២០:៥៣
១៨.៤.២០២២
ថ្ងៃចន្ទ ទី ១៨ ខែមេសា៖
- ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅថ្ងៃចន្ទនេះបានផ្ដល់ឋានៈកិត្តិយសដល់កងពលតូចរុស្ស៊ីដែលអ៊ុយក្រែនបានចោទកន្លងមកថាបានប្រព្រឹត្ត «ឧក្រិដ្ឋកម្មសង្គ្រាម» និងការសម្លាប់ទ្រង់ទ្រាយធំផ្សេងទៀតនៅក្នុងក្រុង Bucha។ ការប្រកាសនេះបានធ្វើឡើងនៅចំថ្ងៃទី ៥៤ នៃយុទ្ធនាការយោធារបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ដែលកន្លងមកមនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់និងមនុស្ស ១២ លាននាក់បានភៀសខ្លួនពីផ្ទះសម្បែងឬពីប្រទេស។ លោក Putin បានចុះហត្ថលេខាលើអនុក្រឹត្យមួយដែលផ្ដល់ឋានៈ «ឆ្មាំការពារ» ដល់កងពលតូច Motor Rifle ទី ៦៤ សម្រាប់ការការពារ «មាតុភូមិនិងផលប្រយោជន៍ជាតិ» និងបានសរសើរនូវ «វីរភាពដ៏ធំធេង ការតស៊ូ ភាពក្លាហាន និងភាពក្លៀវក្លា» របស់សមាជិកនៃកងពលតូចនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនអ្នកស្រី Iryna Vereshchuk បាននិយាយថា រដ្ឋាភិបាលរុស្ស៊ីអាចត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មសង្គ្រាមទាក់ទិននឹងការមិនអនុញ្ញាតឱ្យជនស៊ីវិលចាកចេញពីទីក្រុង Mariupol។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Associated Press នៅថ្ងៃចន្ទនេះ។ អ្នកស្រីបានសរសេរនៅលើបណ្ដាញសង្គមអនឡាញថា៖ «ការបដិសេធរបស់អ្នកនៅក្នុងការមិនព្រមបើកច្រករបៀងមនុស្សធម៌ទាំងនេះនឹងក្លាយជាមូលហេតុសម្រាប់ការកាត់ទោសអ្នកដែលពាក់ព័ន្ធទាំងអស់ពីបទឧក្រិដ្ឋកម្មសង្គ្រាមនៅថ្ងៃអនាគត»។
- លោក Oleksandr Motuzyanyk អ្នកនាំពាក្យក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយនៅថ្ងៃចន្ទនេះថា ស្ថានការណ៍នៅក្នុងទីក្រុង Mariupol មានភាព «ពិបាកខ្លាំងណាស់» ប៉ុន្តែកងទ័ពរុស្ស៊ីមិនទាន់បានគ្រប់គ្រងទាំងស្រុងលើទីក្រុងនេះនៅឡើយទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- អង្គការសហប្រជាជាតិបានបញ្ជាក់នៅថ្ងៃចន្ទនេះថា ពលរដ្ឋអ៊ុយក្រែនជាង ៤ លាន ៩ សែននាក់បានភៀសខ្លួនពីប្រទេស ចាប់តាំងពីពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនមក និងបានព្រមានថា ជនភៀសខ្លួនដែលជាស្ត្រីនិងកុមារអាចប្រឈមនឹងហានិភ័យនៃការកេងប្រវ័ញ្ច។ ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានលើកឡើងថា ពលរដ្ឋអ៊ុយក្រែន ៤.៩៣៤.៤១៥ នាក់បានភៀសខ្លួនពីប្រទេសតាំងពីពេលដែលរុស្ស៊ីបានឈ្លានពានកាលពីថ្ងៃទី ២៤ ខែកុម្ភៈមក ដែលមានការកើនឡើងចំនួន ៦៥.៣៩៦ នាក់ បើធៀបជាមួយនឹងតួលេខកាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានសន្ទនាតាមទូរសព្ទជាមួយនឹងប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas អំពីការចរចារវាងរុស្ស៊ីនិងអ៊ុយក្រែន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់នៅថ្ងៃចន្ទ នេះថា ពួកគេក៏បានពិភាក្សាគ្នាផងដែរអំពី «បញ្ហានៃការតាំងទីលំនៅនៅតំបន់មជ្ឈិមបូព៌ាក្នុងបរិបទនៃភាពតានតឹងកើនឡើងនៅតំបន់ West Bank និងតំបន់ East Jerusalem»។
- រដ្ឋាភិបាលរុស្ស៊ីបានចោទប្រកាន់រដ្ឋាភិបាលអ៊ុយក្រែននៅថ្ងៃចន្ទនេះថាតែងតែផ្លាស់ប្ដូរជានិច្ចនូវជំហររបស់ខ្លួនទាក់ទិននឹងបញ្ហាដែលបានឯកភាពគ្នារួចហើយនៅពេលចរចាសន្តិភាព។ អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោក Dmitry Peskov បានប្រាប់អ្នកកាសែតនៅក្នុងសន្និសីទកាសែតតាមអនឡាញថា៖ «ការទាក់ទងនៅបន្តនៅកម្រិតអ្នកជំនាញនៅក្នុងដំណើរការចរចា។ ជាអកុសល ភាគីអ៊ុយក្រែនមិនមានជំហរប្រាកដប្រជាពាក់ព័ន្ធនឹងចំណុចដែលបានឯកភាពគ្នា»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ទូរទស្សន៍រដ្ឋរបស់រុស្ស៊ីបានផ្សព្វផ្សាយវីដេអូមួយនៅថ្ងៃចន្ទនេះដែលបង្ហាញអំពីអ្វីដែលខ្លួនហៅថាជា «ជនជាតិអង់គ្លេស» ដែលត្រូវបានចាប់ខ្លួននៅពេលប្រយុទ្ធឱ្យអ៊ុយក្រែន។ វីដេអូនោះបង្ហាញពីអ្នកទាំងនោះទាមទារឱ្យនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson ចរចាឱ្យមានការដោះលែងពួកគេ។ បុរសពីរនាក់ដែលមានរូបរាងស្លេកស្លាំងក្នុងវីដេអូនោះបានសុំឱ្យមានការដោះដូរពួកគេជាមួយនឹងលោក Viktor Medvedchuk ដែលជាមហាសេដ្ឋីជំនួញជនជាតិអ៊ុយក្រែនដែលស្និទ្ធនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ លោក Medvedchuk ត្រូវបានគេចាប់ខ្លួនកាលពីពេលថ្មីៗនេះនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- អាជ្ញាធរសន្តិសុខអ៊ុយក្រែននៅថ្ងៃចន្ទនេះបានផ្សព្វផ្សាយវីដេអូបង្ហាញថា លោក Viktor Medvedchuk ដែលជាមហាសេដ្ឋីជំនួញនិងជាអ្នកនយោបាយអ៊ុយក្រែនគាំទ្ររុស្ស៊ី ហើយដែលត្រូវបានចាប់ខ្លួននោះ បានអំពាវនាវឱ្យមានការដោះដូរខ្លួនលោកជាមួយនឹងកងទ័ពអ៊ុយក្រែនដែលប្រយុទ្ធនៅក្នុងទីក្រុង Mariupol។ ក្នុងសំលៀកបំពាក់ខ្មៅនិងមើលចំម៉ាស៊ីនថតវីដេអូ លោក Medvedchuk បាននិយាយនៅក្នុងវីដេអូនោះថា៖ «ខ្ញុំចង់សុំប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ឱ្យដោះដូរខ្ញុំជាមួយនឹងអ្នកការពារនិងពលរដ្ឋអ៊ុយក្រែននៃទីក្រុង Mariupol»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez បាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងបើកស្ថានទូតឡើងវិញនៅក្នុងរដ្ឋធានីកៀវនៃប្រទេសអ៊ុយក្រែនក្នុងពេលឆាប់ៗខាងមុខនេះ។ លោក Sanchez បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ Antena3 នៅថ្ងៃចន្ទនេះថា៖ «អេស្ប៉ាញគឺនៅជាមួយអ៊ុយក្រែន ហើយយើងប្រឆាំងនឹង [ប្រធានាធិបតីរុស្ស៊ី] លោក Putin»។
- អភិបាលរដ្ឋធានីមូស្គូនៃប្រទេសរុស្ស៊ីលោក Sergei Sobyanin បាននិយាយនៅថ្ងៃចន្ទនេះថា បុគ្គលិកប្រហែល ២០០.០០០ នាក់នៃក្រុមហ៊ុនបរទេសនៅក្នុងទីក្រុងមូស្គូអាចបាត់បង់ការងាររបស់ខ្លួនដោយសារការដាក់ទណ្ឌកម្មរបស់ក្រុមបស្ចិមប្រទេសលើរុស្ស៊ី។ លោកបានបញ្ជាក់បន្ថែមថា កាលពីសប្ដាហ៍មុន អាជ្ញាធរបានអនុម័តកម្មវិធីមួយដែលមានទឹកប្រាក់ ៤១ លានដុល្លារអាមេរិកដើម្បីផ្គត់ផ្គង់ការងារនៅក្នុងទីក្រុងមូស្គូ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- អភិបាលតំបន់ Lviv លោក Maksym Kozystkiv បាននិយាយថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើទីក្រុង Lviv នៅថ្ងៃចន្ទនេះ បានធ្វើឱ្យមនុស្សយ៉ាងតិច ៦ នាក់ស្លាប់ និង ៨ នាក់ទៀតរងរបួស។ លោក Kozystkiv បានបន្ថែមថា ការវាយប្រហារនេះចំនួនពាក់កណ្ដាលបានចំទីតាំងយោធា។
- សាក្សីនៅក្នុងទីក្រុង Lviv នៅភាគខាងលិចនៃប្រទេសអ៊ុយក្រែន បានរាយការណ៍ថាមានការផ្ទុះជាច្រើននៅថ្ងៃចន្ទនេះ។ អភិបាលក្រុង Lviv លោក Andriy Sadoviy បាននិយាយថា ការវាយប្រហារដោយមីស៊ីលចំនួន ៥ ដងបានចំទីក្រុងនេះ ហើយថាបុគ្គលិកសង្គ្រោះបន្ទាន់បានទៅដល់កន្លែងដែលរងការវាយប្រហារនោះ។
- រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់នៅថ្ងៃចន្ទនេះថា ខ្លួនបានធ្វើការវាយប្រហារទ្រង់ទ្រាយធំកាលពីយប់មិញលើទាហានអ៊ុយក្រែននិងទីតាំងយោធាពាក់ព័ន្ធផ្សេងទៀត ដោយប្រើកងទ័ពអាកាស កងទ័ពមីស៊ីល កាំភ្លើងធំ និងប្រព័ន្ធការពារដែនអាកាសដើម្បីវាយប្រហារលើគោលដៅរាប់រយកន្លែងនៅទូទាំងប្រទេសអ៊ុយក្រែន។ ក្រសួងការពារជាតិរុស្ស៊ីបានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ថា កងទ័ពរុស្ស៊ីបានបាញ់មីស៊ីលពីលើអាកាសបំផ្លាញទីតាំងយោធាអ៊ុយក្រែន ១៦ កន្លែងកាលពីយប់មិញ ដែលក្នុងនោះមានទាំងប៉ុស្ដិ៍បញ្ជាការ ៥ កន្លែង ឃ្លាំងស្ដុកប្រេងឥន្ធនៈមួយកន្លែង ឃ្លាំងស្ដុកសព្វាវុធ ៣ កន្លែង ព្រមទាំងរថពាសដែកនិងកងទ័ពអ៊ុយក្រែនផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋាភិបាលអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃចន្ទនេះថា ខ្លួនបានផ្អាកនៅថ្ងៃចន្ទនេះដែលជាថ្ងៃទីពីរនូវការជម្លៀសជនស៊ីវិលចេញពីក្រុងនិងទីក្រុងជួរមុខនានានៅភាគខាងកើតប្រទេស ដោយចោទថា កងកម្លាំងរុស្ស៊ីបានរារាំងនិងបាញ់ផ្លោងលើច្រករបៀងមនុស្សធម៌ទាំងនោះ។ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនអ្នកស្រី Iryna Vereshchuk បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍តាមបណ្ដាញសង្គមអនឡាញថា៖ «ជាអកុសល ថ្ងៃទី ១៨ ខែមេសានេះ យើងមិនមានច្រករបៀងមនុស្សធម៌ទេ។ កងទ័ពត្រួតត្រារបស់រុស្ស៊ីបានរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ ដោយមិនបានបញ្ឈប់ការរារាំងនិងការបាញ់ផ្លោងលើច្រករបៀងមនុស្សធម៌ទាំងនេះទេ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា មនុស្ស ១៨ នាក់ត្រូវបានសម្លាប់និងមនុស្សជាង ១០០ នាក់ទៀតបានរងរបួសនៅក្នុងការបាញ់ផ្លោងនៅក្នុងរយៈពេល ៤ ថ្ងៃចុងក្រោយនេះនៅក្នុងទីក្រុង Kharkiv នៅភាគឦសានប្រទេស។ លោក Zelenskyy បានបញ្ជាក់កាលពីយប់ថ្ងៃអាទិត្យថា៖ «នេះគ្មានអ្វីក្រៅពីអំពើបង្កការភ័យខ្លាចដោយចេតនានោះទេ។ ការបាញ់កាំភ្លើងត្បាល់ ការបាញ់កាំភ្លើងធំលើតំបន់រស់នៅរបស់ប្រជាពលរដ្ឋសាមញ្ញ លើជនស៊ីវិលសាមញ្ញ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
២២:៥២
១៩.៤.២០២២
ថ្ងៃអង្គារ ទី ១៩ ខែមេសា៖
- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រជុំតាមអនឡាញជាមួយសម្ព័ន្ធមិត្តនានានៅថ្ងៃអង្គារនេះ ដើម្បីពិភាក្សាអំពីសង្គ្រាមនៅអ៊ុយក្រែន។ នេះបើតាមការបញ្ជាក់របស់សេតវិមាន។ ការប្រជុំនេះបានធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលអ៊ុយក្រែនបានប្រកាសថារុស្ស៊ីបានធ្វើការវាយប្រហារថ្មីមួយលើតំបន់ភាគខាងកើតអ៊ុយក្រែន។ សេតវិមានបានលើកឡើងថា ការប្រជុំនេះបានធ្វើឡើងដោយមានការចូលរួមពីមេដឹកនាំមកពីប្រទេសបារាំង ចក្រភពអង់គ្លេស អាល្លឺម៉ង់ រ៉ូម៉ានី ប៉ូឡូញ អ៊ីតាលី កាណាដា និងជប៉ុន។ អគ្គលេខាធិការអង្គការអូតង់ (NATO) លោក Jens Stoltenberg ប្រធានគណៈកម្មការអឺរ៉ុបនៃសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុបនៃសហភាពអឺរ៉ុបលោក Charles Michel ក៏ចូលរួមនៅក្នុងការប្រជុំនេះដែរ។ សេតវិមានបានបញ្ជាក់ថា ការប្រជុំនេះគឺដើម្បីលើកឡើងពី «កិច្ចប្រឹងប្រែងនានានៅក្នុងការធ្វើឱ្យរុស្ស៊ីទទួលខុសត្រូវ [ចំពោះសង្គ្រាមនៅអ៊ុយក្រែន]»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រធានគណៈកម្មការសហភាពអាហ្វ្រិកលោក Moussa Faki Mahamat បានប្រាប់រដ្ឋាភិបាលរុស្ស៊ីនៅថ្ងៃអង្គារនេះថា ច្បាប់អន្តរជាតិត្រូវតែគោរពនៅក្នុងការធ្វើសង្គ្រាមនៅអ៊ុយក្រែន និងបានអំពាវនាវឱ្យមានការចរចាដើម្បីបញ្ចប់សង្គ្រាម។ លោក Faki បានបញ្ជាក់នៅលើ Twitter ថា លោកបានទទួលការហៅទូរស័ព្ទពីរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov។ លោកបានលើកឡើងដូច្នេះថា៖ «ខ្ញុំបានសង្កត់ធ្ងន់អំពីតម្រូវការនៅក្នុងការគោរពតាមច្បាប់អន្តរជាតិ និងបានជំរុញឱ្យមានការចរចាដើម្បីរកដំណោះស្រាយដោយសន្តិវិធីសម្រាប់ជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការពារជាតិសហរដ្ឋអាមេរិកដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយនៅថ្ងៃអង្គារនេះថា សហរដ្ឋអាមេរិកយល់ឃើញថា សកម្មភាពជាបន្តរបស់រុស្ស៊ីនៅក្នុងតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែនគឺជាការចាប់ផ្ដើមនៃការវាយប្រហារទ្រង់ទ្រាយធំជាងនេះនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នៅថ្ងៃអង្គារនេះបានថ្កោលទោសការវាយប្រហារថ្មីរបស់ប្រទេសរុស្ស៊ីលើតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន និងបានអំពាវនាវឱ្យមានការឈប់វាយប្រយុទ្ធគ្នារយៈពេល ៤ ថ្ងៃ ដើម្បីប្រារព្ធសប្ដាហ៍ពិសិដ្ឋនៃគ្រិស្ដសាសនានិកាយអ័រតូដុក (Orthodox Holy Week)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- រដ្ឋមន្ត្រីហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោកស្រី Janet Yellen បាននិយាយនៅថ្ងៃអង្គារនេះថា សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនគឺជាមូលហេតុដែលធ្វើឱ្យបញ្ហាអសន្តិសុខស្បៀងអាហារនៅលើពិភពលោកដែលមាន «ភាពធ្ងន់ធ្ងររួចទៅហើយនោះ» កាន់តែធ្ងន់ធ្ងរថែមទៀត ដោយតម្លៃកើនឡើងនិងការធ្លាក់ចុះនៃការផ្គត់ផ្គង់បានបន្ថែមសម្ពាធបន្ថែមទៀតដល់បញ្ហាអតិផរណានៅលើពិភពលោក។ អ្នកស្រី Yellen បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំចង់បញ្ជាក់ឱ្យបានច្បាស់ថា សកម្មភាពរបស់រុស្ស៊ីគឺជាអ្វីដែលធ្វើឱ្យរឿងនេះកើតឡើង»។ អ្នកស្រីបានបន្ថែមថា សហរដ្ឋអាមេរិកកំពុងធ្វើការជាបន្ទាន់ជាមួយនឹងដៃគូនិងសម្ព័ន្ធមិត្តនានាដើម្បី «ជួយបន្ធូរបន្ថយផលប៉ះពាល់នៃសង្គ្រាមដែលមិនបានគិតគ្រប់ជ្រុងជ្រោយរបស់រុស្ស៊ីនេះលើប្រទេសងាយរងគ្រោះបំផុតនៅលើពិភពលោក»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបញ្ជាក់នៅថ្ងៃអង្គារនេះថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនបាន «បង្កឱ្យមានវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរមួយ» និងថា ការខូចខាតសេដ្ឋកិច្ចដោយសារសង្គ្រាមនេះ «នឹងរួមចំណែកដល់ដំណើរយឺតយ៉ាវយ៉ាងខ្លាំងនៃការរីកចម្រើននៅលើពិភពលោកនៅឆ្នាំ ២០២២ នេះ និងបន្ថែមដល់បញ្ហាអតិផរណា»។
- រដ្ឋាភិបាលកាណាដាបានបញ្ជាក់នៅថ្ងៃអង្គារនេះថា ខ្លួនបានដាក់ទណ្ឌកម្មលើបុគ្គល ១៤ នាក់នៅក្នុងរបបដឹកនាំរបស់រុស្ស៊ី ដែលក្នុងនោះមានទាំងកូនស្រីពីរនាក់របស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ផងដែរ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសកាណាដា។ កាលពីដើមខែនេះ សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសបានប្រកាសដាក់ទណ្ឌកម្មលើកូនស្រីរបស់លោក Putin គឺអ្នកស្រី Katerina Vladimirovna Tikhonoa និងអ្នកស្រី Maria Vladimirovna Vorontsova ដោយសារតែអ្នកទាំងពីរត្រូវបានគេជឿថាបានជួយលាក់ទ្រព្យសម្បត្តិរបស់លោក Putin។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់នៅថ្ងៃអង្គារនេះថា ខ្លួនបានបណ្ដេញមន្ត្រីការទូតហូឡង់ ១៥ នាក់ និងមន្ត្រីការទូតបែលហ្ស៊ិកមួយចំនួនចេញពីប្រទេស ដើម្បីជាការឆ្លើយតបទៅនឹងការបណ្ដេញមន្ត្រីការទូតរុស្ស៊ីដែលប្រទេសទាំងពីរនេះបានធ្វើ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Associated Press។
- រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បាននិយាយនៅថ្ងៃអង្គារថា សហរដ្ឋអាមេរិកនិងបណ្ដាបស្ចិមប្រទេសផ្សេងទៀតកំពុងធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីអូសបន្លាយប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន TASS របស់រុស្ស៊ី។ លោក Shoigu បញ្ជាក់ដូច្នេះថា៖ «ការបង្កើនការផ្គត់ផ្គង់អាវុធរបស់បរទេសបានបង្ហាញយ៉ាងច្បាស់អំពីគោលបំណងរបស់ពួកគេនៅក្នុងការបង្កហេតុឱ្យរដ្ឋាភិបាលអ៊ុយក្រែនប្រយុទ្ធដល់ដង្ហើមចុងក្រោយ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌ មាន Reuters។
- អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី Maria Zakharova បានបញ្ជាក់នៅថ្ងៃអង្គារថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres មិនបានព្យាយាមទាក់ទងជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin តាំងពីពេលចាប់ផ្ដើមនៃប្រតិបត្តិការយោធារបស់រុស្ស៊ីនៅប្រទេសអ៊ុយក្រែនមកនោះទេ។ អ្នកស្រី Zakharova បានលើកឡើងដូច្នេះថា៖ «មិនមាននរណាម្នាក់បានទាក់ទងទេ មិនថា តាមរយៈស្ថានបេសកកម្មអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិឬតាមរយៈការទាក់ទងដោយផ្ទាល់ជាមួយនឹងក្រសួងការបរទេសរុស្ស៊ីនោះឡើយ»។ នេះបើយោងតាមទីភ្នាក់ ងារព័ត៌មាន Reuters។
- លោក Serhiy Gaidai អភិបាលតំបន់ Luhansk នៃប្រទេសអ៊ុយក្រែន បាននិយាយនៅថ្ងៃអង្គការនេះថា កងទ័ពរុស្ស៊ីបានដណ្ដើមកាន់កាប់ទីក្រុង Kreminna នៅភាគខាងកើតប្រទេសអ៊ុយក្រែនហើយ ហើយកងទ័ពអ៊ុយក្រែនបានដកថយចេញពីទីក្រុងនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់នៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលរុស្ស៊ីបានធ្វើការវាយប្រហារតាមអាកាសរាប់សិបដងនៅទូទាំងតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែនកាលពីយប់មិញ។ ក្រសួងនេះបានលើកឡើងថា «មីស៊ីលបាញ់ពីលើអាកាសដែលកំណត់គោលដៅច្បាស់លាស់» បានបាញ់ចំគោលដៅអ៊ុយក្រែន១៣កន្លែង នៅតាមផ្នែកនានានៃតំបន់ Donbas រីឯការវាយប្រហារតាមអាកាស «បានវាយប្រហារចំទីតាំងយោធា ៦០ កន្លែង» ដែលក្នុងនោះរួមមានទាំងទីតាំងនៅក្នុងក្រុងនានាដែលនៅជិតតំបន់សមរភូមិនៅភាគខាងកើតអ៊ុយក្រែនផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌ មានAFP។
- អគ្គសេនាធិការកងទ័ពអ៊ុយក្រែនបានបញ្ជាក់កាលពីថ្ងៃចន្ទថា កងទ័ពរុស្ស៊ីកំពុងផ្ដោតលើការព្យាយាមដណ្ដើមគ្រប់គ្រងទាំងស្រុងលើតំបន់ Donetskនិងតំបន់Luhanskនិងថា «ការបាញ់មីស៊ីលនិងការវាយប្រហារតាមអាកាសលើគោលដៅស៊ីវិលនានានៅទូ ទាំងប្រទេសអ៊ុយក្រែនមិនបញ្ឈប់នោះទេ»។
- អង្គការសហប្រជាជាតិបានបញ្ជាក់នៅថ្ងៃអង្គារនេះថា ពលរដ្ឋអ៊ុយក្រែនជិត៥លាននាក់បានភៀសខ្លួនពីសង្គ្រាមតាំងពីពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនមក។ ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) បានលើកឡើងថា ពលរដ្ឋអ៊ុយក្រែន ៤.៩៨០.៥៨៩ នាក់ បានភៀសខ្លួនតាំងពីពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈមក ដែលមានការកើនឡើងចំនួន៤៦.១៧៤នាក់ បើធៀបនឹងតួលេខកាលពីថ្ងៃចន្ទ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានAFP។
- ក្រសួងការបរទេសចិនបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលចិនបានប្រាប់រដ្ឋាភិបាលរុស្ស៊ីថា ខ្លួននឹងបន្តបង្កើន «ការសម្របសម្រួលបែបយុទ្ធសាស្ត្រ» ជាមួយនឹងរុស្ស៊ីមិនថាស្ថានការណ៍អន្តរជាតិឆាប់ប្រែប្រួលប៉ុណ្ណានោះទេ។ សេចក្ដីថ្លែងការណ៍នេះបានបញ្ជាក់ថា អនុរដ្ឋមន្ត្រីការបរទេសចិនលោក Le Yucheng បានផ្ដល់ការធានានេះជូនឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសចិនលោក Andrey Denisovកាលពីថ្ងៃចន្ទ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានReuters។
- ប្រភពពីរដ្ឋាភិបាលអេស្ប៉ាញបានបញ្ជាក់នៅថ្ងៃអង្គារថា នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez នឹងធ្វើដំណើរទៅរដ្ឋធានីកៀវនៃប្រទេសអ៊ុយក្រែនដើម្បីជួបជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។ ដំណើរទស្សនកិច្ចរបស់លោក Sanchez នេះនឹងធ្វើឡើង បន្ទាប់ពីមេដឹក នាំមួយចំនួននៅអឺរ៉ុបដូចជាប្រធានគណៈកម្មការអឺរ៉ុបនៃសហភាពអឺរ៉ុបអ្នកស្រីUrsula Von der Leyen នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសនិងនាយករដ្ឋមន្ត្រីប្រទេសឆែកជា ដើម បានធ្វើដំណើរទៅអ៊ុយក្រែនតាំងពីពេលដែលរុស្ស៊ីបានឈ្លានពានប្រទេសនេះមក ដើម្បីបង្ហាញការគាំទ្រដល់ប្រធានាធិបតីនិងប្រជាពលរដ្ឋអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានReuters។
- រដ្ឋាភិបាលហូឡង់បានបញ្ជាក់នៅថ្ងៃអង្គារថា ខ្លួនបានបើកស្ថានទូតរបស់ខ្លួនឡើងវិញនៅក្នុងទីក្រុងLvivប្រទេសអ៊ុយក្រែនកាលពីថ្ងៃសៅរ៍កន្លងទៅនេះ ដោយមានបុគ្គ លិកមួយចំនួនតូចធ្វើការ។ ស្ថានទូតហូឡង់នៅអ៊ុយក្រែនបានប្ដូរទីតាំងពីរដ្ឋធានីកៀវទៅទីក្រុងLvivកាលពីថ្ងៃទី ២២ ខែកុម្ភៈ ក្នុងពេលពីរថ្ងៃមុនកងទ័ពរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ បន្ទាប់មក បុគ្គលិកស្ថានទូតបានប្ដូរទៅតាំងពីនៅប្រទេសប៉ូឡូញកាលពីថ្ងៃទី ២៦ ខែកុម្ភៈ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការបរទេសហុងគ្រីលោក Peter Szijiarto បានបញ្ជាក់ឡើងវិញអំពីជំហររបស់រដ្ឋាភិបាលហុងគ្រីនៅថ្ងៃអង្គារថា ហុងគ្រីនឹងមិនគាំទ្រការដាក់ទណ្ឌកម្មណាមួយលើប្រេងឥន្ធនៈនិងឧស្ម័នរបស់រុស្ស៊ីនោះទេ។ លោក Szijiarto បានលើកឡើងនៅក្នុងសន្និសីទកាសែតដែលផ្សព្វផ្សាយនៅលើទំព័រ Facebook របស់លោកថា ការបញ្ជូនឧស្ម័នរបស់រុស្ស៊ីទៅកាន់ប្រទេសហុងគ្រីមិនមានការរំខានអ្វីឡើយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានAFP។
- អ្នកចរចាខាងភាគីអ៊ុយក្រែនលោក Mykhailo Podolyak បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារថា ការឡោមព័ទ្ធរបស់រុស្ស៊ីលើទីក្រុង Mariupol បានធ្វើឱ្យស្មុគស្មាញបន្ថែមទៀតដល់ដំណើរការចរចាសន្តិភាពនិងថា វាមានការពិបាកនៅ ក្នុងការនិយាយថានៅពេលណាដែលការចរចាដោយផ្ទាល់អាចចាប់ផ្ដើមឡើងវិញនោះ។
- ប្រធានាធិបតីសហរដ្ឋអាមេរិកលោកJoe Biden នឹងរៀបចំការប្រជុំមួយតាមវីដេអូអន ឡាញនៅថ្ងៃអង្គារនេះដើម្បីពិភាក្សាអំពីអ្វីដែលសេតវិមានហៅថា «ការគាំទ្រជាបន្តរបស់យើងសម្រាប់ប្រទេសអ៊ុយក្រែននិងកិច្ចប្រឹងប្រែងដើម្បីធ្វើឱ្យប្រទេសរុស្ស៊ីទទួលខុសត្រូវ»។ នៅពេលសួរកាលពីថ្ងៃចន្ទថាតើរដ្ឋបាលរបស់លោក Biden នឹងពិចារណាដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ីឬក៏អត់ អ្នកនាំពាក្យសេតវិមានអ្នកស្រី Jen Psaki បាននិយាយថា សហរដ្ឋអាមេរិកនឹង «បន្តពង្រីកគោលដៅទណ្ឌកម្មរបស់យើងនិងបន្តចាត់វិធានការដើម្បីបន្ដឹងទណ្ឌកម្មរបស់យើងកុំឱ្យមានការគេចពីទណ្ឌកម្មដែលមានស្រាប់និងដើម្បីដាក់ទណ្ឌកម្មបន្ថែម»។
- សេតវិមានប្រធានាធិបតីអាមេរិកបានបញ្ជាក់កាលពីថ្ងៃចន្ទថា លោកប្រធានាធិបតី Joe Biden មិនមានគម្រោងធ្វើទស្សនកិច្ចទៅកាន់រដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែននោះទេ ទោះបីជាប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានជំរុញឱ្យលោកBiden បង្ហាញការគាំទ្ររបស់សហរដ្ឋអាមេរិកលើការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ីតាមរយៈការធ្វើទស្សនកិច្ចទៅកាន់រដ្ឋធានីកៀវក៏ដោយ។ អ្នកនាំពាក្យសេតវិមានអ្នក ស្រីJen Psaki បានប្រាប់អ្នកកាសែតថា៖ «ខ្ញុំសូមបញ្ជាក់ម្ដងទៀតថា មិនមានគម្រោងសម្រាប់លោកប្រធានាធិបតី [Biden] ធ្វើទស្សនកិច្ចទៅ [រដ្ឋធានីកៀវ ប្រទេសអ៊ុយ ក្រែននោះទេ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃចន្ទនៅពេលដែលលោកបានជួបជាមួយនឹងបេសកជនសហភាពអឺរ៉ុបប្រចាំប្រទេសអ៊ុយក្រែនលោក Matti Maasikas នៅក្នុងទីក្រុងកៀវថា អ៊ុយក្រែនសង្ឃឹមថានឹងទទួលបានឋានៈជាបេក្ខភាពប្រទេសសម្រាប់ការចូលជាសមាជិកសហភាពអឺរ៉ុបនៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃចន្ទថា ការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ីលើតំបន់ Donbas នៅភាគខាងកើតប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមហើយ។ លោកបានបញ្ជាក់នៅលើ Telegram ថា៖ «ឥឡូវនេះ យើងអាចបញ្ជាក់ថា កងទ័ពរុស្ស៊ីបានចាប់ផ្ដើមការវាយប្រយុទ្ធដណ្ដើមគ្រប់គ្រងតំបន់ Donbas ហើយ ដែលនេះជាការប្រយុទ្ធដែលពួកគេបានត្រៀមជាយូរមកហើយ។ កងទ័ពរុស្ស៊ីមួយផ្នែកធំឥឡូវនេះបានតាំងចិត្តផ្ដោតលើការវាយប្រហារនេះ»។ លោកបានបន្ថែមថា៖ «មិនថាមានកងទ័ពរុស្ស៊ីប៉ុន្មាននាក់ប្រយុទ្ធដណ្ដើមតំបន់Donbas នោះទេ យើងនឹងប្រយុទ្ធ។ យើងនឹងការពារខ្លួនពួកយើង»។ នេះបើយោងតាមទីភ្នាក់ ងារព័ត៌មាន AFP។
២១:៤៨
២០.៤.២០២២
ថ្ងៃពុធ ទី ២០ ខែមេសា៖
- រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសចិនបានប្រាប់រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកនៅថ្ងៃពុធនេះមិនឱ្យ «ប្រើបញ្ហាអ៊ុយក្រែនដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ ឃុបឃិតដើម្បីទម្លាក់កំហុស គំរាមកំហែង ឬក៏ដាក់សម្ពាធលើប្រទេសចិន» នោះឡើយ។ ការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិចិនលោក Wei Fenghe នេះបានធ្វើឡើងក្នុងពេលប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីសមាជិកព្រឹទ្ធសភាជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូបបាននិយាយថា រដ្ឋាភិបាលចិនត្រូវតែរងផលវិបាកធ្ងន់ធ្ងរសម្រាប់ការគាំទ្ររដ្ឋាភិបាលរុស្ស៊ី។ សេចក្ដីថ្លែងការណ៍មួយរបស់ក្រសួងការពារជាតិចិនបានបញ្ជាក់ថា នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយនឹងរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin នៅថ្ងៃពុធនេះ លោក Wei បានស្នើសហរដ្ឋអាមេរិកឱ្យ «បញ្ឈប់ការបង្កហេតុបែបយោធានៅតាមសមុទ្រ និងមិនឱ្យប្រើបញ្ហាអ៊ុយក្រែនដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ ឃុបឃិតដើម្បីទម្លាក់គំហុស គំរាមកំហែង ឬក៏ដាក់សម្ពាធលើប្រទេសចិន»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅថ្ងៃពុធនេះបានបញ្ជាឱ្យមានការពិនិត្យឡើងវិញនូវគោលជំហររបស់រដ្ឋាភិបាលរុស្ស៊ីក្នុងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីទប់ទល់នឹងទណ្ឌកម្ម «ខុសច្បាប់» ដែលដាក់លើខ្លួនទាក់ទិននឹងប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។ លោក Putin បាននិយាយដូច្នេះថា៖ «ខ្ញុំបញ្ជាឱ្យរដ្ឋាភិបាលធ្វើការពិនិត្យឡើងវិញឱ្យបានទូលំទូលាយលើភាពស្របច្បាប់នៃវិធានការដែលដៃគូពាណិជ្ជកម្មបស្ចិមប្រទេសរបស់យើងបានធ្វើ និងដើម្បីរៀបចំយុទ្ធសាស្ត្រឱ្យទាន់សភាពការណ៍បច្ចុប្បន្នសម្រាប់សកម្មភាពរបស់យើងនៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅថ្ងៃពុធនេះនៅក្នុងសន្និសីទកាសែតរួមគ្នាមួយជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុបនៃសហភាពអឺរ៉ុបលោក Charles Michel ថា ការធ្វើជាសមាជិករបស់សហភាពអឺរ៉ុបគឺជា «អាទិភាព» សម្រាប់ប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅថ្ងៃពុធនេះថា លោកមិនបានឃើញឬក៏បានឮអំពីឯកសារមួយច្បាប់ដែលរដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់ថាបានបញ្ជូនឱ្យអ៊ុយក្រែនពាក់ព័ន្ធនឹងការចរចាសន្តិភាពនោះទេ។ កាលពីមុនហ្នឹង អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោក Dmitry Peskov បាននិយាយថា រដ្ឋាភិបាលរុស្ស៊ីកំពុងរង់ចាំចម្លើយពីភាគីអ៊ុយក្រែន បន្ទាប់ពីខ្លួនបានប្រគល់ឯកសារមួយច្បាប់ដល់រដ្ឋាភិបាលអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានក្រុមប្រឹក្សាអឺរ៉ុបនៃសហភាពអឺរ៉ុបលោក Charles Michel បាននិយាយនៅថ្ងៃពុធនេះនៅពេលលោកកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសអ៊ុយក្រែនថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងមិនទទួលជោគជ័យនៅក្នុងការធ្វើឱ្យសហភាពអឺរ៉ុបបែកបាក់គ្នាទាក់ទិននឹងការឆ្លើយតបរបស់សហភាពអឺរ៉ុបចំពោះសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែននោះឡើយ។ លោក Michel បានបញ្ជាក់នៅក្នុងសន្និសីទកាសែតមួយជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ថា៖ «គោលបំណងរបស់រដ្ឋាភិបាលរុស្ស៊ីគឺដើម្បីបំផ្លាញអធិបតេយ្យភាពរបស់ប្រទេសអ៊ុយក្រែន។ រុស្ស៊ីក៏មានបំណងធ្វើឱ្យសហភាពអឺរ៉ុបបែកបាក់គ្នាផងដែរ ហើយលោក [Putin] នឹងមិនទទួលជោគជ័យនោះទេ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- រដ្ឋាភិបាលរុស្ស៊ីបានបញ្ជូនពលរដ្ឋប្រហែល ៥០០.០០០ នាក់ពីប្រទេសអ៊ុយក្រែនទៅកាន់ប្រទេសរុស្ស៊ី។ នេះបើតាមការបញ្ជាក់របស់លោក Mykyta Poturayev ប្រធានគណៈកម្មាធិការមនុស្សធម៌នៃរដ្ឋសភាអ៊ុយក្រែន ដែលបានថ្លែងប្រាប់សមាជិកសភាអឺរ៉ុបនៅថ្ងៃពុធនេះ។ លោក Poturayev បានអំពាវនាវឱ្យអង្គការកាកបាទក្រហមបង្កើតការទាក់ទងជាមួយនឹងអ្នកដែលបានបាត់ខ្លួនទាំងនោះ។ លោកថ្លែងដូច្នេះថា៖ «ពលរដ្ឋអ៊ុយក្រែនកន្លះលាននាក់ត្រូវបានបញ្ជូនពីអ៊ុយក្រែនទៅសហព័ន្ធរុស្ស៊ីដោយគ្មានការព្រមព្រៀងពីពួកគេផ្ទាល់»។
- ប្រទេសអ៊ីស្រាអែលមានឆន្ទៈនៅក្នុងការរៀបចំជំនួបដែលអាចទៅរួចណាមួយរវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន TASS របស់រុស្ស៊ីនៅថ្ងៃពុធនេះ។ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសរុស្ស៊ីលោក Alexander Ben Zvi បាននិយាយនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងទីភ្នាក់ងារព័ត៌មាន TASS ថា អ៊ីស្រាអែលត្រៀមរួចរាល់ហើយនៅក្នុងការធ្វើដូច្នេះ។ លោកបានបន្តថា៖ «ប៉ុន្តែ ពួកគេ [លោក Putin និងលោក Zelenskyy] ចាំបាច់ត្រូវធ្វើការសម្រេចចិត្ត»។ លោកបានបន្ថែមថា អ៊ីស្រាអែលនឹងចាត់ទុកថាជា «កិត្តិយសដ៏អស្ចារ្យមួយ» នៅក្នុងការរៀបចំជំនួបដែលអាចទៅរួចរវាងប្រធានាធិបតីរុស្ស៊ីនិងប្រធានាធិបតីអ៊ុយក្រែន ហើយ «អ៊ីស្រាអែលនឹងពេញចិត្តរៀបចំជំនួបដូចនេះនៅក្នុងទីក្រុងហ្សេរុយសាឡិម»។
- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងកោះប្រជុំថ្នាក់ដឹកនាំកំពូលនៃយោធាសហរដ្ឋអាមេរិកនៅថ្ងៃពុធនៅក្នុងការជួបជុំប្រចាំឆ្នាំនៅសេតវិមាន ដើម្បីពិភាក្សាអំពី «ប្រធានបទជាច្រើន» ស្របពេលដែលសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនឈានដល់ដំណាក់កាលគ្រោះថ្នាក់ថ្មីហើយសហរដ្ឋអាមេរិកមានគម្រោងផ្ដល់ជំនួយយោធាបន្ថែមទៀតដល់អ៊ុយក្រែន។ នេះបើយោងតាមទីភ្នាកងារព័ត៌មាន Reuters។ អ្នកដែលនឹងចូលរួមនៅក្នុងការប្រជុំនេះមានដូចជារដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin ប្រធានក្រុមនាយសេនាធិការកងទ័ពលោកនាយឧត្តមសេនីយ៍ Mark Milley និងមេដឹកនាំយោធាជាន់ខ្ពស់ផ្សេងទៀត។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក។
- លោក Oleksiy Arestovych ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនបាននិយាយនៅថ្ងៃពុធថា កងទ័ពអ៊ុយក្រែនបានតតាំងយ៉ាងស្វិតស្វាញជាមួយនឹងការរុលចូលរបស់កងទ័ពរុស្ស៊ីពីទីក្រុង Izyum នៅភាគឦសាន្តប្រទេសឆ្ពោះទៅជិតទីក្រុង Sloviansk។ លោក Arestovych បានថ្លែងតាមវីដេអូមួយដូច្នេះថា៖ «កងទ័ពរុស្ស៊ីបានផ្ដោតកម្លាំងរបស់ខ្លួននៅទីនោះ ដែលជាកន្លែងដែលពួកគេកំពុងព្យាយាមរុលចូល ប៉ុន្តែពួកគេមិនបានទទួលជោគជ័យនោះទេក្នុងពេលកន្លងមក»។ លោកក៏បានបន្ថែមផងដែរថា កងទ័ពអ៊ុយក្រែននៅក្នុងទីក្រុង Mariupol ក៏បានតតាំងយ៉ាងស្វិតស្វាញផងដែរ ទោះបីជាមានការវាយប្រហារមិនឈប់ពីកងទ័ពរុស្ស៊ីលើរោងចក្រដែកថែប Azovstal ក៏ដោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ឱសានវាទចុងក្រោយបង្អស់របស់រុស្ស៊ីដែលបានដាក់ឱ្យកងទ័ពអ៊ុយក្រែននៅទីក្រុង Mariupol ចុះចាញ់បានផុតកំណត់នៅរសៀលថ្ងៃពុធនេះ (ម៉ោងនៅប្រទេសអ៊ុយក្រែន) ដោយគេមិនឃើញមានសញ្ញាណាមួយដែលបង្ហាញថាកងទ័ពអ៊ុយក្រែនចុះចាញ់ទ្រង់ទ្រាយធំនោះឡើយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ក្រសួងការពារជាតិចក្រភពអង់គ្លេសបានបញ្ជាក់នៅថ្ងៃពុធថា ការប្រយុទ្ធគ្នានៅក្នុងតំបន់ Donbas នៅភាគខាងកើតប្រទេសអ៊ុយក្រែន «មានសភាពកាន់តែខ្លាំងឡើង» នៅពេលដែលរុស្ស៊ីបន្តកសាងវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់នោះនិងព្យាយាមវាយបំបែកការការពាររបស់អ៊ុយក្រែន។
- ប្រធានក្រុមប្រឹក្សាអឺរ៉ុបនៃសហភាពអឺរ៉ុបលោក Charles Michel បាននិយាយនៅថ្ងៃពុធថា យុត្តិធម៌សម្រាប់ឧក្រិដ្ឋកម្មសង្គ្រាមដែលប្រព្រឹត្តិនៅក្នុងប្រទេសអ៊ុយក្រែនគឺត្រូវតែមាន។ លោកថ្លែងដូច្នេះនៅពេលលោកទៅមើលក្រុង Borodianka ក្នុងដំណើរទស្សនកិច្ចរបស់លោកនៅក្នុងប្រទេសអ៊ុយក្រែន។ លោកបានសរសេរនៅលើ Twitter ដូច្នេះថា៖ «នៅក្នុងក្រុង Borodianka គឺដូចនឹងក្រុង Bucha និងក្រុងជាច្រើនផ្សេងទៀតរបស់អ៊ុយក្រែនផងដែរ ប្រវត្តិសាស្ត្រនឹងមិនបំភ្លេចឧក្រិដ្ឋកម្មសង្គ្រាមដែលបានប្រព្រឹត្តិនៅទីនេះនោះទេ។ សន្តិភាពមិនអាចមាននោះឡើយប្រសិនបើគ្មានយុត្តិធម៌»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់នៅថ្ងៃពុធថា កងទ័ពរុស្ស៊ីបានវាយប្រហារចំទីតាំងយោធាអ៊ុយក្រែនចំនួន១.០៥៣ កន្លែងកាលពីយប់មិញ ដោយបានបំផ្លាញទម្របាញ់ផ្លោងរបស់អ៊ុយក្រែនចំនួន ១០៦ គ្រឿង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋាភិបាលរុស្ស៊ីបានចោទប្រកាន់រដ្ឋាភិបាលអ៊ុយក្រែននៅថ្ងៃពុធថាមិនបានធ្វើតាមការសន្យាដែលអ៊ុយក្រែនបានធ្វើក្នុងអំឡុងពេលចរចាសន្តិភាព និងបានបញ្ជាក់ថាករណីនេះមានផលវិបាកអាក្រក់សម្រាប់ការចរចា។ អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោក Dmitry Peskov បាននិយាយថា ល្បឿននៃការចរចាមិនដូចអ្វីដែលប្រាថ្នាចង់បាននោះ ទេ ហើយជំហានបន្ទាប់គឺស្ថិតនៅខាងភាគីអ៊ុយក្រែន បន្ទាប់ពីរុស្ស៊ីបានប្រគល់ឯកសារមួយទៅឱ្យអ៊ុយក្រែន។ លោកបានបញ្ជាក់ថា រដ្ឋាភិបាលរុស្ស៊ីកំពុងរង់ចាំចម្លើយពីរដ្ឋាភិបាលអ៊ុយក្រែន។ កាលពីថ្ងៃអង្គារ ប្រធានក្រុមចរចារបស់អ៊ុយក្រែនបាននិយាយថា វាមានការពិបាកនៅក្នុងការទស្សន៍ទាយថានៅពេលណាដែលការចរចាសន្តិភាពអាចចាប់ផ្ដើមឡើងវិញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនអ្នកស្រី Iryna Vereshchuk បាននិយាយថា អ៊ុយក្រែននិងរុស្ស៊ីបានសម្រេចបានកិច្ចព្រមព្រៀងដំណាក់កាលដំបូងនៅក្នុងការបង្កើតច្រករបៀងសម្រាប់ជម្លៀសស្ត្រី កុមារ និងមនុស្សវ័យចំណាស់ចេញពីទីក្រុង Mariupol នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។ អ្នកស្រីបានបន្ថែមនៅលើ Facebook ដូច្នេះថា៖ «ដោយ សារស្ថានភាពមនុស្សធម៌ដ៏មហន្តរាយនៅក្នុងទីក្រុង Mariupol នេះគឺជាចំណុចដែលយើងនឹងផ្ដោតការប្រឹងប្រែងរបស់យើងនៅថ្ងៃនេះ»។
- ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានបញ្ជាក់នៅថ្ងៃពុធថា ពលរដ្ឋអ៊ុយក្រែនដែលបានភៀសខ្លួនពីប្រទេសតាំងពីពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈមកមានចំនួន ៥.០១០.៩៧១នាក់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Yevgeny Ivanov បាននិយាយនៅថ្ងៃពុធថា រដ្ឋាភិ បាលរុស្ស៊ីគ្មានផែនការបញ្ឈប់អ្នកកាសែតបរទេសមិនឱ្យចូលក្នុងប្រទេសរុស្ស៊ីនោះឡើយ ប៉ុន្តែកំពុងពង្រឹងបទបញ្ញត្តិទិដ្ឋាការសម្រាប់អ្នកណាដែលមកពី «ប្រទេសអមិត្ត»។ លោក Ivanov បានប្រាប់រដ្ឋសភារុស្ស៊ីថា ចំណាត់ការនេះគឺជាការឆ្លើយតបទៅនឹងវិធានការរបស់សហភាពអឺរ៉ុបនិងប្រទេសផ្សេងទៀតដែលបានបន្ដឹងទិដ្ឋាការសម្រាប់សហគមន៍ជំនួញរបស់រុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- សម្ព័ន្ធមិត្តបស្ចិមប្រទេសកាលពីថ្ងៃអង្គារម្សិលមិញបានសន្យាផ្ដល់ជំនួយយោធាបន្ថែមទៀតដល់អ៊ុយក្រែននិងដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ី ស្របពេលដែលកងទ័ពអ៊ុយក្រែនកំពុងប្រយុទ្ធជាមួយនឹងកងទ័ពរុស្ស៊ីដែលកំពុងតែបង្កើនការវាយប្រហារលើតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន។ នៅក្នុងការឆ្លើយតបទៅនឹងការបង្កើនការវាយប្រហាររបស់រុស្ស៊ីនេះ សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបបានឯកភាពគ្នាក្នុងអំឡុងពេលប្រជុំតាមអនឡាញរវាងប្រធានាធិបតីអាមេរិកលោក Joe Biden និងមេដឹកនាំនានានៅអឺរ៉ុបកាលពីថ្ងៃអង្គារដើម្បីធ្វើយ៉ាងណាឱ្យ «រដ្ឋាភិបាលរុស្ស៊ីកាន់តែឯកោពីឆាកអន្តរជាតិ»។ ប្រធានគណៈកម្មការអឺរ៉ុបនៃសហភាពអឺរ៉ុបអ្នកស្រីUrsula von der Leyen បានសរសេរនៅលើ Twitter ថា៖ «យើងនឹងបន្តឹងការដាក់ទណ្ឌកម្មរបស់យើងបន្ថែមទៀតលើរុស្ស៊ី និងបង្កើនជំនួយហិរញ្ញវត្ថុនិងសន្តិសុខសម្រាប់អ៊ុយក្រែន»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្ងៃអង្គារថា ប្រទេសអ៊ុយក្រែនបានទទួលយន្តហោះចម្បាំងនិងគ្រឿងបន្លាស់យន្តហោះដើម្បីជួយពង្រឹងកងទ័ពជើងអាកាសរបស់ខ្លួននៅក្នុងការប្រឈមជាមួយនឹងការឈ្លានពានរបស់រុស្ស៊ី។ ការប្រ កាសនេះបានធ្វើឡើងក្នុងពេលមួយសប្ដាហ៍ក្រោយមក បន្ទាប់ពីប្រធានាធិបតីសហ រដ្ឋអាមេរិកលោក Joe Biden បានបង្ហាញនូវកញ្ចប់ជំនួយយោធាក្នុងទឹកប្រាក់ ៨០០ ដុល្លារសម្រាប់រដ្ឋាភិបាលអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ឯកអគ្គរដ្ឋទូតរងរបស់ប្រទេសរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារបានច្រានចោលសំណើរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ដែលស្នើឱ្យមានការឈប់វាយប្រយុទ្ធគ្នារយៈពេល៤ថ្ងៃក្នុងអំឡុងថ្ងៃឈប់សម្រាកបុណ្យប៉ាប Orthodox។ នេះបើយោងតាមកាសែត The Washington Post។
២២:១១
២១.៤.២០២២
ថ្ងៃព្រហស្បតិ៍ ទី ២១ ខែមេសា៖
- នៅក្នុងការថ្លែងតាមវីដេអូទៅកាន់សភាព័រទុយហ្គាល់ នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា ប្រទេសអ៊ុយក្រែនត្រូវការសព្វាវុធធុនធ្ងន់បន្ថែមទៀតដើម្បីការពារខ្លួនពីការឈ្លានពានរបស់រុស្ស៊ី និងបានស្នើក្រុមបស្ចិមប្រទេសឱ្យដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីចិនលោក Xi Jinping បានបញ្ជាក់ជាថ្មីនៅថ្ងៃព្រហស្បតិ៍នេះ អំពីគោលជំហររបស់រដ្ឋាភិបាលចិនថា ជម្លោះអន្តរជាតិគួរតែដោះស្រាយតាមរយៈការចរចាមិនមែនតាមរយៈការដាក់ទណ្ឌកម្មនោះទេ ដែលនេះចង់សំដៅលើការដាក់ទណ្ឌកម្មរបស់ក្រុមបស្ចិមប្រទេសលើរុស្ស៊ីទាក់ទិននឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ លោក Xi Jinping បានថ្លែងនៅក្នុងវេទិកាមួយនៅក្នុងខេត្ត Hainan ថា ប្រទេសចិន «ប្ដេជ្ញាគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីនៃប្រទេសទាំងអស់» ហើយនឹងមិនជ្រៀតជ្រែកនៅក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសទាំងនោះឡើយ។
- រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កំពុងធ្វើឱ្យមានភាពងាយស្រួលដល់ជនភៀសខ្លួនដែលគេចពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនឱ្យអាចចូលមកក្នុងសហរដ្ឋអាមេរិកបានតាមរយៈទ្វីបអឺរ៉ុប ស្របពេលដែលរដ្ឋបាលនេះកំពុងព្យាយាមបិទផ្លូវមិនផ្លូវការរបស់ជនភៀសខ្លួនកាត់តាមភាគខាងជើងនៃប្រទេសម៉ិកស៊ិក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Associated Press។ កម្មវិធីមួយដែលប្រកាសនៅ ថ្ងៃព្រហស្បតិ៍នេះនឹងជួយសម្រួលដល់ការដាក់ពាក្យសុំសិទ្ធិជាជនភៀសខ្លួនសម្រាប់ពលរដ្ឋអ៊ុយក្រែននិងពលរដ្ឋផ្សេងទៀតដែលរត់គេចពីសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែនឹងឈប់ផ្ដល់សិទ្ធិឆ្លងចូលទឹកដីសហរដ្ឋអាមេរិកសម្រាប់អ្នកណាដែលបង្ហាញខ្លួននៅព្រំដែនរវាងសហរដ្ឋអាមេរិកនិងប្រទេសម៉ិកស៊ិក។ សហរដ្ឋអាមេរិកថា ខ្លួនរំពឹងថានឹងទទួកយកជនភៀសខ្លួនរហូតដល់ ១០០.០០០ នាក់មកពីប្រទេសអ៊ុយក្រែន ហើយកន្លងមកមនុស្សប្រហែល ១៥.០០០ នាក់បានមកដល់ទឹកដីសហរដ្ឋអាមេរិកតាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈមក។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ជនស៊ីវិលប្រហែល ១២០.០០០ នាក់ត្រូវបានរារាំងមិនឱ្យចាកចេញពីទីក្រុង Mariupol។ នៅក្នុងការឆ្លើយទៅកាន់ការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu ដែលថាកងទ័ពរុស្ស៊ីបានត្រួតត្រាផ្នែកភាគច្រើននៃទីក្រុង Mariupol លោក Zelenskyy បានបញ្ជាក់ថា រុស្ស៊ីត្រួតត្រាផ្នែកភាគច្រើននៃទីក្រុងនេះ ប៉ុន្តែកងទ័ពអ៊ុយក្រែននៅគ្រប់គ្របទីក្រុងនេះមួយផ្នែក។ កងទ័ពអ៊ុយក្រែនដែលនៅសេសសល់នៅក្នុងទីក្រុង Mariupol ឥឡូវនេះនៅតស៊ូក្រាញននាលតតាំងជាមួយនឹងការឡោមព័ទ្ធរបស់រុស្ស៊ីនៅក្នុងរោងចក្រដែកថែប Azovstal។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) អ្នកស្រី Kristalina Georgieva បាននិយាយនៅ ថ្ងៃព្រហស្បតិ៍នេះថា ថវិកាសម្រាប់ជួយប្រទេសអ៊ុយក្រែនទូទាត់លើកង្វះហិរញ្ញវត្ថុរបស់ខ្លួននៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះគួរតែផ្ដល់ឱ្យជាលក្ខណៈជំនួយដើម្បីកុំឱ្យអ៊ុយក្រែនរងសម្ពាធបំណុលច្រើនពេក។ អ្នកស្រីបន្ថែមថា សំណើថវិកានេះអាចមានចំនួនប្រហែល ៥ ពាន់លានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- សហរដ្ឋអាមេរិកនឹងផ្ដល់ជំនួយហិរញ្ញវត្ថុបន្ថែមចំនួន ៥០០ លានដុល្លារដល់ប្រទេសអ៊ុយក្រែន ដើម្បីជួយរដ្ឋាភិបាលអ៊ុយក្រែននៅក្នុងការផ្ដល់ប្រាក់បៀវត្សរ៍ ប្រាក់សោធននិវត្តន៍ និងការចំណាយផ្សេងៗទៀត។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីមួយរូបនៃក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Associated Press។
- រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍នេះអំពីជំនួយយោធាថ្មីរបស់សហរដ្ឋអាមេរិកចំនួន ៨០០ លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែនថា៖ «យើងនឹងបន្តផ្ដល់ឱ្យអ៊ុយក្រែននូវសព្វាវុធដែលកងទ័ពអ៊ុយក្រែនកំពុងប្រើយ៉ាងមានប្រសិទ្ធភាពនៅសមរភូមិដើម្បីការពារខ្លួន»។ លោកបានបន្ថែមថា៖ «ប្រជាពលរដ្ឋអ៊ុយក្រែននឹងឈ្នះ»។
- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រកាសផ្ដល់ជំនួយយោធាបន្ថែមទៀតចំនួន ៨០០ លានដុល្លារដល់ប្រទេសអ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍នេះ។ លោក Biden បានសន្យាបញ្ជូនកាំភ្លើងធំធុនធ្ងន់រាប់សិបគ្រឿង គ្រាប់កាំភ្លើងចំនួន ១៤៤.០០០ បង់ និងដ្រូនយុទ្ធសាស្ត្រទៅឱ្យអ៊ុយក្រែន ស្របពេលលោកស្នើឱ្យសភាអាមេរិកអនុម័តលើជំនួយបន្ថែមសម្រាប់អ៊ុយក្រែន។
- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា គេនៅមិនទាន់ច្បាស់នៅឡើយទេថាតើរុស្ស៊ីពិតជាបានដណ្ដើមគ្រប់គ្រងទីក្រុង Mariupol នៃប្រទេសអ៊ុយក្រែន ឬក៏យ៉ាងណានោះ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអះអាងថាកងទ័ពរុស្ស៊ីបាន «រំដោះ» ទីក្រុងនេះ។ លោក Biden ថ្លែងដូច្នេះថា៖ «គេនៅមិនច្បាស់នៅឡើយទេថាតើលោក [Putin] ពិតជាបានត្រួតត្រាទីក្រុង Mariupol។ លោកគួរតែអនុញ្ញាតឱ្យមានច្រករបៀងមនុស្សធម៌ដើម្បីឱ្យមនុស្សអាច...ចេញបាន។ មិនទាន់មានភស្តុតាងណាមួយនៅឡើយទេដែលបង្ហាញថាទីក្រុង Mariupol បានដួលរលំទាំងស្រុងនោះ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានព្យាយាមអះអាងនៅថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីទទួលបានជោគជ័យលើទីក្រុង Mariupol បើទោះបីជាលោកបានបញ្ជាកងទ័ពរបស់លោកមិនឱ្យសម្រុកវាយប្រហារលើសមរភូមិតស៊ូចុងក្រោយរបស់កងទ័ពអ៊ុយក្រែន នៅក្នុងទីក្រុងនោះក៏ដោយ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Associated Press។ លោក Putin និយាយដូច្នេះថា៖ «ការបញ្ចប់កិច្ចការប្រយុទ្ធដើម្បីរំដោះទីក្រុង Mariupol គឺជាជោគជ័យ»។
- ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅថ្ងៃព្រហស្បតិ៍បានបញ្ជាឱ្យយោធារុស្ស៊ីលុបចោលផែនការនៅក្នុងការសម្រុកវាយប្រហារលើរោងចក្រ Azovstal នៅក្នុងទីក្រុង Mariupol ប្រទេសអ៊ុយក្រែន ហើយបាននិយាយថា លោកចង់ឱ្យរោងចក្រនេះត្រូវបានឡោមព័ទ្ធយ៉ាងណែនជាបន្តដូច្នេះវិញ។ លោក Putin បានចេញបញ្ជានេះទៅឱ្យរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu។ លោក Shoigu ធ្លាប់ប្រាប់លោក Putin ថា កងទ័ពអ៊ុយក្រែនជាង ២.០០០ នាក់នៅតស៊ូស្វិតស្វាញនៅក្នុងរោងចក្រនោះ ដែលមានផ្នែកក្រោមដីយ៉ាងធំមួយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនអ្នកស្រី Iryna Vereshchuk នៅថ្ងៃព្រហស្បតិ៍ បានទាមទារឱ្យយោធារុស្ស៊ីបើកច្រករបៀងមនុស្សធម៌ដើម្បីអនុញ្ញាតឱ្យមានការជម្លៀសចេញនូវជនស៊ីវិលនិងទាហានរងរបួសដែលនៅតស៊ូនៅក្នុងរោងចក្រដែកថែប Azovstal នៅក្នុងទីក្រុង Mariupol។
- ចក្រភពអង់គ្លេសបានបញ្ជាក់ថា ទណ្ឌកម្មជុំថ្មីៗបង្អស់របស់ខ្លួនដែលដាក់លើរុស្ស៊ីសំដៅលើនាយឧត្តមសេនីយ៍យោធាដែលទទួលខុសត្រូវលើអ្វីដែលខ្លួនហៅថា ជាអំពើឃោរឃៅនៅក្នុងប្រទេសអ៊ុយក្រែន ក៏ដូចជាសំដៅលើបុគ្គលនិងអាជីវកម្មណាដែលគាំទ្រកងទ័ពរុស្ស៊ី។ រដ្ឋមន្ត្រីការបរទេសអង់គ្លេសអ្នកស្រី Liz Truss បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «រលកថ្មីនៃទណ្ឌកម្មនៅថ្ងៃនេះសំដៅលើនាយឧត្តមសេនីយ៍និងក្រុមហ៊ុនផ្នែកយោធានានាដែលមានបាតដៃប្រឡាក់ឈាម»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងនាយករដ្ឋមន្ត្រីនូវែលសេឡង់អ្នកស្រី Jacinda Ardern នឹងរក្សាការដាក់សម្ពាធលើរដ្ឋាភិបាលរុស្ស៊ី។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍រួមរបស់នាយករដ្ឋមន្ត្រីទាំងពីរនៅថ្ងៃព្រហស្បតិ៍។ សេចក្ដីថ្លែងការណ៍រួមនេះបានបញ្ជាក់ថា មេដឹកនាំទាំងពីរ «នឹងបន្តធ្វើឱ្យអ្នកទទួលខុសត្រូវលើភាពគឃ្លើនខុសច្បាប់និងមិនត្រឹមត្រូវរបស់រុស្ស៊ីនេះទទួលផលវិបាកកាន់តែច្រើន»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រភពមួយបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ថា កិច្ចប្រជុំរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ (UNESCO) ដែលគ្រោងរៀបចំឡើងដោយប្រទេសរុស្ស៊ីនៅខែមិថុនាខាងមុខ ត្រូវបានពន្យារពេលដោយគ្មានការកំណត់។ ប្រភពជាន់ខ្ពស់នៃអង្គការយូណេស្កូនោះបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការយូណេស្កូបានស្នើឱ្យមានការពន្យារពេលកិច្ចប្រជុំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោក Dmitry Peskov បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលរុស្ស៊ីនៅរង់ចាំចម្លើយពីរដ្ឋាភិបាលអ៊ុយក្រែន បន្ទាប់ពីខ្លួនបានប្រគល់ឯកសារមួយច្បាប់ពាក់ព័ន្ធនឹងការចរចាសន្តិភាពឱ្យភាគីអ៊ុយក្រែនរួចមក។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃពុធថា លោកមិនបានឃើញ ឬក៏បានឮអំពីឯកសារមួយច្បាប់នោះឡើយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ថា មីស៊ីលនិងគ្រាប់ផ្លោងរបស់រុស្ស៊ីបានបាញ់ចំគោលដៅយោធា ១.០០១ កន្លែងនៅក្នុងប្រទេសអ៊ុយក្រែនកាលពីយប់មិញដែលក្នុងនោះរួមមានទាំងទីតាំងបាញ់គ្រាប់ផ្លោង ១៦២ កន្លែងផងដែរ។ ក្រសួងនេះបានបន្ថែមថា កងទ័ពរុស្ស៊ីនិងកងទ័ពផ្ដាច់ខ្លួនដែលគាំទ្រដោយរុស្ស៊ីក៏បានដណ្ដើមកាន់កាប់បានទាំងស្រុងនូវក្រុង Kreminna នៅភាគខាងកើតប្រទេសអ៊ុយ ក្រែនផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថ្លែងអំពីស្ថានភាពបច្ចុប្បន្ននៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍ ស្របពេលលោកកំពុងធ្វើការលើកញ្ចប់ជំនួយយោធាថ្មីសម្រាប់ប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បាននិយាយថា ការចរចាសន្តិភាពណាមួយទាក់ទិននឹងរឿងអ៊ុយក្រែនទំនងជានឹងមិនទទួលបានជោគជ័យនោះទេ ដោយលោកបានប្រៀបធៀបថាការចរចាជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin គឺដូចទៅនឹងការចរចាជាមួយនឹងសត្វក្រពើដូច្នេះដែរ។ លោក Johnson បានបញ្ជាក់ថា ការចរចាជាមួយនឹងលោក Putin គឺដូចជា «ក្រពើអ៊ីចឹងនៅពេលដែលជើងរបស់អ្នកស្ថិតក្នុងមាត់របស់ក្រពើនោះ» និងបានបន្ថែមថា វាពិតជាសំខាន់ដែលក្រុមបស្ចិមប្រ ទេសនៅបន្តផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនមួយរូបកាលពីថ្ងៃពុធបានចោទប្រកាន់គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ថាបានធ្វើការ «រួមជាមួយ» នឹងប្រទេសរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ អង្គការ ICRC បានច្រានចោលការចោទប្រកាន់នេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃបណ្ដាប្រទេសជាសមាជិកនៃក្រុមប្រទេស G-7 បាននិយាយកាល ពីពុធថា ពួកគេបានផ្ដល់និងសន្យារួមគ្នាជាមួយនឹងសហគមន៍អន្តរជាតិនៅក្នុងការផ្ដល់ការគាំទ្រប្រាក់បន្ថែមចំនួនជាង ២៤ ពាន់លានដុល្លារឱ្យប្រទេសអ៊ុយក្រែន សម្រាប់ឆ្នាំ ២០២២ នេះនិងឆ្នាំខាងមុខទៀត។ ពួកគេបានបន្ថែមថា ពួកគេត្រៀមខ្លួនផ្ដល់ការគាំទ្របន្ថែមទៀត ប្រសិនបើចាំបាច់។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ រដ្ឋមន្ត្រីហិរញ្ញវត្ថុទាំងនោះបានបញ្ជាក់ថា ពួកគេមានការសោកស្ដាយចំពោះការចូលរួមរបស់រុស្ស៊ីនៅក្នុងវេទិកាអន្តរជាតិនានា ដូចជាកិច្ចប្រជុំក្រុមប្រទេស G-20 កិច្ចប្រជុំរបស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងកិច្ចប្រជុំរបស់ធនាគារពិភពលោកជាដើម នៅសប្ដាហ៍នេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។ មេដឹកនាំជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ប្រទេសកាណាដានិងចក្រភពអង់គ្លេសបានដើរចេញពីកិច្ចប្រជុំនៃក្រុមប្រទេស G-20 កាលពីថ្ងៃពុធ ដើម្បីជាការតវ៉ាប្រឆាំងនឹងការសម្រេចរបស់ក្រុមប្រទេស G-20 ដែលអនុញ្ញាតឱ្យមន្ត្រីរុស្ស៊ី ដែលក្នុងនោះមានទាំងរដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ីលោក Anton Siluanov ផងដែរ ចូលរួម។ សហរដ្ឋអាមេរិកនិងប្រទេសសមាជិកផ្សេងទៀតនៃក្រុមប្រទេស G-20 បានស្នើប្រទេសឥណ្ឌូណេស៊ី ដែលជាប្រធានប្ដូរវេននៃក្រុមប្រទេស G-20 ឱ្យហាមឃាត់រុស្ស៊ីមិនឱ្យចូលរួមនៅក្នុងកិច្ចប្រជុំនេះ ដោយសារការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។