២២:៣១
២៤.៥.២០២២
ថ្ងៃអង្គារ ទី ២៤ ខែឧសភា៖
- រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយជាមួយនឹងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba នៅថ្ងៃអង្គារនេះ និងបានពិភាក្សាអំពីកិច្ចប្រឹងប្រែងការទូតជាបន្តដើម្បីដោះស្រាយផលវិបាកនៃសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និង «ដើម្បីធ្វើឱ្យរដ្ឋាភិបាលរុស្ស៊ីទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន»។ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price នៅក្នុងសេចក្ដីថ្លែងការណ៍មួយ។ លោក Price បានលើកឡើងបន្តថា៖ «លោករដ្ឋមន្ត្រី [Blinken] បានកត់សម្គាល់ឃើញថា វិបត្តិសន្តិសុខស្បៀងអាហារនៅលើពិភពលោកដែលបណ្ដាលមកពីសង្គ្រាមដ៏ឃោរឃៅរបស់ប្រធានាធិបតី [រុស្ស៊ីលោក Vladimir] Putin តម្រូវឱ្យមានការឆ្លើយតបជាសាកល ហើយពួកគេ [លោក Blinken និងលោក Kuleba] បានពិភាក្សាអំពីមធ្យោបាយដែលអាចទៅរួចនៅក្នុងការនាំចេញធញ្ញជាតិរបស់អ៊ុយក្រែនទៅកាន់ទីផ្សារអន្តរជាតិ»។ លោក Price បានបន្ថែមថា ពួកគេក៏បានពិភាក្សាផងដែរអំពីច្បាប់បម្រុងទុកថវិកាបន្ថែមចំនួន ៤០,១០០ លានដុល្លារ ដែលប្រធានាធិបតីអាមេរិកលោក Joe Biden បានចុះហត្ថលេខាកាលពីថ្ងៃទី ២១ ខែឧសភា «ដែលច្បាប់នេះនឹងផ្ដល់ថវិកាបន្ថែមសម្រាប់ជំនួយផ្នែកសន្តិសុខ សេដ្ឋកិច្ច និងមនុស្សធម៌ទៅឱ្យប្រទេសអ៊ុយក្រែននិងប្រទេសផ្សេងទៀតដែលរងផលប៉ះពាល់ដោយសារសង្គ្រាមនេះ»។
- រដ្ឋាភិបាលឥណ្ឌាបានបញ្ជាក់នៅថ្ងៃអង្គារនេះថា មេដឹកនាំនៃប្រទេសសមាជិកផ្សេងទៀតនៃក្រុមប្រទេស Quad បានយល់អំពីគោលជំហររបស់ឥណ្ឌាចំពោះសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន នៅពេលមេដឹកនាំទាំងនោះបានជួបពិភាក្សាគ្នានៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។ រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Vinay Mohan Kwatra បានប្រាប់អ្នកសារព័ត៌មាននៅក្នុងទីក្រុងតូក្យូថា៖ «យើងឃើញមានការទទួលយកបានជាទូទៅចំពោះគោលជំហររបស់ឥណ្ឌាទាក់ទិននឹងរឿងអ៊ុយក្រែន»។ លោកបាននិយាយថា ឥណ្ឌាចង់ឱ្យមានការបញ្ចប់អរិភាពនេះឱ្យបានឆាប់និងចង់ឱ្យមានវិធីបែបការទូតនិងការចរចាដើម្បីដោះស្រាយវិបត្តិនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការបរទេសថ្មីនៃប្រទេសបារាំងលោកស្រី Catherine Colonna បាននិយាយនៅថ្ងៃអង្គារនេះថា កញ្ចប់ទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុបដែលនឹងឈានទៅដល់ការបញ្ចប់ការនាំចូលប្រេងឥន្ធនៈពីរុស្ស៊ីទៅកាន់ទ្វីបអឺរ៉ុបចាំបាច់ត្រូវតែកើតឡើងឱ្យបានឆាប់ ហើយលោកស្រីមានទំនុកចិត្តថាភាពស្ទាក់ស្ទើរណាមួយនឹងត្រូវបានដកចេញ។ លោកស្រី Colonna បានបញ្ជាក់នៅក្នុងសន្និសីទកាសែតមួយអមជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock នៅក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ថា៖ «យើងត្រូវតែអនុម័តឱ្យបានឆាប់តាមដែលអាចធ្វើទៅបាននូវកញ្ចប់ទណ្ឌកម្មលើកទី ៦ ដែលនឹងរំពឹងទុកនូវការបញ្ចប់ជាលំដាប់ទៅមុខនូវការនាំចូលប្រេងឥន្ធនៈពីរុស្ស៊ី និងដកចេញនូវភាពស្ទាក់ស្ទើរដែលនៅសេសសល់។ យើងសង្ឃឹមថានឹងធ្វើវាឱ្យបានឆាប់ ហើយខ្ញុំមានសុទិដ្ឋិនិយមចំពោះរឿងនេះ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- នាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban បានសរសេរលិខិតមួយច្បាប់ទៅកាន់ប្រធានក្រុមប្រឹក្សាអឺរ៉ុបនៃសហភាពអឺរ៉ុបថា សំណើទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុបដែលរួមបញ្ចូលទាំងការហាមឃាត់ការនាំចូលប្រេងឥន្ធនៈពីរុស្ស៊ីផងនោះ មិនគួរលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំរបស់បណ្ដាមេដឹកនាំសហភាពអឺរ៉ុបនៅសប្ដាហ៍ក្រោយនេះទេ។ នៅក្នុងលិខិតចុះថ្ងៃទី ២៣ ខែឧសភាដែលទីភ្នាក់ងារព័ត៌មាន Reuters ទើបទទួលបាន លោក Orban បានបញ្ជាក់ថា វាទំនងជាទៅមិនរូចនោះទេដែលគេអាចរកដំណោះស្រាយបានចំពោះរឿងនេះនៅសប្ដាហ៍ក្រោយ និងថាប្រទេសហុងគ្រីមិនទាន់មានជំហរគាំទ្រចំពោះសំណើទណ្ឌកម្មរបស់សហភាពអឺរ៉ុបនេះនៅឡើយទេរហូតទាល់តែបញ្ហានៅសេសសល់ទាំងឡាយត្រូវបានដោះស្រាយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- នាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban បានបញ្ជាក់នៅក្នុងវីដេអូមួយតាម Facebook នៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលហុងគ្រីបានប្រកាសដាក់ប្រទេសនៅក្នុងស្ថានភាពអាសន្នចាប់ពីថ្ងៃពុធស្អែកតទៅ ដោយសារតែសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ លោក Orban បានបន្ថែមថា គណៈរដ្ឋមន្ត្រីរបស់លោកត្រូវការពេលដើម្បីត្រៀមលក្ខណៈនៅក្នុងការឆ្លើយតបទៅនឹងការប្រឈមនានាឱ្យបានលឿន។ ការប្រកាសដាក់ប្រទេសទៅក្នុងភាពអាសន្ននេះផ្ដល់អំណាចដល់រដ្ឋាភិបាលរបស់លោក Orban នៅក្នុងការអនុម័តវិធានការណាមួយបានលឿនតាមរយៈការចេញអនុក្រឹត្យ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- មេដឹកនាំនៃគណបក្សជាតិនិយមតួកគីដែលមានសម្ព័ន្ធភាពជាមួយនឹងប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសតួកគីគួរតែពិចារណាចាកចេញពីអង្គការអូតង់ (NATO) ប្រសិនបើ «ស្ថានការណ៍មិនអាចដោះស្រាយបាន» ហើយប្រសិនបើប្រទេសតួកគីត្រូវបានបង្ខំឱ្យយល់ព្រមចំពោះសមាជិកភាពរបស់ប្រទេសស៊ុយអែតនិងប្រទេសហ្វាំងឡង់នៅក្នុងអង្គការអូតង់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Associated Press។
- ទីភ្នាក់ងារព័ត៌មាន Interfax របស់រុស្ស៊ីបានរាយការណ៍ថា មេដឹកនាំនៃសាធារណរដ្ឋប្រជាមានិត Donetsk ដែលជាតំបន់ផ្ដាច់ខ្លួននៅភាគខាងកើតប្រទេសអ៊ុយក្រែន បាននិយាយនៅថ្ងៃអង្គារនេះថា អ្នកតំណាងបរទេស ដែលក្នុងនោះមានទាំងអ្នកតំណាងមកពីបស្ចិមប្រទេសផងដែរ នឹងត្រូវអញ្ជើញឱ្យចូលរួមនៅក្នុងសវនាការកាត់ទោសយុទ្ធជនអ៊ុយក្រែននៅទីនោះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- មន្ត្រីមួយរូបដែលតែងតាំងដោយរុស្ស៊ីនៅក្នុងតំបន់ Kherson ប្រទេសអ៊ុយក្រែន បាននិយាយថា រដ្ឋបាលដែលមានទំនោរទៅរករុស្ស៊ីនៅក្នុងតំបន់ Kherson នឹងស្នើរដ្ឋាភិបាលរុស្ស៊ីឱ្យបង្កើតមូលដ្ឋានយោធាមួយនៅទីនោះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Associated Press។ ទីភ្នាក់ងារព័ត៌មាន RIA Novosti របស់រុស្ស៊ីបានដកស្រង់នៅថ្ងៃអង្គារនេះនូវសម្ដីរបស់លោក Kirill Stremousov អនុប្រធានរដ្ឋបាលដែលតែងតាំងដោយរុស្ស៊ីនៅក្នុងតំបន់ Kherson ដែលបាននិយាយថា៖ «មូលដ្ឋានយោធារបស់រុស្ស៊ីគួរតែមាននៅក្នុងតំបន់ Kherson»។
- អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោក Dmitry Peskov បាននិយាយនៅថ្ងៃអង្គារថា ប្រទេសរុស្ស៊ីមិនទាន់ទទួលបានគម្រោងសន្តិភាពរបស់ប្រទេសអ៊ីតាលីសម្រាប់សង្គ្រាមនៅអ៊ុយក្រែននៅឡើយទេ ប៉ុន្តែលោកថា រដ្ឋាភិបាលរុស្ស៊ីសង្ឃឹមថានឹងទទួលបានគម្រោងសន្តិភាពនេះតាមច្រកការទូត។ លោក Peskov បានបញ្ជាក់ដូច្នេះថា៖ «យើងមិនទាន់បានឃើញគម្រោងនេះនៅឡើយទេ។ យើងសង្ឃឹមថាគេនឹងបញ្ជូនគម្រោងនេះមកឱ្យយើងតាមច្រកការទូត ហើយយើងនឹងស្វែងយល់អំពីគម្រោងនេះ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានគណៈកម្មការអឺរ៉ុបនៃសហភាពអឺរ៉ុបអ្នកស្រី Ursula von der Leyen បានប្រាប់មេដឹកនាំអាជីវកម្មនានាមកពីជុំវិញពិភពលោកនៅក្នុងទីក្រុង Davos ប្រទេសស្វីសនៅថ្ងៃអង្គារថា រដ្ឋាភិបាលអ៊ុយក្រែនត្រូវតែឈ្នះសង្គ្រាមប្រឆាំងនឹងរុស្ស៊ីនេះ។ អ្នកស្រីបានបញ្ជាក់ដូច្នេះថា៖ «អ៊ុយក្រែនត្រូវតែឈ្នះសង្គ្រាមនេះ ហើយភាពគឃ្លើនរបស់លោក Putin ត្រូវតែជាការបរាជ័យផ្នែកយុទ្ធសាស្ត្រ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានជួបជាមួយនឹងមេដឹកនាំនៃប្រទេសជប៉ុន ឥណ្ឌានិងអូស្ត្រាលីនៅថ្ងៃអង្គារហើយបាននិយាយថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនគឺ «លើសពីបញ្ហារបស់ទ្វីបអឺរ៉ុបទៅទៀត។ វាជាបញ្ហាសាកលលោក»។ ដោយយោងលើផលប៉ះពាល់ដ៏ទូលំទូលាយនៃសង្គ្រាមនេះ ដែលក្នុងនោះរួមមានទាំងផលប៉ះពាល់លើការផ្គត់ផ្គង់ស្បៀងអាហារនៅលើពិភពលោកផងដែរ លោក Biden បានសន្យាផ្ដល់ការគាំទ្ររបស់សហរដ្ឋអាមេរិកជាបន្តដោយបានបញ្ជាក់ថា៖ «ដរាបណារុស្ស៊ីនៅបន្តធ្វើសង្គ្រាម សហរដ្ឋអាមេរិកនឹងធ្វើការជាមួយនឹងដៃគូរបស់ខ្លួនដើម្បីជួយដល់ការឆ្លើយតបជាសាកល ដោយសារតែសង្គ្រាមនេះនឹងប៉ះពាល់គ្រប់ផ្នែកទាំងអស់នៃពិភពលោក»។
- អនុរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកអ្នកស្រី Kathleen Hicks បាននិយាយនៅថ្ងៃអង្គារថា សហរដ្ឋអាមេរិកមានទំនុកចិត្តថា ប្រទេសហ្វាំងឡង់និងប្រទេសស៊ុយអែតនឹងអាចដោះស្រាយក្ដីបារម្ភរបស់ប្រទេសតួកគីបានទាក់ទិននឹងរឿងសមាជិកភាពរបស់ពួកគេនៅក្នុងអង្គការអូតង់។ អ្នកស្រី Hicks លើកឡើងដូច្នេះថា៖ «យើងមានទំនុកចិត្តថា ប្រទេសហ្វាំងឡង់និងប្រទេសស៊ុយអែតនឹងអាចដោះស្រាយក្ដីបារម្ភទាំងនោះជាមួយនឹងប្រទេសតួកគីដោយផ្ទាល់»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយ Deutsche Welle ថា សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកកំពុងព្យាយាមបញ្ចុះបញ្ចូលបណ្ដាប្រទេសផលិតប្រេងឥន្ធនៈនិងឧស្ម័នឱ្យបង្កើនផលិតកម្មរបស់ខ្លួនដើម្បីជួយធ្វើឱ្យតម្លៃប្រេងឥន្ធនៈនៅលើពិភពលោកចុះថោក។ លោកនិយាយដូច្នេះថា៖ «ឥឡូវនេះយើងកំពុងពិភាក្សាជាមួយនឹងប្រទេសទាំងអស់ដែលកំពុងរុករកប្រេងឥន្ធនៈនិងឧស្ម័ន និងកំពុងព្យាយាមបញ្ចុះបញ្ចូលពួកគេឱ្យបង្កើនចំណុះ [ផលិតកម្ម] របស់ខ្លួន ដើម្បីជួយទីផ្សារពិភពលោក»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បានបញ្ជាក់នៅលើ Twitter នៅថ្ងៃអង្គារថា រុស្ស៊ីកំពុងលួចធញ្ញជាតិរបស់អ៊ុយក្រែននិងបានជំរុញពិភពលោកកុំឱ្យទិញអ្វីដែលរុស្ស៊ីបានលួច។
- ប្រធានាធិបតីប៉ូឡូញលោក Andrzej Duda បាននិយាយនៅថ្ងៃអង្គារថា ប្រសិនបើសង្គ្រាមនៅអ៊ុយក្រែនបណ្ដាលឱ្យមានបញ្ហាកង្វះស្បៀងអាហារនៅតំបន់អាហ្វ្រិកខាងជើង នោះវានឹងបណ្ដាលឱ្យមានការធ្វើចំណាកស្រុកទ្រង់ទ្រាយធំទៅកាន់ទ្វីបអឺរ៉ុប។ លោក Duda បានថ្លែងប្រាប់គណៈកម្មាធិការមួយនៅក្នុងទីក្រុង Davos ប្រទេសស្វីសថា៖ «ប្រសិនបើមានគ្រោះអត់ឃ្លាននៅតំបន់អាហ្វ្រិកខាងលិច ទាំងប្រទេសអេស្ប៉ាញនិងទាំងទ្វីបអឺរ៉ុបទាំងមូលនឹងមានបញ្ហាចំណាកស្រុកដ៏ធំ។ ថ្ងៃនេះ យើងគួរផ្ដោតលើការធ្វើយ៉ាងណាឱ្យអ៊ុយក្រែនអាចនាំចេញធញ្ញជាតិរបស់ខ្លួនបាន»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនចក្រភពអង់គ្លេសលោក Grant Shapps បាននិយាយនៅថ្ងៃអង្គារថា ចក្រភពអង់គ្លេសកំពុងពិភាក្សាជាមួយនឹងប្រទេសអ៊ុយក្រែនអំពីការស្វែងរកវិធីនាំចេញធញ្ញជាតិពីប្រទេសអ៊ុយក្រែន បន្ទាប់ពីរុស្ស៊ីបានរាំងខ្ទប់កំពង់ផែសមុទ្រចម្បងៗរបស់អ៊ុយក្រែនមក។ លោកបញ្ជាក់ដូច្នេះថា៖ «យើងកំពុងសម្លឹងមើលលើជម្រើសផ្សេងៗទាំងអស់។ មានវិធីដែលអាចទៅរួចផ្សេងៗជាច្រើននៅក្នុងការនាំចេញធញ្ញជាតិនិងទំនិញផ្សេងទៀតចេញពីប្រទេសអ៊ុយក្រែន។ វាជាការសំខាន់បំផុតដែលយើងធ្វើ បើមិនដូច្នេះទេនឹងមានភាពអត់ឃ្លានជាច្រើនហើយនឹងអាចមានគ្រោះទុរ្ភិក្សទៀតផង»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- លោក Alexei Navalny មេដឹកនាំគណបក្សប្រឆាំងរបស់រុស្ស៊ីដែលកំពុងជាប់ពន្ធនាគារ នៅថ្ងៃអង្គារបានរិះគន់ខ្លាំងៗលើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅក្នុងសវនាការមួយដែលមានការផ្សាយផ្ទាល់ ដោយបានហៅលោក Putin ថាជាមនុស្សឆ្កួតដែលបានចាប់ផ្ដើមធ្វើ «សង្គ្រាមលីលា» នៅក្នុងប្រទេសអ៊ុយក្រែនដោយផ្អែកលើការកុហក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានក្រុមប្រឹក្សាសន្តិសុខរបស់ប្រទេសរុស្ស៊ីលោក Nikolai Patrushev បាននិយាយនៅថ្ងៃអង្គារថា រុស្ស៊ីនឹងសម្រេចបាននូវគោលបំណងរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។ លោក Patrushev បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងកាសែត Argumenty i Fankty របស់រុស្ស៊ីថា៖ «គោលដៅទាំងអស់ដែលលោកប្រធានាធិបតី Vladimir Putinបានកំណត់នឹងត្រូវសម្រេចបាន។ វាមិនអាចផ្ទុយពីនេះបានទេ ដោយ សារតែសច្ចភាព ដែលក្នុងនោះរួមទាំងសច្ចភាពប្រវត្តិសាស្ត្រផងដែរ គឺនៅខាងយើង»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បាននិយាយបន្ទាប់ពីបញ្ចប់ការប្រជុំលើកទីពីររបស់ក្រុមទាក់ទងផ្នែកការពារអ៊ុយក្រែនថា ប្រទេសប្រហែល ២០ នឹងបញ្ជូនកញ្ចប់ជំនួយផ្នែកសន្តិសុខថ្មីឱ្យប្រទេសអ៊ុយក្រែន។ លោក Austin បានប្រាប់អ្នកសារព័ត៌មាននៅឯក្រសួងការពារជាតិអាមេរិកកាលពីថ្ងៃចន្ទថា៖ «ប្រទេសជាច្រើននឹងបរិច្ចាគគ្រាប់កាំភ្លើងធំដែលអ៊ុយក្រែនត្រូវការចាំបាច់ជាទីបំផុត ប្រព័ន្ធការពារតាមផ្លូវសមុទ្រ រថក្រោះ និងរថពាសដែកផ្សេងទៀត។ ប្រទេសផ្សេងទៀតបានស្ម័គ្រ ចិត្តដោយការតាំងចិត្តថ្មីនៅក្នុងការបណ្ដុះបណ្ដាលកងទ័ពអ៊ុយក្រែននិងទ្រទ្រង់ប្រព័ន្ធយោធារបស់អ៊ុយក្រែន»។
- រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ីនឹងពិចារណាអំពីសំណើណាមួយនៃការបង្កើតទំនាក់ទំនងឡើងវិញជាមួយនឹងក្រុមបស្ចិមប្រទេស ហើយនឹងគិតថាតើការបង្កើតទំនាក់ទំនងឡើងវិញនេះចាំបាច់ឬក៏អត់ ប៉ុន្តែនឹងផ្ដោតលើការអភិវឌ្ឍទំនាក់ទំនងជាមួយនឹងប្រទេសចិន។ លោក Lavrov បានបញ្ជាក់នៅក្នុងសុន្ទរកថាមួយដូច្នេះថា៖ «ប្រសិនបើក្រុមបស្ចិមប្រទេសចង់ស្នើអ្វីមួយទាក់ទិននឹងការចាប់ផ្ដើមឡើងវិញនូវទំនាក់ទំនង នោះយើងនឹងពិចារណាឱ្យបានម៉ឺងម៉ាត់ថាតើយើងនឹងត្រូវការចាប់ផ្ដើមឡើងវិញនូវទំនាក់ទំនងនេះឬក៏អត់»។ លោកបានបន្ថែមថា៖ «ឥឡូវនេះដោយសារតែក្រុមបស្ចិមប្រទេសប្រកាន់ «ជំហរបែបផ្ដាច់ ការ» ទំនាក់ទំនងសេដ្ឋកិច្ចរបស់យើងជាមួយនឹងប្រទេសចិននឹងរីកចម្រើនលឿនជាងនេះទៅទៀត»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
២៣:១៣
២៥.៥.២០២២
ថ្ងៃពុធ ទី ២៥ ខែឧសភា៖
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានរិះគន់ខ្លាំងៗដល់ក្រុមបស្ចិមប្រទេសនៅថ្ងៃពុធនេះថាខ្វះសាមគ្គីភាព ស្របពេលដែលការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនឈានចូលដល់ខែទី ៤ និងស្របពេលដែលកងទ័ពរុស្ស៊ីរុលចូលនៅភាគខាងកើតប្រទេសអ៊ុយក្រែន។ លោក Zelenskyy បានថ្លែងតាមវីដេអូអនឡាញនៅក្នុងព្រឹត្តិការណ៍មួយនៅក្រៅកិច្ចប្រជុំរបស់អង្គការវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុង Davos ប្រទេសស្វីសថា៖ «សាមគ្គីភាពគឺអំពីសព្វាវុធ។ សំណួររបស់ខ្ញុំគឺថា តើមានសាមគ្គីភាពបែបនេះនៅក្នុងការអនុវត្តជាក់ស្ដែងទេ? ខ្ញុំមិនបានឃើញវាទេ។ ផលចំណេញដ៏ធំបំផុតរបស់យើងលើប្រទេសរុស្ស៊ីគឺនៅពេលណាដែលយើងមានសាមគ្គីភាពពិតប្រាកដ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- អ្នកនាំពាក្យក្រសួងការបទេសរុស្ស៊ីអ្នកស្រី Maria Zakharova បាននិយាយនៅថ្ងៃពុធនេះថា គម្រោងសន្តិភាពរបស់ប្រទេសអ៊ីតាលីសម្រាប់សង្គ្រាមនៅអ៊ុយក្រែនគឺជា «គំនិតរវើរវាយ»។ អ្នកស្រីបានបញ្ជាក់នៅក្នុងសន្និសីទកាសែតប្រចាំសប្ដាហ៍ ដោយយោងទៅលើគម្រោងផ្ដួចផ្ដើម [សន្តិភាព] របស់ប្រទេសអ៊ីតាលីនេះថា៖ «អ្នកមិនអាចផ្គត់ផ្គង់សព្វាវុធឱ្យអ៊ុយក្រែនដោយដៃម្ខាង ហើយដៃម្ខាងទៀតលើកឡើងនូវគម្រោងសម្រាប់ដំណោះស្រាយដោយសន្តិវិធីនៃស្ថានការណ៍នេះបានទេ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba នៅថ្ងៃពុធនេះបានអំពាវនាវឱ្យក្រុមបស្ចិមប្រទេស «ផ្ដាច់ដង្ហើមនៃការនាំចេញរបស់រុស្ស៊ី» ដើម្បីឱ្យរុស្ស៊ីរងផលវិបាកសម្រាប់ការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន ដោយលោកបានស្នើឱ្យពិភពលោកធ្វើយ៉ាងណាកុំឱ្យរដ្ឋាភិបាលរុស្ស៊ីបានថវិកាផ្គត់ផ្គង់ដល់ «ធនធានធ្វើសង្គ្រាម» របស់ខ្លួន។ លោក Kuleba បាននិយាយនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកនៅក្នុងទីក្រុង Davos ប្រទេសស្វីសថា៖ «សាររបស់ខ្ញុំគឺសាមញ្ញបំផុត ដែលនោះគឺ ចូរផ្ដាច់ដង្ហើមនៃការនាំចេញរបស់រុស្ស៊ី»។ លោកបានបន្ថែមថា៖ «ចូរឈប់ទិញពីរុស្ស៊ី។ ឈប់អនុញ្ញាតឱ្យរុស្ស៊ីរកចំណូលបាន ដោយសាររុស្ស៊ីអាចប្រើចំណូលនោះដើម្បីវិនិយោគលើធនធានធ្វើសង្គ្រាមដែលបំផ្លាញ សម្លាប់ ចាប់រំលោភ និងធ្វើទារុណកម្មលើប្រជាពលរដ្ឋនៅក្នុងប្រទេសអ៊ុយក្រែន»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba នៅថ្ងៃពុធនេះបានចោទប្រកាន់អង្គការអូតង់ (NATO) ថា «មិនបានធ្វើអ្វីទាល់តែសោះ» ក្នុងស្ថានការណ៍ដែលរុស្ស៊ីកំពុងឈ្លានពានអ៊ុយក្រែន និងបានសរសើរសហភាពអឺរ៉ុបសម្រាប់ការសម្រេចចិត្តដែល «ខុសពីធម្មតាទាំងស្រុង» នៅក្នុងការគាំទ្ររដ្ឋាភិបាលអ៊ុយក្រែន។ លោក Kuleba បានបញ្ជាក់ប្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកនៅក្នុងទីក្រុង Davos ប្រទេសស្វីសថា៖ «អង្គការអូតង់ក្នុងនាមជាសម្ព័ន្ធភាពមួយ ក្នុងនាមជាស្ថាប័នមួយ បានបញ្ឈប់សកម្មភាពទាំងស្រុងនិងមិនបានធ្វើអ្វីទាល់តែសោះ។ ខ្ញុំខកចិត្តណាស់»។ ស្របពេលនោះដែរ លោកបានសរសើរសហភាពអឺរ៉ុបសម្រាប់ «ការសម្រេចចិត្តខុសពីធម្មតាថ្មីស្រឡាងទាំងស្រុង ដែលសូម្បីតែសហភាពអឺរ៉ុបខ្លួនឯងក៏មិនរំពឹងថាអាចធ្វើបានដែរ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- រដ្ឋាភិបាលស្វីសបានបញ្ជាក់នៅថ្ងៃពុធនេះថា ខ្លួនមានគម្រោងរឹបអូសទ្រព្យសម្បត្តិរបស់លោក Yuriy Ivanyushchenko ដែលជាសហការីរបស់អតីតប្រធានាធិបតីអ៊ុយក្រែនលោក Viktor Yanukovych ដែលមានទឹកប្រាក់ជាង ១០០ លានហ្វ្រង់ស្វីស ដែលស្មើនឹង ១០៤ លានដុល្លារអាមេរិក។ រដ្ឋាភិបាលស្វីសបានបន្ថែមថា នីតិវិធីនេះពាក់ព័ន្ធនឹងទ្រព្យសម្បត្តិរបស់លោក Ivanyushchenko និងក្រុមគ្រួសាររបស់លោកដែលត្រូវបានបង្កកនៅក្រោយបរិវត្តន៍ឆ្នាំ ២០១៤ នៅអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- គណៈកម្មការអឺរ៉ុបនៃសហភាពអឺរ៉ុបបានស្នើនៅថ្ងៃពុធនេះថា ការរំលោភលើទណ្ឌកម្មដែលសហភាពអឺរ៉ុបដាក់លើប្រទេសរុស្ស៊ីគឺជាអំពើឧក្រិដ្ឋ ដែលនេះគឺជាវិធានការមួយដែលនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលនៃបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបរឹបអូសទ្រព្យសម្បត្តិរបស់ក្រុមហ៊ុននិងបុគ្គលណាដែលគេចពីទណ្ឌកម្មដែលសហភាពអឺរ៉ុបដាក់លើរុស្ស៊ីបាន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេសលោក Ben Wallace បានអំពាវនាវនៅថ្ងៃពុធនេះឱ្យប្រទេសរុស្ស៊ីអនុញ្ញាតឱ្យប្រទេសអ៊ុយក្រែននាំចេញធញ្ញជាតិរបស់ខ្លួនដើម្បីជួយប្រទេសនានាដែលជួបប្រទះបញ្ហាកង្វះធញ្ញជាតិ ដែលបញ្ហានេះអាចបណ្ដាលឱ្យមានគ្រោះអត់ឃ្លានកើតឡើង។ លោក Wallace បានប្រាប់អ្នកសារព័ត៌មាននៅក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញថា រុស្ស៊ីត្រូវតែ «ធ្វើរឿងត្រឹមត្រូវ»។ ជាងនេះទៀត លោក Wallace បានច្រានចោលគំនិតដែលចង់ឱ្យមានការដកទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីចេញដើម្បីជាថ្នូរនឹងការអនុញ្ញាតឱ្យអ៊ុយក្រែនអាចនាំចេញធញ្ញជាតិរបស់ខ្លួនបាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសរុស្ស៊ីបានព្យាយាម «គំរាមបោកយកប្រយោជន៍» ពីសហគមន៍អន្តរជាតិតាមរយៈការលើកឡើងនូវសំណើមួយនៅក្នុងការបញ្ឈប់ការរាំងខ្ទប់កំពង់ផែនៅសមុទ្រខ្មៅជាថ្នូរនឹងការទទួលបានការបន្ធូរបន្ថយការដាក់ទណ្ឌកម្ម។ នៅមុនហ្នឹង ទីភ្នាក់ងារព័ត៌មាន Interfax របស់រុស្ស៊ីបានដកស្រង់សម្ដីរបស់អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Andrey Rudenko ដែលបាននិយាយថា រដ្ឋាភិបាលរុស្ស៊ីត្រៀមលក្ខណៈរួចរាល់ហើយនៅក្នុងការផ្ដល់ច្រករបៀងមនុស្សធម៌សម្រាប់កប៉ាល់ដឹកស្បៀងអាហារនានាចាកចេញពីប្រទេសអ៊ុយក្រែនជាថ្នូរនឹងការដកចេញនូវទណ្ឌកម្មមួយចំនួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ទីភ្នាក់ងារព័ត៌មាន TASS របស់រុស្ស៊ីបានរាយការណ៍ថា មន្ត្រីម្នាក់ដែលគាំទ្រដោយរុស្ស៊ីនៅឯកំពង់ផែក្រុង Mariupol ដែលរុស្ស៊ីកំពុងកាន់កាប់នៅក្នុងប្រទេសអ៊ុយក្រែន បាននិយាយនៅថ្ងៃពុធនេះថា កប៉ាល់ដំបូងបង្អស់ចាប់តាំងពីពេលដែលកងកម្លាំងដែលមានទំនោរទៅរករុស្ស៊ីបានដណ្ដើមកាន់កាប់ទាំងស្រុងនូវទីក្រុង Mariupol មក នឹងចាកចេញពីកំពង់ផែនៃទីក្រុងនេះនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និយាយនៅថ្ងៃពុធថា លោកស្វាគមន៍ការចរចាជាមួយនឹងប្រទេសរុស្ស៊ី ប៉ុន្តែគឺស្វាគមន៍តែការចរចាដោយផ្ទាល់ជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin តែប៉ុណ្ណោះ។ នៅក្នុងការថ្លែងតាមវីដេអូអនឡាញទៅកាន់អង្គការវេទិកាសេដ្ឋកិច្ចពិភពលោក លោក Zelenskyy បានបញ្ជាក់ថា មានសក្ដានុពលសម្រាប់ការស្វែងរកដំណោះស្រាយការទូតសម្រាប់សង្គ្រាមនេះ ប្រសិនបើលោក Putin «យល់អំពីតថភាព»។ លោក Zelenskyy បានបន្ថែមថា ជំហានដំបូងឆ្ពោះទៅកាន់ការចរចាជាមួយនឹងប្រទេសរុស្ស៊ីគឺកងទ័ពរុស្ស៊ីត្រូវតែដកចេញទៅកាន់ទីតាំងដើមវិញមុនពេលរុស្ស៊ីបានចាប់ផ្ដើមការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ។
- នាយករដ្ឋមន្ត្រីអេស្តូនីអ្នកស្រី Kaja Kallas បាននិយាយនៅថ្ងៃពុធថា ប្រទេសអ៊ុយក្រែនត្រូវតែអាចចរចាជាមួយនឹងរុស្ស៊ីនៅក្នុងគោលជំហរនៃភាពរឹងមាំដើម្បីកុំឱ្យរដ្ឋាភិ បាលរុស្ស៊ីមានទឹកចិត្តចាត់វិធានការបែបគឃ្លើនបន្ថែមទៀត។ អ្នកស្រី Kallas បានថ្លែងនៅក្នុងសុន្ទរកថាមួយនៅក្នុងទីក្រុងស្តុកខុល ប្រទេសស៊ុយអែតថា៖ «យើងត្រូវ តែចៀសវាងពីសន្តិភាពមិនល្អ។ សន្តិភាពដែលចរចាមិនល្អសម្រាប់ប្រទេសអ៊ុយក្រែនគឺជាសន្តិភាពមិនល្អសម្រាប់យើងទាំងអស់គ្នា»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានក្រុមប្រឹក្សាអឺរ៉ុបនៃសហភាពអឺរ៉ុបលោក Charles Michel បានបង្ហាញនូវទំនុកចិត្តនៅថ្ងៃពុធថា សហភាពអឺរ៉ុបនឹងអាចសម្រេចបានកិច្ចព្រមព្រៀងលើការហាមឃាត់ការនាំចូលប្រេងឥន្ធនៈពីរុស្ស៊ីមុនពេលកិច្ចប្រជុំរបស់ក្រុមប្រឹក្សាអឺរ៉ុបចូលមកដល់នៅសប្ដាហ៍ក្រោយ បើទោះបីជាមានការជំទាស់ពីប្រទេសហុងគ្រីក៏ដោយ។ លោក Michel បាននិយាយនៅក្នុងអំឡុងពេលសន្និសីទកាសែតរួមគ្នាមួយជាមួយនឹងនាយករដ្ឋមន្ត្រីស៊ុយអែតអ្នកស្រី Magdalena Andersson ក្នុងទីក្រុងស្តុកខុល ប្រទេសស៊ុយអែតថា៖ «ខ្ញុំនៅតែមានទំនុកចិត្តថា យើងអាចដោះស្រាយរឿងនេះមុនពេលកិច្ចប្រជុំរបស់ក្រុមប្រឹក្សាអឺរ៉ុប» ចូលមកដល់នៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកនៅថ្ងៃចន្ទនិងថ្ងៃអង្គារសប្ដាហ៍ក្រោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- លោក Mykhailo Podolyak ទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែនបានជំរុញរដ្ឋាភិបាលបរទេសនានាឱ្យចាត់វិធានការដើម្បីដាក់សម្ពាធលើរុស្ស៊ីឱ្យបញ្ចប់សង្គ្រាមរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។ លោក Podolyak បានបញ្ជាក់នៅលើ Twitter នៅថ្ងៃពុធថា៖ «រយៈពេលនៃសង្គ្រាមនេះគឺអាស្រ័យលើល្បឿននៃការដាក់ទណ្ឌកម្មលើថាមពលរបស់រុស្ស៊ីនិងលើការផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន»។
- នាយករដ្ឋមន្ត្រីស៊ុយអែតអ្នកស្រី Magdalena Andersson បាននិយាយនៅថ្ងៃពុធថា ប្រទេសស៊ុយអែតមិនបានផ្ដល់ថវិកាឬក៏ផ្ដល់អាវុធដល់អង្គការភេរវកម្មណាមួយទេ ដោយអ្នកស្រីបានជំទាស់ទៅនឹងការអះអាងរបស់ប្រទេសតួកគីដែលថា ស៊ុយអែតគាំទ្រក្រុមសកម្មប្រយុទ្ធ Kurd។ អ្នកស្រីបានបញ្ជាក់នៅក្នុងសន្និសីទកាសែតមួយក្នុងទីក្រុងស្ដុកខុល ប្រទេសស៊ុយអែតថា៖ «ជាការពិត យើងមិនបានបញ្ជូនថវិកាឬក៏សព្វា វុធណាមួយទៅឱ្យអង្គការភេរវកម្មណាមួយនោះទេ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ក្រសួងការពារជាតិប្រទេសលីទុយអានីបានបញ្ជាក់នៅថ្ងៃពុធថា ខ្លួននឹងបញ្ជូនរថពាសដែកប្រភេទM113 ចំនួន២០គ្រឿង រថយន្តដឹកកងទ័ព និងរថយន្តដោះមីនទៅឱ្យប្រទេសអ៊ុយក្រែន។ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ដោយយោងលើសេចក្ដីថ្លែងការណ៍របស់រដ្ឋមន្ត្រីការពារជាតិលីទុយអានីលោក Arvydas Anusauskas ដែលបានបញ្ជាក់ថា៖ «ការជួយជ្រោមជ្រែងដែលមានការសម្របសម្រួលរបស់យើងនិងសម្ព័ន្ធមិត្តគឺជាកត្តាសម្រេចសម្រាប់ជ័យជម្នះរបស់ប្រទេសអ៊ុយក្រែន»។
- រដ្ឋសភារុស្ស៊ីបានអនុម័តលើច្បាប់មួយនៅថ្ងៃពុធដែលដកចេញនូវអាយុកំណត់សម្រាប់ការចូលបម្រើកងទ័ពដែលមានកិច្ចសន្យានៅក្នុងវិស័យយោធារបស់ប្រទេសរុស្ស៊ី។ នៅពេលបច្ចុប្បន្ននេះ មានតែពលរដ្ឋរុស្ស៊ីដែលមានអាយុពី ១៨ ដល់ ៤០ ឆ្នាំ និងជនបរទេសដែលមានអាយុពី ១៨ ដល់ ៣០ ឆ្នាំតែប៉ុណ្ណោះដែលអាចចុះឈ្មោះជាទាហានអាជីពបាននៅក្នុងជួរកងទ័ពរុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចុះហត្ថលេខាលើអនុក្រឹត្យមួយនៅថ្ងៃពុធ ដោយធ្វើឱ្យដំណើរការមានភាពងាយស្រួលសម្រាប់ពលរដ្ឋនៃតំបន់ Kherson និងតំបន់ Zaporizhzhia ដែលកាន់កាប់ដោយរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ទទួលបានសញ្ជាតិនិងលិខិតឆ្លងដែនរុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Andrey Rudenko បាននិយាយនៅថ្ងៃពុធថា ទណ្ឌកម្មអន្តរជាតិដែលដាក់លើរុស្ស៊ីទាក់ទិននឹងយុទ្ធនាការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែនចាំបាច់ត្រូវតែដកចេញដើម្បីចៀសវាងកុំឱ្យមានវិបត្តិស្បៀងអាហារនៅលើពិភពលោកកើតឡើងបាន។ លោក Rudenko បានលើកឡើងដូច្នេះថា៖ «ការដោះស្រាយបញ្ហាស្បៀងអាហារតម្រូវឱ្យមានមធ្យោបាយទូលំទូលាយមួយ ដែលក្នុងនោះរួមមានទាំងការដកចេញទណ្ឌកម្មដែលបានដាក់លើការនាំចេញរបស់រុស្ស៊ីនិងលើប្រតិបត្តិការទូទាត់ហិរញ្ញវត្ថុផងដែរ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Andrey Rudenko បាននិយាយនៅថ្ងៃពុធថា ប្រទេសរុស្ស៊ីត្រៀមលក្ខណៈរួចរាល់ហើយនៅក្នុងការផ្ដល់ច្រករបៀងមនុស្សធម៌សម្រាប់កប៉ាល់ដឹកស្បៀងអាហារនានាចាកចេញពីប្រទេសអ៊ុយក្រែន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលយោងលើទីភ្នាក់ងារព័ត៌ មានInterfax របស់រុស្ស៊ី។
- ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់នៅថ្ងៃពុធថា កំពង់ផែនៅក្នុងទីក្រុង Mariupol ប្រទេសអ៊ុយក្រែនកំពុងដំណើរការធម្មតា។ ទីក្រុង Mariupol គឺជាទីក្រុងដែលរុស្ស៊ីទើបដណ្ដើមត្រួតត្រាបានកាលពីពេលថ្មីៗនេះ។ ក្រសួងការពារជាតិរុស្ស៊ីបានបន្ថែមថា រដ្ឋា ភិបាលរុស្ស៊ីកំពុងទាក់ទងជាមួយនឹងអង្គការសហប្រជាជាតិ និងថា រដ្ឋាភិបាលរុស្ស៊ី «មិនបានដកចេញនូវលទ្ធភាពនៃការពិភាក្សាជាសាកលដើម្បីបញ្ឈប់ការរាំងខ្ទប់កំពង់ ផែនានារបស់អ៊ុយក្រែននោះទេ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
២១:៥៩
២៦.៥.២០២២
ថ្ងៃព្រហស្បតិ៍ ទី ២៦ ខែឧសភា៖
- អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា គេនឹងមិនអនុញ្ញាតឱ្យប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ធ្វើអ្វីស្រេចតែនឹងចិត្តដោយបង្អាក់ដល់សន្តិភាពសម្រាប់សង្គ្រាមនៅអ៊ុយក្រែនដែលលោក «នឹងមិនឈ្នះ» នោះទេ។ លោក Scholz បានបញ្ជាក់នៅក្នុងកិច្ចប្រជុំរបស់អង្គការវេទិកាសេដ្ឋកិច្ចពិភពលោកនៅក្នុងទីក្រុង Davos ប្រទេសស្វីសថា លោក Putin «បានបរាជ័យរួចហើយទាក់ទិននឹងគោលបំណងបែបយុទ្ធសាស្ត្ររបស់លោក»។ លោក Scholz បានបន្ថែមថា៖ «គោលបំណងរបស់យើងគឺច្បាស់យ៉ាងពិតប្រាកដថា លោក Putin មិនត្រូវឈ្នះសង្គ្រាមនេះឡើយ។ ហើយខ្ញុំជឿថា លោកនឹងមិនឈ្នះសង្គ្រាមនេះទេ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- សន្និបាតអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃព្រហស្បតិ៍នេះបានបោះឆ្នោតអនុម័តលើសេចក្ដីសម្រេចមួយដែលដឹកនាំដោយក្រុមបស្ចិមប្រទេស ដើម្បីថ្កោលទោសទង្វើរបស់ប្រទេសរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ដែលអង្គការសុខភាពពិភពលោកថា បានបណ្ដាលឱ្យមានភាពអាសន្នផ្នែកសុខភាពកើតឡើង។ លោក Hiroki Nakatani ដែលជាប្រធានសន្និបាតនេះ បាននិយាយថា សេចក្ដីសម្រេចនេះត្រូវបានអនុម័តដោយសំឡេងគាំទ្រចំនួន ៨៨ សំឡេង ប្រឆាំងចំនួន ១២ សំឡេង និងអនុបវាទ ៥៣ សំឡេង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីបារាំងលោក Emmanuel Macron បានស្នើប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan នៅថ្ងៃព្រហស្បតិ៍នេះឱ្យ «គោរពជម្រើសអធិបតេយ្យ» របស់ប្រទេសហ្វាំងឡង់និងប្រទេសស៊ុយអែត នៅក្នុងការចូលជាសមាជិកអង្គការអូតង់ (NATO)។ ខុទ្ទកាល័យរបស់លោក Macron បានបញ្ជាក់បន្ទាប់ពីលោក Macron បាននិយាយទូរស័ព្ទជាមួយនឹងលោក Erdogan ថា៖ «លោកប្រធានាធិបតី [Macron] បានគូសបញ្ជាក់អំពីតម្រូវការនៅក្នុងការគោរពជម្រើសអធិបតេយ្យរបស់ប្រទេសទាំងពីរនេះ ដែលបានលេចឡើងពីដំណើរការប្រជាធិបតេយ្យ និងជាប្រតិកម្មតបទៅនឹងការផ្លាស់ប្ដូរបរិយាកាសសន្តិសុខរបស់ប្រទេសទាំងពីរ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅថ្ងៃព្រហស្បតិ៍នេះបានអរគុណប្រទេសហ្វាំងឡង់សម្រាប់ការគាំទ្ររបស់ប្រទេសនេះក្នុងអំឡុងពេលសង្គ្រាមប្រឆាំងនឹងរុស្ស៊ី នៅពេលដែលនាយករដ្ឋមន្ត្រីហ្វាំងឡង់លោកស្រី Sanna Marin ធ្វើទស្សនកិច្ចនៅក្នុងរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន។ លោក Zelenskyy បានសរសេរនៅលើ Facebook បន្ទាប់ពីបានពិភាក្សាជាមួយនឹងលោកស្រី Marin ថា៖ «សម្រាប់យើងខ្ញុំ ជំនួយយោធារបស់ប្រទេសហ្វាំងឡង់គឺមានតម្លៃយ៉ាងខ្លាំង។ សព្វាវុធ គោលនយោបាយដាក់ទណ្ឌកម្ម និងសាមគ្គីភាពរបស់ដៃគូរបស់យើងទាក់ទិននឹងការចូលជាសមាជិករបស់អ៊ុយក្រែននៅក្នុងសហភាពអឺរ៉ុប គឺជាអ្វីដែលផ្ដល់កម្លាំងដល់ការការពារទឹកដីរបស់យើង»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋាភិបាលអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា សង្គ្រាមនៅភាគខាងកើតប្រទេសអ៊ុយក្រែនបានឈានដល់កម្រិតពុះកញ្ជ្រោលខ្លាំងបំផុត។ អ៊ុយក្រែនលើកឡើងដូច្នេះ ស្របពេលដែលខ្លួនជំរុញឱ្យសម្ព័ន្ធមិត្តបស្ចិមប្រទេសផ្ដល់ការផ្គត់ផ្គង់តាមការសន្យារបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី។ លោកស្រី Ganna Malyar អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន បានបញ្ជាក់នៅក្នុងសន្និសីទកាសែតមួយអំពីការប្រយុទ្ធក្នុងសមរភូមិនៅភាគខាងកើតប្រទេសអ៊ុយក្រែនថា៖ «ការប្រយុទ្ធបានឈានដល់កម្រិតខ្ពស់បំផុត»។ លោកស្រីបានបន្ថែមថា៖ «កងកម្លាំងរបស់សត្រូវបានវាយសង្គ្រប់លើទីតាំងរបស់កងទ័ពយើងក្នុងពេលតែមួយមកពីទិសផ្សេងៗជាច្រើន។ យើងមានដំណាក់កាលដ៏លំបាកនិងយូរបំផុតនៃការប្រយុទ្ធនៅពេលខាងមុខនេះ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- លោកនាយឧត្តមសេនីយ៍ Oleksiy Gromov របស់ប្រទេសអ៊ុយក្រែនបានទទួលស្គាល់នៅឯសន្និសីទកាសែតមួយនៅថ្ងៃព្រហស្បតិ៍នេះថា រុស្ស៊ីមានប្រៀបជាងនៅក្នុងការប្រយុទ្ធនៅក្នុងតំបន់ Luhansk នៃភាគខាងកើតប្រទេសអ៊ុយក្រែននៅពេលបច្ចុប្បន្ននេះ។ លោកនិយាយដូច្នេះថា៖ «រុស្ស៊ីមានប្រៀបជាង ប៉ុន្តែយើងនឹងធ្វើអ្វីៗទាំងអស់ដែលយើងអាចធ្វើបាន [ដើម្បីទប់ទល់នឹងរុស្ស៊ី]»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយនឹងនាយករដ្ឋមន្ត្រីអ៊ីតាលីលោក Mario Draghi ថា រដ្ឋាភិបាលរុស្ស៊ីត្រៀមលក្ខណៈរួចរាល់នៅក្នុងការ «រួមចំណែកយ៉ាងសំខាន់» នៅក្នុងការបញ្ចៀសកុំឱ្យមានវិបត្តិស្បៀងអាហារកើតឡើង ប្រសិនបើក្រុមបស្ចិមប្រទេសដកទណ្ឌកម្មដែលដាក់លើខ្លួនទាក់ទិននឹងរឿងអ៊ុយក្រែនចេញ។ រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទនោះបានបញ្ចប់ទៅថា៖ «លោក Vladimir Putin សង្កត់ធ្ងន់ថា សហព័ន្ធរុស្ស៊ីត្រៀមលក្ខណៈរួចរាល់នៅក្នុងការរួមចំណែកយ៉ាងសំខាន់ដើម្បីកុំឱ្យមានវិបត្តិស្បៀងអាហារកើតឡើងតាមរយៈការនាំចេញធញ្ញជាតិនិងជី ប្រសិនបើក្រុមបស្ចិមប្រទេសដកទណ្ឌកម្មដែលមានលក្ខណៈនយោបាយទាំងនេះចេញ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នៅថ្ងៃព្រហស្បតិ៍នេះបានច្រានចោលគម្រោងសម្រាប់សន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែន ដែលស្នើឡើងដោយប្រទេសអ៊ីតាលី។ លោក Lavrov បាននិយាយថា លោកដឹងអំពីអត្ថន័យនៃគម្រោងនេះតាមរយៈតែប្រព័ន្ធផ្សព្វផ្សាយតែប៉ុណ្ណោះ ដោយសារតែរដ្ឋាភិបាលរុស្ស៊ីមិនទាន់ទទួលបានសំណៅនេះនៅឡើយទេ។ លោក Lavrov បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងទូរទស្សន៍ RT របស់រុស្ស៊ីថា គម្រោងនេះសម្លឹងទុកជាមុននូវការភ្ជាប់យកតំបន់ Crimea និងតំបន់ផ្សេងទៀតដែលគ្រប់គ្រងដោយក្រុមផ្ដាច់ខ្លួនដែលគាំទ្រដោយរុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែនដើម្បីធ្វើ «ជាផ្នែកមួយនៃប្រទេសអ៊ុយក្រែនក្រោមស្វ័យភាពដ៏ទូលំទូលាយ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ថា ខ្លួនរំពឹងថារដ្ឋាភិបាលអ៊ុយក្រែន នឹងធ្វើតាមការទាមទាររបស់ខ្លួន និងបានបន្ថែមថា អ៊ុយក្រែនចាំបាច់ត្រូវយល់អំពីស្ថានការណ៍ដើម្បីឱ្យការចរចាសន្តិភាពអាចកើតឡើងបាន។ អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោក Dmitry Peskov បានមានប្រតិកម្ម ដូច្នេះតបទៅនឹងការលើកឡើងរបស់អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Henry Kissinger ដែលបានស្នើនៅក្នុងសប្ដាហ៍នេះ នៅឯកិច្ចប្រជុំរបស់អង្គការវេទិកាសេដ្ឋកិច្ចពិភពលោក នៅក្នុងទីក្រុង Davos ប្រទេសស្វីស ថា អ៊ុយក្រែនគួរតែទុកឱ្យរុស្ស៊ីរក្សាការគ្រប់គ្រងលើតំបន់ Crimea ដែលជាតំបន់រុស្ស៊ីបានភ្ជាប់យកកាលពីឆ្នាំ ២០១៤។ រដ្ឋាភិបាលរុស្ស៊ីកំពុងទាមទារឱ្យអ៊ុយក្រែនទទួលស្គាល់តំបន់ Crimea ថា ជាដែនដីរបស់រុស្ស៊ី និងទទួលស្គាល់តំបន់ផ្ដាច់ខ្លួនដែលគាំទ្រដោយរុស្ស៊ីនៅភាគខាងកើតប្រទេសអ៊ុយក្រែនថា ជារដ្ឋឯករាជ្យក្នុងចំណោមការទាមទារផ្សេងៗទៀត។ ប៉ុន្តែអ៊ុយក្រែនមិនបានឯកភាពជាដាច់ខាតជាមួយនឹងការអះអាងរបស់រុស្ស៊ីទាំងនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋាភិបាលរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍បានច្រានចោលការអះអាងរបស់សហរដ្ឋអាមេរិកនិងរបស់សហភាពអឺរ៉ុបដែលថា ប្រទេសរុស្ស៊ីបានរាំងខ្ទប់ការនាំចេញធញ្ញជាតិពីប្រទេសអ៊ុយក្រែន និងបានចោទប្រកាន់ក្រុមបស្ចិមប្រទេសថា ជាអ្នកដែលបានធ្វើឱ្យស្ថានការណ៍ដូចនេះកើតឡើង តាមរយៈការដាក់ទណ្ឌកម្ម។ អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោក Dmitry Peskov បាននិយាយនៅក្នុងសន្និសីទកាសែតតាមអនឡាញជាមួយនឹងអ្នកយកព័ត៌មាននៅថ្ងៃព្រហស្បតិ៍ថា៖ «យើងមិនទទួលយកការចោទប្រកាន់ទាំងនេះជាដាច់ខាត។ ផ្ទុយមកវិញ យើងបន្ទោសក្រុមបស្ចិមប្រទេសថាបានចាត់វិធានការដែលបណ្ដាលឱ្យបញ្ហានេះកើតឡើង»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលតួកគីមួយរូបបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ថា ប្រទេសតួកគីកំពុងចរចាជាមួយនឹងប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែន ដើម្បីបើកច្រករបៀងមួយតាមច្រកសមុទ្រ Bosphorus សម្រាប់ការនាំចេញធញ្ញជាតិពីអ៊ុយក្រែន។ មន្ត្រីដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនេះ បាននិយាយថា៖ «តួកគីកំពុងចរចាជាមួយទាំងប្រទេសរុស្ស៊ីនិងទាំងប្រទេសអ៊ុយក្រែន សម្រាប់ការនាំចេញធញ្ញជាតិពីប្រទេសអ៊ុយក្រែន»។
- អ្នកនាំពាក្យក្រសួងការបរទេសរុស្សីអ្នកស្រី Maria Zakharova បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា អ្នកយកព័ត៌មានពីបស្ចិមប្រទេសនឹងត្រូវបណ្តេញចេញពីរុស្ស៊ី ប្រសិនបើក្រុមហ៊ុនបច្ចេកវិទ្យា YouTube ដ៏ធំរបស់សហរដ្ឋអាមេរិកបិទការចូលមើលការផ្តល់ព័ត៌មានដោយក្រសួងការបរទេសរុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ដែលបានយោងលើប្រភពមកពីទីភ្នាក់ងារព័ត៌មាន TASS របស់រុស្ស៊ី។
- ជនស៊ីវិលយ៉ាងហោចណាស់ ៤៣១ នាក់បានស្លាប់ និង ១.១៦៨ នាក់ទៀតបានរងរបួសនៅក្នុងតំបន់ Donetsk ភាគខាងកើតប្រទេសអ៊ុយក្រែន តាំងពីពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈមក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់បណ្ដាញព័ត៌មាន Al Jazeera នៅថ្ងៃព្រហស្បតិ៍។
- ទីភ្នាក់ងារព័ត៌មាន RIA Novosti របស់រុស្ស៊ីបានរាយការណ៍ថា មេដឹកនាំនៃក្រុមផ្ដាច់ខ្លួនដែលគាំទ្រដោយរុស្ស៊ីនៅក្នុងតំបន់ផ្ដាច់ខ្លួន Donetsk បានអំពាវនាវនៅថ្ងៃព្រហស្បតិ៍ឱ្យមានការបង្កើនប្រតិបត្តិការយោធានៅក្នុងតំបន់ Donbas នៅភាគខាងកើតប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រទេសរុស្សីនឹងស្នើសេចក្តីសម្រេចមួយនៅក្នុងកិច្ចប្រជុំរបស់អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីជាការឆ្លើយតបដោយផ្ទាល់ទៅនឹងសំណៅនៃសំណើសេចក្ដីសម្រេចដែលគាំទ្រដោយប្រទេសអ៊ុយក្រែន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន។ សំណើរបស់រុស្សីនេះដែលគាំទ្រដោយប្រទេសស៊ីរី ហើយដែលបន្ទរតាមភាសានៃសំណើដើមដែលផ្តួចផ្តើមដោយបស្ចិមប្រទេស នឹងត្រូវសម្រេចនៅក្នុងកិច្ចប្រជុំអង្គការសុខភាពពិភពលោក។ លោក Iaremenko Oleksii មន្ត្រីក្រសួងសុខាភិបាលអ៊ុយក្រែនបាននិយាយថា៖ «អ្វីដែលរុស្ស៊ីធ្វើគឺយកតាមសំណៅរបស់យើង ហើយលុបចោលប្រភពនៃបញ្ហា»។
- សំណើស្នើឱ្យមានសេចក្តីសម្រេចមួយរបស់អង្គការសហប្រជាជាតិដែលថ្កោលទោសប្រទេសរុស្សីអំពីគ្រោះអាសន្នផ្នែកសុខភាពដែលបណ្តាលមកពីការឈ្លានពានរបស់រុស្សីក្នុងប្រទេសអ៊ុយក្រែន ត្រូវគេរំពឹងថានឹងដាក់ជូនសន្និបាតអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។ លោក Adam Niedzielski រដ្ឋមន្ត្រីសុខាភិបាលរបស់ប្រទេសប៉ូឡូញដែលគាំទ្រសំណើនេះ បានថ្លែងប្រាប់សន្និបាទនេះថា៖ «សកម្មភាពយោធាដ៏បំផ្លិចបំផ្លាញរបស់រុស្ស៊ីនេះ ធ្វើឱ្យអន្តរាយដល់បេសកកម្មរបស់អង្គការសុខភាពពិភពលោក»។ សំណើដើមដែលគាំទ្រដោយសហរដ្ឋអាមេរិកនិងប្រទេសជាង ៤០ ផ្សេងទៀតថ្កោលទោសសកម្មភាពរបស់រុស្ស៊ី។
- ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិលោក Vassily Nebenzia បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិមួយរូបគ្រោងធ្វើទស្សនកិច្ចទៅកាន់រដ្ឋធានីមូស្គូ ប្រទេសរុស្ស៊ី នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខដើម្បីពិភាក្សាអំពីការស្ដារឡើងវិញនូវការនាំចេញពីរុស្ស៊ី។ លោក Nebenzia បានសង្កត់ធ្ងន់ថា ការពិភាក្សានោះនឹងមិនពាក់ព័ន្ធទៅនឹងការបន្តឡើងវិញនូវការនាំចេញធញ្ញជាតិពីអ៊ុយក្រែននោះទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
២២:០៧
២៧.៥.២០២២
ថ្ងៃសុក្រ ទី ២៧ ខែឧសភា៖
- ចាប់តាំងពីការចូលឈ្លានពានអ៊ុយក្រែនពីសំណាក់កងទ័ពរុស្សី នៅថ្ងៃទី ២៤ ខែកុម្ភៈមក ជនស៊ីវិលជាង ៤ ពាន់នាក់ ហើយបានស្លាប់ក្នុងប្រទេសអ៊ុយក្រែន ទោះបីជាចំនួនពិតប្រាកដអាចខ្ពស់ជាងនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ដែលបានចេញផ្សាយ នៅថ្ងៃសុក្រ។ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ក្នុងចំណោមជនស៊ីវិលដែលបានស្លាប់នោះក៏មានកុមារជិត ២០០ នាក់ផងដែរ។ នេះបើផ្អែកតាម OHCHR ដែលមានអ្នកឃ្លាំមើលស្ថានការណ៍រាប់សិបនាក់នៅក្នុងប្រទេសអ៊ុយក្រែន។
- សង្គ្រាមនៅអ៊ុយក្រែន ដែលជាប្រទេសនាំចេញស្រូវសាឡី ពោត និងប្រេងឆាធំជាងគេបង្អស់មួយលើលោក មិនត្រឹមតែគំរាមដល់ចង្វាក់ផ្គត់ផ្គង់ស្បៀងអាហារនៅទូទាំងពិភពលោកប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យអាក់ខានការផ្គត់ផ្គង់ថ្នាំពន្យារជីវិត (ARV) សម្រាប់អ្នកផ្ទុកមេរោគអេដស៍ថែមទៀតផង។ ពលរដ្ឋអ៊ុយក្រែន ២ សែន ៥ នាក់មានមេរោគនេះ។
- ក្រសួងការពារជាតិអ៊ុយក្រែន បានព្រមានអំពីការគំរាមកំហែងពីការវាយប្រហារដោយគ្រាប់ម៉ីសីលរុស្សីដែលមានស្រាប់ពីដែនដីប្រទេសបេឡារុស។ នេះបើយោងតាមកាសែត Associated Press ដែលបានរាយការណ៍នៅថ្ងៃសុក្រ។ អ្នកនាំពាក្យក្រសួងការពារជាតិអ៊ុយក្រែនគឺវរសេនីយ៍ឯក Oleksandr Motuzyanyk បាននិយាយថា ប្រព័ន្ធម៊ីសីលផ្លោងរយៈចម្ងាយជិត Iskander M ត្រូវបានបម្លាស់ទីទៅកាន់តំបន់នានាក្នុងប្រទេសបេឡារុស ជាប់ព្រំដែនអ៊ុយក្រែន។ លោក Motuzyanyk និយាយថា យោងតាមការស៊ើបការណ៍អ៊ុយក្រែន ប្រទេសរុស្សីកំពុងត្រៀមកម្លាំងបម្រុងរហូតដល់ ១.៥០០ នាក់ ដែលអាចជាទ័ពប្រយុទ្ធរយៈពេល ៣ សប្តាហ៍ ក្រោយពីបញ្ចប់ការហ្វឹកហ្វឺននៅតាមតំបន់ព្រំដែនរួចហើយ។
- អភិបាលតំបន់ Luhansk នៅប៉ែកខាងកើតនៃប្រទេសអ៊ុយក្រែន ដែលជិតធ្លាក់ក្រោមការត្រួតត្រារបស់រុស្សីទាំងស្រុង បាននិយាយថា លទ្ធភាពអាចទៅរួចដែលកងកម្លាំងរដ្ឋាភិបាលអ៊ុយក្រែនអាចត្រូវបង្ខំចិត្តដកថយពីការតតាំងចុងក្រោយ ដើម្បីគេចពីការចាប់ខ្លួន។ នេះបើយោងតាមរបាយការណ៍ព័ត៌មាន Reuters ដែលបានរាយការណ៍នៅថ្ងៃសុក្រ។ អភិបាលតំបន់ Luhansk លោក Serhiy Gaidai បាននិយាយថា៖ «យើងមានកម្លាំងនិងធនធានល្មមអាចការពារខ្លួនបាន ប៉ុន្តែដើម្បីកុំឲ្យគេហ៊ុមព័ទ្ធយើងបាន យើងអាចនឹងត្រូវតែដកថយ»។
- របាយការណ៍ផ្លូវច្បាប់មួយដែលចងក្រងដោយអ្នកជំនាញជាង ៣០ នាក់ បានចោទប្រកាន់ប្រទេសរុស្សីពីបទញុះញង់ឲ្យមានអំពើប្រល័យពូជសាសន៍ក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងបណ្តាញផ្សាយព័ត៌មាន CNN ដែលបានរាយការណ៍នៅថ្ងៃសុក្រ។ របាយការណ៍នេះលើកឡើងអំពីការបណ្តេញចេញដោយបង្ខំនិងការសម្លាប់រង្គាលជនស៊ីវិល។
- នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson និយាយថា អ៊ុយក្រែនគួរតែទទួលបានរ៉ុកកែតទំនើបដែលអាចបាញ់បានច្រើនគ្រាប់ក្នុងពេលតែមួយ។ នេះបើផ្អែកតាមសេចក្តីរាយការណ៍ព័ត៌មានReutersនៅថ្ងៃសុក្រ។ ការថ្លែងរបស់លោក Johnson ធ្វើឡើង ក្រោយពីមានរបាយការណ៍ថា រុស្សីបានប្រើកាំជ្រួចម៉ីសីលក្នុងការឈ្លានពានអ៊ុយក្រែន។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអំពាវនាវដល់ក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង ២០(G-20)ឲ្យនិយាយឲ្យបានច្បាស់លាស់អំពីការគាំទ្រអ៊ុយក្រែន។ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានReuters នៅថ្ងៃសុក្រ។ ការអំពាវនាវនេះកើតឡើង ចំពេលដែលមានរបាយការណ៍ថា រុស្សីបានវាយលុកទីក្រុង Lyman ប៉ែកខាងកើតអ៊ុយក្រែនដោយប្រើប្រាស់កាំភ្លើងធំ។
- ប្រទេសរុស្សីនិយាយថា អ៊ុយក្រែនធ្វើសេចក្តីថ្លែងការណ៍ផ្ទុយគ្នា។ ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍នៅថ្ងៃសុក្រថា រដ្ឋាភិបាលរុស្សីបាននិយាយថា អ៊ុយក្រែនមិនបានបញ្ជាក់ឲ្យច្បាស់ទេថា តើខ្លួនចង់បានអ្វី។
- ប្រធានាធិបតីរុស្សីលោក Vladimir Putin កំពុងរំកិលទាហានរបស់លោកទៅមុខយឺតៗ នៅពេលដែលកម្លាំងរុស្សីបន្ត «រុលទៅមុខដោយថ្មើរជើង»។ នេះបើយោងតាមសារព័ត៌មាន BBC ដែលបានរាយការណ៍នៅថ្ងៃសុក្រ ដោយស្រង់សម្តីនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson។ អត្ថាធិប្បាយរបស់លោក Johnson ធ្វើឡើងនៅពេលដែលក្រុមអ៊ុយក្រែនផ្តាច់ខ្លួនដែលគាំទ្រដោយរុស្សីអះអាងថា ពួកគេក្តោបក្តាប់ទីក្រុង Lyman ក្នុងតំបន់ Donetsk ប៉ែកខាងកើតអ៊ុយក្រែនបានហើយ។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានព្រមានថា តំបន់ Donbas អាចត្រូវទុកចោលដោយគ្មានមនុស្សរស់នៅ ដោយសារការឈ្លានពានរបស់រុស្សី។ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានBBC នៅថ្ងៃសុក្រ។ ទីប្រជុំជនជាង ៤០ កន្លែងនៅក្នុងតំបន់ប្រវត្តិសាស្ត្រ វប្បធម៌និងសេដ្ឋកិច្ច ស្ថិតនៅប៉ែកខាងកើតអ៊ុយក្រែននេះ ត្រូវបានវាយប្រហារដោយកងកម្លាំងរុស្សីកាលពីថ្ងៃព្រហស្បតិ៍ ដោយធ្វើឲ្យជនស៊ីវិល ៥ នាក់ស្លាប់ និង ១២ នាក់ទៀតរងរបួស និងទីតាំងស៊ីវិល ៤៧ កន្លែង ខូចខាតឬខ្ទេចខ្ទីអស់។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និយាយថា អ៊ុយក្រែនមិនអន្ទះអន្ទែងក្នុងការចរចាជាមួយប្រធានាធិបតីរុស្សីលោក Vladimir Putin នោះទេ ប៉ុន្តែលោកថាអ៊ុយក្រែនត្រូវប្រឈមមុខនឹងទិដ្ឋភាពជាក់ស្តែង ដែលថា ការចរចាទំនងជាការចាំបាច់ដើម្បីបញ្ចប់សង្គ្រាម។ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន Reuters នៅថ្ងៃសុក្រ។ ថ្លែងទៅកាន់អង្គការសិក្សាស្រាវជ្រាវឥណ្ឌូនេស៊ីមួយនៅថ្ងៃសុក្រនេះ លោក Zelensky និយាយថា៖ «មានរឿងខ្លះដែលត្រូវពិភាក្សាជាមួយមេដឹកនាំរុស្សី។ ខ្ញុំមិនបានប្រាប់អ្នកទាំងអស់គ្នាថា ប្រជាជនអ៊ុយក្រែនអន្ទះអន្ទែងចង់និយាយជាមួយគាត់នោះទេ តែយើងត្រូវតែប្រឈមមុខនឹងទិដ្ឋភាពជាក់ស្តែងអំពីអ្វីដែលយើងកំពុងឆ្លងកាត់»។
- អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែនម្នាក់ប៉ាន់ប្រមាណថា រដ្ឋាភិបាលអ៊ុយក្រែននឹងត្រូវការថវិកា ៧៥៧ ពាន់លានដុល្លារ ដើម្បីកសាងប្រទេសនេះឡើងវិញ ក្រោយពីការឈ្លានពានរបស់រុស្សី។ នេះបើយោងតាមបណ្តាញព័ត៌មានBBCដែលផ្សាយនៅថ្ងៃសុក្រ។ ប្រទេសរុស្សីបានឈ្លានពានអ៊ុយក្រែនតាំងពីខែកុម្ភៈមក។
- ទូរទស្សន៍រដ្ឋរុស្សីបានបង្ហាញវីដេអូអំពីរោងចក្រតម្លើងត្រាក់ទ័រមួយក្នុងក្រុង Melitopol របស់អ៊ុយក្រែនដែលកំពុងរៀបចំដំណើរការឡើងវិញ ក្រោយពីឈប់សម្រាកអស់ ៣ ខែមក។ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានរបស់ Associated Press នៅថ្ងៃសុក្រ។ រោងចក្រនោះផលិតគ្រឿងបន្លាស់ត្រាក់ទ័រ ហើយអតិថិជនរបស់រោងចក្រនោះ គឺជាអ្នកផលិតកសិផលជាពិសេសដំណាំធញ្ញជាតិ។ អ៊ុយក្រែនជាប្រទេសនាំចេញស្រូវសាឡី ពោតនិងប្រេងឆាធំជាងគេបង្អស់មួយលើលោក ប៉ុន្តែសង្គ្រាមនិងការទប់ស្កាត់ដំណើរការកំពង់ផែរបស់អ៊ុយក្រែនដោយរុស្សី បានផ្អាកលំហូរនៃការនាំចេញដោយបង្កគ្រោះថ្នាក់ដល់ចង្វាក់ផ្គត់ផ្គង់ស្បៀងអាហារនៅទូទាំងពិភពលោក។ បច្ចុប្បន្ន ទីក្រុង Melitopol កំពុងត្រូវបានគ្រប់គ្រងដោយកងកម្លាំងរុស្សី៕