២១:០៥
២៨.៥.២០២២
ថ្ងៃសៅរ៍ ទី ២៨ ខែឧសភា៖
- សាខាមួយនៃព្រះវិហារសាសនាគ្រិស្តនិកាយ Orthodox របស់អ៊ុយក្រែន ដែលនៅតែស្មោះត្រង់នឹងរុស្ស៊ីក្រោយពីមានការបែកបាក់កាលពីឆ្នាំ ២០១៩ បានឱ្យដឹងថា ខ្លួននឹងកាត់ផ្ដាច់ចំណងទាក់ទងជាមួយនឹងព្រះវិហាររុស្ស៊ី ដោយសារតែការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រុស្ស៊ីបានឱ្យដឹងថា កងកម្លាំងរបស់ខ្លួនបានកាន់កាប់ពេញលេញនូវក្រុង Lyman របស់អ៊ុយក្រែន ដែលជាបណ្ដុំខ្សែរថភ្លើងមួយនៅក្នុងតំបន់ Donetsk នៅថ្ងៃសៅរ៍នេះ។ ការកាន់កាប់ក្រុងនេះនឹងជួយដល់ប្រតិបត្តិការយោធានៅដំណាក់កាលបន្ទាប់ទៀតរបស់រុស្ស៊ីនៅក្នុងតំបន់ Donbas ដែលស្ថិតនៅប៉ែកខាងកើតអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- អភិបាលតំបន់ Luhansk នៃប្រទេសអ៊ុយក្រែន លោក Serhiy Gaidai បាននិយាយកាលពីព្រឹកថ្ងៃសៅរ៍ថា មានកងកម្លាំងរុស្ស៊ីប្រមាណចំនួន ១ ម៉ឺននាក់នៅក្នុងតំបន់ប៉ែកខាងកើតអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- កងកម្លាំងរុស្ស៊ីនៅថ្ងៃសៅរ៍នេះបានប្រកាសអំពីការធ្វើតេស្ដជោគជ័យចុងក្រោយបង្អស់មួយនូវការបាញ់គ្រាប់មីស៊ីលល្បឿនលឿន Zircon ខណៈដែលរុស្ស៊ីបង្កើនប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។ គ្រាប់មីស៊ីលនោះត្រូវបានបាញ់ចេញពីនាវា Admiral Gorshkov ដែលចតនៅសមុទ្រ Barents និងបានបាញ់ចំ«គោលដៅដោយជោគជ័យ» ដែលស្ថិតនៅចម្ងាយ ១ ពាន់គីឡូម៉ែត្រពីសមុទ្រ White នៅអាក់ទិក។ នេះបើយោងតាមក្រសួងការពារជាតិរុស្ស៊ី ដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។
- អតីតប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko បាននិយាយនៅថ្ងៃសៅរ៍នេះថា លោកត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស និងបានចោទរដ្ឋាភិបាលអ៊ុយក្រែនថាបានបំពាននូវអ្វីដែលហៅថាជាបទឈប់បាញ់នយោបាយដែលមានស្រាប់ ចាប់តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែនមក។ លោក Poroshenko ដែលបានកាន់អំណាចពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៩ បានបង្ហាញខ្លួនជាសាធារណៈជាញឹកញាប់ចាប់តាំងពីសង្គ្រាមជាមួយរុស្ស៊ីបានចាប់ផ្ដើមមក ដោយលោកបានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍អន្តរជាតិដើម្បីផ្ដល់អត្ថាធិប្បាយនានា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ទីភ្នាក់ងារព័ត៌មាន Reuters ចេញផ្សាយថា លោក Mykhailo Podolyak ដែលជាអ្នកចរចាម្នាក់នៃក្រុមអ្នកចរចាសន្ដិភាពរបស់អ៊ុយក្រែន បានបង្ហោះសារនៅលើបណ្ដាញសង្គម Telegram ថា ការព្រមព្រៀងណាមួយជាមួយនឹងរុស្ស៊ី «គឺគ្មានតម្លៃទាល់តែសោះ»។ លោកបានសរសេរថា៖ «តើវាអាចទៅរួចទេក្នុងការចរចាជាមួយនឹងប្រទេសមួយ ដែលតែងតែកុហកឥតអៀនខ្មាស តាមបែបឃោសនានោះ?»។
- នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Mario Draghi បាននិយាយតាមទូរសព្ទកាលពីថ្ងៃសុក្រ ជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelesnkyy ដើម្បីធានាដល់សមភាគីអ៊ុយក្រែនអំពី «ការគាំទ្ររបស់រដ្ឋាភិបាលអ៊ីតាលីនៅក្នុងការសម្របសម្រួលជាមួយនឹងសហភាពអឺរ៉ុប»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AP។
- ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និយាយថា ប្រទេសអ៊ុយក្រែនគួរតែដកចេញនូវគ្រាប់មីនក្នុងសមុទ្រចេញពីតំបន់នានានៅក្បែរកំពង់ផែរបស់ខ្លួនដើម្បីឱ្យការដឹកជញ្ជូនទំនិញអាចធ្វើបានដោយសុវត្ថិភាព។ លោក Putin បានថ្លែងយ៉ាងដូច្នេះនៅក្នុងការនិយាយតាមទូរសព្ទជាមួយនឹងអធិការបតីនៃប្រទេសអូទ្រីស លោក Karl Nehammer។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AP។
- នៅក្នុងការបង្ហាញដ៏កម្រមួយនូវការប្រឆាំងនឹងសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន លោក Leonid Vasyukevich អនុប្រធានផ្នែកច្បាប់នៃគណបក្សកុម្មុយនីស្ដនៅប៉ែកខាងកើតបំផុតរបស់រុស្ស៊ី បានទាមទារឱ្យមានការបញ្ចប់ប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន និងដកកងកម្លាំងរបស់រុស្ស៊ីចេញមកវិញ។ លោក Vasyukevich ថ្លែងនៅក្នុងការប្រជុំមួយនៃសភាថ្នាក់តំបន់ Primorsk នៅកំពង់ផែ Vladivostok នៅជាប់មហាសមុទ្រប៉ាស៊ីហ្វិកកាលពីថ្ងៃសុក្រថា៖ «យើងយល់ថា ប្រសិនបើប្រទេសរបស់យើងមិនបញ្ឈប់ប្រតិបត្តិការយោធាទេនោះ នោះយើងនឹងមានកុមារកំព្រាកាន់តែច្រើននៅក្នុងប្រទេសរបស់យើង»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AP។
- នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson និយាយថា កងកម្លាំងរុស្ស៊ីកំពុងតែវិវឌ្ឍទៅមុខ នៅប៉ែកខាងកើតប្រទេសអ៊ុយក្រែន ហើយកងកម្លាំងអ៊ុយក្រែនត្រូវការគ្រាប់រ៉ុក្កែតបាញ់ចម្ងាយឆ្ងាយ និងសព្វាវុធយោធាដ៏ដទៃទៀត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AP។
- រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu និយាយថា ប្រទេសស៊ុយអែត និងហ្វាំងឡង់ត្រូវតែចាត់វិធានការចាំបាច់ដើម្បីដោះស្រាយនូវកង្វល់ផ្នែកសន្ដិសុខរបស់ប្រទេសលោកដើម្បីឈានទៅដល់ការដកចេញនូវការបដិសេធរបស់តួកគីនៅក្នុងការសុំចូលជាសមាជិកអង្គការអូតង់របស់ប្រទេសទាំងពីរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AP។
- រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍របស់អាល្លឺម៉ង់ លោកស្រី Svenja Schulze បានធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែនដើម្បីសន្យាផ្ដល់ការគាំទ្រផ្នែកស៊ីវិលបន្ថែមទៀត និងពិភាក្សាអំពីការកសាងប្រទេសអ៊ុយក្រែនឡើងវិញ។ លោកស្រី Schulze គឺជារដ្ឋមន្ត្រីអាល្លឺម៉ង់ទីពីរដែលបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែនចាប់តាំងពីរុស្ស៊ីចាប់ផ្ដើមឈ្លានពានអ៊ុយក្រែនមក។ រដ្ឋមន្ត្រីក្រសួងការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock បានធ្វើទស្សនកិច្ចទៅកាន់អ៊ុយក្រែនកាលពីថ្ងៃទី ១០ ខែឧសភា និងបានបើកស្ថានទូតអាល្លឺម៉ង់ឡើងវិញនៅក្នុងរដ្ឋធានីកៀវ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AP។
២០:២៨
២៩.៥.២០២២
ថ្ងៃអាទិត្យ ទី ២៩ ខែឧសភា៖
- ទូរទស្សន៍ TRT Haber របស់ប្រទេសតួកគីបានរាយការណ៍នៅថ្ងៃអាទិត្យនេះថា ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បាននិយាយថា ការពិភាក្សារបស់រដ្ឋាភិបាលតួកគីកាលពីសប្ដាហ៍មុនជាមួយនឹងគណៈប្រតិភូហ្វាំងឡង់និងគណៈប្រតិភូស៊ុយអែតគឺមិនស្ថិតនៅក្នុង «កម្រិតដែលបានរំពឹងទុកនោះទេ» ហើយរដ្ឋាភិបាលតួកគីមិនអាចយល់ព្រមឲ្យប្រទេស «ដែលគាំទ្រភេរវកម្ម» ទាំងពីរនេះចូលជាសមាជិកអង្គការអូតង់ (NATO) បានឡើយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំចក្រភពអង់គ្លេសលោក Andrei Kelin បានអះអាងនៅថ្ងៃអាទិត្យនេះថា ការចោទប្រកាន់ដែលថារុស្ស៊ីបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងក្រុង Bucha ប្រទេសអ៊ុយក្រែន គឺជា «រឿងប្រឌិត»។ លោក Kelin បានលើកឡើងដូច្នេះនៅក្នុងកិច្ចសម្ភាសន៍មួយនៅក្នុងកម្មវិធី «Sunday Morning» របស់បណ្ដាញព័ត៌មាន BBC និងបានបដិសេធថា កងទ័ពរុស្ស៊ីមិនបានបាញ់ផ្លោងលើជនស៊ីវិលនោះទេ។ នេះបើយោងតាមបណ្ដាញព័ត៌មាន CNN។
- ប្រធានាធិបតីស៊ែប៊ីលោក Aleksandar Vucic បាននិយាយនៅថ្ងៃអាទិត្យនេះថា លោកបានយល់ព្រមចំពោះកិច្ចសន្យាថ្មីសម្រាប់ការផ្គត់ផ្គង់ឧស្ម័នរយៈពេល ៣ ឆ្នាំ នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ កិច្ចសន្យាផ្គត់ផ្គង់ឧស្ម័នរយៈពេល ១០ ឆ្នាំរបស់ប្រទេសស៊ែប៊ីនៅពេលបច្ចុប្បន្នជាមួយនឹងក្រុមហ៊ុន Gazprom របស់រុស្ស៊ី នឹងផុតកំណត់នៅថ្ងៃទី ៣១ ខែឧសភាខាងមុខ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា លោកនឹងថ្លែងសុន្ទរកថាទៅកាន់ក្រុមប្រឹក្សាអឺរ៉ុបនៃសហភាពអឺរ៉ុបនៅក្នុងអំឡុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សានេះនៅថ្ងៃចន្ទនិងថ្ងៃអង្គារខាងមុខ។ លោក Zelenskyy ថ្លែងដូច្នេះថា៖ «ខ្ញុំនឹងនិយាយជាពិសេសអំពីបញ្ហាភេរវកម្មដែលជាការពិតបានក្លាយជាទម្រង់តែមួយគត់នៃសកម្មភាពរបស់ប្រទេសរុស្ស៊ីប្រឆាំងនឹងទ្វីបអឺរ៉ុប និងអំពីបញ្ហាភេរវកម្មនៅលើទឹកដីអ៊ុយក្រែន បញ្ហាភេរវកម្មលើទីផ្សារថាមពលរបស់អឺរ៉ុប មិនមែនត្រឹមតែលើអ៊ុយក្រែនប៉ុណ្ណោះទេ បញ្ហាភេរវកម្មលើទីផ្សារស្បៀងអាហារ និងបញ្ហាភេរវកម្មលើសាកលលោក។ តើភេរវកម្មបែបណាទៀតដែលនឹងកើតឡើងនៅពេលបន្ទាប់?»។ នេះបើយោងតាមបណ្ដាញព័ត៌មាន Al Jazeera។
- ការប្រយុទ្ធគ្នាដើម្បីគ្រប់គ្រងតំបន់ Donbas នៅភាគខាងកើតប្រទេសអ៊ុយក្រែនកាន់តែតានតឹងឡើងនៅថ្ងៃអាទិត្យនេះ នៅពេលដែលកងទ័ពរុស្ស៊ីបន្តឹងការក្ដោបក្ដាប់របស់ខ្លួននៅជុំវិញទីក្រុង Severodonetsk និងទីក្រុង Lysychansk ដែលជាទីក្រុងចម្បងៗរបស់អ៊ុយក្រែន។ លោក Sergiy Gaiday អភិបាលតំបន់ Lugansk បានបញ្ជាក់តាម Telegram ថា ស្ថានការណ៍នៅក្នុងទីក្រុង Lysychansk គឺ «កាន់តែអាក្រក់ខ្លាំងឡើង»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ទីភ្នាក់ងារព័ត៌មាន TASS របស់រុស្ស៊ីបានដកស្រង់សម្ដីរបស់ក្រសួងការពារជាតិរុស្ស៊ីដែលបានបញ្ជាក់នៅថ្ងៃអាទិត្យនេះថា មីស៊ីលរបស់រុស្ស៊ីបានបំផ្លាញឃ្លាំងអាវុធដ៏ធំមួយរបស់កងទ័ពអ៊ុយក្រែននៅក្នុងទីក្រុង Kryvyi Rih នៅភាគកណ្ដាលប្រទេសអ៊ុយក្រែន។ ទីភ្នាក់ងារព័ត៌មាន TASS នេះបានរាយការណ៍បន្ថែមថា ក្រសួងការពារជាតិរុស្ស៊ីក៏បានបញ្ជាក់ផងដែរថា ប្រព័ន្ធការពារទប់ទល់នឹងយន្តហោះចម្បាំងរបស់រុស្ស៊ីបានបាញ់ទម្លាក់យន្តហោះចម្បាំង SU-25 របស់អ៊ុយក្រែននៅក្នុងតំបន់ Dnipro ប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីបារាំងលោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់លោក Olaf Scholz កាលពីថ្ងៃសៅរ៍បានស្នើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ឲ្យដោះលែងយុទ្ធជនអ៊ុយក្រែន ២.៥០០ នាក់ ដែលបានលាក់ខ្លួននៅក្នុងរោងចក្រដែកថែប Azovstal ក្នុងទីក្រុង Mariupol និងដែលត្រូវបានរុស្ស៊ីចាប់ធ្វើឈ្លើយសឹក។ ខុទ្ទកាល័យប្រធានាធិបតីបារាំងបានបញ្ជាក់បន្ទាប់ពីមេដឹកនាំទាំង ៣ បានបញ្ចប់ការសន្ទនាតាមទូរស័ព្ទថា៖ «លោកប្រធានាធិបតី Macron និងអធិការបតីអាល្លឺម៉ង់បានស្នើឲ្យមានការដោះលែងអ្នកការពាររោងចក្រ Azovstal ប្រហែល ២.៥០០ នាក់ ដែលត្រូវបានកងទ័ពរុស្ស៊ីចាប់ធ្វើជាចំណាប់ខ្មាំង»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- អធិការបតីអាល្លឺម៉ង់លោក Olaf Scholz និងប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃសៅរ៍បានស្នើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ឲ្យធ្វើ «ការចរចាឲ្យបានម៉ឺងម៉ាត់និងដោយផ្ទាល់» ជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy។ ខុទ្ទកាល័យអធិការបតីអាល្លឺម៉ង់បានបញ្ជាក់ថា នៅក្នុងការសន្ទនារយៈពេល ៨០ នាទីជាមួយនឹងលោក Putin លោក Scholz និងលោក Macron «បានទទូចឲ្យមានកិច្ចឈប់វាយប្រយុទ្ធគ្នាជាបន្ទាន់និងឲ្យមានការដកកងទ័ពរុស្ស៊ីចេញ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រាប់មេដឹកនាំនៃប្រទេសបារាំងនិងប្រទេសអាល្លឺម៉ង់កាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលរុស្ស៊ីត្រៀមលក្ខណៈរួចរាល់នៅក្នុងការស្វែងរកវិធីបញ្ជូនចេញនូវធញ្ញជាតិដែលជាប់គាំងនៅកំពង់ផែប្រទេសអ៊ុយក្រែន ប៉ុន្តែបានទាមទារឲ្យក្រុមបស្ចិមប្រទេសដកទណ្ឌកម្មចេញ។ លោក Putin ក៏បានព្រមានប្រធានាធិបតីបារាំងលោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់លោក Olaf Scholz ផងដែរ មិនឲ្យបង្កើនការផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន ដោយបាននិយាយថា ការធ្វើដូច្នេះអាចធ្វើឲ្យស្ថានការណ៍កាន់តែគ្មានអស្ថិរភាពបន្ថែមទៀតនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
២២:៤៧
៣០.៥.២០២២
ថ្ងៃចន្ទ ទី ៣០ ខែឧសភា៖
- រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសអ៊ុយក្រែនឆ្អែតចិត្តជាមួយនឹង «ដំណោះស្រាយពិសេស» និងទម្រង់ផ្ដល់ឱ្យផ្សេងគ្នាសម្រាប់ការចូលជាសមាជិករបស់អ៊ុយក្រែននៅក្នុងសហភាពអឺរ៉ុប។ លោក Kuleba ថ្លែងដូច្នេះថា៖ «យើងត្រូវការការបញ្ជាក់ច្បាស់លាស់តាមផ្លូវច្បាប់ដែលថាអ៊ុយក្រែនគឺជាផ្នែកមួយនៃគម្រោងសមាហរណកម្មអឺរ៉ុប ហើយការបញ្ជាក់បែបនេះគឺការផ្ដល់ឋានៈជាបេក្ខជនប្រទេស [សម្រាប់សមាជិកភាពរបស់អ៊ុយក្រែននៅក្នុងសហភាពអឺរ៉ុប]»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuter។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba ថ្លែងសុន្ទរកថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២២ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២២។
- អនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់ប្រទេសរុស្ស៊ីលោក Dmitry Medvedev បាននិយាយនៅថ្ងៃចន្ទនេះថា ការសម្រេចរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅក្នុងការមិនបញ្ជូនឱ្យប្រទេសអ៊ុយក្រែននូវប្រព័ន្ធរ៉ុក្កែតដែលអាចបាញ់ដល់ប្រទេសរុស្ស៊ីបានគឺជារឿង «ត្រឹមត្រូវ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិកនឹងមិនបញ្ជូនឱ្យអ៊ុយក្រែននូវប្រព័ន្ធរ៉ុក្កែតដែលអាចបាញ់ដល់រុស្ស៊ីនោះទេ។ ការលើកឡើងនេះបានធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា រដ្ឋបាលរបស់លោក Biden បានត្រៀមលក្ខណៈនៅក្នុងការបញ្ជូនប្រព័ន្ធរ៉ុក្កែតទំនើបដែលបាញ់បានចម្ងាយឆ្ងាយទៅឱ្យរដ្ឋាភិបាលអ៊ុយក្រែនដើម្បីប្រយុទ្ធនឹងរុស្ស៊ី។ លោក Biden បានប្រាប់អ្នកកាសែតថា៖ «យើងនឹងមិនបញ្ជូនឱ្យអ៊ុយក្រែននូវប្រព័ន្ធរ៉ុក្កែត» ដែលអាចបាញ់ដល់ប្រទេសរុស្ស៊ីនោះឡើយ។
- ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានប្រាប់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលតួកគីត្រៀមលក្ខណៈរួចរាល់នៅក្នុងការបំពេញតួនាទីនៅក្នុង «យន្តការសង្កេតការណ៍» រវាងរដ្ឋាភិបាលរុស្ស៊ី រដ្ឋាភិបាលអ៊ុយក្រែន និងអង្គការសហប្រជាជាតិ ប្រសិនបើកិច្ចព្រមព្រៀងមួយសម្រេចបានទាក់ទិននឹងរឿងនេះ។ ខុទ្ទកាល័យប្រធានាធិបតីតួកគីបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា លោក Erdogan បានប្រាប់លោក Putin នៅក្នុងការសន្ទនាតាមទូរស័ព្ទថា សន្តិភាពត្រូវតែបង្កើតឡើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយជំហានកសាងទំនុកចិត្តចាំបាច់ត្រូវតែអនុវត្តទាក់ទិននឹងសង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រាប់ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan នៅក្នុងការសន្ទនាតាមទូរស័ព្ទនៅថ្ងៃចន្ទនេះថា រុស្ស៊ីត្រៀមលក្ខណៈរួចរាល់នៅក្នុងការសម្របសម្រួលការដឹកជញ្ជូនទំនិញនានាឆ្លងកាត់តាមផ្លូវសមុទ្រដោយគ្មានការរារាំង ដែលក្នុងនោះរួមមានទាំងការដឹកជញ្ជូនធញ្ញជាតិចេញពីកំពង់ផែរបស់ប្រទេសអ៊ុយក្រែនផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការបរទេសថ្មីរបស់ប្រទេសបារាំងអ្នកស្រី Catherine Colonna បាននិយាយនៅថ្ងៃចន្ទនេះនៅពេលអ្នកស្រីធ្វើទស្សនកិច្ចទៅកាន់រដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែនថា រដ្ឋាភិបាលបារាំងត្រៀមលក្ខណៈរួចរាល់នៅក្នុងការបង្កើនជំនួយយោធាដល់អ៊ុយក្រែនដើម្បីជួយអ៊ុយក្រែនតតាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ អ្នកស្រី Colonna បានថ្លែងនៅក្នុងសន្និសីទកាសែតមួយដែលធ្វើឡើងជាមួយនឹងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba ថា «ប្រទេសបារាំងមិនមែនកំពុងមានសង្គ្រាមជាមួយនឹងរុស្ស៊ីទេ» ប៉ុន្តែបារាំងនឹង «បន្តពង្រឹងការបញ្ជូនសព្វាវុធ [ដល់អ៊ុយក្រែន]»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- នាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban បានព្រមាននៅថ្ងៃចន្ទនេះនៅពេលលោកធ្វើដំណើរទៅដល់កន្លែងប្រជុំរបស់បណ្ដាមេដឹកនាំសហភាពអឺរ៉ុបថា សហភាពអឺរ៉ុបមិនទាន់សម្រេចបាននូវការសម្រុះសម្រួលណាមួយដែលអាចធ្វើឱ្យរដ្ឋាភិបាលហុងគ្រីគាំទ្រការហាមឃាត់ការនាំចូលប្រេងឥន្ធនៈពីរុស្ស៊ីនៅឡើយទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- លោក Josep Borrell ប្រធានក្រុមប្រឹក្សាអឺរ៉ុបនៃសហភាពអឺរ៉ុបបាននិយាយនៅថ្ងៃចន្ទថា ប្រទេសសមាជិកសហភាពអឺរ៉ុបគួរតែអាចសម្រេចបាននូវកិច្ចព្រមព្រៀងមួយនៅក្នុងការប្រជុំនៅថ្ងៃចន្ទនេះអំពីកញ្ចប់ទណ្ឌកម្មបន្ទាប់សម្រាប់ដាក់លើប្រទេសរុស្ស៊ី ដែលក្នុងនោះរួមមានទាំងការហាមឃាត់នូវការនាំចូលប្រេងឥន្ធនៈពីរុស្ស៊ីផងដែរ។ លោក Borrell បានបញ្ជាក់ប្រាប់វិទ្យុ France Info ថា៖ «យើងចាំបាច់ត្រូវតែសម្រេចជាឯកច្ឆន្ទ។ មានការពិភាក្សាកាលពីរសៀលម្សិលមិញ ហើយនឹងមានការពិភាក្សានៅព្រឹកនេះនិងពេញមួយរសៀលនេះ»។ លោកបានបន្ថែមថា៖ «ខ្ញុំគិតថានៅរសៀលនេះ យើងនឹងអាចផ្ដល់ជូនបណ្ដាមេដឹកនាំនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបនូវកិច្ចព្រមព្រៀងមួយ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- មន្ត្រីការទូតកំពូលៗនៃសហភាពអឺរ៉ុបបានជួបប្រជុំគ្នានៅថ្ងៃចន្ទសម្រាប់ការប៉ុនប៉ងចុងក្រោយបង្អស់នៅក្នុងការឯកភាពគ្នាលើការហាមឃាត់ការនាំចូលប្រេងឥន្ធនៈពីប្រទេសរុស្ស៊ី ក្នុងគោលបំណងដើម្បីបញ្ចៀសមិនឱ្យមានការបង្ហាញឡើងអំពីការមិនសាមគ្គីគ្នាទាក់ទិននឹងការឆ្លើយតបរបស់សហភាពអឺរ៉ុបចំពោះសង្គ្រាមនៅអ៊ុយក្រែន មុនពេលមេដឹកនាំរបស់ពួកគេជួបប្រជុំគ្នានៅពេលក្រោយនៅថ្ងៃចន្ទនេះ។ បើយោងទៅលើសេចក្ដីព្រាងនៃសេចក្ដីថ្លែងការណ៍បិទបញ្ចប់នៃកិច្ចប្រជុំរបស់សហភាពអឺរ៉ុបនៅថ្ងៃនេះ មេដឹកនាំនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំង ២៧ គួរតែឯកភាពគ្នាថា ទណ្ឌកម្មលើកនេះនឹងមានបញ្ចូលនូវផ្នែកប្រេងឥន្ធនៈផងដែរ ដោយមានការលើកលែងបណ្ដោះអាសន្នចំពោះប្រេងឆៅដែលបញ្ជូនតាមបំពង់បង្ហូរប្រេង ដែលនេះជាការសម្រុះសម្រួលដែលឯកអគ្គរដ្ឋទូតនានាមិនបានឯកភាពគ្នាកាលពីថ្ងៃអាទិត្យម្សិល មិញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez បាននិយាយនៅថ្ងៃចន្ទថា ការគាំទ្ររបស់អង្គការអូតង់ចំពោះប្រទេសអ៊ុយក្រែនគឺមិនអាចបំបែកបានទេ ហើយប្រធានា ធិបតីរុស្ស៊ីលោក Vladimir Putin នឹងមិនសម្រេចតាមគោលបំណងរបស់លោកនៅក្នុងប្រទេសអ៊ុយក្រែននោះឡើយ។ លោក Sanchez បានបញ្ជាក់នៅក្នុងពិធីប្រារព្ធខួបលើកទី៤០របស់ប្រទេសអេស្ប៉ាញក្នុងនាមជាសមាជិកអង្គការអូតង់ថា៖ «ការគាំទ្រប្រទេសអ៊ុយក្រែនដោយការតាំងចិត្តគឺជាវិធីតែមួយគត់នៅក្នុងការធានាថាទ្វីបអឺរ៉ុបនិងពិភពលោកដែលយើងបានកសាងឡើងមានអនាគតច្បាស់លាស់»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការបរទេសបារាំងអ្នកស្រី Catherine Colonna នៅថ្ងៃចន្ទបានថ្កោលទោសការសម្លាប់ជនស៊ីវិលនៅជាយរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន ក្នុងអំឡុងពេលធ្វើទស្សន កិច្ចទៅកាន់ប្រទេសអ៊ុយក្រែនដើម្បីបង្ហាញការគាំទ្រ។ បន្ទាប់ពីបានធ្វើទស្សនកិច្ចទៅកាន់វិហារគ្រិស្ដសាសនានិកាយអ័រតូដុកមួយកន្លែងនៅក្នុងក្រុង Bucha ជាយរដ្ឋធានីកៀវ ដែលនៅទីនោះកងទ័ពរុស្ស៊ីត្រូវបានចោទប្រកាន់ថាបានសម្លាប់ជនស៊ីវិលមក អ្នកស្រី Colonna បានប្រាប់អ្នកកាសែតថា៖ «រឿងនេះមិនគួរកើតឡើងទាល់តែសោះ។ រឿងនេះមិនត្រូវកើតឡើងម្ដងទៀតជាដាច់ខាត»។ នេះបើយោងតាមទីភ្នាក់ ងារព័ត៌មាន AFP។
- រដ្ឋមន្ត្រីការបរទេសបារាំងអ្នកស្រី Catherine Colonna បានធ្វើដំណើរទៅដល់ប្រទេសអ៊ុយក្រែននៅថ្ងៃចន្ទសម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់អ្នកស្រីទៅកាន់ប្រទេសនេះ។ នេះបើយោងតាមសារបង្ហោះនៅលើទំព័រ Twitter របស់អ្នកស្រី។ ក្រសួងការបរទេសបារាំងបានបញ្ជាក់ថា អ្នកស្រី Colonna នឹងជួបជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba នៅក្នុងរដ្ឋធានីកៀវ ដើម្បីពិភាក្សាអំពីការគាំទ្ររបស់ប្រទេសបារាំងចំពោះប្រទេសអ៊ុយក្រែន «គ្រប់ផ្នែកទាំងអស់ ហើយជាពិសេសអំពីបញ្ហាដែល [រុស្ស៊ី] រាំងខ្ទប់ការនាំចេញធញ្ញជាតិនិងគ្រាប់ពូជរុក្ខជាតិប្រេងរបស់អ៊ុយក្រែន»។ នេះបើយោងតាមទូរទស្សន៍ CNN។
- លោក Sergiy Gaiday អភិបាលតំបន់ Lugansk នៃប្រទេសអ៊ុយក្រែនបាននិយាយនៅថ្ងៃចន្ទថា កងទ័ពរុស្ស៊ីបានសម្រុកចូលកាន់តែកៀកទៅផ្នែកកណ្ដាលនៃទីក្រុង Severodonetsk នៅភាគខាងកើតប្រទេសអ៊ុយក្រែន។ លោកបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅលើបណ្ដាញសង្គមអនឡាញថា៖ «រុស្ស៊ីកំពុងសម្រុកចូលទៅផ្នែកកណ្ដាលនៃទីក្រុង Severodonetsk។ ការប្រយុទ្ធកំពុងបន្ត។ ស្ថានការណ៍គឺពិបាកខ្លាំងណាស់»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ក្រុមតន្ត្រី Kalush របស់ប្រទេសអ៊ុយក្រែន ដែលបានឈ្នះពានរង្វាន់ការប្រកួតចម្រៀង Eurovision នៅឆ្នាំនេះ បានដាក់ដេញថ្លៃពានរង្វាន់នេះតម្លៃ ៩០០.០០០ ដុល្លារអាមេរិក សម្រាប់ការបរិច្ចាគដល់មូលនិធិមួយកន្លែងដែលជួយកងទ័ពអ៊ុយក្រែន។ ក្រុមតន្ត្រី Kalush បានសរសេរនៅលើ Facebook កាលពីយប់ថ្ងៃអាទិត្យប្រកាសអំពីអ្នកឈ្នះការដេញថ្លៃនេះថា៖ «អ្នកទាំងអស់គ្នាអស្ចារ្យណាស់!»។ ក្រុមតន្ត្រីនេះបានបន្ថែមថា៖ «សូមថ្លែងអំណរគុណជាពិសេសដល់ក្រុម WhiteBIT ដែលបានទិញពានរង្វាន់នេះសម្រាប់តម្លៃ៩០០.០០០ដុល្លារអាមេរិក (៨៣៧.០០០ អឺរ៉ូ) ហើយឥឡូវនេះក្រុមនេះគឺជាម្ចាស់កម្មសិទ្ធិស្របច្បាប់ [លើពានរង្វាន់នេះ]»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌ មាន AFP។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានធ្វើដំណើរជាលើកដំបូងកាលពីថ្ងៃអាទិត្យម្សិលមិញទៅកាន់តំបន់ភាគខាងកើតប្រទេសអ៊ុយក្រែនដែលហែក ហួរដោយសារសង្គ្រាម តាំងពីពេលដែលរុស្ស៊ីបានឈ្លានពានមក។ បន្ទាប់ពីបានធ្វើទស្សនកិច្ចនៅក្នុងទីក្រុង Kharkiv លោក Zelenskyy បានប្រកាសថា លោកបានបញ្ឈប់តំណែងប្រធានផ្នែកសន្តិសុខនៃទីក្រុងនេះ។ លោកថា ប្រធានផ្នែកសន្តិសុខនេះត្រូវបានបញ្ឈប់ពីតំណែង «ដោយសារមិនបានធ្វើការដើម្បីការពារទីក្រុង Kharkiv តាំងពីថ្ងៃដំបូងនៃសង្គ្រាមពេញទំហឹងនេះ ប៉ុន្តែគិតតែអំពីខ្លួនឯងតែប៉ុណ្ណោះ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
២១:៤៩
៣១.៥.២០២២
ថ្ងៃអង្គារ ទី ៣១ ខែឧសភា៖
- អគ្គរដ្ឋអាជ្ញាប្រទេសអ៊ុយក្រែនអ្នកស្រី Iryna Venediktova បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសអ៊ុយក្រែនបានកំណត់ករណីសង្ស័យរឿងឧក្រិដ្ឋកម្មសង្គ្រាមចំនួនរាប់ពាន់ករណីនៅក្នុងតំបន់ Donbas ភាគខាងកើតប្រទេសអ៊ុយក្រែន ដែលនៅទីនោះកងទ័ពរុស្ស៊ីកំពុងបង្កើនការវាយប្រហារ។ អ្នកស្រីបានបញ្ជាក់បន្ថែមថា ករណីសង្ស័យរឿងឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងតំបន់ឧស្សាហកម្ម Donbas នេះស្ថិតក្នុងចំណោមករណីប្រហែល ១៥.០០០ នៅទូទាំងប្រទេសអ៊ុយក្រែន តាំងពីពេលដែលកងទ័ពរុស្ស៊ីបានឈ្លានពានអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈមក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រទេសអេស្ដូនី ឡេតូនី និងស្លូវ៉ាគីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយក្នុងអំឡុងពេលកិច្ចប្រជុំសម្របសម្រួលរយៈពេល ២ ថ្ងៃក្នុងទីក្រុងឡាអេ ប្រទេសហូឡង់ ដើម្បីចូលរួមជាមួយនឹងប្រទេសលីទុយអានី ប៉ូឡូញ និងអ៊ុយក្រែននៅក្នុងក្រុមស៊ើបអង្កេតរួមដែលនឹងជួយសម្របសម្រួលការចែកចាយភស្តុតាងនៃអំពើឃោរឃៅនានាតាមរយៈទីភ្នាក់ងារ Eurojust ដែលជាទីភ្នាក់ងារសហប្រតិបត្តិការផ្នែកតុលាការរបស់សហភាពអឺរ៉ុប។ ស្របពេលនោះដែរ រដ្ឋអាជ្ញាតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) លោក Karim Khan បាននិយាយនៅថ្ងៃអង្គារនេះថា លោកមានគម្រោងបើកការិយាល័យមួយនៅក្នុងរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Associated Press។
- រដ្ឋាភិបាលអ៊ុយក្រែននៅថ្ងៃអង្គារនេះ បានស្វាគមន៍ការហាមឃាត់មួយផ្នែករបស់សហភាពអឺរ៉ុបលើការនាំចូលប្រេងឥន្ធនៈពីរុស្ស៊ី ដោយបានបញ្ជាក់ថា ការហាមឃាត់នេះនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់រុស្ស៊ីនិងប៉ះពាល់ដល់សមត្ថភាពរបស់រុស្ស៊ីនៅក្នុងការផ្គត់ផ្គង់ហិរញ្ញវត្ថុដល់សង្គ្រាមនៅអ៊ុយក្រែន។ ក្រសួងការបរទេសអ៊ុយក្រែនបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «យើងរំពឹងថា នៅត្រឹមចុងឆ្នាំ ២០២២ នេះ រុស្ស៊ីនឹងបាត់បង់ការនាំចេញប្រេងឥន្ធនៈរបស់ខ្លួនចំនួនរហូតដល់ ៩០% ទៅកាន់ទ្វីបអឺរ៉ុប។ ករណីនេះមានន័យថា ធនធានយោធារបស់រុស្ស៊ីនឹងមិនទទួលបានថវិការាប់ម៉ឺនលានដុល្លារសម្រាប់ការធ្វើសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែននោះទេ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Mario Draghi បាននិយាយនៅថ្ងៃអង្គារនេះថា គណៈកម្មការអឺរ៉ុបនៃសហភាពអឺរ៉ុបបានទទួលនូវអំណាចពេញលេញនៅក្នុងការពិនិត្យលើលទ្ធភាពនៃការកំណត់តម្លៃអតិបរមាលើការនាំចូលឧស្ម័នពីប្រទេសរុស្ស៊ី។ លោក Draghi បានប្រាប់អ្នកសារព័ត៌មាននៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកបន្ទាប់ពីកិច្ចប្រជុំរបស់សហភាពអឺរ៉ុបថា៖ «គណៈកម្មការ [អឺរ៉ុប] ទទួលបាននូវសិទ្ធិអំណាចនៅក្នុងការសិក្សាអំពីលទ្ធភាពនៃការកំណត់តម្លៃអតិបរមា [លើការនាំចូល] ឧស្ម័ន [ពីរុស្ស៊ី]»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយនៅថ្ងៃអង្គារនេះថា អ្វីៗក៏អាចពិចារណាបានដែរសម្រាប់លទ្ធភាពនៃការដាក់ទណ្ឌកម្មជុំបន្ទាប់លើប្រទេសរុស្ស៊ី។ លោក Macron បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំពិសេសរបស់សហភាពអឺរ៉ុបនៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកបានបញ្ចប់ទៅថា៖ «ខ្ញុំគិតថាយើងមិនគួរដកចេញនូវចំណុចណាមួយទេសម្រាប់ [ការពិចារណាលើការដាក់ទណ្ឌកម្មជុំបន្ទាប់លើរុស្ស៊ី] នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខ។ អ្វីៗទាំងអស់គឺអាស្រ័យលើការវិវត្តនៃស្ថានការណ៍នៅមូលដ្ឋានផ្ទាល់»។ នេះបើយោងតាមបណ្ដាញព័ត៌មាន CNN។
- ប្រធានាធិបតីបារាំងលោក Emmanuel Macron បានថ្លែងនៅថ្ងៃអង្គារនេះទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំរបស់សហភាពអឺរ៉ុបនៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកបានបញ្ចប់ទៅថា លោកសង្ឃឹមថានៅក្នុងរយៈពេលប៉ុន្មានថ្ងៃនិងប៉ុន្មានសប្ដាហ៍ខាងមុខ កិច្ចព្រមព្រៀងមួយអាចនឹងសម្រេចបានជាមួយនឹងប្រទេសរុស្ស៊ីដើម្បីអនុញ្ញាតឱ្យមានការនាំចេញស្បៀងអាហារពីប្រទេសអ៊ុយក្រែន។ លោកបាននិយាយថា ការពិភាក្សាអំពីរឿងនេះកាលពីពេលថ្មីៗនេះរវាងប្រធានាធិបតីរុស្ស៊ីនិងប្រធានាធិបតីតួកគីទទួលបាន «លទ្ធផលវិជ្ជមាន»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានសហភាពអាហ្វ្រិកលោក Macky Sall បានព្រមានបណ្ដាមេដឹកនាំនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបនៅថ្ងៃអង្គារនេះថា ការសម្រេចរបស់មេដឹកនាំទាំងនោះនៅក្នុងការដកធនាគារនានារបស់រុស្ស៊ីចេញពីប្រព័ន្ធទូរគមនាគមន៍ហិរញ្ញវត្ថុអន្តរធនាគារពិភពលោក (SWIFT) ប្រឈមនឹងការធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ស្បៀងអាហារដល់ទ្វីបអាហ្វ្រិក។ នៅក្នុងការថ្លែងតាមវីដេអូអនឡាញទៅកាន់បណ្ដាមេដឹកនាំនៃប្រទេសជាសមាជិកសហភាពអឺរ៉ុប លោក Sall បានទទួលស្គាល់ថា ការរាំងខ្ទប់របស់រុស្ស៊ីលើទីក្រុង Odessa របស់អ៊ុយក្រែនបានប៉ះពាល់ដល់ការនាំចេញស្បៀងអាហាររបស់អ៊ុយក្រែន ហើយលោកបានគាំទ្រកិច្ចប្រឹងប្រែងដែលដឹកនាំដោយអង្គការសហប្រជាជាតិនៅក្នុងការធ្វើយ៉ាងណាមិនឱ្យមានការរាំងខ្ទប់នេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បានសរសេរនៅលើ Twitter នៅថ្ងៃអង្គារនេះថា ប្រទេសអ៊ុយក្រែនកំពុងធ្វើការជាមួយទាហានជើងទឹកនៃប្រទេសទី ៣ មួយចំនួនលើប្រតិបត្តិការអន្តរជាតិដែលដឹកនាំដោយអង្គការសហប្រជាជាតិ ដើម្បីធានាឱ្យមានផ្លូវពាណិជ្ជកម្មប្រកបដោយសុវត្ថិភាពសម្រាប់ការនាំចេញស្បៀងអាហារ។ លោកមិនបានផ្ដល់ព័ត៌មានលំអិតបន្ថែមណាមួយទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតនៅថ្ងៃពុធដែលនៅទីនោះលោកនឹងជួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសមកពីបណ្ដាប្រទេសជាសមាជិកក្រុមប្រឹក្សាសហប្រតិបត្តិការបណ្ដាប្រទេសអារ៉ាប់ជាប់ឈូងសមុទ្រពែក្ស (GCC)។ នេះបើតាមការបញ្ជាក់របស់មន្ត្រីពីររូបនៅថ្ងៃអង្គារដែលសុំមិនបញ្ចេញឈ្មោះ។ ប្រធានបទនៃការពិភាក្សានេះនៅមិនទាន់ច្បាស់នៅឡើយ បើទោះបីជាមន្ត្រីទាំងពីរបាននិយាយថា រដ្ឋមន្ត្រីការបរទេសនៃប្រទេសអារ៉ាប់ជាប់ឈូងសមុទ្រពែក្សទាំង ៦ ក៏នឹងមានជំនួបតាមអនឡាញជាមួយនឹងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba នៅថ្ងៃពុធផងដែរក៏ដោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu បាននិយាយនៅថ្ងៃអង្គារថា ប្រទេសហ្វាំងឡង់និងប្រទេសស៊ុយអែតគួរតែកែប្រែច្បាប់របស់ខ្លួនប្រសិនបើចាំបាច់ដើម្បីបំពេញតាមតម្រូវការរបស់ប្រទេសតួកគីនិងទទួលបានការគាំទ្រពីតួកគីសម្រាប់កិច្ចប្រឹងប្រែងចូលជាសមាជិករបស់ពួកគេនៅក្នុងអង្គការអូតង់ (NATO)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu បាននិយាយនៅថ្ងៃអង្គារថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov គ្រោងធ្វើទស្សនកិច្ចជាមួយនឹងគណៈប្រតិភូយោធាមួយក្រុមទៅកាន់ប្រទេសតួកគីនៅថ្ងៃទី៨ ខែមិថុនាខាងមុខដើម្បីពិភាក្សាអំពីលទ្ធភាពបង្កើតច្រករបៀងសមុទ្រសម្រាប់ការនាំចេញកសិផលរបស់ប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ទីភ្នាក់ងារព័ត៌មាន Interfax របស់រុស្ស៊ីបានដកស្រង់សម្ដីរបស់មេដឹកនាំនៃតំបន់ផ្ដាច់ខ្លួន Donetsk ដែលគាំទ្រដោយរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែននៅថ្ងៃអង្គារថា កប៉ាល់ដឹកទំនិញមួយគ្រឿងបានចាកចេញពីកំពង់ផែទីក្រុង Mariupol នៃប្រទេសអ៊ុយក្រែនជាលើកដំបូងបង្អស់ឆ្ពោះទៅកាន់ប្រទេសរុស្ស៊ី តាំងពីពេលដែលរុស្ស៊ីបានដណ្ដើមកាន់កាប់ទីក្រុងនេះមក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ទាហានរុស្ស៊ីពីរនាក់ត្រូវបានកាត់ទោសនៅថ្ងៃអង្គារឱ្យជាប់ពន្ធនាគារជាង១១ឆ្នាំ បន្ទាប់ពីតុលាការអ៊ុយក្រែនបានរកឃើញថា ពួកគេមានកំហុសចំពោះការបាញ់គ្រាប់ផ្លោងលើតំបន់រស់នៅរបស់ជនស៊ីវិល។ សាលក្រមផ្ដន្ទាទោសនេះបានធ្វើឡើងក្នុងពេលមួយសប្ដាហ៍ក្រោយមក បន្ទាប់ពីតុលាការមួយនៅក្នុងរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែនបានកាត់ទោសទាហានរុស្ស៊ីអាយុ ២១ ឆ្នាំម្នាក់ឱ្យជាប់ពន្ធនាគារមួយជីវិតពីបទសម្លាប់ជនស៊ីវិលម្នាក់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់នៅថ្ងៃអង្គារថា កងទ័ពរុស្ស៊ីបានបាញ់ទម្លាក់យន្តហោះចម្បាំងSu-25 មួយគ្រឿងរបស់អ៊ុយក្រែននៅក្នុងតំបន់ Mykolaiv នៃប្រទេសអ៊ុយក្រែន និងបានទម្លាក់គ្រាប់បែកលើស្ថានីយរ៉ាដាមួយកន្លែងនិងឃ្លាំងគ្រាប់រំសេវពីរកន្លែងនៅភាគខាងកើតប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- លោក Oleksandr Stryuk អភិបាលក្រុង Sievierodonetsk នៃប្រទេសអ៊ុយក្រែន បាននិយាយនៅថ្ងៃអង្គារថា អ៊ុយក្រែននៅកាន់កាប់ទីក្រុង Sievierodonetsk នៅឡើយហើយកងទ័ពអ៊ុយក្រែនកំពុងប្រយុទ្ធនឹងកងទ័ពរុស្ស៊ីដែលរុលចូលមកយឺតៗ ប៉ុន្តែការជម្លៀសជនស៊ីវិលចេញនៅពេលនេះគឺមិនទាន់អាចទៅរួចនោះទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- លោក Serhiy Gaidai អភិបាលតំបន់ Luhansk នៃប្រទេសអ៊ុយក្រែនបានបញ្ជាក់ប្រាប់ទូរទស្សន៍រដ្ឋអ៊ុយក្រែននៅថ្ងៃអង្គារថា កងទ័ពរុស្ស៊ីកំពុងរុលទៅមុខយឺតៗឆ្ពោះទៅកាន់ផ្នែកកណ្ដាលនៃទីក្រុង Sievierodonetsk នៅក្នុងតំបន់ Luhansk ភាគខាងកើតប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ផ្នែកស៊ើបការណ៍សម្ងាត់យោធារបស់ចក្រភពអង់គ្លេសបានបញ្ជាក់នៅថ្ងៃអង្គារថា កងទ័ពរុស្ស៊ីបានរុលទៅមុខយឺតៗចូលទៅក្នុងតំបន់ Luhansk ប្រទេសអ៊ុយក្រែន និងបានបន្ថែមថា ការប្រមូលផ្ដុំទ័ពរបស់រុស្ស៊ីនៅក្នុងតំបន់តូចមួយបង្កើនហានិភ័យសម្រាប់អ្នកដទៃនៅតាមតំបន់ផ្សេងៗទៀត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- អធិការបតីអូទ្រីសលោក Karl Nehammer បាននិយាយនៅថ្ងៃអង្គារថា សហភាពអឺរ៉ុបនឹងមិនពិភាក្សាអំពីការហាមឃាត់ការនាំចូលឧស្ម័នពីរុស្ស៊ីជាផ្នែកមួយនៃការដាក់ទណ្ឌកម្មបន្ទាប់លើរុស្ស៊ីទាក់ទិននឹងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែននោះទេ។ លោក Nehammer បានបញ្ជាក់ដូច្នេះថា៖ «ការហាមឃាត់ការនាំចូលឧស្ម័ននឹងមិនមែនជាប្រធានបទពិភាក្សានោះឡើយ។ [អធិការបតីអាល្លឺម៉ង់] លោក Olaf Scholz ក៏បានបញ្ជាក់យ៉ាងច្បាស់រួចហើយផងដែរអំពីរឿងនេះ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- នាយករដ្ឋមន្ត្រីអេស្តូនីអ្នកស្រី Kaja Kallas បាននិយាយនៅថ្ងៃអង្គារនេះថា សហភាពអឺរ៉ុបគួរតែធ្វើបន្ថែមលើសពីនេះទៀតនិងពិភាក្សាអំពីកញ្ចប់ទណ្ឌកម្មលើកទី៧ដើម្បីដាក់លើរុស្ស៊ី ដែលក្នុងនោះរួមមានទាំងជំហាននៅក្នុងការហាមឃាត់ការនាំចូលឧស្ម័នផងដែរ ប៉ុន្តែអ្នកស្រីបានបញ្ជាក់បន្ថែមថា អ្នកស្រីមិនមានក្ដីសង្ឃឹមខ្ពស់ថារឿងនេះនឹងកើតឡើងនោះទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- លោក Ihor Zhovkva អនុប្រធានខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែនបានបញ្ជាក់នៅក្នុងសុន្ទ រកថាមួយនៅក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញនៅថ្ងៃអង្គារថា ទណ្ឌកម្មថ្មីចុងក្រោយបង្អស់របស់សហភាពអឺរ៉ុបនេះ «មិនទាន់គ្រប់គ្រាន់» នោះទេ ហើយល្បឿននៃការដាក់ទណ្ឌ កម្មកន្លងមកលើរុស្ស៊ីមានភាពយឺតយ៉ាវ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- នាយករដ្ឋមន្ត្រីឡេតូនីលោក Krisjanis Karins នៅថ្ងៃអង្គារបានសរសើរកិច្ចព្រមព្រៀងរបស់សហភាពអឺរ៉ុបនៅក្នុងការហាមឃាត់ភាគច្រើនបំផុតនូវការនាំចូលប្រេងឥន្ធនៈពីរុស្ស៊ី ដោយលោកបាននិយាយថា សហភាពអឺរ៉ុបបានឯកភាពគ្នាលើកញ្ចប់ទណ្ឌកម្មលើកទី ៦ នេះ ដើម្បីធ្វើឱ្យរដ្ឋាភិបាលរុស្ស៊ីខ្សោះថវិកានៅក្នុងការធ្វើសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានក្រុមប្រឹក្សាអឺរ៉ុបនៃសហភាពអឺរ៉ុបលោក Josep Borrell ដែលជាមន្ត្រីការទូតកំពូលរបស់សហភាពអឺរ៉ុប បាននិយាយនៅថ្ងៃអង្គារថា កិច្ចព្រមព្រៀងរបស់សហភាពអឺរ៉ុបនៅក្នុងការហាមឃាត់ភាគច្រើនបំផុតនូវការនាំចូលប្រេងឥន្ធនៈពីរុស្ស៊ីនឹងបង្ខំឱ្យរដ្ឋាភិបាលរុស្ស៊ីលក់ប្រេងឆៅក្នុងតម្លៃទាបទៅឱ្យប្រទេសផ្សេងៗ។ នៅពេលធ្វើដំណើរទៅដល់កន្លែងប្រជុំរបស់បណ្ដាមេដឹកនាំសហភាពអឺរ៉ុបនៅថ្ងៃទីពីរអំពីស្ថានភាពថ្មីៗនៃសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយ ក្រែន លោក Borrell បានបញ្ជាក់ថា៖ «អឺរ៉ុបគឺជាអតិថិជនសំខាន់បំផុតរបស់រុស្ស៊ី។ គោលបំណងគឺធ្វើយ៉ាងណាឱ្យរុស្ស៊ីមានធនធានហិរញ្ញវត្ថុតិចជាងមុននៅក្នុងការផ្គត់ផ្គង់ដល់ធន ធានធ្វើសង្គ្រាមរបស់ខ្លួន»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- អ្នកនាំពាក្យគណៈកម្មការអឺរ៉ុបនៃសហភាពអឺរ៉ុបបាននិយាយនៅថ្ងៃអង្គារថា ទណ្ឌកម្មរបស់សហភាពអឺរ៉ុបនៅក្នុងការហាមឃាត់ការនាំចូលប្រេងឥន្ធនៈពីរុស្ស៊ីតាមផ្លូវសមុទ្រនឹងធ្វើឡើងជាបណ្ដើរៗដោយរយៈពេល ៦ ខែសម្រាប់ប្រេងឆៅ និងរយៈពេល ៨ ខែសម្រាប់ប្រេងចម្រាញ់។ ពេលវេលានេះនឹងចាប់ផ្ដើមនៅពេលណាដែលទណ្ឌកម្មនេះត្រូវបានអនុម័តជាផ្លូវការ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- អ្នកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបនៃសហភាពអឺរ៉ុប បាននិយាយនៅព្រឹកថ្ងៃអង្គារថា បណ្ដាមេដឹកនាំនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបបានសម្រេចបានកិច្ចព្រមព្រៀងមួយ «ជាគោលការណ៍» នៅក្នុងការហាមឃាត់ការនាំចូលប្រេងឥន្ធនៈពីប្រទេសរុស្ស៊ី។ អ្នកស្រីបានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំរបស់សហភាពអឺរ៉ុបនៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកនៅថ្ងៃដំបូងបានបញ្ចប់ទៅថា៖ «ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលមេដឹកនាំនានាអាចឯកភាពគ្នាជាគោលការណ៍លើកញ្ចប់ទណ្ឌកម្មលើកទី ៦ [សម្រាប់ដាក់លើប្រទេសរុស្ស៊ី]»។ អ្នកស្រីបានបន្ថែមថា៖ «ឥឡូវនេះ ក្រុមប្រឹក្សា [អឺរ៉ុប] គួរតែអាចសម្រេចជាចុងក្រោយនូវការហាមឃាត់លើការនាំចូលប្រេងឥន្ធនៈទាំងអស់ស្ទើរតែ ៩០% នៅត្រឹមចុងឆ្នាំនេះ។ នេះគឺជាជំហានទៅមុខដ៏សំខាន់។ ទាក់ទិននឹងប្រេងឥន្ធនៈ ១០% ទៀត ដែលបញ្ជូនតាមបំពង់បង្ហូរប្រេង យើងនឹងងាកទៅផ្តោតលើបញ្ហានេះក្នុងពេលឆាប់ៗ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។