២២:០៣
៦.៤.២០២២
ថ្ងៃពុធ ទី ៦ ខែមេសា៖
- សហរដ្ឋអាមេរិកកាលពីថ្ងៃពុធបានប្រកាសពីការដាក់ទណ្ឌកម្មថ្មីលើប្រព័ន្ធនយោបាយនិងសេដ្ឋកិច្ចរបស់រុស្ស៊ីដោយរួមផ្សំជាមួយនឹងការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងពីសំណាក់សម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន។ សេចក្តីថ្លែងការណ៍មួយពីសេតវិមានបានឲ្យដឹងថា៖ «ដរាបណារុស្ស៊ីបន្តការវាយលុកយ៉ាងឃោរឃៅរបស់ខ្លួនលើអ៊ុយក្រែនយើងនឹងឈររួបរួមជាមួយសម្ព័ន្ធមិត្តនិងដៃគូរបស់យើងក្នុងដាក់បន្ថែមលើរុស្ស៊ីចំពោះសកម្មភាពរបស់ខ្លួន» ។ សហរដ្ឋអាមេរិកដាក់ «ទណ្ឌកម្មទប់ស្កាត់ទាំងស្រុង» លើធនាគាររុស្ស៊ីនិងសហគ្រាសរដ្ឋនិងដាក់ទណ្ឌកម្មសមាជិកគ្រួសាររបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន រដ្ឋមន្ត្រីការបរទេស Sergey Lavrov និងអ្នកផ្សេងទៀត។
- ទីភ្នាក់ងារសារព័ត៌មានបារាំងបានរាយការណ៍ថា ប្រទេសអ៊ុយក្រែនកាលពីថ្ងៃពុធបានប្រាប់អ្នកស្រុកនៅតំបន់ភាគខាងកើតរបស់ប្រទេសឱ្យជម្លៀស «ឥឡូវនេះ» ឬប្រឈមនឹង «ហានិភ័យនៃការស្លាប់បាត់បង់ជីវិត» ដោយសារតែការវាយប្រហាររបស់រុស្ស៊ីដែលគួរឱ្យភ័យខ្លាច។ ឧបនាយករដ្ឋមន្ត្រី អ្នកស្រី Iryna Vereshchuk បានសរសេរនៅលើ Telegram ថា «អភិបាលនៃតំបន់ Kharkiv តំបន់ Lugansk និងតំបន់ Donetsk កំពុងអំពាវនាវឱ្យប្រជាជនចាកចេញពីទឹកដីទាំងនេះហើយកំពុងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីធានាថាការជម្លៀសប្រព្រឹត្តទៅក្នុងលក្ខណៈត្រឹមត្រូវ»។
- អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានប្រាប់សភាជាន់ទាប (Bundestag) ថា អាល្លឺម៉ង់កំពុងពិភាក្សាសម្ងាត់ជាមួយទីក្រុងកៀវអំពីលទ្ធភាពនៃការធានាសន្តិសុខដែលអាចផ្តល់ឱ្យអ៊ុយក្រែនដើម្បីធានាសុវត្ថិភាព បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។ អ៊ុយក្រែនបានស្នើថា នេះជាជម្រើសមួយសម្រាប់ជំនួសការសុំចូលជាសមាជិកភាពអង្គការអូតង់ ព្រោះរុស្ស៊ីទទូចថា ខ្លួនមិនអាចទទួលយកបានទេ។ ប្រទេសនីមួយៗដូចជាអាល្លឺម៉ង់ តួកគី ឬចិន អាចផ្តល់ការធានាដោយមានឥទ្ធិពលស្រដៀងគ្នា។ លោកបានប្រាប់សភាអាល្លឺម៉ង់ថា៖ «យើងកំពុងពិភាក្សាលើការធានាជាមួយអ៊ុយក្រែន។ កិច្ចពិភាក្សាទាំងនេះគឺជាការសម្ងាត់»។
- នាយកប្រតិបត្តិកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) លោក David Beasley បានសរសេរនៅលើ Twitter ថា កាលពីថ្ងៃពុធ WFP បានបញ្ចប់ការចែកចាយអាហារដំបូងរបស់ខ្លួនដល់មនុស្ស១២.០០០នាក់នៅក្នុងទីក្រុង Chernihiv របស់ប្រទេសអ៊ុយក្រែន។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានជំរុញកាលពីថ្ងៃពុធឲ្យមានសកម្មភាពដ៏ម៉ឺងម៉ាត់បន្ថែមទៀតក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ខណៈដែលសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបបានរៀបចំវិធានការដាក់ទណ្ឌកម្មបន្ថែមទៀត ហើយរដ្ឋមន្ត្រីការបរទេសអូតង់បានប្រមូលផ្តុំគ្នានៅទីក្រុងព្រុចសែល ដើម្បីពិភាក្សាអំពីការឆ្លើយតបបន្ថែមចំពោះការឈ្លានពានរបស់រុស្ស៊ី។ លោក Zelenskyy បានប្រាប់សភាអៀរឡង់ក្នុងវីដេអូមួយថា៖ «នៅពេលដែលយើងកំពុងឮវោហាសាស្ត្រថ្មីអំពីការដាក់ទណ្ឌកម្ម... ខ្ញុំមិនអាចទ្រាំទ្រនឹងភាពមិនច្បាស់លាស់ណាមួយបន្ទាប់ពីអ្វីៗគ្រប់យ៉ាងដែលទាហានរុស្ស៊ីបានធ្វើ»។ លោកបានរំលឹកឡើងវិញនូវការរិះគន់ចំពោះមេដឹកនាំអឺរ៉ុប ដែលលោកនិយាយថា មានការព្រួយបារម្ភកាន់តែខ្លាំងចំពោះនៃសក្តានុពលនៃការហាមឃាត់ការនាំចូលថាមពលរបស់រុស្ស៊ីនឹងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ពួកគេ ជាងសុខុមាលភាពរបស់ប្រជាជនអ៊ុយក្រែន។
- សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកកំពុងពិចារណាដាក់ទណ្ឌកម្មលើកូនស្រីទាំងពីររបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ជាផ្នែកនៃវិធានការថ្មីមួយចំនួនដាក់ទណ្ឌកម្មចំពោះសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ដែលជាវិធានការមិនធ្លាប់មានពីមុនមកដោយរដ្ឋាភិបាលលោកខាងលិច ដែលព្យាយាមដាក់សម្ពាធលើទីក្រុងម៉ូស្គូ។ ការសម្រេចចិត្តនេះមិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ។ នេះបើយោងតាមមន្ត្រីអឺរ៉ុបនិងសហរដ្ឋអាមេរិកចំនួនបួននាក់ ដែលបានដឹងអំពីការពិភាក្សា ហើយស្ត្រីទាំងពីរនាក់អាចនឹងត្រូវបានដកចេញពីបញ្ជីថ្មីនេះ។ រាយការណ៍ដោយវិទ្យុអឺរ៉ុបសេរី / វិទ្យុសេរីភាព។
- ឥណ្ឌាបានថ្កោលទោសការសម្លាប់ជនស៊ីវិលនៅអ៊ុយក្រែនដែលនេះជាលើកទីមួយ ដែលរដ្ឋាភិបាលឥណ្ឌាបានរិះគន់ជាសាធារណៈចំពោះសកម្មភាពដែលបានស្តីបន្ទោសលើប្រទេសរុស្ស៊ីប៉ុន្តែក៏បាននិយាយថា ទីក្រុងម៉ូស្គូនៅតែបន្តជាដៃគូសេដ្ឋកិច្ចដ៏សំខាន់។ រហូតមកដល់ពេលនេះ រដ្ឋាភិបាលឥណ្ឌាបានបដិសេធមិននិយាយស្តីអំពីសម្ព័ន្ធមិត្តដ៏យូរលង់របស់ខ្លួនគឺរុស្ស៊ីជុំវិញការឈ្លានពានអ៊ុយក្រែនបើទោះបីជាមានសម្ពាធកាន់តែខ្លាំងពីសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តក៏ដោយ។
- ខណៈដែលវីដេអូនិងរូបថតដ៏គួរឱ្យរន្ធត់នៃសាកសពបានផុសចេញពីក្រុង Bucha ដែលនៅជាយទីក្រុងកៀវប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្រដោយវិមានក្រឹមឡាំងកំពុងបរិហារថា ជាការបោកបញ្ឆោតដ៏ឧឡារិកដែលជាការរៀបរាប់ដែលអ្នកកាសែតក្នុងប្រទេសអ៊ុយក្រែនបង្ហាញថាមិនពិត។ ការបរិហារព័ត៌មានថាជាព័ត៌មានក្លែងក្លាយ ឬការផ្សព្វផ្សាយព័ត៌មានមិនពិតដើម្បីសាបព្រួសភាពច្របូកច្របល់និងបំផ្លាញសត្រូវរបស់ខ្លួន គឺជាកលល្បិចដែលទីក្រុងម៉ូស្គូបានប្រើអស់ជាច្រើនឆ្នាំនិងបានកែលម្អពេលមានប្រព័ន្ធផ្សព្វផ្សាយសង្គម។ ទីភ្នាក់ងារសារព័ត៌មាន Associated Press បានរាយការណ៍កាលពីថ្ងៃពុធ។
- គំនរសាកសពឆេះនិងខ្មៅចំនួនប្រាំមួយដែលឃើញដោយអ្នកកាសែត Associated Press គឺជាទិដ្ឋភាពដ៏គួរឱ្យរន្ធត់ចុងក្រោយបង្អស់ដែលបានផុសចេញពីក្រុង Bucha ប្រទេសអ៊ុយក្រែន។ គេមិនដឹងច្បាស់ថា តើមនុស្សទាំងនោះជានរណាឬស្ថិតក្នុងកាលៈទេសៈណាទេដែលពួកគេត្រូវបានគេសម្លាប់។ រាងកាយខ្មៅមួយលើកដៃឡើង មុខស្រពោនដោយការស្រែកដ៏គួរឲ្យរន្ធត់។ ចំណែកលលាដ៍ក្បាលមួយទៀតមានរន្ធគ្រាប់កាំភ្លើងនៅប្រាសាទខាងឆ្វេង។ ជើងតូចខ្មៅរបស់កុមារអាចត្រូវបានគេមើលឃើញនៅក្នុងភាពប្រទាក់គ្នានៃសាកសពដែលឆេះ។ រដ្ឋមន្ត្រីមហាផ្ទៃអ៊ុយក្រែនលោក Denys Monastyrsky បាននិយាយនៅកន្លែងកើតហេតុថា «វាគួរឱ្យរន្ធត់ណាស់»។
- ក្រុមគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) បាននិយាយកាលពីថ្ងៃពុធថាខ្លួនបានដឹកនាំក្បួនរថយន្តក្រុងនិងរថយន្តឯកជនដឹកមនុស្សជាង ៥០០ នាក់ទៅកាន់ទីក្រុង Zaporizhzhia បន្ទាប់ពីជនស៊ីវិលបានភៀសខ្លួនដោយខ្លួនឯងចេញពីទីក្រុង Mariupolរ បស់ប្រទេសអ៊ុយក្រែនដែលត្រូវបានឡោមព័ទ្ធ។ លោក Pascal Hundt ដែលជាប្រធានគណៈប្រតិភូរបស់ ICRC នៅក្នុងប្រទេសអ៊ុយក្រែនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការមកដល់របស់ក្បួននេះទៅកាន់ទីក្រុង Zaporizhzhia គឺជាការសង្គ្រោះដ៏ធំធេងសម្រាប់មនុស្សរាប់រយនាក់ដែលបានរងទុក្ខវេទនាយ៉ាងសម្បើមហើយឥឡូវនេះស្ថិតនៅក្នុងទីតាំងដែលមានសុវត្ថិភាពជាង។ វាច្បាស់ណាស់ថាជនស៊ីវិលរាប់ពាន់នាក់ទៀតដែលជាប់នៅក្នុងទីក្រុង Mariupol ត្រូវការច្រកចេញប្រកបដោយសុវត្ថិភាពនិងជំនួយដើម្បីចូលមក»។
- គណៈកម្មការអឺរ៉ុបកាលពីថ្ងៃពុធបានបញ្ចេញសុន្ទរកថារបស់ប្រធានគឺអ្នកស្រី Ursula von der Leyen ដែលបាននិយាយថា ប្រទេសរុស្ស៊ីកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមហើយបានយកករណីនេះដើម្បីដាក់ទណ្ឌកម្មបន្ថែមទៀត។
- សារព័ត៌មាន Associated Press បានរាយការណ៍ថាប្រទេសចិននិយាយថា របាយការណ៍និងរូបភាពនៃការស្លាប់របស់ជនស៊ីវិលនៅក្នុងទីក្រុង Buchaរបស់អ៊ុយក្រែនគឺ «មានការរំខានយ៉ាងខ្លាំង» ហើយអំពាវនាវឱ្យមានការស៊ើបអង្កេត។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយកាលពីថ្ងៃពុធថា ប្រទេសចិនគាំទ្ររាល់គំនិតផ្តួចផ្តើមនិងវិធានការ «អំណោយផលដល់ការបន្ធូរបន្ថយវិបត្តិមនុស្សធម៌» នៅក្នុងប្រទេសហើយ«ត្រៀមខ្លួនជាស្រេចដើម្បីបន្តធ្វើការរួមគ្នាជាមួយសហគមន៍អន្តរជាតិ ដើម្បីការពារការខូចខាតណាមួយដល់ជនស៊ីវិល»។ ការសម្លាប់នៅក្រុង Bucha អាចនឹងដាក់សម្ពាធបន្ថែមលើទីក្រុងប៉េកាំងជុំវិញជំហរគាំទ្ររុស្ស៊ីភាគច្រើនរបស់ខ្លួននិងការប៉ុនប៉ងបង្វែងមតិសាធារណៈជុំវិញសង្គ្រាម។ ចិនបានអំពាវនាវឲ្យមានការចរចា ខណៈបដិសេធមិនរិះគន់រុស្ស៊ីជុំវិញការឈ្លានពាននេះ។ ប្រភពពីវិទ្យុអឺរ៉ុបសេរី/វិទ្យុសេរីភាព។
- អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយកាលពីថ្ងៃពុធថា ប្រជាជនដែលជាប់ក្នុងវិបត្តិជុំវិញពិភពលោកមិនអាចជាអ្នកទទួលរងគ្រោះបានអស់ ចំពោះសង្គ្រាមនៅអ៊ុយក្រែនទេ។ លោកបានអំពាវនាវដល់ក្រុមប្រទេស G-20 និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិឱ្ យ«បង្កើនសាច់ប្រាក់និងលំហរសារពើពន្ធដូច្នេះរដ្ឋាភិបាលអាចផ្តល់ប្រព័ន្ធសុវត្ថិភាពសម្រាប់អ្នកដែលងាយរងគ្រោះបំផុត»។
- រដ្ឋមន្ត្រីការបរទេសអង់គ្លេសអ្នកស្រី Liz Truss បានបញ្ចេញវីដេអូមួយនៅលើ Twitter កាលពីថ្ងៃពុធដោយរៀបរាប់លម្អិតអំពីជំនួយមនុស្សធម៌មួយចំនួនដែលរដ្ឋាភិបាលចក្រភពអង់គ្លេសបានផ្តល់ដល់អ៊ុយក្រែនកន្លងមករួមទាំងអាហារ ថ្នាំពេទ្យម៉ាស៊ីនភ្លើង និងរបស់របរផ្សេងៗទៀត។ អ្នកស្រីបានបន្ថែមថាពេលនេះរថយន្តសង្គ្រោះចំនួន ២០គ្រឿងក៏កំពុងត្រូវបានបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែនផងដែរ ដើម្បីជួយ «នាំយកការថែទាំសង្គ្រោះជីវិត» ដល់ប្រជាជនអ៊ុយក្រែនដែលនៅសេសសល់ក្នុងទីក្រុងនិងទីក្រុងដែលរងការវាយប្រហារពីការទម្លាក់គ្រាប់បែករបស់រុស្ស៊ី។
- រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បាននិយាយកាលពីថ្ងៃពុធថា ប្រទេសរបស់លោកកោតសរសើរចំពោះទណ្ឌកម្មជាច្រើនរបស់សហភាពអឺរ៉ុបប្រឆាំងនឹងប្រទេសរុស្ស៊ី។ ទោះបីជាយ៉ាងណាក៏ដោយ ក៏លោកបានអំពាវនាវឱ្យសហភាពអឺរ៉ុបចាត់វិធានការបន្ថែមទៀត«ដើម្បីបញ្ឈប់លោក ពូទីន» ដោយនិយាយថា «ពេលវេលាដ៏លំបាកតម្រូវឱ្យមានការសម្រេចចិត្តដ៏លំបាក»។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា រុស្ស៊ីកំពុងបង្កវិបត្តិស្បៀងអាហារដោយចេតនាដោយប្រើប្រាស់ភាពអត់ឃ្លានជា«អាវុធ»។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
- រដ្ឋាភិបាលរបស់កោះតៃវ៉ាន់ បានបញ្ជាក់នៅថ្ងៃពុធថា ខ្លួនកំពុងរឹតបន្តឹងការទប់ស្កាត់ការនាំចេញទៅកាន់ប្រទេសរុស្ស៊ីដើម្បីជាផ្នែកមួយនៃទណ្ឌកម្មលើរុស្ស៊ីចំពោះការចូលឈ្លានពានប្រទេសអ៊ុយក្រែន ដោយបញ្ជាក់លម្អិតនូវច្បាប់ដើម្បីរារាំងបច្ចេកវិទ្យានិងបន្ទះសៀគ្វីពីការប្រើប្រាស់សម្រាប់គោលបំណងយោធា។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
- សម្តេចប៉ាប Francis កាលពីថ្ងៃពុធបានថ្កោលទោស «ការសម្លាប់រង្គាលនៅក្រុង Bucha» ហើយបានលើកទង់ជាតិអ៊ុយក្រែនដែលត្រូវបានបញ្ជូនទៅថ្វាយព្រះអង្គពីទីក្រុងដែលជាកន្លែងដែលសាកសពត្រូវបានចងនិងបាញ់យ៉ាងកៀកផ្នូរសពរួមនិងសញ្ញាផ្សេងទៀតនៃការប្រហារជីវិតត្រូវបានរកឃើញ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
- ប្រធានប្រតិបត្តិករដឹកជញ្ជូនឧស្ម័នរបស់ប្រទេសអ៊ុយក្រែនបាននិយាយថា ការខាតបង់របស់ខ្លួនដោយសារតែសង្គ្រាមមានចំនួនជាទឹកប្រាប់រាប់រយលានអឺរ៉ូ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
- អភិបាលនៃតំបន់ Kursk របស់រុស្ស៊ីនៅតាមព្រំដែនជាមួយអ៊ុយក្រែនបាននិយាយកាលពីថ្ងៃពុធថា ឆ្មាំព្រំដែនរុស្ស៊ីត្រូវបានគេបាញ់ដោយកាំភ្លើងត្បាល់កាលពីថ្ងៃអង្គារ។ ទីភ្នាក់ងារសារព័ត៌មាន Associated Press បានរាយការណ៍ដូច្នេះ។ អភិបាលក្រុង លោកRoman Starovoit បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា ឆ្មាំព្រំដែនបានបាញ់តបតវិញហើយថា «មិនមានអ្នកស្លាប់ឬបំផ្លិចបំផ្លាញទេ» លើភាគីរុស្ស៊ីជាលទ្ធផលនៃឧប្បត្តិ ហេតុនេះ។ យោធាអ៊ុយក្រែនមិនទាន់ធ្វើអត្ថាធិប្បាយលើការចោទប្រកាន់នេះទេហើយ AP មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបានទេ។
- សហភាពអឺរ៉ុបនឹងត្រូវដាក់ចេញនូវវិធានការប្រឆាំងនឹងការនាំចូលប្រេងនិងសូម្បីតែឧស្ម័នរបស់រុស្ស៊ីនៅពេលណាមួយជាមធ្យោបាយដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលក្រុងមូស្គូឱ្យបញ្ឈប់ការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន។ ប្រធានមេដឹកនាំសហភាពអឺរ៉ុបលោក Charles Michel បាននិយាយដូច នេះកាលពីថ្ងៃពុធ។ លោក Michel បានប្រាប់សភាអឺរ៉ុបថា៖ «ខ្ញុំគិតថា វិធានការលើប្រេងនិងសូម្បីតែឧស្ម័នក៏នឹងត្រូវការក្នុងពេលឆាប់ៗនេះដែរ»។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
- រដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេសលោក Sajid Javid បាននិយាយនៅថ្ងៃពុធនេះថា ពិភពលោកត្រូវតែធ្វើសកម្មភាពដើម្បីបញ្ឈប់ការសម្លាប់រង្គាលនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។ លោកបានប្រាប់ទូរទស្សន៍ BBC របស់អង់គ្លេសថា៖ «នេះជាការសម្លាប់រង្គាលក្នុងទំហំមិនធ្លាប់មាននៅអឺរ៉ុប។ ខ្ញុំគិតថា យើងមិនបានឃើញដូចនេះតាំងពីឆ្នាំ ១៩៩៥ មកម្ល៉េះ។ ខ្ញុំមិនចង់ធ្វើការរំឭកដល់អំពើប្រល័យពូជសាសន៍ផ្សេងទៀតនៅអឺរ៉ុបប៉ុន្មានឆ្នាំពីឥឡូវនេះទេ។ យើងមានអំណាច ពិភពលោកមានអំណាច ដើម្បីបញ្ឈប់រឿងនេះហើយត្រូវតែធ្វើសកម្មភាព»។
- កងកម្លាំងរុស្ស៊ីបានវាយប្រហារនៅពេលយប់លើឃ្លាំងផ្ទុកប្រេងឥន្ធនៈនិងរោងចក្រមួយនៅក្នុងតំបន់Dnipropetrovsk របស់ប្រទេសអ៊ុយក្រែនហើយចំនួនអ្នកស្លាប់និងរបួសនៅតែមិនច្បាស់លាស់នៅឡើយ។ នេះបើតាមការបញ្ជាក់របស់អភិបាលតំបន់លោក Valentyn Reznichenko កាលពីថ្ងៃពុធនៅលើកម្មវិធីផ្ញើសារ Telegram ហើយត្រូវបានទីភ្នាក់ងារសារព័ត៌មាន Associated Press រាយការណ៍។ លោក Reznichenko បានសរសេរថា៖ «ពេលយប់គឺជាការប្រកាសអាសន្ននិងលំបាក។ ខ្មាំងសត្រូវវាយប្រហារតំបន់យើងពីលើអាកាសហើយបានវាយប្រហារឃ្លាំងប្រេងនិងរោងចក្រមួយ។ ឃ្លាំងស្តុកប្រេងដែលមានឥន្ធនៈត្រូវបានបំផ្លាញ។ ក្រុមអ្នកជួយសង្គ្រោះកំពុងតែពន្លត់ភ្លើងនៅរោងចក្រនេះ»។
- នៅក្នុងតំបន់ Luhansk នៅភាគខាងកើតប្រទេសអ៊ុយក្រែន ការបាញ់ផ្លោងកាលពីថ្ងៃអង្គារលើក្រុង Rubizhne បានសម្លាប់មនុស្សម្នាក់និងរបួសប្រាំនាក់ទៀត។ នេះបើតាមអភិបាលខេត្តលោក Serhiy Haidai កាលពីថ្ងៃពុធនៅលើប្រព័ន្ធ Telegram ។ យោធារុស្ស៊ីបន្តការប្រឹងប្រែងរបស់ខ្លួនលើការរៀបចំសម្រាប់ការវាយលុកនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន ក្នុងគោលបំណង «បង្កើតការគ្រប់គ្រងពេញលេញលើទឹកដីនៃតំបន់ Donetsk និង Luhansk»។ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពនៅព្រឹកថ្ងៃពុធ ដោយអគ្គសេនាធិការយោធាអ៊ុយក្រែន។ ផ្នែកខ្លះនៃតំបន់ទាំងពីរបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកឧទ្ទាមដែលគាំទ្រដោយរុស្ស៊ីចាប់តាំងពីឆ្នាំ ២០១៤ ហើយត្រូវបានទទួលស្គាល់ដោយទីក្រុងមូស្គូជារដ្ឋឯករាជ្យ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
- សហរដ្ឋអាមេរិកបានប្រកាសផ្តល់ជំនួយយោធាចំនួន ១០០ លានដុល្លារសម្រាប់អ៊ុយក្រែន ខណៈដែលរដ្ឋមន្ត្រីការបរទេសអូតង់បានប្រមូលផ្តុំគ្នានៅទីក្រុងព្រុចសែល ដើម្បីពិភាក្សាពីរថ្ងៃអំពីជម្លោះអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីល្ងាចថ្ងៃអង្គារថា៖ «ពិភពលោកមានការតក់ស្លុតនិងរន្ធត់ចំពោះអំពើឃោរឃៅដែលប្រព្រឹត្តដោយកង កម្លាំងរុស្ស៊ីនៅក្រុង Bucha និងនៅទូទាំងប្រទេសអ៊ុយក្រែន។ កងកម្លាំងរបស់អ៊ុយក្រែនបន្តការពារប្រទេសនិងសេរីភាពរបស់ពួកគេដោយក្លាហានហើយសហរដ្ឋអាមេរិក រួមជាមួយនឹងសម្ព័ន្ធមិត្តនិងដៃគូរបស់យើង ឈរយ៉ាងខ្ជាប់ខ្ជួនក្នុងការគាំទ្រអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់អ៊ុយក្រែន»។ អ្នកនាំពាក្យក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក John Kirby បាននិយាយថា ជំនួយនេះនឹង «បំពេញតម្រូវការរបស់អ៊ុយក្រែនជាបន្ទាន់សម្រាប់ទិញបន្ថែមមីស៊ីល Javelin ដើម្បីប្រឆាំងរថក្រោះ ដែលសហរដ្ឋអាមេរិកកំពុងផ្តល់ឱ្យអ៊ុយក្រែន ហើយពួកគេបានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពដើម្បីការពារប្រទេសរបស់ពួកគេ»។
- ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធាអង់គ្លេសបាននិយាយកាលពីថ្ងៃពុធថា ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានិងការវាយប្រហារតាមអាកាសរបស់រុស្ស៊ីនៅតែបន្តនៅក្នុងទីក្រុង Mariupol របស់អ៊ុយក្រែន ដែលត្រូវឡោមព័ទ្ធដោយទាហានរុស្ស៊ី។ ក្រសួងការពារជាតិបានបញ្ជាក់ថា៖ «ស្ថានភាពមនុស្សធម៌នៅក្នុងទីក្រុងកាន់តែអាក្រក់ទៅៗ។ ភាគច្រើននៃពលរដ្ឋដែលនៅសេសសល់ចំនួន ១៦០.០០០ នាក់ មិនមានអគ្គិសនីប្រព័ន្ធទំនាក់ទំនងថ្នាំពេទ្យ កម្តៅ ឬទឹកទេ។ កងកម្លាំងរុស្ស៊ីបានរារាំងក្រុមមនុស្សធម៌មិនឲ្យចូល ដែលទំនងជាដាក់សម្ពាធអ្នកការពារឱ្យចុះចាញ់»។ ទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់របាយការណ៍នេះភ្លាមៗបានទេ។
- អ្នកនាំពាក្យរបស់អាឡឺម៉ង់និយាយថា រដ្ឋាភិបាលមានព័ត៌មានដែលបង្ហាញថា សាកសពដែលបានរកឃើញបន្ទាប់ពីអ៊ុយក្រែនបានវាយយកក្រុង Bucha មកវិញកាលពីសប្តាហ៍មុន បាននៅទីនោះចាប់តាំងពីយ៉ាងហោចណាស់ថ្ងៃទី ១០ ខែមីនា នៅពេលដែលទាហានរុស្ស៊ីបានគ្រប់គ្រងក្រុងនោះ។ លោក Steffen Hebestreit បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប៊ែរឡាំង កាលពីថ្ងៃពុធថា ព័ត៌មាននេះគឺផ្អែកលើរូបភាពផ្កាយរណបដែលមិនមែនជារបស់ក្រុមហ៊ុនឯកជនដែលបានថតនៅថ្ងៃទី ១០ រហូតដល់ថ្ងៃទី ១៨ ខែមីនាលើផ្លូវ Yablonska ក្នុងក្រុង Bucha ។ នេះបើតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន AP។
- ប្រទេសន័រវែសកំពុងដើរតាមប្រទេសអឺរ៉ុបផ្សេងទៀតដោយបណ្ដេញអ្នកការទូតរុស្ស៊ី។ រដ្ឋមន្ត្រីការបរទេសន័រវែសអ្នកស្រី Anniken Huitfeldt បាននិយាយកាលពីថ្ងៃពុធថា អ្នកការទូតរុស្ស៊ីបីនាក់បានធ្វើសកម្មភាពមិនស៊ីគ្នានឹងឋានៈរបស់ពួកគេ។ នេះបើតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន AP។
- អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយថា ការចរចាជាមួយអ៊ុយក្រែនកំពុងបន្ត ទោះបីជាមានការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងនឹងជនស៊ីវិលនៅជាយរដ្ឋធានីកៀវក្នុងក្រុង Bucha ក៏ដោយ។ លោក Peskov បាននិយាយកាលពីថ្ងៃពុធថា កិច្ចចរចាបានបន្តជាមួយអ៊ុយក្រែន ប៉ុន្តែថា ការបង្ហាញអំពីអ្វីដែលកើតឡើងនៅក្រុង Bucha ដែលលោកហៅថាជា «ឆាករៀបចំ» បានរារាំងកិច្ចពិភាក្សាហើយមាន «ផ្លូវដ៏វែងឆ្ងាយមួយនៅខាងមុខ»។ នេះបើតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន AP។
- ប្រទេសក្រិច បានចូលរួមជាមួយបណ្តាប្រទេសអឺរ៉ុបឯទៀត ដោយបានបណ្តេញអ្នកការទូតរុស្ស៊ីដោយក្រសួងការបរទេសបានប្រកាសកាលពីថ្ងៃពុធថា ខ្លួនបានប្រកាសថាអ្នកការទូតចំនួន ១២ នាក់ មិនទទួលបានការស្វាគមន៍ទៀតទេ។ ក្រសួងមិនបានបញ្ជាក់ថា មន្ត្រីការទូតណាខ្លះត្រូវបានគេបណ្ដេញចេញ ឬបញ្ជាក់ពីហេតុផលក្រៅពីការលើកឡើងថា ការចំណាត់ការនេះត្រូវបានអនុវត្តស្របតាមសន្ធិសញ្ញាអន្តរជាតិ។ នេះបើតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន AP។
២១:១៦
៧.៤.២០២២
ថ្ងៃព្រសហ្បតិ៍ ទី ៧ ខែមេសា៖
- រដ្ឋមន្ត្រីការបរទេសក្រិកលោក Nikos Dendias បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរបស់លោកនឹងស្នើឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅទីក្រុងឡាអេ បើកការស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្គ្រាមដែលអាចកើតមាននៅក្នុងទីក្រុងកំពង់ផែ Mariupol ភាគខាងត្បូងរបស់ប្រទេសអ៊ុយក្រែន ដែលមានសហគមន៍ជនជាតិក្រិកដ៏ធំមួយ។ ចំណាត់ការនេះបានកើតឡើង បន្ទាប់ពីលោកប្រធានាធិបតី Volodymyr Zelenskyy បាននិយាយទៅកាន់សភារបស់ប្រទេសក្រិកកាលពីថ្ងៃព្រហស្បតិ៍ ដោយជំរុញឱ្យរដ្ឋាភិបាលក្រិកប្រើប្រាស់គ្រប់កម្លាំងការទូតរបស់ខ្លួនដើម្បីកាត់ទោសមន្ត្រីយោធានិងនយោបាយរុស្ស៊ី ចំពោះអំពើឃោរឃៅដែលលោកបាននិយាយថាកំពុងប្រព្រឹត្តមិនត្រឹមតែនៅក្នុងទីក្រុង Mariupol ប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងប្រទេសអ៊ុយក្រែន នេះបើតាមរបាយការណ៍របស់ Anthee Carassava នៃវីអូអេ។
- ទីក្រុង Borodyanka របស់អ៊ុយក្រែនដែលមានចម្ងាយ ៥០ គីឡូម៉ែត្រពីទីក្រុងកៀវ ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារការវាយប្រហារតាមអាកាសរបស់រុស្ស៊ី។ យោងតាមអគ្គរដ្ឋអាជ្ញាលោកស្រី Iryna Venediktovaស្ថានភាពដ៏អាក្រក់បំផុតដោយមានការស្លាប់និងរបួសជនស៊ីវិលគឺនៅទីក្រុង Borodyanka។ អគារបាក់រលំមិនទាន់ត្រូវបានគេឈូសឆាយទេ ហើយចំនួនជនរងគ្រោះក៏មិនទាន់កំណត់បានដែរ។ សេចក្តីការណ៍វិទ្យុអឺរ៉ុបសេរី/វិទ្យុសេរីភាព។
- ទីភ្នាក់ងារព័ត៌មាន Associated Press បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកមានសុទិដ្ឋិនិយមដោយប្រយ័ត្នប្រយែងថា ប្រទេសជាសមាជិកអូតង់មួយចំនួននឹងបង្កើនការផ្គត់ផ្គង់អាវុធដល់ប្រទេសរបស់លោក ដោយជួយទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី ប៉ុន្តែលោកបានជំរុញឱ្យមានការសម្រេចចិត្តនិងសកម្មភាពឲ្យបានឆាប់រហ័ស។ លោក Kuleba បានបដិសេធមិននិយាយថា ប្រទេសណាខ្លះនឹងផ្តល់ឧបករណ៍ឬប្រភេទអ្វីនោះទេ ប៉ុន្តែលោកបាននិយាយថា សព្វាវុធត្រូវតែទៅដល់អ៊ុយក្រែនឱ្យបានឆាប់រហ័ស នៅពេលដែលរុស្ស៊ីត្រៀមលក្ខណៈសម្រាប់ការវាយលុកថ្មីនៅក្នុងតំបន់ Donbas ដែលនៅភាគខាងកើតប្រទេស។ លោក Kuleba បាននិយាយថា៖ «អ្នកទាំងអស់គ្នាត្រូវជួយយើងឥឡូវនេះ ហើយខ្ញុំកំពុងនិយាយថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមិនមែនក្នុងពេលប៉ុន្មានសប្តាហ៍ទេ បើមិនអ៊ីចឹងទេជំនួយរបស់អ្នកនឹងមកយឺតពេល»។
- មហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍តាមការជំរុញរបស់សហរដ្ឋអាមេរិក ដើម្បីព្យួរប្រទេសរុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ជុំវិញរបាយការណ៍នៃ «ការរំលោភបំពានសិទ្ធិមនុស្សដ៏ធំនិងជាប្រព័ន្ធ» ដោយការឈ្លានពានរបស់ទាហានរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ សេចក្តីសម្រេចនេះមានសំឡេងគាំទ្រចំនួន ៩៣ សំឡេងប្រឆាំងមាន ២៤ និងប្រទេសចំនួន ៥៨ បោះឆ្នោតអនុប្បវាទ។ តាមនីតិវិធីបោះឆ្នោតគឺសំឡេងអនុបវាទមិនយកជាបានការ ហើយគេត្រូវការតែសំឡេង ២ ភាគ ៣ នៃសំឡេងឆ្នោតដើម្បីព្យួររុស្ស៊ីចេញពីក្រុមប្រឹក្សាដែលមានសមាជិក ៤៧ ប្រទេស។ ប្រទេសលីប៊ីត្រូវបានផ្អាកនៅឆ្នាំ ២០១១ ដោយសារតែអំពើហិង្សាប្រឆាំងនឹងក្រុមបាតុករដោយកងកម្លាំងដែលស្មោះត្រង់នឹងមេដឹកនាំនៅពេលនោះគឺលោក Muammar Gaddafi ។ សេចក្តីសម្រេចបង្ហាញពី «ការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវិបត្តិសិទ្ធិមនុស្សនិងមនុស្សធម៌ដែលកំពុងបន្តកើតមាននៅក្នុងប្រទេសអ៊ុយក្រែន» ជាពិសេសចំពោះរបាយការណ៍អំពីការរំលោភសិទ្ធិដោយប្រទេសរុស្ស៊ី។
- អតីតមេបញ្ជាការកំពូលអង្គការអូតង់ម្នាក់បាននិយាយថា ការភ័យខ្លាចរបស់លោកខាងលិច «អំពីអាវុធនុយក្លេអ៊ែរនិងសង្គ្រាមលោកលើកទី ៣» បាន «រារាំងទាំងស្រុង»ដល់ខ្លួនឯង ហើយលោក វ្ល៉ាឌីមៀ ពូទីន អាចធ្វើអ្វីៗបានដោយ«មិនមានការរារាំងទាំងស្រុង» នៅពេលដែលមេដឹកនាំរុស្ស៊ីរូបនេះបន្តការឈ្លានពានដ៏ឃោរឃៅកាន់តែខ្លាំងឡើងលើអ៊ុយក្រែន។ លោក Philip Breedlove បានប្រាប់អ្នកយកព័ត៌មានវិទ្យុអឺរ៉ុបសេរី/វិទ្យុសេរីភាពលោក Vazha Tavberidze ក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះថា៖ «យើងបានចុះចាញ់តាមគំនិតផ្តួចផ្តើមរបស់សត្រូវ»។ លោក Breedlove គឺជាឧត្តមសេនីយផ្កាយបួននៃកងទ័ពអាកាសអាមេរិក ដែលចូលនិវត្តន៍ដែលបានដឹកនាំកងកម្លាំងសហរដ្ឋអាមេរិកនៅអឺរ៉ុប និងបានបម្រើការជាមេបញ្ជាការកំពូលកងទ័ពសម្ព័ន្ធមិត្តរបស់អង្គការអូតង់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៦។
- នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីកំពុងប្រឈមមុខនឹងស្ថានភាពដ៏លំបាកបំផុតរបស់ខ្លួនក្នុងរយៈពេលបីទសវត្សរ៍ ដោយសារការដាក់ទណ្ឌកម្មរបស់លោកខាងលិចដែលមិនធ្លាប់មានពីមុនមក ប៉ុន្តែការប៉ុនប៉ងរបស់បរទេសដើម្បីផ្តាច់រុស្ស៊ីពីសេដ្ឋកិច្ចពិភពលោកនឹងបរាជ័យ។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា បណ្តាប្រទេសលោកខាងលិចកំពុងពង្រីកជាបណ្តើរៗនូវការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដើម្បីព្យាយាមបង្ខំរុស្ស៊ីឱ្យបញ្ចប់ប្រតិបត្តិការយោធារបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន និងដកកងកម្លាំងរបស់ខ្លួនចេញ។ លោក Mishustin បានប្រាប់សភាជាន់ទាប (Duma) ថា៖«គ្មានការសង្ស័យទេថា ស្ថានភាពបច្ចុប្បន្នអាចត្រូវបានគេហៅថាលំបាកបំផុតក្នុងរយៈពេលបីទសវត្សរ៍នេះសម្រាប់ប្រទេសរុស្ស៊ី»។ លោកបានបន្ថែមថា៖ «ទណ្ឌកម្មបែបនេះមិនត្រូវបានប្រើសូម្បីតែក្នុងគ្រាងងឹតបំផុតនៃសង្គ្រាមត្រជាក់»។
- ប្រទេសហ្វាំងឡង់នឹងបញ្ជាក់អំពីជំហានបន្ទាប់ទាក់ទងនឹងការសម្រេចចិត្ត ដែលអាចនឹងកើតមានឡើងក្នុងការស្វែងរកសមាជិកភាពអង្គការអូតង់ក្នុងសប្តាហ៍ខាងមុខ។ នេះបើតាមរដ្ឋមន្ត្រីការបរទេសលោក Pekka Haavistoបានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរបស់អង្គការអូតង់ នៅទីក្រុងព្រុចសែល កាលពីថ្ងៃព្រហស្បតិ៍។ លោក Haavisto បានបន្ថែមថា ប្រទេសសមាជិកអូតង់បានផ្តល់ជូនហ្វាំងឡង់នូវជួយការធានាសន្តិសុខ ក្នុងអំឡុងពេលដំណើរការពាក្យសុំ ហើយបាននិយាយថា ពួកគេប៉ាន់ស្មានថា វានឹងចំណាយពេលពី ៤ ខែទៅមួយឆ្នាំដើម្បីអនុម័តពាក្យសុំនេះ។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ការគាំទ្រសម្រាប់ប្រទេសហ្វាំងឡង់ដែលរក្សាជំហរអព្យាក្រឹតដ៏យូរមកហើយក្នុងការចូលរួមក្នុងអង្គការអូតង់បានកើនឡើង ចាប់តាំងពីប្រទេសរុស្ស៊ីដែលនៅជិតខាងបានឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ។
- យោងតាមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការអូតង់លោកស្រី Julianne Smith បាននិយាយថា កាលពីថ្ងៃព្រហស្បតិ៍រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានជួបជាមួយរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសជប៉ុន។ ជាលើកដំបូងមិនធ្លាប់មាន ដែលជប៉ុនចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់អង្គការអូតង់។ អ្នកស្រីបានសរសេរតាមធ្វីតធឺថា អូតង់កាន់តែរឹងមាំ «នៅពេលដែលយើងធ្វើការជាមួយដៃគូអាស៊ីប៉ាស៊ីហ្វិករបស់យើង»។
- ប្រជាជនអ៊ុយក្រែនកំពុងត្រឡប់ទៅរដ្ឋធានីកៀវវិញ។ អ្នកខ្លះមានកាបូប រទេះរុញនិងសត្វចិញ្ចឹមដ៏ចម្លែកដោយខ្លះស្រក់ទឹកភ្នែក ខ្លះទៀតភ័យព្រួយពីការវិលត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីទាហានរុស្ស៊ីបានដកខ្លួនចេញពីជាយក្រុងរបស់ពួកគេ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។ មួយសប្តាហ៍បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានដកខ្លួនចេញពីភូមិនានានៅភាគខាងជើងនៃរដ្ឋធានីកៀវ ដោយបន្សល់ទុកនូវអគារនិងសាកសពដែលត្រូវគេបំផ្លាញនៅតាមដងផ្លូវមួយចំនួន។ មន្ត្រីបានព្រមានប្រជាជនកុំឱ្យត្រឡប់ទៅរដ្ឋធានីវិញនៅឡើយ ដោយខ្លាចមានការវាយលុកជាថ្មី។
- មន្ត្រីអ៊ុយក្រែន បានរាយការណ៍ថា ការវាយប្រហាររបស់រុស្ស៊ីកាន់តែខ្លាំងកាលពីថ្ងៃព្រហស្បតិ៍លើទីក្រុងនិងទីប្រជុំជននានានៅភាគខាងកើតអ៊ុយក្រែនខណៈដែលមនុស្សរាប់ពាន់នាក់បានភៀស ខ្លួនចេញពីផ្នែកខ្លះនៃតំបន់ដែលអាចមានការវាយលុកដ៏ធំរបស់រុស្ស៊ី។ នេះបើយោងតាមកាសែត Washington Post ។ អភិបាលនៃតំបន់ Kharkiv លោក Oleh Synyehubov បានសរសេរនៅលើប្រព័ន្ធTelegramថា កាំភ្លើងធំនិងកាំភ្លើងត្បាល់បានវាយប្រហារផ្ទះនិងហេដ្ឋារចនាសម្ព័ន្ធនានាហើយថា យ៉ាងហោចណាស់មានមនុស្ស ១៥.០០០ នាក់ បានភៀសខ្លួនចេញពីទីក្រុងនានានៅក្នុងតំបន់។
- អភិបាលក្រុង Mariupol លោក Vadym Boichenko បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សជាង ១០០.០០០ នាក់នៅតែត្រូវការជម្លៀសជាបន្ទាន់ពីទីក្រុង Mariupol ដោយពណ៌នាអំពីស្ថានភាពនៅទីក្រុងកំពង់ផែអ៊ុយក្រែនដែលឡោមព័ទ្ធដោយរុស្ស៊ីថា ជាមហន្តរាយមនុស្សធម៌។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Reuters។ ឧបនាយករដ្ឋមន្ត្រីលោកស្រី Iryna Vereshchuk បានប្រកាសកិច្ចព្រមព្រៀងជាមួយរុស្ស៊ីលើការបើកច្រករបៀងសុវត្ថិភាពចំនួន ១០ ដែលភាគច្រើននៅភាគខាងត្បូងនិងខាងកើតអ៊ុយក្រែនប៉ុន្តែបាននិយាយថាអ្នកស្រុកដែលព្យាយាមចាកចេញពីទីក្រុង Mariupol ដែលត្រូវបានឡោមព័ទ្ធនឹងត្រូវប្រើយានជំនិះផ្ទាល់ខ្លួនរបស់ពួកគេ។
- ការធ្វើបច្ចុប្បន្នភាពរបាយការណ៍ស៊ើបការណ៍សម្ងាត់ចុងក្រោយបំផុតពីចក្រភពអង់គ្លេសឲ្យដឹងថាកងកម្លាំងរុស្ស៊ីកំពុងផ្តោតលើភាគខាងកើតអ៊ុយក្រែនហើយការវាយប្រហារនោះ «ទំនងជាមានបំណងធ្វើឱ្យខូចសមត្ថភាពរបស់យោធាអ៊ុយក្រែនក្នុងការផ្គត់ផ្គង់ឡើងវិញនិងបង្កើនសម្ពាធលើរដ្ឋាភិបាលអ៊ុយក្រែន»។
- ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានរាយការណ៍ថា ប្រទេសបារាំងបានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីជុំវិញការបង្ហោះធ្វីតធឺអំពីក្រុង Bucha ថា មានលក្ខណៈ «មិនសមរម្យនិងបង្កហេតុ»។ ធ្វីតធឺនោះបានសំដៅទៅលើទិដ្ឋភាពនៃការស្លាប់និងការបំផ្លិចបំផ្លាញនៅក្នុងទីក្រុង Bucha ថា ជា «ឈុតសម្តែងភាពយន្ត»ដោយហាក់បង្ហាញថាត្រូវបានគេរៀបចំឡើង។
- កាសែត The New York Timesបានរាយការណ៍ថា ប្រទេសអូទ្រីសបណ្ដេញអ្នកការទូតរុស្ស៊ីបួននាក់ដែលជាប្រទេសចុងក្រោយគេដែលធ្វើដូច្នេះ។
- ទូរទស្សន៍ Al Jazeera បានដកស្រង់សម្តីអភិបាលក្រុង Bucha ប្រទេសអ៊ុយក្រែនដែលបានរាយការណ៍ថា ៩០% នៃជនស៊ីវិលដែលត្រូវបានសម្លាប់ដោយទាហានរុស្ស៊ីនៅក្នុងទីក្រុងត្រូវបានបាញ់មិនមែនស្លាប់ដោយគ្រាប់បាញ់ផ្លោងទេ។
- រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បានសរសេរនៅលើធ្វីតធឺមុនកិច្ចប្រជុំថ្នាក់រដ្ឋ មន្ត្រីរបស់អង្គការអូតង់ថា៖ «មធ្យោបាយតែមួយគត់ដើម្បីបញ្ចៀសសង្រ្គាមរុស្ស៊ីមិនឲ្យរីករាលដាលហួសពីអ៊ុយក្រែន គឺផ្តល់ឱ្យយើងនូវការគាំទ្រយ៉ាងពេញទំហឹង។ ការដាក់ទណ្ឌកម្មជាអតិបរមា។ សព្វាវុធទាំងអស់។ គោលនយោបាយ «មិនបង្កហេតុនឹងលោក Putin» បានបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ។ សូមជួយយើងទប់ស្កាត់អំពើអាក្រក់នេះឥឡូវនេះបើមិនអ៊ីចឹងទេអាចប្រ ថុយនឹងលោក Putin សាកល្បងមាត្រាទី ៥ [របស់អង្គការអូតង់]នៅពេលក្រោយ។
- ថ្លែងទៅកាន់ទូរទស្សន៍ CNN សមាជិកសភាអ៊ុយក្រែនលោក Sviatoslav Yurash បាននិយាយថាក្រុងBuchaនិងភាពភ័យរន្ធត់ដែលបានរាយការណ៍ពីទីនោះប្រហែលជាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ លោកបានប្រាប់លោក Jake Tapper ពិធីករទូរទស្សន៍ CNN ថា៖ «លោកនឹងឃើញភាព ភ័យរន្ធត់ជាច្រើនទៀតនៅលើអេក្រង់ទូរទស្សន៍របស់លោក។ យើងកំពុងឃើញភាពភ័យរន្ធត់ដោយផ្ទាល់ភ្នែក។ យើងមិនអាចបញ្ជាក់ពីការតក់ស្លុតយ៉ាងខ្លាំងរបស់យើងចំពោះការពិតដែលវាអាចកើតឡើងក្នុងសម័យរបស់យើងនេះទេ»។
- កាសែត The New York Times រាយការណ៍ថា អ្នករៀបចំកម្មវិធីរត់ចម្ងាយ Boston Marathon បានហាមឃាត់អ្នករត់មកពីប្រទេសរុស្ស៊ីនិងបេឡារុស្ស។ ព្រឹទ្ធសភាអាមេរិកនឹងអនុម័តច្បាប់នៅថ្ងៃព្រហស្បតិ៍ដើម្បីបញ្ចប់ទំនាក់ទំនងពាណិជ្ជកម្មធម្មតាជាមួយរុស្ស៊ីនិងហាមឃាត់ការនាំចូលប្រេងរបស់រុស្ស៊ី។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Associated Press បានរាយការណ៍។
- កាសែត The New York Times បានរាយការណ៍ថា រដ្ឋសភាសហរដ្ឋអាមេរិកបានបោះឆ្នោតកាលពីយប់ថ្ងៃពុធដើម្បីស្នើឱ្យមានការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមលើអំពើឃោរឃៅដែលត្រូវបានចោទប្រកាន់នៅក្នុងប្រទេសអ៊ុយក្រែន។
- អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែននិយាយថា កងកម្លាំងអ៊ុយក្រែននៅតែប្រឈមមុខនឹងការប្រយុទ្ធដ៏ស្វិតស្វាញនៅក្នុងទីក្រុង Mariupol ។ អ្នកស្រីបានប្រាប់កាសែត The New York Times ថា «កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនកំពុងធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបានដើម្បីរំដោះទីក្រុងនេះប៉ុន្តែវាស្មុគស្មាញណាស់»។
- មន្ត្រីនៅភាគខាងកើតអ៊ុយក្រែនបានជំរុញឱ្យពលរដ្ឋជម្លៀសខ្លួនក្នុងពេលដែលរង់ចាំការវាយប្រហារទ្រង់ទ្រាយធំដោយកងកម្លាំងរុស្ស៊ីនៅប៉ុន្មានថ្ងៃខាងមុខនេះ។ អភិបាលតំបន់ Luhansk បាននិយាយនៅក្នុងវីដេអូមួយនៅលើទំព័រ Facebook របស់លោកថា៖ «ប៉ុន្មានថ្ងៃខាងមុខនេះអាចជាឱកាសចុងក្រោយរបស់អ្នកទាំងអស់គ្នាក្នុងការចាកចេញ!» ។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត The New York Times។
- សេវាស៊ើបការណ៍សម្ងាត់បរទេសរបស់ប្រទេសអាល្លឺម៉ង់អះអាងថា ខ្លួនបានស្ទាក់ចាប់ទំនាក់ទំនងតាមវិទ្យុដែលទាហានរុស្ស៊ីពិភាក្សាអំពីការសម្លាប់ដោយគ្មានរើសអើងនៅក្នុងប្រទេសអ៊ុយក្រែន។
- នៅក្នុងការទំនាក់ទំនងពីរដាច់ដោយឡែកពីគ្នា ទាហានរុស្ស៊ីបានពិពណ៌នាពីវិធីដែលពួកគេបានសួរចម្លើយទាហានក៏ដូចជាជនស៊ីវិលហើយបន្ទាប់មកបានបាញ់ពួកគេចោល។ នេះបើយោងតាមមន្ត្រីស៊ើបការណ៍សម្ងាត់ដែលដឹងពីការរកឃើញដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយ សារតែភាពរសើបនៃបញ្ហានេះ។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត Washington Post។
- ទីប្រឹក្សាសេដ្ឋកិច្ចកំពូលរបស់លោកប្រធានាធិបតី Biden បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកបានព្រមានឥណ្ឌាចំពោះការចងសម្ព័ន្ធភាពកាន់តែច្បាស់ជាមួយរុស្ស៊ី។ រដ្ឋាភិបាលក្រុងញូវដែលីបានបដិសេធម្តងហើយម្តងទៀតក្នុងការដាក់ទណ្ឌកម្មក្រុងមូស្គូចំពោះការលុកលុយអ៊ុយក្រែនឬបញ្ឈប់ការនាំចូលថាមពលពីរុស្ស៊ី។ អត្ថាធិប្បាយរបស់លោក Brian Deese នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំអាហារពេលព្រឹកដែលរៀបចំដោយកាសែត Christian Science Monitor។ នេះបើតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ Bloomberg ។ លោក Deese បានប្រាប់អ្នកយកព័ត៌មានថា៖ «ពិតជាមានផ្នែកដែលយើងមានការខកចិត្តចំពោះការសម្រេចចិត្តរបស់ចិននិងឥណ្ឌា នៅក្នុងបរិបទនៃការឈ្លានពាននេះ» ។
២១:៥០
៨.៤.២០២២
ថ្ងៃសុក្រ ទី ៨ ខែមេសា៖
- អាជ្ញាធរក្នុងប្រទេសអ៊ុយក្រែនបានទាក់ទងទៅគណៈកម្មការអន្តរជាតិស្តីពីជនបាត់ខ្លួនដើម្បីជួយកំណត់ឈ្មោះសាកសពបើមិនអ៊ីចឹងទេអាចនឹងនៅតែជាអនាមិកចំពេលមានសង្រ្គាម។ ក្រុមមួយដែលបង្កើតឡើងដោយអ្នកជំនាញផ្នែកកោសល្យវិច្ច័យអ្នកស្រាវជ្រាវកោសល្យវិច្ច័យនិងអ្នកជំនាញក្នុងការប្រមូលសំណាក DNA ពីសាកសពនិងពីក្រុមគ្រួសារជាច្រើនសាសន៍ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែននៅដើមសប្តាហ៍ក្រោយ។ អ្នកស្រីអគ្គនាយក Kathryne Bomberger បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Associated Press ដូចនេះកាលពីថ្ងៃសុក្រ។ ពួកគេនឹងជួយកំណត់អត្តសញ្ញាណអ្នកស្លាប់ប៉ុន្តែក៏ចងក្រងជាឯកសារពីរបៀប ដែលពួកគេបានស្លាប់ផងដែរ ដែលជាព័ត៌មានដែលអាចបញ្ចូលទៅក្នុងការស្រាវជ្រាវឧក្រិដ្ឋកម្មសង្គ្រាមនាពេលអនាគត។
- តំណាងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសអ៊ុយក្រែនលោក Murat Sahin កាលពីថ្ងៃសុក្របានថ្កោលទោសការវាយប្រហារលើស្ថានីយ៍រថភ្លើងនៅក្រុង Kramatorsk នៅភាគខាងកើតអ៊ុយក្រែន។ មន្ត្រីអង្គការយូនីសេហ្វបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងមិនទាន់ដឹងថាតើមានកុមារប៉ុន្មាននាក់ត្រូវបានសម្លាប់និងរងរបួសនៅក្នុងការវាយប្រហារនេះប៉ុន្តែយើងខ្លាចថាវានឹងអាក្រក់បំផុត»។ មន្ត្រីអង្គការយូនីសេហ្វកំពុងចែកចាយគ្រឿងផ្គត់ផ្គង់នៅជិតស្ថានីយ៍រថភ្លើង នៅពេលដែលការវាយប្រហារបានកើតឡើង។ ជនស៊ីវិល ជាពិសេសកុមារ ត្រូវតែទទួលបានការការពារពីគ្រោះថ្នាក់។
- ទីភ្នាក់ងារសារព័ត៌មាន Associated Press បានរាយការណ៍ថា រដ្ឋាភិបាលអាល្លឺម៉ង់កាលពីថ្ងៃសុក្របានបង្ហាញកញ្ចប់ប្រាក់កម្ចីនិងជំនួយហិរញ្ញវត្ថុផ្សេងទៀត ដើម្បីជួយក្រុមហ៊ុនដែលរងគ្រោះដោយសង្គ្រាមនៅអ៊ុយក្រែន និងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី។ កញ្ចប់នេះរួមបញ្ចូលទាំងប្រាក់កម្ចីចំនួន ១០៩ ពាន់លានដុល្លារ ដើម្បីគ្របដណ្តប់ហានិភ័យឥណទានដែលមានចំពោះវិស័យឧស្សាហកម្មថាមពលរបស់ប្រទេសអាល្លឺម៉ង់ ខណៈដែលប្រទេសនេះកំពុងប្រជែងគ្នាដើម្បីជំនួសការនាំចូលប្រេងឧស្ម័ន និងធ្យូងថ្មរបស់រុស្ស៊ី។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក Robert Habeck បាននិយាយថា កញ្ចប់នេះគឺចាំបាច់ពីព្រោះ «មានក្រុមហ៊ុននិងវិស័យនានាដែលនឹងមិនអាចឆ្លងផុតក្នុងរយៈពេលនេះប្រសិនបើយើងមិនជួយពួកគេ»។
- រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បាននិយាយជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov កាលពីថ្ងៃសុក្រ ដើម្បីពិភាក្សាអំពី«តម្រូវការរបស់យោធាអ៊ុយក្រែនដើម្បីការពារប្រទេស»។
- នាយកការិយាល័យទំនាក់ទំនងរបស់ទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិនៃប្រទេសរុស្ស៊ីបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ពលរដ្ឋរុស្ស៊ីកំពុងចំណាយជាមធ្យម ៤០% នៃប្រាក់ចំណូលរបស់ពួកគេលើអាហារពោលគឺប្រហែលពីរដងច្រើនជាងមុនសង្រ្គាមរុស្ស៊ីនិងអ៊ុយក្រែន។ លោក Oleg Kobiakov នៃអង្គការស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) បាននិយាយថា គ្រួសាររុស្ស៊ីជាច្រើនឥឡូវនេះកំពុងប្រើយុទ្ធសាស្ត្រដោះស្រាយវិបត្តិ ខណៈដែលប្រាក់ចំណូលរបស់ពួកគេភាគច្រើនប្រើប្រាស់សំដៅរកតម្រូវការមូលដ្ឋានដូចជាអាហារ។ លោកបាននិយាយថា៖ «មនុស្សម្នាកំពុងពន្យារពេលផែនការដូចជាទៅរៀននៅមហាវិទ្យាល័យឬទិញផ្ទះ។ ពួកគេសន្សំក្នុងករណីដែលពួកគេបាត់បង់ការងាររបស់ពួកគេ និងក្នុងករណីស្លាប់បាត់បង់ជីវិត»។
- នាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Eduard Heger បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសស្លូវ៉ាគីបានបរិច្ចាគប្រព័ន្ធការពារដែនអាកាស S-300 របស់ខ្លួនដល់អ៊ុយក្រែន ដើម្បីជួយការពារប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ អ៊ុយក្រែនបានអំពាវនាវដល់ប្រទេសលោកខាងលិច សុំឧបករណ៍ការពារដែនអាកាសដើម្បីជួយទប់ទល់នឹងការវាយលុករបស់យោធារុស្ស៊ី ដែលពេលនេះឈានដល់ខែទីពីរហើយ។ លោក Heger ដែលបានធ្វើទស្សនកិច្ចនៅទីក្រុងកៀវកាលពីថ្ងៃសុក្រ ក៏បាននិយាយដែរថា ការការពារខ្លួនរបស់ស្លូវ៉ាគីត្រូវបានធានាហើយ។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថាជាសមាជិកអង្គការអូតង់ស្លូវ៉ាគីកំពុងប្រើប្រាស់ប្រព័ន្ធការពារដែនអាកាស S-300 ដែលខ្លួនបានទទួលមរតកបន្ទាប់ពីការបែកបាក់របស់ប្រទេសឆេកូស្លូវ៉ាគីក្នុងឆ្នាំ ១៩៩៣។
- ប្រធានាធិបតីអាល្លឺម៉ង់លោក Frank-Walter Steinmeier អំពាវនាវឱ្យមានតុលាការឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងរដ្ឋមន្ត្រីការបរទេសលោក Sergey Lavrov។ នេះបើតាមការផ្សាយរបស់ទស្សនាវដ្តីអាល្លឺម៉ង់ Der Spiegel ដែលបានដកស្រង់សម្តីរបស់លោក Steinmeier។ លោក Steinmeierបានប្រាប់ទស្សនាវដ្តី Der Spiegel ក្នុងបទសម្ភាសន៍មួយថា «អ្នកណាក៏ដោយដែលមានទំនួលខុសត្រូវចំពោះឧក្រិដ្ឋកម្មទាំងនេះនឹងត្រូវពន្យល់ដោយខ្លួនឯង»។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
- មន្ត្រីសុខាភិបាលរបស់អង្គការសហប្រជាជាតិបានព្រមានថា ពលរដ្ឋកាន់តែច្រើនក្នុងប្រទេសអ៊ុយក្រែននឹងចាប់ផ្តើមស្លាប់ដោយសារជំងឺរ៉ាំរ៉ៃនិងជំងឺដែលអាចបង្ការបានជាងការរងរបួស ដោយសារសង្គ្រាមនៅពេលដែលជម្លោះនៅតែបន្តកាន់តែយូរ។ អង្គការសុខភាពពិភពលោកបាននិយាយថា បុគ្គលិកសុខាភិបាលនៅអ៊ុយក្រែនកំពុងបន្តផ្តល់ការថែទាំនៅពេលប្រឈមមុខនឹងការឈឺចាប់របស់មនុស្ស ដែលមិនអាចនឹកស្មានដល់ និងនៅក្នុងតំបន់នៃការបំផ្លិចបំផ្លាញទាំងស្រុង។ អង្គការសុខភាពពិភពលោកកំពុងអំពាវនាវឱ្យរុស្ស៊ីសម្រេចបទឈប់បាញ់ជាបន្ទាន់ និងផ្តល់ជំនួយមនុស្សធម៌ដែលមិនមានការរារាំងដល់អ្នកដែលត្រូវការជំនួយ។
- ការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិកំពុងនាំយកជំនួយទៅភាគខាងកើតក្នុងប្រទេសអ៊ុយក្រែនហើយគ្រោងនឹងរៀបចំក្បួនរថយន្តជំនួយទៅកាន់តំបន់ឧទ្ទាមនៅតំបន់ Luhansk និង Donetsk នៅសប្តាហ៍ក្រោយខណៈដែលការប្រយុទ្ធគ្នាបានផ្លាស់ប្តូរទិស។ អ្នកនាំពាក្យ លោក Jens Laerke បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រថា៖ «យើងរៀបចំផែនការរបស់យើងដើម្បីនាំក្បួនរថយន្តទៅទីនោះរួចហើយ គឺនៅសប្តាហ៍ក្រោយ។ ថាតើវាកើតឡើងឬទេ អាស្រ័យលើស្ថានភាពសន្តិសុខ»។
- ប្រធានជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិលោក Martin Griffiths បានទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែននិងរុស្ស៊ីក្នុងសប្តាហ៍នេះ ជាកន្លែងដែលលោកបានជួបជាមួយភាគីទាំងពីរ និងពិភាក្សាអំពីការរៀបចំសម្រាប់បទឈប់បាញ់មនុស្សធម៌ ដែលអាចកើតមានចំពោះជម្លោះដែលមានរយៈពេលប្រាំមួយសប្តាហ៍។ ខណៈពេលដែលមិនទាន់មានការប្តេជ្ញាចិត្តឲ្យមានបទឈប់បាញ់នៅឡើយ អង្គការសហប្រជាជាតិបាននិយាយថា លោក Griffiths នឹងបន្តស្វែងរកកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ក្នុងស្រុក។ បន្ទាប់ពីបានទៅមើលក្រុង Bucha កាលពីថ្ងៃព្រហស្បតិ៍ជាកន្លែងដែលលោកបានឃើញផ្នូររួម ដែលមានសាកសពចំនួន ២៨០ លោក Griffiths បានសរសេរកាលពីថ្ងៃសុក្រ នៅលើធ្វីតធឺថា៖ «បទឈប់បាញ់នោះគឺជាការចាំបាច់»។
- ប្រជាជនអ៊ុយក្រែននៅទីក្រុង Chernihiv កំពុងបោសសម្អាតបន្ទាប់ពីកងទ័ពរុស្ស៊ីបញ្ឈប់ការវាយប្រហាររបស់ខ្លួននិងបង្វែរការយកចិត្តទុកដាក់ទៅកាន់ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន។ កងទ័ពអាកាសរុស្ស៊ីបានទម្លាក់គ្រាប់បែកលើតំបន់លំនៅដ្ឋាននិងព្រះវិហារមួយ។ អ្នកឆ្លើយឆ្លងព័ត៌មានលោក Maryan Kushnir បានទៅមើលការបំផ្លិចបំផ្លាញនៅក្នុងទីក្រុងនេះ ដែលមានទីតាំងនៅភាគខាងជើងអ៊ុយក្រែនជិតព្រំដែនជាមួយប្រទេសបេឡារុស្ស និងរុស្ស៊ី។ លោករាយការណ៍រឿងនេះសម្រាប់វិទ្យុ Radio Free Europe/Radio Liberty។
- សក្ខីកម្មនិងភស្តុតាងផ្សេងទៀតនៃឧក្រិដ្ឋកម្មសង្រ្គាមដែលសង្ស័យនៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីត្រូវតែប្រមូលពីជនភៀសខ្លួនដែលកំពុងរត់ភៀសខ្លួន ដូច្នេះសកម្មភាពនឹងមិនកើតឡើងដោយមិនមានការដាក់ទោសឡើយ។ នេះបើតាមការបញ្ជាក់របស់ស្នងការកិច្ចការផ្ទៃក្នុងសហភាពអឺរ៉ុបអ្នកស្រី Ylva Johansson កាលពីថ្ងៃសុក្រ។ អ្នកស្រីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Prague ជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឆេកូថា៖ «យើងទាំងអស់គ្នាបានឃើញរូបភាពនិងវីដេអូនៃលទ្ធផលនៃឧក្រិដ្ឋកម្មសង្គ្រាម។ ហើយជាអកុសលខ្ញុំគិតថាយើងនឹងឃើញកាន់តែច្រើន»។ អ្នកស្រីបានបន្ថែមថា៖ «វាសំខាន់ណាស់ដែលឧក្រិដ្ឋកម្មសង្គ្រាមទាំងនេះនឹងមិនត្រូវឲ្យរួចផុតពីកាត់ទោសនោះទេ»។
- រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បានស្វាគមន៍ការដាក់ទណ្ឌកម្មថ្មីរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៊ីប៉ុន្តែបានអំពាវនាវឱ្យមានវិធានការបន្ថែមទៀតរួមទាំងការហាមឃាត់ទាំងស្រុងលើការលក់ប្រេងនិងឧស្ម័នរបស់រុស្ស៊ីការបិទធនាគាររុស្ស៊ីទាំងអស់ពីប្រព័ន្ធធនាគារ SWIFT និងការបិទកំពុងផែមិនឲ្យនាវានិងទំនិញរុស្ស៊ីចូលបាន។
- សហភាពអឺរ៉ុបកាលពីថ្ងៃសុក្របានយល់ព្រមលើកញ្ចប់ទណ្ឌកម្មទី៥ប្រឆាំងនឹងរុស្ស៊ីចំពោះសង្គ្រាមដែលមិនបង្កហេតុរបស់ខ្លួនប្រឆាំងលើអ៊ុយក្រែន រួមទាំងវិធានការហាមឃាត់ការនាំចូលធ្យូងថ្ម និងការបិទកំពង់ផែសហភាពអឺរ៉ុប មិនឲ្យនាវារុស្ស៊ីចូលចត។ ទណ្ឌកម្មដែលបានអនុម័តថ្មីបានកំណត់គោលដៅសំខាន់ៗ ចំនួនប្រាំមួយ៖ ធ្យូងថ្មរុស្ស៊ី ប្រតិបត្តិការហិរញ្ញវត្ថុ ការដឹកជញ្ជូន ការនាំចូលនិងការនាំចេញទៅកាន់ប្រទេសរុស្ស៊ី និងមិនបញ្ចូលប្រទេសរុស្ស៊ីក្នុងកិច្ចសន្យាសាធារណៈនិងមូលនិធិអឺរ៉ុប។ ប្លុកនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយកត់សម្គាល់ថា ការងារលើការដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងទីក្រុងម៉ូស្គូ កំពុងដំណើរការរួចហើយ។ រាយការណ៍ដោយវិទ្យុអឺរ៉ុបសេរី/វិទ្យុសេរីភាព។
- ក្រសួងការពារជាតិរុស្ស៊ីបានហៅរបាយការណ៍ដែលថារុស្ស៊ីទទួលខុសត្រូវចំពោះការវាយប្រហារលើស្ថានីយ៍រថភ្លើងក្នុងទីក្រុង Kramatorsk ប្រទេសអ៊ុយក្រែនថាជា«ការបង្កហេតុ»។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាកាំជ្រួចប្រើក្នុងការវាយប្រហារគឺប្រភេទ Tochka-U ដែលកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនប៉ុណ្ណោះទេដែលបានប្រើហើយថាទាហានរុស្ស៊ីមិនបានធ្វើការវាយប្រហារណាមួយប្រឆាំងនឹងទីក្រុង Kramatorsk នៅថ្ងៃសុក្រនេះទេ។ នេះបើតាមកាសែត The New York Times បានរាយការណ៍។
- រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba កាលពីថ្ងៃសុក្របានហៅការវាយប្រហារលើស្ថានីយ៍រថភ្លើងទីក្រុង Kramatorsk ថាជា«ការសម្លាប់ដោយចេតនា»ហើយបានចែករំលែករូបថតនៃលទ្ធផលក្រោយការវាយប្រហារនៅលើបណ្តាញធ្វីតធឺ (Twitter )។ លោកបានចោទប្រកាន់ថា«ទាហានរុស្ស៊ីបានដឹងថាស្ថានីយ៍រថភ្លើងនៅទីក្រុង Kramatorsk ពោរពេញដោយជនស៊ីវិលដែលកំពុងរង់ចាំការជម្លៀស»។
- កាសែត Washington Post បានរាយការណ៍ថា ការឈ្លានពានរបស់រុស្ស៊ីមានន័យថា អ៊ុយក្រែនមិនអាចនាំចេញគ្រាប់ធញ្ញជាតិបានទេ ហើយនោះមានន័យថា មានបញ្ហាសម្រាប់ពិភពលោកទាំងមូល។ បណ្តាប្រទេសដែលពឹងផ្អែកលើស្រូវសាលីអ៊ុយក្រែន រួមមានប៉ាគីស្ថាន លីបង់ និងអេហ្ស៊ីប។ ប្រសិនបើអ៊ុយក្រែនមិនអាចនាំចេញគ្រាប់ធញ្ញជាតិរបស់ខ្លួនបានទេតម្លៃអាហារអាចកើនឡើងហើយភាពអត់ឃ្លានអាចកើនឡើងនៅជុំវិញពិភពលោក។
- ប្រទេសជប៉ុនបាននិយាយថាខ្លួននឹងបណ្ដេញអ្នកការទូតរុស្ស៊ីចំនួន ៨ នាក់។ ជប៉ុនក្លាយជាប្រទេសចុងក្រោយបង្អស់ក្នុងចំណោមប្រទេសជាច្រើនដែលធ្វើសកម្មភាពបែបនេះ។
- កាសែត The New York Times បានរាយការណ៍ថា សហភាពអឺរ៉ុបបានហាមឃាត់ការនាំចូលធ្យូងថ្មពីរុស្ស៊ីដែលជាផ្នែកមួយនៃទណ្ឌកម្មថ្មី។
- ទូរទស្សន៍ CNN បានរាយការណ៍ថាអ៊ុយក្រែនកំពុងត្រៀមខ្លួនទប់ទល់នឹងការប៉ុនប៉ង«វាយសម្រុកចូលដ៏ធំ»ដោយកងកម្លាំងរុស្ស៊ីនៅក្នុងតំបន់ Donbas។
- ក្រុមហ៊ុនផ្លូវដែករបស់រដ្ឋាភិបាលអ៊ុយក្រែនបាននិយាយថាការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់រុស្ស៊ីនៅស្ថានីយ៍រថភ្លើងក្នុងទីក្រុង Kramatorsk បានសម្លាប់មនុស្សជាង ៣០ នាក់ ហើយមនុស្សជាង ១០០ នាក់រងរបួស។ ភាគច្រើននៃជនរងគ្រោះគឺជាស្ត្រីកុមារ និងមនុស្សចាស់។
- រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានចេញសេចក្តីថ្លែងការណ៍មួយដោយហៅសំណើសន្តិភាពចុងក្រោយបង្អស់របស់អ៊ុយក្រែនថាជារឿង«មិនអាចទទួលយកបាន»។ លោកបានចោទប្រកាន់«ពួកណាហ្ស៊ីនិយមអ៊ុយក្រែន» ពីបទប្រព្រឹត្តអំពើឃោរឃៅប្រឆាំងនឹងឈ្លើយសឹករុស្ស៊ី។
- ទូរទស្សន៍CNN បានរាយការណ៍ថាប្រធានគណៈកម្មការអឺរ៉ុបអ្នកស្រី Ursula von der Leyen និង លោក Josep Borrell ដែលជាតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប សម្រាប់កិច្ចការបរទេសនិងគោលនយោបាយសន្តិសុខកំពុងធ្វើដំណើរទៅកាន់ទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។
- ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា មេដឹកនាំទាំងពីរនឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ក្នុងទីក្រុងកៀវនៅថ្ងៃសុក្រដើម្បីផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុនិងស្មារតី។ ដោយធ្វើដំណើរតាមរថភ្លើងពីទីក្រុងព្រុចសែលទៅកាន់ទីក្រុងកៀវ លោក Josep Borrell បានប្រាប់អ្នកសារព័ត៌មានថាដំណើរទស្សនកិច្ចនេះគឺជាសញ្ញាមួយថា«អ៊ុយក្រែនកំពុងគ្រប់គ្រងទឹកដីរបស់ខ្លួន»។ លោកក៏បាននិយាយផងដែរថាការធ្វើដំណើរនេះនឹងអនុញ្ញាតឱ្យប្លុកនេះគូសបញ្ជាក់អំពីវិធានការដែលសហភាពអឺរ៉ុបបានអនុវត្តដើម្បីធ្វើឲ្យ«រុស្ស៊ីនៅឯកោ»ជុំវិញការឈ្លានពានរយៈពេលប្រាំមួយសប្តាហ៍របស់ខ្លួនលើអ៊ុយក្រែន។ លោក Borrell និងអ្នកស្រីUrsula Von der Leyen គឺជាមេដឹកនាំលោកខាងលិចចុងក្រោយបំផុតដែលទៅបំពេញទស្សនកិច្ចនៅទីក្រុងកៀវបន្ទាប់ពីនាយករដ្ឋមន្ត្រីប៉ូឡូញស្លូវេនី និងសាធារណរដ្ឋឆេកបានធ្វើដំណើរទៅជួបលោក Zelenskyy កាលពីខែមុន។
- អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាសក្ខីកម្មថ្មីបង្ហាញថារុស្ស៊ីបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន។ លោកស្រី Agnès Callamard អគ្គលេខាធិការអង្គការលើកលែងទោសអន្តរជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះយើងបានប្រមូលភស្តុតាងដែលថាកងកម្លាំងរុស្ស៊ីបានប្រព្រឹត្តការប្រហារជីវិតក្រៅប្រព័ន្ធតុលាការនិងការសម្លាប់ខុសច្បាប់ផ្សេងទៀតដែលត្រូវតែស៊ើបអង្កេតថាជាឧក្រិដ្ឋកម្មសង្គ្រាម»។ អ្នកស្រីបន្ថែមថា៖ «សក្ខីកម្មបង្ហាញថាជនស៊ីវិលដែលគ្មានអាវុធនៅក្នុងអ៊ុយក្រែនកំពុងត្រូវបានសម្លាប់នៅក្នុងផ្ទះរបស់ពួកគេនិងតាមដងផ្លូវក្នុងអំពើឃោរឃៅដែលគ្មានពាក្យនឹងថ្លែងនិងអំពើឃោរឃៅដ៏គួរឱ្យតក់ស្លុត»។
- ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសបានបញ្ជាក់នៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានសម្ងាត់ចុងក្រោយរបស់ខ្លួនថាកងកម្លាំងរុស្ស៊ីបានដកខ្លួនចេញពីភាគខាងជើងអ៊ុយក្រែនហើយ។ កងកម្លាំងមួយចំនួនក្នុងចំណោមនោះនឹងត្រូវបញ្ជូនទៅប្រយុទ្ធនៅភាគខាងកើតអ៊ុយក្រែនខណៈដែលរុស្ស៊ីនៅតែបន្តវាយប្រហារតំបន់ភាគខាងកើតនិងភាគខាងត្បូងនៃប្រទេស។
- ទូរទស្សន៍ Al Jazeera បានរាយការណ៍ថាប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និយាយថារុស្ស៊ីគ្រោងនឹងប្រើប្រាស់សាកសពជនរងគ្រោះនៅទីក្រុង Mariupol សម្រាប់ការឃោសនា។ លោកបាននិយាយថា៖ «ពួកគេនឹងបង្ហាញជនរងគ្រោះនៅទីក្រុង Mariupol ថាហាក់ដូចជាពួកគេត្រូវបានសម្លាប់មិនមែនដោយយោធារុស្ស៊ីទេប៉ុន្តែដោយអ្នកការពារអ៊ុយក្រែននៅទីក្រុងនេះ»។ លោកបានបន្ថែមថា៖ «ដើម្បីធ្វើបែបនេះពួកឈ្លានពានប្រមូលសាកសពតាមដងផ្លូវយកចេញ ហើយអាចប្រើប្រាស់នៅកន្លែងផ្សេងស្របតាមសេណារីយ៉ូនៃការឃោសនាបំផ្លើស»។
១៨:៤៩
៩.៤.២០២២
ថ្ងៃសៅរ៍ ទី ៩ មេសា៖
- ជនភៀសខ្លួនអ៊ុយក្រែនជាង ៤ លាន ៤ សែននាក់ បានចាកចេញពីប្រទេសអ៊ុយក្រែន ចាប់តាំងពីប្រធានាធិបតីរុស្ស៊ី Vladimir Putin បានបញ្ជាឲ្យមានការឈ្លានពានលើអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈមក។ នេះបើយោងតាមទីភ្នាក់ងារជនភៀសខ្លួនប្រចាំអង្គការសហប្រជាជាតិ ដែលត្រូវបានរាយការណ៍ដោយសារព័ត៌មានបារាំង AFP។
- កុមារប្រមាណ ១៧៦ នាក់ បានស្លាប់ និងជាង ៣២៤ នាក់បានរងរបួសចាប់តាំងពីរុស្ស៊ីបានធ្វើសង្គ្រាមឈ្លានពានលើអ៊ុយក្រែន នេះបើតាមអគ្គរដ្ឋអាជ្ញាអ៊ុយក្រែនដែលបានថ្លែងដូច្នេះនៅថ្ងៃសៅរ៍នេះ។ ការិយាល័យអគ្គរដ្ឋអាជ្ញាអ៊ុយក្រែនក៏បានបញ្ជាក់ផងដែរថា កុមារចំនួន ៥ នាក់ បានស្លាប់និង ១៦ នាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហារដោយគ្រាប់មីស៊ីលរបស់រុស្ស៊ីលើស្ថានីយរថភ្លើងនៅក្រុង Kramatorsk កាលពីថ្ងៃសុក្រ ខណៈក្រុមគ្រួសាររបស់ពួកគេបានព្យាយាមភៀសខ្លួនចេញពីអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត The Washington Post។
- ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថា ក្រសួងការពារជាតិចក្រភពអង់គ្លេសឲ្យដឹងថា កងកម្លាំងទ័ពជើងទឹករបស់រុស្ស៊ីកំពុងបាញ់គ្រាប់មីស៊ីលតាមនាវាចូលក្នុងប្រទេសអ៊ុយក្រែន ដើម្បីគាំទ្រប្រតិបត្តិការយោធារបស់រុស្ស៊ីនៅតំបន់ Donbas ភាគខាងកើតប្រទេសអ៊ុយក្រែន និងនៅតំបន់នានាជុំវិញទីក្រុងMariupol និងទីក្រុង Mykolaiv។
- មេដឹកនាំប្រទេសអូទ្រីសលោក Alexander Van der Bellen បានថ្លែងថា លោករំពឹងថានឹងមានទណ្ឌកម្មបន្ថែមទៀតពីសហភាពអឺរ៉ុបលើប្រទេសរុស្ស៊ី ប៉ុន្តែលោកក៏បានថ្លែងការពារជំហររបស់ប្រទេសលោកដែលប្រឆាំងនឹងការកាត់ផ្តាច់ការនាំចូលឧស្ម័នពីរុស្ស៊ី។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AP។
- កាសែត The Washington Post បានរាយការណ៍ថា មូលនិធិរូបិយបណ្ណអន្តរជាតិ IMF នឹងបង្កើតគណនេយ្យថ្មីមួយទៀត ដើម្បីអនុញ្ញាតឲ្យអ្នកបរិច្ចាគផ្តល់មូលនិធិដល់រដ្ឋាភិបាលអ៊ុយក្រែនដោយផ្ទាល់។ មូលនិធិ IMF បានថ្លែងកាលពីល្ងាចថ្ងៃសុក្រថា គណនេយ្យនេះមាន«គោលបំណងជួយឲ្យអ៊ុយក្រែនសម្រេចបានទឹកប្រាក់សរុបនិងតម្រូវការថវិកាដែលខ្លួនត្រូវការនិងដើម្បីជួយធ្វើឲ្យសេដ្ឋកិច្ចប្រទេសនេះមានស្ថិរភាព»។
- ទីភ្នាក់ងារសារព៍ត៌មានបារាំង AFP បានរាយការណ៍ថា អាល្លឺម៉ង់ស្ទើរតែអស់សមត្ថភាពក្នុងការផ្គត់ផ្គង់អាវុធពីឃ្លាំងស្តុកសព្វាវុធរបស់ខ្លួនដល់អ៊ុយក្រែន ប៉ុន្តែថាខ្លួនកំពុងផ្តល់អាវុធពីរោងចក្រផលិតអាវុធដោយផ្ទាល់ដល់អ៊ុយក្រែន។ លោកស្រី Christine Lambrecht រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់បានថ្លែងដូច្នេះនៅថ្ងៃសៅរ៍នេះ។
- ប្រព័ន្ធផ្សព្វផ្សាយYouTube បានបិទខ្ទប់ទូរទស្សន៍ Duma ដែលផ្សាយចេញពីសភាជាន់ទាបរបស់រុស្ស៊ី ដោយបណ្តាលឲ្យមានការឆ្លើយតបដ៏ខឹងសម្បារពីមន្ត្រីរុស្ស៊ីដែលអះអាងថា ប្រព័ន្ធផ្សព្វផ្សាយ YouTube ដ៏ល្បីល្បាញក្នុងពិភពលោកមួយនេះ នឹងរងការរឹតត្បិតពីរុស្ស៊ីវិញ។ នេះបើតាមសេចក្តីរាយការណ៍ព័ត៌មានរបស់ Reuters។ សាររបស់ក្រុមហ៊ុន YouTube បានឲ្យដឹងថា បណ្តាញ Duma ត្រូវបាន«លុបបំបាត់ចោលដោយសារតែការរំលោភបំពានលើច្បាប់ស្តីពីការប្រើប្រាស់សេវារបស់ YouTube»។
- សារព័ត៌មានបារាំង AFP បានរាយការណ៍ថា នៅថ្ងៃសៅរ៍នេះ ក្រុមមន្ត្រីរុស្ស៊ីបានព្រមានចាត់វិធានការតបតវិញដោយគំរាមបិទ YouTube នៅរុស្ស៊ី បន្ទាប់ពីក្រុមហ៊ុនផ្សព្វផ្សាយវីដេអូរបស់អាមេរិកគឺ YouTube បានបិទខ្ទប់បណ្តាញ Duma ដែលផ្សាយព័ត៌មានចេញពីសភាជាន់ទាបរបស់រុស្ស៊ីដោយសារតែការដាក់ទណ្ឌកម្មរបស់អាមេរិក។
- ទីក្រុង Odessa ភាគខាងត្បូងប្រទេសអ៊ុយក្រែន បានប្រកាសបំរាមគោចរនៅល្ងាចថ្ងៃសៅរ៍នេះ រហូតដល់ល្ងាចថ្ងៃចន្ទ បន្ទាប់ពីមាន«ការគំរាមកំហែងដោយការបាញ់មីស៊ីល» ពីរុស្ស៊ី និងបន្ទាប់ពីមានករណីបាញ់មីស៊ីលនៅស្ថានីយរថភ្លើងនៅក្រុង Kramatorsk។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AFP។
- អភិបាលតំបន់លោក Dmytro Zhyvytsky បានប្រកាសនៅលើបណ្តាញសង្គមថា កងទាហានអ៊ុយក្រែនកំពុងគ្រប់គ្រងទីក្រុង Sumy ដែលជាប់ព្រំដែនរុស្ស៊ី។ ប៉ុន្តែលោកព្រមានថា៖ «តំបន់នេះមិនមានសុវត្ថិភាពទេ។ ហើយមានតំបន់ជាច្រើនទៀតដែលអាចមានគ្រាប់មីន ហើយដែលមិនទាន់ត្រូវបានដោះចេញ»។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AFP។
- ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានរាយការណ៍ថា រុស្ស៊ីថា ខ្លួនកំពុងបិទការិយាល័យអង្គការអន្តជាតិមួយចំនួននៅរុស្ស៊ីរួមមានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch អង្គការ Amnesty International និងមូលនិធិ Carnegie សម្រាប់សន្តិភាពអន្តិរជាតិ។ រុស្ស៊ីបានលុបឈ្មោះអង្គការនេះចេញពីបញ្ជីអង្គការអន្តរជាតិនិងអង្គការក្រៅរដ្ឋាភិបាលបរទេស ដោយសារ «ការរំលោភបំពានលើច្បាប់បច្ចុប្បន្នរបស់សហព័ន្ធរុស្ស៊ី»។ នេះបើតាមក្រសួងយុត្តិធម៌រុស្ស៊ី។
- សហភាពអឺរ៉ុបបានដាក់កូនស្រីពីររូបរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin និងមនុស្សជាង ២០០ នាក់ទៀត ចូលក្នុងបញ្ជីខ្មៅរបស់ខ្លួន។ បុគ្គលទាំងអស់រួមទាំងក្រុមហ៊ុនចំនួន ១៨ ផង ដែលមាននៅក្នុងបញ្ជីនេះ រងការបង្កកទ្រព្យសម្បត្តិ និងការហាមប្រាមការធ្វើដំណើរទៅកាន់ប្រទេសចំនួន ២៧ នៅក្នុងសហភាពអឺរ៉ុប។ នេះបើតាមសារព័ត៌មាន AFP។ សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសបានដាក់ទណ្ឌកម្មរួចហើយលើកូនស្រីទាំងពីរនាក់របស់ប្រធានាធិបតីរុស្ស៊ី និងកូនស្រីរបស់លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីផងដែរ។
- អ្នកប្រតិបត្តិការចរាចរណ៍ផ្លូវដែកនៅប្រទេសអ៊ុយក្រែនឲ្យដឹងថា ដំណើរការផ្លូវដែកត្រូវបានផ្អាកនៅស្ថានីយរថភ្លើងក្នុងទីក្រុង Kramatorsk ដែលត្រូវបានបំផ្លាញដោយការបាញ់គ្រាប់មីស៊ីលកាលពីថ្ងៃសុក្រ ក៏ប៉ុន្តែការជម្លៀសជនស៊ីវិលនៅក្រុងនេះ នឹងនៅបន្តធ្វើឡើងតាមស្ថានីយរថភ្លើងផ្សេងទៀតនៅភាគខាងកើតអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
- នៅថ្ងៃសៅរ៍នេះ មន្ត្រីអ៊ុយក្រែនបានអំពាវនាវឲ្យជនស៊ីវិលនៅតំបន់ Luhansk ភាគខាងកើតប្រទេស ចាកចេញពីតំបន់ដែលមានការបាញ់គ្រាប់ផ្តក់ដោយទាហានរុស្ស៊ី បន្ទាប់ពីការវាយប្រហារដោយគ្រាប់មីស៊ីលរបស់ទាហានរុស្ស៊ីលើស្ថានីយរថភ្លើងក្នុងក្រុង Kramatorsk កាលពីថ្ងៃសុក្រ បានសម្លាប់មនុស្សយ៉ាងតិចជាង ៥០ នាក់។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានអំពាវនាវឲ្យមាន «ការឆ្លើយតបជាសកលលោកដ៏រឹងមាំ» មួយចំពោះការវាយប្រហារតាមផ្លូវអាកាសរបស់ទាហានរុស្ស៊ីទៅលើស្ថានីយរថភ្លើងមួយនៅភាគខាងកើតប្រទេសអ៊ុយក្រែន កាលពីថ្ងៃសុក្រ ដែលមន្ត្រីអ៊ុយក្រែនបានឲ្យដឹងថា បានសម្លាប់មនុស្សយ៉ាងតិច ៥២ នាក់។ នេះបើតាមកាសែត The Washington Post។ លោក Zelenskyy បានចាត់ទុកការវាយប្រហារលើស្ថានីយរថភ្លើងនៅទីក្រុង Kramatorsk នេះថាជា «ឧក្រិដ្ឋកម្មសង្គ្រាមមួយទៀត» ដែលប្រព្រឹត្តឡើងដោយរុស្ស៊ី ដោយលោកបានថ្លែងបន្ថែមនៅក្នុងសុន្ទរកថារបស់លោកជាវីដេអូផ្សាយកាលពីយប់ថ្ងៃសុក្រថា៖ «រាល់កិច្ចប្រឹងប្រែងទាំងអស់របស់ពិភពលោក នឹងត្រូវតែធ្វើឡើងគ្រប់នាទីដើម្បីកំណត់ថា៖ នរណាធ្វើសកម្មភាពអ្វីខ្លះ ហើយនរណាជាអ្នកបញ្ជាឲ្យធ្វើសកម្មភាពនោះ»។
- ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ ថា លោក Olaf Scholz អធិការបតីអាល្លឺម៉ង់បានថ្លែងនៅថ្ងៃសៅរ៍ថា ជនដៃដល់នៃការសម្លាប់ជនស៊ីវិលនៅទីក្រុង Bucha នៃប្រទេសអ៊ុយក្រែន មានទោសប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ហើយត្រូវតែទទួលទោស។ លោកបានថ្លែងថា៖ «នេះគឺជារឿងមួយដែលយើងមិនអាចបំភ្លេចបាននោះទេ»។ លោកបានថ្លែងដូច្នេះដោយសំដៅទៅលើការសម្លាប់ជនស៊ីវិលទាំងឡាយនៅទីក្រុង Bucha ជាយរដ្ឋធានីកៀវ។
- មន្ត្រីអ៊ុយក្រែនបានឲ្យដឹងថា ការវាយប្រហារកាលពីថ្ងៃសុក្រដោយគ្រាប់មីស៊ីលរបស់ទាហានរុស្ស៊ីលើស្ថានីយរថភ្លើងនៅទីក្រុង Kramatorsk ភាគខាងកើតប្រទេសអ៊ុយក្រែន ជាទីដែលជនស៊ីវិលរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាដើម្បីភៀសខ្លួនបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ៥២ នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ។ នេះបើតាមសារព័ត៌មាន AP។
- ប្រធានគណៈកម្មការសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen បានថ្លែងនៅថ្ងៃសៅរ៍នេះថា កងទាហានរុស្ស៊ីទំនងជាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមដោយយកជនស៊ីវិលនៅប្រទេសអ៊ុយក្រែនធ្វើជាគោលដៅនៃការវាយប្រហាររបស់ខ្លួន ក៏ប៉ុន្តែលោកស្រីបានគូសបញ្ជាក់ថា ក្រុមមេធាវីត្រូវតែធ្វើការស៊ើបអង្កេតលើហេតុការណ៍នៃឧក្រិដ្ឋកម្មទាំងនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ Reuters។ លោកស្រីបានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅពេលធ្វើដំណើរចាកចេញពីប្រទេសអ៊ុយក្រែនតាមរថភ្លើងថា៖ «ខ្ញុំយល់ថា បើនេះមិនមែនជាឧក្រិដ្ឋកម្មសង្គ្រាម តើអ្វីទៅជាឧក្រិដ្ឋកម្មសង្គ្រាមនោះ ប៉ុន្តែខ្ញុំគឺជាគ្រូពេទ្យហើយក្រុមមេធាវីត្រូវតែធ្វើការស៊ើបអង្កេតឲ្យបានម៉ត់ចត់»។
- ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោកស្រីIryna Vereshchuk បានថ្លែងថា ផ្លូវរបៀងមនុស្សធម៌ចំនួន ១០ សម្រាប់ជនស៊ីវិលភៀសខ្លួន បានបើកដំណើរការនៅភាគខាងកើតប្រទេសអ៊ុយក្រែននៅថ្ងៃសៅរ៍នេះ។ ផ្លូវទាំងនេះនឹងអនុញ្ញាតឲ្យពលរដ្ឋចាកចេញពីទីក្រុងមួយចំនួននៅក្នុងតំបន់ Donetsk តំបន់ Luhansk និងតំបន់ Zaporizhzhia។ សម្រាប់ពលរដ្ឋរស់នៅក្នុងទីក្រុង Mariupol, Enerhodar, Tokmak, Berdyansk និងទីក្រុង Melitopo ពួកគេនឹងអាចភៀសខ្លួនតាមផ្លូវរបៀងក្នុងតំបន់ Zaporizhzhia ហើយសម្រាប់អ្នកនៅទីក្រុង Severodonetsk, Lysychansk, Popasna, Girske និងទីក្រុង Rubizhn ពួកគេអាចភៀសខ្លួនតាមផ្លូវរបៀងនៅទីក្រុង Bakhmut នៃតំបន់ Donetsk។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងថា ក្រុមស៊ើបការណ៍សន្តិសុខអ៊ុយក្រែនទទួលបានព័ត៌មានពីការទាក់ទងគ្នារបស់ទាហានរុស្ស៊ីដែលផ្តល់ភស្តុតាងអំពីឧក្រិដ្ឋកម្មសង្គ្រាម។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។ លោកថ្លែងថា៖ «ទាហាន [រុស្ស៊ី] បាននិយាយឆ្លើយឆ្លងគ្នាជាមួយឪពុកម្តាយរបស់ពួកគេអំពីអ្វីដែលពួកគេបានលួច ហើយពីមនុស្សដែលពួកគេបានចាប់ពង្រត់។ មានសារថតជាសំឡេងអំពីអ្នកទោសសង្គ្រាមដែលបានសារភាពថាបានសម្លាប់មនុស្ស»។ លោកបានថ្លែងដូច្នេះនៅក្នុងសេចក្តីថ្លែងការណ៍ ដែលត្រូវបានដកស្រង់ពីបទសម្ភាសន៍ជាមួយទូរទស្សន៍ CBS ក្នុងកម្មវិធី 60 Minutes ដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃសុក្រ។
- ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា មន្ត្រីការពារជាតិអាមេរិកជាន់ខ្ពស់មួយរូបបានថ្លែងថា ក្រសួងការពារជាតិបានកំណត់ថា កងប្រយុទ្ធខ្លះរបស់រុស្ស៊ីដែលបានដកខ្លួនចេញពីតំបន់រដ្ឋធានីកៀវក្នុងពេលប៉ុន្មានថ្ងៃកន្លងទៅនេះ បានរងការខូចខាតធ្ងន់ធ្ងរ ហើយថា សម្ភារៈយោធារបស់ខ្លួនអាចនឹងមិនដំណើរការ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។
- ប្រធានអ្នកនាំពាក្យរបស់លោកប្រធានាធិបតីអាមេរិក Joe Biden កាលពីថ្ងៃសុក្របានចាត់ទុកការវាយប្រហារដោយគ្រាប់មីស៊ីលរបស់ទាហានរុស្ស៊ីលើស្ថានីយរថភ្លើងនៅភាគខាងកើតប្រទេសអ៊ុយក្រែនថាជា «ការសម្លាប់រង្គាលដ៏ព្រៃផ្សៃមួយទៀត» របស់កងទ័ពរុស្ស៊ី ប៉ុន្តែលោកមិនបានចាត់ទុកសកម្មភាពនេះថាជាឧក្រិដ្ឋកម្មសង្គ្រាមនោះទេ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។
- កាសែត The Washington Post បានរាយការណ៍ថា ក្រសួងការពារជាតិអាមេរិកបានលើកឡើងកាលពីថ្ងៃសុក្រថា យោធារុស្ស៊ីបានបាត់បង់កម្លាំងពី ១៥% ទៅ ២០% ដែលខ្លួនបានប្រមូលផ្តុំដើម្បីឈ្លានពានលើអ៊ុយក្រែន ហើយកងកម្លាំងខ្លះ«ត្រូវបានបំផ្លាញស្ទើរតែទាំងស្រុង»។ មន្ត្រីការពារជាតិអាមេរិកជាន់ខ្ពស់ម្នាក់បានថ្លែងថា ការប្រយុទ្ធនាពេលខាងមុខនឹងក្លាយជា «ការប្រយុទ្ធដោយកាំបិត ដ៏បង្ហូរឈាមនិងដ៏ឃោរឃៅខ្លាំង»។
- ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា នៅថ្ងៃសៅរ៍នេះ កងកម្លាំងទាហានរុស្ស៊ីបានបំផ្លាញមូលដ្ឋានស្តុកសព្វាវុធមួយនៅមូលដ្ឋានទ័ពអាកាស Myrhorod នៅភាគកណ្តាលប្រទេសអ៊ុយក្រែន នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Interfax ដែលបានដកស្រង់ក្រសួងការពារជាតិរុស្ស៊ី។យន្តហោះចម្បាំង MiG-29 និងឧទ្ធម្ភាគចក្រ Mi-8 របស់កងទ័ពអាកាសអ៊ុយក្រែនក៏ត្រូវបានបំផ្លាញផងដែរ នៅក្នុងការវាយប្រហាររបស់រុស្ស៊ីនៅតំបន់ Poltava។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov។