២១:៥០
២២.៤.២០២២
ថ្ងៃសុក្រ ទី ២២ ខែមេសា៖
- ប្រទេសអេស្ប៉ាញបានប្រកាសថាខ្លូនបានបើកស្ថានទូតរបស់ខ្លួនឡើងវិញនៅទីក្រុងកៀវ កាលពីថ្ងៃសុក្រដែលខ្លួនបានបិទបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ថា ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel នៅក្នុងការហៅទូរស័ព្ទកាលពីថ្ងៃសុក្របានជំរុញឱ្យប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទាក់ទងដោយផ្ទាល់ជាមួយសមភាគីអ៊ុយក្រែន លោក Volodymyr Zelenskyy ហើយបានអំពាវនាវឱ្យមានបទឈប់បាញ់នៅអ៊ុយក្រែន។
- សេវាប្រៃសណីយ៍ជាតិរបស់អ៊ុយក្រែន Ukrposhta បាននិយាយថា ខ្លួនត្រូវបានវាយប្រហារតាមអ៊ីនធឺណិតកាលពីថ្ងៃសុក្រ បន្ទាប់ពីតែមប្រៃសណីយ៍ដែលបង្ហាញពីទាហានអ៊ុយក្រែនម្នាក់ធ្វើកាយវិការប្រមាថទៅកាន់នាវាចម្បាំងរុស្ស៊ីបានចេញលក់លើអ៊ីនធឺណិត។ នេះបើយោងទីភ្នាក់ងារព័ត៌មាន Reuters។
- ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ថា អង្គការសហប្រជាជាតិនិយាយថា មានភស្តុតាងកាន់តែកើនឡើងដែលថារុស្ស៊ីបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន។ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ចង្អុលទៅសញ្ញានៃការបាញ់ផ្លោងមិនរើសមុខនិងការសម្លាប់ដោយមិនមានការកាត់ទោសត្រឹមត្រូវ។ លោកស្រី Michelle Bachelet នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បាននិយាយថា «កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានបាញ់ផ្លោង និងទម្លាក់គ្រាប់បែកមិនរើសមុខ សម្លាប់ជនស៊ីវិល និងបំផ្លាញមន្ទីរពេទ្យ សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដទៃទៀត ដែលជាសកម្មភាពដែលអាចឈានដល់ឧក្រិដ្ឋកម្មសង្រ្គាម»។
- នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson មានប្រសាសន៍ថា ចក្រភពអង់គ្លេសនឹងបើកស្ថានទូតរបស់ខ្លួនឡើងវិញនៅទីក្រុងកៀវ នៅសប្តាហ៍ក្រោយ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AP។ លោក Johnson បានធ្វើសេចក្តីប្រកាសនេះ ខណៈកំពុងបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌាកាលពីថ្ងៃសុក្រ។ អ្នកការទូតមកពីបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត បានចាប់ផ្តើមត្រឡប់ទៅរដ្ឋធានីអ៊ុយក្រែនវិញ បន្ទាប់ពីទាហានរុស្ស៊ីបានដកខ្លួនចេញពីទីក្រុងដើម្បីផ្តោតលើភាគខាងកើតអ៊ុយក្រែន។
- ទីភ្នាក់ងារព័ត៌មានរុស្ស៊ី RIA បានដកស្រង់សម្តីក្រសួងការពារជាតិកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនដើម្បីបញ្ឈប់ការបាញ់ដើម្បីឱ្យក្រុមអ្នកប្រយុទ្ធនៅឯរោងចក្រផលិតដែក Azovstal នៅទីក្រុងកំពង់ផែ Mariupol របស់ប្រទេសអ៊ុយក្រែន ចាកចេញពីរោងចក្រនោះ រួមជាមួយនឹងជនស៊ីវិលណាក៏ដោយដែលនៅតែមាននៅទីនោះ។ ទីភ្នាក់ងារព័ត៌មាន TASS រាយការណ៍ថា ក្រសួងនេះបាននិយាយថា ការអះអាងរបស់អ៊ុយក្រែន និងបណ្តាប្រទេសលោកខាងលិចមួយចំនួនដែលថារុស្ស៊ីកំពុងរារាំងជនស៊ីវិលពីការចាកចេញពីទីក្រុងគឺ «គ្មានមូលដ្ឋាន»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ឥណ្ឌា និងអង់គ្លេសបានជំរុញរុស្ស៊ីឱ្យប្រកាសបទឈប់បាញ់ភ្លាមៗនៅអ៊ុយក្រែន ខណៈដែលនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានប្រកាសពីជំហានដើម្បីជួយទីក្រុងញូវដេលីឱ្យជៀសឆ្ងាយពីការពឹងផ្អែកលើរុស្ស៊ីដោយការពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងការពារជាតិ។ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានប្រាប់អ្នកសារព័ត៌មានថា កិច្ចប្រជុំរបស់ពួកគេកាលពីថ្ងៃសុក្រ បានផ្តោតលើស្ថានភាពនៅអ៊ុយក្រែន ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការទូត និងការសន្ទនា។ ខណៈពេលដែលឥណ្ឌាបានថ្កោលទោសការសម្លាប់ជនស៊ីវិលនៅអ៊ុយក្រែន មកទល់ពេលនេះ ខ្លួនមិនបានរិះគន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AP។
- ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ក្រសួងការពារជាតិអ៊ុយក្រែនបានបរិហារផែនការប្រកាសដោយរុស្ស៊ីកាលពីថ្ងៃសុក្រ ដើម្បីគ្រប់គ្រងទាំងស្រុងលើតំបន់ Donbas និងភាគខាងត្បូងអ៊ុយក្រែនថាជា «ចក្រពត្តិនិយម»។ ក្រសួងបាននិយាយនៅលើ Twitter ថា «ពួករុស្ស៊ីបានឈប់លាក់បាំងបំណងនេះហើយ»។
- ប្រទេសរុស្ស៊ីគ្រោងនឹងត្រួតត្រាទាំងស្រុងលើតំបន់ Donbas និងតំបន់ភាគខាងត្បូងអ៊ុយក្រែន ក្នុងដំណាក់កាលទីពីរនៃអ្វីដែលខ្លួនហៅថា ប្រតិបត្តិការយោធាពិសេសរបស់ខ្លួន។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានរាយការណ៍នៅថ្ងៃសុក្រ។ សេចក្តីថ្លែងការណ៍របស់លោក Rustam Minnekayev ដែលជាមេបញ្ជាការរងគឺជាការលម្អិតបំផុតមួយអំពីមហិច្ឆតាចុងក្រោយបង្អស់របស់រដ្ឋាភិបាលរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ហើយបង្ហាញថា រុស្ស៊ីមិនមានផែនការដើម្បីបន្ថយការវាយលុករបស់ខ្លួននៅទីនោះក្នុងពេលឆាប់ៗនេះទេ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា ពលរដ្ឋអ៊ុយក្រែននៅតែបន្តទប់ទល់នៅក្នុងទីក្រុង Mariupol ផ្ទុយពីការអះអាងរបស់រុស្ស៊ីដែលថាខ្លួនបាន «រំដោះ» កំពង់ផែសមុទ្រ Azov បន្ទាប់ពីមានការបាញ់ផ្លោងយ៉ាងខ្លាំងក្លាជិតពីរខែ។ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putinកាលពីថ្ងៃព្រហស្បតិ៍បានអះអាងថាកងកម្លាំងរុស្ស៊ីបាន«រំដោះ» ទីក្រុង Mariupol ហើយបានបញ្ឈប់ការបញ្ជាឱ្យវាយលុករោងចក្រដែក Azovstal ដែលជាកន្លែងទាហានអ៊ុយក្រែនរាប់ពាន់នាក់នៅជាប់ជាមួយនឹងជនស៊ីវិលរាប់ពាន់នាក់ទៀត។ ប៉ុន្តែលោក Zelenskyy បាននិយាយនៅថ្ងៃសុក្រថា ការប្រយុទ្ធនៅតែបន្ត។ នេះបើយោងតាមវិទ្យុអឺរ៉ុបសេរី/វិទ្យុសេរីភាព។
- សម្តេចប៉ាបបានប្រាប់កាសែតអាហ្សង់ទីនមួយហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reutersថា ផែនការសម្រាប់សម្តេចប៉ាប Francis ជួបជាមួយសម្តេចសង្ឃរុស្ស៊ី Orthodox Kirill ដែលបានគាំទ្រសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន នៅខែមិថុនាត្រូវបានផ្អាក។ សម្តេចប៉ាប Francis បានប្រាប់កាសែតLa Nacion ក្នុងបទសម្ភាសន៍មួយថា លោកមានការសោកស្តាយដែលផែនការនេះត្រូវ«ផ្អាក»ពីព្រោះអ្នកការទូតរបស់បុរីវ៉ាទីកង់បានណែនាំថាកិច្ចប្រជុំបែបនេះ«អាចធ្វើឱ្យមានការភ័ន្តច្រឡំជាច្រើននៅពេលនេះ»។
- ទីភ្នាក់ងារសារព័ត៌មានAPបានរាយការណ៍ថា ស្ថានទូតរុស្ស៊ីនៅរដ្ឋធានីឆែក មានអាស័យ ដ្ឋានថ្មីមួយ បន្ទាប់ពីអាជ្ញាធរក្រុងប្រាក បានប្តូរឈ្មោះផ្នែកមួយនៃផ្លូវដែលស្ថានទូតនោះមានទីតាំង។ ពិធីផ្លូវការនៅថ្ងៃសុក្រនេះកើតឡើង បន្ទាប់ពីការសម្រេចចិត្តផ្លាស់ប្តូរឈ្មោះទៅជា «វីរជនអ៊ុយក្រែន» ត្រូវបានអនុម័តដោយសាលាក្រុងតាមសំណើរបស់សង្កាត់Prague៦ ដែលស្ថានទូតរុស្ស៊ីតាំងនៅទីនោះ។ អភិបាលក្រុងប្រាក លោក Zdenek Hrib បានបង្ហាញផ្លាកសញ្ញាផ្លូវថ្មីនៅចំពោះមុខឯកអគ្គរដ្ឋទូតអ៊ុយក្រែន។ លោកHribបាននិយាយកាលពីមុនថា ទង្វើនេះផ្តល់កិត្តិយសដល់ «ភាពក្លាហានមិនគួរឱ្យជឿរបស់អ្នកប្រយុទ្ធអ៊ុយក្រែន»។
- ខណៈដែលកងកម្លាំងរុស្ស៊ីបើកការវាយប្រហារទាំងស្រុងនៅភាគខាងកើតអ៊ុយក្រែន បស្ចិមប្រទេសកំពុងព្យាយាមផ្គត់ផ្គង់អាវុធទំនើបនិងធុនធ្ងន់ដល់រដ្ឋាភិបាលក្រុងកៀវ។ អ៊ុយក្រែនបានជំនះតស៊ូនៅសមរភូមិហើយកងកម្លាំងរុស្ស៊ីបានដកថយពីភាគខាងជើងអ៊ុយក្រែន។ ប៉ុន្តែអ្នកជំនាញនិយាយថា វិសាលភាពនៃជំនួយយោធារបស់ប្រទេសលោកខាងលិចទំនងជាកំណត់ដំណាក់កាលបន្ទាប់នៃសង្គ្រាម។
- អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Der Spiegel នៅពេលត្រូវបានសួរអំពីការខកខានរបស់ប្រទេសអាល្លឺម៉ង់ក្នុងការផ្តល់អាវុធធន់ធ្ងន់ដល់អ៊ុយក្រែនថា អង្គការអូតង់ត្រូវតែជៀសវាងការប្រឈមមុខដាក់គ្នាខាងយោធាដោយផ្ទាល់ជាមួយរុស្ស៊ីដែលអាចនាំឱ្យមានសង្គ្រាមលោកលើកទីបី។ លោក Scholz កំពុងប្រឈមមុខនឹងការរិះគន់កាន់តែខ្លាំងឡើងទាំងក្នុងប្រទេសនិងក្រៅប្រទេសចំពោះការស្ទាក់ ស្ទើររបស់រដ្ឋាភិបាលរបស់លោកក្នុងការបញ្ជូនអាវុធធន់ធ្ងន់ទៅកាន់សមរភូមិប្រយុទ្ធក្នុងប្រ ទេសអ៊ុយក្រែនដូចជារថក្រោះនិងកាំភ្លើងផ្លោង howitzers ដើម្បីជួយទប់ទល់នឹងការវាយប្រ ហាររបស់រុស្ស៊ី ទោះបីជាសម្ព័ន្ធមិត្តលោកខាងលិចផ្សេងទៀតបង្កើនការផ្តល់អាវុធក៏ដោយ។ នេះបើយោងតាមសារព៏ត៌មាន Reuters។
- មន្ត្រីអ៊ុយក្រែននិយាយថា ភស្តុតាងនៃរណ្តៅសពធំៗនៅខាងក្រៅទីក្រុង Mariupol បានលេចចេញហើយ។ រូបថតពីក្រុមហ៊ុនMaxar Technologies ដែលជាក្រុមហ៊ុនរូបភាពផ្កាយរណបរបស់សហរដ្ឋអាមេរិក បានបង្ហាញរូបភាពនៃរណ្តៅសពថ្មីៗយ៉ាងហោចណាស់ក៏២០០កន្លែងដែរនៅក្នុងទីប្រជុំជន Manhush។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានប្រាប់ធនាគារពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរបស់លោកត្រូវការជំនួយដល់ទៅ៧ពាន់លានដុល្លារក្នុងមួយខែ ហើយនឹងត្រូវការប្រាក់រាប់រយពាន់លានដើម្បីកសាងប្រទេសបន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ី។
- ទូរទស្សន៍BBCរបស់អង់គ្លេសបានរាយការណ៍ថាអភិបាលក្រុង Mariupol បានអំពាវនាវឱ្យមានការ«ជម្លៀសទាំងស្រុង» ចេញពីទីក្រុងនៅថ្ងៃសុក្រ។ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានទទួលជ័យជម្នះនៅក្នុងទីក្រុងនេះ ហើយអភិបាលក្រុងនេះនិយាយថាមនុស្សប្រហែល១០០.០០០ នាក់ស្ថិតនៅទីនោះនៅឡើយ។
- ទូរទស្សន៍Al Jazeeraបានរាយការណ៍ថា ស្ថាប័នគ្រប់គ្រងពិភពកីឡាហែលទឹកបានព្យួរតំណែងជើងឯករុស្ស៊ីលោក Evgeny Rylov រយៈពេល៩ខែ បន្ទាប់ពីលោកបានចូលរួមការជួបជុំមួយដើម្បីគាំទ្រការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ លោក Rylov បានឈ្នះមេដាយមាសអូឡាំពិកក្នុងវិញ្ញាសាហែលទឹកចម្ងាយ១០០និង ២០០ម៉ែត្រនៅទីក្រុងតូក្យូកាលពីឆ្នាំមុន។
- កាសែត The New York Timesបានរាយការណ៍ថា ការបាញ់កាំភ្លើងធំបានកើនឡើងកាន់តែខ្លាំងនៅជុំវិញទីក្រុង Kharkiv ប្រទេសអ៊ុយក្រែនរហូតដល់ព្រឹកថ្ងៃសុក្រ។
- អ៊ុយក្រែននឹងមិនប៉ុនប៉ងបើកច្រករបៀងមនុស្សធម៌ណាមួយដើម្បីជម្លៀសជនស៊ីវិលនៅថ្ងៃសុក្រទេ ពីព្រោះផ្លូវមានគ្រោះថ្នាក់ខ្លាំងពេក។ នេះបើតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍BBCដែលបានដកស្រង់សម្តីឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនអ្នកស្រី Iryna Vereshchuk ។
- ទូរទស្សន៍CNNបានរាយការណ៍ថា សមាជិកសភាអ៊ុយក្រែនម្នាក់បាននិយាយថា រុស្ស៊ីកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍ក្នុងអំឡុងពេលការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន។ អ្នកស្រីKira Rudikសមាជិកសភាអ៊ុយក្រែនបានប្រាប់ទូរទស្សន៍CNN ថា អាកប្បកិរិយារបស់ទាហានរុស្ស៊ីបង្ហាញថា រុស្ស៊ីមិនអាចជឿទុកចិត្តបានក្នុងការក្សាសន្តិភាពនាពេលអនាគត។ អ្នកស្រីថ្លែងថា «នេះជាមូលហេតុដែលយើងកំពុងពន្យល់ពិភពលោកថា អ្វីដែលកំពុងកើតឡើងក្នុងប្រទេសអ៊ុយក្រែនត្រូវបានគេហៅថាជាការប្រល័យពូជសាសន៍។ នេះជាមូលហេតុដែលយើងកំពុងពន្យល់ពិភពលោកថា អ្នកមិនអាចចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ីបានទេ ព្រោះបើប្រៀបធៀបទៅ ដូចជាការចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយHitlerអញ្ចឹង»។
- ព័ត៌មានស៊ើបការណ៍សម្ងាត់ថ្មីៗពីក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសឲ្យដឹងថា ការ បាញ់ផ្លោងនិងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅតែបន្តកើតមាននៅភាគខាងកើតតំបន់ Donbas។ ហើយការសម្រេចចិត្តរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្នុងការបិទរោងចក្រដែក Azovstal ជាជាងការបើកការឡោមព័ទ្ធទំនងជាមានបំណងដកកងកម្លាំងរុស្ស៊ីសម្រាប់ទីតាំងផ្សេងទៀតនៅភាគខាងកើតអ៊ុយក្រែន។
- ទូរទស្សន៍CNNបានរាយការណ៍ថា ជើងឯកវាយកូនបាល់តិន្នីស(Tennis)ជនជាតិរុស្សីលោក Andrey Rublev និយាយថាការសម្រេចចិត្តរបស់គណៈកម្មការការប្រកួតTennis Wimbledon ក្នុងការហាមឃាត់កីឡាកររុស្ស៊ីនិងបេឡារុស្សគឺ «មិនសមហេតុផល» និងជា«ការរើសអើង»។ លោក Rublev បាននិយាយថា «និយាយរួម យើងចង់ប្រកួត។ យើងមិនមកនិយាយរឿងនយោបាយទេ ព្រោះខ្ញុំមិនដឹងរឿងនេះទេ។ ខ្ញុំជាជនជាតិរុស្សី ខ្ញុំកើតនៅក្នុងប្រទេសរុស្ស៊ី ខ្ញុំបាន រស់នៅពេញមួយជីវិតរបស់ខ្ញុំនៅក្នុងប្រទេសរុស្ស៊ី ហើយខ្ញុំគ្រាន់តែចង់បង្ហាញថាយើងជាមនុស្សល្អ»។
- ប្រធានាធិបតីអ៊ុយក្រែននិយាយថា រុស្ស៊ីកំពុងរៀបចំផែនការបោះឆ្នោតឯករាជ្យនៅក្នុងតំបន់ដែលខ្លួនកាន់កាប់នានា នេះបើយោងតាមសារព័ត៌មានAFP។ ថ្លែងនៅក្នុងសារជាវីដេអូ កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអ៊ុយក្រែនលោកVolodymyr Zelensky បានជំរុញអ្នកស្រុកនៅតំបន់ដែលរុស្ស៊ីកាន់កាប់ថាមិនត្រូវផ្តល់ព័ត៌មានផ្ទាល់ខ្លួនណាមួយដល់រុស្ស៊ីដោយនិយាយថា ព័ត៌មាននោះនឹងត្រូវបានប្រើដើម្បីក្លែងបន្លំការបោះឆ្នោត។
២០:១៤
២៣.៤.២០២២
ថ្ងៃសៅរ៍ ទី ២៣ ខែមេសា៖
- លោក Oleksiy Arestovich ទីប្រឹក្សាម្នាក់របស់ប្រធានខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែន និយាយថា កងកម្លាំងរុស្ស៊ីកំពុងតែវាយប្រហារយ៉ាងខ្លាំងក្លាទៅលើរោងចក្រផលិតដែកថែបមួយ ដែលជាបន្ទាយការពារចុងក្រោយបង្អស់របស់កងកម្លាំងអ៊ុយក្រែននៅក្នុងទីក្រុងកំពង់ផែយុទ្ធសាស្ត្រ Mariupol ប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AP។
- ប្រទេសអ៊ុយក្រែនថានឹងប៉ុនប៉ងជាថ្មីទៀតនៅថ្ងៃសៅរ៍នេះដើម្បីជម្លៀសក្រុមជនស៊ីវិលពីទីក្រុងកំពង់ផែ Mariupol ដែលរងការបំផ្លិចបំផ្លាញច្រើន និងកាន់កាប់ភាគច្រើនដោយកងកម្លាំងរុស្ស៊ី ខណៈដែលក្តីសង្ឃឹមថាមានកិច្ចឈប់បាញ់នៅដំណាច់សប្តាហ៍ក្នុងថ្ងៃបុណ្យ Easter របស់គ្រិស្តសាសនានិកាយ Orthodox បានរសាយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ក្រុមមន្ត្រីអ៊ុយក្រែន និងអង់គ្លេសបានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា កងកម្លាំងរុស្ស៊ីកំពុងតែបង្កើនសកម្មភាពប្រយុទ្ធរបស់ខ្លួននៅក្នុងតំបន់ Donbas ប៉ែកខាងកើតប្រទេសអ៊ុយក្រែន នៅក្នុងការប៉ុនប៉ងដើម្បីដណ្ដើមយកទាំងស្រុងនូវតំបន់ឧស្សាហកម្មដ៏សំខាន់របស់អ៊ុយក្រែនមួយនេះ ប៉ុន្តែកងកម្លាំងរុស្ស៊ីជម្រុលទៅមុខបានបន្ដិចបន្ដួចប៉ុណ្ណោះ ដោយសារតែកងកម្លាំងប្រយុទ្ធរបស់អ៊ុយក្រែនតបតវិញយ៉ាងខ្លាំងក្លា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AP។
- អភិបាលតំបន់ Luhansk នៃប្រទេសអ៊ុយក្រែនបានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា កងកម្លាំងអ៊ុយក្រែនបានដកថយចេញពីតំបន់មួយចំនួនដើម្បីបង្កើតក្រុមឡើងវិញ ខណៈដែលមានការបាញ់ផ្តក់យ៉ាងខ្លាំងលើទីក្រុងទាំងអស់នៃតំបន់ Luhansk ដោយរុស្ស៊ីកំពុងបង្កើនការវាយលុករបស់ខ្លួននៅប៉ែកខាងកើតប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា កងកម្លាំងរបស់ខ្លួនបានបាញ់ទម្លាក់យន្ដហោះចម្បាំងប្រភេទ Su-25 មួយគ្រឿងរបស់អ៊ុយក្រែន និងបានបំផ្លាញឧទ្ធម្ភាគចក្រប្រភេទ MI-8 ចំនួន ៣ គ្រឿងនៅឯចំណតយន្ដហោះមួយក្នុងតំបន់ Kharkiv នៃប្រទេសអ៊ុយក្រែន។ នៅមិនទាន់មានប្រតិកម្មភា្លមៗណាមួយពីអ៊ុយក្រែនទាក់ទិននឹងការអះអាងរបស់រុស្ស៊ីនៅឡើយទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ទីក្រុងទាំងអស់ដែលគ្រប់គ្រងដោយអ៊ុយក្រែននៅតំបន់ Luhansk ប៉ែកខាងកើតអ៊ុយក្រែន ត្រូវបានកងកម្លាំងរុស្ស៊ីបាញ់គ្រាប់ផ្លោងចូលឥតឈប់ឈរនៅថ្ងៃសៅរ៍នេះ ហើយការបាញ់ផ្តក់កាន់តែខ្លាំងក្លាឡើង។ នេះបើតាមការថ្លែងតាមកញ្ចក់ទូរទស្សន៍របស់លោក Serhiy Haidai អភិបាលតំបន់ Luhansk ដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រទេសរុស្ស៊ីបញ្ចេញព័ត៌មានឱ្យដឹងថា នាវិកម្នាក់បានស្លាប់និង២៧នាក់បានបាត់ខ្លួន ក្រោយពីនាវាចម្បាំងមានផ្ទុកមីស៊ីល Moskva របស់ខ្លួនបានលិចកាលពីសប្ដាហ៍មុន ហើយនេះជាការបញ្ជាក់លើកដំបូងបង្អស់ដោយរដ្ឋាភិបាលក្រុងម៉ូស្គូអំពីការបាត់បង់នៅក្រោយសោកនាដកម្មនេះ។ រដ្ឋាភិបាលអ៊ុយក្រែននិងពួកមន្ត្រីខាងស៊ើបការណ៍សម្ងាត់ប្រទេសលោកខាងលិចបាននិយាយថា នាវាចម្បាំងនេះបានរងការវាយប្រហារដោយមីស៊ីលប្រឆាំងនឹងនាវារបស់ប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- រណ្ដៅសពដ៏ធំមួយទៀតត្រូវបានរកឃើញនៅខាងក្រៅទីក្រុង Mariupol ប្រទេសអ៊ុយក្រែន។ នេះបើតាមការបញ្ជាក់របស់ក្រុមប្រឹក្សាក្រុង និងទីប្រឹក្សាម្នាក់របស់អភិបាលក្រុងនេះ។ ក្រុមប្រឹក្សាក្រុងនេះបានបង្ហោះរូបថតពីផ្កាយរណបមួយដែលផ្ដល់ឲ្យដោយ Planet Labs ដែលបានបង្ហាញរណ្ដៅសពធំមួយដែលមានបណ្ដោយប្រវែង ៤៥ ម៉ែត្រ និងទទឹងប្រវែង ២៥ ម៉ែត្រ ដែលអាចដាក់សពអ្នកក្រុង Mariupol បានយ៉ាងហោចណាស់ចំនួន ១០០០។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AP។
- ក្រសួងការពារជាតិសហរដ្ឋអាមេរិកអញ្ជើញពួកសម្ព័ន្ធមិត្តចំនួន ៤០ ឱ្យទៅប្រជុំគ្នាក្នុងប្រទេសអាល្លឺម៉ង់នៅសប្តាហ៍ក្រោយដើម្បីពិភាក្សាគ្នាអំពីសេចក្តីត្រូវការខាងសន្តិសុខសម្រាប់រយៈពេលយូររបស់ប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- អង្គការសហប្រជាជាតិបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ក្នុងប្រទេសអ៊ុយក្រែននៅសប្តាហ៍ក្រោយ ក្រោយពីលោកទៅកាន់ក្រុងម៉ូស្គូដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អំពីសង្គ្រាមនៅអ៊ុយក្រែន។ លោក Guterres នឹងជួបលោក Zelenskyy និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍ គឺក្នុងរយៈពេលពីរថ្ងៃក្រោយលោកទៅបំពេញទស្សនកិច្ចនៅទីក្រុងម៉ូស្គូ។ វិមានក្រឹមឡាំងបានបញ្ជាក់ថាកាលពីថ្ងៃសុក្រថា លោក Putin នឹងជួបជាមួយលោក Guterres នៅថ្ងៃអង្គារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រទេសរុស្ស៊ីបាននិយាយថា ខ្លួនចង់ធ្វើការវាយលុកពេញទំហឹងដើម្បីកាត់ផ្តាច់ផ្នែកមួយនៃប្រទេសអ៊ុយក្រែន តែរដ្ឋាភិបាលក្រុងកៀវបានប្តេជ្ញាប្រយុទ្ធដើម្បីស្រោចស្រង់ប្រទេសខ្លួន នៅពេលដែលអង្គការសហប្រជាជាតិបានប្រមូលឯកសារអំពីជនស៊ីវិលរាប់សិបនាក់ត្រូវបានសម្លាប់នៅក្នុងក្រុងមួយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃសុក្រថា សកម្មភាពរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនអាចជាឧក្រិដ្ឋកម្មសង្គ្រាម ដោយរៀបរាប់អំពីការប្រហារជីវិតក្រុមជនស៊ីវិលនិងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក្នុងចំណោមការប្រព្រឹត្តល្មើសដែលតម្រូវឱ្យមានការស៊ើបអង្កេត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
០០:០១
២៥.៤.២០២២
ថ្ងៃអាទិត្យ ទី ២៤ ខែមេសា៖
- ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានស្នើសុំឱ្យមានការផ្ដល់ជំនួយជាអាវុធដ៏ខ្លាំងក្លារបស់បស្ចិមប្រទេស ខណៈដែលលោកត្រៀមខ្លួនដើម្បីជួបជាមួយបណ្ដាមន្ត្រីកំពូលរបស់សហរដ្ឋអាមេរិកនៅក្នុងរដ្ឋធានីកៀវនៅថ្ងៃអាទិត្យនេះ ហើយកងកម្លាំងរុស្ស៊ីបានផ្ដោតការវាយប្រហារនៅប៉ែកខាងកើតនៃប្រទេសអ៊ុយក្រែន ដោយរួមទាំងព្យាយាមកម្ចាត់កម្លាំងទ័ពចុងក្រោយរបស់អ៊ុយក្រែន នៅក្នុងទីក្រុងកំពង់ផែ Mariupol ផងដែរ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានប្រកាសអំពីគម្រោងទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Lloyd Austin ក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានរយៈពេលដ៏វែងមួយ កាលពីយប់ថ្ងៃសៅរ៍ នៅស្ថានីយរថភ្លើងក្រោមដីមួយក្នុងរដ្ឋធានីកៀវ។ សេតវិមាននៅមិនទាន់ផ្ដល់អត្ថាធិប្បាយណាមួយនៅឡើយទេអំពីរឿងនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AP។ - សម្ដេចប៉ាប Francis បានអំពាវនាវឱ្យផ្អាកការវាយប្រហារនៅក្នុងប្រទេសអ៊ុយក្រែននៅថ្ងៃអាទិត្យនេះ ដើម្បីឱ្យជំនួយអាចដឹកជញ្ជូនទៅដល់ប្រជាជនដែលត្រូវការ។ សម្ដេចក៏បានអំពាវនាវដល់ក្រុមមេដឹកនាំឱ្យ«ស្ដាប់សំឡេងរបស់ប្រជាជន» ដែលភ័យខ្លាចថា សង្គ្រាមនេះនឹងកាន់តែរីកធំឡើង។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ថ្លែងទៅកាន់ប្រជាជនរាប់ម៉ឺននាក់នៅទីលាន St. Peter's Square ក្នុងទីក្រុងវ៉ាទីកង់ សម្ដេចប៉ាប Francis បានគូសបញ្ជាក់ថា ថ្ងៃនេះជាថ្ងៃដែលអ្នកកាន់សាសនាគ្រិស្ដភាគច្រើន ទាំងនិកាយ Orthodox និងនិកាយ Catholics ប្រារព្ធថ្ងៃបុណ្យ Easter ដែលត្រូវនឹងរយៈពេលពីរខែនៃសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន។ សម្ដេចប៉ាបបានថ្លែងតាមកញ្ចក់បង្អួចថា៖ «ជាជាងបញ្ឈប់សង្គ្រាម សង្គ្រាមនេះកាន់តែអាក្រក់ឡើងៗទៅវិញ។ - តួលេខជនជាតិអ៊ុយក្រែនដែលបានរត់ភៀសខ្លួនពីប្រទេសនេះ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីកាលពីពីរខែមុនមក មានចំនួនជិត ៥ លាន ២ សែននាក់ហើយ។ នេះបើយោងតាមការបញ្ជាក់របស់ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិនៅថ្ងៃអាទិត្យនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ថ្លែងថា លោកបានពិភាក្សាជាមួយប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan អំពីភាពចាំបាច់ក្នុងការជម្លៀសជនស៊ីវិលជាបន្ទាន់ពីទីក្រុង Mariupol ដែលត្រូវបានកងទ័ពរុស្ស៊ីឡោមព័ទ្ធ។ មេដឹកនាំទាំងពីរនាក់បានពិភាក្សាគ្នានៅមុនជំនួបរបស់លោក Erdogan ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។
- ចក្រភពអង់គ្លេសបានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា៖ «វាជាការល្អ បើសិនជាបារាំងនិងអាល្លឺម៉ង់ ធ្វើកិច្ចការច្រើនជាងនេះ» ដើម្បីជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជួយដល់ប្រទេសអ៊ុយក្រែន ដោយព្រមានថា លទ្ធភាពដែលរុស្ស៊ីអាចទទួលបានជ័យជម្នះ «នៅតែអាចទៅរួច»។
លោករដ្ឋមន្ត្រី Oliver Dowden បានថ្លែងប្រាប់បណ្ដាញព័ត៌មាន BBC ថា បស្ចិមប្រទេសគួរតែ«បន្ដដាក់គំនាបលើរុស្ស៊ី» ខណៈដែលរុស្ស៊ីបង្កើនការវាយប្រហារនៅប៉ែកខាងត្បូង និងប៉ែកខាងកើតអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។ - មេបញ្ជាការកងទ័ពអ៊ុយក្រែន លោក Svyatoslav Palamar ថ្លែងនៅក្នុងសារនៅថ្ងៃបុណ្យ Easter របស់សាសនាគ្រិស្ដថា កងកម្លាំងរុស្ស៊ីកំពុងបន្ដវាយប្រហារនៅក្នុងទីក្រុង Mariupol។ លោកបានថ្លែងនៅថ្ងៃអាទិត្យនេះថា៖ កងកម្លាំងរុស្ស៊ីកំពុងវាយប្រហារនៅក្នុងទីក្រុង Mariupol ដោយមិនយកចិត្តទុកដាក់នឹងតម្រូវការនៃការជម្លៀសជនស៊ីវិលចេញនោះទេ ហើយកងទ័ពរុស្ស៊ីបានឡោមព័ទ្ធកងទ័ពអ៊ុយក្រែន។ លោកបានថ្លែងយ៉ាងដូច្នេះថា៖ «ព្រះយេស៊ូរស់ឡើងវិញ ប្រជាជនអ៊ុយក្រែនជាទីស្នេហា ថ្ងៃនេះគឺជាថ្ងៃបុណ្យដ៏សំខាន់មួយ ប៉ុន្តែសត្រូវនៅតែបន្ដទម្លាក់គ្រាប់បែកពីលើអាកាស បាញ់កាំភ្លើងធំ រថពាសដែករបស់សត្រូវបន្ដវាយកម្ទេច ហើយកងទ័ពព្យាយាមសម្លាប់មនុស្ស»។ នេះបើយោងតាមបណ្ដាញព័ត៌មាន CNN។
- ក្រុមមន្ត្រីសេតវិមាននិយាយថា នឹងមានការប្រកាសផ្ដល់ជំនួយបន្ថែមទៀតពីសហរដ្ឋអាមេរិកដល់អ៊ុយក្រែន។ លោក Jon Finer ទីប្រឹក្សារងទទួលបន្ទុកកិច្ចការសន្ដិសុខជាតិនៃសេតវិមាន បានថ្លែងនៅថ្ងៃអាទិត្យថា គេរំពឹងថានឹងមានការប្រកាសផ្ដល់ជំនួយបន្ថែមទៀតពីសហរដ្ឋអាមេរិកដល់អ៊ុយក្រែន «ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ» ដោយលោកបានគូសបញ្ជាក់អំពីប្រាក់រាប់ពាន់លានដុល្លារ ជាជំនួយសន្ដិសុខដែលសហរដ្ឋអាមេរិកបានផ្ដល់ដល់អ៊ុយក្រែន។ នេះបើយោងតាមបណ្ដាញព័ត៌មាន CNN។
- សមាជិកសភាសហរដ្ឋអាមេរិកខាងគណបក្សសាធារណរដ្ឋ អ្នកស្រី Victoria Spartz នៃរដ្ឋ Illinois នៅថ្ងៃអាទិត្យនេះ ជំរុញឱ្យសហរដ្ឋអាមេរិកចាប់ផ្ដើមធ្វើកិច្ចការការទូតនៅក្នុងប្រទេសអ៊ុយក្រែនឡើងវិញ។ អ្នកស្រី Spartz គឺជាសមាជិកសភាសហរដ្ឋអាមេរិកដំបូងបង្អស់ដែលបានកើតក្នុងប្រទេសអ៊ុយក្រែន។ អ្នកស្រីបានថ្លែងថា ចំណាត់ការនេះនឹងផ្ញើជា«សារដ៏ខ្លាំងក្លាមួយទៅកាន់ប្រជាជនអ៊ុយក្រែន»។ នេះបើយោងតាមបណ្ដាញព័ត៌មាន CNN។
- ក្រុមមន្ត្រីអ៊ុយក្រែននិយាយថា កងកម្លាំងរុស្ស៊ីបានវាយប្រហារតាមផ្លូវអាកាសថ្មីមួយទៅលើរោងចក្រផលិតដែកថែប Azovstal នៅក្នុងទីក្រុង Mariupol ដែលកងកម្លាំងអ៊ុយក្រែនបានក្រាញននៀលនៅទីនោះ ដោយមិនព្រមធ្វើតាមការទាមទាររបស់រុស្ស៊ីឱ្យពួកគេចុះចាញ់។
- ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy រិះគន់ការសម្រេចមួយរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក្នុងការធ្វើទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី នៅថ្ងៃអង្គារ ដោយមិនព្រមធ្វើដំណើរទៅកាន់រដ្ឋធានីកៀវនៃប្រទេសអ៊ុយក្រែនមុន។ លោក Guterres នឹងជួបជាមួយនឹងលោក Zelenskyy នៅថ្ងៃព្រហស្បតិ៍ ប៉ុន្តែមេដឹកនាំអ៊ុយក្រែនរូបនេះបានអះអាងថា «គ្មានយុត្តិធម៌ និងមិនសមហេតុផលទេ» ដែលលោកធ្វើទស្សនកិច្ចនៅរុស្ស៊ីមុន»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រធានគណៈកម្មការសហភាពអឺរ៉ុប អ្នកស្រី Ursula von der Leyen បានអញ្ជើញទៅដល់ប្រទេសឥណ្ឌា ដើម្បីដាក់សម្ពាធដល់បណ្ដាមេដឹកនាំឥណ្ឌាឱ្យចាប់យកជំហរអព្យាក្រឹតទាក់ទិននឹងសង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- រុស្ស៊ីបានបំពាក់ឧបករណ៍បាញ់គ្រាប់មីស៊ីលចល័តប្រភេទ Iskander-M ក្នុងចម្ងាយ ៦០ គីឡូម៉ែត្រពីព្រំប្រទល់ប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការបញ្ជាក់របស់យោធាអ៊ុយក្រែន។ ប្រព័ន្ធបាញ់គ្រាប់មីស៊ីលចល័តទាំងពីរគ្រឿងនេះអាចបាញ់បានចម្ងាយរហូតដល់ ៥០០ គីឡូម៉ែត្រ និងអាចបំពាក់គ្រាប់ផ្ទុះធម្មតា ឬគ្រាប់នុយក្លេអ៊ែរបាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានអំពាវនាវជាថ្មីម្ដងទៀតឱ្យមានជំនួបជាមួយនឹងមេដឹកនាំរុស្ស៊ី លោក Vladimir Putin ដើម្បី «បញ្ចប់សង្គ្រាម»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។ លោក Zelenskyy បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯស្ថានីយរថភ្លើងក្រោមដីមួយក្នុងរដ្ឋធានីកៀវថា៖ «ខ្ញុំគិតថា នរណាដែលបានចាប់ផ្ដើមសង្គ្រាមនេះ អាចនឹងបញ្ចប់វាបាន»។ លោកបានថ្លែងទៀតថា លោកមិន «ខ្លាចនឹងជួប» ជាមួយនឹងលោក Putin នោះទេ ប្រសិនបើជំនួបនោះអាចឈានដល់កិច្ចព្រមព្រៀងសន្ដិភាពរវាងប្រទេសទាំងពីរនោះ។
- ក្រុមមន្ត្រីចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃសៅរ៍ថា កងកម្លាំងរុស្ស៊ីមិនបានដណ្ដើមបានដែនដីអ៊ុយក្រែនច្រើនជាងមុនខ្លាំងនោះទេ បើទោះជារុស្ស៊ីបានប្រកាសអំពីការបង្កើនការវាយប្រហារនៅប៉ែកខាងកើតអ៊ុយក្រែនក៏ដោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AP។
- សារព័ត៌មាន The New York Times រាយការណ៍ថា ប្រទេសអង់គ្លេសគ្រោងនឹងបើកស្ថានទូតរបស់ខ្លួនឡើងវិញនៅក្នុងរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន ចាប់តាំងពីបានបិទកាលពីខែកុម្ភៈមក។ អង់គ្លេសគឺជាប្រទេសទី ២១ ហើយដែលបានប្រកាសយ៉ាងដូច្នេះ។
- ទាហានរុស្ស៊ីយ៉ាងហោចណាស់ចំនួន ២១.៦០០ នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនកាលពីថ្ងៃសៅរ៍។ អ៊ុយក្រែនបានបង្ហោះសារថា រុស្ស៊ីក៏បានបាត់បង់រថពាសដែកចំនួន ៨៥៤ គ្រឿង យានយន្ដដឹកអាវុធចំនួន ២.២០៥ គ្រឿង យានយន្ដចំនួន ១.៥៤៣ គ្រឿង ប្រព័ន្ធបាញ់គ្រាប់កាំភ្លើងធំចំនួន ៤០៣ គ្រឿង ប្រព័ន្ធបាញ់រ៉ុក្កែតចំនួន ១៤៣ គ្រឿង ប្រព័ន្ធការពារពីយន្ដហោះចម្បាំងចំនួន ៦៩ គ្រឿង ឧទ្ធម្ភាគចក្រចំនួន ១៥៤ គ្រឿង យន្ដហោះចម្បាំងចំនួន ១៧៧ គ្រឿង ធុងប្រេងចំនួន ៧៦ យន្ដហោះប្រភេទ UAVs ចំនួន ១៨២ គ្រឿង និងនាវាចំនួន ៨ គ្រឿងផងដែរ។
២២:៣៣
២៥.៤.២០២២
ថ្ងៃចន្ទ ទី ២៥ ខែមេសា៖
- ប្រធានគណៈកម្មការអឺរ៉ុបនៃសហភាពអឺរ៉ុបអ្នកស្រី Ursula von der Leyen បាននិយាយនៅថ្ងៃចន្ទនេះថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានប៉ះពាល់ដល់សន្តិសុខរបស់ឥណ្ឌានៅក្នុងតំបន់។ អ្នកស្រីថ្លែងដូច្នេះនៅក្នុងអំឡុងដំណើរទស្សនកិច្ចរបស់អ្នកស្រីទៅកាន់រដ្ឋធានីញូវដែលី ប្រទេសឥណ្ឌា ក្នុងគោលបំណងពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រឱ្យកាន់តែជ្រាលជ្រៅជាងមុន។ អ្នកស្រីគឺជាមន្ត្រីការទូតបស្ចិមប្រទេសមួយរូបទៀតដែលជំរុញប្រទេសឥណ្ឌាទាក់ទិននឹងជំហរអព្យាក្រឹត្យរបស់ឥណ្ឌានៅក្នុងសង្គ្រាមនៅអ៊ុយក្រែន។ អ្នកស្រីបានថ្លែងប្រាប់អ្នកចូលរួមក្នុងកិច្ចសន្ទនា Raisina Dialogue ដែលជាសន្និសីទប្រចាំឆ្នាំស្ដីពីភូមិសាស្ត្រនយោបាយនៅក្នុងទីក្រុងញូវដែលីថា៖ «លទ្ធផលនៃសង្គ្រាមនេះនឹងមិនត្រឹមតែប៉ះពាល់ដល់អនាគតរបស់ទ្វីបអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់យ៉ាងខ្លាំងដល់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកផងដែរ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- កាសែត Iltalehti នៅហ្វាំងឡង់ និងកាសែត Expressen នៅស៊ុយអែតបានរាយការណ៍នៅថ្ងៃចន្ទនេះថា ប្រទេសហ្វាំងឡង់និងប្រទេសស៊ុយអែតនឹងបង្ហាញអំពីគោលបំណងរបស់ខ្លួននៅក្នុងការចូលជាសមាជិករបស់អង្គការអូតង់ (NATO) នៅខែឧសភាខាងមុខ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- លោក Dmitry Polyanskiy ដែលជាអ្នកតំណាងរងអចិន្ត្រៃយ៍ទីមួយប្រចាំអង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃចន្ទនេះថា គ្មានប្រយោជន៍ណាមួយនៅក្នុងការមានបទឈប់បាញ់គ្នានៅក្នុងប្រទេសអ៊ុយក្រែននៅដំណាក់កាលនេះទេ ដោយសារតែរដ្ឋាភិបាលអ៊ុយក្រែនទំនងជានឹងប្រើបទឈប់បាញ់គ្នានេះជាឱកាសមួយដើម្បីព្យាយាមបង្ខូចកេរ្តិ៍ឈ្មោះរបស់រុស្ស៊ី។ ទីភ្នាក់ងារព័ត៌មាន RIA របស់រុស្ស៊ីបានដកស្រង់សម្ដីរបស់លោក Polyanskiy ដែលបានបញ្ជាក់ថា៖ «រដ្ឋាភិបាលអ៊ុយក្រែនបានធ្វើឱ្យអន្តរាយដល់កិច្ចប្រឹងប្រែងរបស់រុស្ស៊ីនៅក្នុងការបើកច្រករបៀងមនុស្សធម៌ ដូច្នេះយើងគិតថា បទឈប់បាញ់គ្នាគឺមិនមែនជាជម្រើសដ៏ល្អនៅពេលនេះទេ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រទេសរុស្ស៊ីបានបណ្ដេញមន្ត្រីការទូតអាល្លឺម៉ង់ ៤០ នាក់ចេញពីប្រទេស ដើម្បីជាការឆ្លើយតបទៅនឹងការបណ្ដេញចេញរបស់អាល្លឺម៉ង់នូវមន្ត្រីការទូតរុស្ស៊ីក្នុងចំនួនដូចគ្នានេះដែរកាលពីខែមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Associated Press។
- តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នឹងចូលរួមនៅក្នុងក្រុមរួមមួយដែលស៊ើបអង្កេតលើការចោទប្រកាន់អំពីឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនបន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន។ នេះបើតាមការបញ្ជាក់របស់ទីភ្នាក់ងារសហភាពអឺរ៉ុបសម្រាប់កិច្ចសហប្រតិបត្តិការយុត្តិធម៌ព្រហ្មទណ្ឌនៅថ្ងៃចន្ទនេះ។ ទីភ្នាក់ងារ Eurojust របស់សហភាពអឺរ៉ុបថា រដ្ឋអាជ្ញាតុលាការ ICC លោក Karim Khan និងអគ្គរដ្ឋអាជ្ញាមកពីប្រទេសលីទុយអានី ប៉ូឡូញ និងអ៊ុយក្រែនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយសម្រាប់ការចូលរួមជាលើកដំបូងបង្អស់របស់តុលាការ ICC នៅក្នុងក្រុមស៊ើបអង្កេតមួយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ក្រសួងការពារជាតិអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃចន្ទនេះថា ប្រទេសរុស្ស៊ីបានបន្តវាយប្រហារលើតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ប៉ុន្តែត្រូវបានរុញច្រានទៅវិញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។ អ្នកនាំពាក្យក្រសួងការពារជាតិអ៊ុយក្រែនលោក Oleksandr Motuzyanyk បាននិយាយថា កងទ័ពរុស្ស៊ីបានប៉ុនប៉ងបំបែករបាំងការពាររបស់ក្រុងមួយចំនួនដូចជាក្រុង Rubizhne ក្រុង Popasna ក្រុង Sievierodonetsk ក្រុង Maryinka និងក្រុង Avdiivka និងបានប៉ុនប៉ងរុលចូលពីក្រុង Izyum ទៅកាន់ក្រុង Barvinkove និងក្រុង Sloviansk។
- អាជ្ញាធរអ៊ុយក្រែនបានបញ្ជាក់ថា មនុស្សយ៉ាងតិច ៥ នាក់ត្រូវបានសម្លាប់ដោយសារការវាយប្រហាររបស់រុស្ស៊ីលើតំបន់ Vynnytsia នៅភាគកណ្ដាលប្រទេសអ៊ុយក្រែននៅថ្ងៃចន្ទនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Associted Press។ រដ្ឋអាជ្ញាតំបន់ Vynnytsia បាននិយាយថា មនុស្ស ១៨ នាក់ទៀតបានរងរបួសនៅថ្ងៃចន្ទនេះនៅក្នុងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីនៅលើក្រុង Zhmerynka និងក្រុង Koziatyn។
- ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តនៅថ្ងៃចន្ទនេះលើការលក់ «អាវុធយុទ្ធភណ្ឌមិនតាមស្ដង់ដា» ក្នុងទឹកប្រាក់ ១៦៥ លានដុល្លារដល់ប្រទេសអ៊ុយក្រែន។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។ សេចក្ដីជូនដំណឹងនេះបានបញ្ជាក់ថា ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារនៃក្រសួងការពារជាតិសហរដ្ឋអាមេរិកបានជូនដំណឹងអំពីការលក់នេះដល់សភាសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យម្សិលមិញ។ នេះបើយោងតាមបណ្ដាញព័ត៌មាន CNN។
- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នៅថ្ងៃចន្ទបានតែងតាំងអ្នកស្រី Bridget Brink ដែលបច្ចុប្បន្ននេះជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសស្លូវ៉ាគី ឱ្យធ្វើជាឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការបញ្ជាក់របស់សេតវិមាននៅក្នុងសេចក្ដីថ្លែងការណ៍មួយ។ តំណែងជាឯកអគ្គរដ្ឋទូតនេះចាំបាច់ត្រូវទទួលបានការអនុម័តពីព្រឹទ្ធសភា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់នៅថ្ងៃចន្ទថា ខ្លួនបានចាប់ខ្លួនសមាជិកនៃក្រុម «ភេរវករណាហ្ស៊ីបែបថ្មី» នៅក្នុងប្រទេសរុស្ស៊ី ដែលត្រូវបានចោទប្រកាន់ថាមានផែនការធ្វើឃាតពិធីករទូរទស្សន៍លោក Vladimir Solovyov តាមការបញ្ជារបស់អ៊ុយក្រែន។ លោក Vladimir Solovyov គឺជាអ្នកដែលមានទំនោររករដ្ឋាភិបាលរុស្ស៊ី។ ទីភ្នាក់ងារសន្តិសុខ FSB របស់រុស្ស៊ីបានលើកឡើងថា ក្រុមនេះ «បានសារភាពថាបានរៀបចំធ្វើឃាតលោក Solovyov ហើយបន្ទាប់ពីនោះមកពួកគេមានផែនការគេចទៅបរទេស»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់នៅថ្ងៃចន្ទថា រុស្ស៊ីបានវាយប្រហារដោយមីស៊ីលរយៈចម្ងាយឆ្ងាយលើរោងចក្រ Kremenchuk ដែលជារោងចក្រចម្រាញ់ប្រេងឥន្ធនៈរបស់អ៊ុយក្រែន និងបានវាយប្រហារចំមូលដ្ឋានយោធាមួយចំនួនរបស់អ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនអ្នកស្រីIryna Vereshschukបាននិយាយថា ប្រទេសអ៊ុយ ក្រែនមិនទាន់បានសម្រេចកិច្ចព្រមព្រៀងណាមួយជាមួយនឹងប្រទេសរុស្ស៊ីទាក់ទិននឹងការបង្កើតច្រករបៀងមនុស្សធម៌ដើម្បីជម្លៀសជនស៊ីវិលចេញពីទីក្រុង Mariupol នៅថ្ងៃចន្ទនេះទេ។ អ្នកស្រី Vereshschuk បានបញ្ជាក់តាម Telegram ថា៖ «វាជាការសំ ខាន់ដែលត្រូវយល់ថាច្រករបៀងមនុស្សធម៌អាចបើកបាននៅពេលណាដែលមានការព្រមព្រៀងពីភាគីទាំងសងខាងតែប៉ុណ្ណោះ។ ច្រករបៀងដែលប្រកាសជាឯកតោភាគីមិនអាចផ្ដល់សន្តិសុខបានទេ ដូច្នេះវាមិនមែនជាច្រករបៀងមនុស្សធម៌នោះឡើយ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់នៅថ្ងៃចន្ទនេះថាខ្លួននឹងបើកច្រករបៀងមនុស្ស ធម៌មួយសម្រាប់ជនស៊ីវិលនៅក្នុងការចាកចេញពីតំបន់ជុំវិញរោងចក្រដែកថែប Azovstal នៅក្នុងទីក្រុងMariupol។ ទីតាំងនេះគឺជាកន្លែងតស៊ូក្រាញននាលចុង ក្រោយរបស់កងទ័ពអ៊ុយក្រែននៅក្នុងទីក្រុង Mariupol ដោយកងទ័ពទាំងនេះបានបដិសេធមិនព្រមចុះចាញ់តាមការទាមទាររបស់រុស្ស៊ី។
- ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសនៅថ្ងៃចន្ទអំពីការផ្អាកការវាយប្រយុទ្ធគ្នានៅជុំវិញរោងចក្រដែកថែបAzovstalនៅក្នុងទីក្រុងMariupol ដើម្បីអនុញ្ញាតឱ្យមានការជម្លៀសជនស៊ីវិលចេញពីតំបន់ឧស្សាហកម្មនេះ។ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា កងទ័ពរុស្ស៊ី «ចាប់ពីម៉ោង២ រសៀលម៉ោងនៅក្នុងរដ្ឋធានីមូស្គូនៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២២ នឹងបញ្ឈប់ដោយឯកតោភាគីនូវអរិភាពណាមួយ ដកកងកម្លាំងទៅកាន់ទីតាំងមួយដែលមានគម្លាតសុវត្ថិភាពនិងធានាឱ្យមានការជម្លៀស»ជនស៊ីវិល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- សហភាពអឺរ៉ុបកំពុងរៀបចំ«ទណ្ឌកម្មបែបវ័យឆ្លាត» ដើម្បីដាក់លើការនាំចូលប្រេងឥន្ធនៈពីប្រទេសរុស្ស៊ី។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់កាសែត The Times នៅថ្ងៃចន្ទ ដែលយោងលើការបញ្ជាក់របស់អនុប្រធានគណៈកម្មការអឺរ៉ុបលោក Valdis Dombroskis។ លោក Dombroskis បាននិយាយដូច្នេះថា៖ «យើងកំពុងធ្វើការលើកញ្ចប់ទណ្ឌកម្មទី ៦ ហើយរឿងមួយដែលយើងកំពុងពិចារណាគឺទម្រង់ខ្លះនៃការដាក់ទណ្ឌកម្មលើប្រេងឥន្ធនៈ។ នៅពេលយើងដាក់ទណ្ឌកម្ម យើងចាំបាច់ត្រូវធ្វើតាមវិធីដែលដាក់សម្ពាធជាអតិបរមាលើរុស្ស៊ីនិងកាត់បន្ថយឱ្យបានច្រើនបំផុតនូវការខូច ខាតដោយចៃដន្យណាមួយលើខ្លួនយើង»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- លោក Anatoly Antonov ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងស្ថានីយទូរទស្សន៍ Rossiya 24 របស់រុស្ស៊ីថា រដ្ឋាភិបាលរុស្ស៊ីបានព្រមានរដ្ឋាភិបាលសហរដ្ឋអាមេរិកមិនឱ្យបញ្ជូនសព្វាវុធបន្ថែមទៀតឱ្យអ៊ុយក្រែន។ លោកបានលើកឡើងដូច្នេះថា៖ «យើងសង្កត់ធ្ងន់អំពីការមិនអាចទទួលយកបាននូវស្ថានការណ៍នេះ នៅពេលដែលសហរដ្ឋអាមេរិកបញ្ជូនសព្វាវុធឱ្យអ៊ុយក្រែន ហើយយើងទាមទារឱ្យមានការបញ្ចប់ការធ្វើដូច្នេះ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បាននិយាយនៅថ្ងៃចន្ទថា សហរដ្ឋអាមេរិកជឿថាប្រទេសអ៊ុយក្រែនអាចឈ្នះសង្គ្រាមប្រឆាំងនឹងរុស្ស៊ី ប្រសិនបើអ៊ុយក្រែនមាន «សព្វាវុធត្រឹមត្រូវ»។ លោក Austin បានប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីលោកនិងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានជួបជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ថា៖ «ជំហានដំបូងដើម្បីឈ្នះគឺត្រូវជឿថាយើងអាចឈ្នះ»។ លោកបានបន្ថែមថា៖ «យើងជឿថាយើងអាចឈ្នះ។ ពួកគេ [ពលរដ្ឋអ៊ុយក្រែន] អាចឈ្នះ ប្រសិនបើពួកគេមានសព្វាវុធត្រឹមត្រូវ ការគាំទ្រត្រឹមត្រូវ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បាននិយាយនៅថ្ងៃចន្ទថា សហរដ្ឋអាមេរិកចង់ឱ្យសមត្ថភាពយោធារបស់រុស្ស៊ីចុះខ្សោយដើម្បីកុំឱ្យរុស្ស៊ីអាចធ្វើការឈ្លានពានណាមួយបានទៀត។ លោកថ្លែងដូច្នេះ បន្ទាប់ពីលោកនិងរដ្ឋមន្ត្រីការបរ ទេសអាមេរិកលោក Antony Blinken ត្រឡប់មកពីដំណើរទស្សនកិច្ចនៅក្នុងរដ្ឋធានីកៀវនៃប្រទេសអ៊ុយក្រែន។ លោក Austin បានប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីលោកនិងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានជួបជាមួយនឹងប្រធា នាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ថា៖ «យើងចង់ឃើញរុស្ស៊ីចុះខ្សោយឱ្យដល់កម្រិតដែលរុស្ស៊ីមិនអាចធ្វើអ្វីដូចដែលខ្លួនបានធ្វើនៅក្នុងការឈ្លានពានលើអ៊ុយក្រែន»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយនៅថ្ងៃចន្ទថា ប្រទេសរុស្ស៊ីកំពុងបរាជ័យសម្រាប់គោលបំណងធ្វើសង្គ្រាមរបស់ខ្លួន ហើយអ៊ុយក្រែនកំពុងឈ្នះ។ លោកថ្លែងដូច្នេះ បន្ទាប់ពីលោកនិងរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austinបានជួបជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និងមន្ត្រីអ៊ុយក្រែននៅក្នុងរដ្ឋធានីកៀវនៃប្រទេសអ៊ុយក្រែន។ លោក Blinken បានបញ្ជាក់នៅក្នុងសន្និសីទកាសែតមួយនៅក្នុងប្រទេសប៉ូឡូញនៅក្រោយដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែនថា៖ «ទាក់ទិននឹងគោលបំណងធ្វើសង្គ្រាមរបស់រុស្ស៊ី រុស្ស៊ីបានបរាជ័យរួចទៅហើយ ហើយអ៊ុយក្រែនក៏បានទទួលជោគ ជ័យរួចហើយដែរ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានប្រាប់អ្នកកាសែតនៅក្នុងប្រទេសប៉ូឡូញ បន្ទាប់ពីបានធ្វើទស្សនកិច្ចជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Lloyd Austin ទៅកាន់រដ្ឋធានីកៀវនៃប្រទេសអ៊ុយក្រែនថា ទោះបីជារុស្ស៊ីកំពុងព្យាយាម «វាយប្រហារយ៉ាងឃោរឃៅ» លើផ្នែកមួយចំនួននៃប្រទេសអ៊ុយក្រែនក៏ ដោយ ក៏ «ពលរដ្ឋអ៊ុយក្រែននៅតែរឹងមាំ ដោយមានការគាំទ្រដែលសហរដ្ឋអាមេរិកបានសម្របសម្រួលពីជំុវិញពិភពលោក»។ លោក Blinken បញ្ជាក់ដូច្នេះថា៖ «យើងចង់ធ្វើអ្វីៗទាំងអស់ដែលយើងអាចដើម្បីជួយពលរដ្ឋអ៊ុយក្រែនឱ្យបញ្ចប់សង្គ្រាមនេះក្នុងលក្ខខណ្ឌប្រសើរបំផុតដែលអាចទៅរួចឱ្យបានឆាប់តាមដែលអាចធ្វើបាន»។
- មន្ត្រីរដ្ឋាភិបាលអាមេរិកបានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានធ្វើដំណើរទៅកាន់រដ្ឋធានីកៀវនៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ។ នៅក្នុងដំណើរទស្សនកិច្ចនោះ លោកទាំងពីរបានប្រកាសអំពីការត្រឡប់បន្តិចម្ដងៗរបស់មន្ត្រីការ ទូតអាមេរិកទៅកាន់ប្រទេសអ៊ុយក្រែននិងអំពីការតែងតាំងឯកអគ្គរដ្ឋទូតថ្មីប្រចាំអ៊ុយ ក្រែន។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។