២០:៤៩
៨.៥.២០២២
ថ្ងៃអាទិត្យ ទី ៨ ខែឧសភា៖
- បណ្ដាមេដឹកនាំនៃក្រុមប្រទេស G-7 បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយនៅថ្ងៃអាទិត្យនេះថា ពួកគេនឹងធ្វើឲ្យប្រទេសរុស្ស៊ីកាន់តែឯកោផ្នែកសេដ្ឋកិច្ចបន្ថែមទៀត ហើយនឹង «បង្កើន» យុទ្ធនាការប្រឆាំងនឹងឥស្សរជនរុស្ស៊ីរូបណាដែលគាំទ្រប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ បន្ទាប់ពីបានជួបប្រជុំតាមអនឡាញជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy រួចមក បណ្ដាមេដឹកនាំនៃក្រុមប្រទេស G-7 បាននិយាយថា ពួកគេនឹងកាត់ផ្ដាច់សេវាសំខាន់ៗដែលរុស្ស៊ីពឹងលើ ដោយធ្វើឲ្យរុស្ស៊ីកាន់តែឯកោបន្ថែមទៀត «នៅគ្រប់ផ្នែកទាំងអស់នៃសេដ្ឋកិច្ចរបស់ខ្លួន»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។/
- ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកអ្នកស្រី Nancy Pelosi បានបញ្ជាក់ប្រាប់ទូរទស្សន៍ CBS នៅថ្ងៃអាទិត្យនេះថា សភាសហរដ្ឋអាមេរិកចាំបាច់ត្រូវអនុម័តនៅត្រឹមចុងខែនេះលើសំណើច្បាប់មួយដែលនឹងផ្ដល់ឲ្យប្រទេសអ៊ុយក្រែននូវជំនួយយោធានិងមនុស្សធម៌ចំនួន ៣៣ ពាន់លានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បាននិយាយនៅថ្ងៃអាទិត្យនេះថា លោកបានពិភាក្សាជាមួយនឹងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken អំពីវិធីធ្វើយ៉ាងណាកុំឲ្យមានការរារាំងដល់ការនាំចេញស្បៀងអាហាររបស់ប្រទេសអ៊ុយក្រែន និងអំពីវិធីធានានូវសន្តិសុខស្បៀងអាហារសាកលលោក។ ប្រទេសអ៊ុយក្រែនដែលជាប្រទេសសម្បូរទៅដោយធញ្ញជាតិនិងគ្រាប់ដំណាំប្រេងដ៏ចម្បងមួយនៅលើពិភពលោក ធ្លាប់បាននាំចេញធញ្ញជាតិភាគច្រើនបំផុតរបស់ខ្លួនតាមរយៈកំពង់ផែនៅសមុទ្រខ្មៅ ដែលកំពង់ផែទាំងនេះត្រូវបានរាំងខ្ទប់ដោយរុស្ស៊ី តាំងពីពេលដែលរុស្ស៊ីបានចាប់ផ្ដើមឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈមក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានរដ្ឋសភាអាល្លឺម៉ង់អ្នកស្រី Baerbel Bas បានជួបជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅក្នុងរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែននៅថ្ងៃអាទិត្យនេះ ដើម្បីរំឭកដល់ជនរងគ្រោះនៃសម័យសង្គ្រាមលោកលើកទីពីរ និងដើម្បីពិភាក្សាអំពីការផ្ដល់សព្វាវុធនិងមហិច្ឆតារបស់អ៊ុយក្រែននៅក្នុងការចូលជាសមាជិករបស់សហភាពអឺរ៉ុប។ នៅក្នុងវីដេអូមួយអំពីជំនួបជាមួយនឹងអ្នកស្រី Bas លោក Zelenskyy បាននិយាយថា ការទទួលបានការយល់ព្រមពីរដ្ឋសភាអាល្លឺម៉ង់នៅក្នុងការផ្ដល់សព្វាវុធធុនធ្ងន់ដើម្បីជួយអ៊ុយក្រែននៅក្នុងការទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ីគឺជា «អាទិភាពកំពូល» មួយរបស់ប្រទេសរបស់លោក។ លោក Zelenskyy ក៏បានស្នើអ្នកស្រី Bas និងរដ្ឋសភាអាល្លឺម៉ង់ផងដែរឲ្យគាំទ្រអ៊ុយក្រែននៅក្នុងកិច្ចប្រឹងប្រែងដើម្បីបានចូលជាសមាជិកសហភាពអឺរ៉ុប។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប៉ូលិសអាល្លឺម៉ង់នៅថ្ងៃអាទិត្យនេះបានដកចេញនូវទង់ជាតិអ៊ុយក្រែនដ៏ធំមួយដែលបាតុករបានដាក់បង្ហាញនៅបូជនីយដ្ឋានសង្គ្រាមសូវៀតនៅកណ្ដាលទីក្រុងប៊ែរឡាំង ដោយបាននិយាយថាការធ្វើដូច្នេះគឺដើម្បីធានាថាពិធីរំឭកសង្គ្រាមលោកលើកទីពីរធ្វើឡើងដោយសន្តិវិធី។ ប៉ូលិសក្រុងប៊ែរឡាំងបានដាក់បម្រាមមិនឲ្យតាំងបង្ហាញនូវទង់ជាតិឬក៏និមិត្តសញ្ញាយោធាណាមួយនៅឯបូជនីយដ្ឋានទាំង ១៥ នៅទូទាំងក្រុងប៊ែរឡាំង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- លោកស្រី Jill Biden ភរិយារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានធ្វើទស្សនកិច្ចដោយមិនបានប្រកាសឲ្យដឹងជាមុនទៅកាន់ប្រទេសអ៊ុយក្រែននៅថ្ងៃអាទិត្យនេះ ដោយឆ្លងព្រំដែនពីប្រទេសស្លូវ៉ាគី ដើម្បីទៅជួបជាមួយនឹងលោកស្រី Olena Zelenska ភរិយារបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅឯសាលារៀនមួយកន្លែងដែលគេប្រើជាទីជម្រកសម្រាប់ជនភៀសខ្លួន។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរបស់លោកស្រី។ លោកស្រី Biden បានប្រាប់អ្នកកាសែតថា៖ «ខ្ញុំចង់មកនៅចំទិវាអ្នកម្ដាយ។ ខ្ញុំគិតថាវាជាការសំខាន់នៅក្នុងការបង្ហាញដល់ប្រជាពលរដ្ឋអ៊ុយក្រែនថា សង្គ្រាមនេះត្រូវតែបញ្ឈប់ ហើយសង្គ្រាមនេះមានភាពឃោរឃៅ និងថាប្រជាពលរដ្ឋអាមេរិកាំងគាំទ្រប្រជាពលរដ្ឋអ៊ុយក្រែន»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- លោកស្រី Jill Biden ភរិយារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានជួបជាមួយនឹងជនភៀសខ្លួនអ៊ុយក្រែននៅភាគខាងកើតនៃប្រទេសស្លូវ៉ាគីនៅថ្ងៃអាទិត្យនេះ ដែលជាថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចរបស់អ្នកស្រីទៅកាន់ប្រទេសរូម៉ានីនិងស្លូវ៉ាគីដើម្បីសួរសុខទុក្ខទាហានអាមេរិកាំងដែលឈរជើងនៅទីនោះនិងស្ត្រីនិងកុមារដែលភៀសខ្លួនពីការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។ លោកស្រី Biden បាននិយាយជាមួយនឹងក្រុមគ្រួសារជនភៀសខ្លួន អ្នកស្ម័គ្រចិត្ត និងមន្ត្រីអាជ្ញាធរមូលដ្ឋាននៅឯមណ្ឌលជនភៀសខ្លួនក្នុងទីក្រុង Kosice នៅភាគខាងកើតប្រទេសស្លូវ៉ាគី ដែលជាចំណុចឆ្លងកាត់ចម្បងមួយសម្រាប់ជនភៀសខ្លួនជាង ៤០០.០០០ នាក់ ដែលបានឆ្លងព្រំដែនទៅកាន់ប្រទេសស្លូវ៉ាគីតាំងពីពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈមក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅថ្ងៃអាទិត្យនេះថា អំពើអាក្រក់បានត្រឡប់មកកាន់ប្រទេសអ៊ុយក្រែនវិញហើយ។ លោកលើកឡើងដូច្នេះនៅពេលដែលលោកថ្លែងសុន្ទរកថាដ៏រំជួលចិត្តមួយសម្រាប់ទិវាជ័យជម្នះ ដែលជាថ្ងៃដែលទ្វីបអឺរ៉ុបរំឭកអំពីការចុះចាញ់ជាផ្លូវការរបស់ប្រទេសអាល្លឺម៉ង់ចំពោះភាគីសម្ព័ន្ធមិត្តនៅក្នុងសម័យសង្គ្រាមលោកលើកទីពីរ។ លោក Zelenskyy ថ្លែងដូច្នេះថា៖ «អំពើអាក្រក់បានត្រឡប់មកវិញម្ដងទៀតហើយក្នុងទម្រង់ផ្សេង នៅក្រោមពាក្យស្លោកផ្សេង ប៉ុន្តែក្នុងគោលបំណងដូចគ្នា»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានសច្ចានៅថ្ងៃអាទិត្យនេះថា៖ «ដូចនៅក្នុងឆ្នាំ ១៩៤៥ ដែរ យើងនឹងទទួលជ័យជម្នះ»។ លោកថ្លែងដូច្នេះ នៅពេលដែលលោកអបអរសាទរបណ្ដាប្រទេសដែលធ្លាប់ស្ថិតក្រោមអតីតសហភាពសូវៀតនៅខួបទី ៧៧ នៃការបរាជ័យរបស់អាល្លឺម៉ង់ក្នុងសម័យសង្គ្រាមលោកលើកទីពីរ។ លោក Putin បញ្ជាក់ដូច្នេះថា៖ «ថ្ងៃនេះ ទាហានរបស់យើង ដូចទៅនឹងបុព្វបុរសរបស់ពួកគេដែរ កំពុងប្រយុទ្ធកៀកស្មាគ្នាដើម្បីរំដោះទឹកដីកំណើតរបស់ពួកគេពីអំពើអាក្រក់របស់ពួកណាហ្ស៊ី ពោរពេញដោយភាពជឿជាក់ថា ដូចនៅក្នុងឆ្នាំ ១៩៤៥ ដែរ យើងនឹងទទួលជ័យជម្នះ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រធានរដ្ឋសភាអាល្លឺម៉ង់អ្នកស្រី Baerbel Bas បានធ្វើដំណើរទៅដល់រដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែននៅថ្ងៃអាទិត្យនេះ ដើម្បីរំឭកដល់ជនរងគ្រោះក្នុងសម័យសង្គ្រាមលោកលើកទីពីរ និងដើម្បីពិភាក្សាផ្នែកនយោបាយ។ នេះបើតាមការបញ្ជាក់របស់លោក Enrico Brissa ប្រធានផ្នែកពិធីការនៃរដ្ឋសភាអាល្លឺម៉ង់ នៅលើ Twitter។ លោក Brissa បានបង្ហោះរូបថតមួយចំនួននៅលើ Twitter ដែលបង្ហាញអំពីអ្នកស្រី Baerbel ធ្វើដំណើរតាមរថភ្លើងទៅដល់រដ្ឋធានីកៀវ និងអំពីជំនួបរបស់អ្នកស្រីជាមួយនឹងនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- មន្ត្រីការទូតអឺរ៉ុបបានជាប់គាំងនៅក្នុងការចរចាដ៏តឹងតែងអំពីលក្ខខណ្ឌនៃទណ្ឌកម្មជុំទី ៦ របស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ីនៅថ្ងៃអាទិត្យនេះ ដោយប្រទេសសមាជិកសហភាពអឺរ៉ុបមួយចំនួនស្វះស្វែងចង់បានការធានាចំពោះការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ពួកគេ។ នៅក្នុងកញ្ចប់ទណ្ឌកម្មជុំទី ៦ ដែលស្នើឡើងដោយគណៈកម្មការអឺរ៉ុបនៃសហភាពអឺរ៉ុបកាលពីសប្ដាហ៍មុននេះ ប្រទេសជាសមាជិកសហភាពអឺរ៉ុបភាគច្រើននឹងបញ្ឈប់ការនាំចូលប្រេងឥន្ធនៈពីរុស្ស៊ីនៅត្រឹមចុងឆ្នាំនេះ ដើម្បីដាក់ទណ្ឌកម្មលើរុស្ស៊ីសម្រាប់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ប៉ុន្តែប្រទេសជាសមាជិកមួយចំនួន ជាពិសេសប្រទេសហុងគ្រី បានទាមទារឲ្យមានការលើកលែងពីការហាមឃាត់នេះ។ មន្ត្រីការទូតអឺរ៉ុបនានាបានជួបប្រជុំគ្នាម្ដងទៀតនៅថ្ងៃអាទិត្យនេះ ប៉ុន្តែក្ដីសង្ឃឹមដែលថាកញ្ចប់ទណ្ឌកម្មនេះនឹងរួចរាល់មុនថ្ងៃចន្ទស្អែកបានធ្លាក់ចុះ។ លោក Josep Borrell ប្រធានផ្នែកគោលនយោបាយការបរទេសនៃសហភាពអឺរ៉ុបបាននិយាយថា ប្រសិនបើគ្មានការព្រមព្រៀងណាមួយនៅចុងសប្ដាហ៍នេះ លោកនឹងកោះហៅរដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបឲ្យប្រជុំម្ដងទៀតនៅសប្ដាហ៍ក្រោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ក្រុមហ៊ុន Gazprom ដែលជាក្រុមហ៊ុនផលិតប្រេងឥន្ធនៈរបស់រុស្ស៊ី បានបញ្ជាក់ថា ខ្លួនបានផ្គត់ផ្គង់ឧស្ម័នធម្មជាតិទៅកាន់ទ្វីបអឺរ៉ុបតាមរយៈប្រទេសអ៊ុយក្រែននៅថ្ងៃអាទិត្យនេះ ស្របតាមសំណើរបស់អតិថិជននៅអឺរ៉ុប។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់នៅថ្ងៃអាទិត្យនេះថា ខ្លួនបានបំផ្លាញនាវាចម្បាំងធុនតូចមួយគ្រឿងរបស់អ៊ុយក្រែននៅជិតទីក្រុង Odesa ប្រទេសអ៊ុយក្រែន ដោយការវាយប្រហារដោយមីស៊ីលកាលពីយប់មិញ។ ក្រសួងនេះក៏បានបន្ថែមផងដែរថា កងទ័ពជើងអាកាសរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះទម្លាក់គ្រាប់បែក SU-24 របស់អ៊ុយក្រែនចំនួនពីរគ្រឿងនិងឧទ្ធម្ភាគចក្រមួយគ្រឿងនៅពីលើកោះ Snake នៅក្នុងសមុទ្រខ្មៅ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកអស់វាចានឹងថ្លែង បន្ទាប់ពីការបាញ់ផ្លោងរបស់រុស្ស៊ីបានបំផ្លាញសារមន្ទីរមួយកន្លែងដែលឧទ្ទិសដល់លោក Hryhoriy Skovoroda ដែលជាទស្សនវិទូនិងជាកវីនៅសតវត្សទី ១៨។ លោក Zelenskyy បានថ្លែងនៅក្នុងសុន្ទរកថាតាមវីដេអូកាលពីយប់ថ្ងៃសៅរ៍ថា៖ «ជារៀងរាល់ថ្ងៃនៅក្នុងសង្គ្រាមនេះ កងទ័ពរុស្ស៊ីបានធ្វើរឿងដែលធ្វើឲ្យខ្ញុំអួលដើមក។ បន្ទាប់មក នៅថ្ងៃបន្ទាប់ កងទ័ពរុស្ស៊ីបានធ្វើរឿងផ្សេងទៀតដែលធ្វើឲ្យអ្នកមានអារម្មណ៍ដូច្នេះម្ដងទៀត»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
២០:៥៩
៩.៥.២០២២
ថ្ងៃចន្ទ ទី ៩ ខែឧសភា៖
- ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនឹងរៀបចំកិច្ចប្រជុំពិសេសមួយអំពីអ៊ុយក្រែននៅសប្ដាហ៍នេះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីមួយរូបនៅថ្ងៃចន្ទនេះ បន្ទាប់ពីរដ្ឋាភិបាលអ៊ុយក្រែនបានអំពាវនាវឱ្យមានការពិនិត្យឡើងវិញលើស្ថានភាពនៅអ៊ុយក្រែន ដែលក្នុងនោះរួមមានទាំងការរាយការណ៍អំពីចំនួនមនុស្សស្លាប់និងរងរបួសទ្រង់ទ្រាយធំនៅក្នុងទីក្រុង Mariupol ផងដែរ។ មន្ត្រីការទូតនានាបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា កិច្ចប្រជុំដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ អាចមាននូវសេចក្ដីសម្រេចមួយដែលតម្រូវឱ្យគណៈកម្មការស៊ើបអង្កេតលើសង្គ្រាមនៅអ៊ុយក្រែនដែលទើបបង្កើតថ្មីមួយផ្ដល់នូវរបាយការណ៍ពិស្ដារជូនក្រុមប្រឹក្សាសិទ្ធិមនុស្សនៅពេលក្រោយនៅក្នុងឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រទេសអ៊ុយក្រែនបានអំពាវនាវឱ្យក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិរៀបចំកិច្ចប្រជុំពិសេសមួយអំពីអ៊ុយក្រែន ដោយយោងលើតម្រូវការចាំបាច់សម្រាប់ឱ្យក្រុមប្រឹក្សានេះពិនិត្យឡើងវិញលើស្ថានការណ៍ដែល «កាន់តែយ៉ាប់យ៉ឺនឡើងជាបន្ត» នៅអ៊ុយក្រែន។ នេះបើយោងលើលិខិតមួយច្បាប់ចុះថ្ងៃទី ៩ ខែឧសភានេះ ដែលឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Yevheniia Filipenko បានផ្ញើជូនប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ លិខិតនោះក៏មានការចុះហត្ថលេខាពីប្រទេសចំនួន ៥៥ ផ្សេងទៀតផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីម៉ិកស៊ិកលោក Andres Manuel Lopez Obrador បាននិយាយនៅក្នុងសន្និសីទកាសែតជាប្រចាំមួយនៅថ្ងៃចន្ទនេះថា កិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែនគឺជាជម្រើសដ៏ល្អបំផុតដើម្បីកាត់បន្ថយអតិផរណា។ លោក Obrador ថ្លែងដូច្នេះថា៖ «ចំណុចសំខាន់បំផុតគឺថាកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែនត្រូវតែសម្រេចឱ្យបាន។ ករណីនេះនឹងជួយបានច្រើន ដោយសារតែសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនគឺជាអ្វីដែលធ្វើឱ្យមានវិបត្តិសេដ្ឋកិច្ចកើតឡើងយ៉ាងឆាប់ដូចនេះ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានសហភាពអឺរ៉ុបអ្នកស្រី Ursula von der Leyen បានធ្វើដំណើរទៅប្រទេសហុងគ្រីនៅថ្ងៃចន្ទនេះដើម្បីជួបពិភាក្សាជាមួយនឹងនាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban។ កន្លងមក លោក Orban បានបង្អាក់ដល់ផែនការរបស់សហភាពអឺរ៉ុបនៅក្នុងការហាមឃាត់ការនាំចូលប្រេងឥន្ធនៈពីរុស្ស៊ី។ លោក Eric Mamer អ្នកនាំពាក្យរបស់អ្នកស្រី von der Leyen បាននិយាយថា៖ «ពួកគេនឹងពិភាក្សាអំពីបញ្ហានានាទាក់ទិននឹងសន្តិសុខនៃការផ្គត់ផ្គង់ថាមពលនៅទ្វីបអឺរ៉ុប»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសអ៊ុយក្រែនបានខាតបង់ថវិកាចំនួន ១៧០ លានដុល្លារជារៀងរាល់ថ្ងៃ ដោយសារតែរុស្ស៊ីបានកាត់ផ្ដាច់លទ្ធភាពរបស់អ៊ុយក្រែននៅក្នុងការប្រើប្រាស់កំពង់ផែសមុទ្រ ហើយសមត្ថភាពនាំចេញរបស់អ៊ុយក្រែនបានបាត់បង់ជាងពាក់កណ្ដាល។ លោក Shmyhal បានបញ្ជាក់ថា៖ «ផលិតផលកសិកម្ម ៩០ លានតោន ដែលអ៊ុយក្រែនមានគម្រោងនាំចេញទៅកាន់បណ្ដាប្រទេសនៅទ្វីបអាស៊ី អាហ្វ្រិក និងអឺរ៉ុប ត្រូវបានរាំងខ្ទប់»។ លោកថ្លែងដូច្នេះនៅពេលលោកឈរជិតប្រធានក្រុមប្រឹក្សាអឺរ៉ុបនៃសហភាពអឺរ៉ុបលោក Charles Michel នៅក្នុងទីក្រុង Odesa ប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានក្រុមប្រឹក្សាអឺរ៉ុបនៃសហភាពអឺរ៉ុបលោក Charles Michel បាននិយាយថា ប្រទេសរុស្ស៊ីនឹងបរាជ័យនៅក្នុងការ «សម្លាប់សេរីភាព» របស់អ៊ុយក្រែន។ លោកថ្លែងដូច្នេះនៅពេលលោកធ្វើទស្សនកិច្ចដ៏ភ្ញាក់ផ្អើលទៅកាន់ទីក្រុង Odesa ប្រទេសអ៊ុយក្រែននៅថ្ងៃចន្ទនេះ។ លោក Michel បានបញ្ជាក់នៅក្នុងវីដេអូមួយនៅលើ Twitter ថា៖ «រដ្ឋាភិបាលរុស្ស៊ីចង់សម្លាប់ស្មារតីនៃសេរីភាពនិងលទ្ធិប្រជាធិបតេយ្យរបស់អ្នក»។ លោកបានបន្ថែមថា៖ «ខ្ញុំជឿជាក់យ៉ាងមុតមាំថា រុស្ស៊ីនឹងមិនទទួលជោគជ័យជាដាច់ខាត»។ ជាងនេះទៀត លោក Michel បានសន្យាថា សហភាពអឺរ៉ុបនឹងជួយ «កសាង» អ៊ុយក្រែនឱ្យក្លាយជា «ប្រទេសមួយដែលមានភាពទំនើបនិងមានប្រជាធិបតេយ្យ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា ទ្វីបអឺរ៉ុបត្រូវតែដកបទពិសោធន៍ពីកំហុសកាលពីអតីតកាលរបស់ខ្លួន និងធ្វើយ៉ាងណាធានាថាគ្មានភាគីណាមួយត្រូវបានគេធ្វើឱ្យអាម៉ាស់មុខនៅពេលដែលរុស្ស៊ីនិងអ៊ុយក្រែនចរចាគ្នាដើម្បីសន្តិភាព។ លោក Macron ថ្លែងដូច្នេះ បន្ទាប់ពីលោកបាននិយាយថា សុន្ទរកថារបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អំពីខួបសង្គ្រាមលោកលើកទីពីរមានលក្ខណៈ «គំរាមកំហែង» និង «បែបបង្កសង្គ្រាម»។ នៅក្នុងការថ្លែងទៅកាន់អ្នកកាសែតនៅរដ្ឋសភាអឺរ៉ុប លោក Macron បាននិយាយថា ទិវាជ័យជម្នះថ្ងៃទី ៩ ខែឧសភានេះប្រារព្ធធ្វើឡើងក្នុងបែបបទពីរផ្សេងគ្នា។ ចំណុចមួយគឺថា លោក Putin មានបំណង «បង្ហាញកម្លាំង ការគំរាមកំហែង» និងបានថ្លែង «សុន្ទរកថាបែបបង្កសង្គ្រាមដោយឥតញញើត»។ រីឯចំណុចមួយផ្សេងទៀតគឺថា សហភាពអឺរ៉ុបកំពុងធ្វើការលើការពង្រឹងគម្រោងសន្តិភាពដែលដឹកនាំដយប្រជាពលរដ្ឋ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- លោក Vladimir Medinsky ដែលជាប្រធានក្រុមចរចារបស់រុស្ស៊ីបាននិយាយនៅថ្ងៃចន្ទនេះថា ការចរចាសន្តិភាពជាមួយនឹងអ៊ុយក្រែនមិនបានបញ្ឈប់នោះទេ ហើយកំពុងធ្វើតាមអនឡាញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Interfax របស់រុស្ស៊ី។ នៅពេលគេសួរថាតើការចរចាដោយផ្ទាល់មុខអាចធ្វើឡើងជាមួយនឹងក្រុមអ្នកចរចាខាងអ៊ុយក្រែននៅពេលណា លោក Medinsky បានបញ្ជាក់ថា៖ «យើងត្រូវការព័ត៌មានជាក់លាក់បន្ថែមទៀត មុននឹងយើងអាចជួបចរចាទល់មុខបាន»។ អ៊ុយក្រែននិងរុស្ស៊ីមិនបានចរចាដោយទល់មុខតាំងពីថ្ងៃទី ២៩ ខែមីនាមក បើទោះជាយ៉ាងណាភាគីទាំងពីរបានជួបចរចាគ្នាតាមវីដេអូអនឡាញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅថ្ងៃចន្ទនេះ បានរំឭកអនុស្សាវរីយ៍នៃវីរភាពរបស់សហភាពសូវៀតនៅក្នុងសម័យសង្គ្រាមលោកលើកទីពីរដើម្បីជំរុញកងទ័ពរបស់លោកឱ្យទទួលបានជោគជ័យនៅក្នុងប្រទេសអ៊ុយក្រែន។ នៅក្នុងការថ្លែងទៅកាន់កងទ័ពដែលប្រមូលផ្ដុំគ្នាតម្រៀបជាជួរនៅទីលាន Red Square នៅចំខួបទី៧៧ឆ្នាំនៃជ័យជម្នះលើរបបណាហ្ស៊ីអាល្លឺម៉ង់ លោក Putin បានថ្កោលទោសអ្វីដែលលោកហៅថាជាការគំរាមកំហែងពីខាងក្រៅដែលធ្វើឱ្យរុស្ស៊ីចុះខ្សោយនិងបែកបាក់ និងបានបញ្ជាក់ម្ដងទៀតអំពីការអះអាងដែលលោកបានប្រើដើម្បីផ្ដល់ហេតុផលសម្រាប់ការឈ្លានពានប្រទេសអ៊ុយក្រែនគឺអង្គការអូតង់ (NATO) បានបង្កើតការគំរាមកំហែងជាប់ព្រំដែនរបស់រុស្ស៊ី។ លោក Putin និយាយដូច្នេះថា៖ «ការការពារមាតុភូមិនៅពេលដែលត្រូវសម្រេចអំពីវាសនារបស់មាតុភូមិនោះគឺតែងតែជារឿងដ៏ពិសិដ្ឋ។ ថ្ងៃនេះ អ្នកកំពុងប្រយុទ្ធដើម្បីប្រជាជនរបស់យើងនៅក្នុងតំបន់ Donbas [ប្រទេសអ៊ុយក្រែន] ដើម្បីសន្តិសុខរបស់ប្រទេសរុស្ស៊ីដែលជាមាតុភូមិរបស់យើង»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- នៅក្នុងការប្រារព្ធទិវាជ័យជម្នះលើរបបហាហ្ស៊ីអាល្លឺម៉ង់ក្នុងសម័យសង្គ្រាមលោកលើកទីពីរ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសរបស់លោកកំពុងប្រយុទ្ធដើម្បីជ័យជម្នះថ្មី ហើយនឹងឈ្នះសង្គ្រាមលើរុស្ស៊ី។ លោក Zelenskyy បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «ផ្លូវឆ្ពោះទៅកាន់ជ័យជម្នះគឺលំបាក។ ប៉ុន្តែ យើងប្រាកដណាស់ថាយើងនឹងឈ្នះ»។ លោក Zelenskyy បានលើកឡើងថា ជនជាតិអ៊ុយក្រែនគឺជាមនុស្សសេរីនិយម ដែលបានប្រយុទ្ធដើម្បីការពារទឹកដីរបស់ខ្លួនជាច្រើនដងរួចមកហើយនៅក្នុងប្រវត្តិសាស្ត្រ ហើយមាន «មាគ៌ាខ្លួនឯងផ្ទាល់»។ លោកបញ្ជាក់ដូច្នេះថា៖ «ថ្ងៃនេះ យើងកំពុងធ្វើសង្គ្រាមនៅលើមាគ៌ានេះ។ យើងនឹងមិនប្រគល់ទឹកដីមួយចំណែកណាមួយរបស់យើងឱ្យនរណាម្នាក់នោះទេ …ហើយយើងនឹងមិនប្រគល់ចំណែកនៃប្រវត្តិសាស្ត្រណាមួយរបស់យើងឱ្យនរណាម្នាក់នោះឡើយ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- អ្នកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបនៃសហភាពអឺរ៉ុប បាននិយាយនៅថ្ងៃចន្ទនេះថា គណៈកម្មការអឺរ៉ុបនឹងឆ្លើយតបចំពោះពាក្យសុំរបស់ប្រទេសអ៊ុយក្រែនដែលហែកហួរដោយសង្គ្រាមនៅក្នុងការចូលជាសមាជិករបស់សហភាពអឺរ៉ុបនៅខែមិថុនាខាងមុខ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- លោក Josep Borrell ប្រធានផ្នែកគោលនយោបាយការបរទេសនៃសហភាពអឺរ៉ុប បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងកាសែត Financial Times ដែលចេញផ្សាយនៅថ្ងៃចន្ទនេះថា សហភាពអឺរ៉ុបគួរតែពិចារណារឹបអូសទុនបម្រុងទុកអន្តរជាតិរបស់រុស្ស៊ីដើម្បីជួយបង់ថ្លៃចំណាយលើការកសាងប្រទេសអ៊ុយក្រែនឡើងវិញនៅពេលណាដែលសង្គ្រាមបានបញ្ចប់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- លោកស្រី Jill Biden ភរិយារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានជួបជាមួយប្រធានាធិបតីស្លូវ៉ាគីអ្នកស្រី Zuzana Caputova នៅថ្ងៃចន្ទនេះដើម្បីពិភាក្សាអំពីអ្វីដែលលោកស្រីបាននិយាយថាជា «ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះប្រជាពលរដ្ឋស្លូវ៉ាគីនិងអ៊ុយក្រែន និងវិធីដែលយើងអាចរួបរួមគ្នាជួយប្រជាពលរដ្ឋអ៊ុយក្រែន»។
- នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បាននិយាយកាលពីយប់ថ្ងៃអាទិត្យម្សិលមិញថា ពិភពលោកនឹងធ្វើអ្វីៗទាំងអស់ដែលអាចធ្វើបានដើម្បីធានាថាប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ចាញ់សង្គ្រាមរបស់លោកនៅក្នុងប្រទេសអ៊ុយក្រែន ដែលក្នុងនោះរួមមានទាំងការធ្វើឱ្យរដ្ឋាភិបាលរុស្ស៊ីរងទណ្ឌកម្មជាយូរឆ្នាំផងដែរ។ នៅក្នុងកិច្ចសម្ភាសន៍មួយ លោក Trudeau បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reutersថា៖ «អ្វីដែលលោក Putin ចាំបាច់ត្រូវយល់គឺថា ក្រុមបស្ចិមប្រទេសមានការប្ដេជ្ញាចិត្តនិងការតាំងចិត្តមុតមាំនៅក្នុងការប្រឆាំងនឹងអ្វីដែលលោកកំពុងធ្វើ»។
- នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានបញ្ជាក់នៅក្រោយកិច្ចប្រជុំតាមអនឡាញរបស់ក្រុមប្រទេស G-7 កាលពីថ្ងៃអាទិត្យម្សិលមិញថា ប្រទេសជប៉ុននឹងហាមឃាត់ «ជាគោលការណ៍» នូវការនាំចូលប្រេងឆៅពីរុស្ស៊ី ដែលនេះគឺជាផ្នែកមួយនៃយុទ្ធនាការរបស់ក្រុមប្រទេស G-7 នៅក្នុងការប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ លោក Kishida បានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលចេញផ្សាយដោយរដ្ឋាភិបាលជប៉ុនថា៖ «សម្រាប់ប្រទេសមួយដែលពឹងផ្អែកខ្លាំងក្លាលើការនាំចូលថាមពល វាគឺជាការសម្រេចចិត្តដ៏ពិបាកបំផុត។ ប៉ុន្តែការសម្របសម្រួលរបស់ក្រុមប្រទេស G-7 គឺមានសារៈសំខាន់បំផុតនៅពេលដូចឥឡូវនេះ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ក្រុមប្រទេស G-7 បានប្ដេជ្ញាចិត្តកាលពីថ្ងៃអាទិត្យម្សិលមិញនៅក្នុងការហាមឃាត់ ឬក៏បញ្ឈប់ជាដំណាក់កាលនូវការនាំចូលប្រេងឥន្ធនៈពីរុស្ស៊ី ហើយសហរដ្ឋអាមេរិកបានបង្ហាញនូវការដាក់ទណ្ឌកម្មលើថ្នាក់ដឹកនាំធនាគារ Gazprombank និងលើអាជីវកម្មផ្សេងៗទៀតដើម្បីដាក់ទណ្ឌកម្មលើរដ្ឋាភិបាលរុស្ស៊ីសម្រាប់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
២១:៣០
១០.៥.២០២២
ថ្ងៃអង្គារ ទី ១០ ខែឧសភា៖
- នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Mario Draghi បានធ្វើដំណើរទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកនៅថ្ងៃអង្គារនេះដើម្បីពិភាក្សាជាមួយនឹងប្រធានាធិបតីអាមេរិកលោក Joe Biden ដែលបញ្ហានៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនគ្របដណ្ដប់លើការពិភាក្សានោះ។ ជំនួបនៅសេតវិមាននេះធ្វើឡើងនៅមុនកិច្ចប្រជុំកំពូលដ៏សំខាន់របស់ក្រុមប្រទេស G-7 និងរបស់អង្គការអូតង់ (NATO) នៅក្នុងទ្វីបអឺរ៉ុបចូលមកដល់នៅខែក្រោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- លោក Chuck Schumer មេដឹកនាំគណបក្សប្រជាធិបតេយ្យនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃអង្គារនេះថា ព្រឹទ្ធសភាសហរដ្ឋអាមេរិកនឹងចាត់វិធានការលើកញ្ចប់ជំនួយសម្រាប់អ៊ុយក្រែនឱ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន នៅពេលណាដែលរដ្ឋសភាបានអនុម័តលើសំណើច្បាប់នេះ។ សភាសហរដ្ឋអាមេរិកកំពុងពិចារណាបញ្ជូនជំនួយបន្ថែមជិត ៤០ ពាន់លានដុល្លារទៀតទៅឱ្យប្រទេសអ៊ុយក្រែន ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បាននិយាយនៅថ្ងៃអង្គារនេះថា សមាជិកភាពរបស់ប្រទេសអ៊ុយក្រែននៅក្នុងសហភាពអឺរ៉ុបគឺជាសំណួរនៃ «សង្គ្រាមនិងសន្តិភាព» នៅទ្វីបអឺរ៉ុប។ លោកបានបញ្ជាក់នៅក្នុងសន្និសីទកាសែតមួយថា៖ «ខ្ញុំចង់សង្កត់ធ្ងន់ថា សមាជិកភាពរបស់អ៊ុយក្រែននៅក្នុងសហភាពអឺរ៉ុបគឺជារឿងនៃសង្គ្រាមនិងសន្តិភាពនៅក្នុងទ្វីបអឺរ៉ុប»។ លោកបានបន្ថែមថា៖ «មូលហេតុមួយដែលសង្គ្រាមនេះបានចាប់ផ្ដើមឡើងគឺថា [ប្រធានាធិបតីរុស្ស៊ីលោក Vladimir] Putin បានជឿថា ទ្វីបអឺរ៉ុបមិនត្រូវការអ៊ុយក្រែន»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- លោកស្រី Avril Haines ប្រធានផ្នែកស៊ើបការណ៍សម្ងាត់ជាតិរបស់សហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃអង្គារនេះថា សហរដ្ឋអាមេរិកជឿថាប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កំពុងត្រៀមលក្ខណៈសម្រាប់សង្គ្រាមរយៈពេលយូរនៅក្នុងប្រទេសអ៊ុយក្រែន ហើយជ័យជម្នះរបស់រុស្ស៊ីនៅក្នុងតំបន់ Donbas នៅភាគខាងកើតប្រទេសអ៊ុយក្រែនប្រហែលជានឹងមិនអាចបញ្ចប់សង្គ្រាមនេះបានទេ។ លោកស្រី Haines បានប្រាប់សមាជិកសភាសហរដ្ឋអាមេរិកថា៖ «យើងវាយតម្លៃថា លោកប្រធានាធិបតី Putin កំពុងត្រៀមលក្ខណៈសម្រាប់សង្គ្រាមរយៈពេលវែងនៅក្នុងប្រទេសអ៊ុយក្រែន ដែលនៅក្នុងអំឡុងពេលសង្គ្រាមនេះលោកនៅមានបំណងសម្រេចឱ្យបានគោលដៅផុតពីតំបន់ Donbas ទៅទៀត»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ីបានចាប់ផ្ដើមវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកាលពីចុងខែកុម្ភៈលើបណ្ដាញសារគមនាគមន៍ផ្កាយរណបពាណិជ្ជកម្ម ដើម្បីបង្អាក់ដល់ប្រព័ន្ធបញ្ជានិងគ្រប់គ្រងរបស់អ៊ុយក្រែនក្នុងអំឡុងពេលនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ លោក Blinken បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា សកម្មភាពទាំងនេះជះផលប៉ះពាល់ដល់បណ្ដាប្រទេសផ្សេងទៀតនៅអឺរ៉ុប។ លោក Blinken បានបន្តថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តនិងដៃគូរបស់ខ្លួនកំពុងចាត់វិធានការដើម្បីទប់ទល់នឹងសកម្មភាពទាំងនេះរបស់រុស្ស៊ី។ លោក Blinken បានបន្ថែមថា សហរដ្ឋអាមេរិកបានបង្កើតយន្តការថ្មីដើម្បីជួយអ៊ុយក្រែននៅក្នុងការកំណត់រកការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិតនិងការងើបចេញពីហេតុការណ៍នានាដែលកើតឡើងតាមប្រព័ន្ធអ៊ីនធឺណិត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់នៅថ្ងៃអង្គារថា រុស្ស៊ីនឹងមិនចូលរួមនៅក្នុងកិច្ចប្រជុំពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអំពីអ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍ខាងមុខនេះទេ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី Maria Zakharova បាននិយាយនៅថ្ងៃអង្គារថា៖ «គណៈប្រតិភូរុស្ស៊ីនឹងមិនផ្ដល់ភាពស្របច្បាប់តាមរយៈវត្តមានរបស់ខ្លួនចំពោះឆាកល្ខោននយោបាយថ្មីដែលរៀបចំក្រោមរូបភាពកិច្ចប្រជុំពិសេសនេះទេ»។ អ្នកស្រីបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «ជាអកុសល ការអះអាងនិងការពន្យល់របស់យើងអំពីគោលបំណងពិតប្រាកដនៃប្រតិបត្តិការយោធាពិសេសនេះនិងអំពីស្ថានការណ៍ពិតប្រាកដនៅសមរភូមិត្រូវបានគេធ្វើព្រងើយកន្តើយដាក់ទាំងស្រុង»។ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជា ជាតិបានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញថា ខ្លួននឹងរៀបចំកិច្ចប្រជុំពិសេសមួយនៅថ្ងៃព្រហស្បតិ៍ខាងមុខតាមសំណើរបស់រដ្ឋាភិបាលអ៊ុយក្រែនដើម្បីពិនិត្យលើ«ស្ថានភាពសិទ្ធិមនុស្សដែលកាន់តែដុនដាបឡើងនៅក្នុងប្រទេសអ៊ុយក្រែនដែលកើតឡើងដោយសារភាពគឃ្លើនរបស់រុស្ស៊ី»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រទេសរុស្ស៊ីគ្មានគម្រោងបិទស្ថានទូតរបស់ខ្លួននៅទ្វីបអឺរ៉ុបដើម្បីឆ្លើយតបទៅនឹងវិធានការអមិត្តរបស់ក្រុមបស្ចិមប្រទេសនិងការពង្រីកទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីនោះទេ។ នេះបើយោងតាមសេចក្ដីរាយការណ៍នៅថ្ងៃអង្គារនេះរបស់ទីភ្នាក់ងារព័ត៌មាន RIA របស់រុស្ស៊ីដែលបានយោងលើសម្ដីរបស់អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Alexander Grushko។ លោក Grusko និយាយដូច្នេះថា៖ «នេះមិនមែនជាទម្លាប់របស់យើងនោះឡើយ»។ លោកបានបន្ថែមថា៖ «យើងជឿថា កិច្ចការរបស់ការិយាល័យអ្នកតំណាងការទូតគឺសំខាន់»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock និងរដ្ឋមន្ត្រីការបរទេសហូឡង់លោក Wopke Hoekstra បានធ្វើទស្សនកិច្ចដ៏ភ្ញាក់ផ្អើលទៅកាន់តំបន់នានាដែលខ្ទេចខ្ទាំដោយសារសង្គ្រាមនៅជុំវិញរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែននៅថ្ងៃអង្គារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅថ្ងៃអង្គារថា កញ្ចប់ទណ្ឌកម្មលើកទី៦របស់សហភាពអឺរ៉ុបដែលគ្រោងឡើងដើម្បីប្រឆាំងនឹងរុស្ស៊ី ដែលក្នុងនោះរួមមានទាំងការហាមឃាត់ការនាំចូលប្រេងឥន្ធនៈពីរុស្ស៊ីផងដែរ គឺត្រូវការជាចាំបាច់។ លោក Zelenskyy បានប្រាប់រដ្ឋសភាស្លូវ៉ាគីនៅក្នុងសុន្ទរកថាតាមវីដេអូថា៖ «ឥឡូវនេះកញ្ចប់ទណ្ឌកម្មលើកទី ៦ [របស់សហភាពអឺរ៉ុប]នឹងត្រូវអនុម័ត ហើយវាគឺពិតជាកញ្ចប់ទណ្ឌកម្មដែលយើងត្រូវការ ហើយជាងនេះទៀត ការដាក់ទណ្ឌកម្មលើថាមពល [របស់រុស្ស៊ី] ក៏ត្រូវការផងដែរ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- លោក Clement Beaune រដ្ឋលេខាធិការក្រសួងការបរទេសបារាំងទទួលបន្ទុកកិច្ចការទ្វីបអឺរ៉ុបបាននិយាយថា បណ្ដាប្រទេសសមាជិកសហភាពអឺរ៉ុបអាចសម្រេចបាននូវកិច្ចព្រមព្រៀងមួយនៅសប្ដាហ៍នេះអំពីសំណើរបស់គណៈកម្មការអឺរ៉ុបនៃសហភាពអឺរ៉ុបនៅក្នុងការរារាំងការនាំចូលប្រេងឥន្ធនៈទាំងអស់ពីប្រទេសរុស្ស៊ី។ លោកបានប្រាប់ទូរទស្សន៍ LCI ថា៖ «ខ្ញុំគិតថា យើងអាចសម្រេចបាននូវកិច្ចព្រមព្រៀងមួយនៅសប្ដាហ៍នេះ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីឧស្សាហកម្មជប៉ុនលោក Koichi Hagiuda បាននិយាយនៅថ្ងៃអង្គារថា ជប៉ុននឹងសម្រេចអំពីពេលវេលានិងវិធីនៃការហាមឃាត់ការនាំចូលប្រេងឥន្ធនៈពីរុស្ស៊ី ហើយស្របពេលនោះដែរនឹងពិចារណាអំពីស្ថានភាពពិតប្រាកដ។ លោក Hagiuda ថ្លែងដូច្នេះ បន្ទាប់ពីជប៉ុនបានឯកភាពលើការហាមឃាត់ប្រេងឥន្ធនៈរបស់រុស្ស៊ីនេះជាមួយនឹងបណ្ដាប្រទេសនៃក្រុមប្រទេស G-7 ផ្សេងទៀតដើម្បីប្រឆាំងនឹងការឈ្លាន ពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ លោក Hagiuda បានបញ្ជាក់នៅក្នុងសន្និ សីទកាសែតដូច្នេះថា ដើម្បីជួយធានាថាមានស្ថិរភាពនៃការផ្គត់ផ្គង់ថាមពលនៅលើសាកលលោក សហរដ្ឋអាមេរិកមានតួនាទីសំខាន់ក្នុងនាមជាអ្នកផលិតប្រេងឥន្ធនៈនិងឧស្ម័នធម្ម ជាតិ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានបេសកកម្មតាមដានស្ថានភាពសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសអ៊ុយក្រែនបាននិយាយនៅថ្ងៃអង្គារថា ជនស៊ីវិលរាប់ពាន់នាក់ទៀតត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែនតាំងពីពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយ ក្រែនមក ដែលចំនួននេះគឺច្រើនជាងតួលេខផ្លូវការរបស់ខ្លួនទៅទៀត ដែលតួលេខផ្លូវការនោះគឺមានចំនួន ៣.៣៨១ នាក់។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ ងារព័ត៌មាន Reuters។
- រដ្ឋាភិបាលអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃអង្គារថា ទាហានអ៊ុយក្រែនជាង១.០០០នាក់ ដែលភាគច្រើនបានរងរបួស កំពុងស្ថិតនៅក្នុងរោងចក្រដែកថែប Azovstal ក្នុងទីក្រុង Mariupol នៅឡើយ។ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនអ្នកស្រី Iryna Vereshchuk បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ទាហានអ៊ុយក្រែន «ជាងមួយពាន់នាក់» នៅស្ថិតក្នុងរោងចក្រនោះនៅឡើយ។ អ្នកស្រីបានបន្ថែមថា៖ «ទាហានរាប់រយនាក់បានរងរបួស។ មានមនុស្សរងរបួសធ្ងន់ធ្ងរដែលតម្រូវឱ្យមានការជម្លៀសចេញជាបន្ទាន់។ ស្ថានការណ៍គឺកាន់តែដុនដាបទៅៗពីមួយថ្ងៃទៅមួយថ្ងៃ»។
- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយកាលពីថ្ងៃចន្ទថា លោកមានការព្រួយបារម្ភថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មិនមានវិធីដកខ្លួនចេញពីសង្គ្រាមនៅ អ៊ុយក្រែននោះទេ និងថា លោកកំពុងព្យាយាមគិតគូរថាតើត្រូវធ្វើដូចម្ដេចចំពោះរឿងនេះ។ នៅក្នុងការថ្លែងនៅឯពិធីរៃអង្គាសថវិកាផ្នែកនយោបាយមួយនៅជាយរដ្ឋធានីវ៉ាស៊ីនតោន លោក Biden បាននិយាយថា លោក Putin បានជឿទាំងយល់ច្រឡំថា ការឈ្លានពានអ៊ុយក្រែនអាចធ្វើឱ្យអង្គការអូតង់បែកបាក់ និងអាចធ្វើឱ្យសហភាពអឺរ៉ុបបែកបាក់។ ប៉ុន្តែផ្ទុយទៅវិញ សហរដ្ឋអាមេរិកនិងបណ្ដាប្រទេសជាច្រើននៅអឺរ៉ុបបានរួមគ្នាគាំទ្រអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងនឹងរៀបចំកិច្ចប្រជុំសាធារណៈថ្មីមួយនៅថ្ងៃព្រហស្បតិ៍ខាងមុខអំពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ដោយសារតែស្ថាន ភាពមនុស្សធម៌នៅក្នុងប្រទេសអ៊ុយក្រែនកាន់តែយ៉ាប់យ៉ឺនឡើង។ នេះបើតាមការបញ្ជាក់របស់មន្ត្រីការទូតនានាកាលពីថ្ងៃចន្ទ។ កិច្ចប្រជុំនេះដែលស្នើឡើងដោយប្រ ទេសបារាំងនិងម៉ិកស៊ិកនឹងក្លាយជាកិច្ចប្រជុំលើកទី ១៦ ដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិធ្វើឡើងតាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈមក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
២២:៣៣
១១.៥.២០២២
ថ្ងៃពុធ ទី ១១ ខែឧសភា៖
- រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Llyod Austin បាននិយាយនៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិកមិនជឿថាប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ចង់ចាត់វិធានការបែបយោធាលើអង្គការអូតង់ (NATO) នោះទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសរុស្ស៊ីលោក John Sullivan បានជួបពិភាក្សាគ្នានៅក្នុងទីក្រុងមូស្គូនៅថ្ងៃពុធនេះ។ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសរុស្ស៊ីបានបញ្ជាក់ថា៖ «សហរដ្ឋអាមេរិកនៅតែតាំងចិត្តចំពោះការបើកច្រកទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលរុស្ស៊ី ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រយោជន៍របស់សហរដ្ឋអាមេរិកនិងដើម្បីកាត់បន្ថយហានិភ័យនៃការប៉ាន់ស្មានខុសរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ី»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Mario Draghi បាននិយាយនៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិកនិងរុស្ស៊ីត្រូវតែពិភាក្សាជាមួយគ្នាដើម្បីព្យាយាមបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ លោក Draghi ថ្លែងដូច្នេះក្នុងពេលមួយថ្ងៃក្រោយមក បន្ទាប់ពីលោកបានជួបប្រជុំជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden។ លោក Draghi បានបញ្ជាក់នៅក្នុងសន្និសីទកាសែតថា លោកនិងលោក Biden បានទទួលស្គាល់ថា វិថីឆ្ពោះទៅរកសន្តិភាពមានភាពស្មុគស្មាញខ្លាំង ប៉ុន្តែលោកបានលើកឡើងថា ភាគីនីមួយៗចាំបាច់ត្រូវប្រឹងប្រែងដើម្បីជួយរុស្ស៊ីនិងអ៊ុយក្រែននៅក្នុងការស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែនលោក Sergiy Marchenko បានអំពាវនាវនៅថ្ងៃពុធនេះឱ្យអ្នកផ្ដល់ជំនួយអន្តរជាតិ «បង្កើនជាអតិបរមា» នូវកិច្ចប្រឹងប្រែងដើម្បីជួយអ៊ុយក្រែនបន្ទាប់ពីរុស្ស៊ីបានឈ្លានពាន។ លោក Marchenko បានបញ្ជាក់នៅក្នុងការប្រជុំប្រចាំឆ្នាំរបស់ធនាគារអភិវឌ្ឍន៍អឺរ៉ុបក្នុងទីក្រុង Marrakesh ប្រទេសម៉ារ៉ុកថា៖ «នៅពេលដែលការពារប្រទេសរបស់យើងនិងប្រយុទ្ធជាមួយនឹងរុស្ស៊ី យើងប្រថុយគ្រោះថ្នាក់ខ្លាំងបំផុត...ដើម្បីឱ្យអ៊ុយក្រែនអាចឈ្នះសង្គ្រាមនេះ»។ លោកបានបន្ថែមនៅក្នុងសុន្ទរកថាតាមវីដេអូថា៖ «ដូច្នេះ យើងនឹងដឹងគុណប្រសិនបើអ្នកហ៊ានប្រថុយផ្ដល់ [ហិរញ្ញវត្ថុ] តិចតួចដើម្បីជួយអ៊ុយក្រែនឱ្យឈ្នះសង្គ្រាមនេះ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយនៅថ្ងៃពុធថា ការចរចាសន្តិភាពអំពីអ៊ុយក្រែននឹងមកដល់នៅពេលណាមួយ ប៉ុន្តែនឹងមិនមកដល់ក្នុងពេលឆាប់ៗខាងមុខនេះទេ។ លោក Guterres បានបញ្ជាក់នៅក្នុងសន្និសីទកាសែតមួយជាមួយប្រធានាធិបតីអូទ្រីសលោកAlexander Van der Bellenថា៖ «សង្គ្រាមនេះនឹងមិនបន្តរហូតទេ។ ការចរចាសន្តិភាពនឹងកើតឡើងក្នុងពេលណាមួយ»។ លោកបានបន្ថែមថា៖ «ខ្ញុំគិតថា ការចរចាសន្តិភាពនេះនឹងមិនកើតឡើងក្នុងពេលឆាប់ៗខាងមុខនេះទេ ប៉ុន្តែខ្ញុំអាចនិយាយរឿងមួយ ដែលនោះគឺថាយើងនឹងមិនបោះបង់ចោលនោះឡើយ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់នៅថ្ងៃពុធថា វាអាស្រ័យលើពលរដ្ឋដែលរស់នៅក្នុងតំបន់ Kherson ដែលជាតំបន់គ្រប់គ្រងដោយរុស្ស៊ីនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន ជាអ្នកសម្រេចថាតើពួកគេចង់ចូលជាផ្នែកមួយរបស់រុស្ស៊ីឬក៏យ៉ាងណានោះ ប៉ុន្តែការសម្រេចណាមួយដូចនេះត្រូវតែមានមូលដ្ឋានច្បាប់ច្បាស់លាស់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- តំបន់ Kherson ដែលគ្រប់គ្រងដោយរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនមានគម្រោងស្នើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ឱ្យបញ្ចូលខ្លួនទៅជាផ្នែកមួយនៃប្រទេសរុស្ស៊ី។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន TASS របស់រុស្ស៊ីនៅថ្ងៃពុធដែលយោងលើមន្ត្រីមួយរូបនៃរដ្ឋបាលដែលគ្រប់គ្រងដោយរុស្ស៊ីនៃតំបន់ Kherson។ រុស្ស៊ីបានបញ្ជាក់កាលពីខែមេសាថា ខ្លួនបានដណ្ដើមកាន់កាប់តំបន់ Khersonទាំងស្រុង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយនៅថ្ងៃពុធថា រដ្ឋាភិបាលរុស្ស៊ីមិនចង់ឱ្យមានសង្គ្រាមនៅក្នុងទ្វីបអឺរ៉ុបទេ ប៉ុន្តែក្រុមបស្ចិមប្រទេសមានបំណងចង់ឱ្យរុស្ស៊ីបរាជ័យនៅក្នុងយុទ្ធនាការយោធារបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានផ្នែកពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបលោក Valdis Dombrovskis បាននិយាយនៅក្នុងកិច្ចប្រជុំរបស់ធនាគារអឺរ៉ុបសម្រាប់ការកសាងឡើងវិញនិងអភិវឌ្ឍន៍ (EBRD) ក្នុងទីក្រុង Marrakech ប្រទេសម៉ារ៉ុកថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននឹងធ្វើឱ្យការរីកចម្រើនសេដ្ឋកិច្ចមានដំណើរយឺតយ៉ាវនៅក្នុងសហភាពអឺរ៉ុប ប៉ុន្តែនឹងមិនធ្វើឱ្យរាំងស្ទះដល់ការរីកចម្រើនសេដ្ឋកិច្ចទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការបរទេសហុងគ្រីលោកPeter Szijjarto បាននិយាយនៅថ្ងៃពុធថា សំណើរបស់សហភាពអឺរ៉ុបលើការហាមឃាត់ការនាំចូលប្រេងឥន្ធនៈពីរុស្ស៊ីនឹងបំផ្លាញដល់សេដ្ឋកិច្ចរបស់ហុងគ្រី ហើយនឹងមិនផ្ដល់ដំណោះស្រាយណាមួយសម្រាប់បញ្ហាធំដែលទណ្ឌកម្មនេះនឹងបង្កើតសម្រាប់ប្រទេសហុងគ្រីនោះឡើយ។ លោក Szijjarto បានថ្លែងថា សហភាពអឺរ៉ុបមិនមានដំណោះស្រាយណាមួយនោះទេ ដូច្នេះដំណោះ ស្រាយតែមួយគត់សម្រាប់កិច្ចព្រមព្រៀងស្ដីពីការហាមឃាត់ការនាំចូលប្រេងឥន្ធនៈនេះគឺថាការហាមឃាត់នេះគួរសំដៅលើតែការហាមឃាត់ការដឹកជញ្ជូនប្រេងឥន្ធនៈតាមសមុទ្រតែប៉ុណ្ណោះ ដោយលើកលែងទាំងស្រុងនូវការបញ្ជូនប្រេងឥន្ធនៈរបស់រុស្ស៊ីតាមបំពង់បង្ហូរប្រេង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ការបញ្ជូនឧស្ម័នរបស់រុស្ស៊ីទៅអឺរ៉ុបកាត់តាមប្រទេសអ៊ុយក្រែនបានធ្លាក់ចុះនៅថ្ងៃពុធ បន្ទាប់ពីរដ្ឋាភិបាលអ៊ុយក្រែនបានបញ្ជាក់ថា ខ្លួនបានផ្អាកការបញ្ជូនឧស្ម័ននេះតាមបំពង់បង្ហូរឧស្ម័នដ៏សំខាន់មួយ ដោយសារតែប្រតិបត្តិការយោធារបស់រុស្ស៊ីបានរុលចូលដល់ទីនោះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev បានចោទប្រកាន់សហរដ្ឋអាមេរិកនៅថ្ងៃពុធថាបានបង្ក «សង្គ្រាមប្រយោល» ប្រឆាំងនឹងរុស្ស៊ី បន្ទាប់ពីរដ្ឋសភាសហរដ្ឋអាមេរិកបានអនុម័តកញ្ចប់ជំនួយចំនួនជិត៤០ពាន់លានដុល្លារសម្រាប់ប្រទេសអ៊ុយ ក្រែន។ លោក Medvedev បានបន្ថែមថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនឹងរង គ្រោះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងអំណរគុណដល់រដ្ឋ សភាសហរដ្ឋអាមេរិកសម្រាប់ការអនុម័តលើជំនួយផ្នែកយោធានិងមនុស្សធម៌ចំនួនជិត៤០ពាន់លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែន។
- រដ្ឋសភាសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារម្សិលមិញបានអនុម័តសំណើច្បាប់មួយដែលអនុញ្ញាតឱ្យមានការផ្ដល់ជំនួយថ្មីផ្នែកយោធានិងមនុស្សធម៌ចំនួនជិត ៤០ ពាន់លានដុល្លារដល់ប្រទេសអ៊ុយក្រែន។ ជំនួយថ្មីនេះមានចំនួន៧ពាន់លានដុល្លារច្រើនជាងអ្វីដែលប្រធានាធិបតីអាមេរិកបានស្នើកាលពីសប្ដាហ៍មុន។ សំណើច្បាប់នេះទាមទារឱ្យមានការអនុម័តពីព្រឹទ្ធសភាទើបអាចចូលជាធរមានបាន។