ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

២២:២៧ ១.៦.២០២២

ថ្ងៃពុធ ទី ១ ខែមិថុនា៖

  • លោក Juergen Stock អគ្គលេខាធិការ​អង្គការ​ប៉ូលិស​អឺរ៉ុប Europol បាន​ព្រមាន​នៅ​ថ្ងៃ​ពុធ​នេះ​ថា សព្វាវុធ​ជា​ច្រើន​ដែល​កំពុង​បញ្ជូន​ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន​នៅ​ទីបំផុត​នឹង​ធ្លាក់​ក្នុង​ដៃ​របស់​ឧក្រិដ្ឋជន​នៅ​ទ្វីប​អឺរ៉ុប​និង​កន្លែង​ផ្សេងៗ​ទៀត។ លោក​បាន​ជំរុញ​ប្រទេស​នានា​ឱ្យ​ចាប់ផ្ដើម​ត្រួត​ពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់​លើ​ប្រព័ន្ធ​ទិន្នន័យ​តាមដាន​អាវុធ។ លោក​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «បរិមាណ​ដ៏​ច្រើន​នៃ​សព្វាវុធ​នានា​ដែល​កំពុង​មាន​នៅ​ក្នុង​អំឡុង​ពេល​សង្គ្រាម​នា​ពេល​បច្ចុប្បន្ន​នេះ ​នឹង​បណ្ដាល​ឱ្យ​មាន​ការ​រីក​សាយភាយ​នូវ​សព្វាវុធ​ខុស​ច្បាប់​នៅ​ក្នុង​ដំណាក់កាល​ក្រោយ​សង្គ្រាម»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ប្រទេស​អ៊ុយក្រែន​បាន​ផ្ដល់​ការ​ធានា​ថា ខ្លួន​នឹង​មិន​ប្រើ​ប្រព័ន្ធ​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​ឱ្យ ដើម្បី​វាយ​ប្រហារ​លើ​គោលដៅ​នានា​នៅ​លើ​ទឹកដី​របស់​ប្រទេស​រុស្ស៊ី​នោះ​ឡើយ។ លោក Blinken ថ្លែង​ដូច្នេះ នៅ​ពេល​ដែល​គេ​សួរ​លោក​អំពី​វិធី​កាត់​បន្ថយ​ជា​អតិបរមា​នូវ​ហានិភ័យ​នៃ​ការ​ធ្វើ​ឱ្យ​ភាព​តានតឹង​កាន់តែ​រីក​រាលដាល​បន្ថែម​ទៀត ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក​ផ្ដល់​ប្រព័ន្ធ​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ​នេះ​ដល់​ប្រទេស​អ៊ុយក្រែន បន្ទាប់ពី​លោក​បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​អគ្គលេខាធិការ​អង្គការ​អូតង់ (NATO) លោក Jens Stoltenberg នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​មក។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ការ​ផ្គត់ផ្គង់​របស់​សហរដ្ឋ​អាមេរិក​នូវ​ប្រព័ន្ធ​បាញ់​រ៉ុក្កែត​ទំនើប​ដល់​ប្រទេស​អ៊ុយក្រែន​បាន​បង្ក​ឱ្យ​មាន​ហានិភ័យ​នៃ​ការ​ទាញ «ប្រទេស​ទី​បី» ឱ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​សង្គ្រាម​នៅ​អ៊ុយក្រែន។ លោក Lavrov បាន​ថ្លែង​ដូច្នេះ​តប​ទៅ​នឹង​សំណួរ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត​អំពី​ផែនការ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ផ្ដល់​ប្រព័ន្ធ​រ៉ុក្កែត​ទំនើប​ឱ្យ​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា រដ្ឋាភិបាល​រុស្ស៊ី​កំពុង​ប្រឈម​នឹង​ការ​លំបាក​នៅ​ក្នុង​ការ​នាំ​ចេញ​ធញ្ញជាតិ ដោយសារតែ​ការ​ដាក់​ទណ្ឌកម្ម​របស់​ក្រុម​បស្ចិម​ប្រទេស​លើ​កប៉ាល់​ដឹក​ទំនិញ​របស់​ខ្លួន។ លោក Lavrov បាន​បញ្ជាក់​នៅ​ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អារ៉ាប៊ីសាអូឌីត​ថា៖ «[រដ្ឋាភិបាល​រុស្ស៊ី] ក៏​មាន​បញ្ហា​ផង​ដែរ​ជាមួយ​នឹង​ការ​នាំ​ចេញ​ធញ្ញជាតិ​របស់​ខ្លួន។ ...កប៉ាល់​ដែល​ដឹក​ជញ្ជូន​ធញ្ញជាតិ​របស់​រុស្ស៊ី​បាន​រង​នូវ​ទណ្ឌកម្ម [របស់​ក្រុម​បស្ចិម​ប្រទេស]»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • លោក Mykhailo Podolyak ដែល​ជា​ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយក្រែន​និង​ជា​អ្នក​ចរចា​ចម្បង​របស់​អ៊ុយក្រែន​ក្នុង​អំឡុង​ពេល​ចរចា​សន្តិភាព​ជាមួយ​នឹង​រុស្ស៊ី​កាលពី​លើក​មុនៗ បាន​ចោទ​ប្រកាន់​ទ្វីប​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​ថា​មាន «ការភ័យ​ខ្លាច» រុស្ស៊ី​ដោយ «មិន​សម​ហេតុ​ផល»។ លោក Podolyak លើកឡើង​ដូច្នេះ​នៅ​ក្នុង​កិច្ចសម្ភាសន៍​មួយ​ដែល​ទីភ្នាក់ងារ​ព័ត៌មាន Interfax Ukraine របស់​ប្រទេស​អ៊ុយក្រែន​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ស្ត្រី​ចំណាស់ម្នាក់​និង​កូនប្រុស​របស់​គាត់​រៀបចំ​បំណែក​មួយ​ចំនួន​នៅ​ផ្ទះ​របស់​គាត់​ដែល​បាន​ឆាបឆេះ​ដោយសារ​តែ​ការ​វាយប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន នៅ​ភូមិ Andriivka ប្រទេស​អ៊ុយក្រែន ថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២២។
ស្ត្រី​ចំណាស់ម្នាក់​និង​កូនប្រុស​របស់​គាត់​រៀបចំ​បំណែក​មួយ​ចំនួន​នៅ​ផ្ទះ​របស់​គាត់​ដែល​បាន​ឆាបឆេះ​ដោយសារ​តែ​ការ​វាយប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន នៅ​ភូមិ Andriivka ប្រទេស​អ៊ុយក្រែន ថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២២។
  • អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​និយាយ​នៅ​ថ្ងៃ​ពុធថា លោក​សង្ឃឹម​ថា​នឹង​មាន​ដំណោះស្រាយ​មួយ​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​សង្គ្រាម​នៅ​អ៊ុយក្រែន​លើ​ការ​ផ្គត់ផ្គង់​ស្បៀង​អាហារ​នៅ​លើ​ពិភពលោក។ ដោយសារ​រុស្ស៊ី​បាន​ត្រួតត្រា​ឬ​ក៏​រាំង​ខ្ទប់​កំពង់ផែ​ទាំង​អស់​របស់​ប្រទេស​អ៊ុយក្រែន​នៅ​សមុទ្រ​ខ្មៅ ការ​ដឹក​ជញ្ជូន​ធញ្ញជាតិ​ចេញ​ពី​ប្រទេស​អ៊ុយក្រែន​បាន​ជាប់​គាំង​តាំង​ពី​ពេល​ដែល​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន​មក។ ស្រប​ពេល​នោះ​ដែរ រដ្ឋាភិបាល​រុស្ស៊ី​បាន​រិះគន់​ថា ទណ្ឌកម្ម​របស់​ក្រុម​បស្ចិម​ប្រទេស​បាន​រារាំង​ដល់​ការ​នាំចេញ​ទាំង​ធញ្ញជាតិ​និង​ជី។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • សម្ដេប​ប៉ាប Francis បាន​អំពាវនាវ​ទៅ​កាន់​អាជ្ញាធរ​នានា​នៅ​ថ្ងៃ​ពុធ​ឱ្យ​បញ្ឈប់​ការរាំង​ខ្ទប់​លើ​ការ​នាំ​ចេញ​ស្រូវ​សាឡី​ពី​ប្រទេស​អ៊ុយក្រែន ដោយ​ព្រះអង្គ​បាន​លើកឡើង​ថា ធញ្ញជាតិ​មិន​អាច​ត្រូវ​បាន​ប្រើ​ជា «អាវុធ​នៃ​សង្គ្រាម» បាន​ទេ។ ព្រះអង្គ​បាន​ថ្លែង​ទៅ​កាន់​មនុស្ស​រាប់​ពាន់​នាក់​នៅ​ទីលាន St. Peter's Square ថា ការ​រាំង​ខ្ទប់​នេះ​គួរតែ​ដក​ចេញ ដោយសារតែ​មនុស្ស​ជា​ច្រើន​លាន​នាក់​ពឹងផ្អែក​លើ​ស្រូវ​សាឡី​ពី​ប្រទេស​អ៊ុយ ក្រែន ជា​ពិសេស​នៅ​ប្រទេស​ក្រីក្រ​បំផុត​នៅ​លើ​ពិភពលោក។
  • អនុ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Ryabkov បាន​និយាយ​ថា រដ្ឋាភិបាល​រុស្ស៊ី​នឹង​ស្វែងរក​វិធី​ដើម្បី​ផ្គត់ផ្គង់​ធញ្ញជាតិ​និង​ជី​របស់​រុស្ស៊ី​ដល់​ទីផ្សារ​នានា បើ​ទោះបីជា​មាន​ការដាក់ទណ្ឌកម្ម​ពី​ក្រុម​បស្ចិម​ប្រទេស​ក៏ដោយ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌ មាន Reuters ដែល​យោង​លើ​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន RIA របស់​រុស្ស៊ី​នៅ​ថ្ងៃ​ពុធ។
  • ក្រុមហ៊ុន Gazprom របស់​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​ថា ការ​នាំចេញ​ឧស្ម័ន​របស់​ខ្លួន​ទៅ​កាន់​បណ្ដា​ប្រទេស​ផ្សេងៗ​ក្រៅពី​អតីត​សហភាព​សូវៀត​បាន​ធ្លាក់ចុះ​ជាង​មួយ​ភាគ​បួន​នៅ​រវាង​ខែ​មករា​និង​ខែ​ឧសភា​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នេះ​កាលពី​មួយ​ឆ្នាំ​កន្លង​ទៅ បន្ទាប់ពី​ខ្លួន​បាន​បាត់បង់​អតិថិជន​មួយ​ចំនួន​នៅ​អឺរ៉ុប។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។

រូបឯកសារ៖ កន្លែង​ស្ដុកប្រេងរបស់រុស្ស៊ី​នៅ​កំពង់ផែ​សមុទ្រ​បាល់ទិក ក្នុង​ក្រុង Ust-Luga ប្រទេស​រុស្ស៊ី ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៨។ (REUTERS)
រូបឯកសារ៖ កន្លែង​ស្ដុកប្រេងរបស់រុស្ស៊ី​នៅ​កំពង់ផែ​សមុទ្រ​បាល់ទិក ក្នុង​ក្រុង Ust-Luga ប្រទេស​រុស្ស៊ី ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៨។ (REUTERS)
  • រដ្ឋាភិបាល​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​ថា រុស្ស៊ី​នឹង​ចាត់​វិធានការ​ដើម្បី«កាត់​បន្ថយ​ជា​អតិបរមា»នូវ​ផល​ប៉ះពាល់​នៃ​ការ​ដាក់​ទណ្ឌកម្ម​មួយ​ផ្នែក​របស់​សហភាព​អឺរ៉ុប​លើ​វិស័យ​ប្រេង​ឥន្ធនៈ​របស់​ខ្លួន។ អ្នក​នាំពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​លោក Dmitry Peskov បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ «ទណ្ឌកម្ម​នឹង​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​ទ្វីប​អឺរ៉ុប រុស្ស៊ី​និង​ទីផ្សារ​ថាមពល​នៅ​លើ​សាកលលោក​ទាំងមូល»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌ មាន AFP។
  • លោក Oleksandr Stryuk អភិបាល​ក្រុង Sievierodonetsk នៃ​ប្រទេស​អ៊ុយក្រែន​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ពុធថា កងទ័ព​អ៊ុយក្រែន​កំពុង​នៅ​កាន់កាប់​ទីក្រុង Sievierodonetsk តែ២០%ប៉ុណ្ណោះ ប៉ុន្តែ​នៅ​មាន​ក្ដី​សង្ឃឹម​ថា​នឹង​អាច​រារាំង​កងទ័ព​រុស្ស៊ី​មិន​ឱ្យ​ត្រួតត្រា​ទីក្រុង​នេះ​បាន​ទាំង ស្រុង។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • លោក Serhiy Gaidai អភិបាល​តំបន់ Luhansk នៃ​ប្រទេស​អ៊ុយក្រែន បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ថា ឥឡូវ​នេះ​កងទ័ព​រុស្ស៊ី​បាន​ត្រួតត្រា​ទីក្រុង Sievierodonetsk ដែល​ជា​ទីក្រុង​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែនប្រហែល៧០% ហើយ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ក្រសួង​ការពារ​ជាតិ​ចក្រភព​អង់គ្លេស​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​ថា កងទ័ព​រុស្ស៊ី​បាន​រុល​កាន់តែ​ជិត​ចូល​ទៅ​ផ្នែក​កណ្ដាល​នៃ​ទីក្រុង Sievierodonetsk របស់​ប្រទេស​អ៊ុយ ក្រែន។ ក្រសួង​នេះ​បាន​លើកឡើង​នៅ​ក្នុង​បច្ចុប្បន្ន​ភាព​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់​របស់​ខ្លួន​ដែល​បង្ហោះ​នៅ​លើ Twitter ថា៖ «ឥឡូវ​នេះ​កងទ័ព​រុស្ស៊ី​ដែល​ក្នុង​នោះ​រួម​មាន​ទាំង​យុទ្ធជន​មក​ពី​តំបន់ Chechen ផង​ដែរ ទំនងជា​បាន​ត្រួតត្រា​ក្រុង​នេះ​ជាង​ពាក់​កណ្ដាល​ហើយ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ថា ប្រទេស​អាល្លឺម៉ង់​នឹង​ផ្គត់ផ្គង់​ប្រព័ន្ធ​ការពារ​បាញ់​ពី​ដី​ទៅ​អាកាស​រយៈ​ចម្ងាយ​មធ្យម IRIS-T ដល់​ប្រទេស​អ៊ុយក្រែន។ លោក​លើកឡើង​ដូច្នេះ បន្ទាប់ពី​មាន​ការ​អង្វរ​ស្នើ​សុំ​ពី​រដ្ឋាភិបាល​អ៊ុយ ក្រែន​ក៏​ដូចជា​ពី​គណបក្ស​ប្រឆាំង​នៅ​អាល្លឺម៉ង់​ឱ្យ​បង្កើន​ការ​បញ្ជូន​សព្វាវុធ​ធុន​ធ្ងន់​ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន។ លោក Scholz បាន​ប្រាប់​សមាជិក​សភា​នៅ​ក្នុង​សភា​អាល្លឺម៉ង់​ថា៖ «កាលពី​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​សម្រេច​ថា​យើង​នឹង​បញ្ជូន​ប្រព័ន្ធ​ការពារ IRIS-T ដែល​ជា​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ដ៏​ទំនើប​បំផុត​ដែល​ប្រទេស​អាល្លឺ ម៉ង់​មាន [ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន]»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។​

រូបឯកសារ៖ អ្នក​ជំនាញ​បច្ចេកទេស​កំពុង​ធ្វើការ​លើប្រព័ន្ធ​ការពារ​បាញ់​ពី​ដី​ទៅ​អាកាស​រយៈ​ចម្ងាយ​មធ្យម IRIS-T នៅ​មូលដ្ឋាន​ទ័ព​អាកាស Laage ប៉ែក​ខាង​ជើង​ប្រទេស​អាល្លឺម៉ង់ ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០០៥។
រូបឯកសារ៖ អ្នក​ជំនាញ​បច្ចេកទេស​កំពុង​ធ្វើការ​លើប្រព័ន្ធ​ការពារ​បាញ់​ពី​ដី​ទៅ​អាកាស​រយៈ​ចម្ងាយ​មធ្យម IRIS-T នៅ​មូលដ្ឋាន​ទ័ព​អាកាស Laage ប៉ែក​ខាង​ជើង​ប្រទេស​អាល្លឺម៉ង់ ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០០៥។
  • រដ្ឋាភិបាល​រុស្ស៊ី​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ពុធ​ថា​បាន «បន្ថែម​ប្រេង​ពី​លើ​ភ្លើង» តាម​រយៈ​ការ​មាន​គម្រោង​ផ្គត់ផ្គង់​ប្រព័ន្ធ​មីស៊ីល​ទំនើប​ដល់​ប្រទេស​អ៊ុយក្រែន។ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​លោក Dmitry Peskov បាន​ប្រាប់​អ្នក​សារព័ត៌ មាន​ថា៖ «យើង​ជឿ​ថា សហរដ្ឋ​អាមេរិក​កំពុង​បន្ថែម​ប្រេង​ពី​លើ​ភ្លើង​ដោយ​ចេតនា»។ លោក​បាន​បន្ថែម​ថា «ការ​ផ្គត់ផ្គង់​ដូច​នេះ» មិន​បាន​លើក​ទឹក​ចិត្ត​រដ្ឋាភិបាល​អ៊ុយក្រែន​ឱ្យ​បន្ត​ឡើង​វិញ​នូវ​ការ​ចរចា​សន្តិភាព​នោះ​ទេ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • រដ្ឋាភិបាល​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​នេះ​ថា ការ​សម្រេច​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ផ្គត់ផ្គង់​ប្រព័ន្ធ​រ៉ុក្កែត​ទំនើប​និង​សព្វាវុធ​ដល់​ប្រទេស​អ៊ុយក្រែន​គឺ​ជា​រឿង​អវិជ្ជមាន​ហួសហេតុ​និង​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​ផ្ទាល់។ អនុ​រដ្ឋ មន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Ryabkov បាន​បញ្ជាក់​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន RIA Novosti របស់​រុស្ស៊ី​ថា រដ្ឋាភិបាល​រុស្ស៊ី​យល់​ឃើញ​ថា​ជំនួយ​យោធា​របស់​សហរដ្ឋ​អាមេរិក​ឱ្យ​ប្រទេស​អ៊ុយក្រែន​គឺ​ជា​រឿង «អវិជ្ជមាន​ហួសហេតុ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា សហរដ្ឋ​អាមេរិក​នឹង​ផ្ដល់​ឱ្យ​ប្រទេស​អ៊ុយក្រែន​នូវ​ប្រព័ន្ធ​បាញ់​រ៉ុក្កែត​ចល័ត M142 High Mobility Artillery Rocket System (HIMARS) ដើម្បី​បំពាក់​បំប៉ន​សមត្ថភាព​របស់​អ៊ុយ ក្រែន​នៅ​ក្នុង​ការ​ប្រយុទ្ធ​នៅ​សមរភូមិ​តតាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី។ មន្ត្រី​រូប​នេះ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ «អ៊ុយក្រែន​នឹង​ប្រើ​ប្រព័ន្ធ​ទាំង​នេះ​ដើម្បី​រុញច្រាន​ការ​រុល​ចូល​មក​របស់​រុស្ស៊ី​លើ​ទឹកដី​របស់​អ៊ុយក្រែន ប៉ុន្តែ​នឹង​មិន​ប្រើ​ប្រព័ន្ធ​ទាំង​នេះ​ដើម្បី​វាយ​ប្រហារ​សំដៅ​លើ​គោលដៅ​នានា​នៅ​លើ​ទឹកដី​រុស្ស៊ី​នោះ​ទេ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​នឹង​ផ្ដល់​ឱ្យ​ប្រទេស​អ៊ុយក្រែន​នូវ​ប្រព័ន្ធ​រ៉ុក្កែត​ទំនើប​និង​សព្វាវុធ​បន្ថែម​ទៀត ដើម្បី​ឱ្យ​អ៊ុយ ក្រែន​អាច «វាយ​ប្រហារ​ចំ​គោលដៅ​សំខាន់ៗ​បាន​ប្រសើរ​ជាង​មុន​នៅ​សមរភូមិ»។ នៅ​ក្នុង​អត្ថបទ​បញ្ចេញ​មតិ​មួយ​ដែល​ចុះ​ផ្សាយ​នៅ​ក្នុង​សារព័ត៌មាន New York Times កាលពី​ថ្ងៃ​អង្គារ លោក Biden បាន​បញ្ជាក់​ថា៖ «យើង​បាន​ចាត់​វិធានការ​យ៉ាង​លឿន​នៅ​ក្នុង​ការ​បញ្ជូន​ឱ្យ​ប្រទេស​អ៊ុយក្រែន​នូវ​សព្វាវុធ​និង​គ្រាប់​រំសេវ​ក្នុង​បរិមាណ​ច្រើន​គួរសម ដើម្បី​ឱ្យ​អ៊ុយក្រែន​អាច​ប្រយុទ្ធ​នៅ​សមរភូមិ និង​អាច​មាន​ជំហរ​រឹងមាំ​បំផុត​នៅ​ឯ​តុ​ចរចា»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
២១:៣៦ ២.៦.២០២២

ថ្ងៃព្រហស្បតិ៍ ទី ២ ខែមិថុនា៖

  • មន្ត្រី​ការទូត​មួយ​រូប​បាន​បញ្ជាក់​ថា មន្ត្រី​ការទូត​សហភាព​អឺរ៉ុប​បាន​ផ្ដល់​ការ​អនុម័ត​ចុងក្រោយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​លើ​ទណ្ឌកម្ម​ជុំ​ទី ៦ របស់​សហភាព​អឺរ៉ុប​ដើម្បី​ដាក់​លើ​ប្រទេស​រុស្ស៊ី​ទាក់ទិន​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ ទណ្ឌកម្ម​លើក​នេះ​រួម​មាន​ការ​ហាមឃាត់​មួយ​ផ្នែក​លើ​ការ​នាំ​ចូល​ប្រេង​ឥន្ធនៈ​ពី​ប្រទេស​រុស្ស៊ី​ហើយនឹង​ការ​ដក​ធនាគារ Sberbank ដែល​ជា​ធនាគារ​កំពូល​របស់​រុស្ស៊ី​ចេញ​ពី​ប្រព័ន្ធ​ទូរគមនាគមន៍​ហិរញ្ញវត្ថុ​អន្តរ​ធនាគារ​ពិភពលោក (SWIFT)។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • មន្ត្រី​ការទូត​នានា​បាន​និយាយ​ថា បណ្ដា​ឯកអគ្គរដ្ឋទូត​ប្រចាំ​សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ដក​ឈ្មោះ​មេដឹកនាំ​វិហារ​គ្រិស្ត​សាសនា​និកាយ​អ័រតូដុក​របស់​រុស្ស៊ី​ចេញ​ពី​បញ្ជី​ខ្មៅ​ដែល​បាន​ស្នើ​ឡើង បន្ទាប់ពី​មាន​ការ​ប្រឆាំង​ពី​ប្រទេស​ហុងគ្រី ដែល​ការ​ធ្វើ​ដូច្នេះ​អនុញ្ញាត​ឱ្យ​ពួកគេ​អាច​ឯកភាព​គ្នា​លើ​ទណ្ឌកម្ម​ជុំ​ថ្មី [សម្រាប់​ដាក់​លើ​ប្រទេស​រុស្ស៊ី​ទាក់ទិន​នឹង​សង្គ្រាម​នៅ​អ៊ុយក្រែន] បាន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • ប្រធាន​សភា​អឺរ៉ុប​អ្នកស្រី Roberta Metsola បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា អ្នក​បញ្ចុះបញ្ចូល​គោល​នយោបាយ​រុស្ស៊ី​ត្រូវ​បាន​រារាំង​ពី​សភា​អឺរ៉ុប ដោយ​អ្នកស្រី​បាន​បន្ថែម​ថា អឺរ៉ុប​ត្រូវតែ​ការពារ​ខ្លួន​ពី​ឥទ្ធិពល​និង​ការ​ឃោសនា​របស់​រដ្ឋាភិបាល​រុស្ស៊ី​ទាក់ទិន​នឹង​សង្គ្រាម​នៅ​អ៊ុយក្រែន។ អ្នកស្រី Metsola បាន​បញ្ជាក់​នៅ​លើ Twitter ដូច្នេះ​ថា៖ «អ្នក​តំណាង​របស់​ក្រុមហ៊ុន​រុស្ស៊ី​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល [ក្នុង​សភា​អឺរ៉ុប] នោះទេ [ដោយ​ការ​សម្រេច​នេះ] ចូល​ជា​ធរមាន​ភ្លាមៗ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ពលរដ្ឋត្រូវបានជម្លៀសចេញពីទីក្រុង Sloviansk នៅភាគខាងកើតប្រទេសអ៊ុយក្រែនក្នុងតំបន់ Donbas ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២២។
ពលរដ្ឋត្រូវបានជម្លៀសចេញពីទីក្រុង Sloviansk នៅភាគខាងកើតប្រទេសអ៊ុយក្រែនក្នុងតំបន់ Donbas ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២២។

  • មនុស្ស​ជាង ១ លាន ៦ សែន​នាក់​មកពី​ប្រទេស​អ៊ុយក្រែន​និង​សាធារណរដ្ឋ​ផ្ដាច់​ខ្លួន​នានា​នៅ​ក្នុង​តំបន់ Donbas នៃ​ប្រទេស​អ៊ុយក្រែន​បាន​ឆ្លង​ចូល​ទឹកដី​ប្រទេស​រុស្ស៊ី​តាំង​ពី​ពេល​ដែល​រុស្ស៊ី​បាន​ចាប់ផ្ដើម​ឈ្លានពាន​អ៊ុយក្រែន​មក។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន TASS របស់​រុស្ស៊ី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​បាន​យោង​លើ​ប្រភព​មក​ពី​ផ្នែក​អនុវត្ត​ច្បាប់។ ប្រភព​នោះ​បាន​លើកឡើង​ដូច្នេះ​ថា៖ «គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ មនុស្ស​ជាង ១ លាន ៦ សែន​នាក់ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​កុមារ​ជិត ២៦៣.០០០ នាក់​ផង​ដែរ បាន​ឆ្លង​ព្រំដែន [ពី​អ៊ុយក្រែន​ចូល​ទឹកដី​រុស្ស៊ី] »។ នេះ​បើ​យោង​តាម​បណ្ដាញ​ព័ត៌មាន CNN។
  • លោក​នាយ​ឧត្តមសេនីយ៍ Oleksiy Gromov នៃ​ប្រទេស​អ៊ុយក្រែន បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា កងទ័ព​រុស្ស៊ី​កំពុង​ព្យាយាម​វាយ​ប្រហារ​លើ​ភូមិ Berestove នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​ដែល​ស្ថិត​នៅ​លើ​ផ្លូវ​ចម្បង​មួយ​ភ្ជាប់​ទីក្រុង Lysychansk នៃ​តំបន់ Luhansk ទៅ​នឹង​ផ្នែក​ផ្សេង​ទៀត​នៃ​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋាភិបាល​សេណេហ្គាល់​បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រធានាធិបតី​សេណេហ្គាល់​លោក Macky Sallដែល​ជា​ប្រធាន​សហភាព​អាហ្វ្រិក នឹង​និយាយ​ជាមួយ​នឹង​ប្រធានាធិបតី​រុស្ស៊ី​លោកVladimir Putin នៅ​ក្នុង​ទីក្រុង Sochi នៅ​ភាគ​និរតី​ប្រទេស​រុស្ស៊ី​នៅ​ថ្ងៃ​សុក្រ។ ខុទ្ទកាល័យ​របស់​លោក Sall បាន​លើកឡើង​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក Sall មាន​បំណង «បញ្ឈប់​ការ​រាំងខ្ទប់​ដល់​ធញ្ញជាតិ​និង​ជី ដែល​ការ​រាំងខ្ទប់​នេះ​ប៉ះពាល់​ ជាពិសេស​ដល់​បណ្ដា​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក» និង​បន្ធូរបន្ថយ​ស្ថានការណ៍​តានតឹង​នៃ​សង្គ្រាម​នៅ​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អ៊ុយក្រែន​លោកOleg Nikolenko និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​អ៊ុយក្រែន​កំពុង​ធ្វើការ​ជាមួយ​នឹង​ដៃគូ​អន្តរជាតិ​នានា​ នៅ​ក្នុង​ការ​បង្កើត​បេសកកម្ម​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​ដើម្បី​ស្ដារ​ឡើង​វិញ​នូវ​ផ្លូវ​ដឹក​ជញ្ជូន​ទំនិញ​នៅ​សមុទ្រ​ខ្មៅ​និង​នាំចេញ​កសិផល​របស់​អ៊ុយក្រែន។ លោក Nikolenko បាន​សរសេរ​នៅ​លើ Facebook ថា៖ «យើង​អំពាវនាវ​ឱ្យ​ប្រទេស​នានា​ដែល​សន្តិសុខ​ស្បៀង​អាហារ​របស់​ខ្លួន​អាច​រងគ្រោះ​ជាង​គេ​ ដោយសារ​ភាព​គឃ្លើន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ប្រើប្រាស់​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​នឹង​រដ្ឋាភិបាល​រុស្ស៊ី​ដើម្បី​បង្ខំ​ឱ្យ​រុស្ស៊ី​បញ្ឈប់​ការ​រាំងខ្ទប់​កំពង់ផែ​សមុទ្រ​របស់​អ៊ុយក្រែន​និង​បញ្ចប់​សង្គ្រាម»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋាភិបាល​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ខ្លួន​ត្រៀម​ខ្លួន​រួចរាល់​នៅ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ណា​មួយ​ដោយ​ផ្ទាល់​ជាមួយ​នឹង​ម្ចាស់​បំណុល​របស់​ខ្លួន បន្ទាប់ពី​ខ្លួន​មិន​បាន​សង​បំណុល​បរទេស​របស់​ខ្លួន​ ដោយសារតែ​ការ​ដាក់​ទណ្ឌកម្ម​របស់​ក្រុម​បស្ចិម​ប្រទេស​ ទាក់ទិន​នឹង​រឿង​សង្គ្រាម​នៅ​អ៊ុយក្រែន។ រដ្ឋាភិបាល​រុស្ស៊ី​កំពុង​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​មិន​មាន​លទ្ធភាព​សង​បំណុល​បរទេស​របស់​ខ្លួន​ នៅ​ក្នុង​រយៈពេល​ជាង​មួយ​សតវត្ស​កន្លង​មក​នេះ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាល្លឺម៉ង់​លោក Robert Habeck បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​អាល្លឺម៉ង់​ត្រូវតែ​ធ្វើការ​ឱ្យ​បាន​ខ្លាំងក្លា​ជាង​មុន​ ដើម្បី​កាត់​បន្ថយ​ការ​ពឹងផ្អែក​ផ្នែក​ថាមពល​របស់​ខ្លួន​លើ​ប្រទេស​រុស្ស៊ី ប៉ុន្តែ​ទណ្ឌកម្ម​របស់​ក្រុម​បស្ចិម​ប្រទេស​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​នៅតែ​កំពុង​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​ធនធាន​ធ្វើ​សង្គ្រាម​របស់​រុស្ស៊ី។ លោក Habeck បាន​បញ្ជាក់​ថា៖ «សេដ្ឋកិច្ច​រុស្ស៊ី​កំពុង​ដួល​រលំ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ទាហានអ៊ុយក្រែនល្បាតនៅភូមិមួយក្បែរតំបន់ Donetsk ភាគខាងកើតប្រទេសអ៊ុយក្រែន ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២២។
ទាហានអ៊ុយក្រែនល្បាតនៅភូមិមួយក្បែរតំបន់ Donetsk ភាគខាងកើតប្រទេសអ៊ុយក្រែន ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២២។

  • ក្រសួង​ការបរទេស​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ការ​សម្រេច​របស់​សហភាព​អឺរ៉ុប​នៅ​ក្នុង​ការ​ហាម​ឃាត់​មួយ​ផ្នែក​ជា​ដំណាក់កាល​នូវ​ការ​នាំ​ចូល​ប្រេង​ឥន្ធនៈ​ពី​ប្រទេស​រុស្ស៊ី​ទំនងជា​បាន​ធ្វើ​ឱ្យ​មាន​អស្ថិរភាព​ដល់​ទីផ្សារ​ថាមពល​សាកលលោក។ ក្រសួង​នេះ​បាន​លើកឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «សហភាព​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​ដែល​ជា​អ្នក​ទំនុក​បម្រុង​ផ្នែក​នយោបាយ​របស់​ខ្លួន​គឺ​ជា​អ្នក​ទទួល​ខុសត្រូវ​ទាំងស្រុង​ចំពោះ​ហានិភ័យ​នៃ​ការ​ធ្វើ​ឱ្យ​បញ្ហា​ស្បៀង​អាហារ​និង​ថាមពល​នៅ​លើ​ពិភពលោក​កាន់តែ​រីក​ធំ​ឡើង ដែល​បញ្ហា​នេះ​កើតឡើង​ដោយសារតែ​វិធានការ​ខុស​ច្បាប់​របស់​សហភាព​អឺរ៉ុប»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋាភិបាល​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ផែនការ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​លក់​ឱ្យ​ប្រទេស​អ៊ុយក្រែន​នូវ​យន្តហោះ​ដ្រូន MQ-1C Gray Eagle ចំនួន ៤ គ្រឿង​ដែល​អាច​បំពាក់​មីស៊ីល Hellfire ដើម្បី​ប្រើ​ក្នុង​សមរភូមិ​ប្រយុទ្ធ​នឹង​រុស្ស៊ី នឹង​មិន​ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល​ដល់​កម្រិត​ថេរ​នៃ​អ្វី​ដែល​រុស្ស៊ី​ហៅ​ថា​ជា​ប្រតិបត្តិការ​យោធា​ពិសេស​របស់​ខ្លួន​នោះ​ទេ។ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​លោក Dmitry Peskov បាន​ប្រាប់​អ្នក​សារព័ត៌មាន​តាម​វីដេអូ​អនឡាញ​ថា៖ «ការ​បញ្ជូន​សព្វាវុធ [របស់​បស្ចិម​ប្រទេស] ចូល​ទៅ​អ៊ុយក្រែន​មិន​ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល​ដល់​កម្រិត​ថេរ​ទាំងអស់​នៃ​ប្រតិបត្តិការ​ពិសេស [របស់​រុស្ស៊ី] នោះ​ទេ។ គោល​បំណង​របស់​ប្រតិបត្តិការ​ពិសេស​នេះ​នឹង​សម្រេច​បាន ប៉ុន្តែ​ករណី​នេះ​នឹង​ធ្វើ​ឱ្យ​អ៊ុយក្រែន​កាន់តែ​រង​ភាព​ឈឺចាប់...»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ក្រសួង​ការពារ​ជាតិ​ស្លូវ៉ាគី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​ស្លូវ៉ាគី​នឹង​បញ្ជូន​កាំភ្លើង​ធំ​ធុន​ធ្ងន់ Zuzana 2 ដែល​ចល័ត​ដោយ​ខ្លួន​ឯង​ចំនួន ៨ គ្រឿង​ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន​នៅ​ក្រោម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មួយ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ក្រសួង​ការពារ​ជាតិ​និង​ក្រសួង​ហិរញ្ញវត្ថុ​ស៊ុយអែត​បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​ស៊ុយអែត​នឹង​ផ្ដល់​ឱ្យ​ប្រទេស​អ៊ុយក្រែន​នូវ​ជំនួយ​សេដ្ឋកិច្ច​និង​សព្វាវុធ​បន្ថែម​ទៀត។ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ស៊ុយអែត​លោក Mikael Damberg និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ស៊ុយអែត​លោក Peter Hultqvist បាន​បញ្ជាក់​នៅ​ក្នុង​សន្នសីទ​សារព័ត៌មាន​មួយ​ថា សព្វាវុធ​ដែល​នឹង​បញ្ជូន​ឱ្យ​អ៊ុយក្រែន​ រួម​មាន​ផង​ដែរ​នូវ​មីស៊ីល​បាញ់​នាវា​និង​អាវុធ​បាញ់​រថក្រោះ​ជាច្រើន​ទៀត។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​អំពាវនាវ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ឱ្យ​ក្រុម​បស្ចិម​ប្រទេស​បង្កើន​ការ​ផ្គត់ផ្គង់​សព្វាវុធ​ដល់​ប្រទេស​អ៊ុយក្រែន ​ដើម្បី​ជំរុញ​សង្គ្រាម​រ៉ាំរ៉ៃ​របស់​អ៊ុយក្រែន​ជាមួយ​នឹង​រុស្ស៊ី​ឱ្យ​ឈាន​ទៅ​ដល់ «ចំណុច​ប្រែប្រួល» ដែល​នឹង​អនុញ្ញាត​ឱ្យ​អ៊ុយ ក្រែន​អាច​ឈ្នះ​សង្គ្រាម​នេះ។ លោក Zelenskyy បាន​ថ្លែង​តាម​វីដេអូ​អនឡាញ​ទៅ​កាន់​វេទិកា​ក្រុង​ប្រាទីស្លាវ៉ា​ឆ្នាំ ២០២២ របស់​អង្គការ GLOBSEC នៅ​ក្នុង​រដ្ឋធានី​ប្រាទីស្លាវ៉ា ប្រទេស​ស្លូវ៉ាគី​ថា ការ​ខ្វែង​គំនិត​គ្នា​នៅ​អឺរ៉ុប​បាន​បង្កើត​ឱកាស​សម្រាប់​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​ការ​កេង​ប្រយោជន៍។ ប៉ុន្តែ​លោក Zelenskyy បាន​បន្ថែម​ថា រដ្ឋាភិបាល​អ៊ុយក្រែន​ដឹង​គុណ​ចំពោះ​ជំនួយ​ដែល​ក្រុម​បស្ចិម​ប្រទេស​ផ្ដល់​ជូន​អ៊ុយក្រែន​ក្នុង​ពេល​កន្លង​មក។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ទិដ្ឋភាពទូទៅបង្ហាញឲ្យឃើញសាលារៀនមួយខ្នងដែលរងការខូចខាតបន្ទាប់ពីរងការវាយប្រហារ ខណៈការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែននៅតែបន្ត នៅក្នុងក្រុង Kharkiv ប្រទេសអ៊ុយក្រែន ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២២។
ទិដ្ឋភាពទូទៅបង្ហាញឲ្យឃើញសាលារៀនមួយខ្នងដែលរងការខូចខាតបន្ទាប់ពីរងការវាយប្រហារ ខណៈការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែននៅតែបន្ត នៅក្នុងក្រុង Kharkiv ប្រទេសអ៊ុយក្រែន ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២២។

  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា កងទ័ព​រុស្ស៊ី​ត្រួតត្រា​ប្រទេស​អ៊ុយក្រែន​ប្រហែល​មួយ​ភាគ​ប្រាំ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ឧបទ្វីប Crimea និង​ដែនដី​នៅ​ភាគ​ខាង​កើត​ ដែល​ក្រុម​ផ្ដាច់​ខ្លួន​គាំទ្រ​ដោយ​រុស្ស៊ី​កាន់កាប់​តាំង​ពី​ឆ្នាំ ២០១៤ មក​ផង​ដែរ។ លោក Zelenskyy បាន​បញ្ជាក់​នៅ​ក្នុង​អំឡុង​ពេល​ថ្លែង​សុន្ទរកថា​ទៅ​កាន់​សមាជិក​សភា​នៃ​ប្រទេស​លុចសំបួ​ថា៖ «ថ្ងៃ​នេះ ទឹកដី​អ៊ុយក្រែន​ប្រហែល ២០% ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ពួក​ឈ្លានពាន​ត្រួតត្រា»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • លោក Pavlo Kyrylenko អភិបាល​តំបន់ Donetsk បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា កងទ័ព​រុស្ស៊ី​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​កំពុង​ប៉ុនប៉ង​រុល​ចូល​ទៅ​ភាគ​ខាង​ត្បូង​សំដៅ​ឆ្ពោះ​ទៅ​ទីក្រុង Kramatorsk និង​ទីក្រុង Sloviansk ដែល​ជា​ទីក្រុង​សំខាន់ៗ​ដែល​អ៊ុយក្រែន​កំពុង​កាន់កាប់។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា កងទ័ព​រុស្ស៊ី​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង Su-25 មួយ​គ្រឿង​របស់​ប្រទេស​អ៊ុយក្រែន​នៅ​ក្នុង​តំបន់ Mykolaiv។ ក្រសួង​នេះ​ក៏​បាន​លើកឡើង​នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​មួយ​ផង​ដែរ​ថា កងទ័ព​រុស្ស៊ី​បាន​វាយ​ប្រហារ​ចំ​ទី​បញ្ជាការ​របស់​កងទ័ព​អ៊ុយក្រែន​នៅ​ជិត​ទីក្រុង Kharkiv។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ក្រសួង​ការពារ​ជាតិ​ចក្រភព​អង់គ្លេស​បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា រុស្ស៊ី​បាន​ដណ្ដើម​កាន់ កាប់​ផ្នែក​ភាគ​ច្រើន​បំផុត​នៃ​ទីក្រុង Sievierodonetsk ដែល​ជា​ទីក្រុង​ឧស្សាហកម្ម​របស់​ប្រ ទេស​អ៊ុយក្រែន។ ក្រសួង​នេះ​បាន​បន្ថែម​ថា អ៊ុយក្រែន​ទំនងជា​នៅ​កាន់កាប់​តំបន់​ខ្សែ​ទន្លេ​ក្នុង​តំបន់​ឆ្លងកាត់​រវាង​ទីក្រុង Sievierodonetsk និង​ក្រុង Lysychansk ហើយ​នឹង​ទីក្រុង Lyman។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
២២:០១ ៣.៦.២០២២

ថ្ងៃសុក្រ ទី ៣ ខែមិថុនា៖

  • មន្ត្រី​យោធា​កំពូល​របស់​អ៊ុយក្រែន និយាយ​នៅ​ថ្ងៃ​សុក្រ​ថា​កងកម្លាំង​រុស្សី​កំពុង​កសាង​វិធី​សាស្ត្រ​ការពារ​ខ្លួន​ជាច្រើន​ជាន់​នៅ​ក្នុង​តំបន់​ប៉ែក​ខាង​ត្បូង​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មានអាមេរិកាំង ​Associated Press។​ ពេល​និយាយ​តាម​បណ្តាញ​វីដេអូ​ក្នុង​វេទិកា Globsec ក្នុងរដ្ឋធានី​ប្រាទីស្លាវ៉ា​នៃ​សាធារណរដ្ឋ​ស្លូវ៉ាគី រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុយក្រែន​លោក Oleksiy Reznikov បាន​ថ្លែង​ថា​កងកម្លាំង​រុស្សី​បាន​ឈប់​រុល​ទៅ​មុខ​ក្នុង​តំបន់ Kherson ហើយ​ ហើយ​កំពុង​ផ្តោត​ទៅ​លើ​ការ​ពង្រឹងនៅ​ទី​តាំង​ដែល​ពួកគេ​កំពុង​ឈរ​ជើង​វិញ។ រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុយក្រែន​រូប​នេះ ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ផ្តល់​អាវុធ​បន្ថែម​ទៀត​ដល់​អ៊ុយក្រែន ដោយ​និយាយ​ថា ​ជំនួយ​យោធាក្នុង​កម្រិត​បច្ចុប្បន្ន​នេះ​បាន​ត្រឹម​តែ​អនុញ្ញាត​ឲ្យ​អ៊ុយក្រែន​ទប់​ការ​រុល​ទៅ​មុខ​របស់​កម្លាំង​រុស្សី​ប៉ុណ្ណោះ​ តែអ៊ុយក្រែន​ត្រូវ​ការ​ជំនួយ​ថែម​ទៀត​ដើម្បី​ធ្វើ​ឲ្យ​រដ្ឋាភិបាល​រុស្សី​វិល​ទៅ​រក​ការ​ចរចា​វិញ។
  • មន្ត្រី​អង្គការ​សហប្រជាជាតិ ព្រមាន​នៅ​ថ្ងៃ​សុក្រ​ថា​ សង្គ្រាម​ដែល​អូស​បន្លាយ​ពេល​យូរ​ក្នុង​ប្រទេស​អ៊ុយក្រែន​អាច​បង្ក​វិបត្តិ​អត់​ឃ្លាន​នៅ​ក្នុង​ប្រទេស​នោះ​និង​នៅ​ជុំវិញ​ពិភពលោក។ នេះ​បើ​ផ្អែក​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​Reuters។ អ្នក​សម្រប​សម្រួលរបស់អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​វិបត្តិ​នៅ​អ៊ុយក្រែន​លោក Amin Awad​ និយាយ​ថា​ ប្រជាជន​យ៉ាង​តិច​ ១៥,៧​ លាន​នាក់​នៅ​អ៊ុយក្រែន​កំពុង​ត្រូវ​ការ​ជំនួយ​និង​ការ​ការពារ​បន្ទាន់ ហើយ​ថា​ចំនួន​នេះ​កើនឡើង​ជារៀង​រាល់​ថ្ងៃ។
ស្ត្រីអាជីវករម្នាក់លក់ម្សៅស្រូវសាឡីដែលកំពុងខ្វះខាត នៅទីក្រុង Mogadishu ប្រទេសសូម៉ាលី កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២២។
ស្ត្រីអាជីវករម្នាក់លក់ម្សៅស្រូវសាឡីដែលកំពុងខ្វះខាត នៅទីក្រុង Mogadishu ប្រទេសសូម៉ាលី កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២២។
  • សហភាព​អឺរ៉ុប​កាល​ពី​ថ្ងៃ​សុក្រ បានដាក់​ឈ្មោះ​មេបញ្ជាការ​យោធា​រុស្សី​ក្នុងបញ្ជីខ្មៅ ដោយសារ​ពួកគេ​បាន​ដឹកនាំ​កងកម្លាំង​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ឃោរឃៅ​នៅ​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ Reuters។ សហភាព​អឺរ៉ុប បាន​ហៅ​មេបញ្ជាការ​យោធា​រុស្សី​ទាំង​នេះ​ថា​ជា​ «អ្នក​កាប់​សម្លាប់​មនុស្ស​» ​នៅ​ក្រុង​ Bucha ​និង​ក្រុង Mariupol។ បញ្ជី​ទណ្ឌកម្ម​សហភាព​អឺរ៉ុប​ចុងក្រោយ​បង្អស់ រួម​បញ្ចូល​ទាំង​នាង ​Alina Kabaeva ដែល​សហភាព​អឺរ៉ុប​ពណ៌នា​ថា​មាន ​«ទំនាក់​ទំនង​ជិតស្និទ្ធ » ជាមួយ​ប្រធានាធិបតី​រុស្សី លោក Vladimir Putin ទោះបី​ជា​លោកពូទីន​បដិសេធ​ថា ​ពួកគេ​គ្មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​ក៏​ដោយ។ សហភាព​អឺរ៉ុប បាន​បញ្ចេញឈ្មោះ​បុគ្គល​ ៦៥ ​នាក់​ទៀត ដែល​ស្ថិត​ក្រោម​ការ​ដាក់​ទណ្ឌកម្ម​លើក​ចុងក្រោយ​បង្អស់​ ដោយសារ​ការ​ឈ្លាន​ពាន​របស់​រុស្សី​លើ​អ៊ុយក្រែន។
  • ប្រធានាធិបតី​សេណេហ្គាល់ លោក ​Macky Sall ដែល​មាន​តួនាទី​ជា​ប្រធាន​សហភាព​អាហ្វ្រិកផង​នោះ បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា​ ប្រធានាធិបតី​រុស្សី លោក Vladimir Putin បាន​សម្តែង​ឆន្ទៈ​សម្រួល​ការ​នាំ​ចេញ​ទំនិញ​ជាគ្រាប់​ធញ្ញជាតិ (cereals) ​របស់​អ៊ុយក្រែន ក្នុង​អំឡុង​ពេល​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុងSochi ប្រទេស​រុស្សី​កាល​ពី​ថ្ងៃ​សុក្រ។ ​នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​Reuters។ លោក Sall ​បាន​បន្ថែម​តាម​សារ​បង្ហោះ​លើ​បណ្តាញ Twitter​ ថា​ លោក​ពូទីន​ក៏​បាន​ប្រាប់​លោក​ថា​រុស្សី​ក៏​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ធានាការ​នាំ​ចេញ​ស្រូវ​សាឡី​និង​ជី​របស់​រុស្សី​ដែរ។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ថ្លែង​សារ​វីដេអូ​ក្នុងថ្ងៃ​ទី ១០០នៃ​សង្គ្រាម​របស់​រុស្សី​ក្នុង​ប្រទេស​អ៊ុយក្រែន​ដោយ​អះអាង​ថា​«យើង​នឹង​ឈ្នះ»។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន​អង់គ្លេស BBC​ នៅ​ថ្ងៃ​សុក្រ។ វីដេអូ​ដែល​បង្ហោះ​នេះ បង្ហាញ​ប្រធានាធិបតី​ខ្លួន​ឯង​និង​ក្រុម​របស់​លោក​ឈរ​នៅ​ពី​មុខ​វិមាន​ប្រធានាធិបតី​អ៊ុយក្រែន​នៅ​ចំកណ្តាល​រដ្ឋធានី​កៀវ​ស្រដៀង​នឹង​វីដេអូ​ដែល​លោក​ប្រធានាធិបតី​អ៊ុយក្រែន​រូប​នេះ​បាន​បង្ហោះ​ចេញ​ពីទី​តាំង​ដដែល ​មួយ​ថ្ងៃ​ក្រោយប្រ ទេស​រុស្សីបាន​បើក​ការ​ឈ្លាន​ពាន​លើ​អ៊ុយក្រែន។ ប៉ុន្តែ អ្នក​សម្របសម្រួល​វិបត្តិអ៊ុយ ក្រែន​របស់​អង្គការ​សហប្រជាជាតិ​លោក Amin Awad និយាយ​ថា៖ «សង្គ្រាម​នេះ ​គ្មាន​អ្នក​ចាញ់​ហើយ​នឹង​មិន​មាន​អ្នក​ឈ្នះ​ទេ»។
  • ការឈ្លានពាន​របស់​រុស្សី​លើ​ប្រទេស​អ៊ុយក្រែន​បាន​ធ្វើ​ឱ្យ​ខូច​ផ្លូវ​ថ្នល់​អស់​ជាង ៤០០ គីឡូម៉ែត្រ​និង​បំផ្លាញ​សាលារៀន​អស់​ជិត ៧០ ខ្នង​និង​សាលាមត្តេយ្យ​ ៥០​ ខ្នង​គ្រាន់តែ​នៅ​ក្នុង​ក្រុងLuhanskតែ​មួយ​ប៉ុណ្ណោះ។ នេះ​បើ​យោង​សេចក្តី​រាយការណ៍​របស់​ទូរទស្សន៍ Al Jazeera នៅ​ថ្ងៃ​សុក្រ។បណ្តាញ​ព័ត៌មាន​នេះ ក៏​បាន​ស្រង់​សម្តី​អភិបាល​ក្រុង​នៅ​ប៉ែក​ខាង​កើត​ប្រទេស​អ៊ុយក្រែន​នោះ​ថា​ ការ​ឈ្លាន​ពាន​នេះ ក៏​បាន​បំផ្លាញ​មន្ទីរ​ពេទ្យ​អស់ ៣៣ ខ្នង​និង​គ្លីនិកពិនិត្យ​សុខភាព​ជនបទ​អស់ ២៣៧ ខ្នង​ដែរ។
ពលរដ្ឋរងចាំយកទឹកពីអណ្តូងស្នប់មួយ នៅតំបន់ Sloviansk ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២២។
ពលរដ្ឋរងចាំយកទឹកពីអណ្តូងស្នប់មួយ នៅតំបន់ Sloviansk ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២២។
  • អ្នក​សម្របសម្រួល​វិបត្តិ​ម្នាក់​របស់អង្គការ​សហប្រជាជាតិ​បាន​និយាយ​នៅ​ថ្ងៃ​សុក្រថា ​គេ​ត្រូវការ​ការចរចា​បន្ថែម​ទៀត​ដើម្បី​ឱ្យ​សម្រេច​កិច្ចព្រមព្រៀង​មួយ​ក្នុង​ការអនុញ្ញាត​ការនាំ​ចេញ​ទំនិញ​ពី​ប្រទេស​រុស្សី​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​ដែល​គេគ្រោង​ទុក​ជាមុន​ ដើម្បី​បន្ត​ការនាំ​ចេញ​ស្បៀង​អាហារ​របស់​អ៊ុយក្រែន។ ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា ដោយ​រុស្សី​គ្រប់​គ្រង​និង​ទប់​ស្កាត់​រាល់​ចរាចរណ៍​នៅ​កំពង់ ផែ​ទាំង​អស់​នៅ​តាម​បណ្តោយ​សមុទ្រ​ខ្មៅ​របស់អ៊ុយក្រែន ការដឹកកសិផល​ធញ្ញជាតិ​ចេញពី​ប្រទេស​អ៊ុយក្រែន​បាន​ជាប់គាំង​តាំងពី​ការឈ្លាន​ពាន​របស់​រុស្សី​នៅ​ថ្ងៃ​ទី​ ២៤ ​ខែ​កុម្ភៈ​មក ខណៈ​រដ្ឋាភិបាល​រុស្សី​បាន​ស្តី​បន្ទោស​ការ​ដាក់​ទណ្ឌកម្ម​របស់​បស្ចិម​ប្រទេស​ចំពោះ​ការ​អាក់ខាន​នៃ​ការ​នាំ​ចេញ​ធញ្ញជាតិ​និង​ជី​ពី​ប្រទេស​អ៊ុយក្រែន​នេះ។
  • ក្រសួង​ការបរទេស​រុស្សី និយាយ​ថា​ខ្លួន​បាន​កោះហៅ​ប្រធាន​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ក្នុង​ទីក្រុង​មូស្គូ​ឲ្យ​ទៅ​ជួប​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​ ដើម្បី​ជូន​ដំណឹង​ដល់​ពួកគេ​អំពី​វិធានការ​តឹងតែង​ជា​ការឆ្លើយតប​ទៅ​នឹង​ការរឹតត្បិត​របស់​សហរដ្ឋ​អាមេរិក​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្សី។ នេះ​បើ​ផ្អែក​តាម​សេចក្តី​រាយការណ៍​របស់ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃ​សុក្រ។ ទីភ្នាក់ងារ​ព័ត៌មាន​របស់​អង់គ្លេស​មួយ​នេះបាន​ដក​ស្រង់​សម្តី​របស់​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​រុស្សី​គឺ​អ្នក​ស្រី Maria Zakharova ដែល​និយាយ​ថា៖ «បើ​ការងារ​របស់​ប្រព័ន្ធផ្សព្វផ្សាយ​រុស្សី រួមមាន​ប្រតិបត្តិករ​និង​អ្នក​សារព័ត៌មាន​មិន​មាន​ប្រក្រតី​ភាព​នៅ​សហរដ្ឋ​អាមេរិក​ទេ វិធានការ​តឹងរ៉ឹង​បំផុត​នឹង​កើត​ឡើង​ជៀស​មិន​រួច»។
  • ក្រុមហ៊ុន​ភោជនីយដ្ឋាន​លក់​អាហារ​ឆ្អិនស្រាប់​ភ្លាមៗ​របស់អាមេរិក Burger King ជួប​បញ្ហា​ច្រើន​នៅ​ពេល​ព្យាយាម​ដក​ខ្លួន​ពី​ការរកស៊ី​ក្នុង​ប្រទេស​រុស្សី​។ ទីភ្នាក់ងារ​ព័ត៌មាន​ Reuters រាយការណ៍​នៅ​ថ្ងៃ​សុក្រ​ថា ក្រុមហ៊ុន​នេះមិន​អាច​ចាក​ចេញ​ពី​ភាព​ជា​ដៃ​គូ​ឬ​បិទ​ទីតាំង​ហាង​ជិត៨០០កន្លែង​ក្នុង​ប្រទេស​រុស្សី ក្រោយពី​ការឈ្លានពាន​របស់​រុស្សី​លើ​ប្រទេស​អ៊ុយក្រែន​តាំង​ពី​ខែ​កុម្ភៈ​មក។ ក្រុមហ៊ុន​ភោជនីយដ្ឋាន​នេះ បាន​ផ្អាក​ការ​គាំទ្រ​ខាង​អាជីវកម្ម​នេះ​ក្នុង​ប្រទេស​រុស្សី​កាល​ពី​ខែ​មីនា ដោយ​ព្យាយាម​លក់​ភាគហ៊ុន​របស់​ខ្លួន​ក្នុង​ជំនួញ​ចូល​ហ៊ុនគ្នា​ជាមួយ​ក្រុមហ៊ុន ​Tim Hortons ប៉ុន្តែ​មិន​បាន​ជោគជ័យ​ដោយ សារ​បញ្ហា​ផ្លូវ​ច្បាប់​ដ៏​ស្មុគស្មាញ។ ក្រុមហ៊ុន​គូប្រជែង McDonald's បាន​បិទ​ដំណើរ​ការ​រកស៊ី​របស់​ខ្លួន​ក្នុង​ប្រទេស​រុស្សី​កាល​ពី​ពេល​ថ្មីៗ​នេះ មុន​នឹង​គ្រោង​បើក​ដំណើរ​ការ​ឡើង​វិញ​ក្រោម​ស្លាក​យីហោ​ថ្មី​នៅ​ចុង​ខែ​នេះ។
  • មេ​ដឹកនាំអង្គការ​អូតង់​លោក Jens Stoltenberg បាន​ព្រមាន​បស្ចិម​ប្រទេស​ឱ្យ​ត្រៀម​ខ្លួន​រយៈ​ពេល​វែង ខណៈ​ដែល​ការវាយប្រយុទ្ធ​គ្នា​រវាង​កង​កម្លាំង​រុស្សី​និង​អ៊ុយក្រែន​បន្ត​នៅ​ទីក្រុង​សំខាន់ Severodonetsk ស្ថិត​នៅ​ប៉ែក​ខាង​កើត​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​បណ្តាញ​សារព័ត៌មាន BBC ក្នុង​ប្រទេស​អង់គ្លេស។ ឥឡូវផ្នែក​ភាគច្រើន​នៃ​ទីក្រុង​នេះ ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់ទ័ព​រុស្សី។ រហូត​មក​ដល់​ពេល​នេះ កង​កម្លាំង​រុស្សី​បាន​ត្រួតត្រា​ដែនដី​អ៊ុយក្រែន​បាន​២០​ភាគរយ​ហើយ​ចាប់​តាំង​ពី​ការ​ឈ្លាន​ពាន​របស់​រុស្សី​លើ​អ៊ុយក្រែន​តាំង​ពី​ខែ​កុម្ភៈ​មក។
  • ប្រទេស​អាល្លឺម៉ង់​បាន​ថ្កោលទោស​ខ្លាំងក្លា​លើ​ការ​ប៉ុនប៉ង​របស់​ប្រធានាធិបតី​រុស្សី​លោក Vladimir Putin ក្នុង​ការ​បង្កើត​ការពណ៌នា​ថា លោក​ខាង​លិច​ទទួល​ខុសត្រូវ​ចំពោះ​ការ​បង្ក​ឲ្យ​មាន​ភាព​អត់ឃ្លាន​នៅ​ទ្វី​ប​អាហ្វ្រិក។ នេះ​បើ​យោង​តាម​សេចក្តី​រាយ ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​ស្រង់​សម្តី​អ្នក​នាំពាក្យម្នាក់​នៃ​ក្រ សួងការបរទេស​អាល្លឺម៉ង់​នៅ​ថ្ងៃ​សុក្រ។ ថ្លែង​ក្នុង​សន្និសិទ​សារព័ត៌មាន​ជា​ប្រចាំ​ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល អ្នក​នាំ​ពាក្យ​រូប​នេះ​និយាយ​ថា៖ «យើង​ត្រូវ​តែនិយាយសង្កត់​ធ្ងន់​ថា​ការណ៍​ពិត​គឺ​ថា​ហានិភ័យ​នៃ​ភាព​អត់​ឃ្លាន​ក្នុង​ផ្នែក​នានា​នៃ​ពិភពលោក ដោយ​សារ​ការ​កាត់​ផ្តាច់​ខ្សែ​សង្វាក់​នាំ​ចេញ​ធញ្ញជាតិ គឺ​ជា​លទ្ធផល​នៃ​សង្គ្រាម​ឈ្លាន​ពាន​របស់​រុស្សី គឺ​មិន​មែន​ជា​ការ​ដាក់​ទណ្ឌកម្ម​របស់​បស្ចិម​ប្រទេស​ទេ»។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថ្លែងទៅកាន់លោក Macky Sall ប្រធានាធិបតីសេណេហ្គាល់និងប្រធានសហភាពអាហ្វ្រិក នៅក្នុងជំនួបមួយនៅវិមាន Bocharov Ruchei ស្ថិតក្នុងតំបន់លំហែកម្សាន្ត Sochi ក្នុងតំបន់សមុទ្រខ្មៅ ប្រទេសរុស្ស៊ី ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថ្លែងទៅកាន់លោក Macky Sall ប្រធានាធិបតីសេណេហ្គាល់និងប្រធានសហភាពអាហ្វ្រិក នៅក្នុងជំនួបមួយនៅវិមាន Bocharov Ruchei ស្ថិតក្នុងតំបន់លំហែកម្សាន្ត Sochi ក្នុងតំបន់សមុទ្រខ្មៅ ប្រទេសរុស្ស៊ី ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២។
  • អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​រុស្សី​អ្នក​ស្រី Maria Zakharova បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ថា ការបង្កើន​ការ​ចំណាយ​ផ្នែក​យោធា​របស់​ប្រទេស​អាល្លឺម៉ង់​មាន​ន័យ​ថា​ប្រទេស​នេះ កំពុង​ធ្វើ​ទំនើប​កម្ម​យោធា​របស់​ខ្លួន​ឡើង​វិញ ហើយ​ការណ៍​នេះនឹង​បង្កើន​ហានិភ័យ​ខាង​សន្តិសុខ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ Reuters។ ការ​ថ្លែង​នេះធ្វើ​ឡើង ក្រោយ​ពី​ប្រទេស​អាល្លឺម៉ង់​បាន​ថ្កោលទោស​ខ្លាំងក្លា​លើ​ការ​ប៉ុនប៉ង​របស់​ប្រធានាធិបតីរុស្សី​លោក Vladimir Putin ក្នុង​ការ​បង្កើត​ការ​ព័ណ៌នា​ថា​លោក​ខាង​លិច​ទទួល​ខុសត្រូវ​ចំពោះ​ការ​បង្ក​ឲ្យ​មាន​ភាព​អត់ឃ្លាន​នៅ​ទ្វី​ប​អាហ្វ្រិក។ អ្នក​ស្រី Maria Zakharova ថ្លែង​ថា៖ «យើង​មើល​ឃើញ​ការ​ថ្លែង​របស់​អធិការបតី​អាល្លឺម៉ង់​ថា​ជា​ការ​បញ្ជាក់​ម្តង​ទៀត​ថា រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​រៀបចំជើង​ព្រួល​សម្រាប់​ការ​ធ្វើ​ទំនើប កម្ម​យោធា​ឡើង​វិញ។ តើ​ការណ៍​នេះ​បាន​បញ្ចប់​ទៅ​ដោយ​របៀបណា? គេ​ដឹង​រឿង​នេះ​ច្បាស់​ណាស់​ពី​ប្រវត្តិសាស្ត្រ»។
  • រដ្ឋាភិបាល​រុស្សី​និយាយ​ថា​ការ​ផ្គត់ផ្គង់​ធញ្ញជាតិ​របស់​អ៊ុយក្រែន​ទៅ​កាន់​ទី​ផ្សារ​ពិភពលោក នឹង​ជា​ផ្នែក​មួយ​នៃ​របៀប​វារៈសម្រាប់​ការ​ពិភាក្សា​របស់​ប្រធានាធិបតីរុស្សី​លោក Vladimir Putin ជាមួយ​ប្រធាន​សហភាព​អាហ្វ្រិក​គឺលោក Macky Sall ដែល​ជា​ប្រធានាធិបតី​សេណេហ្គាល់ ។ នេះ​បើ​ផ្អែក​តាម​ទី​ភ្នាក់ងារ​ព័ត៌មានthe Associated Press។ អ៊ុយក្រែន​ជា​ប្រទេស​នាំ​ចេញ​ស្រូវ​សាឡី ពោត​និង​ប្រេង​ឆា​ដ៏​ធំ​ជាង​គេ​មួយ​លើ​សកលលោក។ អាជ្ញាធរ​អ៊ុយក្រែន​និង​បស្ចិម​ប្រទេស​ដែល​គាំទ្រ​អ៊ុយក្រែន​បាន​ចោទ​រុស្សី​ថា​បាន​រាំង​ខ្ទប់​កំពង់​ផែ​របស់​អ៊ុយក្រែន ​ដែល​ធ្វើ​ឱ្យ​គ្រោះ​ថ្នាក់​ដល់​សង្វាក់​ផ្គត់ផ្គង់​ស្បៀង​អាហារ​ក្នុង​ពិភពលោក ប៉ុន្តែ​រុស្សី​បាន​បដិសេធ។
  • ប្រធាន​សហភាព​អាហ្វ្រិក​លោក Macky Sall បាន​ទទូច​ឲ្យ​ប្រធានាធិបតី​រុស្សី​លោក Vladimir Putin ពិចារណា​អំពី​ទុក្ខ​វេទនា​នៅ​តាម​បណ្តា​ប្រទេសនានា​ក្នុង​ទ្វីប​អាហ្វ្រិក​ដោយសារ​តែ​កង្វះ​ស្បៀង​ដែល​បណ្តាល​មក​ពី​យុទ្ធនាការ​យោធា​របស់​រដ្ឋាភិបាល​រុស្សី​ក្នុង​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​ផ្អែក​តាម​ទី​ភ្នាក់ងារ​ព័ត៌មាន​បារាំង AFP។ លោក Putin ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ជួប​ប្រធានាធិបតី​សេណេហ្គាល់​លោក Macky Sall ដែល​ជា​ប្រធាន​សហភាព​អាហ្វ្រិក​នៅ​វិមាន Black Sea របស់​លោក Putin ក្នុង​ទីក្រុង Sochi ចំ​ខួប​គម្រប់​ថ្ងៃ​ទី១០០​នៃ​ការ​ឈ្លាន​ពាន​របស់​រុស្សី​ក្នុងប្រទេស​អ៊ុយក្រែន។ កង្វះ​ស្បៀង​ក្នុង​សកលលោកនិង​ការ​ស្ទះ​សង្វាក់​ផ្គត់ផ្គង់​គ្រាប់​ធញ្ញជាតិ​នៅ​តាម​កំពង់​ផែ​របស់​អ៊ុយក្រែនស្ថិត​ក្នុង​របៀប​វារៈ​នៃ​ជំនួប​នេះ។
  • រុស្សី​បាន​បើក​ការិយាល័យ​សេវាកម្ម​ទេសន្តរប្រវេសន៍​នៅ​ក្នុង​ទីក្រុង Melitopol ដោយ​ទទួល​យក​ពាក្យ​សុំចូល​សញ្ជាតិ​រុស្សី​តាម​នីតិវិធី​រហ័ស​ដែល​លោក​ប្រធានាធិបតី​រុស្សី Vladimir Putin បាន​ពង្រីក​ដល់​តំបន់ Kherson និង​ Zaporizhzhia។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន Associated Press។ ​នៅ​ថ្ងៃ​សុក្រ ទូរទស្សន៍​រដ្ឋ​រុស្សី​បាន​រាយការណ៍​ថា​ ពលរដ្ឋ​ក្នុង​ក្រុង Melitopol របស់​អ៊ុយក្រែន៣​ពាន់​នាក់ បាន​ដាក់​ពាក្យ​ស្នើ​សុំ​ចូល​សញ្ជាតិ​រុស្សី​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។ ប៉ុន្តែ​មិន​មាន​ការ​បញ្ជាក់​ដោយ​ឯករាជ្យ​អំពី​របាយការណ៍​នេះ​ទេ៕

២១:១២ ៤.៦.២០២២

ថ្ងៃសៅរ៍ ទី៤ ខែមិថុនា៖

  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ជំរុញ​អភិបាល​ក្រុង​នានា​របស់​សហរដ្ឋ​អាមេរិក​ឱ្យ​កាត់ផ្ដាច់​ទំនាក់ទំនង «ភាព​ជា​បង​ប្អូន» ជាមួយ​នឹង​ទីក្រុង​នានា​របស់​រុស្ស៊ី និង​ឱ្យ​ចូលរួម​នៅ​ក្នុង «គម្រោង​សេដ្ឋកិច្ច​ដ៏​ធំ​បំផុត​នៅ​ពេល​បច្ចុប្បន្ន​នេះ» តាម​រយៈ​ការ​ជួយ​កសាង​ប្រទេស​អ៊ុយក្រែន​ឡើង​វិញ​នៅ​ពេល​ណា​ដែល​សង្គ្រាម​បាន​បញ្ចប់។ លោក Zelenskyy បាន​បញ្ជាក់​ដូច្នេះ​នៅ​ក្នុង​វីដេអូ​អនឡាញ​ដែល​ថ្លែង​ទៅ​កាន់​សន្និសីទ​ប្រចាំ​ឆ្នាំ​លើក​ទី ៩០ របស់​អភិបាល​ក្រុង​នានា​របស់​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​សៅរ៍។ នេះ​បើ​យោង​តាម​បណ្ដាញព័ត៌មាន​ទូរទស្សន៍ CNN។
ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ថ្លែង​តាម​វីដេអូ​ពី​រដ្ឋធានី​កៀវ កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០២២ ដែល​ជា​ថ្ងៃ​ទី​៩៩ នៃ​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។
ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ថ្លែង​តាម​វីដេអូ​ពី​រដ្ឋធានី​កៀវ កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០២២ ដែល​ជា​ថ្ងៃ​ទី​៩៩ នៃ​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។
  • ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​និយាយ​ថា វា​ជា​រឿង​សំខាន់​ដែល​គេ​ត្រូវ​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​រុស្ស៊ី​អាម៉ាស់​មុខ ដើម្បី​នៅ​ពេល​ណា​ដែល​ការ​ប្រយុទ្ធ​គ្នា​នៅ​អ៊ុយក្រែន​បាន​បញ្ចប់ គេ​អាច​ស្វែងរក​ដំណោះស្រាយ​ការទូត​បាន។ លោក​បាន​បន្ថែម​ថា លោក​ជឿ​ថា​ បារាំង​នឹង​ដើរ​តួ​ជា​អ្នក​សម្របស្រួល​ដើម្បី​បញ្ចប់​សង្គ្រាម​នេះ។ លោក Macron បាន​បញ្ជាក់​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​នឹង​សារព័ត៌មាន​ក្នុង​តំបន់​នានា​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សៅរ៍ថា៖ «យើង​ត្រូវតែ​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​រុស្ស៊ី​អាម៉ាស់​មុខ ដូច្នេះ​នៅ​ថ្ងៃ​ដែល​ការ​ប្រយុទ្ធ​គ្នាបាន​បញ្ចប់ យើង​អាច​បង្កើត​ច្រក​ចេញ​មួយ​តាម​រយៈ​មធ្យោបាយ​ការទូត។ ខ្ញុំ​ជឿ​ថា វា​គឺជា​តួនាទី​របស់​បារាំង​នៅ​ក្នុង​ការ​ធ្វើ​ជា​អំណាច​សម្របសម្រួល»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រធាន​ផ្នែក​សេដ្ឋកិច្ច​នៃ​សហភាព​អឺរ៉ុប​លោក Paolo Gentiloni បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍ថា បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើ​ថវិកា​ដែល​បាន​មក​ពី​មូលនិធិ​សម្រាប់​ការ​រើប​ឡើង​វិញ​របស់​សហភាព​អឺរ៉ុប ដែល​បាន​បង្កើត​ឡើង​ដើម្បី​គាំទ្រ​ដល់​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​នៅ​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ១៩ ក្នុង​គោល​បំណង​បង្កើន​ចំណុះ​ឧស្ម័ន​ធម្មជាតិ​រាវ (LNG)។ តាំង​ពី​ពេល​ដែល​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន​មក បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​បាន​ប្រឹងប្រែង​កាត់ផ្ដាច់​ការ​ពឹងផ្អែក​របស់​ខ្លួន​លើ​ការ​នាំចូល​ឧស្ម័ន​ពី​ប្រទេស​រុស្ស៊ី។ ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​សម្រាប់​នាំចូល​ឧស្ម័ន​ធម្មជាតិ​រាវ​បន្ថែម​ទៀត​គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​សហភាព​អឺរ៉ុប។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • លោក Vadym Lyakh ប្រធាន​រដ្ឋបាល​យោធា​នៃ​ទីក្រុង Sloviansk ​ក្នុង​ប្រទេស​អ៊ុយក្រែន បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​ ថា មនុស្ស​រាប់​រយ​នាក់​កំពុង​ភៀស​ខ្លួន​ចេញ​ពី​ទីក្រុង Sloviansk នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​ជា​រៀងរាល់​ថ្ងៃ ដោយ​នៅ​សប្ដាហ៍​នេះ​អ្នក​ដែល​បាន​ជម្លៀស​ខ្លួន​ចេញ​មាន​ចំនួន​កើន​ឡើងស្ទើរតែ​ពីរ​ដង។ នេះ​បើ​យោង​តាម​បណ្ដាញព័ត៌មាន​ទូរទស្សន៍ CNN។
រូបឯកសារ៖ សមាជិក​ទាហាន​បរទេស​ស្ម័គ្រចិត្ត​ ដែល​ចូលរួម​ច្បាំង​ជាមួយ​ទ័ព​អ៊ុយក្រែន ប្រុងប្រៀប​ខ្លួន​នៅ​ក្នុង​ទីក្រុង ​Sievierodonetsk នៃ​តំបន់ Luhansk ភាគ​ខាង​កើត​អ៊ុយក្រែន ខណៈ​រុស្ស៊ី​បន្ត​វាយប្រហារ​ឈ្លានពាន​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០២២។
រូបឯកសារ៖ សមាជិក​ទាហាន​បរទេស​ស្ម័គ្រចិត្ត​ ដែល​ចូលរួម​ច្បាំង​ជាមួយ​ទ័ព​អ៊ុយក្រែន ប្រុងប្រៀប​ខ្លួន​នៅ​ក្នុង​ទីក្រុង ​Sievierodonetsk នៃ​តំបន់ Luhansk ភាគ​ខាង​កើត​អ៊ុយក្រែន ខណៈ​រុស្ស៊ី​បន្ត​វាយប្រហារ​ឈ្លានពាន​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០២២។
  • រដ្ឋាភិបាល​អ៊ុយក្រែន​បាន​បញ្ជាក់​នៅ​ថ្ងៃ​សៅរ៍ថា រុស្ស៊ី​បាន​ប្រើ​កម្លាំង​ដែល​ខ្លួន​មាន​ទាំង​អស់​ដើម្បី​ដណ្ដើម​កាន់កាប់​ទីក្រុង​ឧស្សាហកម្ម Severodonetsk ក្នុង​កិច្ច​ប្រឹងប្រែង​ដើម្បី​ត្រួតត្រា​លើ​តំបន់ Donbas ទាំង​មូល​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន។ លោក Sergiy Gaidai អភិបាល​តំបន់ Lugansk នៃ​ប្រទេស​អ៊ុយក្រែន បាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ​ផ្លូវការ​របស់​លោក​ថា៖ «ស្ថានការណ៍​ជា​រួម​នៅ​ក្នុង​តំបន់​មាន​ភាព​តានតឹង​ខ្លាំង។ ការ​ប្រយុទ្ធ​នៅ​ពេល​ឥឡូវ​នេះ​គឺ​ផ្ដោត​នៅ​លើ​ទីក្រុង Severodonetsk ដោយសារ​តែ​បើ​តាម​ការ​ស្វែងយល់​របស់​យើង យោធា​រុស្ស៊ី​កំពុង​ប្រើ​កម្លាំង​ទាំង​អស់​និង​ធនធាន​បម្រុង​ទាំង​អស់​របស់​ខ្លួន​នៅ​ក្នុង​ទិសដៅ​នេះ»។ នេះ​បើ​យោង​តាម​ការរាយការណ៍​របស់ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​សៅរ៍​ថា កងទ័ព​របស់​ខ្លួន​បាន​បាញ់​ទម្លាក់​យន្តហោះ​ដឹក​សព្វាវុធ​មួយ​គ្រឿង​របស់​អ៊ុយក្រែន​នៅ​ជិត​ទីក្រុងកំពង់ផែ​ Odesa នៅ​សមុទ្រ​ខ្មៅ។ ក្រសួង​នេះ​បាន​លើកឡើង​ទៀត​ថា មីស៊ីល​របស់​រុស្ស៊ី​ក៏​បាន​បាញ់​ចំ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កាំភ្លើង​ធំ​មួយ​កន្លែង​ផង​ដែរ​នៅ​ក្នុង​តំបន់ Sumy នៃ​ប្រទេស​អ៊ុយក្រែន។ ក្រសួង​នេះ​បាន​បន្ថែម​ថា ការ​វាយ​ប្រហារ​មួយ​ទៀត​បាន​បំផ្លាញ​ប៉ុស្តិ៍​យោធា​របស់ «ទាហាន​ស៊ី​ឈ្នួល​បរទេស» នៅ​ក្នុង​តំបន់ Odesa។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ក្រសួង​ការពារ​ជាតិ​ចក្រភព​អង់គ្លេស​បាន​បញ្ជាក់​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា សកម្មភាព​វាយប្រហារ​យោធា​របស់​រុស្ស៊ី​តាម​ផ្លូវ​អាកាស​នៅ​លើ​តំបន់ Donbas ប្រទេស​អ៊ុយក្រែន នៅតែ​មាន​កម្រិត​ខ្ពស់ ដោយ​រុស្ស៊ី​បាន​ប្រើ​អាវុធ​យុទ្ធភណ្ឌ​ទាំង​អាច​បញ្ជា​បាន​និង​មិន​អាច​បញ្ជា​បាន ​ពេល​កំពុង​ធ្វើ​ប្រតិបត្តិការ​ដើម្បី​វាយ​ប្រហារ។ ក្រសួង​នេះ​បាន​លើកឡើង​នៅ​លើ​បណ្តាញ​ Twitter ថា៖ «ការ​កើនឡើង​នូវ​ការ​ប្រើប្រាស់​អាវុធ​យុទ្ធភណ្ឌ​ដែល​មិន​អាច​បញ្ជា​បាន​ពេល​កំពុង​ធ្វើ​ប្រតិបត្តិការ​បាន​បណ្ដាល​ឱ្យ​មាន​ការ​បំផ្លិចបំផ្លាញ​យ៉ាង​រាលដាល​លើ​តំបន់​ទី​ប្រជុំជន​មាន​សំណង់អាគារ​នានា​នៅ​ក្នុង​តំបន់ Donbas និងស្ទើរតែ​ប្រាកដ​ថា​បានបណ្ដាល​ឱ្យ​មាន​ការ​បំផ្លិចបំផ្លាញ​ខុស​គោលដៅ​ច្រើន​គួរសម​និង​ការ​ស្លាប់​និង​រង​របួស​របស់​ជន​ស៊ីវិល»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រភព​ពី​រដ្ឋាភិបាល​ជប៉ុន​បាន​បញ្ជាក់​នៅ​ថ្ងៃ​សៅរ៍ថា នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida ប្រហែល​ជា​នឹង​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​របស់​អង្គការ​អូតង់ (NATO) នៅ​ចុង​ខែ​មិថុនា​ខាង​មុខ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​សង្គ្រាម​នៅ​អ៊ុយក្រែន។ កិច្ច​ប្រជុំ​កំពូល​របស់​អង្គការ​អូតង់​នេះ​គ្រោង​នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី ២៩ ដល់​ថ្ងៃ​ទី ៣០ ខែ​មិថុនា​នេះ​នៅ​ក្នុង​ទីក្រុង​ម៉ាឌ្រីដ ប្រទេស​អេស្ប៉ាញ។ នេះ​បើ​យោង​តាម​បណ្ដាញ​ព័ត៌មាន​ទូរទស្សន៍ Al Jazeera។
  • អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​អំពាវនាវ​សា​ជា​ថ្មី​ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ ឱ្យ​មាន​ការ​បញ្ចប់​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន នៅ​ពេល​ដែល​សង្គ្រាម​នេះ​បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី ១០០។ លោក Guterres បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​កាលពី​ថ្ងៃ​សុក្រ​ថា៖ «ខ្ញុំ​អំពាវនាវ​ជា​ថ្មី​ឱ្យ​មាន​ការ​បញ្ចប់​ជា​បន្ទាន់​នូវ​សង្គ្រាម​នេះ ឱ្យ​មាន​ការ​ដឹក​ជញ្ជូន​ជំនួយ​មនុស្សធម៌​ដោយ​គ្មាន​ការ​រារាំង​ចូល​ទៅ​ឱ្យ​អ្នក​ដែល​ត្រូវការ​ជំនួយ​នេះ ឱ្យ​មាន​ការ​ជម្លៀស​ចេញ​ដោយ​សុវត្ថិភាព​នូវ​ជន​ស៊ីវិល​ដែល​ជាប់​គាំង​នៅ​ក្នុង​តំបន់​ប្រយុទ្ធ​នានា និង​ឱ្យ​មាន​ការ​ការពារ​ជា​បន្ទាន់​លើ​ជន​ស៊ីវិល​និង​ការ​គោរព​សិទ្ធិ​មនុស្ស​ស្រប​ទៅ​តាម​បទដ្ឋាន​អន្តរជាតិ»។ នេះ​បើ​យោង​តាម​បណ្ដាញ​ព័ត៌មានទូរទស្សន៍ CNN។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG