ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

០០:២៤ ១៥.៤.២០២២

ថ្ងៃព្រហស្បតិ៍ ទី ១៤ ខែមេសា៖

  • សភា​អ៊ុយក្រែន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​គាំទ្រ​សេចក្ដី​សម្រេច​មួយ​ដែល​ចាត់ទុក​សកម្មភាព​របស់​យោធា​រុស្ស៊ី​នៅក្នុង​ប្រទេស​អ៊ុយក្រែន​ថា​ជា «អំពើ​ប្រល័យ​ពូជសាសន៍»។ សេចក្ដី​សម្រេច​ដែល​អនុម័ត​ដោយ​សមាជិក​សភា​ភាគច្រើន​ចំនួន ៣៦៣ នាក់​របស់​អ៊ុយក្រែន​នេះ​បាន​បញ្ជាក់​ថា៖ «សកម្មភាព​ដែល​ប្រព្រឹត្តិ​ដោយ​កង​កម្លាំង​របស់​រុស្ស៊ី​គឺ​មិន​គ្រាន់តែ​ជា​ឧក្រិដ្ឋកម្ម​នៃ​ភាព​គឃ្លើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​ការ​បន្ត​សម្រេច​តាម​គោល​បំណង​នៃ​ការ​បំផ្លិចបំផ្លាញ​ជា​ប្រព័ន្ធ​និង​ជា​បន្ត​លើ​ប្រជាពលរដ្ឋ​អ៊ុយក្រែន លើ​អត្តសញ្ញាណ​របស់​ប្រជាពលរដ្ឋ​អ៊ុយក្រែន និង​ជា​ការ​ដក​ហូត​សិទ្ធិ​ស្វ័យ​សម្រេច​និង​សិទ្ធិ​អភិវឌ្ឍន៍​ដោយ​ឯករាជ្យ​របស់​ប្រជាពលរដ្ឋ​អ៊ុយក្រែន​ផងដែរ»។ សេចក្ដី​សម្រេច​នោះ​បាន​បន្ថែម​ថា៖ «ករណី​នេះ​តម្រូវ​ឱ្យ​មាន​ការ​ទទួល​ស្គាល់​ថា សកម្មភាព​ដែល​ប្រព្រឹត្តិ​ឡើង​ដោយ​កង​កម្លាំង​របស់​រុស្ស៊ី​នៅក្នុង​អំឡុង​ពេល​ដំណាក់កាល​ចុងក្រោយ​នៃ​ភាព​គឃ្លើន​បែប​យោធា​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ដែល​បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ ឆ្នាំ ២០២២ កន្លង​មក​នេះ គឺជា​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ប្រជាពលរដ្ឋ​អ៊ុយក្រែន»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • រដ្ឋមន្ត្រី​ការពារ​ជាតិ​កាណាដាលោកស្រី Anita Anand​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប្រទេស​កាណាដា​នឹង​បញ្ជូន​កងទ័ព​រហូត​ដល់ ១៥០ នាក់​ទៅកាន់​ប្រទេស​ប៉ូឡូញ​ដើម្បី​គាំទ្រ​ពលរដ្ឋ​អ៊ុយក្រែន​ដែល​ភៀសខ្លួន​ពី​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយក្រែន និង​ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​ជន​ភៀសខ្លួន​ដែល​កំពុង​កើនឡើង។ លោកស្រីបាន​បន្ថែម​ថា កងទ័ព​ទាំង​នោះ​នឹង​ជួយ​ជ្រោមជ្រែង​នៅក្នុង​ផ្នែក​ព្យាបាល​បន្ទាន់​និង​ផ្នែក​សម្រួល​ដំណើរការ​ទទួល​ជន​ភៀសខ្លួន​នៅ​ឯ​មណ្ឌល​ស្វាគមន៍​នៅ​ទូទាំង​ប្រទេស​ប៉ូឡូញ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ខ្លួន​បាន​ដាក់​ទណ្ឌកម្ម​លើ​មនុស្ស​ជំនិត​ពីរ​នាក់​របស់​ម្ចាស់​ក្លឹប​បាត់ទាត់ Chelsea លោក Roman Abramovich ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ ប្រធាន​ក្លឹប​បាល់ទាត់ Chelsea លោក Eugene Tenenbaum និង​លោក David Davidovich ដែល​ជា​ដៃគូ​អាជីវកម្ម​របស់​លោក Abramovich នឹង​រង​ការ​បង្កក​ទ្រព្យ​សម្បត្តិ។ រី​ឯ​លោក Davidovich ក៏​នឹង​រង​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ផងដែរ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • មន្ត្រី​រុស្ស៊ី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ចោទ​ប្រកាន់​ប្រទេស​អ៊ុយក្រែន​ថា​បាន​បញ្ជូន​ឧទ្ធម្ភាគចក្រ​ទៅ​ទម្លាក់​គ្រាប់​បែក​លើ​ក្រុង​មួយ​នៅ​ក្នុង​តំបន់ Bryansk នៅ​ភាគ​ខាង​ត្បូង​ប្រទេស​រុស្ស៊ី ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ១០ គីឡូម៉ែត្រ​ពី​ព្រំដែន។ គណៈកម្មាធិការ​ស៊ើបអង្កេត​របស់​រុស្ស៊ី ដែល​ជា​គណៈកម្មាធិការ​ស៊ើប​អង្កេត​លើ​ឧក្រិដ្ឋកម្ម​ធំៗ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «កងទ័ព​អ៊ុយក្រែន​បាន​ប្រើ​ឧទ្ធម្ភាគចក្រ​យោធា​ពីរ​គ្រឿង​ដែល​ផ្ទុក​ដោយ​អាវុធ​ធុន​ធ្ងន់​ហោះ​ចូល​ដោយ​ខុសច្បាប់​ក្នុង​ដែន​អាកាស​របស់​ប្រទេស​រុស្ស៊ី»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ចូលរួមកិច្ចប្រជុំរដ្ឋាភិបាលស្តីអំពីស្ថានភាពប្រេងនិងឧស្ម័ន ដែលធ្វើឡើងតាមអនឡាញ នៅវិមានប្រធានាធិបតីស្ថិតនៅជាយក្រុងមូស្គូ ប្រទេសរុស្ស៊ី ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២២។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ចូលរួមកិច្ចប្រជុំរដ្ឋាភិបាលស្តីអំពីស្ថានភាពប្រេងនិងឧស្ម័ន ដែលធ្វើឡើងតាមអនឡាញ នៅវិមានប្រធានាធិបតីស្ថិតនៅជាយក្រុងមូស្គូ ប្រទេសរុស្ស៊ី ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២២។

  • ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការ​ប៉ុនប៉ង​របស់​អឺរ៉ុប​នៅក្នុង​ការ​ស្វែងរក​ជម្រើស​ផ្សេង​ក្រៅពី​ការ​នាំចូល​ឧស្ម័ន​ពី​រុស្ស៊ី​គឺជា «ការ​ឈឺចាប់​សម្រាប់​អ្នក​ផ្ដួចផ្ដើម​គោល​នយោបាយ​ដូច​នេះ»។ លោក​បាន​អះអាង​ថា «មិន​មាន​ជម្រើស​ផ្សេង​សមរម្យ​ណា​មួយ​ដែល​ជំនួស​ឱ្យ​ឧស្ម័ន​របស់​រុស្ស៊ី​នៅ​ទ្វីប​អឺរ៉ុប​បាន​ទេ​នៅ​ពេល​ឥឡូវ​នេះ»។ លោក Putin បាន​កត់​សម្គាល់​ថា «ការ​ផ្គត់ផ្គង់ [ឧស្ម័ន] ពី​ប្រទេស​ផ្សេង​ទៀត​ដែល​អាច​បញ្ជូន​ទៅ​អឺរ៉ុប ជាពិសេស​ពី​សហរដ្ឋ​អាមេរិក នឹង​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​ចំណាយ​ច្រើន​ជាង​ការ​ចំណាយ​លើ​ឧស្ម័ន​របស់​រុស្ស៊ី​ជាច្រើន​ដង»។ លោក​បាន​បន្ថែម​ថា វា​នឹង «ប៉ះពាល់​ដល់​ស្ដង់ដារ​រស់នៅ​របស់​ប្រជាពលរដ្ឋ​និង​ភាព​ប្រកួតប្រជែង​របស់​សេដ្ឋកិច្ច​អឺរ៉ុប»។ សហភាព​អឺរ៉ុប​ពឹងផ្អែក​លើ​រុស្ស៊ី​សម្រាប់​ការ​នាំចូល​ឧស្ម័ន​ធម្មជាតិ​ចំនួន ៤០% និង​ការ​នាំចូល​ប្រេង​ឥន្ធនៈ​ចំនួន ២៥%។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Associated Press។
  • អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក John Kirby បាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍ MSNBC នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា សហរដ្ឋ​អាមេរិក​មិន​ទាន់​មាន​ព័ត៌មាន​គ្រប់គ្រាន់​នៅ​ពេល​ឥឡូវ​នេះ​ដើម្បី​បញ្ជាក់​អំពី​មូលហេតុ​ដែល​បណ្ដាល​ឱ្យ​មាន​ការ​ផ្ទុះ​នៅ​លើ​នាវា​ចម្បាំង​របស់​រុស្ស៊ី​នៅ​ឡើយ​ទេ។ កន្លងមក អ៊ុយក្រែន​បាន​អះអាង​ថា ការ​ផ្ទុះ​នៅ​លើ​នាវា​ចម្បាំង​នោះ​គឺ​ដោយសារ​មីស៊ីល​របស់​ខ្លួន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រទេស​ចិន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ការពារ​ជំហរ​របស់​ខ្លួន​លើ​សង្គ្រាម​នៅ​អ៊ុយក្រែន​ថា «ស្ថិត​នៅ​លើ​ជ្រុង​ត្រឹមត្រូវ​នៃ​ប្រវត្តិសាស្ត្រ»។ ការ​ការពារ​របស់​ប្រទេស​ចិន​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​សហរដ្ឋ​អាមេរិក​បាន​ព្រមាន​ថា ភាព​គ្មាន​ឆន្ទៈ​របស់​រដ្ឋាភិបាល​ចិន​នៅក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​អាច​ប៉ះពាល់​ដល់​ទំនាក់ទំនង​របស់​ចិន​ជាមួយ​នឹង​បណ្ដា​ប្រទេស​សេដ្ឋកិច្ច​ផ្សេង​ទៀត។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Zhao Lijian បាន​ទទូច​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ជំហរ​របស់​រដ្ឋាភិបាល​ចិន​គឺ​មាន​លក្ខណៈ «មិន​លំអៀង» ដោយ​បាន​និយាយ​ថា «ក្ដី​បារម្ភ​ត្រឹមត្រូវ​របស់​រុស្ស៊ី​ផ្នែក​សន្តិសុខ​គួរតែ​ត្រូវ​បាន​គោរព​ផងដែរ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • លោក Alexander Bogomaz អភិបាល​តំបន់ Bryansk នៅ​ភាគ​ខាង​ត្បូង​ប្រទេស​រុស្ស៊ី​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា អាគារ​ស្នាក់នៅ​របស់​ពលរដ្ឋ​នៅ​ក្នុងភូមិ Klimovo ត្រូវ​បាន​បាញ់​ចំ បន្ទាប់ពី​រង​ការ​បាញ់​ផ្លោង​ពី​កងទ័ព​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ស្រ្តីនាំគ្នាអង្គុយរងចាំរថយន្តក្រុងនៅស្ថានីយរថយន្តក្រុងមួយកន្លែង នៅក្នុងតំបន់ Kramatorsk ប្រទេសអ៊ុយក្រែន ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២២។
ស្រ្តីនាំគ្នាអង្គុយរងចាំរថយន្តក្រុងនៅស្ថានីយរថយន្តក្រុងមួយកន្លែង នៅក្នុងតំបន់ Kramatorsk ប្រទេសអ៊ុយក្រែន ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២២។

  • ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា នាវា​មុជទឹក​របស់​ខ្លួន​នៅ​សមុទ្រ​ជប៉ុន បាន​បាញ់​មីស៊ីល​ស្វ័យ​នាំផ្លូវ​ក្នុង​អំឡុង​ពេល​ធ្វើ​សមយុទ្ធ។ ការបាញ់​នេះ​បាន​ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​រុស្ស៊ី​មាន​ភាព​តានតឹង​ជាមួយ​នឹង​ជប៉ុន​ទាក់ទិន​នឹង​ការ​គាំទ្រ​របស់​ជប៉ុន​ចំពោះ​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • ប្រទេស​រុស្ស៊ី​បាន​ព្រមាន​អង្គការ​អូតង់ (NATO) នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប្រសិនបើ​ប្រទេស​ស៊ុយអែត​និង​ប្រទេស​ហ្វាំងឡង់​ចូល​ជា​សមាជិក​របស់​អង្គការ​នេះ នោះ​រុស្ស៊ី​នឹង​ត្រូវតែ​ពង្រឹង​ផ្នែក​ការពារ​របស់​ខ្លួន និង​ថា​ការ​ចរចា​អំពី​តំបន់​បាល់ទិក «គ្មាន​អាវុធ​នុយក្លេអ៊ែរ» អាច​មិន​មាន​ទៀតទេ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ ងារ​ព័ត៌មាន Reuters។
  • លោក Mykhailo Podolyak ដែលជា​ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយក្រែន​និង​ជា​អ្នក​ចរចា​របស់​អ៊ុយក្រែន​នៅក្នុង​ការចរចា​សន្តិភាព​ជាមួយ​នឹង​រុស្ស៊ី និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅក្នុង​ការ​ថ្លែង​តាម​ទូរទស្សន៍​ថា ប្រទេស​អ៊ុយក្រែន​ចង់​បាន​ប្រទេស​ជា​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន​ឱ្យ​ធ្វើជា​អ្នក​ធានា​ផ្នែក​សន្តិសុខ ប៉ុន្តែ​ប្រទេស​រុស្ស៊ី​មិន​ចង់​ឱ្យ​មាន​ការ​បង្កើន​ចំនួន​ប្រទេស​ធានា​ទាំងនោះ​ទេ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ពលរដ្ឋ​អ៊ុយក្រែន​ជាង៤ លាន ៧ សែន​នាក់​បាន​ភៀស​ខ្លួន​ពី​ប្រទេស​នៅ​ក្នុង​រយៈពេល ៥០ ថ្ងៃ​កន្លងមក​នេះ​តាំងពី​ពេល​ដែល​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន​មក។ ឧត្តម​ស្នងការ​អង្គការ​សហប្រជា ជាតិ​ទទួល​បន្ទុក​កិច្ចការ​ជន​ភៀសខ្លួន (UNHCR) បាន​លើកឡើង​ថា ពលរដ្ឋ​អ៊ុយក្រែន ៤.៧៣៦.៤៧១ នាក់​បាន​ភៀស​ខ្លួន​តាំងពី​ពេល​ដែល​រុស្ស៊ី​បាន​ឈ្លានពាន​កាលពី​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ​មក ដែល​មាន​ការ​កើនឡើង​ចំនួន ៧៩.៩៦២ នាក់ បើ​ធៀប​ជាមួយ​នឹង​តួលេខ​កាលពី​ថ្ងៃ​ពុធ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • ប្រទេស​អៀរឡង់ ដែល​ជា​ប្រទេស​គាំទ្រ​កិច្ច​ប្រឹងប្រែង​របស់​ប្រទេស​អ៊ុយក្រែន​នៅក្នុង​ការ​ចូល​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប បាន​បញ្ជូន​រដ្ឋមន្ត្រី​ការបរទេស​លោក Simon Coveney ទៅកាន់​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Associated Press។ រដ្ឋាភិបាល​អៀរឡង់​បាន​បញ្ជាក់​ថា លោក Coveney ដែល​មាន​តួនាទី​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​ប្រទេស​អៀរឡង់​ផងដែរ​នោះ មាន​គម្រោង​ពិភាក្សា​អំពី​វិធី​ដែល​អៀរឡង់​អាច «ជួយ​អ៊ុយក្រែន​នៅ​ក្នុង​ការ​ដាក់​ពាក្យ​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប»។
  • ប្រទេស​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា នាវា​នាំមុខ​នៃ​កង​នាវា​របស់​ខ្លួន​នៅ​សមុទ្រ​ខ្មៅ​បាន​រង​ការ​ខូចខាត​យ៉ាង​ដំណំ និង​ថា​មនុស្ស​នៅ​លើ​នាវា​ទាំងអស់​ត្រូវ​បាន​ជម្លៀស​ចេញ។ រុស្ស៊ី​អះអាង​ថា ការ​ខូចខាត​នេះ​បណ្ដាល​មកពី​ការ​ផ្ទុះ រី​ឯ​អ៊ុយក្រែន​វិញ​អះអាង​ថា​បណ្ដាល​មកពី​ការ​វាយប្រហារ​ដោយ​មីស៊ីល។
  • ឧប​នាយករដ្ឋមន្ត្រី​អ៊ុយក្រែន​អ្នកស្រី Iryna Vereshchuk បាន​និយាយ​ថា ច្រក​របៀង​មនុស្សធម៌​ចំនួន ៩ ត្រូវ​បាន​ឯកភាព​គ្នា​សម្រាប់​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដើម្បី​ជម្លៀស​ជន​ស៊ីវិល​ចេញ​ពី​ទីក្រុង Mariupol។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

រូបភាពដែលចេញផ្សាយនៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២២ ដោយក្រសួងការពារជាតិអ៊ុយក្រែន បង្ហាញរថយន្តយោធារបស់រុស្ស៊ីធ្វើដំណើរឆ្ពោះទៅកាន់តំបន់ Izyum កាត់ឆ្ពានដែលត្រូវបានបំផ្លាញមួយ នៅតំបន់ Kharkiv ក្នុងប្រទេសអ៊ុយក្រែន។
រូបភាពដែលចេញផ្សាយនៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២២ ដោយក្រសួងការពារជាតិអ៊ុយក្រែន បង្ហាញរថយន្តយោធារបស់រុស្ស៊ីធ្វើដំណើរឆ្ពោះទៅកាន់តំបន់ Izyum កាត់ឆ្ពានដែលត្រូវបានបំផ្លាញមួយ នៅតំបន់ Kharkiv ក្នុងប្រទេសអ៊ុយក្រែន។

  • លោក Oleh Synyegubov អភិបាល​តំបន់ Kharkiv នៃ​ប្រទេស​អ៊ុយក្រែន បាន​និយាយ​ថា ការ​បាញ់​ផ្លោង​របស់​រុស្ស៊ី​លើ​ទីក្រុង Kharkiv នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ធ្វើ​ឱ្យ​ជន​ស៊ីវិល ៤ នាក់​ស្លាប់​និង ១០ នាក់​ទៀត​រង​របួស។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ លោក Synyegubov បាន​ជំរុញ​ពលរដ្ឋ​នៃ​ក្រុង​មួយ​ចំនួន​ទៀត​ឱ្យ​ជម្លៀស​ចេញ ដោយ​លោក​បាន​និយាយ​ថា ការ​វាយ​ប្រយុទ្ធ​គ្នា​អាច​កើតឡើង​នៅ​ក្នុង​តំបន់​នេះ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អ៊ុយក្រែន​លោក Serhiy Marchenko បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប្រទេស​អ៊ុយក្រែន​កំពុង​ចរចា​ជាមួយ​នឹង​ដៃគូ​បរទេស​នានា​អំពី​ការ​ផ្គត់ផ្គង់​ហិ រញ្ញវត្ថុ​ចំនួន​ប្រហែល ៨.០០០ លាន​ដុល្លារ និង​បាន​បន្ថែម​ថា កន្លង​មក​អ៊ុយក្រែន​បាន​ទទួល​ការ​ផ្គត់ផ្គង់​ជា​ថវិកា​ចំនួន​ជាង ៣.៥០០ លាន​ដុល្លារ​រួច​ហើយ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោកJoe Biden កាលពី​ថ្ងៃ​ពុធ បាន​ប្រកាស​ផ្ដល់​ជំនួយ​ថ្មី​ផ្នែក​សន្តិសុខ​ចំនួន ៨០០ លាន​ដុល្លារ​ដើម្បី​ជួយ​ប្រទេស​អ៊ុយក្រែន​ការពារ​ខ្លួន​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី។ ជំនួយ​នេះ​គឺជា​ការ​បន្ថែម​ទៅ​នឹង​ជំនួយ​ចំនួន ២០០ លាន​ដុល្លារ​ដែល​លោក​បាន​ផ្ដល់​ជូន​អ៊ុយក្រែន​កាលពី​សប្ដាហ៍​មុន។ ការ​ផ្ដល់​ជំនួយ​លើក​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ថ្លែង​សុន្ទរកថា​ទៅកាន់​សភា​សហរដ្ឋ​អាមេរិក​កាលពី​ព្រឹក​ថ្ងៃ​ពុធ។
  • អធិការបតី​អូទ្រីស​លោក Karl Nehammer បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន APA របស់​ប្រទេស​អូទ្រីស​កាលពី​ថ្ងៃ​ពុធ​ថា ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ប្រាប់​លោក​នៅ​ពេល​លោក​ទាំងពីរ​បាន​ជួប​ពិភាក្សា​គ្នា​នៅ​ជិត​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី​កាល ពី​ថ្ងៃ​ចន្ទ​ថា ការ​ផ្គត់ផ្គង់​ឧស្ម័ន​របស់​រុស្ស៊ី​ចំពោះ​អូទ្រីស​នៅ​ដំណើរការ​ធម្មតា ហើយ​ប្រ ទេស​អូទ្រីស​អាច​នៅ​បន្ត​បង់​ថ្លៃ​ចំណាយ​ជា​ប្រាក់​អឺរ៉ូ​បាន។ ប្រទេស​អូទ្រីស​នាំចូល​ឧស្ម័ន​ធម្មជាតិ ៨០% ពី​ប្រទេស​រុស្ស៊ី និង​បាន​ប្រឆាំង​នឹង​ការ​ដាក់​ទណ្ឌកម្ម​ភ្លាមៗ​របស់​សហភាព​អឺរ៉ុប​ចំពោះ​ការ​នាំចូល​ឧស្ម័ន​ពី​រុស្ស៊ី ដោយ​ថា​វា​មិន​អាច​ធ្វើ​ទៅ​រួច​នោះទេ​នៅ​ពេល​ឥឡូវ​នេះ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
២៣:០៧ ១៥.៤.២០២២

ថ្ងៃសុក្រ ទី១៥ ខែមេសា៖

  • ក្រសួង​ការបរទេស​ប្រទេស​ម៉ាសេដ្វាន​បាននិយាយ​កាលពី​ថ្ងៃសុក្រ​ថា​បាន​ប្រកាស​ថា​អ្នកការទូត​រុស្ស៊ី​ចំនួន​ប្រាំមួយរូបមិនត្រូវ​បាន​ស្វាគមន៍​ទេចំពោះ​ការរំលោភ​លើ​បទដ្ឋាន​ការទូត​ហើយ​បានបញ្ជា​ឱ្យ​ពួកគេ​ចាកចេញ​ពី​ប្រទេស។ ក្រសួង​ការបរទេស​បាននិយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ «បុគ្គល​ទាំងនេះ​កំពុងធ្វើ​សកម្មភាព​ដែល​ផ្ទុយ​នឹង​អនុសញ្ញា​ទីក្រុង​វីយែន​ស្តីពី​ទំនាក់ទំនង​ការទូត​ហើយនឹង​ត្រូវចាកចេញ​ពី​ទឹកដី​នៃ​សាធារណ​រដ្ឋ​ម៉ាសេដ្វាន​ខាងជើង​ក្នុង​រយៈពេល​ប្រាំថ្ងៃ​បន្ទាប់» ។ ស្ថានទូត​រុស្ស៊ី​ថា​ការចោទ​ប្រកាន់​គឺ «គ្មានមូលដ្ឋាន​ទាំងស្រុង» ​ហើយ​បាន​ព្រមាន​អំពី ​«ផលវិបាក​ធ្ងន់ធ្ងរ» ។​នេះជា​របាយការណ៍​របស់​វិទ្យុអឺរ៉ុប​សេរី/វិទ្យុសេរីភាព។
  • ក្រុមប្រឹក្សា​ក្រុង Mariupol​ បាននិយាយ​កាលពី​ថ្ងៃសុក្រ​ថា ​ពលរដ្ឋ​បាន​រាយការណ៍​ថា​ទាហាន​រុស្ស៊ី​កំពុងជីក​យក​សាកសព​ពីមុន​ដែល​បាន​កប់​ក្នុង​ទីធ្លា​លំនៅដ្ឋាន​ហើយ​មិនអនុញ្ញាត​ឱ្យ​មាន​ការបញ្ចុះ​ថ្មី​ណាមួយ ​«នៃ​មនុស្ស​ដែល​ត្រូវ​បានសម្លាប់​ដោយ​ពួកគេ»។ ក្រុមប្រឹក្សា​បាននិយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយនៅ​លើ​កម្មវិធី​ផ្ញើសារ​Telegram ​ថា​ «មូលហេតុ​អ្វី​បាន​ជា​ការសាកសព​ត្រូវ បាន​គាស់យកចេញ​ហើយ​កន្លែង​ដែល​សាកសព​នឹង​ត្រូវ​យក​ទៅ​នោះ ​គឺ​មិនទាន់​ដឹង​នៅឡើយ»។ ការអះអាង​នេះ​នៅ​មិនទាន់​អាច​ផ្ទៀងផ្ទាត់​បាន​ដោយ​ឯករាជ្យ​បានទេ។
រូបឯកសារ៖ អគារ​មួយរង​ការ​ខូច​ខាត​អំឡុង​ពេល​ប្រយុទ្ធ​នៅ​ក្នុង​ទីក្រុង Mariupol ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី១៣ ខែ​មេសា ឆ្នាំ​២០២២។
រូបឯកសារ៖ អគារ​មួយរង​ការ​ខូច​ខាត​អំឡុង​ពេល​ប្រយុទ្ធ​នៅ​ក្នុង​ទីក្រុង Mariupol ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី១៣ ខែ​មេសា ឆ្នាំ​២០២២។
  • ​នាយករង​រដ្ឋបាល​រដ្ឋ​នៃ​ទីក្រុងកៀវ​លោក Mykola Povoroznyk​ បាន​និយាយ​កាលពី​ថ្ងៃសុក្រ​ថា​មនុស្ស​ប្រហែល​ ៤0.000 ទៅ​៥0.000​នាក់​បាន​ត្រឡប់​មក​រដ្ឋធានី​អ៊ុយក្រែន​វិញ​ជារៀង​រាល់ថ្ងៃ​ទោះបីជា​មាន​ការព្រមាន​ម្តង​ហើយ​ម្តង​ទៀត​ពី​អភិបាល​ក្រុងកៀវ​ថា​ការគំរាម​កំហែង​នៅតែមាន​ក៏ដោយ។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន​The Khyiv Independent។ អង្គការ​សហប្រជាជាតិ​បាន​ថ្លែង​ក្នុង​របាយការណ៍​ថ្មី​បន្ទាន់​ថា​ប្រជាជន​អ៊ុយក្រែន​ជាង​៨៧0.000 នាក់​ដែល​បានភៀសខ្លួន​ទៅក្រៅ​ប្រទេស​ចាប់តាំងពី​ការឈ្លានពាន​របស់​រុស្ស៊ី​កាលពី​ថ្ងៃទី២៤ ​ខែកុម្ភៈ​ឥឡូវនេះ​បាន​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ​ហើយ​ដោយ​អង្គការ​សហប្រជាជាតិ​បង្ហាញ​ពី​ការព្រួយ​បារម្ភ​អំពី​ការចុះខ្សោយ​នៃ​សន្តិសុខ​ស្បៀង​នៅក្នុង​ប្រទេស​ក៏ដូចជា​បញ្ហា​ប្រឈម​នឹង​កង្វះ​លំនៅដ្ឋាន​ដែល​អាចកើតមាន​សម្រាប់​ប្រជាជន​ ប្រសិនបើ​ពួកគេ​មិន​អាច​វិលត្រឡប់​ទៅ​ផ្ទះ​វិញ​បាន​ទេ។
  • ការផ្ទុះ​ដ៏ធំ​មួយ​បាន​កើតមាន​នៅ​ទីក្រុង Kramatorsk ​ភាគខាងកើត​អ៊ុយក្រែន​ដែល​ជា​ទីតាំង​នៃ​ការវាយប្រហារ​ដោយ​មីស៊ីល​លើ​ស្ថានីយ៍​រថភ្លើង​មួយ​កាលពី​សប្តាហ៍​មុន​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ជាង​ ៥០ ​នាក់​ស្លាប់​ និង​រងរបួស​រាប់សិបនាក់។ អ្នកកាសែត Associated Press​ នៅក្នុង​ទីក្រុង​បានឮ​សំឡេង​រ៉ុក្កែត​ឬ​កាំជ្រួច ​ហើយ​បន្ទាប់មក​មាន​ការផ្ទុះ ​អម​ដោយ​សំឡេង​ស៊ីរ៉ែន​កាលពី​ថ្ងៃសុក្រ។ គេ​មិន​ទាន់​ដឹង​ថា​មាន​អ្នក​ស្លាប់​ឬ​ក៏​អត់​នោះ​ទេ​នៅ​ពេល​ភ្លាមៗ​នេះ។
  • យោងតាម​សារព័ត៌មាន ​The Kyiv Independent ​បានឱ្យ​ដឹង​ថា​យន្តហោះ​ដឹកជញ្ជូន​ទំនិញ​ពាណិជ្ជកម្ម​ដ៏ធំ​បំផុត​របស់​ពិភពលោក ​គឺ​យន្តហោះ​ Mriya​ រង​ការបំផ្លិច​បំផ្លាញ​នៅឯ​អាកាសយានដ្ឋាន​Hostomel​ក្នុង​ប្រទេស​អ៊ុយក្រែន​បន្ទាប់ពី​មាន​ការប្រយុទ្ធគ្នា​យ៉ាង​ធ្ងន់ធ្ងរ​ជាមួយ​រុស្ស៊ី។ យន្តហោះ ​Mriya ​ដែលជា​ពាក្យ​អ៊ុយក្រែន​មានន័យ​ថា​«សេចក្តី​ប្រាថ្នា»​ ត្រូវបាន​ផលិត​នៅចុង​ទសវត្សរ៍​ទី​១៩៨០ ​ដោយ​ក្រុមហ៊ុន​ផលិត​ Antonov​ក្នុង​ទីក្រុងកៀវ។ នៅពេលនោះ​វា​ត្រូវបាន​រចនា​ឡើង​ជាផ្នែក​មួយ​នៃ​កម្មវិធី​អវកាស​សូវៀត ​ហើយ​នៅ​ទសវត្សរ៍ ១៩៩០ ​បន្ទាប់ពី​ការដួលរលំ​នៃ​សហភាពសូវៀត​ យន្តហោះ​ Mriya​ ត្រូវបាន​គេរៀបចំ​កែសម្រួល​ឡើង​វិញ​សម្រាប់​ការដឹកជញ្ជូន​ទំនិញ​ពាណិជ្ជកម្ម។ ក្នុង​រយៈពេល​ ៣០ ឆ្នាំ​នៃ​ការបម្រើ​របស់​ខ្លួន​ វា​បាន​បង្កើត​កំណត់ត្រា​ពិភពលោក​ជាង​ ២០០ ។ គ្រប់​ទីកន្លែង​ដែល​វាបាន​ទៅ​ដល់​ក្នុង​ពិភពលោក​វា​ត្រូវ​បាន​ហ្វូង​អ្នកគាំទ្រ​ដ៏​ជក់ចិត្ត​និង​អ្នកតាមដាន​អាកាសចរណ៍​ដែល​រង់ចាំ​ជាច្រើន​ម៉ោង​នៅជិត​ផ្លូវរត់​ដើម្បី​មើល​ការចុះចត​របស់​Mriya ។
  • និយតករ​សារគមនាគមន៍​របស់​រុស្ស៊ី​បានបិទ​គេហទំព័រ​ជា​ភាសារុស្សី​របស់​សារព័ត៌មាន​The Moscow Times។ កាសែត The Moscow Times ​បាន​និយាយ​ថា​គេហទំព័រ​ជា​ភាសារុស្សី​របស់​ខ្លួន​ត្រូវបាន​បិទ​បន្ទាប់ពី​បានចុះផ្សាយ​នូវអ្វី​ដែល​អាជ្ញាធរ​ហៅថា​ជា​របាយការណ៍​មិនពិត​ស្តីពី​មន្ត្រី​ប៉ូលិស​កុបកម្ម​ដែល​បដិសេធ​មិនព្រម​ប្រយុទ្ធ​នៅ​អ៊ុយក្រែន។ អាជ្ញាធរ​រុស្ស៊ី​បានបិទ​បណ្តាញ​ផ្សព្វផ្សាយ​ និង​ការបោះពុម្ព​ផ្សាយ​ឯករាជ្យ​មួយ​ចំនួន​នៅក្នុង​ការប៉ុនប៉ង​ដើម្បី​គ្រប់គ្រង​ការផ្សាយ​អំពី​ការឈ្លានពាន​ដែល​មិនបង្កហេតុ​លើ​ប្រទេស​អ៊ុយក្រែន។
  • ប្រធាន​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​របស់​អង្គការ​សហប្រជាជាតិ​(WFP) ​បាន​និយាយ​ថា​ប្រជាជន​កំពុង​ «អត់អាហារ»​ ក្នុង​ការឡោមព័ទ្ធ​ទីក្រុង​ Mariupol​ របស់​ប្រទេស​អ៊ុយក្រែន​ហើយ​លោក​បាន​ព្យាករណ៍​ថា វិបត្តិ​មនុស្សធម៌​របស់​ប្រទេស​នេះ​ទំនងជា​នឹង​កាន់តែ​អាក្រក់​ទៅៗ ​នៅពេលដែល​ប្រទេស​រុស្ស៊ី​បង្កើន​ការវាយប្រហារ​របស់ខ្លួន​នៅក្នុង​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​នេះ។ នាយកប្រតិបត្តិ ​អង្គការ​WFP​លោក David Beasley​ក៏បាន​ព្រមាន​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន​ The Associated Press​ នៅ​ទីក្រុងកៀវ​ថា​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​ដែល​ជាអ្នក​នាំចេញ​គ្រាប់​ធញ្ញជាតិ​បង្ក​ហានិភ័យ​ដល់​អស្ថិរភាព​ប្រទេស​នានា​នៅឆ្ងាយ​ពី​ប្រទេស​របស់​ខ្លួន​ផងដែរ​ហើយ​អាចបង្ក​ឱ្យ​មាន​រលក​នៃ​ជនចំណាកស្រុក​ដែល​ស្វែងរក​ជីវិត​កាន់តែ​ប្រសើរ​ឡើង​នៅ​កន្លែង​ផ្សេង។
  • មនុស្ស ៧​នាក់​បាន​ស្លាប់ ​និង​ ២៧នាក់​បាន​រងរបួស ​បន្ទាប់ពី​កងកម្លាំង​រុស្ស៊ី​បានបើក​ការបាញ់ប្រហារ​ទៅលើ​រថយន្តក្រុង​ដែល​ដឹក​ជនស៊ីវិល​នៅក្នុង​ភូមិ Borovaya ​របស់​អ៊ុយក្រែន​នៅជិត​ទីក្រុង​ Kharkiv ភាគឦសាន។​ អ្នកនាំពាក្យ​ការិយាល័យ​រដ្ឋអាជ្ញា​ក្នុង​តំបន់​បានប្រាប់​គេហទំព័រ​ព័ត៌មាន​Suspilne​ របស់​ប្រទេស​អ៊ុយក្រែន​កាលពី​ថ្ងៃសុក្រ។ លោក Dmytro Chubenko ​បាន​និយាយ​ថា​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​របស់​អ៊ុយក្រែន​កំពុង​អង្កេត​លើកាលៈទេសៈ​នៃ​ការវាយប្រហារនេះ។ លោក​បាន​បន្ថែម​ថា​ក្រុមអ្នកស៊ើប​អង្កេត​ក៏​កំពុង​ពិនិត្យ​មើលផ្លូវ​និង​ទិសដៅ​នៃ​យានជំនិះ​ដែល​ដឹកជញ្ជូន​ជនស៊ីវិល​ឆ្លង​កាត់ទឹកដី​ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី​ជុំវិញ​ភូមិ​Borovaya ​ផងដែរ។ នេះ​បើយោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ Associated Press ​បាន​រាយការណ៍។
  • ពលរដ្ឋ​អ៊ុយក្រែន​អាចប្រើប្រាស់​កម្មវិធី​របស់​រដ្ឋាភិបាល​ដើម្បី​ដាក់សំណើ​សុំសំណង​សម្រាប់​ផ្ទះ​ដែល​ត្រូវបាន​បំផ្លាញ​ដោយ​កងកម្លាំង​រុស្ស៊ី​ហើយ​រហូត​មកដល់​ពេលនេះ​ ប្រជាជន​អ៊ុយក្រែន​បានដាក់​ពាក្យបណ្ដឹង​ទាមទារ​ការខូចខាត​ទ្រព្យសម្បត្តិ​ជាង ៧៧.000​ ហើយ។
  • រោងចក្រ​យោធា​អ៊ុយក្រែន​មួយ​នៅ​ខាងក្រៅ​រដ្ឋធានី​កៀវ​ដែល​ផលិត​មីស៊ីល​ដែល​ត្រូវ​បាន​អះអាងថា​ត្រូវ​យក​មក​បានប្រើ​ដើម្បី​វាយប្រហារ​នាវា​ចម្បាំង​Moskva​ របស់​រុស្ស៊ី​ត្រូវ​បានបំផ្លាញ​មួយ​ផ្នែក​ដោយ​ការវាយប្រហារ​របស់​រុស្ស៊ី​នៅ​ពេលយប់។ នេះ​បើ​តាម​អ្នកកាសែត​ AFP​នៅ​កន្លែង​កើតហេតុ​បានឃើញ​កាលពី​ថ្ងៃសុក្រ។ រោងជាង​មួយ​និង​អគារ​រដ្ឋបាល​មួយ​នៅ​រោងចក្រ​ Vizar​ ដែល​ស្ថិត​នៅក្បែរ​អាកាស​យានដ្ឋាន​អន្តរជាតិ​ Zhuliany ​ទីក្រុងកៀវ​ត្រូវ​បានខូចខាត​យ៉ាង​ធ្ងន់ធ្ងរ។ រុស្ស៊ីបានប្រកាស​ថា​មុននេះ​ថា​ខ្លួន​បាន​វាយប្រហារ​រោងចក្រ​ដោយ​ប្រើប្រាស់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ឈ្មោះ​Kalibr ដែល​បាញ់ចេញ​ពីមូលដ្ឋាន​នៅ​សមុទ្រ។ ការវាយ​ប្រហារ​នេះ​បាន​កើតឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​អ៊ុយក្រែន​បាន​អះអាង​ថា​ខ្លួន​បាន​បំផ្លាញ​នាវា​ចម្បាំង​ Moskva ​របស់​រុស្ស៊ី​ដែល​ទីក្រុង​ម៉ូស្គូ​បាននិយាយ​ថា​បានលិច​ដោយ​ខ្លួនឯង។ ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃសុក្រ​ថា​ខ្លួន​នឹង​បង្កើន​ការវាយប្រហារ​សំដៅ​ទៅលើ​រដ្ឋធានី​កៀវ​ របស់​អ៊ុយក្រែន​ជា​ការឆ្លើយតប​ទៅនឹង​ការវាយប្រហារ​របស់​អ៊ុយក្រែន​ទៅលើ​គោលដៅ​របស់​រុស្ស៊ី។
  • ឧបនាយក​រដ្ឋមន្ត្រី​រុស្ស៊ី​លោក Alexander Novak​ បាននិយាយ​នៅក្នុង​ការអត្ថាធិប្បាយ​ដែល​បាន​ចេញផ្សាយ​នៅក្នុង​ទស្សនាវដ្តី​ផ្ទៃក្នុង​កាលពី​ថ្ងៃសុក្រ​ថា​អ្នកទិញ​ឧស្ម័ន​រុស្ស៊ី​ជាច្រើន​នាក់​បានយល់ព្រម​ប្តូរ​ទៅ​ទូទាត់​ជាប្រាក់​រូប្ល​វិញ។ នេះ​បើតាម​ទីភ្នាក់ងារ​សារព័ត៌មាន​Reuters បាន​រាយការណ៍។ លោក​មិន​បាន​បង្ហាញ​អត្តសញ្ញាណ​អតិថិជន​ដែល​បាន​ប្តូរ​រួច​នោះ​ទេ។ ប្រធានាធិបតី​រុស្ស៊ី លោក​វ្ល៉ាឌីមៀ ពូទីន ​បាននិយាយ​កាលពី​ខែមុន​ថា​អ្នកទិញ​ឧស្ម័ន​រុស្ស៊ី​ពី​ប្រទេស​ «មិនមែន​មិត្តភក្តិ» ​គួរតែ​បង់​ជា​ប្រាក់រូប្ល​ដែល​ជា​ទង្វើ​មួយ​ដែល​ត្រូវ​បាន​ច្រានចោល​ដោយ​អាជ្ញាធរ​សហភាព​អឺរ៉ុប​ក្រោម​ការដាក់​ទណ្ឌកម្ម​របស់​ប្លុក​នេះ​ប្រឆាំង​នឹង​ទីក្រុង​មូស្គូ។
  • អង្គការ​មូលនិធិសហប្រជាជាតិ​សម្រាប់​ប្រជាជន​ (UNFPA) ​បាន​និយាយ​កាលពី​ថ្ងៃសុក្រ​ថា​សង្រ្គាម​នៅ​អ៊ុយក្រែន​បាន​បង្កើត​វិបត្តិ​មនុស្សធម៌​ «ចំណាស់ជាងគេ»​ នៅលើ​ពិភពលោក​ ហើយ​ការចល័ត​ដែល​បាន​កាត់បន្ថយ​បាន​ធ្វើឱ្យ​មនុស្ស​ចាស់​ពិបាក​រត់ចេញ​ពី​តំបន់​សង្រ្គាម​និង​ទទួលបាន​ជំនួយ​មនុស្សធម៌។
  • រុស្ស៊ី​និយាយ​ថា នាវា​ចម្បាំង​នាំមុខ​របស់ខ្លួន​នៅក្នុង​សមុទ្រខ្មៅ​បានលិច​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បន្ទាប់ពី​ការផ្ទុះ​ហើយ​អ៊ុយក្រែន​អះអាង​ថា បានបាញ់​ដោយ​កាំជ្រួច។ ការបាត់បង់​នេះ​ជា​ការ វាយ​ដើរ​ថយក្រោយ​មួយ​សម្រាប់​រដ្ឋាភិបាល​ក្រុង​មូស្គូ​ខណៈដែល​ខ្លួន​បាន​ ត្រៀមខ្លួន​សម្រាប់​ការវាយប្រហារ​ថ្មី​ដែល​ទំនងជា​កំណត់​លទ្ធផល​នៃ​ជម្លោះ។ ក្រសួង​ការពារជាតិ​របស់​ចក្រភព​អង់គ្លេស​បាន​និយាយ​កាលពី​ថ្ងៃសុក្រ​ថា ក្នុង​នាម​ជា​នាវា​នៃ​កងនាវាចរ​សមុទ្រខ្មៅ​របស់​រុស្ស៊ី នាវា​កម្រិត Slava ​ឈ្មោះ​ Moskva បានដើរ​តួយ៉ាង​សំខាន់។ របាយការណ៍​បាន​កត់សម្គាល់​ថា​ថ្មីៗ​នេះ​ កប៉ាល់​នេះ​បានបញ្ចប់​ការកែលម្អ​យ៉ាង​ច្រើន​ដែលត្រូវ​បានរៀបចំ​ឡើង​ដើម្បី​បង្កើន​សមត្ថភាព​របស់​វា​ ហើយ​ថ្មីៗនេះ​បាន​ត្រឡប់​ទៅ​ធ្វើ​ប្រតិបត្តិការ​វិញ​នៅឆ្នាំ ២០២១។ ឧបទ្ទវហេតុ​នេះ​មាន​ន័យ​ថា​ឥឡូវនេះ​ប្រទេស​រុស្ស៊ី​បាន​រងការខូចខាត​នាវា​ដ៏​សំខាន់ៗ​ចំនួន​ពីរ​ចាប់តាំងពី​ការឈ្លានពាន​អ៊ុយក្រែន​ដែល​មួយ​ទៀត​ជា​នាវា​ចុះចត​ប្រភេទ​ Alligator-class Saratov ​របស់​រុស្ស៊ី​នៅថ្ងៃទី២៤ ខែមីនា​ហើយ​ថា​នេះ​អាចនាំ​ឱ្យ​រុស្ស៊ី​ពិនិត្យ​មើលឡើង​វិញនូវ​ស្ថានភាព​ដែនសមុទ្រ​របស់​ខ្លួន​នៅក្នុង​សមុទ្រ​ខ្មៅ។
រូបឯកសារ៖ នាវាចម្បាំងមីស៊ីលរុស្ស៊ី Moskva ល្បាតនៅសមុទ្រមេឌីទែរ៉ាណេ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥។
រូបឯកសារ៖ នាវាចម្បាំងមីស៊ីលរុស្ស៊ី Moskva ល្បាតនៅសមុទ្រមេឌីទែរ៉ាណេ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥។

  • នៅពេលដែល​ពិភពលោក​ផ្តោតលើ​សង្គ្រាម​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ជម្លោះ​មួយ​ទៀត​កំពុង​ផ្ទុះ ឡើង​ នៅលើ​ទូរស័ព្ទ​ដៃ​របស់​អ្នកប្រើប្រាស់។ នៅក្នុង​សង្គ្រាម​ព័ត៌មានTikTok បាន​ក្លាយជា​សមរ ភូមិ។ ការពេញនិយម​ក្នុង​ចំណោម​ទស្សនិកជន​វ័យក្មេង វេទិកា​ដែល​ស្គាល់​សម្រាប់​វីដេអូ​រាំ​នោះ​នៅ​ពេល​នេះ​សម្រាប់​អ្នកខ្លះ​បានក្លាយជា​ប្រភព​ព័ត៌មាន​អំពី​សង្គ្រាម​នៅ​អ៊ុយ ក្រែន។ ជាមួយនឹង​ខ្លឹមសារ​ថ្មី​ ដែល​មិនមាន​ការផ្ទៀងផ្ទាត់​ផ្សាយ​បន្ត​នៅលើTikTok ដោយ​ធ្វើ​ឲ្យ​ អ្នកវិភាគ​មួយ​ចំនួន​បារម្ភ​ថា វេទិ កា​នេះ​តែងតែ​បម្រើ​ដើម្បី​បំភាន់​អ្នកប្រើប្រាស់​របស់​ខ្លួន​ដែល​មាន​ចំនួន១ពាន់​លាន​នាក់​នៅទូទាំង​ពិភព លោក។ លោកAli Siddiqi នៃ VOA និង នាងLori Rampani រាយការណ៍​ថា យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​អាច​កំពុង​បំភ័ន្ត​ទស្សនៈ​របស់​យុវជន​ចំពោះ​សង្គ្រាម​នៅ​អ៊ុយក្រែន។
  • ក្រសួង​ការបរទេស​អ៊ុយក្រែន​បានចេញផ្សាយ​វីដេអូ​មួយ​កាលពី​ថ្ងៃសុក្រ​ ដោយ​ថ្កោលទោស​រុស្ស៊ី​ចំពោះ​ការប្រើ​ការបោកប្រាស់ ​និង​ព័ត៌មាន​មិនពិតជា​យុទ្ធសាស្ត្រ​យោធា។ វីដេអូ​នោះ​ដកស្រង់​សម្តី​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyyដែល​និយាយ​ថា «ប្រសិនបើ​អ្នកចង់ដឹង​ពី​ផែនការ​របស់​រុស្ស៊ី​សូមមើល​អ្វី​ដែល​រុស្ស៊ី​ចោទប្រកាន់​អ្នកដទៃ»។ រដ្ឋាភិ បាល​អ៊ុយក្រែន​បាន​និយាយ​ថា ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​ «ផ្តល់​គ្រាប់រំសេវ»​ សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​សង្រ្គាម​របស់​រុស្ស៊ី​ ហើយ​បានអំពាវនាវ​ឱ្យ​ពិភពលោក​ផ្សាយ​តែព័ត៌មាន​ដែលបាន​ផ្ទៀងផ្ទាត់​អំពី​សង្រ្គាម​នៅ​អ៊ុយក្រែន​ដើម្បី​ជួយ​អ៊ុយក្រែន «បិទជើងមេឃ» ដើម្បី​បញ្ឈប់​ប្រទេស​រុស្ស៊ី ​និង​ហាមឃាត់​ការធ្វើ​ពាណិជ្ជកម្ម​ទាំងអស់​ជាមួយ​រុស្ស៊ី។
  • ទោះបី ជាមាន​ការរំពឹងទុក​របស់​អ្នកសង្កេតការណ៍​លោកខាងលិច​ថា កងកម្លាំង​ពី​ក្រុម Wagner របស់​រុស្ស៊ី ​ដែលជា​អង្គការ​យោធា​មួយ​នឹង​ដកខ្លួន​ចេញពី​ប្រទេស​លីប៊ី​ដើម្បី​គាំទ្រ​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ក៏ដោយ ក៏​អ្នកវិភាគ​ដែលបាន​និយាយ​ទៅកាន់​ទូរទស្សន៍ Al Jazeeraរំពឹងថា​ក្រុម​ទាហាន​ស៊ីឈ្នួល​នេះ​នឹង​បន្ត​ស្នាក់នៅ​និង​គាំទ្រ​កងទ័ព​ជាតិ​លីប៊ី​របស់​លោកKhalifa Haftar នៅក្នុង​សង្គ្រាម​ស៊ីវិល​ក្នុង​ប្រទេស​លីប៊ី។
  • ឧបនាយក​រដ្ឋមន្ត្រី​អ៊ុយក្រែន​អ្នកស្រី​ Iryna Vereshchuk ​បានសរសេរ​នៅលើTelegramថា​ច្រករបៀង​មនុស្សធម៌​ចំនួន​ប្រាំបួន​ត្រូវបាន​យល់ព្រម​សម្រាប់​ថ្ងៃសុក្រ​ដើម្បី​ជម្លៀស​ជនស៊ី វិល​ រួម​ទាំងផ្លូវ​សម្រាប់​ជនស៊ីវិល​ដែល​ជាប់​នៅក្នុង​ទីក្រុង Mariupol​ ដែលត្រូវ​បាន​ឡោមព័ទ្ធ​ដោយ​កម្លាំង​រុស្ស៊ី។សារ​ដែល​បាន​បង្ហោះ​បានកត់សម្គាល់​ថា​ផ្លូវជម្លៀស​នឹង​បើកចំហ «អាស្រ័យ​លើ​ការបញ្ឈប់​ការបាញ់ផ្លោង​ដោយ​កងកម្លាំង​ឈ្លានពាន» ។
  • ក្រសួង​ការពារជាតិ​រុស្ស៊ី​បាននិយាយ​កាលពី​ថ្ងៃសុក្រ​ថា ខ្លួន​នឹង​បង្កើន​ការវាយប្រហារ​សំដៅ​លើ​រដ្ឋធានី​កៀវ​របស់​អ៊ុយក្រែន​ ជា​ការឆ្លើយតប​ទៅនឹង​ការវាយប្រហារ​របស់​អ៊ុយក្រែន​ទៅលើ​គោលដៅ​របស់​រុស្ស៊ី។ ទីភ្នាក់ងារ​សារព័ត៌មានAssociated Press រាយការណ៍​ថា អាជ្ញាធរ​រុស្ស៊ី​បានចោទ​ប្រ កាន់​កងកម្លាំង​អ៊ុយក្រែន​ថា​បានបើក​ការវាយប្រហារ​តាមអាកាស​ទៅលើ​អគារ​លំនៅដ្ឋាន​នៅក្នុង​តំបន់​មួយ​របស់​រុស្ស៊ី​ ជាប់ព្រំដែន​ជាមួយ​អ៊ុយក្រែន។ ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាននិយាយ​ថា​កង កម្លាំង​របស់​ខ្លួន​បានបាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រMi-៨ របស់​អ៊ុយ ក្រែន​ ដែល​រុស្ស៊ី​បាន​និយាយ​ថា ​បាន​វាយ​ប្រហារ​ភូមិ Klimovo ​កាលពី​ថ្ងៃព្រហស្បតិ៍​ ហើយ​ក៏បាន​បាញ់ទម្លាក់​យន្តហោះ​ចម្បាំង​អ៊ុយក្រែន​ Sukhoi-២៧ ​ផងដែរ។ នេះ​បើយោង​តាម​ទីភ្នាក់ ងារ​សារព័ត៌មាន Reuters។
  • យោង​តាម​ក្រុមហ៊ុន​សេវាកម្ម​ហិរញ្ញវត្ថុ​ និង​ធុរកិច្ច​ Moody's ​បានឱ្យ​ដឹងថា​ ប្រទេស​រុស្ស៊ី​អាចស្ថិត​ក្នុង​ឋានៈ​គ្មាន​លុយ​សងបំណុល​លើ​បំណុល​របស់ខ្លួន​មួយ​ចំនួន។
  • ទីភ្នាក់ងារ​សារព័ត៌មានReutersបាន​រាយការណ៍​ថា រុស្ស៊ី​បាន​ដល់​ពេល​បង់ប្រាក់​នៅ​ថ្ងៃទី៤ ខែមេសា​សង​បំណុល​មូលបត្រចំនួន​ពីរ​គិតជា​ប្រាក់រូប្ល​ជាជាង​ប្រាក់​ដុល្លារ​ដែល​វាត្រូវ​បាន​តម្រូវឱ្យ​ប្រើ​សម្រាប់​ការទូទាត់។
  • ក្រុមហ៊ុន Moody's បាននិយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា «ដូច្នេះ​ប្រទេស​រុស្ស៊ី​អាច​ត្រូវ​បានចាត់ទុកថា​ត្រូវ​តាម​និយមន័យ​របស់​ Moody's ​អំពី​ការគ្មានលុយ​សងបំណុល ប្រសិន បើ​មិនត្រូវបាន​ដោះស្រាយ​ត្រឹម​ថ្ងៃទី៤ ​ខែឧសភា ​ដែលជា​ពេល​ចុងបញ្ចប់​នៃ​រយៈពេល​អនុ គ្រោះ»។
  • ប្រទេស​រុស្ស៊ី ​កាលពី​ថ្ងៃព្រហស្បតិ៍​បានព្រមាន​សហរដ្ឋ​អាមេរិក​ថា អាវុធ​ដែល​ផ្គត់ផ្គង់​ដល់​អ៊ុយក្រែន​ ដោយ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​អូតង់​ផ្សេងទៀត​កំពុង «បន្ថែម​ភ្លើង»ដល់​ជម្លោះ​ហើយ​អាចនាំមក​នូវ «ផលវិបាក​ដែល​មិនអាច​ទាយទុក​ជាមុនបាន»។ នេះ​បើតាម​ ​កាសែត Washington Post បាន រាយការណ៍។
  • កាសែតWashington Post​បាននិយាយ​ថា​ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បានបដិសេធ​មិនធ្វើ​អត្ថាធិប្បាយ​លើ​ទំនាក់​ទំនង​ការទូត​ ឬ​ការឆ្លើយតប​ណាមួយ​របស់​សហរដ្ឋ​អាមេរិក​ទេ។
  • លោក George Beebe ​អតីត​នាយក​ផ្នែកវិភាគ​លើ​កិច្ចការ​រុស្ស៊ី​នៅ​ទីភ្នាក់ងារ​ស៊ើបការណ៍​កណ្តាល​(CIA)​ បានប្រាប់កាសែត​ថា​ ប្រសិនបើ​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​នៅតែ​បន្ត​ជួបប្រទះ​នឹង​ការលំបាក​នោះ ​រុស្ស៊ី​អាចនឹង​វាយប្រហារ​ទៅលើ​ក្បួន​រថយន្ត​ផ្គត់ផ្គង់​អាវុធ​របស់​អង្គការ​អូតង់​ដែលផ្តល់​អាវុធ​ឲ្យ​អ៊ុយក្រែន​ ឬ​សូម្បីតែ​វាយប្រហារ​គោលដៅ​នៅក្នុង​បណ្តា​ប្រទេស​ក្នុង​អង្គការ​អូតង់​នៅជិត​អ៊ុយក្រែន។
  • សមាជិក​សភា​អាមេរិក​២រូប​បានធ្វើដំណើរ​ទៅកាន់​ទីក្រុង​កៀវ​ប្រទេស​អ៊ុយក្រែន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​ក្លាយ​ជាមន្ត្រី​អាមេរិក​ដំបូងគេ​ដែល​មកធ្វើ​ទស្សនកិច្ច​ចាប់តាំងពី​រុស្ស៊ី​បាន​ឈ្លាន ពាន​អ៊ុយក្រែន​នៅ​ថ្ងៃទី២៤ ខែកុម្ភៈ​មក។ អ្នកស្រីVictoria Spartz សមាជិក​រដ្ឋសភា​នៃ​រដ្ឋIndiana ​និង​សមាជិក​ព្រឹទ្ធសភា​លោក​ Steve Daines ​នៃ​រដ្ឋ Montana​ ដែល​មកពី​គណបក្ស​សាធារណរដ្ឋ​ក៏បានធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង Buchaដែល​នៅ​ខាងក្រៅ​ទីក្រុង​កៀវ ជា​កន្លែង​ដែល​សាកសព​ជន ស៊ីវិល​ត្រូវបាន​រកឃើញ​នៅ​តាមដងផ្លូវ​និង​ផ្នូរដ៏ធំ បន្ទាប់ពី​ទាហាន​រុស្ស៊ី​បាន​ចាកចេញ។ អ្នកស្រីSpartz ជាអ្នក​មានដើម​កំណើត​អ៊ុយក្រែន​ដំបូងគេ​ដែល​បាន​ជាប់ឆ្នោតនៅក្នុង​សភា​សហរដ្ឋ​អាមេរិក។
២០:៤០ ១៦.៤.២០២២

ថ្ងៃសៅរ៍ ទី១៦ ខែមេសា៖

  • ទី​ភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា មនុស្ស​ម្នាក់​បាន​ស្លាប់ និង​ច្រើន​នាក់​ទៀត​បាន​រង​របួស​នៅ​ក្នុង​ការ​វាយប្រហារ​តាម​គ្រាប់​មីស៊ីល​លើ​រដ្ឋធានី​កៀវ​របស់​អ៊ុយក្រែន​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍។ នេះ​បើ​តាម​ការ​ថ្លែងតាម​ទូរទស្សន៍​របស់​អភិបាល​ក្រុង​កៀវ លោក Vitali Klitschko។ លោក​បន្ថែម​ថា ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ​កំពុង​ព្យាយាម​សង្គ្រោះ​ជីវិត​អ្នក​របួស ដោយ​លោក​ថា «ទី​ក្រុង​កៀវ​នៅ​តែ​ជា​គោលដៅ​វាយប្រហារ​របស់​ពួក​ឈ្លាន​ពាន»។
ទាហាន​អ៊ុយក្រែន​នៅ​តបន់​រដ្ឋធានី​កៀវ​ហាត់​សមយុទ្ធ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០២២ ខណៈ​រុស្ស៊ី​បន្ត​វាយប្រហារ​អ៊ុយក្រែន។
ទាហាន​អ៊ុយក្រែន​នៅ​តបន់​រដ្ឋធានី​កៀវ​ហាត់​សមយុទ្ធ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០២២ ខណៈ​រុស្ស៊ី​បន្ត​វាយប្រហារ​អ៊ុយក្រែន។
  • ដោយឡែកទី​ភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា​មនុស្ស​ម្នាក់​បាន​ត្រូវ​សម្លាប់​និង​១៨​នាក់​រង​របួស​នៅ​ពេល​ដែល​មីស៊ីល​រុស្ស៊ី​បាន​ធ្លាក់​ចំ​សង្កាត់​កណ្តាល​ក្រុង​នៃ​ទី​ក្រុង Kharkiv ភាគឦសាន​ប្រទេស កាល​ពី​ថ្ងៃ​សៅរ៍។ នេះ​បើ​តាម​អភិបាល​តំបន់​ថ្លែង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយតាម​ណ្តាញ​តេឡេក្រាម​។
  • ទី​ភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា មហាសេដ្ឋី​មាន​ទ្រព្យ​ធន​ជាង​គេ​របស់​អ៊ុយក្រែន​គឺ​លោក Rinat Akhmetov ​បាន​សន្យា​ថា​នឹង​ជួយ​កសាង​ឡើង​វិញ​នូវទីក្រុង Mariupol ដែល​ត្រូវ​ខ្ទេចខ្ទាំ​ដោយ​ការ​ឡោម​ព័ន្ធ ហើយ​ដែលលោក​មាន​មនោសញ្ចេតនា​ខ្លាំង​ជាមួយ​ទី​ក្រុង​នេះដោយ​សារ​លោក​មាន​រោងចក្រ​ផលិត​ដែកថែប​ចំនួន​ពីរ​កន្លែង​នៅ​ទី​នោះ។​
  • កាសែត the Guardian បាន​រាយការណ៍​ថា រដ្ឋាភិបាល​អាល្លឺម៉ង់​ថា​ខ្លួន​មាន​គម្រោង​ផ្តល់​ជំនួយ​យោធា​ដល់អ៊ុយក្រែន​ប្រមាណ​ជាង​១ពាន់លាន​អឺរ៉ូ ស្មើ​ប្រហែល​ជាង​ ១.០៨១ លាន​ដុល្លារ។ ទូរទស្សន៍ Aljareeza បាន​រាយការណ៍​ថា រដ្ឋមន្ត្រី​យុត្តិធម៌​អាល្លឺម៉ង់​អះអាង​ថា ការ​ផ្តល់​សព្វាវុធ​ធុន​ធ្ងន់​ដល់​អ៊ុយក្រែន ដែល​រួម​មាន​ដូច​ជា​រថក្រោះ នឹង​មិន​មាន​ន័យ​ថា​អាល្លឺម៉ង់​ចូល​រួម​ជា​ភាគឺ​នៅក្នុង​សង្គ្រាម​ប្រឆាំង​នឹង​រុស្ស៊ី​ទេ។​
  • ទូរទស្សន៍ CNN រាយកាណ៍​ថា រុស្ស៊ី​បាន​ចាប់​ផ្តើម​បង្កើន​ការ​វាយប្រហារ​នៅ​តាម​តំបន់​ជា​ច្រើន​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន ដែល​រួម​មាន​ទីក្រុង Kharkiv និង​តំបន់ Luhansk និង Donetsk។ នេះ​បើ​យោង​តាម​មន្ត្រី​យោធា​អ៊ុយក្រែន​និង​មន្ត្រី​ក្នុង​តំបន់​ទាំង​នោះ។ កងទ័ព​រុស្ស៊ីទំនង​កំពុង​បាញ់​ផ្លោង​តំបន់​ទាំង​បី​នេះតាម​អាកាស​យ៉ាង​ខ្លាំង នៅ​មុន​ការ​ត្រៀម​វាយប្រហារ​តាម​ជើង​គោក។ កងទ័ព​អ៊ុយក្រែន​និយាយ​ថា នៅ​តំបន់ Slobozhansky ភាគ​ខាង​ត្បូង​ទី​ក្រុង Kharkiv «ការ​ផ្តោត​សំខាន់​របស់​រុស្ស៊ី​ដែល​ជា​សត្រូវ គឺ​ការ​ប្រមូល​ផ្តុំ​កម្លាំង​ឡើង​វិញ​និង​ពង្រឹង​ទ័ព»។​
  • កាសែត​The Washington Post បាន​រាយការណ៍ដោយ​ដក​ស្រង់​សម្តី​របស់​រដ្ឋមន្ត្រី​ការបរទេស​អ៊ីតាលី​ថា ឯកអគ្គរដ្ឋទូត​អ៊ីតាលី​ប្រចាំ​ប្រទេសអ៊ុយក្រែន បាន​ធ្វើ​ដំណើរ​ទៅ​ដល់​រដ្ឋធានី​កៀវ​វិញ កាល​ពី​ថ្ងៃ​សុក្រ ខណៈ​ស្ថានទូត​អ៊ីតាលីត្រៀម​ខ្លួន​បើក​ដំណើរការ​របស់​ខ្លួន​ឡើង​វិញ។ អ៊ីតាលី​ជា​ប្រទេស​ចុងក្រោយ​បំផុត​មួយ​ដែល​បាន​បញ្ជូន​វត្តមាន​ការទូត​របស់​ខ្លួន​ទៅ​រដ្ឋធានី​របស់​អ៊ុយក្រែន​វិញ ក្រោយ​ពី​រុស្ស៊ី​បាន​ដក​ទ័ព​ចេញ​ពី​តំបន់​ខាង​ជើង​អ៊ុយក្រែន ដើម្បី​បង្វែរ​កម្លាំង​មក​ផ្តោត​លើ​តំបន់​ខាង​ត្បូង​និង​ខាង​កើត​ប្រទេស​វិញ។ សហភាព​អឺរ៉ុប ស្លូវេនី អូទ្រីស និង​បារាំង​ត្រូវ​បាន​រាយការណ៍​មក​ថា​កំពុង​ប្រុងប្រៀប​បើក​ស្ថានទូត​ឡើង​វិញ ប៉ុន្តែ​មក​ទល់​ពេល​នេះ សហរដ្ឋ​អាមេរិក​មិន​ទាន់​មាន​គម្រោង​ដូច្នេះ​ទេ។
  • ទី​ភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា ប្រទេស​អ៊ុយក្រែន​កំពុង​ធ្វើ​ការយ៉ាង​ច្រើន​តាមដែល​អាច​ធ្វើ​បាន ជាមួយ​ប្រទេស​តួកគី ដែល​ជា​សមាជិក​អង្គការ​អូតង់ ដើម្បី​ស្វែង​រក​ជំនួយ​ចំពោះ​បញ្ហា​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​មក​លើ​ខ្លួន ទោះ​បី​អ៊ុយក្រែន​មិន​សប្បាយ​ចិត្ត​ដែល​តួកគី​ក៏​មាន​ចំណង​ទាក់ទង​ខ្លាំង​ជាមួយ​រុស្ស៊ី​ក៏​ដោយ។ នេះ​បើ​តាម​មន្ត្រី​ទូត​អ៊ុយក្រែន​មួយ​រូប។ កន្លង​មក​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​បាន​រិះគន់​ការ​ឈ្លានពាន​របស់​រុស្ស៊ី ហើយ​បាន​លក់​យន្តហោះ​ដ្រូន​ទៅ​ឱ្យ​រដ្ឋាភិបាល​ក្រុង​កៀវ បើ​ទោះ​បី​មាន​ការ​ជំទាស់​ពី​រុស្ស៊ី​ក៏​ដោយ។ ក៏​ប៉ុន្តែតួកគី​ក៏​បាន​ជំទាស់​ទៅ​នឹង​ការ​ដាក់ទណ្ឌកម្ម​របស់​ប្រទេស​លោកខាងលិច​ទៅ​លើ​រុស្ស៊ី ហើយ​ប្រុងប្រយ័ត្ន​ចំពោះ​វោហាសាស្ត្រ​របស់​ខ្លួន​ដោយ​មិន​បន្ទោស​ភាគី​ណា​មួយ​នៅ​ក្នុង​ជម្លោះ​នេះ ថ្វី​បើ​មាន​របាយការណ៍​ពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ពី​តំបន់​ខ្លះ​របស់​អ៊ុយក្រែន​ក្តី។
  • ទីភ្នាក់ងារ​ព័ត៌មាន​ AP បាន​រាយការណ៍​ថា​កងកម្លាំង​រុស្ស៊ី​បានធ្វើការ​វាយ​ប្រហារលើ​រដ្ឋធានីកៀវ​នៅ​ប៉ែក​ខាង​លិច​នៃ​ប្រទេសអ៊ុយក្រែន​និងហួស​ពី​នោះនៅ​ថ្ងៃសៅរ៍​នេះ​ដែល​ជា​ការ​រំលឹកដល់​ជនជាតិ​អ៊ុយក្រែននិងក្រុម​អ្នក​គាំទ្រពួក​គេ​ក្នុងលោក​ខាង​លិចថា​ប្រទេស​ទាំង​មូលនៅ​តែ​ស្ថិត​ក្រោមការ​គំរាម​កំហែង ទោះ​ជារុស្ស៊ី​បានបង្វែរ​ទៅ​បើក​ធ្វើ​ការ​វាយ​លុក​ថ្មីមួយ​ក្នុងផ្នែក​ខាង​កើត​ប្រទេស​ក៏​ដោយ។
  • បើ​តាម​កាសែត Washington Post ថា​ពួកមន្ត្រីក្នុង​ក្រុងកៀវ​និង​ក្រុង Lviv ក្នុង​ប៉ែក​ខាងលិច​ប្រទេស​អ៊ុយក្រែនបាន​រាយការណ៍អំពី​ការ​ផ្ទុះកាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ គឺ​មួយ​ថ្ងៃក្រោយ​រុស្ស៊ី​បាន​ព្រមានថាខ្លួន​នឹង​បង្កើន​ការ​វាយ​ប្រហារ​លើ​រដ្ឋធានី​នៃ​ប្រទេស​អ៊ុយក្រែន។ រដ្ឋាភិបាល​ម៉ូស្គូបាន​គំរាម​កំហែងថា​នឹង​វាយ​ប្រហារ​ជា​ថ្មីលើ​ក្រុង​កៀវ​ជា​ការ​សងសឹកនឹង​ការ​វាយ​ប្រហារ​របស់​អ៊ុយក្រែនលើដែន​ដី​ឬទ្រព្យ​សម្បត្តិ​រុស្ស៊ី។​
នាយករដ្ឋមន្ត្រី​អង់គ្លេស​ លោក Boris Johnson (ស្តាំ) ចាប់​ដៃ​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ក្នុង​ពេល​លោក​មក​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​កៀវ កាល​ពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០២២។
នាយករដ្ឋមន្ត្រី​អង់គ្លេស​ លោក Boris Johnson (ស្តាំ) ចាប់​ដៃ​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ក្នុង​ពេល​លោក​មក​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​កៀវ កាល​ពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០២២។
  • ​ទូរទស្សន៍អង់គ្លេស BBC បានរាយការណ៍​ថាប្រទេស​រុស្ស៊ី​បានហាមប្រាម​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លស​លោក Borris Johnson និងពួក​រដ្ឋមន្ត្រីជាន់​ខ្ពស់​ឯទៀតៗ​មិន​ឱ្យ​ចូល​ក្នុង​ប្រទេស​រុស្ស៊ី​ទេ ដោយសារ​គោលជំហរ​«អរិភាព»របស់​ចក្រភព​អង់គ្លេសអំពី​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយក្រែន។ លោកស្រី​ Liz Truss រដ្ឋមន្ត្រី​ការ​បរទេស រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក​Ben Wallace និង​អ្នក​នយោបាយ​ជាន់ខ្ពស់​១០នាក់​ទៀតដែល​ភាគ​ច្រើន​ជា​សមាជិក​គណៈរដ្ឋមន្ត្រីក៏​ត្រូវ​បាន​ហាមប្រាម​ដែរ។ រដ្ឋាភិបាល​ម៉ូស្គូ​បាននិយាយ​ថាសេចក្តី​សម្រេចនេះត្រូវ​បានធ្វើ​ឡើងជា​ការ​សងសឹក​នឹង​ការដាក់​ទណ្ឌកម្មរបស់ចក្រភព​អង់គ្លេស​ចាប់តាំង​ពី​ពេល​ដែល​ខ្លួន​បាន​លុកលុយអ៊ុយក្រែន។ កាល​ពី​ខែ​មីនា រដ្ឋាភិបាល​ម៉ូស្គូក៏​បាន​ដាក់កំហិត​ការ​ហាមប្រាម​ស្រដៀង​គ្នា​នេះ​ដែរប្រឆាំង​នឹង​ប្រធានាធិបតី​អាមេរិក​លោក​Joe Biden។
  • ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថាលោក​ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelenskyy បានមានប្រសាសន៍​ថា​ទាហាន​អ៊ុយក្រែនប្រមាណ​ពី​២.៥០០​នាក់​ទៅ៣.០០០​នាក់​ត្រូវ​បានសម្លាប់​ក្នុង​សង្គ្រាម​៧​សប្តាហ៍ជា​មួយ​រុស្ស៊ីហើយ​មានប្រមាណ​១ម៉ឺន​នាក់​ទៀត​បានត្រូវ​របួស តែ​មិនទាន់​មានការបញ្ជាក់​អំពី​ចំនួន​ជន​ស៊ីវិល​ស្លាប់​និង​ត្រូវ​របួស​ទេ។ លោកZelenskyy​បាននិយាយប្រាប់បណ្តាញ​ទូរទស្សន៍ CNN កាលពី​ថ្ងៃ​សុក្រ​ថា ទាហាន​រុស្ស៊ីពី​១៩.០០០នាក់​ទៅ២០.០០០​នាក់​ត្រូវ​បានសម្លាប់ក្នុងសង្គ្រាម​នេះ។ រដ្ឋាភិបាល​ម៉ូស្គូបានថ្លែង​កាល​ពី​ខែ​មុន​ថា ទាហាន​រុស្ស៊ី១.៣៥១​នាក់ត្រូវ​បានសម្លាប់​និង​៣.៨២៥​នាក់​ទៀតបានត្រូវ​របួស។ ទីភ្នាក់ងារ​ព័ត៌មាន Reuters មិន​អាចផ្ទៀង​ផ្ទាត់​ដោយ​ឯករាជ្យ​អំពី​តួលេខ​នៃ​ភាគី​នីមួយៗ​បានទេ។
  • ទីភ្នាក់ងារ​ព័ត៌មាន AP បានប្រមូល​ឯកសារ​អំពី​ការ​ស្លាប់​នៃ​ជនស៊ីវិល​ក្នុង​ការវាយប្រហារនៅ​សប្តាហ៍​នេះលើក្រុង Kharkiv នាប៉ែក​ខាងកើត​ប្រទេស ហើយជា​រៀង​រាល់ថ្ងៃ​បាន​រក​ឃើញ​ជន​ស៊ីវិល​រង​គ្រោះ​ថ្មីៗនៅក្នុ​ងសង្គ្រាម​មួយ​ដែល​បានបំផ្លាញ​សន្តិសុខអឺរ៉ុប។​គ្រាន់​តែ​នៅ​ក្នុង​តំបន់រដ្ឋធានី​កៀវ​តែមួយ​គត់ អាជ្ញាធរ​អ៊ុយក្រែនបាន​រាយការណ៍​អំពី​ការ​រក​ឃើញ​សាកសព​ជន​ស៊ីវីលជាង​៩០០​នាក់ ភាគ​ច្រើន​ត្រូវ​បានបាញ់​សម្លាប់ ក្រោយ​ក្រុម​ទាហាន​រុស្ស៊ីបាន​ដក​ថយ​ពីរ​សប្តាហ៍​មុន​នេះ។
បុរស​ម្នាក់​ក្រឡេក​មើល​រថយន្ត​របស់​លោក​ដែល​បាន​ឆេះ​ខ្ទេចខ្ទាំ​ក្រោយ​ពី​មាន​ការ​វាយប្រហារ​របស់​រុស្ស៊ី​លើ​ទីក្រុង Kharkiv ប្រទេស​អ៊ុយក្រែន​ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០២២។
បុរស​ម្នាក់​ក្រឡេក​មើល​រថយន្ត​របស់​លោក​ដែល​បាន​ឆេះ​ខ្ទេចខ្ទាំ​ក្រោយ​ពី​មាន​ការ​វាយប្រហារ​របស់​រុស្ស៊ី​លើ​ទីក្រុង Kharkiv ប្រទេស​អ៊ុយក្រែន​ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០២២។
  • ទីភ្នាក់ងារ​ព័ត៌មាន Reuters បានរាយការណ៍​ថាឧបនាយក​រដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Iryna Vereshchuk បាន​មាន​ប្រសាសន៍​ថា​មាន​ការ​យល់ព្រមបើក​ផ្លូវ​របៀង​មនុស្សធម៌​៩នៅ​ថ្ងៃ​សៅរ៍ដើម្បីជម្លៀសជន​ស៊ីវិល ដោយ​មានរួម​បញ្ចូលក្រុម​ជនមក​ពី​ក្រុង Mariupol តាម​រថយន្ត​ឯកជន​ផង​ដែរ។ លោកស្រី Vereshchuk បានមានប្រសាសន៍ក្នុងសេចក្តី​ថ្លែងការណ៍មួយ​ថាផ្លូវ​របៀង​ប្រាំក្នុង​បណ្តា​ផ្លូវ​របៀង​ទាំ​ង​៩​មាន​មក​ពី​តំបន់ Luhansk ក្នុងប៉ែក​ខាង​កើត​ប្រទេស ដែលក្រុមមន្ត្រីក្នុងមូលដ្ឋាន​បាននិយាយថាបានរង​ការ​បាញ់​ផ្តក់យ៉ាង​ខ្លាំង។
  • វិទ្យុ NPR របស់​អាមេរិក​បានរាយការណ៍​ថា​នាវាចម្បាំងរុស្ស៊ីដែល​មានផ្ទុក​មីស៊ីល​ឈ្មោះ Moskvaនៅ​ក្នុង​សមុទ្រ​ខ្មៅដែលបាន​រង​ការ​ខូច​ខាតក្នុង​អគ្គិភ័យ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ត្រូវ​បាន​បាញ់​ចំដោយ​ការ​វាយ​ប្រហារ​ដោយមីស៊ីល​អ៊ុយក្រែនហើយ​ក៏លិច នេះ​បើ​តាម​ការ​បញ្ជាក់ដោយ​មន្ត្រីជាន់ខ្ពស់​ខាង​ការពារ​ជាតិ​អាមេរិក​ម្នាក់​កាល​ពី​ថ្ងៃ​សុក្រ។ រុស្ស៊ី​និង​អ៊ុយក្រែន​បាន​រាយការណ៍​ខុស​គ្នា​អំពីអ្វីដែល​បានកើត​មាន​ដល់​កប៉ាល់ចម្បាំង​នេះ។​ក្រសូង​ការពារ​ជាតិ​រុស្ស៊ី​បាននិយាយ​ថា​មាន​អគ្គិភ័យក្នុងនាវា​នោះ​បាន​កើត​ឡើង បណ្តាល​ឱ្យមានការ​ផ្ទុះ​គ្រាប់​និងនាំ​ឱ្យ​មាន​ការ​ជម្លៀស​ក្រុម​នាវិក ដែល​មានប្រមាណ​៥០០​នាក់។ អ៊ុយក្រែន​វិញបាន​អះអាងការ​ទទួល​ខុសត្រូវ​ដោយ​និយាយថា​ខ្លូនបាន​បាញ់​នាវា​ចម្បាំង​នោះ​ដោយមីស៊ីល​ប្រឆាំងកប៉ាល់ធុនNeptune ពីរ​គ្រាប់​នៅ​ចម្ងាយ​ប្រមាណ​៩៦​គីឡូម៉ែត្រពី​ឆ្នេរ​សមុទ្រ​នៃ​ទី​ក្រុង Odesa៕
០០:៤៤ ១៨.៤.២០២២

ថ្ងៃអាទិត្យ ទី ១៧ ខែមេសា៖

  • ប្រទេស​អ៊ុយក្រែន​បាន​ស្នើ​សុំ​ថវិកា​ចំនួន ៥០ ពាន់​លាន​ដុល្លារ​អាមេរិក​ពី​ក្រុម​ប្រទេស G-7 និង​កំពុង​ពិចារណា​ចេញ​មូលបត្រ​បំណុល​មិន​មាន​ការ​ប្រាក់​ដើម្បី​ជួយ​ទប់ទល់​នឹង​ឱនភាព​ថវិកា​ដែល​ពាក់ព័ន្ធ​នឹង​សង្គ្រាម​នៅ​ក្នុង​រយៈពេល ៦ ខែ​ខាងមុខ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Oleh Ustenko ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​ប្រធានាធិបតី​អ៊ុយក្រែន​នៅ​ថ្ងៃ​អាទិត្យ​នេះ។ លោក Ustenko បាន​ថ្លែង​តាម​ទូរទស្សន៍​ជាតិ​ថា ជម្រើស​ទាំងនេះ​កំពុង​ត្រូវ​បាន​ពិភាក្សា​យ៉ាង​សកម្ម។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • នាយករដ្ឋមន្ត្រី​អ៊ីតាលី​លោក Mario Draghi បាន​ត្អូញត្អែរ​នៅក្នុង​កិច្ច​សម្ភាសន៍​មួយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា កិច្ច​ប្រឹងប្រែង​ការទូត​របស់​ក្រុម​បស្ចិម​ប្រទេស​កន្លងមក​នៅក្នុង​ការ​បញ្ចុះបញ្ចូល​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ឱ្យ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន​មិន​បាន​ទទួល​លទ្ធផល​អ្វី​នោះទេ។ លោក Draghi បាន​បញ្ជាក់​ប្រាប់​កាសែត Corriere della Sera របស់​អ៊ីតាលី​ថា៖ «ខ្ញុំ​ចាប់ផ្ដើម​គិត​ថា អ្នក​ទាំងនោះ​គឺ​ពិតជា​ត្រឹមត្រូវ​នៅពេល​ពួកគេ​និយាយ​ថា «វា​គ្មាន​ន័យ​អ្វី​ទាំងអស់​នៅក្នុង​ការ​និយាយ​ជាមួយ​គាត់ [លោក Putin]។ វា​គឺជា​ការ​ខ្ជះខ្ជាយ​ពេលវេលា»»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba បាន​បញ្ជាក់​នៅក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​នឹង​ទូរទស្សន៍ CBS នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា មិន​មាន​ការ​ទាក់ទង​ផ្នែក​ការទូត​ណា​មួយ​នៅ​ពេល​ថ្មីៗ​នេះ​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​នៅ​ក្នុង​កម្រិត​រដ្ឋមន្ត្រី​ការបរទេស​នោះទេ និង​ថា​ស្ថានការណ៍​នៅ​ក្នុង​ទីក្រុង Mariupol ដែល​លោក​ហៅ​ថា​មាន​សភាព «ធ្ងន់ធ្ងរ» ប្រហែល​ជា «ឧបសគ្គ» នៅក្នុង​ដំណើរ​នៃ​ការ​ចរចា។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
ទាហាន​ម្នាក់​មក​ពី​សាធារណរដ្ឋ​ឆែកកំពុង​ពិនិត្យ​មើល​ទីតាំង​មួយ​ដែល​រងការ​ខូចខាត​ក្នុង​អំឡុងពេល​នៃ​ការ​ប្រយុទ្ធ​គ្នា​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ​នៅទីក្រុង Mariupol ប្រទេស​អ៊ុយក្រែន ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២។ (REUTERS/Chingis Kondarov)
ទាហាន​ម្នាក់​មក​ពី​សាធារណរដ្ឋ​ឆែកកំពុង​ពិនិត្យ​មើល​ទីតាំង​មួយ​ដែល​រងការ​ខូចខាត​ក្នុង​អំឡុងពេល​នៃ​ការ​ប្រយុទ្ធ​គ្នា​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ​នៅទីក្រុង Mariupol ប្រទេស​អ៊ុយក្រែន ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២។ (REUTERS/Chingis Kondarov)
  • ​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ខ្លួន​បាន​វាយ​ប្រហារ​ចំ​រោងចក្រ​ផលិត​សព្វាវុធ​មួយ​កន្លែង​នៅ​ជាយ​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន។ ការ​វាយប្រហារ​នេះ​បាន​ធ្វើ​ឡើង ស្របពេល​ដែល​រដ្ឋាភិបាល​រុស្ស៊ី​បាន​បង្កើន​ការ​វាយប្រហារ​លើ​រដ្ឋធានី​កៀវ។ ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​លើកឡើង​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​មួយនៅលើ Telegram ថា៖ «ក្នុង​អំឡុងពេល​យប់ មីស៊ីល​បាញ់​ពី​លើ​អាកាស​ដែល​កំណត់​គោលដៅ​ច្បាស់លាស់​មួយ​បាន​បំផ្លាញ​រោងចក្រ​ផលិត​សព្វាវុធ​មួយ​កន្លែង​នៅ​ជិត​តំបន់​រស់នៅ Brovary នៃ​តំបន់​រដ្ឋធានី​កៀវ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • នាយករដ្ឋមន្ត្រី​អ៊ុយក្រែន​លោក Denys Shmyhal បាន​បញ្ជាក់​នៅក្នុង​កម្មវិធី «This Week» របស់​ទូរទស្សន៍ ABC ថា ប្រទេស​អ៊ុយក្រែន​នឹង​បន្ត​ព្យាយាម​បញ្ឈប់​សង្គ្រាម​នេះ​តាម​វិធី​ការទូត «ប៉ុន្តែ ប្រសិនបើ​រុស្ស៊ី​មិន​ចង់​មាន​ការ​ចរចា យើង​នឹង​ប្រយុទ្ធ​រហូត​ដល់​ទី​បំផុត»។ លោក Shmyhal បាន​និយាយ​ថា៖ «យើង​ត្រូវការ​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ពី​ដៃគូ​បស្ចិម​ប្រទេស​របស់​យើង [លើ​រុស្ស៊ី]។ យើង​ត្រូវការ​សព្វាវុធ​បន្ថែម​ទៀត​ដើម្បី​ការពារ​ប្រទេស​របស់​យើង​និង​ព្រំដែន​អឺរ៉ុប។ យើង​ត្រូវការ​ហិរញ្ញវត្ថុ​បន្ថែម​ទៀត​ដើម្បី​ផ្គត់ផ្គង់​ប្រជាពលរដ្ឋ​របស់​យើង ជន​ភៀសខ្លួន​របស់​យើង និង​ជន​ផ្លាស់ទី​ដោយ​បង្ខំ​របស់​យើង»។
  • អភិបាលតំបន់ Luhansk នៃ​ប្រទេស​អ៊ុយក្រែន បាន​ជំរុញ​ប្រជាពលរដ្ឋ​ឱ្យ​ភៀស​ខ្លួន​ទៅកាន់​កន្លែង​មាន​សុវត្ថិភាព​នានា​នៅក្នុង​ប្រទេស​ដើម្បី​គេច​ពី​ស្ថានការណ៍​ដែល​អាច​មាន​ករណី​រដ្ឋាភិបាល​រុស្ស៊ី «ចាប់​បញ្ជូន» ពួកគេ «ដោយ​បង្ខំ» ទៅកាន់​តំបន់​ដាច់​ស្រយាល​នៃ​ប្រទេស​រុស្ស៊ី «ដែល​គេ​កំពុង​ត្រូវការ​ពលកម្ម​ក្នុង​តម្លៃ​ថោក» នៅ​ទីនោះ។ នេះ​បើ​យោង​តាម​កាសែត The Washington Post។
  • ក្រសួង​ការពារ​ជាតិ​ចក្រភព​អង់គ្លេស​បាន​បញ្ជាក់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា កងទ័ព​រុស្ស៊ី​បាន​បន្ត​ដាក់​ពង្រាយសព្វាវុធ​និង​ឧបករណ៍​គាំទ្រ​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន ដែល​ក្នុង​នោះ​រួម​មាន​ទាំង​តំបន់​នៅ​ជិត​ទីក្រុង Kharkiv និង​ទីក្រុង Severdonetsk ផងដែរ។
  • នៅ​ថ្ងៃ​អាទិត្យ​នេះ​ដែល​ជា​ថ្ងៃ​បុណ្យ Easter សម្ដេច​ប៉ាប Francis បាន​អង្វរ​ឱ្យ​មាន​ការ​បញ្ចប់​ភាព​ឃោរឃៅ​នៃ​សង្គ្រាម​នៅក្នុង​ប្រទេស​អ៊ុយក្រែន និង​បាន​ជំរុញ​អ្នក​ប្រតិបត្តិ​តាម​ព្រះអង្គ​ឱ្យ​អំពាវនាវ​សុំ​សន្តិភាព​និង​ឱ្យ​មាន​ការ​បញ្ចប់​សង្គ្រាម​ដែល​គ្មាន​ន័យ​នេះ។ សម្ដេច​ប៉ាប Francis បាន​ថ្លែង​ពី​រានហាល​កណ្ដាល​នៃ​ទីលាន St. Peter ថា៖ «សូម​ឱ្យ​មាន​សន្តិភាព​សម្រាប់​ប្រទេស​អ៊ុយក្រែន​ដែល​ហែកហួរ​ដោយសារ​សង្គ្រាម ដែល​បាន​រងគ្រោះ​យ៉ាង​ឈឺចាប់​ដោយសារ​អំពើ​ហិង្សា​និង​ការ​បំផ្លិចបំផ្លាញ​នៃ​សង្គ្រាម​ដ៏​ឃោរឃៅ​និង​គ្មាន​ន័យ​នេះ»។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​ថា លោក​បាន​អញ្ជើញ​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ឱ្យ​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​អ៊ុយក្រែន​ដើម្បី​ឱ្យ​ឃើញ​ផ្ទាល់​ភ្នែក​នូវ​ភស្តុតាង​ដែល​ថា​កងទ័ព​រុស្ស៊ី​បាន​ប្រព្រឹត្ត «អំពើ​ប្រល័យ​ពូជសាសន៍»។ កន្លងមក ពាក្យ «ប្រល័យ​ពូជសាសន៍» នេះ​ជា​ពាក្យ​ដែល​លោក Macron បាន​ព្យាយាម​មិន​និយាយ។ លោក Zelenskyy បាន​បញ្ជាក់​នៅក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​បណ្ដាញ​ព័ត៌មាន CNN ដែល​បាន​ថត​កាល​ពី​ថ្ងៃ​សុក្រ ប៉ុន្តែ​បាន​ចាក់​ផ្សាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា៖ «ខ្ញុំ​បាន​និយាយ​ជាមួយ​គាត់ [លោក Macron] កាលពី​ម្សិលមិញ។ ខ្ញុំ​ទើបតែ​បាន​ប្រាប់​គាត់​ថា ខ្ញុំ​ចង់​ឱ្យ​គាត់​យល់​ថា នេះ​មិនមែន​ជា​សង្គ្រាម​ទេ ប៉ុន្តែ​គ្មាន​អ្វី​ក្រៅ​ពី​អំពើ​ប្រល័យ​ពូជសាសន៍​នោះឡើយ។ ខ្ញុំ​បាន​អញ្ជើញ​គាត់​ឱ្យ​មក [ប្រទេស​អ៊ុយក្រែន] នៅ​ពេល​ណា​ដែល​គាត់​មាន​ឱកាស។ គាត់​នឹង​មក​និង​ឃើញ [ផ្ទាល់ភ្នែក] ហើយ​ខ្ញុំ​ច្បាស់​ណាស់​ថា គាត់​នឹង​យល់»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • គេ​មិន​ឃើញ​មាន​សញ្ញា​ណា​មួយ​ដែល​បង្ហាញ​ថា កងទ័ព​អ៊ុយក្រែន​នៅ​រោងចក្រ​ដែក​ថែប Azovstal ដែល​កងទ័ព​រុស្ស៊ី​កំពុង​ឡោមព័ទ្ធ​នៅក្នុង​ទីក្រុង Mariupol បាន​ចុះចាញ់​នោះទេ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​កាសែត The Washington Post។ កងទ័ព​រុស្ស៊ី ដែល​គ្រប់គ្រង​ភាគច្រើន​បំផុត​នៃ​ទីក្រុង Mariupol លើកលែង​តែ​រោងចក្រ​ដ៏​ធំ​នេះ បាន​កំណត់​ពេល​ឱ្យ​កងទ័ព​អ៊ុយក្រែន​នៅ​ទីនោះ​ចុះចាញ់ ដោយ​សន្យា​ថា​នឹង​ទុក​ជីវិត​ដល់​ពួកគេ​ប្រសិនបើ​ពួកគេ​ចុះចាញ់។ កាសែត The Washington Post និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ទៀត​បាន​រាយការណ៍​ថា មិន​មាន​សញ្ញា​ណា​មួយ​នៅ​ក្នុង​ពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​បន្ទាប់ពី​កាល​បរិច្ឆេទ​ដែល​រុស្ស៊ី​បាន​កំណត់​នេះ​បាន​កន្លង​ផុត​ទៅ​ដែល​បង្ហាញ​ថា ក្រុម​អ្នក​ការពារ​ទីក្រុង Mariupol ភាគច្រើន​បាន​ចុះចាញ់​នោះទេ។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ជាមួយ​មេដឹកនាំ​ចក្រភព​អង់គ្លេស​និង​មេដឹកនាំ​ប្រទេស​ស៊ុយអែត​អំពី​វិធី​ជួយ​អ្នក​ដែល​ការពារ​ទីក្រុង Mariupol និង​ជន​ស៊ីវិល​រាប់​ម៉ឺន​នាក់​ដែល​ជាប់​នៅក្នុង​ទីក្រុង​នោះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Associated Press។ លោក Zelenskyy បាន​បន្ថែម​ថា វាសនា​របស់​ទីក្រុង Mariupol អាច​ត្រូវ​សម្រេច​តាមរយៈ​ការ​ប្រយុទ្ធ​ឬ​ក៏​តាម​រយៈ​ការទូត។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG