២១:៥៩
១៤.៦.២០២២
ថ្ងៃអង្គារ ទី ១៤ ខែមិថុនា៖
- វីអួអេរាយការណ៍ថាសាខាប្រតិបត្តិនៃសហភាពអឺរ៉ុបគ្រោងនឹងសម្រេចនៅពេលឆាប់ៗខាងមុខនេះអំពីថាតើត្រូវស្នើឬក៏អត់ឱ្យប្រទេសអ៊ុយក្រែនទទួលបានឋានៈជាប្រទេសដែលមានបេក្ខភាពផ្លូវការសម្រាប់ការចូលជាសមាជិករបស់សហភាពអឺរ៉ុប។ គណៈកម្មាការអឺរ៉ុប ដែលចាំបាច់ត្រូវតែអនុម័តជាឯកច្ឆន្ទលើការស្នើនេះ ក៏គ្រោងផងដែរនៅក្នុងការជជែកដេញដោលអំពីបញ្ហានេះនៅឯកិច្ចប្រជុំមួយនៅថ្ងៃទី ២៣ និងទី ២៤ ខែមិថុនាខាងមុខ។
- លោក Colin Kahl រដ្ឋលេខាធិការក្រសួងការពារជាតិសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការគោលនយោបាយ បាននិយាយនៅថ្ងៃអង្គារនេះថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ទំនងជានៅចង់ដណ្ដើមកាន់កាប់ឱ្យបានផ្នែកភាគច្រើនប្រសិនបើមិនមែនផ្នែកទាំងអស់នៃប្រទេសអ៊ុយក្រែន ប៉ុន្តែលោកត្រូវតែបង្រួមគោលបំណងកលយុទ្ធរបស់លោកនៅក្នុងសង្គ្រាម។ លោក Kahl បានថ្លែងនៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសម្រាប់សន្តិសុខអាមេរិកថ្មី (Center for New American Security) ថា៖ «ខ្ញុំនៅតែគិតថា លោក [Putin] មានផែនការសម្ងាត់លើផ្នែកសំខាន់មួយនៃប្រទេសអ៊ុយក្រែន ប្រសិនបើមិនមែនលើផ្នែកទាំងមូលនៃប្រទេសអ៊ុយក្រែន។ ករណីនេះមានន័យថា ខ្ញុំគិតថាលោកមិនអាចសម្រេចបានតាមគោលបំណងទាំងនោះទេ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់នៅថ្ងៃអង្គារនេះថា ខ្លួនបានទុកឱកាសឱ្យយុទ្ធជនអ៊ុយក្រែនដែលជ្រកកោននៅក្នុងរោងចក្រគីមី Azot នៅក្នុងទីក្រុង Sievierodonetsk នៅភាគខាងកើតប្រទេសអ៊ុយក្រែន ដើម្បីឱ្យចុះចាញ់នៅថ្ងៃទី ១៥ ខែមិថុនាខាងមុខ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Interfax របស់រុស្ស៊ី។ ក្រសួងនេះបានលើកឡើងបន្តថា ប្រទេសអ៊ុយក្រែនបានស្នើប្រទេសរុស្ស៊ីឱ្យបង្កើតច្រករបៀងជម្លៀសខ្លួនមួយដើម្បីជួយជនស៊ីវិលឱ្យចាកចេញពីរោងចក្រនោះ ដោយសារតែស្ពានទាំងអស់ដែលភ្ជាប់ទីក្រុង Sievierodonetsk ទៅកាន់ដែនដីដែលអ៊ុយក្រែនកាន់កាប់នៅពេលឥឡូវនេះត្រូវបានបំផ្លាញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- លោកស្រី Ursula von der Leyen ប្រធានគណៈកម្មាការអឺរ៉ុបនៃសហភាពអឺរ៉ុប បាននិយាយនៅថ្ងៃអង្គារថា សហភាពអឺរ៉ុបចង់ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលរបស់ខ្លួនជាមួយនឹងប្រទេសអ៊ីស្រាអែល ដោយសារតែរុស្ស៊ីបានប្រើការផ្គត់ផ្គត់ឧស្ម័នដើម្បី «គំរាមរកប្រយោជន៍»ពីបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបទាក់ទិននឹងសង្គ្រាមនៅអ៊ុយក្រែន។ លោកស្រីបានបញ្ជាក់នៅក្នុងសុន្ទរកថាមួយនៅឯសាកលវិទ្យាល័យ Ben Gurion នៅក្នុងទីក្រុង Beersheba នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលថា៖ «រដ្ឋាភិបាលរុស្ស៊ីបានប្រើការពឹងផ្អែករបស់យើងលើឥន្ធនៈផូស៊ីលរបស់រុស្ស៊ីដើម្បីគំរាមរកប្រយោជន៍ពីយើង»។ លោកស្រីបានបន្ថែមថា៖ «តាំងពីសង្គ្រាមបានចាប់ផ្ដើមមក រុស្ស៊ីបានកាត់ផ្ដាច់ដោយចេតនានូវការផ្គត់ផ្គង់ឧស្ម័នរបស់ខ្លួនទៅឱ្យប្រទេសប៉ូ ឡូញ ប៊ុលហ្គារីនិងហ្វាំងឡង់ និងទៅឱ្យក្រុមហ៊ុនរបស់ប្រទេសហូឡង់និងដាណឺម៉ាក ដើម្បីជាការសងសឹកជាមួយនឹងការគាំទ្ររបស់យើងចំពោះប្រទេសអ៊ុយក្រែន»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- សម្ដេចប៉ាប Francis បានបញ្ជាក់នៅក្នុងសារមួយដែលបានចេញផ្សាយនៅថ្ងៃអង្គារថា ការឈ្លានពានលើប្រទេសអ៊ុយក្រែនគឺជាការរំលោភលើសិទ្ធិស្វ័យសម្រេចរបស់ប្រ ទេសមួយ។ ព្រះអង្គបានថ្លែងអំពីសង្គ្រាមនៅអ៊ុយក្រែននេះនៅក្នុងសារមួយសម្រាប់ទិវាជនក្រីក្រពិភពលោករបស់ព្រះវិហារគ្រិស្តសាសនារ៉ូម៉ាំងកាតូលិក ដែលទិវានេះនឹងប្រារព្ធធ្វើឡើងនៅខែវិច្ឆិកាខាងមុខ។ ព្រះអង្គបានលើកឡើងនៅក្នុងសារនោះថា៖ «សង្គ្រាមនៅអ៊ុយក្រែនឥឡូវនេះត្រូវបានបញ្ចូលទៅក្នុងសង្គ្រាមតំបន់ដែលអស់រយៈ ពេលជាច្រើនឆ្នាំកន្លងមកបានបង្កឱ្យមានការការស្លាប់និងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ ធ្ងរ»។ ព្រះអង្គបានបន្ថែមថា៖ «ប៉ុន្តែស្ថានការណ៍សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនគឺមានភាពស្មុគស្មាញជាងដោយសារតែការធ្វើអន្តរាគមន៍ដោយផ្ទាល់របស់ «ប្រទេសមហាអំណាច» មួយក្នុងគោលបំណងធ្វើតាមឆន្ទៈរបស់ខ្លួនដោយរំលោភលើគោល ការណ៍ស្វ័យសម្រេចរបស់ប្រជាពលរដ្ឋ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានប្រាប់អ្នកសារព័ត៌មានដាណឺម៉ាកនៅថ្ងៃអង្គារថា យោធាអ៊ុយក្រែនមានគ្រាប់រំសេវនិងអាវុធគ្រប់គ្រាន់ហើយ ប៉ុន្តែត្រូវការអាវុធដែលបាញ់បានចម្ងាយឆ្ងាយបន្ថែមទៀត។ លោក Zelenskyy បានថ្លែងនៅក្នុងសន្និសីទកាសែតតាមអនឡាញមួយដែលរៀបចំឡើងដោយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Berlingske Media របស់ប្រទេសដាណឺម៉ាកថា៖ «យើងមានអាវុធគ្រប់គ្រាន់ហើយ។ អ្វីដែលយើងមិនមានគ្រប់គ្រាន់គឺអាវុធដែលអាចបាញ់បានចម្ងាយដែលយើងត្រូវការដើម្បីកាត់បន្ថយឥទ្ធិពលមានប្រៀបនៃអាវុធរបស់រុស្ស៊ី»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីយប់ថ្ងៃចន្ទថា ការប្រយុទ្ធដើម្បីតំបន់ Donbas ក្នុងប្រទេសអ៊ុយក្រែន «នឹងត្រូវបានចារយ៉ាងពិតប្រាកដនៅក្នុងប្រវត្តិសាស្ត្រយោធាថាជាការប្រយុទ្ធដ៏ហិង្សាបំផុតមួយនៅទ្វីបអឺរ៉ុប។ ...សម្រាប់យើង ផលវិបាកនៃការប្រយុទ្ធនេះគឺធំធេងបំផុត។ វាគួរឱ្យខ្លាច»។ លោកបានអំពាវនាវជាថ្មីម្ដងទៀតឱ្យបណ្ដាប្រទេសដៃគូនានាបញ្ជូនកាំភ្លើងធំទំនើបឱ្យអ៊ុយ ក្រែនដើម្បីប្រើប្រឆាំងនឹងកងទ័ពរុស្ស៊ី។
- រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃចន្ទម្សិលមិញថា គោលបំណងចម្បងរបស់ប្រតិ បត្តិការយោធារបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនគឺដើម្បីការពារសាធារណរដ្ឋប្រជា មានិត Donetsk និងសាធារណរដ្ឋប្រជាមានិតLuhansk ដែលជាតំបន់ផ្ដាច់ខ្លួន។ រដ្ឋា ភិបាលរុស្ស៊ីបញ្ជាក់ដូច្នេះ បន្ទាប់ពីមេដឹកនាំនៃតំបន់ផ្ដាច់ខ្លួនមួយក្នុងចំណោមតំបន់ផ្ដាច់ខ្លួនទាំងពីរស្នើសុំកម្លាំងបន្ថែមទៀតពីរដ្ឋាភិបាលរុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
២០:៤៣
១៥.៦.២០២២
ថ្ងៃពុធ ទី ១៥ ខែមិថុនា៖
- គណៈកម្មការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការប្រទេសអ៊ុយក្រែនបានបញ្ជាក់អះអាងនៅថ្ងៃពុធនេះថាខ្លួនបានទទួលពាក្យបណ្ដឹងចោទប្រកាន់ជាច្រើនអំពីការរំលោភបំពានសិទ្ធិដែលប្រព្រឹត្តឡើងដោយកងទ័ពរុស្ស៊ី ប៉ុន្តែបានលើកឡើងថាវាហាក់ដូចជាឆាប់ពេកនៅក្នុងការចាត់ទុកការរំលោភបំពានសិទ្ធិទាំងនោះថាជាឧក្រិដ្ឋកម្មសង្គ្រាមឬក៏យ៉ាងណានោះ។ លោក Erik Mose ដែលជាប្រធានគណៈកម្មការនេះ បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែនថា៖ «នៅក្នុងក្រុង Bucha និងក្រុង Irpin [នៃប្រទេសអ៊ុយក្រែន] គណៈកម្មការបានទទួលព័ត៌មានអំពីការសម្លាប់ជនស៊ីវិលតាមទំនើងចិត្ត ការបំផ្លិចបំផ្លាញនិងការលួចប្លន់ទ្រព្យសម្បត្តិ និងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដូចជាសាលារៀនជាដើម»។ ប៉ុន្តែលោកបាននិយាយថា អង្គការសហប្រជាជាតិ «នៅក្នុងដំណាក់កាលនេះមិនទាន់ស្ថិតក្នុងជំហរ» ដែលអាចបញ្ជាក់អំពីចរិតលក្ខណៈតាមផ្លូវច្បាប់ពេញលេញអំពីព្រឹត្តិការណ៍ដែលបានកើតឡើងនៅជិតរដ្ឋធានីកៀវកាលពីខែមីនាកន្លងទៅនេះបានទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រទេសអេហ្ស៊ីប អ៊ីស្រាអែល និងសហភាពអឺរ៉ុបនៅថ្ងៃពុធនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីបង្កើនការលក់ឧស្ម័នធម្មជាតិរាវទៅឱ្យបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបណាដែលមានបំណងកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើការផ្គត់ផ្គង់ពីរុស្ស៊ី ស្របពេលដែលសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនកំពុងអូសបន្លាយជាបន្ត។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Associated Press។
- រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់នៅថ្ងៃពុធនេះថា ក្រុមបស្ចិមប្រទេសបាន «បាញ់ក្បាលខ្លួនឯង» ដោយការព្យាយាមដាក់កំហិតលើការនាំចូលថាមពលពីវាលប្រេងឥន្ធនៈនិងឧស្ម័ននៅតំបន់ Siberia ប្រទេសរុស្ស៊ីដោយសារតែរឿងសង្គ្រាមនៅអ៊ុយក្រែន ដែលករណីនេះគឺផ្ទុយពីប្រទេសចិនដែលបានបង្កើនការនាំចូលថាមពលពីរុស្ស៊ី។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី Maria Zakharova បានប្រាប់អ្នកសារព័ត៌មានថា៖ «ការផ្គត់ផ្គង់ថាមពលបានកើនឡើងយ៉ាងទៀងទាត់ ដោយប្រទេសចិនដឹងថាខ្លួនចង់បានអ្វីនិងមិនបានបាញ់ជើងខ្លួនឯងនោះទេ។ ចំណែកឯបណ្ដាប្រទេសដែលស្ថិតនៅទិសខាងលិចនៃប្រទេសរុស្ស៊ីវិញ ពួកគេបានបាញ់ក្បាលខ្លួនឯង»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់នៅថ្ងៃពុធនេះថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានឯកភាពនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយនឹងប្រធានាធិបតីចិនលោក Xi Jinping លើការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកថាមពល ហិរញ្ញវត្ថុ និងឧស្សាហកម្ម ស្របពេលដែលរដ្ឋាភិបាលរុស្ស៊ីប្រឈមនឹងទណ្ឌកម្មមិនធ្លាប់មានពីមុនមករបស់ក្រុមបស្ចិមប្រទេសទាក់ទិននឹងរឿងអ៊ុយក្រែន។ រដ្ឋាភិបាលរុស្ស៊ីបានលើកឡើងដូច្នេះថា៖ «ដោយផ្ដោតលើស្ថានការណ៍សេដ្ឋកិច្ចសាកលលោកដែលកាន់តែស្មុគស្មាញឡើងដោយសារគោលនយោបាយដាក់ទណ្ឌកម្មខុសច្បាប់របស់ក្រុមបស្ចិមប្រទេស [រុស្ស៊ីនិងចិន] បានឯកភាពគ្នាលើការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកថាមពល ហិរញ្ញវត្ថុ ឧស្សាហកម្ម ការដឹកជញ្ជូន និងផ្នែកផ្សេងៗទៀត»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានជំរុញសម្ព័ន្ធមិត្តនៅថ្ងៃពុធនេះកុំឱ្យ «ថមថយកម្លាំង» នៅក្នុងការបញ្ជូនសព្វាវុធឱ្យប្រទេសអ៊ុយក្រែន។ លោក Austin ថ្លែងដូច្នេះ ស្របពេលដែលរដ្ឋាភិបាលអ៊ុយក្រែនបានអង្វរករជាខ្លាំងឱ្យមានការផ្ដល់អាវុធឱ្យបានច្រើនដល់អ៊ុយក្រែនដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។ លោក Austin បាននិយាយនៅ ក្នុងកិច្ចប្រជុំមួយក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ជាមួយនឹងប្រទេសប្រហែល ៥០ ដែលគាំទ្រប្រទេសអ៊ុយក្រែនថា៖ «យើងត្រូវតែបង្កើនការតាំងចិត្តរួមរបស់យើងចំពោះការការពារខ្លួនរបស់អ៊ុយក្រែន ហើយយើងត្រូវតែជំរុញខ្លួនយើងឱ្យកាន់តែខ្លាំងថែមទៀតដើម្បីធានាថាអ៊ុយក្រែនអាចការពារខ្លួនឯង ពលរដ្ឋរបស់ខ្លួន និងទឹកដីរបស់ខ្លួនបាន»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- អគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg បាននិយាយនៅថ្ងៃពុធថា បណ្ដាប្រទេសជាសមាជិកអង្គការអូតង់នឹងបន្តផ្គត់ផ្គង់សព្វាវុធធុនធ្ងន់និងប្រព័ន្ធអាវុធដែលបាញ់បានចម្ងាយឆ្ងាយដល់ប្រទេសអ៊ុយក្រែន និងថាលោករំពឹងថាបណ្ដាប្រទេសទាំងនោះនឹងឯកភាពគ្នាលើកញ្ចប់ជំនួយថ្មីសម្រាប់ប្រទេសអ៊ុយក្រែននៅឯកិច្ចប្រជុំរបស់អង្គការអូតង់។ លោក Stoltenberg ថ្លែងដូច្នេះថា៖ «យើងផ្ដោតយ៉ាងខ្លាំងលើការបង្កើនការគាំទ្រ [ចំពោះអ៊ុយក្រែន]»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋាភិបាលអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃពុធថា អ៊ុយក្រែនមានអាវុធតិចជាងសត្រូវនិងបានអំពាវនាវឱ្យសម្ព័ន្ធមិត្តបស្ចិមប្រទេសផ្ដល់ជំនួយយោធាឱ្យបានច្រើនដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។ អ៊ុយក្រែនលើកឡើងដូច្នេះមុនពេលអង្គការអូតង់បើកកិច្ចប្រជុំនៅក្នុងប្រទេសបែលហ្ស៊ិកដើម្បីពិភាក្សាអំពីការផ្គត់ផ្គង់បន្ថែមដល់អ៊ុយក្រែន។ លោក Mykhaylo Podolyak ដែលជាទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន បានសរសេរនៅលើបណ្ដាញសង្គមអនឡាញថា ទាហានអ៊ុយក្រែនបានសួរលោក «ជារៀងរាល់ថ្ងៃ» ថានៅពេលណាកាំភ្លើងធំរបស់បស្ចិមប្រទេសត្រូវបានបញ្ជូនទៅសមរភូមិមុខ។ លោក Podolyak បានបន្ថែមថា៖ «សហភាពអឺរ៉ុប! ពួកយើងកំពុងរង់ចាំការសម្រេចចិត្ត [របស់អ្នក]»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានជំរុញសហភាពអឺរ៉ុបនៅថ្ងៃពុធឱ្យបន្តឹងទណ្ឌកម្មលើប្រទេសរុស្ស៊ី ដោយលោកបានព្រមានថាកងទ័ពរុស្ស៊ីអាចវាយប្រហារប្រទេសផ្សេងទៀតបន្ទាប់ពីបានឈ្លានពានប្រទេសរបស់លោករួចហើយ។ នៅក្នុងសុន្ទរកថាថ្លែងទៅកាន់សភាទាំងពីរថ្នាក់របស់ប្រទេសឆែកតាមរយៈវីដេអូអនឡាញ លោក Zelenskyy បានអំពាវនាវជាថ្មីឱ្យសហភាពអឺរ៉ុបអនុញ្ញាតឱ្យប្រទេសអ៊ុយក្រែនចាប់ផ្ដើមដំណើរការចូលជាសមាជិករបស់សហភាពអឺរ៉ុបតាមរយៈការផ្ដល់ឋានៈជាបេក្ខភាពដល់អ៊ុយក្រែន។ លោកបាននិយាយដូច្នេះថា៖ «ដូចកាលពីអតីតកាលដែរ ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនគឺជាជំហានដំបូងដែលថ្នាក់ដឹកនាំរុស្ស៊ីត្រូវការដើម្បីបើកផ្លូវឆ្ពោះទៅរកប្រទេសផ្សេងទៀត ដើម្បីវាយដណ្ដើមគ្រប់គ្រងប្រជាពលរដ្ឋផ្សេងទៀត»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់នៅថ្ងៃពុធថា ការទាក់ទងគ្នាទៅវិញទៅមកនៅតែ «សំខាន់» នៅក្នុងទំនាក់ទំនងរវាងប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិក។ រដ្ឋាភិបាលរុស្ស៊ីលើកឡើងដូច្នេះ នៅចំពេលដែលមានភាពតានតឹងទាក់ទិននឹងសង្គ្រាមជាបន្តរបស់រុស្ស៊ីនៅអ៊ុយក្រែន។ ប៉ុន្តែ អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថា ការទាក់ទងគ្នាដូចនេះអាចធ្វើទៅបានតែក្នុងករណីដែលផ្អែកលើមូលដ្ឋាននៃការគោរពគ្នានិងផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមកតែប៉ុណ្ណោះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយនៅថ្ងៃពុធនេះថា ការកាត់ទោសប្រហារជីវិតលើយុទ្ធជនបរទេសនៅក្នុងតំបន់ផ្ដាច់ខ្លួន Donetsk នៃប្រទេសអ៊ុយក្រែន ដែលជាតំបន់អះអាងដោយខ្លួនឯងថាជាសាធារណរដ្ឋប្រជាមានិត Donetsk នឹងបង្ហាញឱ្យឃើញជា «គំរូឱ្យបានច្បាស់សម្រាប់ទាហានស៊ីឈ្នួលផ្សេងទៀតដែលប្រយុទ្ធដើម្បីប្រទេសអ៊ុយក្រែន»។ យុទ្ធជនចក្រភពអង់គ្លេសពីរនាក់និងយុទ្ធជនម៉ារ៉ុកម្នាក់ដែលត្រូវបានរុស្ស៊ីចាប់ខ្លួននៅពេលយុទ្ធជនទាំងនោះរួមប្រយុទ្ធជាមួយនឹងកងទ័ពអ៊ុយក្រែនត្រូវបានអាជ្ញាធរតំបន់ Donetsk ដែលគាំទ្រដោយរុស្ស៊ី កាត់ទោសប្រហារជីវិតក្នុងឋានៈជាទាហានស៊ីឈ្នួលនៅក្នុងតំបន់ Donetsk កាលពីថ្ងៃទី ៩ ខែមិថុនា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
២០:៣៧
១៦.៦.២០២២
ថ្ងៃព្រហស្បតិ៍ ទី ១៦ ខែមិថុនា៖
- បណ្ដារដ្ឋមន្ត្រីការពារជាតិនៃប្រទេសជាសមាជិកអង្គការអូតង់បានជួបពិភាក្សាគ្នានៅថ្ងៃព្រហស្បតិ៍ដោយផ្តោតលើការពង្រឹងកម្លាំងនិងការពង្រឹងវិធីសាស្ត្រកម្លាំងសត្រូវនៅតាមបណ្ដោយព្រំដែនភាគខាងកើតរបស់អង្គការអូតង់ ដើម្បីបង្អាក់ទឹកចិត្តរបស់រុស្ស៊ីមិនឱ្យធ្វើការឈ្លានពានបន្ថែមទៀត។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានAssociated Press។ កិច្ចពិភាក្សារបស់បណ្ដារដ្ឋមន្ត្រីការពារជាតិទាំងនេះបានធ្វើឡើង មុនពេលកិច្ចប្រជុំរបស់អង្គការអូតង់ចូលមកដល់នៅក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ពីថ្ងៃទី ២៩ ដល់ថ្ងៃទី៣០ ខែមិថុនាខាងមុខ ដែលកិច្ចប្រជុំនេះមានគោលបំណងកំណត់ទិសដៅឱ្យបានម៉ឺងម៉ាត់ សម្រាប់អង្គការអូតង់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
- អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោកស្រី Hanna Malyar បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា គោលបំណងយុទ្ធសាស្ត្ររបស់រុស្ស៊ីនៅក្នុងសង្គ្រាមនៅអ៊ុយក្រែនគឺការបំផ្លាញទាំងស្រុងនូវឋានៈជាប្រទេសឯករាជ្យរបស់អ៊ុយក្រែននិងប្រជាជាតិអ៊ុយក្រែន។ លោកស្រីបានបញ្ជាក់នៅក្នុងសន្និសីទកាសែតមួយថា ស្ថានការណ៍នៅតែពិបាកសម្រាប់កងទ័ពអ៊ុយក្រែន និងថាការផ្ដោតជាចម្បងរបស់រុស្ស៊ីនៅពេលឥឡូវនេះគឺការដណ្ដើមគ្រប់គ្រងឱ្យបានទាំងស្រុងលើតំបន់ Luhansk និងតំបន់ Donetsk នៅភាគខាងកើតប្រទេសអ៊ុយក្រែន។ លោកស្រីថ្លែងដូច្នេះថា៖ «គោលបំណងចម្បងរបស់រុស្ស៊ីផ្នែកយុទ្ធសាស្ត្រយោធានយោបាយ និងយោធាសេដ្ឋកិច្ចទាក់ទិននឹងប្រទេសរបស់យើងគឺមិនប្រែប្រួលនោះទេ ដែលនោះគឺការបំផ្លាញទាំងស្រុងលើឋានៈជាប្រទេសឯករាជ្យរបស់អ៊ុយក្រែននិងប្រជាជាតិអ៊ុយក្រែន ក៏ដូចជាការបំផ្លាញមូលដ្ឋានគ្រឹះយោធានិងសេដ្ឋកិច្ចរបស់ប្រទេសយើងផងដែរ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយនៅថ្ងៃព្រហស្បតិ៍ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់រដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែនថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នឹងចូលរួមនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រទេសG-7នៅក្នុងខែនេះ។ លោក Scholz បានថ្លែងអំណរគុណលោកZelenskyyសម្រាប់ «ការទទួលយកការអញ្ជើញ» របស់លោក «នៅក្នុងការចូលរួមក្នុងកិច្ចប្រជុំរបស់ក្រុមប្រទេស G-7» ដែលនឹងធ្វើឡើងពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែមិថុនាខាងមុខ នៅរមណីយដ្ឋាន Schloss Elmau នៅតំបន់ជួរភ្នំ Alpine នៃប្រទេសអាល្លឺម៉ង់។ គេរំពឹងថាលោក Zelenskyy នឹងចូលរួមនៅក្នុងកិច្ចប្រជុំនោះតាមអនឡាញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងអំណរគុណមេដឹកនាំនៃប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី និងរូម៉ានី សម្រាប់ការបង្ហាញសាមគ្គីភាពជាមួយនឹងប្រទេសរបស់លោកតាមរយៈការធ្វើទស្សនកិច្ចទៅកាន់រដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍។ លោក Zelenskyy បានសរសេរតាម Telegram ថា៖ «យើងសូមវាយតម្លៃខ្ពស់ចំពោះសាមគ្គីភាពរបស់អ្នកជាមួយនឹងប្រទេសនិងប្រជាពលរដ្ឋរបស់យើង»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- លោក Andriy Yermak ប្រធានខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែនបានបញ្ជាក់ថា រដ្ឋាភិបាលអ៊ុយក្រែនបានប្រគល់សំណើដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីនៅឯការប្រជុំមួយរវាងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelesnkyy ជាមួយនឹងមេដឹកនាំនៃប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី និងរូម៉ានីនៅក្នុងរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍។ លោក Yermak បានសរសេរតាម Telegram ថា៖ «យើងត្រូវតែបង្កើនការដាក់សម្ពាធលើអ្នកគឃ្លើនឈ្លានពាន និងធ្វើការលើកញ្ចប់ទណ្ឌកម្មលើកទី៧ ដោយការហាមឃាត់លើការនាំចូលឧស្ម័ន [ពីរុស្ស៊ី]»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានក្រុមអ្នកចរចារបស់ប្រទេសរុស្ស៊ីលោក Vladimir Medinsky បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលរុស្ស៊ីត្រៀមខ្លួនរួចរាល់នៅក្នុងការចាប់ផ្ដើមការចរចាសន្តិភាពជាមួយនឹងប្រទេសអ៊ុយក្រែន ប៉ុន្តែមិនទាន់បានទទួលការឆ្លើយតបណាមួយចំពោះសំណើចុងក្រោយបង្អស់របស់ខ្លួននៅឡើយទេ។ លោក Medinsky ថា រដ្ឋាភិបាលអ៊ុយក្រែនគឺជាអ្នកដែលត្រូវរងការរិះគន់ដោយសារការធ្វើឱ្យយឺតយ៉ាវដល់ដំណើរវិវឌ្ឍនៃការចរចា។ ការចរចារវាងរុស្ស៊ីនិងអ៊ុយក្រែនបានជាប់គាំងតាំងពីខែមីនាមក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ដែលយោងលើសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Interfax របស់រុស្ស៊ី។
- រដ្ឋាភិបាលរុស្ស៊ីបានព្រមាននៅថ្ងៃព្រហស្បតិ៍ប្រឆាំងនឹងការផ្គត់ផ្គង់សព្វាវុធថ្មីរបស់ក្រុមបស្ចិមប្រទេសដល់អ៊ុយក្រែន ស្របពេលដែលប្រធានាធិបតីបារាំងលោក Emmanuel Macron អធិការបតីអាល្លឺម៉ង់លោក Olaf Scholz និងនាយករដ្ឋមន្ត្រីអ៊ីតាលីលោក Mario Draghi ធ្វើដំណើរដល់រដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន។ អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោក Dmitry Peskov បាននិយាយថា៖ «ខ្ញុំសង្ឃឹមថាមេដឹកនាំនៃប្រទេសទាំង ៣ នេះ និងប្រធានាធិបតីរូម៉ានី នឹងមិនផ្ដោតតែរឿងការគាំទ្រអ៊ុយក្រែនតាមរយៈការផ្គត់ផ្គង់សព្វាវុធបន្ថែមទៀតដល់អ៊ុយក្រែននោះឡើយ»។ លោកបានបន្ថែមថា៖ «ការធ្វើដូច្នេះគឺគ្មានប្រយោជន៍អ្វីទាល់តែសោះ ហើយនឹងបណ្ដាលឱ្យមានការខូចខាតបន្ថែមទៀតដល់ប្រទេសអ៊ុយក្រែន»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រភពខាងការទូតបារាំងបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ថា ប្រទេសបារាំងចង់ឱ្យប្រទេសអ៊ុយក្រែនទទួលជោគជ័យផ្នែកយោធាលើប្រទេសរុស្ស៊ី ដែលអាចបង្កើតឡើងវិញនូវបូរណភាពទឹកដីរបស់អ៊ុយក្រែន ដែលក្នុងនោះរួមមានទាំងតំបន់ Crimea ដែលរុស្ស៊ីបានដណ្ដើមយកកាលពីឆ្នាំ ២០១៤ ផងដែរ។ ប្រភពនេះបានបន្ថែមថា វាអាស្រ័យលើប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅក្នុងការកំណត់ថាតើជ័យជម្នះផ្នែកយោធាបែបណាដែលលោកចង់បាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Mario Draghi បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសអ៊ុយក្រែនដែលរងការខូចខាតនិងបំផ្លាញដោយកងកម្លាំងឈ្លានពានរបស់រុស្ស៊ី នឹងត្រូវកសាងឡើងវិញ។ លោកថ្លែងដូច្នេះនៅពេលដែលលោកបានធ្វើទស្សនកិច្ចទៅកាន់តំបន់ជាយក្រុងមួយនៅក្រៅរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោកជាមួយនឹងប្រធានាធិបតីបារាំងនិងអធិការបតីអាល្លឺម៉ង់។ លោក Draghi បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងនឹងកសាងអ្វីៗទាំងអស់ឡើងវិញ។ កងទ័ពរុស្ស៊ីបានបំផ្លាញសាលាមត្តេយ្យ។ ពួកគេបានបំផ្លាញទីធ្លាក្មេងលេង។ អ្វីៗទាំងអស់នេះ នឹងត្រូវកសាងឡើងវិញ»។ នេះបើយោងតាមទីភ្នាកងារព័ត៌មាន AFP។
- មេដឹកនាំមកពីប្រទេសអ៊ីតាលី បារាំង និងអាល្លឺម៉ង់បានធ្វើដំណើរទៅដល់រដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍ ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេចំពោះប្រទេសអ៊ុយក្រែន។ ទីភ្នាក់ងារព័ត៌មាន Associated Press បានរាយការណ៍ថា ប្រធានាធិបតីបារាំងលោក Emmanuel Macron អធិការបតីអាល្លឺម៉ង់លោក Olaf Scholz និងនាយករដ្ឋមន្ត្រីអ៊ីតាលីលោក Mario Draghi បានធ្វើដំណើរទៅកាន់រដ្ឋធានីកៀវទាំងអស់គ្នា ហើយប្រធានាធិបតីរូម៉ានីលោក Klaus lohannis នឹងចូលរួមជាមួយមេដឹកនាំទាំងបីនាក់នេះ នៅក្នុងរដ្ឋធានីកៀវ។ មេដឹកនាំទាំងបួនរូបនេះ គ្រោងនឹងជួបជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy៕
២១:១៧
១៧.៦.២០២២
ថ្ងៃសុក្រ ទី ១៧ ខែមិថុនា៖
- គណៈកម្មការអឺរ៉ុបនៅថ្ងៃសុក្រនេះបានស្នើថា សហភាពអឺរ៉ុបដាក់ប្រទេសអ៊ុយក្រែនជាបេក្ខភាពដើម្បីចូលជាសមាជិករបស់ប្លុកនេះ។ នេះគឺជាសមិទ្ធផលមួយរបស់អ៊ុយក្រែន ដែលធ្លាប់ជាប្រទេសដើរតាមមាគ៌ារបស់សហភាពសូវៀត ឆ្ពោះទៅកាន់ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើននៅក្នុងប្លុកពាណិជ្ជកម្មដ៏ធំបំផុតមួយក្នុងពិភពលោក។ រុស្ស៊ីដែលបានឈ្លានពានលើអ៊ុយក្រែនចាប់តាំងពីខែកុម្ភៈមក ច្បាស់ជាប្រឆាំងនឹងសំណើរបស់គណៈកម្មការអឺរ៉ុប ដោយចាត់ទុកអាកប្បកិរិយានេះ ថាជាការជ្រៀតជ្រែកលើតំបន់ដែលរុស្ស៊ីកំពុងមានឥទ្ធិពល បើទោះបីជាគេដឹងថាអ៊ុយក្រែនបានទទួលកិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មដោយសេរីជាមួយសហភាពអឺរ៉ុបហើយក្តី។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បានថ្លែងនៅក្នុងសិន្នសីទសារព័ត៌មានមួយ នៅក្នុងសម្លៀកបំពាក់ដែលមានពណ៌តំណាងឲ្យទង់ជាតិប្រទេសអ៊ុយក្រែនថា៖ «គណៈកម្មការណែនាំ...ឲ្យប្រទេសអ៊ុយក្រែនទទួលបានបេក្ខភាពជាសមាជិក។ អ៊ុយក្រែនបានបង្ហាញយ៉ាងច្បាស់ពីឆន្ទៈនិងការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការដើរតាមគុណតម្លៃនិងស្តង់ដាររបស់អឺរ៉ុប»។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅថ្ងៃសុក្រនេះ បានសរសើសេចក្តីសម្រេចចិត្តរបស់គណៈកម្មការអឺរ៉ុបដែលបានផ្តល់ការគាំទ្ររបស់ខ្លួនដល់អ៊ុយក្រែន ដើម្បីផ្តល់ឋានៈជាបេក្ខភាពដើម្បីចូលជាសមាជិកនៃសហភាពអឺរ៉ុប។ លោក Zelenskyy បានសរសេរនៅលើបណ្តាញសង្គមថា «នេះជាជំហានដំបូងដល់ដំណើរឆ្ពោះទៅការក្លាយជាសមាជិករបស់សហភាពអឺរ៉ុប ដែលនឹងនាំមកនូវជ័យជម្នះដល់យើងក្នុងពេលឆាប់ៗនេះ» ។ លោកបានបន្ថែមទៀតថា លោកពិតជា «ដឹងគុណ» ដល់លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប និង «សមាជិកសហភាពអឺរ៉ុបគ្រប់គ្នាសម្រាប់សេចក្តីសម្រេចចិត្តជាប្រវត្តិសាស្ត្រនេះ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានប្រកាសនៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលអ៊ុយក្រែនគ្រោងបង្កើតកម្មវិធីផ្តល់ទិដ្ឋការដល់ជនជាតិរុស្ស៊ី ចាប់ពីថ្ងៃទី ១ ខែកក្កដាតទៅ។ សេចក្តីប្រកាសនេះធ្វើឡើង ខណៈការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនកំពុងឈានចូលដល់រយៈពេល ៤ខែហើយ។ លោក Zelenskyy បានសរសេរនៅលើគណនីយ Telegram របស់លោកថា «អ៊ុយក្រែននឹងបង្កើតគម្រោងទិដ្ឋាការដល់ប្រជាជននៃសហព័ន្ធរុស្ស៊ី»។ លោកបានថ្លែងថា លក្ខខណ្ឌសម្រាប់ទិដ្ឋាការនេះនឹងចូលជាធរមាននៅថ្ងៃទី «១ ខែកក្កដា ឆ្នាំ២០២២» ខាងមុខនេះ។ នេះបើយោងតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាលអ៊ុយក្រែន ដែលលោករំពឹងនឹងចេញផ្សាយនៅ«ថ្ងៃនេះ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- កងកម្លាំងយោធាអ៊ុយក្រែនបានឲ្យដឹងនៅថ្ងៃសុក្រថា ពួកគេបានបាញ់មីស៊ីល Harpoonពីរគ្រាប់ ត្រូវចំនាវាសណ្តោង Vasiliy Bekh របស់កងទ័ពជើងទឹករុស្ស៊ី នៅតំបន់សមុទ្រខ្មៅនៅថ្ងៃសុក្រនេះ។ នេះជាលើកដំបូងដែលអ៊ុយក្រែនបានអះអាងថា ខ្លួនបានវាយប្រហារលើនាវារុស្ស៊ី ដោយប្រើប្រាស់រុកក្កែតសម្រាប់បាញ់នាវាដែលអ៊ុយក្រែនទទួលបានពីការផ្គត់ផ្គង់សព្វាវុធរបស់បស្ចិមប្រទេសនោះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ ក្រុមប្រឹក្សាបណ្តាញផ្សព្វផ្សាយយុទ្ធសាស្ត្រប្រចាំកងយោធពលអ៊ុយក្រែន បានផ្សព្វផ្សាយព័ត៌មាននេះនៅតាមបណ្តាញ Telegram ជាមួយនឹងវីដេអូមួយដែលបង្ហាញពីសកម្មភាពវាយប្រហារតាមអាកាសនោះ។ ទីភ្នាក់ងារព័ត៌មាន Reuters មិនអាចបញ្ជាក់ផ្ទៀងផ្ទាត់ពីភាពច្បាស់លាស់នៃវីដេអូនោះបាននៅឡើយទេ។
- មនុស្សយ៉ាងតិច ២ នាក់ត្រូវបានសម្លាប់ ហើយ ២០ នាក់ផ្សេងទៀតបានទទួលរងរបួស នៅក្នុងការវាយប្រហាររបស់រុស្ស៊ី លើតំបន់លំនៅដ្ឋានមួយកន្លែងនៅទីក្រុង Mykolaive ភាគខាងត្បូងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការអះអាងរបស់អភិបាលក្រុងនៅថ្ងៃសុក្រនេះ។ លោក Vitaliy Kim បានសរសេរនៅលើបណ្តាញសង្គមថា៖ «ការបាញ់រុកក្កែតមួយលើតំបន់ទីប្រជុំជនបានសម្លាប់មនុស្ស ២ នាក់ ហើយ ២០ នាក់ទៀត រងរបួស»។ លោកក៏បានលើកឡើងផងដែរថា ក្នុងចំណោមអ្នករងរបួស ក៏មានកុមារម្នាក់ផងដែរ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- រដ្ឋាភិបាលរុស្ស៊ីបានឲ្យដឹងនៅថ្ងៃសុក្រនេះថា គោលបំណងនៃ«ប្រតិបត្តិការយោធាពិសេស» របស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន នៅតែផ្តោតលើការការពារប្រជាជននៅក្នុងតំបន់ Donbas ភាគខាងកើតអ៊ុយក្រែនដដែល។ នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយក្រុមអ្នកសារព័ត៌មាន លោក Dmitry Peskov អ្នកនាំពាក្យរដ្ឋាភិបាលក្រុងមូស្គូ បានថ្លែងថា គោលបំណងចម្បងរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន គឺនៅតែផ្តោតលើការ «ជួយសង្គ្រោះនិងរក្សាការពារ» តំបន់ Donbas ពីសកម្មភាពដែលលោកបានហៅថា ជា «ការវាយប្រហារយ៉ាងឃោរឃៅ» ពីកងកម្លាំងយោធារបស់រដ្ឋាភិបាលអ៊ុយក្រែននោះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- រុស្ស៊ីនៅថ្ងៃសុក្រនេះបានឲ្យដឹងថា ទាហានបរទេសស៊ីឈ្នួលជិត ២.០០០ នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីការធ្វើប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ដែលគាំទ្រដោយបស្ចិមប្រទេសនោះ។ ក្រសួងការពារជាតិរុស្ស៊ីបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ទាហានបរទេសស៊ីឈ្នួលនិងអ្នកជំនាញខាងអាវុធ» ចំនួន ៦.៩៥៦ នាក់មកពីប្រទេសចំនួន ៦៤ បានទៅដល់ប្រទេសអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបានបង្កជម្លោះនៅទីនោះ ហើយថា «ពួកគេចំនួន ១.៩៥៦ នាក់ ត្រូវបានសម្លាប់» ហើយ ១.៧៧៩ នាក់ទៀត បានចាកចេញពីប្រទេសអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- អភិបាលតំបន់ Luhansk នៃប្រទេសអ៊ុយក្រែន បានថ្លែងឲ្យដឹងនៅថ្ងៃសុក្រនេះថា ការជម្លៀសជនស៊ីវិលចំនួន ៥៦៨ នាក់ដែលកំពុងលាក់ខ្លួនដើម្បីសុវត្ថិភាពនៅក្នុងរោងចក្រ Azot ដែលស្ថិតនៅក្នុងទីក្រុង Sievierodonetsk ដែលកំពុងមានប្រយុទ្ធគ្នានោះ គឺមិនអាចធ្វើទៅរួចទេនាពេលបច្ចុប្បន្ននេះ ដោយសារតែការវាយប្រយុទ្ធគ្នានិងការបាញ់ផ្លោងយ៉ាងខ្លាំងនៅតំបន់នេះ។ នៅក្នុងសារតាម Telegram អភិបាលតំបន់រូបនេះ បានឲ្យដឹងថា កុមារចំនួន ៣៨ នាក់ កំពុងលាក់ខ្លួនដើម្បីសុវត្ថិភាពនៅរោងចក្រនេះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- អង្គការសហប្រជាជាតិបានឲ្យដឹងនៅថ្ងៃសុក្រនេះថា ស្ថានភាពមនុស្សធម៌នៅភាគខាងកើតប្រទេសអ៊ុយក្រែន មានលក្ខណៈ«គួរឲ្យភ័យរន្ធត់យ៉ាងខ្លាំង» និងបន្តយ៉ាប់យ៉ឺន ខណៈការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បានឈានចូលដល់រយៈពេល ៤ ខែហើយនោះ។ ទីភ្នាក់ងារ OCHA ទទួលបន្ទុកផ្នែកមនុស្សធម៌ប្រចាំអង្គការសហប្រជាជាតិ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ជិតរយៈពេលបួនខែចាប់តាំងពីសង្គ្រាមនេះកើតឡើង ស្ថានភាពមនុស្សធម៌នៅទូទាំងប្រទេសអ៊ុយក្រែន ជាពិសេសនៅតំបន់ Donbas ភាគខាងកើតអ៊ុយក្រែន គួរឲ្យភ័យរន្ធត់យ៉ាងខ្លាំង ហើយបន្តយ៉ាប់យ៉ឺនទៅយ៉ាងឆាប់រហ័ស»។ សេចក្តីថ្លែងការណ៍នេះក៏បានឲ្យដឹងថា ស្ថានភាពនេះ«គួរឲ្យព្រួយបារម្ភនៅក្នុងទីក្រុង Severodonetsk និងតំបន់ក្បែរៗនោះ» ។ ទីក្រុងនេះស្ថិតនៅភាគខាងកើតប្រទេសអ៊ុយក្រែន ដោយមានការប្រយុទ្ធបង្ហូរឈាមគ្នាបន្តកើតឡើងជាច្រើនសប្តាហ៍មកហើយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕