស់រុស្ស៊ី នឹង«រារាំងការលួចពីពលរដ្ឋខ្លួនឯង»។នៅក្នុងសន្និសីទរយៈពេល ២ ថ្ងៃ នៅប្រទេសស្វីសដែលបានបញ្ចប់កាលពីថ្ងៃអង្គារនោះ ភាគីចូលរួមទាំងអស់បានយល់ស្របទៅនឹងសេចក្តីប្រកាសរបស់រដ្ឋាភិបាលស្វីស ដែលបានកំណត់គោលការណ៍សំខាន់ៗអំពីស្ថាបនាប្រទេសអ៊ុយក្រែនឡើងវិញ ពីផេះសង្គ្រាមដែលបង្កឡើងដោយរុស្ស៊ី។
- ការប៉ាល់ដឹកទំនិញមួយគ្រឿងដែលមានជម្លោះនិងរងការចោទប្រកាន់ថា បានលួចគ្រាប់ធញ្ញជាតិមកពីប្រទេសអ៊ុយក្រែននោះ បានវិលត្រឡប់ទៅកាន់ដែនទឹករបស់រុស្ស៊ីវិញហើយ។ នេះបើតាមប្រភពព័ត៌មានតួកគីដែលបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍។ បញ្ហានេះបានធ្វើឱ្យមានការថ្កោលទោសប្រកបដោយការខឹងសម្បារពីរដ្ឋាភិបាលអ៊ុយក្រែន។ ប្រភពព័ត៌មានតួកគីបានប្រាប់ឱ្យដឹងថា កប៉ាល់នោះបានទៅដល់ដែនទឹករុស្ស៊ី ក៏ប៉ុន្តែមិនបានចតនៅកំពង់ផែនៅឡើយទេ។ រដ្ឋាភិបាលអ៊ុយក្រែនបានចោទប្រកាន់ថា កប៉ាល់ដែលមានទម្ងន់ ៧ ពាន់តោននោះ បានចាកចេញពីកំពង់ផែ Berdyansk របស់អ៊ុយក្រែនដែលត្រូវបានកាន់កាប់ដោយរុស្ស៊ីបន្ទាប់ពីដាក់ស្រូវសាឡីដែលលួចបាននោះមក។
- រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានជួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នៅលើកោះបាលីនៃប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាមុនជំនួបរបស់រដ្ឋមន្ត្រីការបរទេសនៃបណ្តាលប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង ២០ ឬ G-20 ដែលនិយាយច្រើនអំពីការឈ្លានពានរបស់រដ្ឋាភិបាលក្រុងមូស្គូលើប្រទេសអ៊ុយក្រែន។ លោកទាំងពីរត្រូវបានថតរូបក្នុងជំនួបទ្វេភាគីនៅកោះលំហែកាយនោះ នៅពេលប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកពិភាក្សាគ្នាពីបញ្ហាបន្ទាន់របស់សកលលោកនៅថ្ងៃសុក្រ ដោយសង្គ្រាមក្នុងប្រទេសអ៊ុយក្រែនជារបៀបវារៈលើគេ។ ថ្វីបើមានការរិះគន់ក៏ដោយ រដ្ឋាភិបាលក្រុងប៉េកាំងបានលើកស្ទួយចំណងទាក់ទងជាមួយរុស្ស៊ីនៅពេលដែលប្រទេសលោកខាងលិចបាន ស្វះស្វែងធ្វើឱ្យរដ្ឋាភិបាលរបស់លោក Putin ឯកោពីស្ថាប័នហិរញ្ញវត្ថុនិងការទូតសាកលលោក ដោយសារការវាយប្រហារខាងយោធាលើប្រទេសជិតខាងរបស់ខ្លួន។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នឹងចូលរួមសន្និសីទនោះដែរ ហើយគ្រោងចរចាទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Wang នៅថ្ងៃសៅរ៍សប្តាហ៍នេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- សហភាពអឺរ៉ុបនឹងរារាំងរុស្ស៊ីមិនឱ្យប្រើប្រាស់ជំនួប G-20 នៅក្នុងប្រទេសឥណ្ឌូណេស៊ីជា« វេទិកាឃោសនា» សម្រាប់ព័ត៌មានមិនពិតរបស់រុស្ស៊ី ស្តីពីផលប៉ះពាល់នៃសង្គ្រាមរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមស្ត្រីអ្នកនាំពាក្យនៅថ្ងៃព្រហស្បតិ៍។ វិបត្តិថាមពលនិងចំណីអាហារដែលកើតចេញពីការឈ្លានពានរបស់រុស្ស៊ី ជារបៀបវារៈខ្ពស់ជាងគេនៅក្នុងជំនួបរបស់រដ្ឋមន្ត្រីការបរទេសរបស់ G-20 ដែលចូលរួមដោយប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបលោក Josep Borrell។ នេះបើតាមលោកស្រី Nabila Massrali ដែលជាអ្នកនាំពាក្យរបស់លោក Borrell៕