១៩:១២
៩.៦.២០២២
ថ្ងៃព្រហស្បតិ៍ ទី ៩ ខែមិថុនា
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ការឈ្លានពានរបស់រុស្ស៊ីលើប្រទេសរបស់លោក គឺជាការគំរាមកំហែងចំពោះបរិស្ថាននិងអាចឈានទៅដល់ការបំពុលបរិស្ថានដ៏គ្រោះថ្នាក់នៅក្នុងសមុទ្រ Azov និងសមុទ្រខ្មៅ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានAssociated Press។ លោក Zelenskyy បានលើកឡើងដូច្នេះ នៅឯកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ (OECD) ដែលមានមូលដ្ឋាននៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ លោកបានប្រើប្រាស់វេទិកានៃកិច្ចប្រជុំនេះដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់រដ្ឋមន្ត្រីនៃបណ្ដាប្រទេសនានា ឱ្យផ្ដោតលើតម្រូវការនៅក្នុងបញ្ឈប់ការប្រើប្រាស់ឧស្ម័នធម្មជាតិរបស់រុស្ស៊ីដោយងាកទៅប្រើថាមពលកកើតឡើងវិញជំនួសវិញ។
- អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានពិភាក្សាតាមទូរស័ព្ទជាមួយនឹងអគ្គលេខាធិការអង្គការអូតង់ លោក Jens Stoltenberg អំពីការធ្វើបច្ចុប្បន្នភាពគោលបំណងយុទ្ធសាស្ត្ររបស់អង្គការអូតង់ ដោយសារតែការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ អ្នកនាំពាក្យរូបនោះបានបញ្ជាក់ថា នៅក្នុងការសន្ទនានោះ លោក Scholz បានបង្ហាញអំពីការត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំរបស់អង្គការអូតង់នៅចុងខែមិថុនានេះ ក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ហើយបានបញ្ជាក់ជាថ្មីអំពីការតាំងចិត្តរបស់រដ្ឋាភិបាលអាល្លឺម៉ង់ នៅក្នុងការរួមចំណែកចំពោះអង្គការអូតង់ដើម្បីជួយសម្ព័ន្ធភាពនេះឱ្យសម្រេចបានតាមគោលបំណងរបស់ខ្លួននៅក្នុងទសវត្សរ៍ខាងមុខ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- នាវារុស្ស៊ីរាប់សិបគ្រឿងបានចូលរួមនៅក្នុងសមយុទ្ធយោធានៅថ្ងៃព្រហស្បតិ៍នៅសមុទ្របាល់ទិកដែលជាសមុទ្រយុទ្ធសាស្ត្រមួយ បន្ទាប់ពីប្រទេសស៊ុយអែតនិងប្រទេសហ្វាំងឡង់បានប្រកាសកាលពីពេលថ្មីៗនេះ អំពីការដាក់ពាក្យចូលជាសមាជិកអង្គការអូតង់។ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា នាវានៃកងនាវារុស្ស៊ីប្រចាំសមុទ្របាល់ទិកនឹង «ធ្វើប្រតិបត្តិការហ្វឹកហ្វឺនសម្រាប់ការការពារដែនសមុទ្រនិងមូលដ្ឋានរបស់កងនាវា»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- អង្គការសហប្រជាជាតិបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ថា ការវិនិយោគដោយផ្ទាល់ពីបរទេសត្រូវគេរំពឹងថា នឹងធ្លាក់ចុះនៅក្នុងឆ្នាំនេះ ដោយវិបត្តិស្បៀងអាហារ វិបត្តិប្រេងឥន្ធនៈ និងវិបត្តិហិរញ្ញវត្ថុដែលបង្កឡើងដោយសារសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនបានបង្អាក់ទឹកចិត្តដល់បរិយាកាសអាជីវកម្ម។ ទីភ្នាក់ងារពាណិជ្ជកម្មនិងការអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNCTAD) បានលើកឡើងថា ការវិនិយោគដោយផ្ទាល់ពីបរទេសបានរើបឡើងវិញកាលពីឆ្នាំ ២០២១ ទៅដល់កម្រិតមុនវិបត្តិជំងឺកូវីដ១៩ ដោយកើនដល់ជិត ១,៦ លានលានដុល្លារអាមេរិក ប៉ុន្តែស្ថានការណ៍នេះទំនងជានឹងមិនបន្តដូច្នេះនោះទេ នៅក្នុងឆ្នាំ ២០២២ នេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ថា មិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចឡើងជាមួយនឹងប្រទេសតួកគីអំពីការនាំចេញធញ្ញជាតិរបស់ប្រទេសអ៊ុយក្រែនកាត់តាមសមុទ្រខ្មៅនោះទេ។ អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា កិច្ចការនេះកំពុងបន្តធ្វើ។ កន្លងមក ប្រទេសតួកគីបានជំរុញឱ្យមានកិច្ចព្រមព្រៀងរវាងរុស្ស៊ីនិងអ៊ុយក្រែនលើផែនការបន្តឡើងវិញនូវការនាំចេញធញ្ញជាតិពីកំពង់ផែអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅថ្ងៃព្រហស្បតិ៍បានអំពាវនាវឱ្យមានការដកប្រទេសរុស្ស៊ីចេញពីអង្គការស្បៀងអាហារនិងកសិកម្ម (FAO) របស់អង្គការសហប្រជាជាតិ ដោយលោកបានរិះគន់រដ្ឋាភិបាលរុស្ស៊ីថាបានបង្កឱ្យមានវិបត្តិធញ្ញជាតិកើតឡើងនៅលើពិភពលោក ដោយសារតែការឈ្លានពានប្រទេសរបស់លោក។ លោក Zelenskyy បានថ្លែងនៅក្នុងអំឡុងពេលកិច្ចប្រជុំរបស់អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍(OECD) ថា៖ «យើងមិនអាចមានការពិភាក្សាណាមួយទៀតអំពីការបន្តសមាជិកភាពរបស់ប្រទេសរុស្ស៊ីនៅក្នុងអង្គការ FAO នោះឡើយ។ តើសមាជិកភាពរបស់រុស្ស៊ីនៅក្នុងអង្គការ FAO មានន័យអ្វី ប្រសិនបើរុស្ស៊ីបង្កឱ្យមានភាពអត់ឃ្លានសម្រាប់មនុស្សយ៉ាងតិច ៤០០ លាននាក់ ឬក៏អាចលើសពី ១.០០០ លាននាក់នោះ?»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Mario Draghi បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ដើម្បីបញ្ចៀសមិនឱ្យមានវិបត្តិស្បៀងអាហារកើតឡើងនៅលើពិភពលោក កិច្ចប្រឹងប្រែងគឺត្រូវចាប់ផ្ដើមដំបូងនៅឯកំពង់ផែរបស់ប្រទេសអ៊ុយក្រែននៅសមុទ្រខ្មៅ ហើយអ៊ុយក្រែនត្រូវការការធានាថា ពួកគេនឹងមិនត្រូវបានវាយប្រហារនៅពេលដែលពួកគេបន្តឡើងវិញនូវការនាំចេញធញ្ញជាតិ។ ការនាំចេញធញ្ញជាតិពីប្រទេសអ៊ុយក្រែនបានធ្លាក់ចុះយ៉ាងខ្លាំងតាំងពីពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនមក ដោយករណីនេះបង្កឱ្យមានការភ័យខ្លាចថាកង្វះស្បៀងអាហារអាចកើតមាននៅក្នុងបណ្ដាប្រទេសងាយរងគ្រោះបំផុត។ លោក Draghi បានបញ្ជាក់នៅក្នុងសុន្ទរកថានៅឯកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ (OECD) នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំងថា៖ «យើងត្រូវតែរកវិធីបញ្ឈប់ការរាំងខ្ទប់ធញ្ញជាតិរាប់លានតោនដែលជាប់គាំងនៅទីនោះដោយសារសង្គ្រាម។ កិច្ចប្រឹងប្រែងសម្របសម្រួលរបស់អង្គការសហប្រជាជាតិនិងរបស់ប្រទេសតួកគី គឺជាជំហានដ៏សំខាន់»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា មនុស្សរាប់លាននាក់អាចគ្មានអាហារបរិភោគដោយសារតែការរាំងខ្ទប់របស់រុស្ស៊ីលើកំពង់ផែរបស់អ៊ុយក្រែននៅសមុទ្រខ្មៅ។ លោកបានព្រមានថា ពិភពលោកជិតធ្លាក់ចូលទៅក្នុង «វិបត្តិស្បៀងអាហារដ៏អាក្រក់»។ លោកបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលផ្សាយតាមទូរទស្សន៍ថា អ៊ុយក្រែនមិនអាចនាំចេញស្រូវសាឡី ពោត ប្រេងសណ្ដែកនិងប្រេងបន្លែ និងទំនិញផ្សេងៗទៀត និងបានបន្ថែមថា៖ «មនុស្សរាប់លាននាក់ប្រហែលជានឹងគ្មានអាហារបរិភោគ ប្រសិនបើការរាំងខ្ទប់របស់រុស្ស៊ីនៅសមុទ្រខ្មៅនៅបន្តទៅមុខ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ក្រសួងការពារជាតិអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ថា កងទ័ពអ៊ុយក្រែនបានដណ្ដើមកាន់កាប់មកវិញនូវទឹកដីមួយចំនួនពីកងទ័ពរុស្ស៊ីនៅក្នុងការវាយប្រហារតបតទៅវិញក្នុងតំបន់ Kherson នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។ ក្រសួងនេះមិនបានផ្ដល់ព័ត៌មានលម្អិតណាមួយទេ ប៉ុន្តែបានលើកឡើងថា កងទ័ពរុស្ស៊ីបាន «រងគ្រោះបាត់បង់ទាហាននិងសព្វាវុធ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- លោក Oleksandr Stryuk អភិបាលក្រុង Sievierodonetsk នៃប្រទេសអ៊ុយក្រែន បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា កងទ័ពអ៊ុយក្រែននៅរក្សាការគ្រប់គ្រងលើតំបន់ឧស្សាហកម្មនិងតំបន់ក្បែរៗនោះនៅក្នុងទីក្រុង Sievierodonetsk ហើយថា ស្ថានការណ៍គឺ «លំបាក ប៉ុន្តែអាចគ្រប់គ្រងបាន»។ លោកបានបន្ថែមថា ជនស៊ីវិលប្រហែល ១០.០០០ នាក់ នៅស្ថិតក្នុងទីក្រុងនេះនៅឡើយ ដែលឥឡូវនេះទីក្រុងនេះគឺជាចំណុចផ្ដោតជាចម្បងនៃការវាយប្រហាររបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
២៣:២៩
១០.៦.២០២២
ថ្ងៃសុក្រ ទី ១០ ខែមិថុនា
- ទីភ្នាក់ងារព័ត៌មាន AP រាយការណ៍ថា ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភអំពីការកាត់ទោសប្រហារជីវិត ដែលធ្វើឡើងដោយតុលាការក្រុមឧទ្ទាមគាំទ្ររដ្ឋាភិបាលក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន លើជនបរទេសបីនាក់ដែលត្រូវបានចាប់ខ្លួនពេលកំពុងប្រយុទ្ធនៅខាងអ៊ុយក្រែន។ ហើយ ប្រទេសអ៊ុយក្រែននិងលោកខាងលិច ក៏បានថ្កោលទោសតុលាការចំពោះការកាត់ទោសប្រហារជីវិតពលរដ្ឋអង់គ្លេសពីរនាក់ និងជនជាតិម៉ារ៉ុកម្នាក់នេះ ដោយហៅដំណើរការនីតិវិធីថាជាការក្លែងបន្លំ និងការបំពានច្បាប់សង្គ្រាម។ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយកាលពីថ្ងៃសុក្រថា ជនជាតិបរទេស៣ម្នាក់ ដែលត្រូវបានកាត់ទោសប្រហារជីវិតកាលពីថ្ងៃព្រហស្បតិ៍ នៅសាធារណរដ្ឋប្រជាមានិត Donetsk បានប្រព្រឹត្តបទឧក្រិដ្ឋនៅលើទឹកដីនៃរដ្ឋដែលប្រកាសផ្តាច់ខ្លូន បំបែកចេញពីអ៊ុយក្រែន។ លោក Lavrov បាននិយាយថា «នៅពេលនេះ ការកាត់ក្តីដែលអ្នក បានលើកឡើងកំពុងត្រូវបានធ្វើឡើងដោយផ្អែកលើច្បាប់នៃសាធារណរដ្ឋប្រជាមានិត Donetsk ពីព្រោះឧក្រិដ្ឋកម្មដែលកំពុងចោទត្រូវបានប្រព្រឹត្តនៅលើទឹកដីរបស់សាធារណរដ្ឋប្រជាមានិត Donetsk»។
- សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបានផ្តល់អាវុធរាប់ពាន់លានដុល្លារដល់អ៊ុយក្រែន។ អឺរ៉ុបបានទទួលយកមនុស្សរាប់លាននាក់ភៀសខ្លួនដោយសង្គ្រាម។ ហើយមានការរួបរួមដែលមិនធ្លាប់មានពីមុនមក នៅអឺរ៉ុបក្រោយសង្គ្រាមលោកលើកទីពីរក្នុងការដាក់ទណ្ឌកម្មលើប្រធានាធិបតីរុស្សី លោក Vladimir Putin និង ប្រទេសរុស្សី។ ប៉ុន្តែនៅពេលដែលភាពតក់ស្លុតនៃការលុក លុយថ្ងៃទី២៤ ខែកុម្ភៈបានថយចុះ អ្នកវិភាគនិយាយថា វិមានក្រឹមឡាំងអាចកេងចំណេញពីជម្លោះដ៏រឹងមាំនិងអូសបន្លាយ និងការចូលរួមនិងចំណាប់អារម្មណ៍ដែលអាចធ្លាក់ចុះក្នុងចំណោមមហាអំណាចលោកខាងលិចដែលអាចនាំឱ្យមានការគាបសង្កត់អ៊ុយក្រែនឱ្យឈានទៅរកដំណោះស្រាយចុះចាញ់មួយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AP។
- ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា កងកម្លាំងអ៊ុយក្រែន «កំពុងបន្តទប់ទល់»នៅទីក្រុងSievierodonetsk ភាគខាងកើតប្រទេសដែលការប្រយុទ្ធគ្នាតាមដងផ្លូវដ៏ខ្លាំងក្លាជាមួយកងទ័ពរុស្ស៊ីនៅទីនោះ អាចកំណត់ជោគវាសនានៃតំបន់ Donbas។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- អ្នកនាំពាក្យក្រសួងការពារជាតិអ៊ុយក្រែន លោក Oleksandr Motuzyanyk បាននិយាយនៅថ្ងៃសុក្រថា ប្រទេសរុស្ស៊ីកំពុងស្វែងរកចំណុចខ្សោយនៅក្នុងវិស័យការពាររបស់អ៊ុយក្រែន នៅជិតទន្លេ Siverskyi Donets នៅភាគខាងកើតអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ប្រហែលបានឲ្យសញ្ញាថា មហិច្ឆតារបស់លោក អាចលាតសន្ធឹងហួសពីអ៊ុយក្រែន ដោយលោកបានប្រាប់ក្រុមសហគ្រិនវ័យក្មេងក្នុងអំឡុងពេលវគ្គសំណួរចម្លើយតាមទូរទស្សន៍ថា រុស្ស៊ីនឹងមិនឲ្យគេកំណត់ព្រំដែនខ្លួនឡើយ។ លោក Putin និយាយថា៖ «វាមិនអាចទៅរួចទេ តើអ្នកយល់ទេ? គេមិនអាចកំណត់ព្រំដែនឲ្យប្រ ទេសដូចរុស្ស៊ីទេ។ ហើយយើងមិនមានបំណងសាងសង់របងព្រំដែននោះឡើយ»។
- កាសែត Washington Post រាយការណ៍ថា សកម្មជនសិទ្ធិអ្នកប្តូរភេទនិងយេនឌ័រ (LGBTQ) នៅក្នុងប្រទេសអ៊ុយក្រែនសង្ឃឹមថា លទ្ធផលវិជ្ជមានមួយពីសង្គ្រាមដ៏ឃោរឃៅជាមួយរុស្ស៊ី គឺថា សិទ្ធិអ្នកប្តូរភេទនិងយេនឌ័រនៅអ៊ុយក្រែននឹងរីកចម្រើន។ ហើយមិនត្រឹមតែដោយសារតែ ការកើនឡើងនៃអារម្មណ៍រួបរួមជាតិនៅក្នុងអ៊ុយក្រែនចាប់តាំងពីរុស្ស៊ីបានឈ្លានពាន:នោះទេ តែប្រសិនបើសហភាពអឺរ៉ុបទទួលស្គាល់អ៊ុយក្រែនជាសមាជិក អ៊ុយក្រែននឹងត្រូវបានទាមទារឱ្យផ្តល់សិទ្ធិនិងការការពារបន្ថែមទៀតដល់សហគមន៍អ្នកប្តូរភេទនិងយេនឌ័រ (LGBTQ)។
- ក្រុមបាល់ទាត់កំពូលរបស់អ៊ុយក្រែនShakhtar Donetskមិនបានប្រកួតក្នុងទីក្រុងខ្លួនក្នុងរយៈពេល៨ឆ្នាំចុងក្រោយនេះ។ បន្ទាប់ពីរុស្ស៊ីបានលុកលុយតំបន់ Donbas របស់អ៊ុយក្រែនក្នុងឆ្នាំ ២០១៤ ក្រុមនេះបានរស់នៅ និងលេងបាល់នៅក្នុងទីក្រុងនានានៅទូទាំងប្រទេសអ៊ុយក្រែន។ ប៉ុន្តែសូម្បីតែហ្គេមទាំងនោះ ក៏ត្រូវបានលុបចោលកាលពីចុងឆ្នាំមុន ដោយសារភាពតានតឹងរវាងអ៊ុយក្រែននិងរុស្ស៊ី ដែលបានរាលដាលទៅជាសង្រ្គាមដែលកំពុងបន្ត។ ក្រុមបាល់ទាត់នេះសង្ឃឹមថា នឹងអាចលេងម្តងទៀតនៅអ៊ុយក្រែនក្នុងខែកញ្ញា នៅពេលដែលការប្រកួត Champions League ចាប់ផ្តើម។ ក្រុម Shakhtar Donetsk នឹងហាត់សមនៅខែក្រោយ នៅឯបណ្តាជំរុំហ្វឹកហាត់នៅប្រទេសហូឡង់ និងស្លូវេនី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AP។
- កងទ័ពនិងឧស្សាហកម្មការពារជាតិអ៊ុយក្រែនដែលធ្លាប់ជាផ្នែកមួយនៃសហភាពសូវៀត ត្រូវបានសាងសង់ដោយប្រើឧបករណ៍ អាវុធធុនតូច រថក្រោះ អាវុធបាញ់ចម្ងាយឆ្ងាយ ស្តង់ដាសូវៀតនិងរុស្ស៊ី ហើយនិងអាវុធផ្សេងទៀតដែលមិនអាចប្រើចូលគ្នាបានជាមួយអាវុធរបស់ប្រទេសជិតខាងដែលជាប់លោកខាងលិច។ ប្រភពរបស់សហរដ្ឋអាមេរិកបាននិយាយថា ជាងបីខែនៅក្នុងជម្លោះដែលបានផ្ទុះឡើងនៅពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ឧបករណ៍ស្តង់ដារសូវៀតនិងរុស្ស៊ីទាំងនោះ ត្រូវបានប្រើប្រាស់អស់ឬត្រូវបានបំផ្លាញនៅក្នុងសមរភូមិ។ ឥឡូវនេះ កងកម្លាំងរបស់រដ្ឋាភិបាលក្រុងកៀវ កំពុងប្រើប្រាស់ឬរៀនប្រើ ប្រាស់អាវុធដែលផលិតដោយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអឺរ៉ុបអូតង់ (NATO)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
០០:០២
១៣.៦.២០២២
ថ្ងៃអាទិត្យ ទី ១២ ខែមិថុនា៖
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា មិនមាននរណាដឹងថា តើសង្គ្រាមនៅក្នុងប្រទេសរបស់លោកមានរយៈពេលយូរប៉ុន្មាននោះទេ ក៏ប៉ុន្តែថា កងទ័ពអ៊ុយក្រែនកំពុងជម្នះក្តីរំពឹងដោយការរារាំងកងទ័ពរុស្ស៊ីមិនឱ្យត្រួតត្រាតំបន់ភាគខាងកើតអ៊ុយក្រែនជាទីកន្លែងដែលការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាអស់ជាច្រើនសប្តាហ៍មកហើយ។ ក្នុងសុន្ទរកថាតាមវីដេអូរបស់លោកកាលពីពេលយប់ លោក Zelenskyy បាននិយាយថា លោកមានមោទនភាពចំពោះពួកអ្នកការពារអ៊ុយក្រែនដែលអាចទប់ទល់ពួកទាមទារបំបែករដ្ឋដែលគាំទ្រដោយរដ្ឋាភិបាលក្រុងមូស្គូដែលបានត្រួតត្រាផ្នែកភាគច្រើននៃទឹកដីនោះអស់រយៈពេល៨ឆ្នាំ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- ពួកទាមទារបំបែករដ្ឋដែលគាំទ្រដោយរុស្ស៊ីនៅក្នុងតំបន់ភាគខាងកើតអ៊ុយក្រែនបាននិយាយនៅថ្ងៃអាទិត្យថា ពួកគេនឹងមិនកែប្រែការកាត់ទោសប្រហារជីវិតជនជាតិអង់គ្លេស២នាក់និងជនជាតិម៉ារ៉ុក១នាក់ចំពោះការចូលរួមការប្រយុទ្ធជាមួយនឹងកងទ័ពអ៊ុយក្រែននោះទេ។ លោក Denis Pushilin មេដឹកនាំតំបន់ទាមទារបំបែករដ្ឋ Donetsk ដែលបានកាត់ទោសជនទាំង៣នាក់នោះបានប្រាប់ពួកអ្នកយកព័ត៌មានថា៖ «ពួកគេបានមកប្រទេសអ៊ុយក្រែនដើម្បីសម្លាប់ជនស៊ីវិលដើម្បីប្រាក់។ ដោយហេតុដូច្នេះហើយបានជាខ្ញុំមិនឃើញមានលក្ខខណ្ឌដើម្បីបន្ធូរបន្ថយឬកែប្រែការកាត់ទោសនោះទេ។ លោកក៏បានចោទប្រកាន់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnsonពីការមិនអើពើអំពីជោគវាសនារបស់ពួកគេនិងការមិនទាក់ទងជាមួយពួកអាជ្ញាធរទាមទារបំបែករដ្ឋផងដែរ។ កាលពីថ្ងៃសៅរ៍ អ្នកនាំពាក្យរបស់លោក Johnson បាននិយាយថា លោកមានការតក់ស្លុតអំពីការកាត់ទោសប្រហារជីវិតជនជាតិអង់គ្លេសគឺលោក Aiden Aslin និងលោក Shaun Pinner និងជនជាតិម៉ារ៉ុកគឺលោក Brahim Saadun។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌ មាន AFP។
- កងទ័ពរុស្ស៊ីបាននិយាយនៅថ្ងៃអាទិត្យថា ពួកគេបានវាយប្រហារទីកន្លែងស្តុកទុកអាវុធដ៏ធំមួយនៅភាគខាងលិចអ៊ុយក្រែនដែលត្រូវបានផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកនិងប្រទេសនានានៅអឺរ៉ុប នៅពេលដែលការប្រយុទ្ធបានរីកកាន់តែធំឡើងនៅក្នុងទីក្រុង Severodonetsk ភាគខាងកើត។ អភិបាលតំបន់នោះបាននិយាយថា ការវាយប្រហារលើទីប្រជុំជន Chortkiv ជាការវាយប្រហារដ៏កម្រមួយដោយរុស្ស៊ីនៅផ្នែកខាងលិចនៃប្រទេសអ៊ុយក្រែនដែលបានធ្វើឱ្យមនុស្ស ២២ នាក់រងរបួស។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- ការស្វះស្វែងរបស់ប្រទេសអ៊ុយក្រែនដើម្បីក្លាយជាសមាជិកសហភាពអឺរ៉ុបនឹងទទួលបានសញ្ញាដ៏ច្បាស់នៅសប្តាហ៍ក្រោយ។ នេះបើតាមលោកស្រី Ursula von der Leyen ប្រធានសហភាពអឺរ៉ុបដែលបាននិយាយកាលពីថ្ងៃសៅរ៍នៅក្នុងដំណើរទស្សនកិច្ចមិនប្រាប់ឱ្យដឹងជាមុនមួយទៅកាន់រដ្ឋធានីកៀវ។ លោកស្រី Von der Leyenបាននិយាយថា ការចរចាដែលលោកស្រីបានធ្វើជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy «នឹងអាចឱ្យយើងធ្វើការវាយតម្លៃចុងក្រោយនៅចុងសប្តាហ៍ក្រោយ»។ ភ្លាមៗបន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីនៅខែកុម្ភៈ លោក Zelenskyy បានចាប់ផ្តើមជំរុញឱ្យមានការអនុញ្ញាតឱ្យអ៊ុយក្រែនចូលជាសមាជិកសហភាពអឺរ៉ុប ហើយបានទាមទារឱ្យមានចម្លើយអំពីបេក្ខភាពរបស់ខ្លួនមុនដំណាច់ខែនេះ។ ក៏ប៉ុន្តែ ពួកមន្ត្រីនិងមេដឹកនាំនៅក្នុងប្លុកនោះបានព្រមានថា ទោះបីមានឋានៈភាពជាបេក្ខជនក៏ដោយ ក៏ការក្លាយជាសមាជិករបស់សហភាពអឺរ៉ុបអាចចំណាយពេលរាប់សិបឆ្នាំឬរាប់ទសវត្សរ៍។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- ពួកអាជ្ញាធរនៅក្នុងទីក្រុង Kherson ដែលត្រួតត្រាដោយរដ្ឋាភិបាលក្រុងមូស្គូនៅភាគខាងកើតប្រទេសអ៊ុយក្រែនបានចែកចាយលិខិតឆ្លងដែនរុស្ស៊ីទៅឱ្យពួកអ្នកស្រុកជាលើកដំបូងកាលពីថ្ងៃសៅរ៍។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានTASS។ ទីភ្នាក់ងារព័ត៌មាន TASS របស់រុស្ស៊ីបានរាយការណ៍ថា ពួកអ្នកក្រុង Kherson ចំនួន២៣នាក់បានទទួលលិខិតឆ្លងដែនរុស្ស៊ីនៅឯពិធីមួយតាមរយៈនីតិវិធីដែលមានការសម្របសម្រួលដែលត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីខែឧសភា។ ប្រធានរដ្ឋបាលតំបន់ដែលលម្អៀងទៅរដ្ឋាភិបាលក្រុងមូស្គូលោក Vladimir Saldo ត្រូវបានទីភ្នាក់ងារព័ត៌មាន TASS ដកស្រង់សម្តីមកចុះផ្សាយថា«អ្នកក្រុង Khersonទាំងអស់ចង់បានទទួលលិខិតឆ្លងដែននិងសញ្ជាតិរុស្ស៊ីឱ្យបានឆាប់រហ័សទៅតាមលទ្ធភាពដែលអាចធ្វើបាន»។ លោក Saldo បានប្រាប់ទីភ្នាក់ងារព័ត៌មានRIA Novostiថា៖ «វាជាសករាជថ្មីមួយដែលកំពុងចាប់ផ្តើមសម្រាប់យើង។ វាជាឯកសារដ៏មានសារៈសំខាន់បំផុតដែលមនុស្សអាចមាននៅក្នុងមួយជីវិតរបស់ពួកគេ»។ នេះបើតាមសេចក្តីរាយការណ៍ទីភ្នាក់ងារព័ត៌មាន AFP។
- សាកសពរបស់ពួកអ្នកប្រយុទ្ធអ៊ុយក្រែនដែលត្រូវបានសម្លាប់ក្នុងអំឡុងនៃការឡោមព័ទ្ធរោងចក្រដែកថែប Azovstal ក្នុងទីក្រុង Mariupol ភាគខាងកើតនៅតែកំពុងរង់ចាំទាញយកចេញ។ នេះបើតាមអតីតមេបញ្ជាការកងវរសេនាធំឆ្មាំការពារជាតិក្រុងAzov របស់អ៊ុយក្រែននៅថ្ងៃអាទិត្យ។ លោក Maksym Zhorin បាននិយាយថា នៅក្រោមលក្ខខណ្ឌនៃការដោះដូរកាលពីពេលថ្មីៗ នេះ សាកសពប្រហែល ២២០ នៃអ្នកដែលត្រូវបានសម្លាប់នៅក្នុងរោងចក្រដែកថែប Azovstal បានត្រូវបញ្ជូនទៅកាន់រដ្ឋធានីកៀវរួចហើយ ក៏ប៉ុន្តែ មានសាកសពជាច្រើនទៀតនៅស្ថិតក្នុងទីក្រុង Mariupol នៅឡើយ។ លោកZhorinបាននិយាយនៅក្នុងវីដេអូដែលបានចុះផ្សាយនៅលើ Telegram របស់លោកថា៖ «ការចរចាកំពុងបន្តធ្វើឡើងអំពីការផ្លាស់ប្តូរសាកសពដើម្បីបញ្ជូនសាកសពទាំងនោះទៅផ្ទះវិញ។ សាកសពទាំងអស់នោះត្រូវតែបញ្ជូនត្រឡប់ទៅផ្ទះវិញហើយនេះជាអ្វីដែលយើងនឹងធ្វើការងារនោះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- កងកម្លាំងរុស្ស៊ីបានបាញ់កាំជ្រួចមីស៊ីល Kalibr Cruise ដើម្បីកម្ទេចកន្លែងផ្ទុកអាវុធដ៏ធំមួយរបស់សហរដ្ឋអាមេរិកនិងអឺរ៉ុបនៅក្នុងតំបន់ Ternopil នៃប្រទេសអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Interfax នៅថ្ងៃអាទិត្យដែលបានដកស្រង់សម្តីរបស់ក្រសួងការពារជាតិរុស្ស៊ី។ កងកម្លាំងរុស្ស៊ីក៏បានបាញ់ទម្លាក់យន្តហោះចម្បាំងអ៊ុយក្រែនធន់ SU-25មួយគ្រឿងនៅជិតតំបន់ Donetsk និងក្រុង Kharkiv នៅផ្នែកខាងកើតនៃប្រទេសអ៊ុយក្រែនផងដែរ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Interfax របស់រុស្ស៊ី ដែលបានដកស្រង់សម្តីរបស់ក្រសួងការពារជាតិរុស្ស៊ីហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters។
- ការព្រួយកង្វល់អំពីសន្តិសុខបានលើកឡើងដោយប្រទេសតួកគីនៅក្នុងការជំទាស់ប្រឆាំងរបស់ខ្លួនដល់ការដាក់ពាក្យចូលជាសមាជិករបស់ប្រទេសហ្វាំងឡង់និងស៊ុយអែតជាការត្រឹមត្រូវតាមច្បាប់។ នេះបើតាមការបញ្ជាក់របស់អគ្គលេខាអង្គការអូតង់លោក Jens Stoltenberg នៅថ្ងៃអាទិត្យក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសហ្វាំងឡង់។ លោក Stoltenberg បានប្រាប់សន្និសីទកាសែតរួមគ្នាមួយជាមួយប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinisto ខណៈដែលលោកទៅសួរសុខទុកលោកប្រធានាធិបតីនៅឯគេហដ្ឋានរដូវក្តៅរបស់លោកនៅក្រុង Naantali ប្រទេសហ្វាំងឡង់ថា៖ «នេះជាការព្រួយកង្វល់ត្រឹមត្រូវតាមផ្លូវច្បាប់។ នេះជាសកម្មភាពភេរវកម្ម។ វាជាការនាំអាវុធចេញ»។ ប្រទេសស៊ុយអែតនិងហ្វាំងឡង់បានដាក់ពាក្យសុំចូលក្នុងសម្ពន្ធភាពការពារជាតិប្រទេសលោកខាងលិចនៅក្នុងការឆ្លើយតបដល់ការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។ ក៏ប៉ុន្តែ ប្រទេសទាំង២បានត្រូវប្រឈមការជំទាស់ប្រឆាំងពីប្រទេសតួកគីដែលបានចោទប្រកាន់ប្រទេសទាំង ២ ពីការគាំទ្រនិងផ្តល់ទីជម្រកដល់ពួកជនសកម្មប្រយុទ្ធ Kurd និងក្រុមផ្សេងទៀតដែលតួកគីចាត់ទុកជាភេរវជន។ លោក Stoltenberg បាននិយាយថា តួកគីជាសម្ពន្ធមិត្តដ៏សំខាន់បណ្តាលមកពីទីកន្លែងយុទ្ធសាស្ត្រនៅសមុទ្រខ្មៅដែលស្ថិតនៅរវាងអឺរ៉ុបនិងតំបន់មជ្ឈិមបូព៌ា ហើយបានលើកឡើងពីការគាំទ្ររបស់តួកគីដែលបានជួយឧបត្ថម្ភគាំទ្រអ៊ុយក្រែនចាប់តាំងពីរុស្ស៊ីបានបញ្ជូនកងទ័ពចូលក្នុងប្រទេសអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈមក។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
២២:០៧
១៣.៦.២០២២
ថ្ងៃចន្ទ ទី ១៣ ខែមិថុនា៖
- វិមានប្រធានាធិបតីបារាំងបានឱ្យដឹងនៅថ្ងៃចន្ទថា ប្រធានាធិបតីបារាំងលោក Emmanuel Macron មិនទាន់មានគម្រោងជាក់ច្បាស់ដើម្បីធ្វើទស្សនកិច្ចទៅកាន់ប្រ ទេសអ៊ុយក្រែននៅចំពេលមានសង្គ្រាមនេះនៅឡើយទេ។ វិមានប្រធានាធិបតីបារាំងបានបញ្ជាក់ដូច្នេះថា៖ «លោកប្រធានាធិបតីបាននិយាយថាលោកនឹងធ្វើទស្សន កិច្ចទៅកាន់ប្រទេសអ៊ុយក្រែននៅពេលសមរម្យណាមួយ។ លោកកំពុងពិចារណាលើជម្រើសមួយចំនួន។ មិនទាន់មានអ្វីជាក់ច្បាស់នៅពេលនេះនៅឡើយទេ»។ ខុសពីមេដឹកនាំផ្សេងមួយចំនួនទៀតនៅទ្វីបអឺរ៉ុប លោក Macron មិនទាន់បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែននៅឡើយទេ តាំងពីពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយ ក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈមក»។ នេះបើយោងតាមបណ្ដាញទូរទស្សន៍ CNN
- អ្នកស្រី Michelle Bachelet ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសិទ្ធិមនុស្ស (OHCHR) បានហៅ «ការចាប់ខ្លួនតាមទំនើងចិត្តលើអ្នកតវ៉ាប្រឆាំងសង្គ្រាមជាច្រើននាក់» នៅក្នុងប្រទេសរុស្ស៊ីថាជារឿងដ៏គួរឱ្យ «បារម្ភ»។ អ្នកស្រីបានបញ្ជាក់បន្ថែមនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសនៅថ្ងៃចន្ទថា រដ្ឋាភិបាលរុស្ស៊ីបានបង្ហាញនូវ «ការរឹតត្បិតថ្មីផ្នែកច្បាប់ព្រហ្មទណ្ឌ» ដែលរួមបញ្ចូលទាំង «ការហាមឃាត់ទូទៅផ្អែកលើគំនិតស្រពិចស្រពិលមិនច្បាស់លាស់លើការចែកផ្សាយព័ត៌មាន» ផងដែរ។ នេះបើយោងតាមបណ្ដាញទូរទស្សន៍ CNN។
- អង្គការសិទ្ធិមនុស្ស Amnesty International នៅថ្ងៃចន្ទបានចោទប្រកាន់ប្រទេសរុស្ស៊ីថាបានប្រព្រឹត្តិឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ដោយបានបញ្ជាក់ថា ការ វាយប្រហារលើទីក្រុង Kharkiv ដែលការវាយប្រហារជាច្រើនបានធ្វើឡើងដោយគ្រាប់បែកចង្កោមដែលគេបានហាមឃាត់ បានសម្លាប់ជនស៊ីវិលរាប់រយនាក់។ អង្គការនេះបានលើកឡើងនៅក្នុងរបាយការណ៍មួយអំពីទីក្រុង Kharkiv ដែលជាទីក្រុងធំជាងគេបង្អស់ទីពីររបស់អ៊ុយក្រែនថា៖ «ការទម្លាក់គ្រាប់បែកម្ដងហើយម្ដងទៀតលើតំបន់រស់ នៅរបស់ពលរដ្ឋនៅក្នុងទីក្រុង Kharkiv គឺជាការវាយប្រហារដោយមិនរើសមុខដែលបានធ្វើឱ្យជនស៊ីវិលរាប់រយនាក់ស្លាប់និងរងរបួស ហើយទង្វើដូចនេះគឺជាឧក្រិដ្ឋកម្មសង្គ្រាម»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- លោក Mykahilo Podolyak ដែលជាទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានសរសេរនៅលើ Twitter នៅថ្ងៃចន្ទថា «ដើម្បីបញ្ចប់សង្គ្រាម យើងត្រូវការបរិមាណស្មើគ្នានៃអាវុធធុនធ្ងន់»។ លោកបានបញ្ជាក់អំពីប្រភេទអាវុធមួយចំនួនដែលអ៊ុយក្រែនត្រូវការដូចជាកាំភ្លើងធំធុនធ្ងន់ចំនួន១.០០០គ្រឿង ប្រព័ន្ធបាញ់រ៉ុក្កែតជាច្រើនក្នុងពេលតែមួយចំនួន ៣០០ គ្រឿង រថក្រោះចំនួន ៥០០ គ្រឿង រថពាសដែកចំនួន២.០០០គ្រឿងនិងដ្រូនចំនួន១.០០០គ្រឿង។ លោក Podolyak បាននិយាយថា៖ «ការប្រជុំរបស់ក្រុមទំនាក់ទំនងនៃបណ្ដារដ្ឋមន្ត្រីការពារជាតិនឹងធ្វើឡើងនៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកនៅថ្ងៃទី១៥ ខែមិថុនាខាងមុខ។ យើងកំពុងរង់ចាំនូវការសម្រេចចិត្តរបស់ក្រុមទំនាក់ទំនងនេះ»។ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin គឺជាអ្នកកោះប្រជុំនេះនៅឯទីស្នាក់ ការកណ្ដាលរបស់អង្គការអូតង់។
- ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់នៅថ្ងៃចន្ទថា មីស៊ីលរបស់ខ្លួនបានបំផ្លាញសព្វាវុធនិងឧបករណ៍យោធាជាច្រើននៅក្នុងតំបន់ Donbas ភាគខាងកើតប្រទេសអ៊ុយក្រែន ដែលក្នុងនោះរួមមានទាំងសព្វាវុធមួយចំនួនដែលសហរដ្ឋអាមេរិកនិងបណ្ដាប្រទេសនៅអឺរ៉ុបបានបញ្ជូនឱ្យអ៊ុយក្រែនផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- លោក Eduard Basurin អនុប្រធានផ្នែកជីវពលប្រជាមានិតនៃសាធារណរដ្ឋប្រជាមានិត Donetsk (DPR) ដែលជាតំបន់ផ្ដាច់ខ្លួននៅភាគខាងកើតប្រទេសអ៊ុយក្រែន បាននិយាយនៅថ្ងៃចន្ទនេះថា កងទ័ពអ៊ុយក្រែននៅក្នុងទីក្រុង Sievierodonetsk ត្រូវតែចុះចាញ់ បើមិនដូច្នេះទេនឹងប្រឈមនឹងការស្លាប់។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន RIA Novosti របស់រុស្ស៊ីបានរាយការណ៍ថា លោក Basurin បាននិយាយថា៖ «កងទ័ពអ៊ុយ ក្រែនមានជម្រើសពីរដែលនោះគឺត្រូវធ្វើតាមគំរូរបស់កងទ័ពអ៊ុយក្រែនផ្សេងទៀតដោយបោះបង់ចោលការប្រយុទ្ធឬបើមិនដូច្នេះទេនឹងត្រូវស្លាប់»។ នេះបើយោងតាមបណ្ដាញទូរទស្សន៍ CNN។
- រដ្ឋាភិបាលអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃចន្ទថា កងទ័ពរបស់ខ្លួនត្រូវបានរុញច្រានមកវិញពីផ្នែកកណ្ដាលនៃទីក្រុងSievierodonetsk នៅភាគខាងកើតប្រទេសអ៊ុយក្រែន ដែលនៅទីនោះការប្រយុទ្ធជាមួយនឹងរុស្ស៊ីបានកាន់តែរាលដាលឡើងអស់រយៈពេលជាច្រើនសប្ដាហ៍មកហើយ។ យោធាអ៊ុយក្រែនបានបញ្ជាក់នៅលើ Facebook ថា៖ «ដោយមានជំនួយពីកាំភ្លើងធំ សត្រូវដែលបានធ្វើប្រតិបត្តិការវាយប្រហារនៅក្នុងទីក្រុង Sievierodonetsk បានទទួលជោគជ័យមួយផ្នែកដោយបានរុញច្រានកងយោ ធារបស់យើងឱ្យចេញឆ្ងាយពីផ្នែកកណ្ដាលនៃទីក្រុងនោះ»។ នេះបើយោងតាមទីភ្នាក់ ងារព័ត៌មាន AFP។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា កងទ័ពអ៊ុយក្រែននិងកងទ័ពរុស្ស៊ីកំពុងប្រយុទ្ធគ្នាដើម្បីកាន់កាប់ទីក្រុង Sievierodonetsk នៅភាគខាងកើតប្រទេសអ៊ុយក្រែន «គ្រប់ចន្លោះទាំងអស់»។ ស្របពេលនោះដែរ លោកបានអង្វរដៃគូអន្តរជាតិនានាថាប្រទេសអ៊ុយក្រែន «ត្រូវការប្រព័ន្ធការពារទំនើបទប់ទល់នឹងមីស៊ីល»។ នៅក្នុងសារជាវីដេអូកាលពីយប់មិញ លោក Zelenskyy បាននិយាយថា «គោលបំណងកលយុទ្ធចម្បង» របស់រុស្ស៊ីមិនបានប្រែប្រួលនោះទេ ដោយកងទ័ពរុស្ស៊ីក៏បានសម្រុករុលចូលផងដែរទៅកាន់ទីក្រុង Lysychansk ទីក្រុង Bakhmut និងទីក្រុង Slovyansk នៅភាគខាងលិចនិងភាគនិរតីនៃទីក្រុង Sievierodonetsk។