១៩:៣០
៣០.៤.២០២២
ថ្ងៃសៅរ៍ ទី ៣០ ខែមេសា៖
- ទាហានរុស្ស៊ីនិងទាហានអ៊ុយក្រែននៅរោងចក្រដែកថែប Azovstal នៃទីក្រុងកំពង់ផែ Mariupol បានឈប់ប្រយុទ្ធគ្នា «តាំងពីព្រឹក [ថ្ងៃសៅរ៍]» ខណៈការចរចាគ្នាកំពុងធ្វើឡើង ដើម្បីបង្កើតផ្លូវរបៀងសុវត្ថិភាពមួយដើម្បីជម្លៀសមនុស្សចេញពីរោងចក្រ។ នេះបើយោងតាមការលើកឡើងរបស់ទាហានអ៊ុយក្រែនម្នាក់ នៅថ្ងៃសៅរ៍នេះ។ ព័ត៌មាននេះមិនត្រូវបានបញ្ជាក់ថាត្រឹមត្រូវនៅឡើយទេ ហើយមន្ត្រីអ៊ុយក្រែនបានបដិសេធមិនធ្វើអត្ថាធិប្បាយ។ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានរបស់កាសែត The Washington Post។
- កាសែត The New York Times រាយការណ៍ថា ប្រទេសអ៊ុយក្រែនបានកម្រិតការនាំចេញប្រេងផ្កាឈូករ័ត្ន ស្រូវសាឡី ធញ្ញជាតិ oat និងសត្វគោ ដើម្បីការពារសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងអំឡុងពេលមានសង្គ្រាម។ រុស្ស៊ីក៏បានហាមឃាត់មិនឲ្យមានការលក់ជី ស្ករ និងគ្រាប់ធញ្ញជាតិទៅប្រទេសឯទៀតផងដែរ។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងថា ឱកាសនៃការបញ្ចប់កិច្ចចរចាដើម្បីសន្តិភាពជាមួយរុស្ស៊ី មាន«ខ្ពស់» ពីព្រោះតែ «អ្វីដែលពួកគេ [រុស្ស៊ី] បានបន្សល់ទុក គឺសកម្មភាពបង្ហាញឲ្យឃើញថា ពួកគេមានយុទ្ធសាស្ត្រមួយស្តីពីការសម្លាប់មនុស្ស»។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត The Wasington Post។ លោក Zelenskyy បានថ្លែងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណែតជាមួយក្រុមអ្នកសារព័ត៌មានប៉ូឡូញកាលពីយប់ថ្ងៃសុក្រ។
- បណ្តាញទូរទស្សន៍ CNN បានរាយការណ៍ថា រូបភាពតាមប្រព័ន្ធផ្កាយរណបកាលពីថ្ងៃសុក្រ បង្ហាញថា រាល់សំណង់អគារស្ទើរតែទាំងអស់នៅក្នុងបរិវេណរោងចក្រដែកថែប Azovstal នៃទីក្រុងកំពង់ផែ Mariupol ត្រូវបានបំផ្លាញ។
- រុស្សីជឿថា គ្រោះថ្នាក់ដែលកើតចេញពីសង្គ្រាមអាវុធនុយក្លេអ៊ែរ គួររក្សាឱ្យមានទាបបំផុត ហើយថា រាល់ជម្លោះប្រដាប់អាវុធណាមួយរវាងប្រទេសដែលមានអាវុធនុយក្លេអ៊ែរ គួរតែត្រូវបានរារាំង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន TASS របស់រុស្ស៊ី ដែលបានដកស្រង់សម្តីរបស់មន្ត្រីប្រចាំក្រសួងការបរទេសរុស្ស៊ី ដែលបានលើកឡើងនៅថ្ងៃសៅរ៍នេះ។ លោក Vladimir Yermakov ប្រធានផ្នែកទប់ស្កាត់ការបង្កើនអាវុធនុយក្លេអ៊ែរប្រចាំក្រសួងការបរទេសរុស្ស៊ី បានថ្លែងថា ប្រទេសដែលមានអាវុធនុយក្លេអ៊ែរទាំងអស់ ត្រូវតែដើរតាមភាពសមហេតុផលដែលមានចែងនៅក្នុងឯកសារផ្លូវការស្តីពីការរារាំងសង្គ្រាមនុយក្លេអ៊ែរ។ លោកបានថ្លែងថា «រុស្ស៊ីគោរពតាមខ្លឹមសារនេះយ៉ាងច្បាស់លាស់»។ នេះបើតាមសេចក្តីរាយការណ៍ព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីបារាំងលោក Emmanuel Macron បានថ្លែងនៅថ្ងៃសៅរ៍ថា បារាំងនឹង «បង្កើន» ការផ្គត់ផ្គង់ជំនួយយោធានិងមនុស្សធម៌របស់ខ្លួនបន្ថែមទៀត ដល់ប្រទេសអ៊ុយក្រែន ក្រោយពីលោកបានសន្ទនាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy។ លោក Macron បានថ្លែងថា លោក Zelenskyy បានអរគុណដល់ប្រទេសបារាំងសម្រាប់ «ការដឹកជញ្ជូនសម្ភារៈយោធាទ្រង់ទ្រាយធំ» ដែលជួយដល់ការប្រយុទ្ធរបស់ទាហានអ៊ុយក្រែនប្រឆាំងនឹងទាហានរុស្ស៊ី» ដោយលោកបានបន្ថែមថា «ការគាំទ្រយោធានេះនឹង កើនឡើងតទៅទៀតហើយជំនួយមនុស្សធម៌ដែលបារាំងបានផ្តល់ឲ្យ ក៏នឹងកើនឡើងផងដែរ»។ នេះបើតាមទីភ្នាក់ងារព័ត៌មានបារាំង AFP។
- ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ថា ការដកទណ្ឌកម្មដែលបានដាក់មកលើរុស្ស៊ី គឺជាផ្នែកមួយនៃការចរចាដើម្បីសន្តិភាពរវាងរដ្ឋាភិបាលរុស្ស៊ីនិងរដ្ឋាភិបាលអ៊ុយក្រែន ដែលកំពុងស្ថិតក្នុងស្ថានភាព «លំបាក» ប៉ុន្តែនៅតែបន្តទៅមុខជារៀងរាល់ថ្ងែ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានថ្លែងដូច្នេះនៅក្នុងសេចក្តីថ្លែងការណ៍ដែលត្រូវបានចេញផ្សាយកាលពីព្រឹកថ្ងៃសៅរ៍។
- ប៉ូលិសអ៊ុយក្រែនបានថ្លែងនៅថ្ងៃសៅរ៍ថា សាកសពរបស់បុរសបីនាក់ដែលដៃរបស់ពួកគេត្រូវបានចង និងមានស្នាមរបួស ត្រូវបានរកឃើញនៅក្នុងរណ្តៅមួយក្បែរទីក្រុង Bucha ជាប់ជាយរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន។ ទីក្រុងនេះត្រូវបានផ្សារភ្ជាប់ទៅនឹងការចោទប្រកាន់ថា ទាហានរុស្ស៊ីបានឧក្រិដ្ឋកម្មសង្គ្រាមនៅទីនោះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានបារាំង AFP។
- កាសែត The Washington Post រាយការណ៍ថា អង្គការសហប្រជាជាតិបន្តព្យាយាមសម្រួលឲ្យមានការជម្លៀសជនស៊ីវិលចេញពីតំបន់រងការវាយប្រហារបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរនៅក្នុងទីក្រុង Mariupol ដែលរុស្ស៊ីបានព្យាយាមក្តោបក្តាប់ ចាប់តាំងពីរុស្ស៊ីបានឈ្លានពានលើអ៊ុយក្រែនក្នុងរយៈពេលជាង ៩ សប្តាហ៍កន្លងមកនេះ។ ក្រុមអ្នកប្រយុទ្ធអ៊ុយក្រែនប្រមាណ ២០០០ នាក់ និងជនស៊ីវិលប្រមាណ ១០០០ នាក់ បន្តជាប់គាំងនៅក្នុងបរិវេណរោងចក្រដែកថែប Azovstal។
- ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ថា ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi បានថ្លែងកាលពីថ្ងៃសុក្រថា លោកស្រីសង្ឃឹមថា សភានឹងបោះឆ្នោតអនុម័តលើសំណើថវិកាចំនួន ៣៣ ពាន់លានដុល្លាររបស់រដ្ឋបាលលោក Biden «ឲ្យបានឆាប់តាមតែអាចធ្វើបាន»។
- ការពិភាក្សាគ្នារវាងរដ្ឋាភិបាលរុស្ស៊ីនិងរដ្ឋាភិបាលអាមេរិកស្តីអំពីស្ថិរភាពយុទ្ធសាស្ត្រ ត្រូវបាន «ជាប់គាំង» ជាផ្លូវការ។ នេះបើតាមទីភ្នាក់ងារព័ត៌មានក្នុងស្រុក TASSS របស់រុស្ស៊ីដែលបានដកស្រង់សម្តីរបស់មន្ត្រីក្រសួងការបរទេសរុស្ស៊ី។ លោក Vladimir Yermakov ប្រធានផ្នែកទប់ស្កាត់ការបង្កើនអាវុធនុយក្លេអ៊ែរប្រចាំក្រសួងការបរទេសរុស្ស៊ី ថ្លែងថា ការទាក់ទងគ្នាអាចនឹងចាប់ផ្តើមឡើងវិញ នៅពេលដែលរុស្ស៊ីបញ្ចប់ «ប្រតិបត្តិការយោធាពិសេស» របស់ខ្លួន។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងថា ជំរឿនប្រជាជននឹងធ្វើឡើងនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីកំណត់ចំនួនមនុស្សដែលបានស្លាប់ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី ហើយដើម្បីជួយដល់កិច្ចប្រឹងប្រែងស្វែងរកមនុស្សដែលបានបាត់ខ្លួន។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត The Washington Post។ លោក Zelenskyy បានថ្លែងថា ទាហានរុស្ស៊ីបាន «លុបបំបាត់ដាន» របស់ខ្លួន។ លោកបានបន្ថែមថា នៅតាមទីក្រុងនានាដូចជាទីក្រុង Mariupol «ការស៊ើបអង្កេតអាចនឹងជួបការលំបាក។ តើមនុស្សប៉ុន្មាននាក់ត្រូវបានសម្លាប់នោះ គ្មាននរណាម្នាក់ដឹងឲ្យប្រាកដនោះទេ»។
- កាសែត The New York Times រាយការណ៍ថា យោធាអ៊ុយក្រែនបានថ្លែងថា ទាហានដែលជាធម្មតាឈរជើងនៅភាគខាងកើតបំផុតនៃប្រទេសរុស្ស៊ីកំពុងត្រូវផ្លាស់ទីទៅខ្សែប្រយុទ្ធជួរមុខក្នុងសមរភូមិនៅតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន។ រដ្ឋាភិបាលរុស្ស៊ីកំពុងព្យាយាមប្រមូលកម្លាំងវាយប្រហារថែមទៀតរបស់ខ្លួន ដែលក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក បានចាត់ទុកថាជា ការប្រយុទ្ធបែប «មិនរាថយ»។
- កាសែត The Washington Post រាយការណ៍ថា មន្ត្រីក្រុងកៀវកាលពីថ្ងៃសុក្របានអំពាវនាវឲ្យពលរដ្ឋរស់នៅក្នុងក្រុង កាត់បន្ថយការជិះយានយន្តផ្ទាល់ខ្លួន ដើម្បីជួយរក្សាទុកឧស្ម័នដែលមានកម្រិតដល់កងទ័ពអ៊ុយក្រែន ដែលកំពុងប្រយុទ្ធតទល់នឹងការឈ្លានពានរបស់រុស្ស៊ី។ នេះគឺជាសេចក្តីប្រកាសមួយដែលបង្ហាញពីភាពមិនប្រាកដប្រជានៃស្ថិរភាពថាមពលនៅក្នុងប្រទេសអ៊ុយក្រែន និងនៅទូទាំងទ្វីបអឺរ៉ុប។ រដ្ឋបាលក្រុងបានលើកទឹកចិត្តឲ្យពលរដ្ឋក្នុងក្រុងប្រើប្រាស់សេវាធ្វើដំណើរសាធារណៈ ដែលកំពុងដំណើរការឡើងវិញជាបណ្តើរ បន្ទាប់ពីទាហានរុស្ស៊ីបានព្យាយាមវាយកាន់កាប់យករដ្ឋធានីកៀវកាលពីមួយខែមុន។ មន្ត្រីយោធាអ៊ុយក្រែនបានថ្លែងតាមរយៈសារដែលចែករំលែកលើប្រព័ន្ធ Telegram ថា «ត្រូវចងចាំពីតម្រូវការរបស់យោធា»។
- កាសែត The New York Times រាយការណ៍ថា លោកស្រី Olena Zelenska ភរិយារបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រាប់កាសែតប៉ូឡូញ Rzeczpospolita ថា សកម្មភាពរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន គឺបង្ហាញពីគោលបំណងដ៏ច្បាស់លាស់មួយរបស់រុស្ស៊ីនោះគឺ «ដើម្បីបំផ្លាញយើង»។
- កាសែត The Washington Post រាយការណ៍ថា ទីក្រុងនានាក្បែរខ្សែប្រយុទ្ធជួរមុខ ដូចជាក្រុង Kramatorsk នៅភាគខាងកើតនៃតំបន់ Donetsk មួយផ្នែកធំត្រូវបានបោះបង់ចោល។ ក្រុមមន្ត្រីនៅក្នុងគ្រុង Kramatorsk បានប្រាប់កាសែត The Washington Post ថា ចំនួនពលរដ្ឋសរុបក្នុងក្រុងបានថយចុះពី ២ សែននាក់ មកត្រឹម ៤ ម៉ឺននាក់ប៉ុណ្ណោះ ហើយពួកគេភាគច្រើននៅបន្តរស់នៅទីនោះជាមនុស្សចាស់។
- កាសែត The Washington Post រាយការណ៍ថា សេតវិមានបានថ្លែងថា តាមសារជាសាធារណៈនិងឯកជន សេតវិមានបានជំរុញឥណ្ឌូណេស៊ី មិនឲ្យរុស្ស៊ីចូលរួមក្នុងកិច្ចប្រជុំកំពុងរបស់ក្រុមប្រទេសមានសេដ្ឋកិច្ចធំទូលាយ G-20 ដែលនឹងធ្វើឡើងនៅខែវិច្ឆិកាខាងមុខនេះ។ កាលពីថ្ងៃសុក្រ រដ្ឋាភិបាលរុស្ស៊ីបានទទួលយកការអញ្ជើញរបស់ប្រទេសឥណ្ឌូណេស៊ី ឲ្យរុស្ស៊ីចូលរួមកិច្ចប្រជុំកំពូលនេះ។
- បណ្តាញទូរទស្សន៍ CNN រាយការណ៍ថា ប្រទេសប៉ូឡូញបានបញ្ជូនសម្ភារៈយោធាឲ្យប្រទេសអ៊ុយក្រែន ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ ១.៦ ពាន់លានដុល្លារ រួមទាំងរថក្រោះប្រភេទT-72 ជាង ២០០ គ្រឿង។
- ទូរទស្សន៍ Al Jazeera រាយការណ៍ថា អនុរដ្ឋមន្ត្រីក្រសួងកសិកម្មអ៊ុយក្រែន ឲ្យដឹងថា ទាហានរុស្ស៊ីបានលួចយកគ្រាប់ធុញ្ញជាតិ «រាប់ពាន់» តោន នៅក្នុងប្រទេសអ៊ុយក្រែន។
- ទីក្រុង Kharkiv នៃប្រទេសអ៊ុយក្រែន បានរងការបាញ់ផ្តក់ពីកងទ័ពរុស្ស៊ី ដោយបានសម្លាប់មនុស្សម្នាក់ ហើយមនុស្ស ៥ នាក់ទៀត បានរងរបួស។ នេះបើតាមសេចក្តីរាយការណ៍ព័ត៌មានរបស់ទូរទស្សន៍ Al Jazeera។ ទីក្រុងនេះជាទីក្រុងធំទី ២ របស់ប្រទេសអ៊ុយក្រែន។
- ទូរទស្សន៍ Al Jazeera រាយការណ៍ថា ក្រោមច្បាប់ថ្មីនានានៅក្នុងប្រទេសអ៊ុយក្រែន ជនណាម្នាក់ដែលសហការ ឬបង្ហាញការគាំទ្រដល់រុស្ស៊ីជាសាធារណៈ មានទោសជាប់ពន្ធនាគារយ៉ាងយូរបំផុត ១៥ ឆ្នាំ។ មន្ត្រីអ៊ុយក្រែនថ្លែងថា ករណីបទឧក្រិដ្ឋជាង ២០០ ពាក់ព័ន្ធនឹងការសហការជាមួយរុស្ស៊ី ត្រូវបានបើកជាសំណុំរឿង។
- កាសែត The Washington Post រាយការណ៍ថា មន្ត្រីអ៊ុយក្រែនកំពុងចោទប្រកាន់ទាហានរុស្ស៊ីថាបានលួចវិចិត្ររូបជាង ២០០០ ពីទីក្រុងកំពង់ផែ Mariupol។ ក្រុមប្រឹក្សាក្រុង Mariupol ថ្លែងថា ទាហានរុស្ស៊ីបានលុកលុយសារមន្ទីរសិល្បៈបីកន្លែងនៅក្នុងក្រុង ដោយបានប្រមូលយកវិចិត្ររូបជាង ២០០០ ទៅកាន់តំបន់ Donetsk ដែលរុស្ស៊ីកំពុងគ្រប់គ្រង។
- នៅថ្ងៃសៅរ៍នេះ ទាហានរុស្ស៊ីបានវាយប្រហារលើតំបន់ Donbas នៃភាគខាងកើតប្រទេសអ៊ុយក្រែន ប៉ុន្តែបានបរាជ័យក្នុងការក្តោបក្តាប់តំបន់គោលដៅ ៣ ដែលខ្លួនចង់កាន់កាប់។ នេះបើតាមការអះអាងរបស់មន្ត្រីយោធាអ៊ុយក្រែន។ ជាមួយគ្នានោះ រដ្ឋាភិបាលរុស្ស៊ីបានថ្លែងថា ការដាក់ទណ្ឌកម្មរបស់បណ្តាប្រទេសលោកខាងលិចលើរុស្ស៊ី និងការដឹកជញ្ជូនអាវុធឲ្យអ៊ុយក្រែន កំពុងប៉ះពាល់ដល់ការចរចាសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែន។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
- អង្គការមជ្ឈឹមនៃកងយោធពលអ៊ុយក្រែន បានថ្លែងនៅក្នុងការផ្តល់ព័ត៌មានថ្មីប្រចាំថ្ងៃមួយថា កងទ័ពរុស្ស៊ីបានព្យាយាមវាយយកតំបន់ Lyman នៃតំបន់ Donetsk និងតំបន់ Sievierodonetsk និង Popasna នៃតំបន់ Luhansk។ ពួកគេថា «មិនជោគជ័យទេ [ការវាយយករបស់រុស្ស៊ី] ហើយការប្រយុទ្ធគ្នា នៅតែបន្ត»។
- នៅថ្ងៃសៅរ៍នេះ រុស្ស៊ីបានឲ្យដឹងថា កងកាំភ្លើងធំរបស់ខ្លួនបានបាញ់ចំគោលដៅនៅក្នុងប្រទេសអ៊ុយក្រែនចំនួន ៣៨៩ កន្លែង ក្នុងអំឡុងពេលយប់រំលងអធ្រាត្រ រួមទាំងតំបន់កាន់កាប់ដោយទាហានអ៊ុយក្រែនចំនួន ៣៥ កន្លែង ឃ្លាំងស្តុកគ្រឿងផ្ទុះនិងអាវុធចំនួន ១៥ កន្លែង និងទីកន្លែងមួយចំនួនផ្សេងទៀត ដែលជាទីតាំងរបស់ទាហានអ៊ុយក្រែននិងមានសម្ភារៈយោធា។ ក្រសួងការពារជាតិរុស្ស៊ី បានថ្លែងថា មីស៊ីលរបស់ខ្លួនបានបាញ់ចំឃ្លាំងស្តុកគ្រឿងផ្ទុះនិងប្រេងឥន្ធនៈចំនួន ៤ កន្លែង។ ទីភ្នាក់ងារព័ត៌មាន Reuters មិនអាចបញ្ជាក់ពីភាពច្បាស់លាស់នូវសេចក្តីរាយការណ៍នេះបាននៅឡើយទេ។
- កងការពារដែនអាកាសរុស្ស៊ីបានរារាំងយន្តហោះចម្បាំងរបស់អ៊ុយក្រែនមួយគ្រឿង មិនឲ្យហោះចូលតំបន់ Bryansk នៅថ្ងៃសៅរ៍នេះ។ នេះបើតាមសេចក្តីរាយការណ៍ព័ត៌មានក្នុងស្រុករបស់រុស្ស៊ី ដែលបានដកស្រង់សម្តីរបស់អភិបាលតំបន់ ដោយបន្ថែមថា ជាលទ្ធផលនៃការរារាំងនេះ តំបន់នៅក្បែរទីតាំងនោះនិងចំណតសម្រាប់ការដឹកប្រេងមួយកន្លែង ត្រូវបានរងការបាញ់ផ្តក់។ សារព័ត៌មាន RIA បានដកស្រង់សម្តីរបស់អភិបាលតំបន់លោក Alexander Bogomaz ថា «មិនមាននរណាម្នាក់រងគ្រោះថ្នាក់នោះទេ»។ អភិបាលតំបន់រូបនេះក៏បានថ្លែងបន្ថែមថា អគារស្តុកសម្ភារៈមួយនៅចំណតដឹកប្រេងមួយ ត្រូវបានរងការខូចខាត។ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានរបស់ទីភ្នាកងារព័ត៌មាន Reuters។
- កាសែត The New York Times រាយការណ៍ថា ប៉ូលិសអ៊ុយក្រែនបានទទួលសេចក្តីរាយការណ៍អំពីករណីមនុស្សបាត់ខ្លួនចំនួន ៧០០០ ករណី ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី។
- ទីក្រុង Kharkiv ដែលជាទីក្រុងធំទី ២ របស់ប្រទេសអ៊ុយក្រែន បានរងការបាញ់ផ្តក់ជាច្រើនពីទាហានរុស្ស៊ី បើទោះបីជាប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ថ្លែងថា ទាហានអ៊ុយក្រែន កំពុងទទួលបាន «ជោគជ័យយុទ្ធសាស្ត្រ» ខ្លះៗនៅក្នុងតំបន់នេះក៏ដោយ។ ទោះបីជាអ៊ុយក្រែនបន្តគ្រប់គ្រងទីក្រុង Kharkiv ទីក្រុងនេះត្រូវបានវាយប្រហារជាបន្តបន្ទាប់ដោយកងទ័ពរុស្ស៊ី ហើយនៅតែប្រឈមនឹងការវាយប្រហារប្រចាំថ្ងៃ។ នេះបើតាមទីភ្នាក់ងារព័ត៌មានបារាំង AFP។
- រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ថ្លែងថា រដ្ឋាភិបាលរុស្ស៊ីបានជម្លៀសមនុស្សជាង ១ លាននាក់ចេញពីប្រទេសអ៊ុយក្រែន ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម។ លោក Sergey Lavrov បានលើកឡើងបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរដ្ឋាភិបាលចិន Xinhua ស្របពេលដែលអ៊ុយក្រែនបានចោទប្រកាន់រដ្ឋាភិបាលរុស្ស៊ីថាបានបង្ខំពលរដ្ឋអ៊ុយក្រែនចាកចេញពីប្រទេសខ្លួន។ លោក Lavrov បានថ្លែងថា ចំនួនមនុស្សដែលត្រូវបានជម្លៀសចេញទាំងអស់នេះ រួមមានជនស៊ីវិលចិនចំនួន ៣០០ នាក់ផងដែរ។ នេះបើតាមសេចក្តីរាយការណ៍ព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មាន AP។
- យោធាចក្រភពអង់គ្លេស ជឿថា កងទ័ពរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ទំនងជារង «កម្លាំងទឹកចិត្តចុះខ្សោយ»។ ក្រសួងការពារជាតិចក្រភពអង់គ្លេសបានធ្វើការសន្និដ្ឋានបែបនេះតាមសារបង្ហោះតាមបណ្តាញ Twitter នៅថ្ងៃសៅរ៍នេះ ដែលជាផ្នែកមួយនៃការធ្វើសេចក្តីរាយការណ៍ព័ត៌មានថ្មីប្រចាំថ្ងៃរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស ស្តីអំពីសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍ព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មាន AP។
២១:៤០
១.៥.២០២២
ថ្ងៃអាទិត្យ ទី ១ ខែឧសភា៖
- មេដឹកនាំគណបក្សប្រជាធិបតេយ្យនៃព្រឹទ្ធសភាសហរដ្ឋអាមេរិកលោក Chuck Schumer បាននិយាយនៅថ្ងៃអាទិត្យនេះថា លោកនឹងបន្ថែមខមួយចំនួនទៅក្នុងកញ្ចប់ជំនួយចំនួន ៣៣ ពាន់លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែន។ ខទាំងនោះនឹងអនុញ្ញាតឲ្យសហរដ្ឋអាមេរិករឹបអូសទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរុស្ស៊ីនិងបញ្ជូនថវិកាដែលបានមកពីទ្រព្យសម្បត្តិទាំងនោះឲ្យអ៊ុយក្រែន។ លោក Schumer និយាយដូច្នេះថា៖ «ប្រទេសអ៊ុយក្រែនត្រូវការជំនួយទាំងអស់ដែលខ្លួនអាចទទួលបាន ហើយនៅពេលជាមួយគ្នានេះដែរ យើងត្រូវការទ្រព្យសម្បត្តិទាំងអស់ដែលយើងអាចដាក់បញ្ចូលគ្នាដើម្បីប្រគល់ឲ្យអ៊ុយក្រែននូវជំនួយដែលអ៊ុយក្រែនត្រូវការ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានបញ្ជាក់ថា ក្រុមជនស៊ីវិលអ៊ុយក្រែនដំបូងចំនួន ១០០ នាក់ ដែលត្រូវបានជម្លៀសពីរោងចក្រដែកថែប Azovstal ក្នុងទីក្រុង Mariupol នឹងទៅដល់ទីក្រុង Zaporizhzhia ដែលគ្រប់គ្រងដោយអ៊ុយក្រែននៅថ្ងៃចន្ទស្អែក។ លោក Zelenskyy សរសេរនៅលើ Twitter ដូច្នេះថា៖ «សូមអរគុណដល់ក្រុមរបស់យើង! ឥឡូវនេះពួកគេ រួមជាមួយនឹង (អង្គការសហប្រជាជាតិ) កំពុងធ្វើការជម្លៀសជនស៊ីវិលផ្សេងទៀតចេញពីរោងចក្រនោះ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- សហភាពអឺរ៉ុបនឹងស្នើឲ្យមានការហាមឃាត់ជាដំណាក់កាលនូវការនាំចូលប្រេងឥន្ធនៈពីរុស្ស៊ីនៅក្នុងផ្នែកមួយនៃទណ្ឌកម្មជុំថ្មីរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ីទាក់ទិននឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះបើយោងតាមប្រភពមួយចំនួនដែលបានបញ្ជាក់នៅថ្ងៃអាទិត្យនេះ។ អ្នកការទូតនានាបាននិយាយថា គណៈកម្មការអឺរ៉ុបនៃសហភាពអឺរ៉ុប ដែលជាអ្នកព្រាងសំណើដាក់ទណ្ឌកម្មនេះសម្រាប់ប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំង ២៧ នៅពេលបច្ចុប្បន្ននេះ កំពុងតាក់តែងសំណើទណ្ឌកម្មនេះ ដែលអាចនឹងដាក់ជូនប្រទេសជាសមាជិកសហភាពអឺរ៉ុបយ៉ាងលឿនបំផុតនៅថ្ងៃពុធខាងមុខ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បាននិយាយថា លោកបានប្រាប់មន្ត្រីការទូតកំពូលរបស់សហភាពអឺរ៉ុបលោក Josep Borrell នៅថ្ងៃអាទិត្យនេះថា ទណ្ឌកម្មជុំបន្ទាប់របស់សហភាពអឺរ៉ុបលើប្រទេសរុស្ស៊ីត្រូវតែរួមបញ្ចូលនូវការហាមឃាត់ប្រេងឥន្ធនៈរបស់រុស្ស៊ី។ លោក Kuleba បានសរសេរនៅលើ Twitter បន្ទាប់ពីលោកបានសន្ទនាតាមទូរស័ព្ទជាមួយនឹងលោក Borrell រួចថា៖ «ខ្ញុំក៏បានសង្កត់ធ្ងន់ផងដែរថាគ្មានជម្រើសណាផ្សេងក្រៅពីការផ្ដល់ឋានៈឲ្យប្រទេសអ៊ុយក្រែនជាបេក្ខភាពប្រទេសសម្រាប់សមាជិកភាពរបស់សហភាពអឺរ៉ុបនោះទេ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រទេសអាល្លឺម៉ង់បានបញ្ជាក់នៅថ្ងៃអាទិត្យនេះថា ខ្លួនមានការវិវឌ្ឍទៅមុខនៅក្នុងការកាត់បន្ថយខ្លាំងក្លានូវការពឹងផ្អែករបស់ខ្លួនលើថាមពលរបស់រុស្ស៊ី ដែលនេះគឺជាការផ្លាស់ប្ដូរបែបយុទ្ធសាស្ត្រដែលប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតនៅអឺរ៉ុបមួយនេះបានធ្វើតាំងពីពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនមក។ ក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ការនាំចូលប្រេងឥន្ធនៈរបស់អាល្លឺម៉ង់ពីរុស្ស៊ីនៅពេលឥឡូវនេះមានចំនួន ១២% បើធៀបទៅនឹងតួលេខកាលពីលើកមុនដែលមានចំនួន ៣៥%។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- អ៊ុយក្រែនបានចោទប្រកាន់កងទ័ពរុស្ស៊ីថាបានលួចវត្ថុបុរាណមានតម្លៃពីសារមន្ទីរមួយកន្លែងនៅក្នុងទីក្រុង Melitopol នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន ស្របពេលដែលការវាយប្រយុទ្ធគ្នានិងការវាយប្រហារតាមមីស៊ីលបានបន្តនៅភាគខាងត្បូងនិងភាគខាងកើតប្រទេសអ៊ុយក្រែន។
- អង្គការសហប្រជាជាតិកំពុងធ្វើ «ប្រតិបត្តិការសម្រាប់ការឆ្លងកាត់ដោយសុវត្ថិភាព» សម្រាប់ជនស៊ីវិលនៅក្នុងការចាកចេញពីរោងចក្រដែកថែប Azovstal នៅក្នុងទីក្រុង Mariupol ប្រទេសអ៊ុយក្រែន។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិលោក Saviano Abreu នៅថ្ងៃអាទិត្យនេះ។ លោក Abreu បាននិយាយថា ប្រតិបត្តិការនេះបានចាប់ផ្ដើមកាលពីថ្ងៃទី ២៩ ខែមេសា និងកំពុងត្រូវបានសម្របសម្រួលជាមួយនឹងគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំសហរដ្ឋអាមេរិកអ្នកស្រី Oksana Markarova បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងទូរទស្សន៍ ABC News នៅថ្ងៃអាទិត្យនេះថា អ្នកស្រីស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាសហរដ្ឋអាមេរិកដែលដឹកនាំដោយប្រធានសភាអ្នកស្រី Nancy Polosi ទៅកាន់រដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន។
- អធិការបតីអាល្លឺម៉ង់លោក Olaf Scholz នៅថ្ងៃអាទិត្យនេះបានច្រានចោលការរិះគន់ដែលថា ប្រទេសអាល្លឺម៉ង់មិនបានបង្ហាញភាពជាអ្នកដឹកនាំនៅក្នុងកិច្ចប្រឹងប្រែងរបស់ក្រុមបស្ចិមប្រទេសដើម្បីផ្គត់ផ្គង់សព្វាវុធធុនធ្ងន់ដល់អ៊ុយក្រែន ដោយលោកបាននិយាយថា លោកស៊ូមានការប្រយ័ត្នប្រយែងជាជាងធ្វើសម្រេចចិត្តដោយប្រញាប់ប្រញាល់។ លោក Scholz កំពុងរងសម្ពាធទាំងក្នុងនិងក្រៅប្រទេសឲ្យផ្គត់ផ្គង់សព្វាវុធធុនធ្ងន់ដូចជារថក្រោះនិងកាំភ្លើងធំធុនធ្ងន់ដល់អ៊ុយក្រែន និងឲ្យគាំទ្រការហាមឃាត់ជាបន្ទាន់របស់សហភាពអឺរ៉ុបលើការនាំចូលប្រេងឥន្ធនៈពីរុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- សហភាពអឺរ៉ុបមានទំនោរទៅរកការហាមឃាត់ការនាំចូលប្រេងឥន្ធនៈពីរុស្ស៊ីឲ្យបាននៅត្រឹមចុងឆ្នាំនេះ។ នេះបើតាមការបញ្ជាក់របស់អ្នកការទូតសហភាពអឺរ៉ុបពីរនាក់ បន្ទាប់ពីមានការពិភាក្សារវាងគណៈកម្មការអឺរ៉ុបនិងបណ្ដាប្រទេសដែលជាសមាជិកសហភាពអឺរ៉ុបនៅចុងសប្ដាហ៍នេះ។ សហភាពអឺរ៉ុបកំពុងត្រៀមកញ្ចប់ទណ្ឌកម្មទី ៦ របស់ខ្លួនប្រឆាំងនឹងរុស្ស៊ីទាក់ទិននឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ក្រុមហ៊ុន Gazprom ដែលជាក្រុមហ៊ុនផលិតឧស្ម័នរបស់រុស្ស៊ីបានបញ្ជាក់នៅថ្ងៃអាទិត្យនេះថា ខ្លួននៅបន្តផ្គត់ផ្គង់ឧស្ម័នធម្មជាតិដល់ទ្វីបអឺរ៉ុបតាមរយៈប្រទេសអ៊ុយក្រែន ស្របតាមសំណើរបស់អតិថិជននៅអឺរ៉ុប។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រុស្ស៊ីបានស្នើនៅថ្ងៃអាទិត្យនេះថា ខ្លួនអាចរឹបអូសយកទ្រព្យសម្បត្តិនៅក្នុងប្រទេសរុស្ស៊ីរបស់ប្រទេសណាដែលខ្លួនចាត់ទុកថាជាសត្រូវ ដើម្បីជាការសងសឹកនឹងការស្នើឡើងរបស់សហរដ្ឋអាមេរិកនៅក្នុងការលក់ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរុស្ស៊ីដែលបស្ចិមប្រទេសរឹបអូសយកបានក្នុងពេលកន្លងមកដើម្បីបានថវិកាឲ្យអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់នៅថ្ងៃអាទិត្យនេះថា ជនស៊ីវិលជិត ៥០ នាក់ត្រូវបានជម្លៀសចេញពីរោងចក្រដែកថែប Azovstal នៅក្នុងទីក្រុង Mariupol ប្រទេសអ៊ុយក្រែន។ ក្រសួងការពារជាតិរុស្ស៊ីបានលើកឡើងតាម Telegram ដូច្នេះថា៖ «កាលពីថ្ងៃទី ៣០ ខែមេសា បន្ទាប់ពីមានការអនុវត្តកិច្ចឈប់វាយប្រយុទ្ធគ្នានិងការបើកនូវច្រករបៀងមនុស្សធម៌ ជនស៊ីវិលពីរក្រុមបានចាកចេញពីអាគារស្នាក់នៅដែលនៅក្បែរទីតាំងរោងចក្រដែកថែប Azovstal»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- សម្ដេចប៉ាប Francis នៅថ្ងៃអាទិត្យនេះ បានបញ្ជាក់ថា សង្គ្រាមនៅអ៊ុយក្រែនគឺជា «ដំណើរថយក្រោយគួរឲ្យរន្ធត់នៃមនុស្សធម៌» ដែលធ្វើឲ្យព្រះអង្គ «ឈឺចាប់និងស្រក់ទឹកនេត្រា» ដោយព្រះអង្គបានអំពាវនាវឲ្យមានច្រករបៀងដើម្បីជម្លៀសមនុស្សចេញពីរោងចក្រដែកថែបនៅក្នុងទីក្រុង Mariupol។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ក្រសួងការបរទេសចក្រភពអង់គ្លេសបានបញ្ជាក់នៅថ្ងៃអាទិត្យនេះថា រុស្ស៊ីកំពុងប្រើក្រុមអុចអាលតាមអ៊ីនធឺណិតដើម្បីផ្សព្វផ្សាយព័ត៌មានប្រឌិតអំពីសង្គ្រាមនៅអ៊ុយក្រែនលើបណ្ដាញសង្គមអនឡាញ និងដើម្បីវាយប្រហារសំដៅលើអ្នកនយោបាយនៅតាមប្រទេសមួយចំនួនដែលរួមមានទាំងចក្រភពអង់គ្លេសនិងប្រទេសអាហ្វ្រិកខាងត្បូងផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកអ្នកស្រី Nacy Pelosi បានធ្វើទស្សនកិច្ចទៅកាន់រដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែននិងបានជួបជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Associated Press។ ទីភ្នាក់ងារ Associated Press បានបញ្ជាក់ថា រូបភាពដែលខុទ្ទកាល័យរបស់លោក Zelenskyy បានផ្សព្វផ្សាយនៅថ្ងៃអាទិត្យនេះបានបង្ហាញអំពីអ្នកស្រី Pelosi រួមជាមួយនឹងគណៈប្រតិភូសភាអាមេរិកដែលរួមមានដូចជាលោក Jason Crow លោក Jim McGovern និងលោក Adam Schiff ស្ថិតនៅក្នុងរដ្ឋធានីកៀវ។ អ្នកស្រី Pelosi បានប្រាប់លោក Zelenskyy ថា៖ «យើងជឿថា យើងមកជួបអ្នកដើម្បីថ្លែងអំណរគុណដល់អ្នកសម្រាប់ការប្រយុទ្ធរបស់អ្នកដើម្បីសេរីភាព»។ អ្នកស្រីបានបន្ថែមថា៖ «យើងកំពុងស្ថិតនៅព្រំដែននៃសេរីភាព ហើយការប្រយុទ្ធរបស់អ្នកគឺជាការប្រយុទ្ធសម្រាប់មនុស្សគ្រប់គ្នា។ សហរដ្ឋអាមេរិកនៅតែតាំងចិត្តគាំទ្រអ្នករហូតទាល់តែការប្រយុទ្ធនេះបញ្ចប់រួចរាល់»។
- ក្រសួងការពារជាតិចក្រភពអង់គ្លេសបានបញ្ជាក់នៅថ្ងៃអាទិត្យនេះថា រុស្ស៊ីព្យាយាមបង្កើតរដ្ឋបាលដែលមានទំនោររករុស្ស៊ីនៅក្នុងទីក្រុង Kherson ប្រទេសអ៊ុយក្រែន ដែលខ្លួនបានដណ្ដើមកាន់កាប់កាលពីខែមីនា។
- រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់នៅថ្ងៃអាទិត្យនេះថា ការបាញ់ផ្លោងរបស់កងទ័ពអ៊ុយក្រែនលើតំបន់ Kherson ក្នុងប្រទេសអ៊ុយក្រែន បានធ្វើឲ្យជនស៊ីវិលស្លាប់និងរងរបួស។ ក្រសួងការពារជាតិរុស្ស៊ីបានលើកឡើងថា អ៊ុយក្រែនបានបាញ់ផ្លោងលើសាលារៀនមួយកន្លែង សាលាមត្តេយ្យមួយកន្លែង និងទីបញ្ចុះសពមួយកន្លែង។ នេះបើយោងតាមបណ្ដាញព័ត៌មាន Al Jazeera។
- មន្ត្រីយោធានិងមន្ត្រីរដ្ឋាភិបាលអ៊ុយក្រែនបានបញ្ជាក់ថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីកាលពីថ្ងៃសៅរ៍បានបំផ្លាញផ្លូវរត់ដែលទើបសាងសង់ថ្មីរបស់របស់យន្តហោះនៅឯអាកាសយានដ្ឋានចម្បងមួយកន្លែងនៅក្នុងទីក្រុង Odesa នៃប្រទេសអ៊ុយក្រែន ដែលជាទីក្រុងកំពង់ផែយុទ្ធសាស្ត្ររបស់អ៊ុយក្រែននៅសមុទ្រខ្មៅ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានសរសើរអ្នកសារព័ត៌មានដែលរាយការណ៍អំពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ លោកថ្លែងដូច្នេះនៅពេលដែលលោកបានចាប់ផ្ដើមឡើងវិញនូវទំនៀមទម្លាប់របស់រដ្ឋាភិបាលអាមេរិកនៅក្នុងថ្លែងនៅក្នុងពិធីពិសាអាហារពេលល្ងាចរបស់សមាគមអ្នកឆ្លើយឆ្លងព័ត៌មានកាលពីយប់ថ្ងៃសៅរ៍។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- លោក Ibrahim Kalin ដែលជាអ្នកនាំពាក្យប្រធានាធិបតីតួកគី បានជួបជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅក្នុងរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែនកាលពីថ្ងៃសៅរ៍។ នេះបើតាមការបញ្ជាក់របស់ការិយាល័យរបស់លោក Kalin។ គេមិនទាន់ដឹងអំពីសេចក្ដីលម្អិតណាមួយនៃជំនួបរវាងលោកទាំងពីរនៅឡើយទេ ប៉ុន្តែកន្លងមក រដ្ឋាភិបាលតួកគីបានព្យាយាមសម្រុះសម្រួលរវាងអ៊ុយក្រែននិងរុស្ស៊ីដើម្បីបញ្ចប់សង្គ្រាម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson បានប្រាប់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃសៅរ៍ថា លោកមានការតាំងចិត្តជាងពេលណាៗទាំងអស់ដើម្បីពង្រឹងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យខុទ្ទកាល័យរបស់លោក Johnson បន្ទាប់ពីលោក Johnson បាននិយាយទូរស័ព្ទជាមួយនឹងលោក Zelenskyy រួចមក។ អ្នកនាំពាក្យរូបនោះបាននិយាយដូច្នេះថា៖ «លោក [Johnson] បានបញ្ជាក់ថា ចក្រភពអង់គ្លេសនឹងបន្តផ្ដល់ជំនួយយោធាបន្ថែមដើម្បីផ្ដល់ឲ្យអ៊ុយក្រែននូវសព្វាវុធដែលខ្លួនត្រូវការដើម្បីការពារខ្លួន»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បានស្នើប្រទេសចិនឲ្យផ្ដល់ការធានាផ្នែកសន្តិសុខសម្រាប់រដ្ឋាភិបាលអ៊ុយក្រែន។ ការស្នើនេះបានធ្វើឡើងនៅក្នុងកិច្ចសម្ភាសន៍ដ៏វែងមួយដែលប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានផ្សព្វផ្សាយកាលពីថ្ងៃសៅរ៍។ ទីភ្នាក់ងារព័ត៌មាន Xinhua របស់ចិនបានដកស្រង់សម្ដីរបស់លោក Kuleba ដែលថា៖ «នៅពេលបច្ចុប្បន្ននេះ ប្រទេសអ៊ុយក្រែនកំពុងសិក្សាអំពីលទ្ធភាពនៅក្នុងការទទួលបានការធានាផ្នែកសន្តិសុខពីសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលក្នុងនោះរួមមានទាំងប្រទេសចិនផងដែរ និងពីបណ្ដាប្រទេសមហាអំណាចផ្សេងទៀត»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
២១:១៩
២.៥.២០២២
ថ្ងៃចន្ទ ទី ២ ខែឧសភា៖
- អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានអំពាវនាវឱ្យប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បញ្ចប់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងបញ្ចប់ «ការសម្លាប់បែបឆ្កួតលីលា» នៅសមរភូមិ។ នៅក្នុងការថ្លែងក្នុងសន្និសីទកាសែតជាមួយនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ក្នុងទីក្រុងប៊ែរឡាំងនៃប្រទេសអាល្លឺម៉ង់នៅថ្ងៃចន្ទនេះ លោក Scholz បាននិយាយថាអ្វី «ដែលសំខាន់គឺការសម្រេចឱ្យបាននូវអនាគតដ៏ប្រសើរមួយទាំងអស់គ្នា មិនមែនតាមរយៈការធ្វើសង្គ្រាមប្រឆាំងគ្នាទៅវិញទៅមកនោះទេ ប៉ុន្តែតាមរយៈការធ្វើឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចនិងការអភិវឌ្ឍរួមគ្នា»។ លោក Scholz ក៏បានអំពាវនាវផងដែរឱ្យលោក Putin «ដកកងទ័ពរបស់ខ្លួនចេញពីប្រទេសអ៊ុយក្រែន» ដោយលោកបានបន្ថែមថា «ព្រំដែនមិនគួរត្រូវបានកែប្រែតាមរយៈការប្រើអំពើហិង្សានោះទេ»។ នេះបើយោងតាមបណ្ដាញព័ត៌មាន CNN។
- នៅក្នុងការចាប់ផ្ដើមដំណើរទស្សនកិច្ចរបស់លោកនៅទ្វីបអឺរ៉ុបនៅថ្ងៃចន្ទនេះ នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានអំពាវនាវឱ្យមានការចរចាគ្នាដើម្បីបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែមិនបានលើកឡើងអំពីការថ្កោលទោសណាមួយលើការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននោះទេ។ លោក Modi បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីលោកបានជួបពិភាក្សាជាមួយនឹងអធិការបតីអាល្លឺម៉ង់លោក Olaf Scholz នៅក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ថា៖ «យើងបានទទូចឱ្យមានកិច្ចឈប់វាយប្រយុទ្ធគ្នានិងបានអំពាវនាវឱ្យមានការចរចាគ្នា ដែលនេះជាមធ្យោបាយតែមួយគត់ដើម្បីដោះស្រាយជម្លោះតាំងពីពេលដែលវិបត្តិអ៊ុយក្រែននេះបានចាប់ផ្ដើមមក»។ លោកបានបន្ថែមថា៖ «យើងជឿថានឹងគ្មានអ្នកឈ្នះនៅក្នុងសង្គ្រាមនេះទេ ហើយភាគីទាំងអស់នឹងចាញ់។ ហេតុដូច្នេះហើយ យើងគាំទ្រសន្តិភាព»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ក្រសួងការបរទេសអ៊ុយក្រែនបានបង្ហាញសាមគ្គីភាពជាមួយនឹងជាតិសាសន៍ជ្វីហ្វទាក់ទិននឹងការលើកឡើងបែបប្រឆាំងនឹងជាតិសាសន៍ជ្វីហ្វរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov និងបានអំពាវនាវឱ្យរដ្ឋាភិបាលនៃប្រទេសទាំងអស់ធ្វើយ៉ាងណាឱ្យរុស្ស៊ីកាន់តែឯកោបន្ថែមទៀត។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅថ្ងៃចន្ទនេះ ក្រសួងការបរទេសអ៊ុយក្រែនបានបញ្ជាក់ថា ការលើកឡើងរបស់លោក Lavrov គឺជាការវាយប្រហារប្រឆាំងនឹងប្រធានាធិបតីអ៊ុយក្រែននិងជាតិសាសន៍ជ្វីហ្វ និងបានហៅការលើកឡើងរបស់លោក Lavrov នេះថា «មិនអាចទទួលយកបានទាំងស្រុង»។ លោក Lavrov បានលើកឡើងកាលពីចុងសប្ដាហ៍កន្លងទៅនេះថា មេដឹកនាំណាហ្ស៊ីអាល្លឺម៉ង់លោក Adolf Hitler មាន «ឈាមជ័រជាជាតិសាសន៍ជ្វីហ្វ»។ នេះបើយោងតាមបណ្ដាញព័ត៌មាន CNN។
- ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ុយក្រែនសង្ឃឹមថានឹងអាចវិលត្រឡប់ទៅកាន់រដ្ឋធានីកៀវវិញនៅត្រឹមចុងខែឧសភានេះ ប្រសិនបើលក្ខខណ្ឌអំណោយផល។ នេះបើតាមការបញ្ជាក់របស់ភារធារីស្ថានទូតនៅថ្ងៃចន្ទនេះ។ មន្ត្រីស្ថានទូតអាមេរិកបានចាកចេញពីស្ថានទូតនៅរដ្ឋធានីកៀវក្នុងពេលជិតពីរសប្ដាហ៍មុនពេលរុស្ស៊ីចាប់ផ្ដើមឈ្លានពានអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈ ដោយផ្ទេរមុខងារមួយចំនួនទៅទីក្រុង Lviv នៅភាគខាងលិចប្រទេស មុនពេលប្ដូរទីតាំងស្ថានទូតទៅកាន់ប្រទេសប៉ូឡូញ។ អ្នកស្រីភារធារី Kristina Kvien បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «យើងស្ដាប់តាមអ្នកជំនាញផ្នែកសន្តិសុខ ហើយនៅពេលណាដែលពួកគេប្រាប់យើងថាយើងអាចត្រឡប់ទៅវិញ យើងនឹងទៅវិញ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រទេសស៊ុយអែតនឹងបើកស្ថានទូតរបស់ខ្លួននៅក្នុងរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែនឡើងវិញនៅថ្ងៃពុធខាងមុខ បន្ទាប់ពីបានបិទជាបណ្ដោះអាសន្ននៅក្រោយពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសស៊ុយអែតអ្នកស្រី Ann Linde នៅលើ Twitter នៅថ្ងៃចន្ទនេះ។ អ្នកស្រីបានសរសេរដូច្នេះថា៖ «ប្រទេសស៊ុយអែតនឹងបន្តឈរជាមួយអ៊ុយក្រែន (#StandWithUkraine) និងមានសេចក្ដីរីករាយដែលវត្តមានការទូតរបស់ស៊ុយអែតនៅក្នុងប្រទេសអ៊ុយក្រែននឹងត្រឡប់ទៅកាន់ទីតាំងដើមរបស់ខ្លួនវិញ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រទេសហុងគ្រីបានផ្លាស់ទីតាំងស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនពីទីក្រុង Lviv ទៅកាន់រដ្ឋធានីកៀវវិញ ដោយសារស្ថានការណ៍សន្តិសុខនៅក្នុងរដ្ឋធានីកៀវកាន់តែមានភាពប្រសើរឡើង។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសហុងគ្រីលោក Peter Szijjarto នៅថ្ងៃចន្ទនេះ។ នៅក្នុងវីដេអូមួយតាម Facebook លោក Szijjarto បាននិយាយថា ការប្ដូរទីតាំងស្ថានទូតនេះបានបញ្ចប់រួចរាល់ហើយកាលពីចុងសប្ដាហ៍ ហើយស្ថានទូតហុងគ្រីនៅក្នុងរដ្ឋធានីកៀវបានបើកដំណើរការរួចហើយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- យោធាអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃចន្ទនេះថា កងទ័ពអ៊ុយក្រែនបានដណ្ដើមត្រួតត្រាមកវិញនូវទីតាំងមួយចំនួននៅភាគខាងជើងនិងភាគខាងកើតនៃទីក្រុង Kharkiv។ ករណីនេះអាចនឹងធ្វើឱ្យកងទ័ពរុស្ស៊ីមានការលំបាកនៅក្នុងការវាយប្រហារដោយមីស៊ីលនិងកាំភ្លើងធំលើទីក្រុងនេះ។ យោធាអ៊ុយក្រែនបានលើកឡើងដូច្នេះថា ភូមិ Ruska Lozova នៅភាគខាងជើងទីក្រុង Kharkiv «បានត្រឡប់មកស្ថិតក្រោមការត្រួតត្រារបស់យើងវិញហើយ បើទោះបីជារងការខូចខាតនិងបំផ្លិចបំផ្លាញក៏ដោយ»។ នេះបើយោងតាមបណ្ដាញព័ត៌មាន CNN។
- ពលរដ្ឋអាមេរិកាំងភាគច្រើនទាំងអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យនិងអ្នកគាំទ្រគណបក្សសាធារណរដ្ឋបាននិយាយថា ពួកគេគាំទ្រការដាក់ទណ្ឌកម្មលើរុស្ស៊ីនិងការផ្ដល់ជំនួយយោធានិងជំនួយមនុស្សធម៌ដល់អ៊ុយក្រែន។ នេះបើយោងតាមការស្ទង់មតិរួមគ្នាមួយរបស់កាសែត The Washington Post និងបណ្ដាញព័ត៌មាន ABC News ដែលបានចេញផ្សាយនៅថ្ងៃចន្ទនេះ។ នៅក្នុងការស្ទង់មតិនោះ ពលរដ្ឋប្រហែល ៧២% បានបញ្ជាក់ថា ពួកគេមិនចង់ឱ្យសហរដ្ឋអាមេរិកចាត់វិធានការបែបយោធាដោយផ្ទាល់ណាមួយលើរុស្ស៊ីទេ។ រីឯពលរដ្ឋប្រហែល ២១% បាននិយាយថា ពួកគេនឹងគាំទ្រចំណាត់ការបែបនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់កាសែត The Washington Post។
- ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (OHCHR) បានបញ្ជាក់នៅថ្ងៃចន្ទនេះថា ចំនួនជនស៊ីវិលដែលត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែនតាំងពីពេលដែលរុស្ស៊ីបានឈ្លានពានកាលពីថ្ងៃទី ២៤ ខែកុម្ភៈមក បានកើនលើស ៣.០០០ នាក់ហើយ។ ជនស៊ីវិលដែលត្រូវបានសម្លាប់ចំនួន ៣.១៥៣ នាក់ក្នុងពេលកន្លងមកនេះមានការកើនឡើងចំនួន ២៥៤ នាក់តាំងពីថ្ងៃសុក្រសប្ដាហ៍មុនមក។ អង្គការ OHCHR បានបន្ថែមថា តួលេខអ្នកស្លាប់ពិតប្រាកដអាចខ្ពស់ជាងនេះច្រើន ដោយសារតែមានការពិបាកនៅក្នុងការទទួលបានតួលេខអ្នកស្លាប់និងដោយសារតែកិច្ចសហប្រតិបត្តិការនៅកំពុងបន្តធ្វើឡើង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ពលរដ្ឋអ៊ុយក្រែនជាង៥លាន៥សែននាក់ បានភៀសខ្លួនពីប្រទេសតាំងពីសង្គ្រាមបានចាប់ផ្ដើមកាលពីថ្ងៃទី ២៤ ខែកុម្ភៈមក។ នេះបើតាមការបញ្ជាក់របស់ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) នៅថ្ងៃចន្ទ។ ទីភ្នាក់ងារ UNHCR បានបន្ថែមថា តួលេខនេះប្រមូលបានមកពីប្រភពផ្សេងៗជាច្រើន ដែលភាគច្រើនបានមកពីទិន្នន័យដែលផ្ដល់ឱ្យដោយអាជ្ញាធរប្រចាំការនៅច្រកឆ្លងកាត់ព្រំដែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រថយន្តក្រុងដឹកជនស៊ីវិលដែលជម្លៀសចេញពីទីក្រុង Mariupol ប្រទេសអ៊ុយក្រែន បានចាកចេញពីទីក្រុងនេះនៅព្រឹកថ្ងៃចន្ទ។ នេះបើតាមការបញ្ជាក់របស់ទីប្រឹក្សារបស់អភិបាលទីក្រុង Mariupol។ ផ្ទុយពីក្រុមជនស៊ីវិលដែលត្រូវបានជម្លៀសចេញពីទីក្រុង Mariupol កាលពីថ្ងៃអាទិត្យ ជនស៊ីវិលដែលស្ថិតនៅលើរថយន្តក្រុងលើកនេះមិនមែនជម្លៀសចេញពីរោងចក្រដែកថែក Azovstal នោះទេ។ ជនស៊ីវិលនិងអ្នកប្រយុទ្ធក្នុងចំនួនមិនច្បាស់មួយនៅស្ថិតនៅក្នុងរោងចក្រ Azovstal នៅឡើយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- គណៈកម្មការអឺរ៉ុបនៃសហភាពអឺរ៉ុបប្រហែលជាលើកលែងឱ្យប្រទេសហុងគ្រីនិងប្រទេសស្លូវ៉ាគីពីការហាមឃាត់ការទិញប្រេងឥន្ធនៈពីរុស្ស៊ីដោយគិតគូរអំពីកម្រិតនៃការពឹងផ្អែករបស់ប្រទេសទាំងពីរលើប្រេងឆៅរបស់រុស្ស៊ី។ នេះបើតាមការបញ្ជាក់របស់មន្ត្រីសហភាពអឺរុបពីររូបនៅថ្ងៃចន្ទនេះ។ គណៈកម្មការអឺរ៉ុបគ្រោងនឹងបញ្ចប់កិច្ចការរៀបចំទណ្ឌកម្មជុំទី៦របស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ីនៅថ្ងៃអង្គារស្អែកដែលនៅក្នុងកញ្ចប់ទណ្ឌកម្មនោះក៏មានការហាមឃាត់លើការទិញប្រេងឥន្ធនៈរបស់រុស្ស៊ីផង ដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រទេសប៉ូឡូញចង់ឱ្យសហភាពអឺរ៉ុបកំណត់កាលបរិច្ឆេទឱ្យបានច្បាស់សម្រាប់ឱ្យបណ្ដាប្រទេសជាសមាជិកឈប់នាំចូលប្រេងឥន្ធនៈពីរុស្ស៊ី។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីអាកាសធាតុប៉ូឡូញនៅថ្ងៃចន្ទនេះ ដោយអ្នកស្រីបានបន្ថែមថា អ្នកស្រីសង្ឃឹមថាការហាមឃាត់លើការនាំចូលប្រេងឥន្ធនៈពីរុស្ស៊ីនេះអាចចូលជាធរមាននៅមុនដំណាច់ឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីថាមពលមកពីបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបបានជួបពិភាក្សាគ្នាបន្ទាន់នៅថ្ងៃចន្ទនេះ ស្របពេលដែលសហភាពអឺរ៉ុបប្រឹងប្រែងដើម្បីឱ្យមានការឆ្លើយ តបរួមគ្នាចំពោះការទាមទាររបស់រដ្ឋាភិបាលរុស្ស៊ីដែលចង់ឱ្យអតិថិជនអឺរ៉ុបបង់ថ្លៃចំណាយលើការទិញឧស្ម័នរបស់រុស្ស៊ីជាប្រាក់រូប បើមិនដូច្នេះទេនឹងប្រឈមនឹងការកាត់ផ្ដាច់ការផ្គត់ផ្គង់។ រុស្ស៊ីបានផ្អាកការផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសប៊ុលហ្គារីនិងប្រ ទេសប៉ូឡូញកាលពីសប្ដាហ៍មុន បន្ទាប់ពីប្រទេសទាំងពីរបដិសេធមិនព្រមធ្វើតាមការទាមទាររបស់រុស្ស៊ីនៅក្នុងការបង់ថ្លៃចំណាយជាប្រាប់រូប។ នេះបើយោងតាមទីភ្នាក់ ងារព័ត៌មាន Reuters។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសអ៊ុយក្រែនអាចបាត់បង់ធញ្ញជាតិរាប់សិបតោនដោយសារតែរុស្ស៊ីបានគ្រប់គ្រងការដឹកជញ្ជូនតាមផ្លូវសមុទ្រនៅសមុទ្រខ្មៅ ដែលករណីនេះអាចបណ្ដាលឱ្យមានវិបត្តិស្បៀងអាហារដែលនឹងប៉ះពាល់ដល់ទ្វីបអឺរ៉ុប អាស៊ី និងអាហ្វ្រិក។ លោក Zelenskyy បានបញ្ជាក់នៅក្នុងកម្មវិធីព័ត៌មាន«60 Minutes»របស់អូស្ត្រាលីថា៖«រុស្ស៊ីមិនអនុញ្ញាតឱ្យនាវានានាចូលឬចេញពីកំពង់ផែ។ រុស្ស៊ីកំពុងត្រួតត្រាការដឹកជញ្ជូនតាមសមុទ្រខ្មៅ»។ លោកបានបន្ថែមថា៖ «រុស្ស៊ីចង់រាំងខ្ទប់សេដ្ឋកិច្ចរបស់អ៊ុយក្រែនទាំងស្រុងតែម្ដង»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ក្រសួងកសិកម្មអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃចន្ទនេះថា អ៊ុយក្រែនបានបិទជាផ្លូវការនូវកំពង់ផែ ៤ របស់ខ្លួននៅសមុទ្រខ្មៅនិងសមុទ្រ Azov ដែលកងទ័ពរុស្ស៊ីបានដណ្ដើមកាន់កាប់។ ក្រសួងនេះបានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា កំពង់ផែទី ក្រុងMariupol កំពង់ផែទីក្រុង Berdiansk និងកំពង់ផែទីក្រុង Skadovsk នៃសមុទ្រ Azov និងកំពង់ផែទីក្រុង Kherson នៃសមុទ្រខ្មៅត្រូវបានបិទ «រហូតទាល់តែដល់ពេលស្ដារការត្រួតត្រាបានវិញ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុបនៅថ្ងៃចន្ទដើម្បីពិភាក្សាជាមួយនឹងមេដឹកនាំនានានៅក្នុងតំបន់។ ចំណុចសំខាន់នៃការពិភាក្សាទាំងនោះអាចនឹងផ្ដោតលើការបដិសេធរបស់ឥណ្ឌានៅក្នុងការថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ លោក Modi បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែង ការណ៍មួយដែលចេញផ្សាយមុនពេលលោកធ្វើដំណើរទៅប្រទេសអាល្លឺម៉ង់ដាណឺ ម៉ាក និងបារាំងថា៖ «ដំណើរទស្សនកិច្ចរបស់ខ្ញុំទៅអឺរ៉ុបនេះធ្វើឡើងនៅចំពេលដែលតំបន់អឺរ៉ុបប្រឈមនឹងបញ្ហានិងជម្រើស»។ សេចក្ដីថ្លែងការណ៍នេះបន្ថែមថា លោក Modi មានបំណង «ពង្រឹងស្មារតីនៃកិច្ចសហប្រតិបត្តិការ» ជាមួយបណ្ដាដៃគូនៅទ្វីបអឺរ៉ុប «ដែលជាដៃគូដ៏មានសារៈសំខាន់សម្រាប់ដំណើរស្វែងរកសន្តិភាពនិងវិបុលភាពរបស់ប្រទេសឥណ្ឌា»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រទេសដាណឺម៉ាកបានបើកស្ថានទូតរបស់ខ្លួនឡើងវិញនៅក្នុងរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែននៅថ្ងៃចន្ទ។ នេះបើតាមការប្រកាសរបស់រដ្ឋមន្ត្រីការបរទេសដាណឺម៉ាកលោកJeppe Kofodនៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលរបស់លោកទៅកាន់រដ្ឋធានីកៀវ។ លោកបានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយដូច្នេះថា៖ «វាគឺជានិមិត្តរូបដ៏ខ្លាំងក្លានៃការគាំទ្ររបស់ដាណឺម៉ាកចំពោះប្រទេសនិងប្រជាពលរដ្ឋអ៊ុយក្រែន ដែលថ្ងៃនេះយើងនឹងបើកទ្វារស្ថានទូតរបស់ដាណឺម៉ាកឡើងវិញ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រទេសអ៊ីស្រាអែលបានថ្កោលទោសការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov កាលពីថ្ងៃចន្ទដែលថាមេដឹកនាំណាហ្ស៊ីលោក Adolf Hitler មានដើមកំណើតជាជាតិសាសន៍ជ្វីហ្វ។ អ៊ីស្រាអែលថា ការលើកឡើងរបស់លោក Lavrov នេះមានលក្ខណៈប្រឆាំងនឹងជាតិសាសន៍ជ្វីហ្វនិងមានគ្រោះថ្នាក់។ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Yair Lapid បាននិយាយថា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអ៊ីស្រាអែលនឹងត្រូវកោះហៅសម្រាប់ «ការពិភាក្សាតឹងតែង» ទាក់ទិននឹងការលើក ឡើងរបស់លោក Lavrov ដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងទូរទស្សន៍អ៊ីតាលីនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយថា រុស្ស៊ីនឹងមិនពិចារណាអំពីការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននៅថ្ងៃទី ៩ ខែឧសភាដែលជាទិវាជ័យជម្នះនោះ ទេ។ ទិវាជ័យជម្នះ ៩ ឧសភានេះគឺជាទិវាដែលប្រារព្ធអំពីព្រឹត្តិការណ៍ដែលពួកណា ហ្ស៊ីអាល្លឺម៉ង់បានចុះចាញ់កងទ័ពសម្ព័ន្ធមិត្ត ដែលក្នុងនោះមានទាំងសហភាពសូវៀតផងដែរ នៅក្នុងឆ្នាំ១៩៤៥។ លោក Lavrov បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Mediaset របស់អ៊ីតាលីកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលរុស្ស៊ីនឹងមិនប្រញាប់ប្រញាល់បញ្ចប់ «ប្រ តិបត្តិការយោធាពិសេស» របស់ខ្លួនឱ្យទាន់ទិវាជ័យជម្នះនេះទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- សេតវិមានបានប្រកាសថា អ្នកស្រី Jill Biden ដែលជាភរិយារបស់ប្រធានាធិបតីសហ រដ្ឋអាមេរិកលោក Joe Biden នឹងចាប់ផ្ដើមដំណើរទស្សនកិច្ចនៅថ្ងៃព្រហស្បតិ៍ខាងមុខទៅកាន់ប្រទេសរូម៉ានីនិងប្រទេសស្លូវ៉ាគី ដែលនៅក្នុងដំណើរទស្សនកិច្ចនោះ អ្នក ស្រីនឹងជួបជាមួយនឹងពលរដ្ឋអ៊ុយក្រែនដែលភៀសខ្លួនពីការឈ្លានពានរបស់រុស្ស៊ីផង ដែរ។ អ្នកស្រី Biden ក៏នឹងជួបជាមួយនឹងបុគ្គលិកជំនួយមនុស្សធម៌ ក្រុមគ្រួសារនៅមូលដ្ឋានដែលជួយផ្គត់ផ្គង់ជនភៀសខ្លួនអ៊ុយក្រែន និងអ្នកអប់រំនានាដែលកំពុងជួយផ្ដល់ការអប់រំដល់កុមារអ៊ុយក្រែនផងដែរ។
២២:២៧
៣.៥.២០២២
ថ្ងៃអង្គារ ទី ៣ ខែឧសភា៖
- រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រាប់ប្រធានាធិបតីបារាំងលោក Emmanuel Macron នៅថ្ងៃអង្គារនេះថា បស្ចិមប្រទេសត្រូវតែបញ្ឈប់ការផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន និងបានចោទប្រកាន់រដ្ឋាភិបាលអ៊ុយក្រែនថាគ្មានភាពម៉ឺងម៉ាត់នៅក្នុងការចរចាដើម្បីបញ្ចប់សង្គ្រាម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ខុទ្ទកាល័យប្រធានាធិបតីបារាំងបានបញ្ជាក់ថា លោកប្រធានាធិបតី Emmanuel Macron បានប្រាប់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅក្នុងការសន្ទនាតាមទូរស័ព្ទនៅថ្ងៃអង្គារនេះថា លោកមានឆន្ទៈនៅក្នុងការធ្វើការជាមួយនឹងអង្គការអន្តរជាតិនានាដើម្បីជួយឱ្យមានការដកចេញនូវការហាមឃាត់របស់រុស្ស៊ីលើការនាំចេញស្បៀងអាហាររបស់អ៊ុយក្រែនតាមរយៈសមុទ្រខ្មៅ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ខុទ្ទកាល័យវិមានប្រធានាធិបតីបារាំងបានបញ្ជាក់ថា នៅក្នុងការសន្ទនាតាមទូរស័ព្ទរយៈពេល ២ ម៉ោងជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅថ្ងៃអង្គារនេះ ក្រៅពីការអំពាវនាវឡើងវិញឱ្យរុស្ស៊ីបញ្ចប់ការវាយប្រហារលើអ៊ុយក្រែនតាមរយៈកិច្ចឈប់វាយប្រយុទ្ធគ្នានិងការចរចាសន្តិភាព ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជំរុញលោក Putin ឱ្យអនុញ្ញាតឱ្យមានការជម្លៀសមនុស្សចេញពីរោងចក្រដែកថែប Azovstal ក្នុងទីក្រុង Mariupol ជាបន្តទៀត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រធានគណៈកម្មាធិការអន្តរជាតិកាកបាទក្រហមប្រចាំប្រទេសអ៊ុយក្រែនបាននិយាយនៅថ្ងៃអង្គារនេះថា ជនស៊ីវិលក្នុងចំនួនមិនច្បាស់នៅជាប់គាំងនៅឡើយនៅក្នុងទីក្រុង Mariupol និងតំបន់ជុំវិញនានា បន្ទាប់ពីអង្គការកាកបាទក្រហមនេះបានជម្លៀសជនស៊ីវិលជាង ១០០ នាក់ចេញពីរោងចក្រដែកថែប Azovstal រួចហើយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- មន្ត្រីផ្នែកមនុស្សធម៌ម្នាក់របស់អង្គការសហប្រជាជាតិបាននិយាយនៅថ្ងៃអង្គារនេះថា អង្គការសហប្រជាជាតិបានជម្លៀសដោយជោគជ័យនូវមនុស្ស ១០១ នាក់ចេញពីរោងចក្រដែកថែប Azovstal ដោយបាននិយាយថា ជនដែលត្រូវជម្លៀសចេញភាគច្រើនបានស្ថិតនៅក្នុងទីក្រុង Zaporizhzhia ដែលនៅទីនោះពួកគេបានទទួលជំនួយមនុស្សធម៌។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ អ្នកស្រី Osnat Lubrani អ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការប្រទេសអ៊ុយក្រែន បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលផ្ញើទៅកាន់អ្នកកាសែតថា៖ «ដោយសារតែប្រតិបត្តិការនេះ ស្ត្រី បុរស កុមារ និងមនុស្សវ័យចំណាស់ទាំងអស់ចំនួន ១០១ នាក់ នៅទីបំផុតអាចចាកចេញពីលេណដ្ឋាននៅក្រោមរោងចក្រដែកថែប Azovstal និងអាចមើលឃើញពន្លឺថ្ងៃហើយក្នុងពេលពីរខែក្រោយមក»។
- អភិបាលតំបន់ Donetsk លោក Pavlo Kyrylenko បានបញ្ជាក់តាម Telgram នៅថ្ងៃអង្គារនេះថា យ៉ាងហោចណាស់មានមនុស្ស ១០ នាក់ត្រូវបានសម្លាប់ និង ១៥ នាក់ទៀតរងរបួសនៅក្នុងការវាយប្រហាររបស់រុស្ស៊ីលើរោងចក្រភេសជ្ជៈកូកាកូឡាក្នុងទីក្រុង Avdijvka នៅភាគខាងកើតប្រទេសអ៊ុយក្រែន។ លោកបានព្រមានថា ចំនួនជនរងគ្រោះអាចកើនឡើង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- នៅក្នុងការប្រជុំនៅថ្ងៃអង្គារនេះនៅក្នុងរដ្ឋធានីកៀវ រដ្ឋសភាអ៊ុយក្រែនបានអនុម័តច្បាប់មួយរារាំងសកម្មភាពរបស់គណបក្សនយោបាយដែលមានទំនោរទៅរករដ្ឋាភិបាលរុស្ស៊ី។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ផ្លូវការមួយដែលចែកផ្សាយនៅលើ Twitter។
- អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយនៅថ្ងៃអង្គារនេះថា គ្មាននរណាម្នាក់អាចសន្មតថារុស្ស៊ីនឹងមិនវាយប្រហារលើប្រទេសដទៃទៀតនោះទេ ដោយសារតែរុស្ស៊ីបានរំលោភលើច្បាប់អន្តរជាតិរួចទៅហើយនៅក្នុងប្រទេសអ៊ុយក្រែន។ លោកបានបន្ថែមថា ប្រទេសអាល្លឺម៉ង់នឹងគាំទ្រប្រទេសហ្វាំងឡង់និងប្រទេសស៊ុយអែត ប្រសិនបើប្រទេសទាំងពីរសម្រេចចូលជាសមាជិករបស់អង្គការអូតង់ (NATO)។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់នៅថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចុះហត្ថលេខាលើអនុក្រឹត្យមួយស្ដីពីទណ្ឌកម្មសេដ្ឋកិច្ចបែបសងសឹកដើម្បីឆ្លើយតបទៅនឹង «ទង្វើអមិត្តរបស់ប្រទេសនិងអង្គការអន្តរជាតិមួយចំនួន»។ នៅក្រោមអនុក្រឹត្យនេះ រដ្ឋាភិបាលរុស្ស៊ីមានពេល១០ថ្ងៃដើម្បីរៀបចំបញ្ជីបុគ្គលនិងក្រុមហ៊ុនបរ ទេសដែលត្រូវរងទណ្ឌកម្មក៏ដូចជាកំណត់ «លក្ខណៈវិនិច្ឆ័យបន្ថែមទៀត» សម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុមួយចំនួនដែលអាចត្រូវដាក់កំហិត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson បាននិយាយនៅថ្ងៃអង្គារនៅក្នុងសុន្ទរកថាមួយតាមអនឡាញទៅកាន់រដ្ឋសភាអ៊ុយក្រែនថា អ៊ុយក្រែននឹងយកឈ្នះលើប្រទេសរុស្ស៊ី ហើយនឹងក្លាយជាប្រទេសដែលមានសេរីភាពជាថ្មីម្ដងទៀត។ លោក Johnson ថ្លែងដូច្នេះថា៖ «ខ្ញុំមានសារមួយសម្រាប់អ្នកនៅថ្ងៃនេះ។ អ៊ុយក្រែននឹងឈ្នះ។ អ៊ុយក្រែននឹងមានសេរីភាព»។ នៅក្នុងការថ្លែងនោះផងដែរ លោក Johnson ក៏បានប្រកាសអំពីការផ្ដល់ជំនួយយោធាបន្ថែមចំនួន៣៧៥លានដុល្លារអាមេ រិកដល់អ៊ុយក្រែន និងបានបញ្ជាក់ថា ចក្រភពអង់គ្លេសនឹងបន្តផ្គត់ផ្គង់ប្រទេសអ៊ុយ ក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi នៅថ្ងៃអង្គារបានអំពាវនាវឱ្យមានការឈប់វាយប្រយុទ្ធគ្នានៅក្នុងប្រទេសអ៊ុយក្រែននិងឱ្យមានការចរចាសន្តិភាពរវាងរដ្ឋាភិ បាលអ៊ុយក្រែននិងរដ្ឋាភិបាលរុស្ស៊ី។ លោក Modi បាននិយាយនៅក្នុងសន្និសីទកាសែតក្នុងរដ្ឋធានីកូប៉ិនហាកប្រទេសដាណឺម៉ាកថា៖ «យើងអំពាវនាវឱ្យមានកិច្ចឈប់វាយប្រយុទ្ធគ្នាជាបន្ទាន់នៅក្នុងប្រទេសអ៊ុយក្រែន និងឱ្យប្រើការសន្ទនានិងការទូតដើម្បីដោះស្រាយបញ្ហា»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់នៅថ្ងៃអង្គារថា កងទ័ពរុស្ស៊ីបានចាប់ផ្ដើមបាញ់ផ្លោងនិងទម្លាក់គ្រាប់បែកលើរោងចក្រដែកថែប Azovstal នៅក្នុងទីក្រុង Mariupol ប្រទេសអ៊ុយក្រែន បន្ទាប់ពីកងទ័ពអ៊ុយក្រែនបានប្រើកិច្ចឈប់វាយប្រយុទ្ធគ្នាដើម្បីត្រៀមជំហរប្រយុទ្ធនៅទីនោះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- អភិបាលក្រុង Mariupol លោក Vadym Boychenko បាននិយាយនៅថ្ងៃអង្គារថា ជនស៊ីវិលជាង២០០នាក់នៅតស៊ូជាមួយនឹងអ្នកប្រយុទ្ធនៅក្នុងរោងចក្រដែកថែប Azovstal ក្នុងទីក្រុង Mariupol នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។ លោក Boychenko បានបន្ថែមថា ជនស៊ីវិលសរុបចំនួនប្រហែល ១០០.០០០ នាក់នៅជាប់នៅក្នុងទីក្រុង Mariupol នៅឡើយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់នៅថ្ងៃអង្គារថា មីស៊ីលដែលអាចបាញ់ចំគោលដៅក្នុងកម្រិតខ្ពស់របស់ខ្លួនបានបាញ់ចំមជ្ឈមណ្ឌលភស្ដុភារមួយកន្លែងនៅវាលយន្ត ហោះយោធាជិតទីក្រុង Odesa របស់អ៊ុយក្រែន ដែលមជ្ឈមណ្ឌលនេះត្រូវបានប្រើសម្រាប់បញ្ជូនសព្វាវុធពីបស្ចិមប្រទេសឱ្យអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋាភិបាលរុស្ស៊ីនៅថ្ងៃអង្គារបានចោទប្រកាន់ប្រទេសអ៊ីស្រាអែលថាបានគាំទ្រ«របបណាហ្ស៊ីបែបថ្មីនៅក្នុងប្រទេសអ៊ុយក្រែន»។ តាមរយៈការចោទប្រកាន់នេះ រដ្ឋាភិបាលរុស្ស៊ីបានគាំទ្រការចោទប្រកាន់របស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ដែលថាលោក Adolf Hitler ប្រហែលជា «មានឈាមជ័រជាជាតិសាសន៍ជ្វីហ្វ»។ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Yair Lapid បានថ្កោលទោសការលើកឡើងរបស់លោក Lavrov នេះកាលពីថ្ងៃចន្ទ។ ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃអង្គារថា៖ «យើងបានផ្ដោតការយកចិត្តទុកដាក់លើការលើកឡើងបែបប្រឆាំងប្រវត្តិសាស្ត្ររបស់រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Yair Lapid ដែលការលើកឡើងនេះមួយផ្នែកធំបានបង្ហាញឱ្យឃើញអំពីការសម្រេចចិត្តរបស់រដ្ឋាភិបាល [អ៊ីស្រាអែល] បច្ចុប្បន្ននៅក្នុងការគាំទ្ររបបណាហ្ស៊ីបែបថ្មីក្នុងប្រ ទេសអ៊ុយក្រែន»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- អ្នកនាំពាក្យអង្គការសុខភាពពិភពលោក (WHO) លោក Tarik Jasarevic បានបញ្ជាក់នៅថ្ងៃអង្គារថា ផ្នែកតំបន់អឺរ៉ុបរបស់ខ្លួននឹងរៀបចំកិច្ចប្រជុំពិសេសនៅសប្ដាហ៍ក្រោយអំពីផលប៉ះពាល់នៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនលើសុខភាពនិងសេវាសុខា ភិបាល។ លោក Jasarevic បាននិយាយនៅក្នុងសន្និសីទកាសែតមួយនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសថា៖ «នឹងមានកិច្ចប្រជុំមួយនៅថ្ងៃទី ១០ ខែឧសភា អំពីផលប៉ះពាល់នៃសង្គ្រាមលើប្រព័ន្ធសុខាភិបាលរបស់អ៊ុយក្រែន»។ នេះបើយោងតាមទីភ្នាក់ ងារព័ត៌មាន Reuters។
- សម្ដេចប៉ាប Francis បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងកាសែត Corriere Della Sera របស់អ៊ីតាលីដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះថា ព្រះអង្គបានស្នើសុំជួបជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ដើម្បីព្យាយាមបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែព្រះអង្គមិនទាន់ទទួលបានចម្លើយណាមួយនៅឡើយទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ក្រសួងការពារជាតិតៃវ៉ាន់បានបញ្ជាក់នៅថ្ងៃអង្គារថា ការបញ្ជូនមីស៊ីលបាញ់យន្តហោះពីលើស្មាពីសហរដ្ឋអាមេរិកមកឱ្យខ្លួនអាចត្រូវបានពន្យារពេល។ ក្រសួងនេះបានលើកឡើងថា ខ្លួនបានជំរុញសហរដ្ឋអាមេរិកឱ្យបញ្ជូនមីស៊ីលនេះតាមកាលកំណត់ ដោយសារតែសង្គ្រាមនៅអ៊ុយក្រែនអាចធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់នេះ។ មីស៊ីលប្រភេទនេះគឺត្រូវការខ្លាំងនៅក្នុងប្រទេសអ៊ុយក្រែន ដោយកងទ័ពអ៊ុយក្រែនបានប្រើវាដើម្បីទប់ទល់នឹងយន្តហោះចម្បាំងរបស់រុស្ស៊ីដោយជោគជ័យ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- របាយការណ៍ស៊ើបការណ៍សម្ងាត់នៅសមរភូមិប្រចាំថ្ងៃរបស់ក្រសួងការពារជាតិចក្រភពអង់គ្លេសបានបញ្ជាក់នៅថ្ងៃអង្គារនេះថា ដោយសារតែ «ការបរាជ័យ» របស់រុស្ស៊ី «ទាំងការរៀបចំផែនការយុទ្ធសាស្ត្រនិងទាំងការអនុវត្តប្រតិបត្តិការ» យោធារបស់រុស្ស៊ី «ឥឡូវនេះគឺខ្សោយជាងមុនខ្លាំងទាំងផ្នែកសម្ភារនិងផ្នែកគំនិត ដោយសារតែការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន»។
- រដ្ឋមន្ត្រីការបរទេសហុងគ្រីលោក Peter Szijjarto បញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះថា ប្រទេសហុងគ្រីនឹងមិនគាំទ្រទណ្ឌកម្មណាដែលបង្អាក់ដល់ការនាំចូលប្រទេសឥន្ធនៈនិងឧស្ម័នពីរុស្ស៊ីឱ្យហុងគ្រីនោះឡើយ។ លោក Szijjarto បានថ្លែងនៅក្នុងប្រទេសកាហ្សាក់ស្ថានថា ការបញ្ជូនប្រេងឥន្ធនៈរបស់រុស្ស៊ីតាមបំពង់បង្ហូរប្រេង Druzhba មានចំនួនប្រហែល៦៥% នៃប្រេងឥន្ធនៈដែលប្រទេសហុងគ្រីត្រូវការ ហើយគ្មានជម្រើសផ្គត់ផ្គង់ផ្សេងទៀតដែលអាចជំនួសជម្រើសនេះបានទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- លោក Roberto Cingolani រដ្ឋមន្ត្រីអន្តរកាលអេកូឡូស៊ីប្រទេសអ៊ីតាលី បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងកាសែត La Repubblica ដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះថា ប្រទេសអ៊ីតាលីមានបំណងកាត់ផ្ដាច់ការពឹងផ្អែករបស់ខ្លួនលើឧស្ម័នរបស់រុស្ស៊ីនៅត្រឹមឆមាសទីពីរនៃឆ្នាំ ២០២៤។ លោក Cingolani បាននិយាយដូច្នេះថា៖ «យើងគួរតែមានស្វ័យភាពដោយខ្លួនឯងនៅត្រឹមឆមាសទីពីរនៃឆ្នាំ ២០២៤។ យើងអាចធ្វើបានដោយមិនចាំបាច់នាំចូលឧស្ម័នពីរុស្ស៊ី»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- មន្ត្រីការទូតកំពូលរបស់សហភាពអឺរ៉ុបលោក Josep Borrell បាននិយាយកាលពីថ្ងៃចន្ទថា សហភាពអឺរ៉ុបសង្ឃឹមថានឹងអនុម័តទណ្ឌកម្មជុំទី៦ប្រឆាំងនឹងរុស្ស៊ីនៅក្នុងការប្រជុំបន្ទាប់របស់ក្រុមប្រឹក្សាកិច្ចការបរទេសនៃសហភាពអឺរ៉ុប។ គណៈកម្មការអឺរ៉ុប ដែលជាអង្គនីតិប្រតិបត្តិនៃសហភាពអឺរ៉ុប គ្រោងនឹងស្នើនូវកញ្ចប់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបនេះនៅក្នុងសប្ដាហ៍នេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- លោក Michael Carpenter ដែលជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសន្តិសុខនិងកិច្ចសហប្រតិបត្តិការអឺរ៉ុប (OSCE) បានព្រមានថា ប្រទេសរុស្ស៊ីមានផែនការភ្ជាប់យកផ្នែកដ៏ធំនៃតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែននៅពេលក្រោយក្នុងខែនេះ។ លោក Carpenter បាននិយាយថា សហរដ្ឋអាមេរិកជឿថារដ្ឋាភិបាលរុស្ស៊ីក៏មានផែនការទទួលស្គាល់ទីក្រុង Kherson នៅភាគខាងត្បូងប្រទេសអ៊ុយក្រែនជាសាធារណរដ្ឋឯករាជ្យផងដែរ។ លោកបានបន្ថែមថា សហរដ្ឋអាមេរិកឬក៏សម្ព័ន្ធមិត្តរបស់អាមេរិកនឹងមិនទទួលស្គាល់វិធានការណាមួយរបស់រុស្ស៊ីនេះទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Associated Press។
- ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃចន្ទថា មនុស្សជាងមួយលាននាក់ ដែលក្នុងនោះរួមមានទាំងកុមារជិត ២០០.០០០ នាក់ផងដែរ ត្រូវបានបញ្ជូនពីប្រទេសអ៊ុយក្រែនទៅកាន់ប្រទេសរុស្ស៊ីនៅក្នុងរយៈពេលពីរខែចុងក្រោយនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Associated Press។