២១:២៣
២៣.៦.២០២២
ថ្ងៃពុធ ទី២២ ខែមិថុនា៖
- រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនបាននិយាយថា អ៊ុយក្រែនបានទទួលជំនួយរបស់សហរដ្ឋអាមេរិកដែលមានប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តកម្រិតខ្ពស់ (HIMARS)។ ប្រព័ន្ធដែលបំពាក់លើរថយន្តនេះអាចផ្ទុកគ្រាប់រ៉ុក្កែតបានចំនួនប្រាំមួយគ្រាប់ដែលអាចបាញ់បានចម្ងាយប្រហែល៧០ គីឡូម៉ែត្រ។ កាលពីដើមខែនេះ សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនកំពុងបញ្ជូនជំនួយយោធាចំនួន១ពាន់លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន។ នោះជាការផ្តល់អាវុធ និងឧបករណ៍ធំបំផុតលើកទី១២របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលមានបំណងប្រឈមមុខនឹងការជំរុលទៅមុខយឺតៗរបស់រុស្ស៊ី នៅតំបន់ Donbas ដែលនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន។
- វិទ្យុអឺរ់ុបសេរី / វិទ្យុសេរីភាព (RFE/RL) បានរាយការណ៍ថា ក្រុមហ៊ុនសម្លៀកបំពាក់កីឡាដ៏ធំរបស់អាមេរិកាំងម៉ាក Nike និយាយថា ខ្លួនចាកចេញពីទីផ្សាររុស្ស៊ីទាំងស្រុងក្នុងរយៈពេលបីខែបន្ទាប់ពីការផ្អាកប្រតិបត្តិការនៅក្នុងប្រទេសនេះ។ ក្រុមហ៊ុន Nike បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងចូលរួមជាមួយយីហោលោកខាងលិចសំខាន់ៗផ្សេងទៀតក្នុងការចាកចេញពីទីផ្សាររុស្ស៊ី ដោយសារការចូលឈ្លានពានរបស់រដ្ឋាភិបាលក្រុងម៉ូស្គូទៅលើអ៊ុយក្រែន ដោយគ្មានការបង្កហេតុ។
- វិទ្យុអឺរ់ុបសេរី / វិទ្យុសេរីភាព (RFE/RL) បានរាយការណ៍ដោយស្រង់សម្តីមន្ត្រីក្នុងតំបន់ Luhansk កាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរុស្ស៊ីបានវាយយកបានកន្លែងតាំងលំនៅចំនួនពីរនៅភាគខាងត្បូងនៃទីក្រុង Lysychansk ដ៏សំខាន់ក្នុងតំបន់ Donbas ខណៈដែលពួកគេបានបន្តការវាយលុកមួយក្នុងគោលបំណងកាត់ផ្តាច់ទាំងស្រុងនូវការតស៊ូរបស់អ៊ុយក្រែននៅក្នុងតំបន់ Luhansk។ ក្រសួងការពារជាតិអង់គ្លេសបាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានចារកម្មប្រចាំថ្ងៃរបស់ខ្លួនថា ការធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការយោធារបស់រុស្ស៊ីនៅក្នុងតំបន់ Lysychansk និងទីក្រុងភ្លោះ Syevyerodonetsk ទំនងជាលទ្ធផលនៃការពង្រឹងកងទ័ពនាពេលថ្មីៗនេះ និងការប្រើប្រាស់កាំភ្លើងធំច្រើន។ អភិបាលយោធានៃតំបន់ Luhansk លោក Serhiy Hayday បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ភូមិ Loskutyvka និង Rai-Oleksandryvka នៅភាគខាងត្បូងនៃទីក្រុង Lysychansk និង Syevyerodonetsk បានធ្លាក់ទៅរុស្ស៊ី ប៉ុន្តែលោកបានបន្ថែមថា កងកម្លាំងអ៊ុយក្រែននៅតែបន្តទប់ទល់នៅទីក្រុងSyevyerodonetsk និងកន្លែងតាំងលំនៅនៅ Zolote និង Vovchoyrovka ដែលនៅក្បែរនោះ។
- អ៊ុយក្រែនរំពឹងថា នឹងបើកសវនាការបឋមនៅថ្ងៃព្រហស្បតិ៍ដើម្បីកាត់ទោសទាហានរុស្ស៊ីដែលត្រូវបានចោទប្រកាន់ពីបទរំលោភស្ត្រីអ៊ុយក្រែនម្នាក់ក្នុងអំឡុងពេលការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។ ជនសង្ស័យឈ្មោះ Mikhail Romanov អាយុ៣២ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទឃាតកម្មលើជនស៊ីវិលនៅក្នុងតំបន់ជុំវិញទីក្រុងកៀវ ហើយបន្ទាប់មកបានរំលោភប្រពន្ធរបស់បុរសនោះម្តងហើយម្តងទៀត។ ទាហាននោះមិនស្ថិតក្នុងមន្ទីរឃុំឃាំងរបស់អ៊ុយក្រែនទេ ហើយនឹងត្រូវកាត់ទោសកំបាំងមុខ។
- ទីតាំងវប្បធម៌ និងប្រវត្តិសាស្ត្រជាង១៥២ត្រូវបានខូចខាត ឬបំផ្លាញចាប់តាំងពីកងកម្លាំងរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានបារាំង AFP។ សំណង់ដែលខូច ឬបំផ្លាញនោះរួមមាន សារមន្ទីរ វិមាន ព្រះវិហារ និងបណ្ណាល័យ។
- ទីភ្នាក់ងារព័ត៌មាន The Associated Press កត់សម្គាល់ថា កិច្ចប្រជុំកំពូលចំនួនបីនៅសប្តាហ៍ក្រោយនឹងសាកល្បងការប្តេជ្ញាចិត្តរបស់បស្ចិមប្រទេសក្នុងការគាំទ្រអ៊ុយក្រែន៖ មេដឹកនាំសហភាពអឺរ៉ុបនឹងជួបប្រជុំគ្នានៅទីក្រុងព្រុចសែល ដើម្បីពិចារណាបេក្ខភាពអ៊ុយក្រែនជាសមាជិកសហភាពអឺរ៉ុប។ ក្រុមប្រទេសមហាអំណាចសេដ្ឋកិច្ចឈានមុខគេទាំងប្រាំពីរនឹងរៀបចំកិច្ចប្រជុំកំពូលប្រចាំឆ្នាំនៅក្នុងប្រទេសអាល្លឺម៉ង់។ បន្ទាប់ពីនោះ មេដឹកនាំអូតង់នឹងជួបជុំគ្នានៅទីក្រុងម៉ាឌ្រីដ។
- កាសែត The New York Times រាយការណ៍ថា ទាំងកងកម្លាំងអ៊ុយក្រែន និងរុស្ស៊ីកាន់តែនឿយហត់ នៅពេលដែលពួកគេប្រយុទ្ធដណ្តើមទីក្រុង Sievierodonetsk និង Lysychansk។ លោក Mick Ryan ឧត្តមសេនីយ៍អូស្ត្រាលីចូលនិវត្តន៍ និងជាមេបញ្ជាការនៃមហាវិទ្យាល័យការពារជាតិអូស្ត្រាលី បានសរសេរក្នុងការវិភាគថ្មីៗនេះថា «មានភស្តុតាងដែលថា ភាគីទាំងពីរ ជិតអស់កម្លាំង ដោយសារចំនួនអ្នកស្លាប់បាត់បង់ជីវិត និងការចំណាយគ្រាប់រំសេវច្រើន។ ទំនងណាស់ថា ប្រតិបត្តិការនឹងផ្អាកនៅខែក្រោយ ឬពីរខែទៀត»។
- ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី Tass បានឱ្យដឹងថា ពលរដ្ឋអង់គ្លេសពីរនាក់ដែលត្រូវបានចាប់ខ្លួនដោយកងកម្លាំងរុស្ស៊ីនឹងប្តឹងឧទ្ធរណ៍ចំពោះការកាត់ទោសប្រហារជីវិតរបស់ពួកគេ។ លោក Shaun Pinner និងលោក Aiden Aslin បានជួយកងកម្លាំងអ៊ុយក្រែនក្នុងការប្រយុទ្ធនៅទីក្រុងMariupol នៅពេលដែលពួកគេត្រូវបានចាប់ខ្លួន ហើយក្រោយមកត្រូវបានកាត់ទោសនៅក្នុងតុលាការក្នុងសាធារណរដ្ឋប្រជាមានិត Donetsk ដែលជារដ្ឋបំបែកខ្លួនគាំទ្រដោយរុស្ស៊ី។
- នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានប្រាប់ក្រុមបណ្តាញព័ត៌មានអឺរ៉ុបថា ចារកម្មអង់គ្លេសជឿថា រុស្ស៊ីអាចបាត់បង់សន្ទុះក្នុងការប្រយុទ្ធក្នុងប៉ុន្មានខែខាងមុខ ដោយសារធនធានរបស់ខ្លួនត្រូវបានបាត់បង់នៅក្នុងសង្គ្រាមដែលមានការបាញ់ផ្លោងយ៉ាងធ្ងន់ធ្ងរ និងការស្លាប់បាត់បង់ជីវិតច្រើន។ អ្នកការទូតអឺរ៉ុបម្នាក់បានប្រាប់កាសែត The Washington Post ថា កងកម្លាំងរបស់ទីក្រុងមូស្គូអាចនឹងអស់កម្លាំងនៅប្រហែលខែសីហា។
- មេដឹកនាំនៃប្រទេសអេស្តូនី បាននិយាយកាលពីថ្ងៃពុធថា សមត្ថភាពយោធារបស់រុស្ស៊ីមិនទាន់អស់ទេ ហើយមិនគួរមើលស្រាលឡើយ។ អ្នកស្រី Kaja Kallas នាយករដ្ឋមន្ត្រីរបស់អេស្តូនីបាននិយាយដូចនេះនៅមុនកិច្ចប្រជុំកំពូលរបស់អង្គការអូតង់។ អ្នកស្រីបានបន្ថែមប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ថា៖ «ខ្ញុំបានឮការពិភាក្សាថា គ្មានការគំរាមកំហែងទៀតទេ ពីព្រោះពួកគេបានអស់កម្លាំង។ ទេ ពួកគេមិនទាន់អស់កម្លាំងទេ»៕
១៩:៥៣
២៤.៦.២០២២
ថ្ងៃសុក្រ ទី ២៤ ខែមិថុនា៖
- ប្រធានាធិបតីអ៊ុយក្រែនលោកVolodymyr Zelenskyy កាលពីថ្ងៃសុក្របានបង្ហាញខ្លួននៅក្នុងមហោស្រពតន្ត្រី Glastonbury ដោយបានថ្លែងជំរុញឲ្យអ្នកចូលរួមមហោស្រពនេះសាមគ្គីគ្នាដើម្បីព្យាយាមបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែន។ លោក Zelenskyy បានថ្លែងជាភាសាអង់គ្លេសនៅក្នុងសារជាវីដេអូដែលត្រូវបានថតទុកជាមុនទៅកាន់មនុស្សរាប់ពាន់នាក់ដែលបានចូលរួមមហោស្រពតន្ត្រីនេះនៅទីក្រុង Worthy Farm ភាគនិរតីនៃប្រទេសអង់គ្លេស ។ លោកបានថ្លែងក្នុងសម្លៀកបំពាក់អាវយឺតទាហានរបស់លោកថា៖ «រុស្ស៊ីបានប្លន់យកសន្តិភាពរបស់យើង»។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ ងារព័ត៌មានបារាំង AFP។
- ជាថ្មីម្តងទៀត ចំនួនជនជាតិអ៊ុយក្រែនដែលបានឆ្លងកាត់ព្រំដែនចូលប្រទេសប៉ូឡូញបានកើនច្រើនជាងចំនួនជនជាតិអ៊ុយក្រែនដែលបានចាកចេញពីប៉ូឡូញទៅកាន់ប្រទេសអ៊ុយក្រែនវិញដែលខុសគ្នាកាលពីមួយខែមុន។ នេះបើយោងតាមទិន្នន័យរបស់ប៉ូឡូញកាលពីថ្ងៃសុក្រ។ យោងតាមអាជ្ញាធរព្រំដែនប៉ូឡូញបានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជនជាតិអ៊ុយក្រែនជាមធ្យមជាង ៣ ពាន់នាក់បានចូលក្នុងប្រទេសប៉ូឡូញ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- ប្រទេសប៉ូឡូញកំពុងទទួលបានកម្ចីជាថវិកាចំនួន ៤៥០ លានអឺរ៉ូ (៤៧៤លានដុល្លារអាមេរិក)ពីធនាគារមួយដែលមានទំនាក់ទំនងជាមួយនឹងក្រុមការពារសិទ្ធិមនុស្សមួយរបស់អឺរ៉ុបដើម្បីជួយប៉ូឡូញទប់ទល់នឹងការហូរចូលនៃជនភៀសខ្លួនដែលបានភៀសខ្លួនពីប្រទេសអ៊ុយក្រែន ដោយសារតែការឈ្លានពានរបស់រុស្ស៊ី។ ប៉ូឡូញនិងក្រុម ប្រឹក្សានៃធនាគារអភិវឌ្ឍអឺរ៉ុបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចីនេះកាលពីថ្ងៃសុក្រ។ ចាប់តាំងពីខែកុម្ភៈមក ជនភៀសខ្លួនប្រមាណ ៤ លាន ៣ សែននាក់បានឆ្លងព្រំដែនចូលប្រទេសប៉ូឡូញ បន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមឈ្លានពានលើអ៊ុយក្រែន។ ប៉ូឡូញកំពុងផ្តល់ទីជម្រក កិច្ចគាំពារផ្នែកសុខាភិបាលនិងសង្គមនិងឱកាសទទួលបានការអប់រំនិងការងារដល់ជនភៀសខ្លួនទាំងអស់នេះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន The Associated Press។
- មជ្ឈមណ្ឌលកីឡាមួយនៅទីក្រុង Kharkiv ត្រូវបានបំផ្លាញយ៉ាងដំណំ ក្រោយពីរងការវាយប្រហារកាលពីយប់ថ្ងៃព្រហស្បតិ៍។ យោងតាមមន្ត្រីអ៊ុយក្រែនកាលពីថ្ងៃសុក្រ ក្លឹបពហុកីឡាដ្ឋានKharkiv បានត្រូវកាំជ្រួចមីស៊ីលចំនួន២គ្រាប់ ដែលបានបង្កឱ្យមានអគ្គិភ័យហើយអគារនេះស្ទើរតែខូចខាតទាំងស្រុង។ ករណីស្លាប់ឬរងរបួសមិនទាន់ត្រូវបានរាយការណ៍នៅឡើយទេ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន The Associated Press។
- ទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ កំពុងព្រួយបារម្ភយ៉ាងខ្លាំងឡើងអំពីស្ថានភាពរបស់បុគ្គលិកអ៊ុយក្រែននៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅអ៊ុយក្រែនដែលកំពុងគ្រប់គ្រងដោយទាហានរុស្ស៊ី។ ទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិ IAEA បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃ សុក្រថា៖ «ទីភ្នាក់ងារIAEA បានដឹងអំពីសេចក្តីរាយការណ៍ថ្មីៗនៅក្នុងសារព័ត៌មាននិងតាមទីកន្លែងផ្សេងៗទៀត ដែលបង្ហាញពីស្ថានភាពដុនដាបទៅៗរបស់បុគ្គលិកអ៊ុយក្រែននៅរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបង្អស់នៅក្នុងប្រទេសអ៊ុយក្រែន»។ ទីភ្នាក់ងារនោះបានបន្ថែមថា ខ្លួនចាំបាច់ធ្វើដំណើរទៅកាន់រោងចក្រនោះឲ្យបានឆាប់តាមតែអាចធ្វើបាន។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- រុស្ស៊ីកំពុងតែធ្វើឲ្យមានអសន្តិសុខចំណីអាហារកាន់តែធ្ងន់ធ្ងរទៅ ដោយការវាយប្រ ហារដោយគ្រាប់បែកនិងបិទច្រកចេញចូលលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួននៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រុមរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ ហៅថា G-7 កាលពីថ្ងៃសុក្រ។ ក្រុមរដ្ឋមន្ត្រីទាំងនេះបានអំពាវនាវឲ្យរដ្ឋាភិបាលរុស្ស៊ី «បញ្ឈប់សកម្មភាពវាយប្រហាររបស់ខ្លួន ហើយបានគំរាមចាត់វិធានការ ហើយឲ្យរស្ស៊ីបើកច្រកកំពង់ផែនានានៅតំបន់សមុទ្រខ្មៅក្នុងប្រទេសអ៊ុយក្រែន សម្រាប់ការនាំចេញចំណីអាហារ»។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov បានឲ្យដឹងកាលពីថ្ងៃសុក្រថា ក្រុមអ្នកប្រយុទ្ធអ៊ុយក្រែនប្រមាណ ២ ពាន់នាក់កំពុង «ជាប់គាំង» នៅក្នុងតំបន់ Hirske ដែលស្ថិតចម្ងាយ ២០ គីឡូម៉ែត្រពីភាគខាងត្បូងនៃទីក្រុង Sievierodonetsk។ អ្នកនាំពាក្យរូបនេះបានអះអាងថា អ្នកជាប់គាំងនៅទីនោះ រួមមានទាហានអ៊ុយក្រែនចំនួន ១.៨០០ នាក់និងទាហានស៊ីឈ្នួលបរទេសចំនួន ៨០ នាក់ រួមទាំងក្រុមអ្នកប្រយុទ្ធ «Right Sector»។ ទីភ្នាក់ងារព័ត៌មាន The Associated Press មិនមានមធ្យោបាយដើម្បីបញ្ជាក់ពីការលើកឡើងរបស់អ្នកនាំពាក្យរុស្ស៊ីបានទេ ហើយលោក Igor Konashenkov ក៏មិនបានផ្តល់ភស្តុតាង ឬព័ត៌មានលម្អិតផ្សេងទៀតដែរ។
- លោក Serhiy Gaidai អភិបាលតំបន់ Luhansk បានឲ្យដឹងថា កងកម្លាំងយោធាអ៊ុយក្រែននឹងត្រូវចាកចេញពីទីក្រុង Sievierodonetsk។ លោកថា កងទ័ពបានទទួលបញ្ជាឲ្យចាកចេញពីទីតាំងនេះ ហើយផ្លាស់ទៅទីតាំងថ្មី ក៏ប៉ុន្តែអភិបាលតំបន់រូបនេះមិនបានបញ្ជាក់ថាតើកងយោធាអ៊ុយក្រែនបានចាកចេញពីទីក្រុង Sievierodonetsk រួចហើយឬក៏យ៉ាងណានោះទេ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋាភិបាលរុស្ស៊ីបានឲ្យដឹងនៅថ្ងៃសុក្រថា សេចក្តីសម្រេចរបស់សហភាពអឺរ៉ុបក្នុងការផ្តល់ឲ្យប្រទេសអ៊ុយក្រែននូវឋានៈជាសមាជិកនៃសហភាពអឺរ៉ុបជាផ្លូវការ គឺជាបញ្ហា«ផ្ទៃក្នុង»។ រុស្ស៊ីបានកំពុងធ្វើប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។ លោក Dmitry Peskov អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ី បានប្រាប់អ្នកសារព័ត៌មានថា៖ «ទាំងនេះជាកិច្ចការផ្ទៃក្នុងរបស់សហភាពអឺរ៉ុប។ វាសំខាន់សម្រាប់យើងដែលដំណើរការនេះមិននាំមកនូវបញ្ហាថែមទៀតដល់រុស្ស៊ី និងបញ្ហាឯទៀតៗដល់ទំនាក់ទំនងរបស់រុស្ស៊ីជាមួយប្រទេសទាំងអស់នោះ»។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានបារាំង AFP។
- កាលពីព្រឹកថ្ងៃសុក្រ មន្ត្រីអ៊ុយក្រែនក្នុងតំបន់ម្នាក់បានថ្លែងតាមទូរទស្សន៍ថា ស្រុកមួយដែលស្ថិតនៅភាគខាងត្បូងនៃទីក្រុង Lysychansk ក្នុងតំបន់ Luhansk ត្រូវបានកងកម្លាំងយោធារុស្ស៊ី «ក្តោបក្តាប់ទាំងស្រុង»។ ទីក្រុង Lysychansk ជាទីក្រុងដ៏ធំចុងក្រោយបង្អស់មួយដែលអ៊ុយក្រែនបានកាន់កាប់នៅក្នុងតំបន់ Luhansk។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- អាជ្ញាធរក្នុងតំបន់បានឲ្យដឹងនៅថ្ងៃសុក្រថា មន្ត្រីដែលតែងតាំងដោយរដ្ឋាភិបាលរុស្ស៊ីនៅតំបន់ Kherson ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែនបានស្លាប់នៅក្នុងករណីផ្ទុះមួយ។ នេះគឺជាករណីវាយប្រហារជាបន្តបន្ទាប់លើក្រុមមន្ត្រីដែលគាំទ្ររដ្ឋាភិបាលរស្ស៊ីនៅក្នុងតំបន់នានានៃប្រទេសអ៊ុយក្រែន ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ ហើយនេះគឺជាករណីសម្លាប់ដំបូងគេនៃមន្ត្រីដែលគាំទ្ររដ្ឋាភិបាលរុស្ស៊ីនៅក្នុងករណីវាយប្រហារនេះ ដែលត្រូវបានបញ្ជាក់។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- អាជ្ញាធរនៅក្នុងទីប្រជុំជន Derhachi ភាគពាយព្យនៃទីក្រុង Kharkiv បានឲ្យដឹងថា ការបាញ់ផ្តក់យ៉ាងពេញទំហឹងរបស់ទាហានរុស្ស៊ីបានកាត់ផ្តាច់បណ្តាញផ្គត់ផ្គង់ឧស្ម័នធម្មជាតិនិងអគ្គិសនីនៅក្នុងទីប្រជុំជននោះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- មន្ត្រីយោធាអ៊ុយក្រែនបានឲ្យដឹងថា នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន កាំជ្រួចមី ស៊ីលចំនួន ៣ គ្រាប់បានបាញ់ចំទីក្រុងកំពង់ផែ Mykolaiv កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលកាំជ្រួចមីស៊ីល ២ គ្រាប់ទៀតបានបាញ់ចំតំបន់ក្បែរទីក្រុង Odesa។ ទីភ្នាក់ងារព័ត៌ មាន Reuters មិនអាចបញ្ជាក់ដោយឯករាជ្យលើសេចក្តីរាយការណ៍ស្តីពីស្ថានភាពនៅតំបន់នោះបានទេ។
- កាលពីថ្ងៃព្រហស្បតិ៍ ក្រុមមន្ត្រីអាមេរិកបានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយផ្នែកសន្តិសុខជាទឹកប្រាក់ ៤៥០ លានដុល្លារបន្ថែមទៀតដល់ប្រទេសអ៊ុយក្រែន រួមទាំងប្រព័ន្ធរ៉ុក្កែតវង់ប្រតិបត្តិការឆ្ងាយទៀតផងដែរ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- ក្រុមរដ្ឋមន្ត្រីផ្នែកកសិកម្មនិងការអភិវឌ្ឍនិងមន្ត្រីការបរទេសមកពីបណ្តាប្រទេសជុំវិញពិភពលោកបានជួបប្រជុំពិភាក្សាគ្នានៅទីក្រុងប៊ែឡាំង ប្រទេសអាល្លឺម៉ង់ នៅថ្ងៃសុក្រ នៅក្នុងសន្និសីទស្តីពីសន្តិសុខចំណីអាហារ ខណៈមានក្តីព្រួយបារម្ភថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនអាចបង្កជាគ្រោះទុរភក្សនៅក្នុងប្រទេសមួយចំនួន។ តំណាងប្រទេសចំនួន៤០ រួមមានប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេដូចជា នីហ្សេរីយ៉ា ទុយនីស៊ី និងឥណ្ឌូណេស៊ី នឹងចូលរួមកិច្ចប្រជុំនេះ ដែលមានប្រធានបទថា «សាមគ្គី ភាពគ្នាដើម្បីសន្តិសុខចំណីអាហារសកលលោក» មុនកិច្ចប្រជុំកំពូលរបស់ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ ហៅថា G-7 នៅទីក្រុង Bavariaប្រទេសអាល្លឺ ម៉ង់ ដែលនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានAFP។
- ក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់កំពុងពិចារណាប្រែក្លាយតំបន់ខ្លះនៃបណ្តាញបំពង់បង្ហូរឧស្ម័នNord Stream 2 ទៅជាទីតាំងផ្សារភ្ជាប់ស្ថានីយឧស្ម័នធម្មជាតិរាវមួយនៅតំបន់ឆ្នេរសមុទ្របាល់ទិក។ នេះបើយោងតាមសេចក្តីរាយការណ៍របស់កាសែតអាល្លឺម៉ង់ Der Spiegel ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋាភិបាលរុស្ស៊ីថា ខ្លួនមិនអាចឆ្លើយតបនឹងសេចក្តីរាយការណ៍របស់កាសែតអាល្លឺម៉ង់ Der Spiegel ដែលបានលើកឡើងថា អាល្លឺម៉ង់កំពុងពិចារណាលើការកាត់ផ្តាច់បណ្តាញបំពង់បង្ហូរប្រេង Nord Stream 2 នោះទេ។ យ៉ាងណាមិញ លោក Dmitry Peskov អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ី បានថ្លែងថា បើសិនជាអាល្លឺម៉ង់ចាត់វិធានការជាក់ស្តែងលើការកាត់ផ្តាច់តំបន់បង្ហូរប្រេងមែននោះ កិច្ចការដំបូងដែលរុស្ស៊ីត្រូវធ្វើ គឺឲ្យក្រុមមេធាវីចាត់ចែងលើកិច្ចការនេះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានព្រមានថា ពិភពលោកនឹងប្រឈម «គ្រោះមហន្តរាយ» ដោយសារតែកង្វះខាតចំណីអាហារនៅជុំវិញពិភពលោក។ លោកបានឲ្យដឹងថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនបានបង្កឲ្យមាន «វិបត្តិភាពអត់ឃ្លានសកលលោកដែលមិនធ្លាប់មានពីមុន» ដែលកំពុងតែបង្កផលប៉ះពាល់ដល់មនុស្សរាប់លាននាក់រួចទៅហើយ។ លោកបានថ្លែងទៀតថា ពិភពលោកប្រឈម «ហានិភ័យពិតប្រាកដដែលនឹងប្រកាសនៅឆ្នាំ ២០២២ នេះ» ហើយថា «ឆ្នាំ ២០២៣ អាចនឹងធ្ងន់ធ្ងរជាងនេះ»។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន The Associated Press៕
២១:០៣
២៦.៦.២០២២
ថ្ងៃអាទិត្យ ទី ២៦ ខែមិថុនា៖
- ការវាយប្រហារដោយកាំជ្រួចមីស៊ីលរបស់រុស្ស៊ី នៅព្រឹកថ្ងៃអាទិត្យ នេះបានបាញ់ចំសំណង់អគារលំនៅដ្ឋានជាច្រើនខ្នង នៅរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន ដោយបណ្តាលឲ្យមនុស្សមួយចំនួនជាប់គាំងក្រោមកម្ទេចកម្ទីអគារ និងយ៉ាងហោចណាស់ មនុស្ស ៤ នាក់បានរងរបួសហើយត្រូវបានជួយសង្គ្រោះទៅមន្ទីរពេទ្យ។ នេះបើយោងតាមការលើកឡើងរបស់អភិបាលក្រុងនេះ។ ករណីផ្ទុះចំនួនបួននេះបានកើតឡើងនៅវេលាម៉ោង ៦ៈ៣០ នាទីព្រឹកថ្ងៃអាទិត្យម៉ោងនៅអ៊ុយក្រែនគឺ កន្លះម៉ោងបន្ទាប់ពីស៊ីរ៉ែនប្រកាសអាសន្នអំពីការវាយប្រហារតាមអាកាសត្រូវបានពន្លឺឡើងនៅទូទាំងក្រុងនេះ។ អភិបាលក្រុងកៀវលោក Vitali Klitschko បានឲ្យដឹងថា ក្នុងចំណោមអ្នករបួស៤នាក់នេះរួមមានក្មេងស្រីអាយុ ៧ ឆ្នាំម្នាក់ផងដែរ។ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មាន AFP។
- ក្រោយពីរុស្ស៊ីធ្វើការវាយប្រហារទីក្រុងកៀវជាលើកទីមួយក្នុងរយៈពេលបីសប្តាហ៍មកនេះ ប្រទេសអ៊ុយក្រែនបានអំពាវនាវសុំការគាំទ្រពីមេដឹកនាំនៃប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង ៧ ហៅថា G-7 ដែលជួបប្រជុំគ្នានៅប្រទេសអាល្លឺម៉ង់។ ការវាយប្រហាររបស់រុស្ស៊ីបានកើតឡើងនៅតំបន់ទីប្រជុំជនមួយ ក្បែររោងចក្រស្តុកអាវុធមួយ។ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មាន AFP។
- ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងនៅថ្ងៃអាទិត្យថា ខ្លួនបានប្រើអាវុធបាញ់ចំគោលដៅដ៏មានប្រសិទ្ធភាពខ្ពស់ ដើម្បីវាយប្រហារលើមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាអ៊ុយក្រែននៅតំបន់ Chernihiv, Zhytomyr និង Lviv ក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍ព័ត៌មានរុស្ស៊ី ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters។
- ក្រសួងការពារជាតិរុស្ស៊ីឱ្យដឹងថា រដ្ឋមន្ត្រីរបស់ខ្លួនគឺលោក Sergei Shoigu បានចុះពិនិត្យកងយោធារុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិរុស្ស៊ីបានលើកឡើងថា៖ «នៅឯបញ្ជាការដ្ឋានរបស់កងយោធារុស្ស៊ី លោក Sergei Shoigu បានស្តាប់សេចក្តីរាយការណ៍ពីមេបញ្ជាការអំពីស្ថានភាពបច្ចុប្បន្ននិងសកម្មភាពរបស់កងកម្លាំងរុស្ស៊ីនៅតំបន់ប្រតិបត្តិការសំខាន់ៗ»។ គេមិនទាន់អាចបញ្ជាក់នៅឡើយថាតើទស្សនកិច្ចរបស់រដ្ឋមន្ត្រីរូបនេះត្រូវបានធ្វើឡើងនៅថ្ងៃណានោះទេ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋាភិបាលអ៊ុយក្រែនបានអំពាវនាវឱ្យមេដឹកនាំនៃបណ្តាប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង ៧ ផ្តល់សព្វាវុធបន្ថែមទៀតដល់ប្រទេសអ៊ុយក្រែន ហើយដាក់ទណ្ឌកម្មបន្ថែមទៀតលើរដ្ឋាភិបាលរុស្ស៊ី។ ការអំពាវនាវនេះធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីរុស្ស៊ីបានវាយប្រហារដោយកាំជ្រួចមីស៊ីលលើទីក្រុងកៀវ នៅថ្ងៃអាទិត្យនេះ។ លោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានសរសេរជាសារបង្ហោះតាមបណ្តាញ Twitter ថា៖ «កិច្ចប្រជុំកំពូល G-7 ចាំបាច់ត្រូវតែឆ្លើយតបដោយដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ី ហើយផ្តល់អាវុធធុនធ្ងន់បន្ថែមទៀតដល់អ៊ុយក្រែន។ អំពើចក្រពត្តិនិយមដ៏ឆ្កួតរបស់រុស្ស៊ី ត្រូវតែបរាជ័យ»។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- កងទ័ពរុស្ស៊ីកំពុងតែស្វះស្វែងដណ្តើមយកទាំងមូលនូវតំបន់ចុងក្រោយបង្អស់មួួួយរបស់កងទ័ពអ៊ុយក្រែន នៅតំបន់ Luhansk ភាគខាងកើត ស្របពេលដែលពួកគេកំពុងបង្កើនសកម្មភាពប្រយុទ្ធដណ្តើមកាន់កាប់តំបន់ផ្សេងៗទៀត ក្រោយទាហានអ៊ុយក្រែនបានដកខ្លួនចេញពីទីក្រុង Sievierodonetsk ដែលរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ យោធារុស្ស៊ីបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ក្រុមផ្តាច់ខ្លួនពីអ៊ុយក្រែន គាំទ្រដោយរដ្ឋាភិបាលរុស្ស៊ី កំពុងគ្រប់គ្រងរោងចក្រគីមីទាំងស្រុង។ នេះជាតំបន់ចុងក្រោយបង្អស់ដែលទាហានអ៊ុយក្រែនបានកាន់កាប់នៅទីក្រុង Sievierodonetsk។ នេះ បើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន The Associated Press។
- នៅកិច្ចប្រជុំកំពូល G-7 នៅថ្ងៃអាទិត្យនេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានចាត់ទុកថា សកម្មភាពវាយប្រហារថ្មីៗរបស់រុស្ស៊ីលើទីក្រុងកៀវ ជាអំពើ «សាហាវព្រៃផ្សៃ»។ នៅកិច្ចប្រជុំកំពូលនេះនៅតំបន់ភ្នំ German Alps លោក Biden បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា «នេះគឺជាសកម្មភាពសាហាវព្រៃផ្សៃបន្ថែមទៀតរបស់រុស្ស៊ី»។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- លោក Biden បានកោតសរសើរអធិការបតីអាល្លឺម៉ង់លោក Olaf Scholz នូវការដឹកនាំរបស់លោក ក្នុងអំឡុងសង្គ្រាមរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន ហើយបានជំរុញឲ្យប្រទេសលោកខាងលិចបន្តសាមគ្គីគ្នា។ លោកបានប្រាប់លោក Olaf Scholz ថា៖ «យើងត្រូវតែសាមគ្គីគ្នាតទៅទៀត»។ លោកបន្តថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានរំពឹងថា «អង្គការអូតង់និង G-7 នឹងបែកបាក់គ្នា។ ប៉ុន្តែយើងមិនបានបែកបាក់ទេ ហើយយើងនឹងមិនបែកបាក់គ្នាឡើយ»។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo ដែលគេស្គាល់ជាទូទៅ ថា Jokowi បានថ្លែងនៅថ្ងៃអាទិត្យនេះ ថា លោកនឹងជំរុញឲ្យសមភាគីរុស្ស៊ីនិងអ៊ុយក្រែនបើកឱកាសដើម្បីឲ្យមានការពិភាក្សាគ្នាក្នុងអំឡុងបេសកកម្មកសាងសន្តិភាពមួយ ហើយក៏បានស្នើឲ្យប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បញ្ជាឲ្យមានការបទឈប់បាញ់ភ្លាមៗ។ មុនពេលធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូល G-7 នៅប្រទេសអាល្លឺម៉ង់ លោក បានថ្លែងថា «សង្គ្រាមត្រូវតែបញ្ចប់ ហើយសង្វាក់ផ្គត់ផ្គង់ចំណីអាហារសកលត្រូវតែដំណើរការឡើងវិញ»។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- សមាជិកនៃប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង ៧នៅថ្ងៃអាទិត្យ នេះបានប្រកាសបំរាមហាមការនាំមាសពីរុស្ស៊ី។ ការថ្លែងនេះធ្វើឡើងក្នុងកិច្ចប្រជុំកំពូល G-7 ចាប់ផ្តើមនៅតំបន់ជួរភ្នំ Bavarian Alps ក្នុងប្រទេសអាល្លឺម៉ង់ គ្រាសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែនកំពុងបន្ត ហើយផលប៉ះពាល់នៃសង្គ្រាមនេះកំពុងបង្កឲ្យមានការខ្វះខាតថាមពលនិងវិបត្តិចំណីអាហារ។ វិធានាការដែលធ្វើឡើងដោយចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ជប៉ុន និងកាណាដានេះ គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងនានាដើម្បីពង្រឹងការដាក់ទណ្ឌកម្មលើរដ្ឋាភិបាលរុស្ស៊ី និងកាត់ផ្តាច់ចរន្តហិរញ្ញវត្ថុដែលរុស្ស៊ីពឹងផ្អែកដើម្បីគាំទ្រការឈ្លានពានលើប្រទេសអ៊ុយក្រែន រយៈពេលជាងបួនខែមកនេះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters៕
២១:២៦
២៧.៦.២០២២
ថ្ងៃចន្ទ ទី ២៧ ខែមិថុនា៖
- ការវាយប្រហារដោយកាំជ្រួចមីស៊ីលរបស់រុស្ស៊ីកាលពីថ្ងៃចន្ទ បានបាញ់ចំផ្សារទំនើបដែលមានមនុស្សកកកុញមួយកន្លែងនៅទីក្រុង Kremenchuk ដែលស្ថិតនៅភាគខាងកើតប្រទេសអ៊ុយក្រែន ដែល លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានថ្លែងថា មនុស្សយ៉ាងហោចណាស់ ២ នាក់បានស្លាប់ ហើយជាច្រើននាក់ទៀតបានរងរបួស។ លោក Zelenskyy បានសរសេរនៅលើបណ្តាញ Telegram ថា៖ «ពួកក្រុមឈ្លានពានបានបាញ់កាំជ្រួចមីស៊ីលលើមជ្ឈមណ្ឌលផ្សារពាណិជ្ជកម្មមួយ ដែលមានមនុស្សប្រមាណ ១ ពាន់នាក់នៅទីនោះ។ ក្រុមសង្គ្រោះបន្ទាន់កំពុងពន្លត់អគ្គិភ័យ។ ជនរងគ្រោះអាចមានចំនួនច្រើន»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ការវាយប្រហារដោយកាំជ្រួចមីស៊ីលមួយរបស់រុស្ស៊ីនៅក្នុងតំបន់ Odessa បានបំផ្លិចបំផ្លាញផ្ទះសម្បែង បង្កឲ្យមានអគ្គិភ័យ និងបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៦ នាក់រងរបួសក្នុងនោះរួមមានកុមារម្នាក់ ផងដែរ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលដកស្រង់សម្តីលោក Serhiy Bratchuk អ្នកនាំពាក្យមន្ទីររដ្ឋបាលក្នុងតំបន់។
- ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា កងទ័ពរុស្ស៊ីបានវាយប្រហារលើរោងចក្រមួួយដែលជាទីតាំងផលិតកាំជ្រួចមីស៊ីលនៅក្នុងទីក្រុងកៀវ ប្រទេសអ៊ុយក្រែន ប៉ុន្តែបានបដិសេធថាខ្លួនមិនមែនជាអ្នកទទួលខុសត្រូវចំពោះកាំជ្រួចមីស៊ីលដែលបានបាញ់ចំសំណង់អគារលំនៅដ្ឋានមួយនៅទីក្រុងនោះទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- លោក Jens Stoltenberg អគ្គលេខាធិការអង្គការអូតង់ បានឲ្យដឹងកាលពីថ្ងៃចន្ទនេះថា សម្ព័ន្ធមិត្តអូតង់ នឹងពង្រឹងកងកម្លាំងដែលត្រៀមខ្លួនសម្រាប់ការប្រយុទ្ធ «ប្រមាណជាង ៣ សែននាក់» ខណៈពួកគេពង្រឹងយុទ្ធសាស្ត្រ ដើម្បីឆ្លើយតបនឹងសង្គ្រាមរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។ ក្រុមមេដឹកនាំនៃសម្ព័ន្ធភាពយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកនឹងជួបពិភាក្សាគ្នានៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ក្នុងសប្តាហ៍នេះ ដែលលោក Jens Stoltenberg ថាអាចនឹងក្លាយជាកិច្ចប្រជុំកំពូល «ពោរពេញដោយការផ្លាស់ប្តូរ» ខណៈដែលសម្ព័ន្ធនេះកំពុងដោះស្រាយស្ថានការណ៍ការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- ប្រធានាធិបតីប្រទេសម៉ុលដាវីបានថ្លែងនៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទថា ប្រទេសរបស់លោកស្រី «ផុយស្រួយ និងងាយរងគ្រោះថ្នាក់» ហើយត្រូវការជំនួយដើម្បីបន្ត «ធ្វើជាសមាជិកនៃប្រទេសលោកសេរី»។ បួនថ្ងៃក្រោយពីសហភាពអឺរ៉ុបសម្រេចចិត្តផ្តល់បេក្ខជនភាពសម្រាប់អ៊ុយក្រែននិងម៉ុលដាវីក្លាយជាសមាជិករបស់ខ្លួននោះ ប្រធានាធិបតីម៉ុលដាវីលោកស្រី Maia Sandu បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងបី ដែលអ៊ុយក្រែនសង្ស័យថា ទាហានរុស្ស៊ីបានប្រព្រឹត្តអំពើសាហាវព្រៃផ្សៃ ក្រោយពីរុស្ស៊ីបានឈ្លានពានលើអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ។ នៅទីក្រុង Bucha ជាប់ជាយក្រុងកៀវ លោកស្រីបានថ្លែងថា៖ «រឿងនេះមិនគួរកើតឡើងនោះទេ។ ហើយយើងដឹងហើយថា ឈឺចាប់ណាស់ឃើញនិងស្តាប់រឿងរ៉ាវជាច្រើនដែលកើតឡើងនៅទីនេះ»។ លោកស្រីអំពាវនាវថា ជនដែលរងឃើញកំហុសថា បានប្រព្រឹត្តអំពើសាហាវព្រៃផ្សៃត្រូវតែទទួលខុសត្រូវតាមផ្លូវច្បាប់។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- ទីប្រឹក្សាវិមានក្រឹមឡាំងម្នាក់បានថ្លែងនៅថ្ងៃចន្ទថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin គ្រោងនឹងចូលរួមកិច្ចប្រជុំកំពូល G-20 នៅក្នុងប្រទេសឥណ្ឌូណេស៊ី នៅខែវិច្ឆិកាខាងមុខនេះ។ លោក Yuri Ushakov បានប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «យើងបានទទួលលិខិតអញ្ជើញជាផ្លូវការ ហើយយើងបានឆ្លើយតបដោយវិជ្ជមាន ថា យើងចង់ចូលរួម»។ លោកបន្ថែមថា នៅយូរទៀតទើបដល់ពេលមានកិច្ចប្រជុំនេះដែលនឹងធ្វើឡើងពីថ្ងៃទី ១៥ និងទី ១៦ ខែវិច្ឆិកា នៅកោះបាលី ដូច្នេះរបៀបចូលរួមរបស់យើងអាចនឹងផ្លាស់ប្តូរ។ លោក Yuri Ushakov ថា «ប៉ុន្តែឥឡូវនេះ ការអញ្ជើញឲ្យចូលរួមគឺធ្វើឡើងដោយផ្ទាល់»។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងនៅថ្ងៃចន្ទថា រុស្ស៊ីបានប្រកាសបណ្តេញមន្ត្រីការទូតក្រិកចំនួន ៨ នាក់ ឱ្យចាកចេញពីប្រទេស ក្នុងពេល ៨ ថ្ងៃ។ ក្រសួងនេះឲ្យដឹងបន្ថែមទៀតថា រុស្ស៊ីបានកោះហៅឯកអគ្គរដ្ឋទូតក្រិក មកប្រាប់អំពីអ្វីដែលខ្លួនបានចាត់ទុកថា ជា «សកម្មភាពដ៏ចម្រូងចម្រាសរបស់អាជ្ញាធរក្រិកមកលើរុស្ស៊ី រួមទាំងការផ្គត់ផ្គង់អាវុធនិងសម្ភាៈយោធាដល់រដ្ឋាភិបាលអ៊ុយក្រែន»។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រទេសមានឧស្សាហកម្មជឿនលឿនទាំង ៧ ហៅថា G-7 នឹងបន្តដាក់សម្ពាធលើរុស្ស៊ីចំពោះការឈ្លានពានលើប្រទេសអ៊ុយក្រែន។ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានថ្លែងដូច្នេះកាលពីថ្ងៃចន្ទ ក្នុងកិច្ចប្រជុំកំពូល G-7 ដែលអាល្លឺម៉ង់ជាម្ចាស់ផ្ទះរៀបចំជំនួបនេះ។ លោកបានថ្លែងថា៖ «ក្នុងនាមជាប្រទេស G-7 យើងនៅតែបន្តសាមគ្គីជាមួយអ៊ុយក្រែន ហើយនឹងបន្តការគាំទ្ររបស់យើង។ ដូច្នេះ យើងត្រូវតែធ្វើសេចក្តីសម្រេចចិត្តដ៏ពិបាកតែចាំបាច់»។ លោក Olaf Scholz បានសរសេរដូច្នេះនៅក្នុងសារបង្ហោះតាមបណ្តាញសង្គម Twitter ដោយបានអរគុណប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដែលបានថ្លែងទៅកាន់មេដឹកនាំពិភពលោកតាមរយៈវីដេអូ។ អធិការបតីអាល្លឺម៉ង់ក៏បានថ្លែងបន្តទៀតថា៖ «យើងនឹងបន្តបង្កើនសម្ពាធលើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ សង្គ្រាមនេះត្រូវតែបញ្ចប់»។
- លោក Volodymyr Zelenskyy កាលពីថ្ងៃចន្ទ បានជំរុញឲ្យមេដឹកនាំនៅកិច្ចប្រជុំប្រទេស G-7 ធ្វើឲ្យអស់ពីសមត្ថភាពដើម្បីបញ្ចប់ការឈ្លានពានរបស់រុស្ស៊ីលើប្រទេសរបស់លោក នៅត្រឹមចុងឆ្នាំ ២០២២ នេះ។ នេះបើយោងតាមប្រភពមួយដែលបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP។
- កាលពីថ្ងៃចន្ទ លោក Volodymyr Zelenskyy បានស្នើសុំប្រព័ន្ធការពារការវាយប្រហារតាមអាកាស ការដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ី និងការធានាសន្តិសុខ នៅពេលលោកបានថ្លែងទៅកាន់ក្រុមមេដឹកនាំនៃប្រទេសជាសមាជិក G-7 ។ នេះបើតាមមន្ត្រីអឺរ៉ុបម្នាក់ដែលបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters។ ថ្លែងទៅកាន់កិច្ចប្រជុំ G-7 នៅ Bavarian Alps តាមវីដេអូ លោក Zelenskyy ក៏បានស្នើសុំជំនួយឲ្យមានការនាំចេញគ្រាប់ធញ្ញជាតិពីប្រទេសអ៊ុយក្រែន និងជំនួយកសាងប្រទេសឡើងវិញ។ នេះបើយោងតាមមន្ត្រីអឺរ៉ុបដដែលនោះដែលបានប្រាប់ Reuters ដោយមិនបញ្ចេញអត្តសញ្ញាណ។
- កាលពីថ្ងៃចន្ទ សហរដ្ឋអាមេរិកបានប្រកាសទណ្ឌកម្មថ្មីរបស់ប្រទេស G-7 លើវិស័យការពារជាតិរបស់រុស្ស៊ី ក្នុងគោលបំណងដើម្បីធ្វើឲ្យសមត្ថភាពយោធារបស់រដ្ឋាភិបាលរុស្ស៊ីចុះខ្សោយ ក្នុងអំឡុងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ សេតវិមានបានឲ្យដឹងថា៖ «មេដឹកនាំ G-7 នឹងសហការគ្នា ហើយពង្រីកទណ្ឌកម្មចំគោលដៅ ដើម្បីរឹតត្បិតការទទួលបានរបស់រុស្ស៊ីនូវ» បច្ចេកវិទ្យារបស់ប្រទេសលោកខាងលិចដែលអាចជួយដល់វិស័យយោធារបស់រុស្ស៊ី។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- នៅថ្ងៃចន្ទនេះ កងទ័ពរុស្ស៊ីកំពុងវាយប្រយុទ្ធដើម្បីចូលកាន់កាប់ទីក្រុង Lysychansk ដែលជាទីក្រុងដ៏ធំមួយចុងក្រោយបង្អស់គ្រប់គ្រងដោយទាហានអ៊ុយក្រែនក្នុងតំបន់ Luhansk ភាគខាងកើតប្រទេសអ៊ុយក្រែន បន្ទាប់ពីក្រុមផ្តាច់ខ្លួនពីរដ្ឋាភិបាលអ៊ុយក្រែនដែលគាំទ្រដោយរុស្ស៊ី បានអះអាងថា ពួកគេកំពុងក្តោបក្តាប់ទីតាំងប្រយុទ្ធជាច្រើនកន្លែង។ នេះយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- នៅថ្ងៃចន្ទដដែលនេះ អាជ្ញាធរក្នុងតំបន់បានជំរុញឲ្យជនស៊ីវិលជម្លៀសខ្លួនជាបន្ទាន់ចេញពីទីក្រុង Lysychansk ភាគខាងកើតប្រទេសអ៊ុយក្រែន ដែលកំពុងត្រូវបានវាយប្រហារដោយកងទ័ពរុស្ស៊ី។ លោក Serhiy Gaidai អភិបាលតំបន់ Luhansk បានសរសេរជាសារនៅលើបណ្តាញ Telegram ថា៖ «ជូនចំពោះប្រជាពលរដ្ឋក្នុងសហគមន៍នៃទីក្រុង Lysychansk និងសាច់ញាតិជាទីគោរព! ដោយសារតែគ្រោះថ្នាក់ជាក់ស្តែងដល់ជីវិតនិងសុខភាព យើងសូមអំពាវនាវឲ្យអ្នកទាំងអស់គ្នាជម្លៀសខ្លួនជាបន្ទាន់»។ លោកបានបន្ថែមថា ស្ថានភាពនៅទីក្រុង Lysychansk ពិតជា «លំបាកខ្លាំង» ប៉ុន្តែលោកមិនបានប្រាប់ឲ្យដឹងថាតើជនស៊ីវិលប៉ុន្មាននាក់កំពុងស្ថិតក្នុងតំបន់នេះទេ។ មុនការឈ្លានពានរបស់រុស្ស៊ីកាលពីថ្ងៃទី ២៤ ខែកុម្ភៈ មនុស្សប្រមាណ ១ សែននាក់ រស់នៅទីនោះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- អភិបាលក្នុងតំបន់បានឲ្យដឹងកាលពីថ្ងៃចន្ទថា ស្ត្រីពីរនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់រុស្ស៊ីលើតំបន់ Kharkiv ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- ប្រទេសអ៊ុយក្រែននឹងតំបន់ខ្ពស់ក្នុងទីក្រុង Lysychansk ដើម្បីការពារមូលដ្ឋានយោធានៅភាគខាងកើតប្រទេស បន្ទាប់ពីបានដកខ្លួនចេញពីតំបន់ប្រយុទ្ធបង្ហូរឈាមជាមួយរុស្ស៊ីនៅក្នុងទីក្រុងក្បែរនោះ ហើយរដ្ឋាភិបាលអ៊ុយក្រែននឹងព្យាយាមគ្រប់គ្រងស្ថានភាពក្នុងតំបន់នោះ។ នេះបើយោងតាមប្រធានក្រុមចារកម្មយោធារបស់អ៊ុយក្រែន កាលពីថ្ងៃសៅរ៍។ រុស្ស៊ីបានពង្រឹងកម្លាំងទ័ពឡើងវិញដោយបញ្ជូនកងទ័ពបម្រុង ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រប្រមូលផ្តុំដើម្បីវាយកាន់កាប់ ហើយយើងមិនអាចសង្ឃឹមទេថា រុស្ស៊ីនឹងខ្វះសមាសធាតុកងទ័ពសម្រាប់សង្គ្រាមនៅអ៊ុយក្រែននេះ។ លោក Kyrylo Budanov ប្រធានក្រុមចារកម្មយោធាអ៊ុយក្រែន បានថ្លែងដូច្នេះប្រាប់ទីភ្នាក់ងារព័ត៌មានReuters។
- លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី នឹងធ្វើដំណើរទៅកាន់ប្រទេស Tajikistan (តាហ្ស៊ីគីស្ថាន) នៅថ្ងៃអង្គារ។ នេះបើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ី។ នេះគឺជាការធ្វើដំណើរចេញក្រៅប្រទេសលើកដំបូងរបស់លោក Putin ចាប់តាំងពីរដ្ឋាភិបាលរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។ ថ្លែងអំពីទស្សនកិច្ចរបស់លោក Putin ទៅកាន់ប្រទេសដែលជាអតីតសមាជិកសហភាពសូវៀតនិងជាសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលរុស្ស៊ី លោក Dmitry Peskov អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ី បាននិយាយថា៖ «ដំណើរទស្សនកិច្ចបំពេញការងាររបស់លោកប្រធានាធិបតី Putin ទៅកាន់ប្រទេស តាហ្ស៊ីគីស្ថាន(តាហ្ស៊ីគីស្ថាន) ត្រូវបានគ្រោងធ្វើឡើងនៅថ្ងៃអង្គារ»។ លោក Putin ក៏ត្រូវបានរំពឹងថានឹងធ្វើដំណើរទៅកាន់ប្រទេស Turkmenistan(តួកម៉េនីស្ថាន) នៅថ្ងៃពុធដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់បណ្តាប្រទេសដែលមានព្រំដែនជាប់សមុទ្រ Caspain។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP៕