ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

២២:២៨ ២៦.៤.២០២២

ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២២៖

  • សមាជិក​ទាំង ១៩៣ ប្រទេស​នៃ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​រួម​គ្នា​នូវ​សេចក្ដី​សម្រេច​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ​ដោយ​តម្រូវ​ឱ្យ​ប្រទេស​ជា​សមាជិក​អចិន្ត្រៃយ៍​ទាំង ៥ របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ផ្ដល់​ហេតុផល​ត្រឹមត្រូវ​ចំពោះ​ការ​ប្រើ​សិទ្ធិ​វេតូ​របស់​ខ្លួន។ ការ​ជំរុញ​ឱ្យ​មាន​កំណែ​ទម្រង់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ថ្មី ដោយសារតែ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP
  • ក្រសួង​ការបរទេស​អ៊ុយក្រែន​បាន​បង្ហាញ​ក្ដី​បារម្ភ​នៅ​ថ្ងៃ​អង្គារ​នេះ​អំពី​ស្ថានការណ៍​នៅក្នុង​តំបន់ Transdniestria ដែល​ជា​តំបន់​ផ្ដាច់​ខ្លួន​គាំទ្រ​ដោយ​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​ម៉ុលដាវី និង​បាន​ថ្កោលទោស​អ្វី​ដែល​ខ្លួន​អះអាង​ថា​ជា​ការ​ប៉ុនប៉ង​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​ទាញ​តំបន់​នេះ​ចូល​ទៅ​ក្នុង​សង្គ្រាម​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ ប្រធានាធិបតី​នៃ​ប្រទេស​ម៉ុលដាវី​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ការ​វាយ​ប្រហារ​នៅ​ក្នុង​តំបន់​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​នេះ​គឺ​ជា​ការ​ប៉ុនប៉ង​របស់​ក្រុម​មួយ​ចំនួន​នៅ​ក្នុង​ដែនដី​នេះ​ដើម្បី​បង្កើន​ភាព​តានតឹង។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters
  • រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin មិន​បាន​បង្ហាញ​ភាព​ម៉ឺងម៉ាត់​អំពី​ការទូត​នៅ​ក្នុង​ការ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន​នោះទេ បើ​ទោះបីជា​មាន​កិច្ច​ប្រឹងប្រែង​ជា​ច្រើន​ពី​អន្តរជាតិ​ក៏ដោយ។ លោក Blinken បាន​បញ្ជាក់​ប្រាប់​គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ថា៖ «យើង​មិន​បាន​ឃើញ​សញ្ញា​ណា​មួយ​ដែល​ថា​លោក​ប្រធានាធិបតី Putin មាន​ភាព​ម៉ឺងម៉ាត់​ចំពោះ​ការ​ចរចា​ប្រកប​ដោយ​ផ្លែផ្កា​នោះទេ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP

រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក​ លោក Antony Blinken ផ្ដល់​សក្ខីកម្មនៅ​សភា​អាមេរិក ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២២។ (Bonnie Cash/Pool Photo via AP)
រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក​ លោក Antony Blinken ផ្ដល់​សក្ខីកម្មនៅ​សភា​អាមេរិក ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២២។ (Bonnie Cash/Pool Photo via AP)
  • រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​នេះ​ថា សហរដ្ឋ​អាមេរិក​និង​ប្រទេស​អ៊ុយក្រែន «ភាគច្រើន​ស្រប​គ្នា» លើ​អ្វី​ដែល​អ៊ុយក្រែន​ត្រូវការ​ដើម្បី​បន្ត​ការ​ប្រយុទ្ធ​របស់​ខ្លួន​ប្រឆាំង​នឹង​ការ​ឈ្លានបាន​របស់​រុស្ស៊ី និង​លើ​អ្វី​ដែល​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​អាច​ផ្ដល់​ជូន​បាន។ លោក Blinken បាន​ប្រាប់​គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ថា លោក​បាន​ពិភាក្សា​អំពី​តម្រូវការ​ទាំង​នេះ​ជាមួយ​នឹង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​កាលពី​ពេល​ថ្មីៗ​នេះ​ទៅកាន់​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters
  • រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ស្វាគមន៍​ការ​សម្រេច​របស់​ប្រទេស​អាល្លឺម៉ង់​នៅ​ក្នុង​ការ​បញ្ជូន​ជា​លើក​ដំបូង​បង្អស់​នូវ​សព្វាវុធ​ធុន​ធ្ងន់​ឱ្យ​ប្រទេស​អ៊ុយក្រែន។ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក Lloyd Austin បាន​និយាយ​បន្ទាប់ពី​បាន​ពិភាក្សា​ជាមួយ​នឹង​សមភាគី​របស់​លោក​មកពី​ប្រទេស​ជាង ៤០ នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ថា៖ «ខ្ញុំ​គិត​ថា​វា​ជា​ការ​សំខាន់​ដែល​ប្រទេស​អាល្លឺម៉ង់​បាន​ប្រកាស​ថា ខ្លួន​នឹង​ផ្ដល់​ប្រព័ន្ធ Cheetah ចំនួន ៥០»។ លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​គិត​ថា ប្រព័ន្ធ​ទាំងនោះ​នឹង​ផ្ដល់​សមត្ថភាព​ពិត​ប្រាកដ​ដល់​អ៊ុយក្រែន»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters
  • ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​រុស្ស៊ី​នៅ​ថ្ងៃ​អង្គារ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​រុស្ស៊ី​និង​រដ្ឋាភិបាល​អ៊ុយក្រែន​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​បង្កើត​ច្រក​របៀង​មនុស្សធម៌​ដើម្បី​ដឹក​ជញ្ជូន​ជំនួយ​និង​ជម្លៀស​មនុស្ស​នៅក្នុង​ប្រទេស​អ៊ុយក្រែន។ លោក Guterres បាន​និយាយ​បន្ទាប់ពី​លោក​បាន​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov ថា៖ «យើង​ត្រូវការ​ច្រក​របៀង​មនុស្សធម៌​ជា​បន្ទាន់​ដែល​មាន​សុវត្ថិភាព​និង​ប្រសិទ្ធភាព​ពិត​ប្រាកដ»។ ជាង​នេះ​ទៀត លោក​ក៏​បាន​អំពាវនាវ​ផងដែរ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​លើ «ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​អាច​មាន» នៅក្នុង​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​ប្រាប់​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergey Lavrov នៅ​ថ្ងៃ​អង្គារ​ថា លោក​ត្រៀម​ខ្លួន​រួចរាល់​នៅ​ក្នុង​ការ​កៀរគរ​ពេញ​ទំហឹង​នូវ​ធនធាន​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​និង​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​ពី​ទីក្រុង Mariupol នៃ​ប្រទេស​អ៊ុយក្រែន។ លោក Gutteres បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ដែល​ធ្វើ​ឡើង​ជាមួយ​នឹង​លោក Lavrov ថា៖ «ជន​ស៊ីវិល​រាប់​ពាន់​នាក់​កំពុង​ត្រូវការ​ខ្លាំងក្លា​នូវ​ជំនួយ​មនុស្សធម៌​សង្គ្រោះ​ជីវិត ហើយ​មនុស្ស​ជា​ច្រើន​បាន​ជម្លៀស​ចេញ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
ទិដ្ឋភាព​នៃ​ការ​រងការ​បំផ្លិចបំផ្លាញដោយ​សារ​ការ​វាយប្រហារ​របស់​រុស្ស៊ី​នៅ​ក្នុង​ទីក្រុង Mariupol ប្រទេស​អ៊ុយក្រែន ថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២២។ (Photo by Handout / Mariupol City Council / AFP)
ទិដ្ឋភាព​នៃ​ការ​រងការ​បំផ្លិចបំផ្លាញដោយ​សារ​ការ​វាយប្រហារ​របស់​រុស្ស៊ី​នៅ​ក្នុង​ទីក្រុង Mariupol ប្រទេស​អ៊ុយក្រែន ថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២២។ (Photo by Handout / Mariupol City Council / AFP)
  • រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា រដ្ឋាភិបាល​រុស្ស៊ី​ត្រៀមខ្លួន​រួចរាល់​នៅក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​អង្គការ​សហប្រជាជាតិ​ដើម្បី​ជួយ​ជន​ស៊ីវិល​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ លោក Lavrov បាន​បញ្ជាក់​នៅ​ក្នុង​អំឡុងពេល​សន្និសីទ​កាសែត​ជាមួយ​នឹង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres ថា៖ «គោល​បំណង​របស់​យើង​ជា​ចម្បង​គឺ​ការពារ​ជន​ស៊ីវិល ហើយ​យើង​ត្រៀម​ខ្លួន​រួចរាល់​ហើយ​នៅក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​សហសេវិក​របស់​យើង​មកពី​អង្គការ​សហប្រជាជាតិ​ដើម្បី​កាត់​បន្ថយ​ស្ថានភាព​ឈឺចាប់​របស់​ជន​ស៊ីវិល»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​ប្រាប់​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergey Lavrov នៅ​ថ្ងៃ​អង្គារ​ថា លោក​ចង់​ធ្វើ «អ្វី​ទាំងអស់​ដែល​អាច​ទៅ​រួច​ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន​នេះ​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន និង​ធ្វើ​អ្វី​ទាំងអស់​ដែល អាច​ទៅ​រួច​ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់​របស់​ប្រជាពលរដ្ឋ»។ ដោយ​លើកឡើង​អំពី​ផល​ប៉ះពាល់​លើ«ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​នៅ​តាម​ផ្នែក​ផ្សេងៗ​នៅ​លើ​ពិភពលោក» លោក Guterres បាន​និយាយ​ថា សង្គ្រាម​នេះ​ប៉ះពាល់​ដល់​ស្បៀង​អាហារ ថាមពល និង​ហិរញ្ញវត្ថុ ដោយ​តម្លៃ​ទំនិញ​នានា​កើនឡើង​ខ្លាំង​នៅ​ចំ​ពេល​មាន​សង្គ្រាម​នេះ។
  • អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​ថា ស្ថានការណ៍​យ៉ាប់យ៉ឺន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​បាន​បង្ខំ​ខ្លួន​ឱ្យ​បង្កើន​ការ​អំពាវនាវ​សុំ​ជំនួយ​ជាង​ទ្វេដង​សម្រាប់​ប្រទេស​អ៊ុយក្រែន។ ការិយាល័យ​អង្គការ​សហប្រជាជាតិ​សម្រាប់​ការ​សម្របសម្រួល​កិច្ចការ​មនុស្សធម៌ (OCHA) បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «ជំនួយ​ជាង ២.២៥០លាន​ដុល្លារ​គឺ​ត្រូវការ​នៅ​ពេល​ឥឡូវ​នេះ​ដើម្បី​បំពេញ​សេចក្ដី​ត្រូវការ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ដែល​ចំនួន​នេះ​ស្មើ​នឹង​ជាង​ទ្វេ​ដង​នៃ​ចំនួន​ដែល​បាន​ស្នើ (១.១០០ លាន​ដុល្លារ) នៅ​ពេល​ដែល​យើង​បាន​ចាប់ផ្ដើម​អំពាវនាវ​ដំបូង​កាលពី​ថ្ងៃ​ទី ១ ខែ​មីនា គឺ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​បន្ទាប់ពី​សង្គ្រាម​នៅ​អ៊ុយក្រែន​បាន​ចាប់ផ្ដើម»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • ទីភ្នាក់ងារ​ជន​ភៀសខ្លួន​អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​ថា ខ្លួន​រំពឹង​ថា សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​នៅ​ទីបំផុត​អាច​ធ្វើ​ឱ្យ​មនុស្ស៨លាន៣សែន​នាក់​ភៀស​ខ្លួន​ពី​ប្រទេស​អ៊ុយក្រែន។ កន្លង​មក ជន​ភៀសខ្លួន​អ៊ុយក្រែន​ជិត៥លាន៣សែន​នាក់​បាន​ភៀស​ខ្លួន​ពី​ប្រទេស​តាំងពី​ពេល​ដែល​រុស្ស៊ី​បាន​ឈ្លានពាន​កាលពី​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ​មក ដោយ​ក្នុង​នោះ ជន​ភៀសខ្លួន​ជាង ២ លាន ៩ សែន​នាក់​ភៀស​ខ្លួន​ទៅ​ប្រទេស​ប៉ូឡូញ។
  • ប្រធាន​ផ្នែក​សេដ្ឋកិច្ច​នៃ​សហភាព​អឺរ៉ុប​លោកPaolo Gentiloni បាន​ប្រាប់​កាសែត Il Messaggero នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ​ថា សហភាព​អឺរ៉ុប​មាន​បំណង​កាត់បន្ថយ​ការពឹងផ្អែក​របស់​ខ្លួន​លើ​ប្រេង​ឥន្ធនៈ​និង​ឧស្ម័ន​របស់​រុស្ស៊ី​ឱ្យ​បាន​ពីរ​ភាគ​បី​នៅ​ត្រឹម​ចុង​ឆ្នាំ​នេះ និង​ឱ្យ​បាន​ទាំងស្រុង​នៅ​ត្រឹម​ចុង​ឆ្នាំ២០២៧។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ​បាន​ព្រមាន​ថា សង្គ្រាម​នៅ​អ៊ុយក្រែន​អាច​ឈាន​ទៅ​ដល់​សង្គ្រាម​លោក​លោក​ទី៣។ នៅក្នុង​ការថ្លែង​ទៅកាន់​ទីភ្នាក់ងារ​ព័ត៌មាន​នានា​របស់​រុស្ស៊ី រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​ព្រមាន​ថា ហានិភ័យ​នៃ​សង្គ្រាម​លោក​លើក​ទី៣«គឺ​ពិត​ប្រាកដ» និង​បាន​ចោទ​ប្រកាន់​វិធីសាស្ត្រ​របស់​រដ្ឋាភិបាល​អ៊ុយក្រែន​នៅ​ក្នុង​ការបង្អាក់​ដល់​ការចរចា​សន្តិភាព។ លោក Lavrov និយាយ​ដូច្នេះ​ថា៖ «វា​ជា​ការពិត។ អ្នក​មិន​អាច​មើលស្រាល​លើ​វា​បាន​ទេ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Sergei Lavrov ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។
រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Sergei Lavrov ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។
  • រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​ព្រមាន​ក្រុម​បស្ចិម​ប្រទេស​កាល​ពី​ថ្ងៃ​ចន្ទ​មិន​ឱ្យ​មើលស្រាល​លើ​ហានិភ័យ​ខ្ពស់​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​ទាក់ទិន​នឹង​រឿង​អ៊ុយក្រែន​ហើយ​បាន​និយាយ​ថា​លោក​យល់​ថា​អង្គការ​អូតង់​កំពុង​ប្រឡូក​នៅក្នុង​សង្គ្រាម​ប្រយោល​ជាមួយ​នឹង​រុស្ស៊ី​តាមរយៈ​ការ​ផ្គត់ផ្គង់​សព្វាវុធ​ដល់​អ៊ុយក្រែន។ លោក Lavrov ក៏​បាន​បញ្ជាក់​ដែរ​ថា ចំណុច​ស្នូល​នៃ​កិច្ច​ព្រមព្រៀង​ណា​មួយ​នៅ​ក្នុង​ការ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន​គឺ​អាស្រ័យ​ភាគច្រើន​លើ​ស្ថានការណ៍​យោធា​នៅ​សមរភូមិ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋមន្ត្រី​ការពារ​ជាតិ​អាល្លឺម៉ង់​លោក​ស្រី Christine Lambrecht បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ថា ប្រទេស​អាល្លឺម៉ង់​នឹង​អនុញ្ញាត​ឱ្យ​មាន​ការ​បញ្ជូន​រថក្រោះ​ទៅកាន់​ប្រទេស​អ៊ុយក្រែន។ អ្នកស្រី Lambrecht បាន​បញ្ជាក់​នៅក្នុង​កិច្ច​ប្រជុំ​អន្តរជាតិ​មួយ​របស់​បណ្ដា​រដ្ឋមន្ត្រី​ការពារ​ជាតិ​មកពី​ប្រទេស​ជាង ៤០ នៅ​មូលដ្ឋាន​ទ័ព​អាកាស Ramstein របស់​សហរដ្ឋ​អាមេរិក​នៅ​ប្រទេស​អាល្លឺម៉ង់​ថា រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​យល់ព្រម​បញ្ជូន​រថក្រោះ​បាញ់​យន្តហោះ​ប្រភេទ Gepard ដែល​ប្រើ​រួច​ឱ្យ​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • សហរដ្ឋ​អាមេរិក​បាន​សន្យា​នៅ​ថ្ងៃ​អង្គារ​ថា​នឹង «ប្រឹងប្រែង​ឱ្យ​បាន​ខ្លាំងក្លា​បំផុត»ដើម្បី​ជួយ​ប្រទេស​អ៊ុយក្រែន​ឱ្យ​ឈ្នះ​សង្គ្រាម​តតាំង​នឹង​ការឈ្លានពាន​ទាំង​ទទឹងទិស​របស់​រុស្ស៊ី ស្រប​ពេល​ដែល​រដ្ឋមន្ត្រី​ការពារ​ជាតិ​មកពី​ប្រទេស​ជាង៤០ជួប​ប្រជុំ​គ្នា​នៅ​ប្រទេស​អាល្លឺម៉ង់​ដើម្បី​ពង្រឹង​ការការពារ​របស់​អ៊ុយក្រែន​ប្រឆាំង​នឹង​រុស្ស៊ី។ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក Lloyd Austin បាន​បញ្ជាក់​នៅ​ពេល​លោក​បើក​កិច្ច​ប្រជុំ​ដែល​ស្នើ​ឡើង​ដោយ​សហរដ្ឋ​អាមេរិក​ថា កិច្ច​ប្រជុំ​នេះ​មាន​បំណង«ជួយ​អ៊ុយក្រែន​ឱ្យ​ឈ្នះ​សង្គ្រាម​ប្រឆាំង​នឹង​ការ​ឈ្លានពានមិន​ត្រឹមត្រូវ​របស់​រុស្ស៊ី​និង​ពង្រឹង​សមត្ថភាព​ការពារ​របស់​អ៊ុយក្រែន​សម្រាប់​បញ្ហា​ប្រឈម​នានា​នៅ​ពេល​អនាគត»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin បាន​ចាប់ផ្ដើម​កិច្ច​ពិភាក្សា​ផ្នែក​ការពារ​ជាមួយ​នឹង​ប្រទេស​ជាង ៤០ នៅ​ថ្ងៃ​អង្គារ ដោយ​បាន​បង្ហាញ​ទំនុកចិត្ត​ថា ប្រទេស​អ៊ុយក្រែន​អាច​យក​ឈ្នះ​លើ​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​សង្គ្រាម​ជាង​ពីរ​ខែ​កន្លង​មក​នេះ។ លោក​ថ្លែង​ដូច្នេះ​ថា៖ «ការ​តស៊ូ​របស់​អ៊ុយក្រែន​បាន​ផ្ដល់​ការ​ជំរុញ​ទឹកចិត្ត​ដល់​ពិភពលោក​សេរី»។ លោក​បាន​បន្ថែម​ថា៖ «អ៊ុយក្រែន​ជឿ​ជាក់​យ៉ាង​ច្បាស់​ថា​ខ្លួន​អាច​ឈ្នះ ហើយ​យើង​គ្រប់​គ្នា​នៅ​ទីនេះ​ក៏​ជឿជាក់​ដូច្នេះ​ដែរ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌ មាន Reuters។
  • អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក John Kirby បាន​និយាយ​នៅ​ថ្ងៃ​អង្គារ មុន​ពេល​ការប្រជុំ​របស់​សម្ព័ន្ធមិត្ត​និង​ដៃគូ​របស់​អង្គការ​អូតង់​ចូល​មក​ដល់​ថា ប្រ ទេស​រុស្ស៊ី​មាន​យោធា​ចុះខ្សោយ​រួច​ទៅ​ហើយ​និង​ជា​ប្រទេស​ដែល​ចុះ​ខ្សោយ បន្ទាប់ពី​ប្រទេស​នេះ​បាន​ធ្វើ​សង្គ្រាម​លើ​អ៊ុយក្រែន។ លោក Kirby បាន​បញ្ជាក់​នៅក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​នឹង​បណ្ដាញ​ព័ត៌មានCNNថា៖ «រុស្ស៊ី​មាន​យោធា​ខ្សោយ​ជាង​មុន​រួច​ទៅ​ហើយ។ រុស្ស៊ី​គឺជា​ប្រទេស​ខ្សោយ​ជាង​មុន​នៅ​ពេល​ឥឡូវ​នេះ ហើយ​កាន់តែ​ឯកោ​បន្ថែម​ទៀត។ យើង​ចង់​ឱ្យ​រុស្ស៊ី​គ្មាន​សមត្ថភាព​អាច​គំរាមកំហែង​ប្រទេស​ជិតខាង​ខ្លួន​ម្ដង​ទៀត​នៅ​ពេល​អនាគត»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា ចក្រភព​អង់គ្លេស​នឹង​ផ្ដល់​ឱ្យ​អ៊ុយក្រែន​នូវ​រថយន្ត​ពេទ្យ រថយន្ត​ពន្លត់​អគ្គីភ័យ បរិក្ខារ​ពេទ្យ​និង​ថវិកា​សម្រាប់​អ្នក​ជំនាញ​ផ្នែក​សុខាភិបាល​ដើម្បី​ជួយ​ដល់​ផ្នែក​សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​ការ​ដោះស្រាយ​ជាមួយ​នឹង​ស្ថានការណ៍​នៅ​ក្រោយ​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី។ នេះ​បើ​យោង​តាម​ទីភ្នាក់ ងារ​ព័ត៌មាន Reuters។
  • លោក Chuck Schumer មេដឹកនាំ​គណបក្ស​សំឡេង​ភាគ​ច្រើន​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​រំពឹង​ថា​នឹង​មាន​ការអនុម័ត​សំណើ​ច្បាប់​មួយ​ទៀត«យ៉ាង​លឿន​និង​មាន​ការ​គាំទ្រ​ពី​គណបក្ស​ទាំងពីរ» ដើម្បី​ផ្ដល់​ជំនួយ​ដល់​ប្រទេស​អ៊ុយក្រែន​នៅ​ក្នុង​ការប្រយុទ្ធ​ជាមួយ​នឹង​ប្រទេស​រុស្ស៊ី នៅ​ពេល​ដែល​លោក​ប្រធានាធិបតី Joe Biden ដាក់​ស្នើ​សំណើ​ថវិកា​ថ្មី។ លោក Schumer បាន​និយាយ​ថា៖ «យើង​ត្រូវតែ​បន្ត​ជួយ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​អ៊ុយក្រែន​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​គឃ្លើន​របស់​រុស្ស៊ី» ហើយ «ខ្ញុំ​រំពឹង​ថា​នឹង​មាន​កិច្ច​សហប្រតិបត្តិការ​ពី​គណបក្ស​ទាំង​ពីរ​យ៉ាង​លឿន​ដើម្បី​សម្រេច​រឿង​នេះ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
២១:៥១ ២៧.៤.២០២២

ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២២៖

  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ថ្លែង​នៅ​ថ្ងៃ​ពុធ​តាម​បណ្តាញ Twitter ថា រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បាន​អញ្ជើញ​រូបលោក​ឲ្យ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​បណ្តា​ប្រទេស​សេដ្ឋកិច្ច​ធំៗ​ហៅ​ថា G-20 ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី នៅ​ក្នុង​ឆ្នាំ​នេះ។ សារ​របស់​លោក​តាម​ Twitter ឲ្យ​ដឹង​ថា៖ «[ខ្ញុំ]​បាន​ជជែក​ជាមួយ​លោក​ប្រធានាធិបតី Jokowi … រីករាយ​សម្រាប់​ការ​អញ្ជើញ​ខ្ញុំ​ឲ្យ​ចូលរួម​កិច្ចប្រជុំ​កំពូល G-20» ដោយ​សំដៅ​លើប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក Joko Widodo ដែល​ជា​ប្រធាន​ក្រុម G-20 បច្ចុប្បន្ន»។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters
  • ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​សន្យា​ទៅកាន់​សភា​រុស្ស៊ី​ថា គោលបំណង​នានា​នៃ​ប្រតិបត្តិការ​យោធា​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន នឹង​ត្រូវ​សម្រេច​បាន។ លោក​ Putin បាន​ថ្លែង​នៅ​ថ្ងៃ​ពុធ​ទៅ​កាន់​សភា​ទាំង​ពីរ​ជាន់​ថ្នាក់​ថា៖ «ខ្ញុំ​ចង់​សង្កត់​ធ្ងន់​ថា កិច្ចការ​ទាំង​អស់​នៃ​ប្រតិបត្តិការ​យោធា​ពិសេស​ដែល​យើង​កំពុង​ធ្វើ​នៅ​ក្នុង​តំបន់ Donbas និង​នៅ​អ៊ុយក្រែន នា​ថ្ងៃទី ២៤ ខែ​កុម្ភៈ នឹង​ត្រូវ​សម្រេច​បាន​ដោយ​គ្មាន​លក្ខខណ្ឌ​ឡើយ»។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន AP
  • រដ្ឋាភិបាល​រុស្ស៊ី​បាន​ថ្លែង​នៅ​ថ្ងៃ​ពុធ​នេះ​ថា រុស្ស៊ី​បាន​បណ្តេញ​ក្រុម​អ្នក​ការទូត​ ៨ នាក់​ចេញ​ពី​ប្រទេស ដែល​ជា​ការ​ឆ្លើយតប​វិញ​លើ​រដ្ឋាភិបាល​ជប៉ុន ដែល​បាន​បណ្តាញ​អ្នក​ការទូត​ខ្លួន ដោយ​សារ​តែ​ជម្លោះ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ AFP។ ដោយ​ចោទ​រដ្ឋាភិបាល​ជប៉ុន​ថា​បាន​ជ្រើស​យក «គន្លង​ប្រឆាំង​នឹង​រុស្ស៊ី​ដ៏​ខ្លាំងក្លា​និង​បើក​ចំហរ»​មួយ ក្រសួង​ការបរទេស​រុស្ស៊ី​បាន​កត់​សម្គាល់​នៅ​ក្នុង​សេចក្តី​ថ្លែងការ​មួយ​ថា ក្រុម​អ្នក​កាទូត​ជប៉ុន ត្រូវតែ​ចាកចេញ​ពី​រុស្ស៊ី ត្រឹម​ថ្ងៃទី ១០ ខែឧសភាជា​ការ​តទល់​វិញ​និង​ការ​បណ្តេញ​ចេញ​ក្រុម​អ្នក​ការទូត​រុស្ស៊ី​ចំនួន ៨ នាក់ ពី​ប្រទេស​ជប៉ុន។
  • អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា មនុស្ស​ចំនួន ៥ម៉ឺន ២ពាន់​នាក់​ទៀត បាន​ភៀសខ្លួន​ចេញ​ពី​ប្រទេស​អ៊ុយក្រែន​ក្នុង​អំឡុង​ពេល ២៤ ម៉ោង​កន្លង​ទៅ​នេះ។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP។ ចាប់តាំង​ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ជាង​ ២ ខែ​កន្លង​មក​នេះ មនុស្ស​ជាង ៥ លាន ៣ សែននាក់ បាន​ភៀសខ្លួន​ពី​អ៊ុយក្រែន។ ជា​សរុប មនុស្ស​ចំនួន ៥.៣១៧.២១៩ នាក់ បាន​ចាក​ចេញ​ពី​ប្រទេស​អ៊ុយក្រែន ចាប់តាំង​ពី​ថ្ងៃទី ២៤ ខែ​កុម្ភៈ​មក។ នេះ​បើ​យោង​តាមទិន្នន័យ​ចុងក្រោយ​របស់​ទីភ្នាក់ងារ​ទទួល​បន្ទុក​ជន​ភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ​ហៅកាត់ថា UNHCR។ ​
  • នៅ​ថ្ងៃ​ពុធ​នេះ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ថ្លែង​ទៅ​កាន់​សមាជិក​សភារុស្ស៊ី​ថា រូបិយបណ្ណ​រ៉ូបល ប្រព័ន្ធ​ធនាគារ វិស័យ​ដឹកជញ្ជូន​និង​សេដ្ឋកិច្ច ជា​រួម បាន​ទប់ទល់​នឹង​ការ​ដាក់ទណ្ឌកម្ម​នានា​លើ​រុស្ស៊ី។ ហើយ​លោក​បាន​សន្យា​ធ្វើការ​ឆ្លើយតប​មួយ​ទៅ​កាន់​ការ​ប៉ុនប៉ង់​ធ្វើ​ឲ្យ​រុស្ស៊ី​នៅ​ឯកា។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters
  • ប្រទេស​កាណាដា​នៅ​ថ្ងៃពុធ​នេះ បាន​ឲ្យ​ដឹង​ថា ខ្លួន​កំពុង​ចាត់វិធានការ​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​ចំនួន ២០៣ នាក់ ដែល​កាណាដា​អះអាង​ថា ជា​ក្រុម​ផ្សំគំនិត​នៅក្នុង​ការ​បង្កើត​ជា​ឧបសម្ព័ន្ធ​នៅ​តាម​តំបន់​នានា​ក្នុង​តំបន់ Donbas ភាគខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន។ រដ្ឋាភិបាល​កាណាដា​បាន​ថ្លែង​តាម​សេចក្តី​ថ្លែងការ​មួយ​ថា បច្ចុប្បន្ន​នេះ កាណាដា​បាន​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​និង​ស្ថាប័ន​ជិត ១០០០ នៅ​រុស្ស៊ី នៅ​អ៊ុយក្រែន និង​នៅ​បែឡារ៉ុស ចាប់តាំង​ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី​បាន​ផ្តើម​ឡើង​កាលពី​ចុង​ខែ​កុម្ភៈ​កន្លង​ទៅ។ នេះ​បើ​តាម​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters
  • រដ្ឋាភិបាល​រុស្ស៊ី​ឲ្យ​ដឹង​ថា រុស្ស៊ី​អាច​ផ្អាក​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ដល់​ប្រទេស​ផ្សេង​ទៀត ក្រោយ​ពី​បាន​បញ្ឈប់​ផ្គត់ផ្គង់​ឧស្ម័ន​ដល់​ប្រទេស​ប៉ូឡូញ​និង​ប៊ុលហ្គារី បើ​សិន​ជា​ប្រទេស​ទាំង​នេះ​មិន​ព្រម​បង់ថ្លែ​ប្រេង​ជា​រូបិយបណ្ណ​រ៉ូបល។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់ AP។ លោក Dmitry Peskov អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​ ថ្លែង​នៅ​ក្នុង​សន្និសីទ​តាម​ទូរសព្ទ​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​ ដោយ​អះអាង​ថា ការ​បដិសេធ​មិន​បង់​ថ្លៃ​ឧស្ម័ន​ឲ្យ​រុស្ស៊ី​ជា​រូបិយបណ្ណ​រ៉ូបុល (rubule) បង្ហាញ​ពី​គោលបំណង​របស់​បណ្តា​ប្រទេស​លោក​ខាងលិច «ដាក់​ទណ្ឌកម្ម​រុស្ស៊ី​គ្រប់បែប​យ៉ាង ដោយ​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​ដល់​ក្រុមហ៊ុន​ផលិត អ្នក​បង់ពន្ធ និងអ្នក​ប្រើប្រាស់» ជាដើម។

ទិដ្ឋភាព​ទូទៅ​នៃ​មជ្ឈមណ្ឌល Lakhta Centre ដែល​ជា​ទីស្នាក់ការ​របស់ក្រុមហ៊ុន​ឧស្ម័ន Gazprom របស់​រុស្ស៊ី នៅខាង​ក្រោយ​លំនៅដ្ឋាន​មួយ​ចំនួន​របស់​ពលរដ្ឋ ​ក្នុង​ទីក្រុង St. Petersburg ប្រទេស​រុស្ស៊ី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។ មហាក្រុមហ៊ុន​នេះប្រកាស​ថា ខ្លួន​នឹងឈប់​ផ្គត់ផ្គង់​ឧស្ម័ន​ដល់​ប៉ូឡូញ និង​ប៊ុលហ្គារី ដោយសារ​តែ​ប្រទេស​ទាំង​ពីរ​នេះ​មិន​ព្រម​បង់ប្រាក់​ជា​រូបិយបណ្ណ​រូបរបស់​រុស្ស៊ី។ ​(AP)
ទិដ្ឋភាព​ទូទៅ​នៃ​មជ្ឈមណ្ឌល Lakhta Centre ដែល​ជា​ទីស្នាក់ការ​របស់ក្រុមហ៊ុន​ឧស្ម័ន Gazprom របស់​រុស្ស៊ី នៅខាង​ក្រោយ​លំនៅដ្ឋាន​មួយ​ចំនួន​របស់​ពលរដ្ឋ ​ក្នុង​ទីក្រុង St. Petersburg ប្រទេស​រុស្ស៊ី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។ មហាក្រុមហ៊ុន​នេះប្រកាស​ថា ខ្លួន​នឹងឈប់​ផ្គត់ផ្គង់​ឧស្ម័ន​ដល់​ប៉ូឡូញ និង​ប៊ុលហ្គារី ដោយសារ​តែ​ប្រទេស​ទាំង​ពីរ​នេះ​មិន​ព្រម​បង់ប្រាក់​ជា​រូបិយបណ្ណ​រូបរបស់​រុស្ស៊ី។ ​(AP)
  • នៅ​ថ្ងៃ​ពុធ​នេះ រុស្ស៊ី​បាន​រាយការណ៍​ពី​ករណី​ផ្ទុះ​ជា​បន្តបន្ទាប់​នៅ​តំបន់​ភាគខាង​ត្បូង​ប្រទេស និង​ករណី​អគ្គិភ័យ​មួយ នៅ​ឃ្លាំង​ស្តុក​អាវុធ។ នេះ​គឺជា​ករណី​វាយ​តបត​វិញ​របស់ទាហាន​អ៊ុយក្រែន​លើ​រុស្ស៊ី ដែល​មន្ត្រី​ជាន់​ខ្ពស់​អ៊ុយក្រែន​ម្នាក់​បាន​ចាត់ទុក​ករណី​នេះ​ថា​ជា ការ​សងសឹក​វិញ និង​ជា «កម្មពៀរ» សម្រាប់​រុស្ស៊ី​ដែល​ឈ្លានពាន​លើ​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ ​
  • ប្រធាន​គណៈកម្មការ​សហភាព​អឺរ៉ុប​ ថ្លែង​ថា ក្រុម​ហ៊ុន​ថាមពល​របស់​សហភាព​អឺរ៉ុប​ដែល​មាន​ប្រទេស ២៧ ជា​សមាជិក ដែល​យល់ព្រម​ធ្វើ​តាម​ការ​ទាមទារ​របស់​រដ្ឋាភិបាល​រុស្ស៊ី​ដោយ​បង់​ថ្លៃ​លើ​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ពី​រុស្ស៊ី​ជា​រូបិយបណ្ណ​រ៉ូបល នឹង​រំលោភបំពាន​ការ​ដាក់​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប លោក​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន។ លោកស្រី Ursula von der Leyen បាន​ថ្លែង​ដូច្នេះ បន្ទាប់​ពី​មន្ត្រី​ប៉ូឡូញ​និង​ប៊ុលហ្គារី បាន​អះអាង​ថា រដ្ឋាភិបាល​រុស្ស៊ី​បាន​ផ្តាច់​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​ដល់​ប្រទេស​ទាំងពីរ ដោយសារ​តែ​ពួកគេ​បដិសេធ​មិន​បង់ថ្លៃ​ឲ្យ​រុស្ស៊ី​ជា​រូបិយបណ្ណ​រ៉ូបល ដែល​ជា​ការ​ទាមទារ​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បន្ទាប់​ពី​ប្រទេស​លោក​ទទួល​ទណ្ឌកម្ម​ជា​បន្តបន្ទាប់។ លោកស្រី Ursula von der Leyen បាន​ថ្លែង​នៅ​ថ្ងៃ​ពុធ​នេះ​ថា «សេចក្តី​ណែនាំ​របស់​យើង​គឺ​ច្បាស់លាស់​ណាស់ ពាក់ព័ន្ធ​នឹង​ចំណុច​នេះ​»។ នេះ​បើ​តាម​ទីភ្នាក់ងារ​ AP
  • រុស្ស៊ី​បាន​បណ្តេញ​មន្ត្រី​ការទូត​ន័រវែស​បី​នាក់​ចេញ​ពី​រុស្ស៊ី បន្ទាប់​ពី​ន័រវែស​បាន​បណ្តេញ​មន្ត្រី​ការទូត​រុស្ស៊ី​បីនាក់​ចេញ​ពី​ប្រទេស​ន័រវែស​កាលពី​ដើម​ខែ​មេសា​នេះ។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AP។ លោកស្រី Anniken Huitfelt រដ្ឋមន្ត្រី​ការបរទេស​ន័រវែស បាន​ថ្លែង​នៅ​ថ្ងៃ​ពុធ​ថា មន្ត្រី​របស់​ខ្លួន​ដែល​ត្រូវបាន​បណ្តេញ​ចេញ​នោះ បាន​«ធ្វើកិច្ចការ​ការទូត​ធម្មតា​របស់​ខ្លួន»។ លោកស្រី​បាន​ប្តេជ្ញា​ថា ន័រវែស «នឹង​បន្ត​សហការ​ជាមួយ​ប្រទេស​ជា​សម្ព័ន្ធមិត្ត​និង​ដៃគូ​ដ៏​ជិតស្និទ្ធ ដើម្បី​ទប់ទល់​នឹង​ភាព​គឃ្លើន​របស់​រុស្ស៊ី ហើយ​គាំទ្រ​ដល់​អ៊ុយក្រែន»
  • ក្រសួង​ការបរទេស​រុស្ស៊ី​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​សមាជិក​សភា​ចក្រភព​អង់គ្លេស​ចំនួន ២៨៧ នាក់ ជា​ការ​ឆ្លើយតប​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​អង់គ្លេស​លើ​សមាជិក​សភា​ជាន់​ក្រោម​របស់​រុស្ស៊ី​ចំនួន ៣៦៨ នាក់។ នៅ​ថ្ងៃ​ពុធ​នេះ ក្រសួង​ការបរទេស​រុស្ស៊ី​ បាន​ចេញ​ផ្សាយ​បញ្ជី​ឈ្មោះ​សមាជិក​សភា​អង់គ្លេស​ខាង​គណបក្ស​ប្រឆាំង​និង​ខាង​រដ្ឋាភិបាល​ រួមទាំង​អតីត​សមាជិក​សភា​អង់គ្លេស​មួយ​ចំនួន​ទៀត​ផងដែរ។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AP។ ក្រសួង​នេះ​ថ្លែង​ថា សមាជិក​សភា​អង់គ្លេស​ទាំងអស់​នេះ​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​ដំណើរ​ចូល​ក្នុង​ប្រទេស​រុស្ស៊ី ពីព្រោះ​ពួកគេ «បាន​ចូលរួម​យ៉ាង​សកម្ម​បំផុត​នៅ​ក្នុង​ការ​បង្កើត​វិធានការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រុស្ស៊ី នៅ​ទីក្រុង​ឡុងដ៍ ហើយ​បាន​ចូលរួម​បង្កើត​ឲ្យ​មាន​ភាព​រើសអើង​លើ​រុស្ស៊ី​ដោយ​គ្មានមូលដ្ឋាន​ច្បាស់លាស់​នៅ​ប្រទេស​អង់គ្លេស»
  • រដ្ឋាភិបាល​អ៊ុយក្រែន​បាន​ឲ្យ​ដឹង​ថា កង​ទ័ព​របស់​ខ្លួន​បាន​វាយ​ចំ​គោលដៅ​ទាហាន​រុស្ស៊ី​មួយ​ចំនួន​នៅ​កោះ​ពស់​នៃ​សមុទ្រ​ខ្មៅ ដែល​ត្រូវបាន​ដឹង​ឮ​ជា​បន្តបន្ទាប់ នៅ​ពេល​ដែល​ទាហាន​អ៊ុយក្រែន​បានបង្ហាញ​ថា ខ្លួន​មិន​ចុះចាញ់​តាម​ការ​ទាមទារ​របស់​កងទ័ព​ឈ្លានពាន​រុស្ស៊ី​នោះទេ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP។ យោធា​អ៊ុយក្រែន​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការ​មួយ​ដែល​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​កាលពី​យប់​ថ្ងៃ​អង្គារ​ថា៖ «កងទ័ព​របស់​យើង​បាន​វាយប្រហារ​លើ​គោលដៅ​សត្រូវ​នៅ​លើ​កោះពស់» ដោយ​អះអាង​ថា បាន​បាញ់​ចំ​តំបន់​ច្រក​ចេញចូល និង​ប្រព័ន្ធ​ទប់ទល់​នឹង​ការ​វាយប្រហារ​តាម​អាកាស​របស់​រុស្ស៊ី។ ​
  • ទីភ្នាក់ងារ​ជំនួយ​មនុស្សធម៌​ដ៏​នាំ​មុខ​មួយ បាន​ថ្លែង​នៅ​ថ្ងៃ​ពុធ​នេះ​ថា ការ​ផ្អាក​ការ​វាយ​ប្រយុទ្ធ​គ្នា គឺជា​វិធី​ដ៏​ប្រសើរ​ដើម្បី​អនុញ្ញាត​ឲ្យ​ជនស៊ីវិល​អ៊ុយក្រែន​ភៀសខ្លួន​ចេញ​ពី​តំបន់​ប្រយុទ្ធ ជាជាង​ការ​បង្កើត​ផ្លូវ​របៀង​មនុស្សធម៌ ដែល​តែងតែ​មាន​«ភាព​ស្មុគស្មាញ​ខ្លាំង» ហើយ​មិន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ជម្លៀស​មនុស្ស។ ផ្លូវ​របៀង​មនុស្សធម៌​ជាច្រើន​បាន​បរាជ័យ រួមទាំង​ផ្លូវ​នៅ​ទីក្រុង​កំពង់ផែ Mariupol ដែល​បង្ក​ឲ្យ​ជន​ស៊ីវិល​ងាយ​រង​គ្រោះថ្នាក់។ លោក Jan Egeland ប្រធាន​ក្រុមប្រឹក្សា​ជនភៀសខ្លួន​របស់​ប្រទេស​ន័រវែស បាន​ថ្លែង​ថា៖ «ជាទូទៅ ផ្លូវ​របៀង​មនុស្ស​ធម៌​មិន​ដំណើរ​ការ​នោះ​ទេ ព្រោះ​ផ្លូវទាំង​នេះ​មាន​ភាព​ស្មុគស្មាញ​ខ្លាំង»។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP
  • គណៈកម្មាធិការ​អឺរ៉ុប​បាន​ស្នើ​នៅ​ថ្ងៃ​ពុធឲ្យ​មាន​ការ​ផ្អាក​យក​ពន្ធ​លើ​ការ​នាំចូល​ផលិតផល​របស់​អ៊ុយក្រែន​ទាំង​អស់​ពី​ប្រទេស​អ៊ុយក្រែន ដែល​មិន​ត្រូវបាន​ទូទាត់​ក្រោម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​មាន​ស្រាប់ ដើម្បី​ជួយ​ដល់​សេដ្ឋកិច្ច​អ៊ុយក្រែន ក្នុង​អំឡុង​ពេល​សង្គ្រាម​ជាមួយ​រុស្ស៊ី។ វិធានាការ​នេះ​នឹង​អនុវត្ត​ជា​ពិសេស​លើ​ផលិតផល​ផ្លៃឈើ និង​បន្លែ ដែល​ត្រូវបាន​កំណត់​បង់​ថ្លៃ​ទំនិញ​អប្បបរិមា ផលិតផល​កសិកម្ម​ដែលកំណត់​បង់​ថ្លៃ​តាម​ចំនួន​កូតា និង​ផលិតផល​ឧស្សាហម្ម​មួយ​ចំនួន​ ដែល​ថ្លៃពន្ធ​ចាំបាច់​ត្រូវ​បង់​នៅ​ចុង​ឆ្នាំ ២០២២។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ ​
  • រុស្ស៊ី​អះអាង​ថា កាំជ្រួច​មីស៊ីល​របស់​ខ្លួន​បាន​បំផ្លាញ​អាវុធ​និង​គ្រាប់​ផ្ទុះ​ដែល​ប្រទេសលោក​ខាង​លិច​បាន​ផ្តល់​ឲ្យ​អ៊ុយក្រែន​ក្នុង​ «ទំហំ​ដ៏​ធំ» មួយ។ អាវុធ​និង​គ្រាប់​ផ្ទុះ​ទាំង​នោះ​ត្រូវបាន​ស្តុក​ទុក​នៅ​ក្នុង​ឃ្លាំង​សព្វាវុធ​មួយ​ដែល​ស្ថិត​នៅ​ទីក្រុង Zaporizhzhia ក្នុង​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP។
  • នៅ​ថ្ងៃ​ពុធ​នេះ ទាហាន​រុស្ស៊ី​បាន​វាយ​ប្រហារ​លើ​រោងចក្រ​ដែក​ថែប​ដ៏​ធំ​មួយ​នៅ​ទីក្រុង Mariupol ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយក្រែន ជា​ទី​ដែល​ទាហាន​អ៊ុយក្រែន​និង​ជន​ស៊ីវិល​ជា​ច្រើន​នាក់​បាន​ជាប់​គាំង​នៅ​ទីនោះ។ នេះ​បើ​តាម​មន្ត្រី​ក្នុង​តំបន់ ហើយ​ដែល​ត្រូវបាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ លោកPetro Andryushchenko ជំនួយការ​អភិបាល​ក្រុង​បាន​ថ្លែង​ថា ការវាយប្រហារ​តាម​ផ្លូវ​អាកាស​នៅតែ​បន្ត​ធ្វើ​ឡើង​លើ​តំបន់​រោងចក្រ Azovstal បើទោះបី​ជា​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​អះអាង​ថា ទាហាន​រុស្ស៊ី​មិន​ចាំបាច់​វាយប្រហារ​លើ​តំបន់​នេះ​តទៅ​ទៀត​ទេ បន្ទាប់​ពី​បាន​ប្រកាស​ជ័យជម្នះ​កាន់កាប់​តំបន់​នេះ​ក៏ដោយ។ លោក Petro Andryushchenko បាន​សរសេរ​នៅ​តាម​បណ្តាញ​ផ្ញើ​សារ​ Telegram ថា៖ «ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​លើ​រោងចក្រ Azovstal មិន​ថមថយ​ឡើយ។ គ្មាន​បទឈប់​បាញ់ មាន​តែ​ការ​វាយប្រ ហារ​ថែម​ទៀត​ឥត​ឈប់ឈរ ទោះ​ជា​មាន​សេចក្តី​ថ្លែងការណ៍​ពី​លោកPutin ក្តី»។
ទិដ្ឋភាព​ទូទៅ​នៃ​រោងចក្រ​ផលិត​ដែកថែប Azovstal ដែល​រងការ​បំផ្លិចបំផ្លាញ​ដោយសារការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។ (Photo by Handout / Mariupol City Council / AFP)
ទិដ្ឋភាព​ទូទៅ​នៃ​រោងចក្រ​ផលិត​ដែកថែប Azovstal ដែល​រងការ​បំផ្លិចបំផ្លាញ​ដោយសារការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។ (Photo by Handout / Mariupol City Council / AFP)
  • អ៊ុយក្រែន​អះអាង​ថា ទាហាន​រុស្ស៊ី​បាន​កាន់កាប់​ភូមិ​ជា​ច្រើន​នៅ​ភាគខាង​កើត​ប្រទេស​ដែល​ជា​គោលដៅ​នៃ​ការវាយប្រហារ​របស់​រដ្ឋាភិបាល​រុស្ស៊ី​នៅក្នុង​ការ​ដណ្តើម​កាន់កាប់​តំបន់ Donbas ដែល​រុស្ស៊ី​ប្តេជ្ញា​ថា​នឹង«រំដោះ» ចេញ​ពី​ការកាន់កាប់​របស់​អ៊ុយ ក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP។ ក្រសួង​ការពារ​ជាតិ​អ៊ុយ ក្រែន​បាន​ថ្លែង​ថា ភូមិ Velyka Komyshuvakha និង​ភូមិ Zavody នៅ​ភាគជើង​ឈៀង​ខាង​កើត​តំបន់ Kharkiv ភូមិ Zarichne និង​ភូមិ Novotoshkivske នៅ​តំបន់Donetsk ត្រូវបាន​ធ្លាក់​ក្រោម​ការកាន់កាប់​របស់​ទាហាន​រុស្ស៊ី។ រុស្ស៊ី​មាន​បំណង​បង្កើត​តំបន់ផ្តាច់​ខ្លួន​ជាប់​ព្រំដែន​មួយ​ដែល​ស្ថិត​ក្នុង​រវាង​តំបន់​ដែល​កាន់កាប់​ដោយ​ក្រុម​ផ្តាច់ខ្លួន​នៅ​អ៊ុយក្រែន​ដែល​គាំទ្រ​ដោយ​រុស្ស៊ី នៅ​តំបន់Donbas និង​ឧបទ្វីបCrimea នៅ​សមុទ្រ​ខ្មៅ​ដែល​រុស្ស៊ី​បាន​ដាក់​បញ្ចូល​ជា​ឧបសម្ព័ន្ធ​របស់​ខ្លួន។ ​
  • កាលពី​ថ្ងៃ​អង្គារ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres និង​ប្រធានាធិបតី​រុស្ស៊ី​លោកVladimir Putin បាន​ជួប​ពិភាក្សា​គ្នា​ដោយ​ផ្ទាល់​ជា​លើក​ដំបូង ចាប់តាំង​ពី​រុស្ស៊ី​បាន​ចាប់ផ្តើម​ឈ្លានពាន​លើ​ប្រទេស​អ៊ុយក្រែន​មក។ អង្គការ​សហប្រ ជាជាតិ​បាន​ឲ្យ​ដឹង​ថា មេដឹកនាំ​ទាំង​ពីរ​រូប​បាន​ព្រមព្រៀងគ្នា​ចាត់ចែង​ឲ្យ​មាន​ការ​ជម្លៀស​មនុស្ស​ចេញ​ពី​រោងចក្រ​ដែកថែម​នៅ​ទីក្រុង Mariupolដែល​ត្រូវបាន​ឡោម​ព័ទ្ធ​ដោយ​ទាហាន​រុស្ស៊ី។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន AP។ នៅ​ល្ងាច​ថ្ងៃ​អង្គារ លោក Guterres បាន​ធ្វើ​ដំណើរចេញ​ពី​ទីក្រុង​មូស្គូ​ទៅកាន់​ទីក្រុង Rzeszow ប្រទេស​ប៉ូឡូញ ហើយ​បាន​ជួប​ជាមួយ​ប្រធានាធិបតី​ប៉ូឡូញ​លោក Andrzej Duda។ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិរូប​នេះ​នឹង​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy និង​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ។​ ជំនួប​នេះ​នឹង​ផ្តោត​ចម្បង​លើ​កិច្ចប្រជុំ​របស់​លោក Guterres ជាមួយ​លោកPutin។
  • ក្រុមហ៊ុន Gazprom របស់​រុស្ស៊ី​បាន​បញ្ឈប់​ការដឹកជញ្ជូន​ឧស្ម័ន​ទៅ​កាន់​ប្រទេស​ប៉ូ ឡូញ​និង​ប៊ុលហ្គារី ​ដោយ​រដ្ឋាភិបាល​រុស្ស៊ី​ប្រើប្រាស់​ធនធាន​ឧស្ម័ន​ជា​អាវុធនៅ​ក្នុង​សង្គ្រាម​របស់​ខ្លួន​លើ​ប្រទេស​អ៊ុយក្រែន។ ទោះយ៉ាងណា​ក្តី រដ្ឋមន្ត្រី​បរិស្ថានប៉ូឡូញ​លោកស្រី Anna Moskwa បាន​សរសេរ​លើ​បណ្តាញ​ Twitter ថា៖ «ផ្ទះសម្បែង​នានា​នៅ​ប៉ូឡូញ នឹង​មិន​ខ្វះ​ឧស្ម័ន​ប្រើប្រាស់​នោះ​ទេ»។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP។
  • សហភាព​អឺរ៉ុប​សន្យា«សាមគ្គី»ជាមួយ​ប្រទេស​ប៉ូឡូញ​និង​ប្រទេស​ប៊ុលហ្គារី ហើយ​ផ្តល់​ការ​ឆ្លើយតប«រួមគ្នា» មួយ​ទៅកាន់​សេចក្តី​សម្រេច​របស់​ក្រុមហ៊ុន Gazprom របស់​រុស្ស៊ី​ដែល​បាន​បញ្ឈប់​ការដឹក​ជញ្ជូន​ឧស្ម័ន​ឲ្យ​ប្រទេស​ទាំង​ពីរ​នេះ។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP។ ប្រធាន​គណៈកម្មាការ​សហភាព​អឺរ៉ុប​លោកស្រី Ursula von der Leyen បាន​សរសេរ​នៅ​លើ​បណ្តាញ​ Twitter ថា៖ «ការ​ប្រកាស​របស់​ក្រុមហ៊ុនGazpromបង្ហាញ​គោលបំណង​មួយ​ទៀត​របស់​រុស្ស៊ី​ក្នុង​ការ​គំរាម​លើ​ពួក​យើង​តាម​រយៈ​ធនធាន​ឧស្ម័ន។ យើង​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​កាលៈទេសៈ​នេះ។ យើង​បាន​រៀបចំ​វិធានការ​ឆ្លើយតប​ជារួម​ពី​សហភាព​អឺរ៉ុប»។
  • ទីភ្នាក់ងារ​ព័ត៌មាន​បារាំងAFPឲ្យ​ដឹង​ថា ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ប្រាប់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres ថា លោក​នៅ តែ​មាន​ជំនឿ​លើ​ការធ្វើ​ការទូត។ នៅក្នុង​ជំនួប​ពិភាក្សា​គ្នា​មួយ​នា​អំឡុង​ការ​ធ្វើ​ទស្សន កិច្ច​ទៅកាន់​ទីក្រុង​មូស្គូ​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោកPutin បាន​ថ្លែង​ថា៖ «ទោះ​ជា​ប្រតិបតិ្តការ​យោធា​នៅតែ​បន្ត​ធ្វើ​ឡើង​ក្តី ក៏​យើង​នៅតែ​មាន​សង្ឃឹម​ថា យើង​នឹង​សម្រេច​បាន​កិច្ច​ព្រមព្រៀង​នានា​តាម​បែបបទ​ការទូត។ យើង​កំពុង​តែ​ចរចា​គ្នា ហើយ​យើង​មិន​បដិសេធ​(ធ្វើការ​ចរចា​ឡើយ)»។
ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin (ឆ្វេង) អង្គុយ​ពិភាក្សា​ជាមួយ​នឹង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ​លោក Antonio Guterres ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។ (Sputnik/Vladimir Astapkovich/Kremlin via REUTERS)
ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin (ឆ្វេង) អង្គុយ​ពិភាក្សា​ជាមួយ​នឹង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ​លោក Antonio Guterres ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។ (Sputnik/Vladimir Astapkovich/Kremlin via REUTERS)
  • នៅ​ថ្ងៃ​ពុធ​នេះ មេដឹកនាំ​ប្រទេស​ប៉ូឡូញ​និង​ប្រទេស​ប៊ុលហ្គារី​បាន​ចោទ​រដ្ឋាភិបាល​រុស្ស៊ី​ថាកំពុង​ប្រើប្រាស់​ធនធាន​ឧស្ម័ន​ធម្មជាតិ​ដើម្បី​គំរាម​លើ​ប្រទេស​ទាំងពីរ បន្ទាប់​ពី​ក្រុមហ៊ុន​ថាមពល Gazprom ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​រុស្ស៊ី បាន​ប្រកាស​ថា​ខ្លួន​នឹង​បញ្ឈប់​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ដល់​ប៉ូឡូញ​និង​ប៊ុលហ្គារី។ ការ​កាត់ផ្តាច់​ផ្គត់ផ្គង់​ថាម ពល​ឧស្ម័ន​ដល់​ប្រទេស​ទាំង​ពីរ​នេះ បាន​ធ្វើ​ឡើង ក្រោយពី​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ថ្លែង​ថា ប្រទេស​ «មិន​រួសរាយ​» នឹង​ត្រូវ​ចាប់ផ្តើម​បង់ថ្លៃ​ឧស្ម័ន​ទិញ​ពី​រុស្ស៊ី​ជា​រូបិយបណ្ណ​រុស្ស៊ី​រូប​ដែល​ប្រទេស​ប៊ុលហ្គារី​និង​ប៉ូឡូញ​បាន​បដិសេធ​មិន​ធ្វើ​តាម។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AP។
  • ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ឲ្យ​ដឹង​ថា ក្រុម​អ្នក​ការទូត​អាមេរិក​បាន​ធ្វើដំណើរ​វិល​ទៅកាន់​ប្រទេស​អ៊ុយក្រែន ដោយ​បាន​ធ្វើ​ទស្សនកិច្ច​រយៈពេល​មួយ​ថ្ងៃ​ទៅ​កាន់​ការិយាល័យ​ការទូត​បណ្ណោះ​អាសន្នរបស់​ពួកគេ​នៅ​ទីក្រុង Lviv ភាគ​ខាង​លិច​ប្រទេស​អ៊ុយក្រែន​ដែល​នៅ​ជិត​ប្រទេស​ប៉ូឡូញ។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន AP។ ក្រសួង​ការបរទេស​ក៏​ឲ្យដឹង​ទៀត​ថា ក្រុម​អ្នក​ការទូត​ដំបូង​គេ​បាន​ធ្វើ​ដំណើរ​ឆ្លង​ព្រំដែន​ប៉ូឡូញ​និង​អ៊ុយក្រែន​ហើយ​បាន​ទៅ​ដល់​ទីក្រុង Lviv កាលពី​ព្រឹក​ថ្ងៃ​អង្គារ មុន​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​ប៉ូឡូញ​វិញ​នៅ​ថ្ងៃ​អង្គារ​ដដែល​នោះ។
  • អនុ​អធិការបតី​អាល្លឺម៉ង់​ថ្លែង​ថាប្រទេស​អាល្លឺម៉ង់​កំពុង«ជិត»​សម្រេច​បាន​ឯករាជ្យ​ភាព​ដោយ​មិន​ពឹងផ្អែក​លើ​ប្រេង​នាំចូល​ពី​រុស្ស៊ី ហើយ​ថា​ ឥឡូវ​នេះ​ការហាមឃាត់​របស់​រុស្ស៊ី​មិន​ផ្គត់ផ្គង់​ប្រេង​ដល់​អាល្លឺម៉ង់​អាចនឹង«គ្រប់គ្រង​បាន»។ អាល្លឺម៉ង់​ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេ​បង្អស់​នៅ​អឺរ៉ុប​បាន​អះអាងជា​បន្តបន្ទាប់​ថា អាល្លឺម៉ង់​មាន​បំណង​បញ្ចប់​ការ​នាំ​ចូល​ប្រេង​ពី​រុស្ស៊ី​នៅ​ត្រឹម​ចុង​ឆ្នាំ​នេះ។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AP។
  • នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson ថ្លែង​ថា ចក្រភព​អង់គ្លេស​មិន​ចង់​ឃើញ​សង្គ្រាម «រីករាលដាល​ហួស​ពី​ព្រំដែន​ប្រទេស​អ៊ុយក្រែន» នោះ​ទេ។ លោក​ក៏​បាន​ច្រានចោល​ការ​ចោទប្រកាន់​របស់​រដ្ឋាភិបាល​រុស្ស៊ី​ដែល​ថា បណ្តា​ប្រទេស​លោក​ខាង​លិច​កំពុង​វាយ​ប្រហារក្នុង​ជម្លោះ​ជាមួយ​រុស្ស៊ី​ពី​ចម្ងាយ។ ប៉ុន្តែ​លោក Johson បាន​ថ្លែង​ថា ប្រជា​ពលរដ្ឋ​អ៊ុយក្រែន «កំពុង​ត្រូវបាន​វាយប្រហារ​ពី​ក្នុង​ដែនដី​រុស្ស៊ី» ហើយ​ថា «ពួកគេ​មាន​សិទ្ធិ​ក្នុងការ​ការពារ​ខ្លួន» ដោយ​វាយប្រហារ​ពី​ក្នុង​ដែនដី​រុស្ស៊ី។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន AP។
  • រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោកLloyd Austinថ្លែង​ថា សង្គ្រាម​នៅ​អ៊ុយក្រែន​បាន​ធ្វើ​ឲ្យ​សមត្ថភាព​យោធា​របស់​រុស្ស៊ី​ចុះ​ខ្សោយ។ លោកAustin បាន​ថ្លែង​ក្រោយពី​ជំនួប​ជា មួយ​ប្រទេស​ជា​សម្ព័ន្ធមិត្ត​និងដៃគូ​នៅ​មូលដ្ឋានទ័ព​អាកាសRamstein របស់​សហរដ្ឋ​អាមេរិក​ក្នុង​ប្រទេស​អាល្លឺម៉ង់​កាលពី​ថ្ងៃ​អង្គារ​ថា ចាប់តាំង​ពី​រុស្ស៊ី​បាន​ឈ្លានពាន​លើ​អ៊ុយក្រែន កងទ័ព​ជើង​គោក​របស់​រុស្ស៊ី​បាន​រង​គ្រោះ «ធ្ងន់ធ្ងរ​គួរ​ឲ្យ​កត់​សម្គាល់» ហើយ​ក៏​បាន​បាត់បង់​សម្ភារៈ​យោធា​ជា​ច្រើន​ហើយ​បាន​ប្រើប្រាស់​អាវុធ​ដែល​បាញ់​ដោយ​ប្រព័ន្ធ​កំណត់​ទីដៅ​ជា​ច្រើន។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន AP។​
  • មន្ត្រី​ជាន់ខ្ពស់​ម្នាក់​របស់​រដ្ឋាភិបាល​រុស្ស៊ី​ថ្លែង​ថា អ៊ុយក្រែន​អាច​នឹង​ត្រូវបាន​បែងចែក​ជា​ច្រើន​តំបន់។ លោក Nikolai Patrushev រដ្ឋលេខាធិការ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​របស់​រដ្ឋាភិបាល​រុស្ស៊ី​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​ត្រូវបាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ថា «គោលនយោបាយ​របស់​បណ្តា​ប្រទេស​លោក​ខាង​លិច​និង​របប​គ្រប់គ្រង​របស់​រដ្ឋាភិបាល​អ៊ុយក្រែន​ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី អាច​នឹង​ធ្វើ​ឲ្យ​មាន​ការ​បំបែក​ប្រទេស​អ៊ុយក្រែន​ទៅជា​រដ្ឋ​ផ្សេងៗ»។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AP។
  • រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោកAntony Blinken កំពុង​ជំរុញ​ឲ្យ​សភា​អាមេ រិក​អនុម័ត​ផ្តល់​ថិវកា​ទាំង​ស្រុង​លើ​សំណើ​ថវិកា​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី​ Bidenសម្រាប់​ក្រសួង​ការបរទេស ដោយលោកថ្លែង​ទៅកាន់​សមាជិក​សភា​អាមេរិក​ថា ការ​ចំណាយ​នេះ​ចាំបាច់​ដើម្បី​ធានា​ថា សង្គ្រាម​នៅ​អ៊ុយក្រែន​ដែល​បង្ក​ឡើង​ដោយ​រុស្ស៊ី​ជា​ការ«បរាជ័យ​យុទ្ធសាស្ត្រ»មួយ​សម្រាប់​រុស្ស៊ី ហើយ​ជា​សារមួយ​ដល់​ប្រទេស​ឯ ទៀត​ដែល​អាច​ឈ្លានពាន​លើ​ប្រទេស​ជិតខាង​ខ្លួន។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AP។
២១:០៩ ២៨.៤.២០២២

ថ្ងៃព្រហស្បតី៍ ទី ២៨ ខែមេសា៖

  • ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Joe Biden ថ្លែង​សុន្ទរកថា​ស្តីពី​ «ការ​គាំទ្រ​ដល់​ប្រជាជន​អ៊ុយក្រែន នៅ​ក្នុង​ការ​ការពារ​ប្រទេស​របស់​ពួកគេ ​និង​សេរីភាព​របស់​ពួកគេ ប្រឆាំង​នឹង​សង្គ្រាម​ដ៏​ឃោរឃៅ​របស់​រុស្ស៊ី» ពី​បន្ទប់ Roosevelt Room នៃ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
  • ការ​វាយ​លុក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ឥត​ឈប់ឈរ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​អាច​បណ្តាល​ឱ្យ​មាន​ការ​ខូចខាត​តិច​ ជាង​ការ​រំពឹង​ទុក​ជា​ច្រើន។ ប៉ុន្តែ​ភាគច្រើន​នៃ​ការ​លួច​ចូល​ត្រូវ​បាន​ផ្តោត​លើ​គោលដៅ​ផ្សេងៗ​គ្នា​ ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​តិច​ ប៉ុន្តែ​មាន​ផលវិបាក​ដែល​អាច​កើត​មាន​ខ្ពស់ នោះ​គឺ​ការ​ប្រមូល​ទិន្នន័យ។ ទីភ្នាក់ងារ​អ៊ុយក្រែន​ដែល​រង​ការ​បំពាន​នៅ​មុន​ថ្ងៃ​នៃ​ការ​លុកលុយ​ រួមមាន​ក្រសួង​មហាផ្ទៃ​ ដែល​គ្រប់គ្រង​លើ​ប៉ូលិស ឆ្មាំជាតិ ​និង​ល្បាត​ព្រំដែន។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។
  • ប៉ុន្មាន​សប្តាហ៍​បន្ទាប់ពី​គាំទ្រ​ជា​សាធារណៈ​ចំពោះ​បូរណភាព​ទឹកដី​របស់​អ៊ុយក្រែន រដ្ឋមន្ត្រី​ការបរទេស​អ៊ូសបេគីស្ថាន លោក Abdulaziz Komilov បាន​ចាកចេញ​ពី​មុខ​តំណែង។ អ្នក​នាំពាក្យ​ប្រធានាធិបតី អ៊ូសបេគីស្ថាន លោក Sherzod Asadov បាន​និយាយ​កាលពី​ថ្ងៃទី ២៧ ខែមេសា ថា លោក Komilov បាន​ចាកចេញ​ពី​មុខ​តំណែង​ជា​រដ្ឋមន្ត្រី​ការបរទេស​ដើម្បី​ផ្លាស់ប្តូរ​ទៅ​ការងារ​មួយ​ទៀត គឺ​លេខាធិការ​រង​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ប្រធានាធិបតី។ លោក Komilov បាន​បាត់មុខ​ភ្លាមៗ​ពី​សាធារណៈ បន្ទាប់ពី​លោក​បាន​ប្រាប់​សមាជិក​សភា​ក្នុង​សុន្ទរកថា​កាលពី​ថ្ងៃទី ១៧ ខែមីនា ថា អ៊ូសបេគីស្ថាន មិន​ទទួល​ស្គាល់​តំបន់​ដែល​គ្រប់គ្រង​ដោយ​ក្រុមផ្តាច់ខ្លួន​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាលក្រុង​មូស្គូ នៅ​ក្នុង​តំបន់​ Donetsk ​និង​ Luhansk ​របស់​អ៊ុយក្រែន​ ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ Donbas ទេ។ វិទ្យុ​អឺរ៉ុប​សេរី/វិទ្យុ​សេរីភាព រាយការណ៍។
  • អគ្គលេខាធិការ​អង្គការ​ណាតូ​បាន​ត្រៀមខ្លួនដើម្បីរក្សា​ការគាំទ្រ​របស់​ខ្លួន​ចំពោះ​អ៊ុយក្រែន​ក្នុង​សង្រ្គាម​ប្រឆាំង​នឹង​រុស្ស៊ី​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ រួមទាំង​ជំនួយ​សម្រាប់​ទីក្រុងកៀវ​ ដើម្បី​ផ្លាស់ប្តូរ​ពី​សព្វាវុធ​ក្នុង​សម័យ​សូវៀត​ទៅជា​អាវុធ ​និង​ប្រព័ន្ធ​ទំនើប​របស់​បស្ចិម​ប្រទេស។ នេះបើ​តាម​អគ្គលេខាធិការ​លោក​ Jens Stoltenberg ​បាន​និយាយ​កាលពី​ថ្ងៃព្រហស្បតិ៍។ លោកបាន​និយាយ​បែប​នេះ បន្ទាប់ពី​វិមាន​ក្រឹមឡាំង​បាន​ព្រមាន​ថា​ ការផ្គត់ផ្គង់​សព្វាវុធ​របស់​លោក​ខាងលិច​ដល់​អ៊ុយក្រែន​ រួម​ទាំង​អាវុធ​ធុនធ្ងន់​បាន​បង្ក​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​នៃ​ទ្វីបអឺរ៉ុប «និង​បង្ក​អស្ថិរភាព»។ នេះ​បើ​តាមសេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

ប្រជាជនអ៊ុយក្រែនតម្រង់ជួរដើម្បីទទួលជំនួយ ខណៈការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ទីក្រុង Kharkiv ប្រទេសអ៊ុយក្រែន ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២។
ប្រជាជនអ៊ុយក្រែនតម្រង់ជួរដើម្បីទទួលជំនួយ ខណៈការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ទីក្រុង Kharkiv ប្រទេសអ៊ុយក្រែន ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២។

  • ទីភ្នាក់ងារ​ការពារ​ព្រំដែន​របស់​ប្រទេស​ប៉ូឡូញ ​បាន​និយាយ​ថា ​ខ្លួន​បាន​កត់ត្រា​អ្នក​ឆ្លង​ចូល​ប្រទេស​ប៉ូឡូញ​ចំនួន ៣ លាន​នាក់​ពី​ប្រទេស​អ៊ុយក្រែន ដែល​នៅ​ជិត​ខាង ចាប់​តាំង​ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី​បាន​ចាប់ផ្តើម​ នៅថ្ងៃទី​ ២៤ ខែកុម្ភៈ​មក ​ខណៈ​ដែល​មាន​អ្នក​ឆ្លងកាត់​ចំនួន ៩០៤.០០០ នាក់​ចូល​ទៅក្នុង​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​តាម​សារព័ត៌មាន AP បាន​រាយការណ៍។ អ្នក​នាំពាក្យ​ឆ្មាំ​ព្រំដែន អ្នកស្រី Anna Michalska បាន​និយាយ​កាល​ពី​ថ្ងៃព្រហស្បតិ៍​ថា ចំនួន​នេះ​រួមបញ្ចូល​ទាំង​មនុស្ស​ដែល​ឆ្លង​កាត់​ជាច្រើន​ដង ដោយសារ​ឧទាហរណ៍ ពួកគេ​តែងតែ​ដើរ​ទិញ​ឥវ៉ាន់​នៅ​ប្រទេស​ប៉ូឡូញ ហើយ​បន្ទាប់មក​ត្រឡប់​ទៅ​វិញ។
  • អគ្គនាយក​ទីភ្នាក់ងារ​ថាមពល​អាតូមិក​អន្តរជាតិ​ លោក Rafael Grossi ​បាន​ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃព្រហស្បតិ៍​អំពី​ស្ថានភាព​នៅ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ Chernobyl ​បន្ទាប់ពី​លោក​បាន​វិល​ត្រឡប់​មកពី​អ៊ុយក្រែន​វិញ។ ប្រធាន​ទីភ្នាក់ងារ​ឃ្លាំមើល​នុយក្លេអ៊ែរ​ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​និយាយ​ថា ​កម្រិត​វិទ្យុសកម្ម​នៅក្នុង​ផ្នែកមួយ​នៃ​តំបន់​ហាមឃាត់​របស់​រោងចក្រ​ Chornobyl​ ដែល​ទាហាន​រុស្ស៊ី​បាន​ជីក​លេណដ្ឋាន​នៅក្នុង​ដី​ដែល​មាន​ជាតិ​វិទ្យុ​សកម្មខ្ពស់​ត្រូវបាន​កើនឡើង​ ប៉ុន្តែ​នៅតែ​ស្ថិត​ក្នុង​កម្រិត​មាន​សុវត្ថិភាព។
  • គណៈកម្មការ​អឺរ៉ុប​កាលពី​ថ្ងៃព្រហស្បតិ៍​បាន​ព្រមាន​អ្នកទិញ​ឧស្ម័ន​រុស្ស៊ី​ថា ​ពួកគេ​អាច​រំលោភ​លើ​ទណ្ឌកម្ម ​ប្រសិនបើ​ពួកគេ​បានបំប្លែង​ការទូទាត់​ឧស្ម័ន​ទៅជា​ប្រាក់រូប្ល​ ខណៈ​ដែល​ក្រុម​មន្ត្រី​ព្យាយាម​បញ្ជាក់​ជំហរ​របស់​សហភាព​អឺរ៉ុប​លើ​គម្រោង​ទូទាត់​របស់​ទីក្រុង​មូស្គូ ​ដែលបាន​ធ្វើឱ្យ​មាន​ការភ័ន្តច្រឡំ​នៅក្នុង​ប្លុក​នេះ។ ក្រុមហ៊ុន​ឧស្ម័ន​ដ៏ធំ​របស់​រុស្ស៊ី Gazprom ​បាន​កាត់បន្ថយ​ការ​ផ្គត់ផ្គង់​ដល់​ប្រទេស​ប៉ូឡូញ ​និង​ប៊ុលហ្គារី​កាលពី​ថ្ងៃពុធ បន្ទាប់ពី​ពួកគេ​បាន​បដិសេធ​មិន​បង់ប្រាក់​សម្រាប់​ឧស្ម័ន​គិតជា​ប្រាក់រូប្ល ​ដែលជា​ការកត់​សម្គាល់​នូវ​ការ​ឆ្លើយតប​ដ៏​តឹងតែង​បំផុត​របស់​ទីក្រុង​មូស្គូ​ចំពោះ​ការដាក់ទណ្ឌកម្ម​ដែល​ដាក់​ដោយ​ប្រទេស​លោក​ខាង​លិច​ជុំវិញ​ជម្លោះ​នៅអ៊ុយក្រែន។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។
  • លោកប្រធានាធិបតី​ Joe Biden ​បាន​ស្នើសុំ​សភា​កាលពី​ថ្ងៃព្រហស្បតិ៍​នូវ​ទឹកប្រាក់​ចំនួន​ ៣៣ ពាន់​លាន​ដុល្លារ​ ដើម្បី​គាំទ្រ​ដល់​អ៊ុយក្រែន។ នេះ​ជា​ចំនួន​ដែល​កើនឡើង​យ៉ាងខ្លាំង​នៃ​មូលនិធិ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​សង្គ្រាម​ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី​ ក៏ដូចជា​ច្បាប់ថ្មី​ដើម្បី​ដកហូត​ទ្រព្យសម្បត្តិ​ពី​ក្រុម​មហា​សេដ្ឋីរុស្ស៊ី។ សំណើ​ថវិកា​ដ៏​ច្រើន​នេះ ​រួមមាន​ជាង​ ២០ ពាន់​លាន​ដុល្លារ​សម្រាប់​អាវុធ​ គ្រាប់រំសេវ ​និង​ជំនួយ​យោធា​ផ្សេង​ទៀត​ ព្រមទាំង​ជំនួយ​សេដ្ឋកិច្ច​ផ្ទាល់​ដល់​រដ្ឋាភិបាល​ចំនួន​ ៨,៥ ពាន់​លាន​ដុល្លារ​ និង​ជំនួយ​មនុស្សធម៌​ និង​សន្តិសុខស្បៀង​ចំនួន​ ៣ ពាន់​លាន​ដុល្លារ។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Bide ប្រកាសអំពីជំនួយយោធាបន្ថែមដល់ប្រទេសអ៊ុយក្រែន និងការដាក់ទណ្ឌកម្មថ្មីទៀតលើរុស្ស៊ី ក្នុងអំឡុងពេលថ្លែងសុន្ទរកថាមួយនៅបន្ទប់ Roosevelt Room នៅសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Bide ប្រកាសអំពីជំនួយយោធាបន្ថែមដល់ប្រទេសអ៊ុយក្រែន និងការដាក់ទណ្ឌកម្មថ្មីទៀតលើរុស្ស៊ី ក្នុងអំឡុងពេលថ្លែងសុន្ទរកថាមួយនៅបន្ទប់ Roosevelt Room នៅសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២។

  • ក្រសួង​ការ​បរទេស​របស់អង់គ្លេស​បាន​និយាយ​កាលពី​ថ្ងៃព្រហស្បតិ៍​ថា ​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ប្រទេស​អ៊ុយក្រែន​ និង​ម្នាក់​ទៀត​បាត់ខ្លួន។ ទីភ្នាក់ងារ​សារព័ត៌មាន Reuters ​បាន​រាយការណ៍​ថា ​ក្រសួង​ការ​បរទេស​បាន​និយាយ​ថា​ ខ្លួន​មិន​អាច​ផ្តល់​ព័ត៌មាន​ណា​មួយ​បន្ថែម​ទៀត​បាន​ទេ។
  • ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters​ បាន​រាយការណ៍​ថា​ ទាហាន​រុស្ស៊ី​បាន​បង្កើន​ការវាយលុក​របស់​ខ្លួន​ទៅលើ​ភាគ​ខាងកើត ​និង​ភាគ​ខាងត្បូង​អ៊ុយក្រែន​កាលពី​ថ្ងៃព្រហស្បតិ៍។ បញ្ជាការដ្ឋាន​យោធា​អ៊ុយក្រែន​បាន​ថ្លែង​អំពី​ស្ថានភាព​សមរភូមិ​ដ៏​សំខាន់​នៅភាគ​ខាងកើត​ថា៖ «សត្រូវ​កំពុង​បង្កើន​ល្បឿន​នៃ​ប្រតិបត្តិការ​វាយលុក។ ពួក​ឈ្លានពាន​រុស្ស៊ី​កំពុង​បាញ់​យ៉ាង​ខ្លាំងក្លា​ស្ទើរតែ​គ្រប់ទិសទី»។​
  • រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃព្រហស្បតិ៍​ថា​ ខ្លួន​ព្រួយបារម្ភ​អំពី​ការ​កើន​ឡើង​នៃ​ភាព​តានតឹង​នៅក្នុង​តំបន់​ Transnistria ​ដែល​ជា​តំបន់​ដាច់​ចេញ​ពី​ប្រទេស​ម៉ុលដាវី។ នៅ​ក្នុង​សារ​មួយ​តាម​បណ្តាញ ​Twitter​ ក្រសួង​ការបរទេស​របស់​ប្រទេស​រុស្ស៊ី​បាន​ចាត់ទុក​ការ​ផ្ទុះ​ដែល​មិន​អាច​ពន្យល់​បាន​ជា​បន្តបន្ទាប់​នៅ​ក្នុង​សប្តាហ៍​នេះ​ថា​ជា​ «សកម្មភាព​នៃ​អំពើ​ភេរវកម្ម​ដែល​មាន​គោលបំណង​ធ្វើឱ្យ​មាន​អស្ថិរភាព​ស្ថានភាព​នៅក្នុង​តំបន់»។
  • ទូរទស្សន៍​ Al Jazeera​ បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន ​TASS​ របស់​រុស្ស៊ី ​ដែល​រាយការណ៍​ថា​ រុស្ស៊ី​បាន​ដំឡើង​ប្រព័ន្ធ​ការពារ​ដែន​អាកាស​នៅក្នុង​ទីក្រុង​ Belgorod​ ក្នុងប្រទេស​រុស្ស៊ី ​កាលពី​ព្រឹក​ថ្ងៃព្រហស្បតិ៍។
  • ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters ​រាយការណ៍​ថា ​ប្រធានាធិបតី​រុស្ស៊ី ​លោក Vladimir Putin ​បាន​គំរាម​សងសឹក​ «រហ័ស»​ ប្រឆាំង​នឹង​ប្រទេស​លោក​ខាងលិច​ណា​មួយ ​ដែល​ធ្វើ​អន្តរាគមន៍​ជំនួស​អ៊ុយក្រែន។ អត្ថាធិប្បាយ​របស់​លោក​បាន​កើត​ឡើង​ នៅពេល​ដែល​រុស្ស៊ី​បាន​បង្កើន​កា​រវាយ​ប្រហារ​នៅ​ភាគ​ខាង​កើត​ និង​ភាគ​ខាងត្បូង​អ៊ុយក្រែន​ កាលពី​ថ្ងៃព្រហស្បតិ៍។

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថ្លែងសុន្ទរកថាមួយនៅក្នុងអំឡុងកិច្ចប្រជុំជាមួយ​ក្រុមប្រឹក្សាសភាជាតិ នៅវិមានសភាសហព័ន្ធ នៅទិក្រុង Saint Petersburg ប្រទេសរុស្ស៊ី ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២។ (Sputnik/Alexei Danichev/Kremlin via REUTERS)
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថ្លែងសុន្ទរកថាមួយនៅក្នុងអំឡុងកិច្ចប្រជុំជាមួយ​ក្រុមប្រឹក្សាសភាជាតិ នៅវិមានសភាសហព័ន្ធ នៅទិក្រុង Saint Petersburg ប្រទេសរុស្ស៊ី ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២។ (Sputnik/Alexei Danichev/Kremlin via REUTERS)

  • ទូរទស្សន៍ ​CNN ​រាយការណ៍​ថា ​សហរដ្ឋ​អាមេរិក​បាន​ទទួល​ពាក្យ​សុំជាង​ ៤០០០​ ពី​សប្បុរសជន​ដើម្បី​ឧបត្ថម្ភ​ជនជាតិ​អ៊ុយក្រែន។ ថ្មីៗ​នេះ ​រដ្ឋបាល​ លោក​ប្រធានាធិបតី Joe Biden​ បាន​ចាប់​ផ្តើម​ដំណើរការ​ដែល​មាន​លក្ខណៈ​ងាយស្រួល​មួយ​សម្រាប់​ជនភៀស​ខ្លួន​អ៊ុយក្រែន​ ហើយ​កំពុង​ជំរុញ​ឱ្យ​ពួកគេ​ប្រើប្រាស់​វា​ជំនួសការធ្វើដំណើរ​ទៅ​កាន់​ព្រំដែន​សហរដ្ឋ​អាមេរិក-ម៉ិកស៊ិក។
  • ទូរទស្សន៍​ Al Jazeera ​បាន​រាយការណ៍​ថា ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អង់គ្លេស ​លោក Ben Wallace ​បាន​ថ្លែង​ទៅកាន់​ទូរទស្សន៍​ Sky News ​កាលពី​ថ្ងៃព្រហស្បតិ៍​ថា ​ប្រធានាធិបតី​រុស្ស៊ី ​លោក Vladimir Putin ​អាច​នឹង​ប្រើវិធី​ពង្រឹង​ការ​កាន់កាប់​តំបន់​ដែល​វាយយក​បាន​នៅក្នុង​អ៊ុយក្រែន។
    លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​គិតថា ​វាពិត​ជា​ករណី​ជាក់ស្តែង​ដែល​លោក ​ពូទីន ​ដែល​បាន​បរាជ័យ​ក្នុង​គោលបំណង​របស់​គាត់​ស្ទើរតែ​ទាំងអស់​ អាច​នឹង​ប្រើ​វិធី​ពង្រឹង​ការ​កាន់កាប់​និង​ឈរ​ជើង​ដូច​ដែល​គាត់​បាន​ធ្វើ​នៅក្នុង​ឆ្នាំ ២០១៤។ វា​ប្រៀប​ដូចជា​ការ​លូតលាស់​នៃ​ជំងឺ​មហារីក​ពី​ខាង​ក្នុង​ប្រទេសអ៊ុយក្រែន​ ហើយ​ធ្វើ​ឱ្យ​មាន​ការ​លំបាក​ខ្លាំង​សម្រាប់​ពលរដ្ឋ​ក្នុង​ចាក​ចេញ​ពី​កន្លែង​ដែល​បាន​ឡោម​ព័ទ្ធ​ជាប់​ខ្លាំង​នោះ»។​
  • ព័ត៌មាន​ស៊ើបការណ៍​ចុង​ក្រោយ​បំផុត​របស់​ក្រសួង​ការពារ​ជាតិ​អង់គ្លេស​ឲ្យ​ដឹង​ថា​ នាវា​កងទ័ព​ជើងទឹក​រុស្ស៊ី​ប្រហែល​ ២០​ គ្រឿង​ រួមទាំង​នាវា​មុជទឹក​ កំពុង​ស្ថិត​នៅ​ក្នុង​ «តំបន់​ប្រតិបត្តិការ»។ បន្ថែម​ពីលើ​នេះ ​របាយការណ៍​ក៏​ឲ្យ​ដឹង​ទៀត​ថា ​រុស្ស៊ី​មិន​អាច​ជំនួស​នាវា​ចម្បាំង​ Moskva​ របស់​ខ្លួន​ដែល​បាត់បង់​នៅក្នុង​សមុទ្រ​ខ្មៅ​នោះ​ទេ ​ដោយសារ​តែ​ច្រក​សមុទ្រ​ Bosporus​ នៅតែ​បិទ​មិន​ឲ្យ​នាវា​ចម្បាំង​ដែល​មិនមែន​ជា​របស់​តួកគី​ចូល​បានឡើយ។
  • ភាព​តានតឹង​កំពុង​កើនឡើង​នៅក្នុង​តំបន់​ Transnistria ​ដែល​ស្ថិតនៅ​ភាគ​ខាងកើត​នៃ​ប្រទេស​ម៉ុលដាវី​ ដែល​ជា​តំបន់​ផ្តាច់​ខ្លួន​មួយ​ ខណៈអាជ្ញាធរ​នៅទីនោះ​បាន​ស្តី​បន្ទោស​អ៊ុយក្រែន​ចំពោះ​ការ​វាយប្រហារ​ជា​បន្តបន្ទាប់​លើ​ទីតាំង​រដ្ឋាភិបាល​នាពេលថ្មីៗ​នេះ។ រដ្ឋាភិបាល​អ៊ុយក្រែន​បដិសេធ​ចំពោះ​រឿងនេះ ​ហើយ​ក្រុម​អ្នក​សង្កេត​ការណ៍​និយាយ​ថា​ គ្រោះថ្នាក់​កំពុង​កើនឡើង​ គឺ​ថា រុស្ស៊ី​អាច​ប្រើ​ការ​វាយប្រហារ​នេះ​ជា​លេស​ដើម្បី​បើក​សមរភូមិ​ប្រយុទ្ធ​ថ្មី​ប្រឆាំង​នឹង​អ៊ុយក្រែន​ ឬ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ម៉ុលដាវី។
  • ទូរទស្សន៍​ CNN ​រាយការណ៍​ថា​ បណ្តាញ​ឃោសនា​រុស្ស៊ី​រាយការណ៍​ថា​ តំបន់​ Kherson​ របស់​អ៊ុយក្រែន​ នឹង​ប្តូរ​មក​ចាយ​លុយ​រូប្ល​របស់​រុស្ស៊ី​ចាប់​ពី​ថ្ងៃទី​ ១ ​ខែឧសភា។​
  • កាសែត ​Washington Post​ រាយការណ៍​ថា​ រុស្ស៊ី​បាន​ដាក់​សត្វផ្សោត​ដែល​បាន​ហ្វឹកហាត់​នៅ​ច្រកចូល​កំពង់ផែ​ Sevastopol ​នៅ​តំបន់​ Crimea​ ហើយ​ប្រហែល​ជា​កំពុង​ប្រើប្រាស់​វា​ ដើម្បី​ការពារ​មូលដ្ឋានទ័ព​ជើងទឹក។ កាសែត Washington Post​ រាយការណ៍​ថា ​រូបថត​ពី​ផ្កាយ​រណប​ថ្មីៗ​ដោយ​ក្រុមហ៊ុន​ Maxar​ Technologies ​បង្ហាញ​ទ្រង់​សត្វផ្សោត​នៅ​ច្រក​ចូល​កំពង់ផែ​ ដែល​ជា​កំពង់ផែ​ដ៏​សំខាន់​នៅ​សមុទ្រខ្មៅ។ អ្នកវិភាគ​កងទ័ព​ជើងទឹក​បាន​និយាយ​ថា​ សត្វផ្សោត​ទាំងនេះ​អាច​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​ទប់ទល់​នឹង​ក្រុម​អ្នក​ឯកទេស​មុជទឹក​អ៊ុយក្រែន​ ដែល​ព្យាយាម​ចូល​ទៅក្នុង​កំពង់ផែ​ ដើម្បី​បំផ្លាញ​នាវា​ចម្បាំង​រុស្ស៊ី។ ទាំង​សហរដ្ឋ​អាមេរិក​ និង​រុស្ស៊ី ​ធ្លាប់​បាន​បង្ហាត់​ថនិក​សត្វ​សមុទ្រ​សម្រាប់​កិច្ចការ​នេះ។

ទាហានអ៊ុយក្រែនម្នាក់ត្បាតនៅក្បែរអគារដែលរងការបំផ្លិចបំផ្លាញ ខណៈការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្ត នៅភូមិ Irpin ជាយរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២។
ទាហានអ៊ុយក្រែនម្នាក់ត្បាតនៅក្បែរអគារដែលរងការបំផ្លិចបំផ្លាញ ខណៈការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្ត នៅភូមិ Irpin ជាយរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២។

  • ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden​ កំពុង​ស្វែងរក​សិទ្ធិ​ថ្មី​ដើម្បី​ងាយស្រួល​ក្នុង​ការ​ធ្វើការ​ទូទាត់​ទ្រព្យសម្បត្តិ​ដែល​រឹបអូស​បាន​ពី​ក្រុម​មហាសេដ្ឋី​រុស្ស៊ី​ដែល​ស្និទ្ធ​នឹង​វិមាន​ក្រឹមឡាំង​ និង​អនុញ្ញាត​ឱ្យ​ទទួល​បាន​ប្រាក់​ចំណូល​ ដើម្បី​ជួយ​អ៊ុយក្រែន​នៅ​ក្នុង​ពេល​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី។នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ​រដ្ឋបាល​លោក Biden ​បាន​និយាយ​ថា​ សំណើ​ដែល​នឹង​ត្រូវបញ្ជូន​ទៅ​សភា​ គឺ​ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​ជួយ​«ដោះស្រាយ​ការ​ខូចខាត»​ ដែល​បណ្តាល​មកពី​រុស្ស៊ី​ចូល​ឈ្លានពាន​ និង​ «ពង្រឹង»​ សមត្ថភាព​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ នៅ​ក្នុង​ការ «ធ្វើ​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី ​និង​ក្រុម​សេដ្ឋី​រុស្ស៊ី​ ទទួល​ខុសត្រូវ​ចំពោះ​សង្គ្រាម​របស់ប្រធានាធិបតី [វ្លាឌីមៀ] ​ពូទីន​ ប្រឆាំង​នឹង​អ៊ុយក្រែន»។​ នេះ​បើតាម​សេចក្តី ​រាយការណ៍​របស់​សារព័ត៌មាន​ Washington Post។
  • អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres​ បាន​ទៅ​ទស្សនា​ទីក្រុង​នានា​របស់អ៊ុយក្រែន​កាលពី​ថ្ងៃព្រហស្បតិ៍​ ដែល​ជា​កន្លែង​ដែល​កង​កម្លាំង​រុស្ស៊ី​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ហើយ​បាន​បន្ត​ការ​អំពាវនាវ​របស់​លោក​ដើម្បី​ឱ្យ​មាន​«ការស៊ើបអង្កេត​ហ្មត់ចត់​ និង​ការ​ទទួល​ខុសត្រូវ»​ ខណៈ​ថ្កោលទោស​សង្គ្រាម​ «អាក្រក់»​ ដែល​លោក​បាន​និយាយ​ថា​ បាន​កំណត់​ «តម្លៃ​ខ្ពស់​បំផុត»​ លើ​ជនស៊ីវិល។ លោក Guterres ​ដែល​ស្ថិត​នៅក្នុង​ទីក្រុង​កៀវ​ ដើម្បី​ជួប​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​ លោក Volodymyr Zelensky ​បន្ទាប់ពី​ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី ​លោក Vladimir Putin ​ក្នុង​ទីក្រុងមូស្គូ ​កាលពី​ថ្ងៃអង្គារ ​បាន​និយាយ​ទៅកាន់​អ្នក​សារព័ត៌មាន​ ខណៈ​ទៅ​ទស្សនា​ទីក្រុង​ចំនួន​បី​ ក្បែរ​រដ្ឋធានី​អ៊ុយក្រែន​ដែល​ហែកហួរ​ដោយ​សង្រ្គាម។​ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន ​Washington Post។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ធ្វើទស្សនកិច្ចនៅភូមិ Irpin ខណៈការវាយប្រហារឈ្លានពានដោយរុស្ស៊ីលើអ៊ុយក្រែននៅតែបន្ត នៅជាយរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ធ្វើទស្សនកិច្ចនៅភូមិ Irpin ខណៈការវាយប្រហារឈ្លានពានដោយរុស្ស៊ីលើអ៊ុយក្រែននៅតែបន្ត នៅជាយរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២។

  • សភា​អាល្លឺម៉ង់​កាលពី​ថ្ងៃព្រហស្បតិ៍​បាន​បោះឆ្នោត​ផ្តល់​អាវុធ​ធុន​ធ្ងន់​ដល់​អ៊ុយក្រែន​ ដោយ​មាន​អ្នក​នយោបាយ​ប្រឆាំង​ភាគច្រើន​បាន​ចូលរួម​នៅ​ក្នុង​ការបោះឆ្នោត​ជា​និមិត្តរូប​ដ៏ធំ​មួយ​នេះ ​ដើម្បី​បង្ហាញ​ពី​ការ​រួបរួម​គ្នា​បន្ទាប់ពី​រដ្ឋាភិបាល​បានប្រកាស​ផែនការ​ក្នុង​សប្តាហ៍​នេះ។ គណបក្ស​ពីរ ​គឺ​ គណបក្ស​ស្តាំនិយម​ Alternative for Germany (ជម្រើស​សម្រាប់​អាល្លឺម៉ង់)​ និង​គណបក្ស​ The Left​ បាន​បោះឆ្នោត​ប្រឆាំង​នឹង​ការ​សម្រេចចិត្ត។ ​នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន​ The New York Times។
  • រដ្ឋាភិបាល​រុស្ស៊ី​បាន​ចោទប្រកាន់​ប្រទេស​លោកខាងលិច​ថា​បាន​លើក​ទឹកចិត្ត​អ៊ុយក្រែន​ឱ្យ​វាយលុក​នៅក្នុង​ទឹកដី​រុស្ស៊ី​ ដោយសារ​ការ​ផ្គត់ផ្គង់​អាវុធ​របស់​ពួកគេ។ លោកស្រី​ Maria Zakharova​ អ្នកនាំពាក្យ​ក្រសួង​ការបរទេសរុស្ស៊ី​ បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អ៊ុយក្រែន និង​រដ្ឋាភិបាល​នៃ​ប្រទេស​លោកខាងលិច​ ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​សេចក្តី​ថ្លែងការណ៍​របស់​រុស្ស៊ី​ «ដែល​អំពាវនាវ​បន្ថែម​ដល់​អ៊ុយក្រែន​ថា ​ការ​វាយ​ប្រហារ​ទីតាំង​របស់​រុស្ស៊ី ​ច្បាស់​ជា​នាំឱ្យ​មាន​ការ​ឆ្លើយតប​ដ៏​ធ្ងន់ធ្ងរ​ពី​រុស្ស៊ី»។
  • មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ​និយាយ​ថា ​សង្រ្គាម​នៅ​អ៊ុយក្រែន ​និង​ការ​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​ «កំពុង​ធ្វើឱ្យ​រាំងស្ទះ​កាន់តែខ្លាំង​ឡើង​ដល់​ការ​ស្តារ​ឡើងវិញ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​អាស៊ី​កណ្តាល»។ IMF បាន​និយាយ​នៅក្នុង​របាយការណ៍​មួយ​ ដែល​មាន​ចំណង​ជើង​ថា​ «Divergent Recoveries in Turbulent Times» ។ របាយការណ៍​នោះ​បន្ថែម​ថា៖​ «ទស្សន​វិស័យ​សម្រាប់​អ្នក​នាំចេញ​ប្រេង​ និង​ឧស្ម័ន​នៅ​មជ្ឈិមបូព៌ា​ និង​អាហ្វ្រិក​ខាងជើង​ មាន​ភាពប្រសើរ​ឡើង​ ខណៈ​ពេល​ដែល​បណ្តា​ប្រទេស​នៅ​តំបន់​កូកាស​ និង​អាស៊ី​កណ្តាល​ ប្រឈម​មុខ​នឹង​ទស្សន​វិស័យ​ដ៏​លំបាក​មួយ ដោយ​សារ​តែ​មាន​ទំនាក់ទំនង​ទៅនឹង​រុស្ស៊ី ​និង​អ៊ុយក្រែន»។
២១:២១ ២៩.៤.២០២២

ថ្ងៃសុក្រ ទី ២៩ ខែមេសា៖

  • អភិបាល​ក្រុង​កំពង់ផែ Mariupol នៃ​ប្រទេស​អ៊ុយក្រែន ថ្លែង​ថា ជន​ស៊ីវិល​ដែល​កំពុង​លាក់​ខ្លួន​នៅ​ក្នុង​រោងចក្រ​ផលិត​ដែកថែបដ៏​ធំ​មួយ កំពុង​ខ្វះ​ស្បៀង​អាហារ ទឹក និង​ថ្នាំសង្កូវ។ លោក Vadym Boichenko ថា ស្ថានភាព​នៅ​រោងចក្រ​ដែកថែប​ Avozstal ពិតជា​យ៉ាប់យ៉ឺន។ រោងចក្រ​ដែក​ថែប​នេះ ជា​ទីតាំង​ចុងក្រោយ​មួយដែល​ទាហាន​អ៊ុយក្រែន​កំពុង​គ្រប់គ្រង នៅ​ក្នុង​ទីក្រុង Mariupol ហើយ​ទាហាន​ទាំង​នេះ​កំពុង​ស្ថិត​នៅ​ជាមួយ​ជន​ស៊ីវិល។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។
  • ប្រធាន​ធនាគារ​កណ្តល​របស់​រុស្ស៊ី ថ្លែង​ថា ទស្សនវិស័យ​នៃ​សេដ្ឋកិច្ច​របស់​រុស្ស៊ី គឺ​«មិន​ប្រាកដ​ប្រជា​ខ្លាំង» ស្រប​ពេល​ដែល​សេដ្ឋកិច្ច​រុស្ស៊ី​ត្រូវបាន​សន្និដ្ឋាន​ថា​នឹង​ថយចុះ​ដល់​ទៅ ១០ ភាគរយ​ នៅ​ឆ្នាំ​នេះ។ ទណ្ឌកម្ម​អន្តរជាតិ និង​តម្រូវការ​អ្នក​ប្រើប្រាស់​ទាប កំពុង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​រុស្ស៊ី ស្រប​ពេល​ដែល​អតិផរណា​កើន​ឡើង។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន AP។
  • ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក Joko Widodo ថ្លែង​ថា ទាំង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy និង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin នឹង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ G-20 ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​កោះ Bali ប្រទេស​ឥណ្ឌូណេស៊ី នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន AP។
  • រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​សុក្រ​ថា ខ្លួន​បាន​វាយ​ប្រហារ​លើ​ទីក្រុង​កៀវ​តាម​អាកាស នៅ​ក្នុង​អំឡុង​ទស្សនកិច្ច​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP។ នេះ​ជា​ករណី​វាយប្រហារ​លើក​ដំបូង​លើ​រដ្ឋធានី​របស់​ប្រទេស​អ៊ុយក្រែន​ បន្ទាប់​ពី​ទាហាន​រុស្ស៊ី​មិន​បាន​ធ្វើ​ការ​វាយ​ប្រហារ​ណា​មួយ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​មក​ហើយ​លើ​ទីក្រុង​នេះ។ ការ​វាយប្រហារ​នេះ​ក៏​បាន​សម្លាប់​អ្នក​សារព័ត៌មាន​ម្នាក់​ផង​ដែរ។

ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងប្រតិបត្តិការពន្លត់អគ្គិភ័យមួយ បន្ទាប់ពីមានករណីផ្ទុះនៅទីក្រុងកៀវ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី ២៨ ខែមេសា ឆ្នាំ ២០២២។ រុស្ស៊ីបានវាយប្រហារជាបន្តបន្ទាប់នៅតាមតំបន់នានាក្នុងប្រទេសអ៊ុយក្រែន ជាពិសេសរដ្ឋធានីកៀវ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ។
ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងប្រតិបត្តិការពន្លត់អគ្គិភ័យមួយ បន្ទាប់ពីមានករណីផ្ទុះនៅទីក្រុងកៀវ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី ២៨ ខែមេសា ឆ្នាំ ២០២២។ រុស្ស៊ីបានវាយប្រហារជាបន្តបន្ទាប់នៅតាមតំបន់នានាក្នុងប្រទេសអ៊ុយក្រែន ជាពិសេសរដ្ឋធានីកៀវ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ។

  • ​វិទ្យុអឺរ៉ុប​សេរី/វិទ្យុ​សេរីភាព បាន​ឲ្យ​ដឹង​ថា អ្នកស្រី Vera Gyrych ផលិតករ​ប្រចាំ​វិទ្យុអឺរ៉ុប​សេរី/វិទ្យុ​សេរីភាព​ដែល​ទទួល​មូលនិធិ​គាំទ្រ​ដោយ​រដ្ឋាភិបាល​អាមេរិក បាន​ស្លាប់​ នៅ​ពេល​ដែល​គ្រាប់​មីស៊ីល​របស់​រុស្ស៊ី​បាន​បាញ់​ចំ​អគារ​ដែល​អ្នក​ស្រី​បាន​រស់នៅ​ក្នុង​ទីក្រុង​កៀវ។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ថ្លែង​ថា ការ​វាយ​ប្រហារ​របស់​ទាហាន​រុស្ស៊ី​លើ​ទីក្រុង​កៀវ ភ្លាមៗ​បន្ទាប់​ពី​លោក​បាន​ជួប​ពិភាក្សា​ជាមួយ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres ជា​គោល​បំណង​របស់​រុស្ស៊ី «ដើម្បីមាក់​ងាយលើ​អង្គការ​សហប្រជាជាតិ និង​អ្វីៗ​គ្រប់យ៉ាង​ដែល​អង្គការ​នេះ​តំណាង​ឲ្យ»។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP។
  • ប្រទេស​អាល្លឺម៉ង់ បាន​ថ្កោលទោស​ការ​វាយប្រហារ​ «ដ៏​អមនុស្ស​ធម៌» ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladmir Putin «គ្មាន​សេចក្តី​គោរព​អ្វី​ទាល់តែ​សោះ​ដល់​ច្បាប់​អន្តរជាតិ»។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP។
  • អតីត​ទាហាន​ម៉ារីន​អាមេរិក​ម្នា​ក់​ត្រូវបាន​សម្លាប់​ជាមួយ​កងទ័ព​អ៊ុយក្រែន​ផ្សេង​ទៀតនៅ​ក្នុង​សមរភូមិ​ប្រយុទ្ធជាមួយ​រុស្ស៊ី។ សាច់ញាតិ​របស់​ទាហាន​ម្នាក់​នេះ​បាន​ប្រាប់​បណ្តាញ​សារព័ត៌មាន​អំពី​ករណី​ស្លាប់​នេះ ដែល​ជា​ករណី​ស្លាប់​ដំបូង​គេ​នៃ​ជនជាតិ​អាមេរិក​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ នេះ​បើតាម​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។ អ្នកស្រី Rebecca Cabrera បាន​ប្រាប់បណ្តាញ​ទូរទស្សន៍​ CNN ថា កូនប្រុស​របស់​អ្នក​ស្រី​គឺ​លោក Willy Joseph Cancel អាយុ ២២ ឆ្នាំ ត្រូវបាន​សម្លាប់​កាលពី​ថ្ងៃ​ចន្ទ ក្នុង​អំឡុង​ពេល​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​យោធា​ជាប់​កុងត្រា​មួយ​ដែល​បាន​បញ្ជូន​រូបលោក​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន។ ​
  • សហរដ្ឋ​អាមេរិក​មិន​ជឿ​ថា​ នឹង​មាន​គ្រោះថ្នាក់​ពី​ប្រទេស​រុស្ស៊ី​តាមរយៈ​ការ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​នោះ​ទេ បើ​ទោះ​បី​ជា​មាន​ភាព​តានតឹង​នា​ពេល​ថ្មីៗ​នេះ​តាម​រយៈ​សេចក្តី​ថ្លែងការណ៍​នានា​របស់​រដ្ឋាភិបាល​រុស្ស៊ី​ក៏ដោយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​ម្នាក់ នៅ​ថ្ងែសុក្រ​នេះ ហើយ​ដែល​ត្រូវបាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ ​

ទិដ្ឋភាពទូទៅនៃតំបន់រោងចក្រដែកថែប Azovstal ដែលហ៊ុមព័ទ្ធសំណង់អគារបែកបាក់ដោយសារការវាយប្រហាររបស់ទាហានរុស្ស៊ី នៅទីក្រុងកំពង់ផែ Mariupol ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២។
ទិដ្ឋភាពទូទៅនៃតំបន់រោងចក្រដែកថែប Azovstal ដែលហ៊ុមព័ទ្ធសំណង់អគារបែកបាក់ដោយសារការវាយប្រហាររបស់ទាហានរុស្ស៊ី នៅទីក្រុងកំពង់ផែ Mariupol ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២។

  • ការិយាល័យ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​ថា អ៊ុយក្រែន​បាន​គ្រោង​ជម្លៀស​ជន​ស៊ីវិល​ចេញ​ពី​រូង​ក្រោមដី​សុវត្ថិភាព​ នៅ​បរិវេណ​រោងចក្រ​ដែកថែប Azovstal នៅ​ទីក្រុង​កំពង់ផែ Mariupol បើ​ទោះ​បី​ជា​មិនទាន់​មាន​ព័ត៌មាន​លម្អិតអំពី​គម្រោងនៅ​ឡើយ​ក៏​ដោយ។ កង​កម្លាំង​រុស្ស៊ី​កំពុង​ឡោមព័ទ្ធរោងចក្រ​នេះ។ មិន​ទាន់​មាន​ការ​ឆ្លើយតប​អ្វី​ពី​រុស្ស៊ី​ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់​ការិយាល័យ​ប្រធានាធិបតី​អ៊ុយក្រែន​យ៉ាង​ដូច្នេះ​ទេ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • លោកស្រី Olena Zelenska ភរិយា​របស់​លោក​ប្រធានាធិបតី​អ៊ុយក្រែន​ Volodymyr Zelenskyy ថ្លែង​ថា សង្គ្រាម​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន មិន​បាន​ផ្លាស់ប្តូរ​ស្វាមី​របស់​លោកស្រី​នោះទេ ប៉ុន្តែ​បាន​បង្ហាញ​ទៅ​កាន់​ពិភពលោក​ពី​ការ​តាំង​ចិត្ត​របស់​លោក​ ក្នុងការ​តស៊ូ​ជម្នះ និង​ការពិត​ដែល​ថា លោក​ជាមនុស្ស​ដែល​ពលរដ្ឋ​អាច​ពឹងពាក់​បាន។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AP។
  • រដ្ឋាភិបាល​អេស្ប៉ាញ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា មក​ទល់​ពេល​នេះ ការ​ដឹក​សម្ភារៈ​យោធា​ដ៏​ធំបំផុត​មួយ​របស់​ខ្លួន​ទៅកាន់​ប្រទេស​អ៊ុយក្រែន គឺដំណើរការ​ទៅមុខ​ដូច​ការ​រំពឹង​ទុក បន្ទាប់​ពី​កប៉ាល់​ដឹក​សម្ភារៈ​ដែល​មាន​ទម្ងន់​ជាង ២០០ តោន បាន​សំចត​នៅ​កំពង់ផែ​មួយ​ក្នុង​ប្រទេស​ប៉ូឡូញ។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AP។
  • កង​ទ័ព​រាប់ពាន់​នាក់​របស់​អង្គការ​អូតង់ និង​បណ្តា​ប្រទេស​ប្រចាំ​តំបន់​អាត្លង់ទិក​ខាង​ជើង​ នឹង​ចូលរួម​ធ្វើ​សមយុទ្ធ​យោធា​នានា នៅ​ទូទាំង​ទ្វីប​អឺរ៉ុប នា​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ ស្រប​ពេល​ដែល​ប្រទេស​លោក​ខាង​លិច​ព្យាយាម​បំបាក់​សកម្មភាព​គឃ្លើន​របស់​រុស្ស៊ី។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AP។
  • ប្រទេស​អ៊ុយក្រែន​បាន​ទទួល​ស្គាល់​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ប្រទេស​មួយ​នេះ​បាន​ខាតបង់​ធ្ងន់ធ្ងរ​ដោយសារ​ការ​វាយប្រហារ​របស់​កងទ័ព​រុស្ស៊ី​នៅ​ភាគខាង​កើត​ប្រទេស ប៉ុន្តែ​ថា ការ​ខាតបង់​របស់​រុស្ស៊ី​គឺ​ធ្ងន់ធ្ងរ​ជាង​អ៊ុយក្រែន​ទៅ​ទៀត។ ស្រប​ពេល​ជាមួយ​គ្នា​នោះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ស្នើ​សុំ​សភាព​បញ្ជូន​ទឹកប្រាក់​ប្រមាណ ៣៣ ពាន់លាន​ដុល្លារ​ ដើម្បី​ជួយ​ដល់​អ៊ុយក្រែន​នៅ​ក្នុង​ការ​ទប់ទល់​ជាមួយ​នឹង​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • អភិបាល​ក្រុង​លោក Vitali Klitschko បាន​ថ្លែង​ថា នៅ​ថ្ងៃ​សុក្រថា​ ក្រុម​អ្នក​ជួយ​សង្គ្រោះ​បន្ទាន់​របស់​អ៊ុយក្រែន​បាន​រកឃើញ​សាកសព​មួយ​ដែល​ត្រូវបាន​កប់​នៅ​ក្នុង​បំណែក​សំណង់​អគារ​មួយ​ខ្នង​នៅ​ក្នុង​រដ្ឋធានី​កៀវ ដែល​ត្រូវបាន​បាញ់​ដោយ​មីស៊ីល​របស់​រុស្ស៊ី ស្របពេល​ដែល​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres ធ្វើ​ទស្សនកិច្ច​នៅ​រដ្ឋធានី​កៀវ។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters។
  • ការិយាល័យ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ឲ្យ​ដឹង​ថា រុស្ស៊ី​បាន​វាយប្រហារ​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​របស់​អ៊ុយក្រែន នៅ​តំបន់ Donetsk ភាគខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែនដោយ​គ្រាប់​រ៉ុក្កែត កាំភ្លើង​ធំ កាំភ្លើង​ត្បាល់ និង​យន្តហោះ​ចម្បាំង​តាម​អាកាស។ បុគ្គលិក​ខុទ្ទកាល័យ​អ៊ុយក្រែន​បាន​ថ្លែង​ថា រុស្ស៊ី​បាន​វាយ​ប្រហារ​ទីតាំង​យោធា​របស់​អ៊ុយក្រែន​តាម​បណ្តោយ​ខ្សែ​រយៈយោធា​អ៊ុយក្រែន ​ដើម្បី​រារាំង​មិន​ឲ្យ​យោធា​អ៊ុយក្រែន​ប្រមូល​ផ្តុំ​គ្នា​បាន។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ ​
  • រុស្ស៊ី​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​ថា កងទ័ព​របស់​ខ្លួន​បាន​បំផ្លាញ​អគារ​នានា​នៃ​រោងចក្រ​ផលិត​គ្រាប់​រ៉ុក្កែត​បាញ់​សត្រូវ​តាម​អាកាស​របស់​អ៊ុយក្រែន ដែល​ស្ថិត​នៅ​ទីក្រុង​កៀវ ដោយ​បាន​បាញ់​គ្រាប់​មីស៊ីល​ចម្ងាយ​ឆ្ងាយ។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ ​
  • កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ក្រុម​មន្ត្រី​អ៊ុយក្រែន​បាន​ថ្លែង​ថារុស្ស៊ី​បាន​បាញ់​គ្រាប់​មីស៊ីល​ចំនួន​ពីរ​ទៅ​លើ​រដ្ឋធានី​កៀវ​នៃ​ប្រទេស​អ៊ុយក្រែន ខណៈ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres ធ្វើ​ទស្សនកិច្ច​នៅ​ទីនោះ។ ស្រប​ពេល​ជាមួយ​គ្នា​នោះ ទាហាន​រុស្ស៊ី​ក៏​បាន​បន្ត​ការ​វាយប្រហារ​របស់​ខ្លួន​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន ដែល​ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក​សន្យា​ផ្តល់​ជំនួយ​ផ្នែក​យោធា និង​ផ្នែក​មនុស្ស​ធម៌​បន្ថែម​ទៀត​ដល់​អ៊ុយក្រែន។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ចូលរួមសន្និសីទសារព័ត៌មានរួមគ្នាមួយ ក្រោយពីបានជួបពិភាក្សាគ្នា នៅរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ចូលរួមសន្និសីទសារព័ត៌មានរួមគ្នាមួយ ក្រោយពីបានជួបពិភាក្សាគ្នា នៅរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២។

  • ក្រសួង​ការពារ​ជាតិ​ចក្រភព​អង់គ្លេស​ថ្លែង​ថារុស្ស៊ី​នៅ​តែ​ផ្តោត​យុទ្ធសាស្ត្រ​ធ្វើសង្គ្រាម​របស់​ខ្លួន​នៅ​តំបន់​ Donbas នៃ​ប្រទេស​អ៊ុយក្រែន។ យោធា​ចក្រភព​អង់គ្លេស​បាន​ថ្លែង​ថាការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា​បាន​កើត​មាន​ឡើង​ នៅ​ជុំវិញ​តំបន់ Lysychansk និង​តំបន់ Severodonetsk ហើយ​ថា រុស្ស៊ី​កំពុង​ព្យាយាម​ពង្រីក​ការ​វាយ​ប្រហារ​របស់​ខ្លួន​ទៅ​ភាគ​ខាង​ត្បូង​បន្ថែម​ទៀត គឺ​ចាប់​ពី​តំបន់ Izium ឆ្ពោះ​ទៅ​កាន់​តំបន់ Slovyanks។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។
  • រុស្ស៊ី​បាន​វាយប្រហារ​នៅ​តាម​ទីតាំង​ជាច្រើន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន រួមទាំង​ទីក្រុង​កៀវ ដោយ​បាន​បាញ់​គ្រាប់​បែក​លើទីក្រុង​នេះ ខណៈ​ពេល​ដែល​អគ្គលេខា ធិការ​អង្គការ​សហប្រជាជាតិ​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ទីនោះ។ នេះ​គឺជា​សកម្មភាព​វាយ​ប្រហារ​ដ៏​គឃ្លើន​បំផុត​មួយ​របស់​រុស្ស៊ី ចាប់តាំង​ពី​ទាហាន​រុស្ស៊ី​បាន​ដក​ខ្លួន​ចេញ​ពី​ទីក្រុង​នេះ​កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន។
    ក្រុម​អ្នក​សង្គ្រោះ​បន្ទាន់​បាន​ឲ្យ​ដឹង​ថា មនុស្ស​យ៉ាង​ហោច​ណាស់ ១០ នាក់ បាន​រង​របួស​ នៅ​ពេល​គ្រាប់​មីស៊ីល​របស់​រុស្ស៊ី​បាន​បាញ់​ចំ​អគារ​លំនៅដ្ឋាន​២៥ជាន់មួយ​ខ្នង​នៅ​ទីក្រុង​កៀវ កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ហើយ​បង្ក​ឲ្យ​មាន​អគ្គិភ័យ​ ដែល​បាន​ដុត​បំផ្លាញ​អគារ​ជាន់​ទី ១ និង​ជាន់​ទី ២។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។
    ការ​វាយប្រហារ​របស់​ទាហាន​រុស្ស៊ី​នេះបាន​កើត​ឡើង ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy និង​អគ្គលេខាធិ ការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​មួយ​ ដែល​លោក Guterres បាន​ថ្លែង​ថា ប្រទេស​អ៊ុយក្រែន​បាន​ក្លាយ​ជា «ទីកន្លែង​មួយ​ដែល​ពោរពេញ​ដោយ​ភាព​ឈឺចាប់​និង​ខ្លោចផ្សារ​ឥត​ឧបមា»។
  • ទូរទស្សន៍ Al Jazeera រាយការណ៍​ថា ជន​ស៊ី​វិល​ជិត ១.២០០ នាក់​ត្រូវបាន​រក​ឃើញ​នៅ​តំបន់​ជុំវិញ​ទីក្រុង​កៀវ​នៃ​ប្រទេស​អ៊ុយក្រែន។ ពួកគេ​ភាគច្រើន​ត្រូវបាន​រកឃើញ​នៅ​ស្រុក​ Bucha ជាប់​ជាយ​ក្រុង​កៀវ។
  • ក្រសួង​ការបរទេស​អ៊ុយក្រែន​ បាន​សរសេរ​សារ​បង្ហោះ​តាម​បណ្តាញ Twitter ថា គ្រាប់បែក​របស់​ទាហាន​រុស្ស៊ី​បាន​បាញ់ចំ​មន្ទីរពេទ្យ​បណ្តោះ​អាសន្ន​មួយ​នៅ​ទីក្រុង Mariupol។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​កាសែត The New York Times។ ក្រសួង​មួយ​នេះ​ក៏​បាន​លើក​ឡើង​ថា ការ​សម្លាប់ឬ​បង្ក​របួស​ដល់​ទាហាន​អ៊ុយក្រែន​ រំលោភ​បំពាន​អនុសញ្ញា​របស់​ទីក្រុង​ហ្សឺណែវ។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Zelenskyy បាន​ថ្លែង​ថា លោក​បាន​ «ពិភាក្សា​គ្នា​យ៉ាង​កក់ក្តៅ​និង​យ៉ាង​មាន​ប្រយោជន៍​» ជាមួយ​នាយក​រដ្ឋមន្ត្រី​ប៊ុលហ្គារី​លោក Kiril Petkov ស្តី​អំពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ថាមពល​និង​យោធា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក Petkov ទៅកាន់​ទីក្រុង​កៀវ កាលពី​ថ្ងៃ​ព្រហស្បតិ៍។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ លោក Zelenskyy បាន​ថ្លែង​ថា លោក​និង​លោក Petkov បាន​ព្រមព្រៀង​គ្នា​ថា សម្ភាៈ​យោធា​របស់​អ៊ុយក្រែន​ដែល​រង​ការ​ខូចខាត​អាច​នឹង​ត្រូវបាន​ជួសជុល​ឡើង​វិញ នៅ​រោងចក្រ​យោធា​ប៊ុលហ្គារី ហើយ​បញ្ជូន​មក​ឲ្យ​អ៊ុយក្រែន​វិញ ពេល​ជួសជុល​រួច។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​កិច្ច​ប្រជុំ​កំពូល G-20 នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ ដែល​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin នឹង​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នេះ​ផងដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រទេស​ឥណ្ឌូណេស៊ីដែល​ជា​ប្រធាន​នៃ​ក្រុម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ G-20 ក្នុង​អាណត្តិ​នេះ។ លោក Joko Widodo ប្រធានាធិបតី​ឥណ្ឌូណេស៊ីបាន​ថ្លែង​នៅ​ថ្ងៃ​សុក្រ​ថា៖ «ខ្ញុំ​បាន​អញ្ជើញ​លោក​ប្រធានាធិបតី Zelenskyy ឲ្យ​ចូលរួម​កិច្ច​ប្រជុំ​កំពូល G-20» ដោយ​អះអាង​ថា ការ​សម្រួល​មួយ​ត្រូវ​សម្រេច​បាន បន្ទាប់​ពី​មាន​សម្ពាធ​ពី​បណ្តា​ប្រទេស​លោក​ខាងលិច​ជំរុញ​ឲ្យ​ឥណ្ឌូណេស៊ី ហាមឃាត់​រុស្ស៊ី​មិន​ឲ្យ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​លើក​នេះ ដោយសារ​តែ​សកម្មភាព​ឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP។ ​

រូបថតដែលចេញផ្សាយដោយការិយាល័យប្រធានាធិបតីឥណ្ឌូណេស៊ី នាថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២ បង្ហាញឲ្យឃើញលោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី ថ្លែងសុន្ទរកថាអំពីស្ថានភាពនយោបាយក្នុងប្រទេស នៅវិមានរដ្ឋាភិបាលក្នុងទីក្រុង Bogor ជាទីដែលលោកបានអញ្ជើញប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ឲ្យចូលរួមកិច្ចប្រជុំកំពូល G-20 ដែលនឹងធ្វើឡើងនៅទីក្រុង Bali ប្រទេសឥណ្ឌូណេស៊ី នៅខាងវិច្ឆិកាខាងមុខនេះ។ (Photo by Handout / PRESIDENTIAL PALACE / AFP)
រូបថតដែលចេញផ្សាយដោយការិយាល័យប្រធានាធិបតីឥណ្ឌូណេស៊ី នាថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២ បង្ហាញឲ្យឃើញលោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី ថ្លែងសុន្ទរកថាអំពីស្ថានភាពនយោបាយក្នុងប្រទេស នៅវិមានរដ្ឋាភិបាលក្នុងទីក្រុង Bogor ជាទីដែលលោកបានអញ្ជើញប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ឲ្យចូលរួមកិច្ចប្រជុំកំពូល G-20 ដែលនឹងធ្វើឡើងនៅទីក្រុង Bali ប្រទេសឥណ្ឌូណេស៊ី នៅខាងវិច្ឆិកាខាងមុខនេះ។ (Photo by Handout / PRESIDENTIAL PALACE / AFP)

  • រដ្ឋាភិបាល​អង់គ្លេស​ថ្លែង​ថា ប្រទេស​អង់គ្លេស​កំពុង​បញ្ជូន​កម្លាំង​ទ័ព៨ពាន់​នាក់​ដើម្បី​ធ្វើ​សមយុទ្ធ​នៅ​ភាគ​ខាង​កើត​អឺរ៉ុបដើម្បី​បង្ហាញ​ភាព​ខ្លាំងក្លា​របស់​អឺរ៉ុប បន្ទាប់​ពី​រុស្ស៊ី​បាន​ឈ្លានពាន​លើ​អ៊ុយក្រែន។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP។
  • អភិបាល​ក្រុង Kharkiv បានថ្លែង​ថា ជនស៊ីវិល ​៥ នាក់​ ត្រូវបាន​សម្លាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍នៅ​ក្នុង​សកម្មភាព​បាញ់​គ្រាប់​ផ្តក់​ឥតឈប់ឈរ​របស់​ទាហាន​រុស្ស៊ី។ សំណង់​អគារ​ជាង ២ ពាន់​ខ្នង​នៅ​ក្នុង​ក្រុង​នេះ​ បាន​រង​ខូចខាត និង​បំផ្លាញ​ដោយសារ​អគ្គិភ័យចាប់តាំង​ពី​ពេល​រុស្ស៊ី​បាន​ចាប់ផ្តើម​ឈ្លានពាន​លើ​អ៊ុយក្រែន តាំង​ពី​ចុង​ខែ​កុម្ភៈ​មក។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP។
  • ក្រុម​រដ្ឋអាជ្ញា​អ៊ុយក្រែនថ្លែង​ថា ពួកគេ​បាន​កំណត់​អត្តសញ្ញាណ​ទាហាន​រុស្ស៊ី​ចំនួន ១០ នាក់ ដែល​សង្ស័យ​ថា​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាមនៅ​ស្រុក Buchaជាយ​រដ្ឋធានី​កៀវ​នៃ​ប្រទេស​អ៊ុយក្រែន។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP។
  • ប្រទេស​ហូឡង់​នឹង​បើក​ដំណើរការ​ស្ថានទូត​របស់​ខ្លួន​ឡើងវិញ​នៅ​រដ្ឋធានី​កៀវនៅ​ថ្ងៃ​សុក្រ​បន្ទាប់​ពី​បាន​បិទ​ក្នុង​រយៈពេល​ជាង​ពីរ​ខែ​មក​នេះ មុន​ពេល​ទាហាន​រុស្ស៊ី​ឈ្លានពាន​លើ​អ៊ុយក្រែន។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP។
  • រដ្ឋាភិបាល​រុស្ស៊ី​ចាត់ទុក​ជ័យជម្នះ​នៅ​ក្នុង​ «ការ​ប្រយុទ្ធ​ដើម្បី​តំបន់ Donbas» ថា​សំខាន់ បើសិន​ជា​រុស្ស៊ី​នឹង​សម្រេច​គោលដៅ​នានា​ដែល​រុស្ស៊ី​បាន​អះអាង​ថាដើម្បី​គ្រប់គ្រង​តំបន់​ Donetsk និង​តំបន់ Luhansk នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​តាម​ការ​លើកឡើង​របស់​ក្រសួង​ការពារ​ជាតិ​នៃ​ចក្រភព​អង់គ្លេសដែល​ត្រូវបាន​រាយការណ៍​ព័ត៌មាន​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ ​
  • ចក្រភព​អង់គ្លេស​នៅ​ថ្ងៃ​សុក្រថា ខ្លួន​បាន​បញ្ជូន​ក្រុម​អ្នក​ជំនាញ​ដើម្បី​ជួយ​អ៊ុយក្រែន​ប្រមូល​ភស្តុតាំង និង​ដើម្បី​កាត់ទោស​ឧក្រិដ្ឋកម្ម​សង្គ្រាម។ ក្រុម​អ្នក​ជំនាញ​នេះ​នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ប៉ូឡូញ​នៅ​ដើម​ខែ​ឧសភា។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រុស្ស៊ី​បាន​អះអាង​ថា ខ្លួន​បាន​ប្រើ​នាវា​មុជទឹក​នៅ​តំបន់​សមុទ្រ​ខ្មៅដើម្បី​វាយប្រហារ​លើ​គោលដៅ​ទាហាន​អ៊ុយក្រែន​ដោយ​ប្រើ​មីស៊ីល​បាញ់​តាម​នាវា​ Kalibr។ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​រដ្ឋាភិបាល​រុស្ស៊ី​បាន​ប្រកាស​ថា​បាន​ប្រើប្រាស់​នាវាចម្បាំង​មុជទឹក​ ដើម្បី​វាយប្រហារ​លើ​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ ​

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG