ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

២២:០៧ ២៨.៦.២០២២

ថ្ងៃអង្គារ ទី ២៨ ខែមិថុនា៖

  • ក្រុម​ស៊ើប​ការណ៍​សម្ងាត់​របស់​អ៊ុយក្រែន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​ថា ​ជនជាតិ​អ៊ុយក្រែន ​១៧​ នាក់​ដែល​ភាគច្រើន​ជា​ទាហាន​នោះ​ ត្រូវបាន​ដោះលែង​ក្នុង​ការ​ដោះដូរ​អ្នក​ទោស​ចុង​ក្រោយ​ជាមួយ​រដ្ឋាភិបាល​រុស្ស៊ី។​ ទីភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​ប្រចាំ​ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន​បាន​ឲ្យ​ដឹង​តាម​សារ​នៅ​លើ​បណ្តាញ ​Telegram ​ថា ​នាយ​ទាហាន​ពីរ​នាក់ ​ទាហាន​ ១៤ ​នាក់ ​និង​ជន​ស៊ីវិល​ម្នាក់​ត្រូវ​បាន​ដោះលែង។ ​ក្នុង​នោះ ៥ ​នាក់ ​បាន​រង​របួស ​ហើយ​ត្រូវការ​ការ​ព្យាបាល​ជា​បន្ទាន់។ ​នេះ​បើ​យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • នៅ​ថ្ងៃ​អង្គារ ​សហ​រដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​គោលដៅ​ចំនួន ​១០០​ ហើយ​បាន​ហាម​ឃាត់​ការ​នាំ​មាស​ថ្មី ​ពី​រុស្ស៊ី​ដោយ​ដាក់​សម្ពាធ​បន្ថែម​លើ​រុស្ស៊ី​បន្ទាប់​ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី ​លើ​អ៊ុយក្រែន។ ​ចំណាត់ការ​នេះ​ស្រប​តាម​ការ​តាំង​ចិត្ត​របស់​ក្រុម​ប្រទេស ​G-7 ​នៅ​ក្នុង​សប្តាហ៍​នេះ។​ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ ​ក្រសួង​ហរិញ្ញវត្ថុ​សហ​រដ្ឋ​អាមេរិក​ឲ្យ​ដឹង​ថា ​ក្រសួង​នេះ​បាន​ដាក់​ទណ្ឌកម្ម​លើ​ស្ថាប័ន​ចំនួន ​៧០​ ដែល​ភាគ​ច្រើន​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​គ្រឹះ​ឧស្សាហ​កម្ម​យោធា​របស់​រុស្ស៊ី ​និង​លើ​បុគ្គល ​២៩​ នាក់​ទៀត​ ក្នុង​កិច្ច​ប្រឹងប្រែង​ដើម្បី​រារាំង​សមត្ថភាព​របស់​រុស្ស៊ី​ក្នុង​ការ​ផលិត​ និង​ផ្គត់ផ្គង់​អាវុធ ​និង​បច្ចេកវិទ្យា​ដែល​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​ការ​ឈ្លានពាន​អ៊ុយក្រែន។ ​នេះ​បើ​យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters។ ​
  • នៅ​ថ្ងៃ​អង្គារ​ ប្រធានាធិបតី​បារាំង​ថា ​រុស្ស៊ី ​«មិន​អាច ​និង​មិន​គួរ​ឈ្នះ» ​សង្គ្រាម​នៅ​អ៊ុយក្រែន​ទេ ​ដោយ​លោក​លើក​ឡើង​ពី​ការ​គាំទ្រ​បន្ត​ទៀត​របស់​ប្រទេស​លោក​ខាង​លិច​ដល់​រដ្ឋាភិបាល​អ៊ុយក្រែន​ បន្ទាប់​ពី​ការ​វាយ​ប្រហារ​ដ៏​ឃោរឃៅ​ដោយ​មីស៊ីល​របស់​រុស្ស៊ី​លើ​ផ្សារ​ទំនើប​មួយ​ ដែល​គូស​បញ្ជក់​ពី​គ្រោះ​ថ្នាក់​បាត់បង់​ជីវិត​ជន​ស៊ីវិល​ជា​ច្រើន​នាក់​ក្នុង​សង្គ្រាម​នេះ។ ​ក្រុម​មេ​ដឹកនាំ​ក្នុង​ប្រទេស​អ៊ុយក្រែន​ប្រកាស​ ថា​ការ​វាយ​ប្រហារ​នេះ ​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ​១៨ ​នាក់​នៅ​កណ្តាល​ទីក្រុង Kremenchuk ​នោះជា​ឧក្រិដ្ឋកម្ម​សង្គ្រាម ​និង​ជា​ការ​វាយ​ប្រហារ​ភេរវកម្ម។​ នេះ​បើ​យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មានThe Associated Press។ ​
  • សេដ្ឋី​អាលុយមីញ៉ូម​រុស្ស៊ី​លោក Oleg Deripaska បាន​ថ្លែង​នៅ​ថ្ងៃ​អង្គារ​ថា ​ វា​អាច​ជា​ «កំហុស​ដ៏​មហិមា» មួយ​របស់​រុស្ស៊ី​ក្នុង​ការ​បំផ្លាញ​ប្រទេស​អ៊ុយក្រែន​ដោយការ​វាយ​លុក​ផ្នែក​យោធា។​ នេះ​ជា​ការ​លើក​ឡើង​បែប​ស្តី​បន្ទោស​ដ៏​កម្រ​ពី​អភិជន​ជំនួញ​នៅ​រុស្ស៊ី។ ​ លោក​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ដ៏​កម្រ​មួយ​នៅ​ទីក្រុង​មូស្គូ​ថា «តើ​វា​មាន​ប្រយោជន៍​ដល់​រុស្ស៊ី​ទេ ​ក្នុង​ការ​បំផ្លាញ​ប្រទេស​អ៊ុយក្រែន?​ គ្មាន​ប្រយោជន៍​អ្វី​ទេ ​ហើយ​ការ​ធ្វើ​បែប​នេះ​អាច​ជា​កំហុស​ដ៏​មហិមា​មួយ»។​ នេះ​បើ​យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន ​AFP។
  • លោក ​Jens Stoltenberg​ អគ្គលេខាធិការ​អង្គការ​អូតង់​នៅ​ថ្ងៃ​អង្គារ​បាន​ជំរុញ​ឲ្យ​ក្រុម​មេ​ដឹកនាំ​របស់​សម្ព័ន្ធ​មិត្ត​អូតង់​ដែល​នឹង​ចូល​រួម​កិច្ច​ប្រជុំ​នៅ​ទីក្រុង​ម៉ាឌ្រីដ ​ប្រទេស​អេស្ប៉ាញ ​នោះ​ រក្សា​ការ​គាំទ្រ​ដល់​ប្រទេស​អ៊ុយក្រែន គ្រា​ដែល​ប្រទេស​នេះ​កំពុង​ប្រឈម​នឹង​ការ​វាយ​លុក​ដ៏​ឃោរឃៅ​ពី​រុស្ស៊ី។​ លោក​ Stoltenberg ​បាន​ថ្លែង​មុន​កិច្ច​ប្រជុំ​នេះ​ថា៖ ​«វា​ពិត​ជា​សំខាន់​ណាស់​ដែល​យើង​ត្រៀម​ខ្លួន​បន្ត​ផ្តល់​ការ​គាំទ្រ​របស់​យើង​ ពីព្រោះ​ឥឡូវ​នេះ​អ៊ុយក្រែន​កំពុង​ប្រឈម​នឹង​អំពើ​សាហាវ​ព្រៃផ្សៃ​ដែល​យើង​មិន​ធ្លាប់​បាន​ឃើញ​ពី​មុន​នៅ​ទ្វីប​អឺរ៉ុប​ ចាប់តាំង​ពី​សង្គ្រាម​លោក​លើក​ទី ២​ មក»។​ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ ​

ប្តីប្រពន្ធដែលរងរបួសនៅក្នុងផ្សារទំនើបដែលរងការវាយប្រហារតាមកាំជ្រួចមីស៊ីលរបស់រុស្ស៊ី កាន់ដែគ្នានៅមន្ទីរពេទ្យនៅទីក្រុង Kremenchuk ក្នុងតំបន់ Poltava ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២២។
ប្តីប្រពន្ធដែលរងរបួសនៅក្នុងផ្សារទំនើបដែលរងការវាយប្រហារតាមកាំជ្រួចមីស៊ីលរបស់រុស្ស៊ី កាន់ដែគ្នានៅមន្ទីរពេទ្យនៅទីក្រុង Kremenchuk ក្នុងតំបន់ Poltava ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២២។

  • ប្រធានាធិបតី​អ៊ីតាលី​លោក​ Mario Draghi​ បាន​ថ្លែង​នៅ​ថ្ងៃ​អង្គារ​ថា ​ប្រធាន​ប្លុក ​G-20​គឺ​ លោក​ Joko Widodo ​ដែល​ជា​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ​បាន​លុបចោល​ការ​ចូលរួម​របស់​លោក​ Vladimir Putin​ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ G-20​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។​ ការ​លើក​ឡើេង​បែប​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​រុស្ស៊ី​ច្រាន​ចោល​ភ្លាមៗ។​ ប្រទេស​ឥណ្ឌូណេស៊ី​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្តូរ​វេន​រៀបចំ​កិច្ច​ប្រជុំ​ G-20 ឆ្នាំ​នេះ​ ហើយ​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន​បាន​ដាក់​សម្ពាធ​ឱ្យ​លោក Widodo ​មិន​ឲ្យ​ប្រធានាធិបតី​រុស្ស៊ី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​នេះ​ បន្ទាប់​ពី​ការ​ប្រកាស​កាលពី​ខែ​មេសា​ថា​ លោក ​Putin ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​នោះ។ នេះ​បើ​យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក ​Volodymyr Zelenskyy ​បាន​ថ្លែង​នៅ​ថ្ងៃ​អង្គារ​ថា ​រុស្ស៊ី​ត្រូវតែ​បាន​ចាត់​ទុក​ជា​ «ប្រទេស​គាំទ្រ​អំពើ​ភេរវកម្ម» ​បន្ទាប់​ពី​បាន​វាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​លើ​ផ្សារ​ទំនើប​មួយ​ដែល​មាន​មនុស្ស​កកកុញ ​នៅ​ទីក្រុង​ Kremenchuk ​នៃ​ប្រទេស​អ៊ុយក្រែន ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ​១៨ ​នាក់។ ​ លោក ​Zelenskyy ​បាន​សរសេរ​ជា​សារ​នៅ​លើ​បណ្តាញ ​Telegram ​ថា៖ ​«មាន​តែ​ពួក​ភេរវជន​សាហាវ​ប៉ុណ្ណោះ ​ដែល​អាច​បាញ់​កាំជ្រួច​មីស៊ីល​លើ​ទីតាំង​ដែល​មាន​ជនស៊ីវិល​បែប​នេះ។​ រុស្ស៊ី​គួរ​តែ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ប្រទេស​គាំទ្រ​អំពើ​ភេរវកម្ម»។​ នេះ​បើ​យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។​
  • នៅ​ថ្ងៃ​អង្គារ ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ ​និង​ទាហាន​បាន​ស្វែងរក​អ្នក​រស់នៅ​មាន​ជីវិត​ក្នុង​គំនរ​បាក់បែក​របស់​ផ្សារ​ទំនើប​នោះ។​ អង្គការ​សហប្រជាជាតិ​និង​បណ្តា​ប្រទេស​លោក​ខាង​លិច​បាន​ថ្កោល​ទោស​ការ​វាយ​ប្រហារ​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់​ងារ​ព័ត៌មាន ​Reuters។​
  • លោក ​Zelenskyy ​បាន​ឲ្យ​ដឹង​ថា ​មនុស្ស​ជាង ១ ពាន់​នាក់​នៅ​ក្នុង​ផ្សារ​នោះ​ គ្រា​ដែល​កាំជ្រួច​មីស៊ីល​ពីរ​គ្រាប់​បាន​បាញ់​ចំ​ផ្សារ​ទំនើប​នោះ។​ លោក​ Dmytro Lunin ​អភិបាល​ក្រុង​ Poltava ​ឱ្យ​ដឹង​ថា​ ក្រៅពី​អ្នកស្លាប់​ទាំង ​១៨ ​នាក់​នោះ​ នៅមាន ​មនុស្ស​ ២៥​ នាក់​ត្រូវ​បាន​ព្យាបាល​នៅ​មន្ទីរពេទ្យ ​ហើយ​ ៣៦ ​នាក់​ទៀត​ កំពុង​បាត់ខ្លួន។​ រុស្ស៊ី​បាន​បដិសេធ​ការ​វាយ​ប្រហារ​លើ​ផ្សារ​ទំនើប​មួយ​នេះ​ ដោយ​អះអាង​ថា ​ខ្លួន​បាន​បាញ់​កាំជ្រួច​មីស៊ីល​ចំ​ឃ្លាំង​ស្តុក​អាវុធ​ ហើយ​ការ​ផ្ទុះ​គ្រាប់​រំសេវ​នោះ​បាន​បង្ក​ឲ្យ​មាន​អគ្គិភ័យ​នៅ​តំបន់​ក្បែរ​ឃ្លាំង​នោះ​តែ​ប៉ុណ្ណោះ។ ​
  • លោក Zelenskyy​ បាន​ថ្លែង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ នៅ​ក្នុង​កិច្ច​សន្ទនា​ជាមួយ​ប្រធាន​អង្គការ​អូតង់ ​លោក​បាន​បញ្ជាក់​ពី​ភាព​ចាំបាច់​ក្នុង​ការ​ទទួល​បាន​ «ប្រព័ន្ធ​ការពារ​មីស៊ីល​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​ឲ្យ​អ៊ុយក្រែន​ទប់ទល់​នឹង​ការ​វាយប្រហារ​បែប​ភេរវកម្ម​របស់​រុស្ស៊ី»។​ ការ​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​អគ្គ​លេខាធិការ​អង្គការ​អូតង់​លោក​ Jens Stoltenberg​ នេះ​បាន​ធ្វើ​ឡើង ​មុន​កិច្ច​ប្រជុំ​កំពូល​របស់​ក្រុម​មេដឹកនាំ​អង្គការ​អូតង់​ នៅ​ទីក្រុង​ម៉ាឌ្រីដ ​ប្រទេស​អេស្ប៉ាញ​ ដែល​សង្គ្រាម​នៅ​អ៊ុយក្រែន​គឺ​ជា​ប្រធាន​បទ​សំខាន់​មួយ​នៅ​ក្នុង​ជំនួប​ជាន់​ខ្ពស់​នេះ។ បន្ទាប់​ពី​បាន​សន្ទនា​ជាមួយ​លោក​ Zelenskyy ​លោក ​Stoltenberg​ បាន​សរសេរ​សារ​នៅ​លើ​បណ្តាញ ​Twitter ថា៖​ «នៅ​កិច្ច​ប្រជុំ​របស់​អង្គការ​អូតង់ ​យើង​នឹង​បង្កើន​ការ​គាំទ្រ​របស់​យើង​ដល់​អ៊ុយក្រែន​ ប្រទេស​ជា​ដៃ​គូ​ដ៏​ជិតស្និទ្ធ​របស់​យើង​ ពីពេល​នេះ​និង​យូរ​អង្វែង​ត​ទៅ​ទៀត។ ​សម្ព័ន្ធ​ភាព​អង្គការ​អូតង់​គាំទ្រ​អ្នក»។​

រូបឯកសារ៖ ស្ត្រីម្នាក់ដើរកាត់អគារដែលត្រូវបានបំផ្លាញនៅក្នុងភូមិ Siversk នៃតំបន់ Donetsk កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២២ ខណៈការឈ្លានពានរបស់រុស្ស៊ីនៅតែបន្តកើតឡើង។
រូបឯកសារ៖ ស្ត្រីម្នាក់ដើរកាត់អគារដែលត្រូវបានបំផ្លាញនៅក្នុងភូមិ Siversk នៃតំបន់ Donetsk កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២២ ខណៈការឈ្លានពានរបស់រុស្ស៊ីនៅតែបន្តកើតឡើង។

  • អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​ថា ទីក្រុង​ Lysychansk​ ភាគខាង​កើត​ប្រទេស​អ៊ុយក្រែន ​បន្ត​ទប់ទល់​នឹង​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី បន្ទាប់​ពី​ទាហាន​របស់​រដ្ឋាភិបាល​ក្រុងមូស្គូ​បាន​គ្រប់គ្រង​ទីក្រុង ​Severodonetsk ​ដែល​ជាទីក្រុង​សំខាន់​នៅ​ជិតខាង​ក្រុង​នោះ។ ​លោក​ Sergiy Gaiday​ អភិបាល​តំបន់​ Luhansk ​បាន​សរសេរ​ជា​សារ​នៅ​លើ​បណ្តាញ​ Telegram​ ថា​ «ទីក្រុង​ Lysychansk ​នឹង​បន្ត​ការពារ។ ​ការ​បំផ្លិច​បំផ្លាញ​លើ​ភូមិ​ផង​ពិត​ជា​ធ្ងន់ធ្ងរណាស់»។ ​បើ​តាម​លោក ​Gaiday ​ថា ក្នុង​ចំណោម​មនុស្ស​ ៩​ ម៉ឺន ​៥​ ពាន់​នាក់​ ដែល​បាន​រស់​នៅ​ក្នុង​ក្រុង​នេះ​មុន​ពេល​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ដែល​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ​នោះ​ ​នៅសល់​មនុស្សប្រមាណ ​១​ ម៉ឺន​ ៥ ​ពាន់​នាក់​ បន្ត​រស់នៅ​ក្នុង​ក្រុង​នេះ។​ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ ​
  • ក្រុម​មេ​ដឹកនាំ​ប្រទេស​មាន​ឧស្សាហម្ម​ជឿនលឿន​ទាំង​ ៧​ ហៅ​ថា G-7 ​បាន​ព្រមព្រៀង​គ្នា​ស្វែង​រក​វិធី​ដាក់​បំរាម​មិន​ឲ្យ​មាន​ការ​ដឹក​ជញ្ជូន​ប្រេង​រុស្ស៊ី ​ដែល​បាន​ដាក់​លក់​ចេញ​ថ្លៃជាង​តម្លៃ​ធម្មតា។ ​នេះ​បើ​យោង​តាម​ការ​ដកស្រង់​ខ្លឹមសារ​នៃ​ឯកសារ​ចុងក្រោយ​របស់​កិច្ច​ប្រជុំ​កំពូល​នេះ។ ​មន្ត្រី​អឺរ៉ុប​ម្នាក់​បាន​ឲ្យ​ដឹង​ថា មេដឹកនាំ​ទាំង​នេះ​ក៏​បាន​ព្រមព្រៀង​គ្នា​ជំរុញ​ឲ្យ​មាន​បំរាម​មិន​ឲ្យ​មាន​ការ​នាំ​មាស​ពី​រុស្ស៊ី ​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​រុស្ស៊ី​ចំពោះ​ការ​ឈ្លានពាន​លើ​អ៊ុយក្រែន។​ នេះបើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ ​
  • រដ្ឋាភិបាល​រុស្ស៊ី​បាន​ថ្លែង​នៅ​ថ្ងៃ​អង្គារ​ថា​ ក្រុមហ៊ុន​ផលិត​ឧស្ម័ន​ដ៏​ធំ​របស់​រុស្ស៊ី ​គឺ ​Gazprom GAZP.MM ​អាច​នឹង​កែ​សម្រួល​កិច្ច​សន្យា​ផ្គត់ផ្គង់ ប្រសិន​បើ​បណ្តា​ប្រទេស​លោក​ខាង​លិច​សម្រេច​អនុវត្ត​ការ​កំណត់​តម្លៃ​ឧស្ម័ន​របស់​រុស្ស៊ី​នោះ។​ លោក ​Dmitry Peskov​ អ្នក​នាំពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​ បាន​ថ្លែង​ថា​ លោក​មិន​អាច​បញ្ចេញ​មតិ​ថា​ តើ​វិធានការ​ដែល​ក្រុម​មេដឹកនាំ ​G-7 ​បាន​ពិភាក្សា​ក្នុង​សប្តាហ៍​នេះ​ អាច​នឹង​ប៉ះពាល់​ដល់​រុស្ស៊ី​យ៉ាង​ណា​នោះ​ទេ។​ នេះ​បើ​យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន ​Reuters។
  • នៅ​ថ្ងៃ​អង្គារ ​ប្រទេស​ G-7 ​ បាន​ជំរុញ​ឲ្យ​ប្រទេស​និង​ក្រុមហ៊ុន​ដែល​មាន​ស្តុក​ចំណី​អាហារ​ច្រើន​ ជួយ​សម្រួល​ដល់​វិបត្តិ​អត់ឃ្លាន​ដែល​បង្ក​ឡើង​ដោយ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។​ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ចេញ​ក្រោយ​កិច្ច​ប្រជុំ​នៅ​អាល្លឺម៉ង់ ក្រុម​មេដឹកនាំ​នៃ​ប្រទេស​ទាំង ​៧ នេះ​បាន​ថ្លែង​ថា៖​ «យើង​សូម​អំពាវនាវ​ដល់​ដៃគូ​ទាំង​ឡាយ​ដែល​មាន​ស្តុក​ចំណីអាហារ​ច្រើន​ រួមទាំង​ក្រុមហ៊ុន​ឯកជន​ ជួយ​បញ្ចេញ​ចំណី​អាហារ​ ហើយ​កុំ​បង្ក​បញ្ហា​ដល់​ទីផ្សារ»។​ ពួក​គេ​ក៏​បាន​អំពាវនាវ​ «ឲ្យ​ប្រទេស​ទាំង​អស់​កុំ​ស្តុក​ទុក​ចំណី​អាហារ​ច្រើន​ហួស ​ហេតុ ​ដែល​អាច​បង្ក​ឲ្យ​មាន​ការ​កើន​ថ្លៃ​ចំណី​អាហារ»។​ នេះ​បើ​យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មានAFP។ ​
  • ក្រសួង​ការ​បរទេស​រុស្ស៊ី​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​ថា​ ភរិយា​និង​កូនស្រី​របស់​លោក​ប្រធានាធិបតី​អាមេរិក​ Joe Biden​ រួម​ទាំង​ជនជាតិ​អាមេរិកាំង​ចំនួន​ ២៣ ​នាក់​ទៀត​ ត្រូវបាន​ហាម​មិន​ឲ្យ​ធ្វើ​ដំណើរ​ចូល​ប្រទេស​រុស្ស៊ី។ ​ក្រសួង​នេះ​បាន​ថ្លែង​កំណត់​សម្គាល់​អម​ជាមួយ​បញ្ជី​ឈ្មោះ​នេះ​ថា​ «ជា​ប្រតិកម្ម​ឆ្លើយ​តប​នឹង​ការ​ដាក់​ទណ្ឌកម្ម​កាន់តែ​រីករាលដាល​និង​ឥត​ឈប់ឈរ​របស់​អាមេរិក​លើ​ឥស្សរ​ជន​សាធារណៈ​និង​ឥស្សរ​ជន​នយោបាយ​រុស្ស៊ី​ ពលរដ្ឋ​អាមេរិកាំង ​២៥ ​នាក់​ត្រូវបាន​ដាក់​បញ្ចូល​ក្នុង​ «បញ្ជី​ហាមឃាត់»។​ បញ្ជី​ឈ្មោះ​នេះ​ក៏​រួម​មាន​សាស្ត្រាចារ្យ​និង​អ្នក​ស្រាវជ្រាវ​ប្រចាំ​សាកល​វិទ្យាល័យ​មួយ​ចំនួន ​និង​អតីត​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ផង​ដែរ។​ នេះបើ​យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • រដ្ឋាភិបាល​រុស្ស៊ី​នៅ​ថ្ងៃ​អង្គការ​ បាន​ហៅ​អង្គការ​អូតង់​ថា​ជា ​«ប្លុក​បង្ក​រឿង» ​ដែល​ត្រូវបាន​បង្កើត​ឡើង​ដើម្បី​ជម្លោះ។ ​កាល​ពី​ថ្ងៃ​ចន្ទ ​ សម្ព័ន្ធ​ភាព​យោធា​អូតង់​បាន​ប្រកាស​ពី​ការ​ពង្រីក​កង​កម្លាំង​ដ៏​ធំ​នៅ​ទូទាំង​ទ្វីប​អឺរ៉ុប​ ដែល​ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​ពង្រឹង​ការ​ការពារ។​ នៅ​ក្នុង​សន្និសីទ​តាម​ទូរស័ព្ទ​ជាមួយ​ក្រុម​អ្នក​សារ​ព័ត៌មាន​ លោក​ Dmitry Peskov ​ ក៏​បាន​ថ្លែង​ថា ​យុទ្ធនាការ​យោធា​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​ដែល​រុស្ស៊ី​ហៅ​ថា​ «ប្រតិបត្តិការ​យោធា​ពិសេស» ​នោះ​ដំណើរ​ការ​ទៅ​ដូច​ការ​គ្រោង​ទុក​ ហើយ​នឹង​សម្រេច​គោលដៅ។​ នេះ​បើ​យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters។ ​
  • មន្ត្រី​អាមេរិក​ម្នាក់​បាន​ឲ្យដឹង​នៅ​ថ្ងៃ​អង្គារ​ថា​ ក្រុម​មេ​ដឹកនាំ ​G-7 ​នឹង​ប្តេជ្ញា​ផ្តល់​ទឹកប្រាក់ ​៥ ​ពាន់​លាន​ដុល្សារ​ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ផ្គត់ផ្គង់​ចំណី​អាហារ​ដែល​កំពុង​កើត​មាន​ឡើង​នៅ​ជុំវិញ​ពិភពលោក​ ហើយ​ដែល​មួយ​ផ្នែក​ធំ​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​ ដែល​ជា​ប្រទេស​ផ្គត់ផ្គង់​ផលិតផល​កសិកម្ម​ដ៏​ធំ​មួយ។ ​មន្ត្រី​ជាន់​ខ្ពស់​នេះ​បាន​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា៖​ «G-7​ នឹង​ប្តេជ្ញា​ផ្តល់​ទឹក​ប្រាក់ ​៥ ពាន់​លាន​ដុល្លារ​ដើម្បី​ដោះស្រាយ​បញ្ហា​សន្តិសុខ​ចំណី​អាហារ​សកល​ ហើយ​ថា ​សហរដ្ឋ​អាមេរិក​នឹង​ផ្តល់​ថវិកា​ជាង​ពាក់​កណ្តាល​នៃ​ចំនួន​ទឹកប្រាក់​នេះ»។​ នេះបើ​យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP៕
២៣:៣៧ ២៩.៦.២០២២

ថ្ងៃពុធ ទី ២៩ ខែមិថុនា៖

  • ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​លោក​ Joe Biden ​បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ​សហ​រដ្ឋ​អាមេរិក​កំពុង​បង្កើន​វត្តមាន​យោធា​របស់​ខ្លួន​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ រួម​ទាំង​ការដាក់​ពង្រាយ​នាវា​ចម្បាំង​បន្ថែម​នៅ​ក្នុង​ប្រទេស​អេស៉្បាញ ​ហើយ​នឹង​បោះ​ទីតាំង​កងទ័ព​កាន់តែ​ច្រើន​ឡើង​នៅ​ទីកន្លែង​ផ្សេង​ទៀត។​
  • លោក ​Biden ​ដែល​បាន​នៅ​ក្នុង​ទីក្រុង​ម៉ាឌ្រីត​ដើម្បី​ចូលរួម​សន្និសីទ​កំពូល​របស់​អង្គការ​អូតង់​ដែល​មាន​សមាជិក​ ៣០ ​ប្រទេស ​បាន​និយាយ​ថា​ សហ​រដ្ឋ​អាមេរិក នឹង​បង្កើត​ទីស្នាក់ការ​អចិន្ត្រៃយ៍​សម្រាប់​អង្គភាព​យោធា​ទី​ ៥ ​របស់​សហ​រដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ ​បន្ថែម​កងទ័ព​ផ្លាស់​វេណ​មួយ​កងពល​តូច​ដែល​មាន​ចំនួន​ ៣ ​ពាន់​នាក់​ហើយ​បុគ្គលិក ​២ ​ពាន់​នាក់​ទៀត​ នឹង​មាន​ទីស្នាក់ការ​នៅ​ក្នុង​ប្រទេស​រ៉ូម៉ានី​ ព្រម​ទាំង​បញ្ជូន​យន្តហោះ​ចម្បាំង ​F-35​ ចំនួន​ ២ ​គ្រឿង​បន្ថែម​ទៀត​ ទៅចក្រភព​អង់គ្លេស។​
  • ក្រុម​មេ​ដឹកនាំ​អង្គការ​អូតង់​កំពុង​ជួប​ប្រជុំ​គ្នា​នៅ​ឯ​សន្និសីទ​កំពូល​ ដែល​រួម​មាន​ការ​ពិភាក្សា​ការ​ជួយ​គាំទ្រ​ដល់​ប្រទេស​អ៊ុយក្រែន​ ហើយ​នឹង​របៀប​ដែល​សម្ព័ន្ធ​ភាព​យោធា​របស់​ប្រទេស​លោក​ខាង​លិច​ ដែល​ត្រូវ​បាន​បង្កើត​បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី ២​ នោះ នឹង​សម្រប​ខ្លួន​ដើម្បី​ប្រឈម​បញ្ហា​នៅ​ពេល​បច្ចុប្បន្ន​និង​អានាគត។​
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Volodymyr Zelensky ​កាល​ពី​ថ្ងៃ​ពុធ​បាន​ប្រាប់​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក ​Joko Widodo ​ដែល​កំពុង​បំពេញ​ទស្សន​កិច្ច​នៅ​អ៊ុយក្រែន​ថា​ លោក​នឹង​ចូលរួម​សន្និសីទ​កំពូល​របស់​ក្រុម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​ ២០ ​ឬ​ G-20​ នៅកោះបាលី​ ប្រទេស​ឥណ្ឌូណេស៊ី​ ដោយ​អាស្រ័យ​ថា ​តើ​មេ​ដឹកនាំ​ណា​ខ្លះ​ដែល​នឹង​ចូល​រួម​សន្និសីទ​កំពូល​នោះ។ បន្ទាប់ពី​ការ​ចរចា​នៅ​រដ្ឋធានី​កៀវ​លោក ​Zelenskyy​ បាន​ថ្លែង​ថា​ «ខ្ញុំ​ប្រាកដ​ជា​ទទួល​យក​សេចក្តី​អញ្ជើញ​នោះ។​ ការ​ចូលរួម​របស់​អ៊ុយក្រែន​នឹង​អាស្រ័យ​លើ​ស្ថានភាព​សន្តិសុខ​នៅ​ក្នុង​ប្រទេស​និង​សមាស​ភាព​នៃ​អ្នក​ចូលរួម​សន្និសីទ​កំពូល​នោះ។​ លោក​ Zelenskyy​ ទំនង​ជា​និយាយ​សំដៅ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin។​ លោក ​Widodo ​បាន​ស្ថិត​នៅ​ក្នុង​រដ្ឋធានី​កៀវប្រទេស​អ៊ុយក្រែន​ មុន​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋធានី​មូស្គូ​ ដើម្បី​ជួប​លោក ​Putin ​ដែល​បាន​បញ្ជូន​កងទ័ព​កាលពី​ថ្ងៃ​ទី​ ២៤​ ខែ​កុម្ភ:​ ចូល​ក្នុង​ប្រទេស​អ៊ុយក្រែន​ដែល​គាំទ្រ​លោក​ខាង​លិច។​ នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP។​
  • ផ្នែក​ស៊ើប​ការណ៍​សម្ងាត់​របស់​អ៊ុយក្រែន​បាន​ប្រាប់​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ថា​ទាហាន​អ៊ុយក្រែន​ចំនួន​ ១៤៤ ​នាក់​ រួម​ទាំង​អ្នក​ការពារ​រោងចក្រ​ដែកថែប​ Azovstal មួយ​ចំនួន​ នៅ​ក្នុង​ទីក្រុង​កំពង់ផែ ​Mariupol ​ ភាគ​ខាង​ត្បូង​ ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​នៅ​ក្នុង​ការ​ដោះដូរ​អ្នក​ទោស​ជាមួយ​រដ្ឋាភិបាល​ក្រុង​មូស្គូ។ រដ្ឋាភិបាល​ក្រុង​មូស្គូ​និង​រដ្ឋាភិបាល​ក្រុង​កៀវ​បាន​ដោះដូរ​អ្នក​ទោស​ជា​ច្រើន​លើក​មក​ហើយ​ ចាប់​តាំង​ពី​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន។​ នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP។​

រូបឯកសារ៖ ទហានរុស្ស៊ីម្នាក់ដើរកាត់រោងចក្រដែកថែប Azovstal ដែលរងការបំផ្លិចបំផ្លាញនៅទីក្រុងកំពង់ផែ Mariupol ដែលស្ថិតនៅដែនដីដែលគ្រប់គ្រងដោយសាធារណរដ្ឋប្រជាមានិត Donetsk ក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២២។
រូបឯកសារ៖ ទហានរុស្ស៊ីម្នាក់ដើរកាត់រោងចក្រដែកថែប Azovstal ដែលរងការបំផ្លិចបំផ្លាញនៅទីក្រុងកំពង់ផែ Mariupol ដែលស្ថិតនៅដែនដីដែលគ្រប់គ្រងដោយសាធារណរដ្ឋប្រជាមានិត Donetsk ក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២២។

  • ប្រទេស​ស៊ីរី​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ​កាលពី​ថ្ងៃ​ពុធ​ បាន​ទទួល​ស្គាល់​ឯករាជ្យ​ភាព​របស់​សាធារណរដ្ឋ​ចំនួន​ ២ ​ដែល​ទាមទារ​បំបែក​រដ្ឋ​ពី​អ៊ុយក្រែន​នៅ​ភាគខាង​កើត ដែល​ធ្វើ​ឱ្យ​ស៊ីរី​ក្លាយ​ជា​ប្រទេស​មុន​ដំបូង​ក្រៅ​ពី​ប្រទេស​រុស្ស៊ី​ដែល​ទទួល​ស្គាល់​សាធារណរដ្ឋ​ផ្តាច់​ខ្លួន​ទាំង​ ២ ​នេះ។​ រដ្ឋ​ផ្តាច់​ខ្លួន​ទាំង​នោះ​ គឺ ​Donetsk ​និង ​Luhansk ​ដែល​រដ្ឋាភិបាល​ក្រុង​មូស្គូ​ទទួល​ស្គាល់​ឯក​រាជ្យ​ភាព​កាលពី​ខែ​កុម្ភៈ។​ រដ្ឋ​ទាំង​ ២ ​នោះ​ស្ថិត​នៅ​ក្នុង​តំបន់ Donbas ដែល​ជា​ចំណុច​ស្នូល​នៃ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ និង​បាន​ចេញ​ពី​គ្រប់គ្រង​របស់​អ៊ុយក្រែន​តាំង​ពី​ឆ្នាំ​ ២០១៤។​ នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន ​AFP។
  • ប្រធានាធិបតី​ប្រទេស​ប៉ូឡូញ​កាលពី​ថ្ងៃ​ពុធ​បាន​សរសើរ​ការ​តាំង​ចិត្ត​របស់​សហ​រដ្ឋ​អាមេរិក​បង្កើត​ទីស្នាក់ការ​អង្គភាព​កងទ័ព​ទី​ ៥ ​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ​ ដោយ​និយាយ​ថា​ សុបិន​យូរ​អង្វែង​ក្លាយ​ជា​ការណ៍​ពិត​ក្នុង​ការ​លើក​ស្ទួយ​សន្តិសុខ​ដែល​បញ្ជូន​សញ្ញា​បង្ការ​ដ៏​ច្បាស់​មួយ​ដល់​ប្រទេស​រុស្ស៊ី។
  • ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​លោក ​Joe Biden ​បាន​ប្រាប់​សន្និសីទ​កំពូល​អង្គការ​អូតង់​នៅ​ក្នុង​ទីក្រុង​ម៉ាឌ្រីដ​ កាលពី​ព្រឹក​ថ្ងៃ​ពុធ​ថា ​ សហ​រដ្ឋ​អាមេរិក​នឹង​បង្កើន​កងទ័ព​របស់​ខ្លួន​និង​ឧបករណ៍​នៅ​ទូទាំង​ទ្វីប​អឺរ៉ុប​ហើយ​នឹង​បង្កើត​ទីស្នាក់ការ​យោធា​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ​ នៅ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​គំរាម​កំហែង​ថ្មី​ដ៏ខ្លាំង​ពី​ប្រទេស​រុស្ស៊ី​ បន្ទាប់ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន។ ​នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន ​Reuters។
  • អ្នក​ការទូត​កំពូល​របស់​រុស្ស៊ី​បាន​ប្រាប់​លោក​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជា​ជាតិ​កាលពី​ថ្ងៃ​ពុធ​ថា​ ប្រទេស​រុស្ស៊ី​បាន​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច​ហើយ​ ដើម្បី​សម្រប​សម្រួល​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​កាត់​បន្ថយ​ការ​គំរាម​កំហែង​នៃ​វិបត្តិ​ចំណី​អាហារ​សកល​លោក។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការ​បរទេស​រុស្ស៊ី។ រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី​លោក ​Sergei Lavrov ​បាន​ប្រាប់​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក​ Antonio Guterres ​នៅ​ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​ថា រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​តាំង​ចិត្ត​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ នៅ​ក្នុង​ការ​នាំចេញ​ធញ្ញជាតិ​និង​ជី។​ នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ក្រុម​មេ​ដឹកនាំ​អង្គការ​អូតង់​កំពុង​ចូលរួម​សន្និសីទ​កំពូល​នៅ​ក្នុង​រាជធានី​ម៉ាឌ្រីដ​ប្រទេស​អេស៉្បាញ​ ដែល​នឹង​រួម​បញ្ចូល​ការ​ពិភាក្សា​ពី​ការ​ជួយ​ឧបត្ថម្ភ​ប្រទេស​អ៊ុយក្រែន​ និង​របៀប​សម្ព័ន្ធ​មិត្ត​នេះ​នឹង​សម្រប​ខ្លួន​សម្រាប់​បញ្ហា​ប្រឈម​នា​ពេល​បច្ចុប្បន្ន ​និង​អនាគត។​ ក្រុម​មេ​ដឹកនាំ​ទាំង​នេះ​ត្រូវ​គេ​រំពឹង​នឹង​ព្រមព្រៀង​គ្នា​ ដើម្បី​ជំរុញ​ការ​ជួយ​ឧបត្ថម្ភ​ដល់​ប្រទេស​អ៊ុយក្រែន ​នៅ​ពេល​ប្រទេស​នេះ​ការពារ​ខ្លួន​ពី​ការ​ឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី។​ ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Volodymyr Zelenskyy​ នឹង​ធ្វើ​សុន្ទរកថា​ទៅ​កាន់​សន្និសីទ​កំពូល​នោះ​តាម​វីដេអូ។​
  • ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​លោក Joe Biden ​បាន​និយាយ​ថា​ នៅ​ពេល​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ​«បាន​បំផ្លាញ​សន្តិភាព​នៅ​ក្នុង​តំបន់​អឺរ៉ុប​ ហើយ​បាន​វាយ​ប្រហារ​គោល​ការណ៍​សំខាន់​នៃ​សណ្តាប់​ធ្នាប់​ដែល​ផ្អែក​លើ​ច្បាប់​ទម្លាប់‍»​នោះ​ សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធ​មិត្ត​ «កំពុង​បង្ហាញ​ថា​ អង្គការ​អូតង់​កាន់តែ​ចាំបាច់​ជាង​ពេល​ណាៗ​ទាំង​អស់ ហើយ​អង្គការ​អូតង់​គឺ​សំខាន់​ដូច​កន្លង​មក»។
  • អគ្គ​លេខាធិការ​អង្គការ​អូតង់​លោក Jens Stoltenberg ​បាន​ប្រាប់អ្នក​យក​ព័ត៌មាន​ថា ​ជំនួប​នេះ​នឹង​ក្លាយ​ជា​សន្និសីទ​កំពូល​ជា​ប្រវត្តិសាស្ត្រ​និង​នាំ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​សម្រាប់​សម្ព័ន្ធភាព។​ អាជ្ញាធរ​ដែល​គាំទ្រ​ប្រទេស​រុស្ស៊ី​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ថា ​ពួកគេ​បាន​ចាប់​ផ្តើម​សេវាកម្ម​រថយន្ត​ក្រុង​និង​រទេះ​ភ្លើង​រវាង​ឧបទ្វីប​ Crimea ​ដែល​ត្រួតត្រា​ដោយ​រដ្ឋាភិបាល​ក្រុង​មូស្គូ​និង​តំបន់ ​Kherson ​និង ​Zaporizhzhia​ ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយក្រែន។
  • លោក​ Sergei Aksyonov ​មេ​ដឹកនាំ​តំបន់ ​Crimea ​បាន​និយាយ​តាម​ Telegram​ ថា​ «ចាប់​ពី​ថ្ងៃ​ទី​ ១ ​ខែ​កក្កដា​ ទៅ ​សេវាកម្ម​រថយន្ត​ក្រុង​និង​រទេះភ្លើង​រវាង​តំបន់ ​Crimea ​និង​ Kherson ​និង ​Zaporizhzhia​ នឹង​ចាប់​ផ្តើម​ដំណើរ​ការ​ជា​លើក​ដំបូង​នៅ​ក្នុង​រយៈ​ពេល​ ៨ ​ឆ្នាំ​មក​នេះ»។​ លោក​បាន​បញ្ជាក់​ទៀត​ថា ​សមាជិក​ឆ្មាំ​ការពារ​ជាតិ​រុស្ស៊ី​នឹង​ធានា​សុវត្ថិភាព​សម្រាប់​ការ​ធ្វើ​ដំណើរ។​

មេដឹកនាំបណ្តាប្រទេសដែលជាសមាជិកនៃសម្ព័ន្ធភាពអូតង់ ថតរូបរួមគ្នានៅក្នុងអំឡុងកិច្ចប្រជុំកំពូលអូតង់ នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២២។
មេដឹកនាំបណ្តាប្រទេសដែលជាសមាជិកនៃសម្ព័ន្ធភាពអូតង់ ថតរូបរួមគ្នានៅក្នុងអំឡុងកិច្ចប្រជុំកំពូលអូតង់ នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២២។

  • តំបន់ ​Kherson ​និង​ Zaporizhzhia​ ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយក្រែន​ភាគ​ច្រើន​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​រុស្ស៊ី​ចាប់​តាំង​ពី​សប្តាហ៍​ទី​ ១ ​នៃ​អន្តរាគមន៍​ខាង​យោធា​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូហើយ​ឥឡូវ​នេះ​ត្រូវ​បាន​បង្ខំ​ឱ្យ​បញ្ចូល​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​របស់​រុស្ស៊ី។
  • ក្រុម​មេ​ដឹកនាំ​អង្គការ​អូតង់​មាន​គម្រោង​នៅ​ថ្ងៃ​ពុធ​នេះ​ ដើម្បី​អញ្ជើញ​ប្រទេស​ហ្វាំងឡង់​និង​ស៊ុយអែត​ឱ្យ​ចូលរួម ​បន្ទាប់​ពី​ប្រទេស​តួកគី​បាន​ទម្លាក់​ចោល​ការ​ជំទាស់​ ​នៅ​ពេល​សម្ព័ន្ធ​មិត្ត​នេះ​ស្វះស្វែង​កែសម្រួល​វិស័យ​ការពារ​នៅឯ​សន្និសីទ​កំពូល​ដែល​ពិភាក្សា​លើស​លប់​អំពី​សង្គ្រាម​នៅ​អ៊ុយក្រែន។​ ប្រទេស​សមាជិក​របស់​អង្គការ​អូតង់​ដែល​បាន​សន្យា​ផ្តល់​ជំនួយ​យោធា​ច្រើន​ពាន់​លាន​ដុល្លារ​ដល់​រដ្ឋាភិបាល​ក្រុង​កៀវ​នោះ ​ នឹង​ព្រមព្រៀង​គ្នា​«លើ​កញ្ចប់​ជំនួយ​ដ៏​ធំ​មួយ​សម្រាប់​ប្រទេស​អ៊ុយក្រែន‍​ដើម្បី​ជួយ​ឱ្យ​អ៊ុយក្រែន​ការពារ​ខ្លួន​ឯង»។​
  • លោក ​Jens Stoltenberg ​បាន​និយាយ​ថា ​«យើង​បាន​ជួប​គ្នា​នៅ​ពេល​មាន​វិបត្តិ​សន្តិសុខ​ធ្ងន់ធ្ងរ​បំផុត​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី ២ ​មក‍»។​ នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន ​AFP។​
  • សម្តេច​ប៉ាប​ Francis​ កាលពី​ថ្ងៃ​ពុធ​បានហៅការ​បាញ់​មីស៊ីល​លើ​ហាង​ទំនិញ​ដែល​មាន​មនុស្ស​កកកុញ​នៅ​ក្នុង​ទីក្រុង ​Kremenchuk ​ថា​«ជា​ការវាយ​ប្រហារ​ចុង​ក្រោយ​នៃ​ការ​វាយ​ប្រហារ​ដ៏​ព្រៃផ្សៃ​ជា​បន្តបន្ទាប់»​ ប្រឆាំង​អ៊ុយក្រែន។​
  • អ៊ុយក្រែន​បាន​និយាយ​ថា​ មនុស្ស​យ៉ាងតិច​ ១៨​ នាក់​បាន​ស្លាប់​ ហើយ​មនុស្ស​ប្រហែល​ ៦០​ នាក់​បាន​រង​របួស​កាលពី​ថ្ងៃ​ចន្ទ​នោះ។​ ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​បញ្ជាក់​ថា ខ្លួន​បាន​វាយ​ប្រហារ​ទីដៅ​យោធា​ស្រប​ច្បាប់​នៅ​ក្នុង​ទីក្រុង​នោះ​ ហើយ​ថា​ ផ្សារ​ទំនើប​នោះ​មិន​បាន​បើក​ដំណើរការ​ទេ។ ​នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន ​Reuters។​
  • ចក្រភព​អង់គ្លេស​នៅ​ថ្ងៃ​ពុធ​បាន​ប្រកាស​ពី​ដាក់​ទណ្ឌកម្ម​លើ​មហា​សេដ្ឋី ​Vladimir Potanin ​ដែល​គេ​ហៅ​ថា​ «ស្តេច​នីកែល‍»​ ដោយ​ហៅ​មហា​សេដ្ឋី​នេះ​ថា​ជា​អ្នក​មាន​បំផុត​ទី​២​របស់​រុស្ស៊ី។​ លោក ​Potanin ​ត្រូវ​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​បញ្ជី​ទណ្ឌកម្ម​ថ្មីៗ​ដែល​មាន​មនុស្ស​ចំនួន​១៣​នាក់​ដែល​រួម​មាន​អ្នក​ជំនួញ​ល្បីៗ ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​និង​អង្គភាព​ផ្សេង​ទៀត៕​

០០:១១ ១.៧.២០២២

ថ្ងៃព្រហស្បតិ៍ ទី ៣០ ខែមិថុនា៖

  • មេ​ដឹកនាំ​អង្គការ​អូតង់​បាន​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍ នៅ​ទីក្រុង​ម៉ាឌ្រីដ ​ប្រទេស​អេស្ប៉ាញ​ សម្រាប់​ថ្ងៃ​ចុង​ក្រោយ​នៃ​កិច្ច​ប្រជុំ​កំពូល​ ដែល​រួម​បញ្ចូល​ការ​អនុម័ត​គោល​គំនិត​យុទ្ធសាស្ត្រ​ថ្មី​សម្រាប់​សម្ព័ន្ធ​ភាព​នេះ​ ដោយ​ចាត់​ទុក​ថា«ការឈ្លាន​ពាន​របស់​រុស្ស៊ី»​ «បញ្ហា​ប្រឈម​ជា​ប្រព័ន្ធ​ដែល​បង្ក​ឡើង​ដោយ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន»​ និង ​«ការ​ពង្រឹង​ភាព​ជាដៃគូ​យុទ្ធសាស្ត្រ»​រវាង​ប្រទេស​ទាំង​ពីរ​ជា​អាទិភាព​ចម្បង​កិច្ច​ប្រជុំ​នេះ។
  • កាលពី​ថ្ងៃ​ពុធ ​លោក​ប្រធានាធិបតី ​Joe Biden ​បាន​ប្រកាស​ថា​ សហរដ្ឋ​អាមេរិក​កំពុង​ពង្រឹង​វត្តមាន​យោធានៅក្នុង​ទ្វីបអឺរ៉ុប​ រួមទាំង​ការដាក់​ពង្រាយ​នាវា​ពិឃាត​ កងទ័ព​ជើងទឹក​បន្ថែម​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ​ និងនៅ​កន្លែង​ផ្សេង​ទៀត​ ដើម្បី​ឆ្លើយតប​ទៅ​នឹង «ការ​ផ្លាស់ប្តូរ​បរិយាកាស​សន្តិសុខ»​ និង​ដើម្បី​ពង្រឹង​«សន្តិសុខ​រួម»។​ សម្ព័ន្ធមិត្តបាន​យល់ព្រម​ជំរុញ​ការ​គាំទ្រ​សម្រាប់​អ៊ុយក្រែន​ ប្រឆាំង​ការ​ឈ្លានពាន​របស់​រុស្ស៊ី ​ដែល​ឥឡូវនេះ​ចូលដល់​ខែទី ៥​ ហើយ។
  • ក្រសួង​ការពារជាតិ​អ៊ុយក្រែន​បាន​ប្រកាស​កាល​ពី​ថ្ងៃពុធ​ថា ​យុទ្ធជន​ចំនួន ​១៤៤​ នាក់​របស់ខ្លួន​ត្រូវបាន​ដោះលែង​ពីការ​ជាប់​ឃុំឃាំង​របស់​រុស្ស៊ី​តាម​រយៈ​ «យន្តការ​ដោះដូរ​អ្នកទោស»។​ តំណាង​រាស្រ្ត​អ៊ុយក្រែន​ឈាន​មុខ​គេ​បានប្រាប់ ​VOA ​ថា​ រដ្ឋាភិបាលក្រុងកៀវ​ និង​រដ្ឋាភិបាលក្រុង​មូស្គូ​ កំពុង​ដំណើរការ​ការ​ដោះដូរ​អ្នកទោស។​
  • ក្រសួង​ការពារជាតិ​រុស្ស៊ី​បាន​ប្រកាស​កាល​ពីថ្ងៃ​ព្រហស្បតិ៍​អំពី​ការ​ដកខ្លួន​ចេញ​ពី​កោះ​ពស់​របស់​អ៊ុយក្រែន។ ​ការ​ប្រកាសនេះ​បាន​កើត​ឡើង​ បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​ដោយ​កង​កម្លាំង​អ៊ុយក្រែន​ប្រឆាំង​នឹង​ទីតាំង​របស់​រុស្ស៊ី​នៅ​លើ​កោះ​នេះ។​ រុស្ស៊ីបាន​និយាយ​ថា ​ចំណាត់​ការ​របស់​ខ្លួន​គឺ​ជា​ «កាយ​វិការ​សុច្ឆន្ទៈ» ​ហើយ​បង្ហាញ​ថា ​ខ្លួន​មិន​ជ្រៀតជ្រែកកិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អង្គការ​សហ​ប្រជាជាតិ​ដើម្បី​បង្កើត​ច្រក​របៀង​សម្រាប់​ការ​នាំ​ចេញផលិត​ផល​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយក្រែន​នោះ​ទេ។​ លោក Andriy Yermak​ ប្រធាន​ការិយាល័យ​របស់​ប្រធានាធិបតី​អ៊ុយក្រែន​ បាន​បញ្ជាក់​ពី​ការ​ដក​កងកម្លាំង​រុស្ស៊ី​ចេញ​ពី​កោះនេះ​ថា​ «គ្មាន​កងទ័ព​រុស្ស៊ីនៅ​លើកោះ​ពស់​ទៀត​ទេ។ ​កងកម្លាំង​ប្រដាប់​អាវុធ​របស់​យើង​បាន​ធ្វើការងារ​ដ៏​អស្ចារ្យ»។​
  • មេ​ដឹកនាំ​សហ​រដ្ឋ​អាមេរិក ​អឺរ៉ុប​ និង​អង្គការ​អូតង់​បាន​សម្តែង​ការ​គាំទ្រ​របស់​ពួកគេ​សម្រាប់​អ៊ុយក្រែន​ម្តង​ហើយម្តង​ទៀត​ ហើយ​បាន​គាំទ្រជា​ប្រាក់​រាប់ពាន់​លានដុល្លារ​សម្រាប់​ប្រព័ន្ធ​អាវុធ​ និង​ជំនួយ​សន្តិសុខ​ផ្សេង​ទៀត​ ដែល​អនុញ្ញាត​ឱ្យ​កងកម្លាំង​អ៊ុយក្រែន​ទប់ទល់​ការ​ឈ្លានពាន​របស់​រុស្ស៊ី។​ប៉ុន្តែ​ខណៈប្រទេស​លោកខាង​លិច​បាន​និយាយ​ថា ​អ៊ុយក្រែន​នឹង​សម្រេច​ថា ​តើ​ត្រូវ​បញ្ចប់​សង្រ្គាម​ដោយ​របៀប​ណា​ និង​នៅពេល​ណា​នោះ ​មន្ត្រី​សហ​រដ្ឋ​អាមេរិក​បាន​សម្តែង​ក្តីសង្ឃឹម​សម្រាប់​ការចរចា​ជាយ​ថាហេតុ។​
  • ប្រធានាធិបតី​រុស្ស៊ី​ Vladimir ​Putin បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ​រុស្ស៊ី​នឹង​ឆ្លើយ​តប​ដូច​សកម្មភាព​ខ្លួន​នៅ​អ៊ុយក្រែន​ទេ​ ប្រសិន​បើ​អូតង់​ដាក់​ពង្រាយ​កងទ័ព ​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ក្នុង​ប្រទេស​ហ្វាំងឡង់ ​និង​ស៊ុយអែត​ បន្ទាប់​ពីពួក​គេចូល​រួម​ជាមួយ​សម្ព័ន្ធ​មិត្តយោធា​ដឹក​នាំ​ដោយ​សហរដ្ឋ​អាមេរិក​នេះ។ ​លោក​ Putin បាន​ប្រាប់​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី​ថា ​«ចំពោះ​ស៊ុយអែត​ និង​ហ្វាំងឡង់ ​យើង​មិន​មាន​បញ្ហា​ដូច​ដែល​យើង​មាន​ជាមួយ​អ៊ុយក្រែន​ទេ។ ​ពួកគេ​ចង់​ចូលរួ​មជាមួយ​អង្គការ​អូតង់​ សូម​បន្ត​ទៅមុខ» ។

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo ចាប់ដៃស្វាគមន៍គ្នា ក្នុងសន្និសីទសារព័ត៌មានមួយ ក្រោយកិច្ចប្រជុំរវាងមេដឹកនាំទាំងពីរ នៅវិមានក្រឹមឡាំង ក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo ចាប់ដៃស្វាគមន៍គ្នា ក្នុងសន្និសីទសារព័ត៌មានមួយ ក្រោយកិច្ចប្រជុំរវាងមេដឹកនាំទាំងពីរ នៅវិមានក្រឹមឡាំង ក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២។

  • រុស្ស៊ី​បាន​និយាយ​ថា​ ខ្លួន​ត្រៀម​ខ្លួន​ជាស្រេច​ក្នុង​ការ​ធ្វើការ​ជាមួយ​អង្គការ​សហ​ប្រជាជាតិ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ហានិភ័យ​នៃ​វិបត្តិ​ស្បៀង​អាហារ​ពិភព​លោក ​ហើយ​មាន​ឆន្ទៈ​បំពេញ​កាតព្វ​កិច្ច​ក្នុង​ការ​នាំចេញ​អាហារ​ និង​ជី។​ ការ​ប្តេជ្ញាចិត្ត​នេះ​ធ្វើឡើង​កាលពី​ថ្ងៃពុធ​ នៅក្នុង​ការ​សន្ទនា​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី​លោក ​Sergei Lavrov ​និង​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ ​លោក​ Antonio Guterres។ ក្រសួង​ការបរទេស​រុស្ស៊ី​បានឲ្យ​ដឹង​ដូច្នេះ​នៅក្នុង​សេចក្តីថ្លែង​ការណ៍​មួយ។
  • ប្រធានាធិបតី​តួកគី​លោក ​Recep Tayyip Erdogan ​កំពុង​បង្ហាញ​សុទិដ្ឋិនិយម​ថា​ ច្រក​របៀង​មនុស្ស​ធម៌​អាច​ត្រូវបាន​បើក​ដើម្បី​ឱ្យការ​នាំចេញ​គ្រាប់​ធញ្ញជាតិ​អ៊ុយក្រែន ​ចំពេល​មាន​សង្រ្គាម​របស់​រុស្ស៊ី។​ នេះ​បើតាម​សារ​ព័ត៌មាន​ Associated Press។ ​មនុស្សរាប់សិប​លាន​នាក់​នៅទូទាំង​ពិភពលោក​ប្រឈម​នឹង​ហានិភ័យ​នៃភាព​អត់ឃ្លាន​ ខណៈ​ដែល​សង្រ្គាម​រយៈពេល​ជា​ច្រើន​ខែ​នេះ​បាន​រំខាន​ដល់​ការនាំ​ចេញ​គ្រាប់​ធញ្ញជាតិ​ពី​អ៊ុយក្រែន។​
  • ប្រទេស​អង់គ្លេស​កាលពី​ថ្ងៃពុធ​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​សេដ្ឋី​រុស្សី​គឺលោក ​Vladimir Potanin ដែលដែល​ជា​បុរស​មាន​បំផុត​ទីពីរ​របស់​រុស្ស៊ី​ និង​ជាអ្នក​ដែល​បាន​ទិញ​ទ្រព្យ​សម្បត្តិ​ពីក្រុមហ៊ុន​ដែល​បាន​ចាកចេញ​ពី​ប្រទេស​រុស្ស៊ី​ដោយសារ​ការឈ្លាន​ពាន​អ៊ុយក្រែន។ ​លោក Potanin ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា «Nickel King» របស់​រុស្ស៊ីត្រូវ​បាន​បញ្ចូល​ទៅក្នុង​បញ្ជី​ទណ្ឌកម្ម​ចុង​ក្រោយ​បំផុត​ដោយ​ចក្រភព​អង់គ្លេស។ អង់គ្លេស រួម​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​លោក​ខាងលិច ​បាន​ដាក់​ទណ្ឌកម្ម​ប្រឆាំងនឹង​ឥស្សរជន​រុស្ស៊ី ​ធនាគារ ​និង​ឧស្សាហកម្ម​យុទ្ធសាស្ត្រ​ ចាប់តាំង​ពី​ពេល​ដែលរុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន​កាលពី​ខែកុម្ភៈ​មក។ ​
  • រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក ​Antony Blinken​ ត្រូវ​បាន​សួរ​អំពី​ដំណោះស្រាយ​ការទូត​ចំពោះ​សង្គ្រាម​នៅ​អ៊ុយក្រែន​កាលពី​ថ្ងៃពុធ ​ប៉ុន្តែ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ផ្លូវឆ្ពោះ​ទៅរក​ការចរចា​នោះ​ទេ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​អ្នកស្រី Nike Ching នៃ​វីអូអេ៕

២១:៣០ ១.៧.២០២២

ថ្ងៃសុក្រ ទី ១ ខែកក្កដា៖

  • ប្រទេស​រុស្ស៊ី​កំពុង​ប្រើមីស៊ីល​ពី​ស្តុក​ចាស់​សម័យ​សហភាព​សូវៀត​ ដែល​បាញ់​មិន​ចំ​គោលដៅ​ជាក់លាក់​ក្នុង​ការ​វាយ​ប្រហារ​ច្រើន​ជាង ៥០% ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ ហើយ​អត្រា​នៃ​ការ​វាយ​ប្រហារ​ប្រភេទ​នេះ​បាន​កើន​ឡើង​ច្រើន​ជាង​ទ្វេរ​ដង​ ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ចុង​ក្រោយ​នេះ។​ នេះ​បើ​តាម​ឧត្តម​សេនីយ៍​ត្រី​នៃ​កង​កម្លាំង​អ៊ុយក្រែន​ ​ម្នាក់​ ដែល​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។​
  • ទីភ្នាក់ងារព័ត៌មាន​ Reuters ​បាន​រាយ​ការណ៍​ថា ​ មីស៊ីល​រុស្ស៊ី​បាន​វាយ​ប្រហារ​ខុស​គោលដៅ​ជាច្រើន​ក្នុង​ប្រទេស​អ៊ុយក្រែន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ ដោយបាន​សម្លាប់​ជន​ស៊ីវិល​ម្នាក់​នៅ​ផ្ទះល្វែង​ក្នុង​ទីក្រុង​កៀវ​ កាលពី​ថ្ងៃ​សៅរ៍ ​និង​សម្លាប់​មនុស្ស​យ៉ាងហោច​ណាស់​ ១៨ ​នាក់​ទៀត​នៅ​មជ្ឈមណ្ឌល​ផ្សារ​ទំនើប​មួយ​នៅ​កណ្តាល​ទីក្រុង ​Kremenchuk ​កាលពី​ថ្ងៃ​ចន្ទ។​
  • មេ​ដឹកនាំ​អង្គការ​អូតង់​បាន​បញ្ចប់​កិច្ច​ប្រជុំ​រយៈ​ពេល​បី​ថ្ងៃ​របស់​ពួកគេ​នៅ​ទីក្រុង​ម៉ាឌ្រីដ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ហើយ​សម្ព័ន្ធ​មិត្ត​សន្តិសុខ​លោក​ខាងលិច​នេះ​សម្រេច​ពង្រឹង​ការ​ការពារ​ប្រឆាំង​នឹង​អំពើ​គឃ្លើន​របស់​រុស្ស៊ី​ ក្រើន​រំឭកអំពី​បញ្ហា​ប្រឈម​ជា​សកល​ដែល​បង្ក​ឡើង​ដោយ​ប្រទេស​ចិន​ និង​អញ្ជើញ​ប្រទេស​អព្យាក្រឹត​ហ្វាំងឡង់ ​និង​ស៊ុយអែត​ឱ្យ​ចូល​រួម។​
  • ប្រទេស​បារាំង​បាន​ប្រកាស​ពីផែន​ការ​បញ្ជូន​ប្រព័ន្ធ​កាំភ្លើង​ធំ ​Caesar ​រយៈ​ចម្ងាយ​ឆ្ងាយ​បន្ថែម​ឱ្យ​ប្រទេស​អ៊ុយក្រែន ដែល​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា ​បាន​ដាក់​ពង្រាយ​ប្រព័ន្ធ​កាំភ្លើង​ធំ ​Caesar​ នេះ​នៅ​លើ​ឆ្នេរ​សមុទ្រ​ខ្មៅ​ក្បែរ​កោះពស់​ ដែល​កង​កម្លាំង​រុស្ស៊ី​បាន​បោះបង់​ចោល​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​បន្ទាប់​ពី​ការ​វាយ​ប្រហារ​របស់​អ៊ុយក្រែន​ម្តង​ហើយ​ម្តង​ទៀត។​
  • ប្រទេស​អាល្លឺម៉ង់​បាន​សន្យា​ថានឹង​ផ្តល់​រថក្រោះ​ប្រឆាំង​យន្តហោះ​ចំនួន​ ១៥​គ្រឿង​ឱ្យ​ប្រទេស​អ៊ុយក្រែន​ នៅ​ក្នុង​ខែ​កក្កដា​ បន្ទាប់ពី​មាន​ការ​ពន្យារ​ពេល​ម្តង​ហើយ​ម្តង​ទៀត​ ខណៈ​ពេល​ដែល​ប្រទេស​អេស្ប៉ាញ​កំពុង​ពិចារណា​ក្នុង​ការ​បញ្ជូន​រថក្រោះ ​Leopard​ ផលិត​ដោយ​អាល្លឺម៉ង់​ប្រមាណ ​៤០ ​គ្រឿង ទោះបីជា​យ៉ាងណា​រដ្ឋាភិបាល​ទីក្រុង​ប៊ែកឡាំង​មិន​ទាន់​សម្រេច​ជា​ចុង​ក្រោយ​ទេ។​
  • ប្រទេស​ប៉ូឡូញ​បាន​និយាយ​ថា​ ខ្លួន​បាន​ផ្គត់ផ្គង់​អាវុធ ​និង​សម្ភារៈ​យោធា​ដែល​មាន​តម្លៃ​ប្រមាណ​ ១,៧​ ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​អ៊ុយក្រែន​រួច​ហើយ​ រួមទាំង​រថក្រោះ ​T-72 ​សម័យ​សហភាព​សូវៀត ​រថក្រោះ​ និង​មីស៊ីល​បាញ់​ពីដី​ទៅ​អាកាស។​ ប្រទេស​ស្លូវ៉ាគី​បាន​បរិច្ចាគ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ S-300 ​របស់​ខ្លួន​ឱ្យ​ប្រទេស​អ៊ុយក្រែន​ក្នុង​ខែ​មេសា។​

រូបឯកសារ៖ ទាហានអ៊ុយក្រែនត្រៀមប្រយុទ្ធនៅក្បែរភូមិ Avdiivka ក្នុងតំបន់ Donetsk ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២២។
រូបឯកសារ៖ ទាហានអ៊ុយក្រែនត្រៀមប្រយុទ្ធនៅក្បែរភូមិ Avdiivka ក្នុងតំបន់ Donetsk ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២២។

  • ខណៈ​ពេល​ដែល​អង្គការ​អូតង់​មិន​បាន​ផ្គត់ផ្គង់​សព្វាវុធ​ធុនធ្ងន់ឱ្យ​ប្រទេស​អ៊ុយក្រែន​ក៏ដោយ ​ក៏​សម្ព័ន្ធ​មិត្ត​យោធា​លោក​សេរី​នេះ​បាន​យល់ព្រម​ផ្តល់​កញ្ចប់​ជំនួយ​យោធា​រយៈពេល​យូរ​សម្រាប់​ប្រទេស​អ៊ុយក្រែន​ នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​នៅ​ទីក្រុង​ម៉ាឌ្រីដ។​ លោក Jens Stoltenberg ​អគ្គ​លេខាធិការ​អង្គការ​អូតង់​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​នៅ​ទីក្រុង​ម៉ាឌ្រីដ​ថា​ ជំនួយ​នេះ​រួម​មាន​សារគមនាគមន៍​សន្តិសុខ ​ប្រេងឥន្ធនៈ​ ការ​ផ្គត់ផ្គង់​វេជ្ជសាស្រ្ត ​អាវក្រោះ​ ឧបករណ៍​សម្រាប់​ទប់ទល់​នឹង​មីន​ និង​ការ​គំរាម​កំហែង​ពី​អាវុធគីមី ​និង​ជីវសាស្រ្ត ​និង​ប្រព័ន្ធ​ប្រឆាំង​យន្តហោះ​គ្មាន​មនុស្ស​បើក​រាប់​រយ​គ្រឿង»។​
  • អតីត​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាមេរិក​ លោក ​Jim Mattis ​នៅ​ថ្ងៃ​សុក្រ​បាន​និយាយ​ប្រមាថ​ប្រធានាធិបតី​រុស្ស៊ី ​លោក​ Vladimir Putin​ ហើយ​បាន​ថ្កោលទោស​ការ​លុក​លុយ​របស់​លោក​លើ​អ៊ុយក្រែន​ថា ​«អសមត្ថ​ភាព»​ និង «ឆ្កួតលីលា»។​ ពេល​គេ​សួរ​អំពី​មេរៀន​សង្គ្រាម​នេះ​ លោកថា​ «កុំ​ឱ្យ​មេទ័ព​គ្មាន​សមត្ថភាព​ទទួល​បន្ទុក​ប្រតិបត្តិការ​របស់​អ្នក»។​
  • ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​រុស្ស៊ី​លើ​តំបន់ ​Odesa ​របស់​អ៊ុយក្រែន​ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​សុក្រ​ បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ ១៧ ​នាក់។ ​មនុស្ស​រាប់សិប​នាក់​បាន​រង​របួស។ ​យ៉ាងហោច​ណាស់​ គោលដៅ​មួយ​គឺ​ជា​អគារ​លំនៅដ្ឋាន។​ ក្រសួង​ការពារជាតិ​រុស្ស៊ី​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ខ្លួន​បាន​ដក​ថយ​ពី​កោះពស់​របស់​អ៊ុយក្រែន​ «ជា​និមិត្ត​រូប​នៃ​សុច្ឆន្ទៈ» បន្ទាប់​ពី​បញ្ចប់​បេសក​កម្ម​នៅ​ទីនោះ។​
  • ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក ​Joko Widodo ​ដែល​ជា​ប្រធាន​ប្តូរវេន​នៃ​ក្រុម​ប្រទេស​អ្នកមាន​ និង​ប្រទេស​សេដ្ឋកិច្ច​ជឿន​លឿន​ចំនួន​ ២០ ហៅថា G-20 ​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​អ៊ុយក្រែន​ និង​រុស្ស៊ី​ដើម្បី​ជួប​ជាមួយ​មេ​ដឹកនាំ​ប្រទេស​ទាំង​ពីរនេះ​ដែលកំពុង​ច្បាំងគ្នា​ បន្ទាប់ពី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​របស់​ក្រុម​ប្រទេស​ឧស្សាហម្ម​ជឿនលឿន​ចំនួន​ ៧​ (G7)​នៅ​ប្រទេស​អាល្លឺម៉ង់។ ​នេះបើតាម​ទីភ្នាក់ងារ​សារព័ត៌មាន​(AP)។​
  • នៅ​ពេល​សង្រ្គាម​កំពុង​បន្ត​នៅ​អ៊ុយក្រែន​ សហគមន៍​ដែល​រង​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ដំណាក់​កាល​ដំបូង​នៃ​ការ​លុកលុយ​កំពុង​ចាប់​ផ្តើម​កសាង​ឡើង​វិញដូចជាភូមិ​ Yahidne​ នៅ​តំបន់​ Chernihiv​ ភាគ​ខាង​ជើង​កំពុង​មាន​ជីវិត​ឡើង​វិញ​ជា​បណ្តើរៗ​ ប៉ុន្មាន​ខែ​បន្ទាប់​ពី​ទាហាន​រុស្ស៊ី​បាន​ដកថយ។ នេះបើតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ AP។​

រូបឯកសារ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ថ្លែងតាមវីដេអូនៅក្នុងកិច្ចប្រជុំកំពូល G-7 នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២២។
រូបឯកសារ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ថ្លែងតាមវីដេអូនៅក្នុងកិច្ចប្រជុំកំពូល G-7 នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២២។

  • ប្រធានាធិបតី​តួកគី​លោក​ Recep Tayyip Erdogan ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ប្រាប់​ប្រទេស​ស៊ុយអែត​ និង​ហ្វាំងឡង់​ថា​ លោក​នៅតែ​អាច​រារាំង​មិន​ឱ្យ​ប្រទេស​ពីរ​នេះ​ចូលរួម​ជាមួយ​អង្គការ​អូតង់​ ​បើ​ប្រទេស​ទាំងពីរ​នេះ​មិន​អនុវត្ត​កិច្ច​ព្រមព្រៀងថ្មីជា​មួយ​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា។ ​លោក ​ Erdogan ​បាន​ចេញ​ការ​ព្រមាន​ចំៗ​នៅ​ពេល​បញ្ចប់​កិច្ច​ប្រជុំ​កំពូល​អូតង់។ នេះបើតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ AFP។​
  • ខណៈ​ដែល​មេ​ដឹកនាំ​អូតង់​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ម៉ាឌ្រីដ​ក្នុង​សប្តាហ៍​នេះ​ ប្រទេស​អ៊ុយក្រែន​បាន​ទាមទារ​អាវុធ​ធុនធ្ងន់​ថ្មី​ដើម្បី​កម្ចាត់​ការ​ឈ្លានពាន​របស់​រុស្ស៊ី។​ ថ្លែង​ទៅ​កាន់​មេ​ដឹកនាំ​អូតង់​តាម​វីដេអូ​ កាលពី​ថ្ងៃ​ពុធ​ ប្រធានាធិបតី​អ៊ុយក្រែន ​លោក​ Volodymyr Zelenskyy ​បាន​និយាយ​ថា ​លោក​ត្រូវការ​ជា​បន្ទាន់​នូវ​អាវុធ​ទំនើបៗ​បន្ថែម​ទៀត។​
  • ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​លោក​ Joe Biden ​បាន​និយាយ​ថា​ កញ្ចប់​ជំនួយ​យោធា​ថ្មី​កំពុង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន។ ​លោក​Biden​ បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​នៅ​ទីក្រុង​ ម៉ាឌ្រីដ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ «ជាថ្មី​ម្តង​ទៀត​សហ​រដ្ឋ​អា​មេរិក​នាំមុខ។​ យើង​បាន​ផ្តល់​ជំនួយ​សន្តិសុខ​ជិត​៧​ពាន់​លាន​ដុល្លារ​ដល់​អ៊ុយក្រែន ​ចាប់​តាំង​ពី​ខ្ញុំ​ឡើង​កាន់​តំណែង»។​
  • សហ​រដ្ឋអាមេរិក​និង​ចក្រភព​អង់គ្លេស​បាន​ផ្គត់ផ្គង់​ប្រព័ន្ធ​ពហុ​រ៉ុក្កែត​បាញ់​បង្ហោះ​(MLRS)​ ដល់​ប្រទេស​អ៊ុយក្រែន។​ នៅ​ប្រទេស​អង់គ្លេស​ក្នុង​សប្តាហ៍​នេះ ​ទាហាន​អ៊ុយក្រែន​ជាង​ ៤៥០​ នាក់​បាន​បញ្ចប់​ការ​ហ្វឹកហ្វឺន​ប្រើ​ប្រព័ន្ធ​ទាំង​នេះ​ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ មាន​សារៈ​សំខាន់​ក្នុង​ការ​ទប់ទល់​នឹង​កាំភ្លើង​ធំ​របស់​រុស្ស៊ី។​
  • ចក្រភព​អង់គ្លេស​បាន​សន្យា​ផ្តល់​ជំនួយ​យោធា​បន្ថែម​ចំនួន​ ១,៣​ ពាន់លាន​ដុល្លារ​សម្រាប់​ប្រទេស​អ៊ុយក្រែន​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​ ដោយ​បង្កើន​ការ​រួម​ចំណែក​សរុប​របស់​អង់គ្លេស​ដល់ ២,៨​ ពាន់​លាន​ដុល្លារ​គឺ​ច្រើន​បំផុត​ ទីពីរ​បន្ទាប់​ពី​សហ​រដ្ឋ​អាមេរិក។​ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក​ Boris Johnson ​បាន​និយាយ​ថា​ វា​មាន​សារៈ​សំខាន់​ណាស់​ដែល​ដៃគូ​លោក​ខាងលិច​ផ្សេង​ទៀត​ បង្កើន​ការ​គាំទ្រ​ដល់​ប្រទេស​អ៊ុយក្រែន៕

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG