ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

២១:៥៧ ៤.៥.២០២២

ថ្ងៃពុធ ទី ៤ ខែឧសភា៖

  • រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​លោកស្រី Janet Yellen បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា សហរដ្ឋ​អាមេរិក​បាន​ពិភាក្សា​ឥត​ឈប់ឈរ​ជាមួយ​នឹង​ដៃគូ​របស់​ខ្លួន​អំពី​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​រុស្ស៊ី និង​អាច​ចាត់ «វិធានការ​បន្ថែម​ទៀត» ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​រុស្ស៊ី​ឱ្យបញ្ឈប់​ការឈ្លានពាន​របស់​ខ្លួន​លើ​អ៊ុយក្រែន។ លោកស្រី​ Yellen បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​របស់​កាសែត Wall Street Journal ថា លោកស្រីនឹង​មិន​បង្ហាញ​អំពី​វិធានការ​ជាក់លាក់​ណា​មួយ​មុន​ពេល​ប្រកាស​ផ្លូវការ​នោះ​ទេ ប៉ុន្តែ​បាន​លើកឡើង​ថា វិធានការ​បន្ថែម​នឹង​ទំនង​ជា​ធ្វើ​ឡើង «ប្រសិនបើ​រុស្ស៊ី​នៅ​បន្ត​សង្គ្រាម​នេះ​ប្រឆាំង​នឹង​អ៊ុយក្រែន»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters

រូបឯកសារ៖ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​លោកស្រី Janet Yellen ថ្លែង​ទៅ​កាន់​ក្រុម​ប្រឹក្សា​អាត្លង់ទិក ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២២។ (AP Photo/Jacquelyn Martin)
រូបឯកសារ៖ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​លោកស្រី Janet Yellen ថ្លែង​ទៅ​កាន់​ក្រុម​ប្រឹក្សា​អាត្លង់ទិក ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២២។ (AP Photo/Jacquelyn Martin)
  • ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា លោក «បើក​ចំហ» ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​រុស្ស៊ី ហើយ​នឹង​ពិភាក្សា​អំពី​វិធានការ​នានា​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​មកពី​ក្រុម​ប្រទេស G-7 នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ លោក Biden បញ្ជាក់​ដូច្នេះ​ថា៖ «យើង​តែងតែ​បើក​ចំហ​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត»។ លោកថ្លែង​ដូច្នេះ​ក្នុង​ពេល​មិន​យូរ​ប៉ុន្មាន បន្ទាប់ពី​សហភាព​អឺរ៉ុប​បាន​ប្រកាស​អំពី​គម្រោង​នៅ​ក្នុង​ការ​ហាម​ឃាត់​ការ​នាំ​ចូល​ប្រេង​ឥន្ធនៈ​ពី​រុស្ស៊ី និង​អំពី​វិធានការ​ថ្មីៗ​ផ្សេង​ទៀត​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​រុស្ស៊ី​សម្រាប់​ការ​ឈ្លានពាន​ដោយ​បង្ហូរ​ឈាម​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ លោក Biden បាន​ប្រាប់​អ្នក​កាសែត​ថា៖ «ខ្ញុំ​នឹង​និយាយ​ទៅ​កាន់​សមាជិក​នៃ​ក្រុម​ប្រទេស G-7 នៅ​សប្ដាហ៍​នេះ​អំពី​អ្វី​ដែល​យើង​នឹង​ធ្វើ​ឬ​ក៏​មិន​ធ្វើ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP
  • នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា លោក​មិន​អាច​ទទួល​យក​បាន​នោះ​ទេ​នូវ​ការ​សម្រេច​របស់​រដ្ឋាភិបាល​រុស្ស៊ី​ដែល​ហាម​ឃាត់​លោក​និង​ពលរដ្ឋ​ជប៉ុន ៦២ នាក់​ផ្សេង​ទៀត​មិន​ឱ្យ​ចូល​ទឹកដី​រុស្ស៊ី និង​ថា រុស្ស៊ី​គឺ​ជា​អ្នក​ទទួល​ខុសត្រូវ​ទាំងស្រុង​សម្រាប់​ការ​ធ្វើ​ឱ្យ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ជប៉ុន​និង​រុស្ស៊ី​ឈាន​មក​ដល់​ចំណុច​នេះ។ លោក Kishida បានបញ្ជាក់​បន្ទាប់ពី​លោក​បាន​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ីតាលី​លោក Mario Draghi នៅ​ក្នុង​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី​ថា៖ «រុស្ស៊ី​គឺ​ជា​ភាគី​ដែល​ឈាន​ទៅ​រក​ការ​ធ្វើ​សង្គ្រាម​និង​ធ្វើ​ឱ្យ​មាន​ស្ថានភាព​ដូច​សព្វថ្ងៃ​នេះ។ ...ការ​ប្រកាស​របស់​រុស្ស៊ី [លើ​ការ​ហាម​ឃាត់​ពលរដ្ឋ​ជប៉ុន​ចំនួន ៦៣ នាក់​មិន​ឱ្យ​ចូល​ទឹកដី​រុស្ស៊ី] គឺ​ពិតជា​មិន​អាច​ទទួល​យក​បាន​នោះទេ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters
  • ចក្រភព​អង់គ្លេស​បាន​ហាម​ឃាត់​រាល់​ការ​នាំចេញ​ផ្នែក​សេវាកម្ម​ទាំង​អស់​ទៅ​កាន់​ប្រទេស​រុស្ស៊ី​នៅ​ថ្ងៃ​ពុធ​នេះ និង​បាន​ប្រកាស​អំពី​ការ​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​និង​អង្គភាព​សរុប​ចំនួន ៦៣ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ជន​ល្បីល្បាញ​នានា​ដែល​ខ្លួន​បាន​ចោទ​ថា​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត​ផងដែរ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters
  • ប្រធានាធិបតី​ម៉ិកស៊ិក​លោក Andres Manuel Lopez Obrador បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា រដ្ឋបាល​របស់​លោក​នឹង​មិន​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​ដោយសារតែ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​នោះទេ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ លោក Lopez Obrador បាន​បញ្ជាក់​ថា «យើង​ចង់​រក្សា​ភាព​អព្យាក្រឹត្យ» និង​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ចរចា។
  • ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​នេះ​ថា រុស្ស៊ី​បាន​ប៉ុនប៉ង​បង្កើន​កម្រិត​នៃ​ការ​វាយ​ប្រហារ​របស់​ខ្លួន​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន​លោក Oleksandr Motuzyanyk បាន​និយាយ​ថា រដ្ឋាភិបាល​រុស្ស៊ី​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​ជិត ៥០ ដង​កាលពី​ថ្ងៃ​អង្គារ។ លោក​ក៏​បាន​លើកឡើង​ផងដែរ​ថា ការ​វាយ​ប្រហារ​ដោយ​កាំភ្លើង​ធំ​និង​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​បាន​បន្ត​យូរៗ​ម្ដង​លើ​រោងចក្រ​ដែកថែប Azovstal នៅ​ក្នុង​ទីក្រុង Mariupol
  • រដ្ឋាភិបាល​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​នេះ​ថា មិន​មាន​កិច្ច​ព្រមព្រៀង​ណា​មួយ​ត្រូវ​បាន​សម្រេច​ឡើង​អំពី​ជំនួប​ដែល​អាច​ទៅ​រួច​ណា​មួយ​រវាង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​សម្ដេច​ប៉ាប Francis សម្រាប់​ការ​ពិភាក្សា​អំពី​វិបត្តិ​អ៊ុយក្រែន​នោះទេ។ សម្ដេច​ប៉ាប Francis បាន​ថ្លែង​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ថា ព្រះអង្គ​បាន​ស្នើ​សុំ​ជួប​ជាមួយ​នឹង​លោក Putin ដើម្បី​ព្យាយាម​បញ្ឈប់​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយតប​ណា​មួយ​នៅ​ឡើយ​ទេ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters

សម្ដេច​ប៉ាប Francis យាង​ថ្លែង​សុន្ទរកថា​នៅ​ទីលានប្រជុំ​ជន​ក្នុង​ទីក្រុង St. Peter នៅ​វ៉ាទីកង់ ថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២២។
សម្ដេច​ប៉ាប Francis យាង​ថ្លែង​សុន្ទរកថា​នៅ​ទីលានប្រជុំ​ជន​ក្នុង​ទីក្រុង St. Peter នៅ​វ៉ាទីកង់ ថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២២។
  • ឧបនាយករដ្ឋមន្ត្រី​ប៊ុលហ្គារី​លោក Assen Vassilev បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ប្រទេស​ប៊ុយហ្គារី​នឹង​ស្វះស្វែង​សុំ​ការ​លើកលែង ប្រសិនបើ​សហភាព​អឺរ៉ុប​យល់ព្រម​អនុញ្ញាត​ឱ្យ​មាន​ការ​លើកលែង​លើ​ការ​ហាមឃាត់​ណា​មួយ​លើ​ការ​នាំចូល​ប្រេង​ឥន្ធនៈ​ពី​រុស្ស៊ី។ លោក​បាន​បញ្ជាក់​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​នឹង​កាសែត Capital ថា៖ «តាម​លក្ខណៈ​ជាក់ស្ដែង ប្រទេស​ប៊ុយហ្គារី​អាច​ធ្វើ​បាន​ដោយ​មិន​ចាំបាច់​ពឹង​លើ​ប្រេង​ឆៅ​របស់​រុស្ស៊ី ប៉ុន្តែ​ករណី​នេះ​នឹង​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ឥន្ធនៈ​ឡើង​ថ្លៃ​ខ្លាំង។ ដូច្នេះ ប្រសិនបើ​គណៈកម្មការ​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប​ពិចារណា​អំពី​ការ​លើកលែង យើង​ចង់​ទទួល​បាន​ការ​លើកលែង​ដូច​នេះ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters
  • រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ស្លូវ៉ាគី​លោក Richard Sulik បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ប្រទេស​ស្លូវ៉ាគី​ចង់​បាន​ដំណាក់កាល​អន្តរកាល​រយៈពេល ៣ ឆ្នាំ សម្រាប់​ខ្លួន​នៅ​ក្នុង​ការ​ចាប់ផ្ដើម​អនុវត្ត​ដោយ​សន្សឹមៗ​តាម​សំណើ​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​នៅ​ក្នុង​ការ​ហាម​ឃាត់​ការ​នាំចូល​ប្រេង​ឥន្ធនៈ​ពី​រុស្ស៊ី។ ប្រទេស​ស្លូវ៉ាគី​ទទួល​បាន​ប្រេង​ឆៅ​ដែល​នាំ​ចូល​ពី​រុស្ស៊ី​ជា​ចម្បង​តាម​បំពង់​បង្ហូរ​ប្រេង Druzhba សម័យ​សហភាព​សូវៀត។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters
  • តម្លៃ​ប្រេង​ឥន្ធនៈ​បាន​កើនឡើង​នៅ​ថ្ងៃ​ពុធ​នេះ នៅ​ពេល​ដែល​សហភាព​អឺរ៉ុប ដែល​ជា​ប្លុក​ធ្វើ​ពាណិជ្ជកម្ម​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក បាន​បង្ហាញ​អំពី​គម្រោង​នៅ​ក្នុង​ហាម​ឃាត់​ការ​នាំចូល​ប្រេង​ឥន្ធនៈ​ពី​រុស្ស៊ី​ជា​ដំណាក់កាល។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters
  • លោកស្រី Ursula von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប បាន​ស្នើ​នៅ​ថ្ងៃ​ពុធ​ឱ្យ​មាន​ការ​ចាប់ផ្ដើម​នូវ​កញ្ចប់​ជំនួយ​ជួយ​ស្ដារ​ប្រទេស​អ៊ុយក្រែន​ដើម្បី​ជួយ​កសាង​អ៊ុយក្រែន​ឡើង​វិញ នៅ​ពេល​ណា​ដែល​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​បាន​បញ្ចប់។ លោកស្រី​បាន​ថ្លែង​ប្រាប់​សភា​សហភាព​អឺរ៉ុប​ថា៖ «កញ្ចប់​ជំនួយ​នេះ​គួរ តែ​ជំរុញ​ឱ្យ​មាន​ការ​វិនិយោគ​ជាច្រើន [នៅ​អ៊ុយក្រែន] ដើម្បី​បំពេញ​តម្រូវការ​និង​ការ​កែ​ទម្រង់​ចាំបាច់​នានា»។ លោកស្រី​បាន​បន្ថែម​ថា៖ «នៅ​ទីបំផុត វា​នឹង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​អនាគត​របស់​អ៊ុយក្រែន​នៅ​ក្នុង​សហភាព​អឺរ៉ុប»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • លោកស្រី Ursula von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ថា សហភាព​អឺរ៉ុប​នឹង​ហាមឃាត់​ស្ថានីយ​ទូរទស្សន៍​ចំនួន៣ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​របស់​រុស្ស៊ី ដែល​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​កញ្ចប់​ទណ្ឌកម្ម​លើក​ទី៦របស់​សហភាព​អឺរ៉ុប​ទាក់ទិន​នឹង​ការ​ធ្វើ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន។ លោកស្រី​បាន​ថ្លែង​ប្រាប់​សភា​សហភាព​អឺរ៉ុប​ថា៖ «ស្ថានីយ​ទូរទស្សន៍​ទាំង​នេះ​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចែក​ផ្សាយ​ព័ត៌មាន​របស់​ខ្លួន​ជា​បន្ត​ទៀត​ឡើយ​នៅ​ក្នុង​សហភាព​អឺរ៉ុប មិន​ថា​ក្នុង​ទម្រង់​បែប​ណា​នោះ​ទេ ទោះ​តាម​ខ្សែ​កាប តាម​ផ្កាយ​រណប តាម​អ៊ីនធឺណិត ឬ​ក៏​តាម apps ក្នុង​ទូរស័ព្ទ smartphone ក៏ដោយ»។ លោក​ស្រី​បាន​ហៅ​ស្ថានីយ​ទូរទស្សន៍​ទាំង​នេះ​ថា​ជា «កន្លែង​បំពង​សំឡេង​ខ្លាំងក្លា​នៃ​ការ​កុហក​និង​ការ​ឃោសនា​របស់​ប្រធា នាធិបតី​រុស្ស៊ី​លោក Vladimir] Putin»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • គណៈកម្មការ​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប​បាន​ស្នើ​ឱ្យ​មាន​ការដាក់​ទណ្ឌកម្ម​លើ​ធនាគារ Credit Bank of Moscow និង​ធនាគារ Russian Agricultural Bank របស់​រុស្ស៊ី។ នេះ​បើ​យោង​តាម​ប្រភព​មួយ​ពី​សហភាព​អឺរ៉ុប​ដែល​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មានReuters នៅ​ថ្ងៃ​ពុធ។ នៅ​មុន​ហ្នឹង​ក្នុង​ថ្ងៃ​ពុធ​នេះ​ផងដែរ លោកស្រី Ursula von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប បាន​និយាយ​ថា ធនាគារ Sberbank របស់​រុស្ស៊ី​ក៏​នឹង​ត្រូវ​រង​ទណ្ឌកម្ម​ផងដែរ។

រូបឯកសារ៖ លោកស្រី Ursula von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប ថ្លែង​សុន្ទរកថា​នៅ​ទីស្នាក់ការ​សហភាព​អឺរ៉ុប ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​ប៊ែលហ្សិក ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២២។ (AP)
រូបឯកសារ៖ លោកស្រី Ursula von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប ថ្លែង​សុន្ទរកថា​នៅ​ទីស្នាក់ការ​សហភាព​អឺរ៉ុប ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​ប៊ែលហ្សិក ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២២។ (AP)
  • អឺរ៉ុប​នឹង​នៅ​បន្ត​ទិញ​ប្រេង​ឥន្ធនៈ​ពី​រុស្ស៊ី​តាម​រយៈ​ប្រទេស​ទី​បី នៅ​ពេល​ដែល​ដែល​សហភាព​អឺរ៉ុប​ដាក់​ស្នើ​នូវ​ការ​ហាមឃាត់​ការ​នាំចូល​ប្រេង​ឥន្ធនៈ​ពី​រុស្ស៊ី។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ RIA របស់​រុស្ស៊ី​ដែល​យោង​លើ​សម្ដី​របស់​លោក Vladimir Dzhabarov អនុ​ប្រធាន​ទី​មួយ​នៃ​គណៈកម្មាធិការ​កិច្ចការ​អន្តរជាតិ​នៃ​ព្រឹទ្ធសភា​រុស្ស៊ី ដែល​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រទេស​ហុងគ្រី​និង​ប្រទេស​ស្លូវ៉ាគី​នឹង​អាច​បន្ត​ទិញ​ប្រេង​ឆៅ​ពី​រុស្ស៊ី​រហូត​ដល់​ដំណាច់​ឆ្នាំ ២០២៣នៅ​ក្រោម​កិច្ច​សន្យា​ដែល​មាន​ស្រាប់ ដែល​នេះ​គឺជា​ការ​លើកលែង​នៅ​ក្នុង​ការ​ហាម​ឃាត់​ការ​នាំចូល​ប្រទេស​ឥន្ធនៈ​ពី​រុស្ស៊ី​ដែល​គណៈកម្មការ​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប​បាន​ស្នើ​ឡើង​នៅ​ថ្ងៃ​ពុធ។ នេះ​បើ​យោង​តាម​ប្រភព​មួយ​ពី​សហភាព​អឺរ៉ុប​ដែល​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃ​ពុធ។
  • នៅ​ក្នុង​ការ​ស្នើ​ការដាក់​ទណ្ឌកម្ម​ជុំ​ទី៦ប្រឆាំង​នឹង​រុស្ស៊ី​ទាក់ទិន​នឹង​ការ​ធ្វើ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន លោកស្រី Ursula von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា បណ្ដា​ប្រទេស​សហភាព​អឺរ៉ុប​នឹង​ឈប់​នាំចូល​ប្រេង​ឥន្ធនៈ​និង​ប្រេង​ចម្រាញ់​ពី​រុស្ស៊ី។ លោកស្រី​បាន​បញ្ជាក់​ប្រាប់​សភា​អឺរ៉ុប​ថា៖ «យើង​នឹង​បញ្ឈប់​ការ​នាំចូល​ប្រេង​ឆៅ​ពី​រុស្ស៊ី​ជា​ដំណាក់កាល​នៅ​ក្នុង​អំឡុង​ពេល ៦ ខែ និង​ការ​នាំចូល​ប្រេង​ចម្រាញ់​នៅ​ត្រឹម​ចុង​ឆ្នាំ​នេះ»។ អ្នកស្រី​បាន​បន្ត​ថា៖ «នេះ​គឺ​ជា​ការ​ហាមឃាត់​ការ​នាំចូល​ទាំងស្រុង​នូវ​ប្រេង​ឥន្ធនៈ​របស់​រុស្ស៊ី​ទាំងអស់ ទាំង​តាម​ផ្លូវ​សមុទ្រ​និង​តាម​បំពង់​បង្ហូរ​ប្រេង ទាំង​ប្រេង​ឆៅ​និង​ប្រេង​ចម្រាញ់»។ អ្នកស្រី​បាន​បន្ថែម​ថា៖ «វា​នឹង​មិន​ងាយស្រួល​នោះទេ។ សមាជិក [សហភាព​អឺរ៉ុប] ខ្លះ​ពឹងផ្អែក​ខ្លាំង​លើ​ប្រេង​ឥន្ធនៈ​របស់​រុស្ស៊ី។ ប៉ុន្តែ​យើង​ត្រូវតែ​ធ្វើការ​លើ​រឿង​នេះ»។ សំណើ​ទណ្ឌកម្ម​នេះ​តម្រូវ​ឱ្យ​មាន​ការ​យល់ព្រម​ពី​ប្រទេស​ទាំង ២៧ នៃ​សហភាព​អឺរ៉ុប​ដើម្បី​អាច​ចូល​ជា​ធរមាន​បាន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប​លោក Charles Mechel បាន​សន្យា​នៅ​ថ្ងៃ​ពុធ​ថា​នឹង​បង្កើន​ជំនួយ​យោធា​របស់​សហភាព​អឺរ៉ុប​ដល់​ប្រទេស​ម៉ុលដាវី ដែល​នៅ​ជាប់​នឹង​ប្រទេស​អ៊ុយក្រែន។ កាលពី​ពេល​ថ្មីៗ​នេះ ប្រទេស​ម៉ុលដាវី​បាន​ប្រឈម​នឹង​ការ​វាយ​ប្រហារ​ជា​ច្រើន​នៅ​ក្នុង​តំបន់​ផ្ដាច់ខ្លួន​ដែល​មាន​ទំនោរ​ទៅ​រក​រុស្ស៊ី។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • សាកសព​ជនស៊ីវិល២០នាក់​ទៀត​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​រយៈពេល២៤ម៉ោង​ចុង​ក្រោយ​នេះ​នៅ​ក្នុង​តំបន់​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប៉ូលិស​នៅ​ថ្ងៃ​ពុធ​នេះ។ ការ​រក​ឃើញ​នេះ​បាន​ធ្វើ​ឱ្យ​ចំនួន​សាកសព​សរុប​ដែល​បាន​រក​ឃើញ​កន្លង​មក​កើន​ដល់ ១.២៣៥ នាក់។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • ក្បួន​រថយន្ត​ក្រុង​បាន​ចាកចេញ​ពី​ទីក្រុង Mariupol ប្រទេស​អ៊ុយក្រែន នៅ​ថ្ងៃ​ពុធ​ដែល​នេះ​គឺ​ជា​ការ​ព្យាយាម​ថ្មី​មួយ​របស់​ប្រទេស​អ៊ុយក្រែន អង្គការ​សហប្រជាជាតិ​និង​គណៈ កម្មាធិការ​អន្តរជាតិ​កាកបាទ​ក្រហម (ICRC) នៅ​ក្នុង​ការ​ជម្លៀស​ជន​ស៊ីវិល​ចេញ​ពី​ទីក្រុង​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អភិបាល​តំបន់ Donetsk លោក Pavlo Kyrylenko។ លោក​បាន​បន្ថែម​ថា រថយន្ត​ក្រុង​ទាំង​នេះ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទីក្រុង Zaporizhzhia ដែល​គ្រប់គ្រង​ដោយ​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ប្រជាជន​អ៊ុយក្រែន​ហូប​អាហារ​ក្រោយ​ពី​រត់ភៀសខ្លួន​ពី​ក្រុង​ Mariupol មក​ដល់​មជ្ឈមណ្ឌល​សម្រាប់​ជនភៀសខ្លួន​នៅ​ក្រុង​ Zaporizhzhia ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២២។ (AP Photo/Evgeniy Maloletka)
ប្រជាជន​អ៊ុយក្រែន​ហូប​អាហារ​ក្រោយ​ពី​រត់ភៀសខ្លួន​ពី​ក្រុង​ Mariupol មក​ដល់​មជ្ឈមណ្ឌល​សម្រាប់​ជនភៀសខ្លួន​នៅ​ក្រុង​ Zaporizhzhia ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២២។ (AP Photo/Evgeniy Maloletka)
  • ក្រសួង​ការបរទស​រុស្ស៊ី​បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ​អំពី​ការ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល អ្នក​កាសែតនិង​សាស្ត្រាចារ្យ​នៃ​ប្រទេស​ជប៉ុន​ទាំងអស់​ចំនួន៦៣នាក់​ចំពោះ​ការប្រឡូក​នៅ​ក្នុង​អ្វី​ដែល​រុស្ស៊ី​ហៅ​ថា​ជា «វោហាសាស្ត្រ​ដែល​មិន​អាច​ទទួល​យក​បាន» ប្រឆាំង​នឹង​រដ្ឋាភិបាល​រុស្ស៊ី។ បញ្ជី​ឈ្មោះ​អ្នក​ដែល​រង​ទណ្ឌកម្ម​របស់​រុស្ស៊ី​នេះ​រួម​មាន​ទាំង​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោក Yoshimasa Hayashi និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន​លោក Nobuo Kishi ផងដែរ​ក្នុង​ចំណោម​មន្ត្រី​ផ្សេងៗ​ទៀត។ ក្រសួង​ការបរទេស​រុស្ស៊ី​បញ្ជាក់​ថា ទណ្ឌកម្ម​នេះ​រារាំង​បុគ្គល​ទាំងនោះ​មិន​ឱ្យ​ចូល​មក​ក្នុង​ប្រទេស​រុស្ស៊ី​ដោយ​គ្មាន​កាល​កំណត់។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋាភិបាល​អ៊ុយក្រែន​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​រុស្ស៊ី​នៅ​ថ្ងៃ​ពុធ​ថា​មាន​គម្រោង​រៀបចំ​ក្បួន​ព្យុះហយាត្រា​យោធា​នៅ​ក្នុង​ទីក្រុងMariupol នៅ​ថ្ងៃ​ទី៩ ខែ​ឧសភា​ខាង​មុខ​ដើម្បី​ប្រារព្ធ​ជ័យជម្នះ​លើ​ពួក​ណាហ្ស៊ី​កាលពី​សម័យ​សង្គ្រាម​លោក​លើក​ទី​ពីរ។ រដ្ឋាភិបាល​អ៊ុយក្រែន​បាន​បញ្ជាក់​ថា មន្ត្រី​ម្នាក់​នៃ​រដ្ឋបាល​ប្រធានាធិបតី​រុស្ស៊ី​បាន​ទៅ​ដល់​ទីក្រុង Mariupolហើយ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • ចក្រភព​អង់គ្លេស​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​នេះ​ថា រុស្ស៊ី​បាន​ដាក់​ពង្រាយ​ក្រុម​យុទ្ធសាស្ត្រ​កង​វរសេនាតូច​ចំនួន ២២ ក្រុម​នៅ​ជិត​ទីក្រុង Izium នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយ ក្រែន ដើម្បី​រុល​ទៅ​មុខ​តាម​បណ្ដោយ​អ័ក្ស​នៅ​ភាគ​ខាង​ជើង​នៃ​តំបន់ Donbas។ ផ្នែក​ស៊ើបការណ៍​សម្ងាត់​យោធា​របស់​ចក្រភព​អង់គ្លេស​បាន​បញ្ជាក់​នៅ​លើ Twitter ថា រុស្ស៊ី​ទំនង​ជា​អាច​មាន​បំណង​រំកិល​ផុត​ពី​ទីក្រុង Izium ដើម្បី​ដណ្ដើម​កាន់កាប់​ទីក្រុង Kramatorsk និង​ទីក្រុង Severodonetsk។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • កង​កម្លាំង​នៃ​ប្រទេស​បេឡារុស​បាន​ចាប់ផ្ដើម​ការ​ធ្វើ​សមយុទ្ធ​បន្ទាន់​នៅ​ថ្ងៃ​ពុធ​ដើម្បី​សាក​សមត្ថភាព​ត្រៀម​ប្រយុទ្ធ​របស់​ខ្លួន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន TASS របស់​រុស្ស៊ី ដែល​បាន​យោង​លើ​ការ​លើកឡើង​របស់​ក្រសួង​ការពារ​ជាតិ​បេឡារុស។ នៅ​ក្នុង​ស្ថានភាព​នៃ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ក្រសួង​ការពារ​ជាតិ​បេឡា រុស​ថា ការ​ធ្វើ​សមយុទ្ធ​នេះ​មិន​បង្ក​ជា​ការ​គំរាមកំហែង​ចំពោះ​ប្រទេស​ជិតខាង​ខ្លួន​ឬ​ក៏​ចំពោះ​សហគមន៍​ជា​ទូទៅ​នៅ​ទ្វីប​អឺរ៉ុប​នោះ​ទេ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោកAntony Blinkenនិង​រដ្ឋមន្ត្រី​ការបរទេស​ចក្រភព​អង់គ្លេស​លោកស្រី Liz Truss បាន​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​អង្គារ​អំពី​ការគាំទ្រ​ប្រទេស​អ៊ុយក្រែន។ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​លោក Ned Price បាន​និយាយ​ថា ប្រមុខ​ការទូត​ទាំង​ពីរ​បាន​ពិភាក្សា​អំពី«ជំនួយ​ផ្នែក​សន្តិសុខ​និង​ផ្នែក​មនុស្សធម៌​បន្ថែម​ទៀត​សម្រាប់​អ៊ុយក្រែន​និង​សាមគ្គីភាព​រវាង​បណ្ដា​ប្រទេស​នៅ​ជុំវិញ​មហា​សមុទ្រ​អាត្លង់ទិក​ជា​បន្ត»ក៏​ដូចជា «ផល​វិបាក​ផ្នែក​សេដ្ឋកិច្ច​លើ​ប្រទេស​ណា​ដែល​នៅ​បន្ត​ផ្ដល់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​និង​សម្ភារ​ដែល​ជួយ​ដល់​ការ​ធ្វើ​សង្គ្រាម​របស់​រុស្ស៊ី​ប្រឆាំង​នឹង​អ៊ុយក្រែន» ផងដែរ។
  • ប្លុក​ពីរ​នៃ​បណ្ដា​ប្រទេស​នៅ​តំបន់​អាមេរិក​កណ្ដាល​និង​តំបន់​ការ៉ាអ៊ីប​កាលពី​ថ្ងៃ​អង្គារ​បាន​ថ្កោលទោស​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ហើយ​បាន​ព្រមាន​អំពី​ផល​ប៉ះពាល់​នៃ​សង្គ្រាម​នេះ​លើ​តំបន់​អាមេរិក​កណ្ដាល​និង​តំបន់​ការ៉ាអ៊ីប។ នៅ​ក្នុង​ការ​ថ្លែង​សម្រាប់​សហគមន៍​ប្រទេស​តំបន់​ការ៉ាអ៊ីប(CARICOM)ដែល​ជា​អង្គការ​អន្តរ​រដ្ឋាភិបាល​តំណាង​ឱ្យ​ប្រទេស​ភាគ​ច្រើន​នៃ​តំបន់​ការ៉ាអ៊ីប រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​បេលី​លោក Eamon Courtenay បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​ថា៖ «យើង​ទាមទារ​ឱ្យ​មាន​ការ​បញ្ឈប់​អរិភាព​ពាក់ព័ន្ធ​ទៅ​នឹង​បូរណភាព​ទឹកដី​និង​អធិបតេយ្យភាព​របស់​ប្រទេស​អ៊ុយក្រែន»។ ចំណែក​ឯ​រដ្ឋមន្ត្រី​ការបរទេស​ប៉ាណាម៉ា​វិញ​បាន​ថ្លែង​ថា អង្គការ​ប្រព័ន្ធ​សមាហរណកម្ម​តំបន់​អាមេរិក​កណ្ដាល (SICA) ដែល​មាន​ប្រទេស​ទាំង​អស់​នៅ​ក្នុង​តំបន់​ជា​សមាជិក «ថ្កោលទោស​ខ្លាំងក្លា​លើ​ការ​ប្រើ​កម្លាំង​និង​អំពើ​ហិង្សា» របស់​រុស្ស៊ី។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
២១:៥០ ៥.៥.២០២២

ថ្ងៃព្រហស្បតិ៍ ទី ៥ ខែឧសភា៖

  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​អញ្ជើញ​អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz និង​ប្រធានាធិបតី​អាល្លឺម៉ង់​លោក Frank-Walter Steinmeier ឱ្យ​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ខុទ្ទកាល័យ​ប្រធានាធិបតី​អាល្លឺម៉ង់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ លោក Zelenskyy បាន​ផ្ដល់​ការ​អញ្ជើញ​ដូច​នេះ​នៅ​ក្នុង​អំឡុង​ពេល​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​នឹង​លោក Steinmeier នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ នេះ​បើ​យោង​តាម​ប្រភព​មួយ​មក​ពី​ខុទ្ទកាល័យ​ប្រធានាធិបតី​អាល្លឺម៉ង់​ដែល​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Naftali Bennett បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​សុំទោស​ចំពោះ​ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​ដែល​ថា​មេដឹកនាំ​ផ្ដាច់ការ​ណាហ្ស៊ី​លោក Adolf Hitler មាន​ដើម​កំណើត​ជា​ជាតិ​សាសន៍​ជ្វីហ្វ។ បន្ទាប់ពី​បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​នឹង​លោក Putin មក លោក Bennett បាន​បញ្ជាក់​ថា លោក​ទទួល​យក​ការ​សុំទោស​របស់​លោក Putin នេះ និង​បាន​អរគុណ​លោក Putin ចំពោះ​ការ​បញ្ជាក់​អំពី​គោល​ជំហរ​របស់​លោក។ លោក Bennett ក៏​បាន​និយាយ​ផងដែរ​ថា លោក​បាន​ស្នើ​លោក Putin ឱ្យ​ពិចារណា​អនុញ្ញាត​ឱ្យ​មាន​ការ​ជម្លៀស​ជន​ស៊ីវិល​ចេញ​ពី​រោងចក្រ​ដែកថែប Azovstal ក្នុង​ទីក្រុង Mariupol ប្រទេស​អ៊ុយក្រែន។ លោក Bennett បាន​លើកឡើង​ថា លោក​បាន​ស្នើ​ដូច្នេះ​បន្ទាប់ពី​លោក​បាន​សន្ទនា​នៅ​មុន​ការ​ស្នើ​នេះ​ជាមួយ​នឹង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy និង​ថា លោក Putin បាន​សន្យា​ថា​នឹង​បង្កើត​ច្រក​របៀង​សម្រាប់​ជម្លៀស​ជន​ស៊ីវិល។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Naftali Bennett នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ពិភាក្សា​គ្នា​អំពី​វិបត្តិ​អ៊ុយក្រែន​និង​អំពី​អំពើ​ប្រល័យ​ពូជសាសន៍ Holocaust ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី​ពីរ នៅ​ចំ​ពេល​ដែល​មាន​ភាព​តានតឹង​ទាក់ទិន​នឹង​ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​កាលពី​ថ្ងៃ​អាទិត្យ​ដែល​ថា​មេដឹកនាំ​ផ្ដាច់ការ​ណាហ្ស៊ី​លោក Adolf Hitler មាន​ឈាម​ជ័រ​ជា​ជាតិ​សាសន៍​ជ្វីហ្វ។ រដ្ឋាភិបាល​រុស្ស៊ី​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «ការ​ផ្ដោះប្ដូរ​យោបល់​គ្នា​បែប​ស៊ី​ជម្រៅ​អំពី​ស្ថានភាព​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​បាន​បន្ត​ធ្វើ​ឡើង»។ រដ្ឋាភិបាល​រុស្ស៊ី​បាន​បន្ថែម​ថា មេដឹកនាំ​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​គ្នា​ផងដែរ​អំពី «អនុស្សាវរីយ៍​ជា​ប្រវត្តិសាស្ត្រ» និង​អំពី​អំពើ​ប្រល័យ​ពូជសាសន៍ Holocaust។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Naftali Bennett ក្នុង​អំឡុង​កិច្ចប្រជុំ​របស់​ពួកគេ​ក្នុង​ទីក្រុង Sochi ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។
រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Naftali Bennett ក្នុង​អំឡុង​កិច្ចប្រជុំ​របស់​ពួកគេ​ក្នុង​ទីក្រុង Sochi ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។
  • រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov គួរតែ​សុំទោស​ជា​សាធារណៈ​ចំពោះ​ជាតិ​សាសន៍​ជ្វីហ្វ​ទាំង​អស់​នៅ​ជុំវិញ​ពិភពលោក​ទាក់ទិន​នឹង​ការ​លើកឡើង​របស់​លោក​ដែល​ថា​មេដឹកនាំ​ផ្ដាច់ការ​ហាហ្ស៊ី​លោក Adolf Hitler មាន​ឈាម​ជ័រ​ជា​ជាតិសាសន៍​ជ្វីហ្វ។ លោក Kuleba បាន​សរសេរ​នៅ​លើ Twitter ដូច្នេះ​ថា៖ «រដ្ឋមន្ត្រី​ការបរទេស​អ៊ីស្រាអែល​លោក Yair Lapid និង​ខ្ញុំ​មាន​ការ​ខឹង​សម្បារ​នឹង​ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​ដែល​មាន​លក្ខណៈ​ប្រឆាំង​នឹង​ជាតិ​សាសន៍​ជ្វីហ្វ។ ខ្ញុំ​សង្កត់​ធ្ងន់​ថា គំនិត​បែប​ប្រឆាំង​នឹង​ជាតិ​សាសន៍​ជ្វីហ្វ​របស់​ឥស្សរជន​រុស្ស៊ី​មាន​ប្រវត្តិ​ជា​យូរ​មក​ហើយ។ វិធី​កែ​ខ្លួន​តែ​មួយ​គត់​សម្រាប់​លោក Lavrov គឺ​លោក​ត្រូវ​សុំទោស​ជា​សាធារណៈ​ចំពោះ​ជាតិសាសន៍​ជ្វីហ្វ​ទាំងអស់។ ពាក្យ​ប្រឆាំង​នឹង​ជាតិ​សាសន៍​ជ្វីហ្វ​ណា​មួយ​គឺ​មិន​អាច​អត់ឱន​ឱ្យ​បាន​នោះទេ»។ នេះ​បើ​យោង​តាម​បណ្ដាញទូរទស្សន៍​ CNN។
  • បណ្ដា​ប្រទេស​ជា​សមាជិក​អង្គការ​សុខភាព​ពិភពលោក (WHO) នឹង​ពិចារណា​លើ​សេចក្ដី​សម្រេច​មួយ​ប្រឆាំង​នឹង​រុស្ស៊ី​នៅ​សប្ដាហ៍​ក្រោយ បន្ទាប់ពី​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន។ សេចក្ដី​សម្រេច​នោះ​ក៏​រួម​មាន​ទាំង​លទ្ធភាព​ដែល​អាច​ឈាន​ទៅ​ដល់​ការ​បិទ​ទីស្នាក់ការ​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​ដ៏​ចម្បង​មួយ​នៅ​ក្នុង​ទីក្រុង​មូស្គូ​ផងដែរ។ នេះ​បើ​យោង​តាម​ឯកសារ​មួយ​ដែល​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ទទួល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ សេចក្ដី​ព្រាង​នៃ​សេចក្ដី​សម្រេច​នេះ ដែល​រៀបចំ​ឡើង​ភាគច្រើន​ដោយ​មន្ត្រី​ការទូត​សហភាព​អឺរ៉ុប​និង​បាន​ដាក់​ជូន​ការិយាល័យ​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ទ្វីប​អឺរ៉ុប​នៅ​សប្ដាហ៍​នេះ បាន​ធ្វើ​ឡើង​បន្ទាប់ពី​មាន​សំណើ​ពី​ប្រទេស​អ៊ុយក្រែន។ សេចក្ដី​ព្រាង​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ប្រទេស​ជា​សមាជិក​អង្គការ​សុខភាព​ពិភពលោក​យ៉ាង​តិច ៣៨ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ប្រទេស​តួកគី បារាំង និង​អាល្លឺម៉ង់​ផងដែរ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • អគ្គមេបញ្ជាការ​កងទ័ព​អ៊ុយក្រែន​លោក​នាយ​ឧត្តមសេនីយ៍ Valeriy Zaluzhnyi បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប្រទេស​របស់​លោក​ត្រូវការ​ប្រព័ន្ធ​បាញ់​រ៉ុក្កែត (MLRS) ជា​ច្រើន ដើម្បី​ការពារ​ប្រឆាំង​នឹង​មីស៊ីល​ស្វ័យ​នាំ​ផ្លូវ​របស់​រុស្ស៊ី។ លោក Zaluzhnyi បាន​បញ្ជាក់​ដូច្នេះ បន្ទាប់ពី​លោក​បាន​ប្រាប់​ប្រធាន​ក្រុម​នាយ​សេនាធិការ​កងទ័ព​សហរដ្ឋ​អាមេរិក​លោក​នាយ​ឧត្តមសេនីយ៍ Mark Milley អំពី​ស្ថានភាព​យោធា​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ថា រុស្ស៊ី​បាន​ចាប់ផ្ដើម​ប្រើ​ការ​វាយ​ប្រហារ​ជា​ថ្មី​ដោយ​មីស៊ីល​ស្វ័យ​នាំ​ផ្លូវ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • អគ្គលេខាធិការ​អង្គការ​អូតង់ (NATO) លោក Jens Stoltenberg បាន​បញ្ជាក់​ប្រាប់​ទូរទស្សន៍ SVT របស់​ប្រទេស​ស៊ុយអែត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា អង្គការ​អូតង់​នឹង​បង្កើន​វត្តមាន​របស់​ខ្លួន​នៅ​ជុំវិញ​ព្រំដែន​របស់​ស៊ុយអែត​និង​នៅ​ក្នុង​សមុទ្រ​បាល់ទិក នៅ​ពេល​ណា​ដែល​ប្រទេស​ស៊ុយអែត​ដាក់​ពាក្យ​សុំចូល​ជា​សមាជិក​របស់​អង្គការ​អូតង់​ហើយ​ពាក្យ​សុំ​នោះ​កំពុង​ដំណើរការ។ ប្រទេស​ស៊ុយអែត​និង​ប្រទេស​ហ្វាំងឡង់​មិន​ទាន់​ចូល​ជា​សមាជិក​របស់​អង្គការ​អូតង់​នៅ​ឡើយ​ទេ ប៉ុន្តែ​ដោយសារតែ​រុស្ស៊ី​បាន​ភ្ជាប់​យក​តំបន់ Crimea របស់​ប្រទេស​អ៊ុយក្រែន​កាលពី​ឆ្នាំ ២០១៤ និង​ដោយសារតែ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​នៅ​ពេល​បច្ចុប្បន្ន​នេះ បាន​ធ្វើ​ឱ្យ​ស៊ុយអែត​និង​ហ្វាំងឡង់​ពិចារណា​ឡើង​វិញ​អំពី​គោល​នយោបាយ​សន្តិសុខ​របស់​ពួកគេ ដោយ​ពួកគេ​នឹង​ទំនង​ជា​ចូល​ជា​សមាជិក​របស់​អង្គការ​អូតង់។ លោក Stoltenberg និយាយ​ដូច្នេះ​ថា៖ «ខ្ញុំ​ជឿ​ថា យើង​នឹង​ស្វែងរក​ដំណោះស្រាយ​សម្រាប់​តម្រូវការ​ផ្នែក​សន្តិសុខ​ដែល​ប្រទេស​ស៊ុយអែត​នឹង​មាន​នៅ​ក្នុង​ដំណាក់កាល​អន្តរកាល​មួយ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • នាយករដ្ឋមន្ត្រី​អ៊ុយក្រែន​លោក Denys Shmyhal បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប្រទេស​អ៊ុយក្រែន​ទទួល​បាន​ជំនួយ​ជាង ១២ ពាន់​លាន​ដុល្លារ​ជា​សព្វាវុធ​និង​ហិរញ្ញវត្ថុ តាំង​ពី​ពេល​ដែល​រុស្ស៊ី​បាន​ចាប់ផ្ដើម​ឈ្លានពាន​ពេញ​ទំហឹង​លើ​ខ្លួន​កាលពី​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ​មក។ នៅ​ក្នុង​ការ​ថ្លែង​នៅ​ឯ​សន្និសីទកម្រិត​ខ្ពស់​របស់​អ្នក​បរិច្ចាគ​ជំនួយ​នៅ​ក្នុង​រដ្ឋធានី​វ៉ាសូវី ប្រទេស​ប៉ូឡូញ រួម​ជាមួយ​នឹង​មេដឹកនាំ​នៃ​ប្រទេស​ប៉ូឡូញ ស៊ុយអែត និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប លោក Shmyhal បាន​ថ្លែង​អំណរគុណ​ដល់​មេដឹកនាំ​ទាំង​នេះ​សម្រាប់​ការ​គាំទ្រ​មិន​ងាករេ​របស់​ពួកគេ​ចំពោះ​ប្រទេស​អ៊ុយក្រែន​នៅ​ក្នុង​អំឡុង​ពេល​សង្គ្រាម​នេះ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • នាយករដ្ឋមន្ត្រី​ប៉ូឡូញ​លោក Mateusz Morawiecki បាន​និយាយ​ថា ថវិកា​ចំនួន ៦.៥០០ លាន​ដុល្លារ​អាមេរិក​ត្រូវ​បាន​រៃ​អង្គាស​នៅ​ក្នុង​សន្និសីទ​អ្នក​បរិច្ចាគ​ជំនួយ​អន្តរជាតិ​មួយ​នៅ​ក្នុង​ទីក្រុង​វ៉ាសូវី ប្រទេស​ប៉ូឡូញ ដើម្បី​ផ្ដល់​ការ​ជួយ​ជ្រោមជ្រែង​ផ្នែក​មនុស្សធម៌​ដល់​ប្រទេស​អ៊ុយក្រែន​ដែល​ហែកហួរ​ដោយសារ​សង្គ្រាម។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Associated Press។ សន្និសីទ​នេះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​និង​បាន​សហ​រៀបចំ​ដោយ​ប្រទេស​ប៉ូឡូញ​និង​ស៊ុយអែត និង​មាន​ការ​ចូលរួម​ពី​នាយករដ្ឋមន្ត្រី​និង​ឯក​អគ្គរដ្ឋទូត​តំណាង​ឱ្យ​បណ្ដា​ប្រទេស​ជា​ច្រើន​នៅ​អឺរ៉ុប ក៏​ដូចជា​ពី​ប្រទេស​ដែល​នៅ​ឆ្ងាយ​ពី​អឺរ៉ុប​នឹង​ពី​ក្រុមហ៊ុន​ជំនួញ​មួយ​ចំនួន​ផងដែរ។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy នៅ​ថ្ងៃ​ព្រហស្បតិ៍​បាន​ចាប់ផ្ដើម​វេទិកា​រៃ​អង្គាស​ប្រាក់​ជា​សាកល​មួយ​ដើម្បី​ជួយ​រដ្ឋាភិបាល​អ៊ុយក្រែន​ឱ្យ​ឈ្នះ​សង្គ្រាម​ប្រឆាំង​នឹង​រុស្ស៊ី និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស​អ៊ុយក្រែន​ឡើង​វិញ។ លោក Zelenskyy បាន​និយាយ​នៅ​ក្នុង​វីដេអូ​មួយ​ដែល​បង្ហោះ​នៅ​លើ​ទំព័រ Twitter របស់​លោក​ថា៖ «ដោយ​គ្រាន់តែ​ចុច​ប៊ូតុង​មួយ​ប៉ុណ្ណោះ អ្នក​អាច​បរិច្ចាគ​ថវិកា​ដើម្បី​ជួយ​ការពារ​អ្នក​ការពារ​របស់​យើង ដើម្បី​ជួយ​សង្គ្រោះ​ជន​ស៊ីវិល​របស់​យើង និង​ដើម្បី​កសាង​ប្រទេស​អ៊ុយក្រែន​ឡើង​វិញ»។ វេទិកា​ដែល​លោក Zelenskyy បាន​ចាប់ផ្ដើម​អនុវត្ត​នេះ​មាន​ឈ្មោះ «United24» ដែល​មាន​វេបសាយ u24.gov.ua។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • លោក Charles Michel ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប​បាន​បញ្ជាក់​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា សហភាព​អឺរ៉ុប​គួរលក់​ទ្រព្យ​សម្បត្តិ​របស់​រុស្ស៊ី​ដែល​ខ្លួន​រឹបអូស​បាន​ដើម្បី​បាន​ថវិកា​យក​ទៅ​ជួយ​កសាង​ប្រទេស​អ៊ុយក្រែន​ដែល​ខ្ទេចខ្ទាំ​ដោយសារ​សង្គ្រាម​របស់​រុស្ស៊ី។ លោក Michel បាន​ប្រាប់​ទីភ្នាក់ ងារ​ព័ត៌មាន Intefax-Ukraine ថា៖ «តាម​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ខ្ញុំ​ជឿ​ថា នេះ​គឺពិត ជា​សំខាន់​ដោយសារ​តែ​មិន​ត្រឹមតែ​បង្កក​ទ្រព្យសម្បត្តិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​រឹប អូស​ទ្រព្យ​សម្បត្តិ​និង​លក់​យក​ថវិកា​ដើម្បី​កសាង​ប្រទេស​អ៊ុយក្រែន​ឡើង​វិញ​ផងដែរ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • លោកស្រី Barbara Pompili រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​និង​ថាមពល​នៃ​ប្រទេស​បារាំង បាន​បញ្ជាក់​នៅ ថ្ងៃ​ព្រហស្បតិ៍​ថា លោកស្រី​មាន​ទំនុកចិត្ត​ថា បណ្ដា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​នឹង​សម្រេចបាន​នូវ​ការ​មូល​មតិ​គ្នា​នៅ​ត្រឹម​ចុង​សប្ដាហ៍​នេះ​លើ​វិធី​បញ្ចប់​ការ​នាំ​ចូល​ប្រេង​ឥន្ធនៈ​ពី​រុស្ស៊ី។ លោកស្រី​បាន​ថ្លែង​ប្រាប់​វិទ្យុFrance Infoរបស់​បារាំង​ថា៖ «ប្រទេស​ខ្លះ​ពឹងផ្អែក​លើ​ប្រេង​ឥន្ធនៈ​របស់​រុស្ស៊ី​ជាង​ប្រទេស​ផ្សេង​ទៀត។ ដូច្នេះ​ហើយ យើង​ត្រូវតែ​ព្យាយាម​ស្វែងរក​ដំណោះស្រាយ ដើម្បី​ឱ្យ​ប្រទេស​ទាំងនោះ​អាច​ចូលរួម​មូល​មតិ​គ្នា​បាន​លើ​ទណ្ឌកម្ម​ទាំង​នេះ។ ខ្ញុំ​គិត​ថា យើង​គួរតែ​អាច​ធ្វើ​វា​បាន»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋាភិបាល​រុស្ស៊ី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ចោទ​ប្រកាន់​ក្រុម​បស្ចិម​ប្រទេស​ថា​បាន​រារាំង​មិន​ឱ្យ​យុទ្ធនាការ​យោធា​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​បញ្ចប់​ទៅ «បាន​លឿន» ដោយសារ​ក្រុម​បស្ចិម​ប្រទេស​បាន​ផ្គត់ផ្គង់​សព្វាវុធ​ដល់​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • នាយករដ្ឋមន្ត្រី​ជប៉ុន​លោកFumio Kishida បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​បាន​ថ្កោលទោស​ខ្លាំងក្លា​បំផុត​ចំពោះ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ លោក​បាន​បន្ថែម​ថាការ​ឈ្លានពាន​របស់​រុស្ស៊ី​នេះ​គឺ​ស្មើ​នឹង​ឧក្រិដ្ឋកម្ម​សង្គ្រាម។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ លោក Kishida ថ្លែង​ដូច្នេះ​នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស បន្ទាប់ពី​លោក​បាន​ធ្វើ​ទស្សនកិច្ច​រយៈពេល​វែង​មួយ​ទៅ​កាន់​តំបន់​អាស៊ី​អាគ្នេយ៍។ មន្ត្រី​រដ្ឋាភិបាល​ជប៉ុន​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ជប៉ុន​បាន​សង្ឃឹម​ថា​នឹង​រៀបចំ​ការ​ពិភាក្សា​អំពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី និង​កៀរគរ​ការ​ឆ្លើយតប​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ចំពោះ​ការ​ឈ្លានពាន​នេះ ដែល​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នោះ​គឺ​មាន​តែ​ប្រទេស​សិង្ហបុរី​មួយ​តែ​ប៉ុណ្ណោះ​ដែល​បាន​ចូលរួម​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រុស្ស៊ី។
  • លោក Koichi Hagiuda រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្មនិង​ឧស្សាហកម្ម​នៃ​ប្រ ទេស​ជប៉ុន បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប្រទេស​ជប៉ុន​នឹង​ប្រឈម​នឹង «ការ​លំបាក» ប្រសិនបើ​អនុវត្ត​តាម​ភ្លាមៗ​នូវ​វិធានការ​នៃ​ការ​កាត់ផ្ដាច់​ការ​នាំចូល​ប្រេង​ឥន្ធនៈ​ពី​ប្រទេស​រុស្ស៊ី​ទាក់ទិន​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ លោក Hagiudaបាន​ថ្លែង​ដូច្នេះ​នៅ​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​រដ្ឋធានី​វ៉ាស៊ីន តោន សហរដ្ឋ​អាមេរិក បន្ទាប់ពី​គណៈកម្មការ​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប​បាន​ស្នើ​កាលពី​ថ្ងៃ​ពុធ​នូវ​កញ្ចប់​ទណ្ឌកម្ម​តឹងតែង​បំផុត​ប្រឆាំង​នឹង​រុស្ស៊ី ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ហាម​ឃាត់​ការ​នាំចូល​ប្រេង​ឆៅ​ពី​រុស្ស៊ី​ផងដែរ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​នឹង​ទីភ្នាក់ងារ​ព័ត៌មាន Associated Press នៅ​ក្នុង​រដ្ឋធានី​មីនស្កិ៍ ប្រទេស​បេឡារុស នៅ​ថ្ងៃ​ព្រហស្បតិ៍ ប្រធានាធិបតី​បេឡារុស​លោក Alexander Lukashenko បាន​និយាយ​ថា លោក​មិន​គិត​ថា​សកម្មភាព​យោធា​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន «អូស​បន្លាយ​យូរ​ដូច្នេះ​ទេ»។ ស្រប​ពេល​នោះ​ដែរ លោក Lukashenko បាន​ចោទ​ប្រកាន់​ប្រទេស​អ៊ុយក្រែន​ថា​បាន «បង្ក​ហេតុ​ជាមួយ​រុស្ស៊ី» និង​មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​ចរចា​សន្តិភាព។
  • ក្រសួង​ការពារ​ជាតិ​ចក្រភព​អង់គ្លេស​បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ដោយសារ​កង​កម្លាំង​នៅ​ក្នុង​ប្រទេស​បេឡារុស​ធ្វើ​សមយុទ្ធ​យោធា​ជា​ប្រចាំ រុស្ស៊ី​ទំនង​ជា «ពង្រីក​ការ​គំរាម​កំហែង» ដែល​បេឡារុស​បាន​បង្ក​ឡើង«ចំពោះ​អ៊ុយក្រែន» នេះ ក្នុង​គោល​បំណង​ធ្វើ​ឱ្យ​អ៊ុយក្រែន​រក្សា​កង​កម្លាំង​របស់​ខ្លួន​បន្ថែម​ទៀត​នៅ​ភាគ​ខាង​ជើង​ប្រទេស​ដើម្បី​កុំ​ឱ្យ​អ៊ុយក្រែន​អាច​ពង្រាយ​កងទ័ព​ទៅ​កាន់​ផ្នែក​ភាគ​ខាង​កើត​នៃ​ប្រទេស​បាន។
  • រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា កាំភ្លើង​ធំ​របស់​ខ្លួន​បាន​បាញ់​ចំ​ទីតាំង​និង​បន្ទាយ​របស់​ប្រទេស​អ៊ុយក្រែន​ជា​ច្រើន​កន្លែង​កាលពី​យប់​មិញ ដោយ​បាន​សម្លាប់​យុទ្ធជន​អ៊ុយក្រែន​ជាង ៦០០ នាក់។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • លោក Vyacheslav Gladkov អភិបាល​តំបន់ Belgorod នៃ​ប្រទេស​រុស្ស៊ី បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ភូមិ​ពីរ​នៅ​ក្នុង​តំបន់ Belgorod ជាប់​នឹង​ព្រំដែន​ប្រទេស​អ៊ុយ ក្រែន ត្រូវ​បាន​កង​កម្លាំង​អ៊ុយក្រែន​បាញ់​ផ្លោង​ដាក់។ លោក​បាន​បន្ថែម​ថា មិន​មាន​ជន​ស៊ីវិល​ណា​ម្នាក់​បាន​ស្លាប់​និង​រង​របួស​ដោយសារ​ការ​បាញ់​ផ្លោង​របស់​អ៊ុយក្រែន​នេះ​ទេ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • លោក Serhiy Gaidai អភិបាល​តំបន់ Luhansk នៃ​ប្រទេស​អ៊ុយក្រែន បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ជន​ស៊ីវិល៥នាក់ ត្រូវ​បាន​សម្លាប់​ដោយសារ​ការ​បាញ់​ផ្លោង​របស់​កងទ័ព​រុស្ស៊ី​នៅ​ក្នុង​តំបន់ Luhansk នៅ​ក្នុង​រយៈពេល ២៤ ម៉ោង​ចុងក្រោយ​នេះ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​បាន​និយាយ​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Naftali Bennett និង​បាន​ពិភាក្សា​អំពី «ការ​លើកឡើង​ដែល​ធ្វើ​ឱ្យ​មាន​ការ​ខឹង​សម្បារ​និង​មិន​អាច​ទទួល​យក​បាន​ទាំងស្រុង» របស់​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ ដែល​ថា​មេដឹកនាំ​ផ្ដាច់ការ​ណាហ្ស៊ី​លោក Adolf Hitler មាន​ឈាម ជ័រ​ជា​ជាតិ​សាសន៍​ជ្វីហ្វ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​បញ្ជាក់​នៅ​ក្នុង​សុន្ទរកថា​មួយ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ថា កិច្ច​ឈប់​វាយ​ប្រយុទ្ធ​គ្នា​រយៈពេល​វែង​គឺ​ត្រូវការ​ជា​ចាំបាច់ ​ដើម្បី​ជម្លៀស​ជន​ស៊ីវិល​ដែល​នៅ​សេសសល់​នៅ​ក្នុង​ទីក្រុង Mariupol។ លោក​និយាយ​ដូច្នេះ​ថា៖ «វា​ត្រូវការ​ពេល​ដើម្បី​ជម្លៀស​មនុស្ស​ចេញ​ពី​ជម្រក​ក្រោម​ដី​ទាំង នោះ។ ក្នុង​ស្ថានភាព​បច្ចុប្បន្ន យើង​មិន​អាច​ប្រើ​ឧបករណ៍​ធុន​ធ្ងន់​ដើម្បី​រើ​កកាយ​ចេញ​នូវ​កម្ទេចកម្ទី​បាក់បែក​នោះ​ឡើយ។ ទាំងអស់​នេះ​គឺ​ត្រូវ​ធ្វើ​ដោយ​ដៃ»។
  • រដ្ឋាភិបាល​រុស្ស៊ី​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​ដែល​ថា​កងទ័ព​រុស្ស៊ី​បាន​សម្រុក​ចូល​រោងចក្រ​ដែកថែប Azovstal នៅ​ក្នុង​ទីក្រុង Mariupol ប្រទេស​អ៊ុយក្រែន និង​បាន​បញ្ជាក់​ថា ច្រក​របៀង​មនុស្សធម៌​មាន​ដំណើរការ​នៅ​ទីនោះ​នៅ​ថ្ងៃ​ព្រហស្បតិ៍។ នៅ​ពេល​សួរ​ថា​តើ​ការ​អះអាង​របស់​មន្ត្រី​ជាន់ខ្ពស់​អ៊ុយក្រែន​ម្នាក់​ដែល​ថា​កងទ័ព​រុស្ស៊ី​បាន​ទម្លាយ​ចូល​ទៅ​ក្នុង​បរិវេណ​របស់​រោងចក្រ​នោះ​គឺ​ជា​រឿង​ពិត​ឬ​ក៏​យ៉ាង​ណា​នោះ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​លោកDmitry Peskov បាន​ឱ្យ​អ្នក​សារព័ត៌មាន​យោង​លើ​បទ​បញ្ជា​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin កាលពី​លើក​មុន ដែល​បញ្ជា​មិន​ឱ្យ​កងទ័ព​រុស្ស៊ី​សម្រុក​ចូល​ក្នុង​រោងចក្រ​នោះ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
ផ្សែងហុយចេញពីរោងចក្រ​ដែកថែប Azovstal នៅ​ក្នុង​ទីក្រុង Mariupol ប្រទេស​អ៊ុយក្រែន ក្នុងទឹកដីក្រោមរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិត Donetsk ភាគខាងកើតអ៊ុយក្រែន ថ្ងៃពុធ ទី ៤ ឧសភា ឆ្នាំ ២០២២។
ផ្សែងហុយចេញពីរោងចក្រ​ដែកថែប Azovstal នៅ​ក្នុង​ទីក្រុង Mariupol ប្រទេស​អ៊ុយក្រែន ក្នុងទឹកដីក្រោមរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិត Donetsk ភាគខាងកើតអ៊ុយក្រែន ថ្ងៃពុធ ទី ៤ ឧសភា ឆ្នាំ ២០២២។
  • រដ្ឋាភិបាល​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ខ្លួន​បាន​ដឹង​ថា​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​សមាជិក​អង្គការ​អូតង់ (NATO) ផ្សេង​ទៀតបាន​ផ្ដល់​ព័ត៌ មាន​ស៊ើបការណ៍​សម្ងាត់​ជា​បន្ត​រហូត​ដល់​កងទ័ព​អ៊ុយក្រែន និង​ថា​ករណី​នេះ​នឹង​មិន​អាច​បញ្ឈប់​រុស្ស៊ី​នៅ​ក្នុង​ការ​សម្រេច​ឱ្យ​បាន​តាម​គោល​បំណង​របស់​ខ្លួន​ឡើយ។ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​លោក Dmitry Peskov មាន​ប្រតិកម្ម​បែប​នេះ​តប​ទៅ​នឹង​សេចក្ដី​រាយការណ៍​របស់​កាសែត New York Times ដែល​ថា សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​ព័ត៌ មាន​ស៊ើបការណ៍​សម្ងាត់​ដែល​អាច​ជួយ​កង​កម្លាំង​អ៊ុយក្រែន​ឱ្យ​សម្លាប់​នាយ​ឧត្តម សេនីយ៍​យោធា​រុស្ស៊ី​ជាច្រើន​នាក់​នៅ​ក្នុង​សង្គ្រាម​នៅ​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់​ដែល​អាច​ជួយ​កង​កម្លាំង​អ៊ុយ ក្រែន​ឱ្យ​សម្លាប់​នាយ​ឧត្តមសេនីយ៍​យោធា​រុស្ស៊ី​ជាច្រើន​នាក់​នៅ​ក្នុង​សង្គ្រាម​នៅ​អ៊ុយ ក្រែន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​កាសែត The New York Times កាលពី​ថ្ងៃ​ពុធ ដោយ​យោង​លើ​មន្ត្រី​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក។ កាសែត​នេះ​បាន​រាយ ការណ៍​ថា រដ្ឋាភិបាល​អាមេរិក​បាន​ផ្ដល់​ឱ្យ​អ៊ុយក្រែន​នូវ​ព័ត៌មាន​លំអិត​អំពី​ការ​ចល័ត​កងទ័ព​របស់​រុស្ស៊ី​ដែល​គេ​រំពឹង​ទុក និង​អំពី​ទីតាំង​និង​ព័ត៌មាន​លំអិត​ផ្សេង​ទៀត​អំពី​បញ្ជាការដ្ឋាន​យោធា​ចល័ត​របស់​រុស្ស៊ី ហើយ​អ៊ុយក្រែន​បាន​បញ្ចូល​ព័ត៌មាន​ទាំង​នេះ​ជាមួយ​នឹង​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់​របស់​ខ្លួន​ដើម្បី​ធ្វើ​ការ​វាយ​ប្រហារ​ដោយ​កាំភ្លើង​ធំ​និង​ការ​វាយ​ប្រហារ​ផ្សេងៗ​ទៀត​ដែល​បាន​សម្លាប់​មន្ត្រី​យោធា​រុស្ស៊ី។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
២២:២៧ ៦.៥.២០២២

ថ្ងៃសុក្រ ទី៦ ខែឧសភា៖

  • ប្រធាន​គោល​នយោបាយ​ការ​បរទេស​របស់​សហភាព​អឺរ៉ុប លោក Josep Borrell បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា កិច្ច​ប្រជុំ​នៃ​រដ្ឋមន្ត្រី​ការបរទេស​សហភាព​អឺរ៉ុប​នឹង​ធ្វើ​ឡើង​នៅ​សប្តាហ៍​ក្រោយ ប្រសិន​បើ​ប្រទេស​មក​ពី​ប្លុក​នេះ​បរាជ័យ​ក្នុង​ការ​ឈាន​ដល់​កិច្ចព្រមព្រៀង​ស្តីពី​ហាមប្រាមការ​ទិញប្រេង​ប្រឆាំង​នឹង​រុស្ស៊ី​នៅ​ចុង​សប្តាហ៍នេះ។ នេះ​បើយោង​តាម​ទៅភ្នាក់ងារ​ព័ត៌មាន​ Reuters។
  • អ្នកនាំពាក្យ​រដ្ឋាភិបាលអាល្លឺម៉ង់ ថា​អធិការបតី​អាល្លឺម៉ង់ លោក Olaf Scholz នឹង​ចូលរួម​ក្នុង​កិច្ចពិភាក្សា​អនឡាញ G7 នៅ​ថ្ងៃ​អាទិត្យ ស្តី​ពី​ស្ថានភាព​ក្នុង​ប្រទេស​អ៊ុយក្រែន ដែល​នឹង​ត្រូវ​ចូល​រួម​ដោយ​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy នេះបើយោងតាម​សារព័ត៌មាន Reuters។ អ្នក​នាំ​ពាក្យ​រូបនេះ​បាន​បន្ថែម​ថា លោក Scholz ក៏​នឹង​ថ្លែង​សុន្ទរកថា​តាម​ទូរទស្សន៍​ដល់​ប្រជារាស្ត្រអាល្លឺម៉ង់​នៅ​ល្ងាច​ថ្ងៃទី៨ ខែឧសភា ដែល​ជា​ខួប​នៃ​ការ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​ពីរ។ អ្នកនាំពាក្យ​រូបនេះ​បន្ថែម​ថា កាល​បរិច្ឆេទ​នេះ​មាន​អត្ថន័យ​ពិសេស​នៅ​ឆ្នាំ​នេះ ខណៈ​ដែល​ប្រទេស​ពីរគឺអ៊ុយក្រែន​និង​រុស្ស៊ី ​ដែល​ធ្លាប់​ជា​ជនរងគ្រោះ​នៃ​ពួក​ណាស៊ី​អាល្លឺម៉ង់​ឥឡូវ​នេះ​កំពុងច្បាំងគ្នា។
  • មន្ត្រី​អ៊ុយក្រែន​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ថា ជនស៊ីវិល​ជាច្រើន​ទៀត​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ផ្លូវ​រូង​ក្រោមដី​នៅ​ក្រោម​រោងចក្រ​ដែកថែបដែល​ត្រូវ​បាន​ឡោមព័ទ្ធ​ក្នុង​ទីក្រុង Mariupol បើ​ទោះ​បី​ជា​ក្រុម​អ្នកប្រយុទ្ធ​អ៊ុយក្រែន​បាន​ជាប់​នៅ​បរិវេណ​ដ៏ធំនោះ ដើម្បី​ប្រឹង​ទប់ទល់​ជាចុងក្រោយ​នឹង​ការ​កាន់​កាប់​ទីក្រុង​កំពង់ផែ​យុទ្ធសាស្ត្រ​នេះ​ទាំងស្រុង​ដោយ​រដ្ឋាភិបាលទីក្រុងម៉ូស្គូ​។ នេះ​បើយោង​តាមទីភ្នាក់ងារ​ព័ត៌មាន AP។ ការ​ប្រយុទ្ធ​នៅ​ក្នុង​ទីក្រុង​ដ៏​សំខាន់​ចុង​ក្រោយ​របស់​អ៊ុយក្រែននេះ​ហាក់​ដូចជា​កាន់​តែ​អស់សង្ឃឹម។ យុទ្ធជន​អ៊ុយក្រែន​ប្រហែល ២.០០០ នាក់ តាម​ការ​ប៉ាន់​ប្រមាណ​ចុង​ក្រោយ​បង្អស់​របស់​រុស្ស៊ី ត្រូវ​បាន​ជាប់​នៅ​ក្នុង​ផ្លូវ​រូង​ក្រោម​ដី និងលេណដ្ឋាន​នៅ​ក្រោម​រោងចក្រ​ដែកថែប Azovstal ​ដ៏​ធំ​ល្វឹង​ល្វើយ ហើយ​ពួកគេ​បាន​បដិសេធ​មិន​ព្រម​ចុះ​ចាញ់​ម្តង​ហើយ​ម្តង​ទៀត។
រូបឯកសារ៖ ទាហាន​រុស្ស៊ី​បាន​បាញ់​ពី​រថក្រោះ​អំឡុង​ពេល​ប្រយុទ្ធ​គ្នា​ក្នុង​ជម្លោះ​អ៊ុយក្រែន​និង​រុស្ស៊ី​ក្បែរ​រោងចក្រ​ដែក Azovstal ក្នុង​ក្រុង​កំពង់ផែ Mariupol ភាគ​ខាង​ត្បូង ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។
រូបឯកសារ៖ ទាហាន​រុស្ស៊ី​បាន​បាញ់​ពី​រថក្រោះ​អំឡុង​ពេល​ប្រយុទ្ធ​គ្នា​ក្នុង​ជម្លោះ​អ៊ុយក្រែន​និង​រុស្ស៊ី​ក្បែរ​រោងចក្រ​ដែក Azovstal ក្នុង​ក្រុង​កំពង់ផែ Mariupol ភាគ​ខាង​ត្បូង ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។
  • ទីភ្នាក់ងារ​ព័ត៌មា​ន Reuters បាន​រាយការណ៍​ថា អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក Dmitry Peskov បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា មាន​វោហាសាស្ត្រ​អរិភាព​ចេញ​ពី​ប្រទេស​ប៉ូឡូញ ហើយ​ថា​រដ្ឋាភិបាល​ក្រុង​វ៉ាសូវី ​អាច​ជា «ប្រភពនៃការគំរាមកំហែង»។ ប្រទេស​ប៉ូឡូញ​បាន​ដឹក​នាំ​ការ​អំពាវនាវ​ឱ្យ​សហភាព​អឺរ៉ុប​ពង្រឹង​ការ​ដាក់​ទណ្ឌកម្ម និង​ឱ្យ​សម្ព័ន្ធ​មិត្តអូតង់ផ្តល់​អាវុធ​ដល់​អ៊ុយក្រែន ខណៈ​ដែល​ខ្លួន​ព្យាយាម​ទប់ទល់​នឹង​កងកម្លាំង​រុស្ស៊ី ដែល​បាន​ហូរ​ចូល​ភាគ​ខាង​កើត​របស់​ខ្លួន។ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​និ​ងអាកាសធាតុ​ប៉ូឡូញ លោកស្រី Anna Moskwa បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា «ប៉ូឡូញ​មាន​មោទនភាព​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ប្រទេស​ដែល​មិន​រួស​រាយ​រាក់ទាក់​របស់​លោក Putin»។
  • អ្នកនាំពាក្យ​វិមាន​ក្រឹមឡាំង​ លោក Dmitry Peskov បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ថា ព័ត៌មាន​ដែល​ថា​រុស្ស៊ី​កំពុង​លួច​គ្រាប់​ធញ្ញជាតិ​ពី​អ៊ុយក្រែន​ទំនង​ជា​ក្លែងក្លាយ។ លោក Peskov ថ្លែង​ដូច្នេះ បន្ទាប់​ពី​មន្ត្រី​ទីភ្នាក់ងារ​អាហារ​របស់​អង្គការ​សហប្រជាជាតិ​បាន​និយាយថា មាន​សញ្ញា​បង្ហាញ​ថា រុស្ស៊ី​បាន​នឹង​កំពុង​ដឹក​ជញ្ជូន​គ្រាប់​ធញ្ញជាតិ​ចេញ​ពី​តំបន់​កាន់កាប់​នៃ​ប្រទេសជិត​ខាង​របស់​ខ្លួន។ លោក Peskov បាន​និយាយ​ថា «យើង​មិន​មាន​ព័ត៌​មាន​ទេ វា​ជា​ព័ត៌មាន​ក្លែងក្លាយ»។ នេះ​បើ​យោង​តាម​សារព័ត៌មាន Reuters។
  • សារព័ត៌មាន Reuters រាយការណ៍ថា លោក Josef Schmidhuber នាយក​រង​អង្គការ​ស្បៀង​អាហារ និង​កសិកម្ម​អង្គការ​សហប្រជាជាតិ​ផ្នែកទីផ្សារ​និង​ពាណិជ្ជកម្ម បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ទីក្រុង​ហ្សឺណែវ​តាមរយៈ Zoom នៅ​ថ្ងៃសុក្រថា គ្រាប់​ធញ្ញជាតិ​ជិត ២៥ លាន​តោន​ត្រូវ​បាន​ជាប់​គាំង​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ហើយ​មិន​អាច​ចាក​ចេញ​ពី​ប្រទេស ដោយសារ​តែ​បញ្ហា​ប្រឈម​ផ្នែក​ហេដ្ឋា​រចនាសម្ព័ន្ធ និង​ការ​បាន​បិទ​បណ្តា​កំពង់ផែ​សមុទ្រ​ខ្មៅ​រួមទាំង​កំពង់​ផែ Mariupol។ ការ​ស្ទះ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​កត្តា​ដែល​បណ្តាល​ឲ្យ​តម្លៃអាហារ​ឡើង​ថ្លៃ​ខ្ពស់។ យោង​តាម​ទិន្នន័យ​របស់​ក្រុមប្រឹក្សា​ធញ្ញជាតិ​អន្តរជាតិ អ៊ុយក្រែន​ជា​ប្រទេស​នាំ​ចេញ​ពោត​ធំ​ជាង​គេទី ៤ របស់​ពិភពលោក​ក្នុង​រដូវកាល​ឆ្នាំ ២០២០/២១ និង​ជា​ប្រទេស​នាំ​ចេញ​ស្រូវ​សាលី​ទី ៦។
  • អ៊ុយក្រែន​បាន​ទទួល​ការ​សន្យា​ចំនួន ៦,៥ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​សន្និសីទ​ម្ចាស់​ជំនួយ​អន្តរជាតិ​នៅ​ក្រុងវ៉ាសូវី​ប្រទេស​ប៉ូឡូញ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ ប្រធាន​ការិយាល័យ VOA អឺរ៉ុបខាងកើត លោក Myroslava Gongadze បាន​ពិភាក្សា​អំពី​លទ្ធផល​ពី​សន្និសីទ និង​បញ្ហា​ផ្សេងទៀត ជាមួយ​នាយក​រដ្ឋមន្ត្រី​អ៊ុយក្រែន លោក Denys Shmyhal នៅ​រដ្ឋធានី​របស់​ប៉ូឡូញ។
  • នាយក​រដ្ឋមន្ត្រី​ហុងគ្រី​បាន​អះអាង​សារ​ជា​ថ្មី​អំពី​ជំហរ​របស់​រដ្ឋាភិបាល​របស់លោក​ថា ខ្លួន​នឹង​មិន គាំទ្រ​កញ្ចប់​ទណ្ឌកម្ម​ថ្មី​របស់​សហភាព​អឺរ៉ុប ដែល​បាន​ស្នើ​ឡើង​ប្រឆាំង​នឹងរុស្ស៊ី ដែល​រួម​មាន​ការ​ហាម​ប្រាម​លើ​ការ​នាំ​ចូលប្រេង។ ថ្លែង​តាម​វិទ្យុ​រដ្ឋ​នៅ​ថ្ងៃ​សុក្រ លោក Viktor Orban បាន​និយាយ​ថា ការ​ហាម​ប្រាម​នឹង​ដូច​ជា​ការ​ទម្លាក់ «គ្រាប់បែកបរមាណូ» ទៅ​លើ​សេដ្ឋកិច្ច​ហុងគ្រី។ ប៉ុន្តែ​លោក​ក៏​បាន​និយាយ​ដែរ​ថា រដ្ឋាភិបាលទីក្រុង Budapest បើកចំហ​ចំពោះ​សំណើ​ផ្សេងទៀត ប្រសិនបើ​ពួកគេ​មិន​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ហុងគ្រី​។ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​របស់ វិទ្យុអឺរ៉ុបសេរី/វិទ្យុសេរីភាព។
រូបឯកសារ៖ នាយក​រដ្ឋមន្ត្រី​ហុងគ្រី លោក Viktor Orban ទទួល​ស្គាល់​អ្នក​គាំទ្រ​ក្នុង​ពេល​ការ​ប្រមូល​ផ្តុំ​ពេល​យប់​នៃ​ការ​បោះ​ឆ្នោត​ក្នុង​ទីក្រុង Budapest ប្រទេស​ហុងគ្រី ថ្ងៃទី៣ ខែ​មេសា ឆ្នាំ២០២២។
រូបឯកសារ៖ នាយក​រដ្ឋមន្ត្រី​ហុងគ្រី លោក Viktor Orban ទទួល​ស្គាល់​អ្នក​គាំទ្រ​ក្នុង​ពេល​ការ​ប្រមូល​ផ្តុំ​ពេល​យប់​នៃ​ការ​បោះ​ឆ្នោត​ក្នុង​ទីក្រុង Budapest ប្រទេស​ហុងគ្រី ថ្ងៃទី៣ ខែ​មេសា ឆ្នាំ២០២២។
  • ទីភ្នាក់ងារព័ត៌មាន Reuters បាន​រាយការណ៍​ថា ប្រទេស​អ៊ុយក្រែន​បាន​អំពាវនាវ​ទៅកាន់ អង្គការ​វេជ្ជបណ្ឌិតគ្មានព្រំដែន ដើម្បី​ជួយ​ជម្លៀស​អ្នកប្រយុទ្ធ​ដែល​ជាប់​នៅ​ក្នុង​រោងចក្រ​ដែកថែប Azovstal ដ៏​ធំ​នៅ​ក្នុង​ទីក្រុង Mariupol ដែល​ត្រូវ​បាន​ហ៊ុំព័ទ្ធ​ដោយ​កងកម្លាំង​រុស្ស៊ី។
  • កងកម្លាំង​រុស្ស៊ី​បាន​បន្ត​ការ​វាយ​លុក​របស់​ពួកគេ​ឡើងវិញ​លើ​រោងចក្រ​ដែក​ថែបដ៏​ធំ​សម្បើម​មួយ​នៅ​ក្នុង​កំពង់​ផែ Mariupol របស់​ប្រទេស​អ៊ុយក្រែនដែល​ត្រូវ​បាន​បំផ្លិចបំផ្លាញ ដោយ​ប្រើ​យន្តហោះ​ដើម្បី​វាយ​ប្រហារ​អ្នកប្រយុទ្ធ​អ៊ុយក្រែន​ដែល​កំពុង​កាន់​នៅ​ទីនោះ។ យុទ្ធជន​អ៊ុយក្រែន​រហូត​ដល់ ២.០០០ នាក់ រួម​ទាំង​ជនស៊ីវិល​រាប់រយ​នាក់ ត្រូវ​បាន​គេ​ជឿថា​នៅ​ស្នាក់​នៅក្នុងរោងចក្រ Azovstal ដែលប្រព័ន្ធ​ការពារ​របស់​ពួកគេ​ត្រូវ​បានទម្លាយ​កាល​ពី​ដើម​សប្តាហ៍​នេះដោយកងកម្លាំងរុស្ស៊ី។ អង្គការ​សហប្រជាជាតិ​បាន​និយាយថា កិច្ចខិតខំ​ប្រឹងប្រែង​ជម្លៀស​មួយ​ផ្សេង​ទៀត​កំពុង​ដំណើរ​ការ ហើយ​មន្ត្រី​ជាន់ខ្ពស់​អ៊ុយក្រែន​បាន​និយាយ​ថា ជនស៊ីវិល​ជិត ៥០០នាក់ ត្រូវ​បាន​ជម្លៀស​រហូត​មក​ដល់​ពេល​នេះ។ អគ្គសេនាធិការ​អ៊ុយក្រែន​បាន​និយាយ​នៅ​ក្នុង​ការ​វាយ​តម្លៃ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​នៅ​ថ្ងៃ​សុក្រ​ថា ជនជាតិ​រុស្ស៊ី​កំពុង​ប្រើប្រាស់​យន្តហោះ​ជា​ផ្នែក​នៃ​ការ​វាយ​ប្រហារ​ជា​ថ្មី​លើ​រោងចក្រ​ដែក​ថែប​នេះ។ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​របស់ វិទ្យុអឺរ៉ុបសេរី/វិទ្យុសេរីភាព។
  • រដ្ឋមន្ត្រី​ការពារ​ជាតិ​អាល្លឺម៉ង់​លោកស្រី Christine Lambrecht បាន​បញ្ជាក់​នៅថ្ងៃ​សុក្រថា អាល្លឺ​ម៉ង់​នឹងផ្គត់ផ្គង់​អ៊ុយក្រែន​ជាមួយ​នឹង​កាំភ្លើងធំបាញ់​ស្វ័យប្រវត្តិ​ដ៏​មាន​ឥទ្ធិពល​ចំនួន​៧គ្រឿង​ដើម្បី​ជួយ​ការពារ​ខ្លួន​ប្រឆាំង​នឹង​ប្រទេសរុស្ស៊ី។ លោកស្រី Lambrecht បាន​និយាយ​ថា ទាហាន​អ៊ុយក្រែន​នឹង​ត្រូវ​បាន​បណ្តុះ​បណ្តាល​នៅក្នុង​ប្រទេស​អាល្លឺម៉ង់ដើម្បីប្រើប្រាស់កាំភ្លើងធំស្វ័យប្រវត្តិ Panzerhaubitze 2000 ដែលមាន​លក្ខណៈ​ស្រដៀង​នឹង​រថក្រោះហើយ​មាន​រយៈ​ចម្ងាយ​បាញ់​ដល់​ទៅ៤០គីឡូម៉ែត្រ។ អាល្លឺម៉ង់​បាន​បង្កើន​ការ​គាំទ្រ​ផ្នែក​សម្ភារៈ​របស់​ខ្លួន​សម្រាប់​អ៊ុយក្រែន​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ បន្ទាប់​ពី​ការស្ទាក់ស្ទើរ​ពីដំបូងក្នុងការផ្តល់​អាវុធ​ធុន​ធ្ងន់របស់ខ្លួនបាន​ទាក់ទាញ​ការ​រិះគន់​យ៉ាង​ទូលំទូលាយ។
រូបឯកសារ៖ កាំភ្លើងធំស្វ័យប្រវត្តិ Panzerhaubitze 2000 របស់អាល្លឺម៉ង់ត្រូវ​បាន​ផ្ទុក​ទៅ​លើយាន​ដឹក​ជញ្ជូន​ធុន​ធ្ងន់​នៅ​ក្នុង​បន្ទាយ Hindenburg ក្នុង​ក្រុង Munster នៅ​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ ឆ្នាំ២០២២។
រូបឯកសារ៖ កាំភ្លើងធំស្វ័យប្រវត្តិ Panzerhaubitze 2000 របស់អាល្លឺម៉ង់ត្រូវ​បាន​ផ្ទុក​ទៅ​លើយាន​ដឹក​ជញ្ជូន​ធុន​ធ្ងន់​នៅ​ក្នុង​បន្ទាយ Hindenburg ក្នុង​ក្រុង Munster នៅ​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ ឆ្នាំ២០២២។
  • ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ថា រុស្ស៊ីនឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែនទេ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោក Alexei Zaitsevបាននិយាយនៅថ្ងៃសុក្រ។ លោក Zaitsev បានប្រាប់អ្នកយកព័ត៌មានថា ការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់រុស្ស៊ីជាហានិភ័យមួយដែលមន្ត្រីលោកខាងលិចបានពិភាក្សាជាសាធារណៈគឺមិនត្រូវបានអនុវត្តក្នុងអ្វីដែលរដ្ឋាភិបាលក្រុងម៉ូស្គូហៅថា ប្រតិបត្តិការយោធាពិសេសរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែននោះទេ។ នាយកទីភ្នាក់ងារស៊ើបការណ៍ព័ត៌មានសម្ងាត់អាមេរិក CIA លោក William Burns បាននិយាយកាលពីថ្ងៃទី១៤ ខែមេសាថា ដោយសារឧបសគ្គនានាដែលរុស្ស៊ីបានជូបនៅអ៊ុយក្រែន «គ្មាននរណាម្នាក់ក្នុងចំណោមពួកយើង អាចមិនទទួលស្គាល់ការគំរាមកំហែងដែលបង្កឡើងដោយលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រឬអាវុធនុយក្លេអ៊ែរកម្រិតស្រាលនោះទេ»។
  • កាសែត The New York Times រាយការណ៍​ថា ជន​ស៊ីវិល​ជិត៥០០នាក់​ត្រូវ​បាន​ជម្លៀស​ចេញពី​ទីក្រុង Mariupol និង​រោងចក្រដែក Azovstal ។
  • ទីប្រឹក្សា​អភិបាលក្រុង Mariupol ប្រទេស​អ៊ុយក្រែន និយាយ​ថា ការ​ប្រើ​ប្រាស់​មជ្ឈមណ្ឌល​ឃុំ​ឃាំង «ជំរុំ​សួរ​ចម្លើយ» របស់​រុស្ស៊ី បាន​ប្រែ​ក្លាយ​ទីក្រុង​នេះ​ទៅ​ជា «ជំរុំពិឃាត» នេះបើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន Al Jazeera។
  • ក្រសួងការពារជាតិអាមេរិកបាននិយាយថា មិន​មាន​ការ​ចង្អុល​បង្ហាញ​ណា​មួយដែល​បេឡារុស​មាន​គម្រោង​ចូល​រួម​ក្នុង​ជម្លោះ​ក្នុង​ប្រទេស​អ៊ុយក្រែន​នោះ​ទេ។​នេះបើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទូរទស្សន៍ Al Jazeera។
  • ទូរទស្សន៍ CNN រាយការណ៍​ថា មន្ទីរ​បញ្ចកោណ​បាន​បដិសេធ​សេចក្តី​រាយការណ៍​ព័ត៌មាន​ដែល​និយាយថា សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ការ​ស៊ើបការណ៍ សម្ងាត់​ដែល​បាន​ជួយ​អ៊ុយក្រែន​បាញ់​ពន្លិច​នាវា​ចម្បាំង​រុស្ស៊ី Moskva។ អ្នក​នាំ​ពាក្យ​ក្រសួងការពារជាតិលោក John Kirby បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពីថ្ងៃ​ព្រហស្បតិ៍ថា «យើង​មិន​បាន​ផ្តល់​ឱ្យ​អ៊ុយក្រែន​នូវ​ព័ត៌មាន​កំណត់​គោលដៅ​ជាក់លាក់​សម្រាប់ វាយ​ប្រហារ​នាវា​ចម្បាំង Moskva នោះទេ។ យើង​មិន​ពាក់ព័ន្ធ​នឹង​ការ​សម្រេច​ចិត្ត​របស់​អ៊ុយក្រែន​ក្នុង​ការ​វាយ​ប្រហារ​លើ​នាវានេះឬ​នៅ​ក្នុង​ប្រតិបត្តិការ​ដែល​ពួកគេ​បាន​អនុវត្ត​នោះ​ទេ។ យើង​មិន​បាន​ដឹង​ជា​មុន អំពី​ចេតនា​របស់​អ៊ុយក្រែន​ក្នុង​ការ​វាយប្រហារ​នាវា​ចម្បាំង Moskva នោះទេ»។
  • ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់​ចុងក្រោយ​បំផុត​ពី​ក្រសួង​ការពារជាតិ​របស់​ចក្រភព​អង់គ្លេស​ឲ្យ​ដឹង​ថា កិច្ចខិតខំ​ប្រឹងប្រែង​របស់​រុស្ស៊ី​ដើម្បី​សម្រេចការគ្រប់គ្រងទីក្រុងMariupol រួមទាំង​រោងចក្រ​ដែក​ថែប Azovstal ទំនង​ជា​ផ្សារភ្ជាប់​ទៅ​នឹង​ផែនការ​របស់​រុស្ស៊ី​ក្នុង​ការ​ប្រារព្ធ​ទិវា​ជ័យជំនះ​នៅ​ថ្ងៃទី៩ ខែ​ឧសភា។ ទិវាជ័យជំនះ​គឺ​ជា​ការ​អបអរសាទរជ័យជម្នះឆ្នាំ ១៩៤៥ របស់​សហភាព​សូវៀត​លើ ណាស៊ី​អាល្លឺម៉ង់។ ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់​ដដែល​ឲ្យ​ដឹងថា លោក Putin ចង់​ទទួល​បាន​ជោគជ័យ​ជា​និមិត្តរូប​នៅ​អ៊ុយក្រែន។
  • កាសែត Washington Post រាយការណ៍​ថា ទីក្រុង Ivan-Frankivsk ភាគ​ខាង​លិច​អ៊ុយក្រែនកំពុង​ព្រមាន​អ្នកស្រុក​របស់ខ្លួន អំពី​ការ​បាញ់​ផ្លោង​ដែល​អាច​កើត​មានឡើង នៅ​មុន​ការ​ប្រារព្ធ​ទិវា​ជ័យជម្នះ ៩ ឧសភា របស់​រុស្ស៊ី។
  • ប្រទេស​រុស្ស៊ី​ប្រើ​ទិវាជ័យជំនះ​ដែល​ជា​ពិធី​បុណ្យ​ប្រពៃណី​នៃ​មោទនភាពជាតិដើម្បី​អបអរសាទរ​ជ័យជំនះ​របស់​សហភាព​សូវៀត​លើ​ពួក​ណាស៊ី​អាល្លឺម៉ង់។ មេដឹកនាំ​នៅ​ទីក្រុង Ivano-Frankivsk ប្រទេស​អ៊ុយក្រែន ភ័យ​ខ្លាច​ថា​នៅ ពិធី​ឆ្នាំ​នេះនឹង​នាំ​ឱ្យ​មាន​ការ​កើនឡើង​នៃ​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី។ មេដឹកនាំ​អ៊ុយក្រែន​ទាំងនេះ កំពុង​ប្រាប់​អ្នកស្រុក​ឱ្យ​ជម្លៀស​ចេញ ឬ​ឱ្យ​ស្នាក់​នៅ​ខាង​ក្នុង ហើយ​ពួកគេ​បាន​លុបចោល​ព្រឹត្តិការណ៍​សាធារណៈ​ទាំងអស់។ នេះ​បើតាមកាសែត The Washington Post។
១៩:៣៤ ៧.៥.២០២២

ថ្ងៃសៅរ៍ ទី ៧ ខែឧសភា៖

  • បញ្ជាការ​យោធា​អ៊ុយក្រែន​បាន​ថ្លែង​នៅ​ថ្ងៃ​សៅរ៍​ថា រុស្ស៊ី​បាន​បន្ត​វាយប្រហារ​លើ​តំបន់​រោងចក្រ​ដែកថែប Azovstal នៅទីក្រុង​កំពង់ផែ Mariupol។ សារ​មួយ​របស់​យោធា​អ៊ុយក្រែន​ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ Facebook រាល់​ល្ងាច​ បាន​ឲ្យ​ដឹង​ថា៖ «ដោយ​មាន​ការ​គាំទ្រ​ជា​ការ​បាញ់​កាំភ្លើង​ធំ និងរថក្រោះ (សត្រូវ) បាន​បន្ត​សកម្មភាព​វាយ​ប្រហារ​របស់​ខ្លួន​»។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ ​
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ជួប​ពិភាក្សា​ជាមួយ​សមាជិក​រដ្ឋាភិបាល​របស់​លោក កាលពី​ថ្ងៃ​សៅរ៍ ដើម្បី​ពិភាក្សា​អំពី​សេដ្ឋកិច្ច​របស់​អ៊ុយក្រែន។ លោក Zelenskyy បាន​ថ្លែង​អំពី​ការ​ខ្វះខាត​ប្រេង​ឥន្ធនៈ ដែល​កំពុង​ប៉ះពាល់​ដល់​អ៊ុយក្រែន ចាប់តាំងពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី​បាន​កើត​ឡើង។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន AP។
  • ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា លោកស្រី Jill Biden ភរិយា​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ជួប​ជាមួយ​ក្រុម​ស្ត្រី​ជា​ម្តាយ​និង​ជា​អ្នក​បម្រើ​ការងារ​ក្នុង​វិស័យ​អប់រំ​ នៅ​ទីក្រុង Bucharest ប្រទេស​រូម៉ានី កាលពី​ថ្ងៃ​សៅរ៍​នៅ​សាលារៀន​មួយ ដោយ​បាន​សរសើរ​ពី​ភាព​រឹងមាំ​និង​ការ​តស៊ូ​ជម្នះ​របស់​ស្ត្រី​ទាំង​នោះ។ លោកស្រី Jill Biden ក៏​បាន​ជួប​ក្មេងៗ​ជនជាតិ​អ៊ុយក្រែន​និង​រូម៉ានី ដែល​កំពុងគូររូបបាតដៃ​ពួក​គេ​លើ​ក្រដាស​ដែល​មានពណ៌​តំណាង​ឲ្យ​ទង់ជាតិ​របស់​ប្រទេស​ពួកគេ។ លោកស្រី​បាន​ធ្វើ​ដំណើរ​ទៅកាន់​សាលារៀន​នេះ ដោយ​មាន​ការ​អម​ដំណើរ​ដោយ​លោកស្រី Carmen Iohannis ភរិយា​របស់​ប្រធានាធិបតី​រូម៉ានី ដែល​ជា​គ្រូ​បង្រៀន​ម្នាក់​ផង​ដែរ។

លោកស្រី Jill Biden និយាយជាមួយសិស្សអ៊ុយក្រែន នៅពេលលោកស្រីធ្វើទស្សនកិច្ចនៅសាលារៀន Uruguay នៅរដ្ឋធានី Bucharest ប្រទេសរូម៉ានី​ ថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២២។
លោកស្រី Jill Biden និយាយជាមួយសិស្សអ៊ុយក្រែន នៅពេលលោកស្រីធ្វើទស្សនកិច្ចនៅសាលារៀន Uruguay នៅរដ្ឋធានី Bucharest ប្រទេសរូម៉ានី​ ថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២២។

  • លោក Dmytro Zhyvytskyi អភិបាល​តំបន់ បាន​ឲ្យ​ដឹង​ថា មីស៊ីល​ជាច្រើន​គ្រាប់​របស់​រុស្ស៊ី​ដែល​បាញ់​តាមអាកាស បាន​ធ្លាក់​ចំ​ទីតាំង​ពីរ​នៅ​ក្បែរ​ព្រំដែន​រុស្ស៊ី​ក្នុង​តំបន់ Sumy ភាគខាង​ជើង​ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃ​សៅរ៍។ មន្ត្រី​យាម​ល្បាត​ព្រំដែន​ម្នាក់​បាន​រង​របួស​ នៅ​ក្នុង​សង្កាត់ Myropilske និង​សង្កាត់ Khotin។ លោក​ Zhyvytskyi បាន​សរសេរ​បែបនេះ​តាម​កម្មវិធី​ផ្ញើសារ​ Telegram។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន ឲ្យ​ដឹង​ថា យោធា​អ៊ុយក្រែន​បាន​បំផ្លាញ​នាវា​ចម្បាំង​មួយ​របស់​រុស្ស៊ី នៅ​កោះ​ពស់​នៃ​តំបន់​សមុទ្រ​ខ្មៅ ដោយ​បាន​បង្ហោះ​វីដេអូ​តាម​បណ្តាញ​សង្គម​បង្ហាញ​ទិដ្ឋភាព​ផ្ទុះ​ឡើង​លើ​ផ្ទាំង​មួយ។ រុស្ស៊ី​មិន​ទាន់​បញ្ជាក់​ពី​ការ​វាយប្រហារ​នេះ​នៅ​ឡើយ​ទេ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP។
  • ការ​បាញ់​គ្រាប់​ផ្តក់​របស់​ទាហាន​រុស្ស៊ី​បាន​ធ្លាក់​ចំ​សារមន្ទីរ​មួយ ដែល​ឧទ្ទិស​ដល់​ទស្សនវិទូ​និង​អ្នក​និពន្ធកំណាព្យ​អ៊ុយក្រែន​ Hryhoriy Skovoroda នៅ​ភូមិ Skovorodynivka ក្នុង​ប្រទេស​អ៊ុយក្រែន ដោយ​បណ្តាល​ឲ្យ​មាន​អគ្គិភ័យ​ឆាបឆេះ​ហើយ​បាន​បំផ្លាញ​អគារ​នោះ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់លោក Oleh Sinegubov អភិបាល​តំបន់​ Kharkiv កាល​ពី​ថ្ងៃ​សៅរ៍។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ស្នងការ​សិទ្ធិមនុស្សរបស់​ក្រុម​ប្រឹក្សាអឺរ៉ុប​លោកស្រី Dunja Mijatovic បាន​ចាត់ទុកសកម្មភាព​រំលោភ​សិទ្ធិ​មនុស្ស​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​ថា​ «តក់​ស្លុត» បន្ទាប់​ពី​លោកស្រី​បាន​ធ្វើ​ទស្សនកិច្ច​រយៈពេល​ ៤ ថ្ងៃ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ ក្រុមប្រឹក្សាអឺរ៉ុប​បាន​ថ្លែង​តាម​សេចក្តី​ថ្លែងការណ៍​មួយ​ថា ដំណើរ​ទស្សនកិច្ច​នៅ​តាម​តំបន់​ជាយ​រដ្ឋធានី​កៀវ បាន​បង្ហាញ​ឲ្យ​ឃើញ «ភស្តុតាង​កាន់តែ​ច្រើន​ឡើង​អំពី​ការ​សម្លាប់តាម​តែអំពើចិត្ត ការ​ធ្វើ​ទារុណកម្ម និង​ការ​បាត់ខ្លួន​មនុស្ស​ទាំង​បង្ខំ»។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP។ ​
  • រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក Antony Blinkey បាន​ថ្លែង​នៅ​ថ្ងៃ​សៅរ៍​ថា ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ព្យាយាម​ «កែប្រែ​ប្រវត្តិសាស្ត្រ» ដោយ​ប្រៀបធៀប​អ៊ុយក្រែន​ទៅ​នឹង​អាល្លឺម៉ង់​ក្រោម​ការ​គ្រប់គ្រង​របស់​ពួក​ណាហ្ស៊ី នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​មួយ​ដើម្បី​ធ្វើ​ជា​មូលហេតុ​ត្រឹមត្រូវ​សម្រាប់​សកម្មភាព​ឈ្លានពាន​របស់​ខ្លួន​លើ​ប្រទេស​អ៊ុយក្រែន ដែល​ជា​ប្រទេស​ជិតខាង។ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​មុន​ខួប​ទី ៧៧ នៃ​ទិវា​ជ័យជម្នះ​ក្នុង​ថ្ងៃ​អឺរ៉ុប លោក Blinken បាន​លើក​ឡើង​អំពី​សង្គ្រាម​ចុងក្រោយ​ដែល​បាន​កើតឡើង​នៅ​ក្នុងទ្វីប​អឺរ៉ុប។ ក្នុង​ការ​ធ្វើ​ដូច្នេះ លោក Blinken បាន​ថ្លែង​ថា ពិភពលោក​ចាំបាច់​ត្រូវ «បង្កើនការតាំង​ចិត្តរបស់​យើងដើម្បី​ជម្នះ​នឹង​ជន​ដែល​បច្ចុប្បន្ន​ព្យាយាម​កែប្រែ​ការ​ចងចាំ​បែប​ប្រវត្តិសាស្ត្រ​ ដើម្បី​តែ​មហិច្ឆតា​របស់​ខ្លួន»។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​កាសែត The Washington Post។ ​
  • ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា តំណាងរាស្ត្រ​ជាន់ខ្ពស់​រុស្ស៊ី​ម្នាក់​បាន​ចោទ​ប្រកាន់​ថា​ រដ្ឋាភិបាល​អាមេរិក​បាន​រៀបចំ​ប្រតិបត្តិការ​យោធា​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ដោយ​ចាត់ទុក​សកម្មភាព​នេះ​ថា​ជា​ការ​លូក​ដៃ​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​របស់​សហរដ្ឋអាមេរិក​នៅ​ក្នុង​សកម្មភាព​យោធា​ប្រឆាំង​នឹង​រុស្ស៊ី។ លោក Vyacheslav Volodin បាន​សរសេរ​នៅ​តាម​បណ្តាញ​ Telegram ថា «រដ្ឋាភិបាល​អាមេរិក​កំពុង​រៀបចំ​និង​បង្កើត​ប្រតិបត្តិការ​យោធា​ ដូច្នេះ​វា​ស្មើ​នឹង​ការ​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​សកម្មភាព​យោធា​ប្រឆាំង​នឹង​ប្រទេស​របស់​យើង»។ រដ្ឋាភិបាល​អាមេរិក​និង​ប្រទេស​នៅ​អឺរ៉ុប​ដែល​ជា​សមាជិក​សម្ព័ន្ធភាព​អូតង់ បាន​ផ្តល់​អាវុធ​ធុនធ្ងន់​ដល់​រដ្ឋាភិបាល​អ៊ុយក្រែន ដើម្បី​ជួយ​ទប់ទល់​នឹង​ការ​វាយ​ប្រយុទ្ធ​របស់​រុស្ស៊ី ដែល​អាច​ធ្វើ​ឲ្យ​រុស្ស៊ី​ក្តោបក្តាប់​ផ្នែក​ខ្លះ​នៃ​តំបន់​ភាគ​ខាង​កើត​និង​ភាគខាង​ត្បូង​ប្រទេស​អ៊ុយក្រែន ប៉ុន្តែ​បរាជ័យ​ក្នុង​ការ​វាយ​កាន់កាប់​រដ្ឋធានី​កៀវ។
  • គ្រាប់​មីស៊ីល​ជា​ច្រើន​បាន​បាញ់​ចំ​ទីក្រុង​កំពង់ផែ Odes​a ដែល​ស្ថិត​នៅ​ភាគខាង​ត្បូង​ អ៊ុយក្រែន​កាលពី​សៅរ៍។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​តាម​ទូរទស្សន៍​របស់​លោក Serhiy Bratchuk អ្នក​នាំពាក្យ​រដ្ឋបាល​តំបន់។ លោក Bratchuk បាន​ថ្លែង​ថា គ្រាប់មីស៊ីល​ទាំង​នេះ​បាន​បាញ់ចំ​ទីក្រុង​ បន្ទាប់​ពី​មីស៊ីល​ ៤ គ្រាប់ បាន​បាញ់​ចំ​ទីតាំង​នៅ​ជុំវិញ​តំបន់ក្រុង Ode​sa កាលពី​ពេល​ព្រឹក​ថ្ងៃ​សៅរ៍។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​គោរព​វិញ្ញាណក្ខន្ធ​របស់លោក Oleksandr Makhov អ្នក​កាសែត​អ៊ុយក្រែន ដែល​បាន​ស្លាប់​នៅ​ក្នុង​សមរភូមិ​ប្រយុទ្ធ​មួយ​ក្បែរ​ក្រុង Izyum នៃ​តំបន់ Kharkiv។ លោក Makhov អាយុ ៣៦ ឆ្នាំ គឺជា​អ្នក​កាសែត​យោធា​ដ៏​ឆ្នើម​មួយ​រូប​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ដែល​បាន​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព​អ៊ុយក្រែន គ្រា​ដែល​រុស្ស៊ី​បាន​ចាប់ផ្តើម​ធ្វើ​សង្គ្រាមជាមួយ​អ៊ុយក្រែន។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AP។

ពលរដ្ឋម្នាក់ជិះកង់កាត់អគារដែលត្រូវបានបំផ្លាញ ក្រោយទាហានរុស្ស៊ីបានបាញ់គ្រាប់ផ្តក់នៅក្រុង Irpin ប្រទេសអ៊ុយក្រែន ថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២២។
ពលរដ្ឋម្នាក់ជិះកង់កាត់អគារដែលត្រូវបានបំផ្លាញ ក្រោយទាហានរុស្ស៊ីបានបាញ់គ្រាប់ផ្តក់នៅក្រុង Irpin ប្រទេសអ៊ុយក្រែន ថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២២។
  • អភិបាល​តំបន់​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ឲ្យ​ដឹង​ថា មនុស្ស​ម្នាក់​ត្រូវបាន​រាយការណ៍​ថា បាន​ស្លាប់ និង​បីនាក់​ទៀត​បាន​រងរបួស​កាលពី​ថ្ងៃ​សុក្រ ដោយសារ​តែ​ការ​បាញ់​គ្រាប់​ផ្តក់​របស់​ទាហាន​រុស្ស៊ី​នៅ​ទីក្រុង Lyman ដែល​ស្ថិត​នៅ​ក្នុង​តំបន់ Donetsk ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។
  • ប្រធានាធិបតី​អ៊ុយក្រែន​ លោក Volodymyr Zelenskyy បាន​ថ្លែង​ថា កិច្ច​ប្រឹងប្រែង​ផ្នែក​ការទូត កំពុង​ដំណើរការ​ដើម្បី​ជួយ​សង្គ្រោះ​ទាហាន​អ៊ុយក្រែន​ដែល​ជាប់​គាំង​នៅ​ក្នុង​រោងចក្រ​ដែកថែប​ Azovstal នៅ​ទីក្រុង​កំពង់ផែ Mariupol ស្រប​ពេល​ដែល​ជនស៊ីវិល​ជា​បន្តបន្ទាប់ ត្រូវ​បាន​ជម្លៀស​ចេញ​ពី​រោងចក្រ​ដែល​រង​ការ​វាយ​ប្រហារ​យ៉ាង ធ្ងន់ធ្ងរ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • មន្ត្រី​ជាន់​ខ្ពស់​អ៊ុយក្រែន​ម្នាក់​ប្រចាំ​ក្រសួង​មហាផ្ទៃ​ បាន​ព្រមាន​អំពី​«ការ​ចាប់ផ្តើម​សកម្មភាព​បំផ្លិចបំផ្លាញ​និង​ឧក្រិដ្ឋកម្ម​ផ្សេងៗ» មុន​ថ្ងែ​ជ័យជម្នះ​របស់​រស្ស៊ី ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ចន្ទ។ រដ្ឋាភិបាល​រុស្ស៊ី​ប្រារព្ធ​ទិវា​ជ័យជម្នះ​សូវៀត​លើ​ក្រុម​ណាហ្ស៊ី​អាល្លឺម៉ង់ នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី ២ ដែល​ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ​នៅ​ថ្ងៃទី ៩ ខែ​ឧសភា។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន AP។
  • ជនស៊ីវិល​ ៥០ នាក់ ត្រូវបាន​ជម្លៀស​កាលពី​ថ្ងៃ​សុក្រ​ ចេញ​ពី​រោងចក្រ​ដែកថែប Azovstal នៅ​ទីក្រុង​ Mariupol ប្រទេស​អ៊ុយក្រែន ដែល​ត្រូវបាន​ហ៊ុមព័ទ្ធ​ដោយ​ទាហាន​រុស្ស៊ី។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន AP។ ​
  • សមាជិក​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ប្រចាំ​អង្គការ​សហប្រជាជាតិ រួម​ទាំង​រុស្ស៊ី បាន​ព្រមព្រៀង​គ្នា​អនុម័ត​លើ​សេចក្តី​ថ្លែងការណ៍​មួយ​ ដែល​បង្ហាញ «ការ​គាំទ្រ​ដ៏​ខ្លាំងក្លា» ដល់​កិច្ច​ប្រឹងប្រែង​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ដោយ​សន្តិភាព​មួយ​ដល់​«ជម្លោះ»​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន AP។
  • កាសែត​ The Washington Post រាយការណ៍​ថា អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅប្រទេស​ម៉ុលដាវី​នៅ​ថ្ងៃ​ចន្ទបន្ទាប់​ពី​មន្ត្រី​ការទូត​ជាន់ខ្ពស់​ម្នាក់របស់សហភាព​អឺរ៉ុប បាន​បង្ហាញ​ក្តី​បារម្ភ​ពី​មហិច្ឆតា​របស់​រុស្ស៊ី នៅក្នុង​ការ​ពង្រីក​ការ​ក្តោបក្តាប់​រស់​ខ្លួន ហួស​ពីព្រំដែនអ៊ុយក្រែន ហើយ​ធ្លាយ​ចូល​ទៅ​ប្រទេស​អឺរ៉ុប​ដែល​នៅ​ជិត​ខាង​នោះ។
  • ទីភ្នាក់ងារ​ព័ត៌មាន​របស់រដ្ឋាភិបាល​រុស្ស៊ី​ បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ថា សាធារណរដ្ឋប្រកាសផ្តាច់​ខ្លួនពី​រក្នុង​តំបន់​ឧស្សាហកម្ម​នា​ផ្នែក​ខាង​កើត​នៃប្រទេសអ៊ុយក្រែន​ បាន​ចាត់តាំង​ឲ្យ​មាន​ឯកអគ្គ​រដ្ឋទូតវិសាមញ្ញ​ប្រចាំប្រទេសរុស្ស៊ី​។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន AP។ ​

រណ្តៅដ៏ជ្រៅមួយបានកើតឡើង ក្រោយគ្រាប់មីស៊ីលរុស្ស៊ីបានបាញ់ចំតំបន់រស់នៅ​របស់ប្រជាពលរដ្ឋនៅភូមិ Bakhmut នៃតំបន់ Donetsk ថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២២។
រណ្តៅដ៏ជ្រៅមួយបានកើតឡើង ក្រោយគ្រាប់មីស៊ីលរុស្ស៊ីបានបាញ់ចំតំបន់រស់នៅ​របស់ប្រជាពលរដ្ឋនៅភូមិ Bakhmut នៃតំបន់ Donetsk ថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២២។

  • មន្ត្រី​ប្រចាំ​ក្រុមប្រឹក្សា​សន្តិសុខជាតិ​នៃ​ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃ​សុក្រ បាន​ព្រមាន​ពលរដ្ឋ​ក្នុង​ក្រុង អំពី​ការ​កើន​ឡើង​នៃ​ករណី​បាញ់​គ្រាប់ផ្តក់​ នៅ​ថ្ងៃ​អាទិត្យ និង​ថ្ងៃ​ចន្ទ ដែល​ត្រូវ​នឹង​ពិធី​អបអរ​សាទរ​ថ្ងៃ​ជ័យជម្នះ​របស់​រុស្ស៊ី។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន AP។ ​
  • កាសែត The Washington Post បាន​រាយការណ៍​ថា ជនជាតិ​អ៊ុយក្រែន​ ៤១ នាក់ រួមទាំង​មន្ត្រី​យោធា​ ២៨ នាក់ និង​ប្រធាន​ព្រះវិហារ​គ្រិស្ត​និកាយ​ Orthodox ម្នាក់ ត្រូវបាន​ដោះលែង​ ក្រោយ​កិច្ច​ចរចា​ប្តូរ​អ្នក​ទោស​ជាមួយ​រុស្ស៊ី។ នាយក​រដ្ឋមន្ត្រី​អ៊ុយក្រែន​ លោកស្រី Iryna Vereshchuk បាន​ប្រកាស​ដូច្នេះ តាម​បណ្តាញ​ Telegram។
  • លោកស្រី Jen Psaki អ្នក​នាំពាក្យ​សេតវិមាន ថ្លែង​ថា លោក​ប្រធានាធិបតី​ Joe Biden នឹង​ជួប​ពិភាក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ជាមួយ​មេដឹកនាំ​ប្រទេស​ជា​សមាជិក​ G-7 និង​លោក Volodymyr Zelenskyy នៅ​ថ្ងៃ​អាទិត្យ។ ថ្លែង​កាលពី​ថ្ងៃ​សុក្រ​នៅ​លើ​យន្តហោះ​ប្រធានាធិបតី​អាមេរិក Air Force One លោកស្រី Psaki និយាយ​ថា ប្រទេស​ G-7 នឹង​ពិភាក្សា​គ្នា​អំពី​សង្គ្រាម ផលប៉ះពាល់​ជា​សកលលោក អនាគត​របស់​ប្រទេស​អ៊ុយក្រែន និង​ការ​ពង្រីក​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន AP។
  • កាលពីថ្ងៃ​សុក្រ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​អនុម័ត​ឲ្យ​មាន​ការ​ដឹកជញ្ជូន​ជំនួយ​យោធា​ជា​គ្រាប់​កាំភ្លើងធំ និងប្រព័ន្ធ​រ៉ាដា​ ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​ប្រមាណ ១៥០ លាន​ដុល្លារ​ ទៅ​ឲ្យ​ប្រទេស​អ៊ុយក្រែន ដើម្បី​ជួយ​អ៊ុយក្រែន​វាយ​ប្រយុទ្ធ​ទប់ទល់​នឹង​កង​កម្លាំង​ឈ្លានពាន​របស់​រុស្ស៊ី។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន AP។
  • ក្រុម​ផ្តាច់ខ្លួន​ដែល​គាំទ្រ​រុស្ស៊ីនៅប្រទេស​ម៉ុលដាវី បាន​ថ្លែង​នៅ​ថ្ងៃ​សៅរ៍​ថា តំបន់​ដែល​ខ្លួន​បាន​កាន់កាប់ ត្រូវបាន​វាយ​ប្រហារ​បួន​លើក​ដោយដ្រូន​ នៅ​ក្បែរ​ព្រំដែន​អ៊ុយក្រែន ​កាលពី​យប់ថ្ងៃ​សុក្រ​រំលង​អធ្រាត។ ក្នុង​រយៈពេល​ជិត​ពីរសប្តាហ៍​កន្លង​មក​នេះ ករណី​វាយ​ប្រហារ​ស្រដៀង​គ្នា​នេះ​ដែល​បាន​កើត​ឡើង​នៅ​តំបន់ Transdniestria បាន​បង្ក​ឲ្យ​មាន​ក្តី​បារម្ភ​ជា​អន្តរជាតិ​ថា សង្គ្រាម​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន អាច​នឹង​រីករាលដាល​ហួស​ព្រំដែន​ប្រយុទ្ធ​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ ​
  • យោធា​អ៊ុយក្រែន​បាន​ថ្លែង​កាលពី​ថ្ងៃ​សុក្រ​ថា ខ្លួន​បាន​បោះជំហាន​ទៅមុខ​នៅ​ក្នុង​តំបន់ Kharkiv ដោយ​វាយ​យក​ភូមិ​ចំនួន ៥ និង​ផ្នែក​ខ្លះ​នៃ​ភូមិ​ទី ៦ មក​វិញ។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន AP។
  • កាសែត​ The Washington Post បាន​រាយការណ៍​ថា កាលពី​ថ្ងៃ​សៅរ៍ អ៊ុយក្រែន​បាន​ចោទ​ទាហាន​រុស្ស៊ី​ថា បាន​បំផ្លាញ​ស្ពាន​ចំនួន ៣ នៅ​ទីក្រុង Kharkiv ដែល​ជា​ទីក្រុង​ធំ​បង្អស់​ទី ២ របស់​អ៊ុយក្រែន ក្នុង​គោលបំណង​រារាំង​ការ​វាយ​ប្រហារ​តទល់​វិញ​ពី​ទាហាន​អ៊ុយក្រែន។
  • ទីភ្នាក់ងារ​ព័ត៌មាន AP រាយការណ៍​ថា ភូមិ​មួយ​នៅ​តំបន់ Belgorod ភាគ​ខាង​ត្បូង​ប្រទេស​រុស្ស៊ី ដែល​ជាប់​ព្រំដែន​ប្រទេស​អ៊ុយក្រែន កំពុង​ជម្លៀស​មនុស្ស​ចេញ​ពី​ទីនោះ ដោយសារ​ការ​បាញ់​គ្រាប់​ផ្តក់​ចេញ​ពី​តំបន់​កាន់កាប់​ដោយ​ទាហាន​អ៊ុយក្រែន។ នេះ​បើ​តាម​ការ​អះអាង​របស់​អភិបាល​ក្នុង​តំបន់។
  • រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អ៊ីតាលី បាន​អនុម័ត​លើ​ប្រកាស​មួយ​ដែល​នឹង​រារាំង​មិន​ឲ្យ​នាវា​កម្សាន្ត​ធំមួយ​គ្រឿង​ ធ្វើ​ដំណើរ​ចេញ​ពី​កំពង់ផែ Tuscan បន្ទាប់​ពី​ការ​ស៊ើប​អង្កេត​ បាន​បង្ហាញ​ឲ្យ​ដឹង​ថា នាវា Scheherazade ដ៏​ទំនើប​នេះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ «សមាជិក​សំខាន់ៗ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​រុស្ស៊ី»។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AP។​

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG